តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ឯកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v01 14 បាលី cs-km: sut.kn.jat.v01.14 អដ្ឋកថា: sut.kn.jat.v01.14_att PTS: ?
អសម្បទានវគ្គ ទី១៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១៤. អសម្បទានវគ្គោ)
(១៣១. អសម្បទានជាតកំ)
[១៣១] (សេដ្ឋីពោធិសត្វ ពោលថា) ការរាប់អានទាំងឡាយ របស់ជនពាល រមែងទៅជាទោស ព្រោះតែមិនទទួលនូវវត្តុ តាមមានតាមបាន ព្រោះហេតុនោះ បានជាយើងខ្ញុំនាំយកសំដីស្រូវកន្លះ មានៈ (៤ នាឡិ) មក កុំឲ្យការមេត្រីរាប់អានរបស់យើង បែកបាក់ទៅឡើយ សូមឲ្យការមេត្រីរាប់អាននេះ នៅទៀងទាត់។
ចប់ អសម្បទានជាតក ទី១។
(១៣២. ភីរុកជាតកំ)
[១៣២] (ព្រះរាជាពោធិសត្វ ពោលថា) យើងមិនបានលុះក្នុងអំណាចនៃពួកយក្ខិនីឡើយ ព្រោះមានសេចក្ដីព្យាយាមដ៏មាំ ក្នុងឧបាយ គ្រឿងណែនាំរបស់ព្រះបច្ចេកពុទ្ធ ជាអ្នកឈ្លាសផង ព្រោះភាពជាអ្នកគ្របសង្កត់សេចក្ដីខ្លាច និងសេចក្ដីតក់ស្លុតផង សុវត្ថិភាពចាកភ័យដ៏ធំនោះ មានដល់ខ្ញុំ។
ចប់ បញ្ចភិរុកជាតក ទី២។
(១៣៣. ឃតាសនជាតកំ)
[១៣៣] (ស្ដេចបក្សីពោធិសត្វ ពោលថា) សេចក្ដីក្សេមក្សាន្ត មាននៅលើខ្នងទឹកណា លើខ្នងទឹកនោះ មានសត្រូវកើតហើយ ព្រោះភ្លើងឆេះត្រង់ពាក់កណ្ដាលនៃទឹក ទីអាស្រ័យនៅ (នៃពួកយើង) លើដើមឈើ (ដែលដុះ) លើផែនដីធំ ក្នុងថ្ងៃនេះគ្មានទេ អ្នកទាំងឡាយ ចូរទៅកាន់ទិសឯទៀតទៅ ថ្ងៃនេះភ័យកើតឡើងដល់យើងទាំងឡាយ អំពីឈើជាទីពឹងហើយ។
ចប់ ឃតាសនជាតក ទី៣។
(១៣៤. ឈានសោធនជាតកំ)
[១៣៤] (មហាព្រហ្មពោធិសត្វ ពោលថា) ពួកសត្វណា មានសញ្ញា ពួកសត្វនោះ ក៏ទុគ៌ត (មិនបានសមាបត្តិ) ពួកសត្វណា មិនមានសញ្ញា ពួកសត្វនោះក៏ទុគ៌ត អ្នកចូរវៀរនូវសត្វទាំងពីរពួកនោះចេញ សុខដែលកើតអំពីសមាបត្តិនោះ ឈ្មោះថា មិនមានទីទួល គឺកិលេសឡើយ។
ចប់ ឈានសោធនជាតក ទី៤។
(១៣៥. ចន្ទាភជាតកំ)
[១៣៥] (មហាព្រហ្មពោធិសត្វ ពោលថា) បុគ្គលណា ក្នុងលោកនេះ បាននូវកសិណ មានពន្លឺដូចព្រះចន្ទ (ឱទាតកសិណ) មានពន្លឺដូចព្រះអាទិត្យ (បីតកសិណ) ដោយបញ្ញា បុគ្គលនោះ រមែងទៅកើតក្នុងអាភស្សរព្រហ្មលោក ដោយឈានមិនមានវិតក្កៈ (ទុតិយជ្ឈាន)។
ចប់ ចន្ទាភជាតក ទី៥។
(១៣៦. សុវណ្ណហំសជាតកំ)
[១៣៦] (ព្រះសាស្ដា ត្រាស់ថា) ទ្រព្យណា ដែលបុគ្គលបានមកហើយ បុគ្គលគប្បីត្រេកអរដោយទ្រព្យនោះ ព្រោះថាសេចក្តីល្មោភហួស ជារបស់លាមក (ដូចនាងព្រាហ្មណី) ក៏សាបសូន្យ ចាកមាស ព្រោះចាប់ស្ដេចហង្ស។
ចប់ សុវណ្ណហំសជាតក ទី៦។
(១៣៧. ពព្វុជាតកំ)
[១៣៧] (ព្រះសាស្ដា ត្រាស់ថា) ឆ្មា ១ បានកណ្ដុរក្នុងទីណា ឆ្មាជាគំរប់ពីរ គំរប់បី គំរប់បួន រមែងកើតក្នុងទីនោះ ឆ្មាទាំងនោះ (ប្រហារ) នូវរន្ធនេះ ហើយដល់នូវសេចក្ដីស្លាប់។
ចប់ ពព្វុជាតក ទី៧។
(១៣៨. គោធជាតកំ)
[១៣៨] (ទន្សងពោធិសត្វ ពោលថា) ម្នាលតាបសឥតបញ្ញា ប្រយោជន៍អ្វីដោយជដារបស់អ្នក ប្រយោជន៍អ្វីដោយស្បែកខ្លាឃ្មុំរបស់អ្នក ព្រោះគ្រឿងសាំញាំដោយ (រាគាទិក្កិលេស) មានខាងក្នុងរបស់អ្នក អ្នកខំដុះខាត់តែខាងក្រៅទេ។
ចប់ គោធជាតក ទី៨។
(១៣៩. ឧភតោភដ្ឋជាតកំ)
[១៣៩] (រុក្ខទេវតាពោធិសត្វ ពោលថា) ភ្នែកទាំងឡាយបែកធ្លាយហើយ សំពត់បាត់ហើយ ការឈ្លោះ ក៏មានក្នុងផ្ទះនៃស្រ្តីជាសំឡាញ់ ការងារទាំងឡាយខូចទាំងសងខាង គឺក្នុងទឹកផង លើគោកផង។
ចប់ ឧភតោភដ្ឋជាតក ទី៩។
(១៤០. កាកជាតកំ)
[១៤០] (ក្អែកពោធិសត្វ ពោលថា) ក្អែកទាំងឡាយ ជាសត្វមានហឫទ័យភ្ញាក់ផ្អើលជានិច្ច ជាសត្វបៀតបៀនមនុស្សលោកទាំងពួង ព្រោះហេតុនោះ បានជាខ្លាញ់រាវនៃពួកក្អែក ជាញាតិរបស់យើងទាំងនោះ មិនចេះមានឡើយ។
ចប់ កាកជាតក ទី១០។
ចប់ អសម្បទានវគ្គ ទី១៤។
ឧទ្ទាននៃអសម្បទានវគ្គនោះគឺ
និយាយអំពីវត្ថុតាមមានតាមបាន ១ យក្ខិនី ១ ទីក្សេម ១ អាភស្សរមហាព្រហ្មដូចក្នុងបរោសតបញ្ហា ១ អាភស្សរមហាព្រហ្ម ១ ទៀត ហង្សឧត្តមប្រសើរ ១ ឆ្មា ១ ជដា ១ ព្រានបាត់សំពត់ ១ ក្អែក ១ ត្រូវជា ១០។