តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 03 បាលី cs-km: sut.kn.jat.v02.03 អដ្ឋកថា: sut.kn.jat.v02.03_att PTS: ?
កល្យាណធម្មវគ្គ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. កល្យាណវគ្គោ)
(១៧១. កល្យាណធម្មជាតកំ (២-៣-១))
[១៩១] (សេដ្ឋីពោធិសត្វ ពោលថា) បពិត្រព្រះអង្គជាធំជាងជន កាលណា នរជនប្រកបដោយបញ្ញា ដល់នូវសមញ្ញា (ឈ្មោះ) ថាជាអ្នកមានកល្យាណធម៌ក្នុងលោក (កាលនោះ) មិនគប្បីឲ្យសាបសូន្យចាកសមញ្ញានោះ សប្បុរសទាំងឡាយ តែងកាន់យកនូវបព្វជ្ជាធុរៈដោយហិរិ និងឱត្តប្បៈ។
[១៩២] បពិត្រព្រះអង្គជាធំជាងជន សមញ្ញានោះឯង ថាជាអ្នកមានកល្យាណធម៌ក្នុងលោក មកដល់ខ្ញុំក្នុងថ្ងៃនេះ ហើយខ្ញុំព្រះអង្គពិចារណាឃើញនូវសមញ្ញានោះ នឹងបួសក្នុងថ្ងៃនេះ សេចក្ដីពេញចិត្តក្នុងការបរិភោគកាមក្នុងលោកនេះ មិនមានដល់ខ្ញុំទេ។
ចប់ កល្យាណធម្មជាតក ទី១។
(១៧២. ទទ្ទរជាតកំ (២-៣-២))
[១៩៣] (កូនសីហៈ សួរថា) បពិត្រសីហរាជ ជាធំជាងម្រឹគ នរណាហ្ន៎ មានសំឡេងខ្លាំង ញ៉ាំងភ្នំទទ្ទរៈឲ្យលាន់ឮ ពួកសីហៈ មិនបន្លឺតបទៅនឹងវាឡើយ សត្វដែលបន្លឺសំឡេងគឹកកងបាននុ៎ះ ជាសត្វឈ្មោះអ្វី។
[១៩៤] (សីហៈពោធិសត្វ ពោលថា) ម្នាលកូន ចចក ជាសត្វថោកទាបជាងម្រឹគទាំងឡាយ វាបន្លឺឡើង ពួកសីហៈ កាលខ្ពើមរអើមនូវជាតិរបស់វា រមែងនាំគ្នាអង្គុយនៅស្ងៀម។
ចប់ ទទ្ទរជាតក ទី២។
(១៧៣. មក្កដជាតកំ (២-៣-៣))
[១៩៥] (តាបសជាកូន ពោលថា) បពិត្របិតា មាណពនុ៎ះ បានឈរផ្អែកនឹងគល់ត្នោត រោងរបស់យើងនេះមាន បើដូច្នោះ យើងនឹងប្រគល់រោងឲ្យទៅមាណពនោះចុះ។
[១៩៦] (តាបសពោធិសត្វ ពោលថា) ម្នាលកូន អ្នកកុំហៅវាឡើយ វាគប្បីប្រទូស្តនូវរោងរបស់យើងមិនខាន មុខព្រាហ្មណ៍ដែលមានសីលធម៌ល្អ មិនមែនបែបយ៉ាងនេះទេ។
ចប់ មក្កដជាតក ទី៣។
(១៧៤. ទុព្ភិយមក្កដជាតកំ (២-៣-៤))
[១៩៧] (ព្រាហ្មណ៍ពោធិសត្វ ពោលថា) យើងបានឲ្យទឹកច្រើនដល់ឯង ដែលត្រូវកំដៅថ្ងៃបៀតបៀនស្រេកហើយ ឥឡូវនេះ ឯងផឹកហើយ ធ្វើសំឡេងគំហកថា កិកិ ដូច្នេះ ការសេពគប់ដោយជនអាក្រក់ មិនប្រសើរឡើយ។
[១៩៨] (ស្វាទេវទត្ត ពោលថា) អ្នកឯងដែលបានឮ ឬបានឃើញថា ស្វាណាមានសីលធម៌ ឥឡូវនេះ យើងនឹងបន្ទោបង់វច្ចៈលើក្បាលរបស់អ្នកឯង នេះជាធម្មតារបស់ពួកយើង។
ចប់ ទុព្ភិយមក្កដជាតក ទី៤។
(១៧៥. អាទិច្ចុបដ្ឋានជាតកំ (២-៣-៥))
[១៩៩] (ពួកមនុស្ស ពោលថា) បានឮថា បណ្ដាពួកសត្វទាំងអស់ (មានពួកសត្វខ្លះ) ប្រកបដោយសីលធម៌ អ្នកចូរមើលស្វាដ៏លាមកដែលកំពុងឈរនមស្ការព្រះអាទិត្យ។
[២០០] (តាបសពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនបានដឹងច្បាស់នូវមារយាទរបស់ស្វានេះទេ អ្នកទំាងឡាយ ពោលសរសើរស្វា ព្រោះមិនដឹងស្វានោះ ដុតនូវរោងបូជាភ្លើងផង ទំលាយនូវក្អមទឹកពីរផង។
ចប់ អាទិច្ទុបដ្ឋានជាតក ទី៥។
(១៧៦. កឡាយមុដ្ឋិជាតកំ (២-៣-៦))
[២០១] (អមាត្យពោធិសត្វ ក្រាបទូលថា) បពិត្រព្រះអង្គជាធំជាងជន ស្វានេះល្ងង់ ប្រាជ្ញារបស់វាមិនមានទេ វាបានបាចសណ្ដែកមួយកំបង់ចោលអស់ ទើបទៅស្វែងរកសណ្ដែកមួយគ្រាប់ដែលជ្រុះទៅ។
[២០២] បពិត្រព្រះរាជា យើងខ្ញុំទាំងឡាយក្ដី ជនទាំងឡាយដទៃដែលល្មោភក្រៃលែងក្ដី គប្បីលះបង់របស់ច្រើនព្រោះរបស់តិច ដូចជាស្វាកាលលះបង់សណ្ដែកច្រើន ព្រោះសណ្ដែកតិចដូច្នោះឯង។
ចប់ កឡាយមុដ្ឋិជាតក ទី៦។
(១៧៧. តិន្ទុកជាតកំ (២-៣-៧))
[២០៣] (ពួកស្វា ពោលថា) យើងត្រូវពួកមនុស្សមានធ្នូ និងបំពង់ព្រួញក្នុងដៃ កាន់ដាវដ៏មុត ព័ទ្ធជុំវិញហើយ ធ្វើម្ដេចនឹងរួចខ្លួនបាន។
[២០៤] (ស្វាពោធិសត្វ ពោលថា) សេចក្ដីត្រូវការនីមួយ គប្បីកើតឡើងដល់ពួកមនុស្សដែលមានកិច្ចច្រើនដោយពិត ផ្លែឈើច្រើន យើងរើសប្រមូលមកហើយ អ្នកទាំងឡាយ ចូរនាំគ្នាស៊ីនូវផ្លែទន្លាប់នោះចុះ។
ចប់ តិន្ទុកជាតក ទី៧។
(១៧៨. កច្ឆបជាតកំ (២-៣-៨))
[២០៥] (អណ្ដើក និយាយថា) ខ្ញុំនៅក្នុងភក់ដោយគិតថា ខ្ញុំកើតហើយ ខ្ញុំចំរើនហើយ (ក្នុងទីនេះ) ភក់បានកប់សង្កត់ខ្ញុំនោះ ធ្វើឲ្យទុព្វលភាព បពិត្រភត្តវៈ ខ្ញុំសូមពោលនូវហេតុនោះនឹងអ្នក អ្នកចូរស្ដាប់នូវពាក្យខ្ញុំចុះ។
[២០៦] បុគ្គលបានសេចក្ដីសុខក្នុងទីណា ទោះក្នុងស្រុក ឬក្នុងព្រៃ ទីនោះហើយ ជាទីកើត ជាទីចំរើនរបស់បុរសជាអ្នកដឹង (នូវប្រយោជន៍ និងមិនមែនប្រយោជន៍ ) បុគ្គលគប្បីរស់នៅក្នុងទីណា គប្បីទៅក្នុងទីនោះចុះ កុំគប្បីឲ្យទីដែលធ្លាប់នៅ សម្លាប់ខ្លួនបានឡើយ។
ចប់ កច្ឆបជាតក ទី៨។
(១៧៩. សតធម្មជាតកំ (២-៣-៩))
[២០៧] (មាណពឈ្មោះសតធម្ម ពោលថា) (អាហារណា ដែលបានបរិភោគហើយ) បាយនោះជារបស់តិចផង សល់ដែលផង បុរសចណ្ឌាល បានឲ្យបាយនោះដល់យើងដោយសេចក្ដីលំបាក យើងប្រកបដោយជាតិជាព្រាហ្មណ៍ អាហារណាដែលយើងបានបរិភោគហើយ អាហារនោះឯង ក៏ក្អួតចេញមក។
[២០៨] (ព្រះសាស្ដា ត្រាស់ថា) ភិក្ខុណាលះបង់នូវធម៌ គឺអាជីវបារិសុទ្ធិសីល ហើយចិញ្ចឹមជីវិតដោយខុសធម៌យ៉ាងនេះ ភិក្ខុនោះមិនត្រេកអរ ដោយលាភដែលខ្លួនបានហើយ ដូចជាសតធម្មមាណព។
ចប់ សតធម្មជាតក ទី៩។
(១៨០. ទុទ្ទទជាតកំ (២-៣-១០))
[២០៩] (តាបសពោធិសត្វ ពោលថា) ពួកសប្បុរស កាលឲ្យនូវទាន ដែលគេឲ្យបានដោយកម្រ ធ្វើនូវអំពើដែលគេធើ្វបានដោយកម្រ ពួកអសប្បុរសធ្វើតាម (នូវអំពើនោះ) មិនបានសភាពនៃសប្បុរសទាំងឡាយ គេដឹងបានដោយកម្រ។
[២១០] (ព្រោះហេតុនោះ ដំណើរអំពីលោកនេះរបស់សប្បុរស និងអសប្បុរស រមែងបែកផ្សេង ៗ គ្នា ពួកអសប្បុរស រមែងទៅកាន់នរក ពួកសប្បុរស រមែងទៅកាន់ឋានសួគ៌។
ចប់ ទុទ្ទទជាតក ទី១០។
ចប់ កល្យាណធម្មវគ្គ ទី៣។
ឧទ្ទាននៃកល្យាណធម្មវគ្គនោះគឺ
និយាយអំពីសមញ្ញាល្អ ១ មិគាធិភូ ឬសីហៈជាធំជាងម្រឹគ ១ មាណព ១ ទឹកច្រើន ១ សំពះព្រះអាទិត្យ ១ សណ្ដែក ១ ផ្លែទន្លាប់ ១ ភក់ ១ មាណពឈ្មោះសតធម្ម ១ ទានដែលឲ្យបានដោយក្រពេក ១ ត្រូវជា ១០។