តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ទុកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v02 09 បាលី cs-km: sut.kn.jat.v02.09 អដ្ឋកថា: sut.kn.jat.v02.09_att PTS: ?
ឧបាហនវគ្គ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. ឧបាហនវគ្គោ)
(២៣១. ឧបាហនជាតកំ (២-៩-១))
[៣១១] (ទ្រម័កដំរីពោធិសត្វ ពោលថា) ស្បែកជើងដែលបុរសទិញហើយ ដើម្បីប្រយោជន៍ដោយសេចក្ដីសុខ ជាស្បែកជើងក្ដៅហើយដោយកំដៅថ្ងៃ បៀតបៀនផ្ទៃជើង គប្បីនាំមកនូវសេចក្ដីទុក្ខ គប្បីស៊ីនូវជើងនៃបុរសនោះឯង មានឧបមាយ៉ាងណា។
[៣១២] បុគ្គលណា កើតក្នុងត្រកូលអាក្រក់ ជាអ្នកមិនប្រសើរ បានរៀនវិជ្ជា និងសូត្រ (អំពីសំណាក់) នៃអ្នកទាំងឡាយ (អាចារ្យ) ហើយ រមែងស៊ីនូវខ្លួននោះឯង ព្រោះវិជ្ជា និងសូត្រដែលខ្លួនរៀនហើយ ក្នុងសំណាក់នៃអាចារ្យនោះ បុគ្គលនោះ (បណ្ឌិតពោលថា) ជាមនុស្សមិនប្រសើរ មានឧបមាដោយស្បែកជើង ដែលធ្វើមិនល្អហើយ យ៉ាងនោះដែរ។
ចប់ ឧបាហនជាតក ទី១។
(២៣២. វីណាគុណជាតកំ (២-៩-២))
[៣១៣] (សេដ្ឋីពោធិសត្វ ពោលថា) ប្រយោជន៍នេះ នាងគិតតែម្នាក់ឯង បុរសពាល នាំនាងទៅមិនបាន ម្នាលនាងដ៏ចំរើន ព្រោះថា នាងមិនគួរដើម្បីទៅជាមួយនឹងបុរសគមតឿឡើយ។
[៣១៤] (សេដ្ឋីធីតា ពោលថា) ខ្ញុំសំគាល់បុរសគម ថាជាបុរសឧសភៈ បានប្រាថ្នាហើយ បុរសគមនេះ ដេករួញអង្កុញ ដូចជាពិណដែលមានខ្សែដាច់។
ចប់ វីណាថូណជាតក ទី២។
(២៣៣. វិកណ្ណជាតកំ (២-៩-៣))
[៣១៥] (បុរសអ្នកឲ្យបាយត្រី ពោលថា) ឯងប្រាថ្នាក្នុងទីណាប្រាកដ ចូរទៅក្នុងទីនោះចុះ ឯងត្រូវច្បូកមុតហើយ ត្រង់ទីជាទីស្លាប់ ឯងជាសត្វរលោរលាំ ដេញតាមចាប់នូវត្រីទាំងឡាយ ត្រូវគេសម្លាប់ហើយដោយបាយ ព្រមទាំងគ្រឿងប្រគំ។
[៣១៦] (ព្រះសាស្តា ទ្រង់ត្រាស់ថា) បុគ្គលកាលប្រព្រឹត្តទៅតាមលោកាមិសៈ ជាអ្នកលុះក្នុងអំណាចនៃចិត្ត រមែងក្ដៅក្រហាយ បុគ្គលនោះ រមែងក្ដៅក្រហាយក្នុងកណ្តាលពួកញាតិ និងសំឡាញ់ បុគ្គលនោះ ដូចក្រពើដេញតាមនូវត្រីដូច្នោះ។
ចប់ វិកណ្ណកជាតក ទី៣។
(២៣៤. អសិតាភូជាតកំ (២-៩-៤))
[៣១៧] (នាងអសិតាភូ ពោលថា) (ខ្ញុំ) អស់សេចក្ដីស្រឡាញ់ចំពោះអ្នកព្រោះអំពើណា អ្នកបានធ្វើអំពើនេះ ក្នុងកាលឥឡូវនេះ សេចក្ដីស្រឡាញ់នោះ មិនតជាប់វិញទេ ដូចជាភ្លុកដំរីដែលគេកាត់ដោយរណាដូច្នោះ។
[៣១៨] (ព្រហ្មទត្តរាជកុមារ មានបន្ទូលថា) បុគ្គលមានសេចក្ដីប្រាថ្នាលើសលុប រមែងសាបសូន្យចាកប្រយោជន៍ ព្រោះលោភហួសហេតុផង ព្រោះសេចក្ដីស្រវឹងក្នុងការចង់បានហួសហេតុផង ដូចយើងសាបសូន្យចាករាជធីតាឈ្មោះអសិតាភូ។
ចប់ អសិតាភុជាតក ទី៤។
(២៣៥. វច្ឆនខជាតកំ (២-៩-៥))
[៣១៩] (ពារាណសីសេដ្ឋី ពោលថា) បពិត្រវច្ឆនខតាបស លោកជាអ្នកមិនមានសេចក្ដីខ្វល់ខ្វាយ គប្បីបរិភោគផង ផឹកផង ហើយដេកក្នុងផ្ទះទាំងឡាយណា ផ្ទះទាំងឡាយនោះ ប្រកបដោយប្រាក់ និងមាស ប្រកបដោយភោជន ជាសុខ (យ៉ាងក្រៃលែង)។
[៣២០] (វច្ឆនខតាបស ពោលថា) ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលឥតព្យាយាម ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលមិននិយាយពាក្យកុហក ការគ្រប់គ្រងផ្ទះ មិនមានដល់បុគ្គលមិនកាន់យកនូវអាជ្ញា មិនធ្វើទោសដល់ជនទាំងឡាយដទៃ បុគ្គលណានឹងគ្រប់គ្រងផ្ទះដែលធ្លុះ បំពេញបានដោយកម្រយ៉ាងនេះ។
ចប់ វច្ឆនខជាតក ទី៥។
(២៣៦. ពកជាតកំ (២-៩-៦))
[៣២១] (ពួកត្រី ពោលថា) សត្វស្លាបនេះ ស្រួលបួលពេក ដូចផ្កាកុមុទ មានស្លាបទាំងពីរសម្លបហើយ ឈរសំកុកហាក់ដូចជាមានកំឡាំងខ្សោយ។
[៣២២] (ត្រីពោធិសត្វ ពោលថា) អ្នកទាំងឡាយ មិនដឹងច្បាស់នូវសីលរបស់កុកនោះទេ អ្នកទាំងឡាយ មិនដឹងហើយ នាំគ្នាសរសើរសត្វស្លាបមិនមែនរក្សានូវយើងឡើយ ព្រោះហេតុនោះ ទើបសត្វស្លាប (នេះ) មិនកម្រើកខ្លួន។
ចប់ ពកជាតក ទី៦។
(២៣៧. សាកេតជាតកំ (២-៩-៧))
[៣២៣] (ពួកភិក្ខុ ពោលថា) បពិត្រព្រះមានព្រះភាគ ហេតុអ្វីហ្ន៎ ហឫទ័យត្រជាក់ យ៉ាងក្រៃលែង ទាំងចិត្តក៏ជ្រះថ្លាក្នុងបុគ្គលពួកខ្លះ ក្នុងលោកនេះ។
[៣២៤] (ព្រះសាស្តា ទ្រង់ត្រាស់ថា) សេចក្តីស្រឡាញ់នោះ រមែងកើតដោយហេតុពីរយ៉ាង គឺដោយធ្លាប់នៅរួមគ្នា ក្នុងកាលមុន ១ ដោយការទំនុកបម្រុងគ្នាក្នុងបច្ចុប្បន្ននេះ ១ ដូចជាឧប្បលដែលដុះក្នុងទឹក ដោយហេតុពីរយ៉ាង គឺទឹក ១ ភក់ ១។
ចប់ សាកេតជាតក ទី៧។
(២៣៨. ឯកបទជាតកំ (២-៩-៨))
[៣២៥] (កុមារជាកូននៃព្រះពោធិសត្វ ពោលថា) បពិត្របិតា យើងញ៉ាំងប្រយោជន៍ឲ្យសម្រេច ដោយបទណា សូមអញ្ជើញលោកបា្រប់នូវបទនោះតែមួយ ដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន ដែលសង្គ្រោះ (រួមចូល) តែមួយ។
[៣២៦] (បិតា ប្រាប់ថា) នែកូន សេចក្ដីឧស្សាហ៍ (ប្រកបដោយញាណ) ជាបទតែមួយដែលអាស្រ័យនូវបទជាប្រយោជន៍ច្រើន តែសេចក្ដីឧស្សាហ៍នោះ ប្រកបដោយសីល ប្រកបដោយខន្តិធម៌ អាចញ៉ាំងពួកមិត្រឲ្យសុខ ឬដើម្បីសេចក្ដីទុក្ខដល់ពួកបុគ្គលមិនមែនជាមិត្រ។
ចប់ ឯកបទជាតក ទី៨។
(២៣៩. ហរិតមណ្ឌូកជាតកំ (២-៩-៩))
[៣២៧] (សត្វពស់ សួរថា) ម្នាលអ្នកជាកូននៃហរិតមណ្ឌុកមាតា ត្រីទាំងឡាយ ស៊ីនូវយើង ដែលជាសត្វមានពិស ដែលចូលទៅកាន់មាត់លប ដោយហេតុណា ហេតុនេះ ពេញចិត្ត (ដល់អ្នកដែរឬ)។
[៣២៨] (នីលមណ្ឌុកពោធិសត្វ ពោលថា) (ឥស្សរភាព) របស់បុរសនោះ បានប្រព្រឹត្តទៅ ដរាបណា បុរស (នោះ) រមែងរឹបជាន់ (ជនដទៃដរាបនោះ) លុះពួកជនដទៃ (បានឥស្សរភាព) រមែងរឹបជាន់វិញ ក្នុងកាលណា បុរសអ្នករឹបជាន់នោះ ត្រូវពួកជនដទៃរឹបជាន់វិញ ក្នុងកាលនោះ។
ចប់ ហរិតមាតជាតក ទី៩។
(២៤០. មហាបិង្គលជាតកំ (២-៩-១០))
[៣២៩] (ព្រះពោធិសត្វ ពោលថា) ជនទាំងអស់ ត្រូវសេ្ដចបិង្គលៈបៀតបៀនហើយ កាលស្ដេចនោះសោយទិវង្គតហើយ ជនទាំងឡាយ រមែងបាននូវសេចក្ដីត្រេកអរ ម្នាលទ្វារបាល សេ្ដចអកណ្ហនេត្រ ជាទីស្រឡាញ់របស់អ្នកឬ ព្រោះហេតុអ្វីបានជាអ្នកយំ។
[៣៣០] (ទ្វារបាលបុរស ពោលថា) ស្ដេចអកណ្ហនេត្រ មិនមែនជាទីស្រឡាញ់របស់ខ្ញុំទេ ខ្ញុំខ្លាចស្ដេចនោះត្រឡប់មកវិញ (ព្រោះសេ្ដចនោះ) ទៅអំពីមនុស្សលោកនេះ គប្បីបៀតបៀននូវមច្ចុរាជ មច្ចុរាជនោះ ក្រែងត្រូវសេ្ដចបិង្គលៈបៀតបៀនហើយ គប្បីនាំមកទុកក្នុងមនុស្សលោកនេះវិញ។
[៣៣១] (ព្រះពោធិសត្វ ពោលថា) ព្រះបាទបិង្គលៈនោះ គេដុតដោយឧស ១ ពាន់ដឹក គេស្រោចដោយទឹកមួយរយក្អម ឯទីសម្រាប់ដុត គេបិទបាំងជុំវិញហើយ អ្នកកុំភ័យឡើយ ស្ដេចបិង្គលៈនោះ នឹងមិនមកវិញបានទេ។
ចប់ មហាបិង្គលជាតក ទី១០។
ចប់ ឧបាហនវគ្គ ទី៩។
ឧទ្ទាននៃឧបាហនវគ្គនោះគឺ
និយាយអំពីស្បែកជើងប្រសើរ ១ បុរសគម ១ ក្រពើត្រូវច្បូកមុត ១ ព្រះរាជធីតាឈ្មោះអសិតាភូ ១ វច្ឆនខតាបស ១ សត្វកុក ១ សេចក្ដីស្រឡាញ់ដ៏ប្រសើរឧត្ដម ១ បទតែមួយ ១ មាត់លប ១ សេ្ដចឈ្មោះបិង្គលៈ ១ ត្រូវជា ១០។