តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » តិកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v03 03 បាលី cs-km: sut.kn.jat.v03.03 អដ្ឋកថា: sut.kn.jat.v03.03_att PTS: ?
ឧទបានវគ្គ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៣. ឧទបានវគ្គោ)
(២៧១. ឧទបានទូសកជាតកំ (៣-៣-១))
[៤១២] (ឥសីពោធិសត្វ សួរថា) ម្នាលសំឡាញ់ ហេតុអ្វីបានជាអ្នកប្រទូស្តអណ្ដូងទឹក ដែលបុគ្គលធ្វើបានដោយក្រ របស់ឥសីអ្នកនៅក្នុងព្រៃ ប្រព្រឹត្តតបធម៌ អស់រាត្រីដ៏អង្វែង។
[៤១៣] (ចចក ពោលថា) ពួកយើងផឹកទឹកក្នុងទីណា ហើយជុះនោម បំផ្លាញ (ទីនោះ) នេះជាធម្មតារបស់ចចកទាំងឡាយ នេះជាធម្មតារបស់មាតា និងជីតា អ្នកមិនគួរពោលទោសចំពោះធម្មតានោះ។
[៤១៤] (ពោធិសត្វ ពោលថា) អាការនេះធម្មតារបស់ពួកអ្នកណា ចំណង់បើអាការមិនមែនជាធម្មតា នឹងប្រាកដដូចម្ដេចទៅ យើងសូមកុំឲ្យជួបប្រទះនឹងអាការជាធម្មតា ឬមិនមែនជាធម្មតារបស់ពួកនោះ ក្នុងកាលណាឡើយ។
ចប់ ឧទបានទូសកជាតក ទី១។
(២៧២. ព្យគ្ឃជាតកំ (៣-៣-២))
[៤១៥] (រុក្ខទេវតាពោធិសត្វ ពោលថា)សេចក្ដីក្សេមចាកយោគៈ គឺសេចក្ដីសុខកាយ សុខចិត្ត រមែងសាបសូន្យទៅ ព្រោះច្រឡូកច្រឡំដោយបាបមិត្តណា បណ្ឌិតគប្បីញាំញីនូវបាបមិត្តនោះជាមុន ហើយគប្បីរក្សា (ខ្លួន) ដូចបុគ្គលកាលរក្សានូវភ្នែកដូច្នោះ។
[៤១៦] សេចក្ដីក្សេមចាកយោគៈ រមែងចំរើនឡើង ព្រោះច្រឡូកច្រឡំដោយកល្យាណមិត្តណា បណ្ឌិតគប្បីធ្វើនូវការប្រព្រឹត្តិក្នុងកិច្ចទាំងពួងឲ្យស្មើនឹងខ្លួន។ [៤១៧] (ទេវតាពាល ពោលថា) នែខ្លា និងសីហៈ អ្នកទាំងឡាយ ចូរមក ចូរត្រឡប់ទៅកាន់ព្រៃធំវិញចុះ កុំឲ្យមហាជនកាប់ព្រៃរបស់យើង ព្រោះតែព្រៃមិនមានខ្លា កុំឲ្យខ្លា និងសីហៈជាសត្វមិនមានព្រៃឡើយ។
ចប់ ព្យគ្ឃជាតក ទី២។
(២៧៣. កច្ឆបជាតកំ (៣-៣-៣))
[៤១៨] (តាបសពោធិសត្វ ពោលថា )បុគ្គលណាហ្ន៎ ដើរមក ហាក់ដូចជាបុគ្គលអ្នកមានភត្តដួសស្រេចហើយ ឬដូចជាព្រាហ្មណ៍ មានលាភពេញដៃ អ្នកដើរទៅសូមក្នុងទីណា ឬអ្នកចូលទៅរកបុគ្គលណា ដែលមានសទ្ធា។
[៤១៩] (ពានរ ពោលថា) ខ្ញុំជាស្វាឥតប្រាជ្ញា បានប៉ះពាល់នូវវត្ថុទាំងឡាយដែលគេមិនគួរប៉ះពាល់ សូមលោកម្ចាស់ដោះខ្ញុំឲ្យរួច សូមសេចក្ដីចំរើនចូរមានដល់លោក ខ្ញុំនោះបានរួចហើយ នឹងទៅកាន់ភ្នំវិញ។
[៤២០] (ពោធិសត្វ ពោលថា) ពួកអណ្ដើក ជាកស្សបគោត្ត ពួកស្វាជាកោណ្ឌញ្ញគោត្ត ម្នាលកស្សប អ្នកចូរលែងកោណ្ឌញ្ញ (ស្វាទ្រុស្តសីលនេះ) ដែលធ្វើមេថុនកម្មនឹងអ្នក។
ចប់ កច្ឆបជាតក ទី៣។
(២៧៤. លោលជាតកំ (៣-៣-៤))
[៤២១] (ព្រាបពោធិសត្វ ពោលថា) កុកនេះដូចម្ដេច មានសីរជាសត្វល្មួច មានពពកជាជីតា នែកុក អ្នកចូលមកអាយ (ព្រោះ) ក្អែកជាសំឡាញ់យើង ជាសត្វកាច។
[៤២២] (ក្អែក ពោលថា) ខ្ញុំមិនមែនជាកុកមានសីរទេ ខ្ញុំជាក្អែករលោរលាំ អ្នកទើបនឹងមក ចូរមើលខ្ញុំដែលត្រូវគេដកស្លាប ព្រោះតែមិនធ្វើតាមពាក្យរបស់អ្នក។
[៤២៣] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀតពុំខាន ព្រោះថាសីល (មារយាទ) របស់អ្នកប្រាកដដូច្នោះ គ្រឿងបរិភោគទាំងឡាយ ជារបស់នៃមនុស្ស មិនមែនសត្វស្លាបបរិភោគបានដោយងាយឡើយ។
ចប់ លោលជាតក ទី៤។
(២៧៥. រុចិរជាតកំ (៣-៣-៥))
[៤២៤] (ពោធិសត្វ ពោលថា) កុកនេះជាអ្វី មានសម្បុររលើប មកនៅក្នុងសំបុកក្អែក សំបុកនេះជារបស់ក្អែកណា ក្អែកជាសំឡាញ់របស់ខ្ញុំនោះ កាចណាស់។
[៤២៥] (ក្អែក ពោលថា) ម្នាលសំឡាញ់ស្មើចិត្ត ជាសត្វមានកំណើតពីរ ក្រែងអ្នកស្គាល់ខ្ញុំដែលជាសត្វមានពូជស្មៅជាភោជនដែរឬ អ្នកទើបនឹងមក ចូរមើលខ្ញុំដែលគេដកស្លាប ព្រោះតែមិនធ្វើតាមពាក្យរបស់អ្នក។
[៤២៦] (ពោធិសត្វ ពោលថា) ម្នាលសំឡាញ់ អ្នកនឹងប្រទះ (បែបនេះ) ម្ដងទៀតពុំខាន ព្រោះថា សីលធម៌របស់អ្នកប្រាកដដូច្នោះ គ្រឿងបរិភោគទាំងឡាយ ជារបស់មនុស្ស មិនមែនសត្វស្លាបបរិភោគបានដោយងាយឡើយ។
ចប់ រុចិរជាតក ទី៥។
(២៧៦. កុរុធម្មជាតកំ (៣-៣-៦))
[៤២៧] (ពួកព្រាហ្មណ៍ ក្រាបទូលថា) បពិត្រព្រះជនាធិបតី យើងទាំងឡាយ ដឹងច្បាស់នូវសទ្ធា និងសីលរបស់ព្រះអង្គហើយ នឹងទទួលយកនូវដំរីមានសម្បុរប្រាកដស្មើដោយផ្កាអញ្ជ័ន ទៅក្នុងសំណាក់នៃព្រះបាទកាលិង្គៈ។
[៤២៨] (ព្រះរាជាពោធិសត្វ ពោលថា) ពួកសត្វដែលយើងចិញ្ចឹមដោយបាយក្ដី មិនចិញ្ចឹមក្ដី សត្វណាក្នុងជីវលោកនេះ ដើរមកសំដៅយើង ពួកសត្វទាំងអស់នោះ យើងមិនបានឃាត់ឡើយ នេះជាពាក្យរបស់បុព្វាចារ្យ (មាតា បីតារបស់យើង)។
[៤២៩] ម្នាលព្រាហ្មណ៍ទាំងឡាយ យើងឲ្យដំរីដ៏ប្រសើនេះ ដែលសមគួរដល់ព្រះរាជា ជាជំនិះរបស់ព្រះរាជា មានយស ប្រដាប់តាក់តែងហើយ បំពាក់ហើយដោយបណ្ដាញមាស ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ព្រមទាំងសារថី (ចូរនាំ) ទៅតាមប្រាថ្នាចុះ។
ចប់ កុរុធម្មជាតក ទី៦។
(២៧៧. រោមកជាតកំ (៣-៣-៧))
[៤៣០] (តាបស ពោលថា) ម្នាលរោមកៈ យើងនៅក្នុងគុហាភ្នំ ជាង ៥០ ឆ្នាំ ពួកអណ្ឌជសត្វ (សត្វកើតអំពីពងទាំងនេះ ) មិនមានសេចក្ដីរង្កៀស ជាសត្វមានចិត្តស្លូតត្រង់ រមែងមកកាន់កណ្ដាប់ដៃនៃយើងក្នុងកាលមុន។
[៤៣១] ម្នាលសត្វមានអវយវៈក្ងក់ ឥឡូវនេះ ពួកទិជសត្វ (សត្វកើតពីរដង) ទាំងនោះ (ឃើញ) ហេតុអ្វីបានជាមានសេចក្ដីខ្វល់ខ្វាយ (គេចចេញអំពីញកភ្នំនេះ) ទៅនៅញកភ្នំដទៃវិញ ក្រែង (ពួកបក្សីទាំងនេះ) ទៅឃ្លាតយូរ បានជាមិនស្គាល់យើងដូចជាក្នុងកាលមុន ឬក៏ពួកបក្សីទាំងនេះ មិនមែនជាពួកបក្សីទាំងនោះទេ។
[៤៣២] (ពោធិសត្វ ពោលថា) ពួកយើងស្គាល់លោក មិនមែនច្រឡំទេ លោក ក៏គឺលោកហ្នឹងដដែល ពួកយើង គឺសត្វទាំងនោះ មិនមែនជាសត្វដទៃទេ តែថា ចិត្តរបស់លោក ប្រទូស្តចំពោះពួកជននេះ ម្នាលអាជីវក ព្រោះហេតុនោះ បានជាពួកយើងតក់ស្លុតនឹងលោក។
ចប់ រោមជាតក ទី៧។
(២៧៨. មហិំសរាជជាតកំ (៣-៣-៨))
[៤៣៣] (រុក្ខទេវតា ពោលថា) អ្នកអាស្រ័យហេតុដូចម្ដេច ទើបអត់ទ្រាំនូវសេចក្ដីលំបាកនេះនឹងស្វាមានចិត្តរហ័ស ជាសត្វប្រទូស្ត មិត្ត (ដូចជាបុគ្គលអត់ទ្រាំនឹងសេចក្ដីលំបាក) នឹងម្ចាស់ដែលជាអ្នកឲ្យសេចក្ដីប្រាថ្នាទាំងពួង។
[៤៣៤] អ្នកចូរវ័ធស្វានេះដោយស្នែង ចូរជាន់កំទេចដោយជើងចុះ ប្រសិនបើមិនមានអ្នកកំចាត់បង់ទេ ពួកពាលនឹងគប្បីរឹងរឹតបៀតបៀនឡើង។
[៤៣៥] (ពោធិសត្វ ពោលថា) ស្វានេះ កាលមើលងាយខ្ញុំបាន គង់នឹងធ្វើ (អនាចារ) យ៉ាងនេះ នឹងក្របីដទៃទៀត ក្របីទាំងនោះ នឹងសម្លាប់វាក្នុងទីនោះ ការរួច (ចាកសេចក្ដីលំបាក) នោះ នឹងមានដល់ខ្ញុំ។
ចប់ មហិសជាតក ទី៨។
(២៧៩. សតបត្តជាតកំ (៣-៣-៩))
[៤៣៦] (ព្រះសាស្ដា ត្រាស់ថា) មាណពសំគាល់នូវមេចចកក្នុងផ្លូវ ជាសត្វគោចរទៅក្នុងព្រៃ ប្រាថ្នានូវសេចក្ដីចំរើន តែងប្រាប់ហេតុឲ្យដឹង ថាជាសត្វប្រាថ្នានូវសេចក្ដីវិនាស សំគាល់នូវសត្វចចាត ជាសត្វប្រាថ្នានូវសេចក្ដីវិនាស ថាជាសត្វប្រាថ្នានូវសេចក្ដីចំរើន យ៉ាងណាមិញ។
[៤៣៧] បុគ្គលខ្លះក្នុងលោកនេះ ជាអ្នកប្រាកដដូច្នោះ ដែលជនទាំងឡាយ អ្នកប្រាថ្នានូវប្រយោជន៍ ពោលពាក្យ (ប្រៀនប្រដៅ) ទទួលយកឆ្វេងទៅវិញ ក៏យ៉ាងនោះដែរ។
[៤៣៨] មួយទៀត ពួកបុគ្គលណា សរសើរនូវបុគ្គលនោះក្តី លើកដំកើងបុគ្គលនោះ ព្រោះភ័យក្ដី បុគ្គលនោះ រមែងសំគាល់ពួកបុគ្គលថាជាមិត្ត ដូចមាណព (កាលសំគាល់) នូវសត្វចចាត ថាជាមិត្តដូច្នោះ។
ចប់ សតបត្តជាតក ទី៩។
(២៨០. បុដទូសកជាតកំ (៣-៣-១០))
[៤៣៩] (ពោធិសត្វ ពោលថា) មិគរាជ គឺស្ដេចស្វា ជាសត្វឈ្លាសក្នុងការធ្វើកញ្ចប់ស្លឹកឈើដោយពិត ព្រោះហេតុដូច្នោះ ទើបបានបំផ្លាញកញ្ចប់ចោល នឹងធ្វើកញ្ចប់ដទៃឲ្យល្អជាងកញ្ចប់មុនដោយពិត។
[៤៤០] (ពានរ ពោលថា) បិតា ឬមាតារបស់ខ្ញុំ មិនមែនជាសត្វឈ្លាសក្នុងការធ្វើកញ្ចប់ទេ តែពួកខ្ញុំ បានតែខាងបំផ្លាញនូវវត្ថុដែលគេធ្វើហើយ ៗ ប៉ុណ្ណោះ នេះជាត្រកូល (របស់ពានរ) តែងមានយ៉ាងនេះ ជាធម្មតា។
[៤៤១] (ពោធិសត្វ ពោលថា) ធម្មតារបស់ពួកអ្នកណា ប្រាកដយ៉ាងនេះទៅហើយ ចំណង់បើមិនមែនធម្មតា តើនឹងដូចម្ដេចទៅវិញ យើងសូមកុំឲ្យជួបប្រទះនឹងអាការជាធម្មតា ឬមិនមែនជាធម្មតារបស់ពួកអ្នកនោះ ក្នុងកាលណាឡើយ។
ចប់ បូដទូសកជាតក ទី១០។
ចប់ ឧទបានវគ្គ ទី៣។
ឧទ្ទាននៃឧទបានវគ្គនោះគឺ
និយាយអំពីអណ្ដូងទឹកប្រសើរ ១ ខ្លាក្នុងព្រៃ ១ ស្វា ១ កុកមានសីរ ១ កុកដ៏រលើបល្អ ១ ជនាធិបតីល្អ ១ ព្រាបឈ្មោះរោមកៈ ១ ស្វាប្រទូស្ត ១ សត្វចចាត ១ ការធ្វើកញ្ចប់ ១ ត្រូវជា ១០។