User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.03

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៣. មុចលិន្ទកថា

សង្ខេប

រឿង​​ដ៏​​ល្បី​​របស់​​មុចលិន្ទ​នាគ​រាជ​​ការពារ​​ព្រះ​ពុទ្ធ​​​ពី​​ត្រជាក់​​និង​​ភ្លៀង ខណៈ​​មួយ​សប្តាហ៍​​ទៀត​​កំពុង​​ធ្វើ​​សមាធិ។

mv 01.03 បាលី cs-km: vin.mv.01.03 អដ្ឋកថា: vin.mv.01.03_att PTS: ?

មុចលិន្ទកថា (ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

រឿងក៏ត្រូវបានរកឃើញនៅក្នុង សុត្តបិដក ខុទ្ទកនិកាយ ឧទានមុចលិន្ទសូត្រ

អានដោយ ព្រះខេមានន្ទ

(មុចលិន្ទកថា (៣.))

[៥] លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ក្រោកចាក​សមាធិ​នោះ ហើយទ្រង់​ចេញអំពីម្លប់អជបាលនិគ្រោធព្រឹក្ស យាងចូលទៅកាន់ដើមរាំង លុះចូល​ទៅ​ដល់​ហើយ ទ្រង់​គង់ដោយព្រះភ្នែនតែមួយ បង្គុយអស់៧ថ្ងៃក្រោមម្លប់រាំង សោយវិមុត្តិសុខ (គឺសុខក្នុងផលសមាបត្តិ)។

សម័យនោះឯង មហាមេឃពុំជួកាល ក៏បណ្តាល​ឡើងជាភ្លៀង។ មានភ្លៀងរលឹម​អស់​៧ថ្ងៃ បណ្តាលឲ្យអាប់ពន្លឺព្រះអាទិត្យ ដោយអំណាចខ្យល់ត្រជាក់។ គ្រានោះ មុចលិន្ទនាគរាជ​ចេញអំពីលំនៅរបស់ខ្លួន ហើយពេនព័ទ្ធព្រះកាយព្រះដ៏មានព្រះភាគ៧ជុំ ដោយក្នេន (របស់ខ្លួន) ហើយលើកពពារដ៏ធំបាំង​ពីខាងលើព្រះសីរ្ស​ព្រះដ៏មានព្រះភាគ ហើយឋិតនៅ​ដោយគិតថា រងាកុំបីបៀតបៀនព្រះដ៏មានព្រះភាគ ក្តៅក៏កុំបីបៀតបៀន​ព្រះដ៏មានព្រះភាគ សម្ផស្ស របោមមូស ខ្យល់ កំដៅថ្ងៃ ពស់តូច ពស់ធំ ក៏កុំបីបៀតបៀន​ព្រះដ៏មានព្រះភាគ​ឡើយ។ លុះថ្ងៃ៧កន្លងទៅហើយ លំដាប់នោះ មុចលិន្ទនាគរាជដឹងថា ភ្លៀង​រាំងហើយ មេឃ​ស្រឡះហើយ ក៏រំសាយ​ក្នេនចេញចាក​ព្រះកាយព្រះដ៏មានព្រះភាគ ហើយប្រែភេទ​របស់​ខ្លួន និម្មិតជាភេទមាណព​1) ឈរប្រណម្យអញ្ជលី នមស្ការព្រះដ៏មានទ. ១០ព្រះភាគ​ពីខាង​ទីចំពោះ​ព្រះភក្ត្រ​ព្រះអង្គ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តីនេះហើយ ក៏បន្លឺនូវឧទានគាថា ក្នុងវេលានោះថា

សេចក្តីស្ងាត់ចាកកិលេស​របស់បុគ្គលអ្នកត្រេកអរ (ដោយមគ្គញ្ញាណ) មានធម៌​ប្រាកដហើយ បានឃើញធម៌ (ដោយញាណចក្ខុ) ជាគុណឲ្យកើតសេចក្តីសុខ សេចក្តីមិនព្យាបាទ និងសេចក្តី​សង្រួម មិនបៀតបៀនសត្វទាំងឡាយ ក៏ជាគុណ​ឲ្យ​កើតសេចក្តី​សុខក្នុងលោក សេចក្តីណាយចាករាគៈ និង​ការប្រព្រឹត្ត​កន្លងកាម​ទាំងឡាយ ជាគុណឲ្យកើតសេចក្តីសុខក្នុងលោក កិរិយា​កំចាត់បង់នូវ​អស្មិមានះ កិរិយាកំចាត់បង់នូវ​អស្មិមានះនុ៎ះ ជាសុខយ៉ាងក្រៃលែង។

ចប់ មុចលិន្ទកថា។

 

1)
មនុស្សកំឡោះ។
km/tipitaka/vin/mv/vin.mv.01.03.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann