User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.15

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១៥. ឧបជ្ឈាយវត្តកថា

សង្ខេប

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​ឲ្យ​មាន​ការ​ពឹងពាក់​លើ​ឧបជ្ឈាយ និង​កំណត់​ភារ​កិច្ច​រវាង «ឪពុក និងកូន»។

ឧបជ្ឈាយវត្តកថា (ទី១៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

អានដោយព្រះរដ្ឋបាល

(ឧបជ្ឈាយវត្តកថា (១៥.))

[៧៧] សម័យនោះឯង ភិក្ខុទាំងឡាយមិនមានឧបជ្ឈាយ៍ គ្មានអ្នកទូន្មាន គ្មានអ្នក​ប្រៀន​ប្រដៅ ស្លៀកក៏មិនត្រឹមត្រូវ ដណ្តប់ក៏​មិនត្រឹមត្រូវ ទាំងឫក​មារយាទ​ក៏មិនបរិបូណ៌ នាំគ្នាត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (ពួក​ភិក្ខុនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅពី​ខាងលើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំ ទៅពីខាង​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅពីខាងលើវត្ថុ​ដែល​បុគ្គល​គប្បីលិទ្ធ​ជញ្ជាប់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅពីខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ។ មនុស្សទាំងឡាយពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ​ជាសក្យបុត្រ​ មិនសមនឹង​ស្លៀក​ក៏​មិនត្រឹមត្រូវ ដណ្តប់ក៏​មិនត្រឹមត្រូវ មានឫកមារយាទ​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (ពួក​ភិក្ខុនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅ​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅ​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើវត្ថុ​សម្រាប់លិទ្ធ​ជញ្ជាប់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងនៅក្នុងរោងបាយខ្លះ ដូចជា​ពួក​ព្រាហ្មណ៍​ ដែល​នៅក្នុង​កន្លែង​ជាទីបរិភោគ​នៃព្រាហ្មណ៍​សោះឡើយ។

[៧៨] ភិក្ខុទាំងឡាយ​បានឮពួកមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួកភិក្ខុណាមានសេចក្តី​ប្រាថ្នាតិច ជាអ្នកសន្តោស មានសេចក្តីខ្មាស ជាអ្នករង្កៀស ប្រាថ្នា​ក្នុងការ​រៀនសូត្រ ពួកភិក្ខុនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ភិក្ខុទាំងឡាយ​មិនគួរបើ​ ស្លៀកពាក់​ក៏​មិនត្រឹមត្រូវ មានឫកមារយាទ​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (​ភិក្ខុទាំងនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅ​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅ​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅលើវត្ថុ​សម្រាប់ភ្លក់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុង​រោង​បាយខ្លះ (ដូច្នេះ) ឡើយ។ លំដាប់នោះ ភិក្ខុទាំងនោះក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[៧៩] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ប្រជុំ​ភិក្ខុសង្ឃ ហើយទ្រង់​សួរ​បញ្ជាក់​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភិក្ខុស្លៀកដណ្តប់​មិនត្រឹមត្រូវ មានអាកប្បកិរិយា​​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាលពួក​មនុស្ស​កំពុង​តែបរិភោគ (​ភិក្ខុទាំងនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ ទៅ​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅខាង​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់​សុំទៅ​ខាងលើវត្ថុ​សម្រាប់ភ្លក់ខ្លះ​ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេងហ៊ោកញ្ជ្រៀវ សំឡេងខ្លាំង នៅក្នុង​រោង​បាយខ្លះ ពិតមែនឬ។ ពួកភិក្ខុ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះដ៏មានព្រះភាគ​ ទ្រង់​តិះដៀល​ថា ម្នាលភិក្ខុទាំងឡាយ (អំពើនោះ) មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនមែន​ជារបស់​សមណៈ មិនគួរ មិនត្រូវធ្វើឡើយ ម្នាលភិក្ខុទាំងឡាយ ចុះហេតុអ្វី​បានជា​មោឃបុរស​ទាំងនោះ ស្លៀក​ដណ្តប់​ក៏​មិនត្រឹមត្រូវ មានអាកប្បកិរិយា​មិនសមគួរ ត្រាច់​ទៅដើម្បី​បិណ្ឌបាត កាល​មនុស្ស​ទាំងឡាយ​កំពុង​តែបរិភោគ (​ភិក្ខុទាំងនោះ) បង្អោន​បាត្រ​សម្រាប់សុំ​ទៅខាង​លើ​ភោជន​ខ្លះ បង្អោនបាត្រ​សម្រាប់​សុំទៅ​លើខាទនីយៈ​ខ្លះ បង្អោនបាត្រ​សម្រាប់សុំទៅខាងលើវត្ថុ​សម្រាប់ភ្លក់ខ្លះ​ បង្អោនបាត្រ​សម្រាប់​សុំទៅ​ខាងលើទឹកសម្រាប់​ផឹកខ្លះ សូម​សំឡខ្លះ បាយខ្លះ ដោយខ្លួនឯង ហើយបរិភោគ មានសំឡេង​ហ៊ោកញ្ជ្រៀវ សំឡេងខ្លាំងក្នុង​រោង​បាយខ្លះ ម្នាលភិក្ខុទាំងឡាយ ការនេះមិនមែននាំ​ឲ្យ​ជ្រះថ្លា​ដល់​ពួក​ជន​ដែលមិនទាន់​ជ្រះថ្លា​ផង មិននាំពួក​ជនដែល​ជ្រះថ្លាហើយ ឲ្យរឹងរិត​តែជ្រះថ្លាតទៅ​ទៀតផង ម្នាលភិក្ខុទាំងឡាយ ការនេះនាំ​ឲ្យពួកជន​ដែល​មិនទាន់​ជ្រះថ្លា​ ឲ្យខាន​ជ្រះថ្លា​ទៅវិញផង នាំពួក​ជន​ខ្លះ​ដែល​ជ្រះថ្លា ស្រាប់ហើយ ឲ្យប្រែប្រួល​ផ្តេសផ្តាស​ទៅវិញផង។

[៨០] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ភិក្ខុទាំងនោះ​ដោយអនេកបរិយាយ ហើយទ្រង់សំដែង​នូវទោស​នៃសភាព​ជាបុគ្គល​ដែលគេ​ចិញ្ចឹម​បានដោយលំបាក គេរក្សាបាន​ដោយ​លំបាក សេចក្តី​ប្រាថ្នាធំ មិនសន្តោស សេចក្តីច្រឡូកច្រឡំ​ដោយពួកគណៈ សេចក្តីខ្ជិល ​ទើបទ្រង់​ពោលសរសើរ​គុណនៃ​សភាព​ជាបុគ្គល​ដែលគេ​ចិញ្ចឹម​បានដោយងាយ គេរក្សាបាន​ដោយងាយ សេចក្តី​ប្រាថ្នាតិច សេចក្តីសន្តោស កំចាត់​បង់នូវ​កិលេស ដុសខាត់ចិត្ត សេចក្តីជ្រះថ្លា មិនសន្សំនូវ​កិលេសវដ្តៈ និង​សេចក្តី​ប្រារព្ធព្យាយាម ដោយព្រះពុទ្ធដីកា​ជាអនេកបរិយាយ រួចទ្រង់ធ្វើ​ធម្មីកថា ដ៏ល្មម​សមគួរ​ដល់​ហេតុនោះៗ ចំពោះ​ភិក្ខុទាំងឡាយ ទ្រង់ហៅ​ភិក្ខុទាំងឡាយ​មកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឧបជ្ឈាយ៍ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​ត្រូវ​​យក​ចិត្ត​ទុកដាក់​ក្នុងសទ្ធិវិហារិកឲ្យ​ដូចជាកូន សទ្ធិវិហារិក ត្រូវ​យកចិត្ត​ទុកដាក់​ក្នុងឧបជ្ឈាយ៍​ឲ្យដូច​ជាបិតា ឧបជ្ឈាយ៍​ និង​សទ្ធិវិហារិកនោះ​ប្រកប​ដោយ​សេចក្តីគោរព​កោតក្រែង​ដល់គ្នានឹងគ្នា មានការ​ចិញ្ចឹម​ជីវិត​ស្មើគ្នា​យ៉ាងនេះ និងដល់នូវសេចក្តី​ចំរើន សេចក្តីលូតលាស់ សេចក្តីទូលំទូលាយ ក្នុងធម្មវិន័យ​នេះ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក​គប្បី​កាន់យកឧបជ្ឈាយ៍​ដោយទំនងយ៉ាងនេះ។ សទ្ធិវិហារិកត្រូវគ្រង​ចីពរ​ឆៀងស្មាម្ខាង ហើយថ្វាយបង្គំ​ជើងទាំងឡាយ រួចហើយអង្គុយ​ច្រហោង ផ្គងឡើង​នូវអញ្ជលី​រួចពោល​យ៉ាងនេះនឹងឧបជ្ឈាយ៍​ថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមលោកម្ចាស់​ជាឧបជ្ឈាយ៍​របស់ខ្ញុំ​ បពិត្រ​លោកម្ចាស់ដ៏​ចំរើន លោកម្ចាស់​ចូរជា​ឧបជ្ឈាយ៍​របស់ខ្ញុំ បពិត្រ​លោកម្ចាស់​ដ៏ចំរើន លោកម្ចាស់​ចូរ​ជាឧបជ្ឈាយ៍​របស់ខ្ញុំ។ ឧបជ្ឈាយ៍​ត្រូវពន្យល់​សទ្ធិវិហារិក​ឲ្យ​ដឹង​ដោយកាយ (ឬ) ឲ្យដឹង​ដោយវាចា (ឬ) ឲ្យដឹង​ទាំងកាយ​ទាំងវាចា ដោយពាក្យថា សាហុ (កម្មនេះប្រពៃ​ហើយក្តី) លហុ (ពាក្យនេះមិន​ជាការធ្ងន់​អ្វីទេក្តី) ឧបាយិកំ (កម្មនេះជាឧបាយជាទីរើ​ខ្លួនចេញក្តី) បដិរូបំ (កម្មនេះ​សមគួរ​ហើយក្តី) បាសាទិកេន សម្បាទេហិ អ្នកចូរញុំាង​កម្មឲ្យបរិបូណ៌​ដោយកាយ​និងវាចា​គួរ​ជាទីនាំ​មកនូវ​សេចក្តី​ជ្រះថ្លាក្តី (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិកកាន់យក​ឧបជ្ឈាយ៍ហើយ (បើឧបជ្ឈាយ៍) មិនញុំាង​សទ្ធិវិហារិកឲ្យ​ដឹងដោយកាយ​ ឬដោយ​វាចា ឬទាំងកាយ ទាំងវាចា (យ៉ាងនេះ) ឈ្មោះថា សទ្ធិវិហារិក​មិនកាន់​យក​ឧបជ្ឈាយ៍​ឡើយ។

[៨១] ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកត្រូវ​ប្រព្រឹត្ត​ដោយប្រពៃ ក្នុងឧបជ្ឈាយ៍។ ឯការប្រព្រឹត្ត​ដោយ​ប្រពៃ ក្នុងឧបជ្ឈាយ៍​នោះ (ដូច្នេះ)។ សទ្ធិវិហារិក​ត្រូវក្រោក​អំពីព្រឹក ហើយដោះស្បែក​ជើងរួច​ហើយគ្រង​ចីពរ ឆៀង​ស្មាម្ខាង​ រួច​ប្រគេន​ឈើស្ទន់ ប្រគេន​ទឹកលុបមុខ ក្រាលអាសនៈ (ដល់​ឧបជ្ឈាយ៍) ថា បើមានបបរ ត្រូវ​សទ្ធិវិហារិកលាងភាជន៍ ហើយដាក់បបរទៅ​ប្រគេន បើឧបជ្ឈាយ៍​ឆាន់​បបររួចហើយ សទ្ធិវិហារិក ត្រូវ​ប្រគេន​ទឹកហើយ​ទទួល​យកភាជន៍​មកវិញ ដោយការ​ឱន​លំទោន ហើយកាន់​ភាជន៍​ឲ្យល្អ កុំឲ្យជល់​ទង្គិច លាងហើយ​រៀបចំ​ទុកដាក់​ឲ្យត្រឹមត្រូវ កាលបើ​ឧបជ្ឈាយ៍​ក្រោកឡើងហើយ សទ្ធិវិហារិកត្រូវ​រើអាសនៈ​ចេញ ថាបើ​ទីនោះមាន​សម្រាម​ ត្រូវ​សទ្ធិវិហារិក​បោសចេញ។ បើ​ឧបជ្ឈាយ៍មានសេចក្តី​ប្រាថ្នា​ដើម្បី​ចូលទៅកាន់ស្រុក សទ្ធិវិហារិក​ត្រូវប្រគេន​សម្ពត់​សម្រាប់​ស្លៀក (ស្បង់) ត្រូវទទួល​សម្ពត់​ផ្លាស់មកវិញ ត្រូវ​ប្រគេន​វត្ថពន្ធ​ចង្កេះ ប្រគេន​សង្ឃាដិទាំងឡាយ ដែលបាន​ត្រួតគ្នា1) ហើយ (បើ​)បាត្រ​មានទឹក ត្រូវសទ្ធិវិហារិក លាងឲ្យជ្រះ ហើយ​សឹមប្រគេន ថាបើឧបជ្ឈាយ៍​ប្រាថ្នា​នឹង​យកខ្លួន​ទៅ​ជាមួយ ជាបច្ឆាសមណៈ​ផង សទ្ធិវិហារិក​នោះ​ត្រូវស្លៀក​ដណ្តប់​ឲ្យមាន​បរិមណ្ឌល៣ ស្លៀកស្បង់​ឲ្យជាបរិមណ្ឌល ចងវត្ថពន្ធចង្កេះ ហើយឃ្លុំ​សង្ឃាដិ​ទាំងឡាយ​ដែលបាន​ត្រួតគ្នាហើយ រួច​ពាក់ឡេវវគ្ឌុំ លាងបាត្រ​ហើយកាន់ធ្វើ​ជាបច្ឆាសមណៈ (ដើរ​ទៅតាម​ខាងក្រោយ​ឧបជ្ឈាយ៍) សទ្ធិវិហារិក​មិនត្រូវ​ដើរឆ្ងាយពេក មិនត្រូវ​ដើរជិតពេក សទ្ធិវិហារិកគប្បី​ទទួល​យកវត្ថុ​ដែល​គេ​ដាក់ចុះក្នុង​បាត្រ2) ឧបជ្ឈាយ៍​កំពុង​ពោល សទ្ធិវិហារិកមិនត្រូវ​និយាយ​ស្កាត់​ពាក្យនោះឡើយ ឧបជ្ឈាយ៍ កំពុង​ពោលនូវពាក្យ​ជាទំនង​នឹងត្រូវ​អាបត្តិ សទ្ធិវិហារិក​ត្រូវ​ឃាត់ សទ្ធិវិហារិកត្រូវ​ត្រឡប់​មកមុន​ឧបជ្ឈាយ៍ ហើយក្រាលអាសនៈចាំ ត្រូវរៀបចំ​ទុកទឹក​សម្រាប់​​លាងជើង តាំងសម្រាប់រងជើង​ដែល​លាងហើយ ក្បឿង​សម្រាប់ជូត​ជើង​ដែល​មិនបានលាង ហើយក្រោក​ឡើងទទួល​យកបាត្រ​ចីវរ ប្រគេន​សម្ពត់​ផ្លាស់ ទទួល​យកស្បង់។ ថាបើចីវរ​សើម​ដោយ​ញើស​ក្អែល សទ្ធិវិហារិកត្រូវសំដិល​ក្នុងទីមាន​កំដៅបន្តិចសិន មិនត្រូវ​ទុកដាក់​ចីវរ​ក្នុងទី​មាន​កំដៅ​យូរ​ទេ ត្រូវតែ​បត់ចីវរ​ទុកដោយល្អ កាលដែល​នឹងបត់ចីវរ​ ត្រូវ​បំផ្លើស​ជាយម្ខាង​ឲ្យលើស​ប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរ ដោយគិតថា កុំឲ្យចីវរ​បាក់ផ្នត់​ពាក់កណ្តាលឡើយ3) ហើយគប្បីដាក់វត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ ថាបើបិណ្ឌបាតមាន​ ឧបជ្ឈាយ៍​ត្រូវការនឹង​ឆាន់ សទ្ធិវិហារិកត្រូវប្រគេនទឹកហើយ សឹមបង្អោន​បិណ្ឌបាតប្រគេន សទ្ធិវិហារិកត្រូវសួរ​ឧបជ្ឈាយ៍​អំពីទឹក​ឆាន់ហើយ ប្រគេនទឹក​ដល់ឧបជ្ឈាយ៍ដែលឆាន់រួចហើយ រួច​ទទួលបាត្រ​យកមក​ដោយ​សេចក្តី​ឱន​លំទោន ហើយលាងដោយ​ប្រពៃ កុំឲ្យទង្គិច ហើយធ្វើឲ្យ​ស្ងួតទឹក រួចហើយ​ហាលបាត្រ១ស្របក់​ក្នុងទី​មានកំដៅ តែមិនត្រូវ​ទុកបាត្រ​ក្នុងទីមាន​កំដៅយូរ​ពេកទេ ត្រូវដម្កល់​ទុកនូវបាត្រ​និងចីវរ​ឲ្យល្អ កាលដម្កល់​ទុកបាត្រ ត្រូវកាន់យក​បាត្រ​ដោយដៃម្ខាង ហើយយកដៃ​ម្ខាង​ស្ទាប​មើល​ទីជា​ខាង​ក្រោមនៃ​គ្រែក្តី នូវទីជាខាងក្រោម​នៃ​តាំងក្តី ហើយសឹមទុក​ដាក់​បាត្រ (នោះ) ចុះ តែមិនត្រូវ​ដម្កល់​ទុក​បាត្រ​លើទី​ដែលមិនសមគួរ​4) កាលដម្កល់​ទុកនូវ​ចីវរសោត ត្រូវកាន់ចីវរ​ដោយដៃម្ខាង ហើយយកដៃ​ម្ខាង​ជូត​ស្បៀងចីវរក្តី ខ្សែសម្រាប់​ពាក់ចីវរក្តី ហើយធ្វើនូវ​ជាយនៃចីវរ​ខាងនាយ​ឲ្យជាផ្នត់​ខាងអាយ គឺ​បត់​ចីពរ​ជាពីរ ហើយដំកល់ចីពរ​នោះទុក កាលបើឧបជ្ឈាយ៍​ក្រោកឡើងហើយ សទ្ធិវិហារិក​ត្រូវ​រើ​អាសនៈ​ចេញ ហើយសឹមរៀប​ចំទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង និងក្បឿង​សម្រាប់ជូតជើង ថាបើ​ទីនោះមានសម្រាម សទ្ធិវិហារិកត្រូវបោសទីនោះចេញ។ បើឧបជ្ឈាយ៍​ត្រូវការស្រង់ទឹក គប្បី​ចាត់ចែង​ទឹកសម្រាប់​ស្រង់ បើឧបជ្ឈាយ៍​ត្រូវការ​ដោយទឹក​ត្រជាក់ សទ្ធិវិហារិក​គប្បី​ចាត់ចែង​ទឹកត្រជាក់​ប្រគេន បើឧបជ្ឈាយ៍ត្រូវការដោយ​ទឹកក្តៅ សទ្ធិវិហារិក​គប្បីចាត់ចែង​ទឹកក្តៅ​ប្រគេន។ បើឧបជ្ឈាយ៍មានសេចក្តី​ប្រាថ្នាចូលទៅកាន់​រោងភ្លើង សទ្ធិវិហារិកត្រូវលាយ​គ្រឿង​លំអិត​សម្រាប់ងូត​5) ត្រូវផ្សើមដីស្អិតទុក ត្រូវកាន់យកតាំង​សម្រាប់​ដំកល់​ក្នុងរោងភ្លើង ហើយដើរ​ទៅអំពី​ខាងក្រោយៗ​នៃឧបជ្ឈាយ៍ ហើយប្រគេន​តាំងសម្រាប់​រោងភ្លើង រួចត្រូវ​ទទួលយក​ចីវរ​មកដម្កល់​ទុកក្នុងទីដ៏សមគួរ ត្រូវប្រគេន​គ្រឿង​លំអិត​សម្រាប់ងូត ត្រូវប្រគេន​ដីស្អិត​ផង បើសទ្ធិវិហារិក​អាច ត្រូវចូលទៅកាន់​រោងភ្លើង កាលចូលទៅកាន់​រោងភ្លើង​ ត្រូវលាបមុខ​ដោយ​ដីស្អិត ហើយបិទបាំង​(កាយ) អំពីខាងមុខផង អំពីខាង​ក្រោយផង ហើយចូលទៅកាន់​រោងភ្លើង​ចុះ សទ្ធិវិហារិក​មិនគប្បី​អង្គុយ​ច្រៀត​បៀត​ភិក្ខុទាំងឡាយ​ជាថេរៈ មិនគប្បីហាមឃាត់​ភិក្ខុថ្មីទាំងឡាយ​ដោយ​អាសនៈ​ឡើយ ត្រូវធ្វើបរិកម្ម (គឺកិច្ច​ទាំងពួង​មានឲ្យនូវ​ដីស្អិត និងទឹកក្តៅជាដើម) ដល់​ឧបជ្ឈាយ៍​ក្នុងរោងភ្លើង កាលចេញអំពី​រោងភ្លើង ត្រូវនាំយកតាំង​សម្រាប់រោងភ្លើង ហើយបិទបាំង (កាយ) អំពី​ខាងមុខផង អំពីខាងក្រោយផង ហើយសឹម​ចេញអំពី​រោងភ្លើងចុះ ត្រូវ​ធ្វើ​បរិកម្ម​ដល់ឧបជ្ឈាយ៍​ក្នុងទឹក​ផង បើសទ្ធិវិហារិក​ងូតទឹក​រួចហើយ ត្រូវឡើងមុន​ឧបជ្ឈាយ៍ ហើយជូតកាយ​របស់ខ្លួន​ឲ្យស្ងួត​ទឹក រួច​សឹម​ស្លៀក​ ហើយទើប​ជូត​ទឹក​អំពី​កាយរបស់ឧបជ្ឈាយ៍ ត្រូវប្រគេន​សម្ពត់​ស្លៀក​ ប្រគេន​សង្ឃាដិ ហើយត្រូវ​កាន់យក​តាំងសម្រាប់​រោងភ្លើងមកជាមុន ហើយក្រាលអាសនៈ រៀបចំទឹក​សម្រាប់លាងជើង តាំង​សម្រាប់​រងជើង ក្បឿង​សម្រាប់​ជូតជើង ត្រូវសួរ​ឧបជ្ឈាយ៍​អំពី​ទឹកឆាន់។ បើសទ្ធិវិហារិក​មានសេចក្តី​ប្រាថ្នា​ដើម្បីរៀន​បាលី គប្បីរៀន​បាឡីចុះ បើមានសេចក្តីប្រាថ្នា​ដើម្បីរៀន​អដ្ឋកថា គប្បីរៀន​អដ្ឋកថាចុះ។ ឧបជ្ឈាយ៍នៅក្នុងវិហារណា បើវិហារនោះ​មានសម្រាម បើសទ្ធិវិហារិក​អាច​ធ្វើបាន វិហារនោះ​សទ្ធិវិហារិក​ត្រូវ​ជម្រះសំអាត កាលដែលជម្រះសំអាត​វិហារ ត្រូវយកបាត្រនិងចីវរទៅដម្កល់​ទុកក្នុង​ទីដ៏​សមគួរជាមុនសិន ត្រូវនាំយក​កម្រាលអង្គុយ​ទៅដម្កល់​ទុកក្នុងទីដ៏សមគួរ ត្រូវនាំយក​ពូកនិងខ្នើយ​ ទៅដម្កល់​ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិក​ដែលនឹង​នាំគ្រែចេញ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យទង្គិច​ទង្គុក​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ ហើយនាំយកទៅដម្កល់​​ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកដែល​នឹង​នាំតាំងចេញ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យទង្គិច​ទង្គុក​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ ហើយនាំ​យកទៅដម្កល់​​ទុកក្នុងទីដ៏សមគួរ សទ្ធិវិហារិកត្រូវនាំ​យកទ្រនាប់​គ្រែ​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ សទ្ធិវិហារិក​ត្រូវនាំកន្ថោរ​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ សទ្ធិវិហារិក​ត្រូវនាំយកផែនក្តារ​សម្រាប់​ផ្អែក​​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ ត្រូវចំណាំ​ឲ្យច្បាស់នូវគ្រឿង​កម្រាលផែនដី ដែលគេក្រាល​យ៉ាងណា ហើយ​នាំ​ទៅដម្កល់​ទុក​ក្នុងទី​ដ៏សមគួរ បើគ្រឿងស្មុកស្មាញ (សម្រាម មានសំបុកកន្លាត និងសរសៃ​ពីង​ពាង​ជាដើម) មានក្នុងវិហារ សទ្ធិវិហារិក​ត្រូវបោស​តាំង​អំពី​ពិតានជាមុន កន្លៀត​ជ្រុង​សន្ទះបង្អួច សទ្ធិវិហារិកត្រូវ​ជូត​សំអាត បើជញ្ជាំង​ដែលគេលាប​ដោយរង់មានសៅហ្មងពណ៌សម្បុរ ត្រូវ​ជ្រលក់​សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃ​ដែលគេលាប​ដោយពណ៌ខ្មៅ មានពណ៌​សៅហ្មង ត្រូវ​ជ្រលក់​សម្ពត់ ហើយពូតរួច សឹមជូត បើផ្ទៃ​គេមិន​បានលាបអ្វីទេ ត្រូវប្រស់ទឹក​ហើយសឹមជូត សទ្ធិវិហារិក​ត្រូវ​ប្រមែប្រមូល​សម្រាម​យកទៅចោល​ក្នុងទីដ៏សមគួរ ដោយគិតថា វិហារកុំ​ប្រឡាក់​ប្រឡូស​ដោយធូលី​ឡើយ គ្រឿង​កម្រាល​ផែនដី ដែលសទ្ធិវិហារិកហាល​ជម្រះគោះហើយ ត្រូវនាំយកមកក្រាល​ដូចដើម​វិញ ទ្រនាប់​គ្រែដែល​សទ្ធិវិហារិកយកទៅហាល​ថ្ងៃហើយ ជូតរួចត្រូវយកមកដម្កល់​ទុកក្នុងទីដដែល គ្រែដែល​សទ្ធិវិហារិកហាលថ្ងៃ​ជម្រះ​គោះរួច ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិច​ទង្គុកផែនដី កុំឲ្យ​ប៉ះ​សន្ទះទ្វារ និងក្របទ្វារ ហើយនាំយកមកដាក់រៀបចំ ទុកឲ្យល្អដូចពីដើមវិញ តាំង​ដែលសទ្ធិវិហារិក​ហាលថ្ងៃ​ហើយជ្រះគោះហើយ ត្រូវធ្វើឲ្យទាបស្រួល កុំឲ្យទង្គិច​ទង្គុកផែនដី កុំឲ្យ​ប៉ះ​សន្ទះទ្វារ និង​ក្របទ្វារ ហើយនាំយកទៅដាក់រៀបចំឲ្យល្អដូចពីដើមវិញ ពូកនិងខ្នើយដែលសទ្ធិវិហារិក​ហាលជម្រះ​គោះហើយ ត្រូវនាំយកមករៀបចំឲ្យដូចពីដើមវិញ កម្រាលសម្រាប់អង្គុយដែលសទ្ធិវិហារិក​ហាលជម្រះ​គោះហើយ ត្រូវនាំយកមក​ក្រាលឲ្យដូចពីដើមវិញ កន្ថោរ​ដែលសទ្ធិវិហារិក​ហាលថ្ងៃ ហើយជូត​ហើយនាំ​យកមកដម្កល់ទុក​ដូចដែលវិញ ផែនក្តារសម្រាប់ផ្អែក ដែលសទ្ធិវិហារិក​ហាលថ្ងៃហើយ និងជូតហើយ ត្រូវនាំមកដម្កល់​ទុកដូចដែលវិញ បាត្រនិងចីវរ សទ្ធិវិហារិក​ត្រូវដម្កល់​ទុក កាលយក​បាត្រ ទៅទុកដាក់ ត្រូវកាន់បាត្រដោយដៃម្ខាង ហើយយកដៃម្ខាងស្ទាបមើលទី​ខាងក្រោម​នៃគ្រែក្តី ទីខាងក្រោម​នៃ​តាំងក្តី ហើយសឹមទុកបាត្រចុះ មិនត្រូវទុកបាត្រ​លើទីមិនសមគួរឡើយ កាលយកចីវរ​ទៅទុក ត្រូវកាន់​ចីវរ​ដោយ​ដៃម្ខាង យកដៃម្ខាង​ជូតស្បៀង​ចីវរ​ក្តី ខ្សែចីវរក្តី ហើយបត់​ជាយខាង​ណោះឲ្យ​ជាផ្នត់ ចូលមក​ខាងណេះ (គឺបត់​ចីវរជាពីរ) ហើយកម្កល់​ទុកនូវចីវរ​ចុះ។ បើខ្យល់បក់ទាំងធូលី​មកអំពីទិស​ខាងកើត សទ្ធិវិហារិក ត្រូវបិទបង្អួច​ទិស​ខាងកើត បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងលិច សទ្ធិវិហារិក ត្រូវបិទ​បង្អួច​ទិសខាងលិច បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងជើង សទ្ធិវិហារិក ត្រូវបិទបង្អួច​ទិស​ខាងជើង បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងត្បូង សទ្ធិវិហារិក ត្រូវបិទបង្អួច​ទិស​ខាងត្បូង បើកាល គឺ​រដូវ​ត្រជាក់ សទ្ធិវិហារិក ត្រូវបើកបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបិទ​ក្នុងវេលាយប់ បើកាល គឺ​រដូវក្តៅ សទ្ធិវិហារិក ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបើក​ក្នុងវេលាយប់។ បើបរិវេណ​មានសម្រាម សទ្ធិវិហារិកត្រូវបោស​បរិវេណ បើបន្ទប់​មានសម្រាម សទ្ធិវិហារិកត្រូវបោស​បន្ទប់ បើឧបដ្ឋានសាលា6) មានសម្រាម សទ្ធិវិហារិកត្រូវបោសឧបដ្ឋានសាលា បើរោងភ្លើងមានសម្រាម សទ្ធិវិហារិកត្រូវបោសរោងភ្លើង បើបង្គន់មានសម្រាម សទ្ធិវិហារិកត្រូវបោសបង្គន់ បើទឹកឆាន់មិនមាន សទ្ធិវិហារិកត្រូវដំកល់​ទឹកឆាន់ បើទឹកសម្រាប់ប្រើប្រាស់មិនមាន សទ្ធិវិហារិកត្រូវដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើទឹក​មិនមាន​ក្នុងក្អម​សម្រាប់ជម្រះអាចមន៍ សទ្ធិវិហារិកត្រូចាក់ទឹក​ដាក់ក្នុងក្អម​សម្រាប់ជម្រះអាចមន៍។ បើសេចក្តីអផ្សុក​កើតឡើង​ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍​ចៀសចេញ​ទៅកំសាន្ត​ដោយខ្លួនឯង ឬឲ្យ​ភិក្ខុដទៃ​នាំចៀសចេញ​ទៅកំសាន្ត7) ម្យ៉ាងទៀត សទ្ធិវិហារិក ត្រូវធ្វើធម្មីកថា​ដល់ឧបជ្ឈាយ៍​នោះ បើឧបជ្ឈាយ៍មានសេចក្តី​សង្ស័យ​កើតឡើង សទ្ធិវិហារិក​ត្រូវបន្ទោបង់សេចក្តី​សង្ស័យ​នោះដោយ​ខ្លួនឯង ឬឲ្យភិក្ខុដទៃ​បន្ទោបង់​ក៏បាន ឬត្រូវ​ធ្វើធម្មីកថា​ដល់ឧបជ្ឈាយ៍នោះ បើសេចក្តីយល់ខុស កើតឡើង​ដល់​ឧបជ្ឈាយ៍ សទ្ធិវិហារិកត្រូវ​ដោះស្រាយ​សេចក្តីយល់ខុស​នោះចេញ​ដោយខ្លួនឯង ឬ​ឲ្យភិក្ខុដទៃ​ដោះស្រាយ​សេចក្តី​យល់ខុស​នោះចេញ​ក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់​ឧបជ្ឈាយ៍នោះ។ ​ បើ​ឧបជ្ឈាយ៍​ត្រូវ​គរុកាបត្តិ គួរដល់​បរិវាស សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃគប្បីឲ្យ​បរិវាស​ដល់ ឧបជ្ឈាយ៍(របស់អញ) ដោយឧបាយ​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរ​ដល់កិរិយា​ទាញអន្តរាបត្តិ8) មកដាក់​ក្នុង​មូលាបត្តិ​9) សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃនឹងអន្តរាបត្តិ​មកដាក់​ក្នុងមូលាបត្តិ​ចំពោះឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍​គួរដល់​មានត្ត សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃគប្បីឲ្យមានត្ត​ដល់ឧបជ្ឈាយ៍ ដោយ​ឧបាយ​​ដូចម្តេចហ្ន៎ បើឧបជ្ឈាយ៍គួរដល់​អព្ភានកម្ម សទ្ធិវិហារិកត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយ​ដោយ​គិតថា សង្ឃនឹងឲ្យអព្ភានកម្ម ចំពោះឧបជ្ឈាយ៍ ដោយឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃមានសេចក្តី​ប្រាថ្នា ដើម្បីធ្វើនូវ​កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី​10) ដល់ឧបជ្ឈាយ៍ សទ្ធិវិហារិក​ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយ​ដោយគិតថា សង្ឃកុំគប្បីធ្វើកម្ម​ដល់ឧបជ្ឈាយ៍ ឬសង្ឃ​គប្បី​បង្អោន​​ទៅដើម្បី​កម្មស្រាល ដោយឧបាយ​ដូចម្តេចហ្ន៎ ម្យ៉ាងទៀត តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដែលសង្ឃ​បានធ្វើដល់​ឧបជ្ឈាយ៍​ហើយ សទ្ធិវិហារិកត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ដោយគិតថា ធ្វើដូចម្តេចហ្ន៎ ឲ្យឧបជ្ឈាយ៍របស់អញ​លោកប្រព្រឹត្ត​ល្អទៅ គប្បី​សំឡបរោម (កុំប្រកែប្រកាន់) គប្បី​ប្រព្រឹត្ត​វត្ត គួរដល់​កិរិយា​រលាស់ចេញ​ចាក​កម្ម សង្ឃគប្បី​រម្ងាប់​កម្មនោះចេញ (ដោយស្រួល)។ បើចីវរ​របស់ឧបជ្ឈាយ៍​គួរនឹងលាង សទ្ធិវិហារិក​ត្រូវលាង ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ដោយគិតថា ធ្វើដូចម្តេច នឹង​ឲ្យគេលាងចីវរ​របស់ឧបជ្ឈាយ៍ បើចីវរ​របស់​ឧបជ្ឈាយ៍​គួរធ្វើ (មានប៉ះដេរជាដើម) សទ្ធិវិហារិកគប្បីធ្វើប្រគេន ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ដោយ​គិតថា ធ្វើដូចម្តេចហ្ន៎ នឹង​ឲ្យគេធ្វើចីវរប្រគេនឧបជ្ឈាយ៍ (របស់អញ) បើគ្រឿងជ្រលក់​​របស់ឧបជ្ឈាយ៍​គួរចំអិន សទ្ធិវិហារិក​គប្បីចំអិនប្រគេន ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើដូចម្តេចហ្ន៎ ជន​ណាមួយគេនឹងចំអិន​ទឹកជ្រលក់​ប្រគេនឧបជ្ឈាយ៍ បើចីវររបស់ឧបជ្ឈាយ៍​គួរជ្រលក់ សទ្ធិវិហារិក​គប្បីជ្រលក់ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ធ្វើម្តេចហ្ន៎ ជន​ណាមួយគប្បីជ្រលក់ចីវរ​របស់ឧបជ្ឈាយ៍ កាលនឹងជ្រលក់​ចីវរ ត្រូវប្រែត្រឡ​ប់ជ្រលក់​ឲ្យសព្វល្អ បើដំណក់ទឹក​មិនទាន់ដាច់ទេ សទ្ធិវិហារិក​មិនត្រូវ​ចៀស​ចេញទៅឡើយ។ សទ្ធិវិហារិក​មិនបានប្រាប់ឧបជ្ឈាយ៍ មិនត្រូវឲ្យបាត្រដល់​ភិក្ខុពួកខ្លះ (ភិក្ខុដែល​មិន​ត្រូវ​នឹងឧបជ្ឈាយ៍) ទេ មិនត្រូវទទួលយក​បាត្ររបស់​ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យចីវរ​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវ​ទទួល​យកចីវរ​របស់ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យ​គ្រឿង​បរិក្ខារ​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវ​ទទួល​យក​គ្រឿង​បរិក្ខារ​របស់ភិក្ខុពួកខ្លះទេ មិនត្រូវ​កោរសក់​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវ​ឲ្យភិក្ខុពួកខ្លះ​កោរសក់​ឲ្យទេ មិនត្រូវធ្វើបរិកម្ម​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាង​ភិក្ខុពួកខ្លះ​ឲ្យធ្វើបរិកម្ម​ទេ មិនត្រូវធ្វើសេចក្តី​ខ្វាល់ខ្វាយ​បម្រើ​ដល់ភិក្ខុពួកខ្លះទេ មិនត្រូវញុំាងភិក្ខុពួកខ្លះ​ឲ្យធ្វើ​សេចក្តី​ខ្វល់ខ្វាយ​បម្រើខ្លួនទេ មិនត្រូវធ្វើជា​បច្ឆាសមណៈ​នៃ​ភិក្ខុ​ពួកខ្លះទេ មិនត្រូវយកភិក្ខុពួកខ្លះ​ជាបច្ឆាសមណៈ​ទេ មិនត្រូវនាំយកបិណ្ឌបាត​ឲ្យដល់​ភិក្ខុពួកខ្លះទេ មិនត្រូវញុំាង​ភិក្ខុពួកខ្លះឲ្យ​នាំយកបិណ្ឌបាត​មកឲ្យទេ។ សទ្ធិវិហារិកមិនបានលា ឧបជ្ឈាយ៍ មិនត្រូវ​ចូលទៅកាន់​ស្រុកទេ មិនត្រូវទៅកាន់ព្រៃស្មសានទេ មិនត្រូវ​ចៀស​ចេញ​ទៅកាន់​ទិស​ឡើយ។ បើឧបជ្ឈាយ៍មានជម្ងឺ សទ្ធិវិហារិកត្រូវបម្រើ​អស់មួយជីវិត ត្រូវ​រង់ចាំត្រាតែ​ឧបជ្ឈាយ៍ចេញចាក​អាពាធ (គឺត្រូវទ្រាំ​ជម្ងឺ​ដរាប​ទាល់ជា)។

ចប់ ឧបជ្ឈាយវត្តកថា។

 

1)
ត្រង់​ពាក្យថា សង្ឃាដិ​ទាំងឡាយ​ដែល​ត្រួតគ្នានោះ តាមន័យ​ក្នុងអដ្ឋកថា និងវិមតិវិនោទនីដីកាថា ឲ្យ​សទ្ធិវិហារិក​យកចីវរ​ទាំងពីរ គឺចីពរ១ សង្ឃាដិ១ មកដាក់​ត្រួតគ្នា ហើយសឹម​ប្រគេន។
2)
ក្នុងអដ្ឋកថា ថា កាលបើឧបជ្ឈាយ៍​បានបាយ​ ឬបបរ បាត្រនោះក្តៅ ឬធ្ងន់ សទ្ធិវិហារិក ត្រូវប្រគេន​បាត្រ​របស់ខ្លួន​ទៅលោក ហើយទទួល​យកបាត្រ​របស់លោក​មកវិញ។
3)
ក្នុងអដ្ឋកថា ថា ដែលទ្រង់ហាម​មិនឲ្យ​ចាប់ដោយស្មើគ្នាហើយបត់នោះ ព្រោះផ្នត់​ដែលបត់នៅ​ចំកន្លែង​ដដែល​រាល់ៗថ្ងៃ នឹងធ្វើឲ្យបាក់​ផ្នត់​ខូច​ចីវរ ហេតុនេះ ទើបទ្រង់ឲ្យបំផ្លើស​ដោយចីវរឲ្យ​ហួសពីគ្នាប្រមាណ​៤ធ្នាប់​រាល់ៗថ្ងៃ គឺថ្ងៃនេះ បត់ត្រង់​កន្លែងនេះ ដល់ថ្ងៃស្អែក បត់បំផ្លើស​ឲ្យ​ហួសពីកន្លែង​នោះតទៅទៀត កុំឲ្យ​បត់ចំ​ត្រង់​ផ្នត់​ដដែល។
4)
អដ្ឋកថា ថា ភិក្ខុមិនត្រូវ​ទុកលើទីដែល​មានអាចម៍ដី និងក្រួស​ដែលគេ​មិនក្រាល​ដោយ​កន្ទេល និងស្បែក​ជាដើម។
5)
អដ្ឋកថា ថា យកទឹក​ទៅលាយ​នឹងគ្រឿង​លំអិត​ ហើយសឹមសូន្យ​ឲ្យជាដុំៗ។
6)
រោងឆាន់
7)
អដ្ឋកថា ថា សទ្ធិវិហារិកត្រូវនាំឧបជ្ឈាយ៍​ទៅទីដទៃក្តី ឲ្យភិក្ខុដទៃ​នាំ​ទៅក្តី ដើម្បី​បន្ទោរបង់​សេចក្តី​អផ្សុក​នៃឧបជ្ឈាយ៍។
8)
អន្តរាបត្តិ សំដៅយកគរុកាបត្តិ ដែលភិក្ខុ​ត្រូវក្នុងវេលា​កំពុង​ប្រព្រឹត្ត​វត្តបរិវាស។
9)
មូលាបត្តិ សំដៅយក​គរុកាបត្តិ ដែលភិក្ខុត្រូវមកពី​ខាងដើម សេចក្តីថា ភិក្ខុកំពុងប្រព្រឹត្តបរិវាស​មកច្រើនថ្ងៃហើយ ៗត្រូវគរុកាបត្តិ​ណាមួយ​ទៀតដោយបិទបាំងទុក្ខនោះ សង្ឃត្រូវ​លុបថ្ងៃ​ដែលបាន​ប្រព្រឹត្ត​វត្តមកហើយ​នោះចេញ តាំងឲ្យ​ប្រព្រឹត្ត​វត្ត​រាប់ថ្ងៃ​ជាថ្មី​ទៅទៀត។
10)
កម្មទាំង៥​យ៉ាងនេះ​នឹងមានសំដែង​ដោយពិស្តារ​ក្នុងកម្មក្ខន្ធកៈ តទៅខាងមុខ។
km/tipitaka/vin/mv/vin.mv.01.15.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann