km:tipitaka:vin:mv:vin.mv.01.16

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១៦. សទ្ធិវិហារិកវត្តកថា

សង្ខេប

ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ភារ​កិច្ច​របស់​ឧបជ្ឈាយ៍​ចំពោះ​អន្តរវាសិក «ឧបជ្ឈាយ៍​ត្រូវ​ប្រព្រឹត្ត​​ឲ្យ​ស្រួល​​ល្អនឹង​​សទ្ធិវិហារិក (អ្នក​រួម​រស់​នៅ​ផ្អែក​លើ​សទ្ធា)«។

mv 01.16 បាលី cs-km: vin.mv.01.16 អដ្ឋកថា: vin.mv.01.16_att PTS: ?

សទ្ធិវិហារិកវត្តកថា (ទី១៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយព្រះរដ្ឋបាល

(សទ្ធិវិហារិកវត្តកថា (១៦.))

[៨២] ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវប្រព្រឹត្ត​ឲ្យស្រួល​ល្អនឹង​សទ្ធិវិហារិក។ ឯការដែល​ប្រព្រឹត្ត​ឲ្យស្រួល​ល្អនឹងសទ្ធិវិហារិក​នោះ (ដូចសេចក្តី​តទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ត្រូវ​សង្គ្រោះ​ (ត្រូវ​ទំនុកបំរុង) ត្រូវអនុគ្រោះ (អាណិតអាសូរ) សទ្ធិវិហារិកដោយការ​បង្រៀន​បាលី ដោយអដ្ឋកថា (ពន្យល់​នូវសេចក្តី​នៃបាលី) ដោយឲ្យដម្បូន្មាន (ដោយសេចក្តី​ពន្យល់​ការខុសត្រូវជាមុន) ដោយពាក្យ​ប្រៀនប្រដៅ (ដោយពាក្យ​រំលឹកដាស់តឿន​រឿយៗ)។ បើឧបជ្ឈាយ៍មានបាត្រ សទ្ធិវិហារិកគ្មានបាត្រ ត្រូវឧបជ្ឈាយ៍​ឲ្យបាត្រ​ទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើម្តេចហ្ន៎ សទ្ធិវិហារិកនឹងបាន​បាត្រ​ បើ​ឧបជ្ឈាយ៍មានចីវរ សទ្ធិវិហារិកគ្មាន​ចីវរ ត្រូវឧបជ្ឈាយ៍​ឲ្យចីវរ​ទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​របស់​សទ្ធិវិហារិក​គប្បីកើតឡើងដូចម្តេចហ្ន៎ បើ​ឧបជ្ឈាយ៍មានគ្រឿងបរិក្ខារ សទ្ធិវិហារិកគ្មានគ្រឿង​បរិក្ខារ ត្រូវឧបជ្ឈាយ៍​ឲ្យគ្រឿងបរិក្ខារ​​ទៅសទ្ធិវិហារិក (ប្រើប្រាស់ខ្លះផង) ម្យ៉ាងទៀត ឧបជ្ឈាយ៍ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា គ្រឿង​បរិក្ខារ​របស់សទ្ធិវិហារិក​គប្បី​កើតឡើង​ដោយឧបាយដូចម្តេចហ្ន៎។ បើ​សទ្ធិវិហារិកឈឺ ឧបជ្ឈាយ៍​ត្រូវក្រោកពីព្រឹក ឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលអាសនៈ​ បើមានបបរ ត្រូវឧបជ្ឈាយ៍​លាង​ភាជន៍ ហើយ​ដាក់បបរ​ឲ្យទៅ កាលសទ្ធិវិហារិកដែលឈឺនោះ ហុតទឹកបបររួចហើយ ឧបជ្ឈាយ៍ត្រូវ​ហុច​ទឹកឲ្យ រួចទទួល​យកភាជន៍​មកវិញ ដោយស្រួលបួល កុំឲ្យទង្គិច​ទង្គុក​ឡើយ រួចលាង​រៀបទុកដាក់​ឲ្យល្អ កាលបើសទ្ធិវិហារិកក្រោកចេញហើយ ឧបជ្ឈាយ៍ត្រូវរើអាសនៈចេញ បើកន្លែង​នោះស្មោគគ្រោក ឧបជ្ឈាយ៍ត្រូវបោសកន្លែងនោះចេញ។ បើសទ្ធិវិហារិកមានប្រាថ្នា​នឹងចូល​ទៅកាន់ស្រុក ឧបជ្ឈាយ៍ត្រូវ​ឲ្យស្បង់​សម្រាប់ស្លៀក​ទៅ ទទួលយកស្បង់​បន្លាស់​នោះមកវិញ ត្រូវឲ្យ​កាយពន្ធ គឺវត្ថពន្ធចង្កេះ ត្រូវ​ដម្រួត​សង្ឃាដិ​ជាពីរជាន់​ហើយសឹមឲ្យ ត្រូវ​លាងបាត្រដែល​មានទឹកចេញ​ហើយសឹម​ឲ្យ​ ឧបជ្ឈាយ៍ត្រូវ​គិតថា ​សទ្ធិវិហារិក មុខជានឹង​ត្រឡប់​មកវិញនៅ​ពេលស្មើនេះ ហើយ​ក្រាលអាសនៈ​បម្រុង​ទុកឲ្យ ត្រូវ​ដំកល់​ទឹកលាងជើង តាំងសម្រាប់​រងជើង និងក្បឿង​សម្រាប់ជូតជើង​1) ត្រូវក្រោកឡើង​ទៅទទួលបាត្រ និងចីវរ ត្រូវ​ឲ្យស្បង់​សម្រាប់ផ្លាស់ ហើយទទួល​យកស្បង់​ដែលស្លៀក​មកវិញ។ បើចីវរ​សើម​ដោយញើស ឧបជ្ឈាយ៍ត្រូវសំដិលចីវរ​ក្នុង​កំដៅថ្ងៃ១ស្របក់ ម្យ៉ាងទៀតកុំ​ទុក​ចីវរ​ក្នុង​កំដៅថ្ងៃ​យូរពេក ត្រូវ​បត់ចីវរ (យកមក​ទុក) កាលបើឧបជ្ឈាយ៍បត់ចីវរ​ ត្រូវ​បំផ្លើសជាយចីវរ​ឲ្យលើសពីគ្នា​ប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរ ដោយគិតថា កុំឲ្យ​បាក់ផ្នត់ចីវរ​ពាក់កណ្តាលឡើយ ហើយដាក់វត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ បើអាហារបិណ្ឌបាតមានហើយ​ សទ្ធិវិហារិក​ត្រូវការនឹង​ឆាន់ ឧបជ្ឈាយ៍ត្រូវឲ្យទឹកហើយ ហុចអាហារ​បិណ្ឌបាតទៅឲ្យ ឧបជ្ឈាយ៍ត្រូវសួរ​សទ្ធិវិហារិក​អំពីទឹក​ឆាន់ សទ្ធិវិហារិកឆាន់រួចហើយ ឧបជ្ឈាយ៍​ត្រូវ​ហុច​ទឹកឲ្យ ហើយ​ទទួលយកបាត្រ​មកវិញ​ដោយស្រួលបួល កុំឲ្យទង្គិចទង្គុកឡើយ ហើយលាងឲ្យស្អាត រួចជូតទឹកឲ្យ​ស្ងួត ហើយត្រូវ​ហាលថ្ងៃបាន១ស្របក់ ម្យ៉ាងទៀត មិនត្រូវ​ទុកបាត្រ​ក្នុង​កំដៅថ្ងៃយូរ​ពេកទេ រួចត្រូវ​ទុកដាក់បាត្រ​និងចីវរ កាលដែលរៀបចំ​ទុកដាក់បាត្រ ដៃម្ខាងចាប់បាត្រ ដៃ​ម្ខាង​ស្ទាប​មើល​ក្រោម​គ្រែ ឬក្រោម​តាំង ហើយសឹមទុក​ដាក់​បាត្រ ម្យ៉ាងទៀត មិនត្រូវ​ទុកដាក់​បាត្រ​លើទី​ដែលមិនសមគួរ​ឡើយ កាលដែលរៀបចំ​ទុកដាក់​ចីវរ ដៃម្ខាងចាប់ចីវរ ដៃ​ម្ខាង​ជូត​ស្បៀងចីវរ ឬខ្សែចីវរ ហើយបត់​ជាយ​​ខាងណោះ​ឲ្យជាផ្នត់​មកខាងណេះ (គឺ​បត់​ចីវរ​ជាពីរ) ហើយសឹមទុកដាក់ចីវរ កាលបើសទ្ធិវិហារិក​ក្រោក​ឡើង​ហើយ ឧបជ្ឈាយ៍​ត្រូវ​រើ​អាសនៈ​ចេញ រៀប​ចំទុកដាក់ទឹក​សម្រាប់​លាងជើង តាំងសម្រាប់​រងជើង ក្បឿង​សម្រាប់ជូតជើង ប្រសិនបើកន្លែងនោះស្មោកគ្រោក ដោយសម្រាម ឧបជ្ឈាយ៍​ត្រូវបោស​កន្លែង​នោះចេញ។ បើសទ្ធិវិហារិក​ចង់ងូតទឹក ឧបជ្ឈាយ៍ត្រូវ​ចាត់ចែង​ទឹកសម្រាប់​ងូតឲ្យ បើសទ្ធិវិហារិក​ត្រូវការ​ទឹក​ត្រជាក់ ឧបជ្ឈាយ៍ត្រូវ​ចាត់ចែង​ទឹកត្រជាក់ឲ្យ បើសទ្ធិវិហារិកត្រូវការ​ទឹកក្តៅ ឧបជ្ឈាយ៍ត្រូវចាត់ចែង​ទឹកក្តៅឲ្យ។ បើសទ្ធិវិហារិកចង់ចូលទៅកាន់​រោងភ្លើង ឧបជ្ឈាយ៍ត្រូវសូន្យ​លំអិត​សម្រាប់ងូតទឹកទុក ត្រូវផ្សើមដីស្អិតទុក រួចនាំយកតាំង​សម្រាប់រោងភ្លើង ហើយប្រគល់​តាំងសម្រាប់​រោងភ្លើងទៅសទ្ធិវិហារិក ស្រេចហើយ ​ទទួលយក​ចីវរ​មក​ទុកដាក់ដោយឡែក ហើយត្រូវឲ្យ​គ្រឿង​លំអិត ត្រូវឲ្យ​ដីស្អិតទៅ​សទ្ធិវិហារិក បើឧបជ្ឈាយ៍​អាចនឹងចូលទៅកាន់​រោងភ្លើង (ផងបាន) គប្បីចូលទៅកាន់​រោងភ្លើងចុះ កាលនឹងចូលទៅកាន់​រោងភ្លើង ត្រូវយកដីស្អិតលាបមុខ រួចបិទបាំងពីខាងមុខ ខាង​ក្រោយ ហើយសឹមចូលទៅកាន់​រោងភ្លើង ​មិនត្រូវ​អង្គុយ​ច្រៀត​បៀត​ពួកភិក្ខុចាស់ មិនត្រូវហាមពួក​ភិក្ខុខ្ចី​​ដោយ​អាសនៈ ឧបជ្ឈាយ៍ត្រូវធ្វើបរិកម្ម ដល់សទ្ធិវិហារិក​ក្នុងរោងភ្លើង កាលនឹងចេញអំពី​រោងភ្លើងទៅ ត្រូវនាំយកតាំង​សម្រាប់រោងភ្លើងចេញ ហើយបិទបាំងពី​ខាងមុខ ខាងក្រោយ រួចសឹម​ចេញពី​រោងភ្លើង សូម្បីក្នុងទឹក ក៏ឧបជ្ឈាយ៍ត្រូវតែ​ធ្វើ​បរិកម្ម​ដល់សទ្ធិវិហារិក​ដែរ កាលឧបជ្ឈាយ៍​ងូតរួច ត្រូវឡើងមកមុន​ ហើយជូតកាយនៃខ្លួន​ឲ្យស្ងួត​ទឹក ហើយ​សឹម​ស្លៀកស្បង់​ រួចត្រូវ​ជូត​ទឹក​អំពី​កាយរបស់សទ្ធិវិហារិក​ទៀត ហើយហុចស្បង់សម្រាប់​ស្លៀក​ ហុច​សង្ឃាដិទៅឲ្យ​សទ្ធិវិហារិក រួចហើយត្រូវនាំយក​តាំងសម្រាប់​រោង​ភ្លើង​ចេញមក ហើយក្រាលអាសនៈចាំជាមុន ឧបជ្ឈាយ៍ត្រូវដម្កល់ទឹក​សម្រាប់លាងជើង តាំង​សម្រាប់​រងជើង និងក្បឿង​សម្រាប់​ជូតជើង ត្រូវសួរសទ្ធិវិហារិក​អំពី​ទឹកឆាន់។ សទ្ធិវិហារិក​នៅក្នុងវិហារណា បើវិហារនោះ​ស្មោកគ្រោក បើឧបជ្ឈាយ៍​អាចនឹងសំអាតបាន គប្បីសំអាតវិហារ​នោះចេញ កាលនឹង​សំអាត​​វិហារ ត្រូវនាំយកបាត្រនិងចីវរចេញជាមុនទៅទុកក្នុងទីដ៏​សមគួរ ត្រូវនាំយក​កម្រាលសម្រាប់​អង្គុយ​​ទៅ​ទុកក្នុងទីដ៏សមគួរ ត្រូវនាំយក​ពូកនិងខ្នើយ​ ទៅ​ទុកក្នុងទីដ៏សមគួរ ត្រូវបន្ទាបគ្រែឲ្យ​ទាប កុំឲ្យត្រដុះនឹង​ផែនដី កុំឲ្យទង្គិច​​សន្ទះទ្វារ និងក្របទ្វារ​ ហើយនាំយកចេញឲ្យស្រយលទៅ​ទុកក្នុង​ទី​ដ៏​សមគួរ ត្រូវបន្ទាបតាំងឲ្យ​ទាប កុំឲ្យត្រដុះ​នឹង​ផែនដី កុំឲ្យទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ​ ហើយនាំ​យកចេញឲ្យស្រួល ទៅ​​ទុកក្នុងទីដ៏សមគួរ ត្រូវនាំ​យកទ្រនាប់​គ្រែ​ទៅ​ទុក​ក្នុងទី​ដ៏សមគួរ ត្រូវនាំយក​កន្ថោរ​ទៅ​ទុក​ក្នុងទី​ដ៏សមគួរ ​ត្រូវនាំយកក្តារ​សម្រាប់​ផ្អែក​​ទៅ​ទុក​ក្នុងទី​ដ៏សមគួរ គ្រឿង​កម្រាលផែនដី ត្រូវឧបជ្ឈាយ៍កំណត់​ឲ្យចាំ​កន្លែង ដែលគេក្រាល​យ៉ាងណា ហើយ​នាំ​យកទៅ​ទុក​ក្នុងទី​ដ៏សមគួរ បើ​ក្នុងវិហារ មានគ្រឿងស្មុកស្មាញ (មានសរសៃពីងពាងជាដើម) ​ត្រូវបោស​​អំពី​ពិតានជាមុន ហើយត្រូវ​ជូត​សំអាត​កន្លៀត​ជ្រុង​សន្លឹកបង្អួច បើជញ្ជាំងគេលាប​ដោយរង់មានមន្ទិលសៅហ្មង ត្រូវ​ជ្រលក់កំណាត់​សម្ពត់ (ក្នុងទឹក) រួចពូតចេញ ហើយសឹមជូត បើទី​ដែលគេលាប​ដោយពណ៌ខ្មៅ មានមន្ទិល​សៅហ្មង ត្រូវផ្សើមកំណាត់​សម្ពត់ រួចពូតចេញ ហើយសឹមជូត បើទីដែលមិន​បានលាបអ្វីទេ ត្រូវយកទឹក​ទៅ​ប្រស់សិន ​ហើយសឹមបោសចេញ ​ត្រូវកំណត់ទុក​ក្នុងចិត្តថា វិហារមិនត្រូវ​ឲ្យ​ស្មោកគ្រោក ដោយធូលី​ឡើយ ហើយប្រមូល​សម្រាម​យកទៅ​ចាក់ចោល​ដោយឡែក គ្រឿង​កម្រាល​ផែនដី ដែលហាល​រួចហើយ ត្រូវគោះ (ឲ្យស្អាត) រួចនាំយកទៅក្រាល​ដូចដែល​វិញ ទ្រនាប់​គ្រែដែល​ហាលរួច ត្រូវជូត​(ឲ្យស្អាត) ហើយនាំយកទៅ​ទុកនៅទីដដែលវិញ គ្រែដែលហាលរួចហើយដុសលាងគោះរួចហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យ​ទង្គិចទង្គុកសន្ទះទ្វារ និងក្របទ្វារ ហើយនាំយក​ទៅរៀបទុកដាក់ដូចដែលវិញ តាំង​ដែល​ហាលរួច​ហើយ ត្រូវគោះហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុះនឹងផែនដី កុំឲ្យ​ទង្គិចទង្គុក​សន្ទះទ្វារ និង​ក្របទ្វារ ហើយនាំយកទៅ​រៀបទុកដាក់​ដូចដែលវិញ ពូកនិងខ្នើយដែល​ហាលរួចហើយ ត្រូវ​គោះរួចនាំយកទៅក្រាលដូចដែលវិញ កម្រាលសម្រាប់​អង្គុយ​ដែល​​ហាលរួចហើយ ត្រូវ​គោះរួច​នាំយកទៅ​ក្រាលទុកដូចដែលវិញ កន្ថោរ​ដែល​ហាលរួចហើយ ត្រូវជូត​រួច​នាំយកទៅ​ទុកនៅទីដដែលវិញ ក្តារសម្រាប់ផ្អែក ដែល​ហាលរួចហើយ ត្រូវជូតហើយនាំយកទៅទុក​នៅទីដដែលវិញ ត្រូវទុកបាត្រនិងចីវរ (ឲ្យល្អ) កាលនឹងទុក​បាត្រ ដៃម្ខាងចាប់បាត្រ ដៃម្ខាងស្ទាបក្រោម​គ្រែ ឬក្រោម​តាំងមើល ហើយសឹមទុកបាត្រ មិនត្រូវទុកបាត្រ​លើទីដែលមិនសមគួរឡើយ កាលនឹងទុកចីវរ ​ដៃម្ខាងចាប់ចីវរ ដៃម្ខាង​ជូតស្បៀង​ចីវរ ឬខ្សែចីវរ ហើយបត់​ជាយខាង​ណោះមក​ខាងណេះ ឲ្យ​ជាផ្នត់សិន រួចសឹម​ទុកចីវរ​ចុះ។ បើខ្យល់បក់ធូលី​មកពីទិស​ខាងកើត ឧបជ្ឈាយ៍​ត្រូវបិទបង្អួច​ពី​ខាងកើត បើខ្យល់បក់ធូលី​មកពីទិស​ខាងលិច ឧបជ្ឈាយ៍ត្រូវបិទ​បង្អួច​ពីខាងលិច បើខ្យល់បក់ធូលី​មកពីទិស​ខាងជើង ឧបជ្ឈាយ៍ត្រូវបិទបង្អួច​ពី​ខាងជើង បើខ្យល់បក់ធូលី​មកពីទិស​ខាងត្បូង ឧបជ្ឈាយ៍ត្រូវបិទបង្អួចពី​ទិស​ខាងត្បូង បើ​រដូវ​ត្រជាក់ ឧបជ្ឈាយ៍ ត្រូវបើកបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបិទ​បង្អួចក្នុងវេលាយប់ បើ​រដូវក្តៅ ឧបជ្ឈាយ៍ត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបើក​បង្អួចក្នុងវេលាយប់​វិញ។ បើទីបរិវេណ​ស្មោកគ្រោក មិនស្អាត ឧបជ្ឈាយ៍ត្រូវបោស​បរិវេណចេញ បើបន្ទប់ស្មោកគ្រោក មិនស្អាត ត្រូវបោស​បន្ទប់ចេញ បើរោងសម្រាប់ឆាន់​មិនស្អាត ត្រូវបោសរោងសម្រាប់ឆាន់ បើរោងភ្លើងស្មោកគ្រោក ត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក ត្រូវបោសសំអាតបង្គន់ បើគ្មានទឹកសម្រាប់ឆាន់ ត្រូវដំកល់​ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ ត្រូវដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើទឹក​ក្នុងក្អម​សម្រាប់លាងអាចមន៍គ្មានទេ ត្រូចាក់ទឹក​ទៅក្នុងក្អម​សម្រាប់លាងអាចមន៍។ បើសទ្ធិវិហារិកមានសេចក្តីអផ្សុក ឧបជ្ឈាយ៍ត្រូវនាំ​ចៀសចេញ​ទៅកំសាន្ត​ដោយខ្លួនឯង ឬប្រើគេឲ្យ​នាំចៀសចេញ​ទៅកំសាន្តក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់សទ្ធិវិហារិក​នោះ បើសទ្ធិវិហារិកមានសេចក្តី​សង្ស័យ​កើតឡើង ឧបជ្ឈាយ៍​ត្រូវបន្ទោបង់ដោយ​ខ្លួនឯង ឬរកគេឲ្យជួយ​បន្ទោបង់​ក៏បាន ឬត្រូវ​ធ្វើធម្មីកថា​ដល់សទ្ធិវិហារិកនោះ បើសេចក្តីយល់ខុស កើតឡើង​ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវ​ដោះស្រាយ (ពន្យល់) ដោយខ្លួនឯង ឬប្រើគេ​ឲ្យជួយ​ដោះស្រាយ (ពន្យល់​ឲ្យលះទិដ្ឋិ​នោះចេញ) ក៏បាន ឬត្រូវធ្វើធម្មីកថា​ដល់សទ្ធិវិហារិកនោះ។ ​ បើសទ្ធិវិហារិក​ត្រូវ​គរុកាបត្តិ គួរនឹងចូល​បរិវាស ឧបជ្ឈាយ៍​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃគួរឲ្យ​បរិវាស​ដល់ សទ្ធិវិហារិក​ដោយឧបាយ​ដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរ​ដល់កិរិយា​ទាញអន្តរាបត្តិ មកដាក់​ក្នុង​មូលាបត្តិ ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃគប្បីទាញអន្តរាបត្តិ​មកដាក់​ក្នុងមូលាបត្តិ​ចំពោះសទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើសទ្ធិវិហារិក​គួរដល់​មានត្ត ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីឲ្យមានត្ត​ដល់សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើសទ្ធិវិហារិកគួរដល់​អព្ភានកម្ម ឧបជ្ឈាយ៍ត្រូវធ្វើនូវសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះសទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃចង់ធ្វើ​កម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី ដល់សទ្ធិវិហារិក ឧបជ្ឈាយ៍ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃកុំគប្បីធ្វើកម្ម ឬ​គប្បីបង្អោន​ទៅដើម្បី​កម្មស្រាលដល់​សទ្ធិវិហារិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើជាកម្មគឺ តជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃ​បានធ្វើដល់​សទ្ធិវិហារិក​នោះរួចទៅហើយ ឧបជ្ឈាយ៍​ត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា ធ្វើដូចម្តេចហ្ន៎ សទ្ធិវិហារិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បី​សម្របរោម (កុំប្រកែប្រកាន់) គប្បី​ប្រព្រឹត្ត​វត្ត គួរក្នុងការរើខ្លួន​ចេញ​អំពីអាបត្តិ សង្ឃគប្បី​រម្ងាប់នូវ​កម្មនោះ។ បើចីវរ​របស់សទ្ធិវិហារិក​គួរនឹងលាង ឧបជ្ឈាយ៍​ត្រូវប្រាប់ថា អ្នកឯងគប្បីលាងយ៉ាងនេះ ឬគប្បី​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិក​គួរនឹងលាងដូចម្តេចហ្ន៎ បើចីវរ​របស់សទ្ធិវិហារិក​គួរនឹងធ្វើ (មានដេរប៉ះជាដើម) ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកគប្បី​ធ្វើយ៉ាងនេះ ឬត្រូវ​ធ្វើនូវ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់សទ្ធិវិហារិក​គួរនឹង​ធ្វើដោយ​ឧបាយ​ដូចម្តេចហ្ន៎ បើគ្រឿងជ្រលក់​​របស់សទ្ធិវិហារិក​គួរនឹងចំអិន ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងត្រូវចំអិនគ្រឿងជ្រលក់យ៉ាងនេះ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា គ្រឿងជ្រលក់របស់សទ្ធិវិហារិក គួរនឹងចំអិន​ដោយឧបាយ​ដូចម្តេចហ្ន៎ បើចីវររបស់សទ្ធិវិហារិក​គួរនឹង​ជ្រលក់ ឧបជ្ឈាយ៍ត្រូវប្រាប់ថា អ្នកឯងគប្បី​ជ្រលក់ចីវរ​បែបនេះ ឬត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវរ​របស់សទ្ធិវិហារិក​គួរនឹងជ្រលក់​ដោយឧបាយដូចម្តេចហ្ន៎ កាលបើជ្រលក់​ចីវរ ត្រូវជ្រលក់​ដោយប្រែ​ត្រឡប់​​ឲ្យសព្វស្មើល្អ ប្រសិនបើដំណក់ទឹកស្រក់​មិនទាន់អស់ ឧបជ្ឈាយ៍កុំអាលដើរ​​ចេញ។ បើសទ្ធិវិហារិក មាន​ជម្ងឺ ឧបជ្ឈាយ៍ត្រូវថែទាំអស់មួយជីវិត ត្រូវ​រង់ចាំលុះតែជាជម្ងឺ។

ចប់ សទ្ធិវិហារិកវត្តកថា។

 

1)
បានដល់តាំង​សម្រាប់រងជើង​ដែលលាងរួចហើយ គឺតាំងថ្នាក់ខាងលើ ឯក្បឿង​សម្រាប់ជូតជើងនោះ បានដល់​វត្ថុសម្រាប់​ជូតជើង ដែលគេ​មិនត្រូវការលាង គឺរបស់​អ្វីដែល​គេសម្រាប់ជូត។
km/tipitaka/vin/mv/vin.mv.01.16.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann