User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.05

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ

ចម្មក្ខន្ធកៈ (ទី៥)

សង្ខេប

?

mv 05 បាលី cs-km: vin.mv.05 អដ្ឋកថា: vin.mv.05_att PTS: ?

ចម្មក្ខន្ធកៈ (ទី៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. ចម្មក្ខន្ធកោ)

១៤៧. សោណកោឡិវិសវត្ថុ

(១៤៧)

[៤៩] សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង ព្រះបាទមាគធសេនិយពិម្ពិសារ សោយរាជ្យ​ជាឥស្សរាធិបតិលើអ្នកស្រុកទាំង​៨ម៉ឺន។ សម័យនោះឯង ក្នុងក្រុងចម្បា មានកូនសេដ្ឋីម្នាក់ឈ្មោះ​សោណៈ ជាកោឡិវិសគោត្ត ហើយជា​សុខុមាលជាតិ។ សេដ្ឋិបុត្តនោះ មានរោមជាច្រើនដុះ​ត្រង់បាតជើងទាំងពីរ។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​ប្រជុំ​ពួកអ្នក​ស្រុកទាំង​៨ម៉ឺន ហើយទ្រង់បញ្ជូនរាជបម្រើ​ទៅក្នុង​សំណាក់​សោណកោឡិវិសដោយ​មានកិច្ចអ្វីនីមួយថា សោណៈចូរមក ដ្បិតយើងចង់​ឲ្យសោណៈ​មក។ វេលានោះឯង ឯមាតាបិតា​នៃសោណកោឡិវិសបាននិយាយ​ពាក្យនេះនឹង​សោណកោឡិវិសថា នែសោណៈ​កូន ឥឡូវស្តេច​ចង់​ទតមើលជើង​របស់អ្នក នែសោណៈ​កូន អ្នកឯង​កុំចាំបាច់​លាជើង​បង្ហាញ​ស្តេចឡើយ អ្នកឯង​ចូរ​អង្គុយ​ពែនភ្នែន​ចំពោះ​ព្រះភក្ត្រ​ស្តេចចុះ កាលបើ​អ្នកអង្គុយនៅហើយ ស្តេចគង់នឹង​ទតឃើញ​ជើងអ្នកហើយ។ គ្រានោះឯង ពួកជនក៏​បាននាំសោណកោឡិវិស​មកដោយគ្រែស្នែង (មកថ្វាយស្តេច)។ ខណៈនោះ សោណកោឡិវិស ក៏​បានចូលទៅគាល់ព្រះបាទ​មាគធសេនិយពិម្ពិសារ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបាទ​មាគធសេនិយពិម្ពិសារ រួចហើយអង្គុយពែនភ្នែន​ចំពោះព្រះភក្ត្រស្តេច។ ឯព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ក៏បានទតទៅឃើញ​រោមទាំងឡាយ​ដែលដុះ​ពេញបាតជើង​របស់សោណកោឡិវិស។ គ្រានោះឯង ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់បានប្រដៅនូវ​ប្រយោជន៍1) ទាំងឡាយជាបច្ចុប្បន្ន ចំពោះពួក​អ្នកស្រុកទាំង៨ម៉ឺននោះស្រេចហើយ ក៏ទ្រង់​បញ្ជូន​ទៅវិញថា នែនាយទាំងឡាយ យើងបានប្រដៅអ្នករាល់គ្នា​ ក្នុងប្រយោជន៍​ជាបច្ចុប្បន្ន​ហើយ អ្នកទាំងឡាយចូរ​នាំគ្នាទៅវិញចុះ តែអ្នកទាំងឡាយត្រូវនាំគ្នាទៅគាល់​ព្រះដ៏មានព្រះភាគ ព្រះដ៏មានព្រះភាគនោះ មុខជានឹងប្រៀនប្រដៅ​នូវប្រយោជន៍​ទាំងឡាយ​ក្នុង​បរលោក​ដល់យើងទាំងឡាយ។ វេលានោះឯង ពួកអ្នកស្រុកទាំង៨ម៉ឺន​នោះ បានទៅឯភ្នំ​គិជ្ឈកូដ។ សម័យនោះឯង ព្រះសាគតដ៏មានអាយុ ជាអ្នកបម្រើព្រះដ៏មានព្រះភាគ។ វេលានោះ ពួកអ្នកស្រុក​ទាំង៨ម៉ឺននោះ បានចូល​ទៅរកព្រះសាគត​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ ក៏បាននិយាយពាក្យនេះ​នឹងព្រះសាគត​ដ៏មាន​អាយុថា បពិត្រលោកដ៏ចំរើន ឥឡូវពួកអ្នកស្រុក​ទាំង៨ម៉ឺននេះ បានចូលមកក្នុងទីនេះ ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រលោកដ៏ចំរើន យើងខ្ញុំគួរបាន​ឃើញព្រះដ៏មានព្រះភាគ ទើប​ជាការប្រពៃ។ ព្រះសាគតភិក្ខុតបវិញថា នែអ្នកដ៏មានអាយុទាំងឡាយ បើដូច្នោះ អ្នករាល់គ្នា​ឈប់​បង្អង់​ចាំអាត្មា​នៅទី​នេះ១ស្របក់ចុះ ចាំអាត្មា​ក្រាបទូល​ព្រះដ៏មានព្រះភាគ​សិន។ គ្រានោះឯង កាលពួកអ្នកស្រុកទាំង៨ម៉ឺន​នោះកំពុងតែសំឡឹង​មើលក្នុងទី​ចំពោះមុខ ​ព្រះសាគត​ដ៏មានអាយុ ក៏ជ្រែក​ចុះចំផែនថ្ម2) ហើយទៅផុស​ក្នុងទីចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ រួចក៏បាន​ពោល​ពាក្យនេះ​នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ​មាន​ពួកអ្នកស្រុកទាំង​៨ម៉ឺន​នេះ បាន​ចូលមកក្នុងទីនេះ​ដើម្បី​ឃើញព្រះដ៏មានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ​រមែង​ជ្រាបនូវកាល​គួរ ជាប្រយោជន៍​ក្នុងកាលឥឡូវ​នេះ។ ព្រះដ៏មានព្រះភាគតបថា នែសាគត បើដូច្នោះ អ្នកចូរទៅ​រៀបចំក្រាលអាសនៈ ត្រង់ម្លប់នៃវិហារចុះ។ ព្រះសាគត​ដ៏មានអាយុ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏នាំ​យកតាំង ជ្រែកចុះក្នុង​ទី​ចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ កាលអ្នកស្រុក​ទាំង​៨ម៉ឺន​នោះ កំពុង​សំឡឹង​មើលក្នុង​ទីចំពោះ​មុខ ក៏ស្រាប់តែទៅផុស​ចំផែនថ្ម ហើយក្រាលអាសនៈ​ត្រង់ម្លប់​នៃវិហារ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់យាងចេញពី​វិហារ ទៅគង់នៅ​លើអាសនៈ​ដែលព្រះសាគត​ត្ថេរៈ​បានក្រាល​ត្រង់ម្លប់​នៃវិហារ។ លំដាប់នោះឯង ពួកអ្នកស្រុកទាំង​៨ម៉ឺន​នោះ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​នៅក្នុងទី​ដ៏សមគួរ។ គ្រានោះ ពួកអ្នក​ស្រុកទាំង​៨ម៉ឺននោះ ក៏អបអរ រាក់ទាក់នឹងព្រះសាគត​ដ៏មាន​អាយុទៅវិញ មិនបានអបអរ​រាក់ទាក់​នឹង​ព្រះដ៏មានព្រះភាគ ដូច្នោះឡើយ។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​សេចក្តី​បរិវិតក្ក​ ​ក្នុងចិត្តរបស់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន ដោយព្រះទ័យ​នោះហើយ ទើបទ្រង់ត្រាស់​ហៅព្រះសាគត​ដ៏មានអាយុ​មកថា នែសាគត បើដូច្នោះ​ អ្នកចូរ​សំដែង​ឥទ្ធិប្បាដិហារ្យ ដែលជាធម៌​របស់មនុស្សជាន់ខ្ពស់ ឲ្យក្រៃលែង​ឡើង​ទៅទៀត។ ព្រះសាគត​ដ៏​មានអាយុ​បានទទួល​ស្តាប់​ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏ហោះ​ទៅលើវេហាស៍ ចង្រ្កម គឺដើរខ្លះ ឈរខ្លះ គង់ខ្លះ សិងខ្លះ បណ្តាល​ឲ្យកើតផ្សែងខ្លះ បណ្តាល​ឲ្យ​កើតភ្លើងខ្លះ បាត់​ខ្លួន​ទៅខ្លះ ក្នុងប្រទេស​ទំនេរ គឺ​អាកាស។ វេលានោះ ព្រះសាគតដ៏មានអាយុ លុះបាន​សំដែង​ឥទ្ធិប្បាដិហារ្យ ជាធម៌​របស់មនុស្សជាន់ខ្ពស់ មានប្រការច្រើនយ៉ាង ​នៅលើប្រទេស​ទំនេរ គឺអាកាស​រួចហើយ ក៏មកក្រាបសិរសា ទៀប​ព្រះបាទា នៃព្រះដ៏មានព្រះភាគ ហើយក៏​បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ជាគ្រូ​របស់ខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គជាសាវក បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាគ្រូ​របស់​ខ្ញុំ​ព្រះ​អង្គ ខ្ញុំព្រះអង្គជាសាវក។ ខណៈនោះ អ្នកស្រុកទាំង​៨ម៉ឺននោះ ក៏ពោលថា នែគ្នាយើង​ដ៏ចំរើន គួរ​អស្ចារ្យពេកណាស់ នែគ្នាយើងដ៏ចំរើន ហេតុដែលមិនធ្លាប់កើត កើត​ឡើងហើយតើ អម្បាល​សាវក​មានឫទ្ធិ​ខ្លាំង មានអានុភាព​ច្រើនម្ល៉ោះ​ទៅហើយ ចំណង់​បើគ្រូ គង់មានឫទ្ធានុភាព​ក្រៃលែង ជាងនេះ​ពិតប្រាកដ ហើយបែរមកអបអរ​ រាក់ទាក់​ នឹង​ព្រះដ៏មានព្រះភាគវិញ លែងអបអរ​រាក់ទាក់​ នឹង​ព្រះសាគតដ៏មានអាយុ​ដូច្នោះទៀតឡើយ។ វេលានោះ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ជ្រាបសេចក្តី​បរិវិតក្ក ​ក្នុងចិត្ត​របស់​ពួកអ្នកស្រុក ទាំង​៨ម៉ឺន​នោះ ដោយ​ព្រះទ័យហើយ ទើបទ្រង់​សំដែងនូវ​អនុបុព្វីកថា ឯអនុបុព្វីកថានោះ តើដូចម្តេចខ្លះ គឺព្រះអង្គ​ទ្រង់សំដែង​ទាន​កថា សីលកថា សគ្គកថា សំដែងពីទោស​ របស់កាមគុណ ដែលជារបស់លាមកសៅហ្មង និងអានិសង្ស​ក្នុងកិរិយា​ចេញបួស។ ​ព្រះដ៏មានព្រះភាគ ​ជាម្ចាស់ ទ្រង់​បានជ្រាបថា ពួក​ជនទាំង​នោះមានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តអណ្តែតឡើង មានចិត្ត​ជ្រះថ្លា​ក្នុងវេលា​ណាហើយ ក៏ទ្រង់សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ តែងលើក​ឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង គឺសំដែងពី​កងទុក្ខ ហេតុដែលនាំឲ្យកើតកងទុក្ខ សេចក្តីរំលត់នូវ​កងទុក្ខ និងផ្លូវ​ដែល​ដល់​នូវ​សេចក្តី​រំលត់​កងទុក្ខ ក្នុងវេលានោះ។ សំពត់សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរ​ទទួល​យកគ្រឿង​ជ្រលក់​ដោយ​ល្អ យ៉ាងណាមិញ ធម្មចក្ខុ (គឺ​សោតាបត្តិមគ្គ) ឥតមានធូលី ឥតមាន​មន្ទិល ក៏កើតឡើងដល់​ពួកអ្នកស្រុក​ទាំង៨ម៉ឺន​នោះ លើអាសនៈ​នោះថា ធម្មជាតឯណានីមួយ មានសេចក្តីកើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងមានសេចក្តីរលត់​ទៅវិញ​ជាធម្មតា យ៉ាង​នោះឯង។ ពួកជន​ទាំងនោះ ក៏បានយល់នូវ​អរិយសច្ចធម៌ហើយ បានដល់នូវ​អរិយសច្ច​ធម៌​ហើយ បានដឹងច្បាស់ ​នូវ​អរិយសច្ចធម៌​ហើយ បានចុះចិត្តស៊ប់ ​ក្នុងអរិយសច្ចធម៌ហើយ ឆ្លងផុត​សេចក្តីសង្ស័យ ប្រាសចេញពី​សេចក្តី​ងឿងឆ្ងល់ ដល់​នូវសេចក្តី​ក្លៀវក្លា មិនបានជឿបុគ្គលដទៃ​ ក្នុងសាសនា នៃ​ព្រះសាស្តា ក៏បាន​ក្រាបបង្គំ​ទូលពាក្យ​នេះ នឹងព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ច្បាស់ណាស់ហើយ បពិត្រព្រះ​អង្គ​ដ៏ចំរើន បុគ្គលផ្ងារឡើង ​នូវ​ភាជន៍ដែលគេផ្កាប់ចុះ ឬបើកឡើង​ នូវ​វត្ថុដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងផ្លូវ ឬទ្រោល​បំភ្លឺ​ប្រទីបប្រេង​ ក្នុងទីងងឹត ដោយគិតថា ពួកជន​ដែលមានចក្ខុ នឹងបាន​ឃើញ​នូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះភាគ បានសំដែង​ដោយ​អនេក​បរិយាយ ក៏ដូច្នោះឯង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់​នូវ​ព្រះដ៏មាន​ព្រះភាគ ​ជាម្ចាស់ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគជាម្ចាស់ ចាំទុកនូវយើងខ្ញុំ​ថា ជា​ឧបាសក បានដល់​នូវ​ព្រះរតនត្រ័យ ថាជា​ទីរលឹក​ស្មើ​ដោយជីវិត ចាប់ដើម​តាំងពីថ្ងៃនេះទៅ។

សោណស្ស បព្វជ្ជា

(សោណស្ស បព្វជ្ជា)

[៥០] គ្រានោះ សោណកោឡិវិស មានសេចក្តីត្រិះរិះ​ដូច្នេះថា ធម៌​ដែលព្រះដ៏​មានព្រះភាគ​ទ្រង់សំដែងហើយ យ៉ាងណាៗ អាត្មាអញ​ក៏បានដឹងជាក់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះនេះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យពេញលេញ ឲ្យបរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បើដូច្នោះ មានតែអាត្មាអញនឹងកោរសក់ ពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​ នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ។ ខណៈនោះ ពួកអ្នកស្រុកទាំង​៨ម៉ឺននោះ ក៏បានត្រេកអរ​រីករាយ​នឹងធម៌ ដែលព្រះមានព្រះភាគ​ទ្រង់​សំដែងហើយ ក៏ក្រោកចេញចាក​អាសនៈ ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ រួចធ្វើ​ប្រទក្សិណ ហើយក៏ចៀស​ចេញទៅ។ វេលានោះឯង សោណកោឡិវិស កាលបើពួកអ្នកស្រុកទាំង៨ម៉ឺន​ ចៀសចេញ​ទៅមិនយូរ​ប៉ុន្មាន បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាប​ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ សោណកោឡិវិស លុះ​អង្គុយ​នៅក្នុងទី​ដ៏សមគួរ​ហើយ ក៏បានក្រាបបង្គំទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ធម៌​ដែលព្រះអង្គ ​ទ្រង់សំដែងហើយ យ៉ាងណាៗ ខ្ញុំព្រះអង្គ​ក៏ដឹងបានទាំងអស់ បុគ្គលដែលនៅគ្រប់គ្រង​រក្សាផ្ទះ មិនងាយ​នឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ឲ្យបានពេញលេញ ឲ្យបាន​បរិសុទ្ធ​ដោយចំណែក១ ដូច​ជាសង្ខ ដែលបុគ្គល​ដុសខាត់​ហើយទេ បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវ ខ្ញុំព្រះអង្គចង់កោរសក់ និងពុកមាត់ ហើយស្លៀក​ដណ្តប់​សំពត់​កាសាយ ចេញចាកផ្ទះ ហើយបួស​ក្នុងភាព​នៃបុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏​មានព្រះភាគ ទ្រង់ព្រះមេត្តាបំបួស​ខ្ញុំព្រះអង្គ។ សោណកោឡិវិស បានបព្វជ្ជា​ឧបសម្បទា​ក្នុង​សំណាក់​ព្រះមានព្រះភាគ។ លុះព្រះសោណដ៏​មានអាយុ បានឧបសម្បទាមិនយូរ​ប៉ុន្មាន ក៏បានទៅ​គង់​នៅ​ព្រៃ​សីតវន (ព្រៃត្រជាក់)។ កាលសោណភិក្ខុនោះ ខំព្យាយាមខ្លាំង ដើរចង្ក្រមទៅ បាទារបស់​លោក​ក៏បែក (ចេញ​ឈាម)។ ទីចង្ក្រមក៏ប្រឡាក់ដោយឈាម ដូច​ជាទី​ដែលសម្រាប់​សម្លាប់គោ។ ខណៈនោះ កាលព្រះសោណៈ​ដ៏មានអាយុ​ សម្ងំ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ឯណាមួយ ​នៃព្រះដ៏​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តាសាវក​ទាំងនោះ អាត្មាអញ ​ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ ​នៅមិនទាន់​ផុតចាក​អាសវៈ ដោយមិនមានឧបាទានឡើយ ឯត្រកូលរបស់​អាត្មាអញ ក៏​មានទ្រព្យ​សម្បត្តិ​បរិបូណ៌ដែរ អាត្មាអញ អាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង អាច​នឹងធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ​ ដើម្បី​ហីនភេទវិញ (គឺសឹក) ហើយនឹង​បរិភោគ​ទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ លំដាប់នោះ ព្រះដ៏​មានព្រះភាគ ទ្រង់បាន​ជ្រាប​សេចក្តីត្រិះរិះ ​ក្នុងចិត្ត​របស់​ព្រះសោណៈ​ដ៏មានអាយុ ដោយព្រះទ័យហើយ ក៏ស្រាប់តែ​បាត់ព្រះអង្គពីលើភ្នំគិជ្ឈកូដ ទៅប្រាកដ​ព្រះអង្គនៅឯព្រៃសីតវន ប្រៀបដូចបុរស​មាន​កំឡាំង លាចេញនូវ​ដើមដៃ ​ដែលខ្លួន​បត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលខ្លួន​លាចេញ។ វេលានោះ ព្រះដ៏​មានព្រះភាគ ទ្រង់​យាង​ទៅកាន់​សេនាសនចារិក​ ជាមួយ​នឹងពួកភិក្ខុជាច្រើនរូប បានយាងសំដៅ​ទៅកាន់​ទី​ចង្ក្រម​របស់​ព្រះសោណៈ​ដ៏មានអាយុនោះ។ ព្រះមានព្រះភាគ ​ក៏បានទត​ទៅឃើញ​ទីចង្ក្រម​របស់ព្រះ​សោណៈ​ដ៏មានអាយុ​ប្រឡាក់ដោយឈាម លុះទត​ឃើញហើយ ក៏​ត្រាស់ហៅភិក្ខុទាំងឡាយ​មកសួរថា ម្នាលភិក្ខុទាំងឡាយ ទីចង្ក្រមនេះ ជាទីចង្ក្រម​របស់អ្នកណា បានជាប្រឡាក់​ដោយឈាម ដូចជាទី​សម្រាប់​សម្លាប់គោ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលព្រះសោណៈ​ដ៏មាន​អាយុខំព្យាយាម​ដើរចង្ក្រមទៅ បាទា​របស់លោកក៏បែក នេះជាទីចង្ក្រម​របស់​លោក​នោះ ដែល​ប្រឡាក់ដោយឈាម ដូចជាទី​ដែលសម្រាប់​សម្លាប់គោ។ វេលានោះ ព្រះមាន​ព្រះភាគ ទ្រង់​យាងចូលទៅកាន់​វិហារ​របស់​ព្រះសោណៈ​ដ៏មានអាយុ លុះយាង​ចូលទៅ​ដល់ហើយ ក៏ទ្រង់​គង់​នៅលើ​អាសនៈ ដែលគេ​បាន​ក្រាលទុក។ ចំណែកឯព្រះសោណៈ​ដ៏មានអាយុ ក៏ក្រាបថ្វាយ​បង្គំ​ព្រះ​​មានព្រះភាគ រួចហើយអង្គុយនៅក្នុងទីដ៏សមគួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុង​ទីដ៏សមគួរហើយ ទើបព្រះ​មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​យ៉ាងនេះថា នែសោណៈ កាលអ្នកសម្ងំនៅ​ក្នុងទីស្ងាត់ ក៏កើត​ការត្រិះរិះ​ក្នុងចិត្ត​យ៉ាងនេះថា ពួក​សាវក​ណាមួយ ​របស់ព្រះ​មានព្រះភាគ ដែលមានព្យាយាម​ប្រឹងប្រែង បណ្តា​សាវក​ទាំងនោះ អាត្មាអញ​ ក៏ជាសាវកមួយដែរ តែបើទុកជាដូច្នោះ ក៏ចិត្ត​របស់​អាត្មាអញ​នៅមិន​ទាន់​​ផុតចាក​អាសវៈទាំងឡាយ ដោយ​មិនមាន​ឧបាទាន​ឡើយ ម្យ៉ាងទៀត ទ្រព្យ​សម្បត្តិ​ក្នុង​ត្រកូល​​របស់អាត្មាអញ ក៏​មាន​បរិបូណ៌ អាត្មាអញអាច​នឹងបរិភោគ​ទ្រព្យ​សម្បត្តិផង ធ្វើ​បុណ្យ​ផង បើដូច្នោះ គួរ​អាត្មាអញ វិលត្រឡប់ទៅ ​ដើម្បី​ហីនភេទ​ ហើយ​​បរិភោគ ​នូវទ្រព្យ​សម្បត្តិ​ផង ធ្វើបុណ្យផង។ សោណៈ​ភិក្ខុនោះ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់សួរថា នែសោណៈ អ្នកឯងសំគាល់ហេតុនោះ​ដូចម្តេច កាលពីដើម​អ្នកឯងនៅជា​គ្រហស្ថនោះ ជាអ្នកឆ្លាស​ក្នុងសូរ​សំឡេង​ខ្សែពិណឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពិតមែន។ ព្រះ​មានព្រះភាគ ទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាខ្សែ​ពិណ​ របស់អ្នក​តឹងពេកទៅ តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នកឯង​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នកធូរពេក តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការនុ៎ះ​មិនដូច្នោះទេ។ ព្រះ​មានព្រះភាគទ្រង់​សួរថា នែសោណៈ អ្នក​សំគាល់​ហេតុនោះដូចម្តេច កាលណាបើខ្សែ​ពិណ​ របស់អ្នក មិន​តឹងពេក មិនធូរពេក តាំងនៅក្នុងគុណ​ដ៏ល្មម តើពិណ​របស់អ្នកឯង មានសំឡេង​ពីរោះឬ គួរ​ដល់ការងារ​ក្នុងកាល​នោះដែរឬ។ ព្រះសោណៈ​​នោះក្រាប​ទូល​ថា ព្រះករុណាព្រះអង្គ។ ព្រះ​មានព្រះភាគ ទ្រង់ត្រាស់ថា នែសោណៈ សេចក្តី​ព្យាយាម​ដែល​តឹងពេក នាំឲ្យកើត​សេចក្តីរាយមាយ សេចក្តីព្យាយាម​ដែលធូរពេក នាំឲ្យកើត​សេចក្តីខ្ជិល​ច្រអូស ដូចខ្សែពិណយ៉ាង​នោះឯង ព្រោះហេតុនោះ នែសោណៈ ក្នុងវេលានេះ អ្នកចូរតាំង​សេចក្តី​ព្យាយាម​ឲ្យស្មើ​ ក្នុងធម្មវិន័យ​នេះ ត្រូវប្រើឥន្ទ្រិយ​ទាំងឡាយ​ឲ្យ​ស្មើគ្នាផង ត្រូវកាន់​យក​នូវ​និមិត្ត​ក្នុងសមថៈនោះផង។ ព្រះសោណៈ​ដ៏មានអាយុ បានទទួលស្តាប់​ព្រះពុទ្ធដីកា​ព្រះ​មាន​ព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។ វេលានោះឯង ​ព្រះ​មានព្រះភាគទ្រង់ទូន្មាន​ព្រះសោណៈ​ដ៏​មានអាយុ ដោយឱវាទ​នេះរួចហើយ ទើបទ្រង់​បាត់ព្រះអង្គ អំពី​ទីចំពោះ​មុខ នៃ​ព្រះសោណៈ​ដ៏​មានអាយុ នៅនាព្រៃសីតវន ហើយទ្រង់​ប្រាកដ​នៅលើភ្នំគិជ្ឈកូដវិញ ប្រៀបដូចជាបុរស​ដែលមាន​កំឡាំង លាដើមដៃ ដែលខ្លួនបត់ចូល ឬ​បត់ចូល ​នូវដើមដៃ ​ដែលខ្លួន​លាចេញ។ លំដាប់នោះ លុះ​សម័យ​តមក ព្រះសោណៈ​ដ៏មានអាយុ ក៏បានតាំង​សេចក្តី​ព្យាយាម​ស្មើ បាន​ប្រើឥន្ទ្រិយ​ទាំង​៥​ក៏​ស្មើ​គ្នាផង បានកាន់​យកនូវ​និមិត្ត​ក្នុងសមថៈ​នោះឯង។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បាន​ចៀស​ចេញ ទៅ​តែម្នាក់ឯង ឥតមាន​សេចក្តី​ប្រមាទឡើយ ខំព្យាយាម​ ដុតបង់​នូវកិលេស បញ្ជូន​ចិត្ត​ឲ្យបែរទៅ (កាន់​ព្រះនិព្វាន) ពួក​កុលបុត្រ ​ដែលចេញចាក​ផ្ទះហើយ ទៅបួស​ក្នុងភាព​ជាបុគ្គលមិនមាន​ប្រយោជន៍​ដោយផ្ទះ ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរ​ធម៌ណា (ព្រះសោណៈ) ក៏បានធ្វើឲ្យជាក់ច្បាស់​ នូវអនុត្តរធម៌​នោះ ជាទីបំផុត​ នៃមគ្គព្រហ្មចារ្យ ដោយបញ្ញា​របស់ខ្លួន​ ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បាន​សម្រេច​សម្រាន្ត​នៅ ដោយ​ឥរិយាបថទាំង​៤ មិនយូរ​ប៉ុន្មាន ក៏បានដឹង​ច្បាស់ថា ជាតិកំណើតរបស់​អាត្មាអញ ​អស់ហើយ ព្រហ្មចរិយធម៌​អញ​ ក៏​បាននៅចប់ហើយ កិច្ចដែលត្រូវធ្វើ អញ​ក៏បាន​ធ្វើហើយ នឹងមានកិច្ច​ដទៃអំពីកិច្ច​នេះតទៅ​ទៀត គ្មានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះសោណៈ​ដ៏មានអាយុ ក៏ជាព្រះអរហន្ត​អង្គមួយដែរ។

[៥១] លំដាប់នោះ កាលព្រះសោណៈ​ដ៏មានអាយុ បានសម្រេច​ព្រះអរហត្តហើយ ក៏មាន​សេចក្តី​រិះគិត​ដូច្នេះថា បើដូច្នោះ មានតែអាត្មាអញ ​នឹងសំដែងគុណ គឺអរហត្តផល ក្នុងសំណាក់​ព្រះដ៏​​មានព្រះភាគ។ វេលានោះ ព្រះសោណៈ​ដ៏មានអាយុ បានចូលទៅគាល់​ព្រះ​មាន​ព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ ​ព្រះ​មានព្រះភាគ រួចអង្គុយ​នៅក្នុងទីដ៏​សមគួរ។ ព្រះ​សោណៈ​​ដ៏មានអាយុ អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បាន​ក្រាបបង្គំ​ទូលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុណា ជាព្រះអរហន្តខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេច​ហើយ មានភារៈ​ដាក់ចុះហើយ3) បានសម្រេច​ប្រយោជន៍របស់​ខ្លួនហើយ មានកិលេស​ ជាគ្រឿង​ប្រកប​សត្វក្នុងភព​អស់ហើយ មានចិត្ត​ផុតស្រឡះ​ហើយ (ចាកកិលេស) ព្រោះដឹងដោយ​ប្រពៃ ភិក្ខុនោះ​មាន​អធ្យាស្រ័យបង្អោន​ទៅកាន់​ហេតុ​ទាំង៦យ៉ាង គឺ​មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្ម4) (គឺ​អរហត្ត)១ មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីស្ងាត់១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ​១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ​នៃ​ឧបាទាន១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់​ទៅនៃ​តណ្ហា១ មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង១ បពិត្រ​ព្រះអង្គដ៏ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​ដូច្នេះថា លោកដ៏មានអាយុនេះ ឈ្មោះថាមានអធ្យាស្រ័យ​ បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះ​អាស្រ័យ​នូវគុណ គ្រាន់តែសេចក្តី​ជឿ​ប៉ុណ្ណោះឯង បពិត្រព្រះអង្គដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រព្រះអង្គដ៏​ចំរើន ឯភិក្ខុ ដែលជា​ព្រះខីណាស្រព បានសិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ កាលមិនបាន​ពិចារណាខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ បានឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់នេក្ខម្មៈ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ ជាអ្នកប្រាថ្នា​លាភសក្ការៈ និងសេចក្តីសរសើរហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុ​នេះ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏​ចំរើន ឯភិក្ខុជា​ព្រះខីណាស្រព សិក្សា​ព្រហ្មចារ្យ​ចប់ហើយ មានកិច្ច​សម្រេចហើយ មិនបាន​ពិចារណានូវខ្លួន ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​នូវសេចក្តី​ចំរើន​នៃកិច្ច ដែលខ្លួនបានធ្វើ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅក្នុងទីដ៏ស្ងាត់ ព្រោះ​អស់​មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន មានហេតុថា ក្នុងលោកនេះ មានលោកដ៏មានអាយុ​ពួកខ្លះ មានសេចក្តី​រិះគិត​យ៉ាង​នេះថា លោក​ដ៏មានអាយុនេះ កាល​ត្រឡប់​មកកាន់សេចក្តី​ប្រកាន់សីល ប្រកាន់​វត្ត​ដោយ​សភាវៈ​ថ្លៃថ្លា ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅ​កាន់​​សេចក្តីមិន​ព្យាបាទ បពិត្រព្រះអង្គ​ដ៏ចំរើន បុគ្គល​កុំគប្បី​យល់​ហេតុនេះ​ ដូច្នេះឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុជា​ព្រះខីណាស្រព បានសិក្សាព្រហ្មចារ្យចប់ហើយ មានកិច្ច​សម្រេច​ហើយ មិនបាន​ពិចារណានូវ​ខ្លួន​ ដែលមានកិច្ច​ត្រូវធ្វើ ឬ​មិនបាន​ពិចារណា​ នូវសេចក្តី​ចំរើន នៃកិច្ច​ដែលខ្លួនធ្វើហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ ព្រោះអស់រាគៈ ព្រោះ​ប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះ​អស់​ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនព្យាបាទ ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះ​ថាមាន​អធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅនៃ​ឧបាទាន ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ​នៃឧបាទាន ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ​ជាគ្រឿង​អស់​ទៅ​នៃ​ឧបាទាន ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​ បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់ទៅ ​នៃតណ្ហា ព្រោះអស់ទោសៈ ព្រោះ​ប្រាសចាក​ទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់ធម៌ ជាគ្រឿង​អស់​ទៅ​ នៃ​តណ្ហា ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង ព្រោះអស់​រាគៈ ព្រោះប្រាសចាក​រាគៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់ទោសៈ ព្រោះប្រាសចាកទោសៈ​ហើយ ឈ្មោះថា មានអធ្យាស្រ័យ​បង្អោន​ទៅកាន់សេចក្តី​មិនវង្វេង ព្រោះអស់មោហៈ ព្រោះប្រាសចាក​មោហៈ​ហើយ បពិត្រព្រះអង្គដ៏​ចំរើន ភិក្ខុកាល​បើមានចិត្ត​ផុតស្រឡះប្រពៃ​យ៉ាងនេះហើយ បើទុក​ជារូប​ទាំងឡាយ​ដែល​មានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លងភ្នែក ក៏មិនបាន​គ្រប​សង្កត់​ចិត្ត​របស់ភិក្ខុ​នោះបានឡើយ ចិត្តរបស់ភិក្ខុនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ ដោយកិលេស ជាចិត្ត​ឋិតនៅខ្ជាប់ខ្ជួន ឥតមានកម្រើក ដោយតណ្ហាហើយ ពិចារណា​ឃើញ​នូវ​សេចក្តី​កើតឡើង​ និងសេចក្តី​រលត់ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយ​ត្រចៀកបាន… ក្លិនទាំងឡាយ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយច្រមុះបាន… រស​ទាំងឡាយ​​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយអណ្តាតបាន… ផោដ្ឋព្វៈ (គឺ​អារម្មណ៍​ដែល​មក​ប៉ះ​ត្រូវកាយ) ទាំងឡាយ ​ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយបាន… ធម្មារម្មណ៍ (គឺ​អារម្មណ៍​ដែល​កើត​ក្នុងចិត្ត) ទាំងឡាយ​ ដែលមានកំឡាំង​គួរនឹង​ដឹងច្បាស់​ដោយចិត្តបាន មកកាន់​ផ្លូវ​នៃចិត្ត ក៏គ្របសង្កត់​ចិត្ត​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហាហើយ លោក​​បានពិចារណា​ឃើញ នូវ​សេចក្តី​កើត​ឡើង និងសេចក្តី​រលត់​ទៅ នៃចិត្ត​នោះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ឧបមាដូចជា​ភ្នំថ្ម ឥតធ្លុះ ឥត​ប្រហោង ជាភ្នំតាន់សុទ្ធ បើមានសំណុំខ្យល់ ​ដែលមាន​កំឡាំង​​ខ្លាំង​ បក់បោក​មកពីទិស​ខាងកើតក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងលិច​ក្តី។បេ។ បើមានសំណុំខ្យល់​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងជើងក្តី។បេ។ បើមាន​សំណុំ​ខ្យល់​​ ដែលមាន​កំឡាំង​ខ្លាំង​ បក់បោក​មកពីទិស​ខាងត្បូងក្តី ក៏ញុំាង​ភ្នំនោះ ឲ្យកម្រើក​មិនបាន ឲ្យ​រំជួយ​មិនបាន ឲ្យ​ញាប់​ញ័រ​មិនបានឡើយ បពិត្រ​ព្រះអង្គដ៏ចំរើន ភិក្ខុកាល​មានចិត្ត​ផុត​ស្រឡះ​ ដោយ​ប្រពៃ​យ៉ាងនេះហើយ បើរូបទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយភ្នែក មកកាន់​គន្លង​ភ្នែកក្តី ក៏​គ្រប​សង្កត់​ចិត្ត ​របស់លោក​នោះមិនបានឡើយ ចិត្តរបស់លោកនោះ ដែលអារម្មណ៍​មិនបានធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិត​នៅខ្ជាប់ខ្ជួន ឥតមាន​កម្រើក ដោយ​តណ្ហា លោក​ពិចារណា​​​នូវ​សេចក្តី​កើតឡើង​ និង​សេចក្តី​រលត់​ទៅនៃចិត្តនោះ បើសំឡេង​ទាំងឡាយ ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយត្រចៀកក្តី… ក្លិនទាំងឡាយ​ ដែលមានកំឡាំង​ គួរនឹង​ដឹងច្បាស់​ដោយច្រមុះក្តី… រស​ទាំងឡាយ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយ​អណ្តាត​ក្តី… ផោដ្ឋព្វៈ​ទាំងឡាយ​​ដែលមាន​កំឡាំង​គួរនឹង​ដឹងច្បាស់​ដោយកាយក្តី… ធម្មារម្មណ៍​ទាំងឡាយ ​ដែលមានកំឡាំង ​គួរនឹង​ដឹងច្បាស់​ដោយចិត្ត មកកាន់​ផ្លូវ​ចិត្តក្តី ក៏គ្របសង្កត់​នូវចិត្ត ​របស់លោក​នោះ​មិនបានឡើយ ចិត្តរបស់លោកនោះ ដែល​អារម្មណ៍​មិនបាន​ធ្វើ​ឲ្យ​ច្រឡំ​ដោយកិលេស ជាចិត្ត​ឋិតនៅ​ខ្ជាប់ខ្ជួន ឥត​មានកម្រើកដោយ​តណ្ហា លោក​រមែងពិចារណា ​នូវ​សេចក្តី​កើត​ឡើង និង​សេចក្តី​​រលត់​នៃចិត្ត​នោះ ក៏មានឧបមេយ្យដូច្នោះឯង។

[៥២] ភិក្ខុ​កាលបើមានអធ្យាស្រ័យ​បង្អោន​ទៅកាន់​នេក្ខម្មៈ (គឺ​អរហត្ត)​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​ស្ងប់ស្ងាត់​នៃចិត្តផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនព្យាបាទ​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​​ធម៌​ជាគ្រឿង​អស់ទៅ​នៃឧបាទាន​ផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​ធម៌​ជាគ្រឿង​អស់ទៅនៃ​តណ្ហាផង មានអធ្យាស្រ័យ​បង្អោន​ទៅកាន់​សេចក្តី​មិនវង្វេង​នៃ​ចិត្ត​ផង ចិត្ត​ក៏ផុតស្រឡះ​ដោយប្រពៃ ព្រោះ​បានឃើញ​នូវសេចក្តី​កើត និង​សេចក្តី​វិនាស​នៃអាយតនៈ កាលភិក្ខុ​នោះ​មានចិត្ត​ផុត​ស្រឡះ​ហើយដោយ​ប្រពៃ មានចិត្ត​រម្ងាប់ហើយ សេចក្តី​ចំរើន​នៃកិច្ច ​ដែល​ភិក្ខុនោះ​បានធ្វើ​ហើយក៏គ្មាន ​កិច្ច​ដែលគួរ​នឹង​ធ្វើក៏គ្មាន។ ថ្មដែលតាន់សុទ្ធ មិនបាន​រំជួយដោយខ្យល់ យ៉ាងណាមិញ រូប សំឡេង ក្លិន រស ផស្សៈ និង​ធម្មារម្មណ៍​ទាំងអស់ ដែល​ជាទីគាប់ចិត្តក្តី មិនជាទី​គាប់ចិត្ត​ក្តី ក៏ញុំាង​ចិត្ត​របស់​ភិក្ខុ​ជាតាទិបុគ្គល​5) ឲ្យ​ញាប់ញ័រ​មិនបាន យ៉ាងនោះដែរ ចិត្តរបស់ភិក្ខុ​នោះ ជាចិត្ត​ឋិត​នៅខ្ជាប់​ខ្ជួន ជាចិត្ត​ផុតស្រឡះ​ចាកកិលេសហើយ លោកពិចារណា​នូវ​សេចក្តី​កើត និង​សេចក្តី​រលត់​នៃចិត្តនោះ។

១៤៨. ទិគុណាទិឧបាហនបដិក្ខេបោ

(១៤៨)

[៥៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយមកថា នែភិក្ខុ​ទាំងឡាយ ពួកកុលបុត្ត តែង​ប្រកាស​គុណ គឺអរហត្តផលយ៉ាង​នេះឯង ពួកកុលបុត្តទាំងនោះ បានប្រកាស​សេចក្តី​នៃបុគ្គល​ជាអរហន្តផង មិនបានបង្អោន​ខ្លួនទៅ​ដោយអំនួតថា ខ្លួនជា​ព្រះអរហន្តផង ម្យ៉ាងទៀត ក្នុងលោកនេះ មានពួកមោឃបុរស​ខ្លះ ប្រកាស​ព្រះអរហត្តផល ទំនង​ធ្វើ​ដូច​ជា​សើច​លេង មោឃបុរស​ទាំងនោះ តែងដល់​នូវ​សេចក្តី​ចង្អៀត​ចង្អល់ ក្នុងកាលជាខាងក្រោយ (មិនខានឡើយ)។ វេលានោះ ព្រះមានព្រះភាគទ្រង់​ត្រាស់ហៅ​ព្រះសោណៈដ៏​មានអាយុថា នែសោណៈ អ្នកឯង​ធ្លាប់ចំរើនដោយសេចក្តីសុខ នែសោណៈ ឥឡូវនេះ តថាគតអនុញ្ញាត​ស្បែក​ជើង​១ជាន់​ឲ្យអ្នក។ ព្រះសោណៈ​នោះក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​លះបង់​ប្រាក់​ចំនួន​៨០រទេះ​ធំ (គឺ១រទេះធំ​កំណត់​ពីររទេះតូច) ផង បានលះបង់​នូវពួក​សេនា​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញពីផ្ទះមកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ជនទាំង​ឡាយ​មុខ​ជា​នឹងពោល (តិះដៀល) ដល់ខ្ញុំព្រះអង្គថា សោណកោឡិវិស ​បានលះបង់​ប្រាក់​ចំនួន​៨០រទេះ​យ៉ាងធំផង បានលះបង់​ នូវពួក​សេនា ​ប្រកប​ដោយ​ដំរី៧ផង ហើយបានចេញ​ចាក​ផ្ទះ​ មកបួស​ក្នុង​ភាព នៃ​បុគ្គល​មិនមាន​ប្រយោជន៍​ដោយផ្ទះ ឥឡូវនេះ សោណកោឡិវិស​នេះ នៅជាប់​ចំពាក់​នឹងស្បែកជើង១ជាន់ បើព្រះដ៏មានព្រះភាគ​ នឹង​ទ្រង់​អនុញ្ញាត​ដល់ភិក្ខុសង្ឃ ទើបខ្ញុំ​ព្រះអង្គ​ហ៊ាន​ប្រើប្រាស់ បើព្រះដ៏មានព្រះភាគ​ មិនទ្រង់អនុញ្ញាត​ដល់​ភិក្ខុសង្ឃទេ ខ្ញុំព្រះអង្គ​មិនហ៊ាន​ប្រើប្រាស់ទេ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវ​ធម្មីកថា ក្នុង​វេលានោះហើយ ទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​១ជាន់ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង​២ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៣ជាន់ មិនត្រូវ​ពាក់​ស្បែកជើង​៤ជាន់ឡើងទៅទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

១៤៩. សព្វនីលិកាទិបដិក្ខេបោ

(១៤៩)

[៥៤] ​សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុពាក់ស្បែកជើងពណ៌ខៀវសុទ្ធ (ដូចពណ៌​ផ្កាត្រកៀត)។បេ។ ពាក់ស្បែកជើងពណ៌លឿងសុទ្ធ (ដូចពណ៌ផ្កាកណ្ណិការ)។ ពាក់ស្បែក​ជើង​ពណ៌ក្រហមសុទ្ធ (ដូចពណ៌ផ្កាច្បារ)។ ពាក់ស្បែកជើងពណ៌ហង្សបាទសុទ្ធ (ដូចពណ៌​ស្បែង)។ ពាក់ស្បែកជើងពណ៌ខ្មៅសុទ្ធ (ដូចពណ៌ផ្លែផ្គាំ)។ ពាក់ស្បែក​ជើងពណ៌​ក្រហមក្រមៅសុទ្ធ (ដូចពណ៌ខ្នងក្អែប)។ ពាក់ស្បែកជើងពណ៌លឿងទុំសុទ្ធ (ដូចពណ៌ស្លឹកឈើទុំ ឬដូចផ្កាឈូក)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុះ​ ចំពោះ​ព្រះដ៏មានព្រះភាគជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​ពណ៌ខៀវសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហមសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ហង្សបាទសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ខ្មៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌ក្រហម​ក្រមៅសុទ្ធ មិនត្រូវពាក់​ស្បែកជើង​ពណ៌លឿងទុំសុទ្ធ​ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​មានខ្សែខៀវ។ ពាក់ស្បែកជើង​មានខ្សែលឿង។ ពាក់ស្បែកជើង​មានខ្សែក្រហម។ ពាក់ស្បែកជើង​មានខ្សែហង្សបាទ។ ពាក់ស្បែកជើង​មានខ្សែខ្មៅ។ ពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ។ ពាក់ស្បែកជើង​មានខ្សែលឿងទុំ។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះ​បង្អាប់​​ថា ដូចជាពួកគ្រហស្ថដែល​បរិភោគ​នូវ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​បាន​ក្រាបទូល​​សេចក្តីនុះ​ចំពោះ​ព្រះដ៏​មានព្រះភាគ​ជាម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើង​មានខ្សែខៀវទេ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿង មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម មិនត្រូវពាក់ស្បែកជើង​មានខ្សែហង្សបាទ មិនត្រូវពាក់ស្បែកជើង​មានខ្សែខ្មៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែក្រហម​ក្រមៅ មិនត្រូវពាក់ស្បែកជើង​មានខ្សែលឿងទុំទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង​បិទកែង។ ពាក់​ស្បែកជើងស្រោបជើងទាំងអស់រហូតដល់​ស្មងជើង (ដូច​ជាស្បែកជើង​អ្នកស្រុក​យោនកៈ)។ ពាក់ស្បែកជើង​ដែលគេក្រង ជារបៀប​បិទខ្នងជើង។ ពាក់ស្បែកជើងដែលញាត់​ដោយគរ។ ពាក់​ស្បែកជើង មានខ្សែវិចិត្រ​ដូចស្លាបទទា។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ។ ពាក់ស្បែកជើងមានខ្សែ​មានសណ្ឋានដូច​ស្នែង​ពពែ។ ពាក់ស្បែកជើងមានខ្សែ មានសណ្ឋានដូច​កន្ទុយសត្វ​ខ្ទួយ។ ពាក់ស្បែកជើងដែលចាក់ស្រែះ​ដោយ​ព្រុយកន្ទុយក្ងោក។ ពាក់ស្បែកជើងដែល​វិចិត្រ (ផ្សេងៗ)។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ​ជា​ម្ចាស់។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវពាក់​ស្បែកជើងបិទកែង មិនត្រូវពាក់​ស្បែកជើងដែលស្រោបជើងទាំងអស់រហូតស្មងជើង មិនត្រូវពាក់​ស្បែកជើង​ដែលគេក្រងជារបៀប​បិទខ្នងជើង មិនត្រូវពាក់​ស្បែកជើងដែលញាត់ដោយគរ មិនត្រូវពាក់​ស្បែកជើងដែលមានខ្សែវិចិត្រ​ដូចស្លាបទទា មិនត្រូវពាក់​ស្បែកជើងមានខ្សែ​មានសណ្ឋាន​ដូចស្នែង​កែះ មិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋានដូច​ស្នែងពពែមិនត្រូវពាក់​ស្បែកជើងមានខ្សែមានសណ្ឋាន​ដូចកន្ទុយសត្វខ្ទួយ មិនត្រូវពាក់​ស្បែកជើងដែលគេ​ស្រេះដោយ​ព្រុយ​កន្ទុយក្ងោក មិនត្រូវពាក់​ស្បែកជើងដែលវិចិត្រ​(ផ្សេងៗ)ឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វសីហៈ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាធំ។ ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង។ ពាក់ស្បែកជើង ដែលចំជាយ​ដោយ​ស្បែកខ្លារខិន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកភេ។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកឆ្មា។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកសត្វកង្ហែន។ ពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកមៀម។ មនុស្សទាំងឡាយក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួកគ្រហស្ថ ដែល​បរិភោគ​​នូវកាមគុណ។ ភិក្ខុទាំងឡាយបាន​ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយមិនត្រូវពាក់​ស្បែកជើង ដែលចំជាយ​ដោយ​ស្បែក​សត្វ​សីហៈ មិនត្រូវពាក់ស្បែកជើង ដែលចំជាយ​ដោយស្បែកខ្លាធំ មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លាដំបង មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកខ្លារខិន មិនត្រូវ​ពាក់ស្បែក​ជើង​ដែល​ចំជាយ​ដោយស្បែក​ភេ មិនត្រូវ​ពាក់ស្បែកជើងដែលចំជាយ​ដោយស្បែកឆ្មា មិនត្រូវ​ពាក់ស្បែកជើង​​ដែល​ចំជាយ​ដោយស្បែកសត្វកង្ហែន មិនត្រូវពាក់ស្បែកជើងដែលចំជាយ​ដោយ​ស្បែក​មៀម ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

១៥០. ឱមុក្កគុណង្គុណូបាហនានុជាននា

(១៥០)

[៥៥] គ្រានោះឯង ព្រះមាន​ព្រះភាគទ្រង់​ស្លៀកស្បង់ក្នុងវេលា​ព្រឹកព្រហាម ហើយប្រដាប់​បាត្រនិង​ចីវរ យាងចូលទៅកាន់ក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត មានភិក្ខុ១រូបជាបច្ឆាសមណៈ (គឺ​សមណៈ​តាម​ក្រោយ)។ ភិក្ខុនោះខ្ចកជើង​ ដើរតាមក្រោយៗ ​ព្រះដ៏មានព្រះភាគ ក្នុងវេលានោះ។ មានឧបាសកម្នាក់ ពាក់ស្បែកជើង​៤ជាន់ឡើងទៅ បានឃើញព្រះដ៏មានព្រះភាគ​ ទ្រង់យាង​មក​ពី​ចម្ងាយ លុះឃើញហើយ ក៏ដោះស្បែកជើង​ចេញ ហើយចូលសំដៅ​ទៅព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចចូល​ទៅរក​ភិក្ខុនោះ លុះចូល​ទៅ​ដល់​​ហើយ ក៏ក្រាបថ្វាយបង្គំ​ភិក្ខុនោះហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់ហេតុអ្វីបានជាខ្ចក។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ បាទារបស់អាត្មាបែក។ ឧបាសក​នោះនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ ​ទទួល​យកស្បែកជើង​ចុះ។ ភិក្ខុ​នោះ​តបថា នែអ្នកដ៏មានអាយុ ណ្ហើយកុំ ព្រោះស្បែកជើង​៤ជាន់ឡើងទៅ ព្រះដ៏មានព្រះភាគ​បានទ្រង់​ហាមរួចជាស្រេចហើយ។ ព្រះអង្គមាន​បន្ទូលថា នែភិក្ខុ ចូរអ្នក​ទទួល​យកស្បែកជើង​នេះចុះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ​បានធ្វើ​នូវធម្មីកថា​ ក្នុងវេលានោះ រួចទ្រង់​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកអនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវ​ស្បែកជើង​៤ជាន់​ឡើងទៅ ដែល​គេពាក់ហើយ​ដោះមកប្រគេន (គឺជាស្បែកជើងចាស់) ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ពាក់​ស្បែក​ជើង​៤ជាន់​ឡើងទៅ ដែលជាស្បែកជើង​ថ្មីទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

១៥១. អជ្ឈារាមេ ឧបាហនបដិក្ខេបោ

(១៥១)

[៥៦] សម័យនោះឯង ព្រះដ៏មានព្រះភាគ​មិនបានទ្រង់​ឆ្លងព្រះបាទ (ហើយ) ទ្រង់​ចង្ក្រម​នៅក្នុងទីវាល។ ឯពួក​ភិក្ខុចាស់ក៏មិនហ៊ាន​ពាក់ស្បែកជើង​ដើរចង្ក្រម​ ដោយគិតឃើញថា ព្រះជាគ្រូ​មិនទ្រង់​ឆ្លង​ព្រះបាទ​ ហើយទ្រង់ចង្ក្រម។ កាលបើព្រះ​បរមសាស្តា​មិនទ្រង់​ឆ្លង​ព្រះបាទ ហើយទ្រង់ចង្ក្រម ពួក​ភិក្ខុចាស់ ក៏មិនពាក់ស្បែកជើង ហើយចង្ក្រម (គឺ​ដើរតាម​ធម្មតា) ឯពួក​ឆព្វគ្គិយភិក្ខុ​ ក៏ពាក់ស្បែកជើង​ ហើយចង្ក្រម។ ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា កាលបើ​ព្រះបរមសាស្តា​ មិនបានទ្រង់​ឆ្លង​ព្រះបាទ កំពុង​ចង្ក្រម​ក្តី ពួកភិក្ខុចាស់ មិនបាន​ពាក់ស្បែកជើង ​កំពុង​ចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ មិនសម​បើ នឹងហ៊ាន​ពាក់ស្បែកជើង​ដើរចង្ក្រម​សោះ។ វេលានោះឯង ភិក្ខុទាំងនោះ​ក្រាបទូល​សេចក្តីនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា កាលព្រះបរមសាស្តា ​មិនបានទ្រង់​ឆ្លងព្រះបាទ កំពុង​ចង្ក្រមក្តី ពួកភិក្ខុចាស់ ​មិនបាន​ពាក់​ស្បែក​ជើង​ កំពុង​ចង្ក្រមក្តី ពួកឆព្វគ្គិយភិក្ខុ​ ក៏ពាក់ស្បែកជើង ហើយដើរចង្ក្រម ពិតមែនឬ។ ភិក្ខុទាំង​នោះ​ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធជាម្ចាស់ដ៏​មានជោគ ទ្រង់​បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ កាលព្រះសាស្តា​ ​មិន​បានទ្រង់​ឆ្លង​ព្រះបាទ កំពុង​ចង្ក្រមក្តី ពួកភិក្ខុចាស់​មិនបាន​ពាក់​ស្បែក​ជើង​ កំពុង​ចង្ក្រមក្តី មោឃបុរស​ទាំងនោះ មិនសមបើ​នឹងហ៊ាន​ពាក់ស្បែក​ជើង ហើយដើរចង្ក្រមទេ ម្នាលភិក្ខុទាំងឡាយ ពួកគ្រហស្ថដែលស្លៀកស ម្តេចគង់​មានសេចក្តី​គោរព​ កោតក្រែង​ក្នុងអាចារ្យ មានការចិញ្ចឹមជីវិតស្មើគ្នា ព្រោះហេតុ​នៃ​សិល្បសាស្ត្រ​សម្រាប់​ចិញ្ចឹម​ជីវិត ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ គួរតែប្រព្រឹត្ត​ឲ្យល្អ ព្រោះថា អ្នក​ទាំងឡាយ​បានបួស​មក​ក្នុងធម្មវិន័យ ​ដែលតថាគត​បានសំដែង ​ដោយល្អយ៉ាងនេះហើយ គួរតែគោរព​កោតក្រែង មានសេចក្តី​ចិញ្ចឹមជីវិត​ស្មើគ្នា ក្នុងអាចារ្យក្តី ក្នុងភិក្ខុល្មមធ្វើ​ជាអាចារ្យក្តី ក្នុងឧបជ្ឈាយ៍ក្តី ក្នុងភិក្ខុ​ល្មម​ធ្វើ​ជាឧបជ្ឈាយ៍ក្តី ម្នាលភិក្ខុទាំងឡាយ អំពើនេះនឹងបាន​ដឹកនាំ​ពួកជន​ដែល​មិនទាន់​បាន​ជ្រះថ្លា ឲ្យជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោសរួច ទ្រង់​ធ្វើនូវធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ កាលបើអាចារ្យ(ក្តី) ភិក្ខុល្មមធ្វើ​ជាអាចារ្យ(ក្តី) ឧបជ្ឈាយ៍(ក្តី) ភិក្ខុ​ល្មម​ធ្វើ​ជាឧបជ្ឈាយ៍(ក្តី) មិនបានពាក់ស្បែកជើងដើរ​ចង្ក្រមទេ ភិក្ខុមិនត្រូវ​ពាក់​ស្បែកជើង ហើយដើរចង្ក្រមទេ ភិក្ខុណាដើរចង្ក្រម ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិន​ត្រូវពាក់ស្បែកជើង​ខាងក្នុងវត្តទេ ភិក្ខុណាពាក់ ត្រូវអាបត្តិ​ទុក្កដ។

[៥៧] សម័យនោះឯង មានភិក្ខុ១រូប​ កើតរោគដំបៅលេចនៅបាតជើង។ ភិក្ខុទាំងឡាយ​ក៏បាន​គ្រាហ៍​យកភិក្ខុនោះទៅឲ្យ​បន្ទោបង់ឧច្ចារៈផង បស្សាវៈផង។ ព្រះមានព្រះភាគ ទ្រង់យាង​ទៅកាន់សេនា​សនចារិក ក៏បានទតទៅឃើញ​ភិក្ខុទាំងនោះ កំពុង​គ្រាហ៍យក​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះឃើញហើយ ក៏ទ្រង់យាង​ចូលទៅរក​ភិក្ខុនោះ លុះយាង​ចូលទៅ​ដល់ហើយ ទើបទ្រង់មាន​បន្ទូលនេះ​ នឹងភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​កើត​រោគអ្វី។ ភិក្ខុទាំងនោះ​ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន លោកដ៏មានអាយុនេះ កើតរោគ​ដំបៅ​លេចនៅបាតជើង ពួកខ្ញុំព្រះអង្គក៏គ្រាហ៍​យកលោក​ដ៏មានអាយុ​នេះមកឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។

[៥៨] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ​ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុង​វេលា​នោះ រួចទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ (បើ) ភិក្ខុណា មាន​ជើងឈើក្តី មានជើងបែកក្តី មានរោគដំបៅលេច​នៅបាតជើងក្តី តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនោះ​ពាក់ស្បែកជើងបាន។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានលាងជើង ហើយស្រាប់តែឡើង​ទៅកាន់គ្រែខ្លះ តាំងខ្លះ នាំឲ្យប្រឡាក់​ចីវរ និងសេនាសនៈ។ ភិក្ខុទាំងឡាយក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យ​ភិក្ខុ​ពាក់ស្បែកជើងបាន ដោយគិតថា ក្នុងវេលានេះ អាត្មាអញ នឹងឡើងគ្រែ ឬតាំង។ សម័យ​នោះឯង ក្នុងវេលាយប់ មានពួកភិក្ខុ​ដើរទៅកាន់​រោងឧបោសថខ្លះ ទីប្រជុំ​អង្គុយខ្លះ ក៏ជាន់ទៅលើ​ដង្គត់​ឈើខ្លះ លើបន្លាខ្លះ ក្នុងទីងងឹត ជើងរបស់​ភិក្ខុទាំងនោះក៏​មានទុក្ខវេទនា។ ភិក្ខុទាំងឡាយ ក៏បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុពាក់ស្បែកជើង កាន់គប់ភ្លើង ប្រទីប និងឈើច្រត់​ខាងក្នុង​អារាម​បាន។

១៥២. កដ្ឋបាទុកាទិបដិក្ខេបោ

(១៥២)

សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ ក្រោកឡើង​ក្នុងបច្ចូសសម័យ​នៃ​រាត្រី (ជិតភ្លឺ) ក៏ពាក់​ទ្រនាប់​ជើងឈើ ហើយចង្ក្រម​ក្នុងទីវាល មានសំឡេងហ៊ោ មានសំឡេងខ្លាំង មានសំឡេងថា ខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ និយាយ​ពី​មហាមាត្យ និយាយពី​សេនា និយាយ​ពីភ័យ និយាយពី​ចម្បាំង និយាយពី​គ្រឿងស៊ី និយាយពីគ្រឿងផឹក និយាយពីសំពត់ និយាយពីការដេក និយាយពីកម្រងផ្កា និយាយពីគ្រឿង​ក្រអូប និយាយពីញាតិ និយាយពីយាន និយាយពីស្រុក និយាយពីនិគម និយាយពីនគរ និយាយពីជនបទ និយាយពីស្រី និយាយពីប្រុស និយាយពីបុគ្គលដែល​ក្លៀវក្លា និយាយពី​ច្រកផ្លូវ និយាយពី​កន្លែង​ក្អមទឹក (គឺកំពង់ទឹក) និយាយពីបុព្វប្រេត (គឺញាតិ​ដែលស្លាប់ទៅហើយ) និយាយពី​ពាក្យឥត​ប្រយោជន៍​ មានប្រការ​ផ្សេងៗ និយាយពីរឿង​កុហក​ក្នុងលោក (មានរឿង​ក្អែកស កុកក្រហមជាដើម) និយាយពីរឿងជីក​សមុទ្រ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ។ ភិក្ខុទាំងឡាយ​ណា មាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយ​ភិក្ខុ មិនសមបើ​នឹងក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ហើយពាក់​ទ្រនាប់ជើង​ឈើ ដើរ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយពី​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ ឃ្លាត​ចាកសមាធិខ្លះ​សោះ។ គ្រានោះឯង ភិក្ខុទាំងនោះ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយ​ភិក្ខុ ក្រោកឡើងក្នុងបច្ចូសសម័យ​ នៃ​រាត្រី​ហើយ ក៏ពាក់​ទ្រនាប់ជើង​ឈើ ដើរទៅ​ក្នុងទីវាល មានសំឡេងហ៊ោ សំឡេងខ្លាំង សំឡេងខដខដៈ ហើយនិយាយ​តិរច្ឆានកថា​ផ្សេងៗ គឺនិយាយ​ពីស្តេច និយាយពី​ចោរ។បេ។ និយាយពីសេចក្តី​ចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ ហើយដើរជាន់លើសត្វល្អិតៗឲ្យស្លាប់ខ្លះ ឲ្យភិក្ខុទាំងឡាយ​ឃ្លាត​ចាកសមាធិខ្លះ​ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។ លុះព្រះមានព្រះភាគ​ ទ្រង់បន្ទោស​រួច ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់​ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងឈើឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៥៩] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្រុង​រាជគ្រឹះ ដោយសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យ រួចហើយ​ទ្រង់យាង​សំដៅ​ទៅក្រុង​ពារាណសី ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បានដល់​ទៅក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់​គង់​នៅក្នុងព្រៃ​ឥសិបតនមិគទាយវន ទៀបក្រុង​ពារាណសី។ វេលានោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើង​ឈើ ព្រះដ៏មានព្រះភាគទ្រង់ហាមហើយ ក៏ប្រើគេឲ្យកាត់​ត្នោតខ្ចីទាំងឡាយ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកត្នោត ហើយពាក់​ ឯត្នោតខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្ត មិនសម​បើនឹង​ហ៊ាន​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់សោះ ឯដើម​ត្នោតខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោន ពួកសមណៈ ជាសក្យបុត្ត ហ៊ាន​បៀតបៀន​វត្ថុ​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក៏ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថាពួកឆព្វគ្គិយភិក្ខុ ប្រើគេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ ​ត្នោតខ្ចីទាំងនោះ លុះ​គេ​កាត់​ហើយ ក៏ស្វិតស្រពោន ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ មិន​សម​​បើនឹង​ប្រើ​គេឲ្យកាត់ត្នោតខ្ចីៗ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកត្នោត ហើយពាក់ទេ ​ត្នោត​ខ្ចី​ទាំង​នោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់ ម្នាលភិក្ខុទាំងឡាយ ដ្បិតពួកមនុស្ស​តែង​សំគាល់​ថា ដើមឈើមានជីវិត ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកត្នោតឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតថា ទ្រនាប់ជើងស្លឹកត្នោត ព្រះដ៏​មានព្រះភាគទ្រង់ហាមហើយ ទើបប្រើគេឲ្យកាត់​នូវឫស្សីខ្ចីទាំងឡាយវិញ (យកមកធ្វើ) ជាទ្រនាប់​ជើង​ស្លឹកឫស្សី ហើយពាក់​ ឯឫស្សីខ្ចី​ទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនអស់។ មនុស្សទាំងឡាយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសមណៈ ជាសក្យបុត្រ មិនគួរ​បើ​នឹង​​ហ៊ាន​ប្រើ​គេឲ្យកាត់ឫស្សីខ្ចីទាំងឡាយ (យកមកធ្វើ)​ជាទ្រនាប់ជើង​ស្លឹកឫស្សី ហើយពាក់សោះ ឯឫស្សីខ្ចីទាំងនោះ លុះគេកាត់ហើយ ក៏ស្វិតស្រពោនទៅ ពួកសមណៈ ជាសក្យបុត្រ ហ៊ាន​បៀតបៀន​​របស់​ដែល​មាន​ជីវិត មានឥន្ទ្រិយ​តែ១។ កាលមនុស្សទាំងនោះ កំពុងតែ​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយ​ក៏បានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។បេ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកឫស្សីឡើយ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។

[៦០] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុង​ក្រុង​ពារាណសី គួរតាមពុទ្ធ​អធ្យាស្រ័យ រួចទ្រង់យាងទៅកាន់ចារិក នៃក្រុង​ភទ្ទិយៈ កាលទ្រង់​យាង​ទៅកាន់ចារិក​ ដោយលំដាប់ ក៏បានដល់ទៅក្រុងភទ្ទិយៈនោះ។ បានឮមកថា ព្រះអង្គ​គង់នៅ​ក្នុងព្រៃ​ជាតិយាវន ទៀបក្រុងភទ្ទិយៈនោះ។ សម័យនោះឯង ពួកភទ្ទិយៈភិក្ខុ (ភិក្ខុដែល​នៅក្នុង​ក្រុង​ភទ្ទិយៈ) មានសេចក្តីខ្វល់ខ្វាយ​ក្នុងការ​ប្រដាប់​ទ្រនាប់ជើង មានប្រការផ្សេ​ងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ក៏លះបង់​ចោល​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា។6) ភិក្ខុទាំងឡាយណាមាន​សេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏​ពោល​ទោស តិះដៀល បន្តុះបង្អាប់​ថា ពួកភទ្ទិយភិក្ខុ មិនសម​បើនឹងខ្វល់ខ្វាយក្នុង​ការ​តាក់តែង​ទ្រនាប់​ជើង​មានបការ​ផ្សេងៗ គឺ ធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ង​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើ​ទ្រនាប់​ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយ​លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញាសោះ។ វេលានោះ ភិក្ខុទាំងនោះ​បានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកភទ្ទិយភិក្ខុខ្វល់ខ្វាយ​ក្នុងការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ហើយលះបង់​បាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ពិតមែនឬ។ ភិក្ខុទាំងនោះក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់បន្ទោសថា ម្នាលភិក្ខុទាំងឡាយ ពួកមោឃបុរស​ទាំងនោះ មិន​សម​បើនឹងខ្វល់ខ្វាយក្នុង​ការតាក់តែង​ទ្រនាប់ជើង មានបការផ្សេងៗ គឺធ្វើទ្រនាប់ជើង​ស្មៅ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​យាប្ល៉ងខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅដំណេក​ទន្សាយ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្លឹកទន្សែ​ខ្លួនឯង​ខ្លះ ប្រើគេ​ឲ្យ​ធ្វើខ្លះ ធ្វើទ្រនាប់ជើង​ស្មៅ​មានពណ៌​ដូចផ្កាឈូកខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើទ្រនាប់ជើង​សំពត់​ដែលគេត្បាញ​ដោយរោម​សត្វ​ខ្លួនឯង​ខ្លះ ប្រើគេឲ្យធ្វើខ្លះ លះបង់​នូវបាលី អដ្ឋកថា អធិសីល អធិចិត្ត និងអធិប្បញ្ញា ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិនបានដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លា ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់បន្ទោស​រួច ទ្រង់ធ្វើនូវ​ធម្មីកថា ហើយ​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​​មក​ ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅយាប្ល៉ង មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅដំណេកទន្សាយ មិនត្រូវ​ពាក់ទ្រនាប់ជើងស្លឹកទន្សែ មិនត្រូវ​ពាក់ទ្រនាប់ជើងស្មៅមានពណ៌​ដូចផ្កាឈូក មិនត្រូវ​ពាក់ទ្រនាប់ជើងសំពត់​ដែលគេត្បាញ​ដោយរោមសត្វ មិនត្រូវ​ពាក់ទ្រនាប់ជើងមាស មិនត្រូវ​ពាក់ទ្រនាប់ជើងប្រាក់ មិនត្រូវ​ពាក់ទ្រនាប់ជើងកែវមណី មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​ពិទូរ្យ មិនត្រូវ​ពាក់ទ្រនាប់ជើង​កែវផ្លេក មិនត្រូវ​ពាក់ទ្រនាប់ជើងសម្រិត មិនត្រូវ​ពាក់ទ្រនាប់ជើងកែវ​កញ្ចក់ មិនត្រូវ​ពាក់ទ្រនាប់ជើងសំណប៉ាហាំង (សំណស) មិនត្រូវ​ពាក់ទ្រនាប់ជើងសំណភក់ (សំណខ្មៅ) មិនត្រូវ​ពាក់ទ្រនាប់ជើងទង់ដែងទេ ភិក្ខុណាពាក់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ទ្រនាប់ជើង (គឺជ្រុញជើង) ណាមួយ​ដែលគួរ​នឹងឲ្យកម្រើកទៅបាន ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទ្រនាប់ជើង៣យ៉ាង ដែលគេដំកល់នៅជានិច្ច ដែលគេ​ឲ្យកម្រើក​ទៅមិនបាន គឺ​ទ្រនាប់​ជើង​សម្រាប់​បន្ទោបង់​នូវវច្ចៈ១ ទ្រនាប់ជើងសម្រាប់បន្ទោបង់​នូវ​បស្សាវៈ១ ទ្រនាប់ជើង​សម្រាប់​​លាងជម្រះ(លាមក)១។ ​

[៦១] គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងនគរ​ភទ្ទិយៈ គួរដល់ពុទ្ធអធ្យាស្រ័យ រួច​ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុងសាវត្ថី កាលទ្រង់យាងទៅកាន់​ចារិក​ដោយលំដាប់ ក៏បានដល់​ទៅ​ក្រុង​សាវត្ថីនោះ។ បានឮមកថា ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិក​សេដ្ឋី ជិតក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ កាលមេគោទាំងឡាយ កំពុង​តែហែលឆ្លង​ទឹកស្ទឹង​អចិរវតី ក៏ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ក៏ស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្ត កាលមេគោ​ទាំង​ឡាយ កំពុង​ឆ្លង​ទឹក មិនសមបើនឹង​ចាប់ស្នែងខ្លះ ចាប់ស្លឹកត្រចៀកខ្លះ ចាប់កខ្លះ ចាប់កន្ទុយខ្លះ ឡើងជិះលើ​ខ្នងខ្លះ មានចិត្តតម្រេក ហើយស្ទាបអង្គជាតខ្លះ ចាប់ជ្រមុជកូនគោ​ទៅក្នុងទឹក​ឲ្យស្លាប់ខ្លះ ដូចជាពួក​គ្រហស្ថអ្នក​បរិភោគនូវ​កាមគុណសោះ។ កាលមនុស្សទាំងនោះ​កំពុង​ពោលទោស តិះដៀល បន្តុះបង្អាប់ ភិក្ខុទាំងឡាយបានឮច្បាស់។ វេលានោះឯង ភិក្ខុទាំងនោះក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ចាប់​ស្នែង​មេគោទាំងឡាយ មិនត្រូវចាប់ស្លឹកត្រចៀក មិនត្រូវចាប់ក មិនត្រូវចាប់កន្ទុយ មិនត្រូវឡើងជិះលើ​ខ្នង ភិក្ខុណាឡើងជិះ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវ​មានចិត្ត​ត្រេកអរ ពាល់អង្គជាត (មេគោ) ឡើយ ភិក្ខុណាពាល់ ត្រូវអាបត្តិថុល្លច្ច័យ ភិក្ខុ​មិនត្រូវ​ធ្វើ​កូនគោ​ឲ្យ​ស្លាប់ឡើយ ភិក្ខុណាធ្វើ​ឲ្យស្លាប់ ភិក្ខុនោះ​ វិនយធរ​ត្រូវ​ឲ្យធ្វើតាមធម៌​។7)

១៥៣. យានាទិបដិក្ខេបោ

(១៥៣)

[៦២] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទៅ​ដោយយាន​ដែលគេទឹមដោយគោញី មានបុរស​ជាអ្នកបរក៏មាន ទឹមដោយ​គោឈ្មោល មានស្រីជាអ្នកបរក៏មាន។ មនុស្ស​ទាំងឡាយក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកជន​ដែលទៅលេងទឹក​ស្ទឹងគង្គា និងស្ទឹង​មហី។ ភិក្ខុ​ទាំងឡាយ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិន​ត្រូវទៅ​ដោយយានឡើយ ភិក្ខុណាទៅ ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង មានភិក្ខុ​១រូប​ទៅកាន់​ក្រុង​សាវត្ថី ក្នុងកោសលជនបទ ដើម្បីគាល់​ព្រះដ៏មានព្រះភាគ ដល់ពាក់​កណ្តាល​ផ្លូវ ក៏មានជម្ងឺ។ វេលានោះឯង ភិក្ខុនោះក៏គេច​ចុះចេញអំពីផ្លូវ ទៅអង្គុយ​នៅក្រោម​ដើមឈើ​១។ មនុស្ស​ទាំងឡាយ​ក្រឡេកឃើញ​ភិក្ខុនោះ​ហើយ ក៏បាននិយាយ​ពាក្យនេះថា បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​នឹងនិមន្ត​ទៅទីណា។ ភិក្ខុនោះប្រាប់ថា នែអ្នកដ៏មានអាយុ អាត្មានឹងទៅក្រុង​សាវត្ថី ដើម្បី​គាល់ព្រះដ៏មានព្រះភាគ។ មនុស្សទាំងនោះទូលថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មក យើងនឹងទៅជាមួយគ្នា។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ អាត្មាទៅមិនរួចទេ ព្រោះ​អាត្មាមានជម្ងឺ។ មនុស្សទាំងនោះទូលថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​និមន្ត​មកឡើង​ជិះ​យានទៅ។ ភិក្ខុនោះតបថា នែអ្នកដ៏មានអាយុ មិនគួរទេ ព្រោះយាន ព្រះដ៏មានព្រះភាគ​ទ្រង់​ហាមឃាត់​រួចទៅហើយ។ ភិក្ខុនោះរង្កៀសខ្លាចក្រែង ក៏មិនឡើងជិះយានឡើយ។ វេលានោះឯង ភិក្ខុនោះក៏​ដើរទៅដល់​ក្រុងសាវត្ថី បានដំណាលរឿងនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថាក្នុងវេលានោះ រួចទ្រង់ត្រាស់​ហៅភិក្ខុទាំងឡាយមក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតយាន​ដល់​ភិក្ខុដែល​មានជម្ងឺ។ វេលានោះ ភិក្ខុទាំងឡាយ​មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា (ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​) យានដែល​ទឹម​ដោយសត្វញី ឬទឹមដោយ​សត្វឈ្មោលហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបទូលសេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​យាន​ដែលគេ​ទឹម​ដោយសត្វឈ្មោល និងយាន​ដែលសម្រាប់អូស ឬរុញ​ដោយដៃ​។8) សម័យ​នោះឯង មានភិក្ខុ១រូប កើតសេចក្តី​មិនសប្បាយខ្លាំង ព្រោះទង្គិច ទង្គុក​ដោយយាន(យានរលាក់)។ ភិក្ខុទាំង​ឡាយក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​នូវគ្រែស្នែង និងអង្រឹងស្នែង។

១៥៤. ឧច្ចាសយនមហាសយនបដិក្ខេបោ

(១៥៤)

[៦៣] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុប្រើប្រាស់​ឧច្ចាសយនៈ (គ្រែកន្លង​ហួស​ប្រមាណ) និងមហាសយនៈ (គ្រឿង​កម្រាលមិនគួរ) អាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាលដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល​ពណ៌​ស ដែលគេធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាលដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាលដែលញាត់​ដោយគរ ជាប្រក្រតី)១ វិកតិកៈ (កម្រាលដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម)១ ឧទ្ធលោមិ (កម្រាលដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាលដែលធ្វើដោយរោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្សៈ (កម្រាលដែលធ្វើដោយឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ​9) )១ កោសេយ្យៈ (កម្រាលដែលធ្វើដោយសរសៃសូត្រ ហើយចាក់ស្រេះ​ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មមចុះពួកស្រីរបាំ១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាលសម្រាប់​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល ដែលគេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មានពណ៌​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១។ មនុស្សទាំងឡាយ កាលដើរទៅ​កាន់​វិហារ​ចារិក បានឃើញហើយ ក៏​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ភិក្ខុ​ទាំងឡាយ​ ក្រាប​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈឡើយ គឺអាសន្ទិ (អាសនៈ​ដែលខ្ពស់​ហួស​ប្រមាណ)១ បល្លង្ក (គ្រែ​ដែលមានជើងវិចិត្រ ​ដោយរូប​សត្វ​សាហាវ)១ គោណកៈ (ព្រំដែល​មានរោម​វែង​ជាង​៤ធ្នាប់)១ ចិត្តកៈ (កម្រាល ដែល​គេធ្វើដោយរោម​សត្វ វិចិត្រ​ដោយរូប​សត្វសាហាវ)១ បដិកៈ (កម្រាល ​ដែលមានពណ៌​ស ធ្វើ​ដោយរោមសត្វ)១ បដលិកៈ (កម្រាល ដែល​ធ្វើដោយរោមសត្វ​ជាផ្កាចង្កោម)១ តូលិកៈ (កម្រាល ដែលញាត់​ដោយគរ ជា​ប្រក្រតី)១ វិកតិកៈ (កម្រាល ដែលធ្វើ​ដោយរោមសត្វ វិចិត្រ​ដោយរូបសត្វ មានសីហៈ និង​ខ្លាធំ​ជា​ដើម)១ ឧទ្ធលោមិ (កម្រាល ដែលធ្វើ​ដោយរោមសត្វ មានរោម​ច្រាងឡើងតែម្ខាង)១ ឯកន្តលោមិ (កម្រាល ដែលធ្វើដោយ រោមសត្វ មានរោម​ច្រាងឡើង​ទាំងសងខាង)១ កដិស្ស (កម្រាល ​ដែល​ធ្វើ​ដោយ​ឌិនមាស និងសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ​)១ កោសេយ្យ (កម្រាល​ដែលធ្វើ​ដោយ​សរសៃសូត្រ ហើយចាក់ស្រេះ​ ដោយរតនៈ)១ កុត្តកៈ (កម្រាលដែលធ្វើដោយរោមសត្វ ល្មម​ពួក​ស្រីរបាំ​១៦នាក់ ឈររាំបាន)១ ហត្ថត្ថរៈ (កម្រាល​ សម្រាប់​ក្រាលលើខ្នងដំរី)១ អស្សត្ថរៈ (កម្រាល​សម្រាប់​​ក្រាល​លើខ្នងសេះ)១ រថត្ថរៈ (កម្រាល​សម្រាប់​ក្រាលលើរថ)១ អជិនប្បវេណិ (កម្រាល​ដែល​គេ​ធ្វើ​ដោយស្បែក​ខ្លា)១ កម្រាល​ដ៏ឧត្តម​ដែលគេធ្វើ​ដោយស្បែកសត្វឈ្មុស១ ខ្នើយ​មាន​ពណ៌​​ក្រហមទាំងពីរខាង (ខ្នើយក្បាល និងខ្នើយ​ជើង) ព្រមទាំងពិតាន ដែលមានពណ៌​ក្រហម១ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។

១៥៥. សព្វចម្មបដិក្ខេបោ

(១៥៥)

[៦៤] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុគិតគ្នាថា ឧច្ចាសយនៈ និងមហាសយនៈ ព្រះ​មានព្រះភាគ​ បានទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែកសត្វដ៏ធំ​ គឺស្បែកសត្វសីហៈ ស្បែក​ខ្លាធំ ស្បែកខ្លាដំបង។ ស្បែកទាំងនោះ ពួកឆព្វគ្គិយភិក្ខុ បាន​កាត់ឲ្យល្មម​នឹងគ្រែខ្លះ កាត់​ឲ្យល្មម​នឹង​តាំង​ខ្លះ ក្រាលលើគ្រែខាង​ក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលខាងលើតាំង​ខាងក្នុងខ្លះ ក្រាល​លើតាំង​ខាងក្រៅខ្លះ។ មនុស្សទាំងឡាយ ដើរ​ទៅកាន់វិហារចារិក ឃើញហើយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចពួកគ្រហស្ថ ​អ្នកបរិភោគ​នូវកាមគុណ។ ភិក្ខុទាំងឡាយ​ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្ត​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ​មិនត្រូវប្រើប្រាស់​ នូវស្បែកសត្វ​ដ៏ធំ គឺស្បែកសត្វ​សីហៈ ស្បែកខ្លាធំ ស្បែកខ្លាដំបងឡើយ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិទុក្កដ។

[៦៥] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​គិតគ្នាថា ស្បែកសត្វដ៏ធំ​ទាំងឡាយ ព្រះដ៏មានព្រះ​ភាគទ្រង់ហាមហើយ ក៏នាំគ្នាប្រើប្រាស់ស្បែក​គោទាំងឡាយវិញ។ ស្បែកគោ​ទាំងនោះ ពួក​ឆព្វគ្គិយ​ភិក្ខុ បាន​កាត់ឲ្យល្មម​នឹងគ្រែខ្លះ កាត់​ឲ្យល្មម​នឹង​តាំង​ខ្លះ ក្រាលលើគ្រែខាង​ក្នុងខ្លះ ក្រាលលើគ្រែខាងក្រៅខ្លះ ក្រាលលើតាំង​ខាងក្នុងខ្លះ ក្រាល​លើតាំង​ខាងក្រៅខ្លះ។ មិនតែ​ប៉ុណ្ណោះ មានភិក្ខុបាបមួយរូប ជាជីតុន​ របស់​ឧបាសក​បាបម្នាក់។ វេលានោះ ភិក្ខុ​បាបនោះ លុះវេលា​ព្រឹក​ព្រហាម ក៏ស្លៀកស្បង់ ហើយកាន់យកបាត្រ​និងចីវរ ហើយចូលទៅកាន់ផ្ទះ ​របស់ឧបាសក​បាប​នោះ លុះចូលទៅដល់ហើយ ក៏អង្គុយ​នៅលើអាសនៈ ​ដែលគេក្រាលទុក។ លំដាប់នោះ ឧបាសក​បាបនោះ​ បានចូលទៅរក​ភិក្ខុបាប លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ភិក្ខុបាបនោះ ហើយអង្គុយ​នៅក្នុងទីដ៏សមគួរ។ គ្រានោះឯង ឧបាសក​បាបនោះ​ មានកូនគោ១ មានរូបល្អ គួរ​នឹងរមឹលមើល នាំឲ្យកើតសេចក្តី​ជ្រះថ្លាដ៏វិចិត្រ ​ប្រហែល​នឹងកូន​ខ្លាដំបង។ វេលានោះ ភិក្ខុបាបនោះ ក៏សំឡឹង​មើល​ទៅកូនគោនោះមិនដាក់ភ្នែកសោះ។ លំដាប់នោះ ឧបាសកបាបនោះ បាននិយាយ​ពាក្យ​នេះ​នឹងភិក្ខុបាប​នោះថា បពិត្រលោកដ៏ចំរើន ហេតុអ្វី​ បានជាលោកម្ចាស់​ សំឡឹង​មើល​កូនគោនេះ​មិនដាក់​ភ្នែកសោះ។ ភិក្ខុនោះ​ប្រាប់ថា នែអ្នកដ៏មានអាយុ ដ្បិតអាត្មា​ត្រូវការ​ស្បែកកូនគោ​នេះ។ ខណៈ​នោះ ឧបាសក​បាបនោះ ក៏សម្លាប់កូនគោនោះ ហើយពន្លះយក​ស្បែក ​ប្រគេន​ទៅ​ភិក្ខុ​បាប​នោះ។ គ្រានោះ ភិក្ខុបាបនោះ ក៏​លាក់ស្បែកនោះ ​ក្នុងសង្ឃាដិ ហើយក៏ដើរទៅ។ វេលានោះ មេគោ​នោះអាល័យកូន ក៏ទៅតាមពីខាងក្រោយៗ​ភិក្ខុបាបនោះ។ ភិក្ខុទាំងឡាយ ​ក៏បាន​និយាយ​យ៉ាង​នេះ​ថា អាវុសោ ហេតុអ្វី​បានជា​មេគោនេះ​ មកតាម​ពីខាងក្រោយ​ៗលោក។ ភិក្ខុនោះ​ប្រាប់ថា អាវុសោ ខ្ញុំ​មិនដឹងជា​មេគោនេះ មកតាមខ្ញុំ​ពីខាងក្រោយៗ​ ដោយហេតុអ្វីទេ។ វេលានោះឯង សង្ឃាដិ​ របស់​ភិក្ខុបាបនោះ ​ក៏ប្រឡាក់ទៅដោយ​ឈាម។ ភិក្ខុទាំងឡាយ បាន​និយាយ​យ៉ាងនេះថា អាវុសោ សង្ឃាដិនេះ តើអ្នកធ្វើដូចម្តេច (បានជាប្រឡាក់)។ ខណៈនោះ ភិក្ខុបាបនោះ​ បានប្រាប់​សេចក្តី​នុ៎ះ​ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ ក៏​បានសួរថា អាវុសោ លោកបាន​បបួល​គេធ្វើបាណាតិបាត​ទេដឹង។ ភិក្ខុនោះឆ្លើយថា អើអាវុសោ។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំង​នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុមិនសម​បើនឹង​បបួលគេឲ្យធ្វើ​បាណាតិបាត​សោះ ក្រែងបាណាតិបាត ព្រះដ៏មានព្រះភាគ ទ្រង់តិះដៀល​ដោយអនេក​បរិយាយ ព្រះអង្គ​ ទ្រង់​សរសើរ​តែការ​វៀរចាកអំពើបាណាតិបាត​ដូច្នោះឬ។ គ្រានោះ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។

[៦៦] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃក្នុង​វេលា​នោះហើយ ទ្រង់សួរចំពោះ​ភិក្ខុបាបនោះថា ម្នាលភិក្ខុ ឮថាអ្នកឯង​បាន​បបួល​គេឲ្យធ្វើ​បាណាតិបាត ពិតមែនឬ។ ភិក្ខុបាបក្រាបទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ដ៏មានជោគ ទ្រង់បន្ទោសថា នែមោឃបុរស អ្នកឯង​មិនសម​នឹងបបួលគេឲ្យធ្វើ​បាណាតិបាត​ទេ នែមោឃបុរស ក្រែងអំពើបាណាតិបាត តថាគត បានតិះដៀល​ហើយ ដោយអនេក​បរិយាយ តថាគត​​សរសើរ​តែការ​វៀរចាក អំពើបាណាតិបាត​ ដូច្នោះទេឬ នែមោឃបុរស អំពើនេះ នឹងបាន​ដឹកនាំពួកជន ដែលមិនទាន់​ជ្រះថ្លា​ ឲ្យបានជ្រះថ្លាឡើងទេ។បេ។ លុះទ្រង់​បន្ទោសរួចហើយ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​បបួល​គេក្នុងបាណាតិបាតទេ ភិក្ខុណាបបួល ត្រូវឲ្យវិនយធរធ្វើតាមធម៌។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុមិនត្រូវប្រើប្រាស់​ស្បែកគោទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវប្រើប្រាស់​ស្បែកសត្វណាមួយទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ។ សម័យ​នោះឯង មានគ្រែ និងតាំង ដែលពួកមនុស្សបានដាសដោយស្បែក បានរួតរឹត​ដោយស្បែក។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ាន​អង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុអង្គុយលើទី​សេនាសនៈ​ ដែលជាគិហិវិក័ត (របស់ដែលគ្រហស្ថ​ធ្វើផ្សេងៗ) បាន កុំឲ្យ​តែ​ដេក។

១៥៦. គិហិវិកតានុញ្ញាតាទិ

(១៥៦)

វេលានោះឯង មានវិហារ​10) ដែលពួក​ជន​បាន​រុំចង​ដោយខ្សែស្បែក​ទាំងឡាយ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ាន​អង្គុយលើ។ ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុអង្គុយលើវិហារ ដែលគេគ្រាន់​តែចងបាន។

[៦៧] សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ​ពាក់ស្បែកជើង ហើយចូលទៅកាន់​ស្រុក។ មនុស្ស​ទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួកគ្រហស្ថ ​ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​បញ្ញត្តថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ពាក់ស្បែកជើង​ ចូលទៅកាន់ស្រុកទេ ភិក្ខុណា(ពាក់)​ចូលទៅ ត្រូវ​អាបត្តិ​ទុក្កដ។ សម័យនោះឯង មានភិក្ខុ១រូប​មានជម្ងឺ តែវៀរចាក​ស្បែកជើង ក៏​មិនអាច​នឹង​ដើរ​ចូល​ទៅកាន់​ស្រុក​បានឡើយ។ ​ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តី​នុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែលមាន​ជម្ងឺ ពាក់​ស្បែក​ជើង​ ចូលទៅកាន់ស្រុកបាន។

១៥៧. សោណកុដិកណ្ណវត្ថុ

(១៥៧)

[៦៨] សម័យនោះឯង ព្រះមហាកច្ចានៈ​ដ៏មានអាយុ គង់នៅ​លើភ្នំឈ្មោះ​បបាត ទៀបក្រុង​ឈ្មោះកុររឃរៈ ក្នុងអវន្តីជនបទ។ សម័យនោះឯង ឧបាសកឈ្មោះ​សោណកុដិកណ្ណ ​11) ជាឧបដ្ឋាករបស់​ព្រះមហាកច្ចានៈ​ដ៏មានអាយុ។ វេលានោះ ឧបាសក​ឈ្មោះសោណកុដិកណ្ណ បានចូលទៅរកព្រះមហាកច្ចានៈ​ដ៏មានអាយុ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុងទីដ៏សមគួរ។ លុះឧបាសក​ឈ្មោះសោណកុដិកណ្ណអង្គុយ​នៅក្នុងទីដ៏សមគួរហើយ ក៏បានិយាយ​ពាក្យនេះនឹង​ព្រះមហាកច្ចានៈ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​បានសំដែង​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ តែបុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្តព្រហ្មចរិយធម៌​នេះ​ឲ្យបរិបូណ៌ ពេញលេញ ឲ្យស្អាតរលីង​ ដូចជា​សង្ខ​ដែលបុគ្គល​ដុស​ខាត់​ហើយ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយស្លៀកដណ្តប់​សំពត់​កាសាយ​ទាំងឡាយ ហើយចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​បំបួស​ខ្ញុំផង។ កាលបើ​ឧបាសក​នោះនិយាយ​យ៉ាង​នេះហើយ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បាននិយាយពាក្យនេះ​នឹងសោណកុដិកណ្ណ​ឧបាសក​ថា នែសោណៈ ការប្រព្រឹត្ត​នូវ​ការដេក​តែម្នាក់ឯង បរិភោគនូវភត្ត​តែមួយពេល និងប្រព្រឹត្ត​ព្រហ្មចរិយធម៌​ ដរាប​អស់​មួយជីវិត មិនងាយ​នឹងធ្វើ​បានឡើយ នែសោណៈ ណ្ហើយចុះ អ្នកឯង​គួរ​តែនៅជាគ្រហស្ថ ប្រកបតាម​ពាក្យ​ប្រៀនប្រដៅ ​របស់​ព្រះពុទ្ធ​ទាំងឡាយ គឺ​ការដេកតែ​ម្នាក់ឯង ការ​បរិភោគ​ភត្ត​តែម្តង និងការប្រព្រឹត្ត​ព្រហ្មចរិយធម៌ សមគួរ​តាមកាល ក្នុងភេទជា​គ្រហស្ថ​នោះចុះ។ ការ​ប្រុងប្រៀប​នឹងបួស​របស់សោណកុដិកណ្ណ​ឧបាសកនោះ ក៏​បានរម្ងាប់​ស្ងប់ស្ងាត់​ទៅក្នុង​ពេល​នោះឯង។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​ពីរដង​ផង។បេ។ សោណកុដិកណ្ណ​ឧបាសក បានចូលទៅរក​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ជាគំរប់​បីដង​ផង លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចអង្គុយ​នៅក្នុង​ទីដ៏​សមគួរ។ លុះសោណកុដិកណ្ណ​ឧបាសក អង្គុយ​នៅក្នុងទី​ដ៏សមគួរហើយ ក៏បានិយាយ​ពាក្យ​នេះ​ នឹង​​ព្រះមហាកច្ចានៈ​ដ៏មាន​អាយុថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​លោកម្ចាស់​មហាកច្ចានៈ​ បាន​សំដែង​​ហើយយ៉ាងណាៗ ខ្ញុំ​ករុណាក៏ដឹង​ច្បាស់ (តែថា) បុគ្គល​ដែលនៅ​គ្រប់គ្រងផ្ទះ មិនងាយ​នឹង​ប្រព្រឹត្ត​ នូវ​ព្រហ្មចរិយធម៌​​នេះ ​ឲ្យបានពេញអស់ជើង ឲ្យបានស្អាតអស់ជើង​ ដូចជា​សង្ខ ​ដែលគេ​ដុស​​ខាត់​ហើយទេ បពិត្រលោក​ដ៏ចំរើន ឥឡូវ​ខ្ញុំករុណា​ចង់កោរសក់ និងពុកមាត់ ហើយ​ស្លៀក​ដណ្តប់​​សំពត់​កាសាយ​ ចេញចាកផ្ទះ ទៅបួស​ក្នុងភេទ​របស់​បុគ្គល​គ្មានផ្ទះ បពិត្រ​លោកដ៏​ចំរើន សូមលោកម្ចាស់​មហាកច្ចានៈ​ បំបួស​ខ្ញុំផង។ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ក៏បានបំបួស​សោណកុដិកណ្ណ​ឧបាសក ​ក្នុងវេលានោះឯង។ សម័យ​នោះឯង អវន្តិទក្ខិណាបថជនបទ មាន​ភិក្ខុតិចណាស់។ វេលានោះ ព្រះមហាកច្ចានៈ​ដ៏មានអាយុ ឲ្យប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ដែលមក​ពីទិស​នោះៗ ហើយឲ្យឧបសម្បទា​សោណៈ​ដ៏​មានអាយុ ដោយក្រ លំបាក​ពេកណាស់ លុះតែ​កន្លង​៣ឆ្នាំទៅ (ទើប​រក​គណៈសង្ឃ​បានគ្រប់ដប់)។ លំដាប់នោះ កាលសោណៈ​ដ៏មានអាយុ​ នៅចាំ​វស្សា​រួចហើយ នៅក្នុងទីស្ងាត់ លាក់ខ្លួន​សម្ងំ ក៏កើតការ​ត្រិះរិះ​ ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមានព្រះភាគ​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ​ មិនដែល​ឃើញ​ព្រះមានព្រះភាគ ​ចំពោះ​មុខសោះ។ បើឧបជ្ឈាយ៍​អនុញ្ញាតឲ្យ​អាត្មាអញទៅ អាត្មាអញ​គួរ​តែទៅ ឲ្យ​បានឃើញព្រះមានព្រះភាគ ជាអរហន្ត​សម្មាសម្ពុទ្ធ​នោះ។ គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ លុះវេលា​ថ្ងៃរសៀល ក៏ចេញ​អំពី​ទីលាក់ខ្លួនពួន​សម្ងំហើយ ចូលទៅរកព្រះមហាកច្ចានៈ​ដ៏​មាន​អាយុ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមហាកច្ចានៈ​ដ៏មានអាយុ រួចក៏​អង្គុយ​នៅក្នុង​ទីដ៏សម​គួរ។ លុះ​ព្រះសោណៈ​ដ៏មានអាយុ អង្គុយ​នៅក្នុងទៅ​ដ៏សមគួរហើយ បាននិយាយ​ពាក្យនេះ​នឹង​ព្រះមហាកច្ចានៈ​​ដ៏មានអាយុថា បពិត្រលោក​ដ៏ចំរើន កាលខ្ញុំករុណា​នៅក្នុងទីស្ងាត់ លាក់ខ្លួន ពួន​សម្ងំក្នុងទីនេះ ក៏កើតការ​ត្រិះរិះ​ក្នុងចិត្ត​យ៉ាង​នេះថា អាត្មាអញ​គ្រាន់​តែ​បានឮថា ព្រះមាន​ព្រះភាគ​​នោះ បែប​យ៉ាងនេះៗ តែអាត្មាអញ ​មិនដែល​ឃើញ​ព្រះមានព្រះភាគ​ ក្នុងទីចំពោះ​មុខ​បាន​ម្តង​សោះ បើឧបជ្ឈាយ៍​អនុញ្ញាត ឲ្យ​អាត្មាអញទៅ គួរតែអាត្មាអញទៅ ឲ្យ​បានឃើញ​ព្រះមាន​ព្រះ​ភាគ ជាអរហន្តសម្មាសម្ពុទ្ធ​នោះ បពិត្រ​លោកដ៏ចំរើន បើឧបជ្ឈាយ៍​អនុញ្ញាត​ឲ្យខ្ញុំ​ករុណាទៅ ខ្ញុំ​ករុណា​គួរ​នឹងទៅ ឲ្យបានឃើញ​ព្រះមានព្រះភាគ​ ជាអរហន្តសម្មាសម្ពុទ្ធនោះ។ ព្រះមហាកច្ចានៈ​ក៏និយាយ​តប​វិញថា នែសោណៈ ប្រពៃ​ពេកណាស់ហើយ នែសោណៈ លោកចូរ​ទៅ​គាល់​ព្រះមាន​ព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ​នោះចុះ នែសោណៈ លោកមុខជា​នឹងបានឃើញ​ព្រះមានព្រះភាគនោះ ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា គួរ​ឲ្យជ្រះថ្លា មានឥន្ទ្រិយ​រម្ងាប់ហើយ មានព្រះទ័យ​រម្ងាប់ហើយ បានដល់​នូវ​បញ្ញា​សម្រាប់​ទូន្មាន និងសមាធិ​សម្រាប់​រម្ងាប់​ដ៏ឧត្តម បានទូន្មាន​ព្រះអង្គហើយ បានរក្សាព្រះអង្គហើយ បានឈ្នះ​ឥន្ទ្រិយ​ហើយ បាន​ប្រាសចាក​កិលេស​ហើយ នែសោណៈ បើដូច្នោះ លោកចូរថ្វាយ​បង្គំ​ព្រះបាទ​ទាំងគូ ​របស់​ព្រះមានព្រះភាគ ដោយសិរសា តាមពាក្យខ្ញុំថា បពិត្រ​ព្រះអង្គដ៏​ចំរើន ឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូម​ក្រាបថ្វាយបង្គំ ​ចំពោះ​ព្រះបាទ​ទាំងគូ ​របស់ព្រះ​ដ៏មានព្រះភាគ​ដោយ​សិរសា រួច​ហើយ​ចូរលោក​ក្រាបទូល​យ៉ាងនេះ (ទៀត)​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិចណាស់ ខ្ញុំព្រះអង្គ​ប្រជុំ​ភិក្ខុសង្ឃ​មានពួក១០ ​អំពី​ប្រទេស​នោះៗ ហើយបាន​ឧបសម្បទា ​ដោយលំបាកពេកណាស់ លុះតែ​កន្លង​៣ឆ្នាំ​ទៅហើយ (ទើបស្រេច) ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ​ ឲ្យតិច​ល្មមទៅ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ​មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរទ្រង់​អនុញ្ញាត​ ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះមាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត​ ការ​ងូត​ទឹកឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកច្រើន គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅ ឈ្មោះ​ឯរគុ​12) ស្មៅឈ្មោះ​មោរគុ13) ស្មៅឈ្មោះ​មជ្ជារុ​14) ស្មៅឈ្មោះ​ជន្តុ​15) យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ ក៏មានកម្រាលស្បែក គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយ ​ប្រគេន​ចីវរ ដើម្បី​ភិក្ខុ​ដែលនៅ​ក្រៅសីមាថា យើងប្រគេន​ចីវរ​នេះ ដល់​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​ មកប្រាប់​ថា នែអាវុសោ ពួកមនុស្ស​ឈ្មោះនេះ បានប្រគេន​ចីវរ​ ដើម្បី​លោកហើយ ភិក្ខុទាំងនោះ ​ក៏រង្កៀស មិនត្រេកអរ ព្រោះយល់ឃើញថា កុំឲ្យ​ត្រូវនិស្សគ្គិយ​ ដល់​យើងឡើយ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។ ឯព្រះសោណៈ​ដ៏​មានអាយុ​ទទួល​ស្តាប់ពាក្យ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ​ដោយពាក្យថា ករុណាលោកម្ចាស់ រួច​ហើយក៏​ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមហាកច្ចានៈ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយទុក​ដាក់​គ្រឿង​សេនាសនៈ រួចកាន់​យកបាត្រនិង​ចីវរ ចេញដើរ​ដោយលំដាប់​ទៅ​ក្រុង​សាវត្ថី ក៏ចូល​ទៅរក​ព្រះមានព្រះភាគ ក្នុងវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ក្បែរ​ក្រុង​សាវត្ថី លុះចូលទៅ​ដល់ហើយ ក៏​ក្រាបថ្វាយបង្គំ​ព្រះ​មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទី​ដ៏សមគួរ។ វេលានោះ ព្រះ​មាន​ព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកថា នែអានន្ទ អ្នកចូរ​ទៅក្រាល​សេនាសនៈ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច)។ គ្រានោះ ព្រះអានន្ទ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគទ្រង់​បង្គាប់​អញ​ថា នែអានន្ទ អ្នកឯងចូរក្រាល​សេនាសនៈ ​ឲ្យអាគន្តុកភិក្ខុនេះ (បន្តិច) ចំពោះភិក្ខុណា ព្រះ​មាន​ព្រះភាគ ទ្រង់​ប្រាថ្នា​ ដើម្បីគង់​នៅក្នុងវិហារ១ ជាមួយនឹង​ភិក្ខុនោះ គឺថាព្រះមានព្រះភាគ ប្រាថ្នា​ដើម្បីគង់​នៅក្នុងវិហារ១ ​ជាមួយ​នឹងព្រះសោណៈ​ដ៏មានអាយុ លុះគិត​ដូច្នោះហើយ ក៏ក្រាល​សេនាសនៈ ​ចំពោះ​ព្រះសោណៈ​ដ៏មានអាយុ​ ក្នុងវិហារ ​ដែលព្រះមានព្រះភាគ​គង់នៅ។

[៦៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់​ក្នុងទីកណ្តាលវាល អស់រាត្រី​ជាច្រើន ទើប​យាង​ចូលទៅ​កាន់វិហារ។ ចំណែកខាង​ព្រះសោណៈ​ដ៏មានអាយុ ក៏នៅ​ក្នុងទីកណ្តាលវាល អស់​រាត្រី​ជាច្រើន ទើបចូល​ទៅកាន់វិហារដែរ។ វេលានោះ ព្រះមានព្រះភាគ ទ្រង់​ក្រោកឡើង​ក្នុងបច្ចូសសម័យនៃរាត្រី បានត្រាស់បង្គាប់​ព្រះសោណៈ​ដ៏មានអាយុថា នែភិក្ខុ អ្នកគួរ​នឹងសំដែង​ធម៌​បន្តិចទៅ។ ព្រះសោណៈ​ដ៏មានអាយុ បានទទួល​ព្រះពុទ្ធដីកា​ព្រះមានព្រះភាគ​ដោយពាក្យថា ព្រះករុណាព្រះអង្គ ហើយក៏សំដែង​នូវ​សូត្រទាំងឡាយ មាននៅក្នុងអដ្ឋកវគ្គ​ទាំងអស់ ​ដោយ​សរភញ្ញ។ លុះចប់​សរភញ្ញ​ របស់ព្រះសោណៈ​ដ៏មានអាយុ​ហើយ ព្រះ​មានព្រះភាគ ក៏បាន​អនុមោទនា​ ក្នុងខណៈ​នោះថា នែភិក្ខុ ពីរោះហើយៗ នែភិក្ខុ សូត្រទាំងឡាយ​ ដែល​មានក្នុង​អដ្ឋកវគ្គ អ្នកបានរៀន​មកត្រឹមត្រូវហើយ អ្នកបានធ្វើ​ទុកក្នុងចិត្ត​ល្អហើយ បានពិចារណា​ល្អហើយ អ្នកប្រកប​ដោយសំដី​ដ៏​ពីរោះ ​ក្បោះក្បាយ ប្រាសចាកទោស គួរនឹងញុំាង​ជនឲ្យ​បានដឹង​ច្បាស់​នូវ​សេចក្តី នែភិក្ខុ អ្នកមានវស្សាប៉ុន្មានហើយ។ ព្រះសោណៈ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ខ្ញុំព្រះអង្គ​ទើបបាន​តែ១វស្សាទេ។ ព្រះមានព្រះភាគ ទ្រង់សួរថា នែភិក្ខុ ហេតុអ្វី​បានជា​អ្នកធ្វើ​ការ​ឲ្យយឺតយូរ​យ៉ាងនេះ (ក្របួសម្ល៉េះ)។ ព្រះសោណៈ​ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ឯទោស​ក្នុងកាម​ទាំងឡាយ ខ្ញុំព្រះអង្គ​បានឃើញ​មកជាយូរហើយ តែថាធម្មតា​ ឃរាវាស មានសេចក្តី​ចង្អៀត​ចង្អល់ច្រើន មានកិច្ចច្រើន មានការងារច្រើន។ វេលានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់​សេចក្តី​នុ៎ះ​ហើយ ទើបទ្រង់​បន្លឺ​ឡើងនូវ​ឧទាន​នេះ ក្នុងវេលានោះថា

បុគ្គល​បានឃើញ​ទោសក្នុងលោកហើយ

ដឹងនូវធម៌​ដែលប្រាសចាកឧបធិក្កិលេស

ជាព្រះអរិយៈ រមែងមិនត្រេកអរ​ក្នុងបាប

ជាបុគ្គលស្អាត រមែង​មិនត្រេកអរ​ក្នុងបាប។

១៥៨. មហាកច្ចានស្ស បញ្ចវរបរិទស្សនា

(១៥៨)

[៧០] គ្រានោះ ព្រះសោណៈ​ដ៏មានអាយុ​គិតថា ព្រះមានព្រះភាគ ទ្រង់​ស្មោះសរ​នឹងអាត្មា​អញ​ដោយពិត ព្រះឧបជ្ឈាយ៍​របស់អាត្មាអញ​ បានផ្ញើពាក្យ​បណ្តាំណា កាលនេះ ជាកាលគួរ​នឹង​ក្រាបទូល​ តាមពាក្យ​បណ្តាំនោះ ទើប​ក្រោកចាក​អាសនៈ ធ្វើឧត្តរាសង្គ លើស្មាម្ខាង ហើយក្រាប​ទៀប​ព្រះបាទ​ទាំងគូ​ របស់ព្រះមានព្រះភាគ​ ដោយសិរសា ហើយក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ព្រះឧបជ្ឈាយ៍​ របស់​ខ្ញុំ​ព្រះអង្គ ​ឈ្មោះ​មហាកច្ចានៈ​ដ៏​មានអាយុ សូមឱនសិរសា​ ក្រាបថ្វាយបង្គំ​​ព្រះបាទ​ទាំងគូ​ របស់ព្រះ​ដ៏មានព្រះភាគ​​ជាម្ចាស់ ម្យ៉ាងទៀត លោកឲ្យខ្ញុំព្រះអង្គ​​ក្រាបទូល​យ៉ាងនេះ​ថា បពិត្រព្រះអង្គ​ដ៏ចំរើន ដែន​អវន្តិទក្ខិណាបថ មានភិក្ខុ​តិច (ចាប់ដើម​តាំងពីខ្ញុំ​ព្រះអង្គ​បានបួស​ជាសាមណេរ) កន្លងទៅ៣ឆ្នាំហើយ ទំរាំ​ប្រជុំ​ភិក្ខុសង្ឃ​បាន១០រូប ដែលមកពីទិស​នោះៗ ហើយទើបបាន​ឧបសម្បទា ​ដោយលំបាកពន់​ពេក​ណាស់ ធ្វើម្តេចហ្ន៎ ព្រះមានព្រះភាគ គួរ​ទ្រង់​អនុញ្ញាត ​នូវ​ឧបសម្បទា ​ក្នុងដែន​អវន្តិទក្ខិណាបថ ដោយគណៈសង្ឃ តិចជាងមុន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ​ មានផែនដី​ខ្មៅស្អិត គ្រោតគ្រាត រឹងរដិបរដុប ​ដោយស្នាម​ជើងគោ ធ្វើម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរទ្រង់​អនុញ្ញាត ​ស្បែកជើង​៤ជាន់​ឡើងទៅ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ រាប់អាន​ការ​ងូត​ទឹក​ណាស់ ប្រកប​ដោយសេចក្តី​ស្អាត​ព្រោះទឹក ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរទ្រង់​អនុញ្ញាត ​ការ​ងូត​ទឹក ឲ្យបាន​ជានិច្ច​ ក្នុងដែន​អវន្តិទក្ខិណាបថ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មាន​កម្រាល​ស្បែកទាំងឡាយ គឺស្បែក​ចៀម ស្បែកពពែ ស្បែកម្រឹគ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមជ្ឈិមជនបទ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ បពិត្រព្រះអង្គដ៏ចំរើន ក្នុងដែនអវន្តិទក្ខិណាបថ មានកម្រាលគេធ្វើ​ដោយស្បែកទាំងឡាយ គឺ​ស្បែកចៀម ស្បែក​ពពែ ស្បែកម្រឹគ​ ក៏ដូច្នោះដែរ ធ្វើម្តេចហ្ន៎ ព្រះដ៏មាន​ព្រះភាគ គួរ​ទ្រង់​អនុញ្ញាត​កម្រាលទាំងឡាយ​ ដែល​គេធ្វើដោយ​ស្បែក គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក្នុងដែនអវន្តិទក្ខិណាបថ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ក្នុងកាលឥឡូវនេះ មនុស្សទាំងឡាយ​ គេប្រគេន​ចីវរ ដើម្បីពួក​ភិក្ខុ ​ដែលនៅ​ក្រៅសីមាថា យើងនឹងប្រគេន​ចីវរ​នេះ ដើម្បី​ភិក្ខុ​ឈ្មោះនេះ ភិក្ខុទាំងនោះ​មកហើយ ប្រាប់​ថា នែអាវុសោ ពួកមនុស្ស​​ឈ្មោះនេះ បានប្រគេន​ចីវរ​​ចំពោះ​លោក ភិក្ខុទាំងនោះ​ក៏រង្កៀស មិនត្រេកអរ ដោយ​គិត​ថា កុំឲ្យ​មាននិស្សគ្គិយ ​ដល់​យើងឡើយ ធ្វើដូចម្តេចហ្ន៎ ព្រះដ៏មានព្រះភាគ គួរ​ទ្រង់​ប្រាប់​របៀប​ប្រតិបត្តិ​ក្នុងចីវរ។

[៧១] ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​នូវធម្មីកថា​ក្នុងវេលានោះ រួច​ទ្រង់ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ ដែនអវន្តិទក្ខិណាបថ មានភិក្ខុតិច ម្នាល​ភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទ ​16) ទាំងអស់ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​17) ជាគំរប់​ប្រាំបាន។ បណ្តាជនបទ​ទាំងនោះ ជនបទ​ទាំងឡាយនេះ ដែលជា​បច្ចន្តិមជនបទ គឺក្នុងទិសខាងកើត មាននិគមឈ្មោះ​កជង្គល ខាងនាយកជង្គលនិគម​នោះ មាននិគម​ឈ្មោះ​មហាសាលា ខាងនាយ​និគម​ឈ្មោះ​មហាសាលានោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជា​មជ្ឈិមជនបទ។ ក្នុងទិស​អាគ្នេយ៍ មានស្ទឹងឈ្មោះ​សល្លវតី ខាងនាយ​ស្ទឹង​សល្លវតីនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងត្បូង មាននិគម​ឈ្មោះ​សេតកណ្ណិក ខាងនាយ​សេតកណ្ណិកនិគមនោះ ហៅថា​បច្ចន្តិមជនបទ ខាង​អាយ​ចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាងលិច មានស្រុកព្រាហ្មណ៍​ ឈ្មោះថូនគ្រាម ខាងនាយ​ស្រុក​ថូនគ្រាមនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិមជនបទ។ ក្នុងទិសខាង​ជើង មានភ្នំឈ្មោះ​ឧសីរធជ ខាងនាយភ្នំនោះ ហៅថា​បច្ចន្តិមជនបទ ខាងអាយចូលមក ជាមជ្ឈិម​ជនបទ។ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងឡាយ​បែបនេះ តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយគណៈសង្ឃ មានវិនយធរ​ជាគំរប់៥បាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានផែនដីខ្មៅស្អិត រឹងគ្រោតគ្រាត រដិបរដុប​ដោយស្នាមជើងគោ ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាតស្បែកជើង​៤ជាន់​ឡើងទៅ។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ ពួកមនុស្ស​ច្រើនរាប់អាន​ការងូតទឹក ប្រកបដោយ​សេចក្តី​ស្អាត​ព្រោះទឹក ម្នាលភិក្ខុទាំងឡាយ ក្នុងបច្ចន្តិមជនបទទាំងអស់ តថាគត​អនុញ្ញាត​នូវការងូតទឹក​បានជានិច្ច។ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែក​ទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ម្នាលភិក្ខុទាំងឡាយ ក្នុងមជ្ឈិមជនបទ​ទាំងឡាយ មានស្មៅឈ្មោះ​ឯរគុ ស្មៅឈ្មោះ​មោរគុ ស្មៅឈ្មោះ​មជ្ជារុ ស្មៅឈ្មោះ​ជន្តុ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ក្នុងដែន​អវន្តិទក្ខិណាបថ មានកម្រាល​ស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ក្នុង​បច្ចន្តិមជនបទ​ទាំងអស់ តថាគត​អនុញ្ញាតកម្រាលស្បែកទាំងឡាយ គឺស្បែកចៀម ស្បែកពពែ ស្បែកម្រឹគ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួក​មនុស្ស​ប្រគេន​ចីវរ​ដើម្បី​ភិក្ខុទាំងឡាយ ដែល​នៅក្រៅសីមាថា យើងប្រគេនចីវរ​នេះ ចំពោះ​ភិក្ខុឈ្មោះនេះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរបាន ចីវរ​មិនទាន់​មកដល់ដៃ​ដរាបណា ចីវរ​នោះ ភិក្ខុ​មិនត្រូវ​រាប់​តាម​កំណត់​ថ្ងៃ ​18) ​ដរាបនោះ។

ចប់ ចម្មក្ខន្ធកៈ ទី៥។

ក្នុងខន្ធកៈនេះ មាន​និទាន​៦៣។

ឧទ្ទាន​នៃចម្មក្ខន្ធកៈ​នោះ គឺ

១៥៩. តស្សុទ្ទានំ

(១៥៩)

[៧២] រឿង​ព្រះបាទ​មាគធៈ ជាធំលើអ្នកស្រុក​៨ម៉ឺន១ រឿង​សោណសេដ្ឋីបុត្រ១ រឿង​សាគតភិក្ខុ​សំដែង​ឥទ្ធិបាដិហារ្យ ជាឧត្តរិមនុស្សធម៌ច្រើន លើភ្នំគិជ្ឈកូដ១។ រឿង​សោណភិក្ខុ​បួសហើយ ប្រារព្ធព្យាយាម​ក្រៃពេក បាទាក៏បែក១ រឿង​ព្រះដ៏មានព្រះភាគ ទ្រង់ទូន្មាន​ឲ្យ​សោណភិក្ខុតាំង​ព្យាយាម​តាមខ្សែពិណ១ រឿង​ព្រះដ៏មានព្រះភា​គ ទ្រង់អនុញ្ញាត​ស្បែកជើង​មួយជាន់១ រឿងព្រះដ៏មានព្រះភាគ ទ្រង់ហាមស្បែកជើង​ពណ៌ខៀវ ពណ៌លឿង ពណ៌ក្រហម ពណ៌​ហង្សបាទ ពណ៌ខ្មៅ។ ស្បែកជើងពណ៌​ក្រហមក្រមៅ (ដូចខ្នងក្អែប) និងពណ៌​លឿងទុំ (ដូចផ្កាឈូក)១ រឿង​ទ្រង់​ហាមខ្សែស្បែកជើង ​មានពណ៌​ខៀវ​ជាដើម១ រឿងទ្រង់​ហាមស្បែក​ជើង​បិទកែងជើង១ រឿង​ទ្រង់ហាមស្បែកជើង​ ស្រោបជើងទាំងអស់​ រហូត​ស្មងជើង១ រឿង​ទ្រង់ហាម​ស្បែកជើង​ ដែលគេក្រង ​ជារបៀប​បិទខ្នងជើង១ រឿងទ្រង់ហាមស្បែកជើងញាត់ដោយ​គរ១ រឿងទ្រង់ហាមស្បែកជើងមានពណ៌​វិចិត្រ ​ដូចស្លាប​សត្វទទា១ រឿងទ្រង់ហាមស្បែកជើង​មានខ្សែ​មានសណ្ឋាន​ដូចស្នែងកែះ១ រឿងទ្រង់ហាមស្បែកជើង ​មានខ្សែមានសណ្ឋាន​ ដូចស្នែង​ពពែ១។ រឿងទ្រង់ហាមស្បែកជើង មានខ្សែងរ មានសណ្ឋាន​ ដូច​កន្ទុយ​សត្វខ្ទួយ១ រឿងទ្រង់ហាមស្បែកជើង ដែលចាក់ស្រេះ​ ដោយព្រុយ​កន្ទុយ​សត្វក្ងោក១ រឿងទ្រង់ហាមស្បែកជើងដ៏​វិចិត្រ​ផ្សេងៗ១ រឿងទ្រង់ហាមស្បែកជើង ​ដែលចំជាយ​ដោយ​ស្បែកសត្វសីហៈ សត្វខ្លាធំ សត្វខ្លាដំបង សត្វខ្លារខិន១ ស្បែកភេ ស្បែកឆ្មា ស្បែក​កង្ហែន ស្បែក​មៀម១។ រឿងទ្រង់អនុញ្ញាត​ស្បែកជើង៤ជាន់​ឡើងទៅ ដល់ភិក្ខុ​មានបាតជើង​បែក១ រឿង​ភិក្ខុ​មានដំបៅ​លេចនៅ​បាតជើង១ រឿង​ភិក្ខុមិនលាងជើង ហើយជាន់លើ​គ្រែតាំង១ រឿង​ភិក្ខុជាន់​លើដង្គត់ឈើ១ រឿង​ឆព្វគ្គិយភិក្ខុ​ ពាក់ទ្រនាប់ជើងឈើ ឮសំឡេង​ខដខដ១ រឿង​ឆព្វគ្គិយភិក្ខុ​ប្រើប្រាស់​ទ្រនាប់​ជើងស្លឹក​ត្នោត១ រឿង​ឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ទ្រនាប់ជើង​ស្លឹក​ឫស្សី១ រឿង​ឆព្វគ្គិយភិក្ខុ​ ធ្វើទ្រនាប់ជើងស្មៅ១… ស្មៅយាប្ល៉ង១… ស្មៅដំណេកទន្សាយ១… ទន្សែ១។ …ស្មៅ​មានពណ៌ដូច​ផ្កាឈូក១ …សំពត់រោមសត្វ១ មាស១ ប្រាក់១ កែវមណី១ កែវពិទូរ្យ១ កែវផ្លេក១ សំរឹទ្ធ១ កែវកញ្ចក់១ សំណប៉ាហំាង១ សំណភក់១ ទង់ដែងមួយ។ រឿង​ឆព្វគ្គិយភិក្ខុ​ចាប់​អាវយវៈ​មេគោ មានស្នែងជាដើម១ រឿង​ឆព្វគ្គិយភិក្ខុជិះយាន១ រឿងភិក្ខុឈឺ១ រឿង​ព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត​យានទឹម​ដោយបុរស ឬសត្វឈ្មោល១ រឿង​ព្រះសម្ពុទ្ធ ទ្រង់អនុញ្ញាត​គ្រែស្នែង១ រឿង​ឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ឧច្ចាសយនៈ និងមហាសយនៈ១ រឿង​ឆព្វគ្គិយភិក្ខុ ​ប្រើប្រាស់​ស្បែកសត្វ​ធំ១ រឿង​ឆព្វគ្គិយភិក្ខុ ​ប្រើប្រាស់​ស្បែកគោ១ រឿង​ភិក្ខុលាមក​ ជាជីតុន ​របស់ឧបាសក​លាមក១។ រឿង​ព្រះមានព្រះភាគ​ ទ្រង់អនុញ្ញាត​ ឲ្យភិក្ខុអង្គុយលើស្បែក ដែលគ្រហស្ថ​ធ្វើប្លែក១ រឿង​វិហារ​ដែលគេ​រុំចង​ ដោយខ្សែស្បែក១ រឿង​ឆព្វគ្គិយភិក្ខុ ពាក់​ស្បែកជើង​ចូលទៅ​កាន់ស្រុក១ រឿងព្រះសម្ពុទ្ធ​ទ្រង់​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ពាក់ស្បែកជើង ​ចូលទៅកាន់​ស្រុកបាន១ រឿង​ព្រះមហាកច្ចានៈ១ រឿង​ព្រះសោណត្ថេរ​ សំដែង​សូត្រប្រកបដោយ​វគ្គ៨ ដោយសរគឺសម្លេង១។ រឿង​ព្រះសម្ពុទ្ធ​ ទ្រង់​អនុញ្ញាត​ នូវឧបសម្បទាកម្ម​ ដោយភិក្ខុ​៥រូប១ ស្បែកជើង៤ជាន់​ឡើងទៅ១ ការងូតទឹក​ជានិច្ច១ កម្រាលស្បែក១ ទ្រង់​អនុញ្ញាត​ ឲ្យភិក្ខុត្រេកអរ​នឹងចីវរ បើមិនទាន់ដល់ដៃទេ មិនត្រូវ​ឲ្យរាប់​រាត្រី​ឡើយ១ ព្រះមានព្រះភាគ​ ជានាយក ទ្រង់ប្រទាន​ពរ​ទាំង៥នេះដល់​ព្រះសោណត្ថេរហើយ។

 

ខន្ធកៈ ទី១ | ទី២ | ទី៣ | ទី៤ | ទី៥ | ទី៦ | ទី៧ | ទី៨ | ទី៩ | ទី១០

លេខយោង

1)
(អដ្ឋកថា) សំដៅយក​អំពើទាំងឡាយ មានការភ្ជួរស្រែ និងលក់ដូរ​ជាដើម ដែលប្រកប​ដោយធម៌ និងចិញ្ចឹមមាតាបិតា​ដែលប្រកបដោយធម៌។
2)
អដ្ឋកថា ថា ផែនថ្មមានសណ្ឋានដូចព្រះចន្ទពាក់កណ្តាលវង់ នៅខាងក្រោមជណ្តើរ។
3)
កិលេស​១០យ៉ាង និងខន្ធ៥ ជាដើម ឈ្មោះថា ភារៈ គឺគ្រឿង​ធ្ងន់ ដែលហៅថា​មានភារៈ​ដាក់ចុះហើយ គឺអស់​រវល់​ដោយកិលេស និងខន្ធ​ជាដើមនោះតទៅទៀត។
4)
អដ្ឋកថា ថា បានចាក់ធ្លុះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់​នូវព្រះអរហត្ត។
5)
(អដ្ឋកថា) បុគ្គល​ដែល​មិនញាប់ញ័រ​ដោយសេចក្តី​ត្រេកអរ និង​សេចក្តី​អន់ចិត្ត ក្នុងអារម្មណ៍​ជាទីគាប់ចិត្ត និងអារម្មណ៍​មិនជាទីគាប់ចិត្ត។
6)
អដ្ឋកថា កែមហាខន្ធកៈ ពន្យល់​សេចក្តីថា អធិសីល បានខាង​បាតិមោក្ខសីល។ អធិចិត្ត​ បានខាង​ សមាធិភាវនា​ជាលោកិយ។ អធិប្បញ្ញា បានខាង​មគ្គភាវនា​ជាលោកុត្តរ។
7)
ត្រូវសម្រេច​អាបត្តិ​តាម​សញ្ចិច្ចបាណសិក្ខាបទ សប្បាណវគ្គ​បាចិត្តិយកណ្ឌ។ ក្នុងខន្ធកៈ​ទាំងអស់ មានបំណងប្រាប់​តែ​អាបត្តិ​ដែលមាន​ក្រៅបាតិមោក្ខ បើកន្លែងណា​មាននិយាយ​ជាប់​ទាក់ទង​ដោយ​អាបត្តិក្នុង​បាតិមោក្ខផងនោះ គ្រាន់តែមានប្រាប់ថា ត្រូវធ្វើតាមធម៌ៗ យ៉ាងនេះ ព្រោះបាននិយាយ​រួច​មកហើយ។​
8)
អដ្ឋកថា ថា យាន​ដែលសម្រាប់​អូស ឬរុញ​ដោយដៃ ទុកជាប្រុសក្តី ស្រីក្តី អូស ឬរុញទៅ ក៏គួរ។
9)
រតនៈ សំដៅយកកែវ​មុក្តា កែវមណី សង្ខ ថ្ម មាស និងប្រាក់​ជាដើម។
10)
សំដៅយក​ទីនៅ ដូចកុដិ និងសាលាជាដើម។
11)
ឧបាសក​ឈ្មោះ​សោណៈ តែងពាក់គ្រឿង​ប្រដាប់​ត្រចៀក មានដម្លៃ​មួយកោដិ បានជាគេ​ហៅថា កុដិកណ្ណ ជាប់ផង (អដ្ឋកថា)
12)
១.២.៣.៤ តាមអដ្ឋកថា ថា ស្មៅទាំង៤យ៉ាងនេះ គេ​តែង​យក​មកធ្វើជា​កន្ទេល​រឹងខ្លះ កន្ទេលទន់ខ្លះ ឯស្មៅ​ឈ្មោះ​ឯរគុ​មានសម្ផស្ស​រឹង គ្រោតគ្រាត ស្មៅឈ្មោះ​មោរគុ​នោះ ​មានចុង​ក្រហម មានសាច់​ល្អិតទន់ មានសម្ផស្ស​ស្រួល គេតែង​យក​មក​ធ្វើ​ជាកន្ទេល​ទន់​សម្រាប់ដេក កាលបើដេក​សង្កត់​ទៅហើយ លុះក្រោកចេញ ក៏ប៉ោងឡើងវិញ ឯស្មៅ​ឈ្មោះ​មជ្ជារុនោះ គេ​យក​មកធ្វើជា​សំពត់​សាដក​ក៏បាន ស្មៅឈ្មោះ​ជន្តុនោះ មានពណ៌​ដូចកែវមណី។
13)
14)
15)
16)
សំដៅយក​ប្រទេស​ ជាខាងក្រៅពី​មជ្ឈិម​ប្រទេស។
17)
សំដៅយកគ្រូសូត្រ
18)
តាមធម្មតា ក្នុងមជ្ឈិមបទេស ភិក្ខុបានទទួល​ចីវរ​ក្តី បានដឹង​ដំណឹង​ចីវរ​ដែល​គេ​មិនប្រគេនក្តី ភិក្ខុត្រូវរាប់​ថ្ងៃ​តាំង​តែបាន​ទទួល ឬបានដឹងដំណឹង​នោះ បើភិក្ខុ​មិនបាន​វិកប្ប ឬ​មិនបាន​អធិដ្ឋាន​ឲ្យហួស​កំណត់​១០ថ្ងៃទៅ ចីវរនោះ​ជានិស្សគ្គិយ ឯបច្ចន្តិមជនបទ តាមពុទ្ធានុញ្ញាតនេះ បើចីវរ​មិនទាន់ដល់ដៃ ភិក្ខុ​មិនបាច់​រាប់ថ្ងៃឡើយ។
km/tipitaka/vin/mv/vin.mv.05.txt · ពេលកែចុងក្រោយ: 2023/01/30 02:55 និពន្ឋដោយ Johann