User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06

មាតិកា

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ

ភេសជ្ជក្ខន្ធកៈ (ទី៦)

សង្ខេប

?

mv 06 បាលី cs-km: vin.mv.06 អដ្ឋកថា: vin.mv.06_att PTS: ?

ភេសជ្ជក្ខន្ធកៈ (ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦. ភេសជ្ជក្ខន្ធកោ)

១៦០. បញ្ចភេសជ្ជកថា

(១៦០)

[៧៣] សម័យនោះ ព្រះពុទ្ធដ៏មានព្រះភាគ គង់នៅវត្ត​ជេតពន​របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ គ្រានោះឯង ពួក​ភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាល​1) បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ។ ព្រោះហេតុនោះ ពួក​ភិក្ខុទាំងនោះក៏​មានខ្លួនស្គាំងស្គម​សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះដ៏មានព្រះភាគ​បានទតឃើញ​ភិក្ខុទាំងនោះ​ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ លុះទតឃើញ​ហើយ ក៏ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុ​មកថា ម្នាលអានន្ទ ក្នុងពេលនេះ ហេតុដូចម្តេច​បានជា​ពួក​ភិក្ខុ​ស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះអានន្ទ​ក្រាបទូលថា បពិត្រព្រះអង្គ​ដ៏ចំរើន ឥឡូវនេះ ពួក​ភិក្ខុ​កើត​អាពាធ (ប្រមាត់) ក្នុងសរទកាល បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះ បានជា​ភិក្ខុទាំងនោះស្គំាងស្គម ​សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ គ្រានោះ ព្រះ​មានព្រះភាគ ទ្រង់​គង់​សម្ងំ​នៅក្នុងទីស្ងាត់ ក៏មានព្រះ​ហឫទ័យ​ត្រិះរិះ​ដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាល បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះហើយ បានជា​ភិក្ខុទាំងនោះ ទៅជាស្គាំងស្គម ​សៅហ្មង មាន​សម្បុរ​​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ (ឥឡូវ) វត្ថុដែល​ជាភេសជ្ជៈ​ក៏មាន វត្ថុដែលគេសន្មត​ថាជាភេសជ្ជៈ​ក៏មាន វត្ថុដែលផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោក ក៏មាន វត្ថុដែលជា​​អាហារ​មិនបានគ្រោតគ្រាត ក៏មាន តើគួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច ទើបសមគួរ​ជាភេសជ្ជៈ​ដល់ភិក្ខុទាំងឡាយហ្ន៎។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់​ត្រិះរិះ​ដូច្នេះថា ភេសជ្ជៈ​ទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ វត្ថុ​ទាំងនេះ ជាភេសជ្ជៈ​ផង ដែលគេ​សន្មត​ថាជាភេសជ្ជៈ​ផង ផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោកផង ​ជាអាហារ​មិនបានគ្រោតគ្រាតផង បើដូច្នោះ មានតែតថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥​នេះដល់​ពួកភិក្ខុ​ ដើម្បី​ឲ្យភិក្ខុ​ទទួល​ក្នុងកាលគួរ ឆាន់ក្នុង​កាលគួរ​2) ​បាន។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ចេញ​អំពីទីសម្ងំ ក្នុងទីស្ងាត់ នៅវេលា​សាយណ្ហសម័យ ហើយទ្រង់​ធ្វើ​ធម្មីកថា រួចត្រាស់​ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ក្នុងវេលានេះ តថាគត​សម្ងំ​នៅក្នុងទីស្ងាត់ មានចិត្តត្រិះរិះ​ដូច្នេះថា ឥឡូវនេះ ពួកភិក្ខុកើត​អាពាធ (ប្រមាត់) ក្នុងសរទកាលហើយ បបរ​ដែល​ហុតទៅ ក៏ចង្អោរ​ចេញមកវិញ បាយដែល​ឆាន់ទៅ ក៏ចង្អោរ​ចេញមកវិញ ព្រោះអាពាធនោះ ទើបបានជា​ភិក្ខុទាំងនោះ​ស្គាំងស្គម ​សៅហ្មង មាន​សម្បុរ​​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ វត្ថុខ្លះ​ជាភេសជ្ជៈ វត្ថុខ្លះដែលគេសន្មត​ថាជាភេសជ្ជៈ វត្ថុខ្លះផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោក វត្ថុខ្លះជា​​អាហារ​មិន​បាន​គ្រោត​គ្រាត តើគួរ​តថាគត​អនុញ្ញាត​វត្ថុ​ដូចម្តេច ទើបសមគួរ​ជាភេសជ្ជៈ​ដល់ភិក្ខុទាំងឡាយហ្ន៎ ម្នាលភិក្ខុទាំងឡាយ តថាគតឯង មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ភេសជ្ជៈ​ទាំង៥នេះគឺ ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ របស់​ទាំងនេះ ជាភេសជ្ជៈ​ផង ដែលគេ​សន្មត​ថា​ជា​ភេសជ្ជៈ​​ផង ផ្សាយទៅ​សម្រាប់​ជាអាហារ​របស់​មនុស្ស​លោកផង ​ជាអាហារ​មិនបាន​គ្រោត​គ្រាត​ផង បើដូច្នោះ មានតែតថាគត​អនុញ្ញាត​ភេសជ្ជៈ​ទាំង៥​នេះ ដល់​ភិក្ខុ​ទាំងឡាយ​ ដើម្បី​ឲ្យភិក្ខុ​ទទួល​ក្នុងកាលគួរ បរិភោគក្នុង​កាលគួរ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ទទួល​ភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ បរិភោគ​ក្នុងកាលគួរ។

[៧៤] សម័យនោះឯង ពួកភិក្ខុ​ទទួលភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ។ សូម្បីភោជន​ដ៏ស្និទ្ធ ក៏មិនត្រូវមាត់3) របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់​និយាយ​ឡើយដល់​ភោជន​ប្រក្រតី ដែលជាវត្ថុ​សៅហ្មង។ ដោយអាពាធ (ប្រមាត់) កើតឡើង​ក្នុងសរទកាល​នោះផង ដោយភត្ត​ដែល​មិនរលួយ​នេះផង ភិក្ខុទាំងនោះ ក៏រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ ព្រោះហេតុ​ទាំងពីរនោះ។ ព្រះមានព្រះភាគ ទ្រង់បានទត​ឃើញ​ភិក្ខុ​ទាំងនោះ រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ លុះទតឃើញហើយ ក៏ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុថា ម្នាលអានន្ទ ឥឡូវ​នេះ ហេតុដូចម្តេច បានជាពួកភិក្ខុ​រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ។ ព្រះអានន្ទ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកភិក្ខុ​ទទួលភេសជ្ជៈ​ទាំង៥នោះ ក្នុងកាលគួរ ឆាន់ក្នុងកាលគួរ សូម្បី​ភោជន​​ដ៏ស្និទ្ធ ក៏មិនត្រូវមាត់​របស់ភិក្ខុទាំងនោះទៅហើយ កុំចាំបាច់​និយាយ​ឡើយដល់​ភោជន​ប្រក្រតី ដែលជាវត្ថុ​សៅហ្មង ដោយអាពាធ (ប្រមាត់) ដែលកើតឡើង​ក្នុងសរទកាល​នោះផង ដោយភត្ត​ដែល​មិនរលួយ​នេះផង ភិក្ខុទាំងនោះ ក៏រឹង​រឹត​តែ​មានខ្លួន​ស្គាំងស្គម សៅហ្មង មានសម្បុរ​អាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួន​រវាម​ដោយសរសៃ ព្រោះហេតុ​ទាំងពីរនោះ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយ​ត្រាស់ហៅភិក្ខុ​ទាំងឡាយ​មកក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទទួល​ភេសជ្ជៈទាំង៥​នោះ ឆាន់ក្នុង​កាលគួរ​ក៏បាន ក្នុងកាល​មិនគួរ​ក៏បាន​។4)

[៧៥] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ ត្រូវការដោយ​ខ្លាញ់ជាថ្នាំ។ ពួក​ភិក្ខុក្រាប​បង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លាញ់ ជាភេសជ្ជៈ គឺខ្លាញ់ខ្លាឃ្មុំ ខ្លាញ់ត្រី ខ្លាញ់ក្រពើ ខ្លាច់ជ្រូក ខ្លាញ់លា ដែលភិក្ខុ​ទទួល​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ សម្រាប់ឲ្យភិក្ខុ​ប្រើប្រាស់​ដោយវិធី​ប្រើប្រាស់​ដូចប្រេង (ជា​សត្តាហកាលិក)​បាន​។5) ម្នាលភិក្ខុ​ទាំងឡាយ បើ​ខ្លាញ់ដែលភិក្ខុបាន​ទទួល​ក្នុង​កាលមិនគួរ ចំអិន​ក្នុងកាលមិនគួរ លាយគ្នា​ក្នុងកាល​មិន​គួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដបី។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ តែចំអិន​ក្នុងកាលមិនគួរ លាយគ្នាក្នុងកាលមិនគួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាលភិក្ខុទាំងឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ តែលាយគ្នាក្នុងកាលមិនគួរ បើភិក្ខុ​ប្រើប្រាស់ខ្លាញ់នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាលភិក្ខុ​ទាំង​ឡាយ បើខ្លាញ់ដែលភិក្ខុ​ទទួល​​ក្នុង​កាលគួរ ចំអិន​ក្នុងកាលគួរ លាយគ្នាក្នុងកាលគួរ បើភិក្ខុ​ប្រើប្រាស់​ខ្លាញ់នោះ មិនត្រូវអាបត្តិឡើយ។

១៦១. មូលាទិភេសជ្ជកថា

(១៦១)

[៧៦] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយឫស ឬមើមជា​ភេសជ្ជៈ។​ ​ភិក្ខុទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតនូវ​ឫស ឬមើមជាភេសជ្ជៈ គឺមើមរមៀត មើមខ្ញី មើមលំពាន់ មើម​ប្រស់ មើមអាច់ឆ្ពឹស មើមរំដេង មើមស្បូវភ្លាំង មើមស្មៅ​ក្រវាញជ្រូក ម្យ៉ាងទៀត មើម​ដទៃ​ណា ជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុ​ទទួលមើមទាំងឡាយនោះ ហើយរក្សាទុក​ ដរាប​ទាល់អស់បាន កាលបើ​មានហេតុ ទើប​ភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការ ដោយម្សៅជា​ភេសជ្ជៈ ដែលកើត​អំពី​ឫស ឬមើម។​ ​ពួកភិក្ខុ ក្រាបទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតថ្មកិន និង​កូនថ្មកិន។

[៧៧] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយទឹកចត់ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតទឹកចត់ ជាភេសជ្ជៈ គឺទឹកចត់​ កើត​អំពី​ដើមស្តៅ ទឹកចត់​កើត​អំពី​ដើមខ្លែងគង់ ទឹកចត់​កើត​អំពី​ដើមអម្បែងថ្ងៃ ទឹកចត់​កើត​អំពី​វល្លិ៍បណ្តូលពេជ្រ ទឹកចត់​កើត​អំពី​ដើមទន្លា ឬថ្ងាន់ ម្យ៉ាងទៀត ទឹកចត់​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ទឹក​ចត់ទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៨] សម័យនោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយស្លឹកឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតស្លឹកឈើ ជាភេសជ្ជៈ គឺស្លឹកស្តៅ ស្លឹកខ្លែងគង់ ស្លឹកអម្បែងថ្ងៃ ស្លឹក​ម្រះព្រៅ ឬជីរលីងលាក់ ស្លឹកកប្បាស ម្យ៉ាងទៀត ស្លឹក​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ស្លឹក​ទាំង​នោះ ហើយទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៧៩] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយផ្លែឈើ ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតផ្លែឈើ​ជាភេសជ្ជៈ គឺផ្លែពិលង្គ ផ្លែដីប្លី ផ្លែម្រេច ផ្លែសម៉ ផ្លែសម៉ពីភេក ផ្លែកន្ទួតព្រៃ ផ្លែក្រវ៉ាញ ម្យ៉ាងទៀត ផ្លែឈើ​ដទៃ​ណាជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​ផ្លែឈើទាំងឡាយនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨០] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយជ័រឈើ​ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតជ័រឈើ​ជាភេសជ្ជៈ គឺជ័រ​ដែលហូរចេញ​អំពី​ដើមហិង្គុ១ ជ័រ​ដែលគេ​យកស្លឹក និងមែកហិង្គុ​មករំងាស់១ ជ័រ​ដែលគេយក​តែស្លឹក​ហិង្គុ​តែម្យ៉ាង​មករំងាស់១ (ជ័រ​ទាំង៣​យ៉ាងនេះ ជាជាតិ​ហិង្គុ​ទាំងអស់) ជ័រ​ដែលហូរចេញ​អំពី​ត្រួយឈើ១ ជ័រ​ដែលហូរចេញ​អំពី​ស្លឹកឈើ១ ជ័រ​ដែលគេបេះ​ស្លឹកឈើ​យកមកធ្វើ១ កំញាន១ ម្យ៉ាងទៀត ជ័រឈើ​ដទៃ​ណា​ដែលជា​ភេសជ្ជៈ មិនផ្សាយទៅ​ដើម្បីខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុង​ភោជនីយៈ ឲ្យភិក្ខុទទួលជ័រឈើទាំងនោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើគ្មានហេតុទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨១] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយអំបិល ជា​ភេសជ្ជៈ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតអំបិល​ជាភេសជ្ជៈ គឺអំបិលកើត​ក្បែរឆ្នេរ​សមុទ្ទ មានបែបដូច​ដីខ្សាច់ អំបិល​មានពណ៌ខ្មៅ (អំបិល​ប្រក្រតី) អំបិល​មានពណ៌​ស កើតលើភ្នំ អំបិល​ដែល​មានពន្លក​ដុះ​អំពី​ផែនដី (អំបិល​ដែលកើត​អំពី​អាចម៍ដី​មានរសប្រៃ) អំបិល​មានពណ៌ក្រហម​ដែល​គេចំអិន​ជាមួយ​នឹងគ្រឿង​សម្ភារៈ​ទាំងពួង ម្យ៉ាងទៀត អំបិល​ដទៃ​ណាដែលជាភេសជ្ជៈ មិនផ្សាយទៅ​ដើម្បី​ខាទនីយៈ ក្នុងខាទនីយៈ មិនផ្សាយទៅ​ដើម្បី​ភោជនីយៈ ក្នុងភោជនីយៈ ឲ្យភិក្ខុទទួល​អំបិល​ទាំង​នោះ ហើយ​រក្សាទុក​ដរាប​ទល់អស់បាន កាលបើមានហេតុ ទើបភិក្ខុឆាន់បាន កាលបើ​គ្មាន​ហេតុ​ទេ ហើយ​ភិក្ខុឆាន់ ត្រូវអាបត្តិ​ទុក្កដ។

[៨២] សម័យនោះឯង ព្រះវេលដ្ឋសីសៈដ៏មានអាយុ​ ជាឧបជ្ឈាយ៍​របស់ព្រះអានន្ទ​ដ៏មានអាយុ​ កើតបូសធំ។ ចីវរដែល​ប្រឡាក់​ដោយទឹក​រំអិល ក៏ជាប់ស្អិត​នៅនឹងកាយ​របស់​ព្រះវេលដ្ឋសីសៈ​នោះ។ ពួក​ភិក្ខុក៏យក​ទឹក​ទៅលាប​ចីវរ​នោះឲ្យសើមៗ ហើយបកចេញ។ ព្រះដ៏​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​យកទឹក​ទៅលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ លុះទតហើយ ទ្រង់ចូលទៅកាន់​សំណាក់​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធដម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន ព្រះវេលដ្ឋសីសៈ​ដ៏មានអាយុនេះ កើតបូសធំ ចីវរ​ប្រឡាក់​ដោយទឹក​រំអិល ជាប់​ស្អិត​នៅ​នឹងកាយ ខ្ញុំព្រះអង្គ​ទាំងឡាយ​ យកទឹក​មកលាបចីវរ​ទាំងនោះ​ឲ្យសើមៗ ហើយបកចេញ។ ព្រោះ​និទាននេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុងពេល​នោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាមានអាពាធ គឺកម ឬរមាស់ក្តី បូសតូចក្តី អាពាធ​ទឹករងៃក្តី បូសធំក្តី និងកាយ​មានក្លិន​អាក្រក់ តថាគត​អនុញ្ញាត​គ្រឿង​លំអិត ជាភេសជ្ជៈ​ដល់ភិក្ខុនោះ តថាគត​អនុញ្ញាត​អាចម៍គោ ដីស្អិត និងកាក​នៃគ្រឿង​ជ្រលក់ ដល់ភិក្ខុ​ដែលមាន​ជម្ងឺ ម្នាលភិក្ខុ​ទាំងឡាយ តថាគតអនុញ្ញាត​ត្បាល់ និងអង្រែ។

[៨៣] សម័យ​នោះឯង ពួកភិក្ខុមានជម្ងឺ មានសេចក្តីត្រូវការដោយគ្រឿង​លំអិត ជា​ភេសជ្ជៈ ដែលគេរែង​រួចស្រេចហើយ។ ភិក្ខុ​ទាំងនោះ ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតកញ្ច្រែង សម្រាប់រែង​គ្រឿង​លំអិត។ (ពួក​ភិក្ខុ​មានជម្ងឺ) មានសេចក្តី​ត្រូវការ​ដោយគ្រឿង​លំអិត​ដ៏ល្អិត​ក្រៃលែង។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កញ្ច្រែងសំពត់​6)

[៨៤] សម័យនោះឯង មានភិក្ខុ​១រូប មានអាពាធ​កើតអំពី​អមនុស្ស ​។7) អាចារ្យ​និងឧបជ្ឈាយ៍​ជាអ្នកបម្រើ​ភិក្ខុនោះ ក៏​មិនអាច​នឹងធ្វើ​ភិក្ខុនោះ​ឲ្យស្បើយ​រោគ​បាន។ ភិក្ខុនោះ​ទៅកាន់​កន្លែង​គេសម្លាប់ជ្រូក ហើយក៏ស៊ីសាច់ឆៅ ​8) ផឹកឈាមស្រស់។9) អាពាធ​របស់​ភិក្ខុនោះ ដែលកើតអំពី​អមនុស្ស​នោះ ក៏រម្ងាប់ទៅ។ ពួក​ភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សាច់ឆៅ ឈាមស្រស់ ដល់ភិក្ខុ​ដែល​មានអាពាធ​កើតអំពី​អមនុស្ស។

[៨៥] សម័យនោះឯង ភិក្ខុ១រូប មានអាពាធ ឈឺភ្នែក។ ​ភិក្ខុទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុ​នោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រះ​មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់​សេនាសនចារិក បានទតឃើញ​ភិក្ខុទាំងនោះ​កំពុង​នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង លុះ​ទតឃើញហើយ ក៏ទ្រង់ចូលទៅកាន់​លំនៅ​ភិក្ខុ​ទាំងនោះ លុះចូលទៅដល់ហើយ ទ្រង់មាន​ពុទ្ធតម្រាស់​នេះនឹង​ភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ​មានអាពាធ​ដូចម្តេច។ ភិក្ខុទាំងនោះ​ក្រាបបង្គំ​ទូលថា បពិត្រព្រះ​អង្គ​ដ៏ចំរើន លោក​ដ៏មានអាយុនេះ មានអាពាធ​ឈឺភ្នែក ខ្ញុំព្រះអង្គ​ទាំងឡាយ នាំគ្នា​គ្រាហ៍​ភិក្ខុនោះ​ទៅឲ្យ​បន្ទោបង់​ឧច្ចារៈផង បស្សាវៈផង។ ព្រោះ​និទាន​នេះ ដំណើរនេះ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មក​ក្នុង​ពេល​​នោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតថ្នាំបន្តក់ភ្នែក គឺថ្នាំបន្តក់ភ្នែក​មានពណ៌​ខ្មៅ (ដែលគេស្លដោយ​គ្រឿងសម្ភារៈ​ទាំងពួង) ​ថ្នាំបន្តក់ភ្នែក​ធ្វើពី​បារទ (ដែលគេធ្វើ​ដោយ​គ្រឿង​សម្ភារៈ​ផ្សេងៗ) ថ្នាំបន្តក់ភ្នែក​ដែលកើត​ក្នុងខ្សែទឹក​ជ័ររង់ និងធ្យូង (ដែល​គេយក​អំពី​អណ្តាត​បទីប)។ ពួកភិក្ខុ​មានសេចក្តី​ត្រូវការ​ដោយ​ដោយវត្ថុ​ដែលយកមក​កិនលាយ​ជាមួយគ្នា​នឹងថ្នាំ​បន្តក់ភ្នែក។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ខ្លឹមចន្ទន៍ ខ្លឹមក្រស្នា ខ្លឹមក្លាំពាក់ កំញាន និងមើម​ស្មៅ​ក្រវាញជ្រូក។ សម័យ​នោះឯង ពួកភិក្ខុ​ទុកថ្នាំបន្តក់ភ្នែក​ទាំងឡាយ​ ដែលជាម្សៅ​ក្នុងសៀនទាំង​ឡាយខ្លះ ក្នុងផ្តិល​ទាំងឡាយខ្លះ (ថ្នាំបន្តក់​ទាំងឡាយនោះ) ច្រឡូក​ច្រឡំ​ទៅដោយ​កំទេច​ស្មៅ​ទាំងឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះមាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់ សម្រាប់​ដាក់​ថ្នាំ​បន្តក់ភ្នែក។ សម័យ​នោះឯង ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់ក្លាក់​សម្រាប់ដាក់​ថ្នាំ​បន្តក់ភ្នែក​ខ្ពស់ និង​ទាប (គឺ​មានល្អ មានអាក្រក់) គឺក្លាក់​ធ្វើដោយមាស និងក្លាក់​ធ្វើដោយប្រាក់។ មនុស្សទាំងឡាយ​ពោលទោស តិះដៀល បន្តុះបង្អាប់ថា ដូចជាពួក​គ្រហស្ថ​ ដែលបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ក្លាក់​ សម្រាប់​ដាក់​ថ្នាំបន្តក់ភ្នែក​ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ក្លាក់​ធ្វើដោយ​ឆ្អឹង ​10) ធ្វើដោយភ្លុក ធ្វើដោយស្នែង ធ្វើដោយ​ដើម​បបុស ធ្វើ​ដោយដើមឫស្សី ធ្វើដោយឈើ ធ្វើដោយជ័រឈើ ធ្វើដោយ​ផ្លែឈើ ធ្វើដោយ​លោហធាតុ​11) ធ្វើដោយ​គូថសង្ខ។ សម័យ​នោះឯង ពួក​ភិក្ខុ​មិនបានបិទក្លាក់​សម្រាប់ដាក់ថ្នាំ​បន្តក់ភ្នែក ថ្នាំ​ទាំងនោះ ក៏ច្រឡូក​ច្រឡំ​ដោយ​កំទេច​ស្មៅ​ទាំង​ឡាយខ្លះ ដោយអាចម៍ដី​ទាំងឡាយខ្លះ។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​គម្រប ឬឆ្នុក។ គម្រប​ចេះតែធ្លាក់។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាត​ឲ្យភិក្ខុ​រុំ ឬចងក្លាក់​ដោយខ្សែ។ ក្លាក់ក៏ចេះតែបែក។ ព្រះអង្គ​ទ្រង់ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យភិក្ខុ​ស្រេះ​ដោយខ្សែ។ សម័យនោះ ពួក​ភិក្ខុ​បន្តក់ភ្នែក ​ដោយម្រាមដៃ ភ្នែក​ទាំងឡាយ ក៏មិនស្រួល។ ពួក​ភិក្ខុ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ចង្កឹះក្លាក់។ សម័យ​នោះ ពួកឆព្វគ្គិយភិក្ខុ ប្រើប្រាស់​ចង្កឹះក្លាក់​ដ៏​ខ្ពស់ និង​ទាប គឺចង្កឹះ​ធ្វើដោយមាសខ្លះ ​ធ្វើដោយប្រាក់ខ្លះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ អ្នកបរិភោគ​កាមគុណ។ ​ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់ចង្កឹះ​ក្លាក់ដ៏​​ខ្ពស់ និង​ទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ចង្កឹះដែល​ធ្វើ​ដោយ​ឆ្អឹង ធ្វើដោយភ្លុក ធ្វើដោយស្នែង។បេ។ ធ្វើដោយ​គូថសង្ខ។ សម័យនោះ ចង្កឹះក្លាក់ ក៏​ធ្លាក់​ទៅលើ​ផែនដី ចង្កឹះក្លាក់នោះក៏​អាក្រក់ មិនស្អាត។ ភិក្ខុទាំង​ឡាយ ​ក្រាបបង្គំទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ អនុញ្ញាត​ បំពង់​សម្រាប់​ដាក់​ចង្កឹះ។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាក្លាក់​សម្រាប់​ដាក់ថ្នាំបន្តក់​ភ្នែកខ្លះ ចង្កឹះ​ក្លាក់​ខ្លះ​នៅតែនឹងដៃ។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ថង់​សម្រាប់​ដាក់ក្លាក់។ ខ្សែយោគ​របស់ថង់​នោះ ក៏​មិនទាន់មាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​ អនុញ្ញាតនូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៦] សម័យនោះឯង ព្រះបិលិន្ទវច្ឆត្ថេរ​ដ៏មានអាយុ​ កើតជម្ងឺក្តៅក្បាល។ ភិក្ខុ​ទាំងឡាយ​ក្រាបទូល​សេចក្តី​នុ៎ះ ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ប្រេង​សម្រាប់​លាបក្បាល។ ព្រះបិលិន្ទវច្ឆត្ថេរ ក៏នៅ​តែអត់ទ្រាំ​រោគនោះ​មិនបាន។ ពួក​ភិក្ខុ​ក្រាបទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នត្ថុកម្ម (គឺការហិត ឬបញ្ច្រក ទៅតាម​ច្រមុះ)។ ឯថ្នាំ​សម្រាប់ហិត ឬបញ្ច្រក​ ទៅតាម​ច្រមុះ​ ក៏កំពប់ខ្ចាយទៅ។ ភិក្ខុ​ទាំងឡាយ ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបំពង់​សម្រាប់​បញ្ច្រក​ទៅ​តាម​​ច្រមុះ (គឺបំពង់នត្ថុ)។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុ ​ប្រើប្រាស់​បំពង់​នត្ថុដ៏ខ្ពស់​និងទាប គឺ​បំពង់​នត្ថុ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ពួក​មនុស្សពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ ​ដែល​បរិភោគកាមគុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​បំពង់​នត្ថុ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​នត្ថុ ដែលធ្វើដោយឆ្អឹង។បេ។ ធ្វើដោយគូថសង្ខ។ ភិក្ខុទាំងឡាយ​បន្តក់ថ្នាំ​សម្រាប់​នត្ថុទៅមិនស្មើគ្នា ​។12) ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​បំពង់​សម្រាប់នត្ថុជាគូ ​13) ភិក្ខុទាំងនោះ​ ក៏នៅ​តែអត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យជក់​យកផ្សែង។ ពួក​ភិក្ខុក៏​យកថ្នាំ​នោះមក​មូរ ធ្វើជា​បារី ហើយជក់ទៅ (ក៏ត្រឡប់​ទៅជា) ក្តៅក។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវខ្សៀរ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​ប្រើប្រាស់​ខ្សៀរដ៏ខ្ពស់​និងទាប គឺខ្សៀរ​ធ្វើ​ដោយមាស​ខ្លះ ធ្វើដោយប្រាក់ខ្លះ។ ​មនុស្សទាំងឡាយ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ដូចជាពួក​គ្រហស្ថ​ដែល​បរិភោគ​កាម​គុណ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ប្រើប្រាស់​ខ្សៀរទាំងឡាយ​ដ៏ខ្ពស់ និងទាបទេ ភិក្ខុណា​ប្រើប្រាស់ ត្រូវ​អាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតខ្សៀរ ដែលធ្វើដោយឆ្អឹង។បេ។ ដែល​ធ្វើ​ដោយ​គូថសង្ខ។ សម័យនោះឯង ភិក្ខុទាំងឡាយ មិនបានបិទ​គ្រប​ខ្សៀរទុក សត្វតូចៗ ក៏ចូល​ទៅក្នុង​ខ្សៀរនោះ។ ពួកភិក្ខុ​ក្រាប​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតនូវ​គម្រប។ សម័យ​នោះឯង ពួកភិក្ខុ​រក្សាខ្សៀរ​នៅតែ​នឹងដៃ។ ភិក្ខុ​ទាំង​ឡាយ​ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតនូវថង់​សម្រាប់​ដាក់ខ្សៀរ។ ឯខ្សៀរ និងគម្របក៏ទង្គិចគ្នា។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវថង់​ជាគូ។ ខ្សែយោគរបស់​ថង់​ ក៏មិនទាន់មាន​នៅឡើយ។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​នូវខ្សែយោគ និងខ្សែ​សម្រាប់ចង។

[៨៧] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានអាពាធ កើតអំពីខ្សល់។ ពេទ្យ​ទាំងឡាយ​និយាយ​យ៉ាងនេះថា ភិក្ខុត្រូវស្លប្រេង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ស្លប្រេងបាន។ ភិក្ខុ​ទាំងឡាយ​ក៏លាយ​ទឹកស្រវឹង​ក្នុងប្រេង​ដែល​ស្លនោះ។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​លាយ​ទឹក​ស្រវឹង​ក្នុងប្រេង​ដែលស្លបាន។ សម័យ​នោះឯង ពួកឆព្វគ្គិយ​ភិក្ខុស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក ដល់នាំគ្នាផឹក​ប្រេងនោះទៅ ក៏ស្រវឹង។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ផឹកប្រេង​ដែលគេលាយ​ទឹក​ស្រវឹង​ច្រើនពេកទេ ភិក្ខុណាផឹក ត្រូវវិនយធរ​ឲ្យភិក្ខុនោះ​ធ្វើតាម​ធម៌ ​14) ម្នាលភិក្ខុទាំងឡាយ ប្រេងស្លណាដែល​គ្មានពណ៌ គ្មានក្លិន និងគ្មាន​រស​របស់​ទឹកស្រវឹង​ប្រាកដ​ឡើងទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ផឹកប្រេង​ ដែលគេ​លាយ​ទឹកស្រវឹង​មានសភាព​យ៉ាងនោះបាន។ សម័យ​នោះឯង ពួកភិក្ខុ​ស្លប្រេង លាយទឹក​ស្រវឹង​ច្រើនពេក។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយក៏មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ប្រេងដែល​គេលាយ​នឹងទឹកស្រវឹង​ច្រើនពេក តើយើង​ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ទុកដាក់ប្រេង​ ដែលគេលាយ​ទឹកស្រវឹង​ច្រើនពេក​នោះ ជាថ្នាំរឹត ឬលាបទៅវិញ។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានប្រេង​ដែលស្ល​ហើយជាច្រើន។ តែគ្មានភាជន៍​សម្រាប់​ដាក់ប្រេង។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវតុម្ព (គឺ​កុណ្ឌីទឹក) ទាំង៣យ៉ាង គឺតុម្ពធ្វើដោយ​ទង់ដែង១ តុម្ព​ធ្វើដោយឈើ១ តុម្ព​ធ្វើ​ដោយ​ផ្លែឈើ១។ សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​កើតរោគខ្យល់​ក្នុងអវយវៈ។ ភិក្ខុ​ទាំង​ឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សេទកម្ម (ការធ្វើឲ្យ​ចេញញើស)។ ព្រះបិលិន្ទវច្ឆដ៏មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ឆ្ពង់​ដោយស្លឹកឈើ និងមែក​ឈើផ្សេងៗ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យឆ្ពុងធំ ​15) ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកដែល​គេ​ស្ងោរលាយ​នឹង​ស្លឹកឈើ មែកឈើ​ផ្សេងៗ។ ​​​​​​​​​ព្រះបិលិន្ទវច្ឆ​ដ៏មាន​អាយុ ក៏នៅតែ​អត់ទ្រាំ​មិនបាន។ ព្រះអង្គ​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតបន្ទប់ទឹក​16)

[៨៨] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ កើតរោគខ្សល់ ចុកសៀត​ក្នុងសន្លាក់​ដៃជើង​ជាដើម។ ភិក្ខុទាំងឡាយ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុធ្វើឈាម​ឲ្យ​ហូរចេញបាន។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ពួកភិក្ខុ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុជប់​យក​ឈាម ដោយ(បំពង់)​ស្នែងបាន។

[៨៩] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏​មានអាយុ មានបាទាបែក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ថ្នាំ​សម្រាប់លាប​ជើង។ ព្រះបិលិន្ទវច្ឆ​ដ៏​​មានអាយុ ក៏នៅ​តែ​អត់ទ្រាំ​មិនបាន។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុតាក់​តែង​ទឹក​ស្រវឹង (សម្រាប់​លាបជើង​ឲ្យស្រួល)។

[៩០] សម័យនោះឯង ភិក្ខុ​មួយរូប​ មានអាពាធ​កើតពក។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​ដ៏មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​សត្ថកម្ម (វះដោយកាំបិត)។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយទឹកចត់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ទឹក​ចត់។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយម្សៅល្ង។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតម្សៅល្ង។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវការ​ដោយដុំ​សត្តូវ (សម្រាប់​បិទមុខដំបៅ)។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ដុំ​សត្តូវ។ ភិក្ខុទាំងឡាយ មានសេចក្តី​ត្រូវការ​ដោយសំពត់​សម្រាប់​រុំដម្បៅ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​កំណាត់​សំពត់​សម្រាប់​រុំ​ដម្បៅ។ ដម្បៅក៏​រមាស់។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​លាង​ដោយម្សៅ​គ្រាប់ស្ពៃ។ ដម្បៅ​ក៏រីក​ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ចំហុយ​ដម្បៅ​នោះ។ (លុះចំហុយ​ទៅហើយ) សាច់​ក៏ដុះ​លាន​ចេញមក។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​យកទឹក​លាយ​នឹងអម្បិលក្រួស​មកបង្កាត់ (ដម្បៅ​នោះចេញ)។ (លុះ​បង្កាត់​ទៅហើយ) ដម្បៅ​ក៏​មិនបាន​ដុះសាច់ឡើង។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​​ប្រេង​សម្រាប់​លាបដម្បៅ។ ប្រេង​ក៏ហៀរហូរចេញ។ ពួក​ភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​សំពត់​សម្រាប់​បិទ​ប្រេង និងថ្នាំ​រក្សាដម្បៅ​ទាំងអស់។

[៩១] សម័យ​នោះឯង មានភិក្ខុ១រូប​ពស់ចឹក។ ​ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ឲ្យ​ថ្នាំ​មហាវិក័ដ​៤យ៉ាង គឺគូថ (អាចម៍)១ ទឹមូត្រ(ទឹកនោម)១ ផេះ១ ដី១។ ក្នុងពេលនោះ ភិក្ខុ​ទាំងឡាយ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន​ថ្នាំទាំងនេះទេឬ ឬត្រូវ​តែ​ទទួល​ប្រគេន​ទើបបាន។ ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ កាលបើ​មាន​កប្បិយ​​17) ការកៈ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុ​ប្រើ​កប្បិយការកៈ​នោះទទួល​ជំនួស​បាន កាលបើ​គ្មាន​កប្បិយការកៈ​ទេ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​កាន់យក​ខ្លួនឯង ហើយឆាន់ចុះ។ សម័យ​នោះឯង ភិក្ខុ១រូប​ផឹកថ្នាំ​ពិស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតឲ្យ​ភិក្ខុផឹកគូថ (អាចម៍​ដែល​លាយ​ដោយ​ទឹក)។ ក្នុងពេលនោះ ភិក្ខុ​ទាំងនោះ មានសេចក្តី​​ត្រិះរិះដូច្នេះថា យើងមិនបាច់​ទទួល​ប្រគេន (នូវ​គូថនោះ) ទេឬ ឬថាគួរ​តែ​ទទួល​ប្រគេន​ទើបបាន ​ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតដូច្នេះ កាល​បើ​ភិក្ខុ​បន្ទោបង់​គូថណាហើយ បានទទួលទុក (អំពី​ថ្ងៃមុន) លុះដល់​ទៅថ្ងៃស្អែក គូថនោះ ឈ្មោះ​ថា​ភិក្ខុ​បាន​ទទួល​រួចហើយ មិនបាច់​ទទួល​ប្រគេន​ទៀតទេ។

[៩២] សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ព្រោះត្រូវថ្នាំស្នេហ៍។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹក​លាយ​ដោយ​អាច់បំណាស់ ​។18) សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ ខូច​ធាតុ​ភ្លើង (កើតរោគមួល)។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះ​អង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកទឹកក្បុង​19) សម័យ​នោះឯង ភិក្ខុ​១រូប​ កើតរោគស្គមលឿង។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុឆាន់​សម៉ ដែលត្រាំ​ដោយទឹកនោម​។20) សម័យ​នោះឯង ភិក្ខុ​១រូប​មានអាពាធ គឺខូចសម្បុរ។ ភិក្ខុទាំងឡាយ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុធ្វើការ​លាប​ដោយគ្រឿង​ក្រអូបបាន។ សម័យ​នោះឯង ភិក្ខុ​១រូប ​មានកាយប្រកប​ដោយ​រោគទល់។ ភិក្ខុ​ទាំង​ឡាយ ​​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុផឹកថ្នាំបញ្ចុះ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹក​អង្ករ​ថ្លា។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​នូវទឹក​អង្ករថ្លា។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែក​បាយ​ស្ងោរ ដែលគេ​មិនបាន​ធ្វើស្និទ្ធ (គឺ​គេ​មិនបាន​ត្រង​ឲ្យ​ស្អាតបាត)។ ភិក្ខុទាំងឡាយ ​ក្រាប​បង្គំទូល​សេចក្តី​​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹកសណ្តែកបាយស្ងោរ ដែលគេ​មិនបាន​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​ទឹកសណ្តែកបាយស្ងោរ​ ដែលគេ​ធ្វើ​ឲ្យស្និទ្ធ (គេ​បាន​ត្រង​ឲ្យស្អាត​បាត)។ ពួកភិក្ខុ​ក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ទឹក​សណ្តែកបាយ​ស្ងោរ ដែលគេ​ធ្វើឲ្យស្និទ្ធ។ (ភិក្ខុនោះ) មានសេចក្តី​ត្រូវ​ការ​ដោយ​សាច់​ដែល​មានឱជារស។ ពួកភិក្ខុ​ក្រាប​បង្គំទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះ​មាន​ព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាតសាច់​ដែលមាន​ឱជារស។

១៦២. បិលិន្ទវច្ឆវត្ថុ

(១៦២)

[៩៣] សម័យនោះឯង ព្រះបិលិន្ទវច្ឆដ៏មានអាយុ ឲ្យគេ​ជម្រះ​ញកភ្នំក្បែរ​ក្រុង​រាជគ្រឹះ ប្រាថ្នា​នឹងធ្វើ​ទីពួន ឬទីជ្រកកោន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ យាងចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ រួចគង់​នៅក្នុងទីដ៏​សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារគង់​ក្នុងទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មាន​ព្រះឱង្ការ​នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏ចំរើន ព្រះថេរៈ​ប្រើឲ្យគេ​ធ្វើ​អ្វី។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រមហារាជ អាត្មាភាព​ ឲ្យគេជម្រះ​ញកភ្នំ ប្រាថ្នានឹង​ធ្វើ​ទីពួន ឬទី​ជ្រក​កោន។ ស្តេចសួរថា បពិត្រលោក​ដ៏ចំរើន លោកម្ចាស់​ មានសេចក្តី​ត្រូវការ ​ដោយ​អារាមិកជន​21) ​ដែរឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា បពិត្រ​មហារាជ ព្រះដ៏មានបុណ្យ​មិនទាន់​អនុញ្ញាត​អារាមិកជន​នៅឡើយ​ទេ។ ស្តេច​ទ្រង់មាន​ព្រះឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ​ គួរលោក​ក្រាបទូល​សួរ​ព្រះដ៏​មានព្រះភាគ ហើយ​មកប្រាប់ខ្ញុំ​វិញ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ទទួលស្តាប់​ព្រះឱង្ការ​នៃ​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដោយពាក្យថា សូមថ្វាយ​ព្រះពរ​មហារាជ។ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​ក៏បាន​ពន្យល់​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ឲ្យទ្រង់​ឃើញច្បាស់​ ឲ្យ​កាន់យកព្រម ឲ្យអាចហ៊ាន ឲ្យត្រេកអរ ដោយពាក្យ​ដ៏ប្រកប​ដោយធម៌។ លំដាប់នោះ ព្រះបាទ​មាគធ​សេនិយពិម្ពិសារ កាល​ដែល​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ​បានពន្យល់​ឲ្យទ្រង់​ឃើញច្បាស់ ឲ្យកាន់យកព្រម ឲ្យអាច​ហ៊ាន ឲ្យ​ត្រេកអរ ដោយពាក្យ​ប្រកបដោយ​ធម៌ រួចហើយក៏ទ្រង់​ក្រោក​ចាកអាសនៈ ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ ក្រោយពីនោះមក ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ប្រើ​បម្រើ​ឲ្យទៅកាន់​សំណាក់​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់មាន​សេចក្តី​ប្រាថ្នា​នឹងប្រគេន​នូវ​អារាមិកជន បពិត្រ​ព្រះអង្គ​ដ៏ចំរើន តើ​ខ្ញុំព្រះអង្គ​ត្រូវ​ប្រតិបត្តិ​ដូចម្តេច​ទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះ​ដ៏មានព្រះភាគ ទ្រង់​ធ្វើ​ធម្មីកថា ហើយត្រាស់​ហៅ​ពួក​ភិក្ខុ​មក​ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត (ឲ្យ​ភិក្ខុទទួល) អារាមិកជន។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ចូល​ទៅកាន់​លំនៅ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាគំរប់​ពីរដង លុះចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​នៅក្នុង​ទី​ដ៏សមគួរ។ លុះព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​គង់​ក្នុង​ទី​ដ៏សមគួរ​ហើយ ក៏ទ្រង់​មានព្រះ​ឱង្ការ​ដូច្នេះ នឹង​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុថា បពិត្រ​លោកដ៏​ចំរើន ព្រះដ៏មានបុណ្យ​ទ្រង់​បាន​អនុញ្ញាត​អារាមិកជន​ហើយឬ។ ព្រះបិលិន្ទវច្ឆ​ឆ្លើយថា ថ្វាយព្រះពរ មហារាជ។ ព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់​មាន​ព្រះ​ឱង្ការ​ថា បពិត្រ​លោកដ៏ចំរើន បើដូច្នោះ ខ្ញុំ​ព្រះករុណា​នឹងប្រគេន​អារាមិកជន​ដល់លោកម្ចាស់។ គ្រានោះឯង ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ទទួល​ថា នឹងប្រគេន​អារាមិកជន​ដល់ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ហើយក៏ទ្រង់​ភ្លេចទៅ លុះយូរមក ទើបបាន​ទ្រង់​រឭក​ឃើញ ក៏មានព្រះឱង្ការ​ហៅមហាមាត្យ​ម្នាក់​ ជាអ្នក​សម្រេច​រាជការ​ទាំងពួងថា ម្នាលនាយ អារាមិកជនណា​​ ដែលអញ​ទទួលថា​នឹងប្រគេន​ដល់លោក​ម្ចាស់ អារាមិកជន​នោះ តើអញ​បានប្រគេន​ហើយឬ។ មហាមាត្យ​ក្រាបទូលថា បពិត្រ​ព្រះ​សម្មតិទេព ព្រះអង្គ​មិនទាន់​បានប្រគេន​អារាមិកជន​ដល់លោកម្ចាស់​នៅឡើយទេ។ ព្រះបាទ​ពិម្ពិសារ​ទ្រង់​សួរ​ថា ម្នាលនាយ តាំងពីថ្ងៃនោះ មកដល់​ឥឡូវនេះ តើយូរ​ប៉ុន្មាន​រាត្រីហើយ។ មហាមា្យ​នោះ បាន​រាប់​រាត្រី​ទាំងឡាយ (ឃើញ) ហើយក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ក្នុងពេល​នោះ​ដូច្នេះថា បពិត្រ​ព្រះសម្មតិទេព (បើ​គិតតាំង​ពីថ្ងៃ​នោះ ដល់មក​ថ្ងៃនេះ) ចំនួន​ប្រាំរយ​រាត្រីហើយ។ ស្តេច​ទ្រង់​មានព្រះឱង្ការថា ម្នាលនាយ បើដូច្នោះ ចូរអ្នកឯង​ប្រគេន​អារាមិកជន​ប្រាំរយ​នាក់​ ដល់​លោកម្ចាស់ចុះ។ មហាមាត្យ​នោះ ទទួល​ស្តាប់​ព្រះឱង្ការ​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ដោយពាក្យថា ព្រះករុណាថ្លៃវិសេស ហើយក៏ប្រគេន​អារាមិកជន​ប្រាំរយ​នាក់ដល់​ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ។ (ចាប់ដើម​ពីនោះមក) ស្រុក (នោះ) ក៏តាំង​នៅជាស្រុក​មួយដោយឡែក។ ពួកជន​ក៏​ហៅ​ស្រុកនោះថា អារាមិកគ្រាមខ្លះ បិលិន្ទវច្ឆគ្រាមខ្លះ។

[៩៤] សម័យ​នោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ជាជីតុន​22) ក្នុងស្រុកនោះ។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុស្លៀកស្បង់ អំពី​ព្រឹក ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ ចូលទៅកាន់​បិលិន្ទវច្ឆគ្រាម ដើម្បីបិណ្ឌបាត។ សម័យ​នោះ​ឯង ក្នុងស្រុកនោះ មានល្បែង​មហោស្រព។ ពួកទារក​23) ក៏បានប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ហើយលេងមហោស្រព។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ត្រាច់​ទៅ​បិណ្ឌបាត​តាមលំដាប់​ច្រកក្នុង​បិលិន្ទវច្ឆគ្រាម ហើយ​ចូលទៅ​កាន់​ផ្ទះ​អារាមិកជន​ម្នាក់ លុះ​ចូល​ទៅ​ដល់​ហើយ ក៏គង់​លើអាសនៈ​ ដែលគេ​ក្រាលប្រគេន។ សម័យ​នោះឯង ធីតា​24) របស់​ប្រពន្ធ​អារាមិកជន​នោះឃើញ​ពួកទារក​ដទៃ ប្រដាប់ខ្លួន ស្អិតស្អាង​ដោយកម្រងផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យកម្រង​ផ្កាដល់ខ្ញុំ អ្នកម៉ែ ចូរឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ។ ក្នុងពេលនោះ ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ បានពោលពាក្យនេះ នឹង​ប្រពន្ធ​របស់​អារាមិកជន​នោះថា ព្រោះហេតុអ្វី បានជា​ទារិកា​25) នេះយំ។ ប្រពន្ធ​របស់​អារាមិកជន​នោះឆ្លើយថា បពិត្រ​លោកដ៏ចំរើន ទារិកា​នេះ ឃើញ​ពួក​ទារក​ដទៃប្រដាប់​ខ្លួន ស្អិតស្អាង​ដោយកម្រង​ផ្កា ក៏យំទារថា អ្នកម៉ែ ចូរ​ឲ្យ​កម្រង​ផ្កា​ដល់ខ្ញុំ អ្នកម៉ែ ចូរ​ឲ្យគ្រឿង​ប្រដាប់​ដល់ខ្ញុំ ដូច្នេះ ឯយើងខ្ញុំ​ទាំងឡាយ ជាអ្នកកំសត់ នឹងបាន​កម្រង​ផ្កា​មកពីណា នឹងបាន​គ្រឿង​ប្រដាប់​មកពីណា។ គ្រានោះឯង ព្រះបិលិន្ទវច្ឆ​ដ៏មានអាយុ ចាប់​យក​រង្វេល​ស្មៅមួយ ហើយនិយាយ​ដូច្នេះ​នឹង​ប្រពន្ធ​អារាមិកជន​នោះថា បើដូច្នោះ មានតែ​នាង​ចូរ​បំពាក់​រង្វេល​ស្មៅ​នេះ លើក្បាល​ទារិកានោះចុះ។ ទើប​ប្រពន្ធ​អារាមិកជន​នោះ ក៏​ចាប់យក​រង្វេល​ស្មៅ​នោះ ហើយ​បំពាក់លើក្បាល​ទារិកានោះ។ រង្វេលស្មៅនោះ ក៏ក្លាយ​ទៅជា​កម្រង​ផ្កា​មាស ល្អល្អះ គួរពិតពិល​រមិលមើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា។ ទុកជា​ខាងក្នុង​ព្រះរាជវាំង ក៏​រក​កម្រង​ផ្កា​មាស​បែបនេះ​គ្មាន។ ពួកមនុស្ស​ក៏​ក្រាបបង្គំ​ទូល​ព្រះបាទ​មាគធសេនិយពិម្ពិសារ​ថា បពិត្រ​ព្រះសម្មតិទេព ក្នុងផ្ទះ​អារាមិកជន​ឯណោះ មាន​កម្រង​ផ្កាមាស ល្អល្អះ គួរពិតពិល​រមិល​មើល ជាទីនាំ​ឲ្យ​កើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំងរបស់​ព្រះ​ករុណា ក៏​រក​កម្រង​ផ្កា​មាស​បែបនោះ​គ្មានដែរ អារាមិកជន​នោះ ជាអ្នក​កំសត់ទេ នឹងមាន​កម្រងផ្កា​មាសពីណា ប្រាកដ​ជា​វា​លួច​គេមក​មិនខានឡើយ។ ក្នុងវេលានោះ ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ ទ្រង់​ប្រើឲ្យមនុស្ស​ទៅចាប់​ចង​ត្រកូល​អារាមិកជននោះ។ លុះវេលាព្រឹក​ព្រហាមឡើង ជាថ្ងៃ​គំរប់ពីរ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់​ដោយបាត្រ និងចីវរ ហើយចូល​ទៅបិណ្ឌបាត​ឯបិលិន្ទវច្ឆគ្រាម កាលបើ​ត្រាច់​ទៅបិណ្ឌបាត​ តាម​លំដាប់ច្រក ក្នុងបិលិន្ទវច្ឆគ្រាមហើយ ក៏ចូល​ទៅរក​ផ្ទះ​អារាមិកជន​នោះ លុះចូល​ទៅដល់ហើយ ក៏សួរ​ពួកមនុស្ស ​ដែល​នៅជិតខាងថា ត្រកូល​អារាមិកជន​នេះ តើទៅឯណា។ ពួក​មនុស្ស​ ដែល​នៅជិតខាង​ឆ្លើយថា បពិត្រ​លោកដ៏​ចំរើន ត្រកូល​អារាមិជន ស្តេច​ឲ្យ​ចាប់ចង​អស់ទៅហើយ ព្រោះហេតុតែ​កម្រង​ផ្កាមាស (ដែល​លោកម្ចាស់​ឲ្យទៅ)​នុ៎ះ។ ឯព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ក៏ចូលទៅ​កាន់​ព្រះរាជនិវេស៍​របស់ព្រះបាទ​មាគធសេនិយ​ពិម្ពិសារ លុះចូល​ទៅដល់​ហើយ ក៏គង់​លើអាសនៈ ​ដែល​គេ​ក្រាលប្រគេន។ គ្រានោះ ព្រះបាទ​មាគធសេនិយពិម្ពិសារ ចូល​ទៅរក​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ លុះចូល​ទៅ​ដល់​ហើយ ក៏​ថ្វាយបង្គំ ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ហើយគង់​ក្នុង​ទីសមគួរ។ លុះព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ គង់ក្នុង​ទី​សមគួរហើយ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បាន​ថ្វាយ​ព្រះពរ​ដូច្នេះ​ថា បពិត្រ​មហារាជ ហេតុអ្វី​ បានជា​ព្រះអង្គ​ឲ្យ​គេ​ចាប់​ចង​ត្រកូល​អារាមិកជន​មក។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកម្ចាស់ ព្រោះ​ក្នុង​ផ្ទះ​អារាមិកជន​នោះ មានកម្រង​ផ្កា​មាស​ ល្អល្អះ គួរ​ពិត​ពិល​រមិលមើល ជាទីនាំ​ឲ្យកើត​សេចក្តី​ជ្រះថ្លា ទុកជា​ខាងក្នុង​វាំង​របស់​ខ្ញុំ ក៏​រកកម្រង​ផ្កា​បែប​នេះគ្មានដែរ អារាមិកជន​នោះ ជាមនុស្ស​កំសត់ទេ នឹង​មានកម្រង​ផ្កាមាស​ពីណា ប្រាកដ​ជាវា​លួច​គេ​មក​មិនខានឡើយ។ គ្រានោះ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ​បានអធិដ្ឋាន​ប្រាសាទ​ របស់ព្រះបាទ​មាគធសេនិយពិម្ពិសារ​ឲ្យទៅជាមាស (មួយរំពេច)។ ប្រាសាទ​នោះ ក៏​ក្លាយ​ទៅជា​មាសសុទ្ធ។ ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ ថ្វាយព្រះពរ​សួរថា បពិត្រ​មហារាជ មាសច្រើន​ម្ល៉េះនេះ តើ​ព្រះអង្គ​បាន​មក​ពីណា។ ព្រះបាទ​ពិម្ពិសារ​ឆ្លើយថា បពិត្រ​លោកដ៏ចំរើន មាសនេះ​ខ្ញុំដឹងហើយ នេះជា​ឥទ្ធានុភាព​របស់​លោកម្ចាស់​ទេតើ មានបន្ទូល​ដូច្នោះហើយ ក៏ឲ្យ​គេដោះលែង​ត្រកូល​អារាមិកជន​នោះទៅ។

[៩៥] ពួក​មនុស្ស​បាន​ឮដំណឹង​ថា ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ សំដែង​ឥទ្ធិបាដិហារ្យ ជា​ឧត្តរិមនុស្សធម្ម ដល់បរិសទ្យ ព្រមទាំងស្តេចហើយ ក៏មានចិត្ត​ត្រេកអរជ្រះថ្លា នាំគ្នា​យក​ភេសជ្ជៈ​ទាំង៥ គឺ​ទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ មកប្រគេន​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ។ ឯ​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុ បានលាភមក​ហើយ ក៏តែង​ចាត់ចែង​បណ្តាភេសជ្ជៈ​ទាំង​៥ ភេសជ្ជៈ​ណាមួយ ដែល​លោកបាន​មកៗ (នោះ) ដល់បរិសទ្យ​ជាធម្មតា។ ចំណែក​ខាង​បរិសទ្យ​របស់​ព្រះ​បិលិន្ទវច្ឆ​ដ៏មានអាយុនោះ ជាមនុស្ស​ល្មោភច្រើន តែង​យក​ភេសជ្ជៈទាំង​អម្បាល​ម៉ាន ដែលខ្លួន​បានមកៗ ទុក​ដាក់ពេញ​ថ្លាងខ្លះ ពេញក្អមខ្លះ ពេញសម្ពត់​តម្រង​ទឹកខ្លះ ពេញ​ថង់ខ្លះ ហើយព្យួរ​ទុក​រាល់ៗ​បង្អួច។ ភេសជ្ជៈ​ទាំងនោះ​ហៀរហូរ​កំពប់ខ្ចាយ។ កុដិ​ក៏ដេរដាស​ដោយ​ពួក​កណ្តុរ។ ពួក​មនុស្ស​ដើរ​ទៅកាន់​វិហារ​ចារិក​ បានឃើញ​ហើយ ពោលទោស តិះដៀល បន្តុះ​បង្អាប់ថា ពួកសមណៈ ជាសក្យបុត្រនេះ មានរបស់​ទុក​ដាក់ក្នុង​ឃ្លាំង ដូចជា​ព្រះបាទ​មាគធ​សេនិយពិម្ពិសារ​ដែរ។ ពួក​ភិក្ខុ​បាន​ឮមនុស្ស​ទាំងនោះ​ពោលទោស តិះដៀល បន្តុះបង្អាប់​ហើយ។ ពួក​ភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​ភិក្ខុ​មិនគួរ​នឹង​មកសន្សំ (ភេសជ្ជៈ) ដោយសេចក្តីល្មោភច្រើន​បែប​ដូច្នេះសោះ។ ទើប​ភិក្ខុ​ទាំងនោះ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​សួរថា ម្នាល​ភិក្ខុ​ទាំងឡាយ ឮថា​ពួកភិក្ខុ​សន្សំ (ភេសជ្ជៈ) ដោយសេចក្តី​ល្មោភច្រើន​បែប​ដូច្នេះ ពិតមែនឬ។ ពួក​ភិក្ខុ​ក្រាបទូលថា បពិត្រ​ព្រះមានព្រះភាគ ពិតមែន។បេ។ ព្រះសម្ពុទ្ធ​ទ្រង់​តិះដៀល​ ហើយទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ភេសជ្ជៈ​ទាំងឡាយណា ដែល​ពួក​ភិក្ខុ​មានជម្ងឺ គប្បី​លិទ្ធ​ភ្លក់ (ឆាន់)​បាន គឺទឹកដោះរាវ១ ទឹកដោះខាប់១ ប្រេង១ ទឹកឃ្មុំ១ ស្ករអំពៅ១ ភិក្ខុទទួល​ភេសជ្ជៈ​ទាំង​នោះហើយ ត្រូវទុកដាក់​ឆាន់​បាន​កំណត់​ត្រឹម​៧ថ្ងៃ ជាយ៉ាងយូរ​បំផុត បើភិក្ខុ​ទុក​ភេសជ្ជៈ​ទាំងនោះ​ឲ្យកន្លងហួស​ពីកំណត់​នោះទៅ ត្រូវ​វិនយធរ​ឲ្យភិក្ខុ​នោះធ្វើ​តាមធម៌​។26)

ចប់ វារៈសំដែងអំពីភេសជ្ជៈ ដែលព្រះមានព្រះភាគអនុញ្ញាតជាបឋម។

១៦៣. គុឡាទិអនុជាននា

(១៦៣)

[៩៦] គ្រានោះ ព្រះមានព្រះភាគ គង់​ទៀប​ក្រុង​សាវត្ថី គួរ​តាម​ព្រះ​អធ្យាស្រ័យ​ហើយ ទ្រង់​យាង​ទៅកាន់​ចារិក​ក្រុង​រាជគ្រឹះ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានដើរចូល​ទៅកាន់​កន្លែង​ធ្វើ​ស្ករ​អំពៅ ក្នុងពាក់​កណ្តាលផ្លូវ ហើយបាន​ឃើញ​ពួក​ជន​កំពុង​ដាក់​ម្សៅខ្លះ ផេះខ្លះ​ លាយ​ក្នុង​ស្ករ​អំពៅ លុះឃើញ​ហើយ ក៏មាន​សេចក្តី​រង្កៀស​ថា ស្ករអំពៅ​លាយ​ដោយ​​អាមិសៈ​ ជាអកប្បិយៈ ប្រហែល​ជាស្ករ​អំពៅ មិនគួរ​ភិក្ខុ​នឹងឆាន់ក្នុង​វេលា​វិកាល​ទេដឹង (កាល​រង្កៀស​ដូច្នេះហើយ) ព្រម​ទាំង​បរិសទ្យ​ ក៏មិនហ៊ានឆាន់​ដុំស្ករ​អំពៅ​ឡើយ។ ពួក​ភិក្ខុណា​សំគាល់​ពាក្យ​ព្រះរេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​ស្ករអំពៅដែរ។ ភិក្ខុទាំងឡាយ បាន​ក្រាបទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាល​ភិក្ខុទាំងឡាយ ពួក​ជន​ដាក់​ម្សៅខ្លះ ផេះខ្លះ លាយក្នុង​ស្ករ​អំពៅ​ដើម្បី​ប្រយោជន៍​អ្វី។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះ​ដ៏មានព្រះភាគ ដើម្បី​ប្រយោជន៍​ឲ្យ​ស្អិត។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើគេ​ដាក់​ម្សៅ​ខ្លះ ផេះខ្លះ​លាយ​ក្នុងស្ករអំពៅ គ្រាន់តែ​ឲ្យស្អិត (ប៉ុណ្ណោះទេ) ស្ករអំពៅ​នោះ នៅរាប់​ថាជា​ស្ករ​អំពៅ​ដដែល។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​ឆាន់​ស្ករអំពៅ​(នោះ) ​បានតាម​សប្បាយ។ ព្រះកង្ខារេវត​ដ៏មានអាយុ បានឃើញ​សណ្តែកបាយ​ ដុះលើដុំលាមក ក្នុងទី​ពាក់​កណ្តាល​ផ្លូវ លុះឃើញ​ហើយ ក៏​រង្កៀស​ថា សណ្តែកបាយ​ ជាអកប្បិយៈ ទុក​ជាចំអិន​ហើយ សណ្តែកបាយ ក៏គង់​តែដុះឡើង​ខ្លះទៀត កាល​រង្កៀស​ដូច្នេះហើយ ព្រម​ទាំង​បរិសទ្យ​ ក៏មិន​ហ៊ាន​ឆាន់​សណ្តែកបាយ​ឡើយ។ ពួក​ភិក្ខុណា​ សំគាល់​ពាក្យ​ព្រះកង្ខារេវត​នោះ​ ថាជា​ពាក្យ​គួរស្តាប់បាន ភិក្ខុទាំងនោះ ក៏មិនហ៊ាន​ឆាន់​សណ្តែកបាយដែរ។ ភិក្ខុទាំងឡាយ ​ក្រាបបង្គំទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ បើសណ្តែកបាយ​ដែល​គេ​ចំអិន​ហើយ នៅតែ​ដុះឡើង​ខ្លះទៀត ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ​ឲ្យ​ភិក្ខុ​ឆាន់សណ្តែក​បាយ​ ​(នោះ) ​បានតាម​សប្បាយ។ ក៏សម័យ​នោះឯង ភិក្ខុមួយរូប មានអាពាធកើតអំពី​ខ្យល់ក្នុង​ពោះ។ ភិក្ខុនោះ​បានផឹក​ថ្នាំ ឈ្មោះ​លោណសោចិរកៈ ​27) ភិក្ខុនោះ ក៏បាត់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ពោះ​នោះទៅ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុឈឺ​ ឆាន់ថ្នាំ​ឈ្មោះ​លោណសោចិរកៈ (នោះ) បានតាម​សប្បាយ ឲ្យភិក្ខុ​មិនឈឺ​ ឆាន់​ថ្នាំ​លាយ​ទឹក ដោយវិធី​ប្រើ​ប្រាស់​ដូច​ទឹក (មានទឹក​ផ្លែស្វាយ​ជាដើម) បាន។

១៦៤. អន្តោវុដ្ឋាទិបដិក្ខេបកថា

(១៦៤)

[៩៧] គ្រានោះ ព្រះមានព្រះភាគ​ ទ្រង់​យាង​ទៅកាន់​ចារិក​ដោយ​លំដាប់ បាន​ដល់​ទៅ​ក្រុង​រាជគ្រឹះ។ បានឮថា ​ព្រះមានព្រះភាគ ទ្រង់​គង់​នៅ​វត្ត​វេឡុវន កលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ​នោះ។ សម័យ​នោះឯង ​ព្រះដ៏មានព្រះភាគ ទ្រង់​អាពាធ​កើត​អំពី​ខ្យល់​ក្នុង​ព្រះឧទរ។ គ្រានោះ ព្រះ​អានន្ទ​ដ៏មានអាយុ​គិតថា កាលអំពី​មុន ​ព្រះដ៏មានព្រះភាគ ទ្រង់​អាពាធ​កើតអំពី​ខ្យល់​ក្នុង​ព្រះ​ឧទរ ទ្រង់បាន​សះស្បើយ​ទៅវិញ ព្រោះ(សោយ) ​បបរឈ្មោះតេកដុលា​28) (លុះគិតដូច្នោះហើយ) ក៏សូមល្ងខ្លះ អង្ករខ្លះ សណ្តែកបាយ​ខ្លះ (បានហើយ) ទុកខាងក្នុង​អកប្បិយកុដិ​ដោយខ្លួនឯង ចំអិន​ខាងក្នុង​អកប្បិយកុដិ​ដោយខ្លួនឯង ទើប​បង្អោន​ទៅថ្វាយ​​ព្រះដ៏មានព្រះភាគ ហើយក្រាប​បង្គំ​ទូលថា សូម​ព្រះដ៏មានព្រះភាគ ទ្រង់​សោយ​នូវ​បបរ​ឈ្មោះ​តេកដុលា។ ព្រះតថាគត​ទាំងឡាយ ទ្រង់​ជ្រាបនូវហេតុ​ហើយសួរ​ក៏មាន ទ្រង់​ជ្រាប​ហើយ មិនសួរ​ក៏មាន ទ្រង់ជ្រាប​ច្បាស់នូវ​កាលគួរ​ហើយសួរក៏មាន ទ្រង់​ជ្រាប​ច្បាស់​នូវ​កាលគួរ​ហើយ មិនសួរក៏មាន ឯព្រះតថាគត​ទាំងឡាយ ព្រះអង្គ​តែងសួរ​តែការណា​ដែល​ប្រកប​ដោយប្រយោជន៍ ការដែល​​មិនប្រកប​ដោយប្រយោជន៍ ព្រះអង្គ​មិនសួរ​ឡើយ ព្រោះ​ព្រះតថាគត​ទាំងឡាយ ទ្រង់​បានផ្តាច់បង់​នូវ​កម្ម​មិនប្រកប​ដោយប្រយោជន៍​ទាំងឡាយ ដោយអរិយមគ្គ​ជ្រះ​ស្រឡះហើយ។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏​មានព្រះភាគ​ទាំងឡាយ រមែង​ទ្រង់សួរ​ពួក​ភិក្ខុ​ដោយ​អាការ​ពីរ​យ៉ាង គឺសួរ​ដើម្បី​សំដែង​ធម៌​ម្យ៉ាង ដើម្បី​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ​ម្យ៉ាង។ លំដាប់​នោះ ​ព្រះដ៏មានព្រះភាគ ទ្រង់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មកហើយ ទ្រង់​ត្រាស់​សួរថា ម្នាល​អានន្ទ បបរនេះ​បានមក​ពីណា។ ទើប​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធ​ជាម្ចាស់​ដ៏មានព្រះភាគ ទ្រង់​បន្ទោសថា ម្នាលអានន្ទ កម្មដែល​អ្នក​ធ្វើនេះ មិនសមគួរ មិនត្រូវ​ទំនង មិនត្រូវបែប មិនជា​របស់​សមណៈ មិនគប្បី មិនគួរ​ធ្វើទេ ម្នាល​អានន្ទ អ្នកឯង​មិនសម​បើនឹង​ត្រិះរិះ​ដើម្បី​សេចក្តី​ប្រាថ្នា​ច្រើន​មានសភាព​យ៉ាង​នេះទេ ម្នាល​អានន្ទ អាមិសៈ​ណា ដែល​ភិក្ខុទុក​ខាងក្នុង​(អកប្បិយកុដិ) អាមិសៈ​នោះ ក៏ទៅជា​អកប្បិយៈ (មិនគួរ) ដែរ អាមិសៈណាដែល​ភិក្ខុចំអិន​ខាងក្នុង​អកប្បិយកុដិ អាមិសៈ​នោះ ក៏ទៅជាអកប្បិយៈ​ដែរ អាមិសៈណា ដែល​ភិក្ខុចំអិន​ដោយខ្លួន​ឯង អាមិសៈ​នោះ ក៏ទៅជាអកប្បិយៈ​ដែរ ម្នាល​អានន្ទ អំពើ​ដែលអ្នកធ្វើនេះ មិនមែន​នាំឲ្យ​ជ្រះថ្លា​ដល់ពួកជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់​បន្ទោស​ហើយ ទ្រង់ធ្វើ​ធម្មីកថា រួច​ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនគប្បី​ឆាន់​អាមិសៈ ដែល​ជា​អន្តោវុត្ថ (ភោជន​ដែល​ភិក្ខុ​ទុកខាង​ក្នុងអកប្បិយកុដិ) អាមិសៈ​ ដែល​ជាអន្តោបក្ក (ភោជន​ ដែល​ភិក្ខុ​ចំអិន​ក្នុង​អកប្បិយកុដិ) អាមិសៈ​ ដែលជា​សាមបក្ក (ភោជន​ ដែលភិក្ខុ​ចំអិន​ដោយខ្លួនឯង)​ទេ ភិក្ខុណាឆាន់ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន ​ខាងក្នុង​អកប្បិយកុដិផង ចំអិន​ខាងក្នុង​អកប្បិយកុដិផង ចំអិន​ដោយខ្លួនឯងផង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដបី។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ ខាងក្នុង​អកប្បិយកុដិផង ចំអិន​ខាងក្នុង​អកប្បិយកុដិផង តែប្រើ​ពួកអ្នកដទៃ​ចំអិន​ឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្នុង​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែភិក្ខុចំអិន​ខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាង​ក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្នុង​អកប្បិយកុដិ តែភិក្ខុ​ចំអិនខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវ​អាបត្តិ​ទុក្កដពីរ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន ​ខាងក្នុង​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែប្រើពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្នុង​អកប្បិយកុដិ តែ​ប្រើ​ពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែភិក្ខុ​ចំអិនខ្លួនឯង បើភិក្ខុឆាន់​ភោជន​នោះ ត្រូវអាបត្តិ​ទុក្កដមួយ។ ម្នាល​ភិក្ខុទាំងឡាយ បើភិក្ខុ​ទុកភោជន​ ខាងក្រៅ​អកប្បិយកុដិ ចំអិន​ខាងក្រៅ​អកប្បិយកុដិ តែប្រើពួក​អ្នកដទៃ​ចំអិនឲ្យ បើភិក្ខុឆាន់​ភោជន​នោះ មិនត្រូវអាបត្តិ​ទេ។

[៩៨] សម័យ​នោះឯង ពួក​ភិក្ខុដឹងថា ការ​ចំអិន​ខ្លួនឯង ព្រះដ៏មានព្រះភាគ ទ្រង់​ហាមហើយ ក៏រង្កៀស​ក្នុងការ​ចំអិន​ថែមទៀត។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ចំអិន​ថែមទៀតបាន។

[៩៩] សម័យ​នោះឯង ក្រុងរាជគ្រឹះ​កើតទុរភិក្ស (អត់បាយ)។ មនុស្ស​ទាំងឡាយ បាន​នាំយក​អំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ទៅកាន់អារាម។ ភិក្ខុទាំងឡាយ ទុកវត្ថុ​ទាំងនោះ​ខាងក្រៅ(កុដិ) ពួកសត្វ​តូចៗ​29) នាំគ្នាស៊ីខ្លះ ពួក​ចោរ​លួច​យកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​​​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យភិក្ខុ​ទុក (វត្ថុ​ទាំងនោះ) ខាងក្នុង​អកប្បិយកុដិបាន ភិក្ខុទាំងឡាយ ក៏ទុកវត្ថុទាំងនោះខាងក្នុងអកប្បិយកុដិ ហើយឲ្យគេ​ចំអិន​ខាងក្រៅ ពួកជន​អ្នកស៊ីដែល នាំគ្នា​ចោមរោមស៊ី។ ភិក្ខុទាំងឡាយ មិនស្និទ្ធ​ចិត្ត (ប្រកបដោយ​សេចក្តី​រង្កៀស) ក៏ចេះតែ​ឆាន់ទៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ចំអិន​ខាងក្នុង​អកប្បិយកុដិបាន។ កាលដែលស្រុក​អំណត់​អត់បាយ ពួក​កប្បិយការកជន ក៏នាំយកអាមិសៈ​អស់ទៅ​ជាច្រើន ប្រគេន​តែ​បន្តិចបន្តួច ​ដល់ពួកភិក្ខុ។ ភិក្ខុ​ទាំង​ឡាយ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ ឲ្យ​ភិក្ខុ​ចំអិន​ខ្លួនឯងបាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទុកអាមិសៈ​ក្នុងអកប្បិយកុដិបាន ឲ្យ​ចំអិន​អាមិសៈ ​ក្នុងអកប្បិយកុដិបាន ឲ្យ​ចំអិន​អាមិសៈ​ខ្លួន​ឯងបាន។

១៦៥. ឧគ្គហិតបដិគ្គហណា

(១៦៥)

[១០០] សម័យ​នោះឯង ពួក​ភិក្ខុច្រើនរូប​នៅចាំវស្សា​ក្នុងដែន​កាសី ហើយក៏​នាំគ្នាទៅ​កាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះមានព្រះភាគ លុះទៅ​ដល់ពាក់កណ្តាលផ្លូវ ក៏រក​ភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យឆ្អែត​បរិបូណ៌​មិនបាន (ឃើញ) មានតែ​ផ្លែឈើ​ ដែលគួរ​នឹងឆាន់​ជាច្រើន តែរក​បុគ្គល​ជា​កប្បិយការកគ្មាន។ ភិក្ខុទាំងនោះ មានរូបកាយ​លំបាក ក៏នាំគ្នាចូល​ទៅគាល់​ព្រះ​ដ៏មាន​ព្រះភាគ ក្នុងវត្ត​វេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចក៏​អង្គុយនៅក្នុង​ទៅសមគួរ។ ការដែលរីករាយ​ជាមួយ​នឹងពួក​ភិក្ខុ​អាគន្តុក​នេះឯង ជាប្រវេណីរបស់ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ (គ្រប់ព្រះអង្គ)។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​ដូច្នេះ​ នឹងភិក្ខុ​ទាំងនោះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ល្មម​អត់ទ្រាំ​សេចក្តី​លំបាក​បានដែរ​ឬទេ ល្មមញុំាង​ឥរិយាបថ ​ឲ្យប្រព្រឹត្ត​ទៅបាន​ស្រួល​ដែរ​ឬទេ អ្នក(រាល់គ្នា) ដើរមក​តាមផ្លូវ​ឆ្ងាយ មិនលំបាក​ទេឬ ម្យ៉ាងទៀត ម្នាលភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ មកអំពី​ទីណា។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គទាំង​ឡាយ​ល្មម​ធន់ទ្រាំ​បាន បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំព្រះអង្គ​ទាំងឡាយ ​ល្មមញុំាង​ឥរិយាបថ​ឲ្យប្រព្រឹត្ត​ទៅ​ស្រួលបាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​ទាំងឡាយ ​នៅ​ចាំវស្សា​ក្នុង​ដែន​កាសី ហើយមកកាន់​ក្រុង​រាជគ្រឹះ ដើម្បី​គាល់​ព្រះអង្គ​ ក្នុងទីនេះ លុះមកដល់​ពាក់កណ្តាលផ្លូវ រកភោជន​សៅហ្មង ឬឧត្តម​នឹងឆាន់​ឲ្យបានឆ្អែត​បរិបូណ៌​គ្មាន (ឃើញ)​មានតែ​ផ្លែឈើ ​ដែល​គួរ​នឹងឆាន់​ជាច្រើន តែរកបុគ្គល ​ជាកប្បិយការកៈ​គ្មាន ហេតុនោះ បានជា​ខ្ញុំ​ព្រះអង្គ​ទាំងឡាយ មានរូប​កាយ​លំបាក មកតាមផ្លូវ​ឆ្ងាយ។ ព្រោះនិទាននេះ ដំណើរនេះ ទើ់បព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយទ្រង់ត្រាស់​ហៅពួក​ភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុណា) បានឃើញ​ផ្លែឈើ ដែល​គួរ​នឹងឆាន់​ក្នុងទីណា តែរកបុគ្គល​ ជាកប្បិយការកៈ​គ្មាន តថាគត​ អនុញ្ញាត​ឲ្យ​ (ភិក្ខុនោះ) រើស​ខ្លួន​ឯង ហើយនាំយកទៅ​ លុះឃើញ​បុគ្គល​ ជា​កប្បិយការកៈ​ហើយ ត្រូវដាក់ចុះ​លើផែនដី ឲ្យកប្បិយការកៈ​ប្រគេន ហើយឆាន់ចុះ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យភិក្ខុ​ទទួល​របស់​ឧគ្គហិត គឺវត្ថុ​ដែល​ភិក្ខុកាន់យក​ហើយបាន។

[១០១] សម័យនោះឯង ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី​កើតឡើង​ដល់​ព្រាហ្មណ៍​ម្នាក់។ ឯព្រាហ្មណ៍​នោះ ក៏ត្រិះរិះ​ដូច្នេះថា បើដូច្នោះ មានតែគួរ​អាត្មាអញ ​ប្រគេន​ប្រេងល្ងថ្មី និងទឹក​ឃ្មុំថ្មី​ ដល់ភិក្ខុសង្ឃ​ មានព្រះពុទ្ធ​ ជាប្រធាន។ ទើបព្រាហ្មណ៍​នោះ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ បានស្មោះសរ រីករាយ​ ទៅនឹង​ព្រះដ៏មានព្រះភាគ លុះធ្វើ​ពាក្យ​គួរ​ជាទី​រីករាយ គួរ​ជាទីរលឹក ​ឲ្យសម្រេច​ហើយ ក៏ឈរ​នៅក្នុងទី​សមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុង​ទីសមគួរ​ហើយ បាននិមន្ត​ព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ​ ទទួល​ភត្តរបស់​ខ្ញុំ​ព្រះអង្គ​ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​ទទួល​និមន្ត​ ដោយភាវៈ​ស្ងៀម។ ចំណែក​ព្រាហ្មណ៍​នោះ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ​ទ្រង់​ទទួល​និមន្ត​ហើយ ទើបចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ ព្រាហ្មណ៍​នោះ​បានតាក់​តែង ​នូវខាទនីយភោជនីយាហារ​យ៉ាងឧត្តម ស្រេច​ហើយ ទើប​ឲ្យ​ក្រាបបង្គំ​ទូល​នូវ​កាល​គួរ ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ពេលនេះ​សមគួរ​ហើយ ភត្ត​សម្រេច​ហើយ។ លំដាប់​នោះ ព្រះដ៏​មានព្រះភាគ ​ទ្រង់​ស្បង់​ហើយ ប្រដាប់​ដោយបាត្រ​ និង​ចីវរ​អំពី​ព្រឹក យាង​ទៅ​កាន់ផ្ទះ​ព្រាហ្មណ៍​នោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ​ដែល​ព្រាហ្មណ៍​តាក់តែង​ទុក ព្រមទាំង​ភិក្ខុសង្ឃ។ ឯព្រាហ្មណ៍​នោះ ​បាន​អង្គាស​ថ្វាយ​ខាទនីយភោជនីយាហារ (បង្អែមចំអាប) ដ៏ឆ្ងាញ់​ពីសារ​ ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ ​ជា​ប្រធាន​ឲ្យ​ឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់​លោកប្រកែក ​លែងទទួល​ទៀត លុះព្រះដ៏មានព្រះភាគ​ ទ្រង់​សោយ​ស្រេច​ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ​អង្គុយ​នៅ​ក្នុងទីសមគួរ​ហើយ ទើបព្រះ​ដ៏​មានព្រះភាគ​ ទ្រង់​ពន្យល់​ឲ្យឃើញ​ច្បាស់ ឲ្យ​កាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ទ្រង់​ក្រោកចាកអាសនៈ ​យាងចៀស​ចេញទៅ។ កាល​ព្រះដ៏មានព្រះភាគ យាងចេញ​ទៅ មិនយូរ​ប៉ុន្មាន ព្រាហ្មណ៍​នោះ ក៏​មានសេចក្តី​ត្រិះរិះ​ដូច្នេះថា អាត្មា​អញ​និមន្ត​ព្រះភិក្ខុ​សង្ឃ មានព្រះពុទ្ធ​ ជាប្រធាន​មក ​ដោយមាន​បំណង​ថា នឹង​ប្រគេន​ប្រេង​ល្ងថ្មី និង​ទឹក​ឃ្មុំ​ថ្មី ដើម្បី​ប្រយោជន៍ ​ដល់​ប្រេង​ល្ង និង​ទឹកឃ្មុំ​ណា ប្រេង​ល្ង​ និងទឹក​ឃ្មុំនោះ អាត្មា​អញ​ភ្លេច​ប្រគេន​ទៅហើយ បើដូច្នោះ មានតែ​អាត្មាអញ​ឲ្យគេ​នាំយក​នូវ​ប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី ដោយ​ក្រឡរ និងក្អម​ទៅកាន់​អារាម។ ទើប​ព្រាហ្មណ៍​នោះ ​ឲ្យគេ​នាំយកប្រេង​ល្ងថ្មី និងទឹកឃ្មុំ​ថ្មី​ ដោយ​ក្រឡរ និងក្អម ទៅកាន់​អារាម ហើយបាន​ចូលទៅរក​ព្រះដ៏មានព្រះភាគ លុះចូល​ទៅ​ដល់​ហើយ ក៏ឈរ​នៅក្នុង​ទីសមគួរ។ លុះព្រាហ្មណ៍​នោះ ឈរ​នៅក្នុងទី​សមគួរ​ហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ខ្ញុំព្រះអង្គ​បាននិមន្ត​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយមាន​បំណង​ថា​ នឹង​ប្រគេន​ប្រេងល្ងថ្មី និងទឹកឃ្មុំថ្មី ដើម្បី​ប្រយោជន៍​ ដល់​ប្រេង​ល្ង ​និង​ទឹកឃ្មុំណា ប្រេងល្ង និងទឹក​ឃ្មុំនោះ ខ្ញុំព្រះអង្គ​ក៏ភ្លេចប្រគេន សូមព្រះគោតម​ដ៏ចំរើន ទទួល​យក​ប្រេង​ល្ងថ្មី និងទឹកឃ្មុំថ្មី​របស់​ខ្ញុំព្រះអង្គ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកឯង​ចូរ​ប្រគេន ​ដល់​ភិក្ខុ​ទាំងឡាយចុះ។ គ្រានោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ​ក៏ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ​30) ពិចារណា ហើយហាម​ឃាត់​ខ្លះ​31) ម្យ៉ាង​​ទៀត សង្ឃ​ទាំងអស់ ក៏បាន​ហាម​ភត្ត​រួចហើយ។ ពួកភិក្ខុក៏​រង្កៀស ហើយមិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួល​ចុះ ចូរឆាន់​ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុ​ដែលឆាន់ហើយ ហាមភត្ត​រួចហើយ ឆាន់​ភោជន​មិនមែន​ជា​របស់​ដែល​អំពី​ភិក្ខុ​ឈឺ ឬ​មិនបាន​ធ្វើ​វិនយកម្ម ដែលគេ​នាំយកមកអំពី​ទីដែល​គេនិមន្ត​នោះបាន។

១៦៦. បដិគ្គហិតាទិអនុជាននា

(១៦៦)

[១០២] សម័យ​នោះឯង ត្រកូល​ឧបដ្ឋាក​របស់​ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ បាន​បញ្ជូន​ខាទនីយៈ​ទៅ ដើម្បី​ប្រយោជន៍​ដល់សង្ឃ ហើយផ្តាំថា ត្រូវពួក​អ្នកឯង​បង្ហាញ​ដល់​លោកម្ចាស់​ឧបនន្ទ​រួចហើយ សឹម​ប្រគេន​សង្ឃចុះ។ គ្រានោះឯង ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​ចូល​ទៅ​ស្រុក​ដើម្បី​បិណ្ឌបាត។ ឯមនុស្ស​ទាំងនោះក៏​ទៅកាន់​អារាម​ ហើយសួរ​ភិក្ខុ​ទាំងឡាយ​ថា បពិត្រ​លោក​ដ៏​ចំរើន លោកម្ចាស់​ឧបនន្ទ​ទៅណាហើយ។ ពួកភិក្ខុ​ប្រាប់ថា ម្នាលអាវុសោ​ទាំងឡាយ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ​នុ៎ះ​ ចូលទៅ​ស្រុក​ ដើម្បី​បិណ្ឌបាតហើយ។ មនុស្ស​ទាំងនោះ​ប្រាប់​ពួក​ភិក្ខុ​ថា បពិត្រ​លោកដ៏​ចំរើន ខាទនីយៈ​នេះ ពួកយើង​ត្រូវ​បង្ហាញ ​ដល់​លោកម្ចាស់​ឧបនន្ទ​សិន ហើយសឹម​ប្រគេន​ដល់សង្ឃ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរ​នុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ​ ចូរ​ទទួលទុក ទំរាំតែ​ឧបនន្ទ​វិលមក​ដល់។ លំដាប់នោះ ឧបនន្ទ​សក្យបុត្រ​ដ៏មានអាយុ ចូលទៅរក​ត្រកូលទាំងឡាយ ​ក្នុងវេលា​មុនភត្ត ហើយវិល​ត្រឡប់​មក​ ក្នុងវេលា​ថ្ងៃពេក។ សម័យ​នោះឯង កាលស្រុក​កើតទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំង​អស់​ ក៏​បានហាម​ភត្តរួច​ហើយ។ ពួកភិក្ខុ​ក៏រង្កៀស មិនហ៊ាន​ទទួល។ ព្រះអង្គ​ ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយចូរ​ទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ ឲ្យ​ភិក្ខុដែល​បរិភោគហើយ ហាមភត្តរួចហើយ ឆាន់ភោជន ​មិនមែន​ជារបស់​ដែល ​អំពី​ភិក្ខុ​ឈឺ ឬមិនបាន​ធ្វើ​វិនយកម្ម ដែល​ភិក្ខុ​បានទទួល​ ក្នុងវេលា​មុនភត្ត (នោះ)​បាន។

[១០៣] គ្រានោះ ព្រះមានព្រះភាគ គង់​ក្នុងក្រុងរាជគ្រឹះ តាម​សមគួរ​ដល់​ព្រះអធ្យាស្រ័យ​ហើយ យាងចេញ​ទៅកាន់ចារិក​ នៃក្រុង​សាវត្ថី​ ទ្រង់​យាង​ទៅកាន់​ចារិក ​ដោយ​លំដាប់ ទើប​បាន​ទៅដល់​ក្រុង​សាវត្ថី។ បានឮថា ព្រះមានព្រះភាគ គង់​ក្នុង​វត្តជេតវន ​របស់​អនាថបិណ្ឌិកសេដ្ឋី ជិត​ក្រុង​សាវត្ថីនោះ។ សម័យ​នោះឯង ព្រះសារីបុត្ត​ដ៏មានអាយុ មានអាពាធក្តៅ​រោលរាល​ក្នុងកាយ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បានចូលទៅ​រក​ព្រះសារីបុត្ត​ដ៏មានអាយុ លុះចូល​ទៅ​ដល់ហើយ និយាយពាក្យនេះ​នឹង​ព្រះសារីបុត្ត​ដ៏មានអាយុថា ម្នាលអាវុសោ​សារីបុត្ត កាលពីមុន លោកមាន​អាពាធ​ក្តៅ ដុតរោលរាល​ក្នុងកាយ តើលោក​បានជាសះស្បើយ ​ដោយថ្នាំ​អ្វី។ ព្រះសារីបុត្ត​តបថា ម្នាលអាវុសោ ខ្ញុំបាន​ជាសះស្បើយ ​ដោយមើម​ឈូក និងក្រអៅឈូក។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ បំបាត់​ខ្លួន​ អំពី​វត្ត​ជេតវន ហើយ​ទៅប្រាកដ​ទៀប​មាត់​ស្រះបោក្ខរណី ឈ្មោះ​មន្ទាកិនី​ ដោយឆាប់​រហ័យ ដូចជាបុរស​មានកំលាំង លាចេញ​នូវ​ដៃ​ដែល​ខ្លួនបត់ចូល ឬបត់​ចូល នូវ​ដៃ​ដែលខ្លួន​លាចេញ។ មានដំរី១ បានឃើញ​ព្រះមហាមោគ្គល្លាន​ដ៏មានអាយុ​មកអំពី​ចម្ងាយ លុះឃើញហើយ បាននិយាយ​ពាក្យនេះ នឹង​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុថា បពិត្រ​លោកដ៏ចំរើន សូមលោកម្ចាស់​មហាមោគ្គល្លាន​មកចុះ បពិត្រ​លោកដ៏​ចំរើន លោកម្ចាស់​មហាមោគ្គល្លាន​មកល្អហើយ បពិត្រ​លោកដ៏ចំរើន លោកម្ចាស់​ ត្រូវការ​ដោយវត្ថុ​អ្វី ខ្ញុំ​បាន​អ្វីប្រគេន​លោកម្ចាស់។ ព្រះមហាមោគ្គល្លាន​តបថា ម្នាលអាវុសោ យើងត្រូវការ​ដោយ​មើម​ឈូក និងក្រអៅឈូក។ ទើប​ដំរីនោះ​ បង្គាប់​ទៅ​ដំរី​ដទៃថា ម្នាលនាយ​ បើដូច្នោះ អ្នកចូរ​ប្រគេន​មើម​ឈូក និងក្រអៅឈូក ​ដល់លោកម្ចាស់​ តាម​សព្វព្រះហឫទ័យ។ ឯដំរីនោះ ចុះទៅកាន់​ស្រះបោក្ខរណី ​ឈ្មោះ​មន្ទាកិនី ហើយដកយក នូវ​មើមឈូក និង​ក្រអៅឈូក ​ដោយប្រមោយ ហើយ​លាងស្អាត វេច​ចង​ជាសំណុំ រួច​ចូលទៅរក​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ។ លំដាប់នោះ ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ បំបាត់ខ្លួន​ពីមាត់ស្រះ​បោក្ខរណី ​ឈ្មោះ​មន្ទាកិនី ទៅប្រាកដ​នៅ​ក្នុង​វត្តជេតវនវិញ ​ដោយឆាប់រហ័យ ដូច​ជាបុរស​មានកំឡាំង លាដៃ​ដែលខ្លួន​បត់ចូល ឬបត់​ចូល​នូវដៃ​ដែលខ្លួន​លាចេញ។ ឯដំរីនោះ បំបាត់ខ្លួន​អំពី​មាត់ស្រះ​បោក្ខរណី ​ឈ្មោះមន្ទាកិនី​ ទៅប្រាកដ​នៅ​ក្នុងវត្តជេតវនដែរ ទើបដំរីនោះ​ បានឲ្យ​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ ទទួល​មើមឈូក និង​ក្រអៅឈូក ហើយក៏បំបាត់​ខ្លួន​អំពី​វត្ត​ជេតវន​ ទៅប្រាកដ​ទៀប​មាត់ស្រះបោក្ខរណី ​ឈ្មោះមន្ទាកិនី​វិញ។ ចំណែក​ព្រះមហាមោគ្គល្លាន​ដ៏​មានអាយុ ក៏ហុច​មើមឈូក និងក្រអៅ​ឈូក​ ទៅព្រះសារីបុត្ត​ដ៏មានអាយុ។ ឯព្រះសារីបុត្ត​មានអាយុ កាលបានឆាន់​មើមឈូក និងក្រអៅឈូក​ហើយ ក៏​បានសះ​ ជាអាពាធ ​ដែល​ដុត​រោលរាល​ក្នុងកាយ។ មើមឈូក និងក្រអៅឈូក​ ក៏សល់នៅជាច្រើន។ សម័យ​នោះឯង កាលស្រុក​កើត​ទុរភិក្ស (អត់បាយ) ភិក្ខុ​ទាំងឡាយ ក៏​ហាមឃាត់​វត្ថុ​បន្តិចបន្តួច​ខ្លះ ពិចារណា ហើយក៏ហាមឃាត់ខ្លះ ម្យ៉ាងទៀត សង្ឃទាំង​អស់​ក៏​បានហាម​ភត្តរួច​ហើយ។ ពួកភិក្ខុ​មានសេចក្តី​រង្កៀស ក៏មិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរ​ទទួលចុះ ចូរឆាន់ចុះ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យ​ភិក្ខុដែលឆាន់ហើយ ហាម​ភត្ត​រួច​ហើយ ឆាន់ភោជន​ មិនមែន​ជារបស់​ដែល ​អំពី​ភិក្ខុ​ឈឺ ឬមិនបាន​ធ្វើ​វិនយកម្ម ដែលតាំង​នៅ​ក្នុងព្រៃ ​តាំងនៅ​ក្នុងគុម្ពឈូកបាន។

[១០៤] សម័យ​នោះឯង ក្នុងក្រុងសាវត្ថី មានវត្ថុ​សម្រាប់​ទំពាស៊ី គឺផ្លែឈើ​កើត​ឡើង​ជាច្រើន តែរក​បុគ្គល​ជាកប្បិយការកៈ​គ្មាន។ ពួកភិក្ខុមានសេចក្តី​រង្កៀស ក៏មិនហ៊ានឆាន់​ផ្លែឈើ​ឡើយ។ ភិក្ខុទាំងឡាយក្រាបបង្គំ​ទូលដំណើរ​នុ៎ះ ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​ឲ្យ​ភិក្ខុឆាន់ផ្លែឈើ ​ដែលគ្មានពូជ (ផ្លែឈើខ្ចី) និងផ្លែឈើ​ ដែល​គួរ​បន្លេច​យក​ពូជចេញ (ដូច​ផ្លែខ្នុរ​ជាដើម) សូម្បី​គេមិនបាន​ធ្វើ​ឲ្យជាកប្បិយ ក៏គួរ (ឆាន់បាន)។

១៦៧. សត្ថកម្មបដិក្ខេបកថា

(១៦៧)

[១០៥] លំដាប់នោះ ព្រះដ៏មានព្រះភាគ គង់ទៀបក្រុងសាវត្ថី ​សមគួរ​ដល់​ព្រះអធ្យាស្រ័យ​ហើយ ទ្រង់យាង​ទៅកាន់ចារិក ក្រុងរាជគ្រឹះ​ ទ្រង់​យាង​ទៅ​ ដោយ​លំដាប់ ទើប​បានដល់​ទៅ​ក្រុង​រាជគ្រឹះ។ បានឮថា ព្រះមានព្រះភាគ ទ្រង់គង់​ក្នុង​វត្តវេឡុវន កលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះ​នោះឯង។ សម័យ​នោះឯង ភិក្ខុ១រូប​ កើតអាពាធ​ឫសដូងបាត។ ពេទ្យឈ្មោះ​ អាកាសគោត្រ បានធ្វើ​សត្ថកម្ម (កាត់ ឬវះឫសដូងបាតនោះ) ដោយកាំបិត។ ទទួល​ពេលនោះ ព្រះមានព្រះភាគ ទ្រង់​យាង​ទៅកាន់​ចារិក​សេនាសនៈ ក៏បានយាង​ទៅកាន់​លំនៅ​ របស់​ភិក្ខុនោះ។ ពេទ្យឈ្មោះ​អាកាសគោត្រ បានឃើញ​ព្រះដ៏មានព្រះភាគ​ យាង​មកអំពី​ចម្ងាយ លុះឃើញ​ច្បាស់ហើយ ក៏​បាន​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគ​ ដូច្នេះថា សូម​ព្រះគោតម​ដ៏ចំរើន ទ្រង់​យាង​មកទតវច្ចមគ្គ​របស់​ភិក្ខុនេះ ដូចជាមាត់​សត្វទន្សង។ គ្រានោះ ព្រះមានព្រះភាគ​ ទ្រង់​ព្រះតម្រិះថា មោឃបុរស​នេះ​ ចំអក​ឲ្យ​តថាគត​ទេតើ ដូច្នោះហើយ ក៏ទ្រង់​យាង​ត្រឡប់​ចាកទីនោះទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបទ្រង់​ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរ​ភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ក្នុងវិហារ​ឯណោះ មានភិក្ខុឈឺ​ដែរ​ឬទេ។ ភិក្ខុទាំងឡាយ​ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ មាន។ ព្រះអង្គ​ទ្រង់​ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ​ឈឺ​ដូចម្តេច។ ពួក​ភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះអង្គដ៏​ចំរើន លោកដ៏​មានអាយុនោះ កើតឫសដូងបាត ពេទ្យ​ឈ្មោះ​អាកាសគោត្រ ក៏បានធ្វើ​សត្ថកម្មឲ្យ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់​តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើ​នៃ​មោឃបុរស​នោះ មិនសមគួរ មិនទំនង មិនសមបែប មិន​ជារបស់​សមណៈ មិនគួរគប្បី មិនមែន​ជាកិច្ច​ត្រូវធ្វើទេ ម្នាលភិក្ខុទាំងឡាយ មោឃបុរស​នោះ មិនគួរ​នឹង​ឲ្យគេ​ធ្វើ​សត្ថកម្ម​ ក្នុងទីចង្អៀតទេ ម្នាលភិក្ខុទាំងឡាយ ស្បែក​ក្នុងទី​ចង្អៀត ជារបស់​សុខុមល្អិត មាន​ដំបៅសះបាន​ដោយក្រ កម្របុគ្គល ​នឹងយក​កាំបិត​ទៅវះ ​ក្នុងទីចង្អៀត​បាន ម្នាលភិក្ខុទាំងឡាយ អំពើ​នេះ មិនមែន​នាំឲ្យជ្រះថ្លា​ ដល់ពួក​ជន ដែល​មិនទាន់​ជ្រះថ្លាទេ។បេ។ លុះទ្រង់​តិះដៀល​ហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគួរ​ឲ្យគេធ្វើ​សត្ថកម្ម ​ក្នុងទីចង្អៀតទេ ភិក្ខុណា​ឲ្យគេធ្វើ ត្រូវអាបត្តិ​ថុល្លច្ច័យ។ សម័យ​នោះឯង ឆព្វគ្គិយ​ភិក្ខុ​គិត​គ្នាថា ព្រះដ៏​មានព្រះភាគ ទ្រង់​ហាម​ការធ្វើសត្ថកម្ម​ហើយ ទើបឲ្យ​គេធ្វើ​វត្ថិកម្មវិញ (ការចង​រឹត​ក្បាល​ឫសដូងបាត​នោះ ​ដោយខ្សែ)។ ពួកភិក្ខុណា​មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកឆព្វគ្គិយភិក្ខុ មិនសម​បើ នឹង​ឲ្យគេធ្វើ​វត្ថិកម្មសោះ។ លំដាប់​នោះ ភិក្ខុទាំងនោះ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឮថា ពួកឆព្វគ្គិយភិក្ខុ ​ឲ្យគេធ្វើ​វត្ថិកម្ម ពិតមែនឬ។ ពួកភិក្ខុ​ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ពិតមែន។បេ។ ព្រះអង្គ ទ្រង់​តិះដៀលហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ឲ្យគេធ្វើ ​សត្ថកម្ម ឬវត្ថិកម្ម​ ក្នុងទីជិត ដោយជុំវិញ នៃទីចង្អៀត ​ប្រមាណពីរធ្នាប់ទេ ភិក្ខុណា​ឲ្យគេធ្វើ ត្រូវអាបត្តិ​ថុល្លច្ច័យ។

១៦៨. មនុស្សមំសបដិក្ខេបកថា

(១៦៨)

[១០៦] គ្រានោះ ព្រះមានព្រះភាគ គង់ក្នុង​ក្រុងរាជគ្រឹះ សមគួរ​តាមព្រះអធ្យាស្រ័យហើយ ទ្រង់យាងចេញ​ទៅកាន់​ចារិក ​ក្រុងពារាណសី កាលទ្រង់​យាង​ទៅកាន់​ចារិក ​ដោយលំដាប់ ក៏បាន​ដល់​ទៅ​ក្រុង​ពារាណសីនោះ។ បានឮថា ព្រះដ៏មានព្រះភាគ គង់នៅព្រៃ​ឥសិបតនមិគទាយវន ជិត​ក្រុង​ពារាណសីនោះ។ គ្រានោះឯង ក្នុងក្រុង​ពារាណសី ​មានជន​២នាក់ គឺ​ឧបាសក​ឈ្មោះ​សុប្បិយ១ ឧបាសិកា ឈ្មោះ​សុប្បិយា១ ជាអ្នកមានសេចក្តី​ជ្រះថ្លា ជាអ្នកឲ្យទាន ជាអ្នក​ធ្វើការ​បម្រើ​សង្ឃ។ លំដាប់នោះ សុប្បិយាឧបាសិកា ​បានទៅកាន់វត្ត ហើយដើរចូល​ទៅគ្រប់​វិហារ គ្រប់​ទីបរិវេណ ហើយសួរភិក្ខុ​ទាំងឡាយថា បពិត្រលោកម្ចាស់ មានលោកម្ចាស់​អង្គ​ណាឈឺ​ខ្លះដែរ លោកម្ចាស់អង្គ​ណា ត្រូវ​ការ​ឲ្យខ្ញុំ​ករុណា​ យករបស់អ្វី​មកប្រគេនដែរឬ។ វេលានោះឯង ភិក្ខុ​១រូប​បាន​ផឹកថ្នាំបញ្ចុះ។ ភិក្ខុនោះ​ក៏និយាយ​នឹង​សុប្បិយាឧបាសិកា​ ដូច្នេះថា ម្នាលនាង អាត្មា​ឆាន់​ថ្នាំ​បញ្ចុះ អាត្មាត្រូវការ​ដោយ​សាច់ ​ដែល​មានឱជារស។ សុប្បិយាឧបាសិកា​និយាយថា ល្អហើយ លោកម្ចាស់ នឹងឲ្យគេយកមក​ប្រគេន (និយាយ​ដូច្នេះហើយ) បានទៅដល់​ផ្ទះហើយ ក៏បង្គាប់​កូនក្មួយថា ម្នាលនាយ អ្នកចូរទៅ អ្នកចូរដឹង (ចូរទិញ) នូវ​សាច់​សត្វ ​ដែលស្លាប់ស្រាប់។ បុរស​នោះ​បានទទួល​ពាក្យ​សុប្បិយា​ឧបាសិកា​ថា បាទ​អ្នកម្ចាស់ ហើយក៏ដើររក​សាច់​អស់​ទាំង​ក្រុង​ពារាណសី មិនបានឃើញ​សាច់​សត្វ ​ដែលស្លាប់​ស្រាប់ឡើយ។ បុរស​នោះបានចូល​ទៅរក​សុប្បិយា​ឧបាសិកា លុះចូលទៅដល់ហើយ បាននិយាយ​ដូច្នេះ នឹង​សុប្បិយាឧបាសិកា​ថា បពិត្រអ្នកម្ចាស់ គ្មានសាច់​សត្វ ​ដែលស្លាប់​ស្រាប់ទេ ព្រោះថ្ងៃនេះ គ្មានគេ​សម្លាប់​សត្វសោះ។ លំដាប់នោះ សុប្បិយា​ឧបាសិកា មានសេចក្តី​ត្រិះរិះ ​យ៉ាង​នេះថា កាលបើ​ភិក្ខុឈឺ​នេះឯង មិនបាន​សាច់ ដែល​មាន​ឱជារស​ទេ អាពាធ ​ក៏រឹងរឹត​តែចំរើនឡើង ឬមួយ​ នឹងធ្វើកាល​កិរិយា​ទៅមិនខាន (ឥឡូវ) អាត្មាអញ បានទទួល​ប្តេជ្ញា​ថា នឹងប្រគេនសាច់ ដល់ត្រឡប់​ជាមិនឲ្យ​គេយកទៅ​ប្រគេន​វិញ កិច្ច​នោះ​ មិនសមគួរ​ដល់អញសោះ។ សុប្បិយាឧបាសិកា​ ក៏ចាប់​យកកាំបិត​សម្រាប់​ហាន់សាច់ មកអារ​សាច់ភ្លៅ (របស់ខ្លួន) ហើយហុច​ឲ្យទៅ​ទាសីថា ហ៏ ហងឯង​ចូរ​យកសាច់នេះ​ទៅចាត់ចែង ហើយ​យកទៅប្រគេន ​ដល់ភិក្ខុឈឺ ​ក្នុងវិហារ​ឯណោះចុះ ម្យ៉ាងទៀត (បើមាន) ភិក្ខុណា​សួរ​រកអញ នាងឯង​ចូរ​ទូលលោកថា អញ​ឈឺ (និយាយ​ផ្តាំ​ដូច្នេះហើយ) បានរុំភ្លៅ​ដោយសម្ពត់​សម្រាប់​បង្ករ ហើយចូល​ទៅក្នុងបន្ទប់ ដេកលើគ្រែ។ លំដាប់នោះ សុប្បិយឧបាសក បានទៅកាន់ផ្ទះ ហើយសួរ​ទាសីថា នាង​សុប្បិយា​ទៅណា។ ទាសីនោះ​ប្រាប់ថា បពិត្រ​អ្នកម្ចាស់ អ្នកម្ចាស់នោះ​សម្រាន្ត​ក្នុងបន្ទប់។ លំដាប់នោះ សុប្បិយឧបាសក​បានចូល​ទៅរក​សុប្បិយាឧបាសិកា លុះចូល​ទៅដល់​ហើយ សួរ​សុប្បិយាឧបាសិកា​យ៉ាងនេះថា ព្រោះហេតុអ្វី​បានជានាង​ដេក។ សុប្បិយា​ឧបាសិកា​ឆ្លើយថា ខ្ញុំឈឺ។ សុប្បិយឧបាសក​សួរថា នាងឈឺអ្វី។ ទើបសុប្បិយាឧបាសិកា ​ប្រាប់​សេចក្តី​នុ៎ះ ​ដល់សុប្បិយឧបាសក (ដោយសព្វគ្រប់)។ លំដាប់នោះ សុប្បិយឧបាសក​គិតថា អើហ្ន៎ អស្ចារ្យ​ពេកណាស់ អើហ្ន៎​ ចំឡែកពេកណាស់ សុប្បិយាឧបាសិកា​នេះ ជាស្រី​មានសទ្ធា​ជ្រះថ្លាមែន អម្បាល​សាច់​របស់ខ្លួន​ គង់​លះបង់បាន ចំណង់​បើ ​វត្ថុ​តិចតួច​ឯទៀត ឧបាសិកា​នេះ នឹង​មិនឲ្យ​ដូចម្តេចបាន គិតដូច្នេះហើយ ក៏មានចិត្ត​រីករាយ​ខ្ពស់ឡើង បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទីសមគួរ។ លុះសុប្បិយ​ឧបាសក​ អង្គុយ​ក្នុងទីសមគួរ​ហើយ បានក្រាប​បង្គំ​ទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះ​អង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ​ព្រមទាំង​ព្រះភិក្ខុសង្ឃ​ និមន្ត​ទទួល​ភត្ត​របស់​ខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ សុប្បិយ​ឧបាសក​បានដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ហើយ ក៏ក្រោកចាក​អាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លុះកន្លង​រាត្រី​នោះទៅហើយ សុប្បិយ​ឧបាសក ក៏បានតាក់តែង​ខាទនីយភោជនីយាហារ​ ដ៏ឧត្តម​ហើយ ក៏ឲ្យមនុស្ស ​ទៅក្រាបបង្គំ​ទូល ​កាល​សមគួរ​ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏​ចំរើន ពេលសមគួរ​ហើយ ភត្តសម្រេច​ហើយ។ គ្រានោះ វេលាព្រឹក ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាង​ទៅកាន់​ផ្ទះសុប្បិយ​ឧបាសក លុះយាង​ទៅដល់ហើយ គង់លើអាសនៈ​ ដែលគេ​រៀបចំថ្វាយ មួយអន្លើ​ដោយភិក្ខុសង្ឃ។ វេលានោះ សុប្បិយ​ឧបាសក បានចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយឈរ​ក្នុងទីសមគួរ។ លុះសុប្បិយ​ឧបាសក ឈរ​នៅក្នុងទី​សមគួរហើយ ព្រះដ៏មានព្រះភាគ ​ទ្រង់​មានបន្ទូល​ដូច្នោះថា នាងសុប្បិយា​​នៅក្នុងទីណា។ សុប្បិយ​ឧបាសក​ ក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ នាង​សុប្បិយាឈឺ។ ព្រះអង្គ​ទ្រង់មាន​បន្ទូលថា បើដូច្នោះ (ឲ្យ) នាងសុប្បិយា​ចូលមក។ សុប្បិយ​ឧបាសក ក្រាប​បង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ នាងសុប្បិយា​ មិនអាច​នឹងមក​បានទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា បើដូច្នោះ អ្នកទាំងឡាយ​ចូរគ្រាហ៍​ នាំយកមក។ លំដាប់នោះ សុប្បិយ​ឧបាសក បានគ្រាហ៍​សុប្បិយា​ឧបាសិកា ​នាំមកថ្វាយ។ និម្មិត្ត តែព្រះមានព្រះភាគ ទ្រង់​ទត​ឃើញ​(កាលណា) ដំបៅរបស់​នាង ​ដែល​ធំដល់​ម្ល៉ោះ ក៏ដុះសាច់​ សះជា​ មានសម្បុរ​ល្អ មាន​រោម​ដុះពេញ​ឡើងវិញ​មួយរំពេច។ លំដាប់នោះ សុប្បិយ​ឧបាសក និងសុប្បិយាឧបាសិកា​បាននិយាយ​គ្នាថា អើហ្ន៎ អស្ចារ្យ​ពេកណាស់ អើហ្ន៎ ចំឡែកពេកណាស់ ព្រះតថាគត មានឫទ្ធិច្រើន មានអានុភាព​ច្រើន គ្រាន់តែ​ព្រះអង្គ ​ទ្រង់​បាន​ទត​ឃើញ​មួយរំពេច ដំបៅ​ ដែលធំ​ដល់ម្ល៉ោះ ក៏ដុះសាច់​សះជា មានសម្បុរល្អ មានរោមដុះ​ពេញឡើងវិញ (អ្នក​ទាំងនោះ) មានចិត្ត​រីករាយ​ខ្ពស់ឡើង ក៏អង្គាស​ខាទនីយភោជនីយាហារ (បង្អែបចំអាប) ដ៏ឆ្ងាញ់​ពីសារ ​ដោយដៃ​ខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ ​ជាប្រធាន ឲ្យឆ្អែត​ស្កប់ស្កល់ ត្រាតែ​ដល់លោក​ប្រកែក លែង​ទទួលទៀត លុះព្រះ​ដ៏មានព្រះភាគ ​ទ្រង់សោយស្រេច លែងលូកព្រះហស្ថ​ ទៅក្នុងបាត្រ​ហើយ ក៏នាំគ្នា​អង្គុយ​ក្នុងទី​សមគួរ។ លំដាប់នោះ ព្រះមានព្រះភាគ​ បានញុំាង​សុប្បិយឧបាសក និងសុប្បិយាឧបាសិកា ឲ្យឃើញ​ច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏ទ្រង់​ក្រោក​ចាកអាសនៈ ចៀសចេញទៅ។

[១០៧] ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏​មានព្រះភាគ​ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់​សួរ​ពួក​ភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ណា សូម​សាច់​អំពី​សុប្បិយាឧបាសិកា។ កាល​បើ​ព្រះដ៏មានព្រះភាគ​ ត្រាស់​សួរ​យ៉ាង​នេះហើយ ភិក្ខុនោះ​ក្រាបទូល​ព្រះដ៏មានព្រះភាគ ​ដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំ​ព្រះអង្គ​បានសូម​សាច់ ​អំពី​សុប្បិយាឧបាសិកា។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ អ្នកបាន​ឲ្យគេនាំ​យក​សាច់​មកហើយឬនៅ។ ភិក្ខុនោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏​មានព្រះភាគ ខ្ញុំព្រះអង្គ​បានឲ្យគេ​នាំ​យកសាច់​នោះ​មកហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ អ្នក​បានឆាន់​ហើយឬនៅ។ ភិក្ខុ​នោះក្រាបបង្គំ​ទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ​បានឆាន់​ហើយ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុ ​(មុនដែលនឹង​ឆាន់) អ្នកបាន​ពិចារណា​ដែរឬទេ។ ភិក្ខុនោះ​ក្រាបទូលថា បពិត្រ​ព្រះដ៏មានព្រះភាគ ខ្ញុំ​ព្រះអង្គ ​មិនបាន​ពិចារណាទេ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់តិះដៀល​ថា នែមោឃបុរស អ្នកឯង​ មិនសមបើ​នឹងមិន​ពិចារណា ហើយ​ហ៊ាន​ឆាន់​សាច់ (ដូច្នេះ) សោះ ម្នាលមោឃបុរស អ្នកឯង​ឆាន់​សាច់​មនុស្ស​ពិតហើយ ម្នាលមោឃបុរស អំពើនេះ មិននាំឲ្យជ្រះថ្លា ​ដល់ពួកជន ​ដែលមិនទាន់​ជ្រះថ្លាទេ។បេ។ ទ្រង់​តិះដៀល​រួចហើយ ទ្រង់​ធ្វើ​ធម្មីកថា ត្រាស់​ហៅភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ ពួក​មនុស្ស​ ដែល​មានសទ្ធា មានសេចក្តី​ជ្រះថ្លា មនុស្ស​ទាំងនោះ​ សូម្បីតែសាច់​របស់ខ្លួន​ឯង​ ក៏គង់​លះប្រគេន​បាន ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវឆាន់​សាច់មនុស្សទេ ភិក្ខុណាឆាន់ ត្រូវ​អាបត្តិ​ថុល្លច្ច័យ។ ម្យ៉ាងទៀត ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុមិនបាន​ពិចារណា​ជាមុនហើយ មិនត្រូវ​ឆាន់សាច់ទេ ភិក្ខុណាឆាន់​ ត្រូវ​អាបត្តិ​ទុក្កដ។

១៦៩. ហត្ថិមំសាទិបដិក្ខេបកថា

(១៦៩)

[១០៨] សម័យ​នោះឯង មានដំរី​របស់ស្តេច​ស្លាប់​ជាច្រើន។ ចួន​ជាវេលា​ស្រុក​អត់​បាយ មនុស្ស​ទាំងឡាយ ​នាំគ្នា​ស៊ីសាច់​ដំរី ក៏បាន​ប្រគេន​សាច់​ដំរី ​ដល់ពួកភិក្ខុ ដែល​ត្រាច់ទៅ​បិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នា​ឆាន់សាច់ដំរី។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ​នឹងហ៊ាន​ឆាន់សាច់ដំរី​សោះ ដំរី​ក៏ជាអង្គ (យាន) របស់ស្តេច បើស្តេច​ទ្រង់ជ្រាប មុខជាខ្ញាល់ នឹងភិក្ខុ​ទាំងនោះមិនខាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ​ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ដំរីទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង (មាន) សេះរបស់​ស្តេច​ស្លាប់​ជាច្រើន។ ចួនជា​វេលា​ស្រុក​អត់បាយ មនុស្ស​ទាំងឡាយ​ នាំគ្នា​ស៊ីសាច់​សេះ ក៏បាន​ប្រគេន​សាច់សេះ​ ដល់ពួកភិក្ខុ ដែល​ត្រាច់​ទៅ​​បិណ្ឌបាត។ ភិក្ខុទាំងឡាយ ក៏នាំគ្នា​ឆាន់សាច់សេះ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ ​នឹងហ៊ាន​ឆាន់សាច់សេះទេ ព្រោះ​សេះ​ជាអង្គ (យាន) របស់​ស្តេចដែរ បើស្តេច​ទ្រង់​ជ្រាប មុខជា​ខ្ញាល់ នឹងភិក្ខុ​ទាំងនោះមិនខាន។ ពួកភិក្ខុ​ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់សេះទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង វេលា​ស្រុក​អត់បាយ មនុស្ស​ទាំងឡាយ​ នាំគ្នា​ស៊ីសាច់ឆ្កែ ក៏បាន​ប្រគេន​សាច់​ឆ្កែ ​ដល់ពួក​ភិក្ខុ​ ដែលត្រាច់​ទៅបិណ្ឌបាត។ ភិក្ខុ​ទាំងឡាយ ​ក៏នាំគ្នាឆាន់សាច់ឆ្កែ។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ ​នឹងហ៊ាន​ឆាន់សាច់ឆ្កែសោះ ព្រោះឆ្កែ ជាសត្វ​គួរខ្ពើមរអើម។ ភិក្ខុ​ទាំងឡាយ​ក្រាបបង្គំ​ទូល​សេចក្តីនុ៎ះ​ ចំពោះ​ព្រះដ៏​មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ឆ្កែទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពេល​ស្រុក​អត់បាយ មនុស្ស​​ទាំងឡាយ​ ស៊ីសាច់ពស់ ក៏បាន​ប្រគេន​សាច់ពស់​ ដល់ពួក​ភិក្ខុ​ដែលត្រាច់​ទៅបិណ្ឌបាត។ ភិក្ខុ​​ទាំងឡាយ​ក៏នាំគ្នាឆាន់សាច់ពស់។ ពួកមនុស្ស​ពោលទោស តិះដៀល បន្តុះ​បង្អាប់​ថា ពួក​សមណ​សក្យបុត្រ មិនសមបើ​ នឹងហ៊ាន​ឆាន់សាច់ពស់សោះ ព្រោះ​ពស់​ជាសត្វ​គួរ​ខ្ពើមរអើម។ ចំណែកខាង​ស្តេចនាគ ឈ្មោះ​សុបស្ស​ បានចូល​ទៅគាល់​ព្រះដ៏​មានព្រះភាគ លុះ​ចូល​ទៅដល់​ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ​ហើយ ឋិតនៅ​ក្នុង​ទីសមគួរ។ លុះសុបស្សនាគរាជ​ ឋិតនៅ​ក្នុង​ទីសមគួរ​ហើយ បានក្រាបបង្គំ​ទូល​ ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គ​ដ៏ចំរើន នាគទាំងឡាយ ជាសត្វ​គ្មាន​សទ្ធា គ្មាន​សេចក្តី​ជ្រះថ្លាទេ ក្រែងពួកនាគ​ទាំងនោះ បៀតបៀន​ភិក្ខុ​ទាំងឡាយខ្លះ​មិនខាន បពិត្រ​ព្រះអង្គដ៏​ចំរើន ខ្ញុំព្រះអង្គ​សូម​អង្វរ សូមកុំ​ឲ្យ​លោកម្ចាស់​ទាំងឡាយ ​ឆាន់​សាច់​ពស់​ឡើយ។ លំដាប់នោះ ព្រះមានព្រះភាគ​ ញុំាង​សុបស្សនាគរាជ​ ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា​ហើយ។ លុះសុបស្ស​នាគរាជ​ ដែលព្រះដ៏មានព្រះភាគ​ ទ្រង់​​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ដោយធម្មីកថា​ហើយ ក៏ថ្វាយ​បង្គំ​ព្រះដ៏មានព្រះភាគ​ ធ្វើប្រទក្សិណ​ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា​ហើយ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកថា ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុមិនត្រូវ​ឆាន់​សាច់ពស់ទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួក​ព្រាន​សម្លាប់​សត្វ​សីហៈ​ហើយ ស៊ីសាច់សីហៈ ក៏បាន​ប្រគេន​សាច់សីហៈ​ ដល់ពួក​ភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុ​ឆាន់សាច់សីហៈហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកសត្វ​សីហៈ ​ធុំក្លិន​សាច់សីហៈ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​សីហៈទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាធំ ហើយស៊ីសាច់​ខ្លាធំ ក៏បាន​ប្រគេន​សាច់​ខ្លាធំ ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់ខ្លាធំហើយ ទៅនៅក្នុងព្រៃ។​ ពួកខ្លា​ធំ បានធុំក្លិន​សាច់​ខ្លា​ធំ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​ខ្លាធំទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាដំបង ហើយស៊ីសាច់​ខ្លាដំបង ក៏បាន​ប្រគេន​សាច់​ខ្លាដំបង ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់ខ្លាដំបងហើយ ក៏ទៅនៅក្នុង​ព្រៃ។​ ពួកខ្លាដំបង បានធុំក្លិន​សាច់​ខ្លាដំបង ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​សេចក្តី​នុ៎ះ ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់​ខ្លាដំបងទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់​ខ្លាឃ្មុំ ហើយ​ស៊ី​សាច់​​ខ្លាឃ្មុំ ក៏បាន​ប្រគេន​សាច់​ខ្លាឃ្មុំ ​ដល់​ពួកភិក្ខុ ​ដែលត្រាច់​ទៅបិណ្ឌបាត។ ពួកភិក្ខុឆាន់​សាច់​ខ្លា​ឃ្មុំហើយ ក៏ទៅនៅក្នុងព្រៃ។​ពួកខ្លា​ឃ្មុំ បានធុំក្លិន​សាច់​ខ្លាឃ្មុំហើយ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុ​ទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់ខ្លាឃ្មុំទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។ សម័យ​នោះឯង ពួកព្រាន​សម្លាប់សត្វឆ្កែព្រៃ ហើយស៊ីសាច់​ឆ្កែព្រៃ ក៏បាន​ប្រគេន​សាច់ឆ្កែព្រៃ​ ដល់​ពួកភិក្ខុ​ដែល​ត្រាច់​​ទៅបិណ្ឌបាត។ ភិក្ខុទាំងឡាយ ឆាន់សាច់ឆ្កែព្រៃហើយ ក៏ទៅនៅក្នុងព្រៃ។ ពួកឆ្កែព្រៃ បានធុំក្លិន​សាច់​ឆ្កែព្រៃហើយ ក៏សម្លាប់​ភិក្ខុ​ជាច្រើន។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏​មាន​ព្រះ​ភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនត្រូវ​ឆាន់​សាច់ឆ្កែព្រៃទេ ភិក្ខុណា​ឆាន់ ត្រូវអាបត្តិ​ទុក្កដ។

ចប់ សុប្បិយភាណវារៈ ទី២។

១៧០. យាគុមធុគោឡកានុជាននា

(១៧០)

[១០៩] គ្រានោះ ព្រះដ៏មានព្រះភាគ គង់​ទៀតក្រុងពារាណសី សមគួរ​តាមព្រះ​អធ្យាស្រ័យ​ហើយ ក៏យាងចេញ​ទៅកាន់​ចារិក​នៃអន្ធកវិន្ទ​ប្រទេស ជាមួយ​នឹងភិក្ខុ​សង្ឃ​ជាច្រើន ប្រមាណ​មួយពាន់​ពីររយហាសិបរូប។ សម័យ​នោះឯង ពួក​មនុស្ស​អ្នកជនបទ បានផ្ទុក​អម្បិល​ខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ក្នុងរទេះ​ទាំងឡាយ ហើយក៏​បរទៅ​តាមក្រោយៗ​ភិក្ខុសង្ឃ​ មាន​ព្រះពុទ្ធ​ជាប្រធាន។ ពួកមនុស្ស​អ្នកស៊ីដែល​ប្រមាណ​ប្រាំរយនាក់ ក៏គិតគ្នាថា (បើ) ពួក​យើង​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងកាលណា នឹងធ្វើភត្ត​ក្នុងកាលនោះ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​យាង​ទៅកាន់​ចារិក​តាមលំដាប់ ក៏បាន​ដល់ទៅ​អន្ធកវិន្ទ​ប្រទេសនោះ។ លំដាប់នោះ កាល​ព្រាហ្មណ៍​ម្នាក់​មិនបាន​លំដាប់​(វេន)​នៃ​ភត្ត ក៏មានសេចក្តី​រិះគិត​យ៉ាង​នេះថា អាត្មាអញ​បានដើរ​តាម​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាង​២ខែហើយ ដោយប៉ងថា បើអាត្មាអញ​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងកាលណា នឹងធ្វើ​ភត្ត​ក្នុងកាលនោះ ឥឡូវ​លំដាប់​(វេន)​នៃភត្ត​ អាត្មាអញ​មិន​ទាន់​បាននៅឡើយ ខ្លួនអញ​ទៀត​សោតក៏​តែម្នាក់ឯង ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត ក៏សាបសូន្យ​ទៅជាច្រើន បើដូច្នោះ មានតែ​គួរ​អាត្មាអញ​ទៅត្រួតមើល​រោងភត្ត វត្ថុណា​គ្មាន​ក្នុងរោងភត្ត អាត្មាអញ​ក៏នឹង​តាក់តែង​នូវវត្ថុនោះ។ វេលា​ដែលព្រាហ្មណ៍​នោះទៅមើល​រោង​ភត្ត ក៏​មិនឃើញ​វត្ថុពីរយ៉ាង គឺ​បបរ​និងនំ​មានរស​ផ្អែមឡើយ​។32) ទើបព្រាហ្មណ៍​នោះចូល​ទៅរក​ព្រះអានន្ទ​ដ៏មានអាយុ លុះចូលទៅ​ដល់ហើយ និយាយ​នឹងព្រះអានន្ទ​ដ៏មានអាយុដូច្នេះថា បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន កាលខ្ញុំ​ករុណា​មិនបាន​លំដាប់​(វេន) នៃភត្ត​ក្នុងទីនេះ ក៏មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា អាត្មាអញដើរ​តាម​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ជាង​២ខែហើយ ដោយប៉ងថា (បើ)អាត្មាអញ​បាន​លំដាប់​(វេន) នៃភត្ត​ក្នុងពេលណា នឹងធ្វើ​ភត្ត​ក្នុងពេលនោះ ឥឡូវអាត្មាអញ​មិនទាន់​បាន​​លំដាប់​(វេន)​នៃភត្ត​​នៅ​ឡើយ ខ្លួនអញ​ទៀត​សោតក៏​តែម្នាក់ឯង ទាំង​ប្រយោជន៍​ខាង​ឃរាវាស​របស់​អាត្មាអញ​ទៀត ក៏សាបសូន្យ​ទៅជាច្រើន បើដូច្នោះ មានតែ​គួរ​អាត្មាអញ​ទៅត្រួតមើល​រោងភត្ត វត្ថុណា​គ្មាន​ក្នុងរោងភត្ត អាត្មា​អញ​​នឹង​តាក់តែង​នូវវត្ថុនោះ (យ៉ាងនេះ) បពិត្រព្រះ​អានន្ទ​ដ៏ចំរើន កាលខ្ញុំ​ព្រះករុណា​ទៅមើល​រោង​ភត្ត ​មិនបានឃើញ​វត្ថុពីរយ៉ាង គឺ​បបរ​និងនំ​មានរស​ផ្អែមឡើយ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន បើ​ខ្ញុំ​ករុណា​តាក់តែង​បបរ និងនំ​មានរស​ផ្អែម​មកថ្វាយ ព្រះគោតម​ដ៏ចំរើន ទ្រង់​ទទួល​របស់​ខ្ញុំ​ករុណា​ដែរឬ។ ព្រះអានន្ទ​ប្រាប់ថា ម្នាល​ព្រាហ្មណ៍ បើដូច្នោះ ចាំអាត្មា​ទូលសួរ​ព្រះ​ដ៏មានព្រះភាគ​សិន។ លំដាប់​នោះ ព្រះអានន្ទ​ដ៏​មានអាយុ​បានក្រាប​បង្គំ​ទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ ឲ្យព្រាហ្មណ៍​នោះតាក់​តែងចុះ។ ទើប​ព្រះអានន្ទ​ទៅ​ប្រាប់ពា្រហ្មណ៍​ថា​ ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរ​តាក់តែង​ចុះ។ លុះរាត្រី​នោះកន្លង​ទៅហើយ ឯព្រាហ្មណ៍​នោះ​តាក់តែង​បបរ និង​នំមាន​រស​ផ្អែម​ជាច្រើន ក៏​បានបង្អោន​ថ្វាយ​ចំពោះ​ព្រះ​ដ៏​មានព្រះភាគ ហើយទូលថា សូមព្រះគោតម​ដ៏ចំរើន ទ្រង់​ទទួល​បបរ និង​នំ​មានរស​ផ្អែម​របស់​ខ្ញុំ​ព្រះអង្គ។ ព្រះដ៏មានព្រះភាគ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ​ អ្នកចូរ​ប្រគេន​ដល់​ភិក្ខុ​ទាំង​ឡាយចុះ។ ពួក​ភិក្ខុរង្កៀស មិនហ៊ាន​ទទួល។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំង​ឡាយ​ចូរ​ទទួល​ចុះ ចូរ​ឆាន់ចុះ។ ព្រាហ្មណ៍​នោះ អង្គាស​ភិក្ខុសង្ឃ មាន​ព្រះពុទ្ធអង្គ ​ជាប្រធាន ដោយ​បបរ និងនំ​មានរស​ផ្អែម​ជាច្រើន ដោយដៃ​របស់ខ្លួន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែ​លោក​ប្រកែក​លែង​ទទួលទៀត លុះព្រះដ៏​មានព្រះភាគ ទ្រង់លាង​ព្រះហស្ថ​ស្រេច លែងលូក​ទៅក្នុងបាត្រ​ហើយ (ព្រាហ្មណ៍) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះព្រាហ្មណ៍​នោះ អង្គុយ​ក្នុង​ទៅសមគួរហើយ ព្រះដ៏​មានព្រះភាគ​ទ្រង់មាន​បន្ទូល​ដូច្នេះថា ម្នាលព្រាហ្មណ៍ អានិសង្ស​បបរ​នេះ​មាន១០យ៉ាង អានិសង្សបបរ១០យ៉ាងនោះ តើដូចម្តេច គឺ​បុគ្គល​អ្នកឲ្យបបរ ឈ្មោះថា ឲ្យអាយុ១ ឲ្យពណ៌​សម្បុរ១ ឲ្យសេចក្តីសុខ១ ឲ្យកំលាំងកាយ១ ឲ្យប្រាជ្ញា១ បបរដែល​បុគ្គល​ហុត​ទៅហើយ រមែង​ហាមឃាត់​សេចក្តីឃ្លាន១ បន្ទោបង់សេចក្តី​ស្រេក១ ញុំាង​ខ្យល់​ឲ្យដើរ​ទៅស្រួល១ ញុំាង​សរសៃ​ឲ្យស្អាត១ ញុំាង​អាហារថ្មី​ដ៏សេសសល់​ឲ្យរលួយ១ ម្នាល​ព្រាហ្មណ៍ អានិសង្សបបរ​មាន​១០​យ៉ាង​នេះ​ឯង។

[១១០] ជនណា​បានឲ្យបបរ​ដោយគោរព ដល់ពួក​សមណៈ ដែលជាអ្នក​សង្រួម អ្នកបរិភោគ​ភោជន​ដែល​អ្នកដទៃ​ឲ្យ ក្នុងកាល​ដ៏គួរ (ជននោះ) ឈ្មោះថា ឲ្យនូវ​ហេតុ​នៃ​អានិសង្ស​ទាំង​១០យ៉ាងគឺ អាយុ១ ពណ៌សម្បុរ១ សេចក្តីសុខ១ កំឡាំងកាយ១ ប្រាជ្ញា​របស់​បុគ្គល​នោះ​តែង​កើតឡើង១ បបរនោះ​តែងកំចាត់​បង់សេចក្តី​ឃ្លាន១ សេចក្តី​ស្រេក១ និងញុំាង​ខ្យល់ (ឲ្យ​បាន​ដើរ​ស្រួល)១ ញុំាង​សរសៃ​ឲ្យស្អាត១ ញុំាង​ភត្ត​ឲ្យរលួយ១។ នេះជា​ភេសជ្ជៈ ដែល​ព្រះសុគត​ទ្រង់​សរសើរហើយ។ ព្រោះហេតុនោះ អ្នកមាន​សេចក្តី​ត្រូវការ​ ចង់​បាន​សេចក្តី​សុខ​ជារបស់​មនុស្ស​ក្តី ប្រាថ្នាសេចក្តី​សុខ​ជារបស់​ទិព្វក្តី ចង់បាន​សេចក្តី​ល្អរុងរឿង​ក្នុងមនុស្សក្តី គួរ​ឲ្យ​បបរជានិច្ចចុះ។

[១១១] លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​អនុមោទនា​ចំពោះ​ព្រាហ្មណ៍​នោះ​ដោយ​គាថា​ទាំងនេះហើយ ទ្រង់ក្រោកចាក​អាសនៈ យ៉ាងចេញទៅ។ ព្រោះនិទាននេះ ដំណើរ​នេះ ទើបព្រះដ៏​មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយត្រាស់ហៅ​ពួកភិក្ខុមកថា ម្នាល​ភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត ​(​ឲ្យភិក្ខុ​ឆាន់) បបរ និងនំមាន​រសផ្អែម​បាន។

១៧១. តរុណបសន្នមហាមត្តវត្ថុ

(១៧១)

[១១២] ពួកមនុស្ស​បានឮដំណឹងថា ព្រះដ៏​មានព្រះភាគ ទ្រង់​អនុញ្ញាត​បបរ​ និងនំមានរស​ផ្អែមដល់​ភិក្ខុទាំងឡាយ (ដូច្នោះ) ហើយ។ មនុស្ស​ទាំងនោះ ក៏នាំគ្នាតាក់តែង​បបរភោជ្ជ ​33) និងនំមានរសផ្អែម ពីព្រឹកព្រហាម (មកប្រគេនភិក្ខុទាំងឡាយ)។ ពួកភិក្ខុបានឆាន់បបរភោជ្ជ និងនំមានរសផ្អែម ឆ្អែតពីព្រឹកព្រហាមហើយ លុះទៅឆាន់​ក្នុងរោងភត្ត​ទៀត ក៏មិនបានឆ្ងាញ់ពីសា។ សម័យនោះឯង មានមហាមាត្យម្នាក់ ជាអ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មី (មិនទាន់មុតមាំ) បាននិមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធានទុក ដើម្បីឆាន់ក្នុងថ្ងៃស្អែក។ លំដាប់នោះ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លាថ្មីនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ មានតែគួរអាត្មាអញតាក់តែង​ចង្ហាន់សាច់ ចំនួន​១២៥០​សម្រាប់ (ឲ្យល្មម) ដល់ភិក្ខុ១២៥០រូប ហើយប្រគេនចង្ហាន់​សាច់មួយសម្រាប់​ៗ ដល់ភិក្ខុមួយរូបៗ។ មហាមាត្យ អ្នកមានសេចក្តីជ្រះថ្លា​ថ្មី​នោះ លុះកន្លងរាត្រីនោះទៅ ក៏បានតាក់តែង​ខាទនីយភោជនីយៈ ដ៏ឧត្តម និងចង្ហាន់សាច់​១២៥០​សម្រាប់ ហើយក៏ប្រើបម្រើឲ្យទៅក្រាបបង្គំទូល​ពេលឆាន់ ចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន ពេលនេះល្មមហើយ ភត្តសម្រេចហើយ។ គ្រានោះ ពេលព្រឹកព្រហាម ព្រះដ៏មាន​ព្រះភាគ​ទ្រង់​ស្បង់​ ហើយប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់ផ្ទះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ លុះយាង​ទៅដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលគេរៀបចំថ្វាយ មួយអន្លើ​ ដោយភិក្ខុសង្ឃ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ពួកភិក្ខុ​ក្នុងរោងភត្ត។ ភិក្ខុ​ទាំងឡាយ​ បាននិយាយ​យ៉ាងនេះថា ម្នាលអាវុសោ អ្នកចូរឲ្យ (ភត្ត) តែបន្តិចចុះ ម្នាលអាវុសោ អ្នកចូរឲ្យតែបន្តិចបានហើយ។ មហាមាត្យនិយាយថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ កុំទទួលភត្តបន្តិចបន្តួច ដោយគិតថា មហាមាត្យនេះ មានសេចក្តីជ្រះថ្លាថ្មី ខាទនីយ​ភោជនីយៈ ខ្ញុំបានចាត់ចែងទុកហើយជាច្រើន ទាំងចង្ហាន់សាច់១២៥០សម្រាប់ផង ខ្ញុំនឹងប្រគេន​ចង្ហាន់សាច់​មួយសម្រាប់ៗ ដល់ភិក្ខុមួយរូបៗ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់​ទាំងឡាយ​ ទទួល ដរាបដល់ឆ្អែត។ ពួកភិក្ខុនិយាយតបថា ម្នាលអាវុសោ យើងទាំងឡាយ ទទួលភត្ត​បន្តិច​ៗ ព្រោះ​ហេតុប៉ុណ្ណេះ ក៏ទេ យើងទាំងឡាយ ឆាន់បបរភោជ្ជ និងនំ​មានរសផ្អែម ឆ្អែតអំពីព្រឹក​រួចហើយ ព្រោះហេតុនោះ បានជាយើងទទួលភត្តតែបន្តិចៗ។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ខ្ញុំបាននិមន្ត​លោកម្ចាស់ទាំងឡាយ​រួចហើយ មិនសមបើនឹងទៅឆាន់បបរភោជ្ជ​របស់ជនឯទៀតសោះ (លោកម្ចាស់​ខ្លាចក្រែង) ខ្ញុំ​មិនអាច​នឹងប្រគេន​ឲ្យឆាន់ឆ្អែត​បានឬ។ មហាមាត្យនោះ មានសេចក្តីក្រោធ តូចចិត្ត ប្រាថ្នានឹង​ចោទ កាលដាក់បាត្រ​ភិក្ខុទាំងឡាយពេញហើយ ក៏ដើរទៅនិយាយថា ពួកលោកណាចង់​ឆាន់ក្តី នាំយកទៅក្តី​ (ក៏តាមចិត្តចុះ)។ លំដាប់នោះ មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយៈ ដ៏ឧត្តម ដោយដៃនៃខ្លួន ឲ្យឆ្អែត ស្កប់ស្កល់ ត្រាតែលោកប្រកែក លែងទទួលទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថទៅក្នុងបាត្រហើយ (មហាមាត្យ) ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ អង្គុយ​នៅក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោកចាក​អាសនៈ យាងចេញទៅ។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ កាលព្រះដ៏មានព្រះភាគ យាងចេញទៅ​ មិនយូរប៉ុន្មាន ក៏កើតសេចក្តីរង្កៀស និងសេចក្តីក្តៅក្រហាយថា អាត្មាអញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង តូចចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញ ហើយដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ សន្សំមកជាច្រើន​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎។ ឯមហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះ ក៏ចូល​ទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយ​ក្នុងទី​សមគួរ។ លុះ​មហាមាត្យ អ្នកមាន​សេចក្តី​ជ្រះថ្លា​ថ្មីនោះអង្គុយ​ក្នុងទីសមគួរ​ហើយ ក៏ក្រាប​បង្គំ​ទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះដ៏មានព្រះភាគ យាង​ចេញ​​ទៅមិនយូរប៉ុន្មាន ក្នុងវេលានេះ ខ្ញុំព្រះអង្គក៏មានសេចក្តីរង្កៀស និងសេចក្តី​ក្តៅ​ក្រហាយថា អាត្មា​អញ ឥតលាភទេតើ លាភរបស់អាត្មាអញ គ្មានសោះទេហ្ន៎ ទាំងអត្តភាពជាមនុស្សសោត ក៏​អាត្មាអញ​បានដោយកម្រ មិនមែនអាត្មាអញ​បានដោយងាយទេ (ឥឡូវ) អាត្មាអញ ខឹង អន់ចិត្ត ប្រាថ្នា​នឹងចោទ បានដាក់បាត្រភិក្ខុទាំងឡាយឲ្យពេញហើយ ដើរចៀសចេញទៅ និយាយថា លោក​ទាំងឡាយ​ ចូរឆាន់ក្តី នាំយកទៅក្តី (ក៏តាមចិត្តចុះ) កម្មដែលអាត្មាអញ បាន​សន្សំ​មកជា​ច្រើន​​ហើយ (នេះ) នឹងជាបុណ្យ ឬជាបាបហ្ន៎ បពិត្រ​ព្រះអង្គដ៏ចំរើន កម្មដែលខ្ញុំព្រះអង្គ​បាន​សន្សំ​មកជាច្រើនហើយ (នេះ) តើនឹងជាបុណ្យ ឬជាបាប។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអាវុសោ ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដែលអ្នកបាន​និមន្ត​ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ដោយចំណែកណា ចំណែកដែលអ្នកបាន​សន្សំហើយនោះ ក៏ជាបុណ្យ​យ៉ាងច្រើន គ្រាប់បាយ​មួយគ្រាប់ៗរបស់អ្នក ដែលភិក្ខុមួយរូបៗ ទទួលហើយ ដោយចំណែកណា ចំណែកដែលអ្នកបានសន្សំនោះ ក៏ជាបុណ្យ​យ៉ាងច្រើនហើយ ឈ្មោះថា អ្នកឯង​ប្រារព្ធ​យកឋានសួគ៌ហើយ។ ឯមហាមាត្យ អ្នកមានសេចក្តី​ជ្រះថ្លាថ្មីនោះ ក៏គិតថា ប្រហែលជាលាភ​របស់អាត្មាអញហើយ ប្រហែលជាអាត្មាអញ បានអត្ត​ភាព ជាមនុស្សល្អហើយ ប្រហែលជាអាត្មាអញ បានសន្សំបុណ្យជាច្រើនហើយ ប្រហែល​ជាឈ្មោះថា អាត្មាអញ​ប្រារព្ធ​យកឋានសួគ៌ហើយ ក៏មានចិត្តរីករាយ ស្រស់ស្រាយឡើង ក្រោកចាក​អាសនៈ ហើយថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ឲ្យប្រជុំ​ភិក្ខុសង្ឃ ហើយត្រាស់សួរ​ ចំពោះ​ពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឮថា គេបាននិមន្ត​ពួកភិក្ខុទៅក្នុងត្រកូលដទៃហើយ ភិក្ខុទាំងនោះ នៅឆាន់បបរភោជ្ជ របស់​ត្រកូលឯទៀតវិញ ពិតមែនឬ។ ពួកភិក្ខុក្រាបបង្គំ​ទូលថា បពិត្រព្រះដ៏មានព្រះភាគ ពិតមែន។ ព្រះពុទ្ធ​ជាម្ចាស់ដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាល​ភិក្ខុទាំងឡាយ មោឃបុរស​ទាំងនោះ បាននិមន្ត​ក្នុងត្រកូលដទៃហើយ មិនសមបើ​នឹងទៅ​ឆាន់​បបរភោជ្ជ របស់ត្រកូលឯទៀតសោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជន ដែលមិនទាន់ជ្រះថ្លាទេ។បេ។ ទ្រង់តិះដៀលហើយ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមក​ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុទទួលនិមន្តក្នុងត្រកូលដទៃហើយ មិនត្រូវឆាន់បបរភោជ្ជ របស់ត្រកូល​ឯទៀតទេ ភិក្ខុណាឆាន់ ត្រូវវិនយធរ​ឲ្យភិក្ខុនោះធ្វើតាមធម៌ (គឺ​ឲ្យសំដែងអាបត្តិ​ចេញ)។

១៧២. ពេលដ្ឋកច្ចានវត្ថុ

(១៧២)

[១១៣] គ្រានោះ ព្រះដ៏មានព្រះភាគ គង់នៅក្នុង​អន្ធកវិន្ទប្រទេស តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទ្រង់យាងចេញទៅកាន់ចារិក ក្រុងរាជគ្រឹះ មួយអន្លើ​ដោយភិក្ខុសង្ឃច្រើន ប្រមាណ​១២៥០រូប។ សម័យនោះឯង បុរស​ឈ្មោះ​វេលដ្ឋកច្ចាន បានផ្ទុកសុទ្ធតែក្អមស្ករអំពៅ ពេញរទេះទាំង៥០០ហើយ ក៏ចេញចាកក្រុងរាជគ្រឹះ ទៅតាម​ផ្លូវឆ្ងាយ ចំពោះ​អន្ធកវិន្ទ​ប្រទេស។ ព្រះដ៏មានព្រះភាគ បានទតឃើញ​វេលដ្ឋកច្ចាន​ដើរមកអំពីចម្ងាយ លុះទតឃើញហើយ ទ្រង់យាង​ចៀសអំពីផ្លូវ ទៅគង់ក្រោម​ម្លប់ឈើមួយ។ លំដាប់នោះ វេលដ្ឋកច្ចាន បានចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចឈរនៅ​ក្នុងទីសមគួរ។ លុះវេលដ្ឋកច្ចាន ឈរ​នៅក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់​ប្រគេន​ស្ករអំពៅមួយក្អមៗ ដល់ភិក្ខុមួយរូបៗ។ ព្រះដ៏មានព្រះភាគ​ ទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ ចូរអ្នកឯងទៅយកស្ករអំពៅ​តែមួយក្អម​មកមើលសិន។ វេលដ្ឋកច្ចាន បានទទួល​ព្រះបន្ទូលព្រះដ៏មានព្រះភាគ​ថា ព្រះករុណា​ព្រះអង្គ ហើយយកស្ករអំពៅមួយក្អម ដើរចូលទៅរកព្រះដ៏មានព្រះភាគ​ លុះចូលទៅដល់ហើយ ក្រាប​បង្គំទូលព្រះដ៏មានព្រះភាគ​ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានយកក្អម​ស្ករអំពៅ​មកហើយ បពិត្រព្រះអង្គដ៏ចំរើន តើខ្ញុំ​ព្រះអង្គ នឹងត្រូវប្រតិបត្តិដូចម្តេច។ ព្រះដ៏មានព្រះភាគ​ ទ្រង់​ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯងចូរប្រគេន​ស្ករអំពៅ ដល់ភិក្ខុទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួលព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ភិក្ខុទាំង​ឡាយ រួច​ក្រាបបង្គំទូល​ព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុរួចហើយ ឥឡូវ ស្ករអំពៅនេះ នៅសល់ជាច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់អស់ចំណង់ចុះ។ ​​វេលដ្ឋកច្ចាន ទទួល​ព្រះបន្ទូល​ព្រះមាន​ព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយប្រគេនស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់​អស់​ចំណង់ រួច​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានប្រគេន​ស្ករអំពៅ ដល់ពួកភិក្ខុ ដរាបដល់​អស់ចំណង់ហើយ តែស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គ ត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរ​ឲ្យពួក​ភិក្ខុឆាន់​ឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយចុះ។ វេលដ្ឋកច្ចាន ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយបានញុំាងពួកភិក្ខុឲ្យឆ្អែត ស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយ។ ភិក្ខុពួកខ្លះ ដាក់ពេញបាត្រ ក៏មាន វេចនឹងសម្ពត់​តម្រងទឹកក៏មាន ដាក់ពេញ​ថង់យាមក៏មាន។ លុះវេលដ្ឋកច្ចាន បានឲ្យពួកភិក្ខុ​ឆាន់ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយហើយ ក៏​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បាន​ឲ្យពួកភិក្ខុ​ឆាន់ឆ្អែតស្កប់ស្កល់ ដោយ​ស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលផងចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ឲ្យស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល រួច​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែលហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់​អស់ចំណង់ចុះ។ វេលដ្ឋកច្ចាន បានទទួលព្រះបន្ទូលព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក៏​ឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាបដល់អស់ចំណង់ រួច​ក្រាបបង្គំទូល​ព្រះដ៏មាន​ព្រះភាគ​ដូច្នេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យ​ស្ករអំពៅ ដល់ពួកមនុស្ស អ្នកស៊ីដែល ដរាប​ដល់អស់​ចំណង់ហើយ តែថា ស្ករអំពៅនេះ ក៏នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គ​ត្រូវ​​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន បើដូច្នោះ អ្នកឯង ចូរឲ្យពួកមនុស្ស អ្នកស៊ីដែលឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយចុះ។ វេលដ្ឋកច្ចាន បាន​ទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ​ឲ្យពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅទាំងឡាយ។ ពួកមនុស្ស អ្នកស៊ីដែលខ្លះ ដាក់ពេញក្រឡក៏មាន ដាក់ពេញក្អមក៏មាន វេចនឹងសម្ពត់កម្រាលក៏មាន ដាក់ពេញថ្នក់ក៏មាន។ លំដាប់នោះ វេលដ្ឋកច្ចាន បានឲ្យ​ពួកមនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយស្ករអំពៅ​ទាំងឡាយ រួច​ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានឲ្យពួក​មនុស្ស អ្នកស៊ីដែល ឆ្អែតស្កប់ស្កល់ ដោយ​ស្ករអំពៅទាំងឡាយហើយ តែថា ស្ករអំពៅនេះ នៅសល់ច្រើន បពិត្រព្រះអង្គ​ដ៏ចំរើន តើខ្ញុំ​ព្រះអង្គនឹងត្រូវ​ប្រតិបត្តិ​ដូចម្តេច។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលកច្ចាន ក្នុងលោក ព្រមទាំងទេវតា ព្រមទាំងមារ ព្រមទាំងព្រហ្ម ក្នុងពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងសម្មតិទេព និងមនុស្ស តថាគត មិនដែលឃើញអ្នកណាមួយ​ឆាន់ស្ករអំពៅហើយ ស្ករអំពៅ​នោះ រលួយ​ទៅដោយស្រួលទេ វៀរលែងតែតថាគត ឬសាវក​របស់តថាគត​ប៉ុណ្ណោះ ម្នាល​កច្ចាន បើដូច្នោះ ចូរអ្នកឯង ចោលស្ករអំពៅ​នោះ ទៅក្នុងទីដែលគ្មានស្មៅស្រស់ ឬចាក់​ចោលទៅក្នុងទឹក ដែលគ្មានសត្វក៏បាន។ វេលដ្ឋកច្ចាន បានទទួល​ព្រះបន្ទូល​ព្រះដ៏មានព្រះភាគ​ថា ព្រះករុណាព្រះអង្គ ហើយចាក់ចោល​ស្ករអំពៅនោះ ទៅក្នុងទឹក​ដែលគ្មានសត្វ។ ឯស្ករអំពៅ​ដែល​វេលដ្ឋកច្ចាន​ដាក់ចុះទៅក្នុងទឹកនោះ ក៏លាន់ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែងឡើង​ដេរដាស គួរនាដូចជាផាលនង្គ័ល នៅហាលថ្ងៃអស់មួយថ្ងៃហើយ បុគ្គលដាក់ចុះទៅក្នុងទឹក រមែង​ឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែង​ឡើងដេរដាស យ៉ាងណាមិញ ស្ករអំពៅនោះ ដែលបុគ្គល​ដាក់​ចុះទៅក្នុងទឹកហើយ រមែងឮសំឡេងថា ចិច្ចិដិ ចិចិដិ ហុយផ្សែង​ឡើងដេរដាស ដូច្នោះដែរ។ លំដាប់នោះឯង វេលដ្ឋកច្ចាន មានសេចក្តីស្លុតចិត្ត កើតព្រឺព្រួចអស់ទាំងរោម ហើយចូលទៅ​គាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយនៅ​ក្នុងទី​សមគួរ។ លុះវេលដ្ឋកច្ចាន អង្គុយនៅ​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា គឺទ្រង់ប្រកាសអំពីទាន១ អំពីសីល១ អំពីស្ថានសួគ៌១ អំពីទោសដ៏លាមកសៅហ្មង របស់កាម​ទាំងឡាយ១ និងអានិសង្ស​ ក្នុងការចេញចាកកាម១។ វេលាណា ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា វេលដ្ឋកច្ចាន មានចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាកនីវរណៈ មានចិត្តស្រស់​ស្រាយឡើង មានចិត្តជ្រះថ្លា វេលានោះ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើក​ឡើងប្រកាស​ចំពោះ​ព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ គួរនាដូចជាសម្ពត់​សស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អ យ៉ាងណាមិញ ឯវេលដ្ឋកច្ចាន ក៏បានកើតធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​គ្រឿង​សៅហ្មង លើអាសនៈ​នោះឯង ដូច្នេះថា ធម្មជាតិណាមួយ ដែលកើតឡើង​ជាធម្មតា ធម្មជាតិ​ទាំងអស់នោះ ក៏តែងរលត់​ទៅវិញ ជាធម្មតា យ៉ាងនោះដែរ។ គ្រាដែលវេលដ្ឋកច្ចាន បានឃើញ​សច្ចធម៌ហើយ បានដល់សច្ចធម៌ហើយ បានដឹងច្បាស់សច្ចធម៌ហើយ បានយាង​ចុះកាន់​សច្ចធម៌ហើយ បានឆ្លងវិចិកិច្ឆា កំចាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ដល់នូវ​ភាវៈ​ជាអ្នក​ក្លៀវក្លា មិនជឿបុគ្គលដទៃ​ ក្នុងសាសនានៃព្រះសាស្តា ក៏បានក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិត​របស់​ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន គួរនាដូចជាមនុស្សចាប់របស់​ដែលគេផ្កាប់ចុះ​ ឲ្យផ្ងារ​ឡើង ពុំនោះ ដូចជាមនុស្ស​បើបង្ហាញ​របស់ដែលគេ​លាក់បាំងទុក ពុំនោះសោត ដូចជា​មនុស្ស​ប្រាប់​ផ្លូវ​ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីប ទ្រោល​បំភ្លឺក្នុងទីងងឹត ដោយគិតថា ឲ្យមនុស្ស​ដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយ យ៉ាងណាមិញ ធម៌ដែលព្រះដ៏មានព្រះ​ភាគ ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះដែរ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នេះ សូមដល់ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ថាជាទីពឹង ទីរលឹក សូម​ព្រះដ៏​មានព្រះភាគ ចាំទុកនូវខ្ញុំថាជាឧបាសក អ្នកដល់ (នូវ​ព្រះរតនត្រ័យ) ថាជាទីពឹង ស្មើដោយ​ជីវិត តាំង​អំពី​ថ្ងៃនេះ ជាដើមទៅ។

[១១៤] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក តាមលំដាប់​ បានដល់​ទៅក្រុង​រាជគ្រឹះនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុង​វត្តវេឡុវនកលន្ទកនិវាបស្ថាន ជិតក្រុង​រាជគ្រឹះនោះ។ សម័យ​នោះឯង ស្ករអំពៅ​កើតឡើង​ជាច្រើនក្នុងក្រុងរាជគ្រឹះ។ ពួកភិក្ខុក៏​រង្កៀសថា ស្ករអំពៅ ព្រះដ៏មានព្រះភាគ ទ្រង់អនុញ្ញាត​ចំពោះតែភិក្ខុមានជម្ងឺ​ប៉ុណ្ណោះ មិនបានទ្រង់​អនុញ្ញាត​ដល់ភិក្ខុគ្មានជម្ងឺឡើយ ក៏មិនហ៊ាន​ឆាន់ស្ករអំពៅ។ ពួកភិក្ខុក្រាបបង្គំ​ទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ស្ករអំពៅ​ដល់ភិក្ខុ​មានជម្ងឺ (អនុញ្ញាត) ទឹកស្ករអំពៅ​ដល់ភិក្ខុគ្មានជម្ងឺ។

១៧៣. បាដលិគាមវត្ថុ

(១៧៣)

[១១៥] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរ​ដល់ព្រះ​អធ្យាស្រ័យហើយ ទើបយាងចេញ​ទៅកាន់ចារិកនៃ​បាដលិគ្រាម មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន ប្រមាណ​១២៥០រូប។ គ្រាកាលព្រះដ៏មានព្រះភាគ ទ្រង់យាង​ទៅកាន់ចារិក​ដោយលំដាប់ ក៏បាន​ដល់ទៅ​បាដលិគ្រាមនោះ។ ពួកឧបាសក​នៅក្នុង​បាដលិគ្រាម បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់យាងមកដល់​បាដលិគ្រាមហើយ។ គ្រានោះ ពួកឧបាសកនៅក្នុង​បាដលិគ្រាម បាននាំគ្នាចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ លុះពួកឧបាសក​ អ្នកនៅក្នុង​បាដលិគ្រាម អង្គុយ​ក្នុងទីសមគួរ​ហើយ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យ​ឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យ​អាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ លំដាប់នោះ ពួកឧបាសក អ្នកនៅក្នុងដែនបាដលិគ្រាម លុះ​ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ​ ដោយធម្មីកថា ទើបក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ព្រម​ទាំងភិក្ខុសង្ឃ​ទទួលយក​រោងសំណាក់​របស់យើងខ្ញុំ​ទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​ដោយ​ភាវៈ​ស្ងៀម។ លំដាប់នោះ ពួក​ឧបាសក អ្នកនៅ​ក្នុង​បាដលិគ្រាម​ បានដឹងថា ព្រះមានព្រះភាគទ្រង់ទទួលហើយ ក៏នាំគ្នា​ក្រោកចាក​អាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចូលទៅកាន់​រោងសំណាក់ លុះចូល​ទៅដល់​ហើយ ក៏បាន​ក្រាលរោង​សំណាក់​ដោយគ្រឿង​កម្រាល​សព្វគ្រប់ហើយ ក៏តែងតាំង​អាសនៈទាំងឡាយ និងដម្កល់​ក្អមទឹក តែងតាំង​ប្រទីប​ប្រេង ហើយចូលទៅគាល់​ព្រះមានព្រះភាគ លុះ​ចូល​ទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយឋិតនៅក្នុងទី​សមគួរ។ ពួកឧបាសក អ្នកនៅ​ក្នុងបាដលិគ្រាម បានឋិត​នៅក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឯរោងសំណាក់​យើងខ្ញុំ បានក្រាលកម្រាល​សព្វគ្រប់ហើយ អាសនៈ​ទាំងឡាយ​ យើងខ្ញុំ​បានតែង​តាំងស្រេចហើយ ក្អមទឹកយើងខ្ញុំ បានដម្កល់​ទុកហើយ ប្រទីបប្រេង យើងខ្ញុំបាន​តែងតាំង​ស្រេចហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ សំគាល់​កាលដ៏​គួរ​ និងនិមន្ត​ទៅក្នុងកាល​ឥឡូវ​នេះចុះ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយ​ប្រដាប់​ដោយបាត្រ និងចីវរ យាងទៅកាន់​រោង​សំណាក់​ជាមួយ​នឹងភិក្ខុសង្ឃ លុះយាងទៅដល់ហើយ ទ្រង់​លាង​ព្រះបាទ​ទាំងគូហើយ ក៏យាងចូលទៅកាន់​រោងសំណាក់ ទ្រង់គង់​ផ្អែក​នឹងសសរ​កណ្តាល បែរព្រះភក្ត្រ​ទៅទិស​ខាងកើត។ ពួកភិក្ខុក៏បាន​លាងជើង ហើយចូលទៅកាន់​រោងសំណាក់ដែរ ហើយអង្គុយ​ផ្ទាប់​នឹងជញ្ជាំងទិសខាងលិច បែរមុខ​ទៅទិសខាងកើត ឈមមុខ​ត្រង់​ទៅរកព្រះដ៏មានព្រះភាគ។ ចំណែកពួកឧបាសក អ្នកនៅក្នុង​បាដលិគ្រាម ក៏បាន​លាងជើង ហើយនាំគ្នាចូលទៅ​កាន់រោងសំណាក់ ហើយអង្គុយ​ផ្ទាប់នឹង​ជញ្ជាំង​ខាងកើត បែរមុខ​ទៅទិស​ខាងលិច ឈមមុខ​ត្រង់​ទៅរក​ព្រះដ៏មានព្រះភាគដែរ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់​ត្រាស់ហៅ​ពួកឧបាសក​ អ្នកនៅក្នុងបាដលិគ្រាមមក ហើយទ្រង់ត្រាស់ថា។

[១១៦] ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះ ជាទោសនៃ​បុគ្គលទ្រុស្តសីល 34) ឬវិបត្តិ​ចាកសីល។ ទោសទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាលគហបតិទាំងឡាយ បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីល ក្នុងលោកនេះ តែង​បាន​នូវសេចក្តីវិនាស​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តី​ប្រមាថ។ នេះជាទោស​ទី១ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ តែង​មានកិត្តិសព្ទអាក្រក់ ឮខ្ចរខ្ចាយទៅ។ នេះជាទោស​ទី២ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជាខត្តិយបរិសទ្យ​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏គ្មាន​ក្លៀវក្លា មានតែ​មុខឱន​ចុះ ហើយដើរចូល​ទៅ។ នេះជាទោស​ទី៣ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ វេលាទៀបស្លាប់ តែងវង្វេងស្មារតី។ នេះជាទោស​ទី៤ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាកសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់អបាយ35) (តិរច្ឆាន) ទុគ្គតិ36) (ប្រេត) វិនិបាត37) (អសុរកាយ) និរយ (នរក)។ នេះជាទោស​ទី៥ នៃបុគ្គល​ទ្រុស្តសីល ឬវិបត្តិចាកសីល។ ម្នាលគហបតិទាំងឡាយ ទោសទាំង៥ប្រការនេះឯង ជាទោស​នៃបុគ្គលទ្រុស្តសីល ឬវិបត្តិ​ចាក​សីល។

[១១៧] ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះ ជាអានិសង្សនៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ អានិសង្សទាំង៥ប្រការនោះ តើដូចម្តេចខ្លះ។ ម្នាល​គហបតិ​ទាំងឡាយ បុគ្គលមានសីល ឬបរិបូណ៌ដោយសីល ក្នុងលោកនេះ តែង​បាន​នូវគំនរ ​នៃសម្បត្តិ​ដ៏ច្រើន ហេតុមកពីសេចក្តីមិន​ប្រមាថ។ នេះជាអានិសង្ស​ទី១ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ តែង​មានកិត្តិសព្ទដ៏ពីរោះ ឮខ្ចរខ្ចាយទៅ។ នេះជាអានិសង្ស​ទី២ នៃបុគ្គលមានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ (បើ) ចូលទៅកាន់​បរិសទ្យណា ទោះបី​ជា​ខត្តិយ​បរិសទ្យ​​ក្តី ជាព្រាហ្មណ៍បរិសទ្យក្តី ជាគហបតិបរិសទ្យក្តី ជាសមណបរិសទ្យក្តី ក៏​ក្លៀវក្លា មិនឱនមុខ​ចុះ គឺថា មិនក្រអឹមក្រអៀម ហើយដើរចូល​ទៅ។ នេះជាអានិសង្ស​ទី៣ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គល​មាន​សីល ឬបរិបូណ៌ដោយសីលហើយ លុះវេលាទៀបស្លាប់ ក៏មិនវង្វេងស្មារតីឡើយ។ នេះជាអានិសង្ស​ទី៤ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាល​គហបតិទាំងឡាយ ពាក្យ​ដទៃ​មានតទៅទៀត បុគ្គលមានសីល ឬបរិបូណ៌ដោយសីលហើយ លុះរំលាងខន្ធ​បន្ទាប់​អំពី​មរណៈ រមែងទៅកាន់មនុស្សលោក ឬទេវលោក។ នេះជាអានិសង្ស​ទី៥ នៃបុគ្គល​មានសីល ឬបរិបូណ៌ដោយសីល។ ម្នាលគហបតិទាំងឡាយ អានិសង្សទាំង៥ប្រការនេះឯង ជាអានិសង្ស​​នៃបុគ្គលមានសីល ឬបរិបូណ៌ដោយ​សីល។

[១១៨] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឧបាសក​ទាំងឡាយ នៅក្នុង​បាដលិគ្រាម​ឲ្យឃើញច្បាស់ ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា អស់​រាត្រីជាច្រើន ហើយបញ្ជូន​ទៅដោយ​ព្រះពុទ្ធ​ដីកាថា ម្នាលគហបតិទាំងឡាយ រាត្រី (បឋមយាម) កន្លង​ទៅហើយ អ្នកទាំងឡាយ ចូរដឹងនូវកាល​ដ៏គួរ នឹងត្រឡប់ទៅវិញ​ក្នុងកាលឥឡូវ​នេះចុះ។ ឧបាសក​ទាំងឡាយនៅក្នុងបាដលិគ្រាម បានទទួលព្រះពុទ្ធដីកា​ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកទីអង្គុយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ វេលាដែល​ឧបាសក​ទាំងឡាយ នៅក្នុងបាដលិគ្រាម ចៀសចេញ​ទៅមិនយូរប៉ុន្មាន ព្រះអង្គក៏​ទ្រង់យាងចូល​ទៅកាន់​សុញ្ញាគារដ្ឋាន (គឺ​ផ្ទះស្ងាត់)។

១៧៤. សុនិធវស្សការវត្ថុ

(១៧៤)

[១១៩] សម័យនោះឯង មហាមាត្យ​នៅក្នុងដែន​មគធៈ ឈ្មោះ​សុនីធៈ១ វស្សការៈ១ នាំគ្នាកសាង​ក្រុងក្នុង​បាដលិគ្រាម ដើម្បីនឹង​ការពារ​ពួករាជត្រកូល ដែលនៅក្នុងដែនវជ្ជី។ ព្រះមានព្រះភាគ ទ្រង់​តើនឡើងក្នុង​បច្ចូសសម័យនៃរាត្រី ហើយទ្រង់ទតដោយ​ទិព្វចក្ខុ ដ៏ស្អាត​កន្លង​លើសចក្ខុ​របស់មនុស្ស បានឃើញពួក​ទេវតាជាច្រើនកំពុង​គយគន់មើលទៅកន្លែង​សង់​ផ្ទះ ក្នុងបាដលិគ្រាម។ ទេវតាមានសក្តិធំ គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើលទីកន្លែងសង់ផ្ទះក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាលទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាបទាំងឡាយ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុ​មក ហើយទ្រង់សួរថា ម្នាលអានន្ទ ជនពួកណាហ្ន៎ គេសាង​ក្រុង​ក្នុងបាដលិគ្រាម។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន មហាមាត្យ​ក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូល ដែល​នៅក្នុង​ដែន​វជ្ជី។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលអានន្ទ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ បានប្រឹក្សាគ្នា​នឹងពួក​ទេវតា ក្នុងស្ថានតាវត្តិង្ស38) ថាយ៉ាងណាមិញ ម្នាលអានន្ទ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះ​សុនីធៈ និងវស្សការៈ សាង​ក្រុង​ក្នុងបាដលិគ្រាម ដើម្បី​នឹងការពារ​នូវពួករាជត្រកូលក្នុង​ដែន​វជ្ជី យ៉ាងនោះដែរ ម្នាលអានន្ទ តថាគត​ក្រោកឡើងក្នុងបច្ចូសសម័យ នៃរាត្រី ក្នុងសុញ្ញាគារដ្ឋាន (ផ្ទះស្ងាត់) នេះ ហើយមើល​ដោយ​ទិព្វចក្ខុ​ដ៏ស្អាត​ កន្លង​លើសចក្ខុរបស់​មនុស្ស បានឃើញពួកទេវតា​ជាច្រើន កំពុង​គយគន់មើល​ទៅកន្លែង​សង់ផ្ទះ ក្នុងបាដលិគ្រាម។ ពួក​ទេវតាមានសក្តិធំ គយគន់​មើលទី​កន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិធំ ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិជាកណ្តាល គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុងប្រទេសណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិជាកណ្តាល ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ទេវតា​មានសក្តិទាប គយគន់មើល​ទីកន្លែង​សង់ផ្ទះ​ក្នុង​ប្រទេស​ណា ចិត្តរបស់​ស្តេច និងរាជមហាមាត្យ ដែលមានសក្តិទាប ក៏បង្អោនទៅ​ដើម្បី​នឹងកសាង​លំនៅ​ក្នុង​ប្រទេស​នោះដែរ ម្នាលអានន្ទ ទីប្រជុំ​របស់អរិយបុគ្គលទាំងឡាយ ដែលមាន​ទាំងអម្បាលមាណ និងផ្លូវជំនួញ ដែលមានទាំងអម្បាលមាណ បាដលិបុត្រនេះ ក៏ជាក្រុងប្រសើរជាង​ទីប្រជុំ​ព្រះអរិយបុគ្គល និងផ្លូវ​ជំនួញ​អម្បាលនោះ ម្យ៉ាងទៀត ជាកន្លែង​បែកធ្លាយ ឬ​របូត​បង្វេច​ទ្រព្យ ម្នាលអានន្ទ ​ក្រុងបាដលិបុត្រមុខជានឹងមាន​សេចក្តីអន្តរាយ​៣យ៉ាង គឺអន្តរាយ​អំពីភ្លើង១ អន្តរាយអំពី​ទឹក១ អន្តរាយអំពី​ហេតុខាងក្នុង គឺបែកចាកគ្នានឹងគ្នា១។

[១២០] គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (នាំគ្នា) ចូលទៅ​គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល​ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួរជាទីរីករាយ និងពាក្យ​គួរជាទីរលឹក ល្មម​ឲ្យកើត​សេចក្តីស្និទ្ធស្នាល​ហើយ ទើបឋិត​នៅក្នុងទីសមគួរ។ លុះមហាមាត្យ​ ក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ឋិតនៅក្នុងទីសមគួរហើយ ក៏ពោលពាក្យដូច្នេះ​នឹងព្រះដ៏មានព្រះភាគ​ថា សូមព្រះ​គោតមដ៏ចំរើនទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ​ទាំងឡាយ ដើម្បីឆាន់​ក្នុងថ្ងៃស្អែក មួយអន្លើ​ដោយភិក្ខុ​សង្ឃ។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយភាវៈ​ស្ងៀម។ គ្រានោះ មហាមាត្យនៅក្នុង​ដែន​មគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដឹងថា ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោក​ចាក​ទីអង្គុយ ហើយដើរចេញទៅ។ គ្រានោះ មហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ តាក់តែងខាទនីយភោជនីយាហារដ៏ឧត្តម (រួចហើយ) ចាត់បម្រើឲ្យទៅ​ក្រាបបង្គំ​ទូល​កាលដ៏គួរ ដល់ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាល (នេះជាកាលគួរហើយ) ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់​ដោយបាត្រ និង​ចីវរ ក្នុង​វេលាព្រឹក យាងចូលទៅកាន់លំនៅមហាមាត្យ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេរៀបចំថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ គ្រានោះ មហាមាត្យនៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ក៏អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយខាទនីយភោជនីយហារ ដ៏ឆ្ងាញ់​ពីសាដោយដៃ​នៃខ្លួន ត្រាតែ​ភិក្ខុ​សង្ឃហាមឃាត់ លុះកំណត់​ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយរួចហើយ ដាក់ព្រះហស្តចុះចាក​បាត្រហើយ ក៏អង្គុយនៅក្នុងទីដ៏សមគួរ។ លុះមហាមាត្យ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ អង្គុយ​នៅក្នុងទីដ៏សមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់​អនុមោទនា ដោយ​ព្រះគាថា​ទាំងឡាយ​នេះថា

[១២១] មនុស្ស ជាបណ្ឌិតជាតិ រមែង​សម្រេច​នូវការ​នៅក្នុង​ប្រទេសណាហើយ ក៏តែង​ឲ្យពួក​បុគ្គល​អ្នកមានសីល ដែលសង្រួមល្អ ប្រព្រឹត្តធម៌ដ៏ប្រសើរ ឲ្យបរិភោគ​ក្នុងលំនៅរបស់ខ្លួន ហើយបានទាំង​ឧទ្ទិស​ផលទក្ខិណាទាន (ឲ្យចំណែកបុណ្យ) ដល់ពួកទេវតាដែលនៅ​ក្នុងប្រទេស​នោះ (ថែមទៀត)។ ទេវតា​ទាំងនោះ តែងបូជា​ចំពោះមនុស្សដែលបាន​បូជាដល់ខ្លួន តែងរាប់​អាន​ចំពោះ​មនុស្សដែល​រាប់អានដល់ខ្លួន តែងអនុគ្រោះ​មនុស្សនោះ ដូចជាមាតា​អនុគ្រោះបុត្រ ដែល​ខ្លួន​បីថ្នម ផ្ទាប់​នឹងទ្រូង​ឲ្យចំរើនឡើង។ មនុស្ស​ដែលទេវតា​ បានអនុគ្រោះហើយ ក៏តែងឃើញ​នូវ​សេចក្តី​ចំរើនសព្វៗកាល។

[១២២] លំដាប់នោះ ព្រះមានព្រះភាគ​ ទ្រង់អនុមោទនាដោយព្រះគាថាទាំងឡាយនេះ ចំពោះ​មហាមាត្យ​ នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ (ចប់ហើយ) ក៏ទ្រង់​ក្រោកចាក​អាសនៈ​ យាងចេញទៅ។ សម័យនោះឯង មហាមាត្យ ​នៅក្នុងដែនមគធៈ ឈ្មោះសុនីធៈ និងវស្សការៈ ដើរតាមព្រះមានព្រះភាគ អំពីក្រោយៗ ដោយគិតថា ក្នុងថ្ងៃនេះ ព្រះសមណគោតម នឹងយាងចេញទៅ តាមទ្វារណា ទ្វារនោះ នឹងបាន​ឈ្មោះថា គោតមទ្វារ នឹងឆ្លងស្ទឹងគង្គា តាមកំពង់ណា កំពង់នោះ នឹងបានឈ្មោះថា គោតមតិត្ថ។ គ្រានោះ ព្រះដ៏​មានព្រះភាគ​ ទ្រង់​យាងចេញ​ តាមទ្វារណា ទ្វារនោះក៏ឈ្មោះថា គោតមទ្វារ ជាប្រាកដ (ដល់​សព្វថ្ងៃនេះ)។ វេលានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាងចូលទៅកាន់ស្ទឹង​គង្គា។ ស្ទឹងគង្គា​មាន​ទឹកពេញប្រៀប ត្រឹមស្មើនឹង​មាត់ច្រាំង ល្មមសត្វ​ក្អែក​ ឱនផឹកបាន។ មនុស្សពួកខ្លះ ​រកទូក មនុស្ស​ពួកខ្លះ​រកផែ មនុស្ស​ពួកខ្លះ​ ចងក្បូន ប្រាថ្នានឹងឆ្លងអំពី​ត្រើយខាងអាយ ទៅកាន់​ត្រើយខាង​នាយ។ ព្រះដ៏មានព្រះភាគ ទ្រង់បានឃើញ​មនុស្សទាំងនោះ គឺមនុស្ស​ពួកខ្លះ ​កំពុងរកទូក មនុស្សពួកខ្លះ​ កំពុង​រកផែ មនុស្ស​ពួកខ្លះ ​កំពុងចងក្បូន ប្រាថ្នានឹង​ឆ្លងអំពីត្រើយ​ខាងអាយ ទៅត្រើយ​ខាងនាយ លុះ​ព្រះដ៏មានព្រះភាគ ទ្រង់ឃើញ​ហើយ ក៏និម្មិត​ព្រះអង្គបាត់ (មួយរំពេច) អំពី​ត្រើយខាង​អាយ នៃស្ទឹងគង្គា ទៅប្រាកដនៅត្រើយ​ខាងនាយ ជាមួយ​នឹងភិក្ខុសង្ឃ គួរនា​ដូចជាបុរស មានកំឡាំង​ លាចេញនូវដើមដៃ ​ដែលបត់ចូល ឬបត់ចូលនូវ​ដើមដៃ ដែលលាចេញ ឆាប់រហ័សដូច្នោះឯង។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបច្បាស់ នូវ​សេចក្តី​នោះហើយ ទើបបន្លឺ​ឡើង នូវ​ឧទាន​គាថា​នេះ ក្នុងវេលានោះថា ពួកជនណាឆ្លងស្ទឹង គឺតណ្ហា​ដ៏ជ្រៅឆ្ងាយ​ទូលាយបាន (ពួកជននោះឯង) តែង​ធ្វើស្ពាន គឺអរិយមគ្គមិនឲ្យប៉ះពាល់ទីជាទំនាប​ទាំងឡាយ ហើយឆ្លងបាន សេចក្តីពិតថា ជន​ធម្មតា (ដែលប្រាថ្នា​នឹងឆ្លងទឹកបន្តិចបន្តួច) តែង​ចងក្បូន (ទើបឆ្លងទៅបាន) ឯជនជាអ្នក​ប្រាជ្ញទាំងឡាយ គឺព្រះពុទ្ធ​ និងសាវករបស់ព្រះពុទ្ធ លោកបាន​ឆ្លង​រួចស្រឡះហើយ។

១៧៥. កោដិគាមេ សច្ចកថា

(១៧៥)

[១២៣] គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់យាង​ចូលទៅកាន់កោដិគ្រាម39)។ បានឮថា ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុង​កោដិគ្រាមនោះ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ ក្នុងកោដិគ្រាម​នោះមក ហើយត្រាស់ថា ម្នាល​ភិក្ខុទាំងឡាយ តថាគតក្តី អ្នកទាំងឡាយក្តី អន្ទោល​ទៅ និងត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយយ៉ាងនេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវអរិយសច្ចទាំង៤ អរិយសច្ចទាំង៤ដូចម្តេចខ្លះ ម្នាល​ភិក្ខុទាំងឡាយ តថាគត និងអ្នកទាំងឡាយ អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយ​នេះ ដូច្នេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវទុក្ខអរិយសច្ច នូវទុក្ខសមុទយអរិយសច្ច។បេ។ នូវទុក្ខនិរោធអរិយសច្ច។បេ។ តថាគត និងអ្នកទាំងឡាយ អន្ទោល​ទៅ ត្រាច់រង្គាត់​ទៅកាន់ផ្លូវ​ឆ្ងាយនេះ ដូច្នេះ ព្រោះ​មិនបាន​ត្រាស់ដឹង និងមិនបាន​ចាក់ធ្លុះ​ នូវទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ម្នាលភិក្ខុទាំងឡាយទុក្ខអរិយសច្ចនោះ តថាគត​ និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខសមុទយអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយ​ បាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចនោះ តថាគត និងអ្នក​ទាំងឡាយបាន​ត្រាស់ដឹង បានចាក់ធ្លុះហើយ ភវតណ្ហា តថាគត និងអ្នក​ទាំងឡាយ ដកឡើងហើយ ខ្សែ គឺតណ្ហា សម្រាប់ដឹកនាំទៅក្នុងភព ក៏អស់ហើយ ឥឡូវនេះ គ្មានភព​ថ្មីទៀត​ទេ។

[១២៤] ការអន្ទោលទៅកាន់ផ្លូវឆ្ងាយ​ក្នុងជាតិទាំងឡាយនោះៗឯង ព្រោះមិនបានឃើញ​នូវ​អរិយសច្ចទាំង៤ជាធម៌ពិត។ អរិយសច្ចទាំង៤នេះឯង តថាគត​ និងអ្នកទាំងឡាយ បានឃើញហើយ តណ្ហាជាអ្នកដឹកនាំទៅកាន់ភព ក៏តថាគត និងអ្នកទាំងឡាយ​គាស់រំលើងហើយ ឫសនៃ​សេចក្តី​ទុក្ខ ក៏តថាគត និងអ្នករាល់គ្នា​ ផ្តាច់ចោលហើយ ឥឡូវនេះ គ្មាន​ភពថ្មីទៀតទេ។

១៧៦. អម្ពបាលីវត្ថុ

(១៧៦)

[១២៥] នាងអម្ពបាលី ជាស្រីផ្កាមាស បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកកាន់កោដិគ្រាម។ លំដាប់នោះឯង នាងអម្ពបាលី ជាស្រីផ្កាមាស បានប្រើគេ​ឲ្យទឹមយានដ៏ថ្លៃថ្លាហើយ ក៏ឡើងជិះយានដ៏ថ្លៃថ្លា ចេញទៅអំពីក្រុងវេសាលី ដោយយានដ៏​ថ្លៃថ្លា​ទាំងអម្បាលនោះ ដើម្បី​ជួបនឹងព្រះដ៏មានព្រះភាគ ហើយដាក់យានទុក​ក្នុងទីមួយ រួចចុះ​អំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏ក្រាប​ថ្វាយ​បង្គំ​ចំពោះព្រះដ៏មានព្រះភាគ ហើយអង្គុយនៅ​ក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​នាងអម្ពបាលី ជាស្រីផ្កាមាស ដែលអង្គុយ​ក្នុងទីសមគួរ (នោះ) ឯង ឲ្យយល់ព្រម ឲ្យ​កាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ លំដាប់នោះ នាងអម្ពបាលី ជាស្រីផ្កាមាស លុះព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យយល់ព្រម ឲ្យ​កាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយ​ធម្មីកថាហើយ ទើបក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទទួល​ភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក មួយអន្លើ ដោយភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់​បានទទួល​និមន្ត ​ដោយតុណ្ហីភាព។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស ដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់​ទទួល​និមន្តហើយ ទើប​ក្រោក​ចាកទីអង្គុយ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។

១៧៧. លិច្ឆវីវត្ថុ

(១៧៧)

ពួក​ស្តេច​លិច្ឆវី ក្រុងវេសាលី បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកដល់​កោដិគ្រាម។ ពួក​ស្តេចលិច្ឆវី ក្រុងវេសាលី ក៏ឲ្យពួក​សារថី ទឹមយានដ៏ថ្លៃថ្លា ហើយឡើង​គង់យាន​ដ៏ថ្លៃថ្លា ចេញ​អំពី​ក្រុងវេសាលី ទៅដោយយានដ៏ថ្លៃថ្លាទាំងអម្បាល​នោះ​ ដើម្បីជួបនឹង​ព្រះដ៏មានព្រះភាគ។ ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ខៀវ មានសម្បុរខៀវ40) ទ្រង់ព្រះពស្ត្រខៀវ41) មានគ្រឿង​តែងខ្លួន​ក៏ខៀវ42) ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌លឿង មានសម្បុរលឿង ទ្រង់ព្រះពស្ត្រលឿង មានគ្រឿង​តែងខ្លួន​ក៏លឿង ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ក្រហម មានសម្បុរក្រហម ទ្រង់ព្រះពស្ត្រក្រហម មានគ្រឿង​តែងខ្លួន​ក៏ក្រហម ស្តេច​លិច្ឆវីពួកខ្លះ លាបពណ៌ស មានសម្បុរស ទ្រង់​ព្រះពស្ត្រស មានគ្រឿង​តែងខ្លួន​ក៏ស។​ លំដាប់នោះ នាងអម្ពបាលី ជាស្រី​ផ្កាមាស ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់ពួកស្តេចលិច្ឆវីកំឡោះៗ។ គ្រានោះ ស្តេចលិច្ឆវី​ទាំងនោះ និយាយ​នឹង​នាងអម្ពបាលី ជាស្រីផ្កាមាសថា ម្នាលមេ អម្ពបាលី ព្រោះហេតុអ្វីបានជានាង​មក​ប្រជល់​ចន្ទោលដោយចន្ទោល បំប៉ះនឹមដោយនឹម បំប៉ះកង់ដោយកង់ បំប៉ះភ្លៅដោយភ្លៅ (នៃយាន) របស់យើងជាស្តេច​លិច្ឆវីកំឡោះៗ។ នាងអម្ពបាលី​តបថា បពិត្រអយ្យបុត្ត​43) ទាំងឡាយ ព្រោះថា ខ្ញុំបាន​និមន្តភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ដើម្បី​នឹងឆាន់​ក្នុងថ្ងៃស្អែក។ ស្តេច​លិច្ឆវី​ទាំងអម្បាលនោះ មានព្រះបន្ទូលថា ម្នាលមេអម្ពបាលី ចូរនាងឲ្យ​ភត្តនេះ​មកយើងចុះ (យើងនឹងឲ្យដំឡៃនាង) ចំនួន​១សែនកហាបណៈ។ នាងអម្ពបាលីតបថា បពិត្រ​អយ្យបុត្ត ទុកជាព្រះអង្គប្រទានក្រុងវេសាលី ព្រមទាំងសួយសារអាករ ដែលមាននៅ​ក្នុងជនបទ មកខ្ញុំ ខ្ញុំក៏​មិនព្រមថ្វាយភត្តនោះឡើយ។ គ្រានោះ ស្តេចលិច្ឆវីទាំងនោះ ទះម្រាម​ព្រះហស្ថ ហើយពោលថា ម្នាលអ្នកទាំងឡាយដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ ម្នាលគ្នាយើង​ដ៏ចំរើន យើងចាញ់មាតុគ្រាមហើយ។ លំដាប់នោះ ស្តេចលិច្ឆវី​ទាំងនោះ (ក៏នាំគ្នា) ចូលទៅកាន់​ទីដែល​ព្រះដ៏មានព្រះភាគ​គង់នៅ។ ព្រះដ៏មានព្រះភាគ ទ្រង់ទតឃើញ​ស្តេចលិច្ឆវីទាំងនោះ កំពុង​យាងមកអំពីចម្ងាយ លុះឃើញហើយ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណា​ដែលមិនធ្លាប់ឃើញទេវតា ក្នុងស្ថានតាវត្តិង្សទេ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរ​រមិលមើល​ពួកលិច្ឆវីបរិសទ្យចុះ អ្នកទាំងឡាយ ចូររមិលមើល​ពួកលិច្ឆវីបរិសទ្យរឿយៗចុះ ម្នាលភិក្ខុ​ទាំងឡាយ អ្នកទាំងឡាយ ចូរប្រៀបធៀបពួកលិច្ឆវីបរិសទ្យ ទៅនឹងពួក​ទេវតា​ក្នុងជាន់​តាវត្តិង្សមើលចុះ។ លំដាប់នោះ ស្តេចលិច្ឆវីទាំងនោះ ក៏ដាក់យានទុកក្នុងទីមួយ ហើយចុះអំពី​យាន ដើរទៅដោយជើងទទេ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ទើបក្រាបថ្វាយ​បង្គំព្រះដ៏មានព្រះភាគ រួចអង្គុយនៅក្នុងទីសមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ពួកស្តេច​លិច្ឆវី ដែលអង្គុយក្នុងទីសមគួរនោះឯង ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថា។ ឯស្តេចលិច្ឆវីទាំងនោះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យរីករាយ ឲ្យត្រេកអរ ដោយធម្មីកថាហើយ ក៏ពោលពាក្យនេះ នឹងព្រះដ៏​មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏​មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ ទទួលភត្ត​ពួកខ្ញុំព្រះអង្គ​ ក្នុងថ្ងៃស្អែក។ ព្រះដ៏​មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលិច្ឆវីទាំងឡាយ តថាគត បានទទួលភត្ត​ របស់នាង​អម្ពបាលី ជាស្រីផ្កាមាស ​ក្នុងថ្ងៃ​ស្អែករួចទៅហើយ។ លំដាប់នោះ ស្តេច​លិច្ឆវី​ទាំងនោះ ទះម្រាមព្រះហស្ថ ហើយពោលថា ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ ម្នាលគ្នាយើងដ៏ចំរើន យើងចាញ់មាតុគ្រាម​ហើយ។ លំដាប់នោះ ស្តេច​លិច្ឆវីទាំងនោះ ត្រេកអររីករាយ តាមភាសិត​របស់ព្រះដ៏​មានព្រះភាគហើយ ក្រោកចាកអាសនៈ ក្រាបថ្វាយ​បង្គំ​ព្រះ​មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ គ្រានោះ ព្រះដ៏​មានព្រះភាគ គង់ក្នុង​កោដិគ្រាម គួរតាមព្រះអធ្យាស្រ័យ ហើយយាង​ទៅកាន់នាទិកាប្រទេស។ ព្រះអង្គ ទ្រង់គង់​នៅក្នុង​រោងឥដ្ឋ ក្នុងនាទិកាប្រទេសនោះឯង។ លុះព្រលឹមឡើង នាងអម្ពបាលី ជាស្រីផ្កាមាស ក៏តាក់​តែង​ខាទនីយភោជនីយាហារ (បង្អែម ចំអាប) ក្នុងអារាម (ផ្ទះ) របស់ខ្លួន ហើយចាត់​បម្រើឲ្យទៅ​ក្រាប​បង្គំ​ទូលកាល​គួរ ដល់ព្រះដ៏​មានព្រះភាគថា ពេលគួរហើយព្រះអង្គ ភត្តសម្រេចហើយ។ គ្រានោះ ព្រះដ៏​មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរអំពីព្រលឹម យាងតម្រង់ទៅ​កាន់​ទីអង្គាស (ចង្ហាន់) របស់នាងអម្ពបាលី ជាស្រីផ្កាមាស លុះយាងទៅដល់ហើយ ទើបគង់លើ​អាសនៈ ដែលគេក្រាលថ្វាយ ព្រមទាំងភិក្ខុសង្ឃ។ គ្រានោះ នាងអម្ពបាលី ជាស្រីផ្កាមាស អង្គាស​ថ្វាយខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសារ ដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែព្រះដ៏​មានព្រះភាគ ទ្រង់ឈប់ទទួល សោយស្រេចហើយ លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ទើប (នាង) អង្គុយ​នៅក្នុងទី​សមគួរ។ កាលបើនាងអម្ពបាលី ជាស្រីផ្កាមាស អង្គុយនៅក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យ​នេះ នឹង​ព្រះដ៏​មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមថ្វាយ​នូវអម្ពបាលិវននេះ ដល់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន។ ព្រះដ៏​មានព្រះភាគ ក៏ទ្រង់ទទួលនូវ​អារាម (នោះ)។ គ្រានោះ ព្រះដ៏​មានព្រះភាគ ពន្យល់នាងអម្ពបាលី ជាស្រីផ្កាមាស ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យត្រេកអរ ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាកអាសនៈ យាងទៅកាន់ព្រៃមហាវន។ បានឮថា ព្រះមានព្រះភាគ គង់នៅក្នុង​កូដាគារសាលា នាមហាវន ជិតក្រុង​វេសាលីនោះឯង។

ចប់ វារៈពោលអំពីស្តេចលិច្ឆវី។

១៧៨. សីហសេនាបតិវត្ថុ

(១៧៨)

[១២៦] សម័យនោះឯង ពួកស្តេចលិច្ឆវី ដែលមានកេរ្តិឈ្មោះល្បីល្បាញ​ក្រៃលែង អង្គុយប្រជុំគ្នា ក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ44) ពោលសរសើរ​គុណព្រះធម៌45) ពោលសរសើរគុណព្រះសង្ឃ46) ដោយបរិយាយជាច្រើន។ សម័យនោះ សីហសេនាបតិ ជាសាវកនិគ្រណ្ឋ ក៏អង្គុយនៅ​ក្នុងកណ្តាល​បរិសទ្យនោះដែរ។ ទើបសីហសេនាបតិ ត្រិះរិះដូច្នេះថា ព្រះដ៏​មានព្រះភាគនោះ ព្រះអង្គជាព្រះអរហន្តសម្មាសម្ពុទ្ធ​ប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះ ពួកស្តេចលិច្ឆវី​ទាំងនោះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន បើដូច្នោះ មានតែអាត្មាអញ​ចូលទៅ ដើម្បី​ឃើញ​ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធនោះ (លងមើល)។ លំដាប់នោះ សីហសេនាបតិ ចូលសំដៅទៅត្រង់ទីដែល​និគណ្ឋនាដបុត្តនៅ លុះចូលទៅដល់ហើយ ក៏សំពះនិគណ្ឋនាដបុត្ត ហើយអង្គុយនៅក្នុងទីសមគួរ។ លុះសីហសេនាបតិ អង្គុយនៅក្នុងទីសមគួរហើយ ទើបនិយាយទៅ​នឹងនិគណ្ឋនាដបុត្តថា បពិត្រ​លោកដ៏ចំរើន ខ្ញុំចង់ចូលទៅឃើញ​ព្រះសមណគោតម (ម្តងមើល)។ និគណ្ឋនាដបុត្តពោលថា នែអ្នកសីហៈ អ្នកឯងជាអ្នកនិយាយ​ចំពោះកិច្ចការថា ត្រូវធ្វើ និងចូលទៅមើលសមណគោត្តម ជាអ្នកពោលពាក្យឃាត់​កិច្ចការថា មិនត្រូវ​ធ្វើដូចម្តេចបាន ម្នាលអ្នកសីហៈ ព្រោះសមណគោតម ជាអ្នកពោល​ពាក្យ​ឃាត់​កិច្ចការ ថាមិនត្រូវធ្វើ សំដែងធម៌ហាមកិច្ចការថា មិនត្រូវធ្វើ និងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើនោះដែរ។ ឯការរៀបចំដំណើរ​របស់សីហសេនាបតិ ដើម្បីនឹងទៅឃើញព្រះដ៏​មានព្រះភាគ (នុ៎ះ) ក៏អាក់ខានទៅ។ ពួក​ស្តេចលិច្ឆវី​​ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន អស់វារៈ​ជាគំរប់ពីរដងផង។បេ។ អស់វារៈ​ជាគំរប់​បីដងផង។ ឯសីហសេនាបតិ ក៏មានសេចក្តី​ត្រិះរិះក្នុងវារៈជាគំរប់បីដងថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គ​ជា​ព្រះអរហន្តសម្មាសម្ពុទ្ធប្រាកដ ឥតសង្ស័យឡើយ ព្រោះហេតុនោះហើយ បានជាពួក​ស្តេចលិច្ឆវី​​​ទាំងនេះ ដែលមានកេរ្តិឈ្មោះល្បីល្បាញក្រៃលែង អង្គុយប្រជុំគ្នាក្នុងរោង​សម្រាប់ទទួលភ្ញៀវ ហើយពោលសរសើរគុណព្រះពុទ្ធ ពោលសរសើរគុណព្រះធម៌ ពោលសរសើរ​គុណព្រះសង្ឃ ដោយបរិយាជាច្រើន និគ្រណ្ឋទាំង (នេះ) ទោះអញលាក្តី មិនលាក្តី នឹងធ្វើអ្វីអញ បើដូច្នោះ អាត្មាអញ មិនបាច់លា​និគ្រណ្ឋ​ទាំង (នេះ) ទេ គួរតែចូលទៅឃើញ​ព្រះដ៏មានព្រះភាគ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធនោះតែម្តង។ លំដាប់នោះ សីហសេនាបតិ ចេញទៅអំពីក្រុងវេសាលី ដោយរថ៥០០ ក្នុងវេលាថ្ងៃ ដើម្បីនឹងឃើញ​ព្រះដ៏មានព្រះភាគ ហើយដាក់យានទុកក្នុងទី​សមគួរ ទើបចុះ​អំពីយាន ដើរទៅដោយជើងទទេ ចូលតម្រង់ទៅកាន់ទីដែល​ព្រះដ៏មានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ទើបអង្គុយក្នុងទីសមគួរ។ លុះសីហសេនាបតិអង្គុយក្នុងទី​សមគួរហើយ បានក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​បានឮថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើ ដូច្នោះដែរ បពិត្រព្រះអង្គដ៏ចំរើន គេទាំងឡាយតែងពោលយ៉ាងនេះថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពោលពាក្យ​ឃាត់​កិច្ចការ​ថា មិនត្រូវធ្វើដូច្នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន គេទាំងនោះពោលត្រង់ តាមពាក្យរបស់ព្រះអង្គ មិនមែន​ពោលបង្កាច់​ព្រះអង្គ ​ដោយពាក្យ​មិនពិតទេឬ ដ្បិត​ព្រះអង្គតែងពោលជាក់ច្បាស់ ​នូវធម៌ ​សមគួរ​ដល់ធម៌ ប្រសិនបើមាន​សហធម្មិកណាមួយបាននិយាយ​ត្រូវតាម​ព្រះពុទ្ធដីកាដែល​ព្រះអង្គ​បានពោល (នោះ) ក៏មិនបាន​ដល់​នូវហេតុ​ដំណេះដំនៀល​ឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុនោះហើយ បានជាយើង​ខ្ញុំ​ព្រះអង្គ​មិនចង់ពោល​បង្កាច់​ព្រះដ៏មានព្រះភាគ។

[១២៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យឃាត់កិច្ចការ​ថា មិនត្រូវធ្វើ សំដែងធម៌ ហាមកិច្ចការថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើកិច្ចការ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជា​ទំនង​ គួរឲ្យអ្នកផងថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់​ផ្តិលទេតើ សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិលនោះដែរ ដែល​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា គួរខ្ពើមរអើមនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញទេតើ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញ​នោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅទេតើ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាមនុស្សឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនមានកំណើតនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ មានហេតុជាទំនង​ គួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេ​ថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នក​ផង​ថាចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យថា មិនត្រូវធ្វើ សំដែងធម៌ ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច ម្នាលសីហៈ ដ្បិតតថាគតពោលថា មិនត្រូវធ្វើចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងពោលឃាត់​កិច្ចការថា មិនត្រូវធ្វើចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលឃាត់កិច្ចការថា មិនត្រូវធ្វើ សំដែងធម៌ហាមថា មិនត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវធ្វើចំពោះតែកាយសុចរិត វចីសុចរិត មនោសុចរិត និងពោលថា ត្រូវធ្វើចំពោះតែកុសលធម៌ដែលមានប្រយោជន៍​ច្រើន​ប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណ​គោតម ជាអ្នកពោលថា ត្រូវធ្វើ សំដែងធម៌ថា ត្រូវធ្វើ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវធ្វើនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ដ្បិតតថាគតពោលថា ត្រូវកាត់ផ្តាច់ផ្តិលរាគៈ ទោសៈ មោហៈ និងពោលថា ត្រូវកាត់ផ្តាច់ផ្តិលនោះ ចំពោះតែអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកពោលពាក្យកាត់ផ្តាច់ផ្តិល សំដែងធម៌ ដើម្បីកាត់ផ្តាច់ផ្តិល ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវកាត់ផ្តាច់ផ្តិល ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យ​អ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវខ្ពើមរអើមនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតខ្ពើមចំពោះតែកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត និងខ្ពើមចំពោះសេចក្តីប្រកបចិត្ត ផ្តេកផ្តិតទៅរកអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកខ្ពើមរអើម សំដែងធម៌ ដើម្បីការខ្ពើមរអើម ទាំងទូន្មាន​សាវកទាំងឡាយ ដោយការខ្ពើមរអើមនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ សំដែងធម៌ចំពោះផ្លូវ​ប្រតិបត្តិ ដែលបំផ្លាញ​បង់នូវ​រាគៈ ទោសៈ មោហៈ និងសំដែងធម៌​ចំពោះផ្លូវប្រតិបត្តិ បំផ្លាញបង់នូវអកុសលធម៌ដ៏​អាក្រក់​ច្រើនប្រការ ម្នាលសីហៈ ទំនងនេះឯង​ហើយ ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកបំផ្លាញ សំដែងធម៌ ដើម្បីបំផ្លាញ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវបំផ្លាញនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះ​តថាគត​ពោលថា កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ជាទីតាំង​នៃសេចក្តី​ក្តៅក្រហាយ ជាអកុសលធម៌ដ៏​អាក្រក់ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែលជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) បើអ្នកណាបានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើ​វត្ថុ​សម្រាប់​កើត​​ទៀត​ ឲ្យអស់រលីង ដូចជាដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះ​តទៅទៀត​ហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌លែងមានកំណើត​តទៅខាងមុខ​ទៀត​​ហើយ តថាគត ហៅអ្នកនោះថា អ្នកដុតកំដៅ ម្នាលសីហៈ អកុសលធម៌ដ៏អាក្រក់​ទាំងឡាយ ដែល​ជាទីតាំង​នៃសេចក្តីក្តៅក្រហាយ (នោះ) តថាគតឯង បានលះស្រឡះហើយ បានផ្តាច់​ផ្តិល​ឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យ​ជា​ធម៌លែងមានកំណើត​តទៅខាងមុខ​ហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថា​ចំពោះ​តថាគត​ថា ព្រះសមណគោតម ជាអ្នកដុតកំដៅ សំដែងធម៌ ដើម្បីដុតកំដៅ ទាំង​ទូន្មាន​សាវក​ទាំងឡាយ ដោយពាក្យថា ត្រូវដុតកំដៅនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនង​ដែលគួរ​ឲ្យអ្នកផង​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បី​មិនឲ្យមានកំណើត ទាំងទូន្មាន​សាវកទាំងឡាយ ដោយពាក្យថា មិនឲ្យមាន​កំណើតនោះដែរ ដែល​គេ​ថា​នោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះកិរិយាដេកក្នុង​គភ៌​តទៅទៀត ដំណើរ​កើត​ក្នុងភព តទៅខាងមុខទៀត បើអ្នកណាបាន​លះស្រឡះហើយ បាន​​ផ្តាច់​ផ្តិល​ឫស​គល់​អស់​ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោតដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅទៀតហើយ ឲ្យជាធម៌​ លែងមាន​កំណើត​​តទៅខាងមុខទៀត​ហើយ តថាគត ហៅអ្នកនោះថា អ្នកឥតកំណើត ម្នាលសីហៈ កិរិយា​ដេកក្នុង​គភ៌ តទៅទៀត ដំណើរកើតក្នុងភព តទៅខាងមុខទៀត តថាគត បានលះស្រឡះហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់កើត​ទៀត​ ឲ្យអស់រលីង ដូចដើម​ត្នោត​ ដែល​គេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀតហើយ បានធ្វើឲ្យលែងមានបែបភាព​តទៅ​ទៀត​ហើយ ឲ្យជាធម៌ លែងមានកំណើត​ តទៅខាងមុខ​ទៀតហើយ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរ​ឲ្យអ្នក​ផង​​ថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកឥតកំណើត សំដែងធម៌ ដើម្បីមិនឲ្យមានកំណើត ទាំង​ទូន្មាន​សាវកទាំងឡាយ ដោយពាក្យមិនឲ្យមានកំណើតនោះដែរ ដែលគេថានោះ ត្រូវហើយ។ ម្នាលសីហៈ ទំនងដែលគួរអ្នកផងថាចំពោះតថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុងពួក សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ តើដូចម្តេច។ ម្នាលសីហៈ ព្រោះតថាគតជាអ្នក​ទំនុកបំរុងពួក សំដែងធម៌ ដើម្បី​ទំនុកបំរុង ដោយសេចក្តីទំនុកបំរុង​ដ៏ឧត្តម47) ទាំងទូន្មានសាវកទាំងឡាយ ដោយពាក្យថា ឲ្យទំនុកបំរុង​នោះដែរ ម្នាលសីហៈ ទំនងនេះឯងហើយ ដែលគួរឲ្យអ្នកផង​ថា​ចំពោះ​តថាគតថា ព្រះសមណគោតម ជាអ្នកទំនុកបំរុង សំដែងធម៌ ដើម្បីទំនុកបំរុង ទាំង​ទូន្មាន​សាវក​ទាំង​ឡាយ ដោយពាក្យថា ឲ្យទំនុកបំរុងនោះដែរ ដែលគេថានោះ ត្រូវហើយ។

[១២៨] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សីហសេនាបតិ ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គ​ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយយ៉ាងនេះ គួរនាដូចជាមនុស្សចាប់បើក​របស់​ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ពុំនោះ ដូចជាមនុស្សបើកបង្ហាញ​របស់ដែលគេលាក់​ បិទបាំង ពុំនោះសោត ដូចជាមនុស្សអ្នកប្រាប់ផ្លូវ ដល់អ្នកវង្វេង ឬក៏ដូចជាមនុស្សកាន់ប្រទីបប្រេង ទ្រោលបំភ្លឺ​ក្នុងទីងងឹត ដោយគិតថា មនុស្ស​មានភ្នែក មើលឃើញនូវរូបទាំងឡាយបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថា​ជាទីរឭក សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំ​ព្រះអង្គ ថាជាឧបាសក ដល់ហើយនូវ​ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ អ្នកឯងចូរ​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹងមើល (នោះ) ជាកិច្ចប្រពៃ​ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ)។ សីហសេនាបតិ ក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ត្រេកអររីករាយ ជាច្រើនលើសជាងប្រមាណ តាមព្រះពុទ្ធដីការបស់​ព្រះមានព្រះភាគនេះ ដ្បិត​ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងខ្ញុំព្រះអង្គថា ម្នាលសីហៈ ចូរអ្នកឯង​ធ្វើនូវការ​គិតជញ្ជឹងមើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ​របស់មនុស្ស​ជាអ្នកដឹង​ទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រព្រះអង្គដ៏ចំរើន តិរិ្ថយដទៃទាំងឡាយ បានខ្ញុំព្រះអង្គជាសាវក មុខជាគេ​នាំគ្នាលើកទង់ជុំវិញក្រុងវេសាលីទាំងអស់ រួច (គេប្រកាសសេចក្តី) ថា យើងទាំងឡាយ បានសីហសេនាបតិ​មកជាសាវកហើយ ក៏ក្នុងកាលឥឡូវនេះ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គយ៉ាងនេះថា ម្នាលសីហៈ ចូរអ្នកឯងធ្វើនូវការ​គិតជញ្ជឹង​មើលសិន ឯការគិតជញ្ជឹង​មើល (នោះ) ជាកិច្ចប្រពៃ របស់មនុស្ស​ជាអ្នកដឹងទាំងឡាយ ដូចអ្នកឯង (នេះ) បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះដ៏មានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់ពីរដង សូមព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭកស្មើដោយជីវិត តាំងអំពីថ្ងៃនេះទៅ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នកណា នឹងឲ្យបិណ្ឌបាត​ដល់តិរ្ថិយ​ដែលចូលមកនោះ។ សីហសេនាបតិ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ​ រីករាយ​ជាច្រើនលើសប្រមាណ តាមពុទ្ធដីកា​របស់​ព្រះដ៏​មានព្រះភាគនេះ ដ្បិតព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹង​ខ្ញុំព្រះអង្គ​យ៉ាងនេះថា ម្នាលសីហៈ ត្រកូលរបស់អ្នក ជាអណ្តូង​បម្រុង​ពួកនិគ្រណ្ឋ ជាយូរណាស់មកហើយ អ្នកសំគាល់​ថាបាន​អ្នក​ណា នឹងឲ្យបិណ្ឌបាត​ដល់និគ្រណ្ឋ​ ដែលចូលមកនោះវិញ បពិត្រ​ព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំ​ព្រះអង្គ​ស្តាប់បានហើយ ថាព្រះសមណគោតម ទ្រង់ត្រាស់នឹងខ្ញុំ​យ៉ាងនេះថា អ្នកត្រូវ​ឲ្យទាន​ដល់​តថាគតតែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកនិគ្រណ្ឋ​ដទៃទេ អ្នកត្រូវ​ឲ្យទាន​ដល់សាវក​របស់​តថាគត​តែម្យ៉ាង មិនត្រូវឲ្យទាន​ដល់ពួកសាវក​របស់ពួកនិគ្រណ្ឋ​ដទៃទេ ទានដែលអ្នកឲ្យហើយ ដល់​តថាគត ជាទានមានផលច្រើន ទានដែលអ្នកឲ្យ​ហើយ ដល់ពួកនិគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ទានដែលអ្នកឲ្យហើយ ដល់​ពួកសាវករបស់តថាគត ជាទានមានផលច្រើន ទានដែល​អ្នក​ឲ្យ​ហើយ ដល់ពួកសាវករបស់និគ្រណ្ឋដទៃ ជាទាន​មិនមាន​ផល​ច្រើនទេ ក៏ក្នុងកាលឥឡូវ​នេះ ព្រះដ៏មានព្រះភាគ បបួលខ្ញុំ​ព្រះអង្គ​ឲ្យធ្វើទាន​ដល់ពួកនិគ្រណ្ឋ (វិញ) បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែ​ខ្ញុំព្រះអង្គដឹងកាលដ៏សមគួរ​ ក្នុងការឲ្យទាននេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ថាជាទីរឭក ជាគំរប់បីដង សូម​ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់ព្រះរតនត្រ័យ ថាជាទីរឭក ដោយ​ជីវិត តាំងអំពី​នេះទៅ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់សីហសេនាបតិ គឺសំដែងនូវ​ទានកថា សីលកថា សគ្គកថា ទោសរបស់​កាម​ទាំងឡាយ ដ៏លាមកសៅហ្មង និងអានិសង្ស​ក្នុងការចេញបួស។ ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបថា សីហសេនាបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយ មានចិត្តជ្រះថ្លា ក្នុងកាលណាហើយ ក្នុងកាលនោះ ព្រះអង្គក៏សំដែងនូវ​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​តែង​លើកឡើង​សំដែង​ដោយ​ព្រះអង្គឯង គឺ (សំដែង) ទុក្ខ សមុទយ និរោធ មគ្គ។ ធម្មតា សំពត់សស្អាត មិនដិតប្រឡាក់ ដោយវត្ថុ​មានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់​ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់សីហសេនាបតិ ក្នុងទីអង្គុយ​នោះឯងថា ធម្មជាត​ណាមួយ មានសេចក្តី​កើតឡើង​ជាធម្មតា ធម្មជាតទាំងអស់នោះ តែងរលត់​ទៅវិញជាធម្មតា ក៏មានឧបមេយ្យ​ដូច្នោះឯង។ គ្រានោះ សីហសេនាបតិ បានឃើញ​ធម៌ហើយ បានដល់​ធម៌ហើយ បានត្រាស់ដឹង​ធម៌ហើយ ឈមចុះកាន់​ធម៌ស៊ប់ហើយ កន្លងផុតសេចក្តី​សង្ស័យ​ហើយ កាត់បង់នូវ​សេចក្តី​ងឿងឆ្ងល់ ជាអ្នកដល់នូវ​សេចក្តីក្លាហាន លែង​ជឿស្តាប់បុគ្គល​ដទៃ ក្នុងសាសនា​របស់ព្រះសាស្តា ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រ​ព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តរបស់ខ្ញុំ​ព្រះអង្គ ក្នុងថ្ងៃស្អែកនេះ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្ត​ ដោយតុណ្ហីភាព។ គ្រានោះ សីហសេនាបតិ ដឹងថាព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោកចាក​ទីអង្គុយ ថ្វាយបង្គំ​លាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។ ទើបសីហសេនាបតិ បង្គាប់បុរស​ម្នាក់​ថា នែនាយ អ្នកឯង​ចូរទៅ​រកសាច់សត្វស្លាប់​ស្រាប់មក។ លុះកន្លងរាត្រីយប់នោះហើយ ទើប​សីហ​សេនាបតិ តាក់តែងខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពីសា ហើយចាត់បម្រើឲ្យទៅក្រាបទូល​នូវ​ភត្តកាល ដល់ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន (កាលនេះ) ជាកាល​សមគួរហើយ ភត្ត​ក៏សម្រេចហើយ។ គ្រានោះ ក្នុងបុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់​បាត្រចីវរ យាងទៅកាន់​ផ្ទះសីហសេនាបតិ លុះចូល​ទៅដល់ហើយ គង់លើអាសនៈ ដែលគេ​ក្រាល​បម្រុង​ទុក ព្រមទាំងភិក្ខុសង្ឃ។ សម័យ​នោះឯង និគ្រណ្ឋទាំងឡាយច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួន ក៏នៅតែឆាន់សាច់​នោះដែរ។ គ្រានោះ មានបុរស​ម្នាក់ ចូលទៅរក​សីហ​សេនាបតិ លុះចូលទៅ​ដល់ហើយ និយាយ​ខ្សិប​ជិតត្រចៀក​សីហសេនាបតិថា បពិត្រលោក​ដ៏ចំរើន សូមលោកជ្រាបចុះ ពួកនិគ្រណ្ឋទាំងអម្បាលនេះជាច្រើន (នាំគ្នានៅ) គ្រប់ច្រក នៅគ្រប់ផ្លូវត្រឡែងកែង ក្នុងក្រុងវេសាលី ហើយផ្គងដៃឡើង កន្ទក់កន្ទេញថា ថ្ងៃនេះ សីហសេនាបតិ សម្លាប់សត្វចិញ្ចឹម​ដ៏ធាត់ៗ ធ្វើភត្ត​បម្រុង​សមណគោតម សមណគោតម​ដឹងថា សាច់​គេធ្វើចំពោះខ្លួនហើយ ក៏នៅតែឆាន់សាច់​នោះដែរ។ សីហសេនាបតិ និយាយថា ម្នាលអ្នក ចូរ​កុំនិយាយឡើយ លោកដ៏មានអាយុទាំងអម្បាលនោះ ប្រាថ្នានឹងពោលទោសព្រះពុទ្ធ ប្រាថ្នានឹងពោលទោសព្រះធម៌ ប្រាថ្នានឹងពោលទោសព្រះសង្ឃ អស់កាល​ជាយូរមកហើយ លោកដ៏មានអាយុទាំងអម្បាលនោះ ពោលបង្កាច់​ព្រះដ៏មានព្រះភាគនោះដោយ​របស់ដែល​មិនមាន ដោយការទទេ ដោយពាក្យមុសាវាទ ដោយពាក្យមិនពិត មិនអស់​មិនហើយឡើយ ក៏​ឯការពិត (នោះ) យើងមិនក្លែងផ្តាច់​បង់ជីវិតសត្វ ព្រោះហេតុ​ជីវិត (របស់ខ្លួន) ទេ។ គ្រានោះ សីហសេនាបតិ អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយ​ភោជនីយដ៏ផ្ចិតផ្ចង់ ត្រាតែព្រះដ៏មានព្រះភាគ ទ្រង់ឈប់ទទួល សោយជាស្រេច ដាក់​ព្រះហស្ថ​អំពី​បាត្រ ទើបអង្គុយ​នៅក្នុងទីដ៏សមគួរ។ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​សីហសេនាបតិ ដែលអង្គុយ​ហើយក្នុងទីសមគួរ ឲ្យយល់ព្រម ឲ្យកាន់យកព្រម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​ធម្មីកថាហើយ ក៏ក្រោកចាកអាសនៈ យាងចេញទៅ។ ព្រោះរឿងនេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថាហើយ ត្រាស់ហៅភិក្ខុទាំងឡាយ​មក ហើយទ្រង់ (បញ្ញត្ត) ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលដឹងថា សាច់គេធ្វើចំពោះ (ខ្លួន) កុំគប្បី​បរិភោគ ភិក្ខុណា​បរិភោគ ត្រូវអាបត្តិ​ទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ត្រីនិងសាច់ ដែលបរិសុទ្ធ​ដោយបំផុត៣​យ៉ាង គឺមិនបានឃើញ មិនបានឮ មិនបានរង្កៀស។

១៧៩. កប្បិយភូមិអនុជាននា

(១៧៩)

[១២៩] សម័យនោះឯង ក្រុងវេសាលីមានបាយបរិបូណ៌ មានសន្ទូងល្អ មានបិណ្ឌបាត​បានស្រួល ងាយនឹងញុំាង​អត្តភាពឲ្យប្រព្រឹត្ត​ទៅបាន ដោយការស្វែងរក និងការព្យាយាម។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់យាងទៅកាន់ទីស្ងាត់ សម្ងំនៅក្នុងព្រះកម្មដ្ឋាន ទើបទ្រង់ត្រិះរិះ​ដោយព្រះទ័យ​យ៉ាងនេះថា ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់ភិក្ខុទាំងឡាយ ក្នុងកាលដែលស្រុកមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺខាទនីយភោជនីយៈ ដែលទុកដាក់​ខាងក្នុង (អកប្បិយកុដិ) ចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ ភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ចេញអំពីការសម្ងំនៅក្នុង​ព្រះកម្មដ្ឋាន ក្នុងវេលារសៀលហើយ ទ្រង់ត្រាស់ហៅព្រះអានន្ទ​ដ៏មានអាយុមក ទ្រង់​ (សួរ) ថា ម្នាលអានន្ទ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ក៏ក្នុងថ្ងៃនេះ តើភិក្ខុទាំងឡាយ នៅបរិភោគ​ភត្តទាំងនោះឬអ្វី។ ព្រះអានន្ទ ក្រាបបង្គំទូល​ថា បពិត្រព្រះដ៏មានព្រះភាគ ភិក្ខុទាំងឡាយ នៅបរិភោគនៅឡើយ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើនូវធម្មីកថា ត្រាស់ហៅភិក្ខុទាំង​ឡាយមក ហើយទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ខាទនីយភោជនីយៈ​ទាំងឡាយណា ដែលតថាគតបាន​អនុញ្ញាត​ហើយ ដល់​ភិក្ខុ​ទាំង​ឡាយ ក្នុងកាលមានអំណត់​ មានសន្ទូងមិនល្អ មានបិណ្ឌបាត​បាន​ដោយលំបាក គឺ​ខាទនីយ​ភោជនីយៈ ដែលទុកដាក់​ខាងក្នុង និងចំអិនខាងក្នុង (អកប្បិយកុដិ) ភិក្ខុចំអិនដោយខ្លួនឯង ភិក្ខុទទួល​របស់ជាឧគ្គហិត ដែលគេ​នាំមកអំពី​ទីនោះ ដែល​ភិក្ខុទទួលប្រគេនក្នុងវេលាមុនភត្ត វត្ថុនៅ​ក្នុងព្រៃ វត្ថុ​នៅក្នុងស្រះ ឥឡូវនេះ តថាគតហាម​ខាទនីយ​ភោជនីយៈ​ទាំងនោះ តាំងពី​ថ្ងៃនេះទៅ ម្នាលភិក្ខុទាំងឡាយ​ ភិក្ខុកុំគប្បីបរិភោគ​នូវ​ខាទនីយភោជនីយ ជាអន្តោវុត្ថ (ទុកដាក់ខាងក្នុងអកប្បិយកុដិ) អន្តោបក្ក (ចំអិន​ខាងក្នុង​អកប្បិយកុដិ) សាមំបក្ក (ភិក្ខុចំអិនខ្លួនឯង) ឧគ្គហិតប្បដិគ្គហិត (កាន់ជាមុន ហើយទើប​ឲ្យគេ​ប្រគេន) បើភិក្ខុណាបរិភោគ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ភិក្ខុឆាន់រួចហើយ ហាមភត្តហើយ កុំគប្បី​ឆាន់​អនតិរិត្តភោជន (ភោជនថ្មោង) គឺខាទនីយភោជនីយ ដែលទាយក​នាំមក​អំពីទីនោះ ភិក្ខុទទួល​ក្នុងវេលាមុនភត្ត វត្ថុ​ដែលតាំង​នៅក្នុងព្រៃ វត្ថុដែលតាំងនៅ​ក្នុងស្រះ បើភិក្ខុណា​បរិភោគ វិនយធរត្រូវ​កាត់សេចក្តីតាមអាបត្តិ។

[១៣០] សម័យនោះឯង ពួកមនុស្សអ្នកជនបទផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយបង្វិល​រទេះមកឈប់​នៅក្បែរ​ក្លោងទ្វារខាង​ក្រៅអារាម ដោយប៉ងថា យើងទាំងឡាយនឹងបាននូវលំដាប់ (ទីកន្លែង) ក្នុងកាលណា យើងនឹង​ធ្វើ​ភត្ត (ថ្វាយសង្ឃ) ក្នុងកាលនោះ។ (ចួនពេលនោះ) មហាមេឃក៏ទូទឹមឡើង។ គ្រានោះ ពួក​មនុស្ស​ទាំងអម្បាលនោះ ចូល​ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ទើបទូល​ព្រះអានន្ទដ៏មានអាយុ ដោយពាក្យដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន មនុស្ស​អ្នកនៅ​ក្នុងជនបទ ផ្ទុកអម្បិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយាហារខ្លះ​ច្រើនមុខ ក្នុងរទេះទាំងឡាយ ហើយមកឈប់​នៅក្បែរក្លោងទ្វារនេះ ចួនពេលនោះ មហាមេឃក៏ទូទឹមឡើង បពិត្រព្រះអានន្ទដ៏ចំរើន មនុស្សអ្នក​នៅក្នុងជនបទទាំងនោះ គួរប្រតិបត្តិ​ដូចម្តេចទៅ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលអានន្ទ ណ្ហើយចុះ បើសង្ឃប្រាថ្នានៅទីណា គឺជាវិហារក្តី អឌ្ឍយោគក្តី ប្រាសាទក្តី ប្រាសាទត្រងិលក្តី​ គូហាក្តី ដែលនៅ​ចុងក្រោយគេ សង្ឃចូរ​សន្មត (នូវ​ទីនោះ) ឲ្យជាកប្បិយភូមិ ហើយឲ្យអ្នក​ជនបទ​ទាំង​នោះ នៅក្នុងទីនោះចុះ។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ គឺភិក្ខុ​ជាអ្នកឆ្លាស ប្រតិពល គប្បី​ប្តឹងសង្ឃ​ឲ្យដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃ​ស្តាប់ខ្ញុំ បើកម្មមានកាលសមគួរ​ដល់​សង្ឃហើយ សង្ឃគប្បី​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃ​ដ៏ចំរើន សូមព្រះសង្ឃស្តាប់ខ្ញុំ សង្ឃ​សន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ។ ការសន្មត​វិហារ​ឈ្មោះនេះ ឲ្យជា​កប្បិយភូមិ សមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីស្ងៀម បើមិនសមគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏​មានអាយុ​អង្គនោះគប្បីនិយាយឡើង។ សង្ឃបានសន្មតវិហារឈ្មោះនេះ ឲ្យជាកប្បិយភូមិហើយ។ ការ​សន្មត​នេះ សមគួរដល់សង្ឃ ហេតុនោះ ទើបសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវដំណើរ​នេះ ដោយ​អាការស្ងៀមនៅយ៉ាងនេះ។ សម័យនោះឯង មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ធ្វើសំឡេងគឹកកង ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​ឲ្យនោះឯង។ ព្រះដ៏​មានព្រះភាគ ទ្រង់តើនឡើងក្នុងវេលា​បច្ចូសសម័យ​នៃរាត្រី បានឮសំឡេង​គឹកកងខ្លាំង ខ្ញៀវខ្ញារ48) លុះឮហើយ ទើបទ្រង់ត្រាស់ហៅ​ព្រះអានន្ទ​ដ៏មានអាយុមកសួរថា ម្នាល​អានន្ទ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ តើជាសំឡេងអ្វី។ ព្រះអានន្ទក្រាបបង្គំទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ឥឡូវនេះ មនុស្សទាំងឡាយដាំបបរ ដាំបាយ ស្លសម្ល ចិញ្ច្រាំសាច់ ពុះឧស ក្នុងកប្បិយភូមិ ដែលសង្ឃ​សន្មត​នោះឯង បពិត្រព្រះដ៏មានព្រះភាគ សំឡេងគឹកកងខ្លាំង ខ្ញៀវខ្ញារនោះ ជាសំឡេងនុ៎ះឯង។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់​ធ្វើធម្មីកថា ហើយទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​មិនគួរ​ប្រើប្រាស់​នូវ​កប្បិយភូមិ ដែលសង្ឃសន្មតទេ ភិក្ខុណាប្រើប្រាស់ ត្រូវអាបត្តិទុក្កដ ម្នាល​ភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវ​កប្បិយភូមិបីយ៉ាង គឺឧស្សាវនន្តិកា​49) ១ គោនិសាទិកា50) ១ គហបតិកា51) ១។ សម័យនោះឯង យសោជភិក្ខុដ៏មានអាយុ មានជម្ងឺ។ មនុស្សទាំងឡាយនាំភេសជ្ជៈ ដើម្បីប្រយោជន៍​ដល់លោកនោះ។ ភិក្ខុទាំងឡាយ ដាក់​ទុកភេសជ្ជៈ​ទាំងនោះ​ក្រៅ (លំនៅ)។ សត្វតូចៗ (មានកណ្តុរ) ជាដើម ទំពាស៊ីខ្លះ ពួកចោរលួច​យកទៅខ្លះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​រឿងនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យអ្នកទាំងឡាយប្រើប្រាស់នូវ​កប្បិយភូមិ ដែលសង្ឃ​សន្មតឲ្យ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​នូវកប្បិយភូមិ៤យ៉ាងគឺ ឧស្សាវនន្តិកា១ គោនិសាទិកា១ គហបតិកា១ សម្មតិកា52) ១។

១៨០. មេណ្ឌកគហបតិវត្ថុ

(១៨០)

[១៣១] សម័យនោះឯង មេណ្ឌកគហបតិនៅអាស្រ័យក្នុងក្រុងភទ្ទិយៈ។ សេដ្ឋីនោះ មានឥទ្ធានុភាពខាងឯកក់ជំរះនូវសីស (ក្បាល) រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ។ ធារស្រូវ​ក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។ ឯភរិយា (របស់​សេដ្ឋីនោះ) មានឥទ្ធានុភាពខាងឯចូលទៅអង្គុយជិតថាសមួយ មានចំណុះមួយអាឡ្ហក53) និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវ​បុរស​ ជាទាសកម្មករដោយភត្ត។ បើសេដ្ឋីភរិយាមិនទាន់ក្រោកឡើង ភត្តនោះក៏មិនចេះអស់ទៅ។ កូនប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់ (កហាបណៈ) ហើយឲ្យរង្វាន់ដល់បុរស ជាទាសកម្មករអស់ប្រាំមួយខែ។ បើថង់នៅតែក្នុងដៃ​របស់​សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាបនោះ។ កូនប្រសាស្រី (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការចូលទៅអង្គុយជិតកញ្ជើមួយ មានចំណុះ​៤ទោណ54) ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់​ប្រាំមួយខែ។ បើកូនប្រសាស្រីរបស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ។ ខ្ញុំប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាច់បំណះប្រាំពីរបែកចេញទៅ។ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ បាន​ឮដំណឹងថា មេណ្ឌកគហបតិនៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) ថាមាន ឥទ្ធានុភាព​ ខាងឯកក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ ធារស្រូវ​ក៏ធ្លាក់ចុះមកពីអាកាស ពេញទាំងជង្រុកបាន ភរិយារបស់​សេដ្ឋីនោះ មាន​ឥទ្ធានុភាព ខាង​ឯចូល​ទៅ​អង្គុយ​ជិតថាសមួយ មានចំណុះមួយអាឡ្ហក និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវ​បុរស​ ជាទាសកម្មករដោយភត្ត បើសេដ្ឋីភរិយានោះ មិនទាន់ក្រោកឡើង ដរាបណា ភត្តនោះក៏មិនចេះអស់ទៅ ដរាបនោះ កូនប្រុសរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់កហាបណៈ ហើយឲ្យរង្វាន់ដល់បុរស ជា​ទាសកម្មករ​អស់​ប្រាំមួយ​ខែ បើថង់នៅតែក្នុងដៃ​របស់​សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះ​អស់ទៅ​ដរាប​នោះ កូនប្រសាស្រីរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯចូលទៅអង្គុយជិតកញ្ជើមួយ មាន​ចំណុះ​​៤ទោណ ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់​ប្រាំមួយខែ បើកូនប្រសាស្រី​សេដ្ឋី​នោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ ខ្ញុំប្រុស របស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មាន​អាច់បំណះ​ប្រាំពីរ​បែក​ចេញទៅ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ហៅនូវសព្វត្ថកមហាមាត្យ55) ម្នាក់មក ហើយ​ទ្រង់មាន​ព្រះឱង្ការថា នែនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយអង្គុយ​ខាងក្រៅទ្វារ ធារស្រូវស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញ​ទាំងជង្រុក។បេ។ ខ្ញុំប្រុស​របស់សេដ្ឋី​នោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍បំណះប្រាំពីរបែកចេញទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូច​ជាយើងឃើញ ខ្លួនឯងដែរ។ មហាមាត្យនោះទទួល​ព្រះរាជឱង្ការ​នៃព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យដូច្នេះថា យ៉ាងហ្នឹងហើយ ព្រះសម្មតិទេព ហើយត្រាច់​សំដៅទៅកាន់ក្រុង​ភទ្ទិយៈ តាមលំដាប់ ជាមួយនឹងសេនាមានអង្គ៤ ចូលទៅរក​មេណ្ឌកគហបតិ លុះចូលទៅ​ដល់​ហើយ ទើបនិយាយ​នឹងមេណ្ឌកគហបតិថា នែគហបតិ យើងនេះឯង ព្រះរាជាទ្រង់​ត្រាស់​បង្គាប់​មកថា ម្នាលនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយអង្គុយ​ខាងក្រៅទ្វារ ធារស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញ​ទាំងជង្រុក។បេ។ ខ្ញុំប្រុស​របស់សេដ្ឋី​នោះ មានឥទ្ធានុភាព ខាងឯកិច្ចការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍​បំណះ​ប្រាំពីរ​បែកចេញ​ទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូច​ជាយើងឃើញ ខ្លួនឯងដែរ ម្នាលគហបតិ ឥឡូវនេះ យើងចង់ឃើញឥទ្ធានុភាពរបស់អ្នក។ គ្រានោះ មេណ្ឌកគហបតិ កក់​ជំរះ​នូវ​សីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ ធារស្រូវ​ក៏ស្រាប់​តែធ្លាក់​ចុះ​មក​អំពីអាកាស ពេញ​ទាំងជង្រុក។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាព​របស់​អ្នក យើងក៏បាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាព​ភរិយា​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅភរិយាថា នែនាង បើដូច្នោះ ចូរនាងអង្គាសនូវ​សេនាមានអង្គ៤ ដោយភត្តចុះ។ លំដាប់​នោះ ភរិយារបស់​មេណ្ឌកគហបតិ ចូលទៅអង្គុយជិតថាស មានចំណុះមួយអាឡ្ហក និងថាស​មួយ​សម្រាប់​ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវសេនា​មានអង្គ៤ ដោយភត្ត។ សេដ្ឋិភរិយានោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅដរាបនោះ។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពភរិយា​របស់​អ្នក យើងបាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាព​កូនប្រុស​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅកូនប្រុសថា នែកូន បើដូច្នោះ អ្នកចូរឲ្យរង្វាន់ ដល់​សេនាមានអង្គ៤ អស់ប្រាំមួយខែចុះ។ លំដាប់​នោះ កូនរបស់​មេណ្ឌកគហបតិ កាន់យកថង់ មានចំណុះមួយពាន់​កហាបណៈ ហើយឲ្យរង្វាន់ ដល់សេនា​មានអង្គ៤ អស់ប្រាំមួយខែ។ ថង់នៅក្នុងដៃ​របស់សេដ្ឋិបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាប​នោះ។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពកូនប្រុស​របស់​អ្នក យើងបាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាពកូនប្រសាស្រី​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅកូនប្រសាស្រីថា នែនាង បើដូច្នោះ នាងចូរឲ្យនូវភត្ត ដល់​សេនាមានអង្គ៤ អស់ប្រាំមួយខែចុះ។ លំដាប់​នោះ កូនប្រសាស្រីរបស់​មេណ្ឌកគហបតិ ចូលទៅអង្គុយជិតកញ្ជើ​មួយ​ មានចំណុះ៤ទោណ ហើយឲ្យនូវភត្ត ដល់សេនា​មានអង្គ៤ អស់ប្រាំមួយខែ។ កូនប្រសាស្រី​របស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅដរាបនោះ។ មហាមាត្យ​និយាយថា ម្នាលគហបតិ ឥទ្ធានុភាព​កូនប្រសាស្រីរបស់​អ្នក យើងបាន​ឃើញហើយ យើង​ចង់ឃើញ​ឥទ្ធានុភាពខ្ញុំប្រុស​របស់អ្នកទៀត។ ​មេណ្ឌកគហបតិនិយាយតបថា បពិត្រ​អ្នក​ជាម្ចាស់ ឯឥទ្ធានុភាព​ខ្ញុំប្រុសរបស់ខ្ញុំ អ្នកត្រូវ​ឃើញក្នុងស្រែ (ឯណោះ)។ មហាមាត្យ​ក៏និយាយ​ថា ម្នាលគហបតិ ណ្ហើយចុះ ឯឥទ្ធានុភាព​ខ្ញុំប្រុសរបស់អ្នក (ទុកដូចជា) យើងបានឃើញ​ហើយដែរ។ លំដាប់​នោះ មហាមាត្យនោះ ត្រឡប់មកកាន់​ក្រុងរាជគ្រឹះវិញ ព្រមដោយសេនាមានអង្គ៤ ចូលទៅ​គាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ទើបក្រាបទូលដំណើរនុ៎ះ ដល់​ព្រះបាទមាគធសេនិយពិម្ពិសារ (ដោយសព្វគ្រប់)។

១៨១. បញ្ចគោរសាទិអនុជាននា

(១៨១)

[១៣២] គ្រានោះឯង ព្រះដ៏មានព្រះភាគ គង់ក្នុងក្រុងវេសាលី គួរតាមព្រះអធ្យាស្រ័យ​ហើយ ទ្រង់​ចៀសចេញទៅកាន់ចារិក ក្នុងក្រុង​ភទ្ទិយៈ ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន គឺភិក្ខុ​១២៥០រូប។ ក្នុង​កាលនោះ កាលព្រះមានព្រះភាគ ត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏យាងតម្រង់​ទៅកាន់​ក្រុង​ភទ្ទិយៈនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុងព្រៃម្លិះ ទៀបក្រុងភទ្ទិយៈនោះ។ មេណ្ឌក​គហបតិ បានឮច្បាស់ (នូវ​ដំណឹងនោះហើយ ទើបប្រកាសសេចក្តីនោះថា) ម្នាលគ្នាយើង បាន​ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវ​ស្តេច​មកដល់​ក្រុង​ភទ្ទិយៈ ដោយលំដាប់ ហើយគង់ក្នុងព្រៃម្លិះ ទៀប​ក្រុងភទ្ទិយៈ ក៏កិត្តិសព្ទដ៏ពីរោះ​របស់​ព្រះគោតមដ៏ចំរើននោះ ឮខ្ចរខ្ចាយសុះសាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគនោះ ព្រះអង្គ​ទ្រង់ព្រះនាមថា អរហំ ព្រោះព្រះអង្គឆ្ងាយចាកសេចក្តីសៅហ្មង​គ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌​ទាំងពួង​ ដោយប្រពៃ ចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ គឺ សេចក្តីចេះដឹង និងក្រឹត្យ ដែលបុគ្គល​គប្បី​ប្រព្រឹត្ត ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អទៅកាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់​នូវត្រៃលោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន​នូវបុរស​ ដែលគួរ​ទូន្មានបាន ថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គ​បាន​ត្រាស់ដឹងនូវអរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គ​លែងវិល​ត្រឡប់មកកាន់ភពថ្មី​ទៀត ព្រះអង្គបាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស ជាសម្មតិទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះ​បទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ព្រះអង្គប្រកាស​នូវព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈដ៏ពេញ​បរិបូណ៌ បរិសុទ្ធអស់ជើង ក៏ដំណើរដែលបានឃើញ បានជួប​នឹងព្រះ​អរហន្តទាំងឡាយ មានសភាពយ៉ាងនោះ ជាការ​ប្រពៃពេក។ លំដាប់នោះ មេណ្ឌកគហបតិ ឲ្យមនុស្សទឹមយានដ៏ល្អៗ ឡើងជិះយានដ៏ល្អៗ មានយានដ៏ល្អៗ បរចេញទៅពីក្រុងភទ្ទិយៈ ដើម្បី​គាល់ព្រះមានព្រះភាគ។ ពួកតិរ្ថិយជាច្រើនរូប បានឃើញ​មេណ្ឌកគហបតិ កំពុង​មកពី​ចម្ងាយ លុះឃើញហើយ បាននិយាយពាក្យនេះ​នឹងមេណ្ឌកគហបតិថា នែគហបតិ អ្នកទៅណា។ មេណ្ឌកគហបតិនិយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំ​ទៅគាល់ព្រះសមណគោតម។ ពួកតិរ្ថិយ​និយាយថា នែគហបតិ អ្នកឯង​ជាកិរិយវាទ (អ្នកពោលពាក្យថា ត្រូវធ្វើកិច្ចការ) នឹងចូល​ទៅគាល់​សមណគោតម ជាអកិរិយវាទ (អ្នកពោលពាក្យឃាត់កិច្ចថា ថាមិនត្រូវធ្វើ) ដូចម្តេចបាន គហបតិ ព្រោះសមណគោតម ជាអកិរិយវាទ សំដែងធម៌តាមបែប​អកិរិយវាទ ម្យ៉ាងទៀត សមណគោតម​នោះ ទូន្មានពួកសាវក តាមបែបអកិរិយវាទនោះដែរ។ លំដាប់នោះឯង មេណ្ឌកគហបតិ មានសេចក្តី​ត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគនោះ ច្បាស់ជាអរហំសម្មាសម្ពុទ្ធឥតសង្ស័យឡើយ ពួកតិរ្ថិយទាំងនេះ ឈ្នានីសជាប្រាកដ ភូមិប្រទេសនៃយានមានត្រឹមណា ក៏ទៅដោយយាន​ត្រឹម​នោះ ហើយចុះចាកយាន ដើរទៅដោយជើងទទេ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅ​ដល់ហើយ ក៏ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់មេណ្ឌកគហបតិ ដែលអង្គុយ​នៅក្នុងទីសមគួរ អនុបុព្វីកថានោះ ដូចម្តេចខ្លះ (ឯអនុបុព្វីកថានោះ) គឺ ព្រះមានព្រះភាគ ​ទ្រង់ប្រកាស​ទាន​កថា (សំដែងអំពី​ការធ្វើទាន) សីលកថា (សំដែងអំពី​ការរក្សាសីល) សគ្គកថា (សំដែងអំពីស្ថានសួគ៌) ទោស​របស់កាមទាំងឡាយ ដ៏ថោកទាប ដ៏សៅហ្មង និងអានិសង្ស​ក្នុងការ​ចេញចាកកាម។ កាលណាបើ​ព្រះដ៏មានព្រះភាគ​បានជ្រាបថា មេណ្ឌកគហបតិ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយឡើង មានចិត្ត​ជ្រះថ្លា​ហើយ ទើបព្រះអង្គ ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើង​សំដែង​ដោយ​ព្រះអង្គ​ឯង គឺទុក្ខ សមុទយ និរោធ មគ្គ ក្នុងកាលនោះ។ ធម្មតា សំពត់សស្អាត ប្រាសចាកមន្ទិលខ្មៅ គួរ​ទទួលទឹក​ជ្រលក់​ដោយស្រួលបាន យ៉ាងណាមិញ មេណ្ឌកគហបតិ កើតធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​មន្ទិល លើអាសនៈ​នោះ​ឯង (ហើយពិចារណាឃើញ) ដូច្នេះថា របស់ណាមួយ ដែលមានសេចក្តីកើតឡើង​ជាធម្មតា របស់អស់នោះ ក៏មានសេចក្តីរលត់​ទៅ​ជាធម្មតា ក៏មានឧបមេយ្យដូច្នោះដែរ។ វេលាដែល​មេណ្ឌកគហបតិ បានឃើញធម៌ សម្រេចធម៌ ដឹងធម៌​ជាក់ច្បាស់ យាងចុះមុតមាំ​ក្នុងធម៌ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿអ្នកដទៃ​ ក្នុងសាសនានៃ​ព្រះសាស្តា បាន​ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់​ ដែល​ផ្កាប់​ ឬបើកបង្ហាញ​របស់ដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​អ្នក​វង្វេង ឬទ្រោល​​ប្រទីបប្រេង​ ក្នុងទីងងឹត ដោយ​គិត​ថា ពួកមនុស្សមានភ្នែក (ភ្លឺ) នឹងបាន​ឃើញ​រូបទាំងឡាយ មានឧបមាយ៉ាងណាមិញ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ប្រកាសហើយ​ដោយ​បរិយាយជាច្រើន ក៏មានឧបមេយ្យដូច្នោះឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់​នូវ​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគ ចាំទុកនូវខ្ញុំព្រះអង្គ​ថាជា​ឧបាសក ដល់​​ព្រះរតនត្រ័យ ជា​ទីរលឹក​​ស្មើ​ដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើម បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃស្អែក ជាមួយនឹង​ព្រះភិក្ខុ​សង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​ដោយ​តុណ្ហីភាព (ការស្ងៀម)។ លំដាប់នោះ មេណ្ឌក​គហបតិ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះ លុះកន្លងរាត្រីនោះទៅ មេណ្ឌកគហបតិ ក៏ឲ្យមនុស្សចាត់ចែងខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ ហើយឲ្យអ្នកបម្រើទៅ​ក្រាប​បង្គំទូល​កាលគួរ ដល់​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាល (នេះ) ជាកាល​គួរហើយ ភត្តសម្រេចហើយ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រ និងចីវរ ក្នុង​បុព្វណ្ហសម័យ យាងចូលទៅកាន់លំនៅ​របស់មេណ្ឌកគហបតិ លុះយាងចូលទៅ​ដល់ហើយ ក៏គង់​លើអាសនៈ ដែលគេក្រាលទុកហើយ ជាមួយនឹងភិក្ខុសង្ឃ។ វេលានោះ ប្រពន្ធ កូនប្រុស កូន​ប្រសាស្រី និងខ្ញុំ​ប្រុសរបស់មេណ្ឌកគហបតិ ក៏នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចអង្គុយ​ក្នុងទីសមគួរ។ ព្រះមានព្រះភាគ ទ្រង់សំដែង​អនុបុព្វីកថា ដល់ជនទាំងនោះ អនុបុព្វីកថានោះ ដូចម្តេច ឯអនុបុព្វីកថានោះ គឺ ព្រះដ៏​មាន​ព្រះភាគ ​ទ្រង់ប្រកាស​ទាន​កថា សីលកថា សគ្គកថា ទោស​របស់កាមទាំងឡាយ ដ៏ថោកទាប ដ៏សៅហ្មង និងអានិសង្ស​ ក្នុងការ​ចេញចាកកាម។ កាលណាបើ​ព្រះដ៏មានព្រះភាគ​បានជ្រាបថា ជនទាំងអស់នោះ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយឡើង និងមានចិត្ត​ជ្រះថ្លា​ហើយ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ​ ទ្រង់លើក​ឡើង​សំដែង​​ដោយ​ព្រះអង្គ​ឯង គឺទុក្ខ ហេតុឲ្យកើតទុក្ខ សេចក្តីរំលត់ទុក្ខ និងបដិបទា ជាផ្លូវ​ទៅកាន់​ទីរំលត់ទុក្ខ ក្នុងកាលនោះ។ សំពត់សស្អាត ប្រាសចាកមន្ទិលខ្មៅ គួរ​ទទួលទឹក​ជ្រលក់​ដោយ​ស្រួល​បាន យ៉ាងណាមិញ ពួកជនទាំងនោះ កើតធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ប្រាសចាកធូលី ប្រាសចាក​មន្ទិល លើអាសនៈ​នោះ​ឯង (ហើយពិចារណាឃើញ) ដូច្នេះថា របស់ណាមួយ ដែលមាន​កិរិយាកើតឡើង​ជាធម្មតា របស់អស់នោះ ក៏មានសេចក្តីរលត់​ទៅ​ជាធម្មតា ក៏មាន​ឧបមេយ្យ​ដូច្នោះ​ឯង ជនទាំងនោះ បានឃើញធម៌ បានលុះធម៌ បានដឹងធម៌ច្បាស់ ឈមចុះមុតមាំ​ក្នុង​ធម៌​ហើយ ឆ្លងផុតចាកសេចក្តីស្ទាក់ស្ទើរ ប្រាសចាកសេចក្តីសង្ស័យ ដល់នូវសេចក្តី​ក្លៀវក្លា មិនជឿ​បុគ្គល​ដទៃ​ ក្នុងសាសនា​ព្រះសាស្តា ហើយ​ក្រាបបង្គំ​ទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រ​ព្រះអង្គ​​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រះបន្ទូល​របស់ព្រះអង្គ​ពីរោះណាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន ដូចជាបុគ្គលផ្ងាររបស់​ ដែល​ផ្កាប់​ ឬបើកបង្ហាញ​របស់ដែល​កំបាំង ឬប្រាប់ផ្លូវ​ដល់​មនុស្សដែល​វង្វេងផ្លូវ ឬទ្រោល​​ប្រទីបប្រេងបំភ្លឺ​ ក្នុងទីងងឹត ដោយ​គិត​ថា ពួកមនុស្សមានចក្ខុ នឹង​ឃើញ​រូបទាំងឡាយបាន មានឧបមា​យ៉ាង​ណា​មិញ ធម៌ដែល​ព្រះដ៏មាន​ព្រះភាគ ទ្រង់ប្រកាសហើយ​ ដោយ​បរិយាយជាច្រើន ក៏មាន​ឧបមេយ្យ​ដូច្នោះ​ឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន យើងខ្ញុំទាំងឡាយនេះ សូមដល់​​ព្រះដ៏មានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផងថា ជាទីរលឹក សូម​ព្រះដ៏មាន​ព្រះភាគ ចាំទុកនូវយើងខ្ញុំទាំងឡាយ​ថា​ជា​ឧបាសក ដល់​​នូវព្រះរតនត្រ័យ ថាជា​ទីរលឹក​​ស្មើ​ដោយជីវិត ក្នុងកាលមានថ្ងៃនេះជាដើម។ វេលានោះ មេណ្ឌកគហបតិ បានអង្គាស​ខាទនីយភោជនីយាហារ (បង្អែម ចំអាប) ដ៏ឆ្ងាញ់ពីសា ដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែ​ដល់លោក​ប្រកែក​លែងទទួល​ទៀត លុះព្រះដ៏មានព្រះភាគ ទ្រង់សោយ​ស្រេច លែងលូក​ព្រះហស្ថទៅក្នុង​បាត្រ​ហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមេណ្ឌកគហបតិ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ គង់ក្នុង​ក្រុងភទ្ទិយៈ​ដរាបណា ខ្ញុំព្រះអង្គ​នឹងផ្គត់ផ្គង់​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ដោយភត្តដែល​ត្រូវ​ថ្វាយ​ជានិច្ចដរាបនោះ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យមេណ្ឌកគហបតិយល់តាម ឲ្យប្រតិបត្តិ​តាម ឲ្យអាហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយ​ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

[១៣៣] គ្រានោះ ព្រះមានព្រះភាគ គង់នៅក្រុងភទ្ទិយៈ គួរតាមពុទ្ធអធ្យាស្រ័យ ហើយទ្រង់​មិនលាមេណ្ឌកគហបតិ ក៏យាងទៅ​កាន់ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ មេណ្ឌកគហបតិ បានឮថា ព្រះដ៏មានព្រះភាគ យាងចេញ​ទៅកាន់​ចារិក ក្នុងអង្គុត្តរាបជនបទ ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ទើបមេណ្ឌក​គហបតិបង្គាប់ពួកខ្ញុំប្រុស និងពួកអ្នកធ្វើការងារថា ម្នាលអ្នកទាំងឡាយ បើដូច្នោះ​ ចូរអ្នកទាំងឡាយ​ផ្ទុកអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈខ្លះ ឲ្យច្រើន​ក្នុងរទេះទាំងឡាយមក ម្យ៉ាងទៀត នាយ​គោបាល១២៥០នាក់ ចូរនាំមេគោ១២៥០មក (បើ) យើងជួបនឹង​ព្រះដ៏មានព្រះភាគ​ក្នុងទីណា យើង​នឹងនិមន្ត​ព្រះដ៏មានព្រះភាគ ឲ្យឆាន់ទឹកដោះស្រស់ រូតថ្មីៗ ក្នុងទីនោះ។ មេណ្ឌក​គហបតិ ក៏បាន​ផ្គត់ផ្គង់​ព្រះដ៏មានព្រះភាគ​ក្នុងទីកន្តារ56) ពាក់កណ្តាលផ្លូវ។ លំដាប់នោះ មេណ្ឌកគហបតិ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួចឈរ​ក្នុងទីសម​គួរ។ លុះមេណ្ឌកគហបតិ ឈរក្នុងទីសមគួរហើយ បានក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទ្រង់ទទួលភត្តរបស់ខ្ញុំព្រះអង្គ ដើម្បីឆាន់ក្នុងថ្ងៃ​ស្អែក ជាមួយនឹងភិក្ខុសង្ឃ។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្ត​ដោយតុណ្ហីភាព។ ឯមេណ្ឌក​គហបតិ ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​និមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​ព្រះមានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លុះកន្លងរាត្រីនោះទៅ ទើបមេណ្ឌក​គហបតិ ឲ្យមនុស្សតាក់តែងខាទនីយភោជនីយាហារដ៏​ផ្ចិតផ្ចង់ហើយ ក៏ឲ្យក្រាបបង្គំទូលកាល​គួរ​ ដល់ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កាល(នេះ) ជាកាលគួរហើយ ភត្តសម្រេច​ហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ហើយទ្រង់បាត្រនិងចីវរ ក្នុងបុព្វណ្ហសម័យ ក៏ទ្រង់​យាងទៅកាន់ទីអង្គាសរបស់មេណ្ឌកគហបតិ លុះយាងទៅ​ដល់ហើយ ទ្រង់គង់​លើអាសនៈ ដែលគេក្រាលថ្វាយ ជាមួយនឹង​ភិក្ខុសង្ឃ។ ទើបមេណ្ឌកគហបតិ បង្គាប់​ពួកអ្នកឃ្វាលគោ​​១២៥០​នាក់ថា ម្នាលអ្នកទាំងឡាយ បើដូច្នោះ ចូរអ្នក​ទាំងឡាយ យកមេគោមួយៗ មកបំរុងទុក ដើម្បី​រូត​យកទឹកដោះស្រស់ថ្មីៗ ហើយយើងនឹងប្រគេន​ភិក្ខុមួយអង្គៗឆាន់។ ទើបមេណ្ឌកគហបតិអង្គាស​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ និងទឹកដោះស្រស់ដែលរូត​ថ្មីៗ ដោយដៃខ្លួនឯង។ ភិក្ខុទាំងឡាយមានសេចក្តីរង្កៀស មិនហ៊ាន​ទទួល​ទឹកដោះស្រស់។ ព្រះដ៏មានព្រះភាគ ទ្រង់មាន​ព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរទទួលឆាន់ចុះ។ លំដាប់នោះឯង មេណ្ឌកគហបតិ អង្គាសព្រះភិក្ខុសង្ឃ មានព្រះពុទ្ធ​ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ផ្ចិតផ្ចង់ និង​ទឹកដោះ​ស្រស់​ដែលរូត​ថ្មីៗ ដោយដៃខ្លួន លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះមេណ្ឌក​គហបតិ អង្គុយ​ក្នុងទីសមគួរ​ហើយ បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន គង់មានផ្លូវកន្តារទាំងឡាយ ដែល​មាន​ទឹកតិច មានភក្សាហារតិច ដែលអ្នកគ្មានស្បៀង មិនអាច​នឹងទៅបាន បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គសូមឱកាស សូមព្រះដ៏មានព្រះភាគ អនុញ្ញាត​ស្បៀង​ ដល់ភិក្ខុទាំងឡាយ។ គ្រានោះឯង ព្រះដ៏មានព្រះភាគ ឲ្យមេណ្ឌក​គហបតិយល់តាម ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាក​អាសនៈ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុ​ទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​នូវគោរស៥ គឺទឹកដោះស្រស់១ ទឹកដោះជូរ១ ខ្លាញ់១ ទឹកដោះខាប់១ ទឹកដោះ​ថ្លា១។ ម្នាលភិក្ខុទាំងឡាយ មានផ្លូវកន្តារ ដែលមានទឹកតិច មាន​ភក្សាហារ​តិច ដែល​អ្នកគ្មាន​ស្បៀង មិនអាចនឹងទៅបាន។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុស្វែងរកស្បៀងបាន គឺ​ភិក្ខុ​ត្រូវការអង្ករ ស្វែងរកអង្ករបាន ត្រូវការសណ្តែកបាយ ស្វែងរកសណ្តែកបាយបាន ត្រូវ​ការ​សណ្តែករាជមាស ស្វែងរកសណ្តែករាជមាសបាន ត្រូវការអំបិល ស្វែងរក​អំបិលបាន ត្រូវការ​ស្ករ​អំពៅ ស្វែងរក​ស្ករអំពៅបាន ត្រូវការប្រេង ស្វែងរក​ប្រេងបាន ត្រូវការទឹកដោះថ្លា ស្វែងរកទឹកដោះ​ថ្លាបាន។ ម្នាលភិក្ខុទាំងឡាយ មនុស្សទាំងឡាយ មានសទ្ធាជ្រះថ្លា មនុស្សទាំង​នោះទុកដាក់មាស និងប្រាក់ ក្នុងដៃ​កប្បិយការកៈ​ទាំងឡាយ ដោយពាក្យថា របស់ណាគួរ​ដល់​លោកម្ចាស់ ចូរអ្នកទាំងឡាយ ប្រគេន​របស់នោះ​ ដោយមាស និងប្រាក់​នេះចុះ។ ម្នាលភិក្ខុ​ទាំងឡាយ តថាគត អនុញ្ញាត​ឲ្យភិក្ខុ​ត្រេកអរ ​ចំពោះ​វត្ថុ​ជាកប្បិយៈ (ដែលកើត) អំពី​មាស និងប្រាក់​នោះបាន ម្នាលភិក្ខុទាំងឡាយ តែតថាគត​មិនពោលថា ត្រូវអ្នកត្រេកអរ ត្រូវអ្នកស្វែងរក​មាស​និង​ប្រាក់​ដូច្នេះ ដោយបរិយាយ​នីមួយឡើយ។

១៨២. កេណិយជដិលវត្ថុ

(១៨២)

[១៣៤] លំដាប់នោះ កាលព្រះមានព្រះភាគ កាលទ្រង់​ត្រាច់ទៅកាន់ចារិក​ដោយលំដាប់ បានយាងទៅដល់​អាបណនិគម។ ជដិល​ឈ្មោះកេណិយៈ បានឮដំណឹងថា នែគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ (ចេញ) ចាកសក្យត្រកូល ទៅទ្រង់ព្រះផ្នួស ឥឡូវមកដល់​អាបណនិគមដោយលំដាប់ ក៏កិត្តិសព្ទពីរោះ​របស់ព្រះគោតម​ដ៏ចំរើននោះឯង ឮខ្ចរខ្ចាយសុះ​សាយយ៉ាងនេះថា ព្រះដ៏មានព្រះភាគអង្គនោះ ទ្រង់​ព្រះនាមថា អរហំ ព្រោះព្រះអង្គ​ឆ្ងាយ​ចាក​សេចក្តី​សៅហ្មង​គ្រប់យ៉ាង ថា សម្មាសម្ពុទ្ធោ ព្រោះ​ព្រះអង្គត្រាស់ដឹងនូវញេយ្យធម៌​​ ដោយប្រពៃ ចំពោះព្រះអង្គ ថា វិជ្ជាចរណសម្បន្នោ ព្រោះ​ព្រះអង្គបរិបូណ៌​ដោយវិជ្ជា និងចរណៈ ថា សុគតោ ព្រោះព្រះអង្គមានដំណើរល្អ យាងទៅកាន់​ព្រះនិព្វាន ថា លោកវិទូ ព្រោះព្រះអង្គ​ជ្រាបច្បាស់​នូវ​ត្រៃ​លោក ថា អនុត្តរោ ព្រោះព្រះអង្គប្រសើរ​ដោយសីលាទិគុណ រកបុគ្គល​ណាមួយ​ស្មើគ្មាន ថា បុរិសទម្មសារថិ ព្រោះព្រះអង្គជាអ្នកទូន្មាន​នូវបុរស​ ដែលគួរ​ទូន្មានបាន ថា សត្ថាទេវមនុស្សានំ ព្រោះព្រះអង្គជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ថា ពុទ្ធោ ព្រោះព្រះអង្គ​បាន​ត្រាស់​ដឹង​នូវ​អរិយសច្ចធម៌ ថា ភគវា ព្រោះព្រះអង្គ​លែងវិល​ត្រឡប់មកកាន់ភពថ្មី​ទៀត ព្រះអង្គបាន​ត្រាស់ដឹង បានធ្វើឲ្យជាក់ច្បាស់នូវ​ព្រះនិព្វាន ចំពោះព្រះអង្គ ហើយញុំាង​លោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ញុំាង​មនុស្ស ជា​សម្មតិទេព និង​មនុស្សដ៏សេស ឲ្យបានត្រាស់ដឹងផង ព្រះអង្គទ្រង់សំដែងធម៌ ពីរោះ​បទដើម ពីរោះបទកណ្តាល និងពីរោះបទចុង ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ ព្រមទាំង​ព្យញ្ជនៈដ៏ពេញ​បរិបូណ៌ ដ៏បរិសុទ្ធអស់ជើង ក៏ដំណើរដែលបានឃើញ បានជួប​នឹងព្រះ​អរហន្ត​ទាំង​ឡាយ មានសភាពយ៉ាងនោះ ជាការ​ប្រពៃពេក។ លំដាប់នោះ កេណិយជដិល មានសេចក្តី​ត្រិះរិះ​ដូច្នេះថា គួរអញ​ឲ្យគេនាំយករបស់អ្វីហ្ន៎ ទៅថ្វាយព្រះសមណគោតម។ ទើប​កេណិយ​ជដិល មានសេចក្តីត្រិះរិះ​ដូច្នេះថា ឫសីទាំងឡាយណា ដែលជាបុព្វបុរស​របស់​ព្រាហ្មណ៍​ទាំងឡាយ ដែលជាអ្នកកសាងមន្ត ជាអ្នករាយមន្ត បទមន្តបុរាណនេះ ដែល​ពួកឫសីណា បានច្រៀង​មកហើយ បាន​រាយមកហើយ បានសន្សំមកច្រើនហើយ ឥឡូវនេះ ព្រាហ្មណ៍​ទាំងឡាយ តែងស្វាធ្យាយតាមបទមន្តនោះ តែងសូត្រ​តាមបទមន្តនោះ តែងពោល​តាមបទមន្ត​ ដែលឫសី​ទាំងឡាយ​នោះពោលហើយ តែង​បង្រៀន​តាមបទមន្ត ដែលឫសី​ទាំងឡាយ​នោះ​បង្រៀន​មកហើយ ដូចជាព្រាហ្មណ៍ ឈ្មោះអដ្ឋកៈ ព្រាហ្មណ៍ឈ្មោះវាមកៈ ព្រាហ្មណ៍ឈ្មោះ​វាមទេវៈ ព្រាហ្មណ៍ឈ្មោះវេស្សាមិត្តៈ ព្រាហ្មណ៍ឈ្មោះ​យមត្តគ្គិ ព្រាហ្មណ៍ឈ្មោះអង្គិរសៈ ព្រាហ្មណ៍ឈ្មោះភារទ្វាជៈ ព្រាហ្មណ៍ឈ្មោះវាសេដ្ឋៈ ព្រាហ្មណ៍ឈ្មោះកស្សបៈ ព្រាហ្មណ៍ឈ្មោះ​ភគុ ពួកព្រាហ្មណ៍​ទាំងនោះ ជាអ្នកវៀរចាកការបរិភោគ​ក្នុងរាត្រី វៀរចាកការបរិភោគខុសកាល (រាប់​ពីពេលថ្ងៃត្រង់​ទៅដល់អរុណរះ) ត្រេកអរនឹងទឹកបានទាំងឡាយ មានសភាព​យ៉ាងនេះ សូម្បី​ព្រះសមណគោតម ក៏ជាអ្នកវៀរចាកការបរិភោគ​ក្នុងរាត្រី វៀរចាកវិកាលភោជន ព្រះសមណ​គោតម ក៏គួរ​ត្រេកអរ​នឹងទឹកបាន​ទាំងឡាយ​ មានសភាព​យ៉ាងនេះដែរហើយ ក៏ឲ្យគេ​តាក់តែង​ទឹកបានជាច្រើន ឲ្យរែកទៅ​ដោយ​ម្រែក​ទាំងឡាយ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក៏រីករាយ​ជាមួយនឹង​ព្រះដ៏មានព្រះភាគ ហើយពោលនូវ​ពាក្យរាក់ទាក់ រីករាយ សំណេះសំណាលគួរ​រលឹករួចហើយ ក៏បានឈរ​នៅក្នុង​ទីគួរមួយ។ លុះកេណិយ​ជដិល ឈរ​នៅក្នុងទីគួរ​មួយហើយ បានទូលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា សូមព្រះគោតម​ដ៏ចំរើន​ទទួលទឹកបាន​របស់ខ្ញុំ​ព្រះអង្គ។ ព្រះមានព្រះភាគ​មានព្រះបន្ទូលថា នែកេណិយៈ បើដូច្នោះ អ្នកឯង​ចូរប្រគេនដល់ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយរង្កៀស មិនហ៊ានទទួល។ ព្រះអង្គទ្រង់​ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយទទួលឆាន់ចុះ។ គ្រានោះ កេណិយជដិល ក៏បាន​អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយទឹកបានទាំងឡាយដ៏ច្រើន ដោយដៃខ្លួនឯង កាលដឹងថា ព្រះដ៏មានព្រះភាគ ទ្រង់លាងព្រះហស្ថហើយ លែងលូក​ព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីគួរមួយ។ លុះកេណិយជដិល​អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា។ ឯកេណិយជដិល កាលព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់​យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថាហើយ ក៏បានក្រាបទូលពាក្យនេះ​នឹង​ព្រះដ៏​មាន​ព្រះភាគដូច្នេះថា សូមព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលភត្តខ្ញុំព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះដ៏មានព្រះភាគ មានព្រះបន្ទូល​ថា នែ​កេណិយៈ ភិក្ខុសង្ឃ​ច្រើនណាស់ ចំនួន​១២៥០អង្គ អ្នកសោត ក៏ជ្រះថ្លាខ្លាំង​ក្នុងព្រាហ្មណ៍​ទាំងឡាយហើយ។ កេណិយ​ជដិល​ បានក្រាបទូល​ពាក្យនេះ នឹងព្រះមានព្រះភាគ អស់វារៈជាគំរប់​ពីរដងផងថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ទុកជាភិក្ខុសង្ឃច្រើន ចំនួន​១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លា​ខ្លាំងក្នុងពា្រហ្មណ៍​ទាំងឡាយក្តី ក៏សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្តខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ថា នែ​កេណិយៈ ភិក្ខុសង្ឃ​ច្រើន​ណាស់ ចំនួន​១២៥០អង្គ អ្នកឯងសោត ក៏ជ្រះថ្លាខ្លាំង​ក្នុងព្រាហ្មណ៍​ទាំងឡាយហើយ។ កេណិយ​ជដិល​ បានទូល​ពាក្យនេះ នឹងព្រះដ៏មានព្រះភាគ អស់វារៈជាគំរប់​បីដងផងថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ទុកជាភិក្ខុ​សង្ឃ​ច្រើន ចំនួន​១២៥០អង្គក្តី ទុកជាខ្ញុំព្រះអង្គជ្រះថ្លា​ខ្លាំង ក្នុងពា្រហ្មណ៍​ទាំង​ឡាយ​ក្តី ក៏សូម​ព្រះគោតម​ដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួល​ភត្តខ្ញុំ​ព្រះអង្គ ដើម្បី​ឆាន់​ក្នុងថ្ងៃ​ស្អែក។ ព្រះដ៏មានព្រះភាគ ទ្រង់ទទួល​ដោយតុណ្ហីភាព។ លំដាប់នោះ កេណិយជដិល​ដឹងច្បាស់ថា ព្រះដ៏មានព្រះភាគ ទ្រង់ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ។ ព្រោះនិទាន​នេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុទាំងឡាយមក ក្នុងពេលនោះថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកបានទាំងឡាយ៨យ៉ាង គឺ ទឹកផ្លែស្វាយ ទឹកផ្លែព្រីង ទឹកផ្លែចេកមានគ្រាប់ ទឹកផ្លែចេកឥតគ្រាប់ ទឹកផ្លែស្រគំ ទឹកផ្លែចន្ទន៍ ទឹកក្រអៅឈូក ទឹកផ្លែមាក់ប្រាំង។57) ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកផ្លែឈើ​គ្រប់យ៉ាង លើកលែងតែ​ផ្លែស្រូវ។58) ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ទឹកស្លឹកឈើគ្រប់យ៉ាង លើកលែងតែទឹកបន្លែដែលឆ្អិនហើយ59) ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ទឹកផ្កាឈើគ្រប់យ៉ាង លើកលែងតែ​ទឹក​ផ្កា​ស្រគំ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតទឹកអំពៅ។ លុះកន្លង​រាត្រីនោះទៅ កេណិយ​ជដិល ឲ្យគេតាក់តែងខាទនីយភោជនីយាហារ​ដ៏ថ្លៃថ្លា ក្នុងអាស្រមខ្លួន ហើយឲ្យក្រាបបង្គំ​ទូល​ភត្តកាល ដល់​ព្រះមាន​ព្រះភាគ​ថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះជាកាលគួរ ភត្តសម្រេច​ហើយ។ វេលានោះ ក្នុង​បុព្វណ្ហសម័យ ព្រះដ៏មានព្រះភាគ ទ្រង់ស្បង់ ហើយប្រដាប់ដោយបាត្រ និងចីវរ យាងចូលទៅ​កាន់អាស្រមរបស់កេណិយ​ជដិល លុះយាងចូលទៅហើយ ទ្រង់គង់​លើអាសនៈ ដែលគេក្រាលថ្វាយ ជាមួយនឹងភិក្ខុសង្ឃ។ លំដាប់នោះឯង កេណិយ​ជដិល បានអង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយខាទនីយភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃខ្លួនឯង កាលដឹងថា​ព្រះដ៏មានព្រះភាគ ទ្រង់សោយ​ស្រេច លែងលូកព្រះហស្ថ​ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទី​សមគួរ។ លុះកេណិយ​ជដិល​អង្គុយ​ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ទ្រង់​អនុមោទនា ដោយគាថាទាំងឡាយនេះថា។

[១៣៥]

យញ្ញៈទាំងឡាយ មានការបូជាភ្លើង ជាប្រធាន សាវិត្តិឆន្ទ ជាប្រធានរបស់​ឆន្ទសាស្ត្រ ស្តេច​ ជាប្រធាន​របស់​មនុស្សទាំងឡាយ សាគរ ជាប្រធានរបស់ស្ទឹង​ទាំងឡាយ ព្រះចន្ទ ជាប្រធាននៃ​នក្ខត្តឫក្ស​ទាំងឡាយ ព្រះអាទិត្យ ជាប្រធាន​នៃ​ពន្លឺទាំងឡាយ ព្រះសង្ឃ​ប៉ុណ្ណោះ ជាប្រធាន​របស់មនុស្ស​ទាំងឡាយ ដែលប្រាថ្នានូវបុណ្យ ហើយបូជា។

គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់អនុមោទនា ដោយគាថាទាំងឡាយនេះ ចំពោះ​កេណិយជដិលហើយ ក៏ទ្រង់​ក្រោកចាកអាសនៈ ចៀសចេញទៅ។

១៨៣. រោជមល្លវត្ថុ

(១៨៣)

[១៣៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ គង់ក្នុងអាបណនិគម ដោយគួរ​ដល់ពុទ្ធ​អធ្យាស្រ័យ ហើយទ្រង់យាង​ទៅកាន់ចារិក ​ក្រុងកុសិនារា ជាមួយនឹង​ភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ពួកស្តេច​មល្លទាំងឡាយ នៅក្នុងក្រុងកុសិនារា បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ដ៏ច្រើន ចំនួន​១២៥០រូប យាងមកកាន់ក្រុង​កុសិនារា។ ពួក​មល្លក្សត្រិទាំងនោះ បានធ្វើការប្តេជ្ញាគ្នាថា អ្នកណាមិនធ្វើការក្រោកទទួលព្រះមានព្រះភាគ អ្នកនោះ​ត្រូវពិន័យ​ជាទ្រព្យ​៥០០កហាបណៈ (មិនខាន)។ ក៏សម័យ​នោះឯង មល្លក្សត្រ​ឈ្មោះរោជៈ ជាសំឡាញ់​ព្រះអានន្ទ​ដ៏មានអាយុ។ លំដាប់នោះឯង ព្រះមានព្រះភាគ កាលត្រាច់ទៅកាន់ចារិក​ដោយលំដាប់ ក៏បានយាង​ទៅដល់​ក្រុងកុសិនារានោះ។ ពួកមល្លក្សត្រ​នៅក្នុងក្រុងកុសិនារា បានធ្វើការ​ក្រោកទទួល​ព្រះដ៏មានព្រះភាគ។ លំដាប់នោះឯង រោជមល្លក្សត្រ ក៏ធ្វើការ​ក្រោក​ទទួល​ព្រះដ៏មានព្រះភាគដែរ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះអានន្ទដ៏មានអាយុ ហើយក៏ឈរ​ក្នុងទី​សមគួរ។ ព្រះអានន្ទ​ដ៏មានអាយុ​ បាន​និយាយ​​ពាក្យនេះ នឹងរោជមល្លក្សត្រ ​ដែលឈរ​ក្នុងទីសមគួរ​ដូច្នេះថា នែរោជៈ​ដ៏មានអាយុ អ្នកបាន​ធ្វើការក្រោកទទួលណា ចំពោះ​ព្រះមានព្រះភាគ ការក្រោកទទួលនេះ ជាការ​ប្រពៃ​របស់អ្នកហើយ។ រោជមល្លក្សត្រនិយាយថា បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំមិនមែន​ធ្វើ (សេចក្តី​គោរព) ច្រើន ព្រោះ​ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃទេ ប៉ុន្តែ​ពួកញាតិ​ បានធ្វើ​ការ​ប្តេជ្ញាថា អ្នក​ណាមិនធ្វើការ​ក្រោកទទួល​ព្រះមានព្រះភាគ អ្នកនោះនឹងត្រូវពិន័យ​ជាទ្រព្យ​៥០០កហាបណៈ​មិនខាន បពិត្រព្រះអានន្ទ​ដ៏ចំរើន ខ្ញុំ​បានធ្វើការ​ក្រោកទទួល​ព្រះមានព្រះភាគ​យ៉ាងនេះ ព្រោះ​ខ្លាច​ពិន័យ​របស់ពួក​ញាតិទេ។ គ្រានោះឯង ព្រះអានន្ទ​ដ៏មានអាយុ មានសេចក្តី​អាក់អន់​ចិត្តថា រោជមល្លក្សត្រ មិនសមបើនឹងហ៊ាននិយាយ​យ៉ាងនេះសោះ។ វេលានោះ ព្រះអានន្ទ​ដ៏មានអាយុ ចូលទៅ​គាល់​​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ រួច​អង្គុយ​ក្នុងទីសមគួរ។ លុះព្រះអានន្ទ​ដ៏មានអាយុ អង្គុយ​ក្នុងទីសមគួរ​ហើយ បាន​ក្រាបបង្គំទូល​ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ​ដ៏ចំរើន រោជមល្លក្សត្រនេះ ជាអ្នកល្បីល្បាញ ជាមនុស្ស​មានគេស្គាល់ (ច្រើន) មានឫទ្ធិច្រើន ពួកមនុស្សដែលមានគេស្គាល់ច្រើន មានសភាព​យ៉ាងនេះ រមែង​មានសេចក្តីជ្រះថ្លាក្នុងធម្មវិន័យនេះ បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គសូម​ឱកាស រោជមល្លក្សត្រ គប្បីជ្រះថ្លាក្នុងធម្មវិន័យ​នេះយ៉ាងណា សូម​ព្រះមានព្រះភាគ ទ្រង់ធ្វើយ៉ាង​នោះ។ ព្រះដ៏មានព្រះភាគ មានព្រះបន្ទូលថា នែអានន្ទ រោជមល្លក្សត្រ​គប្បីជ្រះថ្លា ក្នុងធម្មវិន័យ​នេះ ដោយហេតុណា ហេតុនោះ តថាគត​មិនលំបាកធ្វើទេ។ ទើប​ព្រះដ៏មានព្រះភាគ មានព្រះទ័យ​ប្រកបដោយ​មេត្តា ផ្សាយ​ទៅកាន់​រោជមល្លក្សត្រ ហើយទ្រង់ក្រោកចាក​អាសនៈ យាងចូល​ទៅកាន់វិហារ។ ឯរោជមល្លក្សត្រ កាលបើព្រះដ៏មានព្រះភាគ មានព្រះទ័យ​មេត្តា ផ្សាយ​មកប៉ះពាល់​ហើយ ក៏ចូល​ទៅគ្រប់វិហារ គ្រប់បរិវេណ ដូចជា​មេគោមានកូនខ្ចី​ដូច្នោះឯង ហើយក៏​សួរពួកភិក្ខុថា លោកដ៏ចំរើន ឥឡូវនេះ​ព្រះដ៏មានព្រះភាគ ជាអរហំ សម្មាសម្ពុទ្ធ ព្រះអង្គ​គង់ក្នុង​ទីណា ដ្បិតយើងខ្ញុំ​ចង់ឃើញ​ព្រះដ៏មានព្រះភាគ ជាអរហំ សម្មាសម្ពុទ្ធ​អង្គនោះ។ ពួក​ភិក្ខុ​ប្រាប់ថា នែអាវុសោរោជៈ (ព្រះដ៏មានព្រះភាគ ទ្រង់គង់) ក្នុងវិហារ​ដែលគេ​បិទទ្វារនុ៎ះ ដូច្នោះ​ ចូរអ្នក​មានសំឡេងតិចចូលទៅជិត កុំរួសរាន់ ចូលទៅកាន់របៀង ក្អកគ្រហែម ហើយសឹមគោះសន្ទះទ្វារ ព្រះដ៏មានព្រះភាគ​នឹងបើទ្វារ​ឲ្យអ្នក។ វេលានោះ រោជមល្លក្សត្រ​ ចូលទៅកាន់​វិហារ ដែលគេ​បិទ​នោះ ដោយស្ងប់ស្ងាត់សម្លេងសន្សឹមៗ ដើរចូលទៅកាន់​របៀង ក្អកគ្រហែម ហើយគោះ​សន្ទះទ្វារ។ ព្រះដ៏មានព្រះភាគ ក៏ទ្រង់​បើកទ្វារ​ឲ្យ។ គ្រានោះ រោជមល្លក្សត្រ ចូលទៅកាន់វិហារ​ ថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ ហើយអង្គុយនៅក្នុងទីសមគួរ។ លុះរោជមល្លក្សត្រ អង្គុយ​នៅក្នុងទី​សមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​សំដែង​អនុបុព្វីកថា អនុបុព្វីកថានោះ តើដូចម្តេច (ឯ​អនុបុព្វីកថានោះ) គឺព្រះមានព្រះភាគ ​ទ្រង់ប្រកាស​ទាន​កថា សីលកថា សគ្គកថា ទោស​របស់​កាម​ទាំងឡាយដ៏លាមកអាក្រក់ និងអានិសង្ស ​ក្នុងការចេញចាកកាម។ កាលណាបើ​ព្រះដ៏​មាន​ព្រះភាគ​ ទ្រង់ជ្រាបថា រោជមល្លក្សត្រ មានចិត្ត​ស្រួល មានចិត្តទន់ មានចិត្តប្រាសចាក​នីវរណៈ មានចិត្តរីករាយ មានចិត្ត​ជ្រះថ្លា​ហើយ ព្រះអង្គ ក៏ទ្រង់ប្រកាស​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំង​ឡាយ​ ទ្រង់លើក​ឡើង​សំដែង ​ដោយ​ព្រះអង្គ​ឯង គឺទុក្ខ ហេតុឲ្យកើតទុក្ខ ធម៌ជាគ្រឿង​រំលត់ទុក្ខ និងសេចក្តីប្រតិបត្តិទៅកាន់ទី​រំលត់ទុក្ខ ក្នុងកាលនោះ។ ធម្មតា សំពត់ស្អាត ប្រាសចាក​មន្ទិលខ្មៅ គួរ​ទទួលទឹក​ជ្រលក់​ ដោយ​ស្រួលបាន យ៉ាងណាមិញ ធម្មចក្ខុ គឺ​សោតាបត្តិមគ្គ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិល កើតឡើងដល់​រោជមល្លក្សត្រ លើអាសនៈ​នោះឯង (ហើយ​ពិចារណាឃើញ​) ថា របស់ណាមួយ មានសេចក្តីកើតឡើង​ជាធម្មតា របស់ទាំងអស់នោះ មានសេចក្តីរលត់​ទៅ ​ជាធម្មតា ដូច្នោះឯង។ លំដាប់នោះ រោជមល្លក្សត្រ បានឃើញធម៌ បានលុះធម៌ បានដឹង​ធម៌ច្បាស់ ឈមចុះមុតមាំ​ ក្នុងធម៌ហើយ ឆ្លងផុតចាក​សេចក្តីស្ទាក់ស្ទើរ ប្រាសចាក​សេចក្តីសង្ស័យ ដល់​នូវ​សេចក្តី​​ក្លៀវក្លា មិនជឿបុគ្គលដទៃ​ ក្នុងសាសនា នៃ​ព្រះសាស្តា ហើយបាន​ក្រាបបង្គំ​ទូល​ព្រះដ៏​មាន​ព្រះភាគ​ថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ សូមឱកាស លោកម្ចាស់ទាំងឡាយ គួរ​ទទួល​ចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ គឺថ្នាំ​ ជាបច្ច័យ ​ដល់មនុស្ស​មានជម្ងឺ របស់​ខ្ញុំ​ព្រះអង្គ​តែ​ម្យ៉ាង កុំទទួល​របស់ពួក​បុគ្គល​ដទៃ។ ព្រះមានព្រះភាគ មានព្រះបន្ទូលថា នែរោជៈ ពួកជនណា​មួយ ឃើញ​ធម៌ ដោយញាណ​ជាសេក្ខៈ ដោយទស្សនៈ ជាសេក្ខៈ ដូចជាធម៌​ ដែលអ្នក​បាន​ឃើញ​ហើយ ជនទាំងនោះ តែងមានគំនិតយ៉ាងនេះថា ឱហ្ន៎ លោកម្ចាស់ទាំងឡាយ គប្បីទទួលចីវរ បិណ្ឌបាត សេនាសនៈ និងភេសជ្ជបរិក្ខារ គឺថ្នាំ​ ជាបច្ច័យ ​ដល់អ្នក​មានជម្ងឺ របស់​យើងទាំង​ឡាយ​តែ​ម្យ៉ាង កុំទទួល​របស់ជនទាំងឡាយដទៃឡើយ នែរោជៈ បើដូច្នោះ ភិក្ខុទាំងឡាយ នឹងទទួល​របស់​អ្នកខ្លះ របស់ពួកជន​ឯទៀតខ្លះ។ ក៏សម៏យ​នោះឯង ក្នុងក្រុងកុសិនារា ពួកជន​បានតាក់តែង​លំដាប់​ភត្តដ៏ឧត្តម។ គ្រានោះឯង រោជមល្លក្សត្រ កាលមិនបានលំដាប់ភត្ត (ដាក់វេនភត្ត) ក៏​មានសេចក្តីត្រិះរិះ​ដូច្នេះថា បើដូច្នោះ គួរតែអញ​ត្រួតមើលរោងភត្ត វត្ថុណា​មិនមានក្នុង​រោងភត្ត គួរ​អញ​តាក់តែង​វត្ថុនោះ។ កាលរោជមល្លក្សត្រ ត្រួតមើលរោងភត្ត មិនបានឃើញ​វត្ថុពីរយ៉ាង គឺ​អន្លក់១ ខាទនីយៈ​ធ្វើដោយម្សៅ១។ លំដាប់នោះ រោជមល្លក្សត្រ បានចូលទៅរក​ព្រះអានន្ទ​ដ៏មាន​អាយុ លុះចូលទៅដល់ហើយ បាននិយាយ​ពាក្យ​នេះ នឹងព្រះអានន្ទ​ដ៏មានអាយុថា បពិត្រ​ព្រះអានន្ទដ៏​ចំរើន កាលខ្ញុំមិនបានលំដាប់ភត្ត ក្នុងក្រុង​កុសិនារានេះ ក៏​មានសេចក្តីត្រិះរិះ​ដូច្នេះថា បើដូច្នោះ គួរតែអាត្មាអញ​ ត្រួតមើលរោងភត្ត វត្ថុណាគ្មានក្នុង​រោងភត្ត គួរអាត្មា​អញ​ តាក់តែង​វត្ថុនោះឡើង បពិត្រព្រះអានន្ទដ៏ចំរើន កាលខ្ញុំនោះ ត្រួតមើលរោងភត្ត មិនបានឃើញ​វត្ថុពីរមុខ គឺ​អន្លក់១ ខាទនីយៈ​ធ្វើដោយម្សៅ១ បពិត្រព្រះអានន្ទ​ដ៏ចំរើន បើខ្ញុំ​នឹងតាក់តែង​អន្លក់ផង ខាទនីយៈ​ធ្វើ​ដោយម្សៅផង តើព្រះមានព្រះភាគ នឹង​ទទួល​របស់​ខ្ញុំឬទេ។ ព្រះអានន្ទ​តបថា នែរោជៈ បើដូច្នោះ ចាំអាត្មានឹងយក​សេចក្តី​ ក្រាបបង្គំ​ទូល​ព្រះដ៏មានព្រះភាគសិន។ ទើប​​ព្រះអានន្ទ​ដ៏មានអាយុ ក្រាបបង្គំទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ​ព្រះដ៏មានព្រះភាគ ទ្រង់​មានបន្ទូល​ថា នែអានន្ទ បើដូច្នោះ ចូរឲ្យរោជមល្លក្សត្រតាក់តែងចុះ។ ព្រះអានន្ទ​ដ៏​មានអាយុ ប្រាប់ថា នែរោជៈ បើដូច្នោះ ចូរអ្នក​តាក់តែងចុះ។ លុះកន្លងរាត្រីនោះទៅ ទើប​រោជមល្លក្សត្រ ឲ្យ​គេតាក់តែង​អន្លក់ និងខាទនីយៈ​ធ្វើ​ដោយម្យៅ​ដ៏ច្រើន ហើយបង្អោនថ្វាយ ដល់​ព្រះមានព្រះភាគ ដោយពាក្យថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមាន​ព្រះភាគ ទទួលអន្លក់ និងខាទនីយៈ ​ធ្វើដោយ​ម្យៅ​របស់ខ្ញុំ​ព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់មានបន្ទូលថា នែរោជៈ បើដូច្នោះ ចូរអ្នក​ប្រគេន​ដល់​ភិក្ខុទាំងឡាយចុះ។ ភិក្ខុទាំងឡាយ ​មានសេចក្តី​រង្កៀស ក៏មិនហ៊ាន​ទទួល (វត្ថុទាំងនោះ)។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ​ ទទួលឆាន់ចុះ។ ទើបរោជមល្លក្សត្រ អង្គាស​ភិក្ខុសង្ឃ មានព្រះពុទ្ធ​ ជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ដោយអន្លក់ និងខាទនីយៈ ​ធ្វើ​ពីម្យៅ ដោយដៃខ្លួនឯង លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូក​ព្រះហស្ថ​ ទៅក្នុងបាត្រហើយ ក៏អង្គុយ​ក្នុងទីសមគួរ។ លុះរោជមល្លក្សត្រ ​អង្គុយ​ក្នុងទីសមគួរហើយ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់​ ឲ្យប្រតិបត្តិតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់ក្រោកចាក​អាសនៈ ចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើប​ព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ហើយត្រាស់ហៅ​ភិក្ខុទាំងឡាយ​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ អន្លក់​គ្រប់មុខផង ខាទនីយៈ​ធ្វើពីម្យៅ​គ្រប់មុខផង។

១៨៤. វុឌ្ឍបព្វជិតវត្ថុ

(១៨៤)

[១៣៧] គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងក្រុងកុសិនារា តាមគួរ​ដល់ពុទ្ធអធ្យាស្រ័យ​ហើយ ទ្រង់យាងទៅកាន់​ចារិក ​ក្រុង​អាតុមា ជាមួយនឹងភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប។ ក៏​សម័យ​នោះឯង ភិក្ខុ60) មួយរូប​ធ្លាប់ធ្វើជាង​កោរ​កាត់ បួសឯចាស់ នៅអាស្រ័យ​ក្នុងក្រុង​អាតុមា។ ទារក61) ពីរនាក់របស់​ភិក្ខុនោះមានសំឡេងពីរោះ ប្រកបដោយ​សេចក្តី​វាងវៃ មិនខ្ជិលច្រអូស សម្រេច​សិល្បៈ​ក្នុងវិជ្ជា​កោរកាត់ ក្នុងសំណាក់អាចារ្យ​របស់ខ្លួន។ ភិក្ខុបួស​ឯចាស់​នោះ បានឮដំណឹងថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ជាច្រើន ចំនួន​១២៥០រូប មកកាន់​ក្រុងអាតុមា។ គ្រានោះឯង ភិក្ខុបួសឯចាស់នោះ បាននិយាយ​ពាក្យនេះនឹង​ទារកទាំងឡាយនោះ​ថា នែអ្នកទាំងឡាយ ឮថា ព្រះដ៏មានព្រះភាគ ព្រមទាំងភិក្ខុសង្ឃ​ជាច្រើន ចំនួន១២៥០រូប ស្តេច​មក​កាន់​ក្រុងអាតុមា នែអ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ទៅយក​ប្រដាប់កាំបិតកោរ ព្រមទាំង​បំពង់ និងថង់ ហើយដើរទៅកាន់ផ្ទះ​ជាលំដាប់ៗ ចូរប្រមូលអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ យើងនឹងធ្វើទឹកបានបបរ​ ថ្វាយ​ដល់ព្រះដ៏មានព្រះភាគ ដែលទ្រង់​ពុទ្ធដំណើរមកដល់។ ទារក​ទាំងនោះ ទទួលពាក្យភិក្ខុបួស​ឯចាស់នោះថា ករុណាលោកឪពុក ហើយក៏កាន់យក​ប្រដាប់​កាំបិត​កោរ ដោយបំពង់ និងថង់ ដើរទៅកាន់ផ្ទះ​ជាលំដាប់ៗ ប្រមូល​អំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ។ មនុស្សទាំងឡាយ ឃើញទារកទាំងនោះ មានសំឡេងពីរោះ ប្រកបដោយ​សេចក្តី​វាងវៃ ទុកជា​អ្នកណា​មិនចង់​ឲ្យធ្វើ (កាត់ ឬកោរ) អ្នកទាំងនោះ ក៏ឲ្យធ្វើ លុះឲ្យ​ធ្វើហើយ ក៏ឲ្យ​តម្លៃ​ជាច្រើន។ ឯទារកទាំងនោះ ប្រមូលអំបិលខ្លះ ប្រេងខ្លះ អង្ករខ្លះ ខាទនីយៈ​ខ្លះ ជាច្រើន។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាច់ទៅកាន់ចារិក ដោយលំដាប់ ក៏បានដល់​ទៅក្រុង​អាតុមា។ បានឮថា ព្រះដ៏មានព្រះភាគ គង់ក្នុង​ភូសាគារ62) ជិតក្រុង​អាតុមានោះ។ លុះកន្លងរាត្រីនោះទៅ ទើបភិក្ខុ​បួសឯចាស់នោះ ឲ្យចាត់ចែង​បបរជាច្រើន ហើយបង្អោនថ្វាយចំពោះ​ព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះដ៏មានព្រះភាគ ទទួលបបរ​របស់ខ្ញុំ​ព្រះអង្គ។ ព្រះតថាគតទាំងឡាយ ទ្រង់ជ្រាបហើយ សួរ​ក៏មាន ទ្រង់ជ្រាបហើយ មិនសួរក៏មាន ទ្រង់ជ្រាប​កាលគួរហើយ សួរក៏មាន ទ្រង់ជ្រាបកាល​គួរ​ហើយ មិនសួរក៏មាន ព្រះតថាគត​ទាំងឡាយ សួរតែហេតុ​ដែលប្រកបដោយ​ប្រយោជន៍ មិនសួរ​ហេតុដែលមិនប្រកប​ដោយប្រយោជន៍ឡើយ ព្រោះហេតុ​មិនប្រកប​ដោយ​ប្រយោជន៍​ ព្រះតថាគត​ទាំងឡាយ សម្លាប់បង់​ហើយដោយ​អរិយមគ្គ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ​ទាំងឡាយ ទ្រង់​សួរពួកភិក្ខុដោយហេតុពីរប្រការ គឺទ្រង់សួរ​ដើម្បី​នឹងសំដែងធម៌១ ដើម្បី​នឹង​បញ្ញត្ត​សិក្ខាបទ​ដល់​សាវក​ទាំងឡាយ១។ គ្រានោះឯង ព្រះដ៏មានព្រះភាគ មានព្រះបន្ទូលនេះ នឹង​ភិក្ខុបួស​ឯចាស់​នោះថា នែភិក្ខុ បបរនេះ អ្នកឯង​បានមកពីណា។ ទើបភិក្ខុបួស​ឯចាស់នោះ ក្រាបបង្គំ​ទូល​ដំណើរនុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះពុទ្ធ​ដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស អំពើ​នេះមិនសមគួរ មិនទំនង មិនត្រូវបែប មិនមែនជា​របស់សមណៈ មិនគប្បី មិនគួរ​ធ្វើទេ នែ​មោឃបុរស អ្នកឯង​ជាអ្នកបួស មិនសមបើនឹងបបួល (គេឲ្យធ្វើ) ក្នុងការមិនគួរសោះ នែមោឃបុរស អំពើនេះ មិនមែននាំឲ្យជ្រះថ្លា ដល់ពួក​ជនដែល​មិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់​បន្ទោសហើយ ទ្រង់ធ្វើធម្មីកថា ហើយទ្រង់ហៅភិក្ខុទាំងឡាយ (មក ហើយទ្រង់​មានព្រះបន្ទូល) ថា ម្នាលភិក្ខុទាំងឡាយ បព្វជិត មិនត្រូវបបួល (គេឲ្យធ្វើ) ក្នុងការ​មិនគួរទេ បព្វជិតណាបបួល ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុដែលធ្លាប់ធ្វើ​ជាងកោរកាត់ (មកពីដើម) មិន​ត្រូវរក្សាគ្រឿង​ប្រដាប់កាំបិត​កោរទុកទេ ភិក្ខុណា​រក្សាទុក ត្រូវអាបត្តិទុក្កដ។

[១៣៨] គ្រានោះឯង ព្រះមានព្រះភាគ គង់ក្នុងក្រុងអាតុមា គួរ​តាមពុទ្ធ​អធ្យាស្រ័យហើយ ក៏ទ្រង់​យាង​ទៅកាន់ចារិក​ក្រុងសាវត្ថី។ លុះព្រះមានព្រះភាគ ទ្រង់ត្រាច់​ទៅកាន់ចារិក ដោយលំដាប់ បានដល់ទៅ​ក្រុងសាវត្ថីនោះ។ បានឮថា ព្រះមានព្រះភាគ គង់ក្នុង​វត្តជេតពន របស់​អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថីនោះ។ ក៏សម៏យ​នោះឯង ក្នុងក្រុង​សាវត្ថី មានផ្លែឈើជា​ខាទនីយៈ63) ច្រើនពោរពាស។ ទើបភិក្ខុទាំងឡាយ​ មានសេចក្តី​ត្រិះរិះ​ដូច្នេះថា ផ្លែឈើជាខាទនីយ ដូចម្តេច ដែលព្រះមានព្រះភាគ ទ្រង់អនុញ្ញាត ផ្លែឈើជាខាទនីយៈ ដូចម្តេច ដែលព្រះមានព្រះភាគ​មិនបានអនុញ្ញាត។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូល​ដំណើរនុ៎ះ ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ផ្លែឈើ​ជា​ខាទនីយៈ​គ្រប់យ៉ាង។

[១៣៩] ក៏សម័យនោះឯង មនុស្សទាំងឡាយដាំពូជឈើទាំងឡាយជារបស់សង្ឃ​ ក្នុង​ដីជា​របស់​បុគ្គល ដាំពូជឈើទាំងឡាយជារបស់បុគ្គល ​ក្នុង​ដីជា​របស់សង្ឃ។ ភិក្ខុទាំងឡាយ ក្រាបបង្គំ​ទូល​​ដំណើរ​នុ៎ះ ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានព្រះបន្ទូល​ថា ម្នាលភិក្ខុទាំងឡាយ (បើ) ពូជឈើទាំងឡាយជារបស់សង្ឃ ដែលដាំក្នុង​ដីជារបស់បុគ្គល ត្រូវភិក្ខុឲ្យចំណែក64) (ដល់ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ (បើ) ពូជឈើទាំងឡាយ ជារបស់បុគ្គល ដែលដាំ​ក្នុងដី​ជារបស់សង្ឃ ត្រូវ​ភិក្ខុ​ឲ្យ​ចំណែក​ (ដល់​ម្ចាស់ដីខ្លះ) ហើយសឹមបរិភោគ។

១៨៥. ចតុមហាបទេសកថា

(១៨៥)

[១៤០] ក៏សម័យនោះឯង ភិក្ខុទាំងឡាយកើតសេចក្តីរង្កៀស ក្នុងកន្លែងជាអន្លើៗថា របស់អ្វីហ្ន៎ ដែលព្រះដ៏មានព្រះភាគ អនុញ្ញាត របស់អ្វី ដែលព្រះដ៏មានព្រះភាគ មិនបានអនុញ្ញាត។ ពួកភិក្ខុក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមាន​ព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ របស់ណាដែលតថាគត​មិនបានហាមទុកថា របស់នេះ​មិនគួរ​ទេ បើរបស់នោះអនុលោម​ចូលរបស់​មិនគួរ ឃាត់របស់គួរ របស់នោះ មិនគួរ​ដល់អ្នកទាំងឡាយ​ឡើយ ម្នាលភិក្ខុទាំងឡាយ របស់ណា​ដែលតថាគត​មិនបានហាមទុកថា របស់នេះមិនគួរ បើរបស់​នោះអនុលោម​ចូលរបស់គួរ ឃាត់របស់មិនគួរ របស់នោះ​ គួរដល់​អ្នកទាំងឡាយ ម្នាល​ភិក្ខុ​ទាំង​ឡាយ របស់ណាដែលតថាគត​មិនអនុញ្ញាត​ទុកថា របស់នេះគួរ បើរបស់​នោះអនុលោម​ចូលរបស់​មិនគួរ ឃាត់របស់គួរ របស់នោះ មិនគួរ​ដល់អ្នកទាំងឡាយឡើយ ម្នាលភិក្ខុទាំងឡាយ របស់ណា​ដែលតថាគត​មិនបាន​អនុញ្ញាត​ទុកថា របស់នេះគួរ បើរបស់​នោះអនុលោម​ចូល​របស់​គួរ ឃាត់​របស់មិនគួរ របស់នោះ​ គួរដល់​អ្នកទាំងឡាយ។​

[១៤១] គ្រានោះឯង ភិក្ខុទាំងឡាយមានសេចក្តីត្រិះរិះដូច្នេះថា វត្ថុជាយាមកាលិក (ដែលច្រឡំ) ដោយវត្ថុជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាសត្តាហកាលិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក គួរ ឬមិនគួរទេ វត្ថុជា​សត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក គួរ ឬមិនគួរទេ វត្ថុ​ជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាមកាលិក គួរ ឬមិនគួរទេ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាសត្តាហកាលិក គួរ ឬមិនគួរទេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គមាន​ព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាមកាលិក (ច្រឡំ) ដោយវត្ថុជាយាវកាលិក ដែល​ភិក្ខុ​ទទួល​ក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុ​ជា​សត្តាហកាលិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក ដែលភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបាន​តែ​ក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាវកាលិក ដែល​ភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបានតែក្នុងកាល មិនគួរក្នុងវិកាលទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជា​សត្តាហកាលិក (ច្រឡំ) ដោយវត្ថុជាយាមកាលិក ដែលភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបានតែ​ក្នុងយាម កន្លង​យាមទៅហើយ មិនគួរទេ ម្នាលភិក្ខុទាំងឡាយ វត្ថុ​ជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាយាមកាលិក ដែលភិក្ខុទទួល​ក្នុងថ្ងៃនោះ គួរបានតែ​ក្នុងយាម កន្លងយាមទៅហើយ មិនគួរទេ ម្នាលភិក្ខុទាំងឡាយ វត្ថុជាយាវជីវិក (ច្រឡំ) ដោយវត្ថុ​ជាសត្តាហកាលិក ដែល​ភិក្ខុទទួល​ក្នុងថ្ងៃ​នោះ គួរអស់៧ថ្ងៃ ហួស​៧ថ្ងៃទៅហើយ មិនគួរទេ។

ចប់ ភេសជ្ជក្ខន្ធកៈ ទី៦។

ក្នុងខន្ធកៈនេះមាន១០៦រឿង។

ឧទ្ទាននៃភេសជ្ជក្ខន្ធកៈនោះគឺ

១៨៦. តស្សុទ្ទានំ

(១៨៦)

[១៤២] រឿងភិក្ខុកើតអាពាធក្នុងសរទកាល ព្រះសម្ពុទ្ធ​ ទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ភេសជ្ជ​បានក្នុងកាលក្តី ខុសកាលក្តី១ រឿង​ទ្រង់អនុញ្ញាខ្លាញ់រាវ១ រឿងទ្រង់អនុញ្ញាត​មើមឈើ១ រឿងភិក្ខុ​ត្រូវការ​ដោយថ្នាំ ដែលកិនជាម្សៅ១ រឿងទ្រង់អនុញ្ញាត​ថ្នាំទឹកចត់១ រឿងទ្រង់អនុញ្ញាត​ថ្នាំស្លឹកឈើ១ រឿងទ្រង់អនុញ្ញាតថ្នាំផ្លែឈើ១ រឿងទ្រង់អនុញ្ញាតថ្នាំជ័រឈើ១ រឿងទ្រង់​អនុញ្ញាត​អម្បិល១ រឿងទ្រង់អនុញ្ញាតអាចម៍គោ និងថ្នាំលំអិត១ រឿងទ្រង់អនុញ្ញាត​គ្រឿង​រែងថ្នាំលំអិត១ រឿងទ្រង់អនុញ្ញាត​សាច់ឆៅ និងឈាមស្រស់១ រឿងទ្រង់អនុញ្ញាតថ្នាំ​បន្តក់​ភ្នែក និង​គ្រឿងលំអិត​សម្រាប់​លាប១ រឿងភិក្ខុ​ប្រើក្លាក់ថ្នាំប្លែកៗ១ រឿង​ក្លាក់ថ្នាំគ្មានគម្រប១ រឿងទ្រង់អនុញ្ញាត​ចង្កឹះក្លាក់ថ្នាំ១ រឿងទ្រង់អនុញ្ញាតស្រោមចង្កឹះ១ រឿងទ្រង់អនុញ្ញាតថង់​ក្លាក់១ រឿងទ្រង់អនុញ្ញាត​ខ្សែយោគ និងខ្សែសម្រាប់ចង១ រឿងទ្រង់អនុញ្ញាតប្រេងសម្រាប់លាប​ក្បាល១ រឿងទ្រង់អនុញ្ញាត​ការនត្ថុ១ រឿងទ្រង់អនុញ្ញាតបំពង់សម្រាប់នត្ថុ១ រឿងទ្រង់អនុញ្ញាត​ឲ្យភិក្ខុជក់ផ្សែង១ រឿងទ្រង់​អនុញ្ញាតខ្សៀរ១ រឿងទ្រង់អនុញ្ញាតថង់ខ្សៀរ១ រឿងទ្រង់អនុញ្ញាត​ការស្លប្រេង១ រឿងទ្រង់​អនុញ្ញាត​​ឲ្យភិក្ខុដាក់គ្រឿងស្រវឹងទៅក្នុង​ប្រេងស្ល១ រឿងទ្រង់ហាម​មិនឲ្យ​ភិក្ខុឆាន់ប្រេងដែល​ដាក់គ្រឿង​​ស្រវឹងច្រើនពេក១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុអធិដ្ឋាន​ថ្នាំលាប១ រឿងទ្រង់អនុញ្ញាត​តុម្ព​សម្រាប់ដាក់ប្រេង១ រឿងទ្រង់អនុញ្ញាតការឆ្ពុង១ រឿងទ្រង់អនុញ្ញាតការ​ឆ្ពុង​ដោយគ្រឿង​សម្ភារៈ១ រឿងទ្រង់​អនុញ្ញាតការឆ្ពុងធំ១ រឿងទ្រង់អនុញ្ញាតទឹកដែលស្ងោរ​ដោយស្លឹកឈើ មែកឈើ១ រឿងទ្រង់​អនុញ្ញាតបន្ទប់ទឹក១ រឿងទ្រង់អនុញ្ញាតឲ្យ​ជប់យកឈាម និងអនុញ្ញាត​ស្នែង​សម្រាប់ជប់​ឈាម១ រឿងទ្រង់អនុញ្ញាតថ្នាំសម្រាប់​លាបជើង និងអនុញ្ញាត​ឲ្យ​ភិក្ខុតាក់តែងទឹកស្រវឹង (សម្រាប់​លាបជើងឲ្យស្រួល)១ រឿងទ្រង់អនុញ្ញាតសត្ថកម្ម១ រឿងទ្រង់អនុញ្ញាតទឹកចត់១ រឿងទ្រង់​អនុញ្ញាតម្សៅល្ង១ រឿងទ្រង់អនុញ្ញាតដុំសត្តូវ១ រឿងទ្រង់អនុញ្ញាតសំពត់​សម្រាប់រុំដម្បៅ១ រឿងទ្រង់​អនុញ្ញាតឲ្យភិក្ខុ​លាងដម្បៅ ដោយ​ម្សៅគ្រាប់ស្ពៃ១ រឿងទ្រង់អនុញ្ញាតឲ្យធ្វើការចំហុយ១ រឿងទ្រង់​អនុញ្ញាតឲ្យ​បង្កាត់​ដម្បៅ ដោយ​ទឹកអម្បិល១ រឿងទ្រង់អនុញ្ញាត​ប្រេងសម្រាប់​លាប​ដម្បៅ១ រឿងទ្រង់អនុញ្ញាតសម្ពត់​សម្រាប់រុំ​ប្រេង១ រឿងទ្រង់អនុញ្ញាតថ្នាំមហាវិក័ដ១ រឿងទ្រង់​អនុញ្ញាត​ការទទួល​ប្រគេន១ រឿងទ្រង់អនុញ្ញាតឲ្យផឹកគូថ១ រឿងទ្រង់អនុញ្ញាតអាច់បំណាស់១ រឿងទ្រង់​អនុញ្ញាតទឹកក្បុង១ រឿងទ្រង់អនុញ្ញាតសម៉ត្រាំទឹកមូត្រ១ រឿងទ្រង់​អនុញ្ញាត​ការ​លាប​ដោយ​គ្រឿងក្រអូប១ រឿងទ្រង់អនុញ្ញាតថ្នាំបញ្ចុះ១ រឿងទ្រង់អនុញ្ញាតទឹកអង្ករថ្លា១ រឿងទ្រង់​អនុញ្ញាត​ទឹក​សណ្តែកបាយស្ងោរ១ រឿងទ្រង់អនុញ្ញាតឱជារសសាច់១ រឿង​ព្រះបិលិន្ទវច្ឆត្ថេរឲ្យគេ​ជម្រះ​ញក​ភ្នំ និងអនុញ្ញាត​អារាមិកជន១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឈឺ ទុកភេសជ្ជៈ​ឆាន់​អស់​៧ថ្ងៃ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ស្ករអំពៅ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់សណ្តែកបាយ១ រឿងទ្រង់អនុញ្ញាតថ្នាំលោណសោចិរកៈ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុឆាន់វត្ថុជាសាមបក្ក១ រឿងទ្រង់​អនុញ្ញាតឲ្យភិក្ខុចំអិនថែមទៀត១ រឿងត្រឡប់ ទ្រង់អនុញ្ញាត​អន្តោវុត្ថ អន្តោបក្ក និង​សាមបក្ក​វិញ ក្នុងកាលអត់បាយ១ រឿងទ្រង់អនុញ្ញាតផ្លែឈើ ជាខាទនីយៈ និងអនុញ្ញាតល្ង ជា​ខាទនីយៈ១ រឿង​បុរេភត្ត១ រឿងក្តៅក្រហាយក្នុងកាយ១ រឿងទ្រង់អនុញ្ញាតឲ្យភិក្ខុឆាន់ផ្លែឈើ​ដែលគ្មានពូជ១ រឿង​ភិក្ខុមានអាពាធឫសដូងបាទ១ រឿងទ្រង់ហាមមិនឲ្យភិក្ខុធ្វើវត្ថិកម្ម និង​សត្ថកម្ម១ រឿង​សុប្បិយាឧបាសិកា១ រឿងទ្រង់ហាមមិនឲ្យភិក្ខុឆាន់សាច់មនុស្ស១ រឿងទ្រង់ហាម​មិនឲ្យ​ភិក្ខុ​ឆាន់សាច់សេះ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ឆ្កែ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ពស់១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់សីហៈ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់​សាច់​ខ្លាធំ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ខ្លាដម្បង១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ខ្លាឃ្មុំ១ រឿងទ្រង់ហាម​មិនឲ្យភិក្ខុ​ឆាន់សាច់ឆ្កែព្រៃ១ រឿងលំដាប់ភត្ត (វេន)១ រឿងទ្រង់​អនុញ្ញាតបបរ១ រឿង​មហាមាត្យមានសេចក្តី​ជ្រះថ្លាថ្មី១ រឿង​ភិក្ខុដែលគេនិមន្តក្នុងទីដទៃហើយ មិនត្រូវ​ឆាន់បបរ​អ្នកដទៃ១ រឿងទ្រង់អនុញ្ញាត​ស្ករអំពៅ ដល់ភិក្ខុមានជម្ងឺ១ រឿង​មហាមាត្យឈ្មោះ​សុនីធ១ រឿង​ព្រះដ៏មានព្រះភាគ ទ្រង់គង់​នៅក្នុង​ផ្ទះសំណាក់​ធ្វើពីឥដ្ឋ១ រឿង​ស្ទឹងគង្គា១ រឿង​ព្រះដ៏មាន​ព្រះភាគ គង់នៅក្នុង​កោដិគ្រាម ហើយទ្រង់សំដែង​ចតុរារិយសច្ច១ រឿងស្រីផ្កាមាស ឈ្មោះ​អម្ពបាលី និងស្តេច​លិច្ឆវី១ រឿងសាច់ដែលគេធ្វើចំពោះភិក្ខុ១ រឿង​ក្រុងវេសាលីសម្បូណ៌​បាយ១ រឿងទ្រង់ត្រឡប់ហាម មិនឲ្យ​ឆាន់វត្ថុ ដែលជា​អន្តោវុត្ថ អន្តោបក្ក និងសាមបក្ក១ រឿង​មហាមេឃ១ រឿង​ព្រះថេរៈ​ឈ្មោះយសមានជម្ងឺ១ រឿង​មេណ្ឌកគហបតិ និងរឿង​ទ្រង់អនុញ្ញាត​គោរសប្រាំ១ រឿង​ទ្រង់អនុញ្ញាត​ឲ្យភិក្ខុស្វែងរកស្បៀងបាន១ រឿងកេណិយជដិល​ និងរឿង​ទ្រង់​អនុញ្ញាត​ទឹកបានផ្លែស្វាយ ទឹកបានផ្លែព្រីង ទឹកបានផ្លែចេកមានគ្រាប់ ទឹកបានផ្លែចេកឥតគ្រាប់ ទឹកបានផ្លែស្រគំ ទឹកបានផ្លែចន្ទន៍ ទឹកបានក្រអៅឈូក ទឹកបានផ្លែមាក់ប្រាង១ រឿងទ្រង់​អនុញ្ញាត​អន្លក់ និង​ខាទនីយៈ ធ្វើដោយម្សៅ១ រឿង​ភិក្ខុធ្លាប់​ជាជាងកោរកាត់ នៅក្នុងក្រុង​អាតុមា១ រឿង​ទ្រង់​អនុញ្ញាត​ផ្លែឈើជាខាទនីយៈ ក្នុងក្រុងសាវត្ថី១ រឿងពូជឈើជារបស់សង្ឃ គេដាំក្នុង​ទីដី​ជារបស់បុគ្គល១ រឿងភិក្ខុមានសេចក្តីសង្ស័យក្នុងទី​ដោយអន្លើៗ១ រឿង​កាលិកលាយគ្នា១។

ចប់ភាគ៧

 

ខន្ធកៈ ទី១ | ទី២ | ទី៣ | ទី៤ | ទី៥ | ទី៦ | ទី៧ | ទី៨ | ទី៩ | ទី១០

លេខយោង

1)
កាលដែល​ជាទី​ស្រៀវស្រាញ សង្កើរសង្កាញ់ គឺខែ​ជាខាង​ចុងនៃ​វស្សានរដូវ និងខាងដើម​នៃហេមន្តរដូវ។
2)
សំដៅយក​តាំងពី​ពេល​ព្រឹក ទៅទល់ថ្ងៃត្រង់។ តទៅខាងមុខ​ នឹងមានទ្រង់​អនុញ្ញាត​រើរុះទៀត។
3)
សារត្ថទីបនី និងវិមតិវិនោទនីដីកាថា ភោជន​ទាំងនោះ ក៏ត្រឡប់​ទៅជា​សៅហ្មង មិនមានឱជារស​ឆ្ងាញ់ពីសា​វិញ។
4)
កាលគួរ គឺតាំង​ពី​អរុណរះ ទៅទល់ថ្ងៃត្រង់ ឯកាលមិនគួរ​នោះ តាំងពី​ថ្ងៃ​ជ្រេពីត្រង់ ទៅទល់​នឹង​អរុណរះ
5)
ប្រើប្រាស់​បានកំណត់​ត្រឹម៧​ថ្ងៃ ជាយ៉ាងយូរ។
6)
វត្ថុសម្រាប់រែង​គ្រឿង​លំអិត មានម្សៅ​ជាដើម ដែលហៅថា កាតៅ។
7)
ជម្ងឺ​ដែល​ឈឺ​ព្រោះ​ខ្មោចចូល
8)
៣.៤ អដ្ឋកថា ថា ភិក្ខុនោះ​មិនស៊ីសាច់ឆៅ ផឹកឈាមស្រស់​នោះខ្លួនឯងទេ គឺខ្មោច​ដែលវាចូល​ភិក្ខុនោះ​វាស៊ី វាផឹក លុះស៊ី​ផឹក​ហើយ វាចេញទៅ។
9)
10)
វៀរលែង​តែឆ្អឹង​មនុស្ស​ចេញ ក្រៅពីនោះ ទោះឆ្អឹង​អ្វីៗក៏គួរ​ទាំងអស់។
11)
គឺក្លាក់​ដែលធ្វើ​ពីជាតិស្ពាន់ ទង់ដែង ដែក សំណភក់ សំណប៉ាហាំង។
12)
គឺប្រេង​ដែលចូល​ទៅតាម​ច្រមុះនោះ​ មិនស្មើគ្នា ចួនកាលច្រើន ចួន​កាលតិច។
13)
ដើម្បី​ឲ្យនត្ថុ​ចូលទៅព្រមគ្នា។
14)
ត្រូវឲ្យ​ភិក្ខុនោះ​សំដែង​អាបត្តិ​បាចិត្តិយចេញ។
15)
អដ្ឋកថា ថា ត្រូវ​ដាក់​រងើកភ្លើង​ឲ្យពេញ​ក្នុងរណ្តៅ ឲ្យបាន​ប្រមាណ​មួយជំហរ​បុរស រួចបិទ​រណ្តៅ​នោះ​ដោយ​អាចម៍ដី និងដីខ្សាច់​ជាដើមហើយ ក្រាលស្លឹកឈើ​ផ្សេងៗ​លើរណ្តៅ​នោះ ហើយ​យកប្រេង​លាបខ្លួន រួច​ដេក​ប្រែចុះ ប្រែឡើង​លើរណ្តៅនោះ ឲ្យចេញ​ញើស​ពីសរីរៈ។
16)
អដ្ឋកថា ថា ត្រូវ​ដាក់ទឹកក្តៅ​ឲ្យពេញ​ក្នុងភាជន៍ ឬស្នូក ហើយចូលទៅ​ធ្វើការ​ឆ្ពុង​ក្នុងបន្ទប់ទឹក​នោះ។
17)
សំដៅ​យក​បុគ្គល​ដែល​ប្រសប់​ធ្វើ​វត្ថុ​មិនគួរ ឲ្យជាវត្ថុ​គួរ
18)
ព្រះអង្គទ្រង់​អនុញ្ញាត​ឲ្យភិក្ខុ​យកអាច់​បំណាស់​ដែលជាប់នឹង​ផាលនង្គ័ល មកលាយ​នឹងទឹក​ហើយផឹក។
19)
អដ្ឋកថា ថា ឲ្យ​យក​បាយមកដុត​នឹងភ្លើងឲ្យឆេះ​ជាផេះ ហើយច្រោះត្រងយកទឹកមកផឹក។
20)
អដ្ឋកថា ថា សំដៅយក​តែ​ទឹកនោម​គោម្យ៉ាង មិនបាននិយាយ​ដល់ទឹកនោម​មនុស្សទេ។
21)
មនុស្ស​ដែលស្តេច​បាន​វេរ​ផ្តាច់​ ឲ្យជាអ្នកថែរក្សាវត្ត (រាជ​ពីដើម​ហៅថាពលព្រះ)។
22)
ជាអ្នកធ្លាប់​ចូលទៅ​មកក្នុងត្រកូល។
23)
ក្មេងប្រុស។
24)
កូនស្រី
25)
ក្មេងស្រី
26)
ត្រូវឲ្យភិក្ខុនោះ​សំដែង​អាបត្តិ​បាចិត្តិយចេញ។​
27)
អដ្ឋកថា កែតតិយបារាជិកថា ថ្នាំឈ្មោះ​លោណសោចិរកនោះ គេធ្វើ​ដាក់​ផ្លែសម៉ កន្ទួតព្រៃ សម៉ពិភេគ គ្រឿង​ចត់ និងស្រូវ​ទាំងពួង មានស្រូវ​សាលីជាដើម និង​អបរណ្ណជាតិ មានសណ្តែកល្ង​ជាដើម និង​បាយនៃ​ស្រូវ​៧ប្រការ មាន​ស្រូវ​សាលី​ជាដើម និងផ្លែឈើទាំង​ពួង មានផ្លែចេកជាដើម និងលម្ពង់​ឈើទាំងពួង មានលម្ពង់​ផ្តៅ និង​កាកោះជាដើម និងត្រីសាច់ និងភេសជ្ជៈ​ជាច្រើន មានទឹកឃ្មុំ ទឹកអំពៅ អម្បិលសិន្ធវជាដើម ហើយត្រាំ​ក្នុងភាជន៍ បិទមាត់ភាជន៍​ឲ្យជិត ទុកឲ្យយូរកំណត់១ឆ្នាំ ២ឆ្នាំ ឬ៣ឆ្នាំ​ក៏បាន។ ថ្នាំ​នោះ​ក៏​ឆ្អិន​ល្អ មានពណ៌​ដូចទឹក​ផ្លែព្រីង សម្រាប់ឆាន់កែរោគខ្យល់ ក្អក ឃ្លង់ ស្គមលឿង និង​ឫសដូងបាទ​ជាដើម ម្យ៉ាងទៀត ជាថ្នាំ​សម្រាប់​ឆាន់​ក្រោយបាយ។
28)
បបរលាយដោយរបស់​បីយ៉ាង​គឺ ល្ង អង្ករ និងសណ្តែក។
29)
ក្នុងអដ្ឋកថា ថា សត្វឆ្មា កណ្តុរ ទន្សង និងស្ការ។
30)
ក្នុងវិមតិវិនោទនីដីកា ថា កាលបើ​មាន​ទាយក​ប្រគេន​វត្ថុ​បន្តិចបន្តួច​រួចហើយ ភិក្ខុទាំងឡាយ​ក៏ហាមឃាត់​ មិនទទួល​ទៀត។
31)
ភិក្ខុ​កំណត់​ដឹងថា យើងអាច​ញុំាង​អត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ​ដោយវត្ថុ​មានប្រមាណ​ប៉ុណ្ណេះ វត្ថុ​ដ៏​សល់​អំពី​នេះ ចូរ​បាន​ដល់​ភិក្ខុ​ឯទៀត​ចុះ ហើយក៏ហាម​ឃាត់​មិនទទួល។
32)
ក្នុងដីកាថា នំដែល​គេលាយ​ដោយ​វត្ថុ​ មានស្ករ​ជាដើម
33)
បបរ​ដែល​គេធ្វើ​អំពីភោជន​ទាំង៥ គឺបាយ១ នំស្រស់១ នំក្រៀម១ ត្រី១ សាច់១ ដែលនាំ​ឲ្យកើតបវារណា តាមសិក្ខាបទទី៥ នៃភោជនវគ្គ។
34)
ក្នុង​តតិយសារត្ថទីបនីដីកាតតិយសមន្ត អធិប្បាយពីរយ៉ាង គឺបុគ្គល​មិនបាន​សមាទានសីល ឬសមាទានសីលហើយធ្វើ​សីលឲ្យដាច់ទៅវិញ។
35)
ប្រទេស​ប្រាសចាក​សេចក្តីសុខ។
36)
ទី គឺបណ្ឌិតគប្បីខ្ពើម។
37)
ចូរមើលវិនយបិដក មហាវិភង្គភាគទី១ ទំព័រ​១៤​ឯណោះ។
38)
អដ្ឋកថា និងដីកាថា ពួកមហាមាត្យ ដែលសាង​ក្រុង​ក្នុងបាដលិគ្រាម ក៏ហាក់​ដូចជាបាន​ទៅប្រឹក្សា​គ្នានឹងទេវតា​ក្នុងស្ថានតាវត្តិង្ស។
39)
ក្នុងតតិយសារត្ថទីបនីដីកាតតិយសមន្ត ពន្យល់សេចក្តីថា កោដិគ្រាមនោះ នៅត្រង់​កន្លែងកំពូល​ប្រាសាទនៃស្តេច​មហាបនាទ ដែលលិចចុះទៅក្នុងផែនដី (មើលមង្គលត្ថទីបនី ក្នុងតតិយគាថា សិប្បកថា)។
40)
១.២.៣ ក្នុងតតិយសារត្ថទីបនីដីកា តតិយសមន្តថា សូម្បីរាជរថ ទង់ សេះ ដងជន្លួញ ក៏សឹង​ប្រដាប់​ដោយមាស និងកែវ​ មានសម្បុរខៀវទាំងអស់ ទាំងលឿង ក្រហម ស ក៏ដូចគ្នា។
41)
42)
43)
អយ្យបុត្ត គឺព្រះអង្គម្ចាស់
44)
ក្នុងដីកា ពន្យល់​សេចក្តីថា ពោលសរសើរពុទ្ធគុណ ដោយចរិយា៣ គឺ ញាតត្ថចរិយា១ លោកត្ថចរិយា១ ពុទ្ធត្ថចរិយា១។
45)
ពោលសរសើរធម្មគុណ ដោយចំណែកនិកាយ៥ បិដក៣ នវង្គសត្ថុសាសន៩ ធម្មក្ខន្ធ៨៤.០០០។
46)
ពោលសរសើរ​សង្ឃគុណ ដោយអំណាចបព្វជ្ជាថា ភទ្ទិយរាជ មហាកប្បិនរាជ បុក្កុស យសកុលបុត្ត សោណសេដ្ឋិបុត្ត រដ្ឋបាលកុលបុត្ត (លោកទាំងអម្បាលនេះជាដើម) ស្តាប់ធម៌ហើយ បាននូវ​សទ្ធា លះស្វេត្រឆត្ររាជសម្បត្តិ លះទី​សេនាបតិ ទីជាសេដ្ឋី ទីជានាយឃ្លាំង ចេញបួស​ក្នុងសាសនា​របស់​ព្រះសាស្តា។
47)
ក្នុងដីកាថា ទំនុកបំរុងដើម្បីឲ្យបាន​សម្រេចមគ្គ៤ និងផល៤។
48)
សំឡេង​ដូចក្អែក​កញ្ជ្រៀវ។
49)
អដ្ឋកថា កប្បិយកុដិ ដែលសង្ឃសូត្រព្រមគ្នាថា កប្បិយកុដឹ ករោម យើងទាំងឡាយ ធ្វើកប្បិយកុដិដូច្នេះ បីដង ហើយកសាងឡើង ឈ្មោះថា ឧស្សាវនន្តិកា។
50)
ខ្ទមតូច ឬរោងតូច ដែលចាស់​ គ្រាំគ្រា ដូចរោងគោ គួរជាកប្បិយកុដិបាន ឈ្មោះថា គោនិសាទិកា ៗមានពីរយ៉ាងគឺ សេនាសនៈ ដែលគ្មានរបង ឬជញ្ជាំង ឈ្មោះថា អារាមគោនិសាទិកា១ សេនាសនៈ​ទាំងអស់ ដែលមានរបង ឬជញ្ជាំងខ្លះក្តី មិនមានខ្លះក្តី ឈ្មោះថា វិហារគោនិសាទិកា១។
51)
មនុស្សទាំងឡាយ កសាងអាវាសហើយ គេនិយាយថា សូមលោកម្ចាស់ទាំងឡាយ ប្រើប្រាស់នូវ​ (កប្បិយកុដិ) នេះចុះ កប្បិយកុដិនេះ ឈ្មោះថា គហបតិកា។
52)
កុដិ ដែលសង្ឃប្រកាសដោយ​ញត្តិទុតិយកម្ម សន្មតឲ្យជាកប្បិយកុដិ ហៅថា សម្មតិកា។
53)
បួននាឡិ ជាមួយអាឡ្ហក។
54)
បួនអាឡ្ហក ជាមួយទោណ គឺ១៦នាឡិ
55)
អមាត្យ អ្នក​សម្រេចរាជការទាំងអស់។
56)
ផ្លូវជាទីញុំាងទឹកឲ្យឆ្លង បានដល់ផ្លូវ ដែលគេ​ទៅមក​បានដោយលំបាក។
57)
អដ្ឋកថា ថា ទឹកអដ្ឋបានទាំងនេះ ជារបស់ត្រជាក់ក្តី ឆ្អិនដោយ​កំដៅថ្ងៃក្តី ក៏គួរ បើចំអិន​ដោយភ្លើង មិនគួរ។
58)
បានដល់ស្រូវ៧ប្រការ។
59)
រសពួកស្លឹកឈើ ដែល​ជា​យាវកាលិក ជារបស់គួរ​ក្នុងបុរេភត្តប៉ុណ្ណោះ រសស្លឹកឈើ ដែលជាយាវជីវិក ភិក្ខុចំអិន​លាយ​នឹងសប្បិ​ជាដើម គួរ​អស់កាល​៧ថ្ងៃ បើចំអិនដោយទឹកសុទ្ធ គួរដរាបដល់អស់ បើចំអិន​ដោយទឹកដោះ​ជាដើម មិនគួរ សូម្បីស្លឹកឈើ​ដែលគេចំអិន​ដោយវត្ថុឯទៀតៗ ក៏ហៅថា រសបន្លែដែរ។
60)
តាមសារត្ថទីបនីដីកាថា ភិក្ខុនោះឈ្មោះ​សុភទ្ទ។
61)
ក្មេងពីរនាក់នេះ ជាកូនរបស់​លោក បានបួស​ជាសាមណេរ។
62)
តាមសារត្ថទីបនីដីកាថា មានគំនរចំបើង​ធំនៅទីនោះ គេបាន​កាយចំបើងចេញពីខាងក្នុង ហើយធ្វើឲ្យសមគួរ​ ជាលំនៅ​របស់បព្វជិតទាំងឡាយ ដូចជា​សាលា។
63)
ផ្លែឈើដែលត្រូវ​ទំពាឆាន់។
64)
អដ្ឋកថា ថា ត្រូវបែងជា១០ភាគ ហើយត្រូវយក១ភាគ ដែលជាភាគទី១០ ឲ្យដល់​ម្ចាស់ដី សល់ក្រៅ​ពីនោះ ៩ភាគ ត្រូវបានម្ចាស់ពូជ។ រឿងចែកយ៉ាងនេះ ជាបោរាណកចារិត្តក្នុងជម្ពូទ្វីប។
km/tipitaka/vin/mv/vin.mv.06.txt · ពេលកែចុងក្រោយ: 2023/01/30 03:01 និពន្ឋដោយ Johann