User Tools

Site Tools


Translations of this page?:
km:tipitaka:book_023

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ២៣ - Book 23

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០២៣ - Tipitaka Book 023, for change log on ati.eu see here: រាយការណ៍ ភាគ ០២៣



book_023.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_023.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ២៣

ទ. ១

សុត្តន្តបិដក

មជ្ឈិមនិកាយ

មជ្ឈិមបណ្ណាសក

(មជ្ឈិមបណ្ណាស)

ចតុត្ថភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

គហបតិវគ្គ

(១. គហបតិវគ្គោ)

កន្ទរកសូត្រ ទី១

(១. កន្ទរកសុត្តំ)

[១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ជិត​ឆ្នេរ​ស្រះគគ្គរា ក្បែរក្រុងចម្បា ជាមួយនឹងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង បេស្សហត្ថារោហបុត្រ1) និងកន្ទរកបរិព្វាជក នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបេស្សហត្ថារោហបុត្រ ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯកន្ទរកបរិព្វាជក និយាយរាក់​ទាក់ ជាមួយព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែល​គួររាក់ទាក់ និងពាក្យដែលគួរ​រលឹក​ហើយ ឋិតនៅក្នុងទីដ៏សមគួរ។ លុះកន្ទរកបរិព្វាជក ឋិតនៅក្នុងទីសមគួរហើយ ក្រឡេក​មៀងមើល​ភិក្ខុសង្ឃ ដែលគង់នៅស្ងៀមស្ងាត់ ហើយក៏ក្រាបបង្គំទូលព្រះមានព្រះភាគ​ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះគោតមដ៏ចំរើន ចំឡែក​ណាស់ ព្រោះ​ព្រះគោតមដ៏ចំរើន បានប្រដៅភិក្ខុសង្ឃមានប្រមាណប៉ុណ្ណេះ ឲ្យប្រតិបត្តិ​ដោយល្អ បពិត្រព្រះគោតមដ៏ចំរើន ព្រះអរហន្តសម្មាសម្ពុទ្ធទាំងឡាយណា មានហើយ​ក្នុងអតីតកាល តើព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគទាំងឡាយនោះ ប្រដៅភិក្ខុសង្ឃ​ដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែល​ព្រះគោតមដ៏ចំរើន ប្រដៅដោយ​ល្អ ក្នុងកាលឥឡូវនេះដែរឬ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ព្រះអរហន្តសម្មាសម្ពុទ្ធ​ទាំងឡាយណា នឹងមានក្នុងអនាគតកាល តើព្រះអរហន្ត សម្មាសម្ពុទ្ធមានព្រះភាគ​ទាំងឡាយ​នោះ នឹងប្រដៅភិក្ខុសង្ឃ​ដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះ ដូចជាភិក្ខុសង្ឃ ដែល​​ព្រះគោតមដ៏ចំរើន ប្រដៅដោយ​ល្អ ក្នុងកាលឥឡូវនេះដែរឬ។

[២] ព្រះមានព្រះភាគទ្រង់ត្រាស់តបថា ម្នាលកន្ទរកៈ ដំណើរនុ៎ះ​យ៉ាងនេះហើយ ម្នាលកន្ទរកៈ ដំណើរនោះយ៉ាងនេះហើយ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធ​ទាំងឡាយណា មានហើយក្នុងអតីតកាល ព្រះអរហន្តសម្មាសម្ពុទ្ធមានព្រះភាគ​ទាំងឡាយនោះ ក៏បានប្រដៅភិក្ខុសង្ឃដោយល្អ អស់​កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគតប្រដៅដោយល្អ ក្នុងកាលឥឡូវ​នេះ​ដែរ ម្នាលកន្ទរកៈ ព្រះអរហន្តសម្មាសម្ពុទ្ធ​ទាំងឡាយណា នឹងមានក្នុងអនាគតកាល ព្រះអរហន្តសម្មាសម្ពុទ្ធ​មានព្រះភាគទាំងឡាយនោះ ក៏នឹង​ប្រដៅភិក្ខុសង្ឃដោយល្អ អស់កំណត់ត្រឹមប៉ុណ្ណេះឯង ដូចជាភិក្ខុសង្ឃ ដែលតថាគត​ប្រដៅដោយល្អ ក្នុងកាល​ឥឡូវ​នេះ​ដែរ ម្នាលកន្ទរកៈ ព្រោះ​ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាអរហន្តខីណាស្រព បានប្រព្រឹត្តព្រហ្មចរិយៈ រួច ហើយ បានធ្វើសោឡសកិច្ចរួចស្រេច បានដាក់ភារៈ​ចុះហើយ ធ្វើប្រយោជន៍របស់ ខ្លួន ឲ្យ ស្រេចហើយ អស់សំយោជនៈក្នុងភពហើយ មានចិត្តផុតស្រឡះ​ហើយ ព្រោះត្រាស់ដឹង ដោយប្រពៃ ម្នាលកន្ទរកៈ មួយទៀត ក្នុងភិក្ខុសង្ឃនេះ មានពួកភិក្ខុខ្លះ ជាសេក្ខបុគ្គល រក្សាសីលជាប់ជានិច្ច ប្រព្រឹត្តនៅក្នុងសីលជាប់ជានិច្ច មាន​បញ្ញាខ្ជាប់ខ្ជួន ប្រព្រឹត្តនៅ ក្នុងបញ្ញាខ្ជាប់ខ្ជួន ពួកភិក្ខុទាំងនោះ តំកល់ចិត្តស៊ប់ ក្នុងសតិប្បដ្ឋាន៤ ឯសតិប្បដ្ឋាន៤ នោះ តើដូចម្តេចខ្លះ ម្នាលកន្ទរកៈ ភិក្ខុក្នុងសាសនានេះ ពិចារណានូវ កាយក្នុងកាយ ដោយប្រក្រតី មានព្យាយាមជាគ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងសតិ កំចាត់​បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក គឺកាយ ពិចារណានូវវេទនាក្នុងវេទនា ដោយ​ប្រក្រតី មានព្យាយាមជាគ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណា​នូវ​ចិត្តក្នុងចិត្ត ដោយប្រក្រតី មានព្យាយាមជាគ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណានូវ​ធម៌ក្នុងធម៌ ដោយ​ប្រក្រតី មានព្យាយាម ជាគ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់​នូវ​អភិជ្ឈា និងទោមនស្ស​ក្នុង​លោក។

[៣] កាលព្រះមានព្រះភាគទ្រង់ត្រាស់យ៉ាងនេះហើយ បេស្សហត្ថារោហបុត្រ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រ​ព្រះអង្គដ៏ចំរើន ចំឡែកណាស់ ព្រោះសតិប្បដ្ឋានទាំង៤ ដែល​ព្រះអង្គ​ទ្រង់​បញ្ញត្ត​ហើយ​ដោយ​ល្អនេះ ប្រព្រឹត្តទៅ ដើម្បី​សេចក្តីបរិសុទ្ធិ ដល់ពួកសត្វ ដើម្បីកន្លងបង់​នូវសេចក្តី​សោក ខ្សឹកខ្សួល ដើម្បីធ្វើទុក្ខ និងទោមនស្សឲ្យអស់ទៅ ដើម្បីបានអរិយមគ្គ ដើម្បី​ធ្វើឲ្យជាក់ច្បាស់ នូវ​ព្រះនិព្វានជាប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ឯពួកខ្ញុំព្រះអង្គ ជា​គ្រហស្ថ​ស្លៀកពាក់ស តែងមានចិត្តតាំងល្អ ក្នុងសតិប្បដ្ឋានទាំង៤នេះ មួយដង​មួយកាល បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ ជាអ្នកពិចារណានូវកាយក្នុងកាយ​នេះ មាន​ព្យាយាម​ ជាគ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវវេទនាក្នុងវេទនា​ មានព្យាយាម ជា​គ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និង​ទោមនស្ស​​ក្នុងលោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវចិត្តក្នុងចិត្ត​ មានព្យាយាម ជា​គ្រឿង​ដុតកំដៅកិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុង​លោក ពួកខ្ញុំព្រះអង្គ តែងពិចារណានូវធម៌ក្នុងធម៌​ មានព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស មានសម្បជញ្ញៈ និងស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស​ក្នុងលោក បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ​បពិត្រ​ព្រះអង្គ​ដ៏ចំរើន ព្រោះថា កាលបើមនុស្សមានចិត្តសាំញុំាយ៉ាងនេះ កាលបើមនុស្ស​មានចិត្តស្រកាកយ៉ាងនេះ មិនបរិសុទ្ធយ៉ាងនេះ កាលបើមនុស្សមានកិច្ចកល់ ប្រព្រឹត្ត​ទៅយ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវសេចក្តីប្រតិបត្តិ ដែលជាប្រយោជន៍ និង​មិនមែនជាប្រយោជន៍ របស់សត្វទាំងឡាយបានប្រាកដ បពិត្រព្រះអង្គដ៏ចំរើន ពួក​មនុស្ស​​មានចិត្តសាំញុំា បពិត្រព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ បពិត្រព្រះអង្គដ៏ចំរើន ចំណែកខាងខ្ញុំព្រះអង្គ អាចទូន្មានដំរី ដែលល្មមទូន្មានបាន ក្នុង​ខណៈ​ដែលទូន្មានដំរីមួយរំពេចនោះ នឹងដើរទៅដើរមក កាន់នគរចម្បាបាន (តែលុះ​យូរទៅ) ដំរីនឹងធ្វើកិច្ចកល់គ្រប់យ៉ាង គឺក្រអើតក្រអោង កោងកាច វៀចវេរ គ្រលែងខ្លួន​ឲ្យប្រាកដឡើង បពិត្រព្រះអង្គដ៏ចំរើន ចំណែកពួកជន ជាខ្ញុំកំដរក្តី អ្នកបម្រើក្តី អ្នកស៊ី​ឈ្នួល​​ក្តី របស់ខ្ញុំព្រះអង្គ តែងប្រព្រឹត្តទៅដោយ​កាយផ្សេង ដោយវាចាផ្សេង ទាំងចិត្ត​របស់​វាផ្សេង បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ ​បពិត្រ​ព្រះអង្គដ៏ចំរើន ព្រោះថា កាលបើមនុស្ស​មាន​ចិត្តសាំញុំាយ៉ាងនេះ កាលបើមនុស្ស​មានចិត្តស្រកាក មិនបរិសុទ្ធយ៉ាងនេះ កាលបើមនុស្ស មានកិច្ចកល់ ប្រព្រឹត្ត​ទៅយ៉ាងនេះ ព្រះមានព្រះភាគ គង់ជ្រាបនូវ​សេចក្តី​ប្រតិបត្តិ ជាប្រយោជន៍ និង​មិនជាប្រយោជន៍ (របស់​សត្វទាំងនោះ) ជាប្រាកដ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ពួកមនុស្ស​មានចិត្តសាំញុំា បពិត្រ​ព្រះអង្គដ៏ចំរើន ពួកសត្វចិញ្ចឹម មាន​ចិត្ត​ងាយយល់។

[៤] ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាល​បេស្សៈ ដំណើរនុ៎ះ យ៉ាងនេះហើយ ម្នាលបេស្សៈ ពួកមនុស្ស មានចិត្ត​សាំញុំា ម្នាលបេស្សៈ ពួកសត្វចិញ្ចឹម មានចិត្តឲ្យងាយយល់ ម្នាលបេស្សៈ បុគ្គល៤ពួកនេះ តែង​មានក្នុងលោក បុគ្គល​៤ពួក តើដូចម្តេចខ្លះ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួក​ខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួក​ខ្លះ ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុត​កំដៅ​អ្នកដទៃ១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួក​ខ្លះ ជាអ្នកដុតកំដៅខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅ​អ្នកដទៃ ប្រកប​សេចក្តី​ព្យាយាម ដើម្បីដុតកំដៅអ្នកដទៃផង១ ម្នាលបេស្សៈ ក្នុងលោកនេះ បុគ្គលពួក​ខ្លះ ជាអ្នកមិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នក​មិនដុតកំដៅ​អ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បី​ដុតកំដៅ​អ្នកដទៃ បុគ្គល​ជាអ្នក​មិនដុតកំដៅខ្លួនឯង ទាំងមិនដុតកំដៅអ្នកដទៃនោះ ជាអ្នកអស់សេចក្តី​ស្រេកឃ្លាន ក្នុង​បច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តី​ត្រជាក់ ទទួលនូវសេចក្តីសុខ រមែង​មានខ្លួន​ដ៏ប្រសើរ១ ម្នាលបេស្សៈ បណ្តាបុគ្គលទាំង៤ពួកនេះ តើបុគ្គល​ពួកណា ធ្វើចិត្ត​អ្នកឲ្យ​ត្រេកអរបាន។

[៥] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តី​ព្យាយាម ដើម្បីដុតកំដៅ​ខ្លួនឯង បុគ្គលនេះ មិនធ្វើចិត្ត​ខ្ញុំព្រះអង្គឲ្យត្រេកអរទេ បពិត្រ​ព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅអ្នកដទៃ ប្រកបសេចក្តី​ព្យាយាម ដើម្បីដុត​កំដៅ​អ្នកដទៃ បុគ្គលនេះ ក៏ធ្វើចិត្តរបស់​ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រព្រះអង្គ​ដ៏​ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តី​ព្យាយាម ដើម្បី​ដុតកំដៅ​ខ្លួនឯង​ផង ជាអ្នកដុតកំដៅ​អ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុត​កំដៅ​អ្នកដទៃផង បុគ្គល​នេះ ក៏ធ្វើចិត្តរបស់​ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបានដែរ បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះតែ​បុគ្គល​ណា មិនដុតកំដៅខ្លួនឯង មិនប្រកបសេចក្តី​ព្យាយាម ដើម្បី​ដុត​កំដៅ​​ខ្លួនឯង ជាអ្នក​មិន​ដុត​កំដៅ​អ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុត​កំដៅ​អ្នកដទៃ បុគ្គលជា​អ្នក​មិន​ដុត​កំដៅខ្លួនឯង ទាំងមិនដុតកំដៅ​អ្នកដទៃនោះ ជាអ្នក​អស់​សេចក្តីស្រេកឃ្លាន ក្នុង​បច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តីត្រជាក់ ទទួលសេចក្តី​សុខ ជាអ្នកមាន​ខ្លួន​ប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់ខ្ញុំព្រះអង្គ ឲ្យត្រេកអរបាន។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលបេស្សៈ ចុះបុគ្គល៣ពួកនេះ ធ្វើចិត្តរបស់អ្នក ឲ្យត្រេកអរមិនបាន តើដោយហេតុអ្វី។

[៦] បពិត្រព្រះអង្គដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តី​ព្យាយាម ដើម្បី​ដុតកំដៅ​ខ្លួនឯង បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឯង ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើម​សេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់​ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលណា ដែលដុត​កំដៅ​អ្នកដទៃ ប្រកបសេចក្តី​ព្យាយាម ដើម្បី​ដុតកំដៅ​អ្នកដទៃ បុគ្គលនោះ ឈ្មោះ​ថា ធ្វើអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើម​សេចក្តីទុក្ខ ឲ្យក្តៅរោល​រាល​អន្ទះ​អន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្តរបស់​ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន បុគ្គលណា ដែលដុតកំដៅខ្លួនឯង ប្រកបសេចក្តី​ព្យាយាម ដើម្បី​ដុតកំដៅ​ខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅ​អ្នកដទៃ​ផង បុគ្គលនោះ ឈ្មោះ​ថាធ្វើខ្លួនឯង និងអ្នកដទៃ ដែលប្រាថ្នាសេចក្តីសុខ ស្អប់ខ្ពើម​សេចក្តីទុក្ខ ឲ្យក្តៅរោលរាលអន្ទះអន្ទែង ដោយហេតុនេះឯង បានជាបុគ្គលនេះ ធ្វើចិត្ត​របស់​ខ្ញុំព្រះអង្គ ឲ្យត្រេកអរមិនបាន បពិត្រ​ព្រះអង្គ​ដ៏ចំរើន លុះតែបុគ្គលណា មិនដុតកំដៅខ្លួនឯង មិន​ប្រកប​សេចក្តី​ព្យាយាម ដើម្បី​ដុតកំដៅ​ខ្លួនឯង ជាអ្នកមិនដុត​កំដៅ​អ្នកដទៃ មិនប្រកប​សេចក្តីព្យាយាម ដើម្បី​ដុតកំដៅ​អ្នកដទៃ បុគ្គលជាអ្នកមិនដុត​កំដៅខ្លួនឯង មិនដុត​កំដៅ​អ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ន ជាអ្នក​រលត់ទុក្ខ មានសេចក្តី​ត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកមានខ្លួនប្រសើរ បុគ្គលនេះ ទើបធ្វើចិត្តរបស់​ខ្ញុំព្រះអង្គ ឲ្យជ្រះថ្លា ឲ្យត្រេកអរបាន ដោយហេតុនេះឯង បពិត្រ​ព្រះអង្គ​ដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គ​នឹងលាទៅ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានអំពើដែល​ត្រូវធ្វើច្រើន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលបេស្សៈ អ្នកចូរដឹងកាលនៃដំណើរ​ទៅ​របស់អ្នក ក្នុងកាលឥឡូវនេះចុះ។ លំដាប់នោះ បេស្សហត្ថារោហបុត្រ ត្រេកអរ រីករាយ នឹងភាសិត​របស់ព្រះមានព្រះភាគ ក្រោកចាកអាសនៈ រួចថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយក៏ដើរចេញទៅ។

[៧] កាលដែលបេស្សហត្ថារោហបុត្រ ចេញទៅមិនទាន់បានយូរប៉ុន្មាន ខាងក្រោយ​នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ទៅនឹងពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ​ បេស្សហត្ថារោហ​បុត្រ ជាបណ្ឌិត ម្នាលភិក្ខុទាំងឡាយ បេស្សហត្ថារោហបុត្រ ជាអ្នកមាន​បញ្ញាច្រើន ម្នាលភិក្ខុទាំងឡាយ ប្រសិនបើបេស្សហត្ថារោហបុត្រ អង្គុយនៅ​មួយស្របក់​ទៀត ទំរាំតថាគត​នឹងចែកនូវបុគ្គលទាំង៤ពួកនេះ ដោយពិស្តារសិន គាត់មុខជានឹងបាន​សម្រេចប្រយោជន៍ច្រើន (ដល់​សោតាបត្តិផល) ម្នាលភិក្ខុទាំងឡាយ តែបើទុកជាដូច្នោះ បេស្សហត្ថារោហបុត្រ ក៏គង់តែបានប្រកបដោយប្រយោជន៍2) ច្រើន ត្រឹមហេតុប៉ុណ្ណោះដែរ។ ពួកភិក្ខុក្រាបបង្គំទូលថា ព្រះមានព្រះភាគ គប្បីចែកបុគ្គល​៤ពួកនេះ ដោយសេចក្តីពិស្តារ ដោយភាសិតណា បពិត្រព្រះមាន​ព្រះភាគ នេះជា​កាលគួរ ដល់ភាសិតនុ៎ះ បពិត្រព្រះសុគត នេះជាកាល​គួរ​ ដល់ភាសិតនុ៎ះ ពួកភិក្ខុបើបានស្តាប់ភាសិត របស់ព្រះមានព្រះភាគ ដោយពិស្តារហើយ នឹងចងចាំបាន។ ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយ ចូរប្រុងស្តាប់ចុះ ចូរ​ធ្វើទុក​ក្នុងចិត្តឲ្យល្អចុះ តថាគត នឹងសំដែងឥឡូវនេះ។ ភិក្ខុទាំងនោះ ទទួលព្រះពុទ្ធដីកា របស់​ព្រះមាន​ព្រះភាគ​ថា ករុណាព្រះអង្គ។

[៨] ព្រះមានព្រះភាគ ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដុតកំដៅខ្លួន​ឯង ប្រកបសេចក្តី​ព្យាយាម ដើម្បីដុតកំដៅ​ខ្លួនឯង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ ជាអ្នកមានកាយអាក្រាត លះបង់មារយាទល្អ ជាអ្នកប្រព្រឹត្ត​ហត្ថាវលេខនៈ ជាអ្នកមិនទទួលភត្តដែលគេនិមន្តថា សូមលោកដ៏ចំរើនចូរមក ជាអ្នក​មិនទទួលភត្ត ដែល​គេនិមន្តថា សូម​លោកដ៏ចំរើនរង់ចាំសិន មិនត្រេកអរនឹងភិក្ខា ដែល​គេនាំមកចាំមុន មិនត្រេកអរនឹងភិក្ខា ដែលគេធ្វើចំពោះ​ខ្លួន មិនត្រេកអរនឹងការនិមន្តន៍ បុគ្គលនោះ មិនទទួលភិក្ខាអំពីមាត់ឆ្នាំង មិនទទួលភិក្ខាអំពីមាត់កូនល្អី មិនទទួលភិក្ខាក្នុង​ចន្លោះធរណីទ្វារ មិនទទួលភិក្ខា ក្នុងចន្លោះកំណាត់ឈើ មិនទទួលភិក្ខា​ក្នុងចន្លោះអង្រែ មិនទទួលភិក្ខា របស់ជន​ពីរនាក់ ដែលកំពុងបរិភោគ មិនទទួលភិក្ខារបស់ស្ត្រីមានគភ៌ មិនទទួលភិក្ខារបស់ស្រី ដែលកំពុង​បំបៅកូន មិនទទួលភិក្ខារបស់ស្រី ដែលកំពុង​នៅក្នុង​ចន្លោះបុរស មិនទទួលភិក្ខា ដែលគេអង្គាសគ្នាធ្វើ មិនទទួលភិក្ខា ក្នុងទីដែល​មានសុនខ​នៅ​ចាំ មិនទទួលភិក្ខា ដែលរុយរោម មិនបរិភោគត្រី មិនបរិភោគសាច់ មិនផឹកសុរា មិនផឹក​មេរ័យ មិនផឹកទឹកថ្នាំត្រាំ។ បុគ្គលនោះ ទទួល​ភិក្ខា ចំពោះតែក្នុងផ្ទះមួយ ឬទទួល​បាយតែមួយពំនូត ទទួល​ភិក្ខា ចំពោះតែក្នុងផ្ទះពីរ ឬទទួល​បាយតែពីរពំនូត។បេ។ ទទួល​ភិក្ខា ចំពោះតែក្នុងផ្ទះ៧ ឬទទួល​បាយតែ៧ពំនូត ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍​តូច​មួយក៏មាន ចិញ្ចឹមអត្តភាព ដោយភិក្ខា ក្នុងភាជន៍ពីរក៏មាន។បេ។ ចិញ្ចឹម​អត្តភាព ដោយភិក្ខា ក្នុងភាជន៍៧ក៏មាន បរិភោគអាហាររំលង១ថ្ងៃក៏មាន បរិភោគ​អាហារ​រំលង​២ថ្ងៃក៏មាន។បេ។ បរិភោគអាហាររំលង៧ថ្ងៃក៏មាន ប្រកបរឿយៗ នូវព្យាយាម ក្នុង​កិរិយា​បរិភោគនូវភត្ត ដោយការផ្លាស់ប្តូរគ្នា កន្លះខែដូច្នេះឯង។ បុគ្គលនោះ បរិភោគបន្លែ​ស្រស់​ក៏មាន បរិភោគស្គួយក៏មាន បរិភោគគ្រាប់ស្មៅគែលលកក៏មាន បរិភោគចំនៀរស្បែក​ក៏មាន បរិភោគសារាយក៏មាន បរិភោគកុណ្ឌកក៏មាន បរិភោគបាយ​ក្តាំងក៏មាន បរិភោគ​ម្សៅ​ក៏មាន បរិភោគស្មៅក៏មាន បរិភោគអាចម៍គោក៏មាន បរិភោគមើម​ និងផ្លែក្នុង​ព្រៃ​ក៏មាន បរិភោគផ្លែដែលជ្រុះចុះឯងក៏មាន។ បុគ្គលនោះ ប្រើប្រាស់សំពត់ ដែលត្បាញ​ដោយ​សំបកធ្មៃក៏មាន ប្រើប្រាស់សំពត់ ដែលត្បាញ​លាយគ្នាក៏មាន ប្រើប្រាស់​សំពត់ ដែលគេរុំសពក៏មាន ប្រើប្រាស់សំពត់បង្សុកូលក៏មាន ប្រើប្រាស់សំពត់សម្បកឈើក៏មាន ប្រើប្រាស់ស្បែកខ្លាក៏មាន ប្រើប្រាស់ស្បែកខ្លាទាំង​ក្រចក​ក៏មាន ប្រើប្រាស់ស្បូវក្រងក៏មាន ប្រើប្រាស់សំពត់ដែលត្បាញដោយសំបក​ក្រចៅ​ក៏មាន ប្រើប្រាស់សំពត់ដែល​ត្បាញ​ដោយសំបកផ្លែឈើក៏មាន ប្រើប្រាស់សំពត់កម្ពល ដែល​ត្បាញដោយសក់ក៏មាន ប្រើប្រាស់សំពត់កម្ពលត្បាញដោយរោមសត្វក៏មាន ប្រើប្រាស់សំពត់ដែលត្បាញ​ដោយស្លាបមៀម​ក៏មាន ជាអ្នកទុកសក់ និងពុកមាត់ ពុកចង្កា ប្រកបព្យាយាម​ក្នុង​ការ​ទុកសក់ និងពុកមាត់ ពុកចង្កាក៏មាន ជាអ្នកប្រព្រឹត្តឈរ ហាមនូវ​ការអង្គុយក៏មាន ជាអ្នកអង្គុយច្រហោង ប្រកបព្យាយាមអង្គុយច្រហោងក៏មាន ជាអ្នក​ដេក​លើបន្លា សម្រេចនូវ​ការដេកលើបន្លាក៏មាន ប្រកបព្យាយាម ក្នុងការចុះត្រាំទឹក ក្នុង១ថ្ងៃ៣ដង ក៏មាន ខ្វល់ខ្វាយព្យាយាម ដើម្បីធ្វើ​ការឲ្យក្តៅរោលរាលច្រើនប្រការ មានសភាព​យ៉ាងនេះដូច្នេះ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅ​ខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួន​ឯង។

[៩] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែល​ដុតកំដៅអ្នកដទៃ ប្រកបសេចក្តី​ព្យាយាម ដើម្បីដុតកំដៅ​អ្នកដទៃ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ​ ជាអ្នកសម្លាប់ចៀម សម្លាប់ជ្រូក សម្លាប់សត្វស្លាប សម្លាប់ម្រឹគ ជាអ្នកនេសាទត្រី ជាចោរ ជាអ្នកពិឃាតចោរ ជាអ្នកគ្រប់គ្រងគុក ពុំនោះសោត ពួកជនណាមួយក្រៅពីនេះ ជាអ្នក​មានអំពើអាក្រក់ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅ​អ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ។

[១០] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែល​ដុតកំដៅខ្លួនឯង ប្រកបសេចក្តី​ព្យាយាម ដើម្បីដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅអ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅ​​អ្នកដទៃផង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលពួកខ្លះ​ ជាស្តេច ជាក្សត្រ ដែលបានមុទ្ធាភិសេកក្តី ជាព្រាហ្មណ​មហាសាលក្តី ស្តេចនោះ ឲ្យគេ​សង់​សន្ថាគារសាលាថ្មី១ ក្នុងទិសខាងកើតនៃព្រះនគរ ហើយកោរសក់ និងពុកមាត់ ពុក​ចង្កា ស្លៀកពាក់ស្បែកខ្លាទាំងក្រចក លាបកាយដោយទឹកដោះថ្លា និងប្រេង ហើយអេះខ្នង​ដោយស្នែងម្រឹគ ចូលទៅកាន់សន្ថាគារសាលា ជាមួយនឹង​មហេសីផង ព្រាហ្មណបុរោហិត​ផង ស្តេចនោះ សម្រេចទីក្រឡាព្រះបន្ទំលើផែនដី ដែល​ប្រកបដោយ​វត្ថុ មានពណ៌ខៀវ ដែលមិនស្អាតក្នុងរោងនោះ ស្តេចនោះ សោយទឹកដោះ​ស្រស់ ចំពោះ​ដោះមួយ របស់មេគោមួយ ដែលមានកូនមានរូប​ស្រដៀងនឹងមេ មហេសី​សោយទឹកដោះ​ស្រស់​ចំពោះ​ដោះទី២ ព្រាហ្មណបុរោហិត ផឹកទឹកដោះស្រស់​ចំពោះ​ដោះទី៣ បូជាភ្លើង​ដោយទឹកដោះស្រស់ ចំពោះដោះទី៤ ឯទឹកដោះសេសសល់ពីនោះ ទើបឲ្យកូនគោបៅ ស្តេចនោះ ទ្រង់ត្រាស់បង្គាប់យ៉ាងនេះថា ចូរអ្នកទាំងឡាយ សម្លាប់​គោឧសភ ប្រមាណ​ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់កូនគោឈ្មោលតូច ប្រមាណ​ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរសម្លាប់កូនគោញីតូច ប្រមាណ​ប៉ុណ្ណេះ ដើម្បី​ប្រយោជន៍​ដល់​ការបូជា ចូរសម្លាប់ពពែ ប្រមាណ​ប៉ុណ្ណេះ ដើម្បីប្រយោជន៍​ដល់ការបូជា ចូរសម្លាប់ចៀម ប្រមាណ​ប៉ុណ្ណេះ ដើម្បីប្រយោជន៍ ដល់ការបូជា ចូរ​សម្លាប់​សេះ ប្រមាណ​ប៉ុណ្ណេះ ដើម្បីប្រយោជន៍ដល់ការបូជា ចូរកាប់ឈើ ប្រមាណ​ប៉ុណ្ណេះ ដើម្បី​ធ្វើប្រាសាទ ចូរអារកាត់គ្រឿង​ឈើប្រមាណប៉ុណ្ណេះ ដើម្បីធ្វើរបង និងកម្រាលដូច្នេះ ពួកជនណាជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការស៊ីឈ្នួលក្តី របស់ស្តេចនោះ ពួកជន​ទាំងនោះឯង កាលបើត្រូវអាជ្ញាគម្រាមហើយ ត្រូវភ័យគម្រាមហើយ ក៏មានមុខ​ទទឹក​ដោយទឹកភ្នែក ទ្រហោយំ ធ្វើនូវ​ការបន់ស្រន់ បួងសួង (កុំឲ្យស្លាប់) ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ តថាគតហៅថា អ្នកដុតកំដៅ​ខ្លួនឯង ប្រកបសេចក្តីព្យាយាម ដើម្បី​ដុតកំដៅខ្លួនឯងផង ជាអ្នកដុតកំដៅ​អ្នកដទៃ ប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅ​អ្នកដទៃផង។

[១១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលដែលមិន​ដុតកំដៅខ្លួនឯង មិនប្រកបសេចក្តី​ព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកបសេចក្តីព្យាយាម ដើម្បីដុតកំដៅ​អ្នកដទៃ បុគ្គលនោះ ឈ្មោះថា អ្នកមិនដុតកំដៅខ្លួនឯង មិនដុតកំដៅ​អ្នកដទៃ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តី​ត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគត​កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មាន​ដំណើរ​​ល្អទៅកាន់ព្រះនិព្វាន ដឹងច្បាស់នូវត្រៃលោក ប្រសើរដោយសីលាទិគុណ រក​បុគ្គល​ណាមួយស្មើគ្មាន ជាសារថីអ្នកទូន្មានបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និង​មនុស្សទាំងឡាយ បានត្រាស់ដឹងសច្ចធម៌ លែងត្រឡប់​មកកាន់ភពថ្មីទៀត ព្រះតថាគត​នោះ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា​របស់ខ្លួន នូវលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំងមនុស្ស ជា​សម្មតិទេព និងមនុស្សដ៏សេស ហើយប្រកាស ព្រះតថាគតនោះ សំដែងធម៌​មានលំអ​បទដើម បទកណ្តាល និងបទចុង ព្រះតថាគត ប្រកាសព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ពេញបរិបូណ៌ បរិសុទ្ធទាំងអស់។ គហបតី ឬកូននៃគហបតី ឬជនអ្នក​កើត​ក្នុងត្រកូលណាមួយ ក្នុងកាលជាខាងក្រោយ រមែងបានស្តាប់ធម៌នោះ លុះគេស្តាប់ធម៌​នោះហើយ ក៏បាននូវសទ្ធាក្នុងព្រះតថាគត លុះគេប្រកប​ដោយសទ្ធានោះ រមែង​ពិចារណា​ដូច្នេះថា ឃរាវាស ចង្អៀតណាស់ ជាផ្លូវនៃ​ធូលី បព្វជ្ជាទើបមានឱកាសល្អ កាលបើអាត្មាអញ នៅជាគ្រហស្ថ គ្រប់គ្រងផ្ទះ ក៏មិនងាយនឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ឲ្យបរិបូណ៌ តែមួយយ៉ាង ឲ្យបរិសុទ្ធតែមួយយ៉ាង ដូចជាស័ង្ខ ដែលគេខាត់ហើយនោះទេ បើដូច្នោះ គួរតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះសម័យ​ខាងក្រោយមក ជននោះ ក៏លះគំនរ​ទ្រព្យតិចក្តី លះគំនរទ្រព្យច្រើនក្តី លះបង់ញាតិ​វង្សតិចក្តី លះបង់ញាតិវង្សច្រើនក្តី ហើយ​កោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹកចត់ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។

[១២] លុះជននោះបួសយ៉ាងនេះហើយ ដល់ព្រមដោយសិក្ខា និងសាជីវៈ​សម្រាប់​ភិក្ខុទាំងឡាយ ហើយលះបាណាតិបាត ជាអ្នកវៀរចាកបាណាតិបាត ដាក់ចុះ​នូវអាជ្ញា ដាក់ចុះនូវគ្រឿង​សស្ត្រា មានសេចក្តីអៀនខ្មាស ប្រកបដោយសេចក្តីអាណិតអាសូរ ជាអ្នក​មានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជាអ្នកលះ​អទិន្នាទាន វៀរចាកអទិន្នាទាន កាន់យកតែទ្រព្យ​ដែលគេឲ្យ ប្រាថ្នាតែ​ទ្រព្យ ដែល​គេឲ្យ មានខ្លួនស្អាត មិនមែនជាអ្នកល្មួច ជាអ្នកលះ​អព្រហ្មចរិយធម៌ ប្រព្រឹត្តព្រហ្មចរិយធម៌ ប្រព្រឹត្តឆ្ងាយ វៀរចាកមេថុន ជាធម៌សម្រាប់អ្នកស្រុក ជាអ្នកលះមុសាវាទ វៀរចាក​មុសាវាទ ពោលតែពាក្យពិត តតែពាក្យពិត មានសំដីខ្ជាប់ខ្ជួន គួរឲ្យអ្នកផង​ជឿបាន មិនពោលពាក្យឲ្យខុស​ចំពោះសត្វលោក ជាអ្នកលះបិសុណាវាចា វៀរ​ចាក​បិសុណាវាចា ឮអំពីទីនេះ មិននាំយកទៅប្រាប់ទីនោះ ដើម្បីបំបែក​ពួកជននេះ ឬឮ​ក្នុងទី​ឯណោះ មិននាំមកប្រាប់ដល់ពួកជននេះ ដើម្បីបំបែក​ពួកជនឯណោះ ជាអ្នកពោល​ពាក្យ​ផ្សះផ្សាជនដែលបែកគ្នាហើយ ឬជួយជ្រោមជ្រែង​ជន ដែលព្រមព្រៀងគ្នាស្រាប់ហើយ មានសេចក្តីព្រមព្រៀងជាទីត្រេកអរ ត្រេកអរក្នុងសេចក្តីព្រមព្រៀង ពេញចិត្តក្នុងសេចក្តី​ព្រមព្រៀង ពោលតែសំដីដែលជាទីធ្វើនូវសេចក្តីព្រមព្រៀង ជាអ្នកលះផរុសវាចា វៀរចាក​ផរុសវាចា វាចាណាមិនមានទោស សុខដល់ត្រចៀក គួរជាទីស្រឡាញ់ គួរយក​ទុក ក្នុងហឫទ័យ ជាពាក្យរបស់អ្នកក្រុង ជាទីប្រាថ្នារបស់ជន​ច្រើន ជាទីគាប់ចិត្តរបស់ជន​ច្រើន ក៏ពោលតែវាចា មានសភាពដូច្នោះ ជាអ្នកលះសម្ផប្បលាបៈ វៀរចាកសម្ផប្បលាបៈ ពោលតែក្នុងកាលដែលគួរ ពោលតែពាក្យដែលពិតប្រាកដ ពោលតែអត្ថ ពោលតែធម៌ ពោលតែវិន័យ ពោលតែ​វាចាដែល​គួរដំកល់ទុក ក្នុងហឫទ័យ ជាវាចាមានគ្រឿង​អាង​តាមកាលគួរ មានកំណត់ ប្រកបដោយប្រយោជន៍។ ភិក្ខុនោះ វៀរចាកការផ្តាច់ផ្តិល​ពីជគាម និងភូតគាម ជាអ្នកបរិភោគភត្តតែមួយពេល វៀរចាកការបរិភោគក្នុងវេលា​រាត្រី វៀរចាកបរិភោគក្នុងកាលខុស វៀរចាកការរាំ ច្រៀង ប្រគំ និងការមើល​ល្បែង​ផ្សេងៗ វៀរ​ចាកការទ្រទ្រង់ ប្រដាប់តាក់តែង និងការស្អិតស្អាង (រាងកាយ) ដោយផ្កាកម្រង គ្រឿង​ក្រអូប និងគ្រឿងលាបផ្សេងៗ វៀរ​ចាកការដេក ឬអង្គុយលើអាសនៈដ៏ខ្ពស់ និង​អាសនៈ​ដ៏​ប្រសើរ វៀរចាកការទទួល​មាស និងប្រាក់ វៀរចាកការទទួលស្រូវស្រស់ វៀរចាក​ការទទួល​សាច់ឆៅ វៀរចាកការទទួលស្ត្រី និងក្មេងស្ត្រី វៀរចាក​ការទទួល​ខ្ញុំស្រី និងខ្ញុំប្រុស វៀរចាកការទទួលពពែ និងចៀម វៀរចាកការទទួល​មាន់ និងជ្រូក វៀរចាក​ការទទួលដំរី គោ សេះឈ្មោល និងសេះញី វៀរចាកការទទួលស្រែ និងចំការ វៀរចាក​ការប្រកបក្នុងកិច្ច​ជាទូត និងការនាំសំបុត្រ​ទៅមក វៀរចាកការលក់ដូរ វៀរចាកការបោក​ដោយជញ្ជីង ឆបោកដោយភាជន៍មាស ទាំង​ឆបោកដោយរង្វាស់រង្វាល់ វៀរចាក​ការសើរើ3) បញ្ឆោតបន្លំ កោងកាច វៀរចាកការ​កាប់​សម្លាប់ ចងបំភាន់ ប្លន់ កំហែង។ បុគ្គលនោះជាអ្នកសន្តោសដោយចីវរ​សម្រាប់​រក្សា​កាយ ដោយបិណ្ឌបាត សម្រាប់​រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿង​បរិក្ខារ) ប៉ុណ្ណោះទៅ។ សត្វបក្សីហើរទៅក្នុងទីណាៗ ក៏ទៅត្រឹមតែស្លាបរបស់ខ្លួន​ប៉ុណ្ណោះ យ៉ាងណាមិញ ភិក្ខុជាអ្នកសន្តោសដោយចីវរសម្រាប់​រក្សាកាយ ដោយបិណ្ឌបាតសម្រាប់​រក្សាផ្ទៃ ត្រាច់ទៅក្នុងទីណាៗ ក៏កាន់យក (ត្រឹមតែគ្រឿង​បរិក្ខារ) ប៉ុណ្ណោះទៅ ក៏យ៉ាងនោះដែរ។ ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះ ហើយបានទទួល​នូវ​សេចក្តីសុខ ដែលមិនមានទោសក្នុងសន្តាន។ ភិក្ខុនោះ ឃើញរូបដោយភ្នែក ក៏​មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួម​ចក្ខុន្ទ្រិយណា លោកក៏ប្រតិបត្តិ ដើម្បីសង្រួម​ចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវ​សេចក្តី​សង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក… ធុំក្លិនដោយច្រមុះ… ទទួលរសដោយ​អណ្តាត… ពាល់ត្រូវសម្ផ័ស្សដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ក៏​មិនកួចកាន់និមិត្ត ទាំងមិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បី​ជាប់​តាម​នូវបុគ្គលនុ៎ះ ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួម​មនិន្ទ្រិយណា លោក​ក៏​ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវ​សេចក្តី​សង្រួមក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ ប្រកបដោយឥន្ទ្រិយសំវរៈដ៏ប្រសើរនេះ តែង​ទទួលសេចក្តីសុខ ឥតសៅហ្មងខាង​ក្នុងសន្តាន។ ភិក្ខុនោះជាអ្នក​ធ្វើនូវការដឹងខ្លួន ក្នុងវេលា​ដែលឈានទៅមុខ និងឈានថយក្រោយ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែល​ក្រឡេក​មើលទៅមុខ ឬក្រឡេកមើល​ទៅទិសផ្សេងៗ ជាអ្នកធ្វើនូវការដឹងខ្លួន ក្នុងវេលាដែលបត់ អវយវៈចូល និងលាចេញ ជាអ្នកធ្វើនូវ​ការដឹងខ្លួន ក្នុងវេលា​ដែលប្រើប្រាស់សង្ឃាដិ បាត្រ និងចីវរ ជាអ្នកធ្វើនូវ​ការដឹងខ្លួន ក្នុងវេលាដែលស៊ីផឹក ទំពា ទទួលរស ជាអ្នក​ធ្វើនូវ​ការដឹង​ខ្លួន ក្នុងវេលាដែលធ្វើឧច្ចារៈ និងបស្សាវៈ ជាអ្នកធ្វើនូវ​ការដឹងខ្លួន ក្នុងវេលាដែលដើរ ឈរ អង្គុយ ដេកលក់ ភ្ញាក់ រលឹក និយាយស្តី នៅស្ងៀម។

[១៣] ភិក្ខុនោះ ប្រកបដោយសីលក្ខន្ធដ៏ប្រសើរនេះផង ប្រកបដោយឥន្ទ្រិយ​សំវរៈ ដ៏ប្រសើរនេះផង ប្រកបដោយ​សតិ និងសម្បជញ្ញៈ ដ៏ប្រសើរនេះផង គប់រក​នូវសេនាសនៈ​ស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ច្រកភ្នំ គុហាលើភ្នំ ព្រៃស្មសាន ព្រៃស្រោង ទីវាល គំនរចំបើង។ ភិក្ខុនោះត្រឡប់មកពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយនៃភត្តហើយ ក៏អង្គុយ​ផ្គត់ភ្នែនតាំងកាយឲ្យត្រង់ តំកល់សតិឆ្ពោះមុខទៅរកកម្មដ្ឋាន។ ភិក្ខុនោះ លះ​អភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តឲ្យស្អាតចាកអភិជ្ឈា ជាអ្នកលះ​សេចក្តីប្រទូស្ត ព្រោះព្យាបាទ មានចិត្តប្រាសចាកព្យាបាទ ជាអ្នកអនុគ្រោះដោយ​ប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជម្រះចិត្តឲ្យស្អាត ចាកសេចក្តីប្រទូស្ត ព្រោះព្យាបាទ ជាអ្នកលះថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ សំគាល់នូវអាលោកកសិណ មានសតិ និងសម្បជញ្ញៈ ជម្រះចិត្តឲ្យស្អាត​ចាកថីនមិទ្ធៈ ជាអ្នកលះឧទ្ធច្ចកុក្កុច្ចៈ មិន​រាយមាយ មានចិត្តស្ងប់ស្ងាត់​ខាងក្នុងសន្តាន ជម្រះចិត្តឲ្យស្អាត​ចាកឧទ្ធច្ចកុក្កុច្ចៈ ជាអ្នក​លះវិចិកិច្ឆា ឆ្លងផុតចាកវិចិកិច្ឆា មិនមានសេចក្តី​ងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយ ជម្រះ​ចិត្ត​ឲ្យស្អាតចាកវិចិកិច្ឆា។

[១៤] ភិក្ខុនោះ លុះលះនីវរណៈទាំង៥ ដែលជាឧបក្កិលេសរបស់ចិត្ត ដែលធ្វើ​បញ្ញាឲ្យមានកម្លាំងថយនេះរួចហើយ លោកក៏​ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌​ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែល​កើតអំពីវិវេក ព្រោះរម្ងាប់​វិតក្កៈ និងវិចារៈរួចហើយ ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់​ខាង​ក្នុងសន្តាន មានភាវៈនៃចិត្តដ៏ប្រសើរ មិនមានវិតក្កៈ វិចារៈ មានតែបីតិ និងសុខ ដែលកើត​អំពីសមាធិ ព្រោះលះបង់បីតិចេញហើយ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈ​ផង ទទួលសេចក្តី​សុខដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈ​ទាំងឡាយ តែងសរសើរថា បុគ្គលដែលបានតតិយជ្ឈានហើយ តែងមានចិត្តព្រងើយ ជាអ្នក​មានស្មារតីនៅជាសុខ ព្រោះលះបង់សុខផង លះបង់ទុក្ខផង ព្រោះរលត់នូវ​សោមនស្ស និងទោមនស្ស អំពីកាលមុនផង លោកក៏ចូលកាន់​ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខា។

[១៥] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់​ញ័រ​យ៉ាងនេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកបុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹក​ឃើញជាតិដែលខ្លួនធ្លាប់អាស្រ័យនៅក្នុងកាលមុន ជាច្រើនជាតិ គឺរលឹក​ឃើញ​បាន១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១០០០ជាតិ មួយសែនជាតិ ក៏បានខ្លះ រលឹកឃើញបានច្រើនសំវដ្តកប្ប ច្រើន​វិវដ្តកប្ប ច្រើនសំវដ្តវិវដ្តកប្បក៏បាន ដូច្នេះថា អាត្មាអញនៅក្នុងភពឯណោះ មានឈ្មោះ​យ៉ាងនេះ មានគោត្រយ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួល​សុខ ទុក្ខយ៉ាងនេះ មានកំណត់អាយុប៉ុណ្ណេះ លុះអាត្មាអញច្យុតចាកអត្តភាពនោះហើយ បានទៅកើតក្នុងភពឯណោះ ដែលទៅកើតក្នុងភពនោះ មាននាមយ៉ាងនេះ មានគោត្រ​យ៉ាងនេះ មានវណ្ណៈយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ មានកំណត់អាយុ​ប៉ុណ្ណេះ លុះច្យុតចាកអត្តភាពនោះហើយ មកកើតក្នុងភពនេះ។ ភិក្ខុនោះ រលឹកឃើញជាតិ ដែលខ្លួន​ធ្លាប់អាស្រ័យនៅ ក្នុងកាលមុនបានច្រើនជាតិ ព្រមទាំងអាការទាំងឧទ្ទេស។

[១៦] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​យ៉ាង​នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅ ដើម្បី​ញាណជាគ្រឿង​ដឹងនូវ​ចុតិ និងបដិសន្ធិ របស់សត្វ​ទាំងឡាយ ភិក្ខុនោះ ក៏ឃើញ​សត្វទាំងឡាយ ដែលច្យុត​ចាប់​បដិសន្ធិ មាន​ភាវៈ​ទាប​ថោក និងឧត្តម មានវណ្ណៈ​ល្អ និងវណ្ណៈអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយ​ចក្ខុ​ដ៏​ជាទិព្វ ដ៏បរិសុទ្ធក្រៃលែងជាងចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់នូវពួកសត្វ ដែល​អន្ទោល​ទៅតាមកម្មថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាមិច្ឆាទិដ្ឋិ ប្រកាន់មាំនូវកម្មជាមិច្ឆាទិដ្ឋិ និយាយ​តិះដៀលព្រះអរិយបុគ្គលទាំងឡាយ សត្វទាំងនោះ លុះរំលាងខន្ធ បន្ទាប់​អំពីមរណៈ​ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក អើហ្ន៎ ចំណែក​ឯសត្វទាំងនេះ ប្រកប​ដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយមនោសុចរិត ជាសម្មាទិដ្ឋិ ប្រកាន់​មាំ​នូវ​កម្មជាសម្មាទិដ្ឋិ មិន​តិះដៀលពួកព្រះអរិយបុគ្គល សត្វទាំងនោះ លុះដល់​រំលាង​ខន្ធ បន្ទាប់​​អំពីមរណៈ​ ក៏ទៅកើតឯឋានសុគតិ សួគ៌ ទេវលោក។ ភិក្ខុនោះ ឃើញសត្វទាំង​ឡាយ ដែលច្យុត ដែលចាប់បដិសន្ធិ មានភាវៈទាបថោក និងឧត្តម មានវណ្ណៈ​ល្អ និងវណ្ណៈ​អាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ ដោយចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធក្រៃលែង​ជាង​ចក្ខុរបស់មនុស្សសាម័ញ្ញ ក៏ដឹងច្បាស់​នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម ដោយ​ប្រការដូច្នេះ។

[១៧] កាលដែលចិត្តតាំងនៅល្អ បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកសេចក្តីសៅហ្មង ជាចិត្តទន់ភ្លន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ​យ៉ាង​នេះហើយ ភិក្ខុនោះ ក៏បង្អោនចិត្តទៅរកអាសវក្ខយញ្ញាណ លោកក៏ដឹងប្រាកដតាមពិត​ថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសេចក្តីរលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទាឲ្យបានដល់នូវ​សេចក្តី​រលត់ទុក្ខ ដឹងប្រាកដតាមពិតថា ធម៌ប៉ុណ្ណេះ ជាអាសវៈ ដឹងប្រាកដតាមពិតថា នេះជា​ហេតុនាំឲ្យកើតអាសវៈ ដឹងប្រាកដតាមពិតថា នេះជាសេចក្តី​រលត់អាសវៈ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសេចក្តី​រលត់អាសវៈ។ កាលដែលភិក្ខុនោះ ដឹងយ៉ាងនេះ ពិចារណាឃើញយ៉ាងនេះ ចិត្តក៏ផុតចាក​កាមាសវៈផង ផុតចាកភវាសវៈផង ផុតចាកអវិជ្ជាសវៈផង កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើត​ប្រាកដថា អាត្មាអញផុតស្រឡះចាកអាសវៈហើយ ដឹងច្បាស់ថា កំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីសោឡសកិច្ច តទៅទៀត មិនមានឡើយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះឯង ដែលតថាគតហៅថា អ្នកមិនដុតកំដៅខ្លួនឯង មិនប្រកប​សេចក្តីព្យាយាម ដើម្បីដុតកំដៅខ្លួនឯង ជាអ្នកមិនដុតកំដៅអ្នកដទៃ មិនប្រកប​សេចក្តីព្យាយាម ដើម្បីដុតកំដៅអ្នកដទៃ បុគ្គលដែលមិនដុតកំដៅខ្លួនឯង មិនដុតកំដៅ​អ្នកដទៃនោះ ជាអ្នកអស់សេចក្តីស្រេកឃ្លាន ក្នុងបច្ចុប្បន្ននេះ ជាអ្នករលត់ទុក្ខ មានសេចក្តី​ត្រជាក់ ទទួលសេចក្តីសុខ ជាអ្នកប្រសើរ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់​ព្រះសូត្រ​នេះចប់ហើយ ភិក្ខុទាំងនោះ មានចិត្តត្រេកអរ រីករាយចំពោះ​ភាសិត របស់ព្រះមាន​ព្រះភាគ។

ចប់ កន្ទរកសូត្រ ទី១។

អដ្ឋកនាគរសូត្រ ទី២

(២. អដ្ឋកនាគរសុត្តំ)

[១៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទមានអាយុ គង់នៅក្នុង​វេឡុវគ្រាម ជិតក្រុងវេសាលី។ សម័យនោះឯង ទសមគហបតី អ្នកក្រុងអដ្ឋកៈ បានទៅដល់​ក្រុងបាតលិបុត្ត ដោយកិច្ចការនីមួយ។ គ្រានោះ ទសមគហបតី អ្នកក្រុងអដ្ឋកៈ ចូលទៅរកភិក្ខុ១រូប ដែលនៅក្នុងកុក្កដារាម លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំភិក្ខុនោះ ហើយអង្គុយក្នុងទីសមគួរ។ លុះទសមគហបតី អ្នកក្រុងអដ្ឋកៈ អង្គុយក្នុងទីសមគួរហើយ បានសួរភិក្ខុនោះ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន ឥឡូវនេះ ព្រះអានន្ទមានអាយុ គង់នៅក្នុងទីណា ព្រោះយើងខ្ញុំចង់ឃើញ​ព្រះអានន្ទ​នោះ។ ភិក្ខុនោះប្រាប់ថា ម្នាលគហបតី ព្រះអានន្ទមានអាយុនុ៎ះ លោកគង់នៅក្នុង វេឡុវគ្រាម ជិតក្រុងវេសាលី។ ទើបទសមគហបតី អ្នកក្រុងអដ្ឋកៈ ត្រួត​ត្រាកិច្ចការ ដែលខ្លួន​ត្រូវធ្វើ ​ក្នុងក្រុងបាតលិបុត្តនោះរួចហើយ ក៏ចូលទៅរកព្រះអានន្ទមាន​អាយុ ក្នុងវេឡុវគ្រាម ទៀបក្រុងវេសាលីនោះ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះអានន្ទ​មានអាយុ ហើយអង្គុយក្នុងទីសមគួរ។

[១៩] លុះទសមគហបតី អ្នកក្រុងអដ្ឋកៈអង្គុយក្នុងទីសមគួរហើយ ទើបទូលសួរព្រះ​អានន្ទមានអាយុដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែល​មិនទាន់​រួច​ស្រឡះ (ចាក​អាសវៈ) ក៏រួចស្រឡះបានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ​ ក៏អស់រលីង​បានផង ទំាងបានដល់ធម៌ក្សេម ចាកយោគៈដ៏ប្រសើរ ដែលខ្លួនមិនទាន់​បានដល់ផង ព្រោះ​ធម៌ឯកណា ធម៌ឯកនោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់​ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ តើមានដែរឬ។ ព្រះអានន្ទត្ថេរ តបថា ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាមដុត​កំដៅ​កិលេស មានចិត្តបញ្ជូន​ទៅ​កាន់ព្រះនិព្វាន ចិត្តដែល​មិនទាន់រួចស្រឡះ ក៏រួចស្រឡះ​បានផង អាសវធម៌ទាំងឡាយ ដែល​មិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបាន​ដល់​នូវ​ធម៌ក្សេម ចាកយោគៈដ៏​ប្រសើរ ដែលខ្លួនមិនទាន់​បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯក​នោះ ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែង​ហើយ រមែង​មានប្រាកដ។ បពិត្រ​ព្រះអានន្ទដ៏ចំរើន ភិក្ខុជាអ្នក​មិន​ប្រមាទ មានព្យាយាមដុត​កំដៅ​កិលេស មានចិត្តបញ្ជូន​ទៅកាន់​ព្រះនិព្វាន ចិត្តដែល​មិនទាន់រួចស្រឡះ ក៏រួចស្រឡះ​បានផង អាសវធម៌ទាំងឡាយ ដែលមិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំងបានដល់​ធម៌​ក្សេមចាក​យោគៈដ៏ប្រសើរ ដែលខ្លួន​មិនទាន់​បានដល់ផង ព្រោះធម៌ឯកណា ធម៌ឯក​នោះ ព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ តើដូចម្តេចខ្លះ។

[២០] ម្នាលគហបតី ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាម ស្ងាត់ចាកអកុសលធម៌​ទាំងឡាយ ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ​ដែល​កើតអំពីវិវេក ភិក្ខុនោះពិចារណាដឹងច្បាស់ ដូច្នេះថា បឋមជ្ឈាននេះឯង អាត្មាអញ បានតាក់តែង​ហើយ បានបង្កើតហើយ ក៏បឋមជ្ឈានតិចតួច ដែលអាត្មាអញ បានតាក់​តែង ​បានបង្កើតហើយនោះ ជាធម្មជាតមិនទៀង តែងរលត់ទៅវិញ​ជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ ហើយក៏ដល់នូវការអស់ទៅនៃអាសវៈ បើមិនទាន់​ដល់នូវ​ការអស់​ទៅ​នៃអាសវៈទេ ក៏គង់នឹងទៅកើតជាឱបបាតិកៈ ព្រោះការអស់ទៅនៃ​សំយោជន​ធម៌ ទាំង៥ប្រការ ជាចំណែកខាងក្រោម ដោយសេចក្តីត្រេកអរក្នុងធម៌នោះ និង​សេចក្តី​រីករាយក្នុងធម៌នោះ ហើយនឹងបរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាពមិនត្រឡប់មក អំពីព្រហ្មលោកនោះវិញឡើយ ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូន​ទៅកាន់ព្រះនិព្វាន ចិត្តដែលមិនទាន់រួច​ស្រឡះ ក៏រួច​ស្រឡះបានផង អាសវៈទាំងឡាយ ដែល​មិនទាន់​អស់ទៅ ក៏អស់រលីង​បានផង ទាំង​ដល់​នូវ​ធម៌ដ៏ក្សេម​ចាកយោគៈដ៏ប្រសើរ ដែលខ្លួន​មិនទាន់​បានដល់ផង ព្រោះធម៌ឯកណា នេះឯង​​ជាធម៌ឯក ដែលព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ។ ម្នាលគហបតិ មួយទៀត ភិក្ខុ ព្រោះ​រម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ក៏ចូលកាន់ទុតិយជ្ឈាន ទើបភិក្ខុនោះពិចារណា ដឹងច្បាស់ដូច្នេះថា ទុតិយ​ជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់ធម៌​ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ ដូច្នេះថា តតិយជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេម ចាក​យោគៈ​ដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះលះបង់សុខផង។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់ ដូច្នេះថា ចតុត្ថជ្ឈាននេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេមចាក​យោគៈដ៏​ប្រសើរ។

[២១] ម្នាលគហបតី មួយទៀត ភិក្ខុមានចិត្ត​ប្រកបដោយមេត្តា ផ្សាយទៅកាន់​ទិសទី១ ទិសទី២ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទាំងមានចិត្ត​ប្រកប​ដោយ​មេត្តាដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក​ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយយកខ្លួន​ទៅប្រៀប​ផ្ទឹមនឹង​សត្វទាំងពួង​ ក្នុងទិសទាំងពួង ដោយប្រការដូច្នេះ ទើបភិក្ខុនោះពិចារណា ដឹងច្បាស់​ដូច្នេះថា មេត្តាចេតោវិមុត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែ​ធម្មជាតតិចតួចណា ដែលតាក់តែងហើយ បានបង្កើតហើយ ធម្មជាតទាំងនោះ ជា​របស់​មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ។បេ។ ទាំង​ដល់​ធម៌ដ៏​ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុមានចិត្ត​ប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា… មានចិត្ត​ប្រកបដោយឧបេក្ខា ផ្សាយទៅកាន់​ទិសទី១ ទិសទី២ក៏ដូចគ្នា ទិសទី៣ក៏ដូចគ្នា ទិសទី៤ ក៏ដូចគ្នា ទាំងមានចិត្ត​ប្រកប​ដោយឧបេក្ខា ដ៏ធំទូលាយ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់លោក​ទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដោយយកខ្លួន​ឯង ​ទៅប្រៀប​ផ្ទឹមនឹង​សត្វទាំងពួង​ ក្នុងទិសទាំងពួង ដោយប្រការដូច្នេះ ទើបភិក្ខុនោះ ពិចារណា ដឹងច្បាស់​ដូច្នេះថា ឧបេក្ខាចេតោវិមុត្តិនេះឯង អាត្មាអញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែ​ធម្មជាតតិចតួចណា ដែលអាត្មាអញតាក់តែងហើយ បាន​បង្កើត​ហើយ ធម្មជាតនោះឯង ជា​របស់​មិនទៀង តែងរលត់ទៅវិញជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅ​ក្នុងធម៌នោះ។បេ។ ទាំង​ដល់​ធម៌ដ៏​ក្សេមចាកយោគៈដ៏ប្រសើរ។

[២២] ម្នាលគហបតិ មួយទៀត ភិក្ខុព្រោះកន្លងនូវពួក​រូបសញ្ញា ដោយអាការ​សព្វគ្រប់ រលត់នូវបដិឃសញ្ញា មិនធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា ហើយក៏ចូល​អាកាសានញ្ចាយតនសមាបត្តិ ដោយបរិកម្មថា អាកាសមិនមានទីបំផុតដូច្នេះ ទើប​ភិក្ខុនោះ ពិចារណាដឹងច្បាស់​ដូច្នេះថា អាកាសានញ្ចាយតនសមាបត្តិនេះឯង អាត្មាអញ បានតាក់តែង បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួច​ណា ដែល​តាក់តែងហើយ បានបង្កើត​ហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញ​ជាធម្មតា ភិក្ខុនោះក៏ឋិតនៅ ក្នុងធម៌នោះ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយទៀត ភិក្ខុកន្លងនូវអាកាសានញ្ចាយតនសមាបត្តិ ដោយអាការសព្វ​គ្រប់ ហើយក៏ចូល​វិញ្ញាណញ្ចាយតនសមាបត្តិ ដោយបរិកម្មថា វិញ្ញាណ​មិនមាន​ទី​បំផុត​ដូច្នេះ ​ភិក្ខុនោះ ពិចារណាដឹងច្បាស់​ដូច្នេះថា វិញ្ញាណញ្ចាយតនសមាបត្តិនេះឯង អាត្មា​អញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួច​ណា ដែល​តាក់តែង​ហើយ បានបង្កើត​ហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញ​ជាធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ។បេ។ ទាំងដល់នូវធម៌ដ៏ក្សេមចាកយោគៈដ៏ប្រសើរ។ ម្នាលគហបតិ មួយវិញទៀត ភិក្ខុកន្លងនូវវិញ្ញាណញ្ចាយតនសមាបត្តិ ដោយអាការសព្វ​គ្រប់ ហើយក៏ចូល​អាកិញ្ចញ្ញាយតនសមាបត្តិ ដោយបរិកម្មថា របស់បន្តិចបន្តួចមិនមាន​ដូច្នេះ ​ទើបភិក្ខុនោះ ពិចារណាដឹងច្បាស់​ដូច្នេះថា អាកិញ្ចញ្ញាយតនសមាបត្តិនេះឯង អាត្មា​អញ បានតាក់តែងហើយ បានបង្កើតហើយ ប៉ុន្តែធម្មជាតតិចតួច​ណា ដែល​អាត្មាអញតាក់​តែង​​ហើយ បានបង្កើត​ហើយ ធម្មជាតនោះឯង ជារបស់មិនទៀង តែងរលត់ទៅវិញ​ជា​ធម្មតា ភិក្ខុនោះ ក៏ឋិតនៅក្នុងធម៌នោះ ហើយក៏បានដល់នូវការ​អស់ទៅនៃ​អាសវៈ បើ​មិនបាន​ដល់នូវ​ការអស់ទៅនៃ​អាសវៈទេ ក៏គង់​ទៅកើត​ជាឱបបាតិកៈ ព្រោះអស់ទៅ​នៃ​សំយោជនធម៌ទាំង៥ប្រការ ជាចំណែក​ខាងក្រោម ដោយសេចក្តីត្រេកអរ ក្នុងធម៌​នោះ និងសេចក្តី​រីករាយ ក្នុងធម៌នោះ ហើយបរិនិព្វាន ក្នុងជាន់សុទ្ធាវាសនោះ មានសភាព​មិន​ត្រឡប់ ចាកព្រហ្មលោកនោះជាធម្មតា ម្នាលគហបតិ ភិក្ខុជាអ្នកមិនប្រមាទ មានព្យាយាម​ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ចិត្តដែល​មិនទាន់រួចស្រឡះ ក៏រួច​ស្រឡះ​បានផង អាសវធម៌ទាំងឡាយ ដែល​មិនទាន់អស់ទៅ ក៏អស់រលីងបានផង ទាំង​ដល់ធម៌ដ៏ក្សេម​ចាកយោគៈដ៏ប្រសើរ ដែលមិនទាន់បានដល់ ព្រោះធម៌ឯកណា នេះឯង​ជាធម៌ឯក ដែលព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាបច្បាស់ ឃើញច្បាស់ ព្រះអង្គបានសំដែងហើយ។

[២៣] កាលដែលព្រះអានន្ទត្ថេរ សំដែងយ៉ាងនេះហើយ ទសមគហបតិ អ្នកក្រុង​អដ្ឋកៈ បាននិយាយនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចំរើន បុរស​កាលស្វែងរកកំណប់តែ១ ស្រាប់តែបានកំណប់ទាំង១១ ដោយព្យាយាមតែម្តង មាន​ឧបមា​យ៉ាងណាមិញ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា កាលស្វែងរក​ទ្វារ​ព្រះនិព្វាន​​តែ១​សោះ ស្រាប់តែបានទ្វារព្រះនិព្វានទាំង១១ ដោយការស្តាប់តែម្តង ក៏មាន​ឧបមេយ្យ​យ៉ាង​នោះដែរ បពិត្រព្រះអានន្ទដ៏ចំរើន មួយយ៉ាងទៀត ផ្ទះរបស់បុរស​មាន​ទ្វារ​១១ កាលភ្លើង​ឆេះផ្ទះនោះហើយ បុរសម្ចាស់ផ្ទះនោះ អាចនឹងធ្វើខ្លួន​ឲ្យមានសួស្តី ដោយ​ទ្វារ​តែមួយៗក៏​បាន មានឧបមាដូចម្តេចមិញ បពិត្រព្រះអានន្ទដ៏ចំរើន បណ្តាទ្វារ​ព្រះនិព្វាន​ទាំង១១នេះ ខ្ញុំព្រះករុណា នឹងអាចធ្វើខ្លួន ឲ្យមានសួស្តី ដោយទ្វារព្រះនិព្វាន​តែមួយ​ៗបាន ក៏មាន​ឧបមេយ្យ​ដូច្នោះឯង បពិត្រព្រះអានន្ទដ៏ចំរើន តាមទំនៀម​ពួកតិរ្ថិយ​ទាំងនេះ (កាលបើ​រៀន​សិល្បសាស្ត្រ ក្នុងសំណាក់អាចារ្យណា) តែងស្វែងរករង្វាន់អាចារ្យ ដើម្បី​អាចារ្យ (នោះ) ចំណង់បើរូបខ្ញុំព្រះករុណា នឹងខានធ្វើ​ការបូជា ដល់​ព្រះអានន្ទ​មានអាយុ ដូចម្តេច​បាន។ ទើបទសមគហបតិ អ្នកក្រុង​អដ្ឋកៈ បានប្រជុំភិក្ខុសង្ឃ ដែលគង់​នៅ​ក្នុងក្រុង​បាតលិបុត្ត និងក្រុងវេសាលី ហើយអង្គាស ដោយខាទនីយភោជនីយាហារ ដ៏ឆ្ងាញ់​ពីសា ដោយ​ខ្លួនឯង ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែលោកប្រកែក​លែងទទួលទៀត ហើយនិមន្ត​ភិក្ខុមួយរូប​ៗ ឲ្យស្លៀកដណ្តប់ដោយសំពត់​១គូ ១អង្គ រួចនិមន្តព្រះអានន្ទមានអាយុ ឲ្យស្លៀក​ដណ្តប់​ដោយចីវរ​៣ ហើយកសាងទីនៅ គួរ​ដល់ថ្លៃ៥០០ (កហាបណៈ) ប្រគេន​ព្រះអានន្ទមានអាយុ។

ចប់ អដ្ឋកនាគរសូត្រ ទី២។

សេក្ខប្បដិបទាសូត្រ ទី៣

(៣. សេខសុត្តំ)

[២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​និគ្រោធារាម ទៀបក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ សម័យនោះឯង ពួកសក្យៈ អ្នកក្រុង​កបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មីមួយ ទើបនឹងហើយថ្មីៗ មិនទាន់មានសមណៈ ឬ​ព្រាហ្មណ៍ ឬអ្នកណាមួយ ដែលជាជាតិមនុស្ស4) ចូលទៅនៅអាស្រ័យនៅឡើយ។ លំដាប់នោះ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ នាំគ្នាចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយ​ក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នកក្រុងកបិលវត្ថុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាប​បង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ពួកសក្យៈ​ អ្នក​ក្រុងកបិលវត្ថុ បានកសាងសន្ថាគារសាលាថ្មី១ ទើបនឹងហើយថ្មីៗ មិនទាន់​មានសមណៈ ឬព្រាហ្មណ៍ ឬអ្នក​ណាមួយ ដែលជាជាតិមនុស្ស ចូលទៅអាស្រ័យ​នៅឡើយ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់​សន្ថាគារសាលា​នោះជាមុន លុះ​ព្រះមានព្រះភាគ ទ្រង់ប្រើប្រាស់ជាមុនរួចហើយ ទើបពួកសក្យៈ អ្នកក្រុង​កបិលវត្ថុ នឹង​ប្រើប្រាស់​ជាខាងក្រោយ ការប្រើប្រាស់នោះ នឹងប្រព្រឹត្តទៅដើម្បី​ប្រយោជន៍ និងសេចក្តី​សុខយូរអង្វែង ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ។ ព្រះមានព្រះភាគ ទ្រង់ទទួល​និមន្តន៍ ដោយអាការស្ងៀម។ ចំណែកខាងពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តន៍ហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំ​លាព្រះមានព្រះភាគ ធ្វើប្រទក្សិណ​រួច​ហើយ នាំគ្នាចូលទៅកាន់សន្ថាគារសាលាថ្មី លុះចូលទៅដល់ហើយ បាននាំគ្នាចាត់​ចែង​​សន្ថាគារសាលា ឲ្យមាន​កម្រាល​គ្រប់អន្លើ ហើយក្រាលអាសនៈទាំងឡាយ រួច​តំកល់​ក្អមទឹកទុក អុជប្រទីបប្រេងរួចហើយ នាំគ្នាចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅ​ដល់​ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយឋិត​នៅក្នុងទីសមគួរ។ លុះពួកសក្យៈ អ្នក​ក្រុង​កបិលវត្ថុ ឋិតនៅក្នុងទីសមគួរហើយ ទើប​ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះ​ថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ បានចាត់ចែង​នូវសន្ថាគារសាលា ឲ្យមានកម្រាល​គ្រប់អន្លើ បានក្រាលអាសនៈ​ទាំងឡាយ បានតំកល់ក្អមទឹកទុក និងអុជប្រទីបប្រេងទុករួច​ស្រេចហើយ បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់សំគាល់នូវ​កាលនៃពុទ្ធ​ដំណើរ ក្នុងកាលឥឡូវនេះចុះ។

[២៥] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ ចីវរ ព្រមទាំងភិក្ខុសង្ឃ ទ្រង់និមន្តចូលទៅកាន់​សន្ថាគារសាលា លុះចូលទៅដល់ហើយ ទ្រង់ឲ្យលាងព្រះបាទា​រួចហើយ យាងចូល​ទៅកាន់សន្ថាគារសាលា គង់ផ្អែក​នឹងសសរកណ្តាល បែរព្រះភក្ត្រ​ទៅទិសខាងកើត។ ឯភិក្ខុសង្ឃក៏ឲ្យលាងជើងរួចហើយ ចូល​ទៅកាន់សន្ថាគារសាលា អង្គុយផ្អែក​នឹងជញ្ជាំងខាងលិច បែរមុខ​ទៅទិសខាងកើត មានព្រះមានព្រះភាគ គង់នៅ​ខាងមុខ។ ឯពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ក៏លាងជើងរួចហើយ ចូល​ទៅកាន់សន្ថាគារ​សាលា អង្គុយផ្អែក​នឹងជញ្ជាំងខាងកើត បែរមុខ​ទៅទិសខាងលិច មានព្រះមានព្រះភាគ គង់នៅខាងមុខ។ លំដាប់នោះ ព្រះមានព្រះភាគ ពន្យល់ណែនាំ​​ពួកសក្យៈ អ្នកក្រុង​កបិលវត្ថុ ឲ្យយល់ប្រយោជន៍ (ក្នុងបច្ចុប្បន្ន និងបរលោក) ឲ្យជឿជាក់ (ក្នុង​កុសលធម៌) ឲ្យខ្មីឃ្មាតសង្វាត​ ឲ្យរីករាយ ដោយធម្មីកថា ច្រើនរាត្រី (ពេញ​មួយយប់) ហើយ​ត្រាស់​ទៅ​នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ចូរអ្នក​សំដែង​សេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុចុះ ដ្បិតតថាគត​រោយខ្នងណាស់ តថាគត នឹង​សម្រាក​ខ្នងបន្តិច។ ព្រះអានន្ទមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រាលសង្ឃាដិ​ឲ្យជា៤ជាន់ ហើយសម្រេច​នូវ​សីហសេយ្យា ផ្អៀងខាងស្តាំ គងព្រះបាទដោយព្រះបាទ មានសតិ និងសម្បជញ្ញៈ កំណត់ទុកក្នុងហឫទ័យ នូវឧដ្ឋានសញ្ញា គឺសេចក្តីសំគាល់ ​នូវការ​ក្រោកឡើងវិញ។

[២៦] គ្រានោះ ព្រះអានន្ទមានអាយុ សំដែងចំពោះ​មហានាមសក្យៈថា បពិត្រ​មហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកបរិបូណ៌ដោយសីល ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ជាអ្នកស្គាល់​ប្រមាណក្នុងភោជន ជាអ្នកប្រកបនូវ​ការភ្ញាក់រលឹក ជាអ្នកប្រកបដោយ​សប្បុរិសធម៌ទាំង៧ប្រការ ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែល​អាស្រ័យ​នូវចិត្តដ៏ថ្លៃថ្លា ជាហេតុនៃកិរិយានៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយ​មិនលំបាក បានដោយងាយ។

[២៧] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកមានសីល សង្រួមល្អក្នុងបាតិមោក្ខ បរិបូណ៌​ដោយអាចារៈ និងគោចរៈ ឃើញភ័យក្នុងទោសសូម្បីបន្តិចបន្តួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ​ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នក​បរិបូណ៌​ដោយសីល យ៉ាងនេះឯង។

[២៨] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ឃើញរូបារម្មណ៍ ដោយចក្ខុ ​មិនកួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បីជាប់តាមបុគ្គល ដែលមិនសង្រួមនូវចក្ខុន្ទ្រិយ ព្រោះហេតុមិនសង្រួម​ចក្ខុន្ទ្រិយ​ណា លោកប្រតិបត្តិ ដើម្បីសង្រួម​ចក្ខុន្ទ្រិយនោះ រក្សាចក្ខុន្ទ្រិយ ដល់នូវ​សេចក្តី​សង្រួមក្នុងចក្ខុន្ទ្រិយ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ… ទទួលរសដោយ​អណ្តាត… ពាល់ត្រូវនូវផោដ្ឋព្វៈដោយកាយ … ដឹងធម្មារម្មណ៍ដោយចិត្ត ហើយជាអ្នក​មិន​កួចកាន់និមិត្ត មិនកួចកាន់អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ជាអកុសលធម៌ ដ៏លាមក គប្បី​ជាប់​តាម​បុគ្គល ដែលមិនសង្រួមមនិន្ទ្រិយ ព្រោះហេតុមិនសង្រួម​មនិន្ទ្រិយណា លោក​ប្រតិបត្តិ ដើម្បីសង្រួមមនិន្ទ្រិយនោះ រក្សាមនិន្ទ្រិយ ដល់នូវ​សេចក្តី​សង្រួម​ក្នុង​មនិន្ទ្រិយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ យ៉ាងនេះឯង។

[២៩] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកស្គាល់ប្រមាណក្នុងភោជន តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ពិចារណាដោយឧបាយ​ ទើបបរិភោគអាហារ ​ដោយគិតថា អាត្មាអញ បរិភោគអាហារ ដើម្បីលេងដូចក្មេង​អ្នកស្រុកក៏ទេ ដើម្បីស្រវឹងក៏ទេ ដើម្បីប្រដាប់តាក់តែងរាងកាយក៏ទេ ដើម្បី​ធ្វើឲ្យ​ផូរផង់​ពណ៌សម្បុរក៏ទេ (បរិភោគ) ដើម្បីនឹង​ឲ្យតាំងនៅនៃកាយនេះ ដើម្បីញុំាង​ជីវិតិន្ទ្រិយ​ឲ្យ​ប្រព្រឹត្តទៅ ដើម្បីនឹងបំបាត់បង់​សេចក្តីលំបាក ដើម្បីនឹង​អនុគ្រោះដល់ព្រហ្មចរិយធម៌ អាត្មាអញ នឹងកំចាត់បង់វេទនាចាស់ គឺសេចក្តីឃ្លាន ដែលមានហើយផង នឹងញុំាង​វេទនាថ្មី គឺឆ្អែតហួសប្រមាណ មិនឲ្យ​កើតឡើងបានផង កិរិយាប្រព្រឹត្តទៅនៃឥរិយាបថ​ទាំង៤ក្តី សេចក្តីមិនមានទោស មានមិនច្រអូសចិត្តជាដើមក្តី កិរិយានៅសប្បាយ​ក្នុង​ឥរិយាបថទាំង៤ក្តី នឹងមានដល់អាត្មាអញ ដោយបានបរិភោគអាហារនេះ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជន យ៉ាងនេះឯង។

[៣០] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកប្រកបនូវ​សេចក្តី​ភ្ញាក់រឭក តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័ក ក្នុងសាសនានេះ បើក្នុងវេលាថ្ងៃ (លោក) រមែងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ បើវេលារាត្រី​បឋមយាម (លោក) រមែងជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ លុះដល់វេលារាត្រី​មជ្ឈិមយាម លោករមែងសម្រេចសីហសេយ្យាសន៍ ផ្អៀង​ខាងស្តាំ យកជើងគងលើជើង មានសតិ និងសម្បជញ្ញៈ ធ្វើមនសិការៈ នូវ​ឧដ្ឋានសញ្ញា លុះដល់វេលារាត្រីបច្ឆិមយាម (លោក) រមែង​ក្រោកឡើង ហើយជម្រះចិត្ត ចាកនីវរណធម៌ទាំងឡាយ ដោយការចង្ក្រម និងអង្គុយ បពិត្រមហានាម អរិយសាវ័ក ដែលជាអ្នកប្រកបនូវ​ការភ្ញាក់រឭក យ៉ាងនេះឯង។

[៣១] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នកប្រកបដោយ​សប្បុរិសធម៌​ទាំង​៧​ប្រការ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនានេះ ជាអ្នកមានសទ្ធា រមែង​ជឿចំពោះពោធិញ្ញាណ របស់​ព្រះតថាគតថា ព្រះមានព្រះភាគអង្គនោះ​ ជាអរហន្ត​សម្មាសម្ពុទ្ធ បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់នូវ​លោក ព្រះអង្គ​ប្រសើរបំផុត ដោយសីលាទិគុណ ព្រះអង្គជាសារថីទូន្មាន​បុរស ព្រះអង្គជាសាស្តា របស់​ពួកទេវតា និងមនុស្ស ព្រះអង្គត្រាស់ដឹង​សច្ចធម៌ ព្រះអង្គបំបាត់បង់ត្រៃភព ដូច្នេះ១ ជាអ្នកមានសេចក្តីខ្មាស រមែងអៀនខ្មាសចំពោះ​កាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែង​អៀនខ្មាសចំពោះ​ការជួប​ប្រសប់អកុសលធម៌ដ៏លាមក១ ជាអ្នកមានសេចក្តីតក់​ស្លុត រមែងតក់ស្លុតចំពោះ​កាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិត រមែងតក់ស្លុតចំពោះ​ការជួប​ប្រសប់អកុសលធម៌ដ៏លាមក១ ជាពហុស្សូត ទ្រទ្រង់នូវចំណេះ សន្សំទុកនូវចំណេះ ធម៌ទាំងឡាយណា មានពីរោះបទដើម ពីរោះបទកណ្តាល ពីរោះបទ​ចុង ប្រកបដោយអត្ថ និងព្យញ្ជនៈ រមែងប្រកាសព្រហ្មចរិយធម៌ ដ៏បរិសុទ្ធ បរិបូណ៌ទាំងអស់ ធម៌ទាំងឡាយ មានសភាព​ដូច្នោះ លោកបានស្តាប់មកច្រើន បាន​ទ្រទ្រង់​ទុក បានចាំស្ទាត់រត់មាត់ បានចូលចិត្តច្បាស់លាស់ បានយល់ច្បាស់​ដោយទិដ្ឋិ គឺបញ្ញា១ ជាអ្នកផ្តួចផ្តើមសេចក្តីព្យាយាម ដើម្បីលះ​អកុសលធម៌ ដើម្បី​បំពេញ​កុសលធម៌ ជាអ្នកមានកម្លាំងព្យាយាម ខ្មីឃ្មាតមុតមាំ មិនដាក់ធុរៈចោល ចំពោះ​កុសលធម៌​ទាំង​ឡាយ១ ជាអ្នកមានសតិ ប្រកបព្រមដោយ​សតិ និងបញ្ញាដ៏ឧត្តម ជាអ្នកនឹករលឹក ចាំបាន នូវអំពើដែលខ្លួនធ្វើ​យូរហើយ និងសំដីដែលខ្លួន​និយាយ​យូរ​ហើយ១ ជាអ្នកមានប្រាជ្ញា រមែង​ប្រកបដោយប្រាជ្ញា ជាគ្រឿង​ដឹងច្បាស់ នូវការ​កើត​ឡើង និងសូន្យទៅ (នៃខន្ធ៥) និងបញ្ញាសម្រាប់​ទំលាយ​បង់ នូវ​គំនរលោភៈ ទោសៈ មោហៈ ដ៏ប្រសើរ ទាំងជាគ្រឿង​ដឹង នូវការអស់ទៅ នៃកង​ទុក្ខ ដោយប្រពៃ១ បពិត្រ​មហានាម អរិយសាវ័ក ដែល​ជាអ្នក​ប្រកប​ដោយសប្បុរិសធម៌ ទាំង៧ប្រការ យ៉ាងនេះ​ឯង។

[៣២] បពិត្រមហានាម ចុះអរិយសាវ័ក ជាអ្នក​បានដូចប្រាថ្នា នូវឈាន​ទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយ​មិន​លំបាក បានដោយងាយ តើដូចម្តេច។ បពិត្រមហានាម អរិយសាវ័កក្នុងសាសនា​នេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ ចូលកាន់​បឋមជ្ឈាន ដែល​ប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើត​អំពីវិវេក ព្រោះ​រម្ងាប់​វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ប្រព្រឹត្តទៅក្នុងសន្តាន មានភាវៈ​នៃ​ចិត្ត​ដ៏​ប្រសើរ គ្មានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ ដែលកើត​អំពីសមាធិ ព្រោះ​លះបង់​បីតិ​ចេញ ជាបុគ្គលព្រងើយផង មានសតិ និងសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយ​នាម​កាយផង ចូលកាន់តតិយជ្ឈាន ដែល​ព្រះអរិយៈទាំងឡាយសរសើរថា បុគ្គល​ដែល​បាន​តតិយជ្ឈាន ហើយតែង​មានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតី នៅជាសុខ ព្រោះលះបង់សេចក្តី​សុខផង លះបង់​សេចក្តីទុក្ខផង ព្រោះរលត់​សោមនស្ស និង​ទោមនស្ស​អំពីមុនផង លោកក៏បានចូល​កាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែល​កើតអំពីឧបេក្ខាដ៏បរិសុទ្ធ។ បពិត្រមហានាម អរិយសាវ័ក ជាអ្នក​បានដូចប្រាថ្នា នូវ​ឈាន​ទាំង​៤ ដែលអាស្រ័យ​ចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅ​ជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបាន​ដោយមិនលំបាក បានដោយងាយ យ៉ាងនេះឯង។

[៣៣] បពិត្រមហានាម កាលណាអរិយសាវ័កជាអ្នកបរិបូណ៌​ដោយសីលយ៉ាង​នេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយយ៉ាងនេះ ជាអ្នកស្គាល់ប្រមាណក្នុង​ភោជនយ៉ាងនេះ ជាអ្នក​ប្រកបដោយការភ្ញាក់រឭកយ៉ាងនេះ ជាអ្នក​ប្រកបដោយ​សប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបានដូចប្រាថ្នា នូវឈាន​ទាំង៤ ដែលអាស្រ័យ​ចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ​ក្នុងបច្ចុប្បន្ន ជាអ្នក​បានដោយមិនលំបាក បានដោយ​ងាយយ៉ាងនេះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមគ្រូសំដែងថា អ្នក​មាន​​សេចក្តីប្រតិបត្តិជាសេក្ខៈ ប្រកបដោយសេចក្តីប្រតិបត្តិ ដូចជាពងមាន់មិនស្អុយ ជា​បុគ្គល​​គួរដើម្បី​បែកធ្លាយ​នូវញាណ គួរត្រាស់ដឹង គួរបាននូវព្រះនិព្វាន ជាដែនក្សេម​ចាកយោគៈដ៏ប្រសើរ។ បពិត្រមហានាម ប្រៀបដូចពងមាន់៨ក្តី ១០ក្តី ១២ក្តី ពងមាន់​ទាំងនោះ មេមាន់បានក្រាបល្អហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ អប់រំកំដៅ​ដោយល្អ​ហើយ ចំណែកខាងមេមាន់នោះ មិនមានបំណង ​យ៉ាងនេះថា ធ្វើម្តេចហ្ន៎ កូនមាន់ទាំង​នេះ គប្បីទំលាយសម្បកពង ដោយចុងក្រចក ឬដោយចុងចំពុះ ហើយញាស់ចេញមក ដោយសួស្តី ដូច្នេះទេ មានឧបមា​យ៉ាងណាមិញ បពិត្រមហានាម កាលណាបើ​អរិយសាវ័ក ជាអ្នកបរិបូណ៌ ​ដោយសីលយ៉ាង​នេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយ​ទាំងឡាយ យ៉ាងនេះ ជាអ្នកស្គាល់ប្រមាណ ក្នុង​ភោជនយ៉ាងនេះ ជាអ្នក​ប្រកប​ការ​ភ្ញាក់​រឭក​យ៉ាងនេះ ជាអ្នក​ប្រកបដោយ​សប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបាន​ដូច​សេចក្តីប៉ុនប៉ង នូវឈាន​ទាំង៤ ដែលអាស្រ័យ​ចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ​ក្នុង​បច្ចុប្បន្ន ជាអ្នក​បានដោយមិនលំបាក បានដោយ​ងាយយ៉ាងនេះ បពិត្រមហានាម អរិយ​សាវ័ក​នេះ ព្រះបរមសាស្តាចារ្យ សំដែងថា អ្នកមាន​សេចក្តីប្រតិបត្តិជាសេក្ខៈ ប្រកប​ដោយ​សេចក្តី​ប្រតិបត្តិ ដូចជាពងមាន់មិនស្អុយ ជាបុគ្គល​គួរដើម្បី​បែកធ្លាយ​ នូវញាណ គួរ​ត្រាស់​ដឹង គួរបាននូវព្រះនិព្វាន ជាដែនក្សេម​ ចាកយោគៈដ៏ប្រសើរ ក៏មានឧបមេយ្យ​យ៉ាងនោះដែរ។ បពិត្រមហានាម អរិយសាវ័កនោះឯង អាស្រ័យសតិ ដ៏បរិសុទ្ធ ដោយ​ឧបេក្ខាដ៏ប្រសើរនេះឯង ទើបរលឹកបាននូវ​ជាតិ ដែលខ្លួន​ធ្លាប់អាស្រ័យ​នៅ ក្នុង​កាលមុន បានច្រើនជាតិ គឺរលឹក​បាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកបាននូវជាតិ ​ដែលខ្លួន​ធ្លាប់​អាស្រ័យនៅ អំពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះឯង នេះ​ឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី១ គឺបុព្វេនិវាសញ្ញាណ របស់អរិយសាវ័កនោះ ដូច​ពងមាន់ ដែលញាស់ចេញ​ចាកសម្បកពង។ បពិត្រ​មហានាម អរិយសាវ័កនេះឯង អាស្រ័យ​សតិដ៏បរិសុទ្ធ ដោយឧបេក្ខាដ៏ប្រសើរនេះឯង ទើបលោក​មានចក្ខុដូចជាទិព្វ ដ៏​បរិសុទ្ធ កន្លងបង់នូវចក្ខុរបស់មនុស្សធម្មតា។បេ។ ដឹងច្បាស់​នូវសត្វទាំងឡាយ ដែល​អន្ទោល​ទៅតាមកម្ម នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី២ គឺទិព្វចក្ខុញ្ញាណ របស់​អរិយសាវ័កនោះ ដូចកូនមាន់ ដែលញាស់ចេញ​ចាកសម្បកពង។ បពិត្រ​មហានាម អរិយសាវ័កនេះឯង អាស្រ័យ​សតិដ៏បរិសុទ្ធ ដោយឧបេក្ខា ដ៏ប្រសើរនេះឯង ទើបធ្វើ​ឲ្យ​ជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃ​អាសវធម៌​ទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ននេះ សម្រេចសម្រាន្ត​នៅ ដោយ​ឥរិយាបថ នេះឈ្មោះថា ការបែកធ្លាយនៃប្រាជ្ញាទី៣ គឺអាសវក្ខយញ្ញាណ របស់អរិយ​សាវ័ក​នោះ ដូចកូនមាន់ដែលញាស់​ចេញចាកសម្បកពង។

[៣៤] បពិត្រមហានាម ត្រង់​អរិយសាវ័កលោកបានបរិបូណ៌ដោយសីល នេះ​ឯង​ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានគ្រប់គ្រងទ្វារ ក្នុង​ឥន្ទ្រិយទាំងឡាយនេះឯង ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ស្គាល់​ប្រមាណក្នុងភោជន នេះឯង​ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក ប្រកបការភ្ញាក់រឭកនេះឯង ជាចរណៈ របស់​អរិយ​សាវ័ក​នោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានប្រកបដោយសប្បុរិសធម៌ទាំង​៧ប្រការ នេះឯងជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានដូចសេចក្តី​ប៉ុនប៉ង នូវឈានទាំង៤ប្រការ ដែលអាស្រ័យ​ចិត្តដ៏​ថ្លៃថ្លា ជាហេតុ​នៃការ​នៅ​ជាសុខ ក្នុងបច្ចុប្បន្ន បានដោយ​មិនលំបាក បានដោយ​ងាយ នេះឯង​ជាចរណៈ របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់អរិយសាវ័ក បានរឭក​ឃើញជាតិ ដែលខ្លួន​ធ្លាប់អាស្រ័យ​នៅអំពីមុន បានច្រើនជាតិ គឺរលឹកបាន​១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកជាតិ ដែលខ្លួនធ្លាប់អាស្រ័យនៅ ក្នុងកាលអំពីមុន បានច្រើនជាតិ ព្រមទាំង​អាការ ព្រមទាំង​ឧទ្ទេសយ៉ាងនេះ នេះឯងជាវិជ្ជា របស់អរិយសាវ័កនោះ បពិត្រមហានាម ត្រង់​អរិយសាវ័ក មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងនូវ​ចក្ខុ របស់មនុស្សធម្មតា។បេ។ លោក​ដឹង​ច្បាស់ នូវសត្វទាំងឡាយ ដែលអន្ទោល​ទៅតាមកម្ម នេះឯងជាវិជ្ជា របស់អរិយសាវ័ក​នោះ បពិត្រមហានាម ត្រង់អរិយសាវ័កធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅ នៃ​អាសវធម៌ទាំងឡាយ ដោយប្រាជ្ញានៃខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្ត ដោយឥរិយាបថ នេះឯង ជាវិជ្ជា​របស់​អរិយ​សាវ័កនោះ បពិត្រ​មហានាម អរិយសាវ័កនេះ ព្រះបរមគ្រូ ទ្រង់សំដែងថា ជាអ្នកបរិបូណ៌​ដោយវិជ្ជា​ដូច្នេះក៏បាន បរិបូណ៌ដោយចរណៈ ដូច្នេះក៏បាន បរិបូណ៌ដោយវិជ្ជា និង​ចរណៈ ដូច្នេះក៏បាន។ បពិត្រ​មហានាម ទាំងព្រហ្មឈ្មោះ សនង្កុមារ ក៏បានពោល​គាថានេះថា

ក្សត្រប្រសើរបំផុត ក្នុងពួកជនដែលប្រកាន់គោត្រ អ្នកណាបរិបូណ៌​ដោយវិជ្ជា និងចរណៈ អ្នកនោះឈ្មោះថា ប្រសើរបំផុត ក្នុងពួកទេវតា និងមនុស្ស។

[៣៥] បពិត្រមហានាម គាថានេះឯង ព្រហ្មឈ្មោះសនង្កុមារ ច្រៀងពីរោះហើយ មិនមែនច្រៀងមិនពីរោះទេ ពោលពីរោះហើយ មិនមែនពោលមិនពីរោះទេ ជាគាថា​ប្រកប​ដោយ​ប្រយោជន៍ មិនមែនឥតប្រយោជន៍ទេ ទាំងព្រះមានព្រះភាគ ក៏ទ្រង់​យល់​ព្រមហើយ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ក្រោកឡើង ហើយត្រាស់នឹង​ព្រះអានន្ទមានអាយុថា ម្នាលអានន្ទ ពីរោះណាស់ៗ ម្នាលអានន្ទ អ្នកសំដែង​សេក្ខប្បដិបទា ដល់ពួកសក្យៈ អ្នកក្រុងកបិលវត្ថុ ពេញហៅពីរោះ។ លុះព្រះអានន្ទមានអាយុ បានសំដែងសេចក្តីនេះចប់ហើយ ព្រះបរមគ្រូ ក៏មានហឫទ័យ​ត្រេកអរ ពួកសក្យៈអ្នកក្រុងកបិលវត្ថុ ក៏មានចិត្តរីករាយ ត្រេកអរហើយ ចំពោះភាសិតនៃ​ព្រះអានន្ទមានអាយុ។

ចប់ សេក្ខប្បដិបទាសូត្រ ទី៣។

បោតលិយសូត្រ ទី៤

(៤. បោតលិយសុត្តំ)

[៣៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​អាបណនិគម របស់ពួកអង្គុត្តរាបជន ក្នុងអង្គុត្តរាបជនបទ។5) ក្នុងកាលនោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់ដោយបាត្រ និងចីវរ ហើយទ្រង់ចូលទៅកាន់​អាបណនិគម ដើម្បីបិណ្ឌបាត ក្នុងវេលាបុព្វណ្ហសម័យ។ លុះទ្រង់ពុទ្ធដំណើរ​ទៅ ដើម្បី​បិណ្ឌបាត ក្នុងអាបណនិគម ហើយត្រឡប់អំពីបិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ទ្រង់យាង​សំដៅទៅរកដងព្រៃមួយ លុះយាងទៅដល់ហើយ ក៏ទ្រង់ចូលទៅកាន់ដង​ព្រៃនោះ ដើម្បីសម្រាកព្រះអង្គ ក្នុងវេលាថ្ងៃ ទ្រង់គង់សម្រាកព្រះអង្គក្នុងវេលាថ្ងៃ ក្រោមម្លប់​ឈើមួយ។ ទើបបោតលិយគហបតី ស្លៀកដណ្តប់សំពត់​សមគួរ ប្រដាប់ឆត្រ និងស្បែកជើង ដើរត្រាច់ទៅរឿយៗ ដើម្បីសម្រួលស្មង ហើយដើរសំដៅ​ទៅដងព្រៃនោះ លុះដើរទៅដល់ហើយ ក៏ចូលទៅកាន់ដងព្រៃនោះ ហើយចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។

[៣៧] លុះបោតលិយគហបតិ នៅក្នុងទីសមគួរហើយ ទើបព្រះមានព្រះភាគ ទ្រង់​មានព្រះពុទ្ធដីកាដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយគហបតិ ក៏នៅស្ងៀម ដោយខឹងអន់ចិត្តថា ព្រះសមណគោតមហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​បោតលិយគហបតិ ជាគំរប់ពីរ​ដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ បោតលិយគហបតិ ក៏នៅស្ងៀម ជាគំរប់ពីរដង ដោយខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី។ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹង​បោតលិយ​គហបតិ ជាគំរប់បី​ដងទៀត ដូច្នេះថា ម្នាលគហបតី អាសនៈមានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ បោតលិយ​គហបតិ ក៏ខឹងអន់ចិត្តថា ព្រះសមណគោតម ហ៊ានហៅអញ ដោយពាក្យថា គហបតី ហើយក៏ពោល​ពាក្យដូច្នេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ព្រះអង្គហៅខ្ញុំដោយពាក្យថា គហបតីណា ពាក្យនុ៎ះមិនសមគួរឡើយ ពាក្យនុ៎ះមិន​សុភាព​ឡើយ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលគហបតី អាការ ភេទ និង​និមិត្ត របស់អ្នក នៅប្រាកដជារបស់គហបតីនៅឡើយទេតើ។ បោតលិយ​គហបតីតបថា បពិត្រព្រះគោតមដ៏ចំរើន ដូច្នោះមែនហើយ តែថា ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ខ្ញុំព្រះអង្គកាត់ចោលហើយ។ ព្រះមានព្រះភាគ ទ្រង់​សួរថា ម្នាលគហបតី ការងារគ្រប់ចំពូក ដែលអ្នកឈប់ លែងធ្វើហើយ ជំនួញទាំងអស់ ដែលអ្នកកាត់ចោលហើយ តើដូចម្តេច។ បពិត្រព្រះគោតមដ៏ចំរើន មត៌កណា គឺទ្រព្យ​សម្បត្តិ ស្រូវ អង្ករ ឬប្រាក់មាស ដែលមានក្នុងលោកនេះ មត៌កតាំងអស់​នោះ ខ្ញុំព្រះអង្គ​ប្រគល់​ឲ្យកូន​អស់ហើយ ខ្ញុំព្រះអង្គ លែងទូន្មានដាស់តឿន លែងឃាត់ខាំង ក្នុងការងារ​ទាំងនោះហើយ នៅមានតែ​គ្រឿងស៊ី និងគ្រឿងស្លៀកដណ្តប់ប៉ុណ្ណោះ បពិត្រ​ព្រះគោតម​ដ៏ចំរើន ការងារគ្រប់ចំពូក ខ្ញុំព្រះអង្គឈប់ លែងធ្វើហើយ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំ​ព្រះអង្គ​កាត់ចោលហើយ យ៉ាងនេះឯង។ ម្នាលគហបតី អ្នលពោល​ផ្តាច់បង់​ជំនួញ ដោយ​ចំណែកផ្សេង ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ ដោយចំណែកផ្សេង។ បពិត្រ​ព្រះអង្គដ៏ចំរើន ចុះការផ្តាច់បង់​ជំនួញ ក្នុងវិន័យ របស់ព្រះអរិយៈ តើដូចម្តេច បពិត្រ​ព្រះអង្គ​ដ៏ចំរើន ការផ្តាច់បង់ជំនួញក្នុងវិន័យ របស់ព្រះអរិយៈ យ៉ាងណា សូមព្រះមាន​ព្រះភាគ ទ្រង់សំដែងធម៌ ដល់ខ្ញុំព្រះអង្គ យ៉ាង​នោះឲ្យទាន។ ម្នាលគហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុក​ក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[៣៨] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី ធម៌៨ប្រការនេះឯង រមែង​ប្រព្រឹត្តទៅ ដើម្បីផ្តាច់បង់ជំនួញ ក្នុងវិន័យរបស់ព្រះអរិយៈ ធម៌៨ប្រការ តើដូចម្តេច បុគ្គល ព្រោះ​អាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់​ការសម្លាប់សត្វចេញបាន ព្រោះអាស្រ័យ​ការកាន់យក​តែទ្រព្យ​ដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ​ដែលគេ​មិនឲ្យ ចេញបាន ព្រោះអាស្រ័យសច្ចវាចា ទើបលះបង់មុសាវាទចេញបាន ព្រោះ​អាស្រ័យ​​ពាក្យមិនញុះញង់ ទើបលះបង់ពាក្យញុះញង់ចេញបាន ព្រោះអាស្រ័យ​សេចក្តី​មិនលោភលន់ ទើបលះបង់សេចក្តីលោភលន់ចេញបាន ព្រោះអាស្រ័យ​សេចក្តីមិន​គ្នាន់​ក្នាញ់ គឺមិន​និន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញបាន ព្រោះអាស្រ័យ​សេចក្តី​មិនចង្អៀតចង្អល់ចិត្ត គឺមិនក្រោធ ទើបលះបង់សេចក្តីចង្អៀតចង្អល់ចិត្ត គឺសេចក្តី​ក្រោធ​ចេញបាន ព្រោះអាស្រ័យ​សេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តីមើលងាយគេ ចេញបាន ម្នាលគហបតី ធម៌​ទាំង​៨ប្រការនេះឯង តថាគតពោលហើយដោយបំប្រួញ មិនទាន់ចែកដោយពិស្តារ រមែង​ប្រព្រឹត្តទៅ ដើម្បី​ផ្តាច់បង់ជំនួញក្នុងវិន័យ របស់​ព្រះអរិយៈ។ បពិត្រព្រះអង្គដ៏ចំរើន ក៏ធម៌​ទាំង៨ប្រការណា ដែល​ព្រះមានព្រះភាគ​សំដែងហើយ ដោយបំប្រួញ មិនទាន់ចែក​ដោយ​ពិស្តារ រមែងប្រព្រឹត្តទៅដើម្បី​ផ្តាច់បង់​ជំនួញ ក្នុងវិន័យរបស់ព្រះអរិយៈ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អាស្រ័យ​សេចក្តីអនុគ្រោះ ចែកនូវធម៌​៨ប្រការនេះ ដោយពិស្តារ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាល​គហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត​នឹង​សំដែង​ឲ្យស្តាប់។ បោតលិយគហបតី ទទួល​ព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណា​ ព្រះអង្គ។

[៣៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យ​ការមិនសម្លាប់សត្វ ទើបលះបង់ការសម្លាប់សត្វចេញបាន ដូច្នេះនេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី ព្រះអរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណា ដូច្នេះថា អាត្មាអញ ជាអ្នក​សម្លាប់សត្វ ព្រោះហេតុ​សំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បី​លះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នកសម្លាប់សត្វហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះហេតុសម្លាប់​សត្វ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែ​សម្លាប់​សត្វ លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីមរណៈទៅ ទុគ្គតិ នឹងមានប្រាកដ ព្រោះហេតុ​សម្លាប់សត្វ ធម្មជាតនេះឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការសម្លាប់​សត្វហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុតែការសម្លាប់សត្វ អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលវៀរចាកការសម្លាប់សត្វយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា ព្រោះ​អាស្រ័យការមិនសម្លាប់សត្វ ទើបលះបង់​ការសម្លាប់​សត្វចេញ ដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។

[៤០] ត្រង់ពាក្យថា បុគ្គលព្រោះអាស្រ័យ​ការកាន់យកតែទ្រព្យដែលគេឲ្យ ទើបលះបង់ការកាន់យកទ្រព្យ ដែលគេមិនឲ្យ ដូច្នេះនេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ កាន់យក​ទ្រព្យ​ ដែលគេមិនបានឲ្យ ព្រោះហេតុ​សំយោជនៈណា អាត្មាអញ បានប្រតិបត្តិដើម្បី​លះបង់ ដើម្បីផ្តាច់បង់សំយោជនៈចេញហើយ មួយវិញទៀត បើអាត្មាអញ ជាអ្នក​កាន់យកទ្រព្យ ដែល​គេមិនបានឲ្យហើយ សូម្បីខ្លួនឯង គប្បីតិះដៀលខ្លួនឯងបាន ព្រោះ​ហេតុ​កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុតែ​កាន់យកទ្រព្យ ដែល​គេមិនបានឲ្យ លុះទម្លាយ​រាង​កាយ ខាងមុខបន្ទាប់​អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុ​តែកាន់​យកទ្រព្យ ដែលគេមិនបានឲ្យ ធម្មជាតនេះ ឈ្មោះថា សំយោជនៈ ធម្មជាតនេះឈ្មោះថា នីវរណៈ គឺការកាន់យកទ្រព្យ ដែលគេមិនបានឲ្យហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុកាន់យក​ទ្រព្យ ដែលគេមិនបានឲ្យ អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលវៀរចាកការកាន់យកទ្រព្យ ដែលគេមិនបានឲ្យយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលគួរ​អាស្រ័យការកាន់យកតែទ្រព្យ ដែលគេឲ្យ ទើបលះបង់​ការកាន់យកទ្រព្យ ដែលគេមិនបានឲ្យចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។

[៤១] ត្រង់ពាក្យថា បុគ្គលគួរអាស្រ័យ​ពាក្យពិត ទើបលះបង់ការ​កុហកចេញ ដូច្នេះ​នេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះឯង ដែល​តថាគត​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែង​ពិចារណា​ដូច្នេះថា អាត្មាអញ ពោលពាក្យកុហក ព្រោះហេតុ​សំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិដើម្បី​លះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយ​វិញទៀត បើអាត្មាអញ ជាអ្នកពោលពាក្យកុហកហើយ សូម្បីខ្លួនឯង ក៏គប្បី​តិះ​ដៀល​ខ្លួនឯងបាន ព្រោះហេតុពោលពាក្យកុហក ទាំងអ្នកប្រាជ្ញ ដែលបាន​ពិចារណា​រឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពោលពាក្យកុហក លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីមរណៈទៅ ទុគ្គតិនឹងមានប្រាកដ ព្រោះហេតុ​ពោលពាក្យកុហក ធម្មជាតនុ៎ះហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺពាក្យកុហកហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុពោលពាក្យកុហក អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលវៀរចាក​ពាក្យកុហកយ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា បុគ្គលព្រោះ​អាស្រ័យពាក្យពិត ទើបលះបង់​ការពោល​ពាក្យកុហកចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។

[៤២] ត្រង់ពាក្យថា ព្រោះអាស្រ័យ​ពាក្យមិនញុះញង់ ទើបលះបង់​ពាក្យ​ញុះញង់ចេញដូច្នេះនេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុងសាសនានេះ តែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានពាក្យ​ញុះញង់ ព្រោះហេតុ​សំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បី​លះបង់ ដើម្បីផ្តាច់បង់សំយោជនៈទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ និយាយពាក្យញុះញង់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះ​ហេតុ​ពាក្យញុះញង់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុពាក្យញុះញង់ លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីមរណៈទៅ ទុគ្គតិ​នឹង​មាន​ប្រាកដ ព្រោះហេតុ​ពាក្យញុះញង់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺពាក្យញុះញង់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈទាំងឡាយណា មាន​សភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុពាក្យញុះញង់ អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលវៀរចាកពាក្យញុះញង់យ៉ាងនេះ ពាក្យណាដែលតថាគត ពោលហើយថា ព្រោះ​អាស្រ័យពាក្យ​មិនញុះញង់ ទើបលះបង់​ពាក្យញុះញង់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនោះឯង។

[៤៣] ត្រង់ពាក្យថា ព្រោះអាស្រ័យ​សេចក្តីមិនលោភលន់ ទើបលះបង់សេចក្តី​លោភលន់ចេញដូច្នេះនេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុង​សាសនា​នេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីលោភលន់ ព្រោះ​​សំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បី​លះបង់ ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នក​មានសេចក្តី​លោភលន់ហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះ​ហេតុសេចក្តី​លោភលន់ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីលោភលន់ លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទុគ្គតិ​នឹង​មាន​ប្រាកដ ព្រោះហេតុ​សេចក្តីលោភលន់ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីលោភលន់ហ្នឹងឯង មួយយ៉ាងទៀត អាសវៈ​ទាំងឡាយណា ដែលមាន​សភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីលោភលន់ អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់​ក្រហាយ​ទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលមិនមានសេចក្តីលោភលន់បានយ៉ាងនេះ ពាក្យ​ណា ដែលតថាគត ពោលហើយថា ព្រោះ​អាស្រ័យសេចក្តីមិនលោភលន់ ទើបលះសេចក្តី​លោភលន់ ចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។

[៤៤] ត្រង់ពាក្យថា ព្រោះអាស្រ័យ​សេចក្តីមិនគ្នាន់ក្នាញ់ គឺមិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះនេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុង​សាសនា​នេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ព្រោះ​​ហេតុសំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បី​លះបង់ ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះចេញហើយ មួយ​យ៉ាង​ទៀត បើអាត្មាអញ ជាអ្នក​មានសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហើយ សូម្បីខ្លួនឯង ក៏គប្បី​តិះដៀល​ខ្លួនឯងបាន ព្រោះ​ហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ទាំងអ្នកប្រាជ្ញ ដែលបាន​ពិចារណា​រឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះហេតុសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទុគ្គតិ​នឹង​មាន​ប្រាកដ ព្រោះ​ហេតុ​​សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទា ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាហ្នឹងឯង មួយយ៉ាងទៀត អាសវៈ​ទាំងឡាយណា ដែលមាន​សភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុ​សេចក្តី​គ្នាន់ក្នាញ់ គឺនិន្ទា អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់​ក្រហាយ​ទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីគ្នាន់ក្នាញ់ គឺ​មិននិន្ទាយ៉ាងនេះ ពាក្យ​ណា ដែលតថាគត ពោលហើយថា ព្រោះ​អាស្រ័យមិនសេចក្តីគ្នាន់ក្នាញ់ គឺ​មិននិន្ទា ទើបលះបង់សេចក្តីគ្នាន់ក្នាញ់ គឺនិន្ទាចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។

[៤៥] ត្រង់ពាក្យថា ព្រោះអាស្រ័យ​សេចក្តីមិនចង្អៀតចង្អល់ គឺមិនក្រោធ ទើប​លះបង់​សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធចេញដូច្នេះនេះ តថាគត ពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែលតថាគតពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុង​សាសនា​នេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជា​អ្នក​មាន​សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ព្រោះ​​ហេតុសំយោជនៈទាំងឡាយណា អាត្មា​អញ បានប្រតិបត្តិ ដើម្បី​លះបង់ ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះចេញហើយ មួយ​យ៉ាង​ទៀត បើអាត្មាអញ ជាអ្នក​មានសេចក្តី​ចង្អៀតចង្អល់ គឺសេចក្តី​ក្រោធហើយ សូម្បី​ខ្លួន​ឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះ​សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ទាំង​អ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ ក៏គប្បីតិះដៀលបាន ព្រោះសេចក្តី​ចង្អៀតចង្អល់ គឺសេចក្តីក្រោធ លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទុគ្គតិ​នឹង​មាន​ប្រាកដ ព្រោះហេតុ​សេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ ធម្មជាតនុ៎ះ ហៅ​ថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីចង្អៀតចង្អល់ គឺ​សេចក្តីក្រោធហ្នឹងឯង មួយយ៉ាងទៀត អាសវៈ​ទាំងឡាយណា ដែលមាន​សភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធ អាសវៈ​ដែល​មានភាព​ចង្អៀតចង្អល់ ក្រហល់​ក្រហាយ​ទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលជាអ្នកមិនមានសេចក្តីចង្អៀតចង្អល់ គឺសេចក្តីក្រោធយ៉ាងនេះ ពាក្យ​ណា ដែលតថាគត ពោលហើយថា ព្រោះ​អាស្រ័យ​សេចក្តីមិនចង្អៀតចង្អល់ គឺសេចក្តីមិនក្រោធ ហើយលះបង់សេចក្តីចង្អៀតចង្អល់ គឺ​សេចក្តីក្រោធចេញដូច្នេះ ពាក្យនេះ តថាគត បានពោលហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។

[៤៦] ត្រង់ពាក្យថា ព្រោះអាស្រ័យ​សេចក្តីមិនមើលងាយគេ ទើបលះបង់សេចក្តី​មើលងាយដូច្នេះនេះ តថាគត បានពោល​ហើយ ដោយប្រការដូច្នេះ ក៏ពាក្យនេះ ដែល​តថាគត​ពោលហើយ ព្រោះអាស្រ័យ​ហេតុអ្វី ម្នាលគហបតី អរិយសាវ័ក ក្នុង​សាសនា​នេះ រមែងពិចារណាដូច្នេះថា អាត្មាអញ ជាអ្នកមានសេចក្តីមើលងាយគេ ព្រោះ​ហេតុ​សំយោជនៈទាំងឡាយណា អាត្មាអញ បានប្រតិបត្តិ ដើម្បី​លះបង់ ដើម្បី​ផ្តាច់​បង់​សំយោជនៈ​ទាំងនោះចេញហើយ មួយយ៉ាងទៀត បើអាត្មាអញ ជាអ្នក​មានសេចក្តី​មើលងាយគេហើយ សូម្បីខ្លួនឯង ក៏គប្បីតិះដៀលខ្លួនឯងបាន ព្រោះ​ហេតុសេចក្តី​មើលងាយ ទាំងអ្នកប្រាជ្ញ ដែលបានពិចារណារឿយៗហើយ គប្បីតិះដៀលបាន ព្រោះ​ហេតុ​សេចក្តីមើលងាយគេ លុះទម្លាយ​រាងកាយ ខាងមុខបន្ទាប់​អំពីសេចក្តីស្លាប់ទៅ ទុគ្គតិ​នឹង​មាន​ប្រាកដ ព្រោះហេតុ​សេចក្តីមើលងាយ ធម្មជាតនុ៎ះ ហៅថា សំយោជនៈ ធម្មជាតនុ៎ះ ហៅថា នីវរណៈ គឺសេចក្តីមើលងាយហ្នឹងឯង មួយយ៉ាងទៀត អាសវៈ​ទាំងឡាយណា ដែលមាន​សភាព​ចង្អៀតចង្អល់ ក្រហល់ក្រហាយ គប្បីកើតឡើង ព្រោះហេតុសេចក្តីមើលងាយគេ អាសវៈ​ដែល​មានសភាព​ចង្អៀតចង្អល់ ក្រហល់​ក្រហាយ​ទាំងនោះ មិនមានដល់​បុគ្គលនោះ ដែលជាអ្នកមិនមាន​សេចក្តី​មើលងាយ យ៉ាងនេះ ពាក្យ​ណា ដែលតថាគត ពោលហើយថា ព្រោះ​អាស្រ័យសេចក្តីមិនមើល​ងាយគេ ទើបលះបង់សេចក្តី​មើលងាយគេ ចេញដូច្នេះ ពាក្យនេះ តថាគត បាន​ពោល​ហើយ ព្រោះអាស្រ័យ​ហេតុនុ៎ះឯង។ ម្នាលគហបតី ធម៌ទាំង៨ណា តែងប្រព្រឹត្ត​ទៅ ដើម្បី​លះបង់ ដើម្បីផ្តាច់បង់ជំនួញ ក្នុងអរិយវិន័យ ធម៌ទាំង​៨នេះឯង តថាគតពោលហើយ ដោយ​បំប្រួញ មិនបានចែកដោយពិស្តារទេ ម្នាលគហបតី ការផ្តាច់បង់ជំនួញ សព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ មិនមានត្រឹមប៉ុណ្ណោះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះ​ការផ្តាច់បង់ជំនួញ សព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យនោះ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ការផ្តាច់បង់​ជំនួញសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ យ៉ាងណា សូមព្រះមានព្រះភាគ ទ្រង់សំដែងធម៌យ៉ាងនោះ ដល់ខ្ញុំព្រះអង្គឲ្យទាន។ ម្នាល​គហបតី បើដូច្នោះ អ្នកចូរស្តាប់ ចូរយកចិត្តទុកដាក់ដោយប្រពៃចុះ តថាគត នឹងសំដែង​ឲ្យស្តាប់។ បោតលិយគហបតី ទទួលព្រះពុទ្ធដីកានៃព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ។

[៤៧] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតី ដូចសុនខ ដែលអស់​កម្លាំង ព្រោះសេចក្តីឃ្លានគ្របសង្កត់ ក៏ដើរចូលទៅកាន់ទីសំរាប់អារសាច់លក់ របស់​គោឃាតកៈ ឯគោឃាតកៈក្តី កូនឈ្នួលរបស់គោឃាតកៈក្តី ដែលឈ្លាស យករាងឆ្អឹង ដែល​ពន្លះសាច់ចេញស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់​ដោយឈាម បោះទៅ​ឲ្យឆ្កែ​នោះ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ឆ្កែនោះកាលអង្កៀមនូវរាងឆ្អឹង​ឯណោះ ដែល​គេពន្លះសាច់ស្អាត ឥតមានសាច់ គ្រាន់តែប្រឡាក់​ដោយឈាម នឹងបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លានដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ការបន្ទោបង់សេចក្តីអស់កម្លាំង ព្រោះការឃ្លាននុ៎ះ មិនបានទេ ដំណើរនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថារាងឆ្អឹងឯណោះ ដែលគេ​ពន្លះសាច់ចេញស្អាត ឥតមាន​សាច់ គ្រាន់តែប្រឡាក់​ដោយឈាម ឯសុនខនោះ ជាសត្វគ្រាន់តែមានចំណែក នៃ​សេចក្តី​លំបាកកាយ លំបាកចិត្ត ប៉ុណ្ណោះឯង។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះ​ថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរាងឆ្អឹង មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយសាវ័ក ឃើញ​សេចក្តីនេះ តាមពិតដោយប្រាជ្ញាដ៏ប្រពៃ យ៉ាងនេះ​ហើយ ក៏លះបង់​ឧបេក្ខា (ក្នុងបញ្ចកាមគុណ) ដែលមានសភាពផ្សេងគ្នា អាស្រ័យ​អារម្មណ៍ មានសភាព​ផ្សេងគ្នា ហើយចំរើនឧបេក្ខា6) ដែលមានសភាព​តែមួយ អាស្រ័យអារម្មណ៍ មានសភាព​តែមួយ និង​ឧបេក្ខា7) ជាទីរលត់នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។

[៤៨] ម្នាលគហបតី ដូចជាសត្វត្មាត ខ្លែងក្រហម ឬខ្លែងខ្មៅ ពាំនាំដុំសាច់ហើរទៅ មានពួកត្មាតខ្លះ ពួកខ្លែងក្រហមខ្លះ ពួកខ្លែងខ្មៅខ្លះ នាំគ្នាហើរដេញតាមសត្វត្មាតជាដើម​នោះ ចឹកជញ្ចែងដណ្តើមយក ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច បើសត្វ​ត្មាត ខ្លែងក្រហម ឬខ្លែងខ្មៅនោះ មិនលះចោលដុំសាច់នោះ ដោយឆាប់ទេ ក៏ត្មាតជាដើម​នោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះដុំសាច់នោះជាហេតុ មែនឬទេ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយមានឧបមាដោយដុំសាច់ មានទុក្ខ​ច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាង​នោះ​ឯង អរិយសាវ័ក ឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ ក៏លះបង់​នូវឧបេក្ខា ដែលមានសភាព​ផ្សេងគ្នា អាស្រ័យ​អារម្មណ៍មានសភាព​ផ្សេងគ្នា ចំរើនឧបេក្ខា ដែលមានសភាពតែមួយ អាស្រ័យអារម្មណ៍ មានសភាព​តែមួយ និង​ឧបេក្ខា​ជាទីរលត់ នៃឧបាទានជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។

[៤៩] ម្នាលគហបតី ដូចជាបុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ដើរច្រាសខ្យល់ ម្នាលគហបតី អ្នកសំគាល់​សេចក្តីនោះថាដូចម្តេច បើបុរសនោះ មិនលះចោលគប់ស្មៅ ដែលភ្លើងឆេះនោះ ដោយឆាប់ទេ គប់ស្មៅដែលភ្លើងឆេះនោះ នឹងរោលរាលដៃ ឬកំភួនដៃ ឬរោលរាលអវយវៈតូចធំនីមួយ បុរសនោះ នឹងដល់សេចក្តីស្លាប់ ឬសេចក្តី​ទុក្ខជិតនឹងស្លាប់ ព្រោះគប់ស្មៅ ដែលភ្លើងឆេះនោះ ជាហេតុ មែនឬទេ។ ព្រះករុណា​ព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយគប់ស្មៅ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយ​សាវ័កឃើញសេចក្តីនេះ តាមពិត ដោយប្រាជ្ញាដ៏ប្រពៃយ៉ាងនេះ។បេ។ ក៏ចំរើនឧបេក្ខា​នោះ​ឯង។

[៥០] ម្នាលគហបតី ដូចជារណ្តៅរងើកភ្លើង មានជម្រៅមួយជំហរបុរស ដ៏ពេញដោយរងើកភ្លើង ឥតមានអណ្តាត ឥតមានផ្សែង កាលនោះ មានបុរសម្នាក់ មានប្រាថ្នាដើម្បីរស់នៅ មិនប្រាថ្នាដើម្បីស្លាប់ ប្រាថ្នាសេចក្តីសុខ ខ្ពើម​សេចក្តីទុក្ខ ដើរមក (កាន់រណ្តៅនោះ) មានបុរសខ្លាំងពូកែពីរនាក់ ចាប់បុរសនោះ ត្រង់កំភួនដៃម្ខាងម្នាក់ ទាញ​ទំលាក់ទៅក្នុងរណ្តៅ ម្នាលគហបតី អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច តើបុរសនោះ គួរបង្អោនកាយ (ទៅកាន់រណ្តៅ) នោះដូច្នេះខ្លះ ដូច្នោះខ្លះ ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរបង្អោនកាយទៅឡើយ ដំណើរនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះបុរសនោះ ដឹងច្បាស់ថា បើអាត្មាអញ នឹងធ្លាក់​រណ្តៅ​រងើកភ្លើងនេះ អាត្មាអញ នឹងដល់នូវ​សេចក្តីស្លាប់ ឬសេចក្តីទុក្ខជិតនឹងស្លាប់ ព្រោះរណ្តៅរងើកភ្លើងនោះជាហេតុ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរណ្តៅ​រងើកភ្លើង មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយ​សាវ័កឃើញសេចក្តីនេះ តាមពិត ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះហើយ។បេ។ ក៏ចំរើនឧបេក្ខា​នោះ​ឯង។

[៥១] ម្នាលគហបតី ដូចជាបុរស យល់សប្តិឃើញ​អារាម ជាទីសប្បាយ ព្រៃជាទីសប្បាយ ផែនដីជាទីសប្បាយ និងស្រះបោក្ខរណី ជាទីសប្បាយ លុះបុរស​នោះភ្ញាក់ឡើង មិនឃើញអ្វីមួយឡើយ ម្នាលគហបតី អរិយសាវ័ក តែងពិចារណា​ដូច្នេះ​ថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយយល់សប្តិ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសមានច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខា​នោះ​ឯង។

[៥២] ម្នាលគហបតី ដូចជាបុរសខ្ចីទ្រព្យគេ ជារបស់​បណ្តោះអាសន្ន គឺកែវមណី និងកុណ្ឌល (គ្រឿងប្រដាប់ត្រចៀក) ដ៏ប្រសើរ ហើយឡើងកាន់យាន បុរសនោះ បានប្រដាប់តាក់តែង ដោយទ្រព្យ​ជារបស់ខ្ចីគេបណ្តោះអាសន្នទាំងនោះ ដើរទៅ​កាន់​រានផ្សារ អ្នកផងបានឃើញបុរសនោះហើយ ក៏និយាយយ៉ាងនេះថា អើហ្ន៎ បុរសនេះ មានភោគសម្បត្តិច្រើនណាស់ បានឮថា ពួកជន​អ្នកមានភោគសម្បត្តិ រមែង​បរិភោគ​សម្បត្តិយ៉ាងហ្នឹងតើ បើពួកជនជាម្ចាស់គប្បីឃើញបុរសនោះក្នុងទីណាៗ ក៏គប្បីយកទ្រព្យ ដែលជារបស់ខ្លួនក្នុងទីនោះទៅ ម្នាលគហបតី អ្នកសំគាល់​សេចក្តីនោះ ថាដូចម្តេច បុរសនោះ គួរអាក់អន់ចិត្តឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ មិនគួរ​នឹង​អាក់អន់ចិត្តទេ ដំណើរនោះ ព្រោះហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះពួកជនជាម្ចាស់​ទ្រព្យ នាំយកទ្រព្យ ដែលជារបស់ខ្លួនទៅ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំងឡាយ មានឧបមាដោយរបស់ខ្ចីគេ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោសមាន​ច្រើនប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង។បេ។ ក៏ចំរើនឧបេក្ខា​នោះ​ឯង។

[៥៣] ម្នាលគហបតី ដូចជាដងព្រៃស្តុក នៅជិតស្រុក ឬនិគម មានដើមឈើក្នុងព្រៃនោះ ជាឈើមានផ្លែផ្អែមផង មានផ្លែដ៏ច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ទើបមានបុរសម្នាក់ ជាអ្នកត្រូវការដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅ​ស្វែងរកផ្លែ ក៏ដើរ​មកដល់ បុរសនោះ ដើរចូលទៅកាន់ដងព្រៃនោះ ឃើញដើម​ឈើនោះ មានផ្លែផ្អែមផង មានផ្លែច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯង​មានផ្លែផ្អែមផង មានផ្លែច្រើនផង សូម្បីផ្លែណាមួយ ក៏មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏ចេះឡើងឈើដែរ បើដូច្នោះ មានតែអាត្មាអញឡើងកាន់ដើមឈើ​នេះ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏ឡើងកាន់ដើមឈើ​នោះ ទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង កាលនោះ មានបុរសជាគំរប់ពីរ ជាអ្នក​ត្រូវការ​ដោយផ្លែ ស្វែងរកផ្លែ ត្រាច់ទៅស្វែងរកផ្លែ ក៏កាន់យកដឹងដ៏មុត ដើរមកដល់ បុរសនោះ ចូលទៅកាន់ដងព្រៃនោះ ហើយឃើញដើមឈើនោះ មានផ្លែផ្អែមផង មានផ្លែ​ច្រើនផង ទើបបុរសនោះ គិតយ៉ាងនេះថា ឈើនេះឯង មានផ្លែផ្អែម មានផ្លែច្រើនផង សូម្បី​ផ្លែ​ណាមួយ មិនជ្រុះចុះលើផែនដីឡើយ ឯអាត្មាអញ ក៏មិនចេះឡើងដើមឈើឡើយ បើដូច្នោះ មានតែអាត្មាអញ កាប់ដើមឈើនេះត្រង់គល់ ហើយទំពាស៊ីត្រាតែឆ្អែតផង ដក់ថ្នក់ផង លុះបុរសនោះគិតហើយ ក៏កាប់ដើមឈើនោះត្រង់គល់ ម្នាលគហបតី អ្នក​សំគាល់សេចក្តីនោះ ថាដូចម្តេច បុរសដែល​ឡើងដើមឈើមុនគេនោះ បើមិនចុះ​មក​ដោយរហ័សទេ កាលដែលដើមឈើនោះរលំចុះ គប្បីបាក់ដៃ បាក់ជើង បំបាក់អវយវៈ​តូចធំណានីមួយ របស់បុរស​នោះ បុរសនោះ គប្បីដល់សេចក្តីស្លាប់ ឬសេចក្តី​ទុក្ខជិត​នឹង​ស្លាប់ ព្រោះផ្លែឈើនោះ ជាហេតុ មែនឬទេ។ ព្រះករុណា​ព្រះអង្គ។ ម្នាលគហបតី អរិយសាវ័ក តែងពិចារណាដូច្នេះថា ព្រះមានព្រះភាគ ទ្រង់សំដែងហើយថា កាមទាំង​ឡាយ មានឧបមាដោយផ្លែឈើ មានទុក្ខច្រើន មាន​សេចក្តីចង្អៀតចង្អល់ច្រើន ទោស​មាន​ច្រើន​ប្រការ ក្នុងកាមទាំងនេះ យ៉ាងនោះឯង អរិយ​សាវ័កឃើញសេចក្តីនេះ តាមពិត ដោយ​ប្រាជ្ញាដ៏ប្រពៃយ៉ាងនេះហើយ ក៏លះបង់ឧបេក្ខា ដែលមានសភាព​ផ្សេងគ្នា អាស្រ័យ​អារម្មណ៍​មានសភាព​ផ្សេងគ្នា ហើយចំរើនឧបេក្ខា ដែល​មានសភាព​តែមួយ អាស្រ័យ​អារម្មណ៍​មានសភាព​តែមួយ និងឧបេក្ខា​ជាទី​រលត់​ទៅនៃ​ឧបាទាន ជាលោកាមិសៈ មិនមានសេសសល់ ដោយប្រការទាំងពួង។

[៥៤] ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យសេចក្តីបរិសុទ្ធនៃសតិ ដែល​កើតអំពីឧបេក្ខា ដ៏ប្រសើរនេះឯង ហើយរលឹកនូវបុព្វេនិវាសច្រើនប្រការ គឺ រលឹកបាន​១ជាតិខ្លះ ២ជាតិខ្លះ។បេ។ រលឹកនូវបុព្វេនិវាសច្រើនប្រការ ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេស ដោយប្រការដូច្នេះ។ ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យ​សេចក្តី​បរិសុទ្ធនៃ​សតិ ដែលកើតអំពី​ឧបេក្ខាដ៏ប្រសើរនេះឯង ហើយឃើញពួកសត្វដែលច្យុត កើតឡើង ជាសត្វថោកទាប ឧត្តម មានវណ្ណៈល្អ មានវណ្ណៈ​អាក្រក់ មានគតិល្អ មានគតិ​អាក្រក់។បេ។ ក៏ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្ម ដោយទិព្វចក្ខុដ៏បរិសុទ្ធ កន្លងហួស​ចក្ខុរបស់មនុស្សសាម័ញ្ញ។ ម្នាលគហបតី អរិយសាវ័កនោះឯង អាស្រ័យ​នូវ​សេចក្តី​បរិសុទ្ធនៃ​សតិ ដែលកើតអំពី​ឧបេក្ខាដ៏ប្រសើរនេះឯង ហើយធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន និងបានដល់ចេតោវិមុត្តិ បញ្ញាវិមុត្តិ ដែល​មិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។

[៥៥] ម្នាលគហបតី ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យ តែងមានដោយហេតុមានប្រមាណ​ប៉ុណ្ណេះ ម្នាលគហបតី អ្នកសំគាល់​សេចក្តីនោះ ដូចម្តេច ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុង​អរិយវិន័យ ដោយសភាពយ៉ាងណា អ្នកបានឃើញការផ្តាច់បង់ជំនួញ មានសភាព​យ៉ាង​នោះ ក្នុងខ្លួនដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គណាក្តី ការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យណាក្តី បពិត្រព្រះអង្គដ៏ចំរើន បណ្តាសភាវៈ​ទាំងពីរនោះ ខ្ញុំព្រះអង្គឆ្ងាយចាកការផ្តាច់បង់ជំនួញ ដោយសព្វគ្រប់ ដោយប្រការទាំងពួង ក្នុងអរិយវិន័យនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលពី​ដើម ខ្ញុំព្រះអង្គ បានសំគាល់នូវពួកបរិព្វាជក មានលទ្ធិផ្សេង ដែលមិនមែនជាបុរស​អាជានេយ្យពិត ថាជាបុរសអាជានេយ្យ ញុំាងបុគ្គលដែលមិនមែនជាបុរសអាជានេយ្យ​ពិត ឲ្យបរិភោគភោជន សំរាប់បុរសអាជានេយ្យ តាំងបុគ្គលដែល​មិនមែន​ជាបុរសអាជានេយ្យពិត ឲ្យតាំងនៅក្នុងទីជាបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន មួយ​យ៉ាងទៀត ខ្ញុំព្រះអង្គ បានសំគាល់ភិក្ខុទាំងឡាយ ដែលជាបុរសអាជានេយ្យពិត ថាមិនមែន​ជាបុរសអាជានេយ្យវិញ ញុំាងភិក្ខុដែលជាបុរសអាជានេយ្យពិត ឲ្យ​បរិភោគ​ភោជន សំរាប់បុរសមិនមែនជាអាជានេយ្យវិញ តាំងភិក្ខុដែលជាបុរសអាជានេយ្យពិត ក្នុងទីនៃបុរសមិនមែនជាអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន ក៏ឥឡូវនេះ ខ្ញុំព្រះអង្គ ស្គាល់​ពួកបរិព្វាជក មានលទ្ធិផ្សេង ដែលមិនមែនជាបុរសអាជានេយ្យពិត ថាមិនមែន​ជាបុរសអាជានេយ្យ និងញុំាង​បុគ្គលដែលមិនមែនជាបុរសអាជានេយ្យពិត ឲ្យ​បរិភោគ​ភោជន សំរាប់បុរសមិនមែនជាអាជានេយ្យ និងតាំងបុគ្គល​ដែលមិនមែន​ជាបុរសអាជានេយ្យពិត ក្នុងទី​នៃបុគ្គលមិនមែនជាបុរសអាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន មួយយ៉ាងទៀត ខ្ញុំព្រះអង្គស្គាល់ភិក្ខុទាំងឡាយ ដែលជាបុរសអាជានេយ្យពិត ថាជាបុរសអាជានេយ្យ និងញុំាងភិក្ខុដែល​ជាបុរសអាជានេយ្យពិត ឲ្យបរិភោគភោជន សំរាប់បុរសអាជានេយ្យ និងតាំង​ភិក្ខុដែល​ជាបុរសអាជានេយ្យ ក្នុងទីនៃបុរស​អាជានេយ្យ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បានធ្វើសេចក្តីស្រឡាញ់ ចំពោះពួកសមណៈ សេចក្តីជ្រះថ្លា ចំពោះពួកសមណៈ សេចក្តីគោរព ចំពោះពួកសមណៈ ឲ្យកើតដល់ខ្ញុំព្រះអង្គហើយហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់​ដែលគេ​លាក់បិទបាំង ឬក៏ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះ ដូចជាគេកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

ចប់ បោតលិយសូត្រ ទី៤។

ជីវកសូត្រ ទី៥

(៥. ជីវកសុត្តំ)

[៥៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អម្ពវ័ន របស់ជីវកកោមារភត្យ ជិតក្រុងរាជគ្រឹះ។ គ្រានោះ ជីវកកោមារភត្យ ចូល​ទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះជីវកកោមារភត្យ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូល​ព្រះមានព្រះភាគ ដោយពាក្យដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ឮមកដូច្នេះថា ពួកជនតែងសម្លាប់សត្វ ចំពោះ​ព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុនោះហើយ ក៏រមែង​សោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែល​គេធ្វើ​អាស្រ័យ​នូវខ្លួន បពិត្រព្រះអង្គដ៏ចំរើន ពួកជនណា ពោលយ៉ាងនេះថា ពួកជន​​តែងសម្លាប់សត្វ ចំពោះ​ព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាបហេតុ​នោះ​ហើយ ក៏រមែង​សោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែល​គេធ្វើ​អាស្រ័យ​នូវខ្លួន បពិត្រ​ព្រះអង្គដ៏ចំរើន ជនទាំងនោះ និយាយត្រូវតាមពាក្យ ដែលគេ​ពោលចំពោះ​ព្រះមានព្រះភាគ មិនមែន​និយាយបង្កាច់​ព្រះមានព្រះភាគ ដោយពាក្យមិនពិតផង និយាយនូវហេតុសមគួរ ដល់ហេតុផងឬទេ មួយយ៉ាងទៀត វាទៈ និងអនុបវាទៈបន្តិច​បន្តួច របស់ព្រះអង្គ ដែលប្រកបដោយ​ហេតុ មិនបានដល់នូវហេតុ ដែលគួរតិះដៀលឬទេ។

[៥៧] ព្រះអង្គទ្រង់ត្រាស់ថា ម្នាលជីវកៈ ពួកជនណានិយាយ​យ៉ាងនេះថា ពួកជន​សម្លាប់សត្វ ចំពោះ​ព្រះសមណគោតម ព្រះសមណគោតម បើទុកជាជ្រាប​ហេតុ​នោះ​ហើយ ក៏រមែង​សោយសាច់ ដែលគេធ្វើចំពោះ គឺសាច់ដែល​គេធ្វើ​អាស្រ័យ​នូវខ្លួន ពួកជននោះ មិនមែននិយាយ​ត្រូវតាមពាក្យ ដែលគេ​ពោលចំពោះ​តថាគតឡើយ ពួកជននោះ និយាយបង្កាច់តថាគត ដោយពាក្យមិនមែន​ មិនពិត ម្នាលជីវកៈ តថាគត ពោលនូវសាច់ ដែល​មិនគួរបរិភោគ ដោយហេតុទាំង៣ គឺឃើញ ឮ រង្កៀស ម្នាលជីវកៈ តថាគត ពោលនូវសាច់ដែល​មិនគួរបរិភោគ ដោយហេតុទាំង៣នេះឯង ម្នាលជីវកៈ តថាគត ពោល​នូវសាច់ ដែលគួរបរិភោគ ដោយហេតុទាំង៣ គឺ មិនឃើញ មិនឮ មិនរង្កៀស ម្នាលជីវកៈ តថាគត ពោលនូវសាច់ដែល​គួរបរិភោគ ដោយហេតុទាំង៣​នេះឯង។

[៥៨] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅ​នៅអាស្រ័យនឹងស្រុក ឬនិគម​ណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ដូចគ្នា ផ្សាយទៅកាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកប​ដោយមេត្តា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយទៅកាន់សត្វលោកទាំងពួង ដោយអាការ8) ទាំងពួង។ គហបតី ឬគហបតីបុត្ត ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើភិក្ខុមានប្រាថ្នា ក៏ទទួល​និមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃ​គហបតី ឬគហបតីបុត្តនោះ លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាល​ហើយ។ ឯគហបតី ឬគហបតីបុត្តនោះ ក៏អង្គាស​ភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះ​មិនមានសេចក្តីត្រិះរិះយ៉ាងនេះថា គហបតី ឬគហបតីបុត្តនេះ អង្គាសអាត្មាអញ ដោយ​បិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃ​ណាស់ហ្ន៎ ធ្វើម្តេចហ្ន៎ គហបតី ឬគហបតីបុត្តនេះ គប្បី​អង្គាសអាត្មាអញ ដោយបិណ្ឌបាតដ៏ផ្ចិតផ្ចង់ មានសភាព​យ៉ាងនេះតទៅទៀត ភិក្ខុនោះ មិនមានសេចក្តីត្រិះរិះយ៉ាងនេះសោះ។ ភិក្ខុនោះ មិនផ្តេកផ្តួល មិនជ្រុលជ្រប់ មិនល្មោភ តែងឃើញទោស មានបញ្ញាជាគ្រឿង​រលាស់ចេញ ចាកទុក្ខ បរិភោគបិណ្ឌបាតនោះ។ ម្នាលជីវកៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច តើភិក្ខុនោះ គិតដើម្បីបៀតបៀនខ្លួន ឬគិត​ដើម្បី​បៀតបៀន​អ្នកដទៃ ឬគិតដើម្បីបៀតបៀនអ្នកទាំងពីរ ក្នុងសម័យនោះឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលជីវកៈ ភិក្ខុនោះ ឈ្មោះថា ឆាន់អាហារ ដែល​មិនមានទោស ក្នុងសម័យនោះមែនឬទេ។ ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែឮមកយ៉ាងនេះថា ព្រហ្ម មានកិរិយានៅដោយ​មេត្តា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ ជាពាក្យរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹងភ្នែករបស់ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយានៅដោយមេត្តាពិត។ ម្នាលជីវកៈ បុគ្គល​មានព្យាបាទ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ មោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាលជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យ​ហេតុហ្នឹងឯង។

[៥៩] ម្នាលជីវកៈ ភិក្ខុក្នុងសាសនានេះ ចូលទៅ​នៅអាស្រ័យនឹងស្រុក ឬនិគម​ណាមួយ។ ភិក្ខុនោះ មានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា… មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ផ្សាយ​ទៅ​កាន់ទិសខាងលើ ទិសខាងក្រោម និងទិសទទឹង មានចិត្ត​ប្រកប​ដោយឧបេក្ខា ជាចិត្តទូលាយ ដល់នូវសភាពធំ ប្រមាណមិនបាន មិនមានវេរា មិនមានព្យាបាទ ផ្សាយ​ទៅ​កាន់សត្វលោកទាំងពួង ដោយអាការទាំងពួង ក្នុងទីទាំងពួង។ គហបតី ឬគហបតិបុត្ត ក៏ចូលទៅរកភិក្ខុនោះ ហើយនិមន្តដោយភត្ត ដើម្បីឆាន់ក្នុងថ្ងៃស្អែក ម្នាលជីវកៈ កាលបើ​ភិក្ខុ​មានប្រាថ្នា ក៏ទទួល​និមន្ត។ លុះកន្លងរាត្រីនោះទៅ ភិក្ខុនោះ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹក ក៏ចូលទៅកាន់ផ្ទះ នៃ​គហបតី ឬគហបតិបុត្តនោះ លុះ​ចូល​ទៅ​ដល់​ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាល​ហើយ។ ឯគហបតី ឬគហបតិបុត្តនោះ ក៏អង្គាស​​ភិក្ខុនោះ ដោយបិណ្ឌបាត ដ៏ផ្ចិតផ្ចង់។ ភិក្ខុនោះ​មិនមានសេចក្តី​ត្រិះរិះ​យ៉ាង​នេះ​ថា គហបតី ឬគហបតិបុត្តនេះ អង្គាសអាត្មាអញ ដោយ​បិណ្ឌបាតដ៏ផ្ចិតផ្ចង់ ដោយប្រពៃ​ណាស់ហ្ន៎ ធ្វើម្តេចហ្ន៎ គហបតី ឬគហបតិបុត្តនេះ គប្បី​អង្គាសអាត្មាអញ ដោយ​បិណ្ឌ​បាត​ដ៏​ផ្ចិតផ្ចង់ មានសភាព​យ៉ាងនេះ តទៅទៀត ភិក្ខុនោះ មិនមានសេចក្តី​ត្រិះរិះ​យ៉ាង​នេះ​សោះ។ ភិក្ខុនោះ មិនផ្តេកផ្តួល មិនជ្រុលជ្រប់ មិនល្មោភ តែងឃើញទោស មានបញ្ញា ជា​គ្រឿង​​រលាស់ចេញ ចាកទុក្ខ បរិភោគបិណ្ឌបាតនោះ។ ម្នាលជីវកៈ អ្នកសំគាល់ហេតុនោះ ថាដូចម្តេច តើភិក្ខុនោះ គិតដើម្បីបៀតបៀនខ្លួនឯង ឬគិត​ដើម្បី​បៀតបៀន​អ្នកដទៃ ឬក៏គិត​ដើម្បី​បៀតបៀនអ្នកទាំងពីរ ក្នុងសម័យនោះដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលជីវកៈ ភិក្ខុនោះ ឈ្មោះថា ឆាន់អាហារ ដែល​មិនមានទោសនោះ ក្នុងសម័យនោះមែនឬទេ។ ព្រះករុណាព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គ្រាន់តែ​ឮ​មកយ៉ាងនេះថា ព្រហ្ម មានកិរិយានៅដោយ​ឧបេក្ខា បពិត្រព្រះអង្គដ៏ចំរើន ពាក្យនោះ ជាពាក្យរបស់ខ្ញុំព្រះអង្គ ឥឡូវនេះ ខ្ញុំព្រះអង្គ បានឃើញព្រះមានព្រះភាគ ច្បាស់នឹង​ភ្នែក​របស់​ខ្លួនហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ព្រះមានព្រះភាគ មានកិរិយា​នៅ​ដោយ​ឧបេក្ខាពិត។ ម្នាលជីវកៈ បុគ្គល​មានសេចក្តីបៀតបៀន សេចក្តីអផ្សុក និងសេចក្តី​ចង្អៀតចង្អល់ ដោយរាគៈ ទោសៈ មោហៈណា រាគៈ ទោសៈ និងមោហៈនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើឲ្យនៅសល់តែទីនៅ ដូចជា​ទីនៅនៃដើមត្នោត ជាសភាវៈដល់នូវការសាបសូន្យ មានសភាវៈមិនកើតឡើងតទៅ ម្នាល​ជីវកៈ បើអ្នកនិយាយអាស្រ័យហេតុនេះ តថាគត ក៏យល់ព្រមនូវពាក្យនេះ របស់អ្នកដែរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ និយាយអាស្រ័យ​ហេតុហ្នឹងឯង។

[៦០] ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ករបស់តថាគត បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈ៥យ៉ាង បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅនាំយកសត្វឯណោះ មកដោយឋានៈណា តែងទទួលនូវបាបច្រើន ដោយឋានៈនេះជាបឋម សត្វនោះ កាលដែលគេយកខ្សែទាក់កដឹកយកមក ក៏ទទួល​ទុក្ខ​ទោមនស្ស ដោយឋានៈណា បុគ្គលនោះ តែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់ពីរ បុគ្គលនោះ និយាយយ៉ាងនេះថា អ្នកទាំងឡាយ ចូរទៅសម្លាប់សត្វនេះដោយឋានៈណា បុគ្គលនោះ តែងសោយនូវបាបច្រើន ដោយឋានៈនេះជាគំរប់៣ សត្វនោះ កាលដែល​គេកំពុង​សម្លាប់ ក៏ទទួលនូវទុក្ខ ទោមនស្ស ដោយឋានៈណា បុគ្គលតែងទទួលបាបច្រើន ដោយឋានៈនេះជាគំរប់៤ បុគ្គលនោះ ធ្វើឲ្យគេតិះដៀលតថាគត ឬសាវ័ក​របស់តថាគត ដោយអកប្បិយមំសៈ (សាច់មិនសមគួរ) ដោយឋានៈណា បុគ្គលនោះ តែង​ទទួល​បាប​ច្រើន ដោយឋានៈនេះជាគំរប់៥ ម្នាលជីវកៈ បុគ្គលណាសម្លាប់សត្វ ចំពោះតថាគត ឬសាវ័ក​របស់តថាគត បុគ្គលនោះ តែងទទួល​បាបច្រើន ដោយឋានៈទាំង​៥យ៉ាង​នេះឯង។

[៦១] លុះព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបជីវកកោមារភត្យ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចំរើន ចំឡែកណាស់ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារ​ជាកប្បិយៈហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុឆាន់តែអាហារ ដែលមិនមានទោសហ្ន៎ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ ធម៌ដែល​ព្រះអង្គ​សំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាបុរស ចាប់បើករបស់ដែលគេផ្កាប់ចុះ ឲ្យផ្ងារឡើង ឬដូចជាបុរសបើកបង្ហាញរបស់ ​ដែលគេ​លាក់បិទបាំង ពុំនោះ ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាបុរសកាន់ប្រទីប ទ្រោលបំភ្លឺ ក្នុងទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូម​ដល់​នូវ​ព្រះមាន​ព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់​ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់សរណៈ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

ចប់ ជីវកសូត្រ ទី៥។

ឧបាលិវាទសូត្រ ទី៦

(៦. ឧបាលិសុត្តំ)

[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​បាវារិកម្ពវ័ន9) ជិតស្រុកនាលន្ទា។ សម័យនោះឯង និគន្ថនាដបុត្ត នៅអាស្រ័យក្នុងស្រុកនាលន្ទា ជាមួយនឹង​និគន្ថបរិសទ្យជាច្រើន។ គ្រានោះ និគ្រន្ថឈ្មោះ ទីឃតបស្សី ត្រាច់ទៅដើម្បីបិណ្ឌបាត ក្នុងស្រុកនាលន្ទា លុះត្រឡប់​មកអំពី​បិណ្ឌបាត ក្នុងវេលាបច្ឆាភត្តហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ននោះ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹកហើយ ក៏ឋិតនៅក្នុងទីសមគួរ។ លុះ ទីឃតបស្សីនិគ្រន្ថ ឋិតនៅក្នុងទីសមគួរហើយ ទើប​ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា នែ ទីឃតបស្សី អាសនៈ មានគ្រប់គ្រាន់ បើអ្នក​ត្រូវការ ចូរអង្គុយចុះ។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើប​ទីឃតបស្សីនិគ្រន្ថ កាន់យកអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។

[៦៣] លុះទីឃតបស្សីនិគ្រន្ថ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត បញ្ញត្តកម្ម ក្នុងការធ្វើនូវ​បាបកម្ម ក្នុងការប្រព្រឹត្តទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ទីឃតបស្សីតបថា អាវុសោគោតម និគន្ថនាដបុត្ត មិនធ្លាប់បញ្ញត្តនូវកម្ម ថាកម្មដូច្នេះឡើយ អាវុសោគោតម និគន្ថនាដបុត្ត ធ្លាប់បញ្ញត្តនូវទណ្ឌៈ ថាទណ្ឌៈ ប៉ុណ្ណោះឯង។ ម្នាលតបស្សី ចុះនិគន្ថនាដបុត្ត តែង​បញ្ញត្តនូវ​ទណ្ឌៈ ប៉ុន្មានយ៉ាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម ថាមាន​ប៉ុន្មាន។ អាវុសោគោតម និគន្ថនាដបុត្ត តែបញ្ញត្ត នូវ​ទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម ថាមាន៣យ៉ាង គឺកាយទណ្ឌៈ១ វចីទណ្ឌៈ១ មនោទណ្ឌៈ១។ ម្នាលតបស្សី ចុះកាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង ឬក៏ដូចគ្នា។ អាវុសោគតោម កាយទណ្ឌៈផ្សេង វចីទណ្ឌៈផ្សេង មនោទណ្ឌៈផ្សេង មិនដូចគ្នាទេ។ ម្នាលតបស្សី បណ្តាទណ្ឌៈទាំង៣នេះ ដែលអ្នកចែកហើយយ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវ​ទណ្ឌៈណា ដែលមានទោសធំជាង​គេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម កាយទណ្ឌៈ ឬវចីទណ្ឌៈ ឬមនោទណ្ឌៈ។ អាវុសោគោតម បណ្តាទណ្ឌៈទាំង៣នេះ ដែលខ្ញុំព្រះអង្គ​ចែក​ហើយ​យ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ និគន្ថនាដបុត្ត តែងបញ្ញត្តនូវកាយ​ទណ្ឌៈ ថាមានទោស​ធំ​ជាង​គេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តទៅនៃ​បាបកម្ម មិនបញ្ញត្តនូវវចីទណ្ឌៈ និងមនោទណ្ឌៈ ថាមានទោសធំដូច្នោះទេ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ម្នាលតបស្សី អ្នកនិយាយថា កាយទណ្ឌៈ ដូច្នេះឬ។ អាវុសោគោតម ខ្ញុំព្រះអង្គ និយាយថា កាយទណ្ឌៈ ដូច្នេះ។ ព្រះមានព្រះភាគ ទ្រង់ញុំាង​ទីឃតបស្សីនិគ្រន្ថ ឲ្យឋិតនៅនឹងក្នុងកថាវត្ថុនេះ ជាគំរប់៣ដង ដោយប្រការដូច្នេះ។

[៦៤] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទីឃតបស្សីនិគ្រន្ថ ក៏និយាយពាក្យនេះ នឹងព្រះមានព្រះភាគថា អាវុសោគោតម ព្រះអង្គទ្រង់បញ្ញត្តទណ្ឌៈ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃ​បាបកម្ម ថាមានប៉ុន្មាន។ ម្នាលតបស្សី តថាគត មិនធ្លាប់បញ្ញត្តនូវ​ទណ្ឌៈ ថាទណ្ឌៈដូច្នេះទេ ម្នាលតបស្សី តថាគត ធ្លាប់បញ្ញត្តតែកម្ម ថាកម្មប៉ុណ្ណោះឯង។ អាវុសោគោតម ចុះព្រះអង្គ ទ្រង់បញ្ញត្តកម្ម មានប៉ុន្មាន ក្នុងការធ្វើបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមានប៉ុន្មាន។ ម្នាលតបស្សី តថាគតបញ្ញត្តនូវកម្ម ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ថាមាន៣យ៉ាង គឺកាយកម្ម១ វចីកម្ម១ មនោកម្ម១។ អាវុសោគោតម ចុះកាយកម្មផ្សេង វចីកម្មផ្សេង មនោកម្មផ្សេង ឬអ្វី។ ម្នាលតបស្សី កាយកម្មផ្សេង វចីកម្មផ្សេង មនោកម្ម​ផ្សេង។ អាវុសោគោតម បណ្តាកម្មទាំង៣នេះ ដែលព្រះអង្គចែកហើយយ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ ព្រះអង្គទ្រង់បញ្ញត្តកម្មណា ថាមានទោសធំជាង​គេ ក្នុងការធ្វើនូវ​បាបកម្ម ក្នុងការប្រព្រឹត្តិ​ទៅ នៃ​បាបកម្ម តើកាយកម្ម ឬវចីកម្ម ឬក៏មនោកម្ម។ ម្នាលតបស្សី បណ្តាកម្មទាំង៣នេះ ដែលតថាគត ​ចែក​ហើយ​យ៉ាងនេះ ញែក​ហើយ​យ៉ាងនេះ តថាគតបញ្ញត្តមនោកម្ម ថាមានទោស​ធំ​ជាង​គេ ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិ​ទៅ នៃ​​បាបកម្ម មិនបញ្ញត្តនូវកាយកម្ម និងវចីកម្ម ថាមានទោសធំទេ។ អាវុសោគោតម ព្រះអង្គថា មនោកម្មឬ។ ម្នាលតបស្សី តថាគតថា មនោកម្ម។បេ។ អាវុសោគោតម ព្រះអង្គថា មនោកម្មឬ។ ម្នាលតបស្សី តថាគតថា មនោកម្ម។ ទីឃតបស្សីនិគ្រន្ថ ញុំាង​ព្រះមានព្រះភាគ ឋិតនៅនឹងក្នុងកថាវត្ថុនេះ ដរាប៣ដង ដោយប្រការ​ដូច្នេះ ហើយក្រោក​ចាកអាសនៈ ចូលទៅរក​និគន្ថនាដបុត្ត។

[៦៥] សម័យនោះឯង ​និគន្ថនាដបុត្ត កំពុងអង្គុយ​ជាមួយនឹង​គិហិបរិស័ទជាច្រើន អ្នកនៅក្នុងស្រុកពាលកៈ មានឧបាលិគហបតីជាប្រធាន។ ​និគន្ថនាដបុត្ត បានឃើញ​ទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏និយាយនឹងទីឃតបស្សីនិគ្រន្ថ ដោយពាក្យដូច្នេះថា តបស្សី ចុះអ្នកឯងទើបមកពីណា ទាំងថ្ងៃម្ល៉េះ។10) ទីឃតបស្សីតបថា បពិត្រលោកដ៏ចំរើន ខ្ញុំមកអំពីសំណាក់​ព្រះសមណគោតមឯណោះ។ ​និគន្ថនាដបុត្តសួរថា នែតបស្សី ចុះអ្នក​មានកថា​សល្លាបៈ​បន្តិចបន្តួច11) ជាមួយនឹងព្រះសមណគោតមដែរឬ។ បពិត្រលោកដ៏​ចំរើន ខ្ញុំមានកថាសល្លាបៈ បន្តិចបន្តួចជាមួយនឹង​ព្រះសមណគោតម​ដែរ។ នែតបស្សី អ្នកមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងព្រះសមណគោតម តើដូចម្តេច។ ទើបទីឃតបស្សីនិគ្រន្ថ ក៏រៀបរាប់កថាសល្លាបៈ ជាមួយនឹង​ព្រះមានព្រះភាគ ទាំងអស់​ ដល់​និគន្ថនាដបុត្ត។ កាលបើទីឃតបស្សីនិគ្រន្ថ និយាយយ៉ាងនេះហើយ ​និគន្ថនាដបុត្ត និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា នែតបស្សី ពីរោះណាស់ ៗ សាវ័កដែលជាអ្នក​ចេះដឹង អាចដឹងច្បាស់សាសនារបស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះយ៉ាងណា ទីឃតបស្សីនិគ្រន្ថ បានព្យាករ ចំពោះព្រះសមណគោតម ក៏យ៉ាងនោះឯង ក៏មនោទណ្ឌៈ ជាសភាវៈថោកថយ យកមកប្រៀបធៀបនឹង​កាយទណ្ឌៈ ដ៏ថ្លៃថ្លានេះឲ្យវិសេស​វិសាល​ជាង យ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈហ្នឹងឯង ជារបស់មានទោសធំជាង ក្នុងការធ្វើ​នូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅនៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ។

[៦៦] កាលបើ​និគន្ថនាដបុត្ត និយាយយ៉ាងនេះហើយ ទើបឧបាលិគហបតី និយាយនឹង​និគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន ទីឃតបស្សី និយាយពាក្យ​នេះ ពីរោះណាស់ ៗ សាវ័កដែលជាអ្នក​ចេះដឹង អាចដឹងច្បាស់នូវសាសនា របស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះយ៉ាងណា ទីឃតបស្សីដ៏ចំរើន បានព្យាករ ចំពោះ​ព្រះសមណ​គោតម យ៉ាងនោះឯង ក៏មនោទណ្ឌៈ ជារបស់ថោកថយ យកមកប្រៀបធៀបនឹង​កាយទណ្ឌៈ ដ៏ថ្លៃថ្លានេះ ឲ្យវិសេស​វិសាល​ជាង យ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈ​ហ្នឹង​ឯង ជាសភាវៈមានទោសធំជាង ក្នុងការធ្វើ​នូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ក្នុងកថាវត្ថុនេះ បើសមណគោតម នឹងតាំងពាក្យឲ្យនៅនឹងដូចដែល ចំពោះខ្ញុំ ដូចកាលដែលតបស្សីដ៏ចំរើន ឲ្យតាំងនៅ​ដូច្នោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ចាប់សត្វចៀម ដែលមានរោមវែង ត្រង់រោម ហើយទាញ​កន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងទាញកន្ត្រាក់ គ្រវាត់គ្រវែង នូវវាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកធ្វើការងារក្នុង​ផ្ទះសុរា ដាក់ចុះកន្ទេលសម្រាប់ដាក់នូវម្សៅ ក្នុងផ្ទះធ្វើសុរា ក្នុងអន្លង់ទឹកជ្រៅ ហើយចាប់​ត្រង់ជាយ ទាញកន្ត្រាក់ គ្រវាត់គ្រវែង ដូច្នោះឯង ពុំនោះ ខ្ញុំនឹងផ្កាប់ចុះ ផ្ងារឡើង បោះចោល នូវ​វាទៈ ដោយវាទៈ ចំពោះសមណគោតម ដូចជាបុរស អ្នកមានកំឡាំង ជាអ្នកលេងសុរា ចាប់ថាសត្រង់​កណ្តាប់មាត់ ផ្កាប់ចុះ ផ្ងារឡើង បោះចោល ដូច្នោះឯង ពុំនោះសោត ខ្ញុំនឹងលេង​នូវ​ព្រះសមណគោតម ដូចគេលេងនូវ​ល្បែងលាងសម្បកធ្មៃ ដូចជាដំរី ដែលមានអាយុ​៦០ឆ្នាំ ចុះកាន់ស្រះដ៏ជ្រៅ ហើយលេងល្បែង​លាងសម្បកធ្មៃ ដូច្នោះឯង បពិត្រលោក​ដ៏​ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅលើកឡើងនូវវាទៈ របស់ព្រះសមណ​គោតម ក្នុងកថាវត្ថុនេះ។ ម្នាលគហបតី អ្នកចូរទៅលើកឡើងនូវវាទៈ របស់ព្រះសមណ​គោតម ក្នុងកថាវត្ថុនេះ ម្នាលគហបតី ឬអាត្មា គប្បី​លើក​ឡើងនូវវាទៈ របស់ព្រះសមណ​គោតមក៏បាន ទីឃតបស្សីនិគ្រន្ថ ក៏បាន អ្នកឯងក៏បានដែរ។

[៦៧] កាលបើនិគន្ថនាដបុត្ត និយាយយ៉ាងនេះហើយ ទើប​ទីឃតបស្សីនិគ្រន្ថ និយាយ​នឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី គប្បី​លើក​ឡើង​នូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំឡើយ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹង​នូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ និគន្ថនាដបុត្ត និយាយថា ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូល​ជាសាវ័ក របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែន​ជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរ​ទៅលើក​ឡើង​នូវវាទៈ របស់​ព្រះសមណគោតម ក្នុងកថាវត្ថុនោះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើក​ឡើងនូវវាទៈ របស់​ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯង​ក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់ពីរដងទៀតថា បពិត្រ​លោកដ៏​ចំរើន ឧបាលិគហបតី គប្បីលើកឡើង​នូវវាទៈ របស់​ព្រះសមណគោតម ដោយហេតុណា ហេតុនោះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ​ព្រះសមណគោតម ជាអ្នក​មាន​កិច្ចកល តែងដឹង​នូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូល​ជាសាវ័ក របស់សមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែន​ជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនោះ ទើបជាទីតាំងមានមែន ម្នាលគហបតី អ្នកចូរ​ទៅលើក​ឡើង​នូវវាទៈ របស់​ព្រះសមណ​គោតម ក្នុងកថាវត្ថុនេះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើក​ឡើងនូវវាទៈ របស់​ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯង​ក៏បាន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្តដូច្នេះ ជាគំរប់៣ដងទៀតថា បពិត្រ​លោកដ៏​ចំរើន ឧបាលិ​គហបតី គប្បីលើកឡើង​នូវវាទៈ របស់​ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ​ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹង​នូវកិច្ចកលសម្រាប់បោកប្រាស់ តែងបោកប្រាស់ នូវពួកសាវ័ក របស់អន្យតិរ្ថិយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូល​ជាសាវ័ក របស់ព្រះសមណគោតម ដោយ​ហេតុ​ណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែន​ជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទី​តាំង​មានមែន ម្នាលគហបតី អ្នកចូរ​ទៅលើក​ឡើង​នូវវាទៈ របស់​ព្រះសមណគោតម ក្នុង​កថា​វត្ថុ​នេះចុះ ម្នាលគហបតី ឬអាត្មាគប្បីលើក​ឡើងនូវវាទៈ របស់​ព្រះសមណគោតមក៏បាន ទីឃតបស្សីនិគ្រន្ថក៏បាន អ្នកឯង​ក៏បាន។

[៦៨] ឧបាលិគហបតី ទទួលពាក្យរបស់និគន្ថនាដបុត្តថា អើ លោកម្ចាស់ ហើយក្រោកចាកទីអង្គុយ សំពះនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូល​ទៅរក​ព្រះមានព្រះភាគ ក្នុងបាវារិកម្ពវ័ន លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះឧបាលិគហបតី អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះឬទេ។ ម្នាលគហបតី ទីឃតបស្សីនិគ្រន្ថ បានមកក្នុងទីនេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹងទីឃតបស្សី​និគ្រន្ថដែរឬ។ ម្នាលគហបតី តថាគត មានកថាសល្លាបៈបន្តិចបន្តួច ជាមួយនឹង​ទីឃតបស្សីនិគ្រន្ថដែរ។ បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គមាន​កថាសល្លាបៈ​បន្តិច​បន្តួច ជាមួយនឹងទីឃតបស្សី​និគ្រន្ថ ដូចម្តេច។ ទើបព្រះមានព្រះភាគ ទ្រង់រៀបរាប់​កថាសល្លាបៈ ជាមួយនឹងទីឃតបស្សីនិគ្រន្ថទាំងអស់នោះ ប្រាប់ដល់​ឧបាលិគហបតី។ កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ទើបឧបាលិគហបតី ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ទីឃតបស្សីនិគ្រន្ថ និយាយពាក្យនេះពីរោះណាស់ៗ សាវ័កដែលជាអ្នកចេះដឹង អាចដឹងច្បាស់នូវសាសនា របស់គ្រូដោយប្រពៃ ហើយព្យាករពាក្យនោះ យ៉ាងណា ទីឃតបស្សីនិគ្រន្ថ ព្យាករ ចំពោះ​ព្រះមានព្រះភាគយ៉ាងនោះដែរ មនោទណ្ឌៈ ជាសភាវៈថោកថយ យកមកប្រៀបធៀប​នឹងកាយទណ្ឌៈ ដ៏ថ្លៃថ្លានេះ ឲ្យវិសេសវិសាលជាងយ៉ាងនេះ ដូចម្តេចបាន គឺកាយទណ្ឌៈ ហ្នឹងឯង ជាសភាវៈមានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃ​បាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោសធំដូច្នោះក៏ទេ។ ម្នាលគហបតី បើអ្នកឯង​គប្បីឋិតនៅក្នុងពាក្យសច្ចៈហើយប្រឹក្សាគ្នា កថាសល្លាបៈរបស់យើង គប្បីមានក្នុងហេតុ​នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈ ប្រឹក្សាគ្នា កថាសល្លាបៈ​របស់យើង ចូរមានក្នុងដំណើរនេះ។

[៦៩] ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ មានអាពាធ មានទុក្ខ មានជម្ងឺធ្ងន់ ហាមបង់ទឹកត្រជាក់12) ប្រើប្រាស់តែទឹកក្តៅ កាលបើនិគ្រន្ថនោះ មិនបានទឹក​ត្រជាក់ ក៏ធ្វើមរណកាលទៅ ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវកំណើតរបស់​និគ្រន្ថ​នេះ ក្នុងភពណា។ បពិត្រព្រះអង្គដ៏ចំរើន មានពួកទេវតាឈ្មោះ មនោសត្ត13) ឯនិគ្រន្ថនោះ ក៏ទៅកើតក្នុងពួកទេវតានោះ សេចក្តីនោះ ព្រោះ​ហេតុអ្វី បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា និគ្រន្ថនោះ ជាអ្នកជាប់ចំពាក់ក្នុងចិត្ត ធ្វើមរណ​កាលទៅ។ ម្នាលគហបតី គហបតី អ្នកចូរធ្វើទុកក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើ​ទុក​ក្នុងចិត្ត ព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែល​អ្នកនិយាយហើយ ជាពិតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈហើយ ប្រឹក្សាគ្នា កថាសល្លាបៈ​របស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាងនេះក៏ពិតមែន តែថា កាយទណ្ឌៈហ្នឹងឯង មានទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ។

[៧០] ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច និគ្រន្ថក្នុងលោកនេះ សង្រួម ដោយការសង្រួម៤ចំណែក14) ហាមឃាត់ ដោយការហាមឃាត់បាបទាំងអស់ ប្រកបដោយ​ការ​ហាមឃាត់​បាបទាំងអស់ ជាអ្នកកំចាត់បាប ដោយការហាមឃាត់បាបទាំងអស់ ជាអ្នក​ប៉ះ​ពាល់ ដោយការហាមឃាត់បាបទាំងអស់ និគ្រន្ថនោះ កាលដែលដើរ ឈានទៅមុខ ឈាន​ថយ ក៏ញុំាងសត្វតូចៗជាច្រើន ឲ្យដល់នូវសេចក្តី​វិនាស ម្នាលគហបតី និគន្ថនាដបុត្ត បញ្ញត្តនូវវិបាក នៃកម្មនេះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និគន្ថនាដបុត្ត មិនបញ្ញត្តនូវ​កម្ម ដែលមិនមានចេតនា ថាមានទោសធំទេ។ ម្នាលគហបតី ចុះបើបុគ្គល​មានចេតនា​វិញ។ បពិត្រព្រះអង្គដ៏ចំរើន កម្មនោះមានទោសធំ។ ម្នាលគហបតី ចុះនិគន្ថនាដបុត្ត បញ្ញត្តនូវ​ចេតនាក្នុងចំណែកណា។ បពិត្រព្រះអង្គដ៏ចំរើន ក្នុងមនោទណ្ឌៈ។ ម្នាលគហបតី អ្នកចូរធ្វើ​ទុក​ក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នកធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ (តែថា) ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី ពាក្យនេះ ដែល​អ្នកនិយាយជាពិតថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងឋិតនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈ​របស់យើង ចូរមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់​យ៉ាង​នេះ​ក៏ពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង នៅតែមានទោសធំជាង ក្នុងការធ្វើ​នូវ​បាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និងមនោទណ្ឌៈ នឹងមានទោស​ធំដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះ ថាដូចម្តេច ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួន​ផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផង មែនឬទេ។ ព្រះករុណាព្រះអង្គ ស្រុកនាលន្ទានេះ ស្តុកស្តម្ភមាំមួន​ផង ទូលាយផង មានជនជាច្រើន មានមនុស្សកុះករផង​មែន។ ម្នាលគហបតី អ្នកសំគាល់នូវហេតុនោះថាដូចម្តេច មានបុរសម្នាក់ ងាដាវ ដើរមក​ក្នុងស្រុកនាលន្ទានេះ បុរសនោះ និយាយយ៉ាងនេះថា សត្វទាំងឡាយ ក្នុងស្រុកនាលន្ទានេះ មានចំនួនប៉ុន្មាន អាត្មាអញ នឹងធ្វើសត្វទាំងនោះ ឲ្យជាលាន​នៃសាច់តែមួយ ឲ្យជាគំនរនៃសាច់តែមួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុរសនោះ អាចនឹងធ្វើសត្វទាំងឡាយ ក្នុងក្រុងនាលន្ទានេះ មានចំនួន​ប៉ុន្មាននេះ ឲ្យជាលាន​នៃសាច់តែមួយ ឲ្យជាគំនរនៃ​សាច់​តែ​មួយ តែមួយរំពេច តែមួយស្របក់ប៉ុណ្ណោះ បានឬទេ។ បពិត្រព្រះអង្គដ៏ចំរើន បុរស១០នាក់ក្តី ២០នាក់ក្តី ៣០នាក់ក្តី ៤០នាក់ក្តី បុរស៥០នាក់ក្តី ក៏មិនអាចនឹង​ធ្វើសត្វ ក្នុងស្រុកនាលន្ទានេះ ទាំងអម្បាលម៉ាននោះ ឲ្យជាលាន​នៃសាច់តែមួយ ឲ្យជាគំនរ​នៃសាច់​តែមួយ តែមួយរំពេច តែមួយស្របក់បាន​ឡើយ ចំណង់បើបុរស​កំសោយ​តែម្នាក់ នឹងអាចធ្វើឲ្យវេសេសវិសាល ដូចម្តេចបាន។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវ​សេចក្តីស្ទាត់ជំនាញ ក្នុងចិត្ត ដើរមកក្នុងស្រុកនាលន្ទានេះ បុគ្គលនោះ និយាយយ៉ាងនេះថា អញនឹងធ្វើ​ស្រុក​នាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច បុគ្គល​ជា​សមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវការស្ទាត់ជំនាញ ក្នុងចិត្តនោះ អាចនឹងធ្វើ​ស្រុក​នាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តង បានឬទេ។ បពិត្រព្រះអង្គ​ដ៏​ចំរើន ស្រុកនាលន្ទា១០ក្តី ស្រុកនាលន្ទា២០ក្តី ស្រុកនាលន្ទា៣០ក្តី ស្រុកនាលន្ទា៤០ក្តី ស្រុកនាលន្ទា៥០ក្តី ក៏បុគ្គលជាសមណៈ ឬព្រាហ្មណ៍ ជាអ្នកមានឫទ្ធិ ដល់នូវ​សេចក្តីស្ទាត់ជំនាញក្នុងចិត្តនោះ អាចដើម្បីធ្វើ​ស្រុក​នាលន្ទានេះ ឲ្យទៅជាផេះ ដោយចិត្តប្រទូស្តតែម្តងបាន ដ្បិតស្រុកនាលន្ទាតូចមួយ នឹង​អាចទប់ទល់ដូចម្តេចបាន។ ម្នាលគហបតី អ្នកចូរធ្វើ​ទុក​ក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នក​ធ្វើទុកក្នុងចិត្តរួចហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ ​អ្នកបាននិយាយរួចហើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈ ហើយប្រឹក្សាគ្នា កថាសល្លាបៈ​​របស់យើង សូមមានក្នុងដំណើរនេះ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់​​យ៉ាង​នេះ​ពិតមែនហើយ តែថា កាយទណ្ឌៈហ្នឹងឯង ក៏នៅតែ​មាន​ទោសធំជាង ក្នុងការធ្វើនូវបាបកម្ម ក្នុងការប្រព្រឹត្តិទៅ នៃបាបកម្ម ឯវចីទណ្ឌៈ និង​មនោទណ្ឌៈ នឹងមានទោស​ដូច្នោះក៏ទេ។ ម្នាលគហបតី អ្នកសំគាល់ហេតុនោះ ថាដូចម្តេច អ្នកបានឮថា ព្រៃទណ្ឌកី15) ព្រៃកាលិង្គៈ16) ព្រៃមេជ្ឈា17) និងព្រៃមាតង្គៈ18) ជាព្រៃទទេ ជាព្រៃសុទ្ធឬទេ។ ព្រះករុណាព្រះអង្គ ខ្ញុំព្រះអង្គ បានឮថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈ ជាព្រៃទទេ ជាព្រៃសុទ្ធ។ ម្នាលគហបតី អ្នកសំគាល់​ហេតុនោះ ថាដូចម្តេច អ្នកបានឮដូចម្តេច ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ដោយហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនេះ ខ្ញុំព្រះអង្គ ឮមកថា ព្រៃទណ្ឌកី ព្រៃកាលិង្គៈ ព្រៃមេជ្ឈា និងព្រៃមាតង្គៈនោះ ជាព្រៃទទេ ជាព្រៃសុទ្ធ ព្រោះចិត្តប្រទូស្តនឹងឥសី។ ម្នាលគហបតី អ្នកចូរធ្វើ​ទុក​ក្នុងចិត្តចុះ ម្នាលគហបតី លុះអ្នក​ធ្វើទុកក្នុងចិត្តហើយ ចូរព្យាករចុះ ពាក្យចុងរបស់អ្នក មិនតគ្នានឹងពាក្យដើម ឬពាក្យដើម​ មិនតគ្នា​នឹងពាក្យចុងសោះឡើយ ម្នាលគហបតី វាចានេះ ​អ្នកបាននិយាយរួចហើយថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ នឹងតាំងនៅក្នុងពាក្យសច្ចៈប្រឹក្សាគ្នា កថាសល្លាបៈ​​របស់យើង ចូរមានក្នុងដំណើរនេះ។

[៧១] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គត្រេកអរ រីករាយ ដោយពាក្យឧបមា​ខាងដើម របស់ព្រះមានព្រះភាគ តែថា ខ្ញុំព្រះអង្គ មានប្រាថ្នានឹងស្តាប់ នូវបញ្ហាព្យាករណ៍​ ដ៏វិចិត្តនេះ របស់ព្រះមាន​ព្រះភាគ កាលពីដើម ខ្ញុំព្រះអង្គ បានសំគាល់ នូវព្រះមានព្រះភាគ ថាជាបុគ្គលគួរធ្វើ​ឲ្យជាសត្រូវយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់​ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ភាសិតរបស់ព្រះអង្គពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះមានព្រះភាគ សំដែងហើយ ដោយអនេកបរិយាយ ភ្លឺច្បាស់ណាស់ ដូចជាបុរស បើករបស់ ដែល​គេ​ផ្កាប់​ចុះ ឲ្យផ្ងារឡើង ឬក៏ដូចជាបុរសបើកបង្ហាញរបស់ ​ដែល​លាក់បិទបាំង ពុំនោះ ដូចជាបុរស ប្រាប់ផ្លូវដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាបុរសកាន់ប្រទីប បំភ្លឺ ក្នុង​ទីងងឹត ដោយគិតថា មនុស្សអ្នកមានចក្ខុ តែងមើលរូបទាំងឡាយបាន បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

[៧២] ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដដូចជាខ្លួនអ្នក ជាការប្រពៃពេក។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ការពិចារណារឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដដូចជាខ្លួនអ្នក ជាការប្រពៃពេក ដូច្នេះ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយ​ហួសប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន បើពួកអន្យតិរ្ថិយ បានខ្ញុំព្រះអង្គ​ជាសាវ័កហើយ គប្បីលើកឡើង​នូវទង់សំពត់ ក្នុងស្រុកនាលន្ទាទាំងអស់ ដោយអំណរថា ឧបាលិគហបតី ចុះចូល​មកជាសាវ័ក របស់ពួកយើងហើយ សមដូច​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះ នឹង​ខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកចូរធ្វើនូវការពិចារណារឿយៗចុះ ដ្បិតការពិចារណា​រឿយៗ របស់មនុស្ស ដែលគេស្គាល់ប្រាកដ ដូចជាខ្លួនអ្នក ជាការប្រពៃពេក បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក ជាគំរប់ពីរដងផង សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះជាដើម។

[៧៣] ម្នាលគហបតី អ្នកសំគាល់បិណ្ឌបាត ថាជារបស់​គួរឲ្យដល់ពួកនិគ្រន្ថនោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះ របស់អ្នក តាំងនៅដូចជាអណ្តូង នៃពួក​និគ្រន្ថ ជាយូរអង្វែងមកហើយ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាង​នេះ នឹងខ្ញុំព្រះអង្គថា ម្នាលគហបតី អ្នកសំគាល់នូវបិណ្ឌបាត ថាជារបស់​គួរឲ្យដល់ពួកនិគ្រន្ថ​នោះ ដែលចូលមកក្នុងត្រកូលណា ត្រកូលនោះរបស់អ្នក តាំងនៅដូចជាអណ្តូង នៃពួក​និគ្រន្ថ ជាយូរអង្វែងមកហើយ ដោយពាក្យណា ខ្ញុំព្រះអង្គ មានចិត្តត្រេកអរ រីករាយ​ហួស​ប្រមាណ ដោយពាក្យនេះ របស់ព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​ឮ​ពាក្យ ដូច្នេះថា ព្រះសមណគោតម សំដែងយ៉ាងនេះថា បុគ្គលគួរតែឲ្យទាន ដល់​តថាគត មិនគួរឲ្យទាន ដល់​ពួកជនដទៃឡើយ គួរតែឲ្យទាន ដល់ពួក​សាវ័ក របស់​តថាគត មិនគួរឲ្យទាន ដល់ពួកសាវ័ក របស់គ្រូដទៃឡើយ ទានដែលបុគ្គលឲ្យហើយ ដល់​តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់គ្រូដទៃ មិនមានផលច្រើនទេ ទាន​ដែលបុគ្គល​ឲ្យ ដល់ពួកសាវ័ករបស់តថាគត ទើបមានផលច្រើន ទានដែលបុគ្គលឲ្យហើយ ដល់ពួកសាវ័ករបស់គ្រូដទៃ មិនមានផលច្រើនទេ ក៏ប៉ុន្តែ ព្រះមានព្រះភាគ ទ្រង់ណែនាំខ្ញុំព្រះអង្គ ឲ្យធ្វើទាន ដល់ពួកនិគ្រន្ថដែរ បពិត្រព្រះអង្គ​ដ៏ចំរើន មួយយ៉ាងទៀត យើងនឹងដឹងនូវកាលគួរ ក្នុងដំណើរនេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុ​សង្ឃផង ជាទីពឹង ទីរលឹក ជាគំរប់៣ដងផង សូម​ព្រះមានព្រះភាគ ទ្រង់ជ្រាប​នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវសរណគមន៍ ស្មើដោយជីវិត ក្នុងថ្ងៃនេះ​ជាដើម។

[៧៤] គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែង​នូវ​អនុបុព្វីកថា គឺទ្រង់​ប្រកាស​ទាន​កថា សីលកថា សគ្គកថា និងទោសនៃកាមទាំងឡាយ ជាទោសដ៏លាមកសៅហ្មង និង​អានិសង្ស ក្នុងការចេញចាកកាម ដល់ឧបាលិគហបតី។ កាលដែល​ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវឧបាលិគហបតីថា មានចិត្តស្រួល មានចិត្តទន់ មានចិត្តប្រាសចាកនីវរណៈ មានចិត្តខ្ពស់ឡើង មានចិត្តជ្រះថ្លា ក៏ព្រះអង្គ ទ្រង់សំដែងធម៌ទេសនា ដែល​ព្រះពុទ្ធ​ទាំងឡាយ ទ្រង់លើកឡើងសំដែង ដោយព្រះអង្គឯង គឺទុក្ខសច្ច សមុទយសច្ច និរោធសច្ច មគ្គសច្ច។ ធម្មតា សំពត់ស្អាត ប្រាសចាកវត្ថុមានពណ៌ខ្មៅ គួរទទួលទឹកជ្រលក់ ដោយល្អបាន មានឧបមាដូចម្តេចមិញ​ ធម្មចក្ខុ គឺសោតាបត្តិមគ្គ ដ៏ប្រាសចាក​ធូលី ប្រាសចាកមន្ទិល ក៏កើតឡើងដល់ឧបាលិគហបតី ក្នុងកន្លែងអង្គុយនោះឯងថា ធម្មជាតណានីមួយ ដែលកើតឡើងជាធម្មតា ធម្មជាតទាំងអស់នោះ ក៏រលត់ទៅវិញ​ជាធម្មតា មានឧបមេយ្យដូច្នោះឯង។ គ្រានោះ ឧបាលិគហបតី បានឃើញ​អរិយសច្ចធម៌​ហើយ បានដល់នូវអរិយសច្ចធម៌ហើយ បានដឹងច្បាស់នូវអរិយសច្ចធម៌ហើយ បានឈាន​ចុះកាន់អរិយសច្ចធម៌ហើយ ឆ្លងផុតសេចក្តីសង្ស័យ មិនមានងឿងឆ្ងល់ ដល់នូវ​សេចក្តី​ក្លៀវក្លា មិនជឿបុគ្គលដទៃ ក្នុងសាសនារបស់ព្រះសាស្តា ទើបក្រាបបង្គំទូល​ព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ណ្ហើយចុះ ខ្ញុំព្រះអង្គ នឹងទៅក្នុងកាល​ឥឡូវនេះ ព្រោះខ្ញុំព្រះអង្គ មានកិច្ចច្រើន មានការងារច្រើន។ ម្នាលគហបតី អ្នកសំគាល់​នូវ​កាលដ៏សមគួរ នឹងទៅឥឡូវនេះចុះ។

[៧៥] គ្រានោះ ឧបាលិគហបតី ក៏ត្រេកអរ រីករាយ នឹងភាសិតរបស់​ព្រះមាន​ព្រះភាគ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ហើយធ្វើប្រទក្សិណ ដើរចូលទៅកាន់លំនៅ​របស់ខ្លួន លុះចូលទៅដល់ហើយ ក៏ហៅ​អ្នករក្សាទ្វារ មកប្រាប់ថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ ពីថ្ងៃនេះជាដើមរៀងទៅ ខ្ញុំ​បិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី មិនបានបិទទ្វាររបស់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បើមាន​និគ្រន្ថណាមួយ មកដល់ អ្នកគប្បីនិយាយយ៉ាងនេះ នឹងគេថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងតទៅ ឧបាលិគហបតីចុះចូល​ជាសាវ័ក របស់ព្រះសមណគោតមហើយ បិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី​ហើយ ប៉ុន្តែមិនបិទទ្វារចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមឈប់នៅទីនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ត្រឹមទីនេះឯង។ អ្នករក្សាទ្វារ ក៏ទទួល​ពាក្យរបស់​ឧបាលិ​គហបតី ដោយពាក្យថា បាទ អ្នកដ៏ចំរើន។

[៧៦] ទីឃតបស្សីនិគ្រន្ថ បានឮដំណឹងថា ឧបាលិគហបតី ចុះចូលជាសាវ័ក របស់​ព្រះសមណគោតមហើយ។ ទើបទីឃតបស្សីនិគ្រន្ថ ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបាន​ឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ និគន្ថនាដបុត្តតបថា នែតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក នៃ​ព្រះសមណ​គោតម​ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូល​ជាសាវ័ក របស់ឧបាលិគហបតី ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ ក៏និយាយនឹង​និគន្ថនាដបុត្ត ជាគំរប់ពីរដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបាន​ឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមហើយ។ និគន្ថនាដបុត្តតបថា នែតបស្សី ឧបាលិគហបតី គប្បីចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតម​ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណគោតម គប្បីចុះចូល​មកជាសាវ័ក របស់ឧបាលិគហបតីវិគ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹង​និគន្ថនាដបុត្ត ជាគំរប់៣ដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ខ្ញុំបាន​ឮដំណឹងដូច្នេះថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតម​ហើយ។ នែតបស្សី ឧបាលិគហបតី គប្បីចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតម​ ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូលមក​ជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។ ម្នាលតបស្សី អ្នកចូរទៅចុះ អ្នកចូរដឹងថា ឧបាលិគហបតី ចុះចូលទៅជាសាវ័ក របស់​ព្រះសមណ​គោតមមែន ឬមិនមែនទេ។

[៧៧] លំដាប់នោះ ទីឃតបស្សីនិគ្រន្ថ ក៏ចូលទៅកាន់ផ្ទះ​របស់ឧបាលិគហបតី។ អ្នករក្សាទ្វារ បានឃើញទីឃតបស្សីនិគ្រន្ថ ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏​និយាយនឹងទីឃតបស្សីនិគ្រន្ថដូច្នេះថា បពិត្រលោកដ៏ចំរើន លោកចូរឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូល​ជាសាវ័ក របស់​ព្រះសមណ​គោតមហើយ បិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងពួកនិគ្រន្ថស្រី​ មិនបាន​បិទទ្វារដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ​ឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមឈប់នៅត្រឹមនេះសិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ ទីឃតបស្សីនិយាយថា ម្នាលអាវុសោ យើងមិនត្រូវការដោយ​បិណ្ឌបាតទេ ហើយក៏ត្រឡប់មកអំពីទីនោះ ដើរចូលទៅរក​និគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ទើបនិយាយ​នឹងនិគន្ថនាដបុត្តដូច្នេះថា បពិត្រ​លោក​ដ៏ចំរើន ឧបាលិគហបតី ចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតមមែន​ហើយ បពិត្រលោកដ៏ចំរើន ខ្ញុំមិនបានជួប​នឹងឧបាលិគហបតីនុ៎ះ ដើម្បីលោកទេ បពិត្រលោកដ៏​ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយហេតុណា ហេតុនុ៎ះ ខ្ញុំមិនពេញចិត្តទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹងនូវកិច្ចកល​សម្រាប់បោកប្រាស់ តែងបោកប្រាស់នូវសាវ័ក របស់ពួក​អន្យតិរ្ថិយ បពិត្រលោកដ៏ចំរើន ព្រះសមណគោតម បោកប្រាស់នូវឧបាលិគហបតី របស់​លោកដោយកិច្ចកល សម្រាប់បោកប្រាស់បានទៅហើយ។ និគន្ថនាដបុត្ត និយាយតបថា ម្នាលទីឃតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតម ដោយហេតុណា ហេតុនុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូលជាសាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន។ ទីឃតបស្សីនិគ្រន្ថ និយាយនឹងនិគន្ថនាដបុត្ត ជាគំរប់ពីរដង ដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី ចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតមមែន​ហើយ បពិត្រលោកដ៏ចំរើន ខ្ញុំមិនបានជួប​នឹងឧបាលិគហបតីនុ៎ះ ដើម្បីលោកទេ បពិត្រ​លោកដ៏​ចំរើន ឧបាលិគហបតី គប្បីលើកឡើងនូវវាទៈ របស់ព្រះសមណគោតម ដោយ​ហេតុ​ណា ហេតុនុ៎ះ មិនពេញចិត្តខ្ញុំទេ បពិត្រលោកដ៏ចំរើន ព្រោះថា ព្រះសមណគោតម ជាអ្នក​មានកិច្ចកល តែងដឹងនូវកិច្ចកល​ សម្រាប់បោកប្រាស់ តែងបោកប្រាស់សាវ័ក របស់ពួក​អន្យតិរ្ថិយ បពិត្រលោកដ៏ចំរើន ព្រះសមណគោតម បោកប្រាស់ នូវឧបាលិ​គហបតី របស់​លោកដោយកិច្ចកលសម្រាប់បោកប្រាស់បានទៅហើយ។ ម្នាលតបស្សី ឧបាលិគហបតី គប្បីចុះចូលជាសាវ័ក របស់​ព្រះសមណ​គោតម ដោយហេតុណា ហេតុ​នុ៎ះ មិនមែនជាទីតាំង មិនមែនជាឱកាសឡើយ ឯព្រះសមណ​គោតម គប្បីចុះចូល​ជា​សាវ័ក របស់ឧបាលិគហបតីវិញ ដោយហេតុណា ហេតុនុ៎ះ ទើប​ជាទីតាំងមានមែន ម្នាលតបស្សី ណ្ហើយចុះ ខ្ញុំនឹងទៅត្រាតែដឹងដោយខ្លួនឯងថា ឧបាលិគហបតី ចុះចូលជា​សាវ័ក របស់ព្រះសមណគោតមមែន ឬក៏មិនមែនទេ។

[៧៨] លំដាប់នោះ និគន្ថនាដបុត្ត ជាមួយនឹងនិគន្ថបរិស័ទជាច្រើនរូប ចូលទៅ​កាន់ផ្ទះរបស់ឧបាលិគហបតី។ អ្នករក្សាទ្វារ​បានឃើញ និគន្ថនាដបុត្ត ដើរមកអំពីចម្ងាយ លុះឃើញហើយ ក៏​និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន សូម​លោក​ឈប់សិន កុំចូលទៅឡើយ ពីថ្ងៃនេះ ជាដើមរៀងទៅ ឧបាលិគហបតី ចុះចូល​ជាសាវ័ក របស់​ព្រះសមណ​គោតមហើយ បានបិទទ្វារ ចំពោះពួក​និគ្រន្ថបុ្រស និងនិគ្រន្ថស្រី​ មិន​បាន​​បិទទ្វារ ចំពោះពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា ជាសាវ័ក របស់ព្រះមានព្រះភាគ​ឡើយ បពិត្រលោកដ៏ចំរើន បើលោកត្រូវការដោយបិណ្ឌបាត សូមលោកឈប់នៅ​ត្រឹមទីនេះ​សិនចុះ ពួកជន នឹងនាំមកឲ្យលោក ក្នុងទីនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលអ្នករក្សាទ្វារ ជាសំឡាញ់ បើដូច្នោះ សូមអ្នកចូលទៅរក​ឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតីយ៉ាងនេះថា និគន្ថនាដបុត្ត ជាមួយ​នឹងនិគន្ថបរិស័ទជាច្រើនរូប មកឈរនៅខាងក្រៅក្លោងទ្វារ និគន្ថនាដបុត្តនោះ ចង់ជួបនឹង​អ្នក។ អ្នករក្សាទ្វារ ទទួលពាក្យរបស់​និគន្ថនាដបុត្តថា អើលោកម្ចាស់ ហើយចូលទៅរក​ឧបាលិគហបតី លុះចូលទៅដល់ហើយ ក៏និយាយនឹងឧបាលិគហបតី ដូច្នេះថា បពិត្រអ្នកដ៏ចំរើន និគន្ថនាដបុត្ត ជាមួយ​នឹងនិគន្ថបរិស័ទជាច្រើនរូប មកឈរនៅ​ខាង​ក្រៅ​ក្លោងទ្វារ និគន្ថនាដបុត្តនោះ ចង់ជួបនឹង​អ្នក។ ឧបាលិគហបតី ក៏និយាយថា ម្នាលអ្នក​រក្សា​ទ្វារ ជាសំឡាញ់ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ក្លោងទ្វារជាកណ្តាលចុះ។ អ្នករក្សាទ្វារ ទទួលពាក្យឧបាលិគហបតីថា អើអ្នកដ៏ចំរើន ក៏ក្រាលអាសនៈ ត្រង់ក្លោងទ្វារ​ជាកណ្តាល ហើយត្រឡប់ចូលទៅរកឧបាលិគហបតីវិញ លុះចូលទៅដល់ហើយ ក៏និយាយប្រាប់ឧបាលិគហបតីដូច្នេះថា បពិត្រអ្នកដ៏ចំរើន ខ្ញុំបានក្រាលអាសនៈ ត្រង់ក្លោង​ទ្វារជាកណ្តាលរួចហើយ សូមអ្នកសំគាល់នូវ​កាលដ៏សមគួរ នឹងអញ្ជើញ​ទៅឥឡូវ​នេះចុះ។ ទើបឧបាលិគហបតី ដើរចូលទៅកាន់ក្លោងទ្វារ ជាកណ្តាល លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ដោយខ្លួនឯង ហើយប្រាប់អ្នករក្សាទ្វារថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ បើដូច្នោះ ត្រូវអ្នកចូល​ទៅរក​ និគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្ត យ៉ាងនេះថា បពិត្រ​លោក​ដ៏ចំរើន ឧបាលិគហបតី បាននិយាយដូច្នេះថា បពិត្រលោកដ៏ចំរើន បើលោកចង់​ចូលទៅ​ ក៏ចូលទៅចុះ។ អ្នករក្សាទ្វារ ក៏ទទួលពាក្យឧបាលិគហបតីថា អើ​អ្នកដ៏ចំរើន ហើយក៏ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ក៏និយាយ​នឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏​ចំរើន ឧបាលិគហបតី បាននិយាយយ៉ាងនេះថា បពិត្រលោក​ដ៏ចំរើន បើលោកចង់ចូលទៅ ក៏ចូលទៅចុះ។ លំដាប់នោះ និគន្ថនាដបុត្ត ព្រមទាំង​និគន្ថ​បរិស័ទច្រើនរូប ក៏ចូលទៅកាន់ក្លោងទ្វារជាកណ្តាល។

[៧៩] កាលពីដើម បើឧបាលិគហបតី បានឃើញ​និគន្ថនាដបុត្ត មកអំពី​ចម្ងាយ ក្នុងកាលណា លុះឃើញហើយ ក៏ក្រោកទៅទទួល ក្នុងកាលនោះ ហើយយកសំពត់​បង់ក ជូតសំអាតអាសនៈដ៏ខ្ពង់ខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ហើយគ្រាហ៍ឡើងទៅអង្គុយ តែ​ពេលនេះ ឧបាលិគហបតីនោះ ត្រឡប់ទៅជាឡើងអង្គុយលើអាសនៈដ៏ខ្ពង់ខ្ពស់ ប្រសើរ ឧត្តម ថ្លៃថ្លាខ្លួនឯងវិញ ហើយក៏និយាយ​នឹងនិគន្ថនាដបុត្តថា នែគហបតីដ៏ចំរើន អាសនៈ​មានគ្រប់គ្រាន់ បើអ្នកត្រូវការ ចូរអង្គុយចុះ។ កាលបើឧបាលិគហបតី និយាយយ៉ាង​នេះហើយ និគន្ថនាដបុត្ត ក៏និយាយនឹងឧបាលិគហបតី ដូច្នេះវិញថា ម្នាលគហបតី អ្នកឆ្កួត​ទេឬ ម្នាលគហបតី អ្នកឯងលីលាទេឬ អ្នកនិយាយថា បពិត្រ​លោកដ៏​ចំរើន ខ្ញុំ​នឹងទៅលើកវាទៈ របស់ព្រះសមណគោតម លុះទៅហើយ ម្តេចឡើយ ក៏ត្រឡប់​ជាពាក់ឃ្នាប គឺវាទៈដ៏ធំលើក្បាលមកវិញ ម្នាលគហបតី ដូចជាបុរសនាំអណ្ឌៈដើរទៅ ក៏​ត្រឡប់នាំយកអណ្ឌៈ ដែលគេកាត់ចេញ ដើរមកវិញ ម្នាលគហបតី ពុំនោះសោត ដូចជា​បុរសនាំយកភ្នែក​ជាល្អដើរទៅ ត្រឡប់​នាំយកភ្នែកដែលគេឆ្កៀលចេញ ដើរមកវិញ ម្នាល​គហបតី អ្នកក៏យ៉ាងហ្នឹងដែរ និយាយថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹងទៅលើកវាទៈ របស់​ព្រះសមណគោតម លុះទៅដល់ហើយ ម្តេចឡើយ ក៏ត្រឡប់​ជាពាក់ឃ្នាប គឺវាទៈ ដ៏ធំ​លើក្បាល ដើរមកវិញ ម្នាលគហបតី អ្នកត្រូវព្រះសមណគោតម បោកប្រាស់ ដោយ​កល ជាគ្រឿងបោកប្រាស់ហើយ។

[៨០] បពិត្រលោកដ៏ចំរើន កលជាគ្រឿងបោកប្រាស់ ស្រួលពេកណាស់ បពិត្រលោកដ៏ចំរើន កលជាគ្រឿងបោកប្រាស់ ល្អពេកណាស់ បពិត្រលោកដ៏ចំរើន ញាតិ​សាលោហិតទាំងឡាយ ជាទីស្រឡាញ់របស់ខ្ញុំ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកប្រាស់នេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់ញាតិ និងសាលោហិត ដែលជាទីស្រឡាញ់ របស់ខ្ញុំ បពិត្រលោកដ៏ចំរើន ប្រសិនបើពួកក្សត្រទាំងអស់ គប្បីចាញ់បោកដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកក្សត្រទាំងអស់ បពិត្រលោកដ៏ចំរើន ប្រសិនបើពួកព្រាហ្មណ៍ទាំងអស់។បេ។ ពួកវេស្សៈ។បេ។ ពួកសុទ្ធៈ គប្បីចាញ់បោក​ដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់ពួកសុទ្ទៈទាំងអស់ បពិត្រលោកដ៏ចំរើន ប្រសិនបើលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស គប្បីចាញ់បោក​ដោយកល ជាគ្រឿងបោកនេះ ការចាញ់បោកនោះ នឹងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បី​សេចក្តីសុខ អស់កាលជាអង្វែង ដល់លោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ដល់សត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និង​មនុស្សដ៏សេស បពិត្រលោកដ៏ចំរើន ណ្ហើយចុះ ខ្ញុំនឹងធ្វើសេចក្តីឧបមាដល់លោក វិញ្ញូបុរស​ពួកមួយ ក្នុងលោកនេះ គង់ដឹងនូវសេចក្តីនៃភាសិត ដោយឧបមាខ្លះមិនខាន។

[៨១] បពិត្រលោកដ៏ចំរើន រឿងធ្លាប់មានមកហើយថា មានព្រាហ្មណ៍​ម្នាក់ ចាស់ព្រឹទ្ធា ជាធំដោយអាយុ បាននាងមាណវិកាក្រមុំជាប្រពន្ធ មានផ្ទៃពោះ ជិតដល់​កាលនឹងប្រសូត។ បពិត្រលោកដ៏ចំរើន គ្រានោះ នាងមាណវិកានោះ ក៏និយាយនឹង​ព្រាហ្មណ៍នោះ ដូច្នេះថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូនស្វាឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន កាលដែលនាងមាណវិកានិយាយ​យ៉ាងនេះ ព្រាហ្មណ៍នោះ ក៏និយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏ចំរើន នាងចូរបង្អង់ចាំ ទំរាំនាងប្រសូតសិន ម្នាលនាងដ៏ចំរើន បើនាងប្រសូតកុមារ សិម​អញទៅ​ទិញកូនស្វាឈ្មោលពីផ្សារ យកមកឲ្យនាង ដើម្បីឲ្យកុមាររបស់នាងលេង ម្នាលនាងដ៏​ចំរើន តែប្រសិនបើនាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បីឲ្យកុមារីរបស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹង​ព្រាហ្មណ៍នោះ ដូច្នេះជាគំរប់ពីរដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញកូន​ស្វា​ឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន ព្រាហ្មណ៍នោះ និយាយនឹងនាងមាណវិកានោះដូច្នេះ ជាគំរប់ពីរដងទៀតថា ម្នាលនាងដ៏ចំរើន ចូរនាង​បង្អង់ចាំ ទំរាំនាងប្រសូតសិន ម្នាលនាងដ៏ចំរើន បើនាងប្រសូតកុមារ សិម​អញទៅ​ទិញ​កូន​ស្វាឈ្មោលពីផ្សារ យកមកឲ្យនាង ដើម្បីឲ្យកុមាររបស់នាងលេង ម្នាលនាងដ៏​ចំរើន តែប្រសិនបើនាងប្រសូតកុមារី អញនឹងទៅទិញកូនស្វាញីពីផ្សារយកមកឲ្យនាង ដើម្បី​ឲ្យកុមារី​របស់នាងលេង។ បពិត្រលោកដ៏ចំរើន នាងមាណវិកានោះ និយាយនឹង​ព្រាហ្មណ៍នោះ ដូច្នេះ ជាគំរប់បីដងទៀតថា ម្នាលព្រាហ្មណ៍ អ្នកចូរទៅទិញ​កូន​ស្វា​ឈ្មោល ពីផ្សារយកមក ដើម្បីឲ្យកុមាររបស់ខ្ញុំលេង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះមានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះ​នាងមាណវិកានោះ ក៏ទៅទិញ​កូនស្វា​ឈ្មោលពីផ្សារ យកមក ហើយនិយាយដូច្នេះ នឹងនាងមាណវិកានោះថា ម្នាលនាងដ៏​ចំរើន កូនស្វាឈ្មោលនេះ អញបាន​ទៅទិញ​មកពីផ្សារ យកមកឲ្យ​នាងហើយ ដើម្បីឲ្យកុមាររបស់នាងលេង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយ​យ៉ាង​នេះហើយ នាងមាណវិកានោះ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍​នោះថា ម្នាលព្រាហ្មណ៍​ ចូរ​អ្នកនាំយកកូនស្វាឈ្មោលនេះ ដើរចូលទៅរក​រជកបុត្រ (កូនជាងជ្រលក់) ឈ្មោះ​រត្តបាណិ19) លុះចូលទៅដល់ហើយ ចូរនិយាយនឹងរត្តបាណីរជក​បុត្រ យ៉ាងនេះថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នក​យករង្គ20) ជាគ្រឿងលាបមានពណ៌លឿង មកជ្រលក់កូនស្វាឈ្មោលនេះ បោកគក់ឲ្យសព្វ ធ្វើឲ្យមានសម្បុរស្អាតទាំងពីរខាង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះ មានតម្រេក មានចិត្តប្រតិព័ទ្ធ ចំពោះ​នាងមាណវិកានោះ ក៏យកកូនស្វាឈ្មោល ចូលទៅរករត្តបាណីរជកបុត្រ លុះចូលទៅដល់ហើយ ក៏និយាយដូច្នេះ នឹងរត្តបាណីរជកបុត្រថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នក​យក​រង្គ ជាគ្រឿងលាប មានពណ៌លឿង មកជ្រលក់កូនស្វាឈ្មោលនេះឲ្យសព្វ ធ្វើឲ្យមានសម្បុរ​ស្អាតទាំងពីរខាង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ រត្តបាណីរជកបុត្រ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា នែអ្នកដ៏ចំរើន កូនស្វាឈ្មោល​របស់អ្នកនេះ គួរដល់គ្រឿងជ្រលក់ តែមិនគួរដល់ការបោកគក់ មិនគួរដល់ការ​ដុសខាត់​ឡើយ។ បពិត្រលោកដ៏ចំរើន វាទៈ របស់ពួកនិគ្រន្ថពាល គួរដល់​គ្រឿងជ្រលក់ របស់ពួក​ជនពាលបាន ប៉ុន្តែមិនគួរដល់​គ្រឿងជ្រលក់ របស់ពួកបណ្ឌិត ទាំងមិនគួរដល់​សេចក្តី​ព្យាយាម មិនគួរដល់ការដុសខាត់ចិត្តឡើយ យ៉ាងនោះឯង។ បពិត្រលោកដ៏ចំរើន គ្រានោះ ព្រាហ្មណ៍នោះ ក៏បានយកសំពត់ថ្មីមួយគូ ចូលទៅរករត្តបាណីរជកបុត្រ ក្នុងសម័យ​ជាខាងក្រោយ លុះចូលទៅដល់ហើយ ក៏និយាយដូច្នេះ នឹងរត្តបាណីរជកបុត្រថា ម្នាលរត្តបាណីជាសំឡាញ់ ខ្ញុំចង់ឲ្យអ្នកយករង្គ ជាគ្រឿង​លាប មានពណ៌លឿង មកជ្រលក់សំពត់ថ្មី១គូនេះ បោកគក់ឲ្យសព្វ ធ្វើឲ្យមានសម្បុរម៉ដ្ឋ ទាំងពីរខាង។ បពិត្រលោកដ៏ចំរើន កាលដែលព្រាហ្មណ៍និយាយយ៉ាងនេះហើយ រត្តបាណីរជកបុត្រ ក៏និយាយដូច្នេះ នឹងព្រាហ្មណ៍នោះថា នែអ្នកដ៏ចំរើន សំពត់ថ្មី១គូ របស់អ្នកនេះ គួរដល់គ្រឿងជ្រលក់ផង គួរដល់ការបោកគក់ផង គួរដល់ការ​ដុសខាត់ផង។​ បពិត្រលោកដ៏ចំរើន វាទៈ របស់ព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ គួរដល់​គ្រឿងជ្រលក់ របស់ពួកបណ្ឌិត គួរដល់សេចក្តីព្យាយាមផង គួរដល់​ការដុសខាត់ផង របស់បណ្ឌិត មិនគួរដល់ពួកជនពាលទេ យ៉ាងនេះឯង។ និគន្ថនាដបុត្ត និយាយថា ម្នាលគហបតី បរិស័ទព្រមទាំងស្តេច តែងស្គាល់​អ្នកយ៉ាងនេះថា ឧបាលិគហបតី ជាសាវ័ក​របស់និគន្ថនាដបុត្ត ម្នាលគហបតី ឥឡូវយើងនឹងចាំបាន​ថា អ្នកជាសាវ័ក​របស់បុគ្គលណា។

[៨២] កាលដែលនិគន្ថនាដបុត្តពោលយ៉ាងនេះហើយ ឧបាលិគហបតី ក៏ក្រោកចាក​អាសនៈ ធ្វើសំពត់បង់ក ឆៀងស្មាម្ខាង ប្រណមអញ្ជលីឆ្ពោះទៅរក​ព្រះមានព្រះភាគ ហើយនិយាយដូច្នេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន បើដូច្នោះ លោកចូរស្តាប់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគណា ដែលមានប្រាជ្ញា​ខ្ជាប់ខ្ជួន មានមោហៈទៅប្រាសហើយ មានបង្គោលបាក់បែកហើយ បានឈ្នះមារ21) ហើយ ឥតមានសេចក្តីទុក្ខ22) មានព្រះទ័យស្មើល្អ មានសីលដ៏ចំរើន មានប្រាជ្ញាល្អ បានឆ្លង​នូវវិសមធម៌23) ប្រាសចាកមន្ទិល ខ្ញុំជាសាវ័ករបស់​ព្រះមានព្រះភាគ​អង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គឥតមានសេចក្តីសង្ស័យ មានព្រះទ័យស្រស់ស្រាយ មានអាមិសៈក្នុងលោក ខ្ជាក់ចោលហើយ មានព្រះទ័យ​រីករាយ មានសមណធម៌ធ្វើស្រេចហើយ ជាមនុស្សមានសរីរៈតាំងនៅក្នុងទីបំផុត ជានរជាត រកបុគ្គលប្រៀបគ្មាន ប្រាសចាកធូលី គឺកិលេស ខ្ញុំជាសាវ័ក របស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ឥតមានសេចក្តីសង្ស័យ ជាអ្នក​ឈ្លាសវៃ ព្រះអង្គជាអ្នកដឹកនាំសត្វ ជាសារថីដ៏ប្រសើរ ជាបុគ្គលប្រសើរ រកអ្នកណា​ស្មើគ្មាន មានធម៌ដ៏រុងរឿង ឥតមានកង្ខា ជាអ្នកធ្វើពន្លឺ ផ្តាច់បង់នូវមានះហើយ មានព្យាយាម ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គប្រសើរ មានគុណប្រមាណមិនបាន ប្រកបដោយគុណដ៏ជ្រាលជ្រៅ ដល់នូវ​សេចក្តីដឹង ធ្វើនូវសេចក្តី​ក្សេម ប្រកបដោយប្រាជ្ញា ទ្រង់ឋិតនៅក្នុងធម៌ ទ្រង់សង្រួម​ដោយប្រពៃ ទ្រង់កន្លងបង់នូវកិលេស ជាគ្រឿងជាប់នៅ ទ្រង់រួចចាកគ្រឿងសៅហ្មង ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គប្រសើរ ទ្រង់មានសេនាសនៈស្ងាត់ មានសំយោជនៈអស់ហើយ មានព្រះទ័យ​រួចស្រឡះ​ ចាក​កិលេស មានប្រាជ្ញាជាគ្រឿង​ប្រឹក្សា ទ្រង់​ប្រកបដោយសេចក្តីដឹង មានទង់ គឺមានះ​ដាក់ចុះហើយ ប្រាសចាករាគៈហើយ ទ្រង់ទូន្មានឥន្ទ្រិយហើយ មិនមានធម៌ជាគ្រឿង​ធ្វើសត្វឲ្យយឺតយូរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាឥសីទី៧24) មិនកុហក មានត្រៃវិជ្ជា ជាសត្វដ៏ប្រសើរ ទ្រង់លាងកិលេសអស់ហើយ ឈ្លាសវៃក្នុងបទគាថា ទ្រង់រម្ងាប់សេចក្តីក្រវល់ក្រវាយ​ហើយ ទ្រង់មានសេចក្តីដឹងដ៏វិសេស ទ្រង់ប្រទាន​ធម៌មុនជនទាំងពួង ជាអ្នកអង់អាច ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជា​ព្រះអរិយៈ មានព្រះទ័យចំរើនហើយ ដល់នូវគុណដែលគួរដល់ ទ្រង់សំដែង​នូវសេចក្តី​ជាក់ច្បាស់ ទ្រង់មានព្រះស្មារតី ទ្រង់មានប្រាជ្ញា ជាគ្រឿងឃើញច្បាស់ មានព្រះទ័យ​មិនបានទន់ទៅ មានព្រះទ័យមិនប្រព្រឹត្តទៅក្នុងកិលេស មានព្រះទ័យមិនញាប់ញ័រ ទ្រង់ដល់នូវការស្ទាត់ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គជាអ្នកប្រព្រឹត្តដោយប្រពៃ ជាអ្នក​មានឈាន មានព្រះ​សន្តានមិនប្រព្រឹត្តទៅតាមកិលេស មានព្រះទ័យស្អាត មិនជាប់ចំពាក់ ឥតមានសេចក្តី​ខ្លាច មានកាយនិងចិត្តស្ងាត់ហើយ ដល់នូវភាវៈជាបុគ្គលប្រសើរ ជាអ្នកឆ្លងចាកលោក ជាអ្នកចម្លងសត្វ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ព្រះអង្គមានព្រះទ័យស្ងប់រម្ងាប់ហើយ មានប្រាជ្ញាដូចជាផែនដី មានប្រាជ្ញាច្រើន ប្រាសចាក​លោភៈហើយ ព្រះអង្គមានដំណើរដូចព្រះសម្ពុទ្ធអំពីបូរាណ ទ្រង់មានដំណើរល្អ ឥតមាន​បុគ្គលប្រៀប ឥតមានអ្នកណាស្មើ អ្នកក្លៀវក្លា មានប្រាជ្ញាល្អិត ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ ព្រះមានព្រះភាគអង្គណា ទ្រង់​ផ្តាច់តណ្ហា​ហើយ ទ្រង់ត្រាស់ដឹងនូវសច្ចធម៌ហើយ ទ្រង់ប្រាសចាកផ្សែង25) ហើយ មិនប្រឡាក់ដោយតណ្ហា និងទិដ្ឋិ គួរ​ទទួលគ្រឿងបូជា ព្រះអង្គជាយក្ខ26) ជាបុគ្គលដ៏ឧត្តម ឥតមានអ្នក​ណាថ្លឹងបាន ព្រះអង្គជាធំ ដល់នូវយសដ៏ប្រសើរ ខ្ញុំជាសាវ័ករបស់ព្រះមានព្រះភាគអង្គនោះ។

[៨៣] និគន្ថនាដបុត្តពោលថា ម្នាលគហបតី ចុះគុណរបស់សមណគោតម​ទាំង​អម្បាលនេះ អ្នកប្រមូលមកអំពីកាលណា។ ឧបាលិគហបតីតបថា បពិត្រលោកដ៏ចំរើន គំនរផ្កាធំ នៃផ្កាផ្សេង។ មាលាការក្តី កូនសិស្សរបស់មាលាការក្តី ដែលជាអ្នកប៉ិន​ប្រសប់ ក្រងផ្កានោះ ឲ្យជាកម្រងដ៏វិចិត្រ មានឧបមាយ៉ាងណា បពិត្រលោកដ៏ចំរើន ព្រះមានព្រះភាគ អង្គនោះ មានគុណច្រើន មានគុណជាច្រើនរយ មានឧបមេយ្យ​យ៉ាង​នោះ បពិត្រលោកដ៏ចំរើន អ្នកណានឹង​អាចមិនធ្វើ នូវសេចក្តី​សរសើរ ដល់ព្រះអង្គ ដែលមានគុណ​គួរសរសើរបាន។ គ្រានោះឯង និគន្ថនាដបុត្ត អត់ទ្រាំនឹងសក្ការៈរបស់​ព្រះមានព្រះភាគមិនបាន ក៏ក្អួតឈាមក្តៅៗ ចេញពីមាត់ក្នុងទីនោះឯង។

ចប់ ឧបាលិវាទសូត្រ ទី៦។

កុក្កុរោវាទសូត្រ ទី៧

(៧. កុក្កុរវតិកសុត្តំ)

[៨៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​និគម ឈ្មោះហលិទ្ទវសនៈ របស់អ្នកស្រុក​កោលិយៈ ក្នុងកោលិយជនបទ។ លំដាប់នោះ កោលិយបុត្រ ឈ្មោះ​ បុណ្ណៈ ជាអ្នកសមាទាន​គោវត្ត និងអចេលឈ្មោះសេនិយៈ ជាអ្នក​សមាទានកុក្កុរវត្ត បានចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ទើបបុណ្ណ​កោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយនៅក្នុងទីដ៏សមគួរ។ ចំណែកខាង​សេនិយអចេល អ្នកសមាទានកុក្កុរវត្ត ក៏រីករាយ​ រាក់ទាក់ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួរ​រលឹក​ហើយ ក៏អង្គុយជើមហ៊ើម ធ្វើដូចជាសុនខ នៅក្នុងទីដ៏សមគួរ។ ឯបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត អង្គុយនៅក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សេនិយអចេលនេះ ជាអ្នកសមាទាន​កុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវ​ភោជន​ដាក់នៅលើផែនដី សេនិយអចេល​នោះ បានធ្វើឲ្យពេញបរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែង​មកហើយ ចុះសេនិយអចេលនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច។ ព្រះអង្គ​ត្រាស់ថា នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរ​ពាក្យនុ៎ះ នឹងតថាគត​ឡើយ។ បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត បានក្រាបទូលព្រះមានព្រះភាគ ជាគំរប់ពីរដងថា បពិត្រព្រះអង្គដ៏ចំរើន សេនិយអចេលនេះ ជាអ្នកសមាទាន​កុក្កុរវត្ត ជាអ្នកធ្វើនូវអំពើដ៏កម្រ បរិភោគនូវ​ភោជន​ដាក់នៅលើផែនដី សេនិយអចេល​នោះ បាន​ធ្វើ​ឲ្យពេញបរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែង​មកហើយ សេនិយអចេលនោះ មានគតិដូចម្តេច មានបរលោកដូចម្តេច។ នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរ​ពាក្យនុ៎ះ នឹងតថាគត​ឡើយ។ បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ជាគំរប់បីដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន សេនិយអចេលនេះ ជាអ្នកសមាទាន​កុក្កុរវត្ត ជាអ្នកធ្វើនូវ​អំពើ​ដ៏កម្រ បរិភោគនូវ​ភោជន​ដាក់នៅលើផែនដី សេនិយអចេល​នោះ បានធ្វើឲ្យពេញ​បរិបូណ៌ បានសមាទានកុក្កុរវត្តនោះ អស់កាលជាយូរអង្វែង​មកហើយ សេនិយ​អចេល​នោះ មានគតិដូចម្តេច មានបរលោកដូចម្តេច។

[៨៥] នែបុណ្ណៈ តាមពិត តថាគតមិនចង់ប្រាប់​អ្នកទេ (បានជាពោលឃាត់)ថា ម្នាលបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរ​ពាក្យនុ៎ះ នឹងតថាគត​ឡើយ តែថា ណ្ហើយចុះ តថាគតនឹងប្រាប់ដល់អ្នក ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ ចំរើន កុក្កុរវត្ត27) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើន​កុក្កុរសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករចិត្ត28) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករាកប្បៈ29) ឲ្យបរិបូណ៌ ឥតមានចន្លោះ បុគ្គលនោះ លុះបានចំរើន​កុក្ករវត្តឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្ករសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើន​កុក្កុរចិត្ត ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនកុក្កុរាកប្បៈ ឲ្យបរិបូណ៌ ឥតមានចន្លោះហើយ ដល់ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយនឹងសុនខទាំងឡាយ ប្រសិនបើសេនិយអចេលនោះ មានទិដ្ឋិយ៉ាងនេះថា អាត្មាអញ គង់បានជាទេវតាធំ ឬជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបៈនេះផង ដោយ​ព្រហ្មចរិយៈនេះផង ពុំខាន ទិដ្ឋិរបស់សេនិយអចេលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ នែបុណ្ណៈ តថាគត ពោលថា បណ្តាគតិទាំងឡាយពីរ គតិណាមួយ គឺនរក ឬកំណើតនៃ​តិរច្ឆាន ជារបស់បុគ្គលដែល​មានចិត្តតាំង​នៅក្នុងមិច្ឆាទិដ្ឋិពិត នែបុណ្ណៈ កុក្កុរវត្ត ដែលបុគ្គល​បានធ្វើឲ្យពេញ បើមិនកើត​ក្នុងនរក ក៏គង់​ទៅកើត​ជាមួយនឹងសុនខទាំងឡាយ ពុំលែងឡើយ។ កាលដែលព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​យ៉ាងនេះហើយ សេនិយ​អចេល អ្នកសមាទាន​កុក្កុរវត្ត ក៏ទ្រហោយំ សម្រក់ទឹកភ្នែក។

[៨៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​នឹងបុណ្ណកោលិយបុត្រ អ្នកសមាទាន​គោវត្ត យ៉ាងនេះថា នែបុណ្ណៈ តថាគត មិនបានចង់និយាយ​ហេតុនុ៎ះ ដល់អ្នកសោះ (បានជាពោលឃាត់ថា) នែបុណ្ណៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុកចុះ អ្នកកុំសួរ​ពាក្យនុ៎ះ នឹងតថាគត​ឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំ ចំពោះ​ព្យាករណ៍ ដែលព្រះមានព្រះភាគ សំដែងដល់ខ្ញុំព្រះអង្គយ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន បានជាខ្ញុំព្រះអង្គយំ ព្រោះខ្ញុំព្រះអង្គ បានបំពេញ សមាទានកុក្កុរវត្តនេះ អស់កាល​ជាយូរអង្វែងមកហើយ បពិត្រព្រះអង្គដ៏ចំរើន ចុះបុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្តនេះ គេបានបំពេញ សមាទានគោវត្តនោះ អស់កាលជាយូរអង្វែងមកហើយដែរ គេមានគតិដូចម្តេច មានបរលោកដូចម្តេច។ នែសេនិយៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរ​ពាក្យនុ៎ះ នឹងតថាគត​ឡើយ។ សេនិយអចេល បានក្រាបទូល ជាគំរប់ពីរដងផង។បេ។ សេនិយអចេល អ្នកសមាទាន​កុក្កុរវត្ត ក៏ក្រាបទូល​ព្រះមានព្រះភាគ ជាគំរប់៣ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន បុណ្ណកោលិយបុត្រនេះ ជាអ្នកសមាទានគោវត្ត គេបានបំពេញ បានសមាទានគោវត្តនោះ អស់កាលជាយូរអង្វែងមកហើយ គេមានគតិដូចម្តេច មានបរលោកដូចម្តេច។ ម្នាលសេនិយៈ តថាគត មិនចង់ប្រាប់ដល់អ្នកសោះ (បានជាពោលឃាត់) ថា នែសេនិយៈ ណ្ហើយ ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរ​ពាក្យនុ៎ះ នឹងតថាគត​ឡើយ។ តែថា ណ្ហើយចុះ តថាគតនឹងប្រាប់ដល់អ្នក ម្នាលសេនិយៈ បុគ្គលពួកមួយ ក្នុងលោកនេះ ចំរើន គោវត្ត30) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើន​គោសីល31) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគោចិត្ត32) ឲ្យបរិបូណ៌ ឥតមានចន្លោះ ចំរើនគវាកប្បៈ33) ឲ្យបរិបូណ៌ ឥតមានចន្លោះ លុះបុគ្គលនោះ បានចំរើន​គោវត្តឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគោសីល ឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគោចិត្ត ឲ្យបរិបូណ៌ ឥតមានចន្លោះ បានចំរើនគវាកប្បៈ ឲ្យបរិបូណ៌ ឥតមាន​ចន្លោះ​ហើយ ដល់ទំលាយរាងកាយ បន្ទាប់អំពីមរណៈ ក៏បានទៅកើតជាមួយ​នឹងគោទាំងឡាយ ប្រសិនបើបុណ្ណកោលិយបុត្រនោះ មានទិដ្ឋិយ៉ាងនេះថា អាត្មាអញ គង់នឹងបានជា​ទេវតា​ធំ ឬជាទេវតាណាមួយ ដោយសីលនេះផង ដោយវត្តនេះផង ដោយតបៈនេះផង ដោយ​ព្រហ្មចរិយៈនេះផងមិនខាន ទិដ្ឋិរបស់បុណ្ណកោលិយបុត្រនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ ម្នាលសេនិយៈ តថាគត ពោលថា បណ្តាគតិទាំងឡាយពីរ គតិណាមួយ គឺនរក ឬថា​កំណើត​នៃ​តិរច្ឆាន របស់បុគ្គល ដែល​មានចិត្តតាំង​នៅក្នុងមិច្ឆាទិដ្ឋិពិត ម្នាលសេនិយៈ គោវត្ត ដែលបុគ្គល​បានបំពេញ ឲ្យបរិបូណ៌យ៉ាងនេះហើយ បើមិនកើត​ក្នុងនរក ក៏គង់​ទៅកើត​ជាមួយនឹងគោទាំងឡាយមិនខានឡើយ។ កាលបើព្រះមានព្រះភាគ ទ្រង់មាន​ព្រះបន្ទូល​យ៉ាងនេះហើយ បុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត ក៏ទ្រហោយំ សម្រក់ទឹកភ្នែក។

[៨៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់មានព្រះបន្ទូល​នឹងសេនិយ​អចេល អ្នក​សមាទានកុក្កុរវត្តយ៉ាងនេះថា ម្នាលសេនិយៈ តថាគត មិនបាន (ចង់ប្រាប់) ហេតុនុ៎ះ ដល់អ្នកសោះ​ (បានជាពោលឃាត់) ថា នែសេនិយៈ ណ្ហើយ​ពាក្យនុ៎ះ ចូរលើកទុក អ្នកកុំសួរពាក្យនុ៎ះ នឹងតថាគតឡើយ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមិនយំ ចំពោះ​ព្យាករណ៍ ដែលព្រះមានព្រះភាគ សំដែង​ដល់ខ្ញុំព្រះអង្គយ៉ាងនេះទេ បពិត្រព្រះអង្គដ៏ចំរើន បានជាខ្ញុំព្រះអង្គយំ ព្រោះខ្ញុំព្រះអង្គបានបំពេញ បានសមាទាន​គោវត្តនេះ អស់កាលយូរអង្វែងមកហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គមានសេចក្តី​ជ្រះថ្លា ក្នុងព្រះមានព្រះភាគយ៉ាងនេះ សូមព្រះមានព្រះភាគ សំដែងធម៌​ដែលគួរ​ខ្ញុំ​ព្រះអង្គ លះបង់គោវត្តនេះ និងសេនិយអចេល ជាអ្នកសមាទានកុក្កុរវត្តនេះ ឲ្យលះបង់​កុក្កុរវត្តនោះចេញបាន។ ម្នាលបុណ្ណៈ បើដូច្នោះអ្នកចូរស្តាប់ ចូរធ្វើទុកក្នុងចិត្តឲ្យប្រពៃចុះ តថាគតនឹងសំដែងឥឡូវនេះ។ បុណ្ណកោលិយបុត្រ អ្នកសមាទានគោវត្ត ក៏ទទួល​ព្រះពុទ្ធ​ដីកានៃព្រះមានព្រះភាគ ដោយពាក្យថា ព្រះករុណាព្រះអង្គ។

[៨៨] ព្រះមានព្រះភាគ ទ្រង់សំដែងថា ម្នាលបុណ្ណៈ កម្មទាំងឡាយ៤ប្រការនេះ តថាគត បានធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹង​ដោយប្រាជ្ញាខ្លួនឯង កម្មទាំងឡាយ៤ប្រការ តើ​ដូចម្តេច ម្នាលបុណ្ណៈ កម្ម34) ខ្មៅ មានវិបាកខ្មៅ35) ១ ម្នាលបុណ្ណៈ កម្មស36) មានវិបាកស37) ១ ម្នាលបុណ្ណៈ កម្មខ្មៅ និងកម្មស38) មានវិបាកខ្មៅ និងស39) ១ ម្នាលបុណ្ណៈ កម្មមិនខ្មៅ មិនស40) មានវិបាកមិនខ្មៅ មិនស តែងប្រព្រឹត្តទៅដើម្បីអស់​ទៅនៃកម្ម១។ ម្នាលបុណ្ណៈ ឯកម្មខ្មៅ មានវិបាកខ្មៅនោះ ដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែង​នូវកាយសង្ខារ ប្រកប​ដោយព្យាបាទ តាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទ បុគ្គលនោះ លុះបានតាក់តែង​នូវកាយសង្ខារ ប្រកបដោយ​ព្យាបាទ តាក់តែងនូវវចីសង្ខារ ប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទ​ហើយ ក៏ទៅកើតក្នុងលោក ដែល​ប្រកបដោយព្យាបាទ ផស្សៈ​ទាំងឡាយ ប្រកបដោយ​ព្យាបាទ តែងពាល់ត្រូវបុគ្គល ដែល​ទៅកើតក្នុងលោក ប្រកបដោយព្យាបាទនោះឯង បុគ្គលនោះ កាលដែល​ផស្សៈទាំងឡាយ ប្រកបដោយព្យាបាទពាល់ត្រូវហើយ រមែង​សោយនូវ​វេទនា ប្រកបដោយព្យាបាទ ជាទុក្ខតែមួយយ៉ាង ដូចសត្វ​ទាំងឡាយ ដែល​កើតក្នុងនរក ម្នាលបុណ្ណៈ កំណើត​នៃសត្វរមែង​កើត​អំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើ​កម្មណា តែង​ទៅកើត​ដោយអំណាចនៃកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវ​បុគ្គល ដែល​កើតឡើងហើយនោះ ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វ​ទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មខ្មៅ មានវិបាកខ្មៅ។ ម្នាលបុណ្ណៈ កម្មស មានវិបាកស តើដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែង​នូវកាយសង្ខារ មិនប្រកប​ដោយព្យាបាទ តាក់តែងនូវវចីសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែងនូវមនោសង្ខារ មិនប្រកបដោយព្យាបាទ បុគ្គលនោះ លុះបានតាក់តែង​នូវ​កាយ​សង្ខារ មិនប្រកបដោយ​ព្យាបាទ តាក់តែងនូវវចីសង្ខារ មិនប្រកបដោយព្យាបាទ តាក់តែង​នូវ​មនោសង្ខារ មិនប្រកបដោយព្យាបាទ​ហើយ ក៏តែងទៅកើតក្នុងលោក មិនមានព្យាបាទ​ឡើយ ផស្សៈ​ទាំងឡាយ មិនមាន​ព្យាបាទ តែងពាល់ត្រូវបុគ្គល ដែល​ចូលទៅកើត​ក្នុង​លោក មិនមានព្យាបាទនោះឯង បុគ្គលនោះ កាលដែល​ផស្សៈទាំងឡាយ មិនមាន​ព្យាបាទ​ពាល់ត្រូវហើយ រមែង​ទទួលនូវ​វេទនា ដែលមិនប្រកបដោយព្យាបាទ មានតែសេចក្តីសុខមួយយ៉ាង ដូចទេវតា​ទាំងឡាយ នៅក្នុងឋានឈ្មោះសុភកិណ្ហៈ ម្នាលបុណ្ណៈ កំណើត​នៃសត្វរមែង​កើត​អំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើ​កម្មណា តែង​ទៅកើត​ដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវ​បុគ្គល ដែល​កើត​ឡើង​ហើយ​នោះ ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វ​ទាំងឡាយ មាន​កម្ម​ជា​មត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មស មានវិបាកស។ ម្នាលបុណ្ណៈ កម្មខ្មៅ និងកម្មស មានវិបាកខ្មៅ និងស តើដូចម្តេច ម្នាលបុណ្ណៈ បុគ្គលពួកមួយ ក្នុងលោកនេះ តាក់តែង​នូវកាយសង្ខារ ប្រកប​ដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ តាក់តែង​នូវ​វចីសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ តាក់តែងនូវមនោសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ បុគ្គលនោះ លុះបានតាក់តែង​នូវកាយសង្ខារ ប្រកបដោយ​ព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ បានតាក់តែងនូវ​វចីសង្ខារ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ បានតាក់តែងនូវ​មនោសង្ខារ ប្រកបដោយព្យាបាទ​ខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះហើយ តែងទៅកើត​ក្នុង​លោក ដែល​ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ ផស្សៈ​ទាំងឡាយ ប្រកប​ដោយ​ព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ តែងពាល់ត្រូវបុគ្គល ដែល​ទៅ​កើត​ក្នុង​លោក ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះនោះឯង បុគ្គលនោះ កាល​ដែល​ផស្សៈទាំងឡាយ ប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះពាល់ត្រូវហើយ រមែង​ទទួលនូវ​វេទនា ដែលប្រកបដោយព្យាបាទខ្លះ មិនប្រកបដោយ​ព្យាបាទខ្លះ មានសុខ និងទុក្ខច្រឡូកច្រឡំគ្នា ដូចជាមនុស្ស​ទាំងឡាយខ្លះ ទេវតាទាំងឡាយពួកខ្លះ វិនិបាតិកៈទាំងឡាយពួកខ្លះ ម្នាលបុណ្ណៈ កំណើត​នៃសត្វ រមែង​កើត​អំពីភូតកម្ម ដូច្នេះឯង បុគ្គលធ្វើ​កម្មណា តែង​ទៅកើត​ដោយអំណាចកម្មនោះ ផស្សៈទាំងឡាយ តែងពាល់ត្រូវ​បុគ្គល ដែល​កើតឡើងហើយនោះឯង ម្នាលបុណ្ណៈ យ៉ាងនេះឯង បានជាតថាគតពោលថា សត្វ​ទាំងឡាយ មានកម្មជាមត៌ក ម្នាលបុណ្ណៈ នេះហៅថាកម្មខ្មៅ និងកម្មស មានវិបាកខ្មៅ និងស។ ម្នាលបុណ្ណៈ កម្មមិនខ្មៅ មិនស មានវិបាកមិនខ្មៅ មិនស រមែងប្រព្រឹត្តទៅដើម្បី​អស់កម្ម តើដូចម្តេច ម្នាលបុណ្ណៈ មគ្គចេតនា ដែលសម្រាប់លះបង់​កម្មខ្មៅ មានផលខ្មៅ មគ្គចេតនា ដែល​សម្រាប់លះបង់​កម្មស មានផលស មគ្គចេតនា ដែលសម្រាប់​លះបង់​កម្មខ្មៅ និងស មានវិបាកខ្មៅ និងស ម្នាលបុណ្ណៈ បណ្តាកម្ម​ទាំង៣យ៉ាងនោះ កម្មនេះហៅថា កម្មមិនខ្មៅ មិនស មានវិបាក​មិនខ្មៅ មិនស ប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃកម្ម។ ម្នាលបុណ្ណៈ កម្មទាំងឡាយ​៤នេះឯង ដែល​តថាគតបានធ្វើឲ្យជាក់ច្បាស់ ត្រាស់ដឹងដោយបញ្ញាខ្លួនឯង។

[៨៩] កាលដែល​ព្រះមានព្រះភាគ ទ្រង់​មានព្រះវាចាយ៉ាងនេះហើយ ទើប​បុណ្ណកោលិយបុត្រ ជាអ្នកសមាទានគោវត្ត ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌ដែលព្រះគោតមដ៏ចំរើន ប្រកាសហើយ ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជាបុគ្គលផ្ងាររបស់ដែល​ផ្កាប់ ឬក៏ដូចជាបុគ្គល បើកបង្ហាញរបស់ ​ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុង​ទីងងឹត ឲ្យមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះមានព្រះភាគផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់​នូវ​សរណគមន៍ ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះទៅ។ ឯសេនិយអចេល អ្នកសមាទាន​កុក្កុរវត្ត ក៏ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ធម៌ដែល​ព្រះគោតម​ដ៏ចំរើន ទ្រង់ប្រកាស ដោយអនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចជា​បុគ្គលផ្ងាររបស់ដែល​ផ្កាប់ ឬដូចជាបុគ្គល បើកបង្ហាញរបស់ ​ដែលកំបាំង ពុំនោះ ដូចជាគេ​ប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចគេទ្រោលប្រទីប ក្នុង​ទីងងឹត ឲ្យមនុស្ស​ ដែលមានភ្នែកភ្លឺ មើលឃើញនូវរូបទាំងឡាយបាន បពិត្រព្រះអង្គ​ដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវព្រះមានព្រះភាគផង នូវព្រះធម៌ផង នូវព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គ គប្បីបាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ម្នាលសេនិយៈ បុគ្គលណាមួយ ធ្លាប់ជាអន្យតិរ្ថិយ ហើយប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ បុគ្គលនោះ លុះតែនៅបរិវាសអស់៤ខែ លុះកាលកន្លងទៅអស់​៤ខែហើយ ទើបភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា និងឧបសម្បទា ជាភិក្ខុភាវៈបាន មួយវិញទៀត ការផ្សេងនៃបុគ្គលក្នុងទីនេះ41) តថាគត បានដឹងច្បាស់ហើយ។

[៩០] បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គលទាំងឡាយ ធ្លាប់ជាអន្យតិរ្ថិយ ប្រាថ្នាបព្វជ្ជា ប្រាថ្នាឧបសម្បទា ក្នុងធម្មវិន័យនេះ ហើយនៅបរិវាសអស់៤ខែ លុះកាលកន្លងទៅអស់​៤ខែហើយ ភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ជាភិក្ខុភាវៈ ខ្ញុំព្រះអង្គ នឹងនៅបរិវាសអស់៤វស្សាក៏បាន លុះកាលកន្លងទៅអស់​៤វស្សាហើយ ភិក្ខុទាំងឡាយ ដែលមានចិត្តខ្នះខ្នែង ក៏ឲ្យបព្វជ្ជា និងឧបសម្បទា ជាភិក្ខុភាវៈ។ ឯសេនិយ​អចេល អ្នកសមាទាននូវកុក្កុរវត្ត ក៏បាននូវបព្វជ្ជា និងឧបសម្បទា ក្នុងសំណាក់​ព្រះមានព្រះភាគ។ លុះសេនិយភិក្ខុមានអាយុ បានឧបសម្បទាមិនយូរប៉ុន្មាន ក៏ចៀស​ចេញទៅតែម្នាក់ឯង ជាបុគ្គលមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្រទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយត្រឹមត្រូវ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា មិនយូរប៉ុន្មាន ក៏បានត្រាស់ដឹង ធ្វើ​ឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ដែល​មានព្រហ្មចរិយៈ ជាទីបំផុតដោយខ្លួនឯង ក្នុង​បច្ចុប្បន្ននេះ សម្រេចសម្រាន្តដោយឥរិយាបថទាំង៤ ដឹងច្បាស់ថា ជាតិរបស់អញ​អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តគ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ មិនមានឡើយ។ បណ្តាពួកព្រះអរហន្ត សេនិយភិក្ខុមានអាយុ បានជាព្រះអរហន្តមួយអង្គដែរ។

ចប់ កុក្កុរោវាទសូត្រ ទី៧។

អភយរាជកុមារសូត្រ ទី៨

(៨. អភយរាជកុមារសុត្តំ)

[៩១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ក្នុងក្រុងរាជគ្រឹះ។ គ្រានោះ អភយរាជកុមារ42) ចូលទៅរក​និគន្ថនាដបុត្រ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំនិគន្ថនាដបុត្រ រួចអង្គុយនៅក្នុងទីសមគួរ។

[៩២] និគន្ថនាដបុត្រ បាននិយាយនឹងអភយរាជកុមារ ដែល​អង្គុយនៅក្នុងទី​សមគួរ យ៉ាងនេះថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់លើកឡើងនូវវាទៈ គឺលើក​វាទៈ ចំពោះព្រះសមណគោតម ទ្រង់នឹង​មានកិត្តិសព្ទដ៏ពីរោះល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ានលើកវាទៈព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះ។ អភយរាជកុមារ សួរថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹង​លើកទោសព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ដោយប្រការដូចម្តេច។ និគន្ថនាដបុត្តឆ្លើយថា ម្នាលរាជកុមារ ទ្រង់ចូរមក ចូរទ្រង់​ទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរពោលយ៉ាងនេះ នឹងព្រះសមណគោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណាមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ ប្រសិនបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយ​យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោល​វាចានោះដែរ ទ្រង់គប្បីពោលនឹង​ព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោល​នូវវាចានេះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម គង់នឹង​ដោះស្រាយ យ៉ាងនេះថា ម្នាលរាជកុមារ វាចាណាមិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលនូវវាចានោះទេ ទ្រង់គប្បីពោលនឹង​សមណគោតមនោះ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី​ បានជាព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត (បើទុកជាពាន់នៃព្រះពុទ្ធ) ក៏មិនអាចជួយកែបាន ហើយ​ទេវទត្ត ក៏ខឹងអាក់អន់ចិត្ត ដោយវាចារបស់ព្រះអង្គនោះ។ ម្នាលរាជកុមារ កាលបើ​ទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាច​នឹងលេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់​នៅក្នុង​បំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាច​នឹងលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។ អភយរាជកុមារ ទទួលស្តាប់ពាក្យនិគន្ថនាដបុត្ត ដោយពាក្យថា ករុណាលោកម្ចាស់ ហើយក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំនិគន្ថនាដបុត្ត ធ្វើប្រទក្សិណ ហើយចូល​សំដៅ​ទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ ក៏ក្រឡេក​មើល​ព្រះអាទិត្យ មានសេចក្តីត្រិះរិះយ៉ាងនេះថា ថ្ងៃនេះជាកាលមិនសមគួរ ដើម្បីលើក​វាទៈ ចំពោះព្រះមានព្រះភាគឡើយ អាត្មាអញ នឹងលើកវាទៈ ចំពោះព្រះមានព្រះភាគ ក្នុងលំនៅ​របស់ខ្លួន ក្នុងថ្ងៃស្អែកវិញ។ ឯអភយរាជកុមារ ក៏ក្រាបទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មានភិក្ខុជាគំរប់៤នឹងព្រះអង្គ ទៅ​ទទួលភត្តរបស់ខ្ញុំក្នុងថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។ លំដាប់នោះ អភយរាជកុមារ ដឹងច្បាស់នូវការទទួលនិមន្តន៍ របស់ព្រះមានព្រះភាគ​ហើយ ក្រោកចាកទីអង្គុយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ធ្វើប្រទក្សិណ ចៀសចេញទៅ។ គ្រាកាលរាត្រីកន្លងទៅហើយ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ទ្រង់យាងសំដៅទៅ​កាន់លំនៅ នៃអភយរាជកុមារ លុះទ្រង់​ពុទ្ធដំណើរទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លំដាប់នោះ អភយរាជកុមារ បានអង្គាស​ខាទនីយ ភោជនីយាហារ ដ៏ឆ្ងាញ់ពិសារ ដោយដៃខ្លួនឯង ថ្វាយ​ព្រះមានព្រះភាគសោយ ឲ្យឆ្អែតស្កប់ស្កល់។ គ្រានោះ អភយរាជកុមារ ដឹងថា ព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ក៏កាន់យក​នូវអាសនៈទាបមួយ អង្គុយក្នុងទីសមគួរ។

[៩៣] លុះអភយរាជកុមារ អង្គុយក្នុងទីសមគួរហើយ បានក្រាបទូលព្រះមាន​ព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទីគាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោល​វាចា​នោះដែរឬទេ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ ការដោះស្រាយក្នុងបញ្ហានេះ មិនតែ​មួយចំណែកទេ។ បពិត្រព្រះអង្គដ៏ចំរើន បើការដោះស្រាយក្នុងបញ្ហានេះ មិនតែ​មួយចំណែកនោះហើយ និគ្រន្ថទាំងឡាយ មុខជាវិនាសមិនខាន។ ម្នាលរាជកុមារ ហេតុ​ដូចម្តេច បានជាអ្នកពោលយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន បើការដោះស្រាយ ក្នុងបញ្ហានេះ មិនតែ​មួយចំណែកនោះហើយ ពួកនិគ្រន្ថ មុខជានឹងវិនាសពុំខាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មកក្នុងទីនេះ ព្រោះខ្ញុំព្រះអង្គ បានចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ថ្វាយបង្គំ​និគន្ថនាដបុត្ត ហើយអង្គុយក្នុងទីសមគួរ បពិត្រព្រះអង្គដ៏ចំរើន លុះខ្ញុំព្រះអង្គ អង្គុយក្នុងទីសមគួរហើយ និគន្ថនាដបុត្ត ក៏បាននិយាយ​ថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់លើកវាទៈ ចំពោះព្រះសមណ​គោតម ទ្រង់នឹង​មានកិត្តិសព្ទ ល្បីខ្ចរខ្ចាយទៅយ៉ាងនេះថា អភយរាជកុមារ ហ៊ាន​លើក​វាទៈ​ ចំពោះព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាង​នេះបាន កាលនិគន្ថនាដបុត្ត ពោលយ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានពោលពាក្យនេះ នឹងនិគន្ថនាដបុត្តថា បពិត្រលោកដ៏ចំរើន ខ្ញុំនឹង​លើកវាទៈ ចំពោះ​ព្រះសមណគោតម ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាព​ច្រើន​យ៉ាង​នេះ ដោយ​ប្រការដូចម្តេចទៅ និគន្ថនាដបុត្តក៏ពោលថា ម្នាលរាជកុមារ សូមទ្រង់មក សូមទ្រង់​ចូល​ទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ សូមទ្រង់ពោលយ៉ាងនេះ នឹង​ព្រះសមណ​គោតមថា បពិត្រព្រះអង្គដ៏ចំរើន វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ ព្រះតថាគត គប្បីពោលវាចានោះដែរឬទេ កាលបើ ទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម នឹងដោះស្រាយ​យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត គប្បីពោល​​វាចានោះដែរ ទ្រង់គប្បីពោលនឹង​ព្រះសមណគោតម យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ អំពើរបស់ព្រះអង្គ ផ្សេងអ្វីអំពីបុថុជ្ជនបាន ព្រោះថា វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ បុថុជ្ជន ក៏ពោល​វាចានោះដែរ ប្រសិនបើទ្រង់សួរយ៉ាងនេះហើយ ព្រះសមណគោតម មុខជានឹង​ដោះស្រាយ យ៉ាងនេះថា ម្នាលរាជកុមារ វាចាណា មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជនទាំងឡាយដទៃ តថាគត មិនពោលវាចានោះឡើយ ទ្រង់គប្បីពោលនឹង​ព្រះសមណគោតម យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន បើដូច្នោះ ហេតុអ្វី​ បានជា​ព្រះអង្គ ទ្រង់ព្យាករទេវទត្តថា ទេវទត្តកើតក្នុងអបាយ ទេវទត្ត កើតក្នុងនរក ទេវទត្ត ឋិតនៅអស់១កប្ប ទេវទត្ត ទុកជាពាន់នៃព្រះពុទ្ធទាំងឡាយ ក៏ជួយកែមិនបាន ដូច្នេះ ​ទេវទត្ត ខឹងអាក់អន់ចិត្ត ចំពោះព្រះអង្គ ដោយវាចានោះឯង ម្នាលរាជកុមារ កាលបើ​អ្នកសួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម ក៏មិនអាច​លេបចូល មិនអាចខ្ជាក់ចេញបានឡើយ ដូចក្រចាប់ ដែលស្លាក់​នៅក្នុង​បំពង់កនៃបុរស បុរសនោះ មិនអាចលេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងណា ម្នាលរាជកុមារ កាលបើ​ទ្រង់សួរបញ្ហា ប្រកបដោយទីបំផុតទាំងពីរខាងនេះហើយ ព្រះសមណគោតម មិនអាច​លេបចូល មិនអាចខ្ជាក់ចេញបាន យ៉ាងនោះឯង។

[៩៤] សម័យនោះឯង មានកូនខ្ចី មិនទាន់ចេះក្រឡាប់ អង្គុយលើភ្លៅ​អភយរាជកុមារ។ លំដាប់នោះ ព្រះមានព្រះភាគ មានព្រះតម្រាស់នឹងអភយរាជកុមារ​ថា ម្នាលរាជកុមារ ទ្រង់សំគាល់កូនខ្ចីនោះដូចម្តេច បើកូនខ្ចីនេះ បៀមកំណាត់ឈើក្តី អំបែងក្តី លេបចូលទៅក្នុងមាត់ ព្រោះសេចក្តីធ្វេសប្រហែសរបស់ទ្រង់ ឬព្រោះ​សេចក្តីធ្វេស​ប្រហែសរបស់មេនំ តើទ្រង់ត្រូវធ្វើក្មេងនោះដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ត្រូវតែលូកទាញចេញ បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំព្រះអង្គ មិនអាចលូក​ទាញចេញ ដោយប្រយោគជាដម្បូងបានទេ ខ្ញុំព្រះអង្គ នឹងចាប់សង្កត់ក្បាល ដោយដៃ​ខាងឆ្វេង ខ្វេរម្រាមដៃស្តាំលូកខ្វេះទាញ​វត្ថុនោះចេញមក ដោយទាំងឈាមផង ការខ្វេះ​ទាញចេញវត្ថុនោះ ព្រោះហេតុដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា ខ្ញុំព្រះអង្គ មានសេចក្តីអាណិតកុមារ។ ម្នាលរាជកុមារ យ៉ាងហ្នឹងឯង តថាគត ដឹងនូវវាចាណា ដែល​មិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃផង តថាគត ក៏មិនពោលវាចានោះ តថាគត ដឹងនូវ​វាចា​ណា ពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃផង តថាគត ក៏មិនពោលនូវវាចានោះ មួយវិញទៀត តថាគត ដឹងនូវ​វាចា​ណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ តែថា វាចានោះ មិនជាទីស្រឡាញ់ មិនជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃ តថាគត ស្គាល់កាលគួរ នឹងពោលវាចានោះ ក្នុងព្យាករណ៍នោះដែរ តថាគត ដឹងនូវ​វាចា​ណា ដែលមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបីជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់​ជន​ទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះឡើយ តថាគត ដឹងនូវ​វាចា​ណា ដែលពិត ទៀង តែមិនប្រកបដោយប្រយោជន៍ វាចានោះ ទោះបី​ជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃ តថាគត ក៏មិនពោលវាចានោះដែរ មួយវិញទៀត តថាគត ដឹងនូវ​វាចា​ណា ដែលពិត ទៀង ប្រកបដោយប្រយោជន៍ វាចានោះ ជាទីស្រឡាញ់ ជាទី​គាប់ចិត្ត របស់ជន​ទាំងឡាយដទៃផង តថាគត ស្គាល់​កាលគួរ នឹងពោលនូវវាចានោះ ក្នុងព្យាករណ៍នោះ ម្នាលរាជកុមារ ព្រោះហេតុអ្វី ព្រោះថា តថាគត មានសេចក្តីអនុគ្រោះ ចំពោះសត្វទាំងឡាយ។

[៩៥] អភយរាជកុមារ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែង​បញ្ហាដល់ខ្ញុំ ហើយចូលមកសួរព្រះតថាគត បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ បានត្រិះរិះបញ្ហានុ៎ះ ទុកក្នុងព្រះហឫទ័យ ស្រេចតាំងពីកាលមុនថា ជន​ទាំងឡាយណា ចូលមករកតថាគត ហើយសួរយ៉ាងនេះ លុះជនទាំងឡាយនោះ សួរ​តថាគត យ៉ាងនេះហើយ តថាគត នឹងដោះស្រាយ​យ៉ាងនេះដែរឬ ឬថា បញ្ហាកម្មនុ៎ះ ស្រាប់តែប្រាកដឡើង ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុ។ ព្រះអង្គត្រាស់ថា ម្នាលរាជកុមារ បើដូច្នោះ តថាគត នឹងត្រឡប់សួរទ្រង់ ក្នុងដំណើរនុ៎ះ​វិញ ទ្រង់គាប់ចិត្ត​យ៉ាងណា គប្បីដោះស្រាយ​ដំណើរនោះ យ៉ាងនោះចុះ ម្នាលរាជកុមារ ទ្រង់សំគាល់ហេតុនោះដូចម្តេច ទ្រង់ជាបុគ្គលឈ្លាស ក្នុងអវយវៈតូចធំទាំងឡាយ នៃរថដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកឈ្លាស ក្នុងអវយវៈ​តូចធំ​ នៃរថដែរ។ ម្នាលរាជកុមារ ទ្រង់សំគាល់ដំណើរនោះដូចម្តេច ជនទាំងឡាយណា ចូលទៅរកទ្រង់ ហើយសួរយ៉ាងនេះថា អវយវៈតូចធំនៃរថនៃ ឈ្មោះអ្វី ទ្រង់បានត្រិះរិះហេតុនេះ ទុកក្នុងចិត្ត ស្រេចតាំងពីកាលមុនថា ជនទាំងឡាយណា នឹងចូលមករក​អាត្មាអញ ហើយសួរយ៉ាងនេះ ជនទាំងឡាយនោះ លុះសួរ​អាត្មា​អញ យ៉ាងនេះហើយ អាត្មាអញ នឹងដោះស្រាយ យ៉ាងនេះឬ ឬថា ដំណើរនុ៎ះ ក៏ស្រាប់តែប្រាកដដល់ទ្រង់ ដោយញាណ​ជាទីកើតឡើងនៃហេតុតែម្តង។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គជាអ្នកចាំបាននូវរថ ជាអ្នកឈ្លាស ក្នុងអវយវៈ​តូចធំ​នៃរថ អវយវៈ​តូចធំទាំងអស់​របស់រថ ខ្ញុំព្រះអង្គស្គាល់ហើយ បានជាដំណើរនុ៎ះ ប្រាកដ​ដល់ខ្ញុំព្រះអង្គ ដោយញាណ ជាទីកើតឡើងនៃ​ហេតុតែម្តង។ ម្នាលរាជកុមារ ជនទាំងឡាយ ជាខត្តិយបណ្ឌិតក្តី ព្រាហ្មណបណ្ឌិតក្តី គហបតិបណ្ឌិតក្តី សមណបណ្ឌិតក្តី បានតាក់តែង​បញ្ហាដល់អ្នក ហើយចូលមកសួរព្រះតថាគតថា ដំណើរនុ៎ះប្រាកដ ដល់ព្រះតថាគត ដោយញាណជាទីកើតឡើងនៃហេតុបាន ក៏យ៉ាង​នោះដែរ ដំណើរនោះ ព្រោះហេតុដូចម្តេច ម្នាលរាជកុមារ ព្រោះថា ធម្មធាតុ (សព្វញ្ញុតញ្ញាណ) ដែលតថាគតចាក់ធ្លុះហើយ បានជាដំណើរនុ៎ះប្រាកដ ដល់តថាគត ដោយញាណជាទីកើតឡើងនៃហេតុតែម្តង។

[៩៦] កាលដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អភយរាជកុមារ ក្រាបទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គ​ដ៏​ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះមានព្រះភាគ​ ទ្រង់សំដែង​បំភ្លឺហើយ ដោយអនេកបរិយាយ យ៉ាងនេះ ដូចគេផ្ងាររបស់ដែលផ្កាប់ ឬដូចជាគេបើក​បង្ហាញ​របស់ ​ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីប បំភ្លឺក្នុងទីងងឹត ឲ្យមនុស្សមានភ្នែកភ្លឺ មើលឃើញរូបទាំងឡាយបាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនេះ សូមដល់ព្រះមានព្រះភាគផង ព្រះធម៌ផង ភិក្ខុសង្ឃផង ជាទីពឹង ទីរលឹក សូមព្រះមានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់ដើម​តាំងអំពីថ្ងៃនេះតទៅ។

ចប់ អភយរាជកុមារសូត្រ ទី៨

ពហុវេទនីយសូត្រ ទី៩

(៩. ពហុវេទនីយសុត្តំ)

[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះ មានជាងឈើម្នាក់ ឈ្មោះ បញ្ចកង្គៈ43) ចូលទៅរកព្រះថេរៈ ឈ្មោះឧទាយីមានអាយុ លុះចូលទៅដល់ហើយ ក៏​ថ្វាយបង្គំព្រះឧទាយីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។

[៩៨] លុះជាងឈើឈ្មោះ បញ្ចកង្គៈ នោះ អង្គុយក្នុងទីសមគួរហើយ បាននិយាយ​នឹង​ព្រះឧទាយីមានអាយុយ៉ាងនេះថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ មានប៉ុន្មានយ៉ាង។ ព្រះឧទាយីតប​ថា ម្នាលគហបតី វេទនា ដែលព្រះមានព្រះភាគ ទ្រង់សំដែង មាន៣យ៉ាង គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនទ្រង់​សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះ​សេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ បាននិយាយនឹងជាង​ឈើ ឈ្មោះ​បញ្ចកង្គៈ​ ជាគំរប់​ពីរដងថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សំដែង​តែត្រឹម​វេទនាពីរទេ វេទនាទាំង៣ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ក៏ព្រះ​មាន​ព្រះភាគ ទ្រង់សំដែងដែរ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់​សំដែងហើយ។ ឯជាងឈើឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគំរប់​ពីរដងថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនទ្រង់​សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែង​តែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះ​តែសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ បាននិយាយនឹងជាងឈើឈ្មោះ បញ្ចកង្គៈ​ ជាគំរប់​បីដងទៀតថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សំដែង​តែត្រឹម​វេទនាពីរទេ វេទនា៣ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ក៏ព្រះមាន​ព្រះ​ភាគ ទ្រង់សំដែងដែរ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែង​ហើយ។ ជាងឈើឈ្មោះ បញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគំរប់បី​ដង​ទៀតថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនបាន​សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែង​តែ​វេទនា​ពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោក​ដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះ​តែសេចក្តីសុខ​ដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ មិនអាចធ្វើជាងឈើឈ្មោះបញ្ចកង្គៈ​ ឲ្យយល់បានឡើយ ចំណែក​ខាងជាងឈើ ឈ្មោះ​បញ្ចកង្គៈសោត ក៏មិនអាចធ្វើព្រះឧទាយីមានអាយុ ឲ្យយល់បាន។

[៩៩] ព្រះអានន្ទមានអាយុ បានឮពាក្យចរចានេះ របស់ព្រះឧទាយីមានអាយុ ជាមួយនឹង​ជាងឈើឈ្មោះបញ្ចកង្គៈ។ លំដាប់នោះ ព្រះអានន្ទមានអាយុ ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូល​នូវពាក្យចរចា របស់ព្រះឧទាយីមានអាយុទាំងប៉ុន្មាន ដែលបានចរចាជាមួយ​នឹងជាងឈើឈ្មោះបញ្ចកង្គៈទាំងអស់នោះ ចំពោះព្រះមានព្រះភាគ។ កាលព្រះអានន្ទ ពោល​យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់មាន​ព្រះតម្រាស់នឹងព្រះអានន្ទមានអាយុ​ ដូច្នេះថា ម្នាលអានន្ទ ជាងឈើឈ្មោះបញ្ចកង្គៈ មិនអនុមោទនាចំពោះបរិយាយដ៏ល្អិត​ ម៉ត់ចត់ របស់ឧទាយីភិក្ខុ ចំណែកខាង​ឧទាយីភិក្ខុសោត ក៏មិនបានអនុមោទនា ចំពោះ​បរិយាយដ៏ល្អិត ម៉ត់ចត់ របស់ជាងឈើឈ្មោះបញ្ចកង្គៈដែរ ម្នាលអានន្ទ វេទនាពីរ ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា៣ ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា៤44) ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា៥45) ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា៦46) ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា១៨47) ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា៣៦48) ក៏​តថាគត​បានសំដែង ដោយបរិយាយ វេទនា១០៨49) ក៏​តថាគត​បានសំដែង ដោយបរិយាយ ម្នាលអានន្ទ ធម៌ ក៏តថាគត បានសំដែង​ដោយបរិយាយយ៉ាងនេះឯង ម្នាលអានន្ទ កាលបើធម៌ ដែល​តថាគត សំដែងហើយ ដោយបរិយាយយ៉ាងនេះ ជនទាំងឡាយណា មិនដឹងតាម មិន​យល់ព្រម មិនរីករាយ ចំពោះភាសិត និងពាក្យចរចាដ៏ពីរោះ ដល់គ្នានឹងគ្នាហើយ ការ​បង្កហេតុ ការឈ្លោះ ការទាស់ទែង នឹងការពោលចាក់ដោតគ្នានឹងគ្នា ដោយលំពែង គឺមាត់ ក៏ប្រាកដដល់ជនទាំងនោះ ដូច្នេះ ម្នាលអានន្ទ ធម៌ ​តថាគត បានសំដែងហើយ ដោយបរិយាយយ៉ាងនេះឯង ម្នាលអានន្ទ កាលបើធម៌ ​តថាគត សំដែង​ដោយ​បរិយាយ​យ៉ាងនេះហើយ ជនទាំងឡាយណា នឹងដឹងតាម ​យល់ព្រមតាម រីករាយតាមសុភាសិត និងពាក្យចរចាដ៏ពីរោះ ដល់គ្នានឹងគ្នាហើយ ការព្រមព្រៀងគ្នា រីករាយរាក់ទាក់រកគ្នា មិនទាស់ទែងគ្នា ដូចទឹកលាយដោយទឹកដោះស្រស់ មើលគ្នានឹងគ្នាដោយភ្នែក​ជាទី​ស្រឡាញ់ ក៏នឹងប្រាកដដល់ជនទាំងឡាយនោះ។

[១០០] ម្នាលអានន្ទ កាមគុណទាំងឡាយនេះ មាន៥យ៉ាង កាមគុណទាំងឡាយ​៥ តើដូចម្តេច គឺរូបទាំងឡាយ ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ សំឡេងទាំងឡាយ ដែលគប្បីដឹងដោយត្រចៀក… ក្លិនទាំងឡាយ ដែលគប្បីដឹងដោយច្រមុះ.. រសទាំងឡាយ ដែលគប្បីដឹងដោយអណ្តាត… ផោដ្ឋព្វៈទាំងឡាយ ដែលគប្បីដឹងដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់​ចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម ជាទីរីករាយ ម្នាលអានន្ទ កាមគុណ មាន៥យ៉ាងនេះឯង។ ម្នាលអានន្ទ សេចក្តីសុខ សោមនស្សណា​មួយកើតឡើង ព្រោះអាស្រ័យកាមគុណទាំងឡាយ៥នេះ សេចក្តីសុខ សោមនស្សនេះ ហៅថា កាមសុខ។

[១០១] ម្នាលអានន្ទ បុគ្គលណាមួយ គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែង​ទទួល​សេចក្តីសុខ និងសោមនស្ស មានកំណត់អស់ត្រឹមប៉ុណ្ណេះ ពាក្យនេះរបស់បុគ្គល​នោះ តថាគត មិនបានយល់តាមទេ ការដែលមិនយល់តាមនោះ ព្រោះហេតុអ្វី ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តី​សុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តី​សុខនេះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ គឺនីវរណៈ៥ ក៏បានដល់បឋមជ្ឈាន ដែលប្រកប​ដោយ​វិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ​កើតអំពីសេចក្តីស្ងាត់ ចាកនីវរណធម៌ ទើបសម្រេចសម្រាន្តនៅ ដោយស្រួល ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ បុគ្គលណាមួយ គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែង​ទទួល​សេចក្តីសុខ និងសោមនស្ស អស់ត្រឹមប៉ុណ្ណេះ ពាក្យនេះរបស់បុគ្គល​នោះ តថាគត មិនយល់តាមទេ ការ​មិន​យល់​តាម​នោះ ព្រោះហេតុដូចម្តេច ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តម​ថ្លៃថ្លា ជាងសេចក្តី​សុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តី​សុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់​នូវវិតក្កៈ និងវិចារៈ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតមានប្រាកដក្នុងខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា ជាសភាពនៃចិត្តខ្ពស់ឯក ឥតមានវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខៈ កើត​អំពីសមាធិ។បេ។ ដល់នូវតតិយជ្ឈាន… ដល់នូវ​ចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយស្រួល ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តី​សុខនុ៎ះ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តី​សុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុង​សាសនា​នេះ ព្រោះកន្លងនូវរូបសញ្ញា ព្រោះកំចាត់បង់នូវបដិឃសញ្ញា មិនបានធ្វើទុកក្នុងចិត្ត នូវ​នានត្តសញ្ញា ដោយប្រការទាំងពួង ក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយកិរិយា​ធ្វើទុកក្នុងចិត្តថា អាកាសមិនមានទីបំផុត ដូច្នេះ ម្នាលអានន្ទ នេះឯងជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុង​សាសនា​នេះ ព្រោះកន្លងនូវអាកាសានញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ធ្វើទុកក្នុងចិត្តថា វិញ្ញាណមិនមានទីបំផុត ដូច្នេះ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខជាងសេចក្តីសុខនុ៎ះ។បេ។ ម្នាលអានន្ទ សេចក្តី​សុខ​ដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុង​សាសនា​នេះ ព្រោះកន្លងនូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់​នូវ​អាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ធ្វើទុកក្នុងចិត្តថា វត្ថុបន្តិចបន្តួចមិនមាន ដូច្នេះ ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខជាងសេចក្តីសុខនុ៎ះ។បេ។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរ​ថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុង​សាសនា​នេះ ព្រោះកន្លងនូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយប្រការទាំងពួង ក៏បានដល់នូវ​នេវសញ្ញានាសញ្ញាយតនជ្ឈាន ម្នាលអានន្ទ នេះឯង ជាសេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។

[១០២] ម្នាលអានន្ទ បុគ្គលណា គប្បីពោលយ៉ាងនេះថា សត្វទាំងឡាយ តែង​ទទួល​នូវសេចក្តីសុខ និងសោមនស្ស អស់កំណត់ត្រឹមតែប៉ុណ្ណេះ ពាក្យនេះ របស់​បុគ្គល​នោះ តថាគត មិនយល់តាមទេ ការមិនយល់តាមនោះ ព្រោះហេតុដូចម្តេច ម្នាលអានន្ទ ព្រោះថា សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ នៅមានទៀត។ ម្នាលអានន្ទ សេចក្តីសុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ តើដូចម្តេច ម្នាលអានន្ទ ភិក្ខុក្នុង​សាសនា​នេះ ព្រោះកន្លងនូវនេវសញ្ញានាសញ្ញាយតនជ្ឈាន ដោយ​ប្រការ​ទាំងពួង ទើបបានដល់នូវសញ្ញាវេទយិតនិរោធ ម្នាលអានន្ទ នេះឯង ជាសេចក្តី​សុខដទៃ ដ៏ប្រសើរថ្លៃថ្លា ឧត្តមថ្លៃថ្លា ជាងសេចក្តីសុខនុ៎ះ។ ម្នាលអានន្ទ ហេតុនេះ តែង​មានប្រាកដ ត្រង់ពាក្យដែលពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះថា ព្រះសមណគោតម ពោលអាង​សញ្ញាវេទយិតនិរោធ បញ្ញត្តនូវសញ្ញាវេទយិតនិរោធនោះ ថាជាសេចក្តីសុខ អ្វីជាសញ្ញាវេទយិតនិរោធនោះ សញ្ញាវេទយិតនិរោធនោះ តើដូចម្តេច ម្នាលអានន្ទ (បើ) ពួកបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកគប្បីពោលតប​យ៉ាង​នេះថា ម្នាលអាវុសោ ព្រះមានព្រះភាគ មិនបានបញ្ញត្ត (នូវសញ្ញាវេទយិតនិរោធ) ថាជា​សេចក្តីសុខ ព្រោះសំដៅយកសុខវេទនា (នោះ)ទេ ម្នាលអាវុសោ មួយទៀត បុគ្គលតែង​បាន​សេចក្តីសុខ ក្នុងទីណាៗ ព្រះតថាគត ក៏បញ្ញត្តនូវ​សញ្ញាវេទយិតនិរោធ ថាជាសេចក្តី​សុខ ត្រង់ទីនោះៗ។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​សុភាសិតនោះចប់ហើយ ព្រះអានន្ទមានអាយុ ក៏ពេញចិត្ត ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ ពហុវេទនីយសូត្រ ទី៩។

អបណ្ណកសូត្រ ទី១០

(១០. អបណ្ណកសុត្តំ)

[១០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​ទៅកាន់ចារិក ក្នុងដែន​កោសល មួយអន្លើដោយភិក្ខុសង្ឃច្រើន ក៏បានដល់ព្រាហ្មណ​គ្រាម ឈ្មោះសាលា របស់ពួកអ្នកកោសល។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលា ក៏និយាយគ្នាថា ម្នាលគ្នាយើង ឮថា ព្រះសមណគោតម ជាសក្យបុត្រ ចេញចាកសក្យ​ត្រកូល ទ្រង់ព្រះផ្នួស ឥឡូវ ទ្រង់ពុទ្ធដំណើរ​ទៅកាន់ចារិក ក្នុងដែន​កោសល មួយអន្លើ​ដោយ​ភិក្ខុសង្ឃដ៏ច្រើន បានដល់សាលាគ្រាមហើយ។ កិត្តិសព្ទ​ដ៏ល្អ នៃព្រះគោតម​ដ៏ចំរើន​នោះ ឮខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ ព្រះអង្គឆ្ងាយចាក​សេចក្តី​សៅហ្មងគ្រប់យ៉ាង ទ្រង់ត្រាស់ដឹង​នូវ​ញេយ្យធម៌ទាំងពួង ដោយប្រពៃ ចំពោះ​ព្រះអង្គ​ឯង ទ្រង់បរិបូណ៌ដោយវិជ្ជា និងចរណៈ ទ្រង់មានដំណើរល្អ ទ្រង់ជ្រាបច្បាស់​នូវ​ត្រៃលោក ទ្រង់ប្រសើរដោយសីលាទិគុណ រកបុគ្គល​ណាមួយស្មើគ្មាន ទ្រង់ទូន្មាន​នូវបុរស ដែលគួរទូន្មានបាន ទ្រង់ជាគ្រូ នៃ​ទេវតា និងមនុស្សទាំងឡាយ ទ្រង់បាន​ត្រាស់​ដឹង នូវអរិយសច្ចធម៌ ទ្រង់លែងវិលត្រឡប់​មកកាន់​ភពថ្មីទៀត ទ្រង់បាន​ធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ចំពោះព្រះអង្គ នូវលោកនេះ ព្រម​ទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំង​សមណព្រាហ្មណ៍ ទាំង​មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស ហើយ​ប្រកាស ទ្រង់សំដែងធម៌ មានលំអបទ​ដើម បទកណ្តាល និងបទចុង ទ្រង់ប្រកាស នូវ​ព្រហ្មចរិយធម៌ ព្រមទាំងអត្ថ និងព្យញ្ជនៈ ដ៏ពេញបរិបូណ៌ បរិសុទ្ធទាំងអស់ ក៏ការ​ដែល​បានឃើញ បានជួបនឹងព្រះអរហន្តទាំង​ឡាយ មានសភាពដូច្នោះ ជាការប្រពៃ​ណាស់។ លំដាប់នោះ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកសាលា ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ អ្នកខ្លះ ក្រាបថ្វាយ​បង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ អ្នកខ្លះ ក៏ពោលពាក្យ​សំណេះ​សំណាលរាក់ទាក់ ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់ពាក្យជាទីរីករាយ និងពាក្យ​ជាទី​រលឹកហើយ អង្គុយក្នុង​ទីសមគួរ អ្នកខ្លះ ក៏អង្គុយក្នុងទីសមគួរ ប្រណម្យអញ្ជលី ឆ្ពោះទៅ​ព្រះមានព្រះភាគ អ្នក​ខ្លះ ក៏អង្គុយក្នុងទីសមគួរ ប្រកាសនាម និងគោត្រឲ្យឮ ក្នុងសំណាក់​ព្រះមានព្រះភាគ អ្នកខ្លះ ក៏អង្គុយនៅស្ងៀមក្នុងទីសមគួរ។

[១០៤] លុះសាលេយ្យកព្រាហ្មណគហបតី អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមាន​ព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលគហបតីទាំងឡាយ ចុះអ្នកទាំងឡាយ មានគ្រូ​ណា​មួយ ជាទីគាប់ចិត្ត ល្មមឲ្យអ្នកទាំងឡាយ មានសទ្ធាប្រកបដោយហេតុដែរឬ។ បពិត្រ​ព្រះអង្គដ៏ចំរើន យើងខ្ញុំទាំងឡាយ មិនមានគ្រូណាមួយ ជាទីគាប់ចិត្ត ល្មមឲ្យ​យើងខ្ញុំ​ទាំងឡាយ មានសទ្ធាប្រកបដោយហេតុទេ។ ម្នាលគហបតីទាំងឡាយ កាលបើអ្នក​ទាំង​ឡាយ មិនបានគ្រូជាទីគាប់ចិត្តហើយ ត្រូវប្រព្រឹត្តសមាទាន នូវអបណ្ណកធម៌នេះវិញ ម្នាល​គហបតីទាំងឡាយ ព្រោះថា អបណ្ណកធម៌ ដែលអ្នកទាំងឡាយ បានធ្វើឲ្យបរិបូណ៌ បានសមាទានហើយ ជាធម៌ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ដល់អ្នកទាំង​ឡាយ អស់កាលជាយូរអង្វែង។ ម្នាលគហបតីទាំងឡាយ អបណ្ណកធម៌ តើដូចម្តេច។

[១០៥] ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គល​ឲ្យហើយ មិនមានផល ការបូជា​ធំ​ មិន​មាន​ផល ការបូជាតូច មិនមានផល ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អ និង​ធ្វើ​អាក្រក់ មិនមាន លោកនេះមិនមាន បរលោកមិនមាន មាតាមិនមាន​គុណ បិតាមិន​មាន​គុណ សត្វទាំងឡាយ ជាឱបបាតិកៈ មិនមាន ពួកសមណព្រាហ្មណ៍ ជាអ្នក​ព្រមព្រៀង​​ប្រតិបត្តិត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក្នុងលោកនេះ​មិនមាន ម្នាលគហបតីទាំងឡាយ បណ្តា​សមណព្រាហ្មណ៍ទាំងនោះ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវ​ដោយ​ត្រង់ (ខុសទីទៃពីគ្នា) ពោលទៅរកសមណព្រាហ្មណ៍ទាំងនោះវិញថា ទានដែល​បុគ្គល​​ឲ្យហើយ មានផល ការបូជាធំ មាន​ផល ការបូជាតូច មានផល ផលវិបាករបស់កម្ម ដែលសត្វ​ធ្វើល្អ និងធ្វើអាក្រក់ មាន លោកនេះមាន បរលោកមាន មាតាមាន​គុណ បិតា​មានគុណ សត្វទាំងឡាយ ជាឱបបាតិកៈមាន ពួកសមណព្រាហ្មណ៍ ជាអ្នកព្រមព្រៀង​គ្នា ​ប្រតិបត្តិ​ត្រឹមត្រូវ បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញារបស់ខ្លួន នូវលោកនេះ និង​បរលោក​ហើយ ប្រកាសបាន ក្នុងលោកនេះមាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់​នូវ​ហេតុនោះដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងឡាយនេះ ពោលពាក្យជា​សឹក​សត្រូវ​​ដោយ​ត្រង់ ទៅរកគ្នានឹងគ្នា មែនឬ។ ព្រះករុណាព្រះអង្គ។

[១០៦] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណ​ព្រាហ្មណ៍​ទាំងឡាយណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គល​​ឲ្យហើយ មិនមានផល ការបូជាធំមិនមាន​ផល ការបូជាតូច មិនមានផល។បេ។ បានធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញារបស់ខ្លួនឯង នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក៏មិនមាន ហេតុនោះ ក៏ប្រាកដដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) ក៏លះបង់នូវកុសលធម៌ទាំង៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទាន ប្រព្រឹត្ត​អកុសលធម៌ទាំង៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ការប្រព្រឹត្តិនោះ ព្រោះហេតុដូចម្តេច ព្រោះថា ពួកសមណ​ព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ មិនឃើញទោស នៃអកុសលធម៌ទាំងឡាយ ដ៏​លាមក ដ៏សៅហ្មង ព្រមទាំងមិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក​នៃសេចក្តី​ផូរផង់ ក្នុងកិរិយាចេញចាកកាម។ បុគ្គលមានសេចក្តីយល់​ឃើញបរលោក​ ដែលមាន​ប្រាកដមែនថា បរលោកមិនមានវិញ សេចក្តីយល់ឃើញរបស់អ្នកនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ បុគ្គលត្រិះរិះ នូវបរលោក ដែលមានប្រាកដមែនថា បរលោក​មិនមានទៅវិញ សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថាមិច្ឆាសង្កប្បៈ។ បុគ្គល​ពោលវាចា ចំពោះ​បរលោក ដែលមានពិតប្រាកដមែនថា បរលោក​មិនមានទៅវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ បុគ្គល​ពោលបរលោក ដែលបរលោក ដែលមានពិតមែនថា បរលោក​មិនមានវិញ បុគ្គលនោះ ឈ្មោះថា ធ្វើសឹក​សត្រូវ ចំពោះ​ព្រះអរហន្តទាំងឡាយ ជាអ្នកជ្រាបច្បាស់ នូវបរលោក។ បុគ្គលណា ពន្យល់អ្នកដទៃ ឲ្យយល់បរលោក ដែលមានពិតមែនថា បរលោក ​មិនមានវិញ ការពន្យល់នោះ របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ គឺពន្យល់​ខុសចាកព្រះសទ្ធម្ម ហើយលើក​តំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយអសទ្ធម្មសញ្ញត្តិនោះ។ មួយវិញទៀត បុគ្គលលះបង់នូវភាវៈ ជាអ្នកមានសីល​ល្អ ក្នុងកាលមុន ហើយតាំងទុកនូវភាវៈ ជាអ្នក​ទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈ​ទាំងឡាយ ជាអសទ្ធម្មសញ្ញត្តិ ហៅថា លើកតំកើង​ខ្លួនឯង បង្អាប់បុគ្គលដទៃ។ ធម៌ជាអកុសល ដ៏លាមក មានច្រើនទាំង​អម្បាលនេះ កើតឡើង​ព្រម ព្រោះមានមិច្ឆាទិដ្ឋិជាបច្ច័យយ៉ាងនេះ។

[១០៧] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញក្នុងលទ្ធិ របស់​ពួកសមណព្រាហ្មណ៍នោះ ដូច្នេះថា បើបរលោកមិនមានទេ បុរសបុគ្គលដ៏​ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យ​សួស្តីបានយ៉ាងនេះ បើបរលោក​មានមែន បុរសបុគ្គលដ៏​ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ មុខជា​នឹង​ទៅ​កើត ​ក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក យ៉ាងនេះមិនខាន។ បើ​បរលោក មិនមាន​ដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះ​ថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏​ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ លោកតិះដៀល ក្នុង​បច្ចុប្បន្ននេះថា បុរសបុគ្គល ដ៏​ចំរើននេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជានត្ថិកវាទ។ បើបរលោក​មាន​ពិតមែន បុរសបុគ្គលដ៏​ចំរើននេះ ទទួលចាញ់ ក្នុងចំណែក​ទាំងពីរ គឺ​អ្នកប្រាជ្ញទាំងឡាយ​ តិះដៀល ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈ នឹងទៅកើត ក្នុង​កំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក។ អបណ្ណកធម៌ ដែលបុគ្គលធ្វើ​មិនពេញលេញ សមាទានមិនល្អហើយ រមែងផ្សាយទៅតាមវាទៈ របស់ខ្លួនដោយចំណែក​មួយ ហើយ​វៀរបង់ នូវ​ហេតុជាទីតាំង នៃ​កុសលយ៉ាងនេះ។

[១០៨] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណ​ព្រាហ្មណ៍​ទាំងឡាយណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ទានដែលបុគ្គល​​ឲ្យហើយ មានផល។បេ។ សមណព្រាហ្មណ៍ទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់ ដោយ​ប្រាជ្ញារបស់ខ្លួន នូវលោកនេះ និងបរលោកហើយ ប្រកាសបាន ក៏មាន ហេតុនោះ ក៏​ប្រាកដ​ដល់សមណព្រាហ្មណ៍ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) បានលះបង់​ អកុសលធម៌ ទាំង៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយនឹងសមាទាន ប្រព្រឹត្ត​នូវកុសលធម៌ទាំង៣គឺ កាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើននោះ បានឃើញ​ទោស នៃអកុសលធម៌ទាំងឡាយ ដ៏ថោកទាប សៅហ្មង ឃើញនូវអានិសង្ស នៃ​កុសលធម៌ទាំងឡាយ ជាចំណែក​ នៃសេចក្តីផូរផង់ ក្នុងកិរិយាចេញចាកកាម។ បរលោក​ មានពិតមែន បុគ្គលនោះ មានសេចក្តីយល់ឃើញថា បរលោកមានមែន សេចក្តីយល់​ច្បាស់ របស់អ្នកនោះ ឈ្មោះថា សម្មាទិដ្ឋិ។ បុគ្គលត្រិះរិះនូវបរលោក ដែលមានពិត​មែនថា បរលោកមានមែន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ បុគ្គល​ពោលវាចា ចំពោះបរលោក ដែលមានពិតមែនថា បរលោកមានមែន វាចារបស់​បុគ្គលនោះ ឈ្មោះថា សម្មាវាចា។ បុគ្គល​ពោលនូវបរលោក ដែលមានពិតមែនថា បរលោក​មានមែន បុគ្គលនោះ ឈ្មោះថាធ្វើ មិនធ្វើនូវសឹក​សត្រូវ ដល់ព្រះអរហន្ត ដែលជ្រាបច្បាស់ នូវបរលោកទាំងនោះឡើយ។ បុគ្គលពន្យល់អ្នកដទៃ ឲ្យយល់ នូវ​បរលោក ដែលមានពិតមែនថា បរលោកមានមែន សេចក្តីពន្យល់ របស់​បុគ្គល​នោះ ឈ្មោះថាជា សទ្ធម្មសញ្ញត្តិ គឺពន្យល់តាមព្រះសទ្ធម្ម ហើយក៏មិនលើក​តំកើងខ្លួនឯង មិនបង្អាប់បុគ្គលដទៃ ដោយសទ្ធម្មសញ្ញត្តិនោះឡើយ។ មួយវិញទៀត បុគ្គលលះបង់​នូវភាវៈ ជាអ្នកទ្រុស្តសីល អំពីកាលមុនពិត ហើយតាំងទុកនូវភាវៈ ជាអ្នក​មានសីលល្អ នេះឈ្មោះថា សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា មិនជាសឹកសត្រូវ ចំពោះព្រះអរិយៈ​ទាំងឡាយ ជាអ្នកពន្យល់​តាមព្រះសទ្ធម្ម ហៅថា មិនលើកតំកើង​ខ្លួនឯង មិន​បង្អាប់​បុគ្គល​ដទៃ។ កុសលធម៌ មានច្រើនទាំង​អម្បាលនេះ តែងកើតឡើង​ព្រម ព្រោះមានសម្មាទិដ្ឋិ ជាបច្ច័យយ៉ាងនេះ។

[១០៩] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស តែងពិចារណាឃើញ ក្នុងលទ្ធិ របស់ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើបរលោកមានមែន បុរសបុគ្គលដ៏​ចំរើននេះ បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ មុខជានឹងទៅកាន់​សុគតិសួគ៌ ទេវលោក យ៉ាងនេះ។ បើ​បរលោក មិនមានដោយពិតទេ ពាក្យរបស់​សមណព្រាហ្មណ៍​ដ៏ចំរើន​ទាំងនោះ ឈ្មោះ​ថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏​ចំរើននេះ អ្នកប្រាជ្ញ​ទាំងឡាយ សរសើរ ក្នុង​បច្ចុប្បន្ននេះថា បុរសបុគ្គលដ៏​ចំរើននេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាអត្ថិកវាទ។ បើបរលោកមានមែន បុរសបុគ្គលដ៏​ចំរើននេះ ទទួល​យក​ជ័យជំនះ ក្នុងចំណែក​ទាំងពីរ គឺ​អ្នកប្រាជ្ញទាំងឡាយសរសើរ ក្នុងបច្ចុប្បន្ននេះ លុះបែក​ធ្លាយ​រាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកាន់សុគតិសួគ៌ ទេវលោក។ អបណ្ណកធម៌​នេះ ដែលបុគ្គលធ្វើ​ឲ្យពេញលេញ សមាទានល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់ខ្លួន ដោយចំណែក​ទាំងពីរ ហើយវៀរបង់ នូវ​ហេតុជាទីតាំង នៃអ​កុសលបាន។

[១១០] ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ពួកមួយ មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើ​បាបដោយខ្លួនឯង ឬប្រើអ្នកដទៃ​ឲ្យធ្វើ កាត់ (អវយវៈគេ) ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន ធ្វើគេឲ្យ​សោកសៅ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យលំបាក ធ្វើគេ​ឲ្យញាប់ញ័រ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃ​ឲ្យ​សំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើអ្នកដទៃ​ឲ្យកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃ​ឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃ​ឲ្យប្លន់ ប្លន់យកទ្រព្យផ្ទះមួយ ឬប្រើ​អ្នកដទៃ​ឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃ ​ឲ្យឈរចាំដណ្តើម លួច​ភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃ​ឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃ​ [ពីត្រឹមពាក្យថា កាន់យកទ្រព្យ ដែលគេមិនបានឲ្យ រៀងមកដល់ពាក្យនេះ ប្រែសេចក្តី​បន្ថែមសេចក្តីខ្លះតាមអដ្ឋកថា។] ឲ្យកុហក (បុគ្គលនោះ) ឈ្មោះថា មិនធ្វើបាបទេ ទុកជា​បុគ្គលណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿង​ចក្រ មានខ្នងកង់ដ៏មុត ដូចជា​កាំបិតកោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជា​ហេតុ នៃបុគ្គល (នោះ) មិនមានទេ អំពើបាប ក៏មិនមកឲ្យផល ដល់បុគ្គល​នោះទេ ទុក​ជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃ​ឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើអ្នកដទៃ​ឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន បាបមាន​អំពើនោះជាហេតុ នៃបុគ្គលនោះមិនមាន (ឡើយ) អំពើបាប ក៏មិនមកឲ្យផល ដល់បុគ្គល​នោះទេ ទុកជាបុគ្គលឆ្លងទៅកាន់ត្រើយ​ទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃឲ្យឲ្យ បូជា ឬប្រើអ្នកដទៃ​ឲ្យបូជា បុណ្យ មានអំពើនោះ​ជា​ហេតុ នៃបុគ្គល​នោះ មិនមានទេ អំពើបុណ្យ មិនមកឲ្យផល ដល់បុគ្គលនោះឡើយ បុណ្យ​មិនមាន ដោយការ​ឲ្យទាន ដោយការទូន្មាននូវឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោល​ពាក្យសច្ចៈទេ បុណ្យមិនមានមកដល់បុគ្គលនោះទេ។ ម្នាលគហបតី​ទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរក​សមណព្រាហ្មណ៍ទាំងនោះហើយ ពោលយ៉ាងនេះថា បុគ្គលធ្វើ​បាប ឬប្រើអ្នកដទៃ​ឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន ធ្វើគេឲ្យ​សោកសៅ ឬប្រើអ្នកដទៃ​ ឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃ​ឲ្យធ្វើគេ​ឲ្យលំបាក ធ្វើគេ​ឲ្យញាប់ញ័រ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃ​ឲ្យ​សំលាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើអ្នកដទៃ​ឲ្យកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃ​ឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃ​ឲ្យប្លន់ ប្លន់យក​ទ្រព្យ​តែផ្ទះមួយ ឬប្រើអ្នកដទៃ​ឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើអ្នកដទៃ​ឲ្យឈរ​ចាំ​ដណ្តើម លួច​ភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃ​ឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃ​ឲ្យ​កុហក (បុគ្គលនោះ) ឈ្មោះថា ធ្វើបាប ទុកជា​បុគ្គលណា ធ្វើសត្វ​ទាំង​ឡាយ លើផែនដី​នេះ ដោយគ្រឿង​ចក្រ មានខ្នងកង់ដ៏មុត ដូចជា​កាំបិតកោរ ឲ្យមានគំនរ​សាច់​តែមួយ ឲ្យមានពំនូកសាច់តែមួយ បាប ដែលមានអំពើនោះ ជា​ហេតុ តែងមាន បាបនៃបុគ្គល (នោះ) មាន ទុក​ជាបុគ្គលឆ្លងទៅ កាន់ត្រើយទន្លេគង្គាខាងត្បូង ហើយ​សំលាប់​សត្វ ឬប្រើអ្នកដទៃ​ឲ្យសំលាប់ កាត់អវយវៈគេ ឬប្រើគេ​ឲ្យកាត់ បៀតបៀន​គេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន បាបមាន​អំពើនោះជាហេតុ តែងមាន បាននៃបុគ្គលនោះ មាន ចំណែក​បុគ្គលឆ្លងទៅកាន់ត្រើយ​ទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃ​ឲ្យ​ឲ្យ បូជា ឬប្រើ​អ្នកដទៃ​ឲ្យបូជា បុណ្យ មានអំពើនោះជាហេតុ តែងមាន បុណ្យ នៃបុគ្គល​នោះ មាន បុណ្យ មាន ដោយការ​ឲ្យទាន ដោយការទូន្មាននូវឥន្ទ្រិយ ដោយការសង្រួម​កាយ​វាចា ដោយពោល​ពាក្យសច្ចៈ បុណ្យនៃបុគ្គល (នោះ) តែងមាន។ ម្នាលគហបតី​ទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច សមណព្រាហ្មណ៍ទាំងនេះ មានវាទៈជា​សឹក​សត្រូវ ដោយត្រង់ទៅរកគ្នានឹងគ្នា មិនមែនឬ។ ព្រះករុណាព្រះអង្គ។

[១១១] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណ​ព្រាហ្មណ៍​ណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គលធ្វើ​បាប ឬប្រើអ្នកដទៃ​ឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន ធ្វើគេឲ្យ​សោកសៅ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យលំបាក ធ្វើគេ​ឲ្យញាប់ញ័រ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វ ឬប្រើអ្នកដទៃ​ឲ្យ​សំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើឲ្យគេកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃ​ឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃ​ឲ្យប្លន់ ប្លន់យកទ្រព្យតែផ្ទះ​មួយ ឬប្រើអ្នកដទៃ​ឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើ​អ្នក​ដទៃ​​ឲ្យឈរចាំ​ដណ្តើម លួច​ប្រពន្ធបុគ្គលដទៃ ឬប្រើអ្នកដទៃ​ឲ្យលួច ពោលពាក្យកុហក ឬប្រើអ្នកដទៃ​ឲ្យពោលពាក្យកុហក បុគ្គលអ្នកធ្វើនោះ ឈ្មោះថាមិនធ្វើបាប ទុកជា​បុគ្គល​ណា ធ្វើសត្វទាំងឡាយ លើផែនដីនេះ ដោយគ្រឿង​ចក្រ មានខ្នងកង់ដ៏មុត ដូចជា​កាំបិត​កោរ ឲ្យមានគំនរសាច់តែមួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជា​ហេតុ តែង​មិនមាន បាបមិនមកឲ្យផលឡើយ ទុក​ជាបុគ្គលឆ្លងទៅ កាន់ត្រើយ​ទន្លេគង្គា​ខាង​ត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃ​ឲ្យសំលាប់។បេ។ បុណ្យមិនមាន ដោយការ​ឲ្យទាន ដោយការទូន្មានឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយពោល​ពាក្យសច្ចៈទេ បុណ្យមិនមកឲ្យផលឡើយ។ ហេតុនេះមានប្រាកដ ដល់សមណព្រាហ្មណ៍​ទាំងនោះ គឺ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់នូវកុសលធម៌៣នេះគឺ កាយសុចរិត វចីសុចរិត មនោសុចរិត ហើយសមាទានប្រព្រឹត្តនូវអកុសលធម៌៣នេះ គឺ​កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើននោះ មិនឃើញនូវទោសរបស់​អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង មិនឃើញ​អានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុង​កិរិយា​ចេញចាកកាម។ សេចក្តីយល់ឃើញអំពើ ដែល​មានពិតមែន របស់បុគ្គលនោះថា អំពើ មិនមានដូច្នេះ សេចក្តីយល់ឃើញរបស់បុគ្គល​នោះ ឈ្មោះថាមិច្ឆាទិដ្ឋិ។ មួយទៀត បុគ្គលត្រិះរិះ នូវអំពើ ដែលមានពិតមែនថា អំពើមិនមាន ដូច្នេះ សេចក្តីត្រិះរិះ​របស់​បុគ្គលនោះ ឈ្មោះថា មិច្ឆាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះអំពើ ដែល​មានមែនពិតថា អំពើ​មិនមានវិញ វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ មួយទៀត បុគ្គល​ណា ពោលនូវអំពើ ដែលមានមែនពិតថា អំពើ​មិនមានវិញ បុគ្គលនេះ ឈ្មោះថា ធ្វើសឹកសត្រូវ ចំពោះ​ព្រះអរហន្ត ដែលជាកិរិយវាទ។ មួយវិញទៀត បុគ្គល​ពន្យល់​អ្នក​ដទៃឲ្យយល់ នូវអំពើដែលមានពិតថា អំពើមិនមានវិញ សេចក្តី​ពន្យល់របស់បុគ្គល​នោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ ឯបុគ្គលនោះ ឈ្មោះថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ ដោយសារ អសទ្ធម្មសញ្ញត្តិនោះ។ ព្រោះហេតុនោះ បុគ្គលនោះលះបង់នូវភាវៈ នៃសីល​ល្អ ក្នុងកាលមុនចោល ហើយតាំងទុកនូវភាវៈ ជាអ្នកទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជា​អសទ្ធម្មសញ្ញត្តិ ឈ្មោះ​ថា លើកតំកើងខ្លួនឯង បន្តុះបង្អាប់​បុគ្គលដទៃ។ អកុសលធម៌​ទាំងឡាយ ដ៏លាមក ច្រើន​ប្រការទាំងនេះ តែងកើតឡើងព្រម ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះឯង។

[១១២] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់​ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើអំពើមិនមានទេ កាលបើយ៉ាងនេះ បុរស​បុគ្គល​ដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យសួស្តីបាន។ តែបើ​អំពើមានពិតមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​មរណៈទៅ​ហើយ នឹងទៅកើតក្នុងកំណើតតិរច្ឆាន ប្រេត អសុរកាយ នរក មិនលែង​ឡើយ។ បើអំពើ​មិនមានដោយពិត ពាក្យរបស់​សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះ​ថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ គប្បីតិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរស​បុគ្គលនេះ ជាអ្នកទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជាអកិរិយវាទ។ ប្រសិន​ណា​បើអំពើ​មានមែនពិត បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែក​ទាំងពីរ គឺអ្នកប្រាជ្ញ​ទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់​អំពី​មរណៈ​ទៅ នឹង​ទៅកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ អបណ្ណកធម៌​ នេះ ដែល​បុគ្គលនោះ ធ្វើមិនពេញលេញ សមាទានមិនល្អហើយ រមែង​ផ្សាយទៅតាមវាទៈ របស់​ខ្លួនដោយចំណែកមួយ វៀរបង់នូវហេតុជាទីតាំងនៃកុសល យ៉ាងនេះឯង។

[១១៣] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍​ទាំងឡាយណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា បុគ្គល​ធ្វើបាប ឬប្រើគេ​ឲ្យធ្វើ កាត់អវយវៈគេ ឬប្រើអ្នកដទៃឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន ធ្វើគេឲ្យ​សោកសៅ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យសោកសៅ ធ្វើគេឲ្យលំបាក ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យលំបាក ធ្វើគេ​ឲ្យញាប់ញ័រ ឬប្រើអ្នកដទៃ​ឲ្យធ្វើគេឲ្យញាប់ញ័រ សំឡាប់សត្វខ្លួនឯង ឬប្រើអ្នកដទៃ​ឲ្យ​សំឡាប់ កាន់យកទ្រព្យ ដែលគេមិនបានឲ្យ ឬប្រើ​ ​ឲ្យគេកាន់យក កាត់ទី តផ្ទះ ឬប្រើអ្នកដទៃ​ឲ្យកាត់ ប្លន់ពួកអ្នកស្រុក ឬប្រើអ្នកដទៃ​ឲ្យប្លន់ ប្លន់យកទ្រព្យតែផ្ទះមួយ ឬប្រើគេ​ឲ្យប្លន់ ឈរចាំដណ្តើមទ្រព្យគេក្បែរផ្លូវ ឬប្រើ​អ្នក​ដទៃ​​ឲ្យឈរចាំដណ្តើម លួច​ភរិយាបុគ្គលដទៃ ឬប្រើអ្នកដទៃ​ឲ្យលួច ពោលពាក្យកុហក ឬប្រើ​អ្នកដទៃ​ឲ្យកុហក បុគ្គលអ្នកធ្វើនោះ ឈ្មោះថាធ្វើបាប ទោះបី​បុគ្គល​ណា ធ្វើសត្វលើ​ផែនដី​នេះ ដោយគ្រឿង​ចក្រ មានខ្នងកង់ដ៏មុត ដូចជា​កាំបិត​កោរ ឲ្យមាន​គំនរ​សាច់​តែ​មួយ ឲ្យមានពំនូកសាច់តែមួយ បាបមានអំពើនោះជា​ហេតុ តែងមាន បាបនឹង​មកឲ្យផល ទុក​ជាបុគ្គលនោះឆ្លងទៅ កាន់ត្រើយ​ទន្លេគង្គា​ខាង​ត្បូង ហើយសំលាប់សត្វ ឬប្រើអ្នកដទៃ​ឲ្យសំលាប់ កាត់​អវយវៈគេ ឬប្រើគេឲ្យកាត់ បៀតបៀនគេ ឬប្រើអ្នកដទៃ​ឲ្យបៀតបៀន បាបមានអំពើនោះជាហេតុ តែងមាន បាបនឹងមកឲ្យផល ចំណែក​បុគ្គលឆ្លងទៅ កាន់​ត្រើយ​ទន្លេគង្គាខាងជើង ហើយឲ្យទាន ឬប្រើអ្នកដទៃ​ឲ្យឲ្យ បូជា ឬប្រើអ្នកដទៃ​ឲ្យបូជា បុណ្យ មានអំពើ​នោះជាហេតុ តែងមាន បុណ្យនឹងមកឲ្យផល បុណ្យ មាន​ដោយ​ការ​ឲ្យ​ទាន ដោយការទូន្មានឥន្ទ្រិយ ដោយការសង្រួមកាយវាចា ដោយការពោល​ពាក្យសច្ចៈ បុណ្យ នឹងមកឲ្យផល។ ហេតុនោះមានប្រាកដ ដល់​សមណ​ព្រាហ្មណ៍​​ទាំងនោះ គឺ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់នូវអកុសលធម៌ ទាំង៣​នេះ គឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយសមាទាន ប្រព្រឹត្តនូវកុសលធម៌ ទាំង៣នេះ គឺ​កាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណ​ព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឃើញទោស របស់​អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ឃើញ​អានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក នៃសេចក្តីផូរផង់ ក្នុង​កិរិយា​​ចេញចាកកាម។ មួយទៀត បុគ្គលមានសេចក្តីយល់ឃើញ នូវអំពើ ដែល​មាន​ពិត​មែនថា អំពើ មានពិតមែន សេចក្តីយល់ឃើញ របស់បុគ្គល​នោះ ឈ្មោះថា សម្មាទិដ្ឋិ។ មួយទៀត បុគ្គលណាត្រិះរិះ នូវអំពើ ដែលមានពិតមែនថា អំពើមានពិតមែន សេចក្តី​ត្រិះរិះ ​របស់​បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះអំពើ ដែល​មានពិតមែនថា អំពើ​មានពិតមែន វាចារបស់បុគ្គលនោះ ឈ្មោះថា សម្មាវាចា។ មួយវិញទៀត បុគ្គល​ណាពោលនូវអំពើ ដែលមានពិតមែនថា អំពើ​មានពិត​មែន បុគ្គលនេះ ឈ្មោះថា មិនធ្វើសឹកសត្រូវ ចំពោះ​ព្រះអរហន្ត ដែលជា​កិរិយវាទឡើយ។ មួយវិញទៀត បុគ្គល​ ពន្យល់​អ្នក​ដទៃឲ្យយល់ នូវអំពើដែលមានពិត​មែន​ថា អំពើមាន​ពិតមែន សេចក្តី​ពន្យល់របស់បុគ្គល​នោះ ឈ្មោះថា សទ្ធម្មសញ្ញត្តិ ឯ​បុគ្គល​នោះ ឈ្មោះថា មិនលើកតំកើងខ្លួនឯង មិនបង្អាប់បុគ្គលដទៃ ដោយសារ​ សទ្ធម្មសញ្ញត្តិនោះ។ ព្រោះ​ហេតុនោះ បុគ្គលនោះ លះបង់នូវភាវៈ ទ្រុស្តសីល ក្នុងកាលមុនចោល ហើយតាំង​ទុក នូវភាវៈ ជាអ្នកមានសីលល្អ នេះឈ្មោះថា សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា មិនជាសឹកសត្រូវ នឹងព្រះអរិយៈទាំងឡាយ ជាសទ្ធម្មសញ្ញត្តិ ឈ្មោះ​ថា មិនលើកតំកើង​ខ្លួនឯង មិនបន្តុះបង្អាប់​បុគ្គលដទៃ។ កុសលធម៌ទាំងឡាយ មានច្រើន​ប្រការទាំងនេះ តែងកើតឡើងព្រម ព្រោះសម្មាទិដ្ឋិជាបច្ច័យ យ៉ាងនេះ។

[១១៤] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់​សមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើអំពើមានពិតមែន បុរស​បុគ្គល​ដ៏ចំរើននេះ លុះ​បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងទៅកាន់សុគតិសួគ៌ ទេវលោក យ៉ាងនេះ។ បើ​អំពើមិនមានដោយពិតទេ ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឈ្មោះថា ជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ សរសើរក្នុង​បច្ចុប្បន្ន​នេះ​ថា បុរស​បុគ្គលនេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាកិរិយវាទ។ បើអំពើ​មានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលយកជ័យជំនះ ក្នុងចំណែក​ទាំងពីរ គឺអ្នកប្រាជ្ញ​ទាំងឡាយ​សរសើរ ក្នុងបច្ចុប្បន្ននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​មរណៈ​ទៅ នឹងបាន​ទៅ​កាន់​សុគតិសួគ៌ទេវលោក។ អបណ្ណកធម៌ ដែល​បុគ្គល ធ្វើឲ្យពេញលេញ សមាទានល្អហើយ ក៏ផ្សាយទៅតាមវាទៈ របស់​ខ្លួនដោយចំណែកទាំងពីរ វៀរបង់នូវ​ហេតុ​ជាទីតាំង នៃ​អកុសល យ៉ាងនេះ។

[១១៥] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួក១ មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យនាំឲ្យសត្វទាំងឡាយសៅហ្មង មិនមានឡើយ សត្វទាំងឡាយ រមែងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំង​ឡាយ​បរិសុទ្ធ មិនមានឡើយ សត្វទាំងឡាយ តែងបរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កំឡាំងមិនមាន សេចក្តីព្យាយាមមិនមាន កំឡាំង​របស់បុរស ក៏មិនមាន សេចក្តីសង្វាត របស់បុរស ក៏មិនមាន ពួកសត្វទាំងអស់ (មានសត្វឱដ្ឋ គោ ជាដើម) បាណៈ50) ទាំងអស់ ភូតទាំងអស់ (មានសត្វកើតក្នុងស្រោមស៊ុត​ជាដើម) ជីវៈ គឺធញ្ញជាតិ ជាដើមទាំងអស់ ឥតមានអំណាច ឥតមានកំឡាំង ឥតមានព្យាយាម មានតែសេចក្តី​ប្រែប្រួល ដោយនិយតិ51) សង្គតិ52) និងភាវៈ53) តាំងនៅក្នុងអភិជាតិ ទាំង៦ ទទួលសុខ និងទុក្ខ ម្នាលគហបតីទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈ​ជាសឹក​សត្រូវ ដោយត្រង់ ទៅរក​សមណព្រាហ្មណ៍ទាំងនោះ ហើយពោលពាក្យ យ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វ​ទាំងឡាយ​សៅហ្មង មានមែន សត្វទាំងឡាយ តែងសៅហ្មង ដោយ​មានហេតុ មានបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មានមែន សត្វ​ទាំងឡាយ តែងបរិសុទ្ធ ដោយមានហេតុ មានបច្ច័យ កំឡាំងក៏មាន ព្យាយាមក៏មាន កំឡាំង ​របស់បុរស ក៏មាន សេចក្តីសង្វាត របស់បុរស ក៏មាន ពួកសត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ មានអំណាច មានកំឡាំង មានព្យាយាម មានសេចក្តីប្រែប្រួល​ ដោយនិយតិ សង្គតិ និងភាវៈ តាំងនៅក្នុង អភិជាតិ ទាំង៦ ទើបទទួលសុខ និងទុក្ខបាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយសំគាល់​ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងនេះ មានវាទៈ ​ជាសឹកសត្រូវ ដោយត្រង់ ដល់គ្នានឹងគ្នា មិនមែន​ឬ។ ព្រះករុណាព្រះអង្គ។

[១១៦] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ ពួក​សមណ​ព្រាហ្មណ៍ណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វ​ទាំង​ឡាយ​សៅហ្មង មិនមានឡើយ សត្វទាំងឡាយ នឹងសៅហ្មង ដោយឥតហេតុ ឥតបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វទាំងឡាយបរិសុទ្ធ មិនមាន សត្វទាំងឡាយ បរិសុទ្ធ ដោយឥតហេតុ ឥតបច្ច័យ កំឡាំងមិនមាន សេចក្តីព្យាយាមមិនមាន កំឡាំង​របស់បុរសមិនមាន សេចក្តីសង្វាត នៃបុរសមិនមាន សត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈទាំងអស់ ឥតមានអំណាច ឥតមានកំឡាំង ឥតមានព្យាយាម មានតែ​សេចក្តី​ប្រែប្រួល ដោយនិយតិ សង្គតិ និងភាវៈ តាំងនៅ​ក្នុង​អភិ​ជាតិ​ទាំង៦ ទើបទទួលសុខ និងទុក្ខបាន ហេតុនេះ ក៏ប្រាកដ ដល់សមណព្រាហ្មណ៍​ទាំងនោះ (សមណព្រាហ្មណ៍​ទាំងនោះ) លះបង់កុសលធម៌ ៣នេះគឺ កាយសុចរិត វចី​សុចរិត មនោសុចរិត ហើយ​សមាទាន ប្រព្រឹត្ត​អកុសលធម៌ ៣នេះគឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិតវិញ ដំណើរ​នោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណ​ព្រាហ្មណ៍ ​ដ៏​ចំរើនទាំងនោះ មិនបានឃើញ​ទោស នៃអកុសលធម៌ទាំងឡាយ ដ៏​លាមក សៅហ្មង ទាំងមិនឃើញអានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែក ​នៃសេចក្តីផូរផង់ ក្នុង​ការចេញចាកកាម។ មួយទៀត បុគ្គលណា មានសេចក្តីយល់​ឃើញហេតុ ដែលមានមែនពិតថា ហេតុមិនមាន សេចក្តីយល់​ឃើញ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ មួយទៀត បុគ្គលត្រិះរិះ​នូវហេតុ ដែលមានមែនពិតថា ហេតុមិនមាន សេចក្តីត្រិះរិះ របស់បុគ្គលនោះ ឈ្មោះថា មិច្ឆាសង្កប្បៈ។ មួយទៀត បុគ្គល​ពោលវាចា ចំពោះហេតុ ដែលមានមែនពិតថា ហេតុ​មិនមាន វាចារបស់បុគ្គលនោះ ឈ្មោះថា មិច្ឆាវាចា។ មួយទៀត បុគ្គលណា ​ពោលនូវហេតុ ដែលមានមែនពិតថា ហេតុមិនមាន បុគ្គលនេះ ឈ្មោះថាធ្វើសឹក​សត្រូវ ចំពោះ​ព្រះអរហន្ត ដែល​ជាហេតុវាទ។ មួយទៀត បុគ្គលណា ពន្យល់អ្នកដទៃ ឲ្យយល់​នូវ​ហេតុ ដែលមានពិតថា ហេតុ​មិនមាន សេចក្តី​ពន្យល់​ របស់បុគ្គលនោះ ឈ្មោះថា អសទ្ធម្មសញ្ញត្តិ ឯបុគ្គលនោះ ឈ្មោះថា លើក​តំកើងខ្លួនឯង តិះដៀល​បុគ្គលដទៃ ដោយសារ ​អសទ្ធម្មសញ្ញត្តិ​នោះ។ ព្រោះហេតុនោះ បុគ្គលនោះ លះបង់នូវភាវៈ​ជាអ្នកមានសីលល្អ ក្នុងកាលមុន ហើយតាំងទុក​ នូវ​ភាវៈ ​ជាអ្នក​ទ្រុស្តសីលវិញ នេះឈ្មោះថា មិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ មិច្ឆាវាចា ជាសឹកសត្រូវ នឹង​ព្រះអរិយៈទាំងឡាយ ជា អសទ្ធម្មសញ្ញត្តិ ឈ្មោះថា លើកតំកើងខ្លួនឯង បង្អាប់បុគ្គលដទៃ។ អកុសលធម៌ ដ៏លាមក ច្រើនប្រការទាំងនេះ តែង​កើតព្រម ព្រោះ​មិច្ឆាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះ។

[១១៧] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់​សមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើហេតុមិនមានទេ បុរស​បុគ្គល​ដ៏ចំរើននេះ លុះ​បែក​ធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងធ្វើខ្លួនឲ្យមានសួស្តី។ បើហេតុមានមែន បុរសបុគ្គលដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ មួយទៀត បើហេតុ​មិនមានដោយពិត ពាក្យរបស់​សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ក៏នៅជាពាក្យពិត តែថា បុរស​បុគ្គល​ដ៏​ចំរើន​នេះ អ្នកប្រាជ្ញទាំងឡាយ តិះដៀល ក្នុងបច្ចុប្បន្ននេះថា បុរស​បុគ្គលនេះ ជាអ្នក​ទ្រុស្តសីល ជាមិច្ឆាទិដ្ឋិ ជាអហេតុកវាទ។ បើហេតុ​មានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលចាញ់ ក្នុងចំណែក​ទាំងពីរ គឺអ្នកប្រាជ្ញ​ទាំងឡាយ គប្បីតិះដៀល ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹង​ទៅកើតក្នុងកំណើត តិរច្ឆាន ប្រេត អសុរកាយ នរក មិនខាន។ អបណ្ណកធម៌ ដែល​បុគ្គលធ្វើមិនពេញលេញ សមាទាន​មិន​ល្អ​ហើយ ក៏ផ្សាយទៅតាមវាទៈ របស់​ខ្លួន ដោយចំណែកមួយ វៀរបង់នូវហេតុ​ ជាទីតាំង​នៃ​កុសល យ៉ាងនេះ។

[១១៨] ម្នាលគហបតីទាំងឡាយ បណ្តាសមណព្រាហ្មណ៍ទាំងនោះ សមណព្រាហ្មណ៍ទាំងឡាយណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ហេតុបច្ច័យ នាំឲ្យសត្វសៅហ្មង មានពិតមែន សត្វទាំងឡាយ តែងសៅហ្មង ដោយ​មានហេតុ មានបច្ច័យ ហេតុបច្ច័យ នាំឲ្យសត្វបរិសុទ្ធ មានពិតមែន សត្វទាំងឡាយ តែង​បរិសុទ្ធ ដោយមានហេតុ មានបច្ច័យ កំឡាំងមាន សេចក្តីព្យាយាមមាន កំឡាំងរបស់​បុរសមាន សេចក្តីសង្វាតនៃបុរសមាន ពួកសត្វទាំងអស់ បាណៈទាំងអស់ ភូតទាំងអស់ ជីវៈ​ទាំង​អស់ មានអំណាច មានកំឡាំង មានព្យាយាម មានសេចក្តីប្រែប្រួលដោយនិយតិ សង្គតិ និងភាវៈ ឋិតនៅក្នុងអភិជាតិទាំង៦ ទើបទទួលសុខ និងទុក្ខបាន ហេតុនោះ ក៏ប្រាកដ ដល់​​សមណ​ព្រាហ្មណ៍​​ទាំងនោះ (សមណព្រាហ្មណ៍ទាំងនោះ) លះបង់អកុសល៣​នេះ គឺ កាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត ហើយសមាទាន ប្រព្រឹត្តកុសលធម៌៣នេះ គឺ​កាយសុចរិត វចីសុចរិត មនោសុចរិតវិញ ដំណើរនោះ ព្រោះហេតុដូចម្តេច ព្រោះថា សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ឃើញទោសនៃ​អកុសលធម៌ទាំងឡាយ ដ៏លាមក សៅហ្មង ឃើញ​អានិសង្ស នៃកុសលធម៌ទាំងឡាយ ជាចំណែកនៃសេចក្តីផូរផង់ ក្នុង​កិរិយា​​ចេញចាកកាម។ មួយទៀត បុគ្គលមានសេចក្តីយល់ឃើញ នូវហេតុ ដែល​មាន​ពិត​មែនថា ហេតុ មានពិតមែន សេចក្តីយល់ឃើញ របស់បុគ្គល​នោះ ឈ្មោះថា សម្មាទិដ្ឋិ។ មួយទៀត បុគ្គលណាត្រិះរិះហេតុ ដែលមានពិតមែនថា ហេតុមានពិតមែន សេចក្តីត្រិះរិះ ​របស់​បុគ្គលនោះ ឈ្មោះថា សម្មាសង្កប្បៈ។ មួយទៀត បុគ្គលណា ពោលវាចា ចំពោះ​ហេតុ ដែល​មានពិតមែនថា ហេតុ​មានពិតមែន វាចារបស់បុគ្គលនោះ ឈ្មោះថា សម្មាវាចា។ មួយទៀត បុគ្គល​ណា ពោលនូវហេតុ ដែលមានពិតមែនថា ហេតុ​មាន​ពិត​មែន បុគ្គលនេះ ឈ្មោះថា មិនធ្វើសឹកសត្រូវ ចំពោះ​ព្រះអរហន្ត ជាហេតុវាទទាំងនោះ។ មួយទៀត បុគ្គល​ណាពន្យល់​អ្នក​ដទៃឲ្យយល់ នូវហេតុដែលមានពិត​មែន​ថា ហេតុមាន​ពិត​មែន សេចក្តី​ពន្យល់របស់បុគ្គល​នោះ ឈ្មោះថា សទ្ធម្មសញ្ញត្តិ មិនលើកតំកើងខ្លួនឯង ឯបុគ្គលនោះ ឈ្មោះថា មិនបង្អាប់បុគ្គលដទៃ ដោយសារ​សទ្ធម្មសញ្ញត្តិនោះទេ។ ព្រោះហេតុ​នោះ បុគ្គលនោះ បានលះបង់នូវភាវៈ ជាអ្នកទ្រុស្តសីល ក្នុងកាលមុន ហើយ​តាំងទុកនូវភាវៈ ជាអ្នកមានសីលល្អវិញ នេះឈ្មោះថា សម្មាទិដ្ឋិ សម្មាសង្កប្បៈ សម្មាវាចា មិនជាសឹកសត្រូវ ចំពោះព្រះអរិយៈទាំងឡាយ ជាសទ្ធម្មសញ្ញត្តិ ឈ្មោះ​ថា​ មិនលើក​តំកើង​​ខ្លួនឯង មិនបង្អាប់​បុគ្គលដទៃ។ កុសលធម៌ទាំងឡាយនេះ ច្រើន​ប្រការ កើតឡើងព្រម ព្រោះសម្មាទិដ្ឋិ ជាបច្ច័យ យ៉ាងនេះ។

[១១៩] ម្នាលគហបតីទាំងឡាយ វិញ្ញូបុរសតែងពិចារណាឃើញក្នុងលទ្ធិ របស់​ពួក​សមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា បើហេតុមានពិតមែន បុរស​បុគ្គល​ដ៏ចំរើននេះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ នឹងចូលទៅកាន់សុគតិសួគ៌ ទេវលោក។ មួយទៀត បើហេតុមិនមានដោយពិត ពាក្យរបស់សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ទុកជាពាក្យពិត តែថា បុរសបុគ្គលដ៏ចំរើននេះ អ្នកប្រាជ្ញទាំងឡាយ សរសើរ​ក្នុង​បច្ចុប្បន្ន​​ថា បុរស​បុគ្គលនេះ ជាអ្នកមានសីល ជាសម្មាទិដ្ឋិ ជាហេតុវាទ។ បើហេតុ​មានពិតមែន បុរសបុគ្គលដ៏ចំរើននេះ ទទួលជ័យជំនះ ក្នុងចំណែក​ទាំងពីរ គឺអ្នកប្រាជ្ញ​ទាំងឡាយ​សរសើរ ក្នុងបច្ចុប្បន្ន លុះបែកធ្លាយរាងកាយ បន្ទាប់អំពី​មរណៈ​ទៅ នឹងចូលទៅកាន់​សុគតិសួគ៌ ទេវលោក។ អបណ្ណកធម៌នេះ ដែល​បុគ្គល ធ្វើឲ្យពេញលេញ សមាទាន​ល្អ​ហើយ ក៏ផ្សាយទៅតាមវាទៈរបស់​ខ្លួន ដោយចំណែកទាំងពីរ វៀរបង់នូវ​ហេតុ​ជាទីតាំង នៃអកុសល យ៉ាងនេះ។

[១២០] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង ម្នាល​គហបតី​ទាំងឡាយ សមណព្រាហ្មណ៍ពួកមួយ មានវាទៈជាសឹកសត្រូវ ដោយត្រង់ ទៅរក​សមណព្រាហ្មណ៍ទាំងនោះ ហើយពោលយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការ​ទាំង​ពួង។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ សំគាល់​ហេតុនោះ ដូចម្តេច ក្រែងសមណ​ព្រាហ្មណ៍​ទាំងនេះ មានវាទៈ​ ជាសឹកសត្រូវ ដោយត្រង់ ទៅរក​គ្នានឹងគ្នា មិនមែន​ឬ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស​ តែង​ពិចារណាឃើញក្នុងលទ្ធិ របស់​ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា សមណព្រាហ្មណ៍ដ៏ចម្រើន​ទាំងឡាយណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង ពាក្យនេះ យើងក៏មិនដែលឃើញ សមណព្រាហ្មណ៍​ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង ពាក្យនេះ យើងក៏មិនដែលដឹង ឯយើង កាលបើ​មិនដឹង មិនឃើញ គប្បីកាន់យកដោយចំណែកមួយ ហើយនិយាយថា ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ហេតុនេះ មិនសមគួរទេ សមណព្រាហ្មណ៍ដ៏ចំរើនទាំងឡាយណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មិនមាន ដោយប្រការទាំងពួង បើពាក្យ​របស់​សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ជាពាក្យពិត ពាក្យនុ៎ះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា មានរូប កើតដោយឈានចិត្ត ពាក្យនេះ (មិនខុស) ការទៅកើត​ក្នុងរូបព្រហ្មនោះ នឹងមានដល់យើង មួយទៀត សមណព្រាហ្មណ៍ ដ៏ចំរើនទាំងឡាយ​ណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា អរូបព្រហ្ម មាន ដោយប្រការទាំងពួង បើពាក្យ​របស់​សមណព្រាហ្មណ៍ ដ៏ចំរើនទាំងនោះ ជាពាក្យពិត ពាក្យនុ៎ះ យកជា​ទីតាំង​បានប្រាកដ ទេវតាទាំងឡាយណា ដែលឥតរូប កើតដោយសញ្ញា ពាក្យនោះ (មិនខុស) ការទៅកើត​ ក្នុងអរូបព្រហ្មនោះ នឹងមានដល់យើង ការកាន់យកដម្បង ការកាន់យក​គ្រឿង​​សស្ត្រា ការ​ឈ្លោះទាស់ទែងគ្នា ការពោលជជែកគ្នា ការប្រកាន់ថាឯងអញ ការពោល​ញុះញង់ ការពោលពាក្យកុហក ដែលប្រាកដឡើង ព្រោះមានរូបជាអធិករណ៍ ក៏ឯអធិករណ៍នុ៎ះ មិនមានក្នុងរូបព្រហ្ម ដោយប្រការទាំងពួង។ វិញ្ញូបុរសនោះ លុះពិចារណា​ឃើញ ដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីសេចក្តីនឿយណាយ ដើម្បី​ប្រាសចាក​តម្រេក ដើម្បីរលត់នូវរូបនោះ។

[១២១] ម្នាលគហបតីទាំងឡាយ មានសមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន​ឡើយ។ ម្នាល​គហបតី​ទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ មានវាទៈជា​សឹក​សត្រូវ ដោយត្រង់ ទៅរក​សមណព្រាហ្មណ៍ទាំងនោះ ហើយពោលថា ការរលត់នៃភព ដោយប្រការទាំងពួង មាន។ ម្នាលគហបតីទាំងឡាយ អ្នកទាំងឡាយ​ សំគាល់​ហេតុនោះ ដូចម្តេច ក្រែងសមណព្រាហ្មណ៍ទាំងឡាយនេះ មានវាទៈ​ជាសឹកសត្រូវ ដោយត្រង់ ទៅរក​គ្នានឹងគ្នា មិនមែន​ឬ។ ព្រះករុណាព្រះអង្គ។ ម្នាលគហបតីទាំងឡាយ វិញ្ញូបុរស​ តែង​ពិចារណាឃើញក្នុងលទ្ធិ របស់​ពួកសមណព្រាហ្មណ៍ទាំងនោះ ដូច្នេះថា សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់ទៅនៃភព ដោយប្រការទាំងពួង មិនមានឡើយ ហេតុនេះ យើងមិនដែលឃើញ​ទេ សមណព្រាហ្មណ៍​ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់ទៅនៃភព ដោយប្រការទាំងពួង មាន ហេតុនេះ យើងមិនដឹង កាលបើ​យើងមិនដឹង មិនឃើញ គប្បីកាន់យកដោយចំណែកមួយ ហើយនិយាយថា ពាក្យនេះឯង ជាពាក្យពិត ពាក្យដទៃ ជាមោឃៈ ដូច្នេះ ពាក្យនេះ មិនសមគួរទេ សមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន បើពាក្យ​របស់​សមណព្រាហ្មណ៍​ដ៏ចំរើន​ទាំងនោះ ជាពាក្យពិត ហេតុនេះ យកជាទីតាំងបានប្រាកដ ទេវតាទាំងឡាយណា ដែលឥតរូប កើតដោយអរូបជ្ឈានសញ្ញា ពាក្យនោះមិនខុស ការកើត​ក្នុងអរូបព្រហ្មនោះ នឹងមានដល់យើង មួយទៀត សមណព្រាហ្មណ៍ដ៏ចំរើនទាំងឡាយណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មាន បើពាក្យ​របស់​សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ ជាពាក្យពិត ហេតុនេះ ទើបយកជាទីតាំង​បាន​ប្រាកដ យើងនឹងបរិនិព្វាន ក្នុងបច្ចុប្បន្ននេះ។ សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ការរលត់នៃភព ដោយប្រការទាំងពួង មិនមាន សេចក្តីយល់នេះ របស់សមណព្រាហ្មណ៍ទាំងនោះ ក៏ប្រព្រឹត្តទៅ ក្នុងទីជិត​នៃសេចក្តី​ត្រេកត្រអាល ក្នុងទីជិត នៃសំយោគធម៌ ក្នុងទីជិតនៃសេចក្តីរីករាយ ក្នុងទីជិត នៃសេចក្តី​ចូលចិត្តស៊ប់ ក្នុងទីជិត នៃឧបាទាន មួយទៀត សមណព្រាហ្មណ៍ទាំងឡាយ ដ៏ចំរើនណា មានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា កិរិយារលត់ទៅនៃភព មាន ដោយប្រការ​ទាំងពួង សេចក្តីយល់នេះ របស់សមណព្រាហ្មណ៍​ទាំងនោះ ប្រព្រឹត្តទៅ ក្នុងទីជិត​នៃសេចក្តី​មិន​ត្រេកត្រអាល ក្នុងទីជិតនៃអសំយោគធម៌ ក្នុងទីជិតនៃសេចក្តីមិនរីករាយ ក្នុងទីជិតនៃសេចក្តី​មិនចូលចិត្តស៊ប់ ក្នុងទីជិតនៃសេចក្តី​មិនមានឧបាទាន។ វិញ្ញុបុរសនោះ ពិចារណាឃើញដូច្នេះហើយ ក៏ប្រតិបត្តិ ដើម្បីនឿយណាយ ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ភពទាំងឡាយ។

[១២២] ម្នាលគហបតីទាំងឡាយ បុគ្គលទាំងឡាយក្នុងលោក មាន៤ពួកនេះ បុគ្គលទាំង​៤ពួក តើដូចម្តេចខ្លះ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រកប​ព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈ ១ ម្នាលគហបតី​ទាំង​ឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រកប​ព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈ ១ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រកប​ព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះអត្តន្តបៈផង ជាអ្នកប្រកប​ព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈផង១ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រកប​ព្យាយាមរឿយៗ មិនដុតកំដៅខ្លួនឯង ឈ្មោះ នេវត្តន្តបៈផង ជាអ្នក​ប្រកប​ព្យាយាមរឿយៗ មិនដុតកំដៅបុគ្គលដទៃ ឈ្មោះ នបរន្តបៈផង១ អនត្តន្តបបុគ្គល និងអបរន្តបបុគ្គលនោះ ជាអ្នកលែងមានសេចក្តីស្រេកឃ្លាន មានទុក្ខរំលត់ មានត្រជាក់​កើតហើយ មានប្រក្រតីទទួលសុខ មានខ្លួន​ដូចជាព្រហ្ម នៅក្នុង​បច្ចុប្បន្ននេះ។

[១២៣] ម្នាលគហបតីទាំងឡាយ បុគ្គល​ប្រកប​ព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈ តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នកប្រព្រឹត្តអាក្រាត លះមារយាទល្អចេញ ប្រព្រឹត្តស៊ីលិទ្ធដៃ។ សេចក្តីពិស្តារ ដូចគ្នា​នឹងកន្ទរកសូត្រ។ ម្នាលគហបតីទាំងឡាយ បុគ្គលប្រកបព្យាយាមរឿយៗ ញុំាងកាយ ឲ្យ​ក្តៅក្រហល់ក្រហាយ មានប្រការផ្សេងៗ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួន​ឯង មានសភាព​យ៉ាងនេះ បុគ្គលនេះ ហៅថា អត្តន្តបៈ។ ម្នាលគហបតីទាំងឡាយ បុគ្គល​ប្រកប​ព្យាយាមរឿយៗ ដុតកំដៅបុគ្គលដទៃ ឈ្មោះ បរន្តបៈ តើដូចម្តេច។ ម្នាលគហបតី​ទាំងឡាយ បុគ្គលក្នុងលោកនេះ ជាអ្នកសម្លាប់ចៀម ចិញ្ចឹមជីវិត សំលាប់ជ្រូក ចិញ្ចឹមជីវិត​។បេ។ ឬក៏បុគ្គលណាមួយ មានការងារ​វឹកវរ ជាអ្នកប្រកប​ព្យាយាម​រឿយៗ ដុតកំដៅបុគ្គលដទៃ ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា បរន្តបៈ។ ម្នាលគហបតីទាំងឡាយ ចុះបុគ្គល​ប្រកប​ព្យាយាមរឿយៗ ដុតកំដៅខ្លួនឯង ឈ្មោះ អត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅនូវបុគ្គលដទៃ ឈ្មោះបរន្តបៈផង តើដូចម្តេច។ ម្នាលគហបតីទាំងឡាយ បុគ្គលពួកមួយ ក្នុងលោកនេះ គឺស្តេច ជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេកហើយ។បេ។ ក៏បុគ្គលទាំងនោះ តែងមានសេចក្តីតក់ស្លុតដោយ​អាជ្ញា តក់ស្លុតដោយភ័យ មានមុខទទឹក​ដោយទឹកភ្នែក ទួញយំ ធ្វើការងារទាំងឡាយ ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅខ្លួន​ឯង ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា អត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ ដុតកំដៅ​បុគ្គលដទៃ ហៅថា បរន្តបៈ​ផង។ ម្នាលគហបតីទាំងឡាយ បុគ្គល​ប្រកប​ព្យាយាមរឿយៗ មិនដុតកំដៅខ្លួនឯង ហៅថា នេវត្តន្តបៈផង ជាអ្នកប្រកបព្យាយាមរឿយៗ មិនដុតកំដៅបុគ្គលដទៃ ហៅថា នបរន្តបៈផង តើដូចម្តេច អនត្តន្តបៈ និងអបរន្តបបុគ្គលនោះ លែងមានសេចក្តី​ស្រេកឃ្លាន មានទុក្ខរំលត់ហើយ មានត្រជាក់​កើតហើយ មានប្រក្រតី​ទទួលសេចក្តីសុខ មានខ្លួនដូចជាព្រហ្ម នៅក្នុងបច្ចុប្បន្ននេះ។ ម្នាលគហបតីទាំងឡាយ ព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធ កើតឡើងក្នុងលោកនេះ។បេ។ ព្រះតថាគតនោះ លះបង់នីវរណធម៌ ទាំង៥នេះ ដែលជាឧបក្កិលេស ក្នុងហឫទ័យ ជាធម៌ធ្វើបញ្ញាឲ្យថយ​កំឡាំង មានហឫទ័យស្ងាត់ ចាក​កាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ ក៏ចូល​បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពី​សេចក្តី​ស្ងប់ស្ងាត់ ជាអារម្មណ៍ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈហើយ ក៏បានដល់ទុតិយជ្ឈាន ដែល​មាន​ក្នុងខ្លួនជាទីជ្រះថ្លា មានភាវៈ ជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ និងវិចារៈទេ មានតែ​បីតិ និងសុខៈ ដែល​កើតអំពីសមាធិប៉ុណ្ណោះ ព្រោះប្រាសចាកបីតិ។បេ។ បានដល់តតិយជ្ឈាន ព្រោះលះបង់សេចក្តីសុខផង។បេ។ ក៏បានដល់ចតុត្ថជ្ឈាន។ ព្រះតថាគតនោះ កាលបើ​ចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្ត​ទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះ ហើយក៏​បង្អោនចិត្តទៅ ដើម្បីបុព្វេនិវាសានុស្សតិញ្ញាណ។ ព្រះតថាគតនោះ រលឹកជាតិ ដែល​បាន​អាស្រ័យនៅមកពីមុន ជាអនេកជាតិ រលឹកជាតិបានដូចម្តេច គឺរលឹកបាន១ជាតិ ២ជាតិ​។បេ។ រលឹកតាមជាតិ ដែលអាស្រ័យនៅមកពីមុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំង​ឧទ្ទេសយ៉ាងនេះ។ ព្រះតថាគតនោះ កាលដែល​ចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្ត​ទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រ ទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏​បង្អោនចិត្តទៅ ដើម្បី​ចុតូបបាតញ្ញាណ នៃសត្វទាំងឡាយ។ ព្រះតថាគតនោះ មានចក្ខុដូចជាទិព្វ បរិសុទ្ធ ជាងចក្ខុរបស់មនុស្សសាម័ញ្ញ បានឃើញសត្វទាំងឡាយ ដែលចុតិ និងបដិសន្ធិ ទាបថោក និងឧត្តម មានសណ្ឋានល្អ និងអាក្រក់ ទៅកាន់សុគតិ និងទុគ្គតិ។បេ។ ក៏ដឹងច្បាស់នូវសត្វ​ទាំងឡាយ ដែលអន្ទោលទៅតាមកម្ម។ ព្រះតថាគតនោះ កាលដែល​ចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានកិលេស ប្រាសចាកសេចក្តីសៅហ្មង មានសភាពជាចិត្ត​ទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនញាប់ញ័រទៅតាមអារម្មណ៍យ៉ាងនេះហើយ ក៏​បង្អោន​ចិត្ត​ទៅ ដើម្បីអាសវក្ខយញ្ញាណ ព្រះតថាគតនោះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ។បេ។ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ដំណើរទៅដើម្បីរលត់អាសវៈ។ កាលដែល​ព្រះតថាគតនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតចាកកាមាសវៈផង ចិត្តក៏​ផុតចាកភវាសវៈផង ចិត្តក៏ផុតចាកអវិជ្ជាសវៈផង ញាណ ក៏កើតឡើងប្រាកដថា ចិត្តផុត​ស្រឡះហើយ ព្រះតថាគត ក៏ដឹងដូច្នេះថា ជាតិអស់ហើយ មគ្គព្រហ្មចរិយធម៌ បាននៅរួច​ហើយ កិច្ចដែលគួរ​ធ្វើ ក៏បានធ្វើរួចហើយ កិច្ចដទៃក្រៅពីនេះ មិនមានឡើយ ម្នាលគហបតីទាំងឡាយ បុគ្គលនេះ ហៅថា ជាអ្នកប្រកបរឿយៗនូវព្យាយាម មិនដុតកំដៅខ្លួន​ឯង ហៅថា នេវត្តន្តបៈផង ជាអ្នកប្រកបរឿយៗ នូវព្យាយាម មិន​ដុត​កំដៅ​​បុគ្គលដទៃ ហៅថា នបរន្តបៈ​ផង អនត្តន្តបបុគ្គល និងអបរន្តបបុគ្គលនោះ លែង​មានសេចក្តីស្រេកឃ្លាន មានទុក្ខរលត់ហើយ មានត្រជាក់កើតហើយ មានប្រក្រតីទទួល​នូវសុខ មានខ្លួន​ដូចជាព្រហ្មក្នុងបច្ចុប្បន្ន។

[១២៤] កាលដែល​ព្រះមានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ ពួក​ព្រាហ្មណគហបតី អ្នកស្រុក​សាលា បានក្រាបទូលព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែល​ព្រះគោតមដ៏ចំរើនប្រកាសហើយ ដោយ​អនេកបរិយាយនេះឯង (ភ្លឺច្បាស់ណាស់) ដូចបុគ្គលផ្ងាររបស់ដែលគេផ្កាប់ ឬដូចបុគ្គល​បើកបង្ហាញរបស់ ​ដែលកំបាំង ពុំនោះ ដូចគេប្រាប់ផ្លូវ ដល់អ្នកវង្វេងទិស ពុំនោះសោត ដូចជាគេទ្រោលប្រទីបបំភ្លឺ ក្នុងទីងងឹត ឲ្យមនុស្សដែលមានភ្នែកភ្លឺ មើលឃើញរូប​ទាំង​ឡាយ​បាន យើងខ្ញុំទាំងឡាយនេះ សូមដល់ព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃ​ផង ជាទីពឹង ទីរលឹក ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ សូមព្រះគោតមដ៏​ចំរើន ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត។

ចប់ អបណ្ណកសូត្រ ទី១០។

ចប់ គហបតិវគ្គ ទី១។

បញ្ជីរឿងនៃវគ្គនោះ ដូច្នេះ

កន្ទរកសូត្រ១ អដ្ឋកនាគរសូត្រ១ សំវរៈ គឺសេក្ខបដិបទាសូត្រ១ បោតលិយសូត្រ១ ជីវកភច្ចសូត្រ១ ឧបាលីទមសូត្រ គឺឧបាលិវាទសូត្រ១ កុក្កុរោវាទសូត្រ១ អភយសូត្រ១ ពហុវេទនីយសូត្រ១ ជា១០នឹងអបណ្ណកសូត្រ (នេះគឺ) វគ្គដ៏ប្រសើរ ជាបឋម។

ភិក្ខុវគ្គ

(២. ភិក្ខុវគ្គោ)

ចូឡរាហុលោវាទសូត្រ ទី១

(១. អម្ពលដ្ឋិករាហុលោវាទសុត្តំ)

[១២៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង ព្រះរាហុលមាន​អាយុ គង់នៅ​ក្នុងអម្ពលដ្ឋិកាវ័ន។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ចេញ​ចាកផល​សមាបត្តិ ក្នុងវេលាសាយណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ​ចូលទៅ ឯអម្ពលដ្ឋិកា​វ័ន សំដៅទៅត្រង់​កន្លែង ដែលព្រះរាហុលមានអាយុនៅ។ ព្រះរាហុល​មានអាយុ ក៏បានឃើញ​ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ​មកអំពីចម្ងាយ លុះឃើញ​ហើយ ក៏រៀប​ចំអាសនៈ និងទឹកសម្រាប់​លាងព្រះបាទ។ ព្រះមានព្រះភាគ ទ្រង់គង់​លើ​អាសនៈ ដែល​ព្រះរាហុល​ក្រាលបំរុងទុក លុះ​គង់ហើយ ទើបលាងព្រះបាទា។ ចំណែក​ខាងព្រះរាហុល​មានអាយុ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយដាក់​អង្គ គង់​ក្នុងទីសមគួរ។

[១២៦] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ទុកទឹកឲ្យសល់បន្តិច ក្នុងផ្តិលទឹក ហើយទ្រង់ត្រាស់សួរព្រះរាហុល​មានអាយុថា ម្នាលរាហុល អ្នកបានឃើញទឹកសល់​បន្តិច ដែលតថាគត ដាក់ក្នុងផ្តិលទឹកនេះឬទេ។ ព្រះរាហុលក្រាបបង្គំ​ទូលថា ព្រះករុណា​ ព្រះ​អង្គ (ឃើញ)។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលរាហុល សមណធម៌របស់ពួក​ភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាទឹក ដែលមាន​ប្រមាណ​តិច យ៉ាងនេះឯង។ បន្ទាប់អំពីនោះ ព្រះមានព្រះភាគ ទ្រង់ចាក់ទឹក ដែលសល់បន្តិចនោះ​ចោល ហើយសួរបញ្ជាក់ទៅនឹងព្រះរាហុលមាន​អាយុថា ម្នាលរាហុល អ្នកបាន​ឃើញ​ទឹក​សល់​បន្តិច ដែលតថាគត ចាក់ចោលហើយ​នេះឬទេ។ ព្រះករុណាព្រះអង្គ (ឃើញ)។ ម្នាលរាហុល សមណធម៌របស់ពួក​ភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជាន​មុសាវាទ ដូចជាទឹក ដែលតថាគត ចាក់ចោល​ហើយយ៉ាងនេះឯង។ ទើបព្រះមាន​ព្រះភាគ ទ្រង់ផ្កាប់ផ្តិលទឹកនោះ ហើយត្រាស់សួរបញ្ជាក់ ទៅនឹងព្រះរាហុលមាន​អាយុថា ម្នាលរាហុល អ្នកបានឃើញផ្តិលទឹក ដែលតថាគតផ្កាប់ហើយនេះឬទេ។ ព្រះករុណា ព្រះអង្គ ឃើញ។ ម្នាលរាហុល សមណធម៌របស់ពួក​ភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចផ្តិលទឹក ដែលតថាគតផ្កាប់យ៉ាងនេះឯង។ តអំពី​នោះមក​ទៀត ព្រះមានព្រះភាគ ទ្រង់ផ្ងារផ្តិលទឹកនោះ ហើយត្រាស់​សួរបញ្ជាក់ ទៅនឹងព្រះរាហុល​មាន​អាយុថា ម្នាលរាហុល អ្នកបានឃើញផ្តិលទឹក ដែល​ទទេ រលីងធេង​នេះឬទេ។ ព្រះករុណា ព្រះអង្គ (ឃើញ)។ ម្នាលរាហុល សមណធម៌របស់​ពួក​ភិក្ខុ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ ដូចជាផ្តិលទឹក ដែលទទេ រលីងធេង យ៉ាងនេះឯង។

[១២៧] ម្នាលរាហុល ដូចជាដំរីរបស់ស្តេចដែលមានភ្លុកងទន្ទាំ មានរូបសមរម្យ​ គួរជាព្រះទីនាំង ជាសត្វ​ធ្លាប់ចុះសង្គ្រាម ដំរីនោះកាលបើចូលកាន់សង្គ្រាម តែង​ធ្វើ​ការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើ​ការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយត្រចៀកខ្លះ ធ្វើការ​ដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ រក្សាទុកតែ​ប្រមោយប៉ុណ្ណោះ។ ឯហ្មដំរី មានសេចក្តី​ត្រិះរិះ​ក្នុងដំណើរ ដែលដំរីរក្សាប្រមោយទុកនោះ យ៉ាងនេះថា ដំរីរបស់ស្តេចនេះ​ឯង មានភ្លុកងទន្ទាំ មានរូបសមរម្យ​ គួរជាព្រះទីនាំង ជាសត្វ​ធ្លាប់ចុះសង្គ្រាម ទោះបី​ចូលទៅ​កាន់​សង្គ្រាម តែង​ធ្វើ​ការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើ​ការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការ​ដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ រក្សាទុកតែ​ប្រមោយ​ប៉ុណ្ណោះ ដំរីរបស់ស្តេច (នេះ) ឈ្មោះថា មិនទាន់ប្រថុយជីវិតនៅឡើយ។ ម្នាលរាហុល កាលដែល​ដំរីរបស់ស្តេច មានភ្លុកងទន្ទាំ មានរូបសមរម្យ​ គួរជាព្រះទីនាំង ជាសត្វ​ធ្លាប់ចុះសង្គ្រាម ទោះបីចូលទៅកាន់សង្គ្រាម តែង​ធ្វើ​ការដោយជើងមុខខ្លះ ធ្វើការដោយ​ជើង​ក្រោយខ្លះ។បេ។ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយ​ប្រមោយខ្លះ។ ហ្មដំរី មានសេចក្តី​​ត្រិះរិះ​ក្នុងដំណើរនោះ យ៉ាងនេះថា ដំរីរបស់ស្តេចនេះ​ឯង មានភ្លុក​ង​ទន្ទាំ​ មានរូបសមរម្យ​ គួរជាព្រះទីនាំង ជាសត្វ​ធ្លាប់ចុះសង្គ្រាម ទោះបីចូលកាន់សង្គ្រាម តែង​ធ្វើ​ការដោយជើងមុខខ្លះ ធ្វើការដោយជើងក្រោយខ្លះ ធ្វើការដោយកាយខាងមុខខ្លះ ធ្វើ​ការដោយកាយខាងក្រោយខ្លះ ធ្វើការដោយក្បាលខ្លះ ធ្វើការដោយស្លឹកត្រចៀកខ្លះ ធ្វើការ​ដោយភ្លុកខ្លះ ធ្វើការដោយកន្ទុយខ្លះ ធ្វើការដោយ​ប្រមោយខ្លះ ដំរីរបស់ស្តេច​នេះ ទើបឈ្មោះថា ប្រថុយលះបង់ជីវិតហើយ ឥឡូវនេះ អំពើណាមួយ ដែលដំរីរបស់ស្តេច ឈ្មោះថាមិនទាន់ធ្វើ មិនមានឡើយ សេចក្តីនេះ មានឧបមាយ៉ាងណា។ ម្នាលរាហុល មានឧបមេយ្យដូចភិក្ខុណាមួយ ដែលមិនមានសេចក្តីអៀនខ្មាស ក្នុងសម្បជានមុសាវាទ តថាគត មិនពោលថា ភិក្ខុនោះ មិនធ្វើបាបកម្មតិចតួច ដូច្នេះទេ។ ម្នាលរាហុល ព្រោះ​ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកគួរសិក្សាថា អាត្មាអញ នឹងមិនពោលពាក្យកុហក សូម្បីដើម្បីសើចលេង ម្នាលរាហុល អ្នកត្រូវសិក្សា យ៉ាងនេះចុះ។

[១២៨] ម្នាលរាហុល អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កញ្ចក់ មានប្រយោជន៍​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន កញ្ចក់មានប្រយោជន៍ ខាងការឆ្លុះមើលមុខ។ ម្នាលរាហុល យ៉ាងនោះមែនហើយ អ្នកគប្បីពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើ​កម្ម​ដោយកាយ ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើ​កម្ម​ដោយវាចា ពិចារណា ត្រិះរិះមើលរួចហើយ សឹមធ្វើ​កម្ម​ដោយចិត្ត។

[១២៩] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយកាយ អ្នកត្រូវពិចារណា​មើល នូវកាយកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ តើកាយកម្ម​របស់​អាត្មាអញនេះឯង ប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែក គឺខ្លួនឯង និងអ្នកដទៃ​ផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយកាយ កាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើ​អំពើដោយកាយ ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកបានពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើ​ណា​ដោយ​កាយ កាយកម្ម​របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើដោយកាយ យ៉ាងនេះចុះ។ ម្នាលរាហុល បើទុកជាអ្នកកំពុងធ្វើអំពើដោយកាយ អ្នកត្រូវតែពិចារណា​មើល នូវកាយកម្មនោះ​ឯងថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ តើកាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើណាដោយកាយ កាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​បុគ្គលទាំងពីរចំណែកផង កាយកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មាន​ផល​ជាទុក្ខ ម្នាលរាហុល អ្នកត្រូវលះបង់កាយកម្ម ដែលមានទំនងយ៉ាងនេះចេញ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើ​ណា​ដោយ​កាយ កាយកម្ម​របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មាន​ផល​ជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើឲ្យរឿយៗ នូវកាយកម្ម ដែល​មានទំនង យ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយកាយរួចហើយ អ្នកត្រូវ​ពិចារណា​មើលកាយកម្មនោះ​ថា អាត្មាអញ បានធ្វើអំពើណាដោយកាយ តើកាយកម្ម​របស់​អាត្មាអញ​នេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នក បានពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើកាយកម្មណា កាយកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្ម​នេះ ជា​អកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកត្រូវសំដែងបើក បង្ហើបប្រាប់​នូវកាយកម្ម ដែលមានទំនងយ៉ាងនេះ ចំពោះគ្រូ ឬចំពោះ​សព្រហ្មចារីបុគ្គល​ទាំងឡាយ ជាអ្នកប្រាជ្ញ លុះអ្នកសំដែង បើកបង្ហើបប្រាប់រួចហើយ អ្នកគប្បី​ដល់នូវ​ការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកបានពិចារណា​មើលទៅ ដឹងយ៉ាងនេះ​វិញ​ថា អាត្មាអញ បានធ្វើអំពើ​ណា​ដោយ​កាយ កាយកម្ម​របស់​អាត្មាអញនេះ មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង កាយកម្មនេះ ជាកុសល ចំរើនតែខាង​សេចក្តី​សុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ទាំងឡាយ ជាកុសល ហើយនៅដោយបីតិ និងបាមោជ្ជៈនោះឯង។

[១៣០] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយវាចា អ្នកត្រូវពិចារណា នូវ​វចីកម្មនោះសិនថា អាត្មាអញ ចង់ធ្វើ​អំពើណាដោយវាចា តើវចីកម្មរបស់អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែក គឺខ្លួនឯង និងបុគ្គលដទៃ​ផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយវាចា វចីកម្ម ​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ ដើម្បី​បៀត​បៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង វចីកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើ​អំពើ​ដោយ​វាចា ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើជា អ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើ​ណា​ដោយវាចា វចីកម្ម​ របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បី​បៀត​បៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវ​ធ្វើ​អំពើដោយវាចា ដែលមានទំនងយ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកកំពុងធ្វើ​អំពើ​ដោយវាចា អ្នកត្រូវពិចារណា​មើលវចីកម្មនោះ​ថា អាត្មាអញ កំពុងធ្វើ​អំពើ​ណា​ដោយវាចា តើវចីកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្ត​ទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរ​ចំណែក​ផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើ​អំពើ​ណា​ដោយវាចា វចីកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​បុគ្គលទាំងពីរចំណែកផង វចីកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មាន​ផល​ជាទុក្ខ ម្នាលរាហុល អ្នក​ត្រូវ​លះ​បង់វចីកម្ម មានទំនងយ៉ាងនេះចេញ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នក​ពិចារណា​​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើ​ណា​ដោយវាចា វចីកម្ម​របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរ​ចំណែក​ផង វចីកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មាន​ផល​ជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើវចីកម្ម ដែលមានទំនងយ៉ាងនេះឲ្យរឿយៗទៅចុះ។ ម្នាលរាហុល បើអ្នកបាន​ធ្វើអំពើដោយវាចារួចហើយ អ្នកត្រូវ​ពិចារណា​មើលវចីកម្មនោះ​ថា អាត្មាអញ បានធ្វើ​អំពើ​ណាដោយវាចាហើយ តើវចីកម្ម​របស់​អាត្មាអញ​នេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គល​ទាំង​ពីរចំណែកផង វចីកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នក បានពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ បាន​ធ្វើអំពើណាដោយវាចា វចីកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង វចីកម្ម​នេះ ជា​អកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាល​រាហុល អ្នកគប្បីសំដែងបើក បង្ហើបប្រាប់​នូវវចីកម្ម ដែលមានទំនងយ៉ាងនេះ ចំពោះគ្រូ ឬចំពោះ​សព្រហ្មចារីបុគ្គល​ទាំងឡាយ ដែលមានប្រាជ្ញា លុះអ្នកសំដែង បើកបង្ហើប​ប្រាប់​រួច​ហើយ គប្បី​ដល់នូវ​ការសង្រួមតទៅ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះ​​ថា អាត្មាអញ ធ្វើអំពើ​ណា​ដោយ​វាចា វចីកម្ម​របស់​អាត្មាអញនេះ មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង វចីកម្មនេះ ជាកុសល ចំរើនតែខាង​សេចក្តី​សុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ជាកុសលទាំងឡាយ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះចុះ។

[១៣១] ម្នាលរាហុល បើអ្នកចង់ធ្វើអំពើណាមួយ ដោយចិត្ត អ្នកត្រូវពិចារណា​មើល នូវមនោកម្មនោះសិនថា អាត្មាអញ ចង់ធ្វើអំពើណាដោយចិត្ត តើមនោកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែក គឺខ្លួន និងអ្នកដទៃ​ផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ ចង់ធ្វើអំពើណាដោយចិត្ត មនោកម្ម​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង មនោកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាលរាហុល អ្នកមិនត្រូវធ្វើ​អំពើដោយចិត្ត ដែលមានទំនងយ៉ាងនេះ ដោយដាច់ខាត។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ ចង់ធ្វើអំពើ​ណា​ដោយ​ចិត្ត មនោកម្ម​របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរ​ចំណែក​ផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មានផលជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើអំពើ ដែល​មានទំនងយ៉ាងនេះចុះ។ ម្នាលរាហុល បើអ្នកកំពុងធ្វើ​អំពើ​ណាដោយចិត្ត អ្នកត្រូវពិចារណា​មើល នូវមនោកម្មនោះ​ថា អាត្មាអញ កំពុងធ្វើ​អំពើ​ណា​ដោយ​ចិត្ត តើមនោកម្ម​ របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គល​ទាំង​ពីរ​ចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះថា អាត្មាអញ កំពុងធ្វើអំពើ​ណា​ដោយចិត្ត មនោកម្ម​ របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បី​បៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​បុគ្គលទាំងពីរចំណែកផង មនោកម្ម​នេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មាន​ផល​ជាទុក្ខ ម្នាលរាហុល អ្នកត្រូវ​លះបង់មនោកម្ម ដែលមានទំនងយ៉ាងនេះចេញ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះវិញថា អាត្មាអញ កំពុងធ្វើអំពើ​ណា​ដោយចិត្ត មនោកម្ម​ របស់​អាត្មាអញនេះ មិនប្រព្រឹត្តទៅ ដើម្បីបៀត​បៀន​​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាងសេចក្តីសុខ មាន​ផល​ជាសុខ ម្នាលរាហុល អ្នកត្រូវធ្វើនូវ​មនោកម្ម ដែល​មានទំនងយ៉ាងនេះ ឲ្យរឿយៗទៅចុះ។ ម្នាលរាហុល បើអ្នកបានធ្វើអំពើដោយចិត្ត​រួចហើយ អ្នកត្រូវ​ពិចារណា​មើល នូវមនោកម្មនោះ​ឯង​ថា អាត្មាអញ បានធ្វើនូវអំពើណា ដោយចិត្តហើយ តើមនោកម្ម​ របស់​អាត្មាអញ​នេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​​ខ្លួនផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បី​បៀត​បៀន​​បុគ្គលទាំងពីរ​ចំណែកផង មនោកម្មនេះ ជាអកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ឬហ្ន៎។ ម្នាលរាហុល បើអ្នកពិចារណា​មើល​ទៅ ដឹងយ៉ាងនេះថា អាត្មាអញ បានធ្វើអំពើ​ណា ដោយចិត្តហើយ មនោកម្ម ​របស់​អាត្មាអញនេះ ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង ប្រព្រឹត្តទៅ​ ដើម្បី​បៀតបៀន​​បុគ្គល​ដទៃផង ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរ​ចំណែកផង មនោកម្ម​នេះ ជា​អកុសល ចំរើនតែខាងសេចក្តីទុក្ខ មានផលជាទុក្ខ ម្នាល​រាហុល អ្នកត្រូវធុញទ្រាន់ នឿយណាយ ខ្ពើមរអើម ចំពោះមនោកម្ម ដែលមានទំនង​យ៉ាងនេះ លុះអ្នកធុញ​ទ្រាន់ នឿយណាយ ខ្ពើមរអើមហើយ ត្រូវដល់នូវ​ការសង្រួម​តទៅ។ ម្នាលរាហុល ប្រសិនបើអ្នកពិចារណា​មើលទៅ ដឹងយ៉ាងនេះ​វិញ​ថា អាត្មាអញ បានធ្វើនូវអំពើ​ណា​ដោយចិត្តហើយ មនោកម្ម​ របស់​អាត្មាអញនេះ មិន​ប្រព្រឹត្តទៅ ដើម្បីបៀតបៀន​ខ្លួនផង មិនប្រព្រឹត្ត​ទៅ ដើម្បីបៀតបៀន​បុគ្គល​ដទៃផង មិនប្រព្រឹត្តទៅ ដើម្បីបៀតបៀន​បុគ្គលទាំងពីរចំណែកផង មនោកម្មនេះ ជាកុសល ចំរើនតែខាង​សេ​ចក្តី​សុខ មានផល​ជា​សុខ ម្នាលរាហុល អ្នកត្រូវខំសិក្សាទាំងយប់ ទាំងថ្ងៃ ក្នុងធម៌ជា​កុសល​ទាំងឡាយ ហើយនៅដោយបីតិ និងបាមោជ្ជៈនោះចុះ។

[១៣២] ម្នាលរាហុល ព្រោះថាសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលដែល​កន្លង​ទៅហើយ បានជម្រះកាយកម្ម ជម្រះវចីកម្ម ជម្រះមនោកម្ម ពួកសមណព្រាហ្មណ៍​ទាំងអស់នោះ សុទ្ធតែបានពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះ​កាយ​កម្ម ពិចារណា ត្រិះរិះមើលសព្វ យ៉ាងនេះហើយ ទើបជម្រះ​វចីកម្ម ពិចារណា ត្រិះរិះ​មើល​សព្វ យ៉ាងនេះហើយ ទើបជម្រះ​មនោកម្មដែរ។ ម្នាលរាហុល សមណៈ ឬ​ព្រាហ្មណ៍​ណាមួយ ក្នុងកាលដ៏មិនទាន់មានមក និងជម្រះកាយកម្ម និងជម្រះវចីកម្ម និង​ជម្រះ​មនោកម្ម ក៏ពួក​សមណៈ ឬព្រាហ្មណ៍ទាំង​អស់នោះ នឹងពិចារណា ត្រិះរិះមើលសព្វ យ៉ាង​នេះហើយ ទើបជម្រះ​កាយកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះ​វចីកម្ម ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះមនោកម្មដែរ។ ម្នាល​រាហុល សមណៈ ឬ​ព្រាហ្មណ៍ណាមួយ ក្នុងកាលឥឡូវនេះ ជម្រះកាយកម្ម ជម្រះ​វចីកម្ម ជម្រះមនោកម្ម ពួក​សមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ តែងពិចារណា ត្រិះរិះមើលសព្វ​គ្រប់ យ៉ាងនេះ​ហើយ ទើបជម្រះ​កាយកម្ម ពិចារណា ត្រិះរិះមើលសព្វគ្រប់ហើយ ទើបជម្រះ​វចីកម្ម ពិចារណា ត្រិះរិះមើលសព្វគ្រប់ហើយ ទើបជម្រះ​មនោកម្មដែរ។ ម្នាលរាហុល ព្រោះ​ហេតុដូច្នោះ ក្នុងសាសនានេះ អ្នកត្រូវ​សិក្សាថា អាត្មាអញ នឹងពិចារណា ត្រិះរិះ​មើល​សព្វហើយ ទើបជម្រះវចីកម្ម អាត្មាអញ នឹង​ពិចារណា ត្រិះរិះមើលសព្វហើយ ទើបជម្រះ​មនោកម្ម ដូច្នេះ ម្នាលរាហុល អ្នកត្រូវសិក្សាយ៉ាងនេះចុះ។ លុះព្រះមានព្រះភាគ បាន​ត្រាស់​ព្រះសូត្រនេះចប់ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះ​ភាសិតរបស់ព្រះមានព្រះភាគ។

ចប់ ចូឡរាហុលោវាទសូត្រ ទី១។

មហារាហុលោវាទសូត្រ ទី២

(២. មហារាហុលោវាទសុត្តំ)

[១៣៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តព្រះជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរ​ចូលទៅ កាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ចំណែកខាង​ព្រះរាហុលមានអាយុ ក៏ស្លៀក​ស្បង់ ប្រដាប់បាត្រ ចីវរក្នុងបុព្វណ្ហសម័យ ហើយដើរតាមក្រោយៗព្រះមានព្រះភាគ។ ក្នុង​សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ឆ្មៀងព្រះភក្ត្រ ត្រាស់ទៅនឹងព្រះរាហុលមាន​អាយុថា ម្នាលរាហុល រូបណាមួយ ជាខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាតក្តី ល្អិតក្តី ថោក​ទាបក្តី ឧត្តមក្តី ឬរូបណាដែល​មានក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដែលជាអតីត អនាគត ជា​បច្ចុប្បន្ន រូបទាំងអស់នោះ ក៏គ្រាន់តែជារូប (ប៉ុណ្ណោះឯង) អ្នកគួរ​យល់ឃើញ​នូវរូបនុ៎ះ ដោយ​ប្រាជ្ញាដ៏ល្អតាមសេចក្តី​ពិតយ៉ាងនេះថា នុ៎ះ​មិនមែនរបស់​អញ នុ៎ះ​មិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ ព្រះរាហុលក្រាបបង្គំសួរថា បពិត្រព្រះមានព្រះភាគ (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ បពិត្រព្រះសុគត (សេចក្តីនេះ) មានតែរូបម្យ៉ាងទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបក៏មាន ម្នាលរាហុល វេទនាក៏មាន ម្នាលរាហុល សញ្ញាក៏មាន ម្នាលរាហុល សង្ខារទាំងឡាយក៏មាន ម្នាលរាហុល វិញ្ញាណ​ក៏មាន។

[១៣៤] គ្រានោះឯង ព្រះរាហុលមានអាយុគិតថា បាននរណាហ្ន៎ (ជាវិញ្ញុបណ្ឌិត) ដែល​ព្រះមានព្រះភាគ ទូន្មានហើយដោយដម្បូន្មានផ្ទាល់​ព្រះឱស្ឋ នឹងចូលមកកាន់ស្រុក ដើម្បីបិណ្ឌបាត ក្នុងថ្ងៃនេះទៅអេះ ដូច្នេះហើយ លោកក៏ត្រឡប់ថយចេញ អំពីសំណាក់​ព្រះមានព្រះភាគនោះ ហើយទៅអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតី ឲ្យ​មាន​មុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម។ គាប់ចួនជាព្រះសារីបុត្តមានអាយុ បានឃើញព្រះរាហុលមានអាយុ កំពុងអង្គុយផ្គត់ភ្នែន តម្រង់កាយឲ្យត្រង់ តាំងស្មារតីឲ្យ​មានមុខឆ្ពោះទៅរកព្រះកម្មដ្ឋាន ទៀបគល់ឈើ១ដើម លុះឃើញហើយ ក៏ប្រាប់​ព្រះរាហុល​មានអាយុថា ម្នាលរាហុល អ្នកចូរចំរើនអានាបានស្សតិភាវនាចុះ ម្នាល​រាហុល (ដ្បិត) អានាបានស្សតិភាវនា ដែលគេបាន​អប់រំបន្ទុំ ធ្វើឲ្យរឿយៗហើយ ជាគុណជាត​មានផល​ច្រើន មានអានិសង្សច្រើន។ លុះដល់ពេលថ្ងៃរសៀល ព្រះរាហុលមានអាយុ ក្រោក​អំពីសំណិង ហើយចូលសំដៅទៅត្រង់ទី ដែលព្រះមានព្រះភាគគង់ លុះចូល​ទៅ​ដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចហើយ​ដាក់អង្គគង់ ក្នុងទីសមគួរ។ លុះព្រះរាហុល​មានអាយុ គង់ក្នុងទីសមគួរហើយ ក៏បានទូលស្នើ​សេចក្តី​នេះ នឹងព្រះមាន​ព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ចុះអានាបានស្សតិ ត្រូវចំរើនដោយ​ប្រការដូចម្តេច ត្រូវបន្ទុំ ធ្វើឲ្យរឿយៗ ដោយប្រការដូចម្តេច ទើប​ជាគុណជាត មានផល​ច្រើន មានអានិសង្សច្រើនបាន។

[១៣៥] ព្រះមានព្រះភាគ ទ្រង់ត្រាស់តបថា ម្នាលរាហុល រូបណាមួយ ដែល​ជារូប​ខាងក្នុង អាស្រ័យនូវ​ខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែលវិញ្ញាណកាន់កាប់ គឺសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរក្នុងឆ្អឹង តម្រងបស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែលជាខាងក្នុង អាស្រ័យនៅខ្លួន ជារូបគ្រោតគ្រាត ជារូបរឹង ជារូបដែល​​វិញ្ញាណកាន់កាប់ ម្នាលរាហុល នេះហៅថា បឋវីធាតុខាងក្នុង។ មួយទៀត បឋវីធាតុណា ខាងក្នុងក្តី បឋវីធាតុណាខាងក្រៅក្តី ធាតុទាំងនុ៎ះ ឈ្មោះថា បឋវីធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញបឋវីធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញ​បឋវី​ធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកបឋវីធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកបឋវីធាតុ។

[១៣៦] ម្នាលរាហុល ចុះអាបោធាតុ តើដូចម្តេចខ្លះ អាបោធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះអាបោធាតុខាងក្នុង ដូចម្តេច រូបណា ដែល​ជា​ខាងក្នុង អាស្រ័យនូវខ្លួន មានសភាព​ជាទឹក ដល់នូវភាពជាទឹក ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសម្បោរ ទឹករំអិល ទឹកមូត្រ ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន មានសភាព​ជាទឹក ដល់នូវ​ភាពជាទឹក ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលរាហុល នេះហៅថា អាបោធាតុខាងក្នុង។ មួយវិញទៀត អាបោធាតុណា ជាខាង​ក្នុង​ក្តី អាបោធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាបោធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញអាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញ​អាបោធាតុនុ៎ះ ដោយប្រាជ្ញាដ៏ល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកអាបោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកអាបោធាតុ។

[១៣៧] ម្នាលរាហុល ចុះតេជោធាតុ តើដូចម្តេចខ្លះ តេជោធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល ចុះតេជោធាតុខាងក្នុង ដូចម្តេច រូបណា ដែល​ជា​ខាងក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវភាព​ជារបស់ក្តៅ ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺភ្លើងដែលធ្វើកាយឲ្យផ្សព្វផ្សាយ១ ភ្លើងដែលធ្វើ​កាយឲ្យទ្រុឌទ្រោម១ ភ្លើងដែល​ធ្វើកាយឲ្យក្តៅរោលរាល១ ភ្លើងធ្វើអាហារដែលស៊ី ផឹក ទំពា លិទ្ធភ្លក្ស ហើយឲ្យ​ទ្រុឌទ្រោម រលួយទៅដោយស្រួល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន ជារបស់ក្តៅ ដល់នូវ​ភាពជារបស់ក្តៅ ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលរាហុល នេះហៅថា តេជោធាតុខាងក្នុង។ មួយវិញទៀត តេជោធាតុណា ខាង​ក្នុង​ក្តី តេជោធាតុណា ខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា តេជោធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញ នូវតេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញ​តេជោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែងនឿយណាយ ចាកតេជោធាតុ ធ្វើចិត្តឲ្យប្រាសចេញចាកតេជោធាតុ។

[១៣៨] ម្នាលរាហុល ចុះវាយោធាតុ តើដូចម្តេចខ្លះ វាយោធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល រូបណា ដែល​ជា​ខាងក្នុង អាស្រ័យនូវខ្លួន មាន​សភាព​​ជាខ្យល់ ដល់នូវភាពជាខ្យល់ ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺខ្យល់បក់ឡើង​ទៅខាងលើ១ ខ្យល់បក់ចុះមកខាងក្រោម១ ខ្យល់បក់​ក្នុងពោះក្រៅពោះវៀន១ ខ្យល់​បក់​ក្នុងពោះវៀន១ ខ្យល់​បក់សព្វអវយវៈតូចធំ១ ខ្យល់ដង្ហើមចេញចូល១ ពុំនោះសោត រូបណាមួយ ក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន មានសភាព​ជាខ្យល់ ដល់នូវ​ភាពជាខ្យល់ ដែលវិញ្ញាណ​ចូលទៅកាន់យក ម្នាលរាហុល នេះហៅថា វាយោធាតុ​ខាង​ក្នុង។ មួយទៀត វាយោធាតុណា ដែលជាខាង​ក្នុង​ក្តី វាយោធាតុណា ជាខាងក្រៅក្តី ធាតុទាំង​នុ៎ះ ហៅថា វាយោធាតុដូចគ្នា។ បុគ្គល​គួរ​ឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តី​ពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែន​ជា​ខ្លួន​របស់​អញឡើយ។ លុះបុគ្គល​ឃើញវាយោធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាង​នេះ​ហើយ រមែងនឿយណាយ ចាកវាយោធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកវាយោធាតុ។

[១៣៩] ម្នាលរាហុល អាកាសធាតុ តើដូចម្តេចខ្លះ អាកាសធាតុ (នោះ) ខាងក្នុង​ក៏មាន ខាងក្រៅក៏មាន។ ម្នាលរាហុល អាកាសធាតុខាងក្នុង តើដូចម្តេច រូបណា​ជា​ខាង​ក្នុង អាស្រ័យនូវខ្លួន មានភាព​ជាទីវាល ដល់នូវភាពជាទីទំនេរ ដែលវិញ្ញាណចូល​ទៅ​កាន់​យក គឺរន្ធត្រចៀក រន្ធច្រមុះ ទ្វារមាត់ដែល​សម្រាប់លេបចូល​នូវអាហារ ដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ដោយទ្វារណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ ឋិត​នៅក្នុង​ទ្វារ​ណាក្តី ភោជនដែលស៊ី ផឹក ទំពា លិទ្ធភ្លក្សហើយ តែង​ចេញមកតាមចំណែក​ខាងក្រោម ដោយទ្វារណាក្តី ពុំនោះសោត រូបណាមួយក្រៅអំពីនេះ ដែល​ជាខាង​ក្នុង អាស្រ័យនូវខ្លួន មានភាព​ជាទីវាល ដល់នូវ​ភាពជាទីទំនេរ ជាទីទទេ ដល់​នូវភាព​ទទេ ជាចន្លោះដល់នូវ​ទីជាចន្លោះ ដែលសាច់និងឈាម មិនប៉ះពាល់គ្នា ដែលវិញ្ញាណ​ចូល​ទៅកាន់យក ម្នាលរាហុល នេះហៅថា អាកាសធាតុខាងក្នុង។ មួយទៀត អាកាសធាតុ​ណា ជាខាង​ក្នុង​ក្តី អាកាសធាតុណា ជាខាងក្រៅក្តី ធាតុទាំងនុ៎ះ ហៅថា អាកាសធាតុ​ដូចគ្នា។ បុគ្គល​គួរ​ឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ​មិនមែន​របស់​អញ នុ៎ះមិនមែន​ជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញឡើយ។ លុះបុគ្គល​ឃើញអាកាសធាតុនុ៎ះ ដោយប្រាជ្ញាល្អ តាមសេចក្តីពិត យ៉ាងនេះហើយ រមែង​នឿយ​ណាយ ចាកអាកាសធាតុ ធ្វើចិត្តឲ្យប្រាសចេញ ចាកអាកាសធាតុ។

[១៤០] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាផែនដី ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់នូវចិត្តអ្នក។ ម្នាលរាហុល ជនទាំងឡាយដាក់​វត្ថុ​ស្អាតក្តី ដាក់វត្ថុមិនស្អាតក្តី ដាក់ចុះនូវគូថក្តី ដាក់ចុះនូវទឹកមូត្រក្តី ដាក់ចុះនូវទឹកមាត់​ក្តី ដាក់ចុះនូវខ្ទុះក្តី សម្រក់ឈាមដាក់ក្តី លើផែនដី ផែនដីក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យ​ដូចជាផែនដី យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជា​ផែនដីហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។

[១៤១] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាទឹក ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ជនទាំងឡាយលាង​វត្ថុ​ស្អាតក្តី លាងវត្ថុមិនស្អាតក្តី លាងគូថក្តី លាងទឹកមូត្រក្តី លាងទឹកមាត់​ក្តី លាងខ្ទុះក្តី លាងឈាមក្តី ក្នុងទឹក ទឹកក៏មិនបាននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យ​ដូចជាទឹក យ៉ាងនោះឯង ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជាទឹកហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។

[១៤២] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាភ្លើង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ភ្លើងឆេះវត្ថុ​ស្អាតក្តី ឆេះវត្ថុមិនស្អាតក្តី ឆេះគូថក្តី ឆេះទឹកមូត្រក្តី ឆេះទឹកមាត់​ក្តី ឆេះខ្ទុះក្តី ឆេះឈាមក្តី ភ្លើងក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើមដោយវត្ថុទាំងនោះឡើយ យ៉ាង​ណា​មិញ ម្នាលរាហុល អ្នកចូរចំរើនភាវនា ឲ្យ​ដូចជាភ្លើង យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជា​ភ្លើងហើយ ផស្សៈជាទីគាប់ចិត្ត ឬ​មិន​ជា​ទី​គាប់​ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។

[១៤៣] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាខ្យល់ ព្រោះថា កាលបើអ្នក​ចំរើន​ភាវនា ឲ្យដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើត​ហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល ខ្យល់បក់វត្ថុ​ស្អាតក្តី បក់វត្ថុមិនស្អាតក្តី បក់គូថក្តី បក់ទឹកមូត្រក្តី បក់ទឹកមាត់​ក្តី បក់ខ្ទុះក្តី បក់ឈាមក្តី ខ្យល់ក៏មិននឿយណាយ ឬធុញទ្រាន់ ឬខ្ពើមរអើម ដោយវត្ថុនោះឡើយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរ​ចំរើន​ភាវនា ឲ្យ​ដូចជាខ្យល់ យ៉ាងនោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជាខ្យល់ហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។

[១៤៤] ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជាអាកាស ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើនភាវនា ឲ្យដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតហើយ រមែង​មិនគ្របសង្កត់ចិត្ត។ ម្នាលរាហុល អាកាសដែលមិនប្រតិស្ឋាន​នៅក្នុងទីណាមួយ យ៉ាងណាមិញ ម្នាលរាហុល អ្នកចូរចំរើនភាវនាឲ្យដូចជា​អាកាស យ៉ាង​នោះឯង ម្នាលរាហុល ព្រោះថា កាលបើអ្នកចំរើន​ភាវនា ឲ្យ​ដូចជាអាកាសហើយ ផស្សៈជាទីគាប់ចិត្ត ឬមិនជាទីគាប់ចិត្ត ដែលកើតឡើងហើយ រមែង​មិនគ្របសង្កត់ចិត្តឡើយ។

[១៤៥] ម្នាលរាហុល អ្នកចូរចំរើនមេត្តាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើន​មេត្តាភាវនាហើយ ព្យាបាទនឹងវិនាសសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើន​ករុណាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើន​ករុណាភាវនាហើយ វិហេសា គឺ​សេចក្តីបៀតបៀន នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនមុទិតាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើនមុទិតាភាវនាហើយ អរតិ គឺសេចក្តីមិនត្រេកអរ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនឧបេក្ខាភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើនឧបេក្ខាភាវនាហើយ បដិឃៈ គឺសេចក្តីថ្នាំងថ្នាក់ចិត្ត នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនអសុភភាវនា ម្នាលរាហុល ព្រោះថា កាលបើ​អ្នកចំរើន​អសុភភាវនាហើយ រាគៈ គឺតម្រេកក្នុងកាមគុណ នឹងសាបសូន្យទៅ។ ម្នាលរាហុល អ្នក​ចូរចំរើនអនិច្ចសញ្ញាភាវនា ព្រោះថា កាលបើ​អ្នកចំរើន​អនិច្ចសញ្ញាភាវនាហើយ អស្មិមានះ គឺសេចក្តីប្រកាន់ខ្លួន នឹងសាបសូន្យទៅ។

[១៤៦] ម្នាលរាហុល អ្នក​ចូរចំរើនអានាបានស្សតិភាវនា ម្នាលរាហុល អានាបានស្សតិភាវនា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យរឿយៗហើយ ជាគុណជាត​មានផលច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ចុះអានាបានស្សតិភាវនា ដែលចំរើន​ហើយ តើដូចម្តេច ដែលធ្វើ​ឲ្យរឿយៗហើយ តើដូចម្តេច ទើប​ជាគុណជាតមានផល​ច្រើន មានអានិសង្សច្រើន។ ម្នាលរាហុល ភិក្ខុក្នុងសាសនានេះ នៅក្នុងព្រៃក្តី នៅទៀប​គល់ឈើ​ក្តី នៅក្នុង​ផ្ទះស្ងាត់ក្តី អង្គុយ​ផ្គត់ភ្នែន តាំងកាយឲ្យត្រង់ តំកល់​ស្មារតីឲ្យមានមុខឆ្ពោះ​ទៅរក​កម្មដ្ឋាន ភិក្ខុនោះ មានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើម​ចូល។ កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញវែង ឬកាល​ដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី ឬកាល​ដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើម​ទាំងពួង ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវកាយ គឺដកដង្ហើម​ទាំងពួង ហើយដកដង្ហើមចូល សិក្សាថា អាត្មាអញ នឹងរម្ងាប់កាយសង្ខារ គឺដង្ហើមចេញ និងដង្ហើមចូល ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវកាយសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្តីសុខ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវ​សេចក្តីសុខ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្តសង្ខារ គឺ​វេទនាខន្ធ និងសញ្ញាខន្ធ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់​នូវ​ចិត្តសង្ខារ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្តសង្ខារ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងរម្ងាប់នូវចិត្ត ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងធ្វើចិត្តឲ្យរីករាយ ហើយដកដង្ហើមចូល។ ​សិក្សាថា​ អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងតំកល់ចិត្តឲ្យស្មើ ហើយដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹង​ដោះចិត្ត​ឲ្យផុត​ស្រឡះ (ចាកនីវរណៈជាដើម) ហើយដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងដោះចិត្តឲ្យផុតស្រឡះ (ចាកនីវរណធម៌ជាដើម) ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា (នូវបញ្ចក្ខន្ធថា) មិនទៀង ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យប្រាសចាកតម្រេក គឺវិបស្សនា និងមគ្គ ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យប្រាស​ចាក​តម្រេក ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណា នូវ​សេចក្តី​រលត់ (នៃកងទុក្ខ) ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណា នូវ​សេចក្តី​រលត់ (នៃកងទុក្ខ) ហើយ​ដកដង្ហើមចូល។ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយ​ដកដង្ហើមចេញ សិក្សាថា អាត្មាអញ នឹងពិចារណាធម៌ ជាគ្រឿង​ធ្វើចិត្ត ឲ្យលះចោល (នូវកិលេស ព្រមទាំងខន្ធ និងអភិសង្ខារ) ហើយ​ដកដង្ហើមចូល។ ម្នាលរាហុល អានាបានស្សតិ ដែល​បុគ្គល​បានចំរើនហើយយ៉ាងនេះ ធ្វើឲ្យរឿយៗ​ហើយយ៉ាងនេះឯង ទើបជាគុណជាត មាន​ផលច្រើន មានអានិសង្សច្រើន ម្នាលរាហុល កាលបើអានាបានស្សតិ ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ ធ្វើឲ្យរឿយៗ​ហើយយ៉ាងនេះ ដង្ហើមចេញ និងដង្ហើមចូលទាំងឡាយណា ដែលមាន​ក្នុងកាលជាខាងក្រោយ ដង្ហើមចេញ និងដង្ហើមចូលទាំងនោះ នឹងរលត់​ទៅវិញ ជាប្រាកដ មិនមែន​មិនរលត់ទៅវិញទេ។ លុះព្រះមានព្រះភាគ សំដែង​ព្រះសូត្រនេះ​ចប់​ហើយ ព្រះរាហុលមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃ​ព្រះមានព្រះភាគ។

ចប់ មហារាហុលោវាទសូត្រ ទី២។

ចូឡមាលុង្ក្យោវាទសូត្រ ទី៣

(៣. ចូឡមាលុក្យសុត្តំ)

[១៤៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​វត្ត​ជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះឯង ព្រះមាលុង្ក្យបុត្រមាន​អាយុ ចូលទៅសម្ងំនៅក្នុងទីរហោស្ថាន ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា ទិដ្ឋិ​ទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀងដូច្នេះក្តី លោកមានទីបំផុត ​ដូច្នេះ​ក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ហាមឃាត់ ព្រះមានព្រះភាគ មិនបានសំដែង​ទិដ្ឋិទាំង​នោះ ដល់​អញទេ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អញ ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិនោះ មិនគាប់ចិត្ត​អញទេ ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិនោះ មិនបានពេញចិត្ត​អញឡើយ អញឯង នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយសួរ​ដំណើរនុ៎ះ ប្រសិនបើព្រះមានព្រះភាគ នឹងសំដែងប្រាប់អញថា លោកទៀង ដូច្នេះក្តី​។បេ។ សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ តែប្រសិនបើព្រះមានព្រះភាគ មិនបានសំដែង​ថា លោកទៀងដូច្នេះក្តី លោកមិន​ទៀង​ដូច្នេះ​ក្តី លោកមានទីបំផុត​ដូច្នេះ​ក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ គឺសរីរៈនោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់​ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី កាលបើយ៉ាងនេះ អាត្មាអញ នឹងលះបង់សិក្ខា ហើយត្រឡប់​មកកាន់​ហីនភេទវិញ។

[១៤៨] គ្រានោះឯង ព្រះមាលុង្ក្យបុត្រមានអាយុ ក្រោកចេញអំពីសំណិង ក្នុងវេលាសាយណ្ហសម័យ ហើយចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះមាលុង្ក្យបុត្រ​មាន​អាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបទូល នូវដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីនេះ ខ្ញុំព្រះអង្គ ចូលទៅសម្ងំ នៅក្នុងទីរហោស្ថាន ក៏មានចិត្ត​ត្រិះរិះ​កើតឡើង យ៉ាងនេះថា ទិដ្ឋិ​ទាំងឡាយណាថា លោកទៀងដូច្នេះក្តី លោកមិនទៀង​ដូច្នេះ​ក្តី លោកមានទីបំផុត ​ដូច្នេះ​ក្តី លោកមិនមានទីបំផុត ដូច្នេះក្តី ជីវិតនោះ ក៏គឺ​សរីរៈ​នោះ ដូច្នេះក្តី ជីវិតដទៃ សរីរៈ ក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើត​ទៀត​ក៏​មាន ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះក្តី ព្រះមានព្រះភាគ មិនបានសំដែង គ្រាន់តែតំកល់ទុក តែទ្រង់ឃាត់ហាម ព្រះមាន​ព្រះ​ភាគ មិនទាន់សំដែង​ទិដ្ឋិទាំង​នោះ ប្រាប់ដល់អាត្មា​អញនៅឡើយ ព្រះមានព្រះភាគ មិនបានសំដែងទិដ្ឋិទាំងឡាយណា ដល់អាត្មាអញ ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិនោះ មិនគាប់ចិត្ត​ ដល់អាត្មាអញទេ ដំណើរ​ដែល​មិនបាន​សំដែង​ទិដ្ឋិនោះ មិនពេញចិត្តដល់​អាត្មាអញឡើយ អាត្មាអញ នឹងចូលទៅគាល់ព្រះមានព្រះភាគ ហើយក្រាបទូលសួរ​នូវដំណើរនុ៎ះ បើព្រះមានព្រះភាគ សំដែងប្រាប់អាត្មាអញថា លោកទៀងក្តី ថា លោកមិនទៀងក្តី ថាលោកមានទីបំផុត​ក្តី ថាលោកមិនមានទីបំផុតក្តី ជីវិតនោះ ក៏គឺសរីរៈនោះ ក្តី ជីវិតដទៃ សរីរៈ ក៏ដទៃក្តី ថា សត្វស្លាប់ហើយកើតទៀតក្តី ថា សត្វស្លាប់ហើយ មិនកើតទៀតក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ក្តី កាលបើយ៉ាងនេះ ទើបអាត្មាអញ នឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ បើព្រះមានព្រះភាគ មិនសំដែង​ថា លោកទៀងក្តី ថាលោកមិន​ទៀង​​ក្តី​។បេ។ ថាសត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែនក្តី កាលបើ​យ៉ាង​នេះ អាត្មាអញ នឹងលាសិក្ខា ហើយត្រឡប់​មកកាន់​ហីនភេទវិញ។ បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកទៀងដូច្នេះហើយ សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា លោកទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា លោកមិនទៀង សូម​ព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គថា លោកមិនទៀងដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកទៀងក្តី ថាលោកមិនទៀងក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែល​មិនដឹង​ មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា លោកមានទីបំផុត សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា លោកមានទីបំផុតដូច្នេះ ឲ្យទាន បើបើព្រះមានព្រះភាគ ជ្រាបថា លោកមិនមានទីបំផុត សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា លោកមិនមានទីបំផុតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា លោកមានទី​បំផុតក្តី ថាលោកមិនមានទីបំផុតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែល​មិនដឹង​ មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា ជីវិត​នោះ ក៏គឺ​សរីរៈនោះ សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតនោះ ក៏គឺសរីរៈ​នោះដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ទ្រង់ជ្រាបថា ជីវិតដទៃ សរីរៈក៏ដទៃ សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា ជីវិតដទៃ សរីរៈក៏ដទៃដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា ជីវិតនោះ ក៏គឺសរីរៈនោះក្តី ថាជីវិតដទៃ សរីរៈក៏ដទៃក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែល​មិនដឹង​ មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា សត្វ​ស្លាប់ហើយកើតទៀត សូមព្រះ​មាន​ព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយ​ ​កើតទៀត ដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ មិនកើតទៀត សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយមិនកើតទៀតដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា សត្វស្លាប់ហើយកើតទៀតក្តី ថាសត្វ​ស្លាប់​ហើយ​មិនកើតទៀតក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញហើយ ក៏ត្រូវគ្នានឹង​ខ្ញុំព្រះអង្គ ដែល​មិនដឹង​ មិនឃើញដែរ។ បើព្រះមានព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថាសត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មានដូច្នេះ ឲ្យទាន បើព្រះមាន​ព្រះភាគ ជ្រាបថា សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន សូមព្រះមានព្រះភាគ សំដែង​ប្រាប់ខ្ញុំព្រះអង្គ ថា សត្វស្លាប់ហើយកើតទៀត​ក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះ ឲ្យទាន បើព្រះមានព្រះភាគ មិនជ្រាបថា សត្វស្លាប់ហើយកើតទៀត​ក៏មាន មិនកើតទៀតក៏មានក្តី ថាសត្វស្លាប់ហើយកើតទៀត​ក៏មិនមែន មិនកើតទៀតក៏មិនមែនក្តី កាលបើព្រះមានព្រះភាគ មិនជ្រាប មិនឃើញ​ហើយ ក៏ត្រូវគ្នានឹងខ្ញុំព្រះអង្គ ដែល​មិនដឹង​ មិនឃើញដែរ។

[១៤៩] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះតថាគត បាន​និយាយ​នឹងអ្នកយ៉ាងនេះថា ម្នាលមាលុង្ក្យបុត្រ អ្នកចូរមកអាយ អ្នកចូរប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុងសំណាក់តថាគតចុះ តថាគត នឹងសំដែង​ប្រាប់អ្នកថា លោកទៀង​ដូច្នេះក្តី លោក​មិនទៀង​ដូច្នេះក្តី លោក​មានទីបំផុត​ដូច្នេះក្តី លោកមិនមានទីបំផុតដូច្នេះក្តី ជីវិតនោះ ក៏​គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀត ដូច្នេះក្តី សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀត​ក៏មានដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ឬអ្វី។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ចុះអ្នកបានិយាយ​នឹងតថាគត យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់នៃ​ព្រះមាន​ព្រះភាគ ឲ្យតែព្រះមានព្រះភាគ នឹងសំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀង​ដូច្នេះក្តី លោក​មិនទៀង​ដូច្នេះក្តី លោកមានទីបំផុត​ដូច្នេះក្តី លោកមិនមានទីបំផុត​ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀត​​ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀតដូច្នេះក្តី សត្វស្លាប់​ហើយ កើតទៀតក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏​មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ឬអ្វី។ បពិត្រព្រះអង្គដ៏ចំរើន មិនមែនដូច្នោះទេ។ ម្នាលមាលុង្ក្យបុត្រ បានឮថា តថាគត មិនបាននិយាយ​នឹងអ្នកថា ម្នាលមាលុង្ក្យបុត្រ អ្នកចូរមកអាយ ចូរអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​តថាគតចុះ តថាគត នឹង​សំដែង​ប្រាប់អ្នកថា លោកទៀង​ដូច្នេះក្តី លោក​មិនទៀង​ដូច្នេះក្តី។បេ។ សត្វស្លាប់​ហើយ​កើតទៀតក៏​មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ទាំងបានឮថា អ្នកក៏​មិនបាន​និយាយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនឹងប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ ឲ្យតែ​ព្រះមានព្រះភាគ សំដែងប្រាប់ខ្ញុំព្រះអង្គថា លោកទៀង​ដូច្នេះក្តី លោក​មិនទៀង​ដូច្នេះក្តី។បេ។ សត្វស្លាប់ហើយកើតទៀតក៏​មិនមែន មិនកើតទៀត​ក៏មិន​មែន​ដូច្នេះក្តី ម្នាល​មោឃបុរស កាលបើហេតុយ៉ាងនេះទេ ចុះអ្នកជាអុក ជាទុក្ខ​ប្រាប់​អ្នក​ណា។

[១៥០] ម្នាល​មាលុង្ក្យបុត្រ បុគ្គលណា និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ក្នុងសំណាក់​នៃព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់​សំដែង​ប្រាប់ខ្ញុំព្រះអង្គថា លោកទៀង​ដូច្នេះក្តី លោក​មិនទៀង​ដូច្នេះក្តី។បេ។ សត្វស្លាប់​ហើយ កើតទៀតក៏មាន មិនកើតទៀត​ក៏មានដូច្នេះក្តី សត្វស្លាប់ហើយ​កើតទៀត​ក៏មិន​មែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែងនូវដំណើរ​នោះឲ្យ​ស្តាប់មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ដោយពិត។ ម្នាលមាលុង្ក្យបុត្រ ដូចជាបុរស​មុតព្រួញ (របស់សេនានៃស្តេចដទៃ) ដែលលាប​ប្រឡាក់ដោយថ្នាំពិសដ៏ក្រាស់ មិត្ត​អាមាត្យ ញាតិ និងសាលោហិតរបស់​បុរសនោះ ក៏ចូលទៅរក​ពេទ្យជាអ្នកវះ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់​ដក​ព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់បុរសដែលបាញ់​ខ្ញុំនោះ ជាក្សត្រ ឬព្រាហ្មណ៍ ឬវេស្សៈ ឬសុទ្ទៈ នៅឡើយ។ បុរសនោះ និយាយ​យ៉ាង​នេះ​ថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់បុរសដែលបាញ់​ខ្ញុំនោះ ថា​មាននាម​យ៉ាងនេះ ឬមានគោត្រ​យ៉ាង​នេះ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់បុរសដែលបាញ់​ខ្ញុំនោះ ជាមនុស្សខ្ពស់ ឬទាប ឬកណ្តាល​នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់​បុរស​ដែលបាញ់​ខ្ញុំនោះ ជាមនុស្សសម្បុរខ្មៅ ឬសណ្តែកបាយ ឬ​ប្រផេះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់បុរសដែលបាញ់​ខ្ញុំនោះ នៅក្នុងស្រុក ឬនិគម ឬនគរឯណោះៗ នៅឡើយ។ បុរសនោះ និយាយយ៉ាង​នេះ​ថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់ធ្នូដែលមុតខ្ញុំនោះ ជាកាំភ្លើង ឬស្នា​នៅឡើយ។ បុរសនោះ និយាយ​យ៉ាង​នេះ​ថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់ខ្សែ​បន្លោះដែលបាញ់ខ្ញុំនោះ ជាសម្បករាក់ ឬពន្លុងឫស្សី ជាសរសៃសត្វ ឬសម្បក​ខ្លែងព័រ ឬវល្លិ៍ទឹកដោះនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់​ដក​ព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់ព្រួញដែលមុតខ្ញុំ ជាព្រួញឈើព្រៃ ឬព្រួញ​ឈើដែល​គេដាំ នៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់​ស្គាល់​ព្រួញដែលមុត​ខ្ញុំនោះ ជាព្រួញដែលគេសៀត​ដោយស្លាប​សត្វណា សត្វនោះជាត្មាត ឬប្រមង់ ខ្លែង ឬក្ងោក ឬទុងនៅឡើយ។ បុរសនោះ និយាយយ៉ាងនេះថា ខ្ញុំមិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំមិនទាន់ស្គាល់​ព្រួញដែលមុត​ខ្ញុំនោះ ជាព្រួញដែល​គេរុំ​ដោយសរសៃគោ ឬក្របី សរសៃសីហៈខ្មៅ ឬស្វានៅឡើយ។ បុរសនោះ និយាយយ៉ាង​នេះ​ថា ខ្ញុំ​មិនទាន់ដកព្រួញនេះទេ ព្រោះខ្ញុំ​មិនទាន់ស្គាល់ព្រួញ ដែលមុត​ខ្ញុំនោះ ជាព្រួញ​មានមុខមូល ឬមានមុខសំប៉ែតដូចមុខកាំបិត ព្រួញ​មានងៀង ឬមានមុខ​ស្រោបដែក ព្រួញ​មានមុខដូចពន្លាក ឬព្រួញធ្វើអំពីទ្រនុងធាងទ្រាំងនៅឡើយ ម្នាល​មាលុង្ក្យបុត្រ បុរសនោះ ចាំដឹង​ដំណើរនោះមិនទាន់ទេ មុខជាបុរសនោះ នឹងធ្វើមរណកាល​ទៅពុំខាន។ ម្នាលមាលុង្ក្យបុត្រ បុគ្គលណានិយាយយ៉ាងនេះថា ខ្ញុំមិនទាន់ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង​សំណាក់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ មិនទាន់សំដែង​ប្រាប់ខ្ញុំថា លោកទៀង​ដូច្នេះក្តី លោក​មិនទៀង​ដូច្នេះក្តី លោកមានទីបំផុត​ដូច្នេះក្តី លោកមិន​មាន​ទី​បំផុត​ដូច្នេះក្តី ជីវិតនោះ ក៏គឺសរីរៈនោះដូច្នេះក្តី ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះក្តី សត្វស្លាប់​ហើយកើតទៀត​​ដូច្នេះក្តី សត្វស្លាប់ហើយ មិនកើតទៀតដូច្នេះក្តី សត្វស្លាប់​ហើយ កើតទៀតក៏មាន មិនកើតទៀត ក៏មាន ដូច្នេះក្តី សត្វស្លាប់ហើយកើតទៀតក៏​មិនមែន មិនកើតទៀតក៏មិនមែនដូច្នេះក្តី ម្នាលមាលុង្ក្យបុត្រ តថាគត នឹងសំដែង​ដំណើរនោះឲ្យ​ស្តាប់​មិនទាន់ទេ បុគ្គលនោះ មុខជានឹងធ្វើមរណកាលទៅ (មុនសំដែង) ពុំខាន មានឧបមេយ្យ​ដូចជាបុរសដែលត្រូវព្រួញមុតនោះឯង។

[១៥១] ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា លោកទៀងដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា លោកមិនទៀងដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា លោកទៀង ឬថាលោក​មិនទៀង ដូច្នេះ​ហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាក​កាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែល​តថាគត​បញ្ញត្តថា មានសេចក្តី​វិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា លោកមានទីបំផុតដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា លោកមិនមានទីបំផុតដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា លោកមានទីបំផុត ឬថាលោកមិនមានទីបំផុតដូច្នេះ​ហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាក​កាយ សេចក្តីតូចចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែល​តថាគត​បញ្ញត្តថា មានសេចក្តី​វិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា ជីវិតនោះក៏គឺសរីរៈនោះដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា ជីវិតដទៃ សរីរៈក៏ដទៃ ដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាល​មាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា ជីវិតនោះ ក៏គឺសរីរៈនោះ ឬថា ជីវិត​ដទៃ សរីរៈក៏ដទៃ ដូច្នេះហើយ ជាតិក៏មាន។បេ។ បញ្ញត្តថា មានសេចក្តីវិនាស។ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា សត្វស្លាប់ហើយកើតទៀត ដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា សត្វស្លាប់ហើយមិនកើតទៀត​ដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា សត្វស្លាប់ហើយកើតទៀត ឬថា សត្វស្លាប់ហើយមិនកើតទៀត ដូច្នេះ​ហើយ ជាតិក៏មាន។បេ។ ជាធម៌ដែលតថាគត បញ្ញត្តថា មានសេចក្តី​វិនាសក្នុងបច្ចុប្បន្ន។ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន ដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា សត្វស្លាប់ហើយកើតទៀត ក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះ​ហើយ សេចក្តីយល់ឃើញថា ការអប់រំ​ព្រហ្មចរិយធម៌នឹងមាន ដូច្នេះ មិនមានទេ ម្នាលមាលុង្ក្យបុត្រ កាលបើ​មានសេចក្តី​យល់ឃើញថា សត្វស្លាប់ហើយ កើតទៀតក៏មាន មិនកើតទៀតក៏មាន ឬថា សត្វស្លាប់ហើយ កើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះ​ហើយ ជាតិក៏មាន ជរាក៏មាន មរណៈក៏មាន សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាក​កាយ សេចក្តី​តូច​ចិត្ត សេចក្តីក្រៀមក្រំចិត្តក៏មាន ជាធម៌ដែល​តថាគត​បញ្ញត្តថា មានសេចក្តី​វិនាស​ក្នុង​បច្ចុប្បន្ន។

[១៥២] ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយចូរចាំទុក​នូវសេចក្តី​ ដែលតថាគតមិនបានសំដែងហើយ តាមសេចក្តីដែល​តថាគតមិនបានសំដែង ទាំងចូរ​ចាំទុកនូវសេចក្តី ដែលតថាគតបានសំដែងហើយ តាមសេចក្តីដែល​តថាគតបានសំដែង​ចុះ។ ម្នាលមាលុង្ក្យបុត្រ ចុះតថាគតមិនបានសំដែងសេចក្តីដូចម្តេចខ្លះ ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកទៀង ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមិនទៀង ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមានទីបំផុត ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា លោកមិនមានទីបំផុត ម្នាលមាលុង្ក្យបុត្រ តថាគតមិនបានសំដែងថា ជីវិតនោះ ក៏គឺសរីរៈនោះ តថាគតមិនបានសំដែងថា ជីវិតដទៃ សរីរៈក៏ដទៃ តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀត តថាគតមិនបានសំដែងថា សត្វស្លាប់ហើយមិនកើតទៀត តថាគតមិនបានសំដែងថា សត្វស្លាប់ហើយកើតទៀតក៏មាន មិនកើតទៀតក៏មាន តថាគតមិនបានសំដែងថា សត្វស្លាប់ហើយ​កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន។ ម្នាលមាលុង្ក្យបុត្រ ព្រោះ​ហេតុអ្វី បានជាតថាគតមិនសំដែងទិដ្ឋិនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះទិដ្ឋិនោះ មិនប្រកប​ដោយប្រយោជន៍ មិនមែនជាខាងដើមនៃព្រហ្មចរិយធម៌ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តី​រំលត់ទុក្ខ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីស្ងប់រម្ងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតមិនសំដែងទិដ្ឋិនោះ។ ម្នាលមាលុង្ក្យបុត្រ ចុះសេចក្តីដូចម្តេច ដែលតថាគត តែងសំដែង ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាទុក្ខ ម្នាលមាលុង្ក្យបុត្រ តថាគតតែងសំដែងថា នេះជាហេតុប្រជុំកើតឡើងនៃទុក្ខ តថាគតតែងសំដែងថា នេះជាគ្រឿង​រលត់ទុក្ខ តថាគតតែងសំដែងថា នេះជាសេចក្តី​ប្រតិបត្តិ ជាដំណើរ​ទៅកាន់ទីរំលត់ទុក្ខ។ ម្នាលមាលុង្ក្យបុត្រ ហេតុដូចម្តេច បានជាតថាគត សំដែងពាក្យនុ៎ះ ម្នាលមាលុង្ក្យបុត្រ ព្រោះថា ពាក្យនុ៎ះ ប្រកប​ដោយប្រយោជន៍ ពាក្យនុ៎ះ ជាខាងដើមនៃព្រហ្មចរិយធម៌ ពាក្យនុ៎ះប្រព្រឹត្តទៅ ដើម្បី​សេចក្តីនឿយណាយ ប្រព្រឹត្តទៅ ដើម្បីប្រាសចាករាគៈ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​រំលត់ទុក្ខ ប្រព្រឹត្តទៅ ដើម្បីសេចក្តី​ស្ងប់រម្ងាប់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ ប្រព្រឹត្តទៅ ដើម្បីសេចក្តីត្រាស់ដឹង ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគតសំដែងពាក្យនោះ។ ម្នាលមាលុង្ក្យបុត្រ ព្រោះហេតុនោះ អ្នកទាំងឡាយ ចូរចាំទុកនូវសេចក្តី​ ដែលតថាគត មិនបានសំដែងហើយ តាមសេចក្តី​ដែលតថាគតមិនបានសំដែងហើយផង ចូរចាំទុកនូវសេចក្តី​ ដែលតថាគត បានសំដែងហើយ តាមសេចក្តី​ដែលតថាគតបានសំដែងហើយផង។ លុះព្រះមានព្រះភាគ ទ្រង់សំដែង​ព្រះសូត្រ​នេះចប់ហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក៏មានចិត្តត្រេកអរ រីករាយ ចំពោះភាសិត​របស់ព្រះមានព្រះភាគ។

ចប់ ចូឡមាលុង្ក្យោវាទសូត្រ ទី៣។

មហាមាលុង្ក្យោវាទសូត្រ ទី៤

(៤. មហាមាលុក្យសុត្តំ)

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះមានព្រះភាគ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ត្រាស់សួរ​យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចុះអ្នកទាំងឡាយ បានចាំឱរម្ភាគិយសំយោជនៈ54)​ ៥ ដែលតថាគតបានសំដែងហើយដែរឬ។ កាលដែលព្រះមាន​ព្រះភាគ ត្រាស់សួរយ៉ាងនេះហើយ ព្រះមាលុង្ក្យបុត្រមានអាយុ ក្រាបបង្គំទូល​ព្រះមានព្រះភាគ​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំឱរម្ភាគិយសំយោជនៈ​៥ ដែលព្រះមានព្រះភាគ សំដែងហើយ។ ព្រះអង្គត្រាស់សួរថា ម្នាលមាលុង្ក្យបុត្រ ចុះអ្នកចាំ​ឱរម្ភាគិយសំយោជនៈ៥ ដែលតថាគតសំដែងហើយ ដូចម្តេចខ្លះ។ មាលុង្ក្យបុត្រ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចាំថា សក្កាយទិដ្ឋិ ជា​ឱរម្ភាគិយសំយោជនៈ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គចាំថា វិចិកិច្ឆា ជា​ឱរម្ភាគិយសំយោជនៈ​ ដែលព្រះមានព្រះភាគ សំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គចាំថា សីលព្វត្តបរាមាសៈ ជា​ឱរម្ភាគិយសំយោជនៈ​ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គចាំថា កាមឆន្ទៈ ជា​ឱរម្ភាគិយសំយោជនៈ​ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ​ចាំថា ព្យាបាទៈ ជា​ឱរម្ភាគិយសំយោជនៈ​ ដែលព្រះមានព្រះភាគសំដែងហើយ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គចាំ នូវ​ឱរម្ភាគិយសំយោជនៈ៥​ ដែលព្រះមានព្រះភាគ សំដែងហើយ យ៉ាងនេះឯង។

[១៥៤] ព្រះអង្គត្រាស់ថា ម្នាលមាលុង្ក្យបុត្រ អ្នកចាំបាននូវ​ឱរម្ភាគិយសំយោជនៈ៥​​យ៉ាងនេះ ដែលតថាគតបានសំដែងហើយ ថាជា​សំយោជនៈរបស់អ្នកណា ម្នាលមាលុង្ក្យបុត្រ ក្រែង​ពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោល​ប្រកួតប្រកាន់ ដោយ​សេចក្តី​ប្រកួតប្រកាន់ ដែលប្រៀប​ដោយកូនក្មេងតូចទេដឹង ម្នាលមាលុង្ក្យបុត្រ ដ្បិតកូនក្មេង​តូច កំពុងដេកផ្ងារនៅឡើយ នឹងថាមានសក្កាយមិនទាន់បានទេ តើសក្កាយទិដ្ឋិ នឹងកើត​ឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់សក្កាយទិដ្ឋានុស័យ របស់កូនក្មេងនោះ គង់​ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមាន​ធម៌ មិនទាន់បានទេ តើសេចក្តីសង្ស័យ ក្នុងធម៌ទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់វិចិកិច្ឆានុស័យ របស់កូនក្មេងនោះ គង់​ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ តាមសេចក្តីពិត កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានសីល មិនទាន់បានទេ តើសីលព្វត្តបរាមាសៈ ក្នុងសីលទាំងឡាយ នឹងកើត​ឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់​សីលព្វត្តបរាមាសានុស័យ របស់កូនក្មេងនោះ គង់​ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូចខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមាន​កាម មិនទាន់បានទេ តើកាមច្ឆន្ទៈ ក្នុងកាមទាំងឡាយ នឹងកើតឡើង ដល់កូនក្មេងនោះ ដូចម្តេចបាន តែត្រង់​កាមរាគានុស័យ របស់កូនក្មេងនោះ គង់​ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ កូនក្មេងតូច​ខ្ចី កំពុងដេកផ្ងារនៅឡើយ នឹងថាមានសត្វ មិនទាន់បានទេ តើព្យាបាទ ទៅរកសត្វ​ទាំង​ឡាយ នឹងកើតឡើង ​ដល់​កូន​ក្មេង​នោះ ដូចម្តេចបាន តែត្រង់ព្យាបាទានុស័យ របស់កូន​ក្មេង​នោះ គង់​ដេកនៅខាងក្នុង ម្នាលមាលុង្ក្យបុត្រ ក្រែងពួកបរិព្វាជក ជាអន្យតិរ្ថិយ នឹងពោលប្រកួតប្រកាន់ ដោយសេចក្តី​ប្រកួតប្រកាន់ ដែលប្រៀប​ដោយកូនក្មេងនេះឯង ទេដឹង។ កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏ក្រាបបង្គំទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះមានព្រះភាគ កាលនេះ ជាកាលគួរហើយ បពិត្រព្រះសុគត កាលនេះ ជាកាលគួរ ដែលព្រះមានព្រះភាគ នឹងសំដែង​ នូវ​ឱរម្ភាគិយ​សំយោជនៈ៥ហើយ ពួកភិក្ខុ បើបានស្តាប់ភាសិត របស់​ព្រះមានព្រះភាគហើយ នឹងចង​ចាំទុកបាន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអានន្ទ បើ​ដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរយក​ចិត្ត​ទុកដាក់ ដោយប្រពៃចុះ តថាគត នឹងសំដែង។ ព្រះអានន្ទមានអាយុ ក៏ទទួលព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។

[១៥៥] ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអានន្ទ បុថុជ្ជន ក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ​ព្រះអរិយៈ មិនឈ្លាសវៃក្នុង​ធម៌ របស់​ព្រះអរិយៈ មិនបានសិក្សា ក្នុងធម៌របស់ព្រះអរិយៈ ទាំងមិនបានជួបប្រទះពួកសប្បុរស មិន​ឈ្លាសវៃ ក្នុងធម៌របស់សប្បុរស មិនបានសិក្សា ​ក្នុងធម៌របស់សប្បុរស ជាអ្នក​មានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវ​ព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិត​បានឡើយ សក្កាយទិដ្ឋិនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹង​រលាស់ចោលបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មានវិចិកិច្ឆារួបរឹតចិត្ត ទាំងមិនបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវ​វិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិត​បានឡើយ វិចិកិច្ឆានោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ ក៏មិនអាចនឹង​រលាស់ចេញបាន (នេះ) ជា ឱរម្ភាគិយសំយោជនៈ ១។ ជាអ្នកមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិត​បានឡើយ សីលព្វត្តបរាមាសៈ​នោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹង​រលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ​១។ ជាអ្នកមានកាមរាគ គ្របសង្កត់ចិត្ត មានកាមរាគរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិត​បាន​ឡើយ កាមរាគនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹង​រលាស់​ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ជាអ្នកមានព្យាបាទ គ្របសង្កត់ចិត្ត មានព្យាបាទរួបរឹតចិត្ត ទាំងមិនដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមពិត​បានឡើយ ព្យាបាទនោះ របស់បុគ្គលនោះ មានកំឡាំង បុគ្គលនោះ មិនអាចនឹង​រលាស់ចេញបាន (នេះ) ជាឱរម្ភាគិយសំយោជនៈ១។ ម្នាលអានន្ទ ចំណែកខាងអរិយសាវ័ក ជាអ្នកបានស្តាប់ បានឃើញ​ពួកព្រះអរិយៈ ជាអ្នកឈ្លាសវៃក្នុង​ធម៌ របស់​ព្រះអរិយៈ បានសិក្សា ក្នុងធម៌​របស់ព្រះអរិយៈ ទាំងបានឃើញពួកសប្បុរស ជាអ្នក​ឈ្លាសវៃក្នុងធម៌ របស់សប្បុរស បានសិក្សា​ក្នុងធម៌ របស់សប្បុរស ជាអ្នក​មិនមានសក្កាយទិដ្ឋិគ្របសង្កត់ចិត្ត មិនមានសក្កាយទិដ្ឋិរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវសក្កាយទិដ្ឋិ ដែលកើតឡើង តាមសេចក្តីពិត​បាន អរិយសាវ័កនោះ តែងលះបង់​នូវ​សក្កាយទិដ្ឋិ ដែលប្រកបដោយ​អនុស័យ55) នោះ។ ជាអ្នកមិនមានវិចិកិច្ឆា គ្របសង្កត់ចិត្ត មិនមានវិចិកិច្ឆារួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវ​វិចិកិច្ឆា ដែលកើតឡើង តាមសេចក្តីពិត​បាន អរិយសាវ័កនោះ តែងលះបង់​នូវ​វិចិកិច្ឆា ដែលប្រកបដោយ​អនុស័យនោះ។ ជាអ្នកមិនមានសីលព្វត្តបរាមាសៈ គ្របសង្កត់ចិត្ត មិនមានសីលព្វត្តបរាមាសៈរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវសីលព្វត្តបរាមាសៈ ដែលកើតឡើង តាមសេចក្តីពិត​បាន អរិយសាវ័កនោះ តែងលះបង់​នូវ​សីលព្វត្តបរាមាសៈ ដែលប្រកបដោយ​អនុស័យនោះ។ ជាអ្នកមិនមាន​កាមរាគ គ្របសង្កត់ចិត្ត មិនមានកាមរាគរួបរឹតចិត្ត ទាំងដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវកាមរាគ ដែលកើតឡើង តាមសេចក្តីពិត​បាន អរិយសាវ័កនោះ តែងលះបង់​នូវ​កាមរាគ ដែលប្រកបដោយ​អនុស័យនោះ។ ជាអ្នកមិនមានព្យាបាទ គ្របសង្កត់ចិត្ត មិនមានព្យាបាទរួបរឹតចិត្ត ទាំងបានដឹងច្បាស់ នូវព្រះនិព្វាន ជាគ្រឿង​រលាស់ចេញ នូវព្យាបាទ ដែលកើតឡើង តាមសេចក្តីពិត​បាន អរិយសាវ័កនោះ តែងលះបង់​នូវ​ព្យាបាទ ដែលប្រកបដោយ​អនុស័យនោះ។

[១៥៦] ម្នាលអានន្ទ មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវ​ឱរម្ភាគិយ​សំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ នូវ​បដិបទានោះទេ ក៏គង់ដឹង ឬគង់​ឃើញ គង់លះបង់​នូវឱរម្ភាគិយ​សំយោជនៈ៥បាន ពាក្យដូច្នេះ មិនសមហេតុទេ។ ម្នាល​អានន្ទ ដូចដើមឈើធំ ដែលមានខ្លឹម កំពុងឋិតនៅ បុគ្គល​មិនបានច្រាសយកសម្បកចេញ មិនបានចាំងយកស្រាយចេញ ក៏គង់​តែកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ មិនសមហេតុ​ឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ប្រព្រឹត្តទៅ ដើម្បីលះបង់នូវ​ឱរម្ភាគិយ​សំយោជនៈ៥ បុគ្គលមិនបាច់អាស្រ័យនូវមគ្គនោះ ​បដិបទា​នោះ​ទេ ក៏គង់ដឹង ឬគង់​ឃើញ គង់លះបង់​នូវឱរម្ភាគិយ​សំយោជនៈ៥បាន ពាក្យដូច្នេះ​នេះ មិនសមហេតុឡើយ មានឧបមេយ្យយ៉ាងនោះដែរ។ ម្នាល​អានន្ទ លុះតែមគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវ​ឱរម្ភាគិយ​សំយោជនៈ៥ បុគ្គល​ក៏បានអាស្រ័យនូវមគ្គនោះ នូវ​បដិបទានោះ នឹងដឹង ឬនឹង​ឃើញ នឹងលះបង់​នូវឱរម្ភាគិយ​សំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុមែន។ ម្នាល​អានន្ទ ដូចដើមឈើដែលមានខ្លឹម កំពុងឋិតនៅ ហើយគេបានច្រាសសំបកចេញ ចាំងស្រាយ​ចេញ ទើបគេកាប់យកខ្លឹមបាន ពាក្យដូច្នេះនេះ ទើបសមហេតុ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ មគ្គណា បដិបទាណា ដែលប្រព្រឹត្តទៅ ដើម្បីលះបង់នូវ​ឱរម្ភាគិយ​សំយោជនៈ៥ បុគ្គលក៏បានអាស្រ័យនូវមគ្គនោះ នូវ​បដិបទានោះ នឹងដឹង ឬនឹង​ឃើញ នឹងលះបង់​ នូវឱរម្ភាគិយ​សំយោជនៈ៥បាន ពាក្យដូច្នេះនេះ ទើបសមហេតុ ក៏មាន​ឧបមេយ្យ យ៉ាងនោះដែរ។ ម្នាល​អានន្ទ មួយទៀត ដូចទន្លេគង្គា មានទឹកពេញប្រៀប ស្មើនឹងច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ មានបុរសមានកំឡាំង​ខ្សោយ ដើរមកដោយគិតថា អាត្មាអញ នឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះ​ដោយ​ដៃ ហើយនឹងបានដល់ទៅត្រើយនាយ ដោយសួស្តីដូច្នេះ បុរសនោះ មិនអាចនឹង​ឆ្លង​កាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះ​ដោយ​ដៃ ទៅដល់ត្រើយខាងនាយ ដោយសួស្តីបានឡើយ មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ កាលតថាគត សំដែង​ធម៌​ ដើម្បីរំលត់នូវសក្កាយៈ ដល់បុគ្គលណាមួយ ចិត្តរបស់បុគ្គលនោះ មិនស្ទុះទៅ មិនជ្រះថ្លា មិនឋិតនៅស៊ប់ មិនជឿជាក់ ក៏មានឧបមេយ្យ យ៉ាងនោះដែរ។ បណ្ឌិតត្រូវឃើញ​ពួកជន​ទាំងនោះ ដូចជាបុរស ដែលមានកំឡាំង​ខ្សោយនោះឯង។ ម្នាលអានន្ទ ទន្លេគង្គា មានទឹកពេញប្រៀប ស្មើមាត់ច្រាំង ល្មមក្អែកទំលើមាត់ច្រាំង ឱនផឹកបាន កាលនោះ បុរសមានកំឡាំង ដើរមកដោយគិតថា អាត្មាអញ នឹងឆ្លងកាត់ខ្សែទឹក ត្រង់ទទឹង​ទន្លេគង្គា​នេះ​​ដោយ​ដៃ ហើយនឹងបានដល់ត្រើយខាងនាយ ដោយសួស្តីដូច្នេះ បុរសនោះ អាចនឹង​ឆ្លង​កាត់ខ្សែទឹក ត្រង់ទទឹងទន្លេគង្គានេះ​ដោយ​ដៃ ក៏ដល់ទៅត្រើយខាងនាយ ដោយសួស្តី​បាន មានឧបមាយ៉ាងណាមិញ ម្នាលអានន្ទ កាលតថាគត សំដែង​ធម៌​ ដើម្បីរំលត់​នូវ​សក្កាយៈ ដល់បុគ្គលណាមួយ ចិត្ត (របស់បុគ្គលនោះ) ក៏ស្ទុះទៅ ជ្រះថ្លា ឋិតនៅស៊ប់ ជឿជាក់ ក៏មានឧបមេយ្យយ៉ាងនោះដែរ។ បណ្ឌិតត្រូវឃើញ​ពួកជន​ទាំងនោះ ដូចជាបុរស ដែលមានកំឡាំងនោះឯង។

[១៥៧] ម្នាលអានន្ទ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បី​លះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ជាអ្នក​មាន​ឧបធិវិវេក ព្រោះលះបង់ នូវ​ពួកអកុសលធម៌ ព្រោះរម្ងាប់ នូវការប្រព្រឹត្តអាក្រក់ ​ដោយ​កាយ ដោយសព្វអន្លើ ហើយស្ងប់ស្ងាត់ ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ ចាកអកុសល​ធម៌​ទាំងឡាយ បានចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ សុខ ដែល​កើតអំពីវិវេក ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុរមែងពិចារណា ឃើញច្បាស់នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូលសមាបត្តិ​នោះ ថាជារបស់មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តី​មិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់សាបសូន្យ ជារបស់​មិនស្តាប់​បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះ លុះភិក្ខុនោះបាន​ដោះចិត្ត ចាកធម៌ទាំងនោះ​ហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការរម្ងាប់នូវសង្ខារទាំងពួង ការលះបង់នូវ​ឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តីនឿយណាយ សេចក្តីរលត់តណ្ហា គឺ​ព្រះនិព្វានណា ព្រះនិព្វាននោះ ជាសេចក្តីល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមាន​ព្រះត្រៃលក្ខណ៍ជាអារម្មណ៍នោះហើយ រមែង​ដល់នូវ​ការអស់ទៅនៃអាសវៈទាំងឡាយ បើមិនបានដល់នូវ​ការអស់ទៅនៃអាសវៈទេ ក៏គង់​បានទៅ​កើតជាឱបបាតិកៈកំណើត ព្រោះសេចក្តីត្រេកអរចំពោះ​សមថធម៌ និងវិបស្សនា​ធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះ​ធម៌នោះ ព្រោះអស់ទៅនៃឱរម្ភាគិយសំយោជនៈ​៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់​អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បី​លះបង់នូវ​ឱរម្ភាគិយសំយោជនៈ៥​។ ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។បេ។ ចូលកាន់តតិយជ្ឈាន។បេ។ ចូលកាន់​ចតុត្ថជ្ឈាន ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ភិក្ខុនោះ រមែងពិចារណា​ឃើញ​ច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូល​សមាបត្តិ។បេ។ ដើម្បីលះបង់នូវ​សំយោជនៈទាំងឡាយ។

[១៥៨] ម្នាលអានន្ទ មួយទៀត ភិក្ខុព្រោះកន្លងបង់នូវ​រូបសញ្ញា ព្រោះរំលត់នូវ​បដិឃសញ្ញា ព្រោះមិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ដោយប្រការទាំងពួង ចូលកាន់​អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត ដូច្នេះ។ ភិក្ខុនោះ រមែងពិចារណា​ឃើញ​ច្បាស់ នូវពួកធម៌ គឺរូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូល​កាន់សមាបត្តិនោះថា ជារបស់​មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តី​មិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់វិនាស ជារបស់​សាប​សូន្យ ជារបស់​មិនស្តាប់​បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌ទាំងនោះបាន លុះភិក្ខុ​នោះ បាន​ដោះចិត្ត ចាកធម៌ទាំងនោះ​ហើយ ក៏បង្អោនចិត្តទៅ ក្នុងអមតធាតុថា ការ​រម្ងាប់​នូវ​សង្ខារទាំងពួង ការលះបង់នូវ​ឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តី​នឿយ​ណាយ សេចក្តីរលត់នៃតណ្ហា គឺ​ព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅក្នុងវិបស្សនា ដែលមាន​ព្រះត្រៃលក្ខណ៍ ជាអារម្មណ៍នោះហើយ រមែង​ដល់នូវ​ការអស់ទៅនៃអាសវៈ​ទាំងឡាយ បើបែរជាមិនបានដល់ នូវ​ការអស់ទៅ នៃអាសវៈទេ ក៏គង់​បានទៅ​កើតជា​ឱបបាតិកៈ​កំណើត ព្រោះសេចក្តីត្រេកអរ ចំពោះ​ធម៌នោះ ព្រោះសេចក្តីរីករាយ ចំពោះ​ធម៌នោះ ព្រោះអស់ទៅ នៃឱរម្ភាគិយសំយោជនៈ​៥ហើយ នឹងបរិនិព្វាន ក្នុងទីនោះ មិនត្រឡប់​អំពីលោកនោះមកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង ដែលប្រព្រឹត្តទៅ ដើម្បី​លះបង់ នូវ​ឱរម្ភាគិយសំយោជនៈ៥​។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវ​អាកាសានញ្ចាយតនៈ ដោយសព្វអន្លើហើយ ចូលកាន់​វិញ្ញាណញ្ចា​យតនៈ ដោយបរិកម្មថា វិញ្ញាណ មិនមានទីបំផុត។ ភិក្ខុនោះ ពិចារណា នូវពួកធម៌ គឺ វេទនា។បេ។ ដើម្បីលះបង់នូវសំយោជនៈទាំងឡាយ។ ម្នាលអានន្ទ មួយទៀត ភិក្ខុកន្លងបង់ នូវ​វិញ្ញាណញ្ចាយតនៈ ដោយសព្វអន្លើហើយ ទើបចូលកាន់​អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា អ្វីបន្តិចបន្តួច មិនមាន។ ភិក្ខុនោះ រមែងពិចារណា​ឃើញ​ច្បាស់ នូវពួកធម៌ គឺ វេទនា សញ្ញា សង្ខារ វិញ្ញាណ ក្នុងខណៈដែលចូល​កាន់​សមាបត្តិនោះថា ជារបស់​មិនទៀង ជាទុក្ខ ជារោគ ជាបូស ជាព្រួញ ជាសេចក្តី​មិនសប្បាយ ជាអាពាធ ជារបស់ដទៃ ជារបស់​វិនាស ជារបស់​សាប​សូន្យ ជារបស់​មិន​ស្តាប់​​បង្គាប់ចិត្ត។ ភិក្ខុនោះ រមែងដោះចិត្ត ចាកធម៌​ទាំងនោះបាន លុះភិក្ខុ​នោះ បាន​ដោះចិត្ត ចាកធម៌ទាំងនោះ​ហើយ រមែងបង្អោនចិត្តទៅ ក្នុងអមតធាតុថា ការ​រម្ងាប់​បង់នូវ​សង្ខារទាំងពួង ការលះបង់ នូវ​ឧបក្កិលេសទាំងពួង ការអស់ទៅនៃតណ្ហា សេចក្តី​នឿយ​ណាយ សេចក្តីរលត់តណ្ហា គឺ​ព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជារបស់ល្អិត ព្រះនិព្វាននុ៎ះ ជារបស់ប្រសើរល្អ។ ភិក្ខុនោះ បានឋិតនៅ​ក្នុង​វិបស្សនា ដែលមាន​ព្រះត្រៃលក្ខណ៍ ជាអារម្មណ៍ រមែង​ដល់នូវ​ការអស់ទៅ ​នៃ​អាសវៈ​ទាំងឡាយ បើបែរជាមិនបានដល់នូវ​ការអស់ទៅនៃអាសវៈទាំងនោះទេ ក៏គង់​បានទៅ​កើតជា ឱបបាតិកៈ​កំណើត ព្រោះសេចក្តីត្រេកអរក្នុងធម៌នោះ ព្រោះសេចក្តីរីករាយ ក្នុង​ធម៌នោះ ព្រោះការអស់ទៅ នៃឱរម្ភាគិយសំយោជនៈ​៥ហើយ នឹងបរិនិព្វានក្នុងទីនោះ មិនត្រឡប់​អំពីលោកនោះ​មកវិញឡើយ។ ម្នាលអានន្ទ មគ្គនេះឯង បដិបទានេះឯង​ហើយ ដែលប្រព្រឹត្តទៅ ដើម្បី​លះបង់ នូវ​ឱរម្ភាគិយសំយោជនៈ៥​។

[១៥៩] ព្រះអានន្ទ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើមគ្គនុ៎ះ បដិបទានុ៎ះ ប្រព្រឹត្តទៅ ដើម្បីលះបង់នូវឱរម្ភាគិយសំយោជនៈ៥បាន កាលបើដូច្នេះ ចុះហេតុដូចម្តេច បានជាក្នុងសាសនានេះ មានពួកភិក្ខុខ្លះ ជាចេតោវិមុត្តិ ពួកភិក្ខុខ្លះ ជាបញ្ញាវិមុត្តិ។ ព្រះអង្គ​ត្រាស់ថា ម្នាលអានន្ទ ក្នុងសាសនានេះឯង តថាគត ពោលថា ពួកភិក្ខុ​ទាំងនោះ មានឥន្ទ្រិយផ្សេងៗគ្នា។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់ព្រះសូត្រ​នេះចប់ហើយ ព្រះអានន្ទមានអាយុ ក៏រីករាយ ត្រេកអរ នឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ មហាមាលុង្ក្យោវាទសូត្រ ជាគំរប់៤។

ភទ្ទាលិសូត្រ ទី៥

(៥. ភទ្ទាលិសុត្តំ)

[១៦០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀតក្រុងសាវត្ថី។ ព្រះមានព្រះភាគ ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ ក្នុងទីនោះថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួល​ព្រះពុទ្ធដីកា នៃ​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត តែងឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ម្នាលភិក្ខុទាំងឡាយ កាលតថាគត ឆាន់ភោជន ដែលគួរបរិភោគតែមួយពេល ក៏បានដឹង​ច្បាស់ នូវភាព​មិន​មាន​អាពាធ មិនមានទុក្ខ ការងើប ក្រោកដោយរហ័ស កំឡាំងកាយ និង​ការនៅ​សប្បាយ ដោយឥរិយាបថទាំង៤ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមកណេះ ចូរ​បរិភោគភោជន ដែលគួរបរិភោគតែមួយពេលចុះ ម្នាលភិក្ខុទាំងឡាយ កាលបើ​អ្នក​ទាំងឡាយ បរិភោគភោជន ដែលគួរបរិភោគតែមួយពេលហើយ មុខជានឹងបានដឹងច្បាស់ នូវភាព​មិនមានអាពាធ មិនមានទុក្ខ ការងើបក្រោក ដោយរហ័ស កំឡាំងកាយ និងការ​នៅសប្បាយ ដោយឥរិយាបថទាំង៤។

[១៦១] កាលដែលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមាន​អាយុ ក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនអាច​នឹងបរិភោគភោជន ដែលគួរបរិភោគតែមួយពេលបានឡើយ បពិត្រព្រះអង្គ​ដ៏ចំរើន ព្រោះថា កាលបើខ្ញុំព្រះអង្គ បរិភោគភោជន ដែលគួរបរិភោគតែ​មួយពេលហើយ សេចក្តីរសាប់រសល់ ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន។ ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ បើដូច្នោះ គេនិមន្ត​អ្នកឆាន់​ក្នុងទីណា អ្នកគប្បីបរិភោគ​តែ​បន្តិចបន្តួច ឬរំលែកយកមក​បរិភោគ​តែបន្តិចបន្តួច ក្នុងទីនោះ ម្នាលភទ្ទាលិ កាលបើអ្នក​បរិភោគយ៉ាងនេះហើយ ក៏គង់ញុំាង​អត្តភាព ឲ្យប្រព្រឹត្តទៅបាន។ ភទ្ទាលិ ក្រាបបង្គំទូល​ថា សូមទ្រង់​ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ មិនអាចនឹងបរិភោគយ៉ាងនេះបានឡើយ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលបើខ្ញុំព្រះអង្គ បរិភោគយ៉ាងនេះហើយ សេចក្តី​រសាប់រសល់ក៏មាន សេចក្តីក្តៅក្រហាយ ក៏មាន។ គ្រាកាលដែលព្រះមានព្រះភាគ កំពុង​បញ្ញត្តសិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទាននូវសិក្ខា ព្រះភទ្ទាលិមាន​អាយុ ក៏ក្រាបទូល​នូវ​សេចក្តីមិនអាច​ធ្វើតាមបាន។ លំដាប់នោះឯង ព្រះភទ្ទាលិមាន​អាយុ លែងឲ្យជួប​ព្រះភក្ត្រ​ព្រះមានព្រះភាគ ពេញ៣ខែគត់ លែងបំពេញ​សិក្ខា ក្នុងសាសនា របស់ព្រះសាស្តា ដោយដាច់ស្រឡះ។

[១៦២] សម័យនោះឯង ភិក្ខុទាំងឡាយមានប្រមាណច្រើនរូប នាំគ្នាធ្វើចីវរកម្ម ថ្វាយ​ព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរសម្រេចហើយ កន្លង៣ខែទៅ ព្រះអង្គ បម្រុងនឹងស្តេចចេញ ទៅកាន់ចារិក។ គ្រានោះឯង ព្រះភទ្ទាលិមាន​អាយុ បាន​ចូលទៅរក​ពួកភិក្ខុទាំងនោះ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល មួយ​អន្លើ​ ដោយពួកភិក្ខុទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីក​រាយ នឹងពាក្យ​ដែលគួររលឹកហើយ ទើបអង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទាលិមាន​អាយុ អង្គុយក្នុងទី​សមគួរហើយ ភិក្ខុទាំងឡាយនោះ ក៏នាំគ្នានិយាយ យ៉ាងនេះថា ម្នាលអាវុសោ ភទ្ទាលិ ចីវរកម្មនេះឯង ដែលយើងទាំងឡាយ ធ្វើថ្វាយ​ព្រះមានព្រះភាគ លុះព្រះមានព្រះភាគ មានចីវរកម្មសម្រេចហើយ កន្លង៣ខែទៅ ទ្រង់​នឹងស្តេច​ចេញ​ទៅកាន់ចារិក។ ម្នាលភទ្ទាលិ​មានអាយុ យើងសូមដាស់តឿន ចូរ​លោក យកចិត្តទុកដាក់​នឹងកំហុស (ចំពោះ​សិក្ខាបទ ដែលព្រះសាស្តា ទ្រង់បញ្ញត្ត) នុ៎ះ ឲ្យប្រពៃចុះ អ្នកកុំធ្វើឲ្យ​លំបាក ក្នុងកាលជាខាងក្រោយឡើយ។ ព្រះភទ្ទាលិមាន​អាយុ ក៏ទទួលពាក្យពួក​ភិក្ខុ​ទាំងនោះថា ករុណា អាវុសោ ដូច្នេះហើយ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ រួចទើបអង្គុយក្នុងទីសមគួរ។ លុះ​ព្រះភទ្ទាលិមាន​អាយុ អង្គុយក្នុងទីសមគួរហើយ ទើបក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ទោសគ្របសង្កត់ខ្ញុំព្រះអង្គ ដែលជាមនុស្ស​ពាល ជាមនុស្សល្ងង់ ជាមនុស្ស​មិនឈ្លាស ព្រោះកាល​ព្រះមានព្រះភាគ កំពុងបញ្ញត្ត​សិក្ខាបទ កំពុងឲ្យ​ភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ ក៏បានក្រាបទូល នូវ​សេចក្តី​មិនអាចធ្វើតាម​បាន បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោសចំពោះកំហុស តាមទោស​របស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។

[១៦៣] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់អ្នក ដែលជាមនុស្ស​ពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ពិតមែនហើយ ព្រោះកាលដែលតថាគត​ កំពុងបញ្ញត្ត​សិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃ សមាទានសិក្ខា អ្នកបានប្រាប់ នូវសេចក្តី​មិន​អាច​ធ្វើ​តាម​បាន។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ព្រះមានព្រះភាគ គង់នៅ​ក្នុងក្រុង​សាវត្ថី តែព្រះមានព្រះភាគ គង់ដឹងអាត្មាអញថា ភិក្ខុឈ្មោះភទ្ទាលិ មិនបានបំពេញ​សិក្ខា​ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង ជាហេតុ​ដែលអ្នក​មិន​បានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកភិក្ខុច្រើនរូប នៅចាំវស្សា ​ក្នុងក្រុង​សាវត្ថី សូម្បីភិក្ខុទាំងនោះ គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញ​សិក្ខា​ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯងជាហេតុ​ដែលអ្នក​មិន​បានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកភិក្ខុនីមានប្រមាណច្រើនរូប នៅចាំ​វស្សាក្នុងក្រុងសាវត្ថី សូម្បី​ភិក្ខុនីទាំងនោះ គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញ​សិក្ខា ​ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ ម្នាលភទ្ទាលិ នេះឯង ជាហេតុ ​ដែលអ្នក​មិន​បានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបានដឹងហេតុថា ពួកឧបាសក មានប្រមាណច្រើននាក់ ដែលនៅអាស្រ័យ​ ក្នុងក្រុង​សាវត្ថី សូម្បី​ពួក​ឧបាសក​ទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញ​សិក្ខា ​ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ​ដែលអ្នក​មិន​បានដឹង។ ម្នាលភទ្ទាលិ អ្នកមិនបាន​ដឹង​ហេតុថា ពួកឧបាសិកាច្រើនគ្នា ដែលអាស្រ័យ​នៅ ក្នុងក្រុង​សាវត្ថី សូម្បី​ពួក​ឧបាសិកា​ទាំងនោះ ក៏គង់ដឹងអាត្មាអញថា ភទ្ទាលិភិក្ខុ មិនបានបំពេញ​សិក្ខា​ ក្នុងសាសនា របស់​ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ​ ដែលអ្នក​មិន​បានដឹង។ ម្នាលភទ្ទាលិ អ្នកមិន​បាន​ដឹងហេតុថា ពួកសមណព្រាហ្មណ៍ ជាតិរ្ថិយផ្សេងៗ មានប្រមាណច្រើនរូប ដែល​នៅ​ចាំវស្សា ​ក្នុងក្រុង​សាវត្ថី សូម្បី​ពួកអ្នក​ទាំងនោះ ក៏គង់​ដឹង​អាត្មាអញថា ភទ្ទាលិភិក្ខុ ជា​សាវ័ក របស់ព្រះសមណគោតម ជាព្រះថេរមួយអង្គ ​មិន​បាន​បំពេញ​​សិក្ខា​ ក្នុងសាសនា របស់ព្រះសាស្តា ដូច្នេះឡើយ នេះឯងជាហេតុ ​ដែលអ្នក​មិន​បានដឹង។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់​នូវខ្ញុំ​ព្រះអង្គ ដែលជា​មនុស្សពាល ជាមនុស្សល្ងង់ ជាមនុស្ស​មិនឈ្លាស ព្រោះ​កាលដែល​ព្រះមានព្រះភាគ កំពុងបញ្ញត្តសិក្ខាបទ កំពុង​ឲ្យ​ភិក្ខុសង្ឃ សមាទានសិក្ខា ខ្ញុំព្រះអង្គ បានក្រាប​ទូលនូវ​សេចក្តី​មិនអាចធ្វើតាមបាន។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់ទោស ចំពោះ​កំហុសតាមទោស របស់ខ្ញុំព្រះអង្គនោះ ដើម្បី​សង្រួមតទៅ។

[១៦៤] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់​អ្នក ដែលជា​មនុស្ស​ពាល ជាមនុស្សល្ងង់ ជាមនុស្ស​មិនឈ្លាស ពិតមែនហើយ ព្រោះ​កាលដែល​តថាគត កំពុងបញ្ញត្តសិក្ខាបទ កំពុង​ឲ្យ​ភិក្ខុសង្ឃសមាទានសិក្ខា អ្នកក៏បានប្រាប់ នូវសេចក្តី​មិនអាចនឹងធ្វើតាមបាន។ ម្នាលភទ្ទាលិ អ្នកសំគាល់ហេតុនោះថា ដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាឧភតោភាគវិមុត្ត តថាគតនិយាយ នឹងភិក្ខុនោះ យ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពានរបស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះ គប្បីទៅ​ខ្លួនឯង ឬប្រើ​អ្នកដទៃ ឲ្យ​ច្រានកាយរបស់ខ្លួន ឬគប្បីពោលប្រកែកថាទេ។ ព្រះភទ្ទាលិក្រាបបង្គំ​ទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនគួរទេ។ ព្រះអង្គ ត្រាស់សួរថា ម្នាលភទ្ទាលិ អ្នកសំគាល់​ហេតុនោះថាដូចម្តេច ភិក្ខុក្នុងសាសនានេះ ជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គល56) តថាគត និយាយនឹងបុគ្គល​នោះយ៉ាងនេះថា ម្នាលភិក្ខុ អ្នកចូរមកចុះ ស្ពាន​របស់តថាគត មានក្នុងភក់ដូច្នេះ តើភិក្ខុនោះគប្បី​ដើរទៅខ្លួនឯង ឬប្រើអ្នកដទៃ ឲ្យ​ច្រានកាយរបស់ខ្លួន ឬគប្បីពោល​ប្រកែកថាទេ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះមិនគួរទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ អ្នកសំគាល់​ហេតុនោះដូចម្តេច ម្នាលភទ្ទាលិ ក្នុងសម័យនោះ អ្នកបាន​ជាឧភតោភាគវិមុត្តបុគ្គល ឬបានជាបញ្ញាវិមុត្តបុគ្គល ជាកាយសក្ខីបុគ្គល ជាទិដ្ឋិប្បត្តបុគ្គល ជាសទ្ធាវិមុត្តបុគ្គល ជាធម្មានុសារីបុគ្គល ជាសទ្ធានុសារីបុគ្គលដែរឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ មិនមានទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ចុះមានតែក្នុងសម័យនោះ អ្នកជាបុគ្គលសោះសូន្យ ជាមនុស្ស​ទទេ មានកំហុសទេឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន យ៉ាង​នោះមែន​ហើយ បពិត្រព្រះអង្គដ៏ចំរើន ទោសគ្របសង្កត់​នូវខ្ញុំព្រះអង្គ ដែល​ជាមនុស្ស​ពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាស ព្រោះកាលដែលព្រះមានព្រះភាគ កំពុង​បញ្ញត្ត​សិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា ខ្ញុំព្រះអង្គក៏​ក្រាបទូល នូវ​សេចក្តី​មិនអាច​នឹងធ្វើតាមបាន បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ទ្រង់​អត់ទោសចំពោះ​កំហុស តាមកំហុសរបស់ខ្ញុំព្រះអង្គនោះ ដើម្បី​នឹងសង្រួមតទៅទៀត។

[១៦៥] ព្រះអង្គ ទ្រង់ត្រាស់ថា អើភទ្ទាលិ ទោសគ្របសង្កត់​នូវអ្នកដែល​ជាមនុស្ស​ពាល ជាមនុស្សល្ងង់ ជាមនុស្សមិនឈ្លាសពិតមែនហើយ ព្រោះកាលដែល​តថាគត កំពុង​បញ្ញត្ត​សិក្ខាបទ កំពុងឲ្យភិក្ខុសង្ឃសមាទានសិក្ខា អ្នកបានប្រាប់នូវ​សេចក្តី​មិនអាច​នឹង​ធ្វើ​តាម​បាន ម្នាលភទ្ទាលិ កាលណាអ្នកបានឃើញទោសតាមទោសហើយ ត្រឡប់មកធ្វើ តាមធម៌ គឺសូមខមាទោស តថាគត នឹងអត់ទោសចំពោះ​កំហុសនោះ ដល់អ្នក ម្នាលភទ្ទាលិ ព្រោះថា បុគ្គលដែលបានឃើញទោសតាមទោស ហើយត្រឡប់​មកធ្វើ​តាម​ធម៌ គឺសូមខមាទោសវិញ ទើបដល់​នូវការសង្រួមតទៅ នេះឯងជាសេចក្តីចំរើន ក្នុងវិន័យ​របស់ព្រះអរិយៈ។

[១៦៦] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះ ក្នុងសាសនានេះ មិនបានបំពេញសិក្ខាក្នុង​សាសនា របស់ព្រះសាស្តាទេ ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរ​តែ​អាត្មាអញ គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង (កាល​បើនៅក្នុងទីដូច្នេះ) មុខជាអាត្មាអញ នឹងធ្វើ​ឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់​បង់នូវ​កិលេស ដ៏ក្រៃលែងជាង​មនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង កាល​បើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏តិះដៀលពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏​តិះដៀល ទេវតាទាំងឡាយក៏តិះដៀល ទាំងខ្លួនឯង ក៏តិះដៀលខ្លួនឯង បុគ្គលនោះ កាលបើព្រះសាស្តាតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏​តិះដៀល ពួកទេវតា ក៏តិះដៀលហើយ ទាំងខ្លួនឯង ក៏តិះដៀលខ្លួនឯងហើយ នឹងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់​បង់នូវ​កិលេស ដ៏ក្រៃលែងជាង​មនុស្សធម៌ មិនបានឡើយ ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ មិនបានបំពេញសិក្ខាក្នុងសាសនា របស់​ព្រះសាស្តានុ៎ះឯង ដោយពិត។

[១៦៧] ម្នាលភទ្ទាលិ មួយទៀត ភិក្ខុពួកខ្លះ ក្នុងសាសនានេះ បានបំពេញ​សិក្ខា​ក្នុងសាសនា របស់ព្រះសាស្តា ភិក្ខុនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បើដូច្នោះ គួរ​អាត្មាអញ គប់រកនូវសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរ ចំបើង គួរតែអាត្មាអញ ធ្វើ​ឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈ​ដ៏ប្រសើរ អាចកំចាត់​បង់នូវ​កិលេស ដ៏ក្រៃលែងជាង​មនុស្សធម៌។ ភិក្ខុនោះ ក៏គប់រកសេនាសនៈស្ងាត់ គឺព្រៃ ម្លប់ឈើ ភ្នំ ជ្រោះភ្នំ គុហាក្នុងភ្នំ ព្រៃស្មសាន ព្រៃធំ ទីវាល គំនរចំបើង កាល​បើភិក្ខុនោះ ចេញទៅនៅដូច្នោះហើយ ព្រះសាស្តា ក៏មិនតិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏​មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯង បុគ្គលនោះ កាលបើ​ព្រះសាស្តា ​មិន​តិះដៀល ពួកសព្រហ្មចារីបុគ្គល ជាអ្នកចេះដឹង បានគយគន់ហើយ ក៏​មិនតិះដៀល ពួកទេវតា ក៏មិនតិះដៀល ទាំងខ្លួនឯង ក៏មិនតិះដៀលខ្លួនឯងហើយ រមែងធ្វើឲ្យជាក់ច្បាស់ នូវគុណវិសេស គឺញាណទស្សនៈដ៏ប្រសើរ អាចកំចាត់​បង់នូវ​កិលេស ដ៏ក្រៃលែងជាង​មនុស្សធម៌បាន។ ភិក្ខុនោះ រមែងស្ងប់ស្ងាត់ ចាកកាម ស្ងប់ស្ងាត់​ចាកអកុសលធម៌ ចូលកាន់បឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីវិវេក ដំណើរនុ៎ះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ បាន​បំពេញសិក្ខាក្នុងសាសនា របស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះបានរម្ងាប់នូវ​វិតក្កៈ និងវិចារៈ ក៏ចូលកាន់ទុតិយជ្ឈាន ជាទីផូរផង់ក្នុងសន្តាន មាន​ភាពនៃចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែល​កើត​អំពី​សមាធិប៉ុណ្ណោះ ដំណើរនោះ តើព្រោះហេតុអ្វី​ ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នក​បំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន ដំណើរ​នោះ តើព្រោះហេតុអ្វី ព្រោះហេតុតែភិក្ខុនោះ ជាអ្នក​បំពេញនូវសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ ម្នាលភទ្ទាលិ មួយទៀត ភិក្ខុព្រោះលះបង់​សេចក្តីសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន ដំណើរ​នោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នក​បំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។

[១៦៨] កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាម​អារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្តទៅរក​បុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ រមែងរលឹកឃើញនូវជាតិ ដែលធ្លាប់អាស្រ័យ​ ក្នុងភព​មុនជាច្រើនជាតិ គឺរលឹក​ឃើញមួយជាតិ។បេ។ រលឹកឃើញនូវជាតិ ដែលធ្លាប់​អាស្រ័យនៅ ក្នុងភព​មុនបានច្រើនជាតិ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការ​ដូច្នេះ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញ​សិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាព​ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោន​ចិត្តទៅរក​ចុតូបបាតញ្ញាណ របស់សត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុ​ដូច​ជាទិព្វ ដ៏បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សធម្មតា បានឃើញសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់នូវសត្វទាំងឡាយ ដែល​អន្ទោល​ទៅតាមកម្មរបស់ខ្លួនថា ឱហ្ន៎ សត្វទាំងឡាយ​នេះ ប្រកបដោយកាយទុច្ចរិត។បេ។ ហើយកើតក្នុងកំណើតអសុរកាយ នរក។បេ។ ចំណែកខាងសត្វទាំងឡាយនេះ ប្រកប​ដោយ​កាយសុចរិត។បេ។ ទៅកើតក្នុងសុគតិ សួគ៌ ទេវលោក។ ភិក្ខុដែលមានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា។បេ។ រមែងដឹងច្បាស់នូវសត្វទាំង​ឡាយ ដែលអន្ទោលទៅតាមកម្មរបស់ខ្លួន ដូច្នេះឯង ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នកបំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលបើចិត្តខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ ឥតមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង មិនបានញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែង​បង្អោន​ចិត្តទៅរក​អាសវក្ខយញ្ញាណ។ ភិក្ខុនោះ រមែងដឹងច្បាស់តាមសេចក្តីពិតថា នេះទុក្ខ ។បេ។ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរ​ដើម្បីរំលត់​នូវទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ​នាំឲ្យកើតអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាសេចក្តី​រលត់នៃអាសវៈ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរដើម្បីរលត់នៃអាសវៈ។ កាលភិក្ខុនោះ ដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏រួចស្រឡះចាកកាមាសវៈ​ផង ចិត្តក៏រួចចាកទិដ្ឋាសវៈផង ចិត្តក៏រួចចាកភវាសវៈផង ចិត្តក៏រួចស្រឡះចាកអវិជ្ជាសវៈផង កាលបើចិត្តរួចស្រឡះ ប្រាជ្ញាក៏កើតមានឡើងថា (ចិត្តរបស់អាត្មាអញ) រួចស្រឡះហើយ ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ដើម្បីសោឡសកិច្ចនេះ មិនមាន​ឡើយ ដំណើរនោះ តើព្រោះហេតុអ្វី ម្នាលភទ្ទាលិ ព្រោះហេតុតែភិក្ខុនោះ ជាអ្នក​បំពេញសិក្ខា ក្នុងសាសនារបស់ព្រះសាស្តា យ៉ាងនោះឯង។ កាលព្រះមានព្រះភាគ ទ្រង់​ត្រាស់យ៉ាងនេះហើយ ព្រះភទ្ទាលិមានអាយុ ក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីជាបច្ច័យ ដែលនាំឲ្យ​ពួកភិក្ខុ ធ្វើការសង្កត់​សង្កិននូវភិក្ខុពួកខ្លះ ក្នុងសាសនានេះ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វីជា​បច្ច័យ ដែលនាំឲ្យ​ពួកភិក្ខុមិនធ្វើការសង្កត់សង្កិន នូវភិក្ខុពួកខ្លះ ក្នុងសាសនានេះ។

[១៦៩] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នក​ត្រូវ​អាបត្តិរឿយៗ ជាអ្នក​ច្រើន​ដោយអាបត្តិ កាលពួកភិក្ខុស្តីប្រដៅ ភិក្ខុនោះ ក៏ពោល​បន្លែបន្លប់​ពាក្យដទៃ ដោយពាក្យដទៃ តែងបោះពាក្យទៅខាងក្រៅ ធ្វើនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត សេចក្តី​អាក់អន់ចិត្តឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លប​រោម មិនប្រព្រឹត្តវត្តគួរ​ដល់កិរិយារលាស់ខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តី​ពេញចិត្ត ដោយហេតុណា មិនបាន​ប្រាប់ហេតុនោះថា ខ្ញុំធ្វើដូច្នេះឡើយ។ ម្នាលភទ្ទាលិ ពួកភិក្ខុ​មាន​សេចក្តីត្រិះរិះក្នុងហេតុដែលប្រដៅក្រនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះត្រូវអាបត្តិរឿយៗ ច្រើនដោយអាបត្តិ ភិក្ខុនោះ កាលពួកភិក្ខុផងគ្នាស្តីប្រដៅ ភិក្ខុ​នោះ ក៏ពោលបន្លែបន្លប់ពាក្យដទៃ​ដោយពាក្យដទៃ តែងបោះពាក្យទៅខាងក្រៅ ធ្វើ​នូវ​សេចក្តីក្រោធ សេចក្តីប្រទូស្ត នឹងសេចក្តីអាក់អន់ចិត្ត មិនប្រព្រឹត្តវត្តដោយប្រពៃ មិនសម្លប​រោម មិនប្រព្រឹត្តវត្តគួរ​ដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តី​ពេញ​ចិត្ត ដោយហេតុណា មិនប្រាប់ហេតុនោះថា ខ្ញុំធ្វើ​ដូច្នេះឡើយ បពិត្រលោក​មានអាយុ​ទាំងឡាយ សូមលោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ ដោយឆាប់​រហ័ស តាមទំនងដែល​មិនបាន​រម្ងាប់ដោយឆាប់រហ័សនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណាអធិករណ៍ របស់ភិក្ខុនោះតាមទំនង ដែលមិនរម្ងាប់​ដោយឆាប់រហ័សយ៉ាង​នេះឯង។ ម្នាលភទ្ទាលិ ចំណែក​ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុ​នោះ ក៏មិនពោលបន្លែបន្លប់​ពាក្យដទៃ​ដោយពាក្យដទៃ មិនបោះពាក្យទៅខាងក្រៅ មិនបានធ្វើ​នូវ​សេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ រមែងប្រព្រឹត្តវត្តដោយប្រពៃ សម្លប​រោម ប្រព្រឹត្តវត្តគួរ​ដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃគាប់ចិត្ត ដោយហេតុ​ណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុង​ហេតុដែល​ប្រដៅងាយនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិរឿយៗ ជាអ្នកច្រើនទៅដោយអាបត្តិ កាលភិក្ខុទាំងឡាយ ស្តីប្រដៅ ភិក្ខុ​នោះ ក៏មិនបាន​ពោល​បន្លែបន្លប់ពាក្យដទៃ ​ដោយពាក្យដទៃ មិនបានបោះពាក្យទៅខាងក្រៅ ទាំង​មិនធ្វើ​សេចក្តី​ក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើយ តែងប្រព្រឹត្តវត្ត ដោយ​ប្រពៃ សម្លប​រោម ប្រព្រឹត្តវត្តគួរ​ដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តី​ពេញ​ចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកដ៏​មានអាយុ​ទាំងឡាយ សូម​លោកទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែល​បានរម្ងាប់​ដោយឆាប់​រហ័ស យ៉ាងនេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុ ក៏ពិចារណានូវអធិករណ៍ របស់​ភិក្ខុ​នោះ តាមទំនង ដែលបានរម្ងាប់​ដោយឆាប់រហ័សយ៉ាង​នេះឯង។

[១៧០] ម្នាលភទ្ទាលិ ភិក្ខុពួកខ្លះក្នុងសាសនានេះ ជាអ្នកត្រូវអាបត្តិកាលម្តងៗ ជាអ្នក​មិនច្រើនដោយអាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោល​បន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ បោះពាក្យទៅខាងក្រៅ ធ្វើ​សេចក្តី​ក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយ​ប្រពៃ មិនសម្លប​រោម មិនប្រព្រឹត្តវត្តគួរ​ដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តី​ពេញ​ចិត្ត ដោយហេតុណា មិនបានប្រាប់ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែល​ប្រដៅក្រនោះថា ម្នាលអាវុសោទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ ជាអ្នក​មិន​ច្រើន​ដោយ​អាបត្តិ កាលភិក្ខុទាំងឡាយស្តីប្រដៅ ភិក្ខុនោះ រមែងពោល​បន្លែបន្លប់ពាក្យដទៃ ដោយ​ពាក្យ​ដទៃ បោះពាក្យទៅខាងក្រៅ ធ្វើ​សេចក្តី​ក្រោធ សេចក្តីប្រទូស្ត និងសេចក្តី​អាក់អន់​ចិត្ត ឲ្យប្រាកដឡើង មិនប្រព្រឹត្តវត្ត ដោយ​ប្រពៃ មិនសម្លប​រោម មិនប្រព្រឹត្តវត្តគួរ​ដល់​កិរិយា​រើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តី​ពេញ​ចិត្ត ដោយហេតុណា មិនបាន​ប្រាប់​ហេតុនោះថា ខ្ញុំធ្វើ ដូច្នេះឡើយ បពិត្រ​លោកទាំងឡាយមានអាយុ សូមលោក​ទាំងឡាយ ពិចារណាមើលអធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលមិនរម្ងាប់ ដោយឆាប់រហ័ស​នេះចុះ។ ម្នាលភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍របស់ភិក្ខុនោះ តាមទំនងដែល​មិនរម្ងាប់ដោយឆាប់រហ័ស យ៉ាងនេះឯង។ ម្នាលភទ្ទាលិ ចំណែកខាងភិក្ខុពួកមួយ ក្នុង​សាសនានេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ ​មិនច្រើនដោយអាបត្តិ កាលភិក្ខុ​ទាំងឡាយ​ស្តី​ប្រដៅ ភិក្ខុនោះ មិនបានពោល​បន្លែបន្លប់ពាក្យដទៃ ដោយពាក្យដទៃ មិនបោះពាក្យ​ទៅខាងក្រៅ មិនបានធ្វើ​សេចក្តី​ក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យ​ប្រាកដ​ឡើយ ប្រព្រឹត្តវត្ត ដោយ​ប្រពៃ សម្លប​រោម ប្រព្រឹត្តវត្តគួរ​ដល់កិរិយារើខ្លួនចេញចាកអាបត្តិ សង្ឃមានសេចក្តី​ពេញ​ចិត្ត ដោយហេតុណា បានប្រាប់ហេតុនោះថា ខ្ញុំធ្វើ។ ម្នាលភទ្ទាលិ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះ ក្នុងហេតុដែល​ប្រដៅងាយនោះ យ៉ាងនេះថា ម្នាលអាវុសោ​ទាំងឡាយ ភិក្ខុនេះ ជាអ្នកត្រូវអាបត្តិក្នុងកាលម្តងៗ ​មិនច្រើនដោយអាបត្តិ កាលភិក្ខុ​ទាំងឡាយ​ស្តី​ប្រដៅ ភិក្ខុនោះ មិនបានពោល​បន្លែបន្លប់ពាក្យដទៃ ដោយពាក្យ​ដទៃ មិនបោះពាក្យ​ទៅខាងក្រៅ មិនបានធ្វើ​សេចក្តី​ក្រោធ សេចក្តីប្រទូស្ត និងសេចក្តី​អាក់អន់​ចិត្ត ឲ្យ​ប្រាកដ​ឡើយ ប្រព្រឹត្តវត្ត ដោយ​ប្រពៃ សម្លប​រោម ប្រព្រឹត្តវត្តគួរ​ដល់​កិរិយារើខ្លួនចេញចាកអាបត្តិបាន សង្ឃមានសេចក្តី​ពេញ​ចិត្ត ដោយហេតុណា ក៏ប្រាប់ហេតុនោះថា ខ្ញុំធ្វើ បពិត្រលោកមានអាយុទាំងឡាយ សូមលោកពិចារណា​អធិករណ៍ របស់ភិក្ខុនេះ តាមទំនងដែលគប្បីរម្ងាប់ ដោយឆាប់រហ័សនេះចុះ។ ម្នាល​ភទ្ទាលិ ពួកភិក្ខុពិចារណាអធិករណ៍ របស់ភិក្ខុនោះ តាមទំនងដែលបានរម្ងាប់ ដោយឆាប់រហ័ស យ៉ាងនេះឯង។

[១៧១] ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្ត​ដោយសទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍)។ ម្នាលភទ្ទាលិ ភិក្ខុ​ទាំងឡាយ តែងមានសេចក្តី​ត្រិះរិះ ចំពោះហេតុនោះ យ៉ាងនេះថា ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយសេចក្តី​ស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយ ធ្វើនូវការសង្កត់សង្កិន​ភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់ស្តួចស្តើងនោះឡើយ។ ម្នាលភទ្ទាលិ បុរស​មានចក្ខុតែមួយ ពួកមិត្តអាមាត្យ ញាតិសាលោហិត គប្បីជួយថែរក្សាចក្ខុ​ម្ខាង របស់​បុរសនោះ ដោយគតិថា ចក្ខុណាដែលមាននៅ សូមកុំឲ្យបុរសនោះសាបសូន្យចាក​ចក្ខុ​ម្ខាងនោះឡើយ យ៉ាងណាមិញ ម្នាលភទ្ទាលិ ភិក្ខុពួកមួយ ក្នុងសាសនានេះ ប្រព្រឹត្ត​ដោយ​សទ្ធាស្តួចស្តើង ដោយសេចក្តីស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) យ៉ាងនោះឯង។ ម្នាលភទ្ទាលិ ភិក្ខុ​ទាំងឡាយ តែងមានសេចក្តី​ត្រិះរិះ ចំពោះហេតុ​យ៉ាងនេះថា ម្នាលអាវុសោ​ទាំង​ឡាយ ភិក្ខុនេះ ប្រព្រឹត្តដោយសទ្ធាស្តួចស្តើង ដោយ​សេចក្តី​​ស្រឡាញ់ស្តួចស្តើង (ចំពោះអាចារ្យ និងឧបជ្ឈាយ៍) ប្រសិនបើយើងទាំងឡាយ​នាំគ្នាធ្វើការសង្កត់សង្កិន​ភិក្ខុនេះ សទ្ធាស្តួចស្តើង និងសេចក្តីស្រឡាញ់ស្តួចស្តើងណា ដែលមាននៅ ភិក្ខុនេះ នឹងមិនសាបសូន្យ ចាកសទ្ធា និងសេចក្តីស្រឡាញ់​ស្តួច​ស្តើង​ (ចំពោះ​អាចារ្យ និងឧបជ្ឈាយ៍) នោះឡើយ យ៉ាងនោះឯង។ ម្នាលភទ្ទាលិ នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យភិក្ខុទាំងឡាយ ធ្វើការសង្កត់សង្កិនភិក្ខុពួកមួយ ក្នុងសាសនា​នេះ ម្នាលភទ្ទាលិ មួយទៀត នេះជាហេតុ នេះជាបច្ច័យ ដែលនាំឲ្យពួកភិក្ខុ មិនធ្វើការសង្កត់​សង្កិនភិក្ខុពួកមួយក្នុងសាសនានេះ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អ្វីហ្ន៎ ជាហេតុ អ្វីហ្ន៎ជាបច្ច័យ បានជាក្នុងកាលពីដើម មានសិក្ខាបទតិចល្មម តែពួកភិក្ខុ​ច្រើនរូប បានតាំងនៅក្នុងព្រះអរហត្ត បពិត្រព្រះអង្គដ៏ចំរើន មួយទៀត អ្វីជាហេតុ អ្វី​ជាបច្ច័យ បានជាក្នុងកាលឥឡូវនេះ មានសិក្ខាបទច្រើនណាស់ តែពួក​ភិក្ខុតិចពេក ដែល​បានតាំងនៅក្នុងព្រះអរហត្ត។

[១៧២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលភទ្ទាលិ ដំណើរនោះ យ៉ាង​នេះឯង គឺកាលបើសត្វទាំងឡាយសាបសូន្យ កាលបើព្រះសទ្ធម្មអន្តរធាន សិក្ខាបទទាំងឡាយ រមែង​មានច្រើន ឯពួកភិក្ខុដែលបានឋិតនៅក្នុងព្រះអរហត្តមានតិច។ ម្នាលភទ្ទាលិ ធម៌​ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ មិនទាន់កើតប្រាកដ ចំពោះសង្ឃ ក្នុង​សាសនា​នេះត្រឹមណា ព្រះសាស្តាក៏មិនទាន់បញ្ញត្តសិក្ខាបទ ដល់សាវ័កទាំងឡាយត្រឹមណោះ។ ម្នាលភទ្ទាលិ លុះតែធម៌​ទាំងឡាយខ្លះ ដែលជាទីតាំងនៃអាសវៈ កើតប្រាកដ ចំពោះសង្ឃ ក្នុង​សាសនា​នេះ ក្នុងកាលណា ទើបព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួក​សាវ័ក ក្នុងកាលនោះ ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះ ប៉ុណ្ណោះ។ ម្នាលភទ្ទាលិ សង្ឃមិនទាន់មានច្រើនត្រឹមណា ធម៌​ទាំងឡាយ ដែលជាទីតាំង​នៃ​អាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃមានច្រើន ក្នុងកាលណា ធម៌​ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះសង្ឃ ក្នុង​កាលណោះ ព្រះសាស្តា ទ្រង់បញ្ញត្តសិក្ខាបទ ដល់ពួក​សាវ័ក ដើម្បីការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងឡើង នៃអាសវៈនោះឯង។ ម្នាលភទ្ទាលិ សង្ឃមិនទាន់ដល់នូវលោកដ៏ប្រសើរ… មិនទាន់ដល់នូវយសដ៏ប្រសើរ… មិនទាន់​ដល់នូវភាព​ជាពហុស្សូត… មិនទាន់ដល់នូវភាពជាអ្នកស្គាល់នូវរាត្រី (ច្រើន) ត្រឹមណា ធម៌​ទាំងឡាយខ្លះ ដែលជាទីតាំង​ឡើង នៃ​អាសវៈ ក៏មិនទាន់មានប្រាកដ ចំពោះសង្ឃ ក្នុង​សាសនានេះ ត្រឹមណោះដែរ។ ម្នាលភទ្ទាលិ លុះតែសង្ឃ ដល់នូវ​ភាពជាអ្នកស្គាល់​រាត្រី (ច្រើន) ក្នុងកាលណា ធម៌​ទាំងឡាយខ្លះ ដែលជាទីតាំងឡើង នៃអាសវៈ ក៏មានប្រាកដ ចំពោះ​សង្ឃ ក្នុង​សាសនា​នេះ ក្នុងកាលនោះ ទើបព្រះសាស្តា បញ្ញត្តសិក្ខាបទ ដល់ពួក​សាវ័ក ដើម្បីនឹងការពារ នូវធម៌ទាំងឡាយ ដែលជាទីតាំងនៃអាសវៈនោះឯង។

[១៧៣] ព្រះអង្គត្រាស់ថា ម្នាលភទ្ទាលិ តថាគតបានសំដែង​ធម្មបរិយាយ ប្រៀប​ដោយសំទុះ នៃសេះអាជានេយ្យស្ទាវ ដល់អ្នក ក្នុងកាលណា អ្នកទាំងឡាយមាន​ប្រមាណ​តិច បាននាំគ្នាពោល ក្នុងសម័យនោះ ម្នាលភទ្ទាលិ អ្នករលឹកឃើញ​ហេតុនោះ​ដែរឬ។ ព្រះភទ្ទាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនឃើញទេ។ ម្នាលភទ្ទាលិ អ្នកជឿ​នូវហេតុ ក្នុងការរលឹកមិនឃើញដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ ជាអ្នក​មិនបាន​បំពេញសិក្ខា ក្នុងសាសនា របស់ព្រះសាស្តា អស់កាលយូរពិតមែន។ ម្នាលភទ្ទាលិ នុ៎ះមិនមែនជាហេតុ មិនមែនជាបច្ច័យទេ ម្នាលភទ្ទាលិ ចំណែក​ខាងអ្នក តថាគត បាន​កំណត់ដឹងចិត្ត ដោយចិត្ត (របស់តថាគត) អស់កាលយូរមកហើយថា មោឃបុរសនេះ កាល​ដែលតថាគត សំដែងធម៌ ក៏មិនធ្វើឲ្យជាប្រយោជន៍ យកចិត្ត​ទុក​ដាក់ ពិចារណា​ ដោយចិត្តសព្វគ្រប់ ផ្អៀងត្រចៀកស្តាប់ធម៌ឡើយ ម្នាលភទ្ទាលិ ចំណែកខាងតថាគត នឹង​សំដែងនូវធម្មបរិយាយ ដែលប្រៀបដោយសំទុះ នៃសេះ​អាជានេយ្យស្ទាវ ដល់អ្នក ចូរ​អ្នកយក​ចិត្តទុកដាក់ ស្តាប់ធម្មបរិយាយនោះ ដោយគោរព​ចុះ តថាគតនឹងសំដែង។ ភទ្ទាលិមានអាយុ ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[១៧៤] ព្រះមានព្រះភាគ បានត្រាស់សេចក្តីនុ៎ះថា ម្នាលភទ្ទាលិ បុរសអ្នកបង្ហាត់​សេះ ដែលឈ្លាសវៃ បានសេះអាជានេយ្យល្អមកហើយ រមែងធ្វើនូវការបង្ហាត់ ដោយ​បង្ហៀរជាដម្បូង។ សេះនោះ កាលបើសារថី ធ្វើនូវការបង្ហាត់ ចំពោះបង្ហៀរហើយ ពុតត្បុត​ កិកកុក កៀចបន្តិចបន្តួច គង់មាននៅមិនខាន ដូចជាសេះ ដែលគេ​មិនបានធ្វើនូវ​ការ​បង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បានបង្ហាត់ដោយលំដាប់ ក៏បាន​រាបទាប ក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ ដែលគេបានបង្ហាត់រឿយៗ បាន​បង្ហាត់​ដោយលំដាប់ ក៏បាន​រាបទាប ក្នុងទីនោះ អ្នកបង្ហាត់សេះ រមែងធ្វើនូវការ​បង្ហាត់​សេះនោះ តទៅទៀត ដោយការដាក់នឹម។ សេះនោះ កាលដែលសារថី ធ្វើនូវការបង្ហាត់​ដាក់​នឹមហើយ ពុតត្បុត កិកកុក កៀចបន្តិចបន្តួច គង់នៅមានមិនខាន ដូចជាសេះ ដែលគេមិនបាន​ធ្វើនូវការបង្ហាត់។ សេះនោះ លុះគេបានបង្ហាត់រឿយៗ បាន​បង្ហាត់ដោយ​លំដាប់ ក៏រាបទាបក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះអាជានេយ្យល្អ គេបាន​បង្ហាត់​រឿយៗ បានបង្ហាត់ដោយលំដាប់ រមែងបានរាបទាប ក្នុងទីនោះ ទើប​អ្នកបង្ហាត់សេះ ធ្វើ​នូវការបង្ហាត់សេះនោះ តទៅទៀត ក្នុងទីដែល​លើក ឬដាក់ (នូវជើង) ក្នុងមណ្ឌល ក្នុងទី​ដែលកកាយផែនដី ដោយចុងក្រចក ក្នុងសំទុះដ៏រហ័ស ក្នុងកាល​ដែល​ត្រូវការកញ្រ្ជៀវ ក្នុងព្រះរាជគុណ57) ក្នុងព្រះរាជវង្ស ក្នុងសំទុះ​ដ៏ប្រសើរ ក្នុងភាវៈ នៃសេះដ៏ប្រសើរ ក្នុងកាលដែល​មានវាចាដ៏​ពីរោះ។ សេះនោះ កាលបើ​សារថីធ្វើនូវការបង្ហាត់ ក្នុងសំទុះដ៏ប្រសើរ ក្នុងភាវៈនៃសេះដ៏​ប្រសើរ ក្នុងកាលដែល​មាន​វាចា​ពីរោះហើយ ពុតត្បុតកិកកុក កៀចបន្តិចបន្តួច គង់​នៅមាន​មិនខាន ដូចសេះដែលគេ​មិនបានធ្វើនូវការបង្ហាត់ដែរ។ សេះនោះ លុះតែ​គេបាន​បង្ហាត់រឿយៗ បង្ហាត់ដោយលំដាប់ ក៏រាបទាបក្នុងទីនោះ។ ម្នាលភទ្ទាលិ កាលណាសេះ​អាជានេយ្យដ៏ល្អ ដែលសារថី​បង្ហាត់​រឿយៗ បង្ហាត់ដោយលំដាប់ ក៏​រាបទាប ក្នុងទីនោះ​ហើយ ទើបសារថីជា​អ្នកបង្ហាត់សេះ បំប៉ន​សេះនោះ ឲ្យមានសម្បុរល្អ និងកំឡាំង​ច្រើនតទៅទៀត។ ម្នាលភទ្ទាលិ សេះ​អាជានេយ្យ​ល្អ ប្រកបដោយអង្គ១០58) នេះឯង ជាសេះគួរ​សមដល់ស្តេច ជាសេះគួរស្តេចប្រើប្រាស់ ដល់នូវការរាប់ថាជាអង្គ​របស់ស្តេចបាន សេចក្តីទាំងនេះ មានឧបមាយ៉ាងណា ម្នាលភទ្ទាលិ មានឧបមេយ្យ​ដូច​ភិក្ខុ ដែល​ប្រកបដោយធម៌១០ប្រការ ឈ្មោះថា ជាអ្នកគួរទទួល​ចតុប្បច្ច័យ ដែល​គេនាំ​មកបូជា ជាអ្នកគួរទទួលអាគន្តុកទាន ជាអ្នកគួរទទួលទក្ខិណាទាន ជាអ្នកគួរ ដល់​អញ្ជលិកម្ម ដែលសត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់​សត្វលោក អង្គ១០​ប្រការ​នោះ តើអ្វីខ្លះ ម្នាលភទ្ទាលិ ភិក្ខុក្នុងសាសនានេះ ប្រកបដោយអសេខសម្មា​ទិដ្ឋិ១ ប្រកប​ដោយ​អសេខសម្មាសង្កប្បៈ១ ប្រកបដោយអសេខសម្មាវាចា១ ប្រកបដោយ​អសេខសម្មា​កម្មន្តៈ​១ ប្រកបដោយអសេខសម្មាអាជីវៈ១ ប្រកបដោយអសេខសម្មាវាយាមៈ១ ប្រកប​ដោយអសេខសម្មាសតិ១ ប្រកបដោយអសេខសម្មាសមាធិ១ ប្រកបដោយ​អសេខ​សម្មា​ញាណៈ១ ប្រកបដោយអសេខសម្មាវិមុត្តិ១ ម្នាលភទ្ទាលិ ភិក្ខុដែល​ប្រកបដោយ​ធម៌១០​ប្រការនេះ​ឯង ឈ្មោះថា ជាអ្នកគួរទទួលចតុប្បច្ច័យ ដែលគេនាំមកបូជា ជាអ្នកគួរ​ទទួល​អាគន្តុកទាន ជាអ្នកទទួលទក្ខិណាទាន ជាអ្នកគួរដល់អញ្ជលិកម្ម ដែល​សត្វលោកគប្បីធ្វើ ជាបុញ្ញក្ខេត្តដ៏ប្រសើរ របស់សត្វលោក។ លុះ​ព្រះមានព្រះភាគ ទ្រង់​ត្រាស់សូត្រនេះ​ចប់ហើយ ព្រះភទ្ទាលិមានអាយុ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះ​ភាសិត របស់​ព្រះមានព្រះភាគ។

ចប់ ភទ្ទាលិសូត្រ ទី៥។

លដុកិកោបមសូត្រ ទី៦

(៦. លដុកិកោបមសុត្តំ)

[១៧៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អាបណនិគម របស់ពួកជន​អង្គុត្តរាបៈ ក្នុងដែនឈ្មោះអង្គុត្តរាបៈ។ គ្រានោះឯង ព្រះមាន​ព្រះ​ភាគ ទ្រង់ស្បង់ប្រដាប់បាត្រចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់​អាបណនិគម ដើម្បី​បិណ្ឌបាត។ លុះព្រះអង្គស្តេចទៅបិណ្ឌបាត ក្នុងអាបណនិគមហើយ ត្រឡប់មក​ពី​បិណ្ឌបាត ក្នុងវេលាក្រោយភត្ត ក៏ស្តេចចូលទៅត្រង់ដងព្រៃមួយ លុះចូល​សំដៅទៅ​រក​ដងព្រៃនោះហើយ ទើបគង់សំរាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយដើម។ ចំណែក​ខាង​ព្រះឧទាយីមានអាយុ ក៏ស្លៀកស្បង់​ ប្រដាប់បាត្រចីវរ ចូលទៅកាន់​អាបណ​និគម ដើម្បីបិណ្ឌបាត ក្នុងវេលាព្រឹកព្រហាមដែរ។ លុះលោកទៅបិណ្ឌបាត ក្នុង​អាបណ​និគមហើយ ត្រឡប់មកពីបិណ្ឌបាតវិញ ក្នុងវេលាក្រោយភត្ត ក៏ចូល​ទៅរកដងព្រៃមួយ លុះចូលទៅសំដៅទៅកាន់ដងព្រៃនោះហើយ ទើបអង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោម​ម្លប់​ឈើមួយដើម។ កាលដែលព្រះឧទាយីមានអាយុ នៅក្នុងទីស្ងាត់ កំពុងតែសម្ងំក្នុងផល​សមាបត្តិ ក៏មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើងយ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់​កំចាត់​បង់​នូវ​ធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់ប្រកបនូវធម៌ ជាកុសលច្រើនយ៉ាង។ គ្រានោះឯង ព្រះឧទាយីមានអាយុ ចេញអំពីផលសមាបត្តិ ក្នុង​វេលាថ្ងៃរសៀលហើយ ក៏ចូល​ទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយ​បង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។

[១៧៦] លុះព្រះឧទាយីមានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូល​សេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនៅក្នុងទីស្ងាត់ កំពុងតែសម្ងំ ក្នុងផលសមាបត្តិ ក្នុងទីឯណោះ ក៏មានសេចក្តីត្រិះរិះក្នុងចិត្តកើតឡើង​យ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគនៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់ប្រកបនូវធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគ​នៃយើង ទ្រង់ប្រកបនូវធម៌ ជាកុសលច្រើនយ៉ាង។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះថា កាលពីដើម ពួក​យើងខ្ញុំព្រះអង្គបរិភោគក្នុងវេលាល្ងាចផង ក្នុងវេលាព្រឹកផង ក្នុងវេលាថ្ងៃ ជាវេលា​វិកាលផង។ បពិត្រព្រះអង្គដ៏ចំរើន មានសម័យមួយ ដែលព្រះមានព្រះភាគ បាន​ទ្រង់​ត្រាស់ហៅពួកភិក្ខុមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយលះបង់ នូវការ​បរិភោគ ក្នុងវេលាថ្ងៃ ដែលជាវេលាវិកាលនុ៎ះចេញ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ មានសចក្តីរាយមាយចិត្ត និងទោមនស្ស ដោយគិតថា ពួកគហបតីដែលមានសទ្ធា រមែង​ឲ្យនូវខាទនីយភោជនីយាហារ ដ៏ឧត្តមណា ដល់យើងទាំងឡាយ ក្នុងវេលាថ្ងៃ ដែលជា​វេលាវិកាល ព្រះមានព្រះភាគ បានត្រាស់នូវការលះបង់ នូវខាទនីយភោជនីយាហារដ៏​ឧត្តមនោះ ដល់​យើងទាំងឡាយផង ព្រះសុគត បានត្រាស់នូវការលះចោល នូវខាទនីយ​ភោជនីយាហារដ៏ឧត្តមនោះ ដល់យើងទាំងឡាយផង បពិត្រព្រះអង្គដ៏ចំរើន តែឥឡូវ​នេះ ពួកយើងខ្ញុំព្រះអង្គទាំងនោះ បែរជាបាននូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តី​ខ្មាសបាប និងសេចក្តីខ្លាចបាប ចំពោះព្រះមានព្រះភាគវិញ កាលបើយ៉ាងនេះ ទើប​យើងខ្ញុំ​ព្រះអង្គលះបង់នូវ​ការបរិភោគ ក្នុងវេលាថ្ងៃ ដែលជាវេលាវិកាលចេញ បពិត្រព្រះអង្គដ៏ចំរើន តែពួកយើងខ្ញុំព្រះអង្គនោះ នៅបរិភោគក្នុងវេលាល្ងាចផង ក្នុងវេលាព្រឹកផង បពិត្រព្រះអង្គដ៏ចំរើន មានសម័យមួយ ដែលព្រះមានព្រះភាគ បានត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ លះបង់នូវ​ការបរិភោគ ក្នុងវេលាយប់ ដែលជាវេលាវិកាលនុ៎ះចេញ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ​នោះ មានសេចក្តី​រាយមាយចិត្ត និងសេចក្តីទោមនស្ស ដោយគិតថា បណ្តាភត្ត​ទាំងពីរ​នេះ ភត្តណាឧត្តមវិសេស ដែលគេបាន​ចាត់ចែង បម្រុង​យើងទាំងឡាយ ព្រះមាន​ព្រះភាគ បានត្រាស់នូវ​ការលះបង់ នូវភត្តនោះ ដល់យើងទាំង​ឡាយផង ព្រះសុគត បាន​ត្រាស់ នូវការលះចោល ​នូវភត្តនោះ ដល់យើងទាំងឡាយ​ផង។ បពិត្រព្រះអង្គដ៏ចំរើន រឿង​ធ្លាប់មានមកហើយ មានបុរសម្នាក់ បាននូវគ្រឿងសំឡ ក្នុងវេលាថ្ងៃ ហើយនិយាយ​នឹង​ប្រពន្ធ យ៉ាងនេះថា ហីនាង ចូរទុកនូវគ្រឿងសំឡនេះសិន​ចុះ ចាំដល់វេលាល្ងាច យើង​នឹងបរិភោគទាំងអស់គ្នា ជាមួយគ្នាតែម្តង បពិត្រព្រះអង្គដ៏ចំរើន ខាទនីយភោជនី​យា​ហារណាមួយ ដែលគួរចាត់ចែងទុក ខាទនីយ​ភោជនីយាហារ ដែលគួរ​ចាត់ចែងនោះ មានពោរពាស តែក្នុងវេលាយប់ ដល់វេលាថ្ងៃ មានតិច បពិត្រព្រះអង្គដ៏ចំរើន តែខ្ញុំព្រះអង្គទាំងឡាយនោះ បែរជាបាននូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ចំពោះព្រះមានព្រះភាគវិញ កាលបើយ៉ាងនេះ ទើបយើងខ្ញុំព្រះអង្គ លះបង់នូវ​ការ​បរិភោគនូវភោជន ក្នុងវេលាយប់ ដែលជាវេលាវិកាលនុ៎ះចេញ។ បពិត្រព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ ពួកភិក្ខុត្រាច់ទៅបិណ្ឌបាត ក្នុងវេលារាត្រី ងងឹតសូន្យសុង ក៏​ចូល​ទៅ ប្រទះនឹង​អណ្តូង​ជ្រាំខ្លះ ធ្លាក់ទៅក្នុងទីទំនាបទឹកជ្រាំខ្លះ ឡើងទៅប្រទះគំនរបន្លាខ្លះ ដើរពានទៅលើ​មេគោកំពុងដេកលក់ខ្លះ ជួបប្រទះនឹងពួក​មាណព គឺចោរ ដែលកំពុង​ធ្វើ​ចោរកម្មខ្លះ មិនទាន់បានធ្វើចោរកម្មខ្លះ មាតុគ្រាមនិមន្តពួកភិក្ខុនោះ ដោយអសទ្ធម្មខ្លះ។ បពិត្រ​ព្រះអង្គដ៏ចំរើន រឿងធ្លាប់មានមកហើយ ខ្ញុំព្រះអង្គត្រាច់ទៅបិណ្ឌបាត ក្នុងវេលា​រាត្រី ងងឹតសូន្យសុង បពិត្រព្រះអង្គដ៏ចំរើន ស្រីម្នាក់កំពុងលាងភាជនៈ បានឃើញខ្ញុំ​ព្រះអង្គ ក្នុងពេលមានផ្លេកបន្ទោរ លុះឃើញខ្ញុំព្រះអង្គហើយ ក៏ភិតភ័យ ស្រែកយ៉ាង​ខ្លាំងថា អញវិនាសហើយ យីអើ អ្នកនេះជាបីសាច (មកប្រុងស៊ី) អញទេដឹង។ បពិត្រ​ព្រះអង្គដ៏​ចំរើន កាលស្រីនោះ ស្រែក​យ៉ាងនេះហើយ ខ្ញុំព្រះអង្គបាននិយាយ​ពាក្យនេះ នឹងស្រី​នោះថា ម្នាលប្អូនស្រី មិនមែនបិសាចទេ ភិក្ខុឈរបិណ្ឌបាតទេតើ។ ស្រីនោះឆ្លើយតបថា ឪពុករបស់ភិក្ខុស្លាប់ហើយ ម្តាយរបស់ភិក្ខុស្លាប់ហើយ ម្នាលភិក្ខុ លោកវះផ្ទៃរបស់លោក ដោយកាំបិតដ៏មុតសម្រាប់វះគោ ប្រសើរជាងលោកត្រាច់​ទៅ​ក្នុងវេលារាត្រី ងងឹត​សូន្យ​សុង ព្រោះហេតុតែផ្ទៃ មិនប្រសើរទេ។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គនោះ រលឹក​ឃើញដំណើរនោះ ក៏មានសេចក្តីត្រិះរិះ យ៉ាងនេះថា ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កំចាត់បង់នូវធម៌ ជាទុក្ខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ប្រកប​នូវ​ធម៌ ជាសុខច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់កំចាត់បង់នូវធម៌ ជាអកុសលច្រើនយ៉ាង ឱហ្ន៎ ព្រះមានព្រះភាគរបស់យើង ទ្រង់ប្រកបនូវពួកធម៌ ជាកុសលច្រើនយ៉ាង។

[១៧៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលឧទាយី ដូចយ៉ាងមោឃបុរសពួកខ្លះ ក្នុង​លោកនេះ កាលតថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់នូវអំពើនេះចេញ ពួក​មោឃបុរសទាំងនោះ ក៏និយាយយ៉ាងនេះថា ចុះសមណៈនេះ សព្វបើហេតុរប៉ិចរប៉ី​បន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ពួកមោឃបុរសទាំងនោះ ក៏មិនលះបង់​អំពើ​នោះចេញទេ ថែមទាំងធ្វើសេចក្តីអាក់អន់ ឲ្យកើតឡើងចំពោះតថាគត ម្នាលឧទាយី ចំណែក​ពួកភិក្ខុ ដែលជាសិក្ខាកាម (តែងធ្វើសេចក្តីអាក់អន់ នឹងពួកមោឃបុរសនោះ) កិច្ចដែលត្រូវលះ​បង់​​បន្តិចបន្តួច របស់ពួកមោឃបុរសនោះ ទុកដូចជាចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ឬដូចកំណាត់ឈើធំ។ ម្នាលឧទាយី សត្វប្រចៀច ដែល​ជាប់ដោយចំណងវល្លិ៍ផោម ដែលត្រូវគេសំឡាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់​ក្នុងទីនោះទៀត ម្នាលឧទាយី បើបុគ្គលណា និយាយយ៉ាងនេះថា សត្វប្រចៀចនោះ ជាប់​ដោយចំណងវល្លិ៍ផោមណា តែងត្រូវគេសម្លាប់ ឬជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ ក្នុង​ទីនោះ ដោយចំណងណា ចំណងនោះ របស់សត្វនោះ ជាចំណង​ឥតកំឡាំង ចំណង​មិនមាំ ចំណងពុកផុយ ចំណងមិនមានខ្លឹម ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន មិនត្រូវទេ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សត្វប្រចៀចនោះ ជាប់ដោយចំណងវល្លិ៍ផោមណា តែងត្រូវគេ​សំឡាប់ ឬ​ជាប់ចំណង ឬដល់នូវសេចក្តីស្លាប់ ក្នុងទីនោះ ដោយចំណងណា ឯចំណង​នោះ​របស់​សត្វ​នោះ ជាចំណង​មានកំឡាំង ចំណង​មាំ ចំណងជាប់ ចំណងមិនពុកផុយ ជាកំណាត់ឈើធំ។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះ ដូចមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតប្រាប់ថា ចូរអ្នកទាំងឡាយ លះបង់ នូវអំពើនេះចេញ ពួក​មោឃបុរសទាំងនោះ ក៏ត្រឡប់និយាយយ៉ាងនេះថា ចុះសមណៈនេះ សព្វបើហេតុ​រប៉ិចរប៉ី​ បន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ពួកមោឃបុរសនោះ ក៏មិនលះបង់​នូវអំពើ​នោះចោលឡើយ ថែមទាំងធ្វើសេចក្តីអាក់អន់ ឲ្យកើតឡើងដល់តថាគត ម្នាល​ឧទាយី ចំណែកពួកភិក្ខុ ដែលជាសិក្ខាកាម (ក៏ធ្វើសេចក្តីអាក់អន់ចិត្ត ចំពោះមោឃបុរស​ទាំងនោះ) កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់ពួកមោឃបុរសទាំងនោះ ទុកដូចជា​ចំណងមានកំឡាំង ចំណងមាំ ចំណងជាប់ ចំណងមិនពុកផុយ ឬទុកដូចជា​កំណាត់​ឈើធំ។

[១៧៨] ម្នាលឧទាយី មួយទៀត ពួកកុលបុត្រ ក្នុងសាសនានេះ កាលតថាគត​ប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ពួកកុលបុត្រនោះ បាន​និយាយ​យ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត ត្រាស់ឲ្យយើងលះបង់ចោលអំពើណា ថ្វីបើអំពើនេះ ជាហេតុរប៉ិចរប៉ី បន្តិចបន្តួច យើង​ទាំងឡាយ ត្រូវតែលះបង់ចោលចេញ ពួកកុលបុត្រទាំងនោះ ក៏លះបង់នូវអំពើ​នោះ​ចេញ ទាំងមិនធ្វើឲ្យទាស់អធ្យាស្រ័យតថាគតឡើយ មួយវិញទៀត ភិក្ខុណា ជា​សិក្ខាកាម ពួកភិក្ខុនោះ ក៏បានលះបង់នូវអំពើ​នោះចេញ ជាអ្នកមានសេចក្តីខ្វល់ខ្វាយ ជាអ្នក​សម្លបរោម ចិញ្ចឹមជីវិត ដោយចតុប្បច្ច័យ ដែលអ្នកដទៃឲ្យ មានចិត្តប្រព្រឹត្ត​ដូច​ជាសត្វ​ម្រឹគ59) ម្នាលឧទាយី ភិក្ខុនោះឈ្មោះថា មានចំណងមិនមានកំឡាំង មានចំណងខ្សោយ មានចំណងផុយ មានចំណង​ឥតខ្លឹម។ ម្នាលឧទាយី ដូចដំរីរបស់ព្រះរាជា ដែលមានភ្លុក ង ទន្ទាំ មានរូបសមរម្យ គួរជា​ព្រះទី​នាំង ជាសត្វធ្លាប់ចុះសង្គ្រាម គេចងដោយចំណង​យ៉ាងមាំ ក៏ទំរោមកាយបន្តិច ហើយ​កាត់​ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញទៅ តាមប្រាថ្នា ម្នាលឧទាយី បុគ្គល​ណា ពោលយ៉ាងនេះថា ដំរីរបស់​ព្រះរាជានោះ ជាដំរីមានភ្លុក ងទន្ទាំ មាន​រូបសមរម្យ គួរជា​ព្រះទីនាំង ជាសត្វធ្លាប់ចុះកាន់សង្គ្រាម គេចងដោយចំណងព្រ័ត្រ ដ៏មាំ​ណា ក៏ទំរោមកាយបន្តិចហើយ កាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញ​ទៅ​តាម​ប្រាថ្នា ដំរីនោះ ឈ្មោះថា មានចំណង​មានកំឡាំង មានចំណងមាំ មានចំណងខ្ជាប់ខ្ជួន មានចំណងមិនផុយ ឬទុកដូចជាកំណាត់ឈើធំ ម្នាលឧទាយី បុគ្គលដែល​និយាយនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ សូមទ្រង់ព្រះមេត្តាប្រោស និយាយនោះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន ដំរីរបស់ព្រះរាជានោះ មានភ្លុក ងទន្ទាំ មានរូបសមរម្យ គួរជា​ព្រះទីនាំង ជាសត្វធ្លាប់ចុះសង្គ្រាម ដែលគេចងដោយចំណង​ព្រ័ត្រដ៏មាំណា ក៏ទំរោម​កាយបន្តិច ហើយកាត់ទំលាយ នូវចំណងទាំងនោះ រួចចៀសចេញ ទៅតាម​ប្រាថ្នា ព្រោះថា ដំរីនោះ មានចំណងមិនមានកំឡាំង។បេ។ មានចំណងឥតខ្លឹម។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះ ដូចពួកកុលបុត្រខ្លះ ក្នុងសាសនានេះ កាលតថាគត​ពោល​ថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ដូច្នេះ ពួកកុលបុត្រ​នោះ ពោលយ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត ត្រាស់ឲ្យយើងទាំងឡាយ លះចោលអំពើណា ថ្វីបើអំពើនេះ ជាហេតុ​រប៉ិចរប៉ី​បន្តិចបន្តួច យើងទាំងឡាយ ត្រូវតែលះបង់ចោលចេញ ពួកកុលបុត្រនោះ ក៏លះបង់​នូវ​អំពើ​នោះ​ចេញ​បាន ទាំងមិនធ្វើឲ្យទាស់អធ្យាស្រ័យតថាគត មួយទៀត ពួកភិក្ខុណា ដែលជា​សិក្ខាកាម ពួកភិក្ខុនោះ បានលះបង់ នូវអំពើនោះ ជាអ្នកខ្វល់ខ្វាយតិច សម្លបរោម ប្រព្រឹត្ត​​ចិញ្ចឹមជីវិត ដោយបច្ច័យ ដែលបុគ្គលដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជា​សត្វម្រឹគ ម្នាល​ឧទាយី អំពើរបស់កុលបុត្រនោះ ទុកដូចជាចំណង​ឥតកំឡាំង ចំណងផុយ ចំណង​ឥតខ្លឹម។

[១៧៩] ម្នាលឧទាយី ដូចបុរសកំសត់ឥតយស មិនមានសម្បត្តិស្តុកស្តម្ភ បុរសនោះ មានខ្ទមតូច១ រខេករខាក ក្អែកហើរកាត់ចុះឡើងបាន មានរាងរៅមិនល្អ មានគ្រែ១ ដែល​រែង​​ដោយបន្ទោះឫស្សី ទ្រេតទ្រោត មានរាងមិនចំណាប់ មានស្រូវ និងពូជសម្រាប់​សាបព្រោះរាល់ឆ្នាំ១ក្អម ជាពូជមិនល្អ មានស្រីម្នាក់ជាប្រពន្ធ មានរូបមិនល្អ បុរសនោះ ឃើញភិក្ខុ១រូប នៅក្នុងអារាមលាងដៃជើងស្អាតល្អ បរិភោគភោជនជាទីពេញចិត្ត អង្គុយ​តែក្នុងម្លប់ត្រជាក់ ប្រកបក្នុងអធិចិត្ត។ បុរសនោះ ក៏គិតយ៉ាងនេះថា អើ ភាពជាសមណៈ សុខណាស់ហ្ន៎ ភាពជាសមណៈ ឥតមានរោគអ្វីសោះ គួរតែអាត្មាអញ កោរសក់ និងពុក​មាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ តែបុរស​នោះ មិនអាចនឹងលះបង់ផ្ទះតូច ដែលរខេករខាក ក្អែកហើរកាត់ចុះឡើងបាន ដែលមាន​រាង​រៅមិនល្អ មិនអាចនឹងលះបង់គ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត រាងរៅ មិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជសម្រាប់​ព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជ​មិនល្អ មិនអាចនឹងលះបង់ស្រីម្នាក់ជាប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស​បានឡើយ។ ម្នាលឧទាយី បុគ្គលណា និយាយយ៉ាងនេះថា បុរស​នោះ ជាប់ដោយចំណង​ណា ទើបមិនអាចនឹងលះបង់ផ្ទះតូច ដែលរខេករខាក ក្អែកហើរកាត់ចុះកាត់ឡើងបាន មាន​រាង​រៅមិនល្អ មិនអាចនឹងលះបង់នូវគ្រែ១ ដែលរែងដោយបន្ទោះឫស្សី ទ្រេតទ្រោត រាង​រៅ មិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជសម្រាប់​សាបព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជ​មិនល្អ មិនអាចនឹងលះបង់ស្រីម្នាក់ជាប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់សំពត់កាសាយៈ ចេញចាកផ្ទះ​ ចូលទៅកាន់ផ្នួសបានឡើយ ព្រោះចំណងរបស់បុរស​នោះ ជាចំណងធូរ ចំណងខ្សោយ ចំណងផុយ ចំណងឥតខ្លឹមទេ ម្នាលឧទាយី បុគ្គលដែលនិយាយនោះ ឈ្មោះថា និយាយ​ត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និយាយនេះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន បុរសនោះ ជាប់ដោយចំណងណា ហើយមិនអាចនឹងលះបង់ផ្ទះតូចមួយ ដែលរខេក​រខាក ក្អែកហើរកាត់ចុះឡើងបាន មាន​រាង​រៅមិនល្អ មិនអាចនឹងលះបង់គ្រែ១ ដែល​រែង​ដោយ​បន្ទោះឫស្សី ទ្រេតទ្រោត មានរាងរៅមិនចំណាប់ មិនអាចនឹងលះបង់ស្រូវ និងពូជ​សម្រាប់​សាប​ព្រោះ រាល់ឆ្នាំ១ក្អម ដែលជាពូជ​មិនល្អ មិនអាចនឹងលះបង់​ស្រីម្នាក់​ជា​ប្រពន្ធ ដែលមានរូបមិនល្អ ហើយកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់សំពត់​កាសាយៈ រួចចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបានឡើយ ព្រោះថាចំណង​របស់បុរស​នោះ ជាចំណងតឹង ចំណងមាំ ចំណងខ្ជាប់ខ្ជួន ចំណងមិនផុយ ឬទុកដូចជាកំណាត់ឈើធំ។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះដូចមោឃបុរសពួកខ្លះ ក្នុងលោកនេះ កាលតថាគតប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់អំពើនេះចេញ ពួកមោឃបុរស​ទាំងនោះ និយាយយ៉ាងនេះថា ចុះសមណៈនេះសព្វបើហេតុរប៉ិចរប៉ីបន្តិចបន្តួច ក៏ប្រឹតអ្វីដល់ម្ល៉េះ ហើយពួកមោឃបុរស​ទាំងនោះ ក៏មិនលះបង់នូវអំពើនោះចោល ថែមទាំង​ធ្វើឲ្យទាស់​អធ្យាស្រ័យតថាគតទៀត ចំណែក​ពួកភិក្ខុដែលជាសិក្ខាកាម (តែង​ធ្វើសេចក្តី​អាក់អន់ចិត្ត ចំពោះ​មោឃបុរសនោះ) ម្នាលឧទាយី កិច្ចដែលត្រូវលះបង់បន្តិចបន្តួច របស់មោឃបុរស​ទាំងនោះ ទុកជាចំណងតឹង ចំណងមាំ ចំណងខ្ជាប់ខ្ជួន មិនមែនជាចំណងពុកផុយ ឬទុក​ដូចកំណាត់ឈើធំ។

[១៨០] ម្នាលឧទាយី ដូចគហបតីក្តី គហបតិបុត្រក្តី ជាអ្នកស្តុកស្តម្ភ មានទ្រព្យសម្បត្តិច្រើន មានគ្រឿងប្រើប្រាស់ច្រើន ជាអ្នកសន្សំនូវគំនរមាសឆ្តោរទុក​ច្រើន ជាអ្នកសន្សំ នូវគំនរស្រូវទុកច្រើន ជាអ្នកសន្សំនូវចំនួនស្រែទុកច្រើន ជាអ្នកសន្សំនូវ​ចំនួនចម្ការទុកច្រើន ជាអ្នកសន្សំពួកភរិយាទុកច្រើន ជាអ្នកសន្សំពួកខ្ញុំ​ប្រុសទុកច្រើន ជាអ្នកសន្សំពួកខ្ញុំស្រីទុកច្រើន គហបតីនោះ ឃើញភិក្ខុក្នុងអារាម មានដៃជើងលាងស្អាត​ល្អ ឆាន់ភោជនជាទីគាប់ចិត្ត អង្គុយក្នុងម្លប់ត្រជាក់ ប្រកបដោយអធិចិត្ត។ គហបតី ឬគហបតីបុត្រនោះ ក៏គិតថា អើភាពជាសមណៈនេះ សុខណាស់ហ្ន៎ ភាពជាសមណៈ​ ឥតមានរោគសោះ គួរតែអាត្មាអញកោរសក់ និងពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ជននោះ ក៏អាចលះបង់​ នូវគំនរ​មាសឆ្តោរ​​​ច្រើន លះបង់គំនរស្រូវច្រើន លះបង់ចំនួនស្រែច្រើន លះបង់ចំនួនចម្ការច្រើន លះបង់​ពួកភរិយាច្រើន លះបង់ពួកខ្ញុំ​ប្រុសច្រើន លះបង់ពួកខ្ញុំស្រីច្រើនបាន ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ ម្នាលឧទាយី បុគ្គលណា និយាយយ៉ាងនេះថា គហបតីក្តី គហបតិបុត្រក្តី ជាប់​ដោយចំណងណា ហើយអាចលះបង់​គំនរមាសឆ្តោរជា​ច្រើន លះបង់គំនរស្រូវជាច្រើន លះបង់ចំនួនស្រែជាច្រើន លះបង់ចំនួនចម្ការជាច្រើន លះបង់​ពួកភរិយាជាច្រើន លះបង់ពួកខ្ញុំ​ប្រុសជាច្រើន លះបង់ពួកខ្ញុំស្រីជាច្រើន ហើយកោរសក់ និងពុកមាត់ ពុកចង្កា រួចស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបាន ព្រោះ​ចំណងនោះ របស់ជន​នោះ ជាចំណងតឹង ជាចំណងមាំ ចំណងខ្ជាប់ខ្ជួន មិនមែន​ជាចំណងផុយ ទុកដូចកំណាត់ឈើធំ ដូច្នេះ ម្នាលឧទាយី បុគ្គលដែលនិយាយយ៉ាងនោះ ឈ្មោះថា និយាយត្រូវ ឬដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន និយាយយ៉ាងនេះ មិនត្រូវទេ បពិត្រព្រះអង្គដ៏ចំរើន គហបតីក្តី គហបតិបុត្រក្តី ទោះជាប់​ដោយចំណងណា ហើយ​អាច​លះបង់​​គំនរមាសឆ្តោរ​ច្រើនបាន លះបង់គំនរស្រូវច្រើនបាន លះបង់ចំនួនស្រែច្រើនបាន លះបង់ចំនួនចម្ការច្រើនបាន លះបង់​ពួកភរិយាច្រើនបាន លះបង់ពួកខ្ញុំ​ប្រុសច្រើនបាន លះបង់ពួកខ្ញុំស្រីជាច្រើន ហើយកោរសក់ ពុកមាត់ ពុកចង្កា ស្លៀកដណ្តប់​សំពត់​កាសាយៈ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួសបាន ព្រោះ​ថា ចំណងនោះ របស់ជន​នោះ មិនមែនជាចំណងតឹង ជាចំណងខ្សោយ ជាចំណងផុយ ​ជាចំណងឥតខ្លឹម។ ម្នាលឧទាយី យ៉ាងនោះឯងហើយ រឿងនេះដូចពួកកុលបុត្រខ្លះ ក្នុងសាសនានេះ កាលតថាគតប្រាប់ថា អ្នកទាំងឡាយ ចូរលះបង់នូវអំពើនេះចេញ ពួកកុលបុត្រនោះ ក៏ពោលយ៉ាងនេះថា ព្រះមានព្រះភាគ ត្រាស់ឲ្យយើងទាំងឡាយ លះបង់អំពើណា ព្រះសុគត​ ត្រាស់ឲ្យយើងលះបង់អំពើណា ថ្វីបើ​អំពើនោះ ជាអំពើរប៉ិចរប៉ីបន្តិចបន្តួច យើងត្រូវលះបង់ចោលចេញ ហើយពួកកុលបុត្រនោះ ក៏បានលះបង់នូវអំពើនោះចេញ ទាំងមិនធ្វើឲ្យ​ទាស់អធ្យាស្រ័យតថាគតឡើយ មួយវិញទៀត ពួកភិក្ខុណា ជាសិក្ខាកាម ភិក្ខុទាំងនោះ លះបង់​នូវអំពើនោះហើយ ជាអ្នក​មានសេចក្តីខ្វល់ខ្វាយតិច សម្លបរោម ប្រព្រឹត្តចិញ្ចឹមជីវិត​ ដោយបច្ច័យដែលអ្នកដទៃឲ្យ មានចិត្តប្រព្រឹត្តដូចជាសត្វម្រឹគ ម្នាល​ឧទាយី អំពើរបស់​ភិក្ខុនោះ ទុកដូចជាចំណងធូរ ចំណងទុព្វលភាព ចំណងផុយ ចំណងឥតខ្លឹម។

[១៨១] ម្នាលឧទាយី បុគ្គលទាំងឡាយ៤ពួកនេះ តែងមានប្រាកដក្នុងលោក បុគ្គល​៤ពួក តើដូចម្តេចខ្លះ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រតិបត្តិ​ដើម្បីលះបង់ឧបធិ60) ដើម្បីរលាស់ចោលនូវឧបធិ សេចក្តីរលឹកឃើញ និងការ​ត្រិះរិះ ដែលប្រកបដោយ​ឧបធិ តែងគ្របសង្កត់បុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់​ឧបធិ ដើម្បីរលាស់ចោលនូវ​ឧបធិ បុគ្គលនោះ ក៏ស៊ូអត់ទ្រាំ មិនលះបង់ មិនបន្ទោបង់ មិនធ្វើ​ឲ្យវិនាស មិនធ្វើឲ្យមានកំណើតទៀត នូវឧបធិទាំងនោះឡើយ ម្នាលឧទាយី តថាគត ហៅបុគ្គលនេះឯងថា ជាអ្នកប្រកបដោយកិលេស មិនហៅថា ជាអ្នកប្រាសចាក​កិលេសទេ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលឧទាយី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទ្រិយ​ផ្សេងៗ (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រតិបត្តិ​ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោលនូវឧបធិ សេចក្តីរលឹកឃើញ និងការ​ត្រិះរិះ ដែលប្រកបដោយ​ឧបធិ តែងគ្របសង្កត់នូវបុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់​ឧបធិ ដើម្បីរលាស់ចោលនូវ​ឧបធិ បុគ្គលនោះ មិនអត់ទ្រាំ លះបង់ បន្ទោបង់ ធ្វើ​ឲ្យវិនាស មិនធ្វើឲ្យកើតទៀត នូវឧបធិទាំងនោះ ម្នាលឧទាយី តថាគត ហៅបុគ្គលនេះឯងថា ជាអ្នកប្រកបដោយកិលេស មិនហៅថា ជាអ្នកប្រាសចាក​កិលេសទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទ្រិយ​ផ្សេងៗ (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុងលោកនេះ ជាអ្នក​ប្រតិបត្តិ ​ដើម្បីលះបង់ឧបធិ ដើម្បីរលាស់​ចោល នូវឧបធិ ការរលឹកឃើញ និងសេចក្តី​ត្រិះរិះ ដែលប្រកបដោយ​ឧបធិ តែងគ្របសង្កត់បុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់​ឧបធិ ដើម្បីរលាស់ចោល នូវ​ឧបធិ ព្រោះការភ្លេចស្មារតី ក្នុងកាលម្តងៗ ម្នាលឧទាយី ការកើតឡើងនៃសតិ ជារបស់​យឺតយូរ តែបុគ្គលនោះ លះបង់ បន្ទោបង់ ធ្វើ​ឲ្យវិនាស ធ្វើមិនឲ្យកើតទៀត នូវឧបធិ​នោះ ដោយឆាប់រហ័ស។ ម្នាលឧទាយី បុរសចាក់ដំណក់ទឹកពីរបីដំណក់ ទៅក្នុងខ្ទះដែក ដែលគេ​ដុតអស់មួយថ្ងៃ ម្នាលឧទាយី ការស្រក់ចុះ នៃដំណក់នោះ រមែង​យឺតយូរ តែដំណក់​ទឹកនោះ ក៏ដល់នូវ​ការរីងស្ងួត អស់ទៅដោយឆាប់រហ័ស សេចក្តីនេះ មានឧបមា​យ៉ាងណា ម្នាលឧទាយី មានឧបមេយ្យ ដូចបុគ្គល​ពួកមួយ ក្នុងលោកនេះ ប្រតិបត្តិ ដើម្បីលះបង់ឧបធិ ដើម្បីរលាស់ចោល នូវឧបធិ ការរលឹកឃើញ និងសេចក្តី​ត្រិះរិះ ដែលប្រកបដោយ​ឧបធិ រមែងគ្របសង្កត់​បុគ្គលនោះ ដែលប្រតិបត្តិ ដើម្បីលះបង់​ឧបធិ ដើម្បីរលាស់ចោលនូវ​ឧបធិ ព្រោះភ្លេច​ស្មារតី ក្នុងកាលម្តងៗ ម្នាលឧទាយី ការកើត​ឡើង នៃស្មារតីយឺតយូរ តែបុគ្គល​នោះ​លះ​បង់ បន្ទោបង់ ធ្វើឲ្យវិនាស ធ្វើមិនឲ្យ​មានកំណើត​ទៀត នូវឧបធិនោះ ដោយឆាប់រហ័ស ម្នាលឧទាយី តថាគត ហៅបុគ្គល​នេះឯងថា ជាអ្នកប្រកបដោយកិលេស មិនហៅថា ជាអ្នក​ប្រាសចាកកិលេសទេ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលឧទាយី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទ្រិយ​ផ្សេងៗគ្នា (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលពួកមួយ ក្នុង​លោក​នេះ ដឹងច្បាស់ថា ឧបធិ គឺបញ្ចក្ខន្ធ ជាឫសគល់​​ នៃសេចក្តីទុក្ខ តែជាអ្នកឥត​មាន​ឧបក្កិលេស មានចិត្តជឿស៊ប់ នូវ​ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃឧបធិក្កិលេស ម្នាល​ឧទាយី តថាគតហៅថា បុគ្គល​នេះឯងថា ជាអ្នកប្រាសចាក ឧបធិក្កិលេស មិនហៅថា ប្រកបដោយឧបធិក្កិលេសឡើយ ដំណើរនោះ ព្រោះហេតុអ្វី ម្នាលឧទាយី ព្រោះតថាគត ដឹងច្បាស់ថា ឥន្ទិ្រយដែលផ្សេង​ៗគ្នា (មាន) ក្នុងបុគ្គលនេះ។ ម្នាលឧទាយី បុគ្គលទាំងឡាយ ៤ពួកនេះឯង ដែល​មានប្រាកដក្នុងលោក។

[១៨២] ម្នាលឧទាយី កាមគុណនេះ មាន៥ប្រការ កាមគុណ៥ប្រការ តើអ្វីខ្លះ គឺរូប​ទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយចក្ខុ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួររីករាយ១ សំឡេងទាំងឡាយ ដែលបុគ្គល​គប្បី​ដឹង​បាន ដោយត្រចៀក…១ ក្លិនទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយច្រមុះ…១ រសទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយអណ្តាត…១ ផោដ្ឋព្វៈទាំងឡាយ ដែលបុគ្គលគប្បីដឹងបាន ដោយកាយជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីរីករាយ១។ ម្នាលឧទាយី នេះឯងហៅថា កាមគុណ៥ប្រការ។ ម្នាលឧទាយី សុខ និងសោមនស្សណា កើតឡើង ព្រោះ​អាស្រ័យ​កាមគុណ ទាំង៥ប្រការនេះ សេចក្តីសុខ និងសោមនស្សនេះ តថាគតហៅថា ជាសុខ​ក្នុងកាម ជាសុខមិនស្អាត ជាសុខរបស់បុថុជ្ជន មិនមែនជាសុខ របស់ព្រះអរិយៈ ដែលគេ​មិនគួរធ្វើ​ឲ្យថ្នឹក មិនគួរចំរើន មិនគួរធ្វើឲ្យរឿយៗឡើយ តថាគតពោលថា គួរខ្លាចសេចក្តី​សុខនេះ។

[១៨៣] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន ភិក្ខុព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលកាន់ទុតិយជ្ឈាន ព្រោះ​ប្រាសចាកបីតិ។បេ។ ចូលកាន់​តតិយជ្ឈាន ព្រោះលះបង់សេចក្តីសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះទើបតថាគតហៅថា សុខផុតចាកកាម សុខស្ងប់ស្ងាត់ សុខ​ស្ងប់​រម្ងាប់ សុខប្រព្រឹត្តទៅ ដើម្បី​សេចក្តីត្រាស់ដឹង ដែលបុគ្គលគួរធ្វើឲ្យថ្នឹក គួរចំរើន គួរធ្វើ​ឲ្យ​រឿយៗ តថាគតពោលថា បុគ្គលមិនគួរខ្លាចសេចក្តី​សុខនេះឡើយ។

[១៨៤] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា បឋមជ្ឈាននេះឯង ជាធម្មជាត​ញាប់ញ័រនៅឡើយ អ្វីដែលញាប់ញ័រ ក្នុងបឋមជ្ឈាននោះ វិតក្កៈ និងវិចារៈ​ណា ក្នុង​បឋមជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាត​ញាប់​ញ័រ​ ក្នុង​បឋមជ្ឈាននោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ​។បេ។ ចូលកាន់ទុតិយជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា ទុតិយជ្ឈាននេះឯង ជាធម្មជាត​ញាប់ញ័រនៅឡើយ ចុះអ្វីដែលញាប់ញ័រ ក្នុងទុតិយជ្ឈាននោះ បីតិ និងសុខ​ណា ក្នុង​ទុតិយជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាត​ញាប់​ញ័រ​ ក្នុង​ទុតិយជ្ឈាន​នោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់​តតិយជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា ​តតិយជ្ឈាននេះឯង ជាធម្មជាត​ញាប់​ញ័រនៅឡើយ ចុះអ្វីដែលញាប់ញ័រ ក្នុងតតិយជ្ឈាននោះ ឧបេក្ខា និងសុខណា ក្នុងតតិយជ្ឈាននោះ ដែលមិនទាន់រំលត់នៅឡើយ នេះឯង ជាធម្មជាត​ញាប់​ញ័រ​ ក្នុង​តតិយជ្ឈាននោះ។ ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន។ ម្នាលឧទាយី តថាគតពោលថា ចតុត្ថជ្ឈាននេះឯង ជាធម្មជាត​ឥតមានញាប់ញ័រឡើយ។

[១៨៥] ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូល​កាន់បឋមជ្ឈាន។ ម្នាលឧទាយី តថាគតពោលនូវបឋមជ្ឈាននេះឯងថា មិនទាន់​ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរ​កន្លងឲ្យផុតចេញ។ ចុះការកន្លងចេញ នូវ​បឋមជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះរម្ងាប់វិតក្កៈ និងវិចារៈទាំងឡាយ​។បេ។ ចូលកាន់ទុតិយជ្ឈាន នេះហៅថា ការកន្លងនូវបឋមជ្ឈាននោះ។ ម្នាលឧទាយី តថាគតពោលនូវ​ទុតិយជ្ឈាន​នេះឯង​ថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង​ទុតិយជ្ឈាននោះ តើដូចម្តេច ម្នាល​ឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះប្រាសចាកបីតិ។បេ។ ចូលកាន់តតិយជ្ឈាន នេះហៅ​ថា ការកន្លងនូវទុតិយជ្ឈាននោះ។ ម្នាលឧទាយី តថាគត ពោលនូវ​តតិយជ្ឈាន នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំង​ឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង​នូវតតិយជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់នូវសុខ។បេ។ ចូលកាន់ចតុត្ថជ្ឈាន នេះឯងហៅថា ការកន្លងនូវតតិយជ្ឈាននោះ។ ម្នាលឧទាយី តថាគតពោល​នូវ​ចតុត្ថជ្ឈាន នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំង​ឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង​នូវចតុត្ថជ្ឈាននោះ តើដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ ព្រោះកន្លង​បង់នូវ​រូបសញ្ញា ព្រោះរលត់​ នូវ​បដិឃសញ្ញា ព្រោះ​មិនមានមនសិការៈ ចំពោះនានត្តសញ្ញា ដោយប្រការទាំងពួង ចូល​កាន់​អាកាសា​នញ្ចា​យតនជ្ឈាន ដោយបរិកម្មថា អាកាសមិនមានទីបំផុត នេះហៅថា ការកន្លង​នូវចតុត្ថជ្ឈាន​នោះ។ ម្នាលឧទាយី តថាគត ពោលនូវអាកាសានញ្ចាយតនៈ​ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លង​ឲ្យ​ផុតចេញ។ ចុះការកន្លង នូវ​អាកាសានញ្ចាយតនៈនោះ​ តើ​ដូចម្តេច ម្នាលឧទាយី ភិក្ខុ​ក្នុង​សាសនានេះ កន្លងនូវអាកាសានញ្ចាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់​វិញ្ញាណញ្ចា​យតនៈ ដោយបរិកម្មថា វិញ្ញាណ​ មិនមានទីបំផុត ដូច្នេះ នេះហៅថា ការកន្លង​ នូវអាកាសានញ្ចាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវវិញ្ញាណញ្ចា​យតនៈ​ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវវិញ្ញាណញ្ចាយតនៈនោះ​ តើ​ដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លងនូវវិញ្ញាណញ្ចាយតនៈ ដោយប្រការ​ទាំងពួង ហើយចូលកាន់អាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា អ្វីតិចតួចមិនមាន ដូច្នេះ នេះហៅថា ការកន្លង នូវ​វិញ្ញាណញ្ចាយតនៈ​នោះ។ ម្នាលឧទាយី តថាគត ពោលនូវ​អាកិញ្ចញ្ញាយតនៈ​ នេះឯងថា មិនទាន់ល្មមទេ តថាគតពោលថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លង​ឲ្យផុត​ចេញ។ ចុះការកន្លង នូវអាកិញ្ចញ្ញាយតនៈ​នោះ​ តើ​ដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនានេះ កន្លង នូវអាកិញ្ចញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់​នេវសញ្ញានាសញ្ញាយតនៈ នេះហៅថា ការកន្លង នូវអាកិញ្ចញ្ញាយតនៈនោះ។ ម្នាល​ឧទាយី តថាគត ពោលនូវ​នេវសញ្ញានាសញ្ញាយតនៈ​ នេះឯងថា មិនទាន់ល្មមទេ តថាគត​ពោល​ថា អ្នកទាំងឡាយ ចូរលះបង់ចេញ ពោលថា អ្នកទាំងឡាយ ចូរកន្លងឲ្យផុតចេញ។ ចុះការកន្លង នូវនេវសញ្ញានាសញ្ញាយតនៈនោះ​ តើ​ដូចម្តេច ម្នាលឧទាយី ភិក្ខុក្នុងសាសនា​នេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយប្រការទាំងពួង ហើយចូលកាន់​សញ្ញាវេទយិតនិរោធ (រលត់​សញ្ញាព្រមទាំងវេទនា) នេះហៅថា ការកន្លងនូវ​នេវសញ្ញា​នាសញ្ញាយតនៈនោះ។ ម្នាលឧទាយី តថាគត ពោលនូវការលះបង់ នេវសញ្ញានាសញ្ញា​យតនៈ ដូច្នេះឯង។ ម្នាលឧទាយី តថាគតពោល នូវការលះបង់សំយោជនៈណា អ្នកឃើញ​សំយោជនៈ​ទាំងតូច ទាំងធំនោះ ឬទេ។ ឧទាយីក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន មិនឃើញទេ។ លុះព្រះមានព្រះភាគ បានត្រាស់ព្រះសូត្រនេះ​ចប់ហើយ ព្រះឧទាយីមានអាយុ ក៏មាន​ចិត្ត​ត្រេកអរ រីករាយ ចំពោះភាសិតរបស់​ព្រះមានព្រះភាគ។

ចប់ លដុកិកោបមសូត្រ ជាគំរប់៦។

ចាតុមសូត្រ ទី៧

(៧. ចាតុមសុត្តំ)

[១៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​អាមលកីវ័ន (ព្រៃកន្ទួតព្រៃ) ក្នុងស្រុកចាតុមា។ ក៏សម័យនោះ ពួកភិក្ខុប្រមាណ​៥០០រូប មាន​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាន និមន្តទៅដល់ស្រុក ចាតុមា ដើម្បីគាល់​ព្រះមានព្រះភាគ។ ក៏ឯពួក​ភិក្ខុអាគន្តុកៈអម្បាលនោះ ក៏និយាយរាក់ទាក់ មួយអន្លើ​ដោយ​ពួក​នេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំទុកដាក់បាត្រចីវរ មាន​សំឡេង​​គឹកកង សំឡេងអ៊ូអា។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅព្រះអានន្ទ​មានអាយុមកសួរថា ម្នាលអានន្ទ ចុះសំឡេងគឹកកងអ៊ូអាទាំងនុ៎ះ តើជាសំឡេងអ្វី ហាក់​ដូចជាពួកព្រានសំណាញ់ ដណ្តើមចាប់ត្រី ដូច្នោះ។ ព្រះអានន្ទក្រាបបង្គំទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ពួក​ភិក្ខុប្រមាណ ៥០០រូប មាន​ព្រះសារីបុត្ត និង​ព្រះមោគ្គល្លាន​ជា​ប្រធាននុ៎ះ មកដល់ស្រុកចាតុមា ដើម្បីគាល់​ព្រះមានព្រះភាគ ពួកអាគន្តុកភិក្ខុ​អម្បាល​នោះ ក៏និយាយរាក់ទាក់ មួយអន្លើ​ ដោយ​ពួក​នេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ​ឲ្យ​ក្រាល​អាសនៈ ឲ្យរៀបចំទុកដាក់បាត្រ និងចីវរ ទើបមាន​សំឡេង​គឹកកង អ៊ូអា ដូច្នេះ។ ព្រះអង្គត្រាស់ថា ម្នាលអានន្ទ បើដូច្នោះ អ្នកចូរហៅភិក្ខុទាំងឡាយមក តាមពាក្យរបស់តថាគតថា ព្រះ​សាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ព្រះអានន្ទមានអាយុ ទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយក៏ចូល​ទៅរក​ពួកភិក្ខុ​ទាំង​នោះ លុះចូលទៅដល់ហើយ បាននិយាយ នឹងភិក្ខុទាំងនោះ យ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់​ពាក្យ​ព្រះអានន្ទ​ មានអាយុថា ករុណា លោកមានអាយុ ហើយក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូល​ទៅដល់ហើយ ថ្វាយបង្គំ​ព្រះមានព្រះភាគ រួច​អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយ​ក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុ​ទាំងឡាយ ដូចម្តេច បានជាអ្នកទាំងឡាយ មានសំឡេង​គឹកកង អ៊ូអា បីដូចជាពួក​ព្រាន​សំណាញ់ ដណ្តើមចាប់ត្រី ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រមាណ ៥០០រូប មាន​ព្រះសារីបុត្ត និងព្រះមោគ្គល្លាន ជាប្រធាននេះ មកដល់​ស្រុក​ចាតុមា ដើម្បីនឹងគាល់​ព្រះមានព្រះភាគ អាគន្តុកភិក្ខុអម្បាលនោះ ក៏និយាយ​រាក់ទាក់ ជាមួយ​ពួក​នេវាសិកភិក្ខុ ប្រើគ្នានឹងគ្នា ឲ្យក្រាលសេនាសនៈ ឲ្យរៀបចំ​ទុកដាក់​បាត្រចីវរ ទើបមាន​សំឡេង​គឹកកង អ៊ូអា ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរទៅទៅ តថាគត បណ្តេញ​អ្នក​ទាំង​ឡាយ អ្នកទាំងឡាយ មិនគួរនៅ ក្នុងសំណាក់​តថាគតទេ។ ភិក្ខុអម្បាលនោះ ទទួលស្តាប់​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយក្រោកចាកអាសនៈ ថ្វាយបង្គំ​លា​ព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ហើយរៀបចំទុកដាក់សេនាសនៈ ហើយកាន់​យកបាត្រ និងចីវរ ចៀស​ចេញទៅ។

[១៨៧] ក៏សម័យនោះ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា ប្រជុំគ្នា ក្នុងរោងភាក់​អាស្រ័យដោយកិច្ច ដែលគួរធ្វើណាមួយ។ លុះសក្យៈទាំងឡាយ អ្នកស្រុកចាតុមា បានឃើញភិក្ខុទាំងឡាយ​នោះ កំពុងដើរមកពីចម្ងាយ លុះឃើញច្បាស់ហើយ បានចូល​ទៅរកភិក្ខុទាំងអម្បាលនោះ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះ នឹងភិក្ខុ​ទាំង​អម្បាលនោះថា បពិត្រលោកមានអាយុ​ទាំងឡាយ លោកទាំងឡាយនិមន្តទៅណា។ ម្នាលអាវុសោ ព្រះមានព្រះភាគ បានបណ្តេញភិក្ខុសង្ឃទៅហើយ។ បពិត្រលោកមាន​អាយុទាំងឡាយ បើដូច្នោះ សូមលោកទាំងឡាយ និមន្តគង់មួយរំពេចសិន ក្រែង​ជួនជា​យើងទាំងឡាយ សំរួលព្រះទ័យ​ព្រះមានព្រះភាគបាន។ ភិក្ខុទាំងនោះ ទទួលស្តាប់​សក្យៈ​ទាំងឡាយ អ្នកស្រុកចាតុមាថា ថ្វាយព្រះពរ សក្យៈមានអាយុ។ លំដាប់នោះ សក្យៈទាំងឡាយ អ្នកស្រុកចាតុមា បានចូលទៅគាល់ព្រះមានព្រះភាគ លុះចូល​ទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះ​សក្យៈទាំងឡាយ អ្នកស្រុកចាតុមា គង់ក្នុងទីសមគួរហើយ បានក្រាបទូលពាក្យនេះ នឹង​ព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រេកអរ (នឹង​ការចូល​មកវិញ នៃភិក្ខុ​សង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថា​ចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមានព្រះភាគ ធ្លាប់ទ្រង់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូម​ព្រះមានព្រះភាគ ទ្រង់អនុគ្រោះ​ភិក្ខុសង្ឃ យ៉ាងនោះទៀត បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ​ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុទាំងឡាយនោះ មិនបាន​ជួបនឹងព្រះមានព្រះភាគហើយ មុខជា​នឹងមានសេចក្តីរាយមាយ និងសេចក្តី​ប្រែប្រួល​ពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចជា​ ពូជ​ទាំងឡាយដ៏ខ្ចី កាលមិនមានទឹកហើយ នឹងស្វិតស្រពោន ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយមិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប​ នឹងព្រះមានព្រះភាគ​ហើយ មុខជា​នឹងមានសេចក្តីរាយមាយ និងសេចក្តី​ប្រែប្រួល​ពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញ​មេហើយ មុខជានឹងស្គាំងស្គម ឬប្រែប្រួលយ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុដែល​មាន​ក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុ​ទាំងឡាយ​នោះ មិនបានជួប​​ នឹង​ព្រះមានព្រះភាគហើយ មុខជា​នឹងមានសេចក្តី​រាយ​មាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាង​នោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះ​ភាគ ត្រេកអរ (នឹងការចូលមកវិញ ​នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកវិញ) ចុះ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមានព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះភិក្ខុសង្ឃ យ៉ាងនោះទៀត។

[១៨៨] គ្រានោះ សហម្បតិព្រហ្ម បានជ្រាបសេចក្តីបរិវិតក្កៈ ក្នុងព្រះហឫទ័យ នៃព្រះមានព្រះភាគ ដោយចិត្ត (របស់ខ្លួន) ហើយក៏ស្រាប់តែបាត់ អំពីព្រហ្មលោកមួយ​រំពេច ហើយមកប្រាកដ នៅទីចំពោះព្រះភក្ត្រព្រះមានព្រះភាគ ហាក់ដូចបុរស មាន​កំឡាំង​ លាដៃដែលខ្លួនបត់ចូល ឬបត់ដៃដែលខ្លួនលាចេញ។ លំដាប់នោះ សហម្បតិ​ព្រហ្ម ធ្វើសំពត់ឧត្តរាសង្គៈ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ទៅរក​ព្រះមានព្រះភាគ ក្រាបទូលសេចក្តីនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រេកអរ (នឹងការចូលមក​ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមាន​ព្រះភាគ ធ្លាប់អនុគ្រោះហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ អនុគ្រោះភិក្ខុសង្ឃ ដោយប្រការ ​យ៉ាងនោះទៀត បពិត្រព្រះអង្គ​ដ៏ចំរើន ពួកភិក្ខុដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ មិនយូរប៉ុន្មាន ទើបតែមកកាន់​ធម្មវិន័យ​នេះ កាលបើភិក្ខុទាំងនោះ មិនបានជួប​ នឹង​ព្រះមានព្រះភាគហើយ មុខជានឹង​មាន​សេចក្តីរាយមាយ និងសេចក្តីប្រែប្រួលជាពុំខាន បពិត្រព្រះអង្គដ៏ចំរើន ដូចពូជ​ទាំងឡាយ​ ដ៏ខ្ចី កាលមិនបានទឹកហើយ នឹងមានការស្វិត​ស្រពោន ឬនឹងមានដំណើរ​ប្រែប្រួល​ពុំខាន យ៉ាងណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែល​មានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរប៉ុន្មាន ទើបតែនឹងមកកាន់​ធម្មវិន័យនេះ កាលភិក្ខុទាំងនោះ មិនបានជួប​ នឹងព្រះមានព្រះភាគ​ហើយ មុខជា​នឹងមានសេចក្តីរាយមាយ និងសេចក្តី​ប្រែប្រួលពុំខាន យ៉ាងនោះឯង បពិត្រព្រះអង្គ​ដ៏ចំរើន ដូចកូនគោតូច កាលមិនឃើញ​មេ​ហើយ នឹងមានការស្គាំងស្គម ឬប្រែប្រួលពុំខាន​ ​យ៉ាង​ណា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុ ដែលមានក្នុងទីនេះ ជាភិក្ខុថ្មី បួសហើយ​មិនយូរ​ប៉ុន្មាន ទើបតែមកកាន់​ធម្មវិន័យនេះ កាលបើភិក្ខុទាំងនោះ មិនបានជួប​ នឹង​ព្រះមានព្រះភាគ​ហើយ មុខជា​នឹងមានសេចក្តី​រាយមាយ និងសេចក្តីប្រែប្រួលពុំខាន យ៉ាង​នោះឯង បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រេកអរ (នឹងការចូល​មក​ នៃភិក្ខុសង្ឃ) បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមាន​ព្រះភាគ ត្រាស់នឹងភិក្ខុសង្ឃ (ថាចូរមកចុះ) បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃដែល​ព្រះមានព្រះភាគ ធ្លាប់អនុគ្រោះ​ហើយ ក្នុងកាលមុន ដោយប្រការយ៉ាងណា ឥឡូវនេះ សូមព្រះមានព្រះភាគ ទ្រង់អនុគ្រោះ​ភិក្ខុសង្ឃ ដោយប្រការ​យ៉ាងនោះទៀត។ សក្យៈទាំងឡាយ អ្នកស្រុក​ចាតុមា និងសហម្បតិព្រហ្ម អាចធ្វើព្រះមានព្រះភាគ ឲ្យត្រេកអរបាន ដោយពាក្យប្រៀបធៀប​ នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូន​គោ​តូចផង។

[១៨៩] លំដាប់នោះ ព្រះមហាមោគ្គល្លានមានអាយុ បានប្រាប់ភិក្ខុទាំងឡាយថា ម្នាលអាវុសោ អ្នកទាំងឡាយ ចូរក្រោក កាន់បាត្រ និងចីវរឡើង ដ្បិតសក្យៈទាំងឡាយ អ្នកស្រុកចាតុមា និងសហម្បតិព្រហ្ម បានសម្រួលព្រះទ័យព្រះមានព្រះភាគ ដោយ​​ពាក្យប្រៀបធៀប​ នឹងពូជផង ដោយពាក្យប្រៀបធៀប នឹងកូនគោតូចផង។ ភិក្ខុទាំងនោះ ទទួលស្តាប់​ព្រះមហាមោគ្គល្លាន មានអាយុថា ករុណា លោកមានអាយុ ហើយក៏​ក្រោក​ចាកអាសនៈ កាន់យកបាត្រ ចីវរហើយ ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ កាលដែល​ព្រះសារីបុត្ត​មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​យ៉ាង​នេះថា ម្នាលសារីបុត្ត កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញហើយ តើអ្នកមានគំនិត​ដូចម្តេច។ ព្រះសារីបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញហើយ ខ្ញុំព្រះអង្គ មានគំនិតយ៉ាងនេះថា សូមព្រះមានព្រះភាគ មាន​សេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ សូម្បីខ្ញុំព្រះអង្គទាំងឡាយ ក៏​មានសេចក្តីខ្វល់ខ្វាយតិច ប្រកប​រឿយៗ នូវធម៌ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះដែរ។ ម្នាលសារីបុត្ត អ្នកចូរឈប់សិនចុះ ម្នាលសារីបុត្ត អ្នកចូរឈប់សិន​ចុះ ម្នាលសារីបុត្ត គំនិតរបស់អ្នក មានសភាពយ៉ាងនេះ មិនគួរឲ្យ​កើតឡើងទៀតទេ។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរព្រះមហាមោគ្គល្លាន​មានអាយុថា ម្នាលមោគ្គល្លាន កាលបើភិក្ខុសង្ឃ ដែលតថាគតបណ្តេញចេញហើយ តើអ្នកមានគំនិត​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុសង្ឃ ដែលព្រះមានព្រះភាគ ទ្រង់បណ្តេញចេញហើយ ខ្ញុំព្រះអង្គ មានគំនិត​យ៉ាងនេះថា សូមព្រះមានព្រះភាគ មានសេចក្តីខ្វល់ខ្វាយតិច ទ្រង់ប្រកបរឿយៗ នូវធម៌ ជាគ្រឿង​នៅជាសុខ ក្នុងបច្ចុប្បន្ន ក្នុងកាលឥឡូវនេះចុះ ឯខ្ញុំព្រះអង្គ និងព្រះសារីបុត្ត​មានអាយុ នឹងគ្រប់គ្រង​ភិក្ខុសង្ឃ​ជំនួសព្រះអង្គ។ ម្នាលមោគ្គល្លាន ប្រពៃហើយ ម្នាលមោគ្គល្លាន ដ្បិតថា តថាគតក្តី សារីបុត្តក្តី មោគ្គល្លានក្តី គួរគ្រប់គ្រង​ភិក្ខុ​សង្ឃមែនហើយ។

[១៩០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាល​ភិក្ខុ​ទាំងឡាយ ភ័យទាំងឡាយនេះ មាន៤យ៉ាង តែងមានចំពោះ​បុគ្គល​ អ្នកចុះទឹក ភ័យ៤​យ៉ាងនោះ ដូចម្តេចខ្លះ ភ័យ៤យ៉ាងគឺ ភ័យកើតពីរលក១ ភ័យកើតពីក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង តែងមានចំពោះបុគ្គលអ្នកចុះទឹក ម្នាលភិក្ខុទាំងឡាយ ភ័យ៤យ៉ាង តែងមានចំពោះ​បុគ្គល​ពួកខ្លះ ក្នុងលោកនេះ ដែលចេញចាកផ្ទះហើយ ចូលមកកាន់ផ្នួស ក្នុងធម្មវិន័យ នេះដែរ ភ័យ៤យ៉ាងនោះ តើដូចម្តេចខ្លះ គឺភ័យកើតពីរលក១ ភ័យកើតពី​ក្រពើ១ ភ័យកើតពីអន្លង់ទឹក១ ភ័យកើតពីត្រីសាហាវ១។

[១៩១] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីរលក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកខ្លះ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលទៅកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងឧបាយាសៈ គឺសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខ​គ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់​ប្រាកដបាន។ កាលពួកកុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែងទូន្មាន​ប្រៀនប្រដៅ យ៉ាងនេះថា អ្នកគប្បីឈានទៅខាងមុខ យ៉ាងនេះ អ្នកគប្បី​ឈានថយក្រោយ យ៉ាងនេះ អ្នកគប្បីក្រឡេក​មើលទៅខាងមុខ យ៉ាងនេះ អ្នកគប្បីងាកឆ្វេង ងាកស្តាំ យ៉ាងនេះ អ្នកគប្បីអង្កុញ យ៉ាងនេះ អ្នកគប្បីសណ្តូក យ៉ាងនេះ អ្នកគប្បីទ្រទ្រង់សំពត់សង្ឃាដិ បាត្រចីវរ យ៉ាងនេះ។ កុលបុត្រនោះ មានសេចក្តី​ត្រិះរិះ​ យ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ តែងទូន្មានប្រៀនប្រដៅជន​ទាំងឡាយ​ដទៃ ឯសព្រហ្មចារីបុគ្គលទាំងឡាយនេះ ប្រហែលនឹងកូនចៅ របស់យើង ស្មានថា យើងជាបុគ្គល​គួរ​ទូន្មាន ប្រៀនប្រដៅបាន។ កុលបុត្រនោះ ក៏លាសិក្ខា វិល​ត្រឡប់​​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីរលក បានជាពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីរលក នុ៎ះជាឈ្មោះ នៃសេចក្តី​ក្រោធ និង​ឧបាយាសៈ។

[១៩២] ម្នាលភិក្ខុទាំងឡាយ ភ័យកើតអំពីក្រពើ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះហើយ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខទាំងអស់នេះ នឹងច្បាស់ប្រាកដបាន។ កាលដែល​កុលបុត្រនោះ បួសហើយ សព្រហ្មចារីបុគ្គលទាំងឡាយ តែង​ទូន្មានប្រៀនប្រដៅ​ យ៉ាង​នេះ​ថា របស់នេះអ្នកគួរទំពា របស់នេះ អ្នកមិនគួរទំពា របស់នេះ អ្នកគួរឆាន់ របស់នេះ អ្នក​មិនគួរឆាន់ របស់នេះ អ្នកគួរជញ្ជក់ជញ្ជាប់ របស់នេះ អ្នកមិនគួរជញ្ជក់ជញ្ជាប់ របស់នេះ អ្នកគួរក្រេបផឹក របស់នេះ អ្នកមិនគួរក្រេបផឹក (របស់នេះ) ជាកប្បិយវត្ថុ អ្នកគួរទំពា ជាអកប្បិយវត្ថុ អ្នកមិនគួរទំពា ជាកប្បិយវត្ថុ អ្នកគួរឆាន់ ជាអកប្បិយវត្ថុ អ្នកមិនគួរឆាន់ ជាកប្បិយវត្ថុ អ្នកគួរជញ្ជក់ជញ្ជាប់ ជាអកប្បិយវត្ថុ អ្នកមិនគួរជញ្ជក់ជញ្ជាប ជាកប្បិយវត្ថុ អ្នកគួរក្រេបផឹក ជាអកប្បិយវត្ថុ អ្នកមិនគួរក្រេបផឹក របស់នេះគួរទំពាក្នុងកាល (គឺតាំងពី​ព្រឹក ដល់ថ្ងៃត្រង់) របស់នេះ អ្នកមិនគួរទំពា ក្នុងវិកាល (គឺតាំងពីថ្ងៃជ្រេទៅ) របស់នេះ អ្នកគួរឆាន់ក្នុងកាល របស់នេះ អ្នកមិនគួរឆាន់ក្នុងវិកាល របស់នេះ អ្នកគួរជញ្ជក់ជញ្ជាបក្នុងកាល របស់នេះ អ្នកមិនគួរជញ្ជក់ជញ្ជាបក្នុងវិកាល របស់នេះអ្នកគួរក្រេបផឹកក្នុងកាល របស់នេះអ្នកមិនគួរ​ក្រេបផឹកក្នុងវិកាល។ កុលបុត្រនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា កាលពីមុន យើងនៅជាគ្រហស្ថ យើងចង់របស់ណា ក៏ទំពារបស់នោះបាន យើងមិនចង់​របស់​ណា ក៏មិនទំពារបស់នោះ យើងចង់​របស់ណា ក៏បរិភោគរបស់នោះបាន យើងមិនចង់របស់ណា ក៏មិនបរិភោគរបស់នោះ យើងចង់​របស់ណា ក៏​ជញ្ជក់ជញ្ជាបរបស់នោះ យើងមិនចង់របស់ណា ក៏មិនជញ្ជក់ជញ្ជាបរបស់នោះ យើងចង់របស់ណា ក៏ក្រេបផឹក​របស់នោះ យើងមិនចង់របស់ណា ក៏មិនក្រេបផឹករបស់នោះ យើងទំពា នូវរបស់ដែលគួរក៏បាន យើងទំពានូវរបស់ ដែលមិនគួរក៏បាន យើងបរិភោគ នូវរបស់ដែលគួរក៏បាន យើងបរិភោគ នូវរបស់ដែលមិនគួរក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ដែលគួរក៏បាន យើងជញ្ជក់​ជញ្ជាប នូវរបស់ដែលមិនគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលគួរក៏បាន យើងក្រេបផឹក នូវរបស់ដែលមិនគួរក៏បាន យើងទំពា នូវរបស់ក្នុងកាលក៏បាន យើងទំពា នូវរបស់ក្នុងវិកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងកាលក៏បាន យើងបរិភោគ នូវរបស់ក្នុងវិកាលក៏បាន យើងជញ្ជក់ជញ្ជាប នូវរបស់ក្នុងកាលក៏បាន យើងជញ្ជក់ជញ្ជាបរបស់ ក្នុងវិកាលក៏បាន យើងក្រេបផឹករបស់ ក្នុងកាលក៏បាន យើងក្រេបផឹករបស់ ក្នុងវិកាលក៏បាន មួយវិញទៀត គហបតីទាំងឡាយ មានសទ្ធា តែង​ឲ្យរបស់ដែលគួរឆាន់ គួរបរិភោគ ដ៏ប្រណីតណា ដល់យើងទាំងឡាយ ក្នុងវេលាព្រឹក (ឬ) ក្នុងវេលាថ្ងៃរសៀល លោកអម្បាលនោះ ហាក់ដូចជាធ្វើកិរិយាហាមឃាត់មាត់យើង ក្នុងរបស់ទាំងនោះ។ កុលបុត្រនោះ ក៏ពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីក្រពើ បានជាពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យអំពីក្រពើ នុ៎ះ ជាឈ្មោះរបស់បុគ្គល ដែលឃើញតែត្រង់​ការបំពេញផ្ទៃ​ប៉ុណ្ណោះ។

[១៩៣] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីអន្លង់ទឹក តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខរួបរឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតទុក្ខ ទាំងអស់នេះ នឹងប្រាកដបាន។ កាលដែល​កុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបាន​រក្សា​វាចា មិនបាន​តំកល់​ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំង​មិនបាន​សង្រួម​ឥន្ទ្រិយ ទាំងឡាយឡើយ។ កុលបុត្តនោះ ឃើញគហបតីក្តី គហបតិបុត្តក្តី ក្នុងស្រុកនោះ ឬនិគមនោះ ដែល​កំពុង​តែឆ្អែត ស្កប់ស្កល់ មូលមិត្តផ្តេកផ្តិត ដោយកាមគុណទាំង៥។ កុលបុត្តនោះ ក៏មាន​សេចក្តីត្រិះរិះ យ៉ាងនេះថា ពីមុនយើងនៅជាគ្រហស្ថ តែងឆ្អែតស្កប់ស្កល់ មូលមិត្រ​ផ្តេកផ្តិត ដោយកាមគុណ៥ ទាំងភោគសម្បត្តិ ក្នុងត្រកូលរបស់យើង ក៏មានព្រម យើងអាច​នឹងបរិភោគភោគសម្បត្តិ និងធ្វើបុណ្យទាំងឡាយបានដែរ។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រនេះ តថាគតពោលថា មានភ័យអំពីអន្លង់ទឹក បានជាពោលលាសិក្ខា វិលត្រឡប់​​ទៅ​កាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើត​អំពីអន្លង់ទឹក នុ៎ះជាឈ្មោះ នៃកាមគុណទាំង៥។

[១៩៤] ម្នាលភិក្ខុទាំងឡាយ ភ័យកើតពីត្រីសាហាវ តើដូចម្តេច ម្នាលភិក្ខុទាំង​ឡាយ កុលបុត្តពួកមួយ ក្នុងធម្មវិន័យនេះ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយសទ្ធា គិតថា អាត្មាអញ មានជាតិ ជរា មរណៈ និងសេចក្តីសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីខ្លោចផ្សាចិត្តគ្របសង្កត់ ឈ្មោះថា មានទុក្ខគ្របសង្កត់ មានទុក្ខ​រួបរឹត​ហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុត នៃកងទុក្ខទាំងអស់នេះ នឹងប្រាកដបាន។ កាលដែល​កុលបុត្រនោះ បួសយ៉ាងនេះហើយ ក្នុងវេលាព្រឹកព្រហាម ក៏ស្លៀកស្បង់ ប្រដាប់បាត្រ ចីវរ ចូលទៅកាន់ស្រុក ឬនិគម ដើម្បីបិណ្ឌបាត តែមិនបានរក្សាកាយ មិនបាន​រក្សា​វាចា មិនបាន​តំកល់​ស្មារតី ឲ្យខ្ជាប់ខ្ជួន ទាំង​មិនបាន​សង្រួម​ឥន្ទ្រិយ​ទាំងឡាយ។ កុលបុត្តនោះ បានឃើញមាតុគ្រាម ក្នុងស្រុក ឬនិគមនោះ ដែលមានសំពត់​ស្លៀក​​មិនស្រួល មានសំពត់​ដណ្តប់មិនស្រួល សេចក្តីតំរេក ក៏ញុំាងចិត្ត ​របស់កុលបុត្ត​នោះ ឲ្យស្វិតស្រពោន ព្រោះ​ឃើញនូវមាតុគ្រាម ដែលមានសំពត់ស្លៀកមិនស្រួល ឬមានសំពត់ដណ្តប់មិនស្រួល។ កុលបុត្តនោះ ក៏ពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទ​ថោកទាប​វិញ ព្រោះចិត្តដែល​ស្វិតស្រពោនដោយរាគៈ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្រ​នេះ តថាគតពោលថា មាន​ភ័យអំពីត្រីសាហាវ បានជាពោលលាសិក្ខា វិលត្រឡប់​ទៅកាន់​ភេទថោកទាបវិញ។ ម្នាលភិក្ខុទាំងឡាយ ពាក្យថា ភ័យកើតអំពីត្រីសាហាវ នុ៎ះជាឈ្មោះ នៃមាតុគ្រាម។ ម្នាលភិក្ខុទាំងឡាយ ភ័យទាំង៤នេះឯង ដែលកើតមាន ចំពោះបុគ្គលពួកមួយ ក្នុង​សាសនានេះ ជាបព្វជិត ដែលចេញ​ចាកផ្ទះ ចូលកាន់ផ្នួស ក្នុងធម្មវិន័យនេះ។ លុះ​ព្រះមានព្រះភាគ ទ្រង់ត្រាស់​ភាសិតនេះចប់ហើយ ភិក្ខុទាំង​អម្បាល​នោះ ក៏មាន​សេចក្តី​ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ចាតុមសូត្រ ទី៧។

នឡកបានសូត្រ ទី៨

(៨. នឡកបានសុត្តំ)

[១៩៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​ព្រៃចារ ទៀបស្រុកនឡកបានៈ61) ក្នុងដែនកោសល។ ក៏សម័យនោះ កុលបុត្តទាំងឡាយច្រើនរូប ជាអ្នកមានកេរ្តិឈ្មោះប្រាកដជាងគេ ចេញចាកផ្ទះ ចូលមក​កាន់ផ្នួស ដោយសទ្ធា ឧទ្ទិសព្រះមានព្រះភាគ គឺព្រះអនុរុទ្ធមានអាយុ១ ព្រះភទ្ទិយៈ​មានអាយុ១ ព្រះកិម្ពិលៈមានអាយុ១ ព្រះភគ្គុមានអាយុ១ ព្រះកោណ្ឌញ្ញៈមានអាយុ១ ព្រះរេវតៈមានអាយុ១ ព្រះអានន្ទមានអាយុ១ និងកុលបុត្តទាំងឡាយ ដែលមាន​កេរ្តិ​ឈ្មោះប្រាកដជាងគេដទៃទៀត។ ក៏សម័យនោះឯង ព្រះមានព្រះភាគ មានភិក្ខុសង្ឃ​ជាបរិវារ ទ្រង់គង់ក្នុងទីវាល។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ប្រារព្ធនូវកុលបុត្ត​ទាំងឡាយ ហើយត្រាស់ហៅពួកភិក្ខុមកសួរថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមក​កាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ភិក្ខុទាំងឡាយ ក៏នៅស្ងៀម។ ព្រះមានព្រះភាគ ទ្រង់ប្រារព្ធ​កុលបុត្តទាំងនោះ ទើបត្រាស់សួរពួកភិក្ខុអស់​វារៈពីរដងថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមក​កាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងអម្បាលនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ភិក្ខុអម្បាលនោះ ក៏នៅស្ងៀម អស់វារៈ​ពីរដងទៀត។ ព្រះមានព្រះភាគ ទ្រង់ប្រារព្ធ​កុលបុត្តទាំងនោះ ទើបត្រាស់សួរពួកភិក្ខុអស់​វារៈបីដងថា ម្នាលភិក្ខុទាំងឡាយ កុលបុត្តទាំងឡាយណា ចេញចាកផ្ទះ ចូលមក​កាន់ផ្នួសហើយ ដោយសទ្ធា ឧទ្ទិសតថាគត ម្នាលភិក្ខុទាំងឡាយ ភិក្ខុអម្បាលនោះ ត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ភិក្ខុអម្បាលនោះ ក៏ស្ងៀមអស់វារៈបីដងទៀត។

[១៩៦] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះថា បើដូច្នោះ គួរតែ​តថាគត សួរ​កុលបុត្តអម្បាលនោះឯង។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរ​ព្រះអនុរុទ្ធ​មានអាយុថា ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយត្រេកអរហើយ ក្នុងព្រហ្មចរិយៈខ្លះដែរឬទេ។ ឱព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គត្រេកអរ ក្នុងព្រហ្មចរិយៈ។ ម្នាលពួកអនុរុទ្ធ ប្រពៃហើយ ប្រពៃហើយ ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយត្រេកអរហើយ ក្នុងព្រហ្មចរិយៈ ដោយ​ហេតុណា ហេតុនុ៎ះឯង សមគួរដល់អ្នកទាំងឡាយ ដែលជាកុលបុត្ត ចេញចាកផ្ទះ ចូល​កាន់ផ្នួស ដោយសទ្ធាហើយ ម្នាលពួកអនុរុទ្ធ ព្រោះថាអ្នកទាំងឡាយ ប្រកបដោយ​វ័យជាដំបូង ជាកំឡោះដ៏ចំរើន មានសក់ខ្មៅស្រិល គួរនឹងបរិភោគកាមទាំងឡាយ ព្រោះ​ហេតុណា ម្នាលពួកអនុរុទ្ធ ព្រោះហេតុនោះ អ្នកទាំងឡាយ កំពុងប្រកបដោយ​វ័យជា​ដំបូង ជាកំឡោះដ៏ចំរើន មានសក់ខ្មៅស្រិល ក៏ឆ្លៀតចេញចាកផ្ទះ ចូលមកកាន់ផ្នួស​បាន ម្នាលពួកអនុរុទ្ធ មួយវិញទៀត អ្នកទាំងឡាយនោះ មិនមែនព្រះរាជាទ្រង់គុំគួន ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ទេ មិនមែនចោរគុំគួន ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ទេ មិនមែនចំពាក់បំណុលគេ ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ទេ មិនមែនមានរឿងក្តី ហើយភ័យ ចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ទេ មិនវិបត្តិ​ដោយចិញ្ចឹមជីវិត ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួស​ទេ គឺពិតជា (អ្នកទាំងឡាយ គិតឃើញថា) ឱហ្ន៎ អាត្មាអញ ជាអ្នកត្រូវជាតិ ជរា មរណៈ សោកៈ បរិទេវៈ ទុក្ខៈ ទោមនស្សៈ និងឧបាយាសៈ គ្របសង្កត់ ឈ្មោះថា អ្នកមានទុក្ខគ្របសង្កត់ មានទុក្ខរួប​រឹតហើយ ឱធ្វើម្តេចហ្ន៎ ការធ្វើនូវទីបំផុតកងទុក្ខទាំងអស់នេះ នឹងប្រាកដបាន ម្នាលពួក​អនុរុទ្ធ ក្រែងអ្នកទាំងឡាយមានសទ្ធាយ៉ាងនេះ ហើយចេញចាកផ្ទះ ចូលមកកាន់ផ្នួសឬ។ ព្រះករុណាព្រះអង្គ។ ម្នាលពួក​អនុរុទ្ធ ចុះកុលបុត្តដែលបួសយ៉ាងនេះហើយ ត្រូវធ្វើកិច្ចអ្វីខ្លះ។ ម្នាលពួក​អនុរុទ្ធ (ប្រសិនបើ) បុគ្គលស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ តែនៅមិនទាន់បានដល់បីតិ និងសុខ ឬមិនទាន់បានដល់​សេចក្តី​សុខដទៃ ដែលស្ងាត់លើសជាង​បីតិ និងសុខនោះទេ។ អភិជ្ឈាក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ព្យាបាទក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ថីនមិទ្ធៈក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន វិចិកិច្ឆាក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ឧទ្ធច្ចកុក្កុច្ចៈក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន អរតិក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន សេចក្តីខ្ជិលច្រអូសក្តី តែងគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ម្នាលពួកអនុរុទ្ធ (ព្រោះថា) បុគ្គលនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ តែនៅមិនទាន់បានបីតិ និងសុខ ឬមិនទាន់​បាន​​​សេចក្តី​សុខដទៃ ដែលស្ងាត់លើសជាង​បីតិ និងសុខនោះ។ ម្នាលពួកអនុរុទ្ធ (បើ) បុគ្គល​ស្ងាត់​ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ បានដល់បីតិ និងសុខ ឬ​បាន​ដល់​​សេចក្តី​សុខដទៃ ដែលស្ងាត់លើសជាង​បីតិ និងសុខនោះហើយ។ អភិជ្ឈាក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ព្យាបាទក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គល​នោះ​បាន ថីនមិទ្ធៈក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ឧទ្ធច្ចកុក្កុច្ចៈក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន វិចិកិច្ឆាក្តី មិនគ្របសង្កត់ចិត្តរបស់​បុគ្គល​នោះបាន អរតិក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន សេចក្តីខ្ជិលច្រអូសក្តី មិនគ្របសង្កត់ចិត្ត របស់បុគ្គលនោះបាន ម្នាលពួកអនុរុទ្ធ (ព្រោះថា) បុគ្គលនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាក​អកុសលធម៌ទាំងឡាយ ហើយបានដល់នូវបីតិ និងសុខ ឬបានដល់​សេចក្តី​សុខដទៃ ដែលស្ងាត់ជាង​បីតិ និងសុខនោះ។

[១៩៧] ម្នាលពួកអនុរុទ្ធ អ្នកទាំងឡាយមានសេចក្តីត្រិះរិះ ក្នុងតថាគតថា អាសវៈ​ទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់​ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា និងមរណៈ អាសវៈអម្បាលនោះ ព្រះតថាគត ពុំទាន់បានលះបង់ទេ ហេតុដូច្នោះ បានជាព្រះតថាគត ដឹងហើយទើប​សេពរបស់ខ្លះ (ដែលគួរសេព) ដឹងហើយទើបអត់សង្កត់របស់ខ្លះ (ដែល​គួរអត់សង្កត់) ដឹងហើយទើបវៀរ​របស់ខ្លះ (ដែល​គួរវៀរ) ដឹងហើយ​ទើបបន្ទោបង់របស់ខ្លះ (ដែលគួរ​បន្ទោបង់) ដូច្នេះឬ។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គ នឹងបានត្រិះរិះ ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា អាសវៈទាំងឡាយណា នាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់​ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទី​តាំង​នៃ​ជាតិ ជរា មរណៈ អាសវៈអម្បាលនោះ ព្រះតថាគត មិនទាន់បានលះបង់ទេ ហេតុដូច្នោះ បានជាព្រះតថាគត ទ្រង់ជ្រាបហើយទើប​សេពរបស់ខ្លះ ទ្រង់ជ្រាបហើយ ទើបអត់សង្កត់របស់ខ្លះ ទ្រង់ជ្រាបហើយ ទើបវៀរ​របស់ខ្លះ ទ្រង់ជ្រាបហើយ​ទើបបន្ទោបង់របស់ខ្លះ ដូច្នេះក៏ទេ បពិត្រព្រះអង្គដ៏ចំរើន តែពួកខ្ញុំព្រះអង្គ មានសេចក្តី​ត្រិះរិះ ចំពោះ​ព្រះមានព្រះភាគ យ៉ាងនេះថា អាសវៈទាំងឡាយណា នាំមកនូវ​សេចក្តី​សៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់​ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ អាសវៈអម្បាលនោះ ព្រះតថាគត ទ្រង់លះបង់​បានហើយ ហេតុដូច្នោះ បានជាព្រះតថាគត ទ្រង់ជ្រាបហើយ ទើប​សេពរបស់ខ្លះ ទ្រង់ជ្រាបហើយ ទើបអត់សង្កត់របស់ខ្លះ ទ្រង់ជ្រាបហើយ ទើបវៀរ​របស់ខ្លះ ទ្រង់ជ្រាបហើយ​ទើបបន្ទោបង់​របស់ខ្លះ ដូច្នេះឯង។ ម្នាលពួកអនុរុទ្ធ ប្រពៃហើយ ប្រពៃហើយ ម្នាលពួកអនុរុទ្ធ អាសវៈ​ទាំងឡាយណា ដែលនាំមក នូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តី​ក្រវល់​ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃជាតិ ជរា មរណៈ អាសវៈអម្បាលនោះ តថាគត បានលះបង់ហើយ បានផ្តាច់ផ្តិលឫសគល់អស់ហើយ បានធ្វើវត្ថុសម្រាប់​កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀត ជាធម៌លែងមានបែបភាពតទៅទៀត ជាធម៌មិនមានកំណើត​ទៅខាងមុខទៀត ម្នាលពួកអនុរុទ្ធ ដូចជាដើមត្នោត កំបុតក មិនគួរដុះឡើងវិញបាន យ៉ាងណា ម្នាលពួកអនុរុទ្ធ អាសវៈទាំងឡាយណា ដែលនាំមកនូវសេចក្តីសៅហ្មង នំាមកនូវភពថ្មី ប្រកបដោយសេចក្តីក្រវល់​ក្រវាយ មានវិបាក ជាទុក្ខតទៅ ជាទីតាំងនៃ​ជាតិ ជរា មរណៈ (អាសវៈទាំងនោះ) តថាគត លះបង់ហើយ បានផ្តាច់ផ្តិលឫសគល់​អស់ហើយ បានធ្វើវត្ថុសម្រាប់​កើតទៀត ឲ្យអស់រលីង ដូចជាដើមត្នោត ដែលគេក្របែល គាស់រំលើង ឲ្យលែងដុះតទៅទៀត ជាធម៌លែងមានបែបភាពតទៅទៀតហើយ ជាធម៌មិនមានកំណើត​តទៅខាងមុខទៀតទេ យ៉ាងនោះឯង ព្រោះហេតុនោះ បានជា​តថាគតដឹងហើយ ទើបសេពរបស់ខ្លះ ដឹងហើយ ទើបអត់សង្កត់របស់ខ្លះ ដឹងហើយ ទើបវៀររបស់ខ្លះ ដឹងហើយ ទើបបន្ទោបង់របស់ខ្លះ។

[១៩៨] ម្នាលពួកអនុរុទ្ធ អ្នកសំគាល់សេចក្តីនោះដូចម្តេច ព្រះតថាគត ឃើញ​ប្រយោជន៍ដូចម្តេច បានជាព្យាករក្នុងកំណើត របស់ពួកសាវ័ក ដែលធ្វើមរណ​កាលកន្លង​ទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ។ បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់ខ្ញុំព្រះអង្គទាំងឡាយ មានព្រះមានព្រះភាគ ជាមូល មានព្រះមានព្រះភាគ ជាអ្នកណែនាំ មានព្រះមានព្រះភាគ ជាទីពឹងអាស្រ័យ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ មេត្តាប្រោសបំភ្លឺ នូវសេចក្តី​នៃភាសិត​នុ៎ះ ភិក្ខុទាំងឡាយ បានស្តាប់ភាសិតរបស់ព្រះអង្គហើយ នឹងចងចាំទុកបាន។ ម្នាល​ពួកអនុរុទ្ធ តថាគត ព្យាករក្នុងកំណើត របស់ពួកសាវ័ក ដែលធ្វើមរណ​កាលកន្លង​ទៅហើយថា សាវ័កឯណោះ កើតក្នុងទីឯណោះ សាវ័កឯណោះ កើតក្នុងទីឯណោះ ដើម្បីឲ្យជន​ស្ញប់​ស្ញែងក៏ទេ ដើម្បីប្រលោមជនក៏ទេ ដើម្បីអានិសង្ស គឺលាភសក្ការៈ និងសេចក្តីសរសើរ​ក៏ទេ (ឬ) គិតថា ឲ្យគេស្គាល់តថាគត ក៏ទេ។ ម្នាល​ពួកអនុរុទ្ធ កុលបុត្តទាំងឡាយ មានសទ្ធា មាន​សេចក្តីត្រេកអរខ្លាំង មានបាមោជ្ជៈក្លៀវក្លា លុះកុលបុត្តអម្បាលនោះ បានស្តាប់​ព្យាករណ៍​នោះហើយ តែងបង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ ម្នាលពួកអនុរុទ្ធ ការ​ព្យាករណ៍​នោះ ប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់បុគ្គលទាំងឡាយនោះ អស់កាល​ជាយូរ​អង្វែង។

[១៩៩] ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មាន​មរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា បានឋិតនៅក្នុងអរហត្ត​ផលដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានធម៌យ៉ាង​នេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានវិហារធម៌​យ៉ាងនេះ ដូច្នេះខ្លះ លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះរលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់​លោកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុ​ឈ្មោះ​នេះ មាន​មរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាឱបបាតិកៈ​កំណើត (កើតក្នុងសុទ្ធាវាស) បរិនិព្វានក្នុងសុទ្ធាវាសនោះ មានសភាព​មិនត្រឡប់​ចាក​លោកនោះមកវិញឡើយ ព្រោះអស់ទៅនៃ​ឱរម្ភាគិយសំយោជនៈទាំងឡាយ​៥ ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​លោកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មាន​មរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើ​នូវទីបំផុតទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈទាំង​៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​លោកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌ របស់ភិក្ខុ។ ម្នាលពួកអនុរុទ្ធ ភិក្ខុក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុឈ្មោះនេះ មាន​មរណកាលធ្វើហើយ ភិក្ខុនោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈទាំង៣ ដូច្នេះ ភិក្ខុនោះ យល់ឃើញលោកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា លោកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… លោកមានអាយុនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​លោកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុ។

[២០០] ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មាន​មរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា បានឋិតនៅក្នុងអរហត្ត​ផលដូច្នេះ ភិក្ខុនីនោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានធម៌យ៉ាង​នេះ ដូច្នេះខ្លះ នាងនោះ មានបញ្ញា​យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិហារធម៌​យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិ​យ៉ាង​នេះ​ដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញារបស់​ភិក្ខុនីនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនី​ឈ្មោះ​នេះ មាន​មរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា មានសភាពជាឱបបាតិកៈ​កំណើត បរិនិព្វានក្នុងលោកនោះ មានសភាព​មិនត្រឡប់​ចាក​លោកនោះមកវិញឡើយ ព្រោះអស់ទៅនៃ​ឱរម្ភាគិយសំយោជនៈទាំង​៥ ដូច្នេះ ភិក្ខុនីនោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីល​យ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានធម៌យ៉ាង​នេះដូច្នេះខ្លះ នាងនោះមានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានវិហារធម៌​យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​ភិក្ខុនីនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មាន​មរណកាលធ្វើហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសកទាគាមិបុគ្គល មកកាន់​លោកនេះតែម្តងទៀត ហើយធ្វើ​នូវទីបំផុតទុក្ខ ព្រោះអស់ទៅនៃសំយោជនៈទាំង​៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ភិក្ខុនីនោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះខ្លះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​ភិក្ខុនីនោះ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។ ម្នាលពួកអនុរុទ្ធ ភិក្ខុនីក្នុងធម្មវិន័យនេះ រមែងឮថា ភិក្ខុនីឈ្មោះនេះ មាន​មរណកាល​ធ្វើ​ហើយ ភិក្ខុនីនោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសោតាបន្នបុគ្គល មានសភាព​មិនធ្លាក់​ចុះក្នុងអបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះ​អស់​ទៅនៃ​សំយោជនៈ៣ ដូច្នេះ ភិក្ខុនីនោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះដូច្នេះខ្លះ។ ភិក្ខុនីនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ភិក្ខុនីនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ភិក្ខុនី។

[២០១] ម្នាលពួកអនុរុទ្ធ ឧបាសក ក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសកឈ្មោះនេះ មាន​មរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា ជាឱបបាតិកៈ​កំណើត បរិនិព្វានក្នុងលោកនោះ មានសភាព​មិនត្រឡប់​ចាក​លោកនោះមកវិញឡើយ ព្រោះអស់ទៅនៃ​ឱរម្ភាគិយសំយោជនៈ​៥ ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នក​មានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានធម៌យ៉ាង​នេះ ដូច្នេះខ្លះ អ្នក​មានអាយុនោះ មានបញ្ញាយ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានវិហារធម៌​យ៉ាងនេះ ដូច្នេះខ្លះ អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញ​នូវ​​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​ឧបាសកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។ ម្នាលពួកអនុរុទ្ធ ឧបាសកក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសកឈ្មោះនេះ មាន​មរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើ​នូវទី​បំផុត​ទុក្ខ​ព្រោះអស់ទៅនៃសំយោជនៈ​៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ឧបាសក​នោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… អ្នកមានអាយុនោះ មានវិមុត្តិ​យ៉ាងនេះដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។ ម្នាលពួកអនុរុទ្ធ ឧបាសកក្នុងធម្មវិន័យនេះ បានឮថា ឧបាសកឈ្មោះនេះ មាន​មរណកាលធ្វើហើយ ឧបាសកនោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣ ដូច្នេះ ឧបាសកនោះ បានយល់ឃើញអ្នកមានអាយុនោះដោយខ្លួនឯង ឬបានឮតៗមកថា អ្នកមានអាយុនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… អ្នកមានអាយុនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសកនោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​ឧបាសកនោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសក។

[២០២] ម្នាលពួកអនុរុទ្ធ ឧបាសិកា ក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មាន​មរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់ព្យាករថា មានសភាពជាឱបបាតិកៈ​កំណើត បរិនិព្វានក្នុងលោកនោះ មានសភាព​មិនត្រឡប់​ចាក​លោកនោះមកវិញឡើយ ព្រោះអស់ទៅនៃ​ឱរម្ភាគិយសំយោជនៈ​ ​៥ ដូច្នេះ ឧបាសិកានោះ បានយល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ មានវិហារធម៌​យ៉ាងនេះ… នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញ​នូវ​​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលពួកអនុរុទ្ធ ឧបាសិកាក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មាន​មរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសកទាគាមិបុគ្គល នឹងមកកាន់​លោកនេះម្តងទៀត ហើយធ្វើ​នូវទី​បំផុត​ទុក្ខ​ព្រោះអស់ទៅនៃសំយោជនៈ​៣ មានរាគៈ ទោសៈ មោហៈ ស្រាលស្តើង ដូច្នេះ ឧបាសិកា​នោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះឯង មានសីល​យ៉ាងនេះ ដូច្នេះខ្លះ មានធម៌យ៉ាង​នេះ។បេ។ មានបញ្ញាយ៉ាងនេះ… មានវិហារធម៌​យ៉ាងនេះ… នាងនោះ មានវិមុត្តិ​យ៉ាងនេះដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់ឧបាសិកានោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលអនុរុទ្ធ ឧបាសិកាក្នុងធម្មវិន័យនេះ រមែងឮថា ឧបាសិកាឈ្មោះនេះ មាន​មរណកាលធ្វើហើយ ឧបាសិកានោះ ព្រះមានព្រះភាគ ទ្រង់​ព្យាករថា ជាសោតាបន្នបុគ្គល មានសភាពមិនធ្លាក់ចុះក្នុងអបាយ ជាបុគ្គល​ទៀង មានសម្ពោធិ ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ព្រោះអស់ទៅនៃ​សំយោជនៈ៣ ដូច្នេះ ឧបាសិកានោះ យល់ឃើញនាងនោះដោយខ្លួនឯង ឬបានឮតៗមកថា នាងនោះ មានសីលយ៉ាងនេះ ដូច្នេះខ្លះ នាងនោះមានធម៌យ៉ាង​នេះ ដូច្នេះខ្លះ នាងនោះ មានវិហារធម៌​យ៉ាងនេះ ដូច្នេះខ្លះ នាងនោះ មានវិមុត្តិយ៉ាងនេះ ដូច្នេះខ្លះ។ ឧបាសិកានោះ រលឹកឃើញនូវ​សទ្ធា សីលៈ សុតៈ ចាគៈ និងបញ្ញា របស់​ឧបាសិកានោះហើយ ក៏​បង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ។ ម្នាលពួកអនុរុទ្ធ យ៉ាងនេះ​ឯង ឈ្មោះថា ផាសុវិហារធម៌របស់ឧបាសិកា។ ម្នាលពួកអនុរុទ្ធ ហេតុដូច្នោះ បានជាតថាគត ព្យាករក្នុងកំណើតរបស់ពួកសាវ័ក ដែលធ្វើមរណកាលកន្លងទៅហើយថា សាវ័ក​ឯណោះ កើតក្នុងទីឯណោះ សាវ័ក​ឯណោះ កើតក្នុងទីឯណោះ ដើម្បីនឹងឲ្យ​ជនស្ញប់ស្ញែងក៏ទេ ដើម្បីនឹងប្រលោមជនក៏ទេ ដើម្បី​អានិសង្ស គឺលាភសក្ការៈ និងសេចក្តី​សរសើរក៏ទេ (ឬ) គិតថា ឲ្យគេស្គាល់តថាគតក៏ទេដែរ។ ម្នាលពួកអនុរុទ្ធ កុលបុត្តទាំង​ឡាយ អ្នកមានសទ្ធា មានសេចក្តីត្រេកអរខ្លាំង មានបាមោជ្ជៈក្លៀវក្លា កុលបុត្តអម្បាល​នោះ លុះបានស្តាប់នូវព្យាករណ៍នោះហើយ តែងបង្អោនចិត្តទៅ ដើម្បីភាពដូច្នោះ ម្នាលពួកអនុរុទ្ធ ការព្យាករណ៍នោះ (តែងប្រព្រឹត្តទៅ) ដើម្បីប្រយោជន៍ និងសេចក្តីសុខ ដល់កុលបុត្តទាំងឡាយនោះ អស់កាលជាយូរអង្វែង។ លុះព្រះមានព្រះភាគ ទ្រង់​ត្រាស់​ភាសិតនេះចប់ហើយ ព្រះអនុរុទ្ធមានអាយុ ក៏មានសេចក្តីពេញចិត្ត ត្រេកអរ ចំពោះ​ភាសិត​របស់ព្រះមានព្រះភាគ។

ចប់ នឡកបានសូត្រ ទី៨

គោលិស្សានិសូត្រ ទី៩

(៩. គោលិយានិសុត្តំ)

[២០៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង​វត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ទៀបក្រុងរាជគ្រឹះ។ ក៏សម័យនោះឯង មានភិក្ខុមួយរូប ឈ្មោះ គោលិស្សានិ ជាអ្នកសមាទាននូវអារញ្ញិកធុតង្គ ជាអ្នកមានមារយាទមិនរៀបរយ អង្គុយ​ក្នុងកណ្តាលជំនុំសង្ឃ ដោយកិច្ចណាមួយ។

[២០៤] លំដាប់នោះ ព្រះសារីបុត្តមានអាយុ ប្រារព្ធនូវ​គោលិស្សានិភិក្ខុ ហើយទើប​ពោលនឹងភិក្ខុទាំងឡាយថា ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុដែលសមាទាននូវ​អារញ្ញិកធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែប្រកបដោយ​សេចក្តីគោរព កោតក្រែង ចំពោះពួកសព្រហ្មចារីទាំងឡាយ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើ​ភិក្ខុអ្នកសមាទាន នូវ​អារញ្ញិកធុតង្គ កាលនឹងទៅកាន់​ទី​ប្រជុំសង្ឃ នៅក្នុង​កណ្តាលជំនុំសង្ឃ ជាអ្នកមិនគោរព មិនកោតក្រែង ចំពោះ​សព្រហ្មចារីហើយ ពួកជន​នឹង​ពោល​តិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោក​មានអាយុនេះ សមាទាន​អារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោក​មានអាយុនេះ ជាអ្នកមិនមាន​សេចក្តីគោរព មិនមានសេចក្តីកោតក្រែង ចំពោះ​សព្រហ្មចារី​ទាំងឡាយ លោកមានអាយុ​នោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះ​ហេតុនោះ ភិក្ខុអ្នកសមាទាន នូវ​អារញ្ញិក​ធុតង្គ កាលនឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុង​កណ្តាល​ជំនុំសង្ឃ គួរតែប្រកបដោយ​សេចក្តី​គោរព កោតក្រែង ចំពោះ​សព្រហ្មចារី​ទាំងឡាយ។។

[២០៥] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជាអ្នកឈ្លាស ក្នុងការអង្គុយ​ថា អាត្មាអញ នឹងមិនអង្គុយជ្រៀតបៀតភិក្ខុទាំងឡាយ ជាថេរៈផង មិនហាមឃាត់​ភិក្ខុថ្មី​ទាំង​ឡាយ ដោយអាសនៈផង។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនឈ្លាស​ក្នុងការ​អង្គុយហើយ នឹងមានពួកជន តិះដៀលចំពោះ​ភិក្ខុនោះថា ប្រយោជន៍អ្វី លោក​មានអាយុ​នេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្តខ្លួន ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ មិនដឹងច្បាប់ ​អភិសមាចារិកវត្ត សោះ លោកមានអាយុនោះ នឹងមាន​ពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទី​ប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរតែឈ្លាស ក្នុងការអង្គុយ។

[២០៦] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាល​នឹង​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរចូលទៅកាន់ស្រុក ឲ្យហួសវេលា មិនគួរត្រឡប់​មកឲ្យទាល់ថ្ងៃ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាននូវ​អារញ្ញិកធុតង្គ កាល​​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ នឹងចូលទៅកាន់ស្រុក ឲ្យហួសវេលា ត្រឡប់​មកទាល់ថ្ងៃហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា ប្រយោជន៍អ្វី លោក​មានអាយុនេះ សមាទានអារញ្ញិកធុតង្គ នៅតាមអំពើចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ចូល​ទៅកាន់ទីស្រុក ឲ្យហួសវេលា ត្រឡប់មក​វិញទាល់ថ្ងៃ លោកមានអាយុនេះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាល​ជំនុំសង្ឃ មិនគួរចូលទៅកាន់ស្រុកឲ្យហួសវេលា មិនគួរ​ត្រឡប់មកឲ្យទាល់ថ្ងៃឡើយ។

[២០៧] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាល​នឹង​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរដល់នូវការត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត និងក្រោយភត្តឡើយ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវ​អារញ្ញិកធុតង្គ កាល​​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុង​កណ្តាល​ជំនុំសង្ឃ ដល់នូវការត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត និង​ក្រោយ​ភត្តហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា លោក​មានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាមអំពើចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង ទាំង​ការត្រាច់ទៅ ក្នុងវេលាវិកាល ភិក្ខុនោះ ក៏បានធ្វើរឿយៗ នាំឲ្យសង្ឃលំបាកហៅរកភិក្ខុនោះមកកាន់​ជំនុំសង្ឃ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាល​ជំនុំ​សង្ឃហើយ មិនគួរដល់នូវការត្រាច់ទៅ ក្នុងត្រកូលទាំងឡាយ ក្នុងវេលាមុនភត្ត និង​ក្រោយភត្តឡើយ។

[២០៨] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាល​នឹង​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ មិនគួរមានចិត្តរាយមាយ ឃ្លេងឃ្លោង​ឡើយ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវ​អារញ្ញិកធុតង្គ កាល​​​នឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុង​កណ្តាល​ជំនុំសង្ឃ មានចិត្តរាយមាយ ឃ្លេងឃ្លោងហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុនោះថា លោក​មានអាយុនេះ ជាអ្នកសមាទាន នូវ​អារញ្ញិកធុតង្គ នៅតាមអំពើចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯងមែន តែមានចិត្តរាយមាយ ឃ្លេង​ឃ្លោង ធ្វើឲ្យរឿយៗ នាំឲ្យសង្ឃលំបាកហៅរកមកកាន់​ជំនុំសង្ឃ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងទីប្រជុំសង្ឃ​ មិនគួរជាអ្នកមានចិត្តរាយមាយ ឃ្លេងឃ្លោងឡើយ។

[២០៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាល​នឹង​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ កុំជាអ្នកមានមាត់រឹង កុំជាអ្នកមានវាចាឡេះឡោះឡើយ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវ​អារញ្ញិកធុតង្គ កាល​​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុង​កណ្តាល​ជំនុំសង្ឃ ជាអ្នកមានមាត់រឹង ពោលវាចាឡេះឡោះហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃតែម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមានមាត់រឹង ពោលវាចាឡេះឡោះ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងទីកណ្តាលជំនុំសង្ឃ​ហើយ កុំជាអ្នកមានមាត់រឹង កុំជាអ្នកមាន​វាចា​ឡេះឡោះឡើយ។

[២១០] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ កាល​នឹង​​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ គួរជាអ្នកប្រដៅងាយ មានមនុស្សល្អជាមិត្រ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុអ្នកសមាទាននូវ​អារញ្ញិកធុតង្គ កាល​​​នឹងទៅកាន់ទីប្រជុំសង្ឃ នៅក្នុង​កណ្តាល​ជំនុំសង្ឃ ជាអ្នកប្រដៅក្រ មានមនុស្សអាក្រក់ជាមិត្រហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុ​នោះ​ថា ប្រយោជន៍​អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកប្រដៅក្រ មានមនុស្សអាក្រក់ជាមិត្រ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាន នូវអារញ្ញិកធុតង្គ កាលនឹង​ទៅកាន់ទីប្រជុំសង្ឃ នៅក្នុងកណ្តាលជំនុំសង្ឃ​ គួរជាអ្នកប្រដៅងាយ មានមនុស្សល្អជាមិត្រ។

[២១១] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុអ្នកសមាទាន នូវ​អារញ្ញិកធុតង្គ ជាអ្នកមិនមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយ​ទាំងឡាយ​ហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង លោកមានអាយុ​នេះ ជាអ្នកមានទ្វារមិនបានគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ លោកមានអាយុនោះ នឹងមាន​ពួកជនតិះដៀល ដូច្នេះឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ។

[២១២] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកដឹងប្រមាណក្នុងភោជន។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ ជាអ្នកមិនដឹងប្រមាណ ក្នុងភោជនហើយ នឹងមានពួកជនតិះដៀល ចំពោះភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន នូវអារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមិនដឹងប្រមាណ ក្នុងភោជន លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកដឹងប្រមាណ ក្នុងភោជន។

[២១៣] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រលឹក។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុ​អ្នក​សមាទាន​ នូវ​អារញ្ញិកធុតង្គ មិនប្រកបរឿយៗ នូវការភ្ញាក់រលឹកហើយ នឹងមាន​ពួក​ជន​តិះដៀល ចំពោះភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង លោកមានអាយុនេះ ជាអ្នកមិន​ប្រកប​រឿយៗ នូវការភ្ញាក់រលឹក លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រកបរឿយៗ នូវការ​ភ្ញាក់រលឹក។

[២១៤] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រារព្ធព្យាយាម។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ ជាអ្នកខ្ជិលច្រអូសហើយ នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍​អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​ នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃ​តែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកខ្ជិលច្រអូស លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកប្រារព្ធព្យាយាម។

[២១៥] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកតាំងស្មារតីឲ្យមាំ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ ជាអ្នកភ្លេចស្មារតីហើយ នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​ នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកភ្លេចស្មារតី លោកមានអាយុ​នោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកតាំងស្មារតីឲ្យមាំ។

[២១៦] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាន នូវអារញ្ញិកធុតង្គ គួរជាអ្នកមានចិត្តខ្ជាប់ខ្ជួន។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួនហើយ នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកមានចិត្តមិនខ្ជាប់ខ្ជួន លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានចិត្តខ្ជាប់ខ្ជួន។

[២១៧] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានប្រាជ្ញា។ ម្នាលលោកមាន​អាយុ​ទាំងឡាយ បើភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ ជាអ្នកគ្មានប្រាជ្ញាហើយ នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ជាអ្នកគ្មានប្រាជ្ញា លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាននូវអារញ្ញិកធុតង្គ គួរជាអ្នកមានប្រាជ្ញា។

[២១៨] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងអភិធម្ម និងអភិវិន័យ។ ម្នាលលោកមាន​អាយុ​ទាំងឡាយ ពួកជនអ្នកសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យ ចំពោះភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ គង់មាន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន​នូវអារញ្ញិកធុតង្គ ត្រូវគេសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យ ហើយឆ្លើយមិនរួច នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ តាម​អំពើ​ចិត្ត​ខ្លួន​ នៅក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ ត្រូវគេសួរប្រស្នា ក្នុងអភិធម្ម និងអភិវិន័យហើយ ឆ្លើយមិនរួច លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងអភិធម្ម និងអភិវិន័យ។

[២១៩] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។62) ម្នាលលោកមាន​អាយុ​ទាំងឡាយ ភិក្ខុជា​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ តែងមានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន​នូវអារញ្ញិកធុតង្គ មានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ ហើយឆ្លើយមិនរួច នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃម្នាក់ឯង ព្រោះលោកមានអាយុនេះ មានគេសួរប្រស្នា ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ ហើយឆ្លើយមិនរួច លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាននូវអារញ្ញិកធុតង្គ គប្បីធ្វើសេចក្តីព្យាយាម ក្នុងវិមោក្ខ ជាអារុប្បៈ ដែលហួសរូបសមាបត្តិទៅ។

[២២០] ម្នាលលោកមានអាយុទាំងឡាយ ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងឧត្តរិមនុស្សធម៌។ ម្នាលលោកមាន​អាយុ​ទាំងឡាយ ពួកជនអ្នកសួរប្រស្នា ក្នុងឧត្តរិមនុស្សធម៌ ចំពោះភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិកធុតង្គ គង់មាន។ ម្នាលលោកមានអាយុទាំងឡាយ បើភិក្ខុអ្នកសមាទាន​នូវអារញ្ញិកធុតង្គ ត្រូវគេសួរប្រស្នា ក្នុងឧត្តរិមនុស្សធម៌ ហើយឆ្លើយមិនរួច នឹងមាន​ពួក​ជន​តិះដៀលភិក្ខុ​នោះ​ថា ប្រយោជន៍អ្វី លោក​មានអាយុនេះ ជាអ្នកសមាទាន​នូវ​អារញ្ញិកធុតង្គ នៅតាម​អំពើ​ចិត្ត​ខ្លួន​ ក្នុងព្រៃតែម្នាក់ឯង ព្រោះលោកមានអាយុនេះ បួសហើយដើម្បីប្រយោជន៍​ណា ក៏មិនដឹងប្រយោជន៍នោះ លោកមានអាយុនោះ នឹងមានពួកជនតិះដៀល ដូច្នេះ​ឯង ព្រោះហេតុនោះ ភិក្ខុអ្នក​សមាទាននូវអារញ្ញិកធុតង្គ គប្បីជាអ្នកធ្វើសេចក្តីព្យាយាម ក្នុងឧត្តរិមនុស្សធម៌។

[២២១] កាលព្រះសារីបុត្តពោលយ៉ាងនេះហើយ ព្រះមហាមោគ្គល្លានមានអាយុ បានពោលពាក្យនេះ នឹងព្រះសារីបុត្តមានអាយុថា ម្នាលអាវុសោសារីបុត្ត ចុះធម៌​ទាំងនេះ គួរតែភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ទើបសមាទានប្រព្រឹត្តបានឬ ឬក៏ភិក្ខុដែល​នៅក្នុង​ស្រុក គួរសមាទានប្រព្រឹត្តបានដែរ។ ម្នាលអាវុសោមោគ្គល្លាន ធម៌ទាំងនេះ សូម្បី​ភិក្ខុអ្នកសមាទាននូវអារញ្ញិកធុតង្គ ក៏គួរតែសមាទានប្រព្រឹត្តទៅហើយ នឹងចាំបាច់​ពោលទៅ​ថ្វី ដល់ភិក្ខុដែលនៅក្នុងស្រុក។

ចប់ គោលិស្សានិសូត្រ ទី៩។

កីដាគិរិសូត្រ ទី១០

(១០. កីដាគិរិសុត្តំ)

[២២២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ស្តេចទៅកាន់​ចារិក ក្នុងកាសីជនបទ មួយអន្លើដោយភិក្ខុសង្ឃច្រើនរូប។ គ្រានោះឯង ព្រះមានព្រះភាគ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ ម្នាលភិក្ខុទាំងឡាយ កាលតថាគតបរិភោគ វៀរចាកការបរិភោគ​ភោជន ​ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ចូរមក ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ បរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ហើយ គង់ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅ​សប្បាយពុំខាន។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ។

[២២៣] គ្រានោះឯង ព្រះមានព្រះភាគ ស្តេចទៅកាន់​ចារិក តាមលំដាប់ ក្នុងកាសី​ជនបទ បានស្តេចទៅដល់និគមឈ្មោះ កីដាគិរិ របស់កាសីជនបទ។ មានសេចក្តី​ដំណាល​ថា ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុង កីដាគិរិនិគម របស់កាសីជនបទនោះ។ ជួន​សម័យនោះឯង ភិក្ខុឈ្មោះ អស្សជិ និងឈ្មោះ បុនព្វសុកៈ អ្នកនៅក្នុងកីដាគិរិនិគម។ គ្រានោះឯង មានភិក្ខុច្រើនរូប ចូលទៅរក អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ លុះចូលទៅ​ដល់​ហើយ បានពោលពាក្យនេះ នឹងអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុថា ម្នាល​លោកមាន​អាយុ​ទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយ​ភោជន ក្នុងវេលាយប់ ម្នាលលោកមានអាយុទាំងឡាយ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជន​ក្នុងវេលាយប់ដែរ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ​ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចុះ ម្នាលលោកមានអាយុទាំងឡាយ កាលបើ​លោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគភោជន ​ក្នុងវេលាយប់ហើយ គង់នឹងបាន​ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅ​សប្បាយពុំខាន។ កាលបើភិក្ខុទាំងឡាយ ពោលយ៉ាងនេះហើយ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ក៏ឆ្លើយតប ទៅនឹងភិក្ខុទាំងនោះ យ៉ាង​នេះថា ម្នាលលោកមានអាយុ​ទាំង​ឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជា​វេលាវិកាល ពួកយើងទាំងនោះ កាល​បរិភោគ ក្នុង​វេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅ​សប្បាយ ពួកយើងទាំងនោះ នឹងលះបង់​អានិសង្ស ដែលត្រូវបានក្នុងបច្ចុប្បន្ន ហើយស្ទុះតាមរកអានិសង្ស ក្នុងអនាគត ដូចម្តេចកើត ពួកយើងនឹងនៅតែ​បរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល។

[២២៤] ពួកភិក្ខុទាំងនោះ មិនអាចធ្វើអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ឲ្យយល់បាន ក្នុងកាលណាហើយ ទើបភិក្ខុទាំងនោះ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់​ហើយ ក៏ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយ​នៅក្នុងទីសមគួរហើយ បានក្រាបទូលព្រះមានព្រះភាគ យ៉ាង​នេះថា បពិត្រព្រះអង្គដ៏​ចំរើន ពួកយើងខ្ញុំព្រះអង្គ ដែលមានក្នុងទីនេះ បានចូលទៅរក​អស្សជិភិក្ខុ និងបុនព្វសុក​ភិក្ខុ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុថា ម្នាល​លោកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយ​ភោជន ក្នុងវេលាយប់ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគភោជន​ ក្នុង​វេលាយប់ដែរ ម្នាលអាវុសោទាំងឡាយ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជា​អ្នកមាន​អាពាធ​តិច មានជម្ងឺតិច ការក្រោក​រហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមាន​អាយុ​ទាំងឡាយ លោកទាំងឡាយ ចូរមក ​ចូរបរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ចេញ ម្នាលលោកមានអាយុទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគ​ភោជន ​ក្នុងវេលាយប់ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជា​អ្នក​មាន​អាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅ​សប្បាយ បពិត្រព្រះអង្គដ៏ចំរើន កាលពួកខ្ញុំព្រះអង្គ ពោលយ៉ាងនេះហើយ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ក៏ឆ្លើយតប មកនឹងពួកខ្ញុំព្រះអង្គ យ៉ាង​នេះថា ម្នាលលោកមានអាយុ​ទាំងឡាយ ពួកយើងតែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជា​វេលា​វិកាល ពួកយើងនោះ កាល​បរិភោគភោជន ក្នុង​វេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជា​វេលា​វិកាល​ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោក​រហ័ស​រហួន កំឡាំង និងការនៅ​សប្បាយ ពួកយើងទាំងនោះ នឹងលះបង់អានិសង្ស ដែល​ត្រូវបាន​ក្នុងបច្ចុប្បន្ន ហើយស្ទុះតាមរកអានិសង្ស ដែលត្រូវបានក្នុងអនាគតទៅវិញ ដូចម្តេចកើត ពួកយើងនឹងនៅតែ​បរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល បពិត្រព្រះអង្គដ៏ចំរើន កាលណាពួកខ្ញុំព្រះអង្គ មិនអាច​ធ្វើ​អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ឲ្យយល់បានហើយ ទើបពួកខ្ញុំព្រះអង្គ មកសូម​ក្រាបទូល​សេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅ​ភិក្ខុ១រូប មកប្រាប់ថា ម្នាលភិក្ខុ អ្នកចូរមក ចូរទៅហៅអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ តាម​ពាក្យតថាគតថា ព្រះសាស្តាត្រាស់ហៅលោកមានអាយុទាំងឡាយ។ ភិក្ខុនោះ ទទួល​ព្រះបន្ទូលព្រះមានព្រះភាគថា ព្រះករុណា ព្រះអង្គ ហើយចូលទៅរក​អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ លុះចូលទៅដល់ហើយ ក៏បាននិយាយនឹងអស្សជិភិក្ខុ និងបុនព្វសុក​ភិក្ខុ យ៉ាងនេះថា ព្រះសាស្តា ទ្រង់ត្រាស់ហៅលោកមានអាយុ​ទាំងឡាយ។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ ទទួលពាក្យភិក្ខុនោះថា ករុណា លោកមានអាយុ ហើយចូល​ទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយ​អង្គុយក្នុងទីដ៏សមគួរ។ លុះអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុ អង្គុយក្នុងទីសមគួរហើយ ព្រះមានព្រះភាគ ត្រាស់សួរយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកភិក្ខុច្រើនរូប ចូលទៅរកអ្នកទាំងឡាយ ហើយបាននិយាយថា ម្នាល​លោកមានអាយុទាំងឡាយ ព្រះមានព្រះភាគ ទ្រង់សោយ វៀរចាកការសោយ​ភោជន ក្នុងវេលាយប់ ទាំងភិក្ខុសង្ឃ ក៏បរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ដែរ ម្នាលលោកមានអាយុ​ទាំងឡាយ កាលពួកភិក្ខុបរិភោគ វៀរចាកការបរិភោគ​ភោជន ក្នុងវេលាយប់ហើយ ក៏ដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅសប្បាយ ម្នាលលោកមានអាយុទាំងឡាយ លោកទាំងឡាយ ចូរមក ​ចូរបរិភោគ វៀរចាកការបរិភោគភោជន ក្នុងវេលាយប់ចេញ ម្នាលលោកមាន​អាយុ​ទាំងឡាយ កាលបើលោកទាំងឡាយ បរិភោគ វៀរចាកការបរិភោគ​ភោជន ​ក្នុងវេលា​យប់​ហើយ គង់នឹងបានដឹងច្បាស់ នូវភាពជាអ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅ​សប្បាយ ម្នាលភិក្ខុទាំងឡាយ បានឮថា កាលដែលពួកភិក្ខុ ពោលយ៉ាងនេះហើយ អ្នកទាំងឡាយ បានឆ្លើយតប​ ទៅ​នឹងពួក​ភិក្ខុទាំងនោះ យ៉ាង​នេះវិញថា ម្នាលលោកមានអាយុទាំងឡាយ ពួកយើង​តែងបរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាល យើងទាំងនោះ កាល​បរិភោគ ក្នុង​វេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលហើយ ក៏ដឹងច្បាស់ នូវភាពជា​អ្នកមានអាពាធតិច មានជម្ងឺតិច ការក្រោករហ័សរហួន កំឡាំង និងការនៅ​សប្បាយ យើងទាំងនោះ នឹងលះបង់អានិសង្ស ដែលត្រូវបានក្នុងបច្ចុប្បន្ន ហើយស្ទុះ​តាម​រក​អានិសង្ស ដែលត្រូវបាន ក្នុងអនាគតទៅវិញ ដូចម្តេចកើត ពួកយើងនឹងនៅតែ​បរិភោគ ក្នុងវេលាល្ងាច វេលាព្រឹក និងវេលាថ្ងៃ ដែលជាវេលាវិកាលដដែល យ៉ាងនេះមែនឬ។ ព្រះករុណា ព្រះអង្គ មែន។

[២២៥] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយយល់ធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះថា បុរសបុគ្គលនេះ រមែងទទួលវេទនាណាមួយ ជាសុខ ឬជាទុក្ខ ឬមិនទុក្ខ មិនសុខ អកុសលធម៌ទាំងឡាយ របស់គេនោះ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង ដែរឬទេ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំមិនយល់ទេ។ ម្នាលភិក្ខុ​ទាំង​ឡាយ អ្នកទាំងឡាយ ក្រែងយល់ធម៌ ដែលតថាគតសំដែងហើយ យ៉ាងនេះថា បុរស​បុគ្គល​ពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះហើយ អកុសលធម៌​ទាំងឡាយ ចំរើនឡើង កុសលធម៌ទាំងឡាយ សាបសូន្យទៅ មួយទៀត បុរសបុគ្គល​ពួក​មួយ ក្នុងសាសនានេះ កាលទទួលសុខវេទនាបែបនេះហើយ អកុសលធម៌ទាំងឡាយ រមែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ រមែងចំរើនឡើង បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ មួយទៀត បុរសបុគ្គលពួកមួយ ក្នុងសាសនា​នេះ កាលទទួលទុក្ខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌​ទាំងឡាយ តែងចំរើនឡើង បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាល​ទទួល​អទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌​ទាំង​ឡាយ តែងសាបសូន្យទៅ មួយវិញទៀត បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាល​ទទួលអទុក្ខមសុខវេទនាបែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌​ទាំងឡាយ តែងចំរើនឡើង ដែរឬ។ ព្រះករុណា ព្រះអង្គ យើងខ្ញុំយល់។

[២២៦] ម្នាលភិក្ខុទាំងឡាយ ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគត មិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់​ពាល់​​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យ​ទៅ កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរលះបង់ នូវសុខវេទនា​បែបនេះចេញ ម្នាលភិក្ខុទាំងឡាយ ហេតុបែបនុ៎ះ ដែលមានដល់​តថាគត​ឬទេ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនដែលមានទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុ​នុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់​ត្រូវ ដោយ​ប្រាជ្ញា​ថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ព្រោះ​ហេតុ​ណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយចូរលះបង់ នូវសុខវេទនា​បែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគត​មិន​ធ្លាប់​ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគតមិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយចូរសម្រេចនៅ ដោយ​សុខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ព្រោះ​ហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយសុខវេទនាបែបនេះចុះ។

[២២៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់​ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរស​បុគ្គល​ពួកមួយ ក្នុងសាសនានេះ កាលទទួលទុក្ខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កាលបើតថាគត មិន​ដឹង​យ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរលះទុក្ខវេទនា​បែបនេះចេញ ម្នាលភិក្ខុ​ទាំងឡាយ ហេតុនុ៎ះ សមគួរដល់តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសម​គួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើ​ឲ្យជាក់ច្បាស់ ធ្លាប់ពាល់​ត្រូវ ដោយ​ប្រាជ្ញា​ថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាល​ទទួលទុក្ខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរលះបង់ ទុក្ខវេទនាបែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវ​ទុក្ខវេទនា​បែបនេះ អកុសលធម៌​ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង កាលតថាគត​ មិន​ដឹង​យ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយទុក្ខវេទនា​បែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរ ដល់​តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់​ត្រូវ ដោយ​ប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវទុក្ខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើនឡើង ព្រោះ​ហេតុណា ព្រោះហេតុនោះ បានជាតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយទុក្ខវេទនាបែបនេះចុះ។

[២២៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគតមិនធ្លាប់ដឹង មិនធ្លាប់​ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើឲ្យជាក់ច្បាស់ មិនធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរលះបង់ នូវអទុក្ខមសុខវេទនាបែបនេះចេញ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរដល់​តថាគត​ដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់ច្បាស់ ធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវ​អទុក្ខមសុខវេទនា​​បែបនេះ អកុសលធម៌ទាំងឡាយ តែងចំរើនឡើង កុសលធម៌​ទាំង​ឡាយ តែង​សាបសូន្យ​ទៅ ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរលះបង់ នូវអទុក្ខមសុខវេទនាបែបនេះចេញ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ហេតុនុ៎ះ តថាគត មិនធ្លាប់ដឹង មិនធ្លាប់ឃើញ មិនធ្លាប់យល់ មិនធ្លាប់ធ្វើ​ឲ្យ​ជាក់ច្បាស់ មិនធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែង​ចំរើន​ឡើង កាលតថាគត មិនដឹងយ៉ាងនេះទេ ហើយពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយអទុក្ខមសុខវេទនាបែបនេះចុះ ម្នាលភិក្ខុទាំងឡាយ ហេតុនុ៎ះ សមគួរ ដល់​តថាគតដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ហេតុនុ៎ះ មិនសមគួរទេ។ ម្នាលភិក្ខុទាំងឡាយ តែហេតុនុ៎ះ តថាគតធ្លាប់ដឹង ធ្លាប់ឃើញ ធ្លាប់យល់ ធ្លាប់ធ្វើឲ្យជាក់​ច្បាស់ ធ្លាប់ពាល់​ត្រូវ ដោយប្រាជ្ញាថា បុរសបុគ្គលពួកមួយ ក្នុងសាសនានេះ កាលទទួលនូវអទុក្ខមសុខវេទនា​បែបនេះ អកុសលធម៌ទាំងឡាយ តែងសាបសូន្យទៅ កុសលធម៌ទាំងឡាយ តែងចំរើន​ឡើង ព្រោះហេតុណា ព្រោះហេតុនោះ ទើបតថាគត ពោលថា អ្នកទាំងឡាយ ចូរសម្រេចនៅ ដោយអទុក្ខមសុខវេទនាបែបនេះចុះ។

[២២៩] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងពោលថា ភិក្ខុទាំងអស់ ត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដូច្នេះក៏ទេ ម្នាលភិក្ខុទាំងឡាយ មួយទៀត តថាគតនឹងបាន​ពោលថា ភិក្ខុទាំងអស់ មិនត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដូច្នេះក៏ទេ។ ម្នាលភិក្ខុ​ទាំងឡាយ ភិក្ខុទាំងឡាយណា ជាអរហន្តខីណាស្រព មានព្រហ្មចរិយធម៌នៅ​រួចហើយ មានកិច្ច ដែលគួរធ្វើ បានធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់​ខ្លួន​សម្រេចហើយ មានសំយោជនៈក្នុងភព អស់រលីងហើយ ជាអ្នក​ផុតស្រឡះ ដោយ​ប្រពៃហើយ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពួកភិក្ខុមានសភាព​ដូច្នោះ មិនបាច់ធ្វើកិច្ច ដោយសេចក្តីមិនប្រមាទឡើយ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ភិក្ខុទាំងឡាយនោះ បានធ្វើកិច្ចរួចហើយ ដោយសេចក្តីមិនប្រមាទ ពួកភិក្ខុជា​អរហន្តខីណាស្រពនោះ មិនគួរប្រមាទទៀតឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយ​ណា ជាសេក្ខបុគ្គល មិនទាន់បានដល់អរហត្តផល កំពុងប្រាថ្នា នូវធម៌ដ៏ប្រសើរ ជាទីក្សេមចាកយោគៈ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា ពួកភិក្ខុមានសភាព​ដូច្នោះ ទើបត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា ត្រាតែ​លោក​មានអាយុទាំងនេះ សេពសេនាសនៈដ៏សមគួរ សេពគប់​នូវកល្យាណមិត្ត ទូន្មាននូវឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់​ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវ​លោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ តថាគត​ពិចារណា​ឃើញ នូវផលនៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុទាំងឡាយនេះហើយ ទើបពោលថា ពួកភិក្ខុទាំងនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទ។

[២៣០] ម្នាលភិក្ខុទាំងឡាយ បុគ្គល៧ពួកនេះ តែងមានគ្រប់គ្រាន់ក្នុងលោក បុគ្គល៧ពួក ដូចម្តេចខ្លះ គឺឧភតោភាគវិមុត្តបុគ្គល១​ បញ្ញាវិមុត្តបុគ្គល១ កាយសក្ខីបុគ្គល១ ទិដ្ឋិប្បត្តបុគ្គល១ សទ្ធាវិមុត្តបុគ្គល១ ធម្មានុសារីបុគ្គល១ សទ្ធានុសារីបុគ្គល១។

[២៣១] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ឧភតោភាគវិមុត្តៈ នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ ពាល់ត្រូវនូវវិមោក្ខទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយផង បានឃើញច្បាស់ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាផង អាសវៈទាំងឡាយ របស់បុគ្គលនោះ អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ឧភតោភាគវិមុត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង មិនបាច់ធ្វើកិច្ច ដោយសេចក្តីមិនប្រមាទឡើយ ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ភិក្ខុនោះ បានធ្វើកិច្ចនោះរួចហើយ ដោយសេចក្តីមិនប្រមាទ ភិក្ខុនោះ មិនគួរ​ប្រមាទទៀតឡើយ។

[២៣២] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ បញ្ញាវិមុត្តៈ នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបាន​ពាល់ត្រូវនូវ​វិមោក្ខ​ទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ តែបានឃើញច្បាស់ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាផង អាសវៈទាំងឡាយ របស់បុគ្គលនោះ ក៏អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា បញ្ញាវិមុត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង មិនបាច់ធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀតឡើយ ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ភិក្ខុនោះ បាន​ធ្វើ​កិច្ចនោះ ដោយសេចក្តីមិនប្រមាទរួចហើយ ភិក្ខុនោះ មិនគួរ​ប្រមាទទៀតទេ។

[២៣៣] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ កាយសក្ខី នោះ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ បានពាល់ត្រូវ នូវវិមោក្ខ​ទាំងឡាយ ដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយផង បានឃើញច្បាស់ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាផង អាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅផង ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា កាយសក្ខីបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ទើបត្រូវធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ត្រាតែលោក​មានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ សេពគប់នូវ​កល្យាណមិត្ត ទូន្មាន​នូវ​ឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅ​កាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​លោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណា​ឃើញផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះ ច្បាស់ហើយ ទើបបានពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។

[២៣៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ទិដ្ឋិប្បត្តៈ តើដូចម្តេច ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែបានឃើញ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាប៉ុណ្ណោះហើយ អាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ទាំងពួកធម៌ ដែលតថាគតសំដែងហើយ ក៏បុគ្គលនោះ បានយល់ច្បាស់ ដោយប្រាជ្ញា បានប្រព្រឹត្តត្រឹមត្រូវ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ទិដ្ឋិប្បត្តបុគ្គល ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តី​មិន​ប្រមាទ​ទៀត ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ត្រាតែលោក​មានអាយុនេះ សេពនូវ​សេនាសនៈដ៏សមគួរ គប់នូវ​កល្យាណមិត្ត ទូន្មាន​នូវ​ឥន្ទ្រិយទាំងឡាយ កុលបុត្ត​ទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់​លោកុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​លោកុត្តរធម៌នោះ ដែលជាទីបំផុត​នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ ដោយ​ឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តី​មិន​ប្រមាទ​នេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។

[២៣៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលឈ្មោះ សទ្ធាវិមុត្តៈ តើដូចម្តេច ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាប៉ុណ្ណោះ ហើយអាសវៈទាំងឡាយពួកខ្លះ របស់បុគ្គលនោះ ក៏អស់ទៅ ទាំងសទ្ធា ក៏បុគ្គលនោះតាំងមាំ មានឫសគល់ ប្រតិស្ឋានខ្ជាប់ខ្ជួន ក្នុងព្រះតថាគត ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា សទ្ធាវិមុត្ត ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តី​មិនប្រមាទទៀត ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ត្រាតែលោក​មានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់នូវ​កល្យាណមិត្ត ទូន្មាន​នូវ​ឥន្ទ្រិយទាំងឡាយ កុលបុត្តទាំងឡាយ ដែលចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​លោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តី​មិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។

[២៣៦] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះ ធម្មានុសារី តើដូចម្តេច ម្នាលភិក្ខុ​ទាំង​ឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាប៉ុណ្ណោះ ហើយអាសវៈទាំងឡាយពួកខ្លះ នៃបុគ្គលនោះ ក៏អស់ទៅ ទាំងពួកធម៌ ដែលតថាគតសំដែងហើយ ក៏គួរដល់កិរិយាសំឡឹងមើល ដោយប្រាជ្ញារបស់​បុគ្គលនោះ ព្រមទាំង​បុគ្គលនោះ មានធម៌នេះគឺ សទ្ធិន្ទ្រិយ វីវិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា ធម្មានុសារី ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនេះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តី​មិនប្រមាទទៀត ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ត្រាតែលោក​មានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់នូវ​កល្យាណមិត្ត ទូន្មាន​នូវ​ឥន្ទ្រិយទាំងឡាយ ពួកកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​លោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញាខ្លួនឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាតថាគត ពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។

[២៣៧] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលឈ្មោះថា សទ្ធានុសារី តើដូចម្តេច ម្នាលភិក្ខុ​ទាំងឡាយ បុគ្គលពួកមួយ ក្នុងសាសនានេះ មិនបានពាល់ត្រូវ នូវវិមោក្ខ​ទាំងឡាយដ៏ល្អិត មិនមានរូប ព្រោះកន្លងផុតរូបដោយកាយទេ គ្រាន់តែឃើញ (នូវ​អរិយសច្ចធម៌) ដោយ​ប្រាជ្ញាប៉ុណ្ណោះ ទាំងអាសវៈទាំងឡាយពួកខ្លះ នៃបុគ្គលនោះ ក៏អស់ទៅ បុគ្គលនោះ មានត្រឹមតែសេចក្តីជឿ និងសេចក្តីស្រឡាញ់ ក្នុងព្រះតថាគត ព្រមទាំងមានធម៌​ទាំងឡាយនេះ គឺ សទ្ធិន្ទ្រិយ វីវិយិន្ទ្រិយ សតិន្ទ្រិយ សមាធិន្ទ្រិយ បញ្ញិន្ទ្រិយ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះ ហៅថា សទ្ធានុសារី ។ ម្នាលភិក្ខុទាំងឡាយ តថាគត ពោលថា ភិក្ខុនោះឯង ត្រូវតែធ្វើកិច្ច ដោយសេចក្តី​មិនប្រមាទទៀត ដំណើរនោះ ព្រោះ​ហេតុអ្វី ព្រោះថា ត្រាតែលោក​មានអាយុនេះ សេពនូវសេនាសនៈដ៏សមគួរ គប់រកនូវ​កល្យាណមិត្ត ទូន្មាន​នូវ​ឥន្ទ្រិយទាំងឡាយ ពួកកុលបុត្ត ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ណា ក៏បានធ្វើ​ឲ្យជាក់ច្បាស់ នូវ​លោកុត្តរធម៌នោះ ដែលជាទីបំផុត នៃព្រហ្មចរិយធម៌ ដោយប្រាជ្ញា​ខ្លួន​ឯង ក្នុងបច្ចុប្បន្ន ហើយសម្រេច​សម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណាឃើញនូវផល នៃសេចក្តីមិនប្រមាទនេះឯង របស់ភិក្ខុនេះច្បាស់ហើយ បានជាពោលថា ភិក្ខុនោះ ត្រូវតែធ្វើកិច្ច ដោយសេចក្តីមិនប្រមាទទៀត។

[២៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតមិនពោល នូវសេចក្តីត្រេកអរ ចំពោះ​អរហត្តផល ថាជាធម៌ខាងដើមទេ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សេចក្តីត្រេកអរ ចំពោះ​អរហត្តផល តែងមានការសិក្សាដោយលំដាប់ មានការធ្វើដោយលំដាប់ មានការ​ប្រតិបត្តិដោយលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីត្រេកអរ ចំពោះ​អរហត្តផល មានការសិក្សាដោយលំដាប់ មានការធ្វើដោយលំដាប់ មានការប្រតិបត្តិដោយ​លំដាប់ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងសាសនានេះ មានសទ្ធាទើបចូលទៅរក កាលបើ​ចូលទៅរកហើយ ទើបចូលទៅអង្គុយជិត លុះចូលទៅអង្គុយជិតហើយ ទើប​ផ្អៀងនូវសោតបសាទ លុះផ្អៀងនូវសោតបសាទហើយ ទើបស្តាប់ធម៌ លុះស្តាប់ធម៌​ហើយ ទើបចងចាំធម៌ (នោះ) កាលបើចងចាំធម៌ (នោះ) ហើយ ទើបពិចារណារកសេចក្តី​ លុះពិចារណារកសេចក្តី នៃធម៌នោះហើយ ធម៌ទាំងឡាយ តែងគួរដល់កិរិយាលៃលក​មើល កាលបើមានការលៃលកមើលហើយ ឆន្ទៈក៏កើតឡើង បុគ្គលនោះ លុះមានឆន្ទៈ​កើតហើយ ទើបព្យាយាម លុះព្យាយាមហើយ រមែង​ស្ទង់មើល លុះស្ទង់មើល​ហើយ រមែងតំកល់ទុក មានចិត្តបញ្ជូនទៅ (កាន់ព្រះនិព្វាន) ធ្វើឲ្យជាក់ច្បាស់ នូវ​បរមសច្ច ដោយនាមកាយ ទាំងបាន​ចាក់ធ្លុះឃើញច្បាស់ នូវបរមសច្ចនោះ ដោយប្រាជ្ញា។ ម្នាលភិក្ខុទាំងឡាយ បើសទ្ធានោះ មិនមានហើយ ម្នាលភិក្ខុទាំងឡាយ ការចូលទៅរក​នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចូលទៅអង្គុយ​ជិតនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការផ្អៀងចុះ នូវសោតបសាទនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការស្តាប់ធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការចងចាំធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការពិចារណាសេចក្តីនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ការសំឡឹងនូវធម៌នោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ ឆន្ទៈនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ សេចក្តី​ស្ទង់មើលនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ សេចក្តីតំកល់ទុកនោះ ក៏មិនមាន ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ មុខតែនឹងដល់នូវវិបត្តិ ម្នាលភិក្ខុទាំងឡាយ អ្នក​ទាំងឡាយ មុខតែនឹងប្រតិបត្តិខុសពុំខាន ម្នាលភិក្ខុទាំងឡាយ មោឃបុរសអម្បាលនេះ នឹងឃ្លាតចាកធម្មវិន័យនេះ ឆ្ងាយអម្បាលម៉ានទៅ។

[២៣៩] ម្នាលភិក្ខុទាំងឡាយ ការព្យាករណ៍នូវសច្ចៈទាំង៤ពួក វិញ្ញុបុរសគួរ​ដឹង​ច្បាស់ នូវសេចក្តីនៃសច្ចៈទាំង៤ណា ដែលតថាគត បានសំដែងហើយ មិនយូរប៉ុន្មាន​ឡើយ តថាគត នឹងសំដែងប្រាប់ ដល់អ្នកទាំងឡាយ ៗ នឹងបានដឹងច្បាស់ នូវសច្ចៈនុ៎ះ។ បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គទាំងឡាយណាខ្លះ ពួកជនទាំងឡាយណាខ្លះ ដែល​ជាអ្នកគួរដឹងនូវធម៌បាន។ ម្នាលភិក្ខុទាំងឡាយ សាស្តាណា ជាអ្នកធ្ងន់ដោយអាមិសៈ ជាអ្នក​មានអាមិសៈជាមត៌ក ជាអ្នកចំពាក់ដោយអាមិសៈទាំងឡាយហើយ គុណសម្បត្តិ​មានសភាពយ៉ាងនេះ ឥតមានចំរើន ដល់សាស្តានោះឡើយថា បើហេតុយ៉ាងនេះ មានដល់​យើងទាំងឡាយ ក្នុងកាលណាហើយ យើងទាំងឡាយ ក៏នឹងធ្វើហេតុនោះ ក្នុងកាលនោះ បើហេតុយ៉ាងនេះ មិនមានដល់យើងទាំងឡាយ យើងទាំងឡាយ ក៏​មិនគប្បីធ្វើ នូវហេតុនោះឡើយ។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនជាប់ចំពាក់​ដោយ​អាមិសៈ​ទាំងឡាយ ដោយប្រការទាំងពួងមែនឬ ម្នាលភិក្ខុទាំងឡាយ កាលសាវ័ក ជាអ្នកមានសទ្ធា កាន់តាម ហើយប្រព្រឹត្ត ក្នុងសាសនា នៃព្រះសាស្តា សភាវៈនេះ តែងមានថា ព្រះមានព្រះភាគ ជាសាស្តា អាត្មាអញ ជាសាវ័ក ព្រះមានព្រះភាគ តែងទ្រង់ជ្រាប (នូវ​អានិសង្ស ក្នុងការបរិភោគតែម្តង) អាត្មាអញ មិនបានដឹងឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលសាវ័កមានសទ្ធា កាន់តាម ហើយប្រព្រឹត្ត ក្នុងសាសនា នៃព្រះសាស្តា សាសនា ​របស់​ព្រះសាស្តា នឹងដុះដាល មានឱជៈទៅបាន។ ម្នាលភិក្ខុ​ទាំងឡាយ កាលសាវ័ក ជាអ្នកមានសទ្ធា កាន់តាមហើយ ប្រព្រឹត្ត ក្នុងសាសនា របស់ព្រះសាស្តា សភាវៈនេះ តែង​មានថា សូមឲ្យស្បែក សរសៃ និងឆ្អឹង សល់នៅចុះ ឯសាច់ឈាម ក្នុងសរីរៈ របស់អាត្មា​អញ ចង់រីងស្ងួត ក៏រីងស្ងួតទៅចុះ កិច្ចណា ដែលបុគ្គល ត្រូវបានដោយកម្លាំង របស់បុរស ដោយ​ព្យាយាម របស់បុរស ដោយសេចក្តីប្រឹងប្រែង របស់បុរស បើអាត្មាអញ មិនទាន់សម្រេច​កិច្ចនោះទេ ក៏មិនបន្ធូរបន្ថយព្យាយាមឡើយ។ ម្នាលភិក្ខុទាំងឡាយ កាលសាវ័ក អ្នកមាន​សទ្ធា កាន់តាមហើយ ប្រព្រឹត្ត ក្នុងសាសនា របស់ព្រះសាស្តា បណ្តាផលទាំងពីរ ផលណាមួយ តែងបានសម្រេច ក្នុងបច្ចុប្បន្នពុំខាន គឺនឹងបានសម្រេចអរហត្តផល ឬបើ​នៅមានឧបាទានក្ខន្ធសេសសល់ ក៏គង់បានជាអនាគាមិបុគ្គលពុំខានឡើយ។ លុះព្រះមានព្រះភាគ បានត្រាស់ភាសិតនេះចប់ហើយ ពួកភិក្ខុទាំងនោះ ក៏មាន​សេចក្តី​ពេញចិត្ត ត្រេកអរ ចំពោះភាសិត របស់ព្រះមានព្រះភាគ។

ចប់ កីដាគិរិសូត្រ ទី១០។

ចប់ ភិក្ខុវគ្គ ទី២។

បញ្ជីរឿងនៃវគ្គនោះ គឺ

ចូឡរាហុលោវាទសូត្រ១ មហារាហុលោវាទសូត្រ១ ចូឡមាលុង្ក្យោវាទសូត្រ១ មហាមាលុង្ក្យោវាទសូត្រ១ ភទ្ទាលិសូត្រ១ លដុកិកោបមសូត្រ១ ចាតុមសូត្រ១ នឡកបានសូត្រ១ គោលិស្សានិសូត្រ១ កីដាគិរិសូត្រ១ (ចប់) វរវគ្គទី២ ដែល​មិនមាន​វគ្គដទៃស្មើ។

ចប់ ភាគ២៣

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
មជ្ឈិមនិកាយ sut.mn
មជ្ឈិមបណ្ណាសក ចតុត្ថភាគ sut.mn.vv2
គហបតិវគ្គ sut.mn.v06
កន្ទរកសូត្រ ទី១ ? sut.mn.051
ការទ្រង់ប្រដៅដោយល្អ ?
សតិប្បដ្ឋាន ៤ ?
បុគ្គល ៤ ពួក ?
ការទ្រង់សរសើរបេស្សហត្ថារោហបុត្រ ?
ការទ្រង់ចែកបុគ្គល ទី១ ?
ការទ្រង់ចែកបុគ្គល ទី៣ ?
ការទ្រង់ចែកបុគ្គល ទី៤ ?
ការដល់ព្រមដោយសិក្ខា និងសាជីវៈ ?
ការជម្រះឲ្យស្អាតចាកនីវរណធម៌ ?
បុព្វេនិវាសានុស្សតិញ្ញាណ ?
ចុតូបបាតញ្ញាណ ?
អាសវក្ខយញ្ញាណ ?
អដ្ឋកនាគរសូត្រ ទី២ ? sut.mn.052
រឿងទសមគហបតិ ?
រូបជ្ឈាន ៤ ?
អប្បមញ្ញាភាវនា ?
អរូបជ្ឈាន ៤ ?
ការបូជាព្រះអានន្ទ ?
សេក្ខប្បដិបទាសូត្រ ទី៣ ? sut.mn.053
ការទ្រង់ប្រើប្រាស់ជាដំបូងនៃព្រះមានព្រះភាគ ?
ធម៌ ៦ យ៉ាង ?
ការស្គាល់ប្រមាណក្នុងភោជន ?
ព្រះសទ្ធម្ម ៧ ប្រការ ?
បដិបទានៃសេក្ខបុគ្គល ?
ភាពនៃវិជ្ជា និងចរណៈ ?
ការទ្រង់សរសើរព្រះអានន្ទ ?
បោតលិយសូត្រ ទី៤ ? sut.mn.054
ការទ្រង់ត្រាស់ហៅដោយពាក្យថាគហបតី ?
ធម៌ ទី១ ?
ធម៌ ទី៣ ?
ធម៌ ទី៥ ?
ធម៌ ទី៦ ?
ធម៌ ទី៨ ?
សេចក្តីឧបមាដោយរាងឆ្អឹង ?
សេចក្តីឧបមាដោយដុំសាច់ ?
សេចក្តីឧបមាដោយការយល់សប្តិ ?
សេចក្តីឧបមាដោយផ្លែឈើ ?
ភាពនៃត្រៃវិជ្ជា ?
ភាពនៃបុរសជាអាជានេយ្យ និងមិនមែនអាជានេយ្យ ?
ជីវកសូត្រ ទី៥ ? sut.mn.055
ការចំរើនមេត្តាព្រហ្មវិហារ ?
ការចំរើនព្រហ្មវិហារ មានករុណាព្រហ្មវិហារ ជាដើម ?
ឋានៈ ៥ យ៉ាង នៃការសម្លាប់សត្វ ?
ការដល់នូវសរណៈស្មើដោយជីវិត ?
ឧបាលិវាទសូត្រ ទី៦ ? sut.mn.056
ទណ្ឌៈ ៣ យ៉ាង ?
កម្ម ៣ យ៉ាង ?
ដំណាលអំពីការនិយាយឆ្លើយឆ្លង ?
បំណងនឹងលើកឡើងនូវវាទៈ ?
ឧបាលិគហបតីចូលគាល់ព្រះមានព្រះភាគ ?
សំនួរអំពីទណ្ឌៈ ?
សំនួរតបអំពីប្រស្នាដែលសួរហើយ ?
ការដល់នូវសរណៈស្មើដោយជីវិត ?
ភាពនៃទានមានផលច្រើន និងមិនមានផលច្រើន ?
ការរាំងទ្វារចំពោះពួកនិគ្រន្ថ ?
ការចូលទៅជាសាវ័ក ?
និគន្ថនាដបុត្តចូលទៅរកឧបាលិគហបតី ?
កិច្ចកល់សម្រាប់បោកប្រាស់ ?
រឿងធ្លាប់មានមកហើយ ?
ការប្រកាសខ្លួនជាសាវ័ក ?
កុក្កុរោវាទសូត្រ ទី៧ ? sut.mn.057
គតិរបស់បុគ្គលអ្នកសមាទានកុក្កុរវត្ត ?
គតិរបស់បុគ្គលអ្នកសមាទានគោវត្ត ?
ការប្រកាសសេចក្តីជ្រះថ្លាចំពោះព្រះមានព្រះភាគ ?
កម្ម ៤ យ៉ាង ?
បរិវាស ៤ ខែ ?
អភយរាជកុមារសូត្រ ទី៨ ? sut.mn.058
ប្រស្នាប្រកបដោយទីបំផុតទាំងសងខាង ?
ប្រស្នាពោលអំពីវាចាដែលមិនជាទីគាប់ចិត្ត ?
វាចាប្រកបដោយប្រយោជន៍ ?
ការដល់នូវសរណគមន៍ស្មើដោយជីវិត ?
ពហុវេទនីយសូត្រ ទី៩ ? sut.mn.059
ការពោលអំពីវេទនា ?
សេចក្តីសុខក្នុងរូបជ្ឈាន និងអរូបជ្ឈាន ?
សេចក្តីសុខក្នុងសញ្ញាវេទយិតនិរោធ ?
អបណ្ណកសូត្រ ទី១០ ? sut.mn.060
ការពោលអំពីវាទៈដែលជាសឹកសត្រូវ ?
អបណ្ណកធម៌ដែលបុគ្គលធ្វើមិនពេញលេញ ?
អបណ្ណកធម៌ដែលបុគ្គលបានធ្វើពេញលេញល្អ ?
ការពោលអំពីវាទៈដែលជាសឹកសត្រូវ ?
វាចាដែលជាសឹកសត្រូវនឹងព្រះអរិយៈ ?
វាចាដែលមិនជាសឹកសត្រូវនឹងព្រះអរិយៈ ?
ការពោលអំពីវាទៈដែលជាសឹកសត្រូវ ?
អបណ្ណកធម៌ដែលបុគ្គលធ្វើមិនពេញលេញ ?
វាចាមិនជាសឹកសត្រូវដល់ព្រះអរិយៈ ?
ការពោលថាអរូបព្រហ្ម មិនមាន ?
ការពោលថាការរលត់នៃភព មិនមាន ?
បុគ្គល ៤ ពួក ?
ការទ្រង់ចែកបុគ្គលជា ៤ ពួក ?
ការពោលសរសើរព្រះធម្មទេសនា ?
ភិក្ខុវគ្គ ? sut.mn.v07
ចូឡរាហុលោវាទសូត្រ ទី១ ? sut.mn.061
ឧបមាដូចដំរីដែលចូលកាន់សង្រ្គាម ?
សេចក្តីប្រៀបដោយកញ្ចក់ ?
កាយកម្ម ?
វចីកម្ម ?
មនោកម្ម ?
ការជម្រះកម្មទាំង ៣ ?
មហារាហុលោវាទសូត្រ ទី២ ? sut.mn.062
ការពោលអំពីធាតុ ទី១ ក្នុងពួកធាតុ ទាំង៥ ?
ការពោលអំពីធាតុ ទី៣ ក្នុងពួកធាតុ ទាំង៥ ?
ការពោលអំពីធាតុ ទី៥ ?
ការចំរើនភាវនាឲ្យដូចជាទឹក ?
ការចំរើនភាវនាឲ្យដូចជាអាកាស ?
ការពោលអំពីអានាបានស្សតិ ?
ចូឡមាលុង្ក្យោវាទសូត្រ ទី៣ ? sut.mn.063
ការក្រាបបង្គំទូលអំពីសេចក្តីត្រិះរិះ ?
ការទ្រង់សាកសួរប្រស្នាដែលសួររួចហើយ ?
ឧបមាដូចបុរសដែលមុតសរ ?
ការទ្រង់សំដែងទិដ្ឋិ ?
ទិដ្ឋិដែលទ្រង់ព្យាករ ?
ទិដ្ឋិដែលទ្រង់សំដែង ?
មហាមាលុង្ក្យោវាទសូត្រ ទី៤ ? sut.mn.060
អនុស័យ ៥ យ៉ាង ?
ឱរម្ភាគិយសំយោជនៈ ៥ យ៉ាង ?
ការលះបង់សំយោជនៈ ទាំង៥ ?
មគ្គជាគ្រឿងលះបង់នូវសំយោជនៈ ?
រូបជ្ឈាន ៤ ?
អរូបជ្ឈាន ៤ ?
មគ្គជាគ្រឿងលះបង់សំយោជនៈ ?
ភទ្ទាលិសូត្រ ទី៥ ? sut.mn.065
ការធ្វើចីវរកម្ម ?
ការមិនបានដឹងនូវហេតុ ?
ភិក្ខុ មានឧភតោភាគវិមុត្តភិក្ខុ ជាដើម ?
ការមិនបានបំពេញសិក្ខា ?
ការបានបំពេញសិក្ខា ?
សេចក្តីរម្ងាប់អធិករណ៍ ?
សទ្ធាស្តួចស្តើង សេចក្តីស្រឡាញ់ស្តួចស្តើង ?
ហេតុដែលឲ្យទ្រង់បញ្ញត្តសិក្ខាបទ ?
ឧបមាដូចបុរសជាអ្នកបង្ហាត់សេះ ?
ធម៌ ១០ ប្រការ ?
លដុកិកោបមសូត្រ ទី៦ ? sut.mn.066
ការក្រាបបង្គំទូលអំពីសេចក្តីត្រិះរិះ ?
ឧបមាដូចសត្វប្រចៀច ?
ឧបមាដូចដំរី ?
ឧបមាដូចបុរសកំសត់ ?
ឧបមាដូចគហបតី ឬគហបតិបុត្រ ?
បុគ្គល ៤ ពួក ?
ការពោលអំពីឈាន ៤ ?
ការពោលអំពីការលះ ?
(ភិក្ខុវគ្គ មិនមាន) ចាតុមសូត្រ ទី៧ ? sut.mn.067
សំឡេងគឹកកង សំឡេងអ៊ូអា ?
ពួកសក្យចូលគាល់ព្រះមានព្រះភាគ ?
ព្រហ្មក្រាបបង្គំទូលអារាធនា ?
ពួកភិក្ខុចូលគាល់ព្រះមានព្រះភាគ ?
ការពោលអំពី ភ័យកើតអំពីរលក ?
ការពោលអំពី ភ័យកើតអំពីក្រពើ ?
ការពោលអំពី ភ័យកើតអំពីអន្លង់ ?
ការពោលអំពី ភ័យកើតអំពីត្រីសាហាវ ?
នឡកបានសូត្រ ទី៨ ? sut.mn.068
ការនិយាយពីសេចក្តីត្រេកអរក្នុងព្រហ្មចារ្យ ?
ការទ្រង់សាកសួរអំពីអាសវៈ ?
ផាសុវិហារធម៌របស់ភិក្ខុ ?
ផាសុវិហារធម៌របស់ភិក្ខុនី ?
ផាសុវិហារធម៌របស់ឧបាសក ?
ផាសុវិហារធម៌របស់ឧបាសិកា ?
គោលិស្សានិសូត្រ ទី៩ ? sut.mn.069
អារញ្ញកវគ្គ ទី៣ ?
អារញ្ញកវគ្គ ទី៥ ?
អារញ្ញកវគ្គ ទី៨ ?
អារញ្ញកវគ្គ ទី១២ ?
អារញ្ញកវគ្គ ទី១៥ ?
អារញ្ញកវគ្គ ទី១៧ ?
កីដាគិរិសូត្រ ទី១០ ? sut.mn.070
ការចូលគាល់ព្រះមានព្រះភាគ ?
វេទនា ៣ ?
ការពោលអំពីសុខវេទនា ?
ការពោលអំពីទុក្ខវេទនា ?
សេចក្តីមិនប្រមាទ ?
បុគ្គល ទី១ ក្នុងពួកបុគ្គលទាំង៧ ?
បុគ្គល ទី៤ ក្នុងពួកបុគ្គលទាំង៧ ?
បុគ្គល ទី៦ ក្នុងពួកបុគ្គលទាំង៧ ?
បុគ្គល ទី៧ ក្នុងពួកបុគ្គលទាំង៧ ?
ការត្រេកអរចំពោះអរហត្តផល ?
ការបានសម្រេចនូវផលពីរប្រការ ?

1)
ឈ្មោះបេស្សៈ ជាកូនទ្រម័កដំរី។ អដ្ឋកថា។
2)
គឺបានសេចក្តីជ្រះថ្លា ក្នុងភិក្ខុសង្ឃផង កើតសេចក្តីយល់ជាថ្មីឡើងទៀត ក្នុងការចំរើនសតិប្បដ្ឋានផង។ អដ្ឋកថា។
3)
ចូរមើលក្នុងចូឡហត្ថិបទោបមសូត្រឯណោះចុះ។
4)
បានជាមិននិយាយ​ដល់ទេវតាផង ព្រោះកន្លែងណា ដែលមនុស្សទើបនឹងធ្វើថ្មី រមែងមានទេវតាចូលទៅនៅមុន។ អដ្ឋកថា។
5)
អដ្ឋកថា ថា អង្គុត្តរាបជនបទនោះ គឺអង្គជនបទនោះឯង តែបានជាហៅថា ឧត្តរាបៈ ដូច្នេះ ព្រោះ​និគមនោះ នៅជិតទឹកទន្លេមហី ដែលបត់ទៅខាងជើង។
6)
១-២ បានដល់ឧបេក្ខា ក្នុងចតុត្ថជ្ឈាន។
7) , 16)
8)
ដោយសភាពនៃ​ចិត្ត ដែលប្រព្រឹត្តទៅ​ ក្នុងសត្វទាំងពួង ដែលផ្សេងគ្នា មានសត្វថោកទាប យ៉ាងកណ្តាល និងឧក្រិដ្ឋ សត្វជាមិត្ត ជាសត្រូវ និងយ៉ាង​កណ្តាលជាដើម។
9)
ជាឈ្មោះវត្តព្រៃស្វាយ របស់បាវារិកសេដ្ឋី។ បានឮមកថា សេដ្ឋីនោះ បានស្តាប់ធម៌ទេសនា របស់​ព្រះមានព្រះភាគ មានសេចក្តីជ្រះថ្លា បានកសាងវត្ត ប្រដាប់​ដោយសេនាសនៈផ្សេងៗ មានកុដិ គូហា និងមណ្ឌបជាដើម ក្នុងឱទ្យាននោះ ថ្វាយ​ព្រះមានព្រះភាគ។ បានជាវត្តនោះ ឈ្មោះថា វត្តបាវារិកម្ពវ័ន ដូចជាវត្តជីវកម្ពវ័នដូច្នោះដែរ។ អដ្ឋកថា។
10)
ហួសវេលាថ្ងៃត្រង់ទៅ។
11)
ការនិយាយដោយសំដី
12)
និគ្រន្ថឃាត់បង់ទឹកត្រជាក់ ព្រោះសំគាល់ថាជាសត្វ អដ្ឋកថា។
13)
ទេវតាជាប់នៅក្នុងចិត្ត។
14)
គឺមិនសម្លាប់ដោយខ្លួនឯង មិនប្រើគេឲ្យសម្លាប់ មិនត្រេកអរនឹងអ្នកសម្លាប់១ មិនលួចដោយខ្លួនឯង មិនប្រើគេឲ្យលួច មិនត្រេកអរនឹងអ្នកលួច១ មិននិយាយកុហកដោយខ្លួនឯង មិនប្រើគេឲ្យនិយាយកុហក មិនត្រេកអរនឹងអ្នកនិយាយកុហក១ មិនប្រាថ្នាបញ្ចកាមគុណដោយខ្លួនឯង មិនប្រើគេឲ្យប្រាថ្នាបញ្ចកាមគុណ មិនត្រេកអរនឹងអ្នកប្រាថ្នាបញ្ចកាមគុណ១។ រួមជា​ចំណែក៤។ អដ្ឋកថា។
15)
១-២-៣-៤ អំពីដើម ថាឈ្មោះដែន ទណ្ឌកី កាលិង្គៈ មេជ្ឈៈ និងមាតង្គៈ តែមនុស្សក្នុងដែនទាំងនោះ ស្លាប់វិនាសអស់ទៅ ព្រោះធ្វើចិត្តប្រទូស្តនឹងពួកឥសី ដែនទាំងនោះ ក៏ក្លាយទៅជាព្រៃ គេហៅថា ព្រៃទណ្ឌកី កាលិង្គៈ មេជ្ឈៈ និងមាតង្គៈ ដូច្នេះវិញ។ អដ្ឋកថា។
17)
18)
19)
មានបាតដៃក្រហម។
20)
គ្រឿងលាប គ្រឿង​ជ្រលក់។
21)
សំដៅយកមច្ចុមារ កិលេសមារ ទេវបុត្តមារ។
22)
សំដៅយក​កិលេសទុក្ខ និងវិបាកទុក្ខ។
23)
សំដៅយករាគាទិក្កិលេស។
24)
បានជាហៅថា ឥសី ព្រោះព្រះអង្គស្វែងរកគុណធម៌ រាប់តាំងពី​ព្រះពុទ្ធវិបស្សីមក ជាគំរប់៧នឹងព្រះអង្គ។
25)
ផ្សែងក្នុងទីនេះ សំដៅយក កោធៈ១ តណ្ហា១ វិតក្កៈ១ បញ្ចកាមគុណ១។
26)
បានជាឈ្មោះថាយក្ខ ព្រោះអាចសំដែង​នូវអានុភាព​បាន ឬអាចសំដែង​ព្រះកាយ មិនឲ្យគេមើលឃើញបាន។
27)
កាន់យកនូវ​ការប្រព្រឹត្តិដូចជាឆ្កែ។
28)
ចិត្តរបស់ឆ្កែ ឬគំនិតដែលឆ្កែ​តែង​គិតថា អញនឹងធ្វើនូវអំពើដែលឆ្កែ​ទាំងឡាយ​ត្រូវធ្វើ តាំងពីថ្ងៃនេះជាដើមទៅ។
29)
ធ្វើនូវដំណើរ ដើរ ឈរ អង្គុយ ដេក ឬធ្វើនូវ​ឧច្ចារៈ និងបស្សាវៈដូចជាឆ្កែ កាលបើឃើញជនទាំងឡាយដទៃហើយ ក៏ញេញធ្មេញ បង្ហាញហើយ ធ្វើដំណើរដើរទៅ។
30)
កាន់យកនូវ​ការប្រព្រឹត្តិដូចជាគោ។
31)
ប្រក្រតី ឬមារយាទរបស់គោ។
32)
ចិត្តរបស់គោ ឬគំនិតដែលគោ​តែង​គិតយ៉ាងណាៗ។
33)
ដូចគ្នានឹងកុក្កុរាកប្បៈ ប្លែកគ្នាតែសុនខ ញេញធ្មេញ គោត្រឡប់ទៅជាដំឡើង​ស្លឹកត្រចៀក អួតដល់គ្នាប៉ុណ្ណោះ។
34)
បានដល់អកុសលកម្មបថ១០ប្រការ។
35)
នាំឲ្យទៅកើត​ក្នុងអបាយ។
36)
បានដល់កុសលកម្មបថ១០ប្រការ។
37)
នាំឲ្យកើតក្នុងឋានសួគ៌។
38)
កម្មខ្មៅ និងស ច្រឡូក​ច្រឡំគ្នា។
39)
ឲ្យផល​ជាសុខខ្លះ ជាទុក្ខខ្លះ។
40)
បាន​ដល់ចេតនាកម្ម ដ៏សម្បយុត្តដោយមគ្គ៤។
41)
បុគ្គលផ្សេងនោះ គឺផ្សេងថា បុគ្គលនេះ គួរនៅបរិវាស បុគ្គលនេះ មិនគួរនៅបរិវាស។ អដ្ឋកថា។
42)
ជាព្រះរាជ​ឱរស របស់ព្រះបាទពិម្ពិសារ។ អដ្ឋកថា។
43)
អដ្ឋកថា ថា ប្រកបដោយអង្គ៥ គឺកាំបិត១ ពូថៅ១ ពន្លាក១ អន្លូង១ ស្នូកបន្ទាត់១។
44)
វេទនា៤នោះ មិនឃើញមានពន្យល់ក្នុងអដ្ឋកថាសោះ។
45)
វេទនា៥នោះគឺ សុខវេទនា១ ទុក្ខវេទនា១ ឧបេក្ខាវេទនា១ សោមនស្សវេទនា១ ទោមនស្សវេទនា១។
46)
វេទនា៦នោះគឺ ចក្ខុសម្ផស្ស ជាវេទនា១ សោតសម្ផស្ស ជាវេទនា១ ឃានសម្ផស្ស ជាវេទនា១ ជិវ្ហាសម្ផស្ស ជាវេទនា១ កាយសម្ផស្ស ជាវេទនា១ មនោសម្ផស្ស ជាវេទនា១។
47)
វេទនា១៨នោះ លោកចែកតាមអារម្មណ៍​ទាំង៦ មានរូបារម្មណ៍ជាដើម ហើយយកអារម្មណ៍ទាំងនោះ មកចែកជាវេទនាបីៗ គឺជា សោមនស្សវេទនា១ ទោមនស្សវេទនា១ ឧបេក្ខាវេទនា១ ដរាបទាល់តែគ្រប់អារម្មណ៍ទាំង៦ រួមបីៗ ៦ដង ជា១៨
48)
វេទនា៣៦នោះ លោកចាត់តាមបញ្ចកាមគុណ និងការចេញចាកកាម៦ៗ ដូច្នេះ គឺ គេហសិតសោមនស្ស៦ នេក្ខម្មសិតសោមនស្ស៦ គេហសិតទោមនស្ស៦ នេក្ខម្មសិតទោមនស្ស៦ គេហសិតឧបេក្ខា៦ នេក្ខម្មសិតឧបេក្ខា៦ រួមផងគ្នា ត្រូវជា៣៦។
49)
ឯវេទនា១០៨ នោះ គឺយកវេទនាទាំង៣៦នោះ មកចែកជាអតីត៣៦ អនាគត៣៦ បច្ចុប្បន្ន៣៦ រួមជា១០៨។ អដ្ឋកថា។
50)
សត្វដែលមានឥន្ទ្រិយ១ គឺរូបជីវិតន្ទ្រិយ បានដល់អសញ្ញីសត្វ មានឥន្ទ្រិយ២ គឺ ចក្ខុន្ទ្រិយ១ សោតិន្ទ្រិយ១ បានដល់រូបព្រហ្ម១៤ជាន់ វៀរលែងតែអសញ្ញីព្រហ្មចេញ។
51)
សេចក្តីជិតស្និទ្ធ មិនបែកធ្លាយ ដូចដុំកែវមណី ដែលមិនប្រេះឆា ឈ្មោថា និយតិ។
52)
ការត្រាច់រង្គាត់ទៅ ក្នុងអភិជាតិទាំង៦ ឈ្មោះថា សង្គតិ។
53)
ធម្មតាដែលកើត​ឡើង ដោយទំនងត្រូវៗគ្នា ឈ្មោះថា ភាវៈ ដូចបន្លា ដែលស្រួចឯង ដូចផ្លែខ្វិត ដែល​មានសណ្ឋានមូល ដោយខ្លួនឯង សត្វម្រឹគ បក្សីទាំងពួង មានរូបរាងវិចិត្រផ្សេងៗ ដោយធម្មតាឯង យ៉ាងណាមិញ លោកទាំងអស់ មានសេចក្តី​ប្រែប្រួលទៅ ដូច្នោះៗ មិនត្រូវ​អាស្រ័យ​ហេតុបច្ច័យឡើយ ដូចបន្លាជាដើម ក៏យ៉ាងនោះឯង ឈ្មោះថា ភាវៈ។ អដ្ឋកថា។
54)
សំយោជនៈ ជាចំណែក​ខាងជាន់ទាប មានអំណាចចង​រឹតសត្វភ្ជាប់​ក្នុងភពជាន់ទាប គឺកាមភព។ អដ្ឋកថា។
55)
អដ្ឋកថា ថា កេចិអាចារ្យយល់ថា លះសក្កាយទិដ្ឋិ ព្រមទាំងអនុស័យ។
56)
សេចក្តី​អធិប្បាយអំពី​បុគ្គលទាំងនេះ ចូរ​មើលនយលក្ខណៈ ក្នុងសម្បសាទនីយសូត្រ ទីឃនិកាយ បាដិកវគ្គ ផងចុះ។
57)
គុណដែលព្រះរាជាគួរជ្រាប។ អដ្ឋកថា។
58)
សេះអាជានេយ្យ ប្រកបដោយអង្គ១០នោះគឺ អនុក្កមេ ក្នុងកាលលើកដាក់នូវជើង​ព្រមគ្នាល្អ១ មណ្ឌលេ ក្នុងកាលដែលម្ចាស់​ជិះវិលវង់បត់ចុះបត់ឡើងបាន១ ខុរកាសេ ក្នុង​កាលជាទីកកាយផែនដីដាក់គេដោយចុងក្រចក១ ធាវេ ក្នុងកាលដែលត្រូវ​លុន ឬផាយលឿនឆាប់ទាន់ចិត្ត១ រវត្ថេ ក្នុងកាលដែល​ត្រូវការកញ្ជ្រៀវ១ រាជគុណេ ក្នុងកាលដែល​ស្តេច​គួរដឹង​គុណបំណាច់១ រាជវំសេ ក្នុងវង្សនៃសេះជាស្តេច១ ឧត្តមេ ជវេ ក្នុងកាលដែល​បោលមានសំទុះដ៏ល្អ១ ឧត្តមេ ហយេ ក្នុងភាពនៃសេះដ៏ល្អ១ ឧត្តមេ សាខល្យេ ក្នុងកាលដែលម្ចាស់ប្រើដោយពាក្យសំដីដ៏ល្អ ក៏ស្តាប់ពាក្យម្ចាស់បាន១។
59)
ម្រឹគដែលត្រូវគេពាធាហើយ មិនមានបំណងនឹងមកឲ្យគេព្យាបាលវិញ តែងចូលទៅរកព្រៃរក្សារបួសដោយខ្លួនឯង។ អដ្ឋកថា។
60)
ឧបធិសព្ទ ប្រែថា សភាវៈដែលដំកល់ទុកនូវកងទុក្ខ គឺជាឫសគល់​នៃកងទុក្ខ បានដល់ឧបធិ៤យ៉ាង គឺខន្ធូបធិ១ កិលេសូបធិ១ អភិសង្ខារូបធិ១ កាមគុណូបធិ១។ អដ្ឋកថា។
61)
ប្រទេសដែលស្តេចពានរ ព្រមដោយបរិវារក្រេបផឹកទឹក ដោយដើមបបុះ មកអំពីព្រេងនាយ។ អដ្ឋកថា។
62)
សំដៅយក​រូបារូបសមាបត្តិទាំង៨។ អដ្ឋកថា។
km/tipitaka/book_023.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann