km:tipitaka:sut:kn:jat:sut.kn.jat.498

ចិត្តសម្ភូតជាតក ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 498 បាលី cs-km: sut.kn.jat.498 អដ្ឋកថា: sut.kn.jat.498_att PTS: ?

ចិត្តសម្ភូតជាតក ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤៩៨. ចិត្តសម្ភូតជាតកំ (២))

[១៨៣] (ព្រះរាជាត្រាស់ថា) សេចក្តីខ្វល់ខ្វាយ​ដោយការងារ​ទាំងអស់ ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយ​ដោយប្រពៃ រមែង​ប្រកប​ដោយផល មិនមែន​ឥត​អំពើទេ ខ្ញុំឃើញ​សម្ភូត​បណ្ឌិត​មាន​អានុភាព​ច្រើន ជាអ្នក​បរិបូណ៌​ដោយ​ផលនៃ​បុណ្យ​ដោយ​ការងារ​របស់​ខ្លួន​។ សេចក្តី​ខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់​ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយ​ដោយ​ប្រពៃ រមែង​ប្រកប​ដោយ​ផល មិនមែន​ឥតអំពើ​ទេ ចិត្តរបស់​បណ្ឌិត​ឈ្មោះ​ចិត្តៈ​នោះ​សម្រេច​ដូចចិត្ត​អាត្មាអញ​ដែរឬហ្ន៎។

[១៨៤] (ទារកច្រៀងទូលថា) សេចក្តីខ្វល់ខ្វាយ​ដោយ​ការងារ​ទាំងអស់ ដែល​នរជន​ទាំងឡាយ​សន្សំ​ហើយ​ដោយប្រពៃ រមែង​ប្រកប​ដោយផល មិន​មែនឥត​អំពើទេ បពិត្រ​ព្រះសម្មតិទេព សូមព្រះអង្គ​ទ្រង់ជ្រាប​នូវបណ្ឌិត​ឈ្មោះចិត្តៈ​នោះ មានចិត្ត​សម្រេច​ដូច​ព្រះរាជ​ហ្ឫទ័យ​ព្រះអង្គ​ដែរ។

[១៨៥] (ព្រះរាជា…) (សំដីនេះ) អ្នកបានឮមក (អំពី​សំណាក់) បណ្ឌិត​ឈ្មោះ​ចិត្តៈ​ដ៏ចំរើន​ឬ ឬជន​ណាមួយ​ប្រាប់សេចក្តី​នុ៎ះដល់អ្នក គាថា (នេះ) អ្នក​ច្រៀងពីរោះ​ហើយ ខ្ញុំមិន​មានសេចក្តី​សង្ស័យទេ ខ្ញុំ​ឲ្យស្រុក​សួយមួយរយ​ដល់អ្នក។

[១៨៦] (ទារក…) ខ្ញុំព្រះអង្គ​មិនបានឮ (អំពីសំណាក់) បណ្ឌិត​ឈ្មោះ​ចិត្តៈទេ តែ​ឥសី (មួយរូប) បានប្រាប់​នូវសេចក្តី​នេះដល់​ខ្ញុំព្រះអង្គ​ថា អ្នក​ចូរទៅ​ច្រៀង​គាថា​តនឹង​ព្រះរាជា ក្រែងលោស្តេច​សព្វ​ព្រះរាជ​ហឫទ័យ​នឹង​ប្រោសប្រទាន​នូវរបស់​ដ៏ប្រសើរ​ដល់​អ្នក។

[១៨៧] (ព្រះរាជា…) អ្នកទាំងឡាយចូរទឹម​នូវរាជរថ​ទាំងឡាយ ដែលធ្វើ​យ៉ាងល្អ គ្រឿង​ប្រដាប់​ដ៏ពិចិត្ត ចូរចងនូវ​ខ្សែដង្គន់ ពាក់នូវ​គ្រឿង​ប្រដាប់ក នៃដំរី​ទាំងឡាយ។ អ្នក​ទាំងឡាយ ចូរវាយស្គរ និងសំភោរ ផ្លុំនូវ​ស័ង្ខផង ចូរ​ទឹមនូវយាន​ទាំងឡាយ​ដ៏លឿនៗ​ផង ថ្ងៃ​នេះឯង អញនឹង​ទៅមើល​ឥសី ដែលគង់​ក្នុង​អាស្រម​ណា អញនឹង​ទៅកាន់​អាស្រម​នោះ។

[១៨៨] ឱហ្ន៎ អាត្មាអញ មានលាភល្អ​ណាស់តើ គាថាដែល​អាត្មាអញ​ច្រៀង​ពីរោះ​ហើយ ក្នុងកណ្តាល​បរិស័ទ អាត្មាអញ​បានឃើញ​នូវឥសី​ដ៏​បរិបូណ៌​ដោយ​សីល និងវត្ត ហើយក៏​ត្រេកអរ​រីករាយ។

[១៨៩] សូមលោកដ៏ចំរើនទទួលនូវ​អាសនៈ ទឹក និងប្រេង​លាបជើង​របស់​យើង​ចុះ បពិត្រ​ម្ចាស់ថ្លៃ ខ្ញុំសួរ​លោកដ៏ចំរើន​ក្នុងវត្ថុ​មានដំឡៃ សូម​លោក​ដ៏ចំរើន​ទទួល​នូវវត្ថុ​មានដំឡៃ​របស់​យើងខ្ញុំ។

[១៩០] ពួកជនចូរធ្វើនូវលំនៅ ឲ្យជាទីរីករាយ​ដល់​លោកផង សូមលោក​ឲ្យ​ពួក​នារីបំរើ​ផង សូមលោក​ធ្វើនូវ​ឱកាស ដើម្បី​អនុគ្រោះ យើងនឹង​ធ្វើជាធំ​នេះ ទាំងពីរនាក់។

[១៩១] (ចិត្តបណ្ឌិតពោលថា) បពិត្រព្រះរាជា អាត្មាភាព​បានឃើញនូវ​ផល​នៃ​ទុច្ចរិត និងផល​ដ៏ប្រសើរ​របស់ធម៌ ដែលបាន​សន្សំ​ដោយប្រពៃ អាត្មាភាព​នឹង​សង្រួម​នូវខ្លួន​តែម្យ៉ាង អាត្មាភាព​មិនប្រាថ្នា​នូវកូន ឬសត្វ​ចិញ្ចឹម ឬទ្រព្យទេ។

១០ ឆ្នាំ ១០ ដងនេះ ជាជីវិត​របស់ពួក​សត្វក្នុង​លោកនេះ ជីវិតនោះ​មិនដល់​កំណត់​នោះ​នៅឡើយ ក៏ស្វិត​ស្រពោនទៅ ដូចជា​ដើមបបុស​ដែល​គេកាត់​ហើយ។ កាល​បើជីវិត​នោះ (ស្រពោន​ទៅយ៉ាងនេះ) តើរីករាយ​ដូចម្តេច​កើត លេងសើច​ដូចម្តេចកើត ត្រេកអរ​ដូចម្តេច​កើត ស្វែងរក​ទ្រព្យ​ដូចមេ្តច​កើត បពិត្រ​ព្រះរាជា អាត្មាភាព​មាន​ប្រយោជន៍​ដោយកូន និងប្រពន្ធ ដូចម្តេច​កើត អាត្មាភាព​ជាបុគ្គល​ផុតចាក​ចំណង​ហើយ។ អាត្មាភាព​នោះ ដឹងច្បាស់​យ៉ាងនេះ មច្ចុរាជ​មិនមើល​ងាយ​ចំពោះ​អាត្មាភាពទេ កាលបើ​អាត្មាភាព​ត្រូវ​មច្ចុរាជ​គ្របសង្កត់ (យ៉ាងនេះ) តើ​តេ្រកអរ​ដូចម្តេច​កើត ស្វែងរក​ទ្រព្យដូច​ម្តេចកើត។ បពិត្រ​ព្រះអង្គ​ជាធំ​ជាងជន ជាតិរបស់​ពួកសត្វ ជាធម្មជាតិ​ដ៏​ថោកទាប កំណើត​មនុស្ស​ចណ្ឌាល​លាមក ជាងពួក​សត្វក្នុង​ពួកសត្វ​ជើងពីរ យើង​បាននៅ​ក្នុងគភ៌​មនុស្ស​ចណ្ឌាល​ក្នុងកាលមុន ព្រោះតែ​អំពើជា​របស់ខ្លួន ដ៏​លាមក​ក្រៃលែង។

យើងបានកើតជាមនុស្សចណ្ឌាល ក្នុងដែនអវន្តី ហើយបែរ​មកកើត​ជាម្រឹគ ប្របឆ្នេរ​ស្ទឹង​នេរញ្ជរា រួចកើត​ជាសត្វអកខ្មៅ1) ទៀប​ឆ្នេរ​ស្ទឹង​រម្មទា​ក្នុងថ្ងៃ​នោះ យើងជា​ព្រាហ្មណ៍ និង​ក្សត្រិយ៍។

[១៩២] ជីវិត គឺអាយុមានប្រមាណតិច ត្រូវជរា​នាំចូល​ទៅ (កាន់​សេចក្តី​ស្លាប់) កាលបើ​សត្វត្រូវ​ជរានាំ​ចូលទៅ (កាន់សេចក្តី​ស្លាប់ហើយ) ទីពឹងពុំ​មានទេ បពិត្រ​ព្រះបាទ​បញ្ចាលៈ សូម​ទ្រង់ធ្វើ​តាមពាក្យ​អាត្មាភាព​ចុះ ទ្រង់​កុំធ្វើនូវ​អំពើទាំង​ឡាយ ដែល​មានកំរៃ​ជាទុក្ខ​ឡើយ។ ជីវិត គឺអាយុ​មាន​ប្រមាណតិច ត្រូវ​ជរានាំទៅ (កាន់​សេចក្តី​ស្លាប់) កាលបើ​សត្វត្រូវ​ជរានាំ​ទៅ (កាន់សេចក្តី​ស្លាប់ហើយ) ទីពឹង​ពុំមានទេ បពិត្រ​ព្រះបាទ​បញ្ចាលៈ សូម​ទ្រង់ធ្វើ​តាមពាក្យ​អាត្មាភាព​ចុះ ទ្រង់កុំធ្វើ​នូវអំពើ​ទាំងឡាយ ដែលមាន​ផល​ជាទុក្ខ​ឡើយ។ ជីវិត គឺអាយុ​មានប្រមាណ​តិច ត្រូវជរា​នាំទៅ (កាន់​សេចក្តី​ស្លាប់) កាលបើ​សត្វត្រូវ​ជរានាំទៅ (កាន់សេចក្តី​ស្លាប់ហើយ) ទីពឹងពំនាក់ពុំ​មានទេ បពិត្រ​ព្រះបាទ​បញ្ចាលៈ សូម​ទ្រង់ធ្វើ​តាមពាក្យ​អាត្មាភាព​ចុះ ទ្រង់​កុំធ្វើនូវ​អំពើ​ទាំងឡាយ ដែលជា​ប្រធាន​នៃធូលី គឺកិលេស​ឡើយ។ ជីវិត គឺ​អាយុមាន​ប្រមាណតិច ត្រូវជរា​នាំទៅ (កាន់​សេចក្តី​ស្លាប់) ជរាតែង​កំចាត់​បង់​នូវសម្បុរ​របស់សត្វ ដែល​កំពុង​គ្រាំគ្រា បពិត្រ​ព្រះបាទ​បញ្ចាលៈ សូមទ្រង់​ធ្វើតាម​ពាក្យអាត្មាភាព​ចុះ ទ្រង់កុំធ្វើ​នូវអំពើ​ដើម្បី​កើត​ក្នុង​នរក​ឡើយ។

[១៩៣] (ព្រះរាជា…) ពាក្យ (របស់លោក) នោះ ពេញជាពិត​មែនហើយ បពិត្រ​ឥសី លោក​ពោលយ៉ាង​ណា សេចក្តីនុ៎ះ​យ៉ាងនោះ បពិត្រ​ភិក្ខុ តែ​កាមទាំង​ឡាយ​របស់ខ្ញុំ មាន​សភាព​មិនតិច​ទេ កាមទាំង​នោះ បុគ្គល​ប្រហែល​ខ្ញុំ លះបង់​បាន​ដោយក្រ។ ដំរី​ជាប់នៅ​ក្នុង​កណ្តាល​ភក់ មិនអាច​រើខ្លួនទៅ​កាន់ទី​គោកដោយ​ខ្លួនឯង​យ៉ាងណា ខ្ញុំក៏​ជាបុគ្គល​ជាប់នៅ​ក្នុង​ភក់ គឺកាម មិនអាច​បួស​តាមផ្លូវ (ឱវាទ) របស់​លោកជា​ភិក្ខុ​យ៉ាងនោះ​ដែរ។ មាតាបិតា ប្រៀន​ប្រដៅបុត្ត (ដោយ​ឧបាយថា) ធ្វើម្តេច បុត្តនឹង​បាន​សេចក្តី​សុខ​យ៉ាងណា បពិត្រ​លោក​ដ៏ចំរើន សូមលោក​ប្រៀនប្រដៅខ្ញុំ​តាមសមគួរ ល្មមឲ្យ​ខ្ញុំ​លះ​លោកនេះ​ទៅហើយ បាន​សេចក្តី​សុខជា​អង្វែង ក៏យ៉ាង​នោះដែរ។

[១៩៤] (ចិត្តបណ្ឌិត…) បពិត្រព្រះអង្គ​ជាធំជាង​ជន បើព្រះអង្គ​មិនអាច​នឹង​លះបង់​នូវកាម​ទាំងឡាយ​ជារបស់​មនុស្ស​នេះបានទេ បពិត្រ​ព្រះរាជា សូម​ព្រះអង្គ​តាំងទុក​នូវ​ពលី​ប្រកប​ដោយធម៌ ឯការងារ​ដែលមិន​ប្រកប​ដោយធម៌ ​ក៏សូមកុំ​ឲ្យមាន​ក្នុងដែន​របស់​ព្រះអង្គ​ឡើយ។ សូម​ឲ្យទូត​ទាំងឡាយ (របស់​ព្រះអង្គ) ជាអ្នក​និមន្តនូវ​ពួកព្រាហ្មណ៍ ចេញ​ទៅកាន់​ទិសទាំង ៤ (និមន្ត​មិន​រើសមុខ) សូម​ឲ្យព្រះអង្គ​ទំនុក​បម្រុង​នូវ​សមណ​ព្រាហ្មណ៍​ទាំងនោះ ដោយបាយ ទឹក សំពត់ និង​សេនាសនប្បច្ច័យ។ សូមព្រះអង្គ​មាន​ព្រះទ័យ​ជ្រះថ្លា ហើយញ៉ាំង​សមណ​ព្រាហ្មណ៍​ឲ្យឆ្អែត​ស្កប់ស្កល់​ដោយ​បាយ និងទឹក លុះ​ព្រះអង្គ​ឲ្យទាន និងប្រើប្រាស់ (ទ្រព្យ) តាមសម​គួរដល់​រាជានុភាព​ហើយ ឥតមាន​អ្នកផង​តិះដៀល ហើយសូម​ឲ្យទៅកើតក្នុង​ឋានសួគ៌។ បពិត្រ​ព្រះរាជា បើ​សេចក្តី​ស្រវឹង​គ្រប​សង្កត់​ព្រះអង្គ​ដែលមាន​ពួកនារី​ចោមរោម​បំរើ សូមព្រះអង្គ​ធ្វើទុក​ក្នុង​ព្រះទ័យ ចំពោះ​គាថា​នេះចុះ មួយទៀត សូម​ព្រះអង្គ (ឧស្សាហ៍) ប្រើគេ​ឲ្យពោល​នូវ​គាថានេះ ក្នុង​កណ្តាល​បរិស័ទ​ថា

សត្វណា​ដេកក្នុង​ទីវាល បៅដោះ​មាតាកំពុង​ដើរ ជា​សត្វ​ច្របូក​ច្របល់​ដោយពួក​សុនខ សត្វនោះ​គេហៅ​ថា​ព្រះរាជា ក្នុងថ្ងៃ​នេះ។

ចប់ ចិត្តសម្ភូតជាតក ទី២។

 

លេខយោង

1)
អាចារ្យខ្លះថា សត្វអង្កត់ខ្មៅ។
km/tipitaka/sut/kn/jat/sut.kn.jat.498.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann