តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ជាតក » ឯកនិបាតជាតក »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn jat v01 10 បាលី cs-km: sut.kn.jat.v01.10 អដ្ឋកថា: sut.kn.jat.v01.10_att PTS: ?
លិត្តវគ្គ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១០. លិត្តវគ្គោ)
(៩១. លិត្តជាតកំ)
[៩១] (អ្នកលេងស្កាពោធិសត្វ ពោលថា) បុរសកាលលេបនូវកូនសា្កប្រឡាក់ដោយថ្នាំពិស មានតេជះដ៏ខាំ្លង ក៏មិនដឹងខ្លួន ម្នាលអ្នកចង្រៃ អ្នកចូរលេបទៅ នែអ្នកលេងអាក្រក់ អ្នកចូរលេបទៅ ពិសដ៏ផ្សាក្ដៅ នឹងមានដល់អ្នក ក្នុងកាលជាខាងក្រោយ។
ចប់ លិត្តជាតក ទី១។
(៩២. មហាសារជាតកំ)
[៩២] (ព្រះរាជា ទ្រង់ត្រាស់ថា) ក្នុងកាលសង្គ្រាមកើតឡើង ពួកជនរមែងប្រាថ្នានូវបុរសអ្នកក្លៀវក្លា ក្នុងពួកអ្នកប្រឹក្សាការ គេប្រាថ្នានូវបុរសអ្នកមានវាចាមិនរោយរាយ ក្នុងកាលមានបាយទឹកឆ្ងាញ់ គេប្រាថ្នានូវបុរសជាទីស្រឡាញ់ ក្នុងកាលអាថ៌ (កំបាំង) កើតឡើង គេប្រាថ្នានូវបណ្ឌិត។
ចប់ មហាសារជាតក ទី២។
(៩៣. វិសាសភោជនជាតកំ)
[៩៣] (សេដ្ឋីពោធិសត្វ ពោលថា) បុគ្គលមិនគប្បីស្និទ្ធស្នាលក្នុងបុគ្គលដែលមិនធ្លាប់ស្និទ្ធស្នាល មិនគប្បីស្និទ្ធស្នាលក្នុងបុគ្គល សូម្បីធ្លាប់ស្និទ្ធស្នាលហើយ ភ័យរមែងទៅតាមបុគ្គលនោះ ព្រោះសេចក្ដីស្និទ្ធស្នាល ដូចជាភ័យដែលជាប់តាមនូវសត្វសីហៈ ព្រោះមេម្រឹគ។
ចប់ វិស្សាសភោជនជាតក ទី៣។
(៩៤. លោមហំសជាតកំ)
[៩៤] (អាជីវកពោធិសត្វ ពោលថា) អាត្មាអញ ក្ដៅណាស់ហើយ ត្រជាក់ណាស់ហើយ នៅតែម្នាក់ឯង ក្នុងព្រៃគួរខ្លាច ជាមនុស្សអាក្រាត ទាំងមិនអាំងភ្លើង ជាអ្នកខ្វល់ខ្វាយក្នុងការស្វែងរក (នូវព្រហ្មចរិយធម៌) ប្រតិបត្តិ ដើម្បីមោនៈ។
ចប់ លោមហំសជាតក ទី៤។
(៩៥. មហាសុទស្សនជាតកំ)
[៩៥] (ព្រះពោធិសត្វ ពោលថា) សង្ខារទាំងឡាយមិនទៀងទេ មានការកើតឡើង និងសូន្យទៅជាធម្មតា (ព្រោះ) កើតឡើងហើយ តែងរលត់ទៅវិញ ការរម្ងាប់សង្ខារទាំងនោះបាន ទើបនាំមកនូវសេចក្ដីសុខ។
ចប់ មហាសុទស្សនជាតក ទី៥។
(៩៦. តេលបត្តជាតកំ)
[៩៦] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) បុគ្គលគប្បីនាំទៅនូវភាជន៍ប្រេង ដែលពេញត្រឹមកណ្ដាប់មាត់ មិនឲ្យស្រក់ទៅបាន យ៉ាងណាមិញ (ព្រះយោគាវចរ) កាលប្រាថ្នានូវទិសដែលខ្លួនមិនធ្លាប់ទៅ គឺព្រះនិព្វាន គប្បីរក្សានូវចិត្តរបស់ខ្លួន (ដោយសតិ) យ៉ាងនោះដែរ។
ចប់ តេលបត្តជាតក ទី៦។
(៩៧. នាមសិទ្ធិជាតកំ)
[៩៧] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) មាណពឈ្មោះបាបកៈ បានឃើញបុរសរស់ ហើយស្លាប់ផង ឃើញទាសីឈ្មោះនាងរក្សាទ្រព្យ ហើយខ្សត់ទ្រព្យផង ឃើញបុរសអ្នកដើរផ្លូវ ហើយវង្វេងក្នុងព្រៃផង មកវិញហើយ។
ចប់ នាមសិទ្ធិជាតក ទី៧។
(៩៨. កូដវាណិជជាតកំ)
[៩៨] (បិតារបស់អតិបណ្ឌិតពាណិជ ពោលថា) បុគ្គលដែលឈ្មោះថាបណ្ឌិត ជាអ្នកប្រពៃពិត ឯបុគ្គលឈ្មោះថាអតិបណ្ឌិត មិនប្រពៃទេ អាត្មាអញ ត្រូវភ្លើងរោល ព្រោះតែកូនឈ្មោះអតិបណ្ឌិត។
ចប់ កូដវាណិជជាតក ទី៨។
(៩៩. បរោសហស្សជាតកំ)
[៩៩] (មហាព្រហ្មពោធិសត្វ ពោលថា) ជនទាំងឡាយមកប្រជុំគ្នាហើយ សូម្បីជាងពាន់នាក់ ជនទាំងនោះឥតប្រាជា្ញ គប្បីកន្ទក់កន្ទេញអស់ ១០០ ឆ្នាំ បុរសណា ប្រកបដោយប្រាជ្ញា បានដឹងច្បាស់នូវអត្ថនៃភាសិត បុរសនោះ នៅតែម្នាក់ឯង ប្រសើរជាង។
ចប់ បរោសហស្សជាតក ទី៩។
(១០០. អសាតរូបជាតកំ)
[១០០] (ព្រះសាស្ដា ទ្រង់ត្រាស់ថា) របស់មិនឆ្ងាញ់ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃរបស់ឆ្ងាញ់ របស់មិនគួរស្រឡាញ់ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃរបស់គួរស្រឡាញ់ សេចក្ដីទុក្ខ រមែងគ្របសង្កត់នូវបុគ្គលប្រមាទ ដោយសភាពនៃសេចក្ដីសុខ។
ចប់ អសាតរូបជាតក ទី១០។
ចប់ លិត្តវគ្គ ទី១០។
ចប់ មជ្ឈិមបណ្ណាសកៈ។
ឧទ្ទាននៃលិត្តវគ្គនោះគឺ
និយាយអំពីការលេបកូនស្កា (ក្នុងលិត្តជាតក) ១ បុរសមានវាចាមិនរោយរាយ (ក្នុងមហាសារជាតក) ១ មេម្រឹគ (ក្នុងវិស្សាសភោជនជាតក) ១ ប្រតិបត្តិដើម្បីមោនៈ (ក្នុងលោមហំសជាតក) ១ សង្ខារមិនទៀង (ក្នុងមហាសុទស្សនជាតក) ១ ភាជន៍ប្រេង (ក្នុងតេលបត្តជាតក) ១ ទាសីឈ្មោះនាងរក្សាទ្រព្យ (ក្នុងនាមសិទ្ធិជាតក) ១ អតិបណ្ឌិតពាណិជ (ក្នុងកូដវាណិជជាតក) ១ ជនជាងពាន់នាក់ (ក្នុងបរោសហស្សជាតក) ១ របស់មិនឆ្ងាញ់ (ក្នុងអសាតរូបជាតក) ១ ត្រូវជា ១០។