User Tools

Site Tools


Translations of this page?:
km:tipitaka:book_015

-Namo tassa bhagavato arahato sammā-
ព្រះត្រៃបិដកភាសាខ្មែរ - Tipiṭaka Khmer language
ភាគ ១៥ - Book 15

Ven. Members of the Sangha, Ven. Theras Valued Upasaka, valued Upasika This is a Work Edition! 1.Edition 20170101 Do not share it further except for editing and working purposes within the transcription project on sangham.net. Only for personal use. If you find any mistake or like to join the merits please feel invited to join here: sangham.net or Upasika Norum on sangham.net Anumodana!

សូម​ថ្វាយបង្គំ​ចំពោះ​ព្រះសង្ឃ, ជំរាបសួរ​ឧបាសក និង​ឧបាសិកា​ទាំង​អស់ នេះ​គឺ​ជា​សេចក្តី​ព្រាងច្បាប់​ការ​បោះ​ពុម្ព​ផ្សាយ! 1.Edition 20170101 សូម​កុំ​ចែក​រំលែក​បន្ថែម​ទៀត ប្រសិន​បើ​មិន​មែន​សម្រាប់​ការ​កែសម្រួល​នៅ sangham.net និង​កិច្ច​ការ​នេះ។ សូម​គិត​ថា​លោក​អ្នក​ត្រូវ​បាន​អញ្ជើញ​ដើម្បី​ចូល​រួម​បុណ្យកុសល​នេះ និង​​សូមប្រាប់​ពួក​យើង​អំពី​កំហុស និង​ប្រើវេទិកា​នេះ: sangham.net ឬ​ប្រាប់​ឧបាសិកា Norum នៅ​លើ sangham.net សូម​អនុមោទនា!

A topic about progress and feedback can be found here: ព្រះត្រៃបិដក ភាគ ០១៥ - Tipitaka Book 015, for change log on ati.eu see here: រាយការណ៍ ភាគ ០១៥



book_015.jpg

គំរូ ឯកសារ ផ្សេងទៀត ៖
book_015.pdf

លេខសម្គាល់
លេខទំព៍រ

ព្រះត្រៃបិដក ភាគ ទី ១៥

ទ. 1

សុត្តន្តបិដក

ទីឃនិកាយ

សីលក្ខន្ធវគ្គ

(សីលក្ខន្ធវគ្គ)

ទុតិយភាគ

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។

ខ្ញុំ​សូម​នមស្ការ ចំពោះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ ជា​អរហន្ត​សម្មាសម្ពុទ្ធ ព្រះ​អង្គ​នោះ​។

កូដទន្តសូត្រ ទី៥

(៥. កូដទន្តសុត្តំ)

[១] ខ្ញុំបានស្តាប់មកហើយយ៉ាងនេះ។ សម័យនោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់ចារិកក្នុងមគធជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ ៥០០រូប ទ្រង់ពុទ្ធដំណើរ​ទៅ​កាន់ស្រុកព្រាហ្មណ៍ ឈ្មោះខានុមត្តៈ របស់មគធជនបទ។ ឮថា ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​ឱទ្យាន ឈ្មោះអម្ពលដ្ឋិកា ទៀបខានុមត្តគ្រាមនោះ។ ក៏ក្នុងសម័យនោះ កូដទន្តព្រាហ្មណ៍ អ្នកគ្រប់​គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករដោយមនុស្ស សត្វ បរិបូណ៌​ដោយស្មៅ ឧស និងទឹក បរិបូណ៌​ដោយធញ្ញាហារ ជាស្រុក​ព្រះរាជទ្រព្យ ដែលព្រះរាជាមាគធសេនិយពិម្ពិសារ ទ្រង់​ព្រះ​រាជទាន ជាព្រះរាជអំណោយដ៏ប្រសើរ គឺទ្រង់ប្រទាន​ដោយដាច់ខាត។

[២] សម័យនោះឯង កូដទន្តព្រាហ្មណ៍កំពុងចាត់ចែង​មហាយ័ញ្ញ (ការបូជាធំ)។ ព្រាហ្មណ៍​នោះ បានយកគោឈ្មោល ៧០០ កូនគោឈ្មោល ៧០០ កូនគោញី ៧០០ ពពែ ៧០០ កែះ ៧០០ ទៅ​ចងទុកនឹងបង្គោល សម្រាប់យញ្ញពិធី។ ពួកព្រាហ្មណ៍ និងគហបតី អ្នកស្រុកខានុមត្តៈ បានឮ​ដំណឹងថា ព្រះសមណគោតម​ ជាសក្យបុត្ត ចេញចាក​សក្យ​ត្រកូល ទៅទ្រង់ព្រះផ្នួស ទ្រង់ពុទ្ធ​ដំណើរ​មកកាន់ចារិក ក្នុងមគធជនបទ ព្រមដោយ​ភិក្ខុ​សង្ឃ​ច្រើន ប្រមាណ៥០០រូប បានមកដល់​ខានុមត្តគ្រាម គង់នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀប​ខានុមត្តគ្រាម ក៏កិត្តិសព្ទសរសើរ​ព្រះ​គោតម​ដ៏ចំរើននោះ ឮពីរោះ ខ្ចរខ្ចាយ សុះ​សាយ​មកយ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ ជាអរហន្ត ជាសម្មាសម្ពុទ្ធ ទ្រង់បរិបូណ៌​ដោយ​វិជ្ជា និងចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​លោក ព្រះអង្គជាបុគ្គលប្រសើរបំផុត ជា​សារថី ទូន្មាន​នូវ​បុរស ជាសាស្តានៃ​ទេវតា និងមនុស្សទាំងឡាយ ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវចតុរារិយសច្ច ព្រះអង្គលែង​វិល​​មក​កាន់​ភព​ថ្មីទៀត ព្រះអង្គបាន​ត្រាស់​ដឹង​ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយ​ញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក ញុំាងពពួកសត្វ ព្រមទាំង​​សមណព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្សដ៏សេស ឲ្យបាន​ត្រាស់​ដឹង​ផង ព្រះអង្គ ទ្រង់សំដែង​ធម៌ មានលំអបទដើម លំអបទ​កណ្តាល លំអបទចុង ព្រះអង្គ ទ្រង់ប្រកាស​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធទាំងអស់ ការ​បានជួបនឹងព្រះអរហន្តទាំងឡាយ មាន​សភាពដូច្នេះ រមែងឲ្យ​សម្រេច​ប្រយោជន៍។ គ្រានោះ ពួកព្រាហ្មណ៍ និងគហបតី​អ្នក​ស្រុក​​ខានុមត្តៈ ចេញពី​ខានុមត្តគ្រាម ជាក្រុម ជាពួក ជាគណៈ ចូលសំដៅទៅកាន់​អម្ពលដ្ឋិកា​ឱទ្យាន។

[៣] សម័យនោះឯង កូដទន្តព្រាហ្មណ៍ ចូលទៅកាន់ដំណេកវេលាថ្ងៃ ឰដ៏ប្រាសាទ​ជាន់​ខាងលើ។ កូដទន្តព្រាហ្មណ៍នោះ បានឃើញ​ពួកព្រាហ្មណ៍ និងគហបតី​អ្នកស្រុក​ខានុមត្តៈ នាំគ្នាចេញពីខានុមត្តគ្រាម ជាក្រុម ជាពួក ជាគណៈ ដើរត្រសង ចូល​​ទៅកាន់​អម្ពលដ្ឋិកាឱទ្យាន លុះបានឃើញហើយ ទើបហៅខត្តាមាត្យមកសួរថា នែខត្តៈដ៏ចំរើន មាន​ហេតុដូចម្តេច បានជាពួកព្រាហ្មណ៍ គហបតី​អ្នកស្រុកខានុមត្តៈ នាំគ្នាចេញពី​ខានុមត្ត​គ្រាម ជាក្រុម ជាពួក ជាគណៈ ត្រសង ចូលទៅកាន់​អម្ពលដ្ឋិកាឱទ្យាន។ ខត្តាមាត្យ​ជំរាបថា បពិត្រលោកដ៏ចំរើន មានសមណឈ្មោះ គោតម ជាសក្យបុត្រ ចេញ​ចាក​សក្យត្រកូល មកបួស មាន​ដំណើរមកកាន់​ចារិក​ ក្នុងដែនមគធៈ ព្រមដោយភិក្ខុ​សង្ឃ​ច្រើន ប្រមាណ​៥០០រូប បាន​មក​ដល់ខានុមត្តគ្រាមហើយ នៅក្នុង​អម្ពលដ្ឋិកាឱទ្យាន ជិត​ខានុមត្ត​គ្រាម កិត្តិសព្ទ សរសើរព្រះ​គោតម​ដ៏ចំរើននោះ ឮពីរោះ ខ្ចរខ្ចាយ សុះសាយ​មក​យ៉ាង​នេះថា ព្រះមានព្រះភាគ​​នោះ ជាអរហន្ត ជាសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និង​ចរណៈ ជាព្រះសុគត ជ្រាបច្បាស់​នូវ​លោក ជាបុគ្គលប្រសើរបំផុត ជាសារថី ទូន្មាន​នូវ​បុរស ជាសាស្តានៃ​ទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធ លែង​វិល​មកកាន់ភព​ថ្មីទៀត បពិត្រលោកដ៏ចំរើន ពួកព្រាហ្មណ៍ និងគហបតី​ទាំងនុ៎ះ នាំគ្នាចូល​ទៅរកព្រះគោតម​ដ៏​ចំរើន​នោះ។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ មានសេចក្តីត្រិះរិះ​ដូច្នេះថា អញបានឮពាក្យ​នេះ​មកថា ព្រះសមណគោតម ទ្រង់ជ្រាបយញ្ញសម្បទា៣​ប្រការ ដែលមានបរិក្ខារ១៦ ចំណែក​អាត្មាអញ មិនបានដឹង​យញ្ញសម្បទា​៣ប្រការ ដែល​មាន​បរិក្ខារ១៦ទេ ប៉ុន្តែ​អញ​បំរុង​នឹងបូជា​នូវ​មហាយ័ញ្ញ បើដូច្នោះ មានតែអាត្មាអញ ចូល​ទៅរក​ព្រះសមណគោតម ហើយ​សួរនូវ​យញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ១៦។ ទើប​កូដទន្តព្រាហ្មណ៍ និយាយ​នឹងខត្តាមាត្យថា នែខត្តៈដ៏ចំរើន បើដូច្នោះ ចូរ​អ្នក​ទៅរក​ពួក​ព្រាហ្មណ៍ និង​គហបតី​​អ្នក​ស្រុខានុមត្តៈ លុះចូលទៅដល់ហើយ ចូរនិយាយ​នឹងពួក​ព្រាហ្មណ៍ គហបតី​អ្នក​ស្រុកខានុមត្តៈយ៉ាង​នេះថា នែអ្នកទាំងឡាយដ៏ចំរើន កូដទន្តព្រាហ្មណ៍ ផ្តាំមក​យ៉ាង​នេះ​ថា សូមឲ្យ​អ្នកដ៏ចំរើនទាំងឡាយ រង់ចាំផង ដ្បិតកូដទន្តព្រាហ្មណ៍ នឹងចូលទៅរក​ព្រះសមណ​គោតមដែរ។ ខត្តាមាត្យនោះ ទទួល​ពាក្យកូដទន្តព្រាហ្មណ៍​ថា បពិត្រលោក​ដ៏ចំរើន យ៉ាងនេះឯង ហើយក៏ចូលទៅរក​ពួក​ព្រាហ្មណ៍​ គហបតី​អ្នកស្រុកខានុមត្តៈ ​លុះ​ចូលទៅដល់ហើយ ទើបនិយាយពាក្យនេះ នឹង​ពួក​ព្រាហ្មណ៍ គហបតីអ្នកស្រុក​ខានុមត្តៈ​ថា នែអ្នកទាំងឡាយដ៏ចំរើន កូដទន្តព្រាហ្មណ៍ ផ្តាំមកយ៉ាងនេះថា សូមឲ្យ​​អ្នកដ៏ចំរើន​ទាំង​ឡាយ រង់ចាំផង ដ្បិតកូដទន្តព្រាហ្មណ៍ នឹង​ចូល​ទៅរក​ព្រះសមណ​គោតមដែរ។

[៤] សម័យនោះឯង ពួកព្រាហ្មណ៍ច្រើនរយ ដែលនៅអាស្រ័យ​ក្នុងខានុមត្តគ្រាម គិត​គ្នាថា យើងនឹងបរិភោគនូវមហាយ័ញ្ញរបស់កូដទន្តព្រាហ្មណ៍។ លុះពួកព្រាហ្មណ៍​ទាំង​នោះ បានឮដំណឹងថា កូដទន្តព្រាហ្មណ៍ នឹងចូលទៅរក​ព្រះសមណគោតមដែរ។ ទើប​ពួក​​ព្រាហ្មណ៍​ទាំងអម្បាលនោះ នាំគ្នាចូលទៅរកកូដទន្តព្រាហ្មណ៍ លុះចូលទៅ​ដល់​ហើយ ក៏និយាយពាក្យនេះនឹងកូដទន្តព្រាហ្មណ៍ថា បានឮថា លោកកូដទន្តៈ នឹង​ចូលទៅរកព្រះសមណគោតម ពិតមែនឬ។ កូដទន្តព្រាហ្មណ៍ឆ្លើយថា ម្នាលអ្នក​ទាំង​ឡាយ​ដ៏ចំរើន ខ្ញុំនិយាយយ៉ាងនេះមែនថា ខ្ញុំឯង​នឹងចូលទៅរក​ព្រះសមណគោតម។ ព្រាហ្មណ៍ទាំងនោះនិយាយថា លោកកូដទន្តៈ កុំចូល​ទៅរក​ព្រះសមណគោតមឡើយ លោកកូដទន្តៈ មិនគួរនឹងចូល​ទៅរកព្រះសមណគោតមទេ បើលោកកូដទន្តៈ ខំ​ចូល​ទៅរកព្រះសមណគោតម យសរបស់លោកកូដទន្តៈ នឹងសាបសូន្យ យសព្រះ​សមណគោតម នឹងចំរើន ប្រសិនបើយសរបស់លោក​កូដទន្តៈ នឹងសាបសូន្យ យសរបស់ព្រះ​សមណគោតម នឹងចំរើនឡើង ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរនឹង​ចូលទៅរកព្រះសមណគោតមទេ គួរតែ​ព្រះសមណ​គោតម​ទេតើ ទើបគួរ​ចូលមក​រកលោកកូដទន្តៈវិញ ដ្បិតលោកកូដទន្តៈ មាន​កំណើត​បរិសុទ្ធទាំង​ពីរចំណែក គឺខាងមាតា និងខាង​បិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ តាំងអំពី​តំណ នៃ​​ជីដូនជីតាជាគំរប់៧មក មិនមានអ្នកណា រិះគន់ តិះដៀលបាន ដោយពោល​ដល់​ជាតិ​កំណើតឡើយ លោកកូដទន្តៈ មានកំណើតបរិសុទ្ធទាំងពីរចំណែក គឺខាងមាតា និងខាង​បិតា ប្រសូតចាកគភ៌បរិសុទ្ធ តាំងអំពីតំណនៃ​ជីដូនជីតាជាគំរប់៧មក មិន​មានអ្នកណា​រិះគន់ តិះដៀលបាន ដោយពោលដល់ជាតិកំណើតឡើយ ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរនឹងចូលទៅជួប នឹងព្រះសមណគោតមទេ គួរតែ​ព្រះសមណ​គោតមទេតើ ចូលមករកលោកកូដទន្តៈវិញ ដ្បិត​ថាលោកកូដទន្តៈ ជាអ្នក​ស្តុកស្តម្ភ មានទ្រព្យច្រើន មានរបស់​ប្រើប្រាស់ច្រើន មានសម្បត្តិច្រើន មានមាសប្រាក់​ច្រើន ម្យ៉ាងទៀត លោកកូដទន្តៈ ជាអ្នករាយមន្ត ចេះចាំនូវមន្ត ចេះចប់ត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ និងគម្ពីរ​កេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកស្គាល់នូវ​បទ និងវេយ្យាករណ៍ ជាអ្នកមិនឱនថយ គឺ​ស្ទាត់​ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណ​សាស្ត្រ លោកកូដទន្តៈ មានរូបល្អ គួររមិលមើល គួរជាទី​ជ្រះថ្លា ប្រកបដោយសម្បុរដ៏ល្អក្រៃលែង មានសម្បុរ​ដ៏​ប្រសើរ មានសរីរៈស្រដៀង​នឹងព្រហ្ម មានសព៌ាង្គរាងកាយ គួរឲ្យចង់មើលមិនលែង លោកកូដទន្តៈ ជាអ្នកមានសីលធម៌ មានសីលធម៌ដ៏ចំរើន ប្រកបដោយសីលដ៏ចំរើន លោកកូដទន្តៈ មានសំដីពីរោះ និយាយពាក្យពីរោះ ប្រកបដោយវាចាអ្នកក្រុង ជា​វាចា​ច្បាស់​លាស់ ប្រាសចាកទោស អាចញុំាង​អ្នកស្តាប់ឲ្យចូល​ចិត្តសេចក្តីជាក់លាក់បាន លោកកូដទន្តៈ ជាអាចារ្យ ជាប្រធានលើអាចារ្យនៃជនច្រើន បានបង្រៀន​មន្ត​មាណព​៣០០នាក់ មិនតែប៉ុណ្ណោះ ពួកមាណពច្រើននាក់ តែងមកអំពីទិសផ្សេងៗ អំពីជន​បទ​ផ្សេងៗ ជាអ្នកត្រូវការដោយមន្ត ចង់រៀនមន្តក្នុងសំណាក់លោកកូដទន្តៈ លោកកូដទន្តៈ ជាមនុស្សចាស់ព្រឹទ្ធាចារ្យ មានអាយុច្រើន រស់នៅបានយូរឆ្នាំមកហើយ មានអាយុ ក៏ជ្រុល​​ចូលមកក្នុងបច្ឆិមវ័យហើយ ឯព្រះសមណគោតម ជាមនុស្សក្មេងផង ទើបនឹង​បួស​ថ្មី​ផង មួយទៀត លោកកូដទន្តៈ​ ព្រះបាទមាគធសេនិយពិម្ពិសារ តែង​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ទាំងបោក្ខរសាតិព្រាហ្មណ៍ ក៏តែង​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែងលោកកូដទន្តៈដែរ មួយវិញទៀត លោកកូដទន្តៈ នៅ​គ្រប់​គ្រង​ខានុមត្តគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស សត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌ដោយធញ្ញាហារ ជា​ស្រុកព្រះរាជទ្រព្យ ដែលព្រះបាទ​មាគធសេនិយពិម្ពិសារ ទ្រង់ប្រទាន ជាព្រះរាជ​អំណោយដ៏ប្រសើរ លោកកូដទន្តៈ នៅគ្រប់គ្រងខានុមត្តគ្រាម ដែលជាស្រុកកុះករ ដោយមនុស្ស សត្វ សម្បូណ៌ដោយស្មៅ ឧស និងទឹក បរិបូណ៌​ដោយ​ធញ្ញាហារ ជាស្រុក​ព្រះរាជទ្រព្យ ដែលព្រះបាទ​មាគធសេនិយពិម្ពិសារប្រទាន ជាព្រះរាជ​អំណោយដ៏ប្រសើរ ដោយហេតុណា ហេតុនេះ បានជាថា លោកកូដទន្តៈ មិនគួរ​ចូល​ទៅ​រកព្រះសមណគោតមឡើយ គួរតែព្រះសមណគោតមទេតើ ចូលមករកលោក​កូដទន្តៈ​វិញ។

[៥] កាលបើពួកព្រាហ្មណ៍ និយាយយ៉ាងនេះហើយ កូដទន្តព្រាហ្មណ៍ ក៏និយាយ​នឹងព្រាហ្មណ៍​ទាំងនោះយ៉ាងនេះថា នែអ្នក​ដ៏ចំរើន បើដូច្នោះ អ្នកទាំងឡាយ ចូរ​ស្តាប់​ពាក្យ​ខ្ញុំសិន គួរតែយើងចូលទៅរក​ព្រះគោតមដ៏ចំរើននោះវិញ មិនគួរព្រះគោតម​ដ៏ចំរើន​នោះ ចូលមករក​យើងទេ នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម មានជាតិ​បរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងខាងព្រះ​បិតា ប្រសូតចាកព្រះគភ៌​ដ៏​បរិសុទ្ធ តាំងពីតំណនៃព្រះអយ្យកោ អយ្យិកាជាគំរប់៧មក មិនមានអ្នកណា រិះគន់ តិះដៀល ដោយ​ពោល​ដល់​ជាតិ​កំណើតបានឡើយ នែអ្នកទាំងឡាយដ៏ចំរើន ព្រះសមណ​គោតម មានជាតិបរិសុទ្ធទាំងពីរចំណែក គឺខាងព្រះមាតា និងខាងព្រះ​បិតា ប្រសូតចាកព្រះ​គភ៌​ដ៏​បរិសុទ្ធ តាំងអំពីតំណនៃព្រះអយ្យកោ អយ្យិកា ជាគំរប់៧មក មិន​មានអ្នកណា​រិះគន់ តិះដៀល ដោយពោលដល់ជាតិកំណើតបានឡើយ ដោយហេតុណា ហេតុនេះ មិនគួរឲ្យព្រះសមណគោតមដ៏ចំរើននេះ ចូលមករកយើងទេ គួរតែយើងរាល់​គ្នា ចូលទៅរកព្រះសមណគោតមដ៏ចំរើននោះ ដោយពិត នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម ព្រះអង្គលះបង់នូវពពួកញាតិជាច្រើន ចេញទៅទ្រង់ព្រះផ្នួស នែអ្នកទាំងឡាយដ៏ចំរើន ឮថា ព្រះសមណគោតម ទ្រង់លះបង់នូវមាស​ប្រាក់មាន​ប្រមាណ​ច្រើន ដែលឋិតនៅក្នុង​ផែនដី និងឋិតនៅ​ក្នុងវេហាស៍ គឺក្នុងប្រាសាទជាន់លើ ចេញទៅ​ទ្រង់ព្រះផ្នួស នែគ្នាយើង ឮថាព្រះសមណគោតម ព្រះអង្គនៅកម្ល៉ោះនៅ​ឡើយ មានព្រះកេសាខ្មៅស្រស់ ប្រកបដោយ​វ័យដ៏ចំរើន ឋិតនៅ​ក្នុង​បឋមវ័យ ចេញចាក​គេហដ្ឋាន ទៅបួសក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ ដោយការងារក្នុងផ្ទះ នែគ្នាយើង ឮថា ព្រះសមណគោតម កាលព្រះវរមាតាបិតា ​មិនពេញព្រះហឫទ័យ (នឹងការទ្រង់​ព្រះផ្នួស) កំពុង​មានព្រះភក្ត្រជោកដោយទឹកព្រះនេត្រ ទ្រង់​ព្រះកន្សែង​សោយ​សោក ព្រះអង្គ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់​ព្រះកាសាវពស្ត្រ ចេញចាក​គេហដ្ឋាន ទៅ​ទ្រង់​ព្រះផ្នួស ក្នុងភេទជាបុគ្គលមិនមានប្រយោជន៍ ដោយការងារ​ក្នុងផ្ទះ នែគ្នាយើង ឮថា ព្រះសមណគោតម មានព្រះរូប​ល្អ គួរឲ្យរមិលមើល គួរជាទីជ្រះថ្លា ប្រកបដោយ​ព្រះវណ្ណៈ​ដ៏ល្អក្រៃលែង មានព្រះ​វណ្ណៈ​ស្រដៀងនឹងព្រហ្ម មានព្រះសរីរៈ​ស្រដៀង​នឹង​ព្រហ្ម មានព្រះសព៌ាង្គរាងកាយ គួរឲ្យចង់​មើល​មិនលែង នែគ្នាយើង ឮថា ព្រះសមណ​គោតម​ ទ្រង់មានសីល មានសីលដ៏ប្រសើរ មានសីល​ជាកុសល ប្រកប​ដោយ​សីល​ជា​កុសល នែគ្នាយើង ឮថា ព្រះសមណគោតម មាន​ព្រះវាចាដ៏ពីរោះ មានព្រះពុទ្ធដីកា​ដ៏​ពីរោះ ប្រកបដោយព្រះវាចាជារបស់​អ្នកក្រុង ជាព្រះវាចាច្បាស់លាស់ប្រាសចាកទោស អាចញុំាងអ្នកស្តាប់ឲ្យ​ចូល​ចិត្តសេចក្តីច្បាស់លាស់បាន នែគ្នាយើង ឮថា ព្រះសមណ​គោតម ជាអាចារ្យ ជាប្រធានលើអាចារ្យ​របស់ពួក​ជនច្រើន នែគ្នាយើង ឮថា ព្រះសមណ​គោតម​ អស់កាមរាគៈហើយ ប្រាសចាក​សេចក្តីស្រើបស្រាលហើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាកម្មវាទី ជាកិរិយវាទី ព្រះអង្គ ទ្រង់ធ្វើធម៌ដែល​គ្មានបាប ទុកជា​ខាង​មុខ ក្នុងពួកព្រាហ្មណ៍ និងពួកសត្វ នែគ្នាយើង ឮថា ព្រះសមណគោតម ចេញ​ចាក​ត្រកូល​ដ៏ខ្ពស់ខ្ពស់ ជាត្រកូល​ក្សត្រិយ៍ ​មិន​លាយច្រឡំ មកទ្រង់ព្រះផ្នួស នែគ្នាយើង ឮថា ព្រះសមណគោតម ចេញចាកត្រកូលស្តុកស្តម្ភ មានទ្រព្យច្រើន ភោគៈច្រើន មកទ្រង់​ព្រះផ្នួស នែគ្នាយើង ឮថា ពួកមនុស្ស អ្នកនៅដែនក្រៅ អ្នកនៅជនបទក្រៅ តែងនាំគ្នា​មក​សាក​សួរព្រះសមណគោតម នែគ្នាយើង ឮថា ទេវតាមានពាន់ដ៏ច្រើន បានដល់​នូវ​ព្រះ​សមណគោតម​ ជាសរណៈស្មើដោយជីវិត នែគ្នាយើង ឮថា កិត្តិសព្ទសរសើរព្រះ​សមណគោតម ឮពីរោះ ខ្ចរខ្ចាយ សុសសាយយ៉ាងនេះថា ព្រះមានព្រះភាគ​​អង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ ​បរិបូណ៌​ដោយវិជ្ជា និងចរណៈ ជាព្រះសុគត ​ជ្រាបច្បាស់នូវ​ត្រៃ​លោក ​ប្រសើរបំផុត ជាសារថី ​ទូន្មាន​នូវ​បុរស ជាសាស្តាចារ្យនៃ​ទេវតា និងមនុស្ស​ទាំង​ឡាយ ​បាន​ត្រាស់ដឹង​នូវចតុរារិយសច្ចធម៌ លែង​វិល​​មកកាន់ភពថ្មីទៀត នែគ្នាយើង ឮថា ព្រះសមណ​គោតម ប្រកបដោយមហាបុរិសលក្ខណៈ៣២ប្រការ នែគ្នាយើង ឮថា ព្រះសមណគោតម តែងពោលថា អ្នកមកចុះល្អហើយ ព្រះអង្គ​មានព្រះវាចាដ៏ពីរោះ ព្រះអង្គទ្រង់ឈ្លាសក្នុងការសំណេះសំណាល មានព្រះភក្ត្ររីករាយ ស្រស់ស្រាយ ព្រះអង្គតែងមានព្រះវាចារាក់ទាក់ជាមុន នែគ្នាយើង ឮថា ព្រះសមណគោតម តែងមាន​ពួក​បរិសទ្យទាំង៤ ធ្វើសក្ការៈ គោរព រាប់អាន បូជា កោត​ក្រែង នែគ្នាយើង ឮថា ពួក​ទេវតា និងមនុស្សជាច្រើន នាំគ្នាជ្រះថ្លាខ្លាំង ចំពោះ​ព្រះសមណគោតម នែគ្នាយើង ​ឮថា ព្រះសមណគោតម គង់អាស្រ័យ​ក្នុងស្រុកណា ឬក្នុងនិគមណា ពួកអមនុស្ស​ក្នុងស្រុក ឬក្នុងនិគមនោះ មិនហ៊ានបៀតបៀនមនុស្សឡើយ នែគ្នាយើង ឮថា ព្រះសមណគោតម ជាគណាចារ្យរបស់ពួកក្រុម ព្រះអង្គប្រាកដជាចម្បង ជាងពួក​មេលទ្ធិទាំងឡាយដ៏ច្រើន នែគ្នាយើង យសបរិវារ របស់​សមណព្រាហ្មណ៍នុ៎ះ តែង​ចំរើន​រុង​រឿង​ឡើង ដោយ​ហេតុ​តាម​តែបាន (មានមិនស្លៀកសំពត់ជាដើម) យ៉ាង​ណា ឯ​យស​បរិវារ ​របស់​ព្រះសមណ​គោតម មិនមែន​ចំរើន រុងរឿងឡើង ដោយហេតុ​យ៉ាង​នោះ​ទេ តាមដែលពិត យសបរិវារ របស់ព្រះសមណគោតម ចំរើនរុងរឿងឡើង ដោយការ​បរិបូណ៌ ដោយ​វិជ្ជា និងចរណៈ នែ​គ្នាយើង ឮថា ព្រះបាទមាគធសេនិយពិម្ពិសារ ព្រមទាំង​ព្រះរាជបុត្រ ទាំងអគ្គមហេសី ទាំងរាជបរិសទ្យ និងអមាត្យ បានដល់នូវ​ព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះបាទបសេនទិ​កោសល ព្រមទាំង​ព្រះរាជបុត្រ និងអគ្គមហេសី ព្រម​ទាំង​បរិសទ្យ និងអមាត្យ បានដល់​នូវ​​ព្រះសមណគោតម ជាសរណៈ ស្មើដោយជីវិត នែ​គ្នា​យើង ឮថា ព្រាហ្មណ៍​បោក្ខរសាតិ ព្រមទាំងបុត្រ ភរិយា ទាំងបរិសទ្យ និងអមាត្យ បាន​ដល់​នូវ​ព្រះសមណ​គោតម ជាសរណៈ ស្មើដោយជីវិត នែគ្នាយើង ឮថា ព្រះ​បាទ​មាគធ​សេនិយ​ពិម្ពិសារ បានធ្វើសក្ការៈ គោរព រាប់​អាន បូជា កោតក្រែងព្រះសមណ​គោតម​ហើយ នែគ្នាយើង ឮថា ព្រះបាទបសេនទិកោសល បាន​ធ្វើសក្ការៈ គោរព រាប់​អាន បូជា កោតក្រែង​ព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រាហ្មណ៍បោក្ខរសាតិ បានធ្វើ​សក្ការៈ គោរព រាប់​អាន បូជា កោតក្រែងព្រះសមណគោតមហើយ នែគ្នាយើង ឮថា ព្រះ​សមណ​គោតម បាន​មកដល់ខានុមត្តគ្រាមហើយ ឥឡូវនេះគង់ក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀប​ខានុមត្តគ្រាម​ ពួកសមណៈ ឬព្រាហ្មណ៍​ណាមួយ ដែលមកដល់​គាមក្ខេត្រ​របស់​យើង​ហើយ ពួក​សមណ​ព្រាហ្មណ៍​ទាំង​នោះ សុទ្ធតែជាភ្ញៀវរបស់យើង ភ្ញៀវហ្នឹងឯង ត្រូវ​យើង​ធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ព្រះសមណគោតមនេះឯង បានមក​ដល់​ខានុមត្តគ្រាម​ហើយ ឥឡូវគង់នៅក្នុងអម្ពលដ្ឋិកាឱទ្យាន ទៀបខានុមត្តគ្រាម ព្រះ​សមណ​គោតម ជា​ភ្ញៀវ​របស់យើងហើយ ភ្ញៀវហ្នឹងឯង ត្រូវតែយើងធ្វើសក្ការៈ គោរព រាប់អាន បូជា កោតក្រែង ដោយហេតុនេះហើយ បានជាមិនគួរឲ្យ​ព្រះសមណ​គោតមដ៏​ចំរើន​នោះ ចូលមករក​យើង​ទេ ពួកយើងទេតើ ទើបគួរនឹងចូលទៅរក​ព្រះគោតមដ៏ចំរើន​នោះ​វិញ ខ្ញុំដឹងគុណ (ដែល​គួរ​សរសើរ) របស់ព្រះសមណគោតម ត្រឹមតែ​ប៉ុណ្ណេះឯង តែព្រះគោតមដ៏ចំរើននោះ មិន​មែន​​មានគុណ​ដែលគួរសរសើរ ត្រឹមតែប៉ុណ្ណេះទេ ព្រោះព្រះគោតម​ដ៏ចំរើននោះ មាន​គុណ នឹងរាប់ នឹងប្រមាណពុំបានឡើយ។

[៦] លុះកូដទន្តព្រាហ្មណ៍និយាយយ៉ាងនេះហើយ ពួកព្រាហ្មណ៍​ទាំងនោះ ក៏និយាយ​ពាក្យនុ៎ះ នឹងកូដទន្តព្រាហ្មណ៍ថា អម្បាលយ៉ាងលោកកូដទន្តៈ​ ម្តេច​គង់​ពោល​សរសើរ​គុណ​ព្រះសមណ​គោតម ទោះបីព្រះសមណគោតមដ៏ចំរើន គង់នៅ​ក្នុង​​ទី​ប្រមាណ១០០យោជន៍ អំពីទីនេះក្តី គួរណាស់តែកុលបុត្រដែលមានសទ្ធា រកស្បៀង​យក​ទៅតាមផ្លូវ ដើម្បីនឹងទៅគាល់ឲ្យបាន។ ព្រាហ្មណ៍ទាំងនោះ ក៏និយាយគ្នាថា នែគ្នាយើង បើដូច្នោះ យើងទាំងអស់គ្នា នឹងចូលទៅគាល់ព្រះសមណគោតម។ គ្រានោះ កូដទន្តព្រាហ្មណ៍ ព្រមដោយពួកព្រាហ្មណ៍ច្រើននាក់ ក៏ចូលទៅកាន់អម្ពលដ្ឋិកាឱទ្យាន សំដៅទៅត្រង់ទីដែល​ព្រះមានព្រះភាគ​គង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​សំណេះសំណាល ជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹក​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះពួកព្រាហ្មណ៍ គហបតី​អ្នកស្រុកខានុមត្តៈ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ពួកខ្លះថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះក៏​ពោលពាក្យសំណេះសំណាល ជាមួយនឹង​ព្រះមាន​ព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុង​ទីដ៏​សម​គួរ ពួកខ្លះក៏ផ្គងអញ្ជលី សំដៅទៅរក​ព្រះមានព្រះភាគ អង្គុយ​ក្នុង​ទី​ដ៏​សម​គួរ ពួកខ្លះ​ក៏​ប្រកាសនាម និងគោត្រ ហើយអង្គុយក្នុងទីដ៏សមគួរ ពួកខ្លះអង្គុយស្ងៀម ក្នុងទីដ៏សម​គួរ។ លុះកូដទន្តព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ក៏ក្រាបទូល​ពាក្យនេះ ចំពោះ​ព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮថា ព្រះសមណគោតម ចេះយញ្ញសម្បទា៣ប្រការ មានបរិក្ខារ១៦ មែនឬ ខ្ញុំព្រះអង្គ​មិនចេះ​យញ្ញសម្បទា​៣​ប្រការ មានបរិក្ខារ១៦ទេ តែខ្ញុំព្រះអង្គ ប្រាថ្នាដើម្បីនឹងបូជាមហាយ័ញ្ញ សូមព្រះគោតម​ដ៏ចំរើន មេត្តាប្រោស សំដែង​យញ្ញសម្បទា៣ប្រការ មានបរិក្ខារ១៦ ដល់​ខ្ញុំព្រះអង្គ​ឲ្យ​ទាន។

[៧] ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បើដូច្នោះ អ្នកចូរចាំស្តាប់ ចូរអ្នកធ្វើ​ទុក​ក្នុងចិត្តឲ្យ​ប្រពៃចុះ តថាគតនឹងសំដែង។ កូដទន្តព្រាហ្មណ៍ ក៏ទទួលព្រះពុទ្ធដីកាថា ព្រះ​ករុណាព្រះអង្គ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ កាលពីព្រេងនាយ មាន​មហាក្សត្រិយ៍មួយព្រះអង្គ ព្រះនាម​មហាវិជិត ជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យ​ច្រើន មានភោគៈច្រើន មានមាសប្រាក់ច្រើន មានទ្រព្យ និងគ្រឿង​ឧបករណ៍ច្រើន មាន​ធញ្ញជាតិ ជាទ្រព្យច្រើន មានជង្រុក និងឃ្លាំងក៏បរិបូណ៌។ ម្នាលព្រាហ្មណ៍ គ្រានោះ ព្រះបាទមហាវិជិត ស្តេចចូលទៅក្នុងទីរហោស្ថាន ជាទីចេញចាកពួក ហើយពួនសម្ងំ មានសេចក្តីត្រិះរិះកើតឡើងក្នុងព្រះហឫទ័យយ៉ាងនេះថា ភោគសម្បត្តិទាំងឡាយ ជា​របស់មនុស្សដ៏ពេញបរិបូណ៌ អាត្មាអញបានហើយ ប្រឹថពីមណ្ឌលដ៏ធំទូលាយ អាត្មា​អញ​បានប្រាបប្រាមរួចហើយនៅគ្រប់គ្រង បើដូច្នោះ មានតែអាត្មាអញបូជាមហាយ័ញ្ញ ដែល​អាចប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់ខ្លួនអញ អស់កាលដ៏យូរ​អង្វែង។ ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រះបានមហាវិជិត ត្រាស់ឲ្យហៅព្រាហ្មណ៍​បុរោហិតមក ហើយទ្រង់មានព្រះបន្ទូលថា ម្នាលព្រាហ្មណ៍ យើងបាន​ចូលទៅ​ទី​រហោស្ថាន ជាទីចេញចាកពួក ហើយពួនសម្ងំ មានសេចក្តីត្រិះរិះ​កើតឡើង​ក្នុងចិត្ត​យ៉ាង​នេះ​ថា ភោគសម្បត្តិទាំងឡាយ ជា​របស់មនុស្សដ៏ពេញបរិបូណ៌ អាត្មាអញបានហើយ ប្រឹថពីមណ្ឌលដ៏ធំទូលាយ អាត្មា​អញ​បានប្រាបប្រាមរួចហើយនៅគ្រប់គ្រង បើដូច្នោះ មានតែអាត្មាអញបូជាមហាយ័ញ្ញ ដែល​ប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តី​សុខ​ដល់​អាត្មាអញ អស់កាលជាយូរ​អង្វែង ម្នាលព្រាហ្មណ៍ យើងប្រាថ្នាដើម្បីបូជាយ័ញ្ញ ចូរអ្នក​ដ៏ចំរើន ជួយពន្យល់យើងផង ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់យើង​ អស់កាល​ដ៏យូរអង្វែង។

[៨] ម្នាលព្រាហ្មណ៍ កាលបើព្រះរាជា ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រាហ្មណ៍បុរោហិត ក៏ក្រាបទូលព្រះបាទមហាវិជិតដូច្នេះថា ជនបទរបស់ព្រះរាជា​ដ៏ចំរើន ប្រកបដោយចំរូង គឺចោរ ប្រកបដោយចោរបៀតបៀន ពួកចោរសម្លាប់អ្នកស្រុកក៏មាន សម្លាប់អ្នកនិគមក៏មាន សម្លាប់អ្នកនគរក៏មាន ចាំស្កាត់​សម្លាប់​តាមផ្លូវក៏មាន បើព្រះរាជា​ដ៏​ចំរើន លើកលែងយកសួយ ក្នុងជនបទដែលប្រកបដោយ​ចំរូង គឺចោរ ប្រកបដោយ​ចោរ​បៀតបៀនយ៉ាងនេះ ព្រោះហេតុនោះ ព្រះរាជាដ៏ចំរើន ឈ្មោះថាធ្វើមិនត្រូវតាមទំនៀម​ទេ មួយទៀត ព្រះរាជាដ៏ចំរើន តែងទ្រង់ត្រិះរិះយ៉ាងនេះថា អញនឹងដកដង្គត់ គឺចោរ​កំណាចនុ៎ះចេញ ដោយការសម្លាប់ចោលខ្លះ ដោយការឃុំខាំងខ្លះ ដោយ​រឹបជាន់​ឲ្យវិនាស​ខ្លះ ដោយធ្វើទោសផ្ចាលខ្លះ ដោយបំបរបង់ខ្លះ យ៉ាងនេះមិនឈ្មោះថា ការ​ដក​ឡើងនូវ​ដង្គត់ គឺចោរនុ៎ះ ដោយប្រពៃឡើយ (ព្រោះថា) ចោរទាំងឡាយណា ដែលនៅ​សល់​​អំពីគេសម្លាប់ ចោរទាំងនោះ មុខជានឹងបៀតបៀនពួកមនុស្ស​អ្នកជនបទ​របស់ស្តេច ក្នុង​កាល​ជាខាងក្រោយ លុះតែអាស្រ័យ​ការចាត់ចែង​ដូចតទៅនេះ ទើបឈ្មោះថា ដក​ដង្គត់​ គឺចោរនុ៎ះបាន ដោយប្រពៃយ៉ាងនេះ សូមព្រះរាជាដ៏ចំរើន (ប្រកបការដូច្នេះ) ពួកជនណា អាចធ្វើស្រែ រក្សាគោក្នុងជនបទរបស់ព្រះរាជាដ៏ចំរើន សូមព្រះរាជា​ដ៏ចំរើន ប្រទានពូជ​ធារ និងភត្តាហារដល់ពួកជននោះ ពួកជនណាអាចខ្មីឃ្មាត ក្នុងការជួញ​ក្នុងជនបទរបស់​ព្រះរាជាដ៏ចំរើន សូមព្រះរាជាដ៏ចំរើន ប្រទាន​ព្រះរាជទ្រព្យជាដើមទុន ដល់ជនទាំងនោះ ពួករាជបុរសណា ដែលប្រឹង​ប្រែងធ្វើ​រាជការ ក្នុងជនបទរបស់​ព្រះរាជាដ៏ចំរើន សូម​ព្រះរាជាដ៏ចំរើន កំណត់នូវបៀវ័ត្សរ៍ ដល់រាជបុរសទាំងនោះ ទើបមនុស្សទាំងនោះ នឹងខំ​ខ្វល់ខ្វាយ ក្នុងមុខការរបស់ខ្លួន និងមិនបៀតបៀន​នូវជនបទ​របស់​ព្រះរាជាឡើយ ឯគំនរ​នៃព្រះរាជទ្រព្យ ក៏នឹងមានច្រើនឡើង ពួកអ្នកជនបទ ក៏តាំង​នៅ​ដោយក្សេមក្សាន្ត មិន​មានចំរូង គឺចោរ មិនមានមនុស្សបៀតបៀនគ្នាឡើយ មនុស្ស​ទាំងឡាយ ក៏នឹងពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង ប្រហែល​ជា​នឹង​មិន​ចាំបាច់បិទទ្វារផ្ទះ​ក៏បាន (ព្រោះ​មិនមានចោរ)។ ម្នាលព្រាហ្មណ៍ ព្រះបាទមហា​វិជិត​រាជ ទទួលពាក្យព្រាហ្មណ៍​បុរោហិតថា យ៉ាងហ្នឹងល្អហើយ ពួកជនណាខ្មីឃ្មាត ក្នុងការ​ភ្ជួរស្រែ និងរក្សាគោ​ក្នុង​ជនបទ​របស់ព្រះរាជា ព្រះបាទមហាវិជិតរាជ ក៏បានប្រទានពូជ​ធារ និងភត្តាហារ​ដល់​ជនទាំងនោះ ពួកជនណាខ្មីឃ្មាត ក្នុងការជួញ ​ក្នុងជនបទរបស់​ព្រះរាជា ព្រះបាទ​មហាវិជិតរាជ ក៏បានប្រទាន​ព្រះរាជទ្រព្យជាដើមទុន ដល់ជនទាំងនោះ ពួករាជបុរស​ណា ដែលប្រឹង​ប្រែងធ្វើ​រាជការ ក្នុងជនបទរបស់​ព្រះរាជា ព្រះបាទ​មហា​វិជិត​រាជ បានកំណត់នូវបៀវ័ត្សរ៍ ដល់ជនទាំងនោះ មនុស្សទាំងនោះ ក៏ខំ​ខ្វល់ខ្វាយ ក្នុងមុខការ​របស់​ខ្លួន មិនបានបៀតបៀនជនបទរបស់ព្រះរាជាឡើយ។ ឯគំនរ​នៃ​ព្រះរាជទ្រព្យ មានច្រើនឡើង ជនអ្នកនៅក្នុងជនបទ ក៏តាំងនៅដោយក្សេមក្សាន្ត មិន​មានចំរូង គឺចោរ មិនមានមនុស្សបៀតបៀនគ្នាឡើយ មនុស្សទាំងឡាយ ក៏ពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែកលើទ្រូង មិនចាំបាច់បិទទ្វារផ្ទះ​ក៏បាន។

[៩] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រះបាទ​មហាវិជិតរាជ មានព្រះតម្រាស់​ឲ្យហៅ​ព្រាហ្មណ៍បុរោហិតមក ហើយទ្រង់ត្រាស់យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន ដង្គត់ គឺចោរ​នុ៎ះ យើងបានដកចោលហើយ ព្រោះអាស្រ័យ​នូវការចាត់ចែង​របស់អ្នកដ៏ចំរើន ទ្រព្យ​របស់​យើង ក៏បានជាគំនរច្រើនឡើងហើយ អ្នកជនបទទាំងឡាយ ក៏នៅ​ដោយ​ក្សេមក្សាន្ត ឥត​មានចំរូង គឺចោរ ឥតមានមនុស្សបៀតបៀនឡើយ មនុស្សទាំងឡាយ ក៏ពេញចិត្ត ត្រេកអរ រីករាយ បញ្ចើចកូនឲ្យរាំរែក​លើទ្រូង មិនចាំបាច់បិទទ្វារផ្ទះក៏បាន ម្នាល​ព្រាហ្មណ៍ យើងចង់បូជាមហាយ័ញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តី​ចំរើន ដើម្បី​សេចក្តី​សុខ ដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចំរើន ជួយណែនាំ​យើង​ផង។ ព្រាហ្មណ៍​បុរោហិត ក៏ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស បើដូច្នោះ ពួក​ជនណា ទោះជា​ក្សត្រិយ៍ ដែលនៅក្នុងនិគមក្តី ដែលនៅក្នុងជនបទក្តី ដែលចុះចូលក្នុងជនបទ​របស់​ព្រះរាជា​ដ៏ចំរើន សូមព្រះរាជាដ៏ចំរើន ទ្រង់ហៅជនទាំងនោះមកប្រាប់ថា ម្នាល​គ្នាយើង យើងចង់បូជាមហាយ័ញ្ញ ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បី​សេចក្តី​សុខ​ដល់យើង អស់កាលជាយូរអង្វែង ចូរអ្នកដ៏ចំរើនរាល់គ្នា យល់តាមយើង ពួកជន​ណាជា​អាមាត្យ រាជ​បរិសទ្យ ក្នុងជនបទរបស់ព្រះរាជាដ៏ចំរើន ទោះនៅក្នុងនិគមក្តី នៅក្នុង​ជនបទ​ក្តី។បេ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគមក្តី អ្នកជនបទក្តី។បេ។ ពួក​គហបតី អ្នកសន្សំ​ទ្រព្យ​ជា​និច្ច ជាអ្នកនិគមក្តី ជាអ្នកជនបទក្តី សូមព្រះរាជាដ៏ចំរើន ទ្រង់ហៅជន​ទាំង​នោះមក​ហើយ ទ្រង់ប្រាប់ថា នែអ្នករាល់គ្នា យើងចង់បូជាមហាយ័ញ្ញ ដែល​ប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ចំរើន ដើម្បីសេចក្តីសុខ ដល់យើងអស់កាលជាយូរអង្វែង ចូរ​អ្នកដ៏​ចំរើនទាំង​ឡាយ យល់ព្រម​តាមយើង។ ម្នាលព្រាហ្មណ៍ ព្រះបាទមហាវិជិតរាជ ក៏ទទួលពាក្យ​ព្រាហ្មណបុរោហិតថា យ៉ាងហ្នឹងហើយ ជនទាំងឡាយណា ជាក្សត្រិយ៍ នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលចុះចូលមកក្នុងជនបទរបស់ព្រះរាជា ព្រះបាទ​មហាវិជិតរាជ ក៏​ទ្រង់​ត្រាស់ហៅជនទាំងនោះមក ទ្រង់ត្រាស់ថា នែអ្នករាល់គ្នា យើងចង់​បូជាមហាយ័ញ្ញ ដែល​ប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីសុខដល់យើង អស់​កាលជាយូរអង្វែង ចូរអ្នកទាំងឡាយដ៏ចំរើន យល់ព្រមតាមយើង។ ពួកជននោះ ក៏​ក្រាប​បង្គំទូលថា បពិត្រ​មហា​រាជ កាលនេះ ជាកាលគួរនឹងបូជាយ័ញ្ញហើយ សូមព្រះរាជាដ៏ចំរើន ទ្រង់​បូជាយ័ញ្ញចុះ។ ជនទាំងឡាយណា ជាអាមាត្យ រាជបរិសទ្យ​ក្នុង​ជនបទ របស់ព្រះរាជា ទោះជាអ្នកនិគមក្តី ជាអ្នកជនបទក្តី។បេ។ ពួកព្រាហ្មណ៍​មហាសាល ជាអ្នកនិគមក្តី ជាអ្នក​ជនបទក្តី។បេ។ ពួកគហបតី អ្នកសន្សំទ្រព្យជានិច្ច ជាអ្នក​និគមក្តី ជាអ្នកជនបទក្តី ព្រះបាទ​មហាវិជិតរាជ ក៏ទ្រង់ត្រាស់ហៅជនទាំងឡាយ​នោះ​មក ទ្រង់មាន​ព្រះរាជ​ឱង្ការ​ថា នែអ្នករាល់គ្នា យើងចង់​បូជាមហាយ័ញ្ញ ដែលប្រព្រឹត្ត​ទៅ ដើម្បីសេចក្តីចំរើន ដើម្បី​សេចក្តី​សុខដល់យើង អស់​កាលជាយូរអង្វែង ចូរអ្នក​ដ៏ចំរើន​ទាំងឡាយ យល់ព្រម​តាម​យើង។ ជនទាំងនោះ ក៏​ក្រាបទូលថា បពិត្រមហារាជ កាលនេះ ជាកាលគួរនឹង​បូជាយ័ញ្ញ​ហើយ សូមព្រះរាជាដ៏ចំរើន បូជាយ័ញ្ញចុះ។ ពួកជន​ទាំង៤ពួកនេះ ជាអ្នករួមសេចក្តី​យល់​ព្រម ជាបរិក្ខារនៃយ័ញ្ញនោះ ដោយប្រការដូច្នេះ។

[១០] ព្រះបាទមហាវិជិត ប្រកបដោយអង្គ៨ប្រការ គឺព្រះអង្គមានព្រះជាតិល្អ ទាំង​ពីរចំណែក គឺខាងព្រះមាតា និងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធអំពីតំណ នៃ​អយ្យកោ អយ្យិកា ជាគំរប់៧ មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិ​បាន១ ព្រះអង្គមានព្រះរូបល្អ គួររមិលមើល។បេ។ ព្រះសព៌ាង្គរាងកាយ គួរឲ្យចង់មើល​មិនលែង១ ព្រះអង្គ ជាស្តេចស្តុកស្តម្ភ មានព្រះរាជទ្រព្យច្រើន មានភោគៈច្រើន មាន​មាស​ប្រាក់ច្រើន មានគ្រឿង​ឧបករណ៍ ជាទីគាប់ចិត្តច្រើន មានធនធាន នឹងធញ្ញាហារ​ច្រើន មានឃ្លាំង​ និងជង្រុក​ដ៏បរិបូណ៌១ ព្រះអង្គមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលស្តាប់បង្គាប់​ ធ្វើតាមព្រះរាជឱវាទ (ទ្រង់ទូន្មានមនុស្សទាំងឡាយ) ព្រះអង្គ​មាន​តេជានុភាព ហាក់ដូចជាដុតបំផ្លាញនូវពួកសត្រូវ ដោយរាជឥស្សរិយយស១ ព្រះអង្គ មានព្រះរាជសទ្ធា ជាទាយក ជាទានបតិ មិនបានបិទទ្វារ ព្រះអង្គដូចជាអណ្តូងទឹក សម្រាប់​ផឹករបស់សមណព្រាហ្មណ៍ និងមនុស្សកំព្រា អ្នកដំណើរ មនុស្សអ្នកពណ៌នា (គុណរបស់ទាន) ហើយសូម និងយាចកទាំងឡាយ រមែងទ្រង់ធ្វើនូវបុណ្យ១ ព្រះអង្គ​ជា​ពហុស្សូត គឺទ្រង់បានរៀនសូត្រស្តាប់ច្រើន១ ទ្រង់ជ្រាបច្បាស់នូវសេចក្តីអធិប្បាយ​នៃ​សុតៈ គឺវិជ្ជា ចំណេះនោះៗ នៃភាសិតនោះៗ ដោយន័យច្បាស់លាស់ថា នេះជាសេចក្តី​អធិប្បាយនៃភាសិតនេះៗ១ ព្រះអង្គជាអ្នកប្រាជ្ញ វាងវៃ មានប្រាជ្ញាអង់អាច និងទ្រង់​ព្រះរាជ​តម្រិះនូវប្រយោជន៍ទាំងឡាយ ដែលជាអតីត អនាគត និងបច្ចុប្បន្ន១។ ព្រះបាទ​មហាវិជិតរាជ ទ្រង់ប្រកប​ដោយអង្គទាំង៨នេះឯង។ អង្គ៨នេះ ជាបរិក្ខារ របស់​យ័ញ្ញ​នោះ ដោយប្រការដូច្នេះ។

[១១] ព្រាហ្មណ៍បុរោហិត ប្រកបដោយអង្គ៤ គឺជាអ្នកអ្នកមានកំណើត​ស្អាត​ទាំង​ពីរ​​ចំណែក គឺខាងមាតា និងបិតា កើតចាកគភ៌ដ៏បរិសុទ្ធ ដរាបអំពីតំណនៃ​ជីដូន​ជីតា ជាគំរប់៧ មិនមានអ្នកណា រិះគន់ តិះដៀល ដោយពោលដល់ជាតិ កំណើត​បាន១ ជា​អ្នក​រាយមន្ត ចេះចាំមន្ត ចេះចប់ត្រៃវេទ ព្រមទាំង​គម្ពីរនិឃណ្ឌុ និងគម្ពីរ​កេតុភៈ ព្រម​ទាំង​អក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរឥតិហាសៈ ជាគំរប់៥ ជាអ្នក​ដឹង​នូវបទ និងវេយ្យាករណ៍ ជាអ្នកមិនថយថោក គឺស្ទាត់ជំនាញក្នុងលោកាយតសាស្ត្រ និងមហា​បុរិស​លក្ខណ​ព្យាករណសាស្ត្រ ជាអ្នកមានសីល មានសីលដ៏ចំរើន ប្រកបដោយសីល​ដ៏​ចំរើន១ ជាអ្នកប្រាជ្ញមានប្រាជ្ញាឈ្លាសវៃ ជាបុគ្គលទី១ ឬទី២ របស់ព្រាហ្មណ៍ អ្នកទទួល​នូវការបូជា។ ព្រាហ្មណ៍បុរោហិត ប្រកបដោយអង្គទាំង៤នេះឯង។ អង្គទាំង៤នេះ ជាបរិក្ខារ របស់យ័ញ្ញនោះ ដោយប្រការដូច្នេះ។

[១២] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រាហ្មណ៍បុរោហិត បានសំដែងវិធី​តំកល់​ចិត្ត​៣យ៉ាង ដល់ព្រះបាទមហាវិជិតរាជ ក្នុងកាលមុនយញ្ញពិធីថា កាលបើព្រះរាជា​ដ៏ចំរើន នឹងបូជាមហាយ័ញ្ញ គង់នឹងមានសេចក្តីក្តៅក្រហាយណាមួយមិនខាន ឱហ្ន៎ គំនរភោគៈ​យ៉ាង​ច្រើនរបស់អញ នឹងវិនាសទៅ ព្រះរាជា​ដ៏ចំរើន កុំគប្បីធ្វើសេចក្តីក្តៅក្រហាយ​នោះ​ឡើយ។ កាលបើព្រះរាជា​ដ៏ចំរើន នឹងបូជាមហាយ័ញ្ញ នឹងមានសេចក្តីក្តៅ​ក្រហាយ​ណា​មួយ​មិន​ខាន ឱហ្ន៎ គំនរភោគៈ​យ៉ាង​ច្រើនរបស់អញ វិនាសទៅ ព្រះរាជា​ដ៏ចំរើន កុំគប្បី​ធ្វើ​សេចក្តី​ក្តៅក្រហាយ​នោះ​ឡើយ។ កាលបើព្រះរាជា​ដ៏ចំរើន នឹងបូជាមហាយ័ញ្ញ នឹងមាន​សេចក្តី​ក្តៅ​ក្រហាយ​ណាមួយមិនខានថា ឱហ្ន៎ គំនរភោគៈ​យ៉ាង​ច្រើនរបស់អញ វិនាស​ទៅ​ហើយ ព្រះរាជា​ដ៏ចំរើន កុំគប្បីធ្វើសេចក្តីក្តៅក្រហាយ​នោះ​ឡើយ។ ម្នាលព្រាហ្មណ៍ ព្រាហ្មណ៍​​បុរោហិត បានសំដែង​វិធីតំកល់ចិត្ត៣យ៉ាងនេះ ដល់ព្រះបាទ​មហាវិជិតរាជ ក្នុងកាល​មុន​យញ្ញពិធី។

[១៣] ម្នាលព្រាហ្មណ៍ លំដាប់នោះ ព្រាហ្មណ៍បុរោហិត បានបន្ទោបង់​នូវ​សេចក្តី​ក្តៅក្រហាយ របស់ព្រះបាទមហាវិជិតរាជ ក្នុងពួកបុគ្គលអ្នកទទួល​នូវគ្រឿង​បូជា ដោយ​អាការទាំង១០ ក្នុងកាលមុនយញ្ញពិធី។ (ថា) ពួកមនុស្សអ្នកសម្លាប់សត្វក៏មាន អ្នកវៀរ​ចាក​ការសម្លាប់សត្វក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកសម្លាប់សត្វ ផលរបស់ការសម្លាប់សត្វ​នោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ជាអ្នកវៀរ​ចាក​ការសម្លាប់សត្វ សូមព្រះអង្គ ទ្រង់ព្រះរាជទាន សូមព្រះអង្គ ចំណាយ​ព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​ជនទាំង​នោះ​ចុះ។

[១៤] ពួកមនុស្សអ្នកលួចទ្រព្យគេក៏មាន អ្នកវៀរ​ចាក​ការលួចទ្រព្យគេក៏មាន នឹង​នាំគ្នា​មកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកលួចទ្រព្យគេ ផលរបស់ការលួចទ្រព្យគេ​នោះ ក៏នឹងមាន​ដល់​មនុស្ស​ពួក​នោះ​ទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ដែលជាអ្នកវៀរចាកការលួចទ្រព្យគេ សូមឲ្យ​ព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយ​ព្រះរាជទ្រព្យ សូមព្រះអង្គរីករាយ សូម​ឲ្យ​ខាង​​ក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្សទាំងនោះចុះ។

[១៥] ពួកមនុស្សអ្នកប្រព្រឹត្តខុសក្នុងកាមក៏មាន អ្នកវៀរ​ចាក​ការប្រព្រឹត្តខុស​ក្នុង​កាម​​ក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកប្រព្រឹត្តខុសក្នុងកាម ផលរបស់ការប្រព្រឹត្តខុសក្នុងកាម​នោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ដែល​ជាអ្នក​វៀរចាកការប្រព្រឹត្តខុសក្នុងកាម សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយ​ព្រះរាជ​ទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្ស​ទាំងនោះចុះ។

[១៦] ពួកមនុស្សអ្នកពោលពាក្យកុហកក៏មាន អ្នកវៀរ​ចាក​ការពោល​ពាក្យ​កុហក​ក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្សទាំងនោះ មនុស្សពួកណា ដែលជាអ្នកពោលពាក្យកុហក ផលរបស់ការពោលពាក្យកុហក​នោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ ពួកមនុស្សណា ដែល​ជា​អ្នក​វៀរ​ចាកការពោលពាក្យកុហក សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយ​ព្រះរាជ​ទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្សទាំងនោះចុះ។

[១៧] ពួកមនុស្សអ្នកនិយាយញុះញង់ក៏មាន អ្នកវៀរ​ចាក​ការនិយាយញុះញង់​ក៏​មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្សទាំងនោះ មនុស្ស​ពួក​ណា ដែលជាអ្នកនិយាយញុះញង់ ផលរបស់ការនិយាយញុះញង់​នោះ ក៏នឹងមាន​ដល់​មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ដែល​ជា​អ្នក​វៀរ​ចាក​ការ​និយាយញុះញង់ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយ​ព្រះរាជ​ទ្រព្យ សូម​ព្រះអង្គ​រីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្ស​ទាំង​នោះ​ចុះ។

[១៨] ពួកមនុស្សអ្នកនិយាយពាក្យទ្រគោះក៏មាន អ្នកវៀរ​ចាក​ការនិយាយពាក្យ​ទ្រគោះ​​ក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្ស​ទាំង​នោះ មនុស្សពួកណា ដែលជាអ្នកនិយាយពាក្យទ្រគោះ ផលរបស់ការនិយាយពាក្យ​ទ្រគោះ​នោះ ក៏មានដល់មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ដែល​ជា​អ្នក​វៀរ​ចាកការនិយាយពាក្យទ្រគោះ សូមព្រះអង្គព្រះរាជទាន សូមព្រះអង្គ​ចំណាយ​​ព្រះរាជ​ទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្សទាំងនោះចុះ។

[១៩] ពួកមនុស្សអ្នកនិយាយពាក្យរោយរាយក៏មាន អ្នកវៀរ​ចាក​ការនិយាយពាក្យ​រោយរាយ​​ក៏មាន នឹងនាំគ្នាមកកាន់ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្ស​ទាំង​នោះ មនុស្សពួកណា ដែលជាអ្នកនិយាយពាក្យរោយរាយ ផលរបស់ការនិយាយពាក្យ​រោយរាយ​នោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្ស​ពួក​ណា ដែល​ជា​អ្នក​វៀរ​ចាកការនិយាយពាក្យរោយរាយ សូមព្រះអង្គព្រះរាជទាន សូម​ព្រះអង្គ​​ចំណាយ​​ព្រះរាជ​ទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្សទាំងនោះចុះ។

[២០] ពួកមនុស្សអ្នកមានអភិជ្ឈាក៏មាន អ្នកមិនមានអភិជ្ឈា​ក៏មាន នឹងនាំគ្នា​មក​កាន់​ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្ស​ទាំង​នោះ មនុស្សពួកណា ដែល​ជា​អ្នក​មានអភិជ្ឈា ផលរបស់អភិជ្ឈា​នោះ ក៏នឹងមានដល់មនុស្សពួកនោះទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ដែល​ជា​អ្នកមិនមានអភិជ្ឈា សូមព្រះអង្គព្រះរាជទាន សូម​ព្រះអង្គ​​ចំណាយ​​ព្រះរាជ​ទ្រព្យ សូមព្រះអង្គរីករាយ សូមឲ្យខាងក្នុងព្រះហឫទ័យ របស់​ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្សទាំងនោះចុះ។

[២១] ពួកមនុស្សដែលមានចិត្តព្យាបាទក៏មាន អ្នកមិនមានចិត្តព្យាបាទ​ក៏មាន នឹង​នាំ​គ្នា​មក​កាន់​ទីសម្រាប់បូជាយ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្ស​ទាំង​នោះ មនុស្ស​ពួក​ណា ដែលជាអ្នកមានចិត្តព្យាបាទ ផលរបស់ចិត្តព្យាបាទ​នោះ ក៏នឹង​មាន​ដល់​មនុស្ស​ពួក​នោះ​ទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្សពួកណា ដែល​ជា​អ្នកមិនមានចិត្តព្យាបាទ សូម​ព្រះអង្គ​ព្រះរាជទាន សូម​ព្រះអង្គ​​ចំណាយ​​ព្រះរាជ​ទ្រព្យ សូមព្រះអង្គរីករាយ សូម​ឲ្យ​ខាង​ក្នុង​ព្រះហឫទ័យ របស់​ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្សទាំងនោះចុះ។

[២២] ពួកមនុស្សជាមិច្ឆាទិដ្ឋិក៏មាន ជាសម្មាទិដ្ឋិ​ក៏មាន នឹង​នាំ​គ្នា​មក​កាន់​ទីសម្រាប់​បូជា​យ័ញ្ញរបស់ព្រះអង្គ បណ្តា​មនុស្ស​ទាំង​នោះ មនុស្ស​ពួក​ណា ដែលជាមិច្ឆាទិដ្ឋិ ផល​របស់​មិច្ឆាទិដ្ឋិ​នោះ ក៏នឹង​មាន​ដល់​មនុស្ស​ពួក​នោះ​ទៅ បណ្តាមនុស្ស​ទាំងនោះ មនុស្ស​ពួក​ណា ដែល​ជាសម្មាទិដ្ឋិ សូម​ព្រះអង្គ​ព្រះរាជទាន សូម​ព្រះអង្គ​​ចំណាយ​​ព្រះរាជ​ទ្រព្យ សូម​ព្រះអង្គ​រីករាយ សូម​ឲ្យ​ខាង​ក្នុង​ព្រះហឫទ័យ របស់​ព្រះអង្គ​ជ្រះថ្លា ចំពោះ​មនុស្ស​ទាំង​នោះ​ចុះ។ ម្នាលព្រាហ្មណ៍ ព្រាហ្មណ៍បុរោហិត បានបន្ទោបង់​នូវសេចក្តី​ក្តៅក្រហាយ របស់​ព្រះបាទមហាវិជិតរាជ ក្នុងបដិគ្គាហកៈ ក្នុងកាលមុនយញ្ញពិធី ដោយអាការ​១០​នេះ​ឯង។

[២៣] ម្នាលព្រាហ្មណ៍ កាលនោះ ព្រាហ្មណ៍បុរោហិត បានញុំាង​ព្រះហឫទ័យ​ នៃ​ព្រះបាទមហាវិជិតរាជ ដែលកំពុងបូជាមហាយ័ញ្ញ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យ​អាច​ហ៊ាន ឲ្យរីករាយ ដោយអាការ​១៦ថា កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែង​មានអ្នកណាមួយនិយាយថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ តែថា ពួក​ក្សត្រិយ៍ នៅក្នុងនិគម និងជនបទ ដែលនៅក្នុងព្រះរាជអំណាច ទ្រង់មិនមានព្រះបន្ទូល​ហៅរកផង បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន ក៏គង់តែបូជាមហាយ័ញ្ញមានសភាព​យ៉ាងនេះ​បាន។ ជនអ្នកពោលដោយធម៌ ចំពោះមហារាជដ៏ចំរើនយ៉ាងនេះ ក៏មិនមាន​ឡើយ។ ឯពួក​ក្សត្រិយ៍នៅក្នុងនិគមក្តី នៅក្នុងជនបទក្តី ដែលនៅក្នុងព្រះរាជអំណាច ​ព្រះរាជា​ដ៏​ចំរើន បានមានព្រះបន្ទូល​ហៅមកហើយ សូម​ព្រះរាជាដ៏ចំរើន ទ្រង់ជ្រាប​សេចក្តី​​នុ៎ះ ដោយ​អាការនេះ សូម​ព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជ​ទ្រព្យ សូម​ព្រះ​អង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។

[២៤] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែង​មានអ្នកណាមួយ​និយាយ​ថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ តែថា ពួកអមាត្យ រាជបរិសទ្យ អ្នកនិគម និងអ្នកជនបទ ព្រះអង្គក៏មិនមានព្រះបន្ទូល​ហៅមកឡើយ។បេ។ ពួកព្រាហ្មណ៍​មហាសាល អ្នកនិគម និងអ្នកជនបទ។ ពួកគហបតី អ្នកសន្សំទ្រព្យ ជាអ្នកនិគម និង​អ្នក​ជនបទ (ព្រះរាជាមិនមានព្រះបន្ទូល​ហៅមកឡើយ) បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន ក៏គង់តែបូជាមហាយ័ញ្ញ មានសភាព​យ៉ាងនេះ​បាន។ ជនអ្នកពោលដោយធម៌ ចំពោះ​ព្រះរាជាដ៏ចំរើនយ៉ាងនេះ ក៏មិនមានឡើយ។ ឯពួកគហបតីអ្នកសន្សំទ្រព្យ ជាអ្នក​និគម និងអ្នកជនបទ ព្រះរាជា​ដ៏​ចំរើន បានមានព្រះបន្ទូល​ហៅមកហើយ សូម​ព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តី​នុ៎ះ ដោយ​អាការនេះ សូម​ព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយ​ព្រះ​រាជ​ទ្រព្យ សូម​ព្រះ​អង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។

[២៥] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែង​មានអ្នកណាមួយ​និយាយ​ថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ តែថា ព្រះអង្គមិនមែនជាស្តេច មានព្រះ​ជាតិ​ស្អាតទាំង២ខាង គឺខាងព្រះមាតា និងព្រះបិតា ទ្រង់ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធ ដរាប​អំពីតំណ​នៃព្រះអយ្យកោ ព្រះអយ្យិកា ជាគំរប់៧មក មិនមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបានឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន គង់​តែ​បូជា​មហាយ័ញ្ញ មានសភាព​យ៉ាងនេះ​បាន។ ជនអ្នកពោលដោយធម៌ ចំពោះមហារាជដ៏ចំរើន យ៉ាងនេះមិនមានឡើយ។ តែព្រះរាជាដ៏ចំរើន មានព្រះ​ជាតិ​ស្អាតទាំង២ខាង គឺខាង​ព្រះមាតា និងខាងព្រះបិតា ប្រសូតចាកព្រះគភ៌ដ៏បរិសុទ្ធ ដរាប​អំពីតំណ​នៃព្រះអយ្យកោ ព្រះអយ្យិកា ជាគំរប់៧មក ក៏មិនមានអ្នកណារិះគន់ តិះដៀល ដោយពោល​ដល់​ជាតិ​បាន​ឡើយ សូម​ព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តី​នេះ ដោយ​អាការនេះ សូម​ព្រះអង្គ​ព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូម​ព្រះ​អង្គរីករាយ សូមទ្រង់តាំង​ព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។

[២៦] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែង​មានអ្នកណាមួយ​និយាយ​ថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ ព្រះអង្គជាស្តេចមានព្រះរូបមិនល្អ មិនគួរ​រមិលមើល មិនគួរឲ្យ​កើតសេចក្តីជ្រះថ្លា មិនប្រកបដោយសម្បុរដ៏ល្អយ៉ាងក្រៃលែង មិន​ដូច​ជាសម្បុរនៃព្រហ្ម មិនមានសរីរៈ​ស្រដៀងនឹងព្រហ្ម មិនមានសព៌ាង្គរាងកាយ គួរ​ឲ្យ​រមិល​មើលមិនលែង។បេ។ ព្រះអង្គជាស្តេចមិនស្តុកស្តម្ភ មិនមានទ្រព្យច្រើន មិនមាន​របស់​ប្រើប្រាស់​ច្រើន មិនមានមាសប្រាក់ច្រើន មិនមានគ្រឿង​ឧបករណ៍ ជាទី​ត្រេកអរ​ច្រើន មិនមានធនធាន និងធញ្ញាហារច្រើន មិនមានឃ្លាំង និងជង្រុក​ដ៏បរិបូណ៌។បេ។ ព្រះអង្គជាស្តេចមិនមានរេហ៍ពល ប្រកបដោយចតុរង្គសេនា ដែលស្តាប់​បង្គាប់​ ធ្វើតាម​ព្រះ​ឱវាទ ព្រះអង្គមិនមានតេជានុភាព ហាក់ដូចជាដុតបំផ្លាញនូវពួកសត្រូវ ដោយ​ព្រះរាជ​ឥស្សរិយយសបាន ព្រះអង្គជាស្តេច​មិនមានសទ្ធា មិនមែនជា​ទាយក មិនមែនជា​ទានបតី មិនមែនជាអ្នកបើកទ្វារ មិនមែន​ដូចជាអណ្តូងទឹកសម្រាប់​ផឹក របស់​សមណ​ព្រាហ្មាណ៍ និងអ្នកកំព្រា អ្នកដំណើរ អ្នកពណ៌នាគុណរបស់​ទានហើយសូម និងយាចក​ទាំងឡាយ ហើយធ្វើនូវបុណ្យ ព្រះអង្គមិនបានចេះចាំច្រើន មិនទ្រង់ជ្រាប នូវ​សេចក្តី​អធិប្បាយ​នៃសុតៈនោះៗ នៃភាសិតនោះៗថា នេះជាសេចក្តីអធិប្បាយ​នៃ​ភាសិត​នេះ នេះជាសេចក្តីអធិប្បាយនៃភាសិតនេះ ព្រះអង្គមិនមែនជាបណ្ឌិត វាងវៃ មិនមាន​ព្រះបា្រជ្ញាអង់អាច ដើម្បីនឹងគិតសេចក្តីក្នុងអតីត អនាគត និងបច្ចុប្បន្នបាន​ឡើយ បើទុក​ជា​ដូច្នោះ ព្រះរាជាដ៏ចំរើន ក៏គង់​តែ​បូជា​មហាយ័ញ្ញ មានសភាព​យ៉ាងនេះ​បាន។ ជនអ្នក​ពោល​ដោយធម៌ ចំពោះព្រះរាជាដ៏ចំរើន យ៉ាងនេះ ក៏មិនមានឡើយ។ ព្រះរាជាដ៏ចំរើន ជាបណ្ឌិត ឈ្លាសវៃ មាន​ព្រះបា្រជ្ញាអង់អាច ដើម្បីនឹងគិត​សេចក្តី​ក្នុង​អតីត អនាគត និង​បច្ចុប្បន្នបាន សូម​ព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តី​នុ៎ះ ដោយ​ហេតុនេះចុះ សូម​ព្រះអង្គ​ព្រះ​រាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូម​ព្រះ​អង្គរីករាយ សូមទ្រង់តាំង​ព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។

[២៧] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែង​មានអ្នកណាមួយ​និយាយ​ថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ ទាស់តែព្រាហ្មណ៍​បុរោហិត មិនមាន​កំណើត​ល្អទាំង២ផ្នែក គឺខាងមាតា និងខាងបិតា មិនបានប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាប​អំពីតំណ​នៃអយ្យកោ អយ្យិកា ជាគំរប់៧មកឡើយ មិនមែជាអ្នកឥតមានអ្នកណារិះគន់ តិះដៀល ដោយពោលដល់ជាតិបានឡើយ បើទុកជាដូច្នោះ ព្រះរាជាដ៏ចំរើន គង់​តែ​បូជា​មហាយ័ញ្ញ មានសភាព​យ៉ាងនេះ​បាន។ ជនអ្នកពោលដោយធម៌ ចំពោះព្រះរាជាដ៏ចំរើន យ៉ាងនេះ មិនមានឡើយ។ ឯព្រាហ្មណ៍​បុរោហិត របស់ព្រះរាជាដ៏ចំរើន ជាអ្នកមាន​ជាតិ​បរិសុទ្ធ ទាំង២ចំណែកដែរ គឺខាង​មាតា និងខាងបិតា ប្រសូតចាកគភ៌ដ៏បរិសុទ្ធ ដរាប​អំពីតំណ​នៃអយ្យកោ អយ្យិកា ជាគំរប់៧មក មិនមានអ្នកណារិះគន់ តិះដៀល ដោយ​ពោល​​ដល់​ជាតិ​កំណើតបាន​ឡើយ សូម​ព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបសេចក្តីនុ៎ះ ដោយ​ហេតុ​នេះ សូម​ព្រះអង្គព្រះរាជទាន សូមព្រះអង្គ ចំណាយព្រះរាជទ្រព្យ សូម​ព្រះ​អង្គ​រីករាយ សូមទ្រង់​តាំង​ព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។

[២៨] កាលព្រះរាជាដ៏ចំរើន កំពុងបូជាមហាយ័ញ្ញ ក្រែង​មានអ្នកណាមួយ​និយាយ​ថា ព្រះបាទមហាវិជិតរាជ ទ្រង់បូជាមហាយ័ញ្ញ ទាស់តែព្រាហ្មណ៍​បុរោហិត របស់ព្រះអង្គ មិនមែន​ជាអ្នករាយមន្ត មិនចេះចាំមន្ត មិនចេះចប់នូវគម្ពីរត្រៃវេទ ព្រម​ទាំង​គម្ពីរនិឃណ្ឌុ និងគម្ពីរ​កេតុភៈ ព្រមទាំងអក្ខរប្បភេទ គឺសិក្ខា និងនិរុត្តិ ដែលមានគម្ពីរ​ឥតិហាសៈ ជាគំរប់៥ ជាអ្នកមិនដឹងនូវ​បទ និងវេយ្យាករណ៍ ជាអ្នកមិនថយថោក គឺ​ស្ទាត់​ជំនាញ ក្នុងលោកាយតសាស្ត្រ និងមហាបុរិសលក្ខណព្យាករណ​សាស្ត្រ ទាស់តែព្រាហ្មណ៍​បុរោហិត របស់ព្រះរាជានោះ មិនមែនជាអ្នកមានសីល មានសីលដ៏ចំរើន មិនប្រកប​ដោយសីល​ដ៏ចំរើន ព្រាហ្មណ៍​បុរោហិតរបស់ព្រះរាជានោះ មិនមែនជាបណ្ឌិត ឈ្លាសវៃ មានបា្រជ្ញា ជាបុគ្គលទី១ ឬទី២របស់ពួកព្រាហ្មណ៍អ្នកទទួល​នូវការ​បូជាឡើយ បើទុកជា​ដូច្នោះ ព្រះរាជាដ៏ចំរើន ក៏គង់​តែ​បូជា​មហាយ័ញ្ញ មានសភាព​យ៉ាងនេះ​បាន។ ជន​អ្នក​ពោល​ដោយធម៌ ចំពោះព្រះរាជាដ៏ចំរើន យ៉ាងនេះ មិនមានឡើយ។ ឯព្រាហ្មណ៍​បុរោហិត របស់ព្រះរាជាដ៏ចំរើន ជាបណ្ឌិត ឈ្លាសវៃ មាន​បា្រជ្ញា ជាបុគ្គល​ទី១ ឬ​ទី២ របស់ពួក​ព្រាហ្មណ៍ អ្នកទទួល​នូវការបូជាមែន សូម​ព្រះរាជាដ៏ចំរើន ទ្រង់ជ្រាបនូវ​សេចក្តី​នុ៎ះ ដោយ​ហេតុនេះចុះ សូម​ព្រះអង្គព្រះរាជទាន សូមព្រះអង្គចំណាយព្រះរាជទ្រព្យ សូម​​ព្រះ​អង្គរីករាយ សូមទ្រង់តាំងព្រះហឫទ័យ ឲ្យជ្រះថ្លាតែខាងក្នុងចុះ។ ម្នាល​ព្រាហ្មណ៍ ព្រាហ្មណ៍បុរោហិត បានញុំាងព្រះហឫទ័យ របស់ព្រះបាទមហាវិជិតរាជ ដែល​កំពុងបូជាមហាយ័ញ្ញ ឲ្យឃើញតាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយ​អាការទាំង​១៦នេះឯង។

[២៩] ម្នាលព្រាហ្មណ៍ ក្នុងយ័ញ្ញនោះឯង មនុស្សទាំងឡាយ ក៏ខានសម្លាប់គោ ខាន​សម្លាប់ពពែ និងកែះ ខានសម្លាប់មាន់ ជ្រូក ពួកសត្វផ្សេងៗ ក៏មិនបានដល់នូវសេចក្តី​វិនាស ខានកាប់ដើមឈើ មកធ្វើជាគោល (សម្រាប់​ចារឹកឈ្មោះ) ខានច្រូត​ស្បូវភ្លាំង ដើម្បី​ឲ្យលំបាក (ដល់ជនឯទៀត)។ ចំណែកខាងពួកជនណា ដែលជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជា​អ្នកធ្វើការងារក្តី ជនទាំងនោះ ព្រះរាជាក៏មិនបាន​គម្រាម ដោយអាជ្ញា មិនបានគម្រាម​ឲ្យ​ភ័យ មិនមានមុខជោកដោយទឹកភ្នែក ស្រែកទ្រហ៊ោយំធ្វើការងារឡើយ។ ដោយពិតនោះ​ថា ពួកជនណា ចង់ធ្វើការងារ ពួកជននោះ ក៏ធ្វើទៅ ពួកជនណា មិនចង់ធ្វើការងារ ពួក​ជននោះ ក៏ខានធ្វើទៅ។ ពួកជនចង់ធ្វើការណា ក៏ធ្វើការនោះទៅ មិនចង់ធ្វើការណា ក៏ខានធ្វើការនោះទៅ។ ឯយញ្ញពិធីនោះ ក៏សម្រេចដោយទឹកដោះថ្លា ប្រេង ទឹកដោះ​ខាប់ ទឹកដោះជូរ ទឹកឃ្មុំ និងទឹកអំពៅប៉ុណ្ណោះឯង។

[៣០] ម្នាលព្រាហ្មណ៍ កាលនោះ ពួកក្សត្រិយ៍អ្នកនៅក្នុងនិគម និងជនបទ ដែល​នៅ​ក្នុងព្រះរាជអំណាច។ ពួកអមាត្យ រាជបរិសទ្យ ជាអ្នកនិគម និងអ្នកជនបទ។ ពួក​ព្រាហ្មណមហាសាល ជាអ្នកនិគម និងអ្នកជនបទ ពួកគហបតី អ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាយកទ្រព្យសម្បត្តិជាច្រើន ចូលទៅគាល់ព្រះបាទ​មហាវិជិតរាជ ហើយក្រាបទូលយ៉ាងនេះថា បពិត្រព្រះសម្មតិទេព ទ្រព្យសម្បត្តិច្រើន​ទាំងនេះ ជារបស់​មហាបពិត្រ យើងខ្ញុំព្រះអង្គនាំមកថ្វាយ ចំពោះ​មហាបពិត្រ សូមមហា​បពិត្រ ទ្រង់ទទួលនូវទ្រព្យសម្បត្តិនោះចុះ។ ព្រះបាទមហាវិជិតរាជ ត្រាស់តបថា ណ្ហើយ​អ្នកទាំងឡាយ ទ្រព្យសម្បត្តិនៃខ្ញុំនេះឯង ដែលសម្រេចហើយ ដោយពលិកម្មប្រកប​ដោយ​ធម៌ច្រើនណាស់ហើយ ទ្រព្យទាំងនោះ ត្រូវបានទៅអ្នកទាំងឡាយវិញចុះ មួយទៀត ចូរ​អ្នក​ទាំងឡាយ យកទ្រព្យរបស់ខ្ញុំឯង ថែមទៅទៀតខ្លះចុះ។ ពួកជនទាំងនោះ កាលបើ​ព្រះ​រាជាទ្រង់ប្រកែកហើយ ក៏ចៀសចេញទៅក្នុងទីដ៏សមគួរ ហើយក៏គិត​ព្រមគ្នាយ៉ាង​នេះថា បើ​ពួកយើងយកទ្រព្យសម្បត្តិទាំងនេះ ទៅកាន់ផ្ទះខ្លួនវិញ ដោយហេតុណា ហេតុនោះ ឈ្មោះថា មិនសមគួរ​ដល់ពួកយើងឡើយ ដ្បិតព្រះបាទមហាវិជិតរាជ កំពុងបូជា​មហា​យ័ញ្ញ បើដូច្នោះ ពួកយើង ចូរនាំគ្នា​បូជា​តាមព្រះអង្គទៅចុះ។

[៣១] ម្នាលព្រាហ្មណ៍ កាលនោះ ពួកក្សត្រិយ៍ អ្នកនៅក្នុងនិគម និងនៅក្នុង​ជនបទ ដែលនៅក្នុងព្រះរាជអំណាច នាំគ្នាផ្តើមធ្វើទានក្នុងទិសខាងកើតនៃរោងយ័ញ្ញ។ ពួក​អមាត្យរាជបរិសទ្យ អ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងត្បូងនៃ​រោង​យ័ញ្ញ។ ពួកព្រាហ្មណមហាសាល ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងលិចនៃ​រោង​យ័ញ្ញ។ ពួកគហបតីអ្នកសន្សំទ្រព្យ ជាអ្នកនិគម និងអ្នកជនបទ ក៏នាំគ្នាផ្តើមធ្វើទាន ក្នុងទិសខាងជើងនៃ​រោង​យ័ញ្ញ។ ម្នាលព្រាហ្មណ៍ ក្នុងទីយញ្ញពិធី​ទាំងនោះ មនុស្សទាំងឡាយ មិនបានសម្លាប់គោ មិនបានសម្លាប់ពពែ និងកែះ មិនបាន​សម្លាប់មាន់ និងជ្រូក ពួកសត្វផ្សេងៗ ក៏មិនដល់នូវសេចក្តីវិនាសឡើយ មិនបាន​កាប់​ដើម​ឈើមកធ្វើ​ជាគោល (សម្រាប់ចារិកឈ្មោះ) ខានច្រូតស្បូវភ្លាំង ដើម្បីឲ្យលំបាក (ដល់​ជន​ឯទៀត)។ ចំណែកខាងពួកមនុស្សណា ជាខ្ញុំកំដរក្តី ជាអ្នកបំរើក្តី ជាអ្នកធ្វើការងារក្តី ជន​ទាំងនោះ មិនបានត្រូវគម្រាមដោយអាជ្ញា មិនបានត្រូវគម្រាមឲ្យភ័យ មិនមាន​មុខជោក​ដោយ​ទឹកភ្នែក ស្រែកទ្រហ៊ោយំធ្វើការងារឡើយ។ ដោយសេចក្តីពិតនោះថា ពួកជនណា ចង់ធ្វើការងារ ពួកជននោះ ក៏ធ្វើទៅ ពួកជនណា មិនចង់ធ្វើការងារ ពួកជននោះ ក៏ខាន​ធ្វើទៅ ពួកជនចង់ធ្វើការងារណា ក៏ធ្វើការងារនោះទៅ មិនចង់ធ្វើការងារ​ណា ក៏​ខាន​ធ្វើ​ការងារនោះទៅ។ ឯយញ្ញពិធីនោះ ក៏សម្រេចដោយទឹកដោះថ្លា ប្រេង ទឹកដោះខាប់ ទឹក​ដោះជូរ ទឹកឃ្មុំ និងទឹកអំពៅប៉ុណ្ណោះឯង។ ម្នាលព្រាហ្មណ៍ ជនទាំង៤ពួក មានគំនិត​យល់​ត្រូវគ្នា១ ព្រះបាទមហាវិជិតរាជ ប្រកបដោយអង្គ៨ប្រការ១ ព្រាហ្មណបោរោហិត ប្រកបដោយអង្គ៤ប្រការ១ រួមជាយញ្ញវិធី៣យ៉ាង នេះហៅថា យញ្ញសម្បទា៣យ៉ាង មានបរិក្ខារ​១៦ ដោយប្រការដូច្នេះឯង។

[៣២] កាលបើព្រះសាស្តា ទ្រង់មានព្រះពុទ្ធតម្រាស់យ៉ាងនេះហើយ ពួក​ព្រាហ្មណ៍​ទាំងនោះ មានសម្លេងបន្លឺគឹកកង មានសំឡេងហ៊ោ សំឡេងស្រែកថា អើហ្ន៎ យ័ញ្ញ យញ្ញសម្បទាហ្ន៎។ ឯកូដទន្តព្រាហ្មណ៍ ក៏អង្គុយនៅស្ងៀម។ លំដាប់នោះ ព្រាហ្មណ៍​ទាំងនោះ បានពោលពាក្យនេះ នឹងកូដទន្តព្រាហ្មណ៍ថា ព្រោះហេតុអ្វី បានជាលោក​កូដទន្តៈ មិនត្រេកអរ រីករាយ នឹងសុភាសិត​របស់ព្រះសមណគោតម ដោយពាក្យ​ជា​សុភាសិតសោះ។ កូដទន្តព្រាហ្មណ៍ឆ្លើយថា នែអ្នកទាំងឡាយដ៏ចំរើន ខ្ញុំមិនមែន​ជាមិន​ត្រេកអរ រីករាយ នឹងសុភាសិត​របស់​ព្រះសមណគោតម ដោយពាក្យជាសុភាសិតទេ បើ​បុគ្គលណាមិនត្រេកអរ រីករាយ នឹងសុភាសិតរបស់ព្រះសមណគោតម ដោយពាក្យ​ជា​សុភាសិតទេ ក្បាលរបស់បុគ្គលនោះ នឹងបែកមិនខាន ម្នាលអ្នកទាំងឡាយដ៏ចំរើន មួយ​ទៀត ខ្ញុំនៅមានសេចក្តីត្រិះរិះ​យ៉ាងនេះថា ព្រះសមណគោតម មានព្រះពុទ្ធតម្រាស់​យ៉ាង​នេះថា តថាគត បានឮមកយ៉ាងនេះ ឬថាហេតុនោះ គួរនឹង​ទៅជាយ៉ាងនេះ មួយ​យ៉ាងទៀត ព្រះសមណគោតម មានព្រះពុទ្ធតម្រាស់ថា រឿងយ៉ាងនេះ បានមានហើយ ក្នុងកាលនោះ រឿងនេះបានមានហើយ ក្នុងកាលនោះឯង ម្នាលអ្នកទាំងឡាយដ៏ចំរើន ខ្ញុំ​មានសេចក្តីត្រិះរិះយ៉ាងនេះថា ក្នុងសម័យនោះ ព្រះសមណគោតម ជាព្រះបាទ​មហាវិជិត​រាជ ជាម្ចាស់យ័ញ្ញដោយពិត ឯបុរោហិត គ្រាន់តែជាអ្នកណែនាំឲ្យបូជាយ័ញ្ញ របស់ព្រះអង្គ។ កូដទន្តព្រាហ្មណ៍ ទូលសួរថា ចុះព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបថា បុគ្គល​បូជាឯងក្តី ឲ្យគេបូជាក្តី នូវ​យ័ញ្ញមានសភាពយ៉ាងនេះ លុះទំលាយ​រាងកាយ​ បន្ទាប់​អំពី​សេចក្តីស្លាប់ នឹងបានចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ដូច្នេះដែរឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ តថាគតដឹងច្បាស់ថា បុគ្គលបូជាឯងក្តី ឲ្យគេបូជាក្តី នូវ​យ័ញ្ញមានសភាពយ៉ាងនេះ លុះទំលាយ​រាងកាយ​ បន្ទាប់​អំពី​សេចក្តីស្លាប់ នឹងបានចូលទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌ ម្នាលព្រាហ្មណ៍ សម័យនោះ តថាគតជាព្រាហ្មណបុរោហិត ជាអ្នកណែនាំឲ្យបូជាយ័ញ្ញ របស់ព្រះបាទមហាវិជិតរាជ​នោះ។

[៣៣] កូដទន្តព្រាហ្មណ៍ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញ​ឯទៀត​ មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ​១៦នេះ មានដែរឬទេ។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានសេចក្តីត្រូវការដោយវត្ថុតិច មាន​គ្រឿង​​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ​១៦នេះ មានដែរ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតម​ដ៏ចំរើន ចុះយ័ញ្ញ ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែល​មាន​បរិក្ខារ​១៦នោះ តើដូចម្តេច។ ព្រះអង្គត្រាស់ថា ម្នាលព្រាហ្មណ៍ និច្ចភត្តទាន គឺ​យ័ញ្ញ ដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលណា ដែល​បុគ្គល​ឲ្យចំពោះពួក​បព្វជិត អ្នកមានសីល ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯងហើយ ដែល​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ​១៦នេះ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតម​ដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ ដែលធ្វើឲ្យនិច្ចភត្តទាន គឺយ័ញ្ញ ដែល​ប្រព្រឹត្តទៅតាម​លំដាប់​ត្រកូល ​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផល​ច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ​១៦នេះ។ ព្រះ​អង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ពួកអរហន្ត ឬពួកអ្នកដែលបាន​សម្រេច​នូវ​អរហត្តមគ្គ មិនបានចូលទៅរកយ័ញ្ញពិធី មានសភាព​យ៉ាងនេះទេ ដំណើរ​នោះ ព្រោះ​ហេតុអ្វី ម្នាល​ព្រាហ្មណ៍ ព្រោះការ​ប្រហារដោយដំបងក្តី ការចាប់​ត្រង់បំពង់កក្តី រមែង​មាន​ប្រាកដតែក្នុង​យញ្ញវិធីនុ៎ះ ព្រោះហេតុដូច្នោះ ពួកព្រះអរហន្ត ឬពួក​អ្នកដែល​បានសម្រេច​នូវអរហត្តមគ្គ មិនចូលទៅរកយញ្ញពិធី មានសភាព​យ៉ាងនេះ ម្នាលព្រាហ្មណ៍ និច្ចភត្តទាន គឺយ័ញ្ញ ដែល​ប្រព្រឹត្តទៅតាមលំដាប់ត្រកូលណា ដែលគេឲ្យ ចំពោះពួក​បព្វជិត អ្នកមានសីល ម្នាលព្រាហ្មណ៍ ពួកអរហន្ត ឬពួក​លោកដែល​បានសម្រេច​នូវ​អរហត្តមគ្គ រមែងចូលទៅ​រក​យ័ញ្ញមានសភាពយ៉ាងនេះ ដំណើរនោះ ព្រោះអ្វី ម្នាលព្រាហ្មណ៍ ព្រោះហេតុថា ការ​ប្រហារដោយដំបងក្តី ការចាប់​ត្រង់បំពង់កក្តី រមែង​មិន​ប្រាកដ ក្នុងយញ្ញវិធីនុ៎ះទេ ហេតុ​ដូច្នោះ បានជាពួកអរហន្ត ឬពួក​អ្នកដែល​បានសម្រេច​អរហត្តមគ្គ រមែងចូលទៅ​រក​យញ្ញពិធី មានសភាព​យ៉ាងនេះ ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ ដែលធ្វើឲ្យ​និច្ចភត្តទាន គឺយ័ញ្ញ ដែល​ប្រព្រឹត្ត​ទៅ​តាម​លំដាប់​ត្រកូល មានសេចក្តីត្រូវការ​ដោយ​វត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញ​សម្បទា​៣​ប្រការ ដែលមានបរិក្ខារ​១៦នេះឯង។

[៣៤] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញ​ឯទៀត​ ដែលមានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផល​ច្រើន មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ​១៦នេះផង ជាង​និច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្តទៅតាមលំដាប់ត្រកូលនេះផង មានដែរឬទេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មាន​អានិសង្ស​ច្រើនជាង​យញ្ញសម្បទា​៣​ប្រការនេះផង មានដែរ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចុះយ័ញ្ញឯទៀត មាន​អានិសង្ស​ច្រើនជាងយញ្ញសម្បទា៣ប្រការនេះផង តើ​ដូច​ម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា បានធ្វើវិហារ​ចំពោះសង្ឃ ដែល​មកអំពីទិសទាំង៤ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង ដែល​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន និងមាន​អានិសង្ស​ច្រើន ជាង​យញ្ញសម្បទា​៣​ប្រការ ដែលមានបរិក្ខារ​១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្ត​ទៅតាម​លំដាប់​ត្រកូលនេះផង។

[៣៥] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញ​ឯ​ទៀត។បេ។​ មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង មានដែរឬ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានដែរ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំ​ទូល​សួរថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន ចុះយ័ញ្ញឯទៀតនោះ តើ​ដូច​ម្តេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា មានចិត្តជ្រះថ្លា ដល់នូវព្រះពុទ្ធជាសរណៈ ដល់នូវ​ព្រះធម៌ជាសរណៈ ដល់នូវព្រះសង្ឃ ជាសរណៈ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង ដែល​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យញ្ញសម្បទា​៣​ប្រការ ដែលមានបរិក្ខារ​១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្ត​ទៅតាម​លំដាប់​ត្រកូលនេះផង ជាង​វិហារទាននេះផង។

[៣៦] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន យ័ញ្ញ​ឯ​ទៀត ​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យញ្ញសម្បទា​៣​ប្រការ ដែលមានបរិក្ខារ​១៦នេះផង ជាង​និច្ចភត្ត​ទាន គឺយ័ញ្ញដែលប្រព្រឹត្ត​ទៅតាម​លំដាប់​ត្រកូលនេះផង។បេ។ មានដែរឬ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានអានិសង្សច្រើនជាង​យញ្ញសម្បទា​៣ប្រការ​នេះផង មានដែរ។បេ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំ​ទូល​សួរថា បពិត្រ​ព្រះគោតម​ដ៏​ចំរើន យ័ញ្ញឯទៀត មានអានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការនេះផង តើ​ដូច​ម្តេច។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ បុគ្គលណា មានចិត្តជ្រះថ្លា បានសមាទាននូវ​សិក្ខាបទ​ទាំងឡាយ គឺចេតនាធម៌ ជាហេតុវៀរចាកបាណាតិបាត១ វៀរចាក​អទិន្នាទាន១ វៀរចាក​កាមេសុមិច្ឆាចារ១ វៀរចាកមុសាវាទ១ វៀរចាក​សុរាមេរយមជ្ជប្បមាទដ្ឋាន១ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង ដែល​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុង​ប្រៀប​តិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យញ្ញសម្បទា​៣​ប្រការ ដែលមាន​បរិក្ខារ​១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្ត​ទៅតាម​លំដាប់នៃ​ត្រកូល​នេះ​ផង។បេ។

[៣៧] កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន ចុះយ័ញ្ញ​ឯ​ទៀត មាន​អានិសង្ស​ច្រើន ជាងយញ្ញសម្បទា៣ប្រការ ដែលមានបរិក្ខារ​១៦​នេះ​ផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្ត​ទៅតាម​លំដាប់នៃ​ត្រកូលនេះផង មានដែរ​ឬ។បេ។ ព្រះអង្គ​ទ្រង់​ត្រាស់ថា ម្នាលព្រាហ្មណ៍ យ័ញ្ញឯទៀត មានសេចក្តី​ត្រូវ​ការ​ដោយ​វត្ថុ​តិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យញ្ញសម្បទា​៣​ប្រការ ដែលមានបរិក្ខារ​១៦នេះផង ជាងនិច្ចភត្តទាន គឺយ័ញ្ញដែលប្រព្រឹត្ត​ទៅតាម​លំដាប់​ត្រកូលនេះផង ជាង​វិហារទាននេះផង ជាង​សរណគមន៍ទាំងនេះផង ជាង​សិក្ខាបទ​ទាំងនេះផង មានដែរ។ កូដទន្តព្រាហ្មណ៍ ក្រាបបង្គំទូលសួរថា បពិត្រ​ព្រះគោតម​ដ៏ចំរើន ចុះយ័ញ្ញ​ឯ​ទៀត​ មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យញ្ញសម្បទា​៣​ប្រការនេះ​ផង។បេ។ នោះ តើ​ដូច​ម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលព្រាហ្មណ៍ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើង​ក្នុងលោកនេះ។បេ។ (បណ្ឌិតគប្បីសំដែង​ពាក្យ​ទាំង​អស់​ឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលព្រាហ្មណ៍ ភិក្ខុជាអ្នកបរិបូណ៌​ដោយសីលយ៉ាងនេះឯង។ ភិក្ខុនោះឯង រមែង​ចូលដល់បឋមជ្ឈាន សម្រាន្តឥរិយាបទ​នៅ។ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង ​មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុង​ប្រៀប​តិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យ័ញ្ញទាំងឡាយ​អំពីមុនៗ។ ភិក្ខុ​នោះ រមែងចូល​ដល់ទុតិយជ្ឈាន។ តតិយជ្ឈាន។ ចតុត្ថជ្ឈាន សម្រាន្តឥរិយាបទនៅ។ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង​ មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យ័ញ្ញទាំងឡាយមុនៗ។ ភិក្ខុ​នោះ រមែងតម្រង់ ផ្ចង់បង្អោនចិត្ត ដើម្បីញាណទស្សនៈ ហើយដឹងច្បាស់ថា ជាតិរបស់អញអស់ហើយ ព្រហ្ម​ចរិយៈអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច ក៏អញបាន​ធ្វើ​ស្រេចហើយ កិច្ច​ដទៃក្រៅពីសោឡសកិច្ច​នេះទៅទៀត មិនមានឡើយ។ ម្នាលព្រាហ្មណ៍ យ័ញ្ញនេះឯង​ មានសេចក្តីត្រូវការដោយវត្ថុតិច មានគ្រឿង​ប្រុងប្រៀបតិច តែមានផលច្រើន មាន​អានិសង្ស​ច្រើន ជាង​យ័ញ្ញទាំងឡាយមុនៗ ម្នាលព្រាហ្មណ៍ មួយទៀត យញ្ញសម្បទា​ឯទៀតលើសលុបជាង ឬថ្លៃថ្លាជាងយញ្ញសម្បទានេះ មិនមានឡើយ។

[៣៨] កាលបើព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់យ៉ាងនេះហើយ កូដទន្តព្រាហ្មណ៍ ក៏​ក្រាបបង្គំទូល​ព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ធម៌ដែលព្រះគោតម​ដ៏ចំរើន ទ្រង់សំដែងហើយ ដោយ​អនេក​បរិយាយនេះឯង ប្រៀបដូចជាគេ​បើករបស់​ដែល​ផ្កាប់ឲ្យផ្ងារឡើង ឬដូចជាគេបើកបង្ហាញរបស់ដែល​កំបាំង ឬដូចជាបុគ្គល​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជាគេទ្រោល​ប្រទីប ​ក្នុង​ទី​ងងឹត​ ដោយគិតថា មនុស្សដែល​មានភ្នែក នឹងមើលឃើញរូបបាន ខ្ញុំព្រះអង្គនេះ សូមដល់នូវ​ព្រះគោតម​ដ៏​ចំរើន​ផង នូវព្រះធម៌ផង នូវព្រះភិក្ខុសង្ឃផង ជាសរណៈ សូម​ព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវ​រតនត្រ័យ ជាសរណៈ ស្មើដោយជីវិត តាំងអំពី​ថ្ងៃនេះ​ជាដើមទៅ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គនេះ នឹងដោះលែង​គោឈ្មោល ៧០០ កូន​គោឈ្មោល ៧០០ កូនគោញី ៧០០ ពពែ ៧០០ កែះ ៧០០ ខ្ញុំព្រះអង្គនឹងឲ្យជីវិត ចូរឲ្យសត្វ​ទាំងនេះ ទំពាស៊ីនូវស្មៅស្រស់ផង ចូរផឹកនូវទឹក​ត្រជាក់​ផង ចូរឲ្យខ្យល់ត្រជាក់ បក់​មក​ត្រូវ​សត្វទាំងនោះចុះ។

[៣៩] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់សំដែង ​នូវអនុបុព្វីកថា ចំពោះ​កូដទន្ត​ព្រាហ្មណ៍ ​អនុបុព្វីកថានោះ ដូចម្តេច គឺព្រះអង្គទ្រង់ប្រកាស ទានកថា សីលកថា សគ្គកថា ប្រកាសទោសរបស់កាមដ៏ថោកទាប សៅហ្មង ប្រការនូវអានិសង្ស​ក្នុងកិរិយា​ចេញ​​ចាកកាម។ កាលណាព្រះមាន​ព្រះភាគ បាន​ជ្រាបថា កូដទន្តព្រាហ្មណ៍ មាន​ចិត្តស្រួល មានចិត្តទន់ មានចិត្ត​ប្រាសចាក​នីវរណៈ មានចិត្ត​អណ្តែត​ឡើង មានចិត្ត​ជ្រះថ្លាហើយ កាលនោះ ព្រះអង្គក៏​ទ្រង់សំដែង​ធម្មទេសនា ដែលព្រះពុទ្ធ​ទាំងឡាយ ​ទ្រង់លើក​ឡើងសំដែង ដោយព្រះអង្គ​ឯង គឺប្រកាសនូវទុក្ខសច្ច១ សមុទយសច្ច១ និរោធសច្ច១ មគ្គសច្ច១។ ធម្មតា សំពត់ដ៏​ស្អាត ប្រាសចាកពណ៌ខ្មៅ គួរទទួល​ទឹកជ្រលក់​ដោយល្អបាន យ៉ាងណាមិញ ធម្មចក្ខុ គឺសោតាបត្តិមគ្គ​ ដ៏ប្រាសចាកធូលី ប្រាសចាក​មន្ទិល ក៏កើតឡើង​ដល់កូដទន្តព្រាហ្មណ៍ លើអាសនៈនោះ​ឯងថា ធម្មជាត​ឯណានីមួយ មានសេចក្តីកើត​ឡើង​ជាធម្មតា ធម្មជាត​ទាំងអស់​នោះ មានសេចក្តីរលត់ទៅ​ជាធម្មតា យ៉ាងនោះឯង។ លំដាប់នោះ កូដទន្តព្រាហ្មណ៍ បានឃើញ​អរិយសច្ចធម៌ បានដល់​អរិយសច្ចធម៌ បានដឹង​ច្បាស់​អរិយសច្ចធម៌ បានជឿច្បាស់អរិយសច្ចធម៌​ ឆ្លងផុត​សេចក្តី​សង្ស័យ ប្រាសចាក​សេចក្តីងឿងឆ្ងល់ ដល់​នូវភាវៈ ជាអ្នក​ក្លាហាន មិនបាច់អាងបុគ្គល​ដទៃ (ដឹកនាំ) ក្នុង​សាសនា​របស់ព្រះសាស្តា ទើបក្រាប​បង្គំទូល​ព្រះមាន​ព្រះភាគ យ៉ាងនេះ​ថា សូម​បពិត្រព្រះគោតមដ៏ចំរើន ព្រមទាំងភិក្ខុសង្ឃ ទទួលនូវភត្ត​របស់​ខ្ញុំព្រះអង្គ ដើម្បីឆាន់​ក្នុង​ថ្ងៃស្អែក។ ព្រះមានព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព។ កូដទន្តព្រាហ្មណ៍​ បានដឹងថា ព្រះមានព្រះភាគ ទទួលនិមន្តហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ ចៀសចេញទៅ។

[៤០] គ្រាកាលដែលកន្លងរាត្រីនោះទៅ កូដទន្តព្រាហ្មណ៍ ប្រើគេតាក់តែងនូវ​ខាទនីយៈ ភោជនីយាហារដ៏ថ្លៃថ្លា ក្នុងរោងយញ្ញពិធីរបស់ខ្លួន ហើយឲ្យក្រាបបង្គំ​ទូលនូវ​ភត្តកាល ចំពោះព្រះមានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន កាលដល់ហើយ ភត្ត​ក៏​សម្រេចហើយ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ទ្រង់បាត្រ និងចីវរ ក្នុងបុព្វណ្ហ​សម័យ ទ្រង់ពុទ្ធដំណើរទៅកាន់រោងយញ្ញពិធី របស់កូដទន្តព្រាហ្មណ៍ ព្រម​ដោយ​ភិក្ខុ​សង្ឃ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ។ លំដាប់​នោះ កូដទន្តព្រាហ្មណ៍ ក៏បានអង្គាសខាទនីយៈ ភោជនីយាហារដ៏ថ្លៃថ្លា ដោយដៃ​ខ្លួនឯង ចំពោះព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់ស្កល់ ត្រាតែឃាត់។ លុះ​កូដទន្ត​ព្រាហ្មណ៍​ដឹងថា ព្រះមានព្រះភាគ សោយរួចហើយ លែងលូកព្រះហស្ត​ក្នុងបាត្រ​ទៀត​ហើយ ក៏កាន់យកអាសនៈ​មួយទាបជាង ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះ​កូដទន្ត​ព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរស៊ប់ហើយ ព្រះមានព្រះភាគ ក៏ទ្រង់ពន្យល់​ឲ្យឃើញ​តាម ឲ្យកាន់យកតាម ឲ្យអាចហ៊ាន ឲ្យរីករាយ ដោយធម្មីកថា ហើយទ្រង់​ក្រោក​ចាក​អាសនៈ ស្តេចចេញទៅ។

ចប់ កូដទន្តសូត្រ ទី៥។

មហាលិសូត្រ ទី៦

(៦. មហាលិសុត្តំ)

[៤១] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់​នៅ​ក្នុង​កូដាគារសាលា នាព្រៃមហាវ័ន ទៀបក្រុង​វេសាលី។ សម័យនោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ចូលទៅ​អាស្រ័យ​នៅក្នុង​ក្រុង​វេសាលី ដោយករណីយកិច្ច​ណានីមួយ។ ពួកព្រាហ្មណទូត អ្នកដែនកោសល និង​ព្រាហ្មណទូត អ្នកដែនមគធៈនោះ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញ​ចាកសក្យត្រកូល ទ្រង់ព្រះផ្នួសហើយ ឥឡូវ មក​គង់​នៅក្នុងកូដាគារសាលា នា​ព្រៃ​មហាវ័ន ទៀបក្រុងវេសាលី កិត្តិសព្ទសរសើរ ព្រះគោតមដ៏ចំរើននោះ ពីរោះឮខ្ចរខ្ចាយ សុះសាយយ៉ាងនេះថា ព្រះមានព្រះភាគអង្គនោះ (ជាព្រះអរហន្ត)។បេ។ ព្រះអង្គ​បាន​ត្រាស់​ដឹង​នូវអរិយសច្ចធម៌ ព្រះអង្គ​លែងវិលត្រឡប់​មក​កាន់ភពថ្មីទៀត ព្រះមាន​ព្រះភាគ​នោះ ញុំាងលោកនេះ ព្រមទាំងទេវលោក និង​មារលោក។បេ។ ការដែលបានឃើញ បាន​ជួប​​នឹងព្រះអរហន្តទាំងឡាយ មានសភាព​យ៉ាងហ្នឹង (ជាការប្រពៃពេក)។ គ្រានោះឯង ពួកព្រាហ្មណទូត អ្នកដែនកោសល និង​ពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ក៏បាន​ចូល​សំដៅទៅកាន់កូដាគារសាលា ព្រៃ​មហាវ័ន។

[៤២] សម័យនោះឯង ព្រះនាគិតត្ថេរមានអាយុ ជាឧបដ្ឋាកព្រះមានព្រះភាគ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈនោះ ចូលសំដៅទៅរកកន្លែង​ដែលព្រះ​នាគិតត្ថេរមានអាយុគង់នៅ លុះចូលទៅដល់ហើយ ទើប​​ពោលពាក្យ​នេះ នឹងព្រះនាគិតត្ថេរមានអាយុថា បពិត្រព្រះនាគិតៈដ៏ចំរើន ឥឡូវ​នេះ ព្រះគោតមដ៏ចំរើននោះ ព្រះអង្គគង់នៅទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់​ព្រះគោតមដ៏​ចំរើន​​នោះ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលអ្នកមានអាយុទាំងឡាយ កាលនេះ មិនមែនជាកាលគួរ នឹងទៅគាល់ព្រះមានព្រះភាគទេ (ព្រោះ) ព្រះមានព្រះភាគ កំពុង​សម្រាកព្រះអង្គ។ គ្រានោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងព្រាហ្មណទូត អ្នកដែនមគធៈនោះ អង្គុយនៅក្នុងទីសមគួរ ក្បែរកន្លែងនោះ ហើយប្រឹក្សាគ្នាថា យើង​ទាំងឡាយ ចាំគាល់​ព្រះគោតមដ៏ចំរើននោះឲ្យបាន ហើយសឹមទៅ។

[៤៣] ឯក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី1) បានចូលសំដៅទៅកាន់កូដាគារសាលា នាព្រៃមហាវ័ន ត្រង់​កន្លែងដែល​ព្រះនាគិតត្ថេរមានអាយុគង់នៅ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះនាគិតត្ថេរមានអាយុ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះ​ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវីឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹង​ព្រះនាគិតត្ថេរ​មាន​អាយុថា បពិត្រ​ព្រះនាគិតត្ថេរៈដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ​ ជា​ព្រះអរហន្តសម្មាសម្ពុទ្ធ គង់ក្នុងទីណា ដ្បិតយើងខ្ញុំចង់ទៅគាល់​ព្រះមានព្រះភាគ ជាអរហន្ត​ សម្មាសម្ពុទ្ធនោះ។ ព្រះនាគិតត្ថេរមានអាយុ ពោលថា ម្នាលមហាលិ កាលនេះ មិនមែនជាកាលគួរនឹង​គាល់ព្រះមានព្រះភាគទេ ព្រោះព្រះមានព្រះភាគ កំពុង​សម្រាក​ព្រះអង្គ។ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏គង់នៅក្នុងទីសមគួរ2) ក្បែរ​កន្លែង​នោះ ហើយគិតថា អញចាំគាល់​ព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធនោះឲ្យបាន ហើយ​សឹមទៅ។

[៤៤] គ្រានោះ សមណុទ្ទេសឈ្មោះសីហៈ ចូលសំដៅត្រង់​កន្លែងដែល​ព្រះនាគិតត្ថេរ​មានអាយុគង់នៅ លុះចូលទៅដល់ហើយ ថ្វាយបង្គំ​ព្រះនាគិតត្ថេរ​មាន​អាយុ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះ​សីហសមណុទ្ទេស ឋិតនៅក្នុងទីដ៏សមគួរហើយ បានពោលពាក្យនេះ នឹង​ព្រះនាគិតត្ថេរមានអាយុថា បពិត្រ​ព្រះកស្សប3) ដ៏ចំរើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួក​ព្រាហ្មណទូត អ្នកដែនមគធៈជាច្រើនទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់​ ព្រះមានព្រះភាគ ក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូលមកក្នុងទីនេះ ជាមួយនឹង​លិច្ឆវិបរិសទ្យ​ជាច្រើន ដើម្បីគាល់​ព្រះមានព្រះភាគដែរ បពិត្រព្រះកស្សបដ៏ចំរើន សូមឲ្យ​ប្រជុំជន​ទាំង​នោះ បានគាល់ព្រះមានព្រះភាគផង។ ព្រះនាគិតត្ថេរពោលថា ម្នាលសីហៈ បើដូច្នោះ ចូរ​អ្នកក្រាបបង្គំទូល​ព្រះមានព្រះភាគខ្លួនឯងចុះ។ សីហសមណុទ្ទេស ទទួលពាក្យ​ព្រះនាគិតត្ថេរមានអាយុថា យ៉ាងហ្នឹងហើយ ព្រះករុណាដ៏ចំរើន ហើយចូល​សំដៅ​ទៅ​ត្រង់​កន្លែង ដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ រួចឋិតនៅក្នុងទីដ៏សមគួរ។ លុះសីហសមណុទ្ទេស ឋិតនៅ​ក្នុងទី​ដ៏​សមគួរ​ហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួកព្រាហ្មណទូត អ្នកដែនមគធៈច្រើននាក់ ទាំងនុ៎ះ ចូលមកក្នុងទីនេះ ដើម្បីគាល់ព្រះមានព្រះភាគ ទាំងក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី ក៏ចូល​មកក្នុងទីនេះ ជាមួយនឹងលិច្ឆវិបរិសទ្យជាច្រើន ដើម្បីគាល់ព្រះមានព្រះភាគដែរ បពិត្រព្រះអង្គដ៏ចំរើន សូមឲ្យប្រជុំជន​នេះ បានគាល់ព្រះមានព្រះភាគផង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលសីហៈ បើដូច្នោះ ចូរអ្នកក្រាលអាសនៈ ត្រង់ម្លប់​ខាង​មុខវិហារចុះ។ សីហសមណុទ្ទេស ទទួលព្រះពុទ្ធដីកាព្រះមានព្រះភាគថា ព្រះករុណា​ព្រះអង្គ ហើយក៏ក្រាលអាសនៈ ត្រង់ម្លប់ខាងមុខវិហារ។ គ្រានោះឯង ព្រះមានព្រះភាគ ស្តេចចេញអំពីវិហារ (ទៅ) គង់លើអាសនៈ ដែលគេក្រាល ត្រង់ម្លប់​ខាងមុខវិហារ។ លំដាប់នោះ ពួកព្រាហ្មណទូត អ្នកដែនកោសល និងពួក​ព្រាហ្មណទូត អ្នកដែនមគធៈទាំងនោះ ចូលសំដៅទៅត្រង់កន្លែង​ដែលព្រះមានព្រះភាគគង់នៅ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។

[៤៥] ចំណែកខាងឱដ្ឋទ្ធលិច្ឆវី ព្រមទាំងលិច្ឆវិបរិសទ្យជាច្រើន ក៏ចូលទៅគាល់​ព្រះមានព្រះភាគដែរ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់​ក្នុង​ទី​ដ៏​សមគួរ។ លុះក្សត្រិយ៍ឱដ្ឋទ្ធលិច្ឆវី គង់ស៊ប់ ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន កាលថ្ងៃមុនៗ សុនក្ខត្តលិច្ឆវិបុត្ត ចូល​មក​រកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ បានពោលពាក្យនេះ នឹងខ្ញុំព្រះអង្គថា ម្នាល​មហាលិ ខ្ញុំចូលទៅនៅអាស្រ័យ​នឹងព្រះមានព្រះភាគ រាប់តាំងពីថ្ងៃ​ខាងដើមមក មិនយូរ​ប៉ុន្មាន បានត្រឹមតែ​៣ឆ្នាំ ខ្ញុំបានឃើញ​រូបទិព្វទាំងឡាយ ដែលមានសភាពគួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ទាស់តែស្តាប់សំឡេង​ទិព្វ ដែល​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល​មិនឮ បពិត្រព្រះអង្គដ៏ចំរើន សំឡេងទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ ឬក៏សំឡេង​ទាំងនោះ ពុំមានទេ។ ព្រះមានព្រះភាគ​ត្រាស់ថា ម្នាលមហាលិ សំឡេងទិព្វ ដែល​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល​ មានពិតមែន តែសុនក្ខត្តលិច្ឆវិបុត្ត ស្តាប់មិនឮ មិនមែនជាគ្មានទេ។ មហាលិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន សំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល​មានពិតមែន មិនមែនជាពុំមានទេ ចុះអ្វីជាហេតុ អ្វីជាបច្ច័យហ្ន៎ បានជាសុនក្ខត្តលិច្ឆវិបុត្តស្តាប់មិនឮ។

[៤៦] ព្រះមានព្រះភាគត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ បានចំរើន​សមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាលបើសមាធិ ដែល​ភិក្ខុនោះបានចំរើនក្នុងទិសបូព៌ ដើម្បីឃើញរូប​ដ៏ជាទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល តែសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បី​ឮសំឡេងទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែង​ឃើញ​រូប​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន តែថា មិនឮសំឡេងទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើនហើយមួយចំណែក ក្នុងទិសបូព៌ ដើម្បីឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន​ឡើយ។

[៤៧] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បាន​ចំរើន​ដោយចំណែកមួយ ក្នុងទិសទក្សិណ។បេ។ ក្នុងទិសបស្ចិម។បេ។ ក្នុងទិសឧត្តរ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដើម្បីឃើញរូបទិព្វ ​មាន​សភាព​​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល តែមិនប្រព្រឹត្តទៅ ដើម្បីឮ​សំឡេង​ទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ កាល​បើ​សមាធិ ដែល​ភិក្ខុនោះបានចំរើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិស​ទទឹង ដើម្បីឃើញរូប​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល មិនមែនប្រព្រឹត្តទៅ ដើម្បី​ឮសំឡេងទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (ដូច្នោះ) ភិក្ខុនោះ រមែង​ឃើញ​រូបដ៏ជា​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបាន តែមិនឮសំឡេងដ៏ជាទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល​បាន​ទេ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសទទឹង ដើម្បី​ឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឮសំឡេងទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន​ឡើយ។

[៤៨] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចំរើន​សមាធិចំណែកមួយ ក្នុងទិសបូព៌ ដើម្បីឮសំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល សមាធិ​នោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរ​ត្រេក​ត្រអាលឡើយ កាលបើសមាធិ ដែល​ភិក្ខុបានចំរើនមួយចំណែក ក្នុងទិសបូព៌ ដើម្បីឮសំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល តែ​សមាធិ​នោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយ​កាម គួរត្រេកត្រអាល (ដូច្នេះ) ភិក្ខុនោះ រមែងឮសំឡេង​ដ៏ជាទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលក្នុងទិសបូព៌បាន ទាស់តែមើលរូបទិព្វ មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលមិនឃើញ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានចំរើន​មួយ​ចំណែក ក្នុងទិសបូព៌ ដើម្បីស្តាប់សំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន​ឡើយ។

[៤៩] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា កាលបើសមាធិ ដែលភិក្ខុនោះ បាន​ចំរើន​ចំណែកមួយ ក្នុងទិសទក្សិណ។បេ។ ក្នុងទិសបស្ចិម។បេ។ ក្នុងទិសឧត្តរ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ ​មាន​សភាព​​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល សមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូប​ទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលទេ កាល​បើ​សមាធិ ដែល​ភិក្ខុនោះបានចំរើនមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីស្តាប់សំឡេង​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល ដូច្នោះ បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បី​ឃើញរូបជាទិព្វ មាន​សភាព​​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលឡើយ ភិក្ខុនោះ រមែង​ឮសំឡេង​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយកាម គួរត្រេកត្រអាលក្នុងទិសខាងលើ ទិស​ខាង​ក្រោម និងទិសបន្ទាប់បាន តែមិនឃើញរូបទិព្វ មានសភាព​គួរស្រឡាញ់ ប្រកបដោយ​កាម គួរត្រេកត្រអាល ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ កាលបើសមាធិ ដែលភិក្ខុនោះ បានបំពេញមួយចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឮសំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរ​ត្រេក​ត្រអាល (តែប៉ុណ្ណោះ) បានជាសមាធិនោះ មិនប្រព្រឹត្តទៅ ដើម្បីឃើញរូបទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលបាន។

[៥០] ម្នាលមហាលិ ភិក្ខុក្នុងសាសនានេះ ចំរើន​សមាធិទាំងពីរចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាលផង កាល​បើសមាធិ ដែល​ភិក្ខុនោះ បានចំរើនទាំងពីរចំណែក ក្នុងទិសបូព៌ គឺ​ដើម្បីឃើញ​រូប​ទិព្វផង។បេ។ ដើម្បីឮសំឡេងទិព្វផង។បេ។ ភិក្ខុនោះ រមែងឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាលផង រមែង​ឮសំឡេង​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ក្នុងទិសបូព៌ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែសមាធិ ដែលភិក្ខុនោះ បានចំរើនទាំងពីរ​ចំណែក ក្នុងទិសបូព៌ គឺដើម្បីឃើញរូបទិព្វផង។បេ។ ដើម្បីឮសំឡេងទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង។

[៥១] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា សមាធិ ដែលភិក្ខុបាន​ចំរើនទាំងពីរ​ចំណែក ក្នុងទិសទក្សិណ។បេ។ ក្នុងទិសបស្ចិម។បេ។ ក្នុងទិសឧត្តរ។បេ។ ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល និងដើម្បីឮសំឡេងទិព្វ ​មាន​សភាព​​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល កាលបើសមាធិ ដែល​ភិក្ខុនោះបានចំរើនទាំង២ចំណែក ក្នុងទិស​ខាង​លើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បីឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាលផង ដើម្បីឮសំឡេង​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាលផង (ដូច្នោះ) បានជាភិក្ខុនោះ ឃើញរូបទិព្វ មាន​សភាព​​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាលផង ឮសំឡេង​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយកាម គួរត្រេកត្រអាលបានផង ទាំងទិសខាងលើ ទិស​ខាង​ក្រោម និង​ទិស​បន្ទាប់ ដំណើរ​នោះ ព្រោះហេតុអ្វី ម្នាលមហាលិ ដំណើរនុ៎ះ យ៉ាងនេះគឺ ព្រោះតែភិក្ខុ បានចំរើនសមាធិ ទាំង២ចំណែក ក្នុងទិសខាងលើ ទិសខាងក្រោម និងទិសបន្ទាប់ ដើម្បី​ឃើញរូបទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកប​ដោយ​កាម គួរត្រេកត្រអាល​ផង ដើម្បី​ឮ​សំឡេង​ទិព្វ ​មានសភាព​គួរ​ស្រឡាញ់ ប្រកបដោយកាម គួរ​ត្រេក​ត្រអាលផង (នោះឯង) ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ ដែលសុនក្ខត្តលិច្ឆវិបុត្ត មិនបានឮសំឡេង​ទិព្វ មាន​សភាព​​គួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកត្រអាល ដែលមានពិត មិនមែន​ជាមិនមាន (នោះ)ទេ។

[៥២] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ គ្រាន់តែជាហេតុធ្វើឲ្យច្បាស់នូវសមាធិភាវនាប៉ុណ្ណោះ​ទេឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលមហាលិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុង​សំណាក់​តថាគត មិនមែនគ្រាន់តែជាហេតុធ្វើឲ្យច្បាស់ នូវសមាធិភាវនាប៉ុណ្ណោះទេ ម្នាល​មហាលិ នៅមានធម៌ដទៃទៀត ដែល​លើសលុបជាង ប្រសើរជាង​សមាធិភាវនា​ ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យជាក់ច្បាស់បាន។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះធម៌ដែល​លើសលុបជាង ប្រសើរជាង​សមាធិភាវនា​ ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់ព្រះមានព្រះភាគ (អាច) ធ្វើឲ្យ​ជាក់ច្បាស់បាន តើដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមហាលិ ភិក្ខុក្នុង​សាសនា​នេះ ជាសោតាបន្នបុគ្គល មិនមានកិរិយាធ្លាក់ទៅក្នុងអបាយទាំង៤ ជាធម្មតា គឺលែង​ទៅ​កាន់អបាយ ជាបុគ្គលទៀងទាត់ មានកិរិយាត្រាស់ដឹងទៅខាងមុខ ព្រោះកិរិយាអស់ទៅ​នៃ​សំយោជនៈ៣ ម្នាលមហាលិ ធម៌នេះឯង ដែលឈ្មោះថា ​លើសលុបជាង ប្រសើរជាង​សមាធិភាវនា​ ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យ​ជាក់​ច្បាស់​បាន។

[៥៣] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាសកទាគាមិបុគ្គល មកកាន់​លោក​នេះត្រឹមតែម្តងទៀត ក៏ធ្វើនូវទីបំផុតនៃទុក្ខបាន ព្រោះអស់ទៅនៃសំយោជនៈ៣ ព្រោះ​ស្រាលស្តើងនៃរាគៈ ទោសៈ មោហៈ ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា ​លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យ​ជាក់​ច្បាស់​បាន។

[៥៤] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុជាឧបបាតិកៈកំណើត ព្រោះអស់​ទៅ​នៃសំយោជនៈ ជាចំណែកខាងអាយ៥ ហើយបរិនិព្វានក្នុងភពនោះ មានកិរិយា​មិនត្រ​ឡប់មក អំពីលោកនោះវិញធម្មតា ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា ​លើសលុបជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យ​ជាក់​ច្បាស់​បាន។

[៥៥] ម្នាលមហាលិ សេចក្តីផ្សេងទៀតថា ភិក្ខុដឹងច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយ​ខ្លួន​ឯង ហើយដល់ស៊ប់នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់​ទៅ​នៃអាសវៈទាំងឡាយ ក្នុងអត្តភាពនេះឯង ម្នាលមហាលិ ធម៌នេះឯង ឈ្មោះថា ​លើសលុប​​ជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យ​ជាក់​ច្បាស់​បាន ម្នាលមហាលិ ធម៌ទាំងនេះហើយ ដែលឈ្មោះថា ​លើស​លុប​ជាង ប្រសើរជាង ដែលពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយៈ ក្នុងសំណាក់តថាគត (អាច) ធ្វើឲ្យ​ជាក់​ច្បាស់​បាន។

[៥៦] មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ចុះមគ្គ និងបដិបទា សម្រាប់​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើមានដែរឬទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​មហាលិ មគ្គ និងបដិបទា សម្រាប់​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ មានជាប្រាកដ។ មហាលិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើនចុះ មគ្គ និងបដិបទា សម្រាប់​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងនុ៎ះ តើដូចម្តេចខ្លះ។ ព្រះអង្គ ទ្រង់ត្រាស់ថា មគ្គប្រកបដោយ​អង្គ៨ ជាផ្លូវដ៏ប្រសើរនេះឯង គឺសេចក្តីឃើញត្រូវ១ ត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ​១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១ រលឹកត្រូវ១ តម្កល់ចិត្តត្រូវ១ ម្នាលមហាលិ នេះឯងឈ្មោះថា មគ្គ នេះឯងឈ្មោះថា បដិបទា សម្រាប់​ធ្វើឲ្យជាក់ច្បាស់ នូវធម៌ទាំងឡាយនុ៎ះ។

[៥៧] ម្នាលមហាលិ សម័យមួយ តថាគតនៅក្នុងឃោសិតារាម ទៀបនគរ​កោសម្ពី។ គ្រានោះ មានបព្វជិតពីររូប គឺមណ្ឌិយបរិព្វាជក១ ជាលិយ ជាអន្តេវាសិក​នៃ​ទារុបត្តិកបរិព្វាជក4) ១ ចូលមករកតថាគត លុះចូលមកដល់​ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាលជាមួយនឹងតថាគត លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យដែល​គួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏ឈរ​នៅ​ក្នុងទីដ៏សមគួរ។ លុះបព្វជិតទាំង២រូបនោះ ឈរនៅក្នុងទីដ៏សមគួរហើយ បាននិយាយ​នឹង​តថាគត​ដូច្នេះថា អាវុសោគោតម ជីវៈនោះ​ ក៏គឺសរីរៈនោះឬ ៗជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ តថាគតប្រាប់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ​ចាំ​ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្ត​ដោយប្រពៃចុះ តថាគតនឹង​សំដែង។ ម្នាលអាវុសោ ព្រះតថាគត​កើតឡើងក្នុងលោកនេះ ជាអរហំ សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បី​សំដែង​ឲ្យពិស្តារ​ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌​ដោយ​សីល យ៉ាងនេះ។បេ។ បានដល់នូវបឋមជ្ឈាន។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ បរិព្វាជកទាំងពីររូប ប្រាប់​តថាគត​ថា អាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការ​ឃើញ​នុ៎ះ របស់​ភិក្ខុ​នោះ មិនគួរពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ លុះបរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាង​តថាគត ដឹងហេតុនេះយ៉ាងនេះ ឃើញហេតុនេះ​យ៉ាងនេះដែរ បានជាតថាគត មិនបាន​ពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ភិក្ខុបានដល់​នូវ​ទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលអាវុសោ បើភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរ​នឹង​ពោលថា ជីវៈនោះ ​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ លុះ​បរិព្វាជកទាំងពីររូប ពោលដូច្នោះហើយ តថាគតប្រាប់ថា ម្នាលអាវុសោ ចំណែកខាង​តថាគត ក៏ដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះដែរ បានជាតថាគត មិនបាន​ពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ភិក្ខុតម្រង់ ផ្ចង់​បង្អោនចិត្ត ទៅ​ដើម្បី​ញាណទស្សនៈ។ ម្នាលអាវុសោ ភិក្ខុណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះ​ទៀត មិនមានទេ។ ម្នាលអាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និង​ការឃើញនុ៎ះ របស់ភិក្ខុនោះ តើគួរនឹងពោលថា ជីវៈនោះ ក៏គឺ​សរីរៈ​នោះ ឬថាជីវៈ​ដោយ​ខ្លួន សរីរៈ​ដោយខ្លួនទេ។ បរិព្វាជកទាំងពីររូបពោលថា អាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរ​នឹង​ពោលថា ជីវៈនោះ ​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ (លុះ​បរិព្វាជកទាំងពីររូប ពោល​ដូច្នោះ​ហើយ) តថាគតប្រាប់ថា ម្នាលអាវុសោ ​តថាគត ដឹងហេតុនោះយ៉ាងនេះ ឃើញ​ហេតុនោះ​យ៉ាងនេះដែរ បានជាតថាគត មិនបាន​ពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់​ព្រះសូត្រ​នេះ (ចប់ហើយ)។ ឱដ្ឋទ្ធលិច្ឆវី ក៏មានចិត្តរីករាយ ត្រេកអរនឹងភាសិតរបស់ព្រះមានព្រះភាគ។

ចប់ មហាលិសូត្រ ទី៦។

ជាលិយសូត្រ ទី៧

(៧. ជាលិយសុត្តំ)

[៥៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុង​ឃោសិតារាម5) ទៀបក្រុងកោសម្ពី។ គ្រានោះ មាន​បព្វជិត២រូប គឺបរិព្វាជក ឈ្មោះ​មណ្ឌិយៈ១ ឈ្មោះជាលិយៈ ជាអន្តេវាសិក​នៃ​ទារុបត្តិក​បរិព្វាជក១ នាំគ្នាចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោល​ពាក្យ​រាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏ឈរ​នៅ​ក្នុងទីដ៏សមគួរ។ លុះបព្វជិតទាំង២រូបនោះ ឈរ​នៅ​ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះថា អាវុសោគោតម​ដ៏ចំរើន ជីវៈនោះ​ គឺសរីរៈនោះឬ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះមាន​ព្រះ​ភាគ ទ្រង់ត្រាស់ថា ម្នាលអាវុសោទាំងឡាយ បើដូច្នោះ ចូរអ្នកទាំងឡាយ​ចាំ​ស្តាប់ចុះ ចូរធ្វើទុកក្នុងចិត្ត​ដោយប្រពៃចុះ តថាគតនឹង​សំដែង។ បព្វជិតទាំង២រូបនោះ ទទួល​ព្រះពុទ្ធដីកា នៃព្រះមានព្រះភាគថា យ៉ាងហ្នឹងហើយអាវុសោ។ ព្រះមានព្រះភាគ បានត្រាស់ពាក្យនេះថា ម្នាលអាវុសោ ព្រះតថាគត​កើតឡើងក្នុងលោកនេះ ជាអរហន្ត សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បី​សំដែង​ឲ្យពិស្តារ​ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលអាវុសោ ភិក្ខុជាអ្នកបរិបូណ៌​ដោយ​សីល យ៉ាងនេះ។

[៥៩]។បេ។ ភិក្ខុបានដល់នូវបឋមជ្ឈាន។ ម្នាលអាវុសោ ភិក្ខុណាដឹងយ៉ាងនេះ ឃើញ​​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ គួរពោលថា ជីវៈនោះ ក៏​គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ បរិព្វាជកទាំងពីរពោលថា អាវុសោ ភិក្ខុ​ណា​ដឹងយ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការ​ឃើញ​នុ៎ះ របស់​ភិក្ខុ​នោះ មិនគួរ​នឹង​ពោល​ទេ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែកខាង​តថាគត ដឹងនូវ​ហេតុ​នោះយ៉ាងនេះ ឃើញ​យ៉ាងនេះដែរ បានជាតថាគត មិន​ពោលថា ជីវៈនោះ ក៏​គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។

[៦០] ភិក្ខុបានដល់​នូវ​ទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលអាវុសោ បើភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ តើ​គួរ​នឹង​ពោលថា ជីវៈនោះ គឺ​សរីរៈ​នោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនពីគ្នាដែរឬ។ បរិព្វាជកទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និងការឃើញនុ៎ះ របស់ភិក្ខុនោះ មិនគួរ​នឹង​ពោលថា ជីវៈនោះ ​គឺសរីរៈនោះ ឬថា​ជីវៈ​ដោយ​ខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ចំណែក​តថាគត ដឹងហេតុនុ៎ះយ៉ាងនេះ ឃើញ​យ៉ាងនេះដែរហើយ ប៉ុន្តែតថាគត មិនបាន​ពោលថា ជីវៈ​នោះ ​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។

[៦១] ភិក្ខុតម្រង់ ផ្ចង់​បង្អោនចិត្ត មក​ដើម្បី​ញាណទស្សនៈ។ ម្នាលអាវុសោ ភិក្ខុណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះ​ទៀត មិនមានទេ។ ម្នាលអាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និង​ការឃើញនុ៎ះ របស់ភិក្ខុនោះ តើ​គួរ​នឹង​ពោល​ថា ជីវៈនោះ គឺ​សរីរៈ​នោះ ឬថាជីវៈ​ដោយ​ខ្លួន សរីរៈ​ដោយខ្លួនដែរឬ។ បរិព្វាជក​ទាំងនោះពោលថា អាវុសោ ភិក្ខុណាដឹង​យ៉ាងនេះ ឃើញ​យ៉ាងនេះ ការដឹង​ និង​ការ​ឃើញ​នុ៎ះ របស់ភិក្ខុនោះ មិនគួរ​នឹង​ពោលថា ជីវៈនោះ ​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអាវុសោ ​ចំណែកខាងតថាគត ក៏ដឹងនូវហេតុនេះយ៉ាងនេះ ឃើញ​​យ៉ាងនេះដែរ បានជាតថាគត មិន​ពោលថា ជីវៈនោះ ក៏​គឺសរីរៈនោះ ឬថាជីវៈដោយខ្លួន សរីរៈ​ដោយខ្លួន។ ព្រះមានព្រះភាគ បានត្រាស់​ព្រះសូត្រ​​នេះ (ចប់)ហើយ។ បព្វជិតទាំង២រូបនោះ ក៏មានចិត្តរីករាយ ត្រេកអរ​ ចំពោះ​ភាសិត​របស់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។

ចប់ ជាលិយសូត្រ ទី៧។

មហាសីហនាទសូត្រ ទី៨

(៨. មហាសីហនាទសុត្តំ)

[៦២] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ គង់នៅក្នុងព្រៃ ឈ្មោះកណ្ណកថលៈ ជាទីឲ្យអភ័យ​ដល់ម្រឹគ ទៀបក្រុងឧជុញ្ញា។ គ្រានោះ អចេលៈ (បរិព្វាជកអាក្រាត) ឈ្មោះកស្សប ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោល​ពាក្យ​រាក់ទាក់ សំណេះសំណាលជាមួយនឹងព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ​ដែល​គួររីករាយ និងពាក្យដែល​គួររលឹកហើយ ក៏ឈរ​នៅ​ក្នុងទីដ៏សមគួរ។ លុះអចេលកស្សប ឈរ​​ក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូល​ព្រះមានព្រះភាគ ដូច្នេះ​ថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំបានឮពាក្យដូច្នេះថា ព្រះសមណគោតម រមែង​តិះដៀល​តបៈ​ទាំងពួង រមែងចំអក​មើលងាយ​តែមួយយ៉ាង នូវ​អ្នកកាន់តបៈទាំងអស់គ្នា ដែល​មាន​អាជីវៈសៅហ្មង បពិត្រព្រះគោតមដ៏ចំរើន ពួកសមណព្រាហ្មណ៍ណា បានពោលយ៉ាង​នេះថា ព្រះសមណគោតម រមែង​តិះដៀល​តបៈ​ទាំងពួង រមែងចំអក​មើលងាយ​តែមួយយ៉ាង នូវ​អ្នកកាន់តបៈទាំងអស់គ្នា ដែល​មាន​អាជីវៈសៅហ្មង សមណ​ព្រាហ្មណ៍​ទាំង​នោះ ជាអ្នកពោលតាមហេតុ ដែលព្រះគោតមដ៏ចំរើនពោលហើយ ឬមិនពោល​បង្កាច់​ព្រះគោតមដ៏ចំរើន ដោយពាក្យ​មិនពិតទេ ឬពោលនូវធម៌​ដ៏សមគួរ​ដល់ធម៌ ឬវាទា​នុវាទៈណាមួយ ប្រកបដោយ​ធម៌ មិនដល់នូវឋានៈ ដែលពួក​វិញ្ញូជន គួរតិះដៀលទេឬ ឯ​យើងទាំងឡាយ មិនប៉ងនឹងពោលបង្កាច់​ព្រះគោតមដ៏ចំរើនទេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលកស្សប ពួកសមណព្រាហ្មណ៍ណា បានពោលហើយយ៉ាងនេះថា ព្រះសមណ​គោតម រមែង​តិះដៀល​តបៈ​ទាំងពួង រមែងចំអក​មើលងាយ​តែមួយយ៉ាង នូវ​អ្នកកាន់តបៈទាំងអស់គ្នា ដែល​មាន​អាជីវៈសៅហ្មង ពួកសមណ​ព្រាហ្មណ៍​ទាំង​នោះ មិនមែនពោលតាមវាទៈ ដែលតថាគតពោលហើយ (ដោយសព្វគ្រប់)ទេ ពោល​បង្កាច់​តថាគត (ខ្លះក៏មាន) មួយវិញទៀត ពួកសមណព្រាហ្មណ៍​ទាំងនោះ មិនមែន​ពោល​បង្កាច់​តថាគត ដោយពាក្យមិនមាន មិនពិត (ក៏មាន)។ ម្នាលកស្សប តថាគត បានចក្ខុទិព្វដ៏​បរិសុទ្ធ កន្លងវិស័យ​របស់មនុស្ស​ មើលឃើញបុគ្គលអ្នកកាន់តបៈ ដែលមានអាជីវៈ​សៅហ្មង ពួកខ្លះក្នុងលោកនេះ ដែលរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលកស្សប តថាគត មានចក្ខុទិព្វដ៏​បរិសុទ្ធ កន្លងវិស័យ​របស់មនុស្ស​ តថាគតមើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ជាអ្នក​ចិញ្ចឹម​ជីវិតសៅហ្មង ដែលរំលាងខន្ធ ខាងមុខអំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងឋានសួគ៌។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យ​របស់មនុស្ស​ មើលឃើញ​បុគ្គល​អ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តី​ទុក្ខតិច លុះរំលាង​ខន្ធ​ ខាងមុខអំពីសេចក្តីស្លាប់ ទៅកើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាលកស្សប តថាគត មានចក្ខុទិព្វ កន្លងវិស័យ​របស់មនុស្ស​ មើលឃើញបុគ្គលអ្នកកាន់តបៈ ពួកខ្លះក្នុងលោកនេះ ដែលនៅដោយមានសេចក្តីទុក្ខ​តិច លុះរំលាងខន្ធ អំពីសេចក្តីស្លាប់ ទៅកាន់លោក គឺមនុស្ស សុគតិ និងស្ថានសួគ៌។ ម្នាលកស្សប តថាគត ដឹងជាក់​នូវ​ដំណើរ​មកផង ដំណើរ​ទៅផង ដំណើរ​ឃ្លាតចេញផង ដំណើរ​កើតផង របស់ពួកអ្នក​កាន់​តបៈ​ទាំងនេះ តាមពិតយ៉ាងនេះឯង តថាគតឯង នឹងតិះដៀល​តបៈទាំងពួង នឹង​ចំអក​មើលងាយ​តែមួយយ៉ាង នូវអ្នកកាន់តបៈ​ទាំងអស់គ្នា ដែលមាន​អាជីវៈ​សៅហ្មង ដូច​ម្តេចបាន (តថាគត តិះដៀល​តែកម្ម ដែលគួរតិះដៀល សរសើរកម្ម ដែល​គួរសរសើ​ទេតើ)។

[៦៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាបណ្ឌិត មានប្រាជ្ញាល្អិត ដឹងច្បាស់នូវវាទៈ​របស់អ្នកដទៃ អាចទម្លាយនូវទិដ្ឋិរបស់បុគ្គលដទៃ ដោយកម្លាំងប្រាជ្ញា​របស់ខ្លួន ដូចជាខ្មាន់ធ្នូ អ្នកបាញ់នូវសរសៃសក់បាន។ សមណព្រាហ្មណ៍ទាំងនោះ ត្រូវ​គ្នានឹងតថាគត ក្នុងស្ថានខ្លះក៏មាន មិនត្រូវគ្នាក្នុងស្ថានខ្លះក៏មាន។ សមណព្រាហ្មណ៍​ទាំងនោះ ពោលនូវអ្វីខ្លះ6) ថាល្អ យើងក៏​ពោល​ថា​ល្អដែរក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ7) ថា​មិនល្អ យើងក៏ពោល​ថាមិនល្អដែរក៏មាន។ សមណព្រាហ្មណ៍ទាំងនោះ ពោលនូវអ្វីខ្លះ8) ថាល្អ តែយើងពោល​ថាមិនល្អក៏មាន។ សមណ​ព្រាហ្មណ៍​ទាំងនោះ ពោលនូវអ្វីខ្លះ9) ថា​មិនល្អ តែយើង​ពោល​ថាល្អក៏មាន។ យើងពោលនូវអ្វីខ្លះ ថាល្អ ពួកសមណព្រាហ្មណ៍ដទៃ ក៏ពោលថាល្អ​ដែរ​ក៏មាន។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ ពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អ​ដែរ​ក៏មាន។ យើងពោលនូវអ្វីខ្លះ ថាល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាមិនល្អ​ក៏មាន។ យើងពោលនូវអ្វីខ្លះ ថាមិនល្អ តែពួកសមណព្រាហ្មណ៍ដទៃ ពោលថាល្អ​ក៏មាន។ តថាគត ចូលទៅរកពួកសមណព្រាហ្មណ៍ទាំងនោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ​ទាំងឡាយ ស្ថានណា ដែលមិនត្រូវគ្នានឹងតថាគត ស្ថាននោះ លើកទុកសិនចុះ ស្ថានណា ដែល​ត្រូវគ្នា​នឹងតថាគត ពួកវិញ្ញូជន ត្រូវសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់​រក​លទ្ធិ និងហេតុទាំងពីរ ប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួក ក្នុងស្ថាននោះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរ​សេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែក​ខ្មៅ របស់ជនដ៏ចំរើនទាំងនេះ តើនរណា លះបង់ធម៌​ទាំងនេះ មិនឲ្យសេសសល់ ហើយ​ប្រព្រឹត្ត​កាន់បាន សមណគោតមឬ ឬក៏ពួក​គណាចារ្យដ៏ចំរើនឯទៀត។

[៦៤] ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ កាលបើពួកវិញ្ញូជន សួរ​រក​លទ្ធិ ដេញដោលរកហេតុ សួរស្ទាក់​រក​លទ្ធិ និងហេតុ ក៏និយាយយ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរ​សេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែក​ខ្មៅ របស់ជនដ៏ចំរើនទាំងនេះ ព្រះសមណគោតម លះបង់ធម៌​ទាំងនេះ មិនឲ្យសេសសល់ ហើយ​ប្រព្រឹត្ត​កាន់បាន ឬក៏ពួក​គណាចារ្យដ៏ចំរើនឯទៀតទេ។ ម្នាលកស្សប ពួកវិញ្ញូជន​ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោលរកហេតុ សួរស្ទាក់​រក​លទ្ធិ និងហេតុ ក៏ច្រើនតែសរសើរពួកតថាគតក្នុងធម៌ទាំងនោះ ដោយប្រការ​ដូច្នេះឯង។

[៦៥] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិន​ដេញ​ដោល​រកហេតុ មិនសួរស្ទាក់​រក​លទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរ​សេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួក​ជន​ដ៏ចំរើនទាំងនេះ តើនរណា សមាទានធម៌​ទាំងនេះ មិនឲ្យសេសសល់ ហើយ​ប្រព្រឹត្ត​កាន់បាន សមណគោតម ឬក៏ពួក​គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ​ដេញ​ដោល​រកហេតុ សួរស្ទាក់​រក​លទ្ធិ និងហេតុ ក៏មុខជានិយាយ​យ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជា​កុសល មិនមានទោស រាប់ថាមិនមានទោស គួរ​សេព រាប់ថាគួរសេព ប្រសើរ រាប់ថា​ប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់​ជន​ដ៏ចំរើនទាំងនេះ ព្រះសមណគោតម សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្ត​កាន់បាន ឬក៏ពួក​គណាចារ្យ​ដ៏ចំរើន​ឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោល​រក​ហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែ​សរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការ​ដូច្នេះឯង។

[៦៦] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិន​ដេញ​ដោល​រកហេតុ មិនសួរស្ទាក់​រក​លទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអកុសល មានទោស រាប់ថាមានទោស មិនគួរ​សេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិនប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់ពួក​ជន​ដ៏ចំរើនទាំងនេះ នរណាលះបង់ធម៌​ទាំងនេះ មិនសេសសល់ ហើយ​ប្រព្រឹត្ត​កាន់បាន ពួកសាវ័ករបស់ព្រះគោតម ឬក៏ពួកសាវ័ក​របស់​គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ​ដេញ​ដោល​រកហេតុ សួរស្ទាក់​រក​លទ្ធិ និងហេតុ ក៏មុខជានិយាយ​យ៉ាង​នេះថា ធម៌ទាំងឡាយ ដែលជាអកុសល រាប់ថាជាអ​កុសល មានទោស រាប់ថាមានទោស មិនគួរ​សេព រាប់ថាមិនគួរសេព មិនប្រសើរ រាប់ថាមិន​ប្រសើរ ជាចំណែកខ្មៅ រាប់ថាជាចំណែកខ្មៅ របស់​ជន​ដ៏ចំរើនទាំងនេះ ពួកសាវ័ករបស់​ព្រះសមណគោតម លះបង់ធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្ត​កាន់បាន ឬក៏ពួក​សាវ័ករបស់​គណាចារ្យ​ដ៏ចំរើន​ឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោល​រក​ហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែ​សរសើរ​ពួកតថាគតក្នុងធម៌នោះ ដោយប្រការ​ដូច្នេះឯង។

[៦៧] ម្នាលកស្សប មួយយ៉ាងទៀត ពួកវិញ្ញូជន កាលបើមិនសួររកលទ្ធិ មិន​ដេញ​ដោល​រកហេតុ មិនសួរស្ទាក់​រក​លទ្ធិ និងហេតុ មិនប្រៀបធៀបគ្រូនឹងគ្រូ ឬពួកនឹងពួកថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជាកុសល មិនមានទោស រាប់ថាមិនមានទោស គួរ​សេព រាប់ថាគួរសេព ប្រសើរ រាប់ថាប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់​ជន​ដ៏ចំរើនទាំងនេះ នរណា សមាទានធម៌​ទាំងនេះ មិនសេសសល់ ហើយ​ប្រព្រឹត្ត​កាន់បាន ពួកសាវ័ក​របស់ព្រះគោតម ឬក៏ពួកសាវ័ករបស់​គណាចារ្យដ៏ចំរើនឯទៀត។ ម្នាលកស្សប សេចក្តីនេះ ជាឋានៈមានប្រាកដ ពួកវិញ្ញូជន កាលបើសួររកលទ្ធិ ​ដេញ​ដោល​រកហេតុ សួរស្ទាក់​រក​លទ្ធិ និងហេតុ ក៏មុខជានិយាយ​យ៉ាងនេះថា ធម៌ទាំងឡាយ ដែលជាកុសល រាប់ថាជា​កុសល មិនមានទោស រាប់ថាមិនមានទោស គួរ​សេព រាប់ថាគួរសេព ប្រសើរ រាប់ថា​ប្រសើរ ជាចំណែកស រាប់ថាជាចំណែកស របស់ពួក​ជន​ដ៏ចំរើនទាំងនេះ ពួក​សាវ័ករបស់ព្រះសមណគោតម សមាទានធម៌ទាំងនេះ មិនសេសសល់ ហើយប្រព្រឹត្ត​កាន់បាន ឬក៏ពួកសាវ័ករបស់​គណាចារ្យ​ដ៏ចំរើន​ឯទៀត។ ម្នាលកស្សប ពួកវិញ្ញូជន ក្នុងលោកនេះ កាលបើសួររកលទ្ធិ ដេញដោល​រក​ហេតុ សួរស្ទាក់រកលទ្ធិ និងហេតុ ក៏ច្រើនតែ​សរសើរពួកតថាគតក្នុងធម៌នោះ ដោយប្រការ​ដូច្នេះឯង។ ម្នាលកស្សប លោកុត្តរមគ្គក៏មាន បុព្វភាគប្បដិបទា (សេចក្តីប្រតិបត្តិជាចំណែកខាងដើម) ក៏មាន ដែល​បុគ្គលប្រតិបត្តិ​ឲ្យសមគួរហើយ គង់ដឹង​ជាក់ច្បាស់នូវសាមញ្ញផល គង់នឹងឃើញ​ដោយ​ខ្លួន​ឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយ​ប្រកបដោយ​ប្រយោជន៍ និយាយត្រូវតាមធម៌ និយាយ​ត្រូវតាមវិន័យ។ ម្នាលកស្សប ចុះលោកុត្តរមគ្គ​នោះ តើដូចម្តេច បុព្វភាគប្បដិបទា តើដូចម្តេច ដែលបុគ្គល​ប្រតិបត្តិឲ្យសមគួរ​ហើយ គង់ដឹង​ជាក់ច្បាស់នូវសាមញ្ញផល គង់នឹងឃើញ​ដោយ​ខ្លួន​ឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយ​ប្រកបដោយ​ប្រយោជន៍ និយាយត្រូវតាមធម៌ និយាយ​ត្រូវតាមវិន័យ។ នេះឯងជាមគ្គ ប្រកបដោយអង្គ៨ដ៏ប្រសើរ គឺសេចក្តីឃើញត្រូវ១ សេចក្តីត្រិះរិះត្រូវ១ វាចាត្រូវ១ ការងារត្រូវ១ ចិញ្ចឹមជីវិតត្រូវ១ ព្យាយាមត្រូវ១​ សេចក្តីរលឹក​ត្រូវ១ ដម្កល់ចិត្តត្រូវ១។ ម្នាលកស្សប នេះឯង ជាលោកុត្តរមគ្គ នេះឯង បុព្វភាគប្បដិបទា ដែលបុគ្គល​ប្រតិបត្តិឲ្យសមគួរ​ហើយ គង់ដឹង​ច្បាស់នូវសាមញ្ញផល គង់នឹងឃើញ​ដោយ​ខ្លួន​ឯងថា ព្រះសមណគោតម និយាយត្រូវតាមកាល និយាយពិត និយាយ​ប្រកបដោយ​ប្រយោជន៍ និយាយត្រូវតាមធម៌ និយាយ​ត្រូវតាមវិន័យ។

[៦៨] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគថា អាវុសោគោតម ការផ្តើមនូវតបៈទាំងនេះ ដែលរាប់​ថា​ជាកិច្ចការរបស់សមណៈផង រាប់​ថា​ជាកិច្ចការរបស់ព្រាហ្មណ៍ផង របស់ពួកសមណ​ព្រាហ្មណ៍​ទាំងនេះ (មានច្រើនប្រការ) គឺជាបុគ្គលគ្មានសំពត់ (អាក្រាត) លះបង់មារយាទ​ល្អ ស៊ីលិទ្ធដៃ ឬជម្រះឧច្ចារៈដោយម្រាមដៃ គេអញ្ជើញថា ចូលមក ក៏​មិនមក គេឃាត់ថា ឈប់ ក៏មិនឈប់ មិនត្រេកអរនឹងភត្តដែលគេនាំមកមុន មិនត្រេក​អរ​នឹង​ចង្ហាន់ ដែលគេ​នាំ​មកចំពោះខ្លួន មិនត្រេកអរនឹងកិច្ចនិមន្តន៍ អចេលកៈនោះ មិន​ទទួល​ភត្តអំពីមាត់ឆ្នាំង មិនទទួលភត្តអំពីមាត់កញ្ជើ មិនទទួលភត្តដែលគេនាំមក ត្រង់​ចន្លោះធរណីទ្វារ មិន​ទទួល​​ភត្តដែលគេនាំមកត្រង់ចន្លោះ​កំណាត់ឈើ មិនទទួលភត្តដែលគេនាំមកត្រង់ចន្លោះ​អង្រែ មិនទទួលភត្តរបស់មនុស្សពីរនាក់ កំពុង​បរិភោគ មិនទទួលភត្តរបស់ស្រីមានគភ៌ មិន​ទទួលភត្តរបស់ស្រីដែលកំពុងបំបៅកូន មិនទទួលភត្តរបស់ស្រី​ដែលនៅក្នុងចន្លោះ​បុរស មិនទទួលភត្តក្នុងទីដែល​ពួកគ្នាឯង​ណែនាំ មិនទទួលភត្តក្នុងទីដែលមានឆ្កែចាំ មិន​ទទួលភត្តក្នុងទីដែលមានរុយរោម មិន​ស៊ីត្រី មិនស៊ីសាច់ មិនផឹកសុរា មិនផឹកមេរ័យ មិនផឹកទឹកត្រាំថ្នាំ។ អចេលកៈនោះ ទទួល​ភត្តចំពោះតែ​ក្នុងផ្ទះមួយ ញុំាងអត្តភាពឲ្យ​ប្រព្រឹត្ត​ទៅដោយដុំបាយមួយពំនូតខ្លះ ទទួល​ភត្តចំពោះតែ​ក្នុងផ្ទះពីរ ញុំាងអត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ដោយដុំបាយពីរពំនូតខ្លះ ទទួល​ភត្តចំពោះតែ​ក្នុងផ្ទះ៧ ញុំាងអត្តភាពឲ្យ​ប្រព្រឹត្ត​ទៅ ចំពោះតែក្នុងដុំបាយ៧ពំនូតខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្ត​ក្នុង​ភាជន៍១ខ្លះ ញុំាងអត្តភាពឲ្យប្រព្រឹត្តទៅ ដោយភត្តក្នុងភាជន៍២ខ្លះ ញុំាងអត្តភាព​ឲ្យ​ប្រព្រឹត្ត​ទៅ ដោយភត្តក្នុងភាជន៍៧ខ្លះ ស៊ី​អាហារ​រំលង១ថ្ងៃខ្លះ ស៊ីអាហាររំលង២ថ្ងៃខ្លះ ស៊ីអាហាររំលង៧ថ្ងៃខ្លះ។ អចេលកៈ ប្រកប​ដោយសេចក្តីព្យាយាម ក្នុងការផ្លាស់ប្តូរ​នូវការ​បរិភោគ​ភត្តរំលងកន្លះខែ មានសភាព​យ៉ាងនេះ ដូច្នេះឯង។ អាវុសោ គោតម ការផ្តើម​តបៈ​ទាំងនេះ ដែល​រាប់ថាជាកិច្ច​ការ របស់សមណៈផង រាប់ថាជាកិច្ចការ របស់ព្រាហ្មណ៍​ផង របស់ពួកសមណព្រាហ្មណ៍​ទាំងនេះ (មានច្រើនប្រការ) គឺបុគ្គល​មានបន្លែ​ស្រស់​ជា​អាហារ​ខ្លះ មានអង្ករស្រងែ​ជា​អាហារខ្លះ មានស្កួយ​ជាអាហារខ្លះ មានកំទេច​ស្បែក (ចម្នៀរ​ស្បែក) ជាអាហារខ្លះ មានជ័រ​ជាអាហារខ្លះ មានស្លែ ឬសារាយ ជាអាហារខ្លះ មានកុណ្ឌក​ជាអាហារខ្លះ មានបាយក្តាំង​ជាអាហារខ្លះ មានម្សៅជាអាហារខ្លះ មាន​ស្មៅ​ជា​អាហារខ្លះ មានអាចម៍គោជាអាហារខ្លះ មានមើមឈើ និងផ្លែឈើព្រៃ​ជាអាហារខ្លះ បរិភោគ​តែផ្លែឈើ ដែលជ្រុះស្រាប់​ចំអែត​អាត្មា។ អាវុសោ គោតម ការផ្តើមតបៈទាំងនេះ ​រាប់ថាជាកិច្ច​ការ របស់សមណៈផង រាប់ថាជាកិច្ចការ របស់ព្រាហ្មណ៍ផង របស់ពួក​សមណ​ព្រាហ្មណ៍​ទាំងនេះ (មាន​ច្រើន​ប្រការ) គឺទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់​ដែលត្បាញលាយគ្នាខ្លះ ទ្រទ្រង់សំពត់​ ដែលបកចេញអំពីសាកសពខ្លះ ទ្រទ្រង់សំពត់​បំសុកូល​ខ្លះ ទ្រទ្រង់សំបកឈើខ្លះ ទ្រទ្រង់ស្បែកខ្លាខ្លះ ទ្រទ្រង់ស្បែកខ្លាទាំងក្រចកខ្លះ ទ្រទ្រង់ស្បូវភ្លាំងក្រងជាសំពត់ខ្លះ ទ្រទ្រង់សំពត់ត្បាញដោយសំបកក្រចៅខ្លះ ទ្រទ្រង់​ចំរៀក​ក្តារ ជាសំពត់ខ្លះ ទ្រទ្រង់សំពត់​កម្ពល ដែលត្បាញដោយសក់មនុស្សខ្លះ ទ្រទ្រង់​សំពត់​កម្ពលដែលត្បាញដោយរោម​កន្ទុយ​សត្វខ្លះ ទ្រទ្រង់សំពត់ដែលត្បាញ​ដោយ​ស្លាបមៀម​ខ្លះ ទុកសក់10) និងពុកមាត់ ប្រព្រឹត្ត​កាន់វត្ត ក្នុងការព្យាយាមទុកសក់ និង​ពុក​មាត់​ខ្លះ ឈរសម្រឹងហាមឃាត់នូវ​អាសនៈខ្លះ អង្គុយច្រហោង ប្រព្រឹត្តកាន់វត្តក្នុង​ការ​ព្យាយាម​ច្រហោងខ្លះ ផ្អែកលើបន្លា សម្រេចការ​ដេកលើបន្លាខ្លះ សម្រេចការដេក​លើផែន​ក្តារខ្លះ សម្រេចការដេក​ផ្ទាល់​ផែន​ដីខ្លះ ដេកផ្អៀងតែម្ខាង មានសរីរៈប្រឡាក់​ដោយ​ធូលីខ្លះ នៅកណ្តាលវាល អង្គុយលើ​អាសនៈតាមតែបានខ្លះ បរិភោគតែលាមក ប្រព្រឹត្ត​កាន់​វត្តក្នុងការព្យាយាម បរិភោគ​តែលាមកខ្លះ តមទឹកត្រជាក់ ប្រព្រឹត្តកាន់វត្ត តម​ទឹក​ត្រជាក់​ខ្លះ ប្រព្រឹត្តកាន់វត្ត ចុះ​ត្រាំ​ទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។

[៦៩] ម្នាលកស្សប បើអចេលកៈ ជាអ្នកលះបង់​មារយាទល្អ បរិភោគលិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្ត ក្នុងការព្យាយាមផ្លាស់ប្តូរនូវការបរិភោគភត្តរំលងកន្លះខែ មានសភាព​យ៉ាងនេះ ដូច្នេះឯង។ ចំណែកខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏​អចេលកៈនោះ មិនបានចំរើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះ​ថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង​ ដោយពិត។ ម្នាលកស្សប ភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករ​ស្រងែ​ជា​អាហារ។បេ។ មានមើមឈើ ផ្លែឈើព្រៃ​ជាអាហារ បរិភោគតែផ្លែឈើ ដែល​ជ្រុះ​ស្រាប់​​ចំអែត​អាត្មា។ ខាងឯសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏​អចេលកៈ​នោះ មិនដែលបានចំរើន មិនដែលបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះ​ថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង​ ដោយពិត។ ម្នាលកស្សប ភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យជាក់ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគតហៅថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។ ម្នាលកស្សប បើអចេលកៈនោះ ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់សំពត់​ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្ត​កាន់វត្ត ចុះ​ត្រាំ​ទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ចំណែក​ខាងសីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទានេះ ក៏​អចេលកៈនោះ មិនបានចំរើន មិនបានធ្វើឲ្យជាក់ច្បាស់ឡើយ។ អចេលកៈនោះ ឈ្មោះ​ថា ឆ្ងាយចាកសាមញ្ញគុណផង ឆ្ងាយចាកព្រហ្មញ្ញគុណផង​ ដោយពិត។ ម្នាលកស្សប កាលណាបើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមានព្យាបាទ ដឹងច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។

[៧០] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បាន​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សាមញ្ញគុណ កម្រ​ធ្វើបានណាស់ ព្រហ្មញ្ញគុណ កម្រធ្វើបានណាស់។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប សំដីដែលថា សាមញ្ញគុណ កម្រ​ធ្វើបាន ព្រហ្មញ្ញគុណ កម្រ​ធ្វើ​បាន​នេះ ជាសំដីប្រក្រតីក្នុងលោកទេ។ ម្នាលកស្សប បើអចេលកៈ លះបង់នូវមារយាទល្អ បរិភោគ​លិទ្ធដៃ។បេ។ ប្រព្រឹត្តកាន់វត្តក្នុងការព្យាយាមផ្លាស់ប្តូរ​នូវការបរិភោគភត្តរំលងកន្លះខែ មាន​សភាពយ៉ាងនេះ ដូច្នេះ។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រ​ធ្វើ​បាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តីប្រតិបត្តិបន្តិចនេះ និងការ​ផ្តើម​​តបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សាមញ្ញគុណ កម្រ​ធ្វើបាន ព្រហ្មញ្ញគុណ ធ្វើបានដោយលំបាក នុ៎ះ មិនគួរទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើសាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេ​គិត​ឃើញ​ថា ណ្ហើយចុះ អាត្មាអញ ធ្លាប់ជាអ្នកអាក្រាត ជាអ្នកលះបង់មារយាទល្អ ជាអ្នក​បរិភោគ​​លិទ្ធដៃ។បេ។ អាត្មាអញ ប្រព្រឹត្តកាន់វត្ត បរិភោគភត្តផ្លាស់ប្តូរ​ រំលងកន្លះខែ មាន​សភាពយ៉ាងនេះហើយ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្តបន្តិចប៉ុណ្ណេះ និង​វៀរចាកការផ្តើមតបៈនេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញ​គុណ ដែលថាកម្រ​ធ្វើ​បាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះ​ហេតុនោះ ពាក្យ​ដែល​ពោលថា សាមញ្ញគុណ កម្រ​ធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបានក្រៃពេក នុ៎ះ ក៏គួរ​ខ្លះ​ដែរ។ ម្នាលកស្សប កាលណាបើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមាន​ព្យាបាទ ដឹង​ច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុ​នេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់ជាអាហារ មានអង្ករ​ស្រងែ​ជា​អាហារ។បេ។ មាន​មើម​ឈើ ផ្លែឈើព្រៃ​ជាអាហារ បរិភោគផ្លែឈើ ដែល​ជ្រុះ​ស្រាប់​​ចំអែត​អាត្មា។ ម្នាលកស្សប សាមញ្ញគុណ ឬព្រហ្មញ្ញគុណ ដែលថាកម្រ​ធ្វើ​បាន រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែសេចក្តី​ប្រតិបត្តិ​បន្តិចបន្តួចនេះ និងការផ្តើម​តបៈប៉ុណ្ណេះឯង តែ​ពាក្យ​ដែល​ពោល​ថា សាមញ្ញ​គុណ កម្រ​ធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះមិនគួរឡើយ ព្រោះគហបតី និងបុត្រ​នៃ​គហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចធ្វើ​សាមញ្ញគុណ និងព្រហ្មញ្ញគុណ​នេះ​បានដែរ ដោយគេ​គិត​ឃើញថា ណ្ហើយចុះ អាត្មាអញ​ធ្លាប់ជាអ្នកមានបន្លែ​ស្រស់​ជា​អាហារ ឬអង្ករ​ស្រងែ​ជា​អាហារ។បេ។ អាត្មាអញ ធ្លាប់ជាអ្នកមាន​មើម​ឈើ ផ្លែឈើព្រៃ​ជាអាហារ បរិភោគតែផ្លែឈើ ដែល​ជ្រុះ​ស្រាប់​​ចំអែត​អាត្មា។ ម្នាលកស្សប កាលណាបើ វៀរចាក​អចេលកវត្តបន្តិចនេះ និង​វៀរចាក​ការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈ​ហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញ​គុណ ដែលថាកម្រ​ធ្វើ​បាន ក៏រឹតតែធ្វើបាន​ដោយកម្រ​ក្រៃ​ពេក ព្រោះ​ហេតុនោះ ក៏​​គួរ​នឹង​ពោល​ថា សាមញ្ញគុណ កម្រ​ធ្វើបាន ព្រហ្មញ្ញគុណ កម្រ​ធ្វើបាន ដូច្នេះ ក៏គួរដែរ។ ម្នាលកស្សប កាលណាបើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមាន​ព្យាបាទ ដឹងច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយ​បាន​ដល់​នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។ ម្នាលកស្សប បើអចេលកៈ ទ្រទ្រង់​សំពត់​សម្បក​ធ្មៃខ្លះ ទ្រទ្រង់សំពត់​ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្ត​កាន់វត្ត ចុះ​ត្រាំ​ទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប សាមញ្ញ​គុណ ឬព្រហ្មញ្ញគុណ ដែល​ថាកម្រ​ធ្វើ​បាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះតែ​អចេលកៈវត្តបន្តិចនេះ និងការផ្តើម​តបៈប៉ុណ្ណេះឯង តែមិនគួរនឹង​ពោល​ថា សាមញ្ញគុណ កម្រ​ធ្វើបាន ព្រហ្មញ្ញ​គុណ កម្រធ្វើបានដូច្នេះទេ ព្រោះគហបតី និងបុត្រនៃគហបតី ដោយ​ហោចទៅ សូម្បី​តែ​កុម្ភទាសី ក៏អាចធ្វើ​សាមញ្ញគុណ និងព្រហ្មញ្ញគុណនេះបានដែរ ដោយគេ​គិត​ឃើញថា ណ្ហើយចុះ អាត្មាអញ​ធ្លាប់ទ្រទ្រង់សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់​សំពត់​ដែលគេត្បាញ​លាយគ្នាខ្លះ។បេ។ ប្រព្រឹត្ត​កាន់វត្ត​ ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប កាលណាបើ វៀរចាកអចេលកវត្ត មានប្រមាណ​តិច​ប៉ុណ្ណេះ និង​វៀរចាក​ការផ្តើមតបៈប៉ុណ្ណេះចេញ (គឺមិនធ្លាប់ធ្វើតបៈហើយ) សាមញ្ញគុណ ឬព្រហ្មញ្ញ​គុណ ដែលថាកម្រ​ធ្វើ​បាន ក៏រឹតតែធ្វើបានដោយកម្រក្រៃពេក ព្រោះ​ហេតុនោះ ពាក្យដែល​ពោល​​ថា សាមញ្ញគុណ កម្រ​ធ្វើបាន ព្រហ្មញ្ញគុណ កម្រធ្វើបាន នុ៎ះក៏គួរខ្លះ។ ម្នាល​កស្សប កាលណាបើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមាន​ព្យាបាទ ដឹងច្បាស់ ធ្វើ​ឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។

[៧១] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ អចេលកស្សប បាន​ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ដែលហៅថា សមណៈ បុគ្គលដឹងបានដោយកម្រ ហៅថា ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប សំដីដែលថា សមណៈ បុគ្គលដឹង​បាន​ដោយ​កម្រ ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រ នេះជាសំដីប្រក្រតីក្នុងលោកទេ។ ម្នាលកស្សប បើអចេលកៈ លះបង់នូវមារយាទល្អ បរិភោគ​លិទ្ធដៃ។បេ។ ប្រព្រឹត្ត​កាន់​វត្ត​ បរិភោគភត្តផ្លាស់ប្តូរ រំលងកន្លះខែ មាន​សភាពយ៉ាងនេះ ដូច្នេះ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ដែលថា បុគ្គលដឹងបានដោយកម្រ ក៏រឹតតែដឹងបានដោយកម្រ​ក្រៃពេក ព្រោះ​តែ​អចេលកវត្តបន្តិចនេះ និងការផ្តើម​តបៈប៉ុណ្ណេះឯង តែពាក្យដែលពោលថា សមណៈ បុគ្គល​ដឹងបានដោយកម្រ ព្រាហ្មណ៍ ក៏បុគ្គលដឹងបានដោយកម្រនុ៎ះ មិនគួរទេ ព្រោះ​គហបតី និងបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវ​បុគ្គល​នេះ​ថា នេះជាអចេលកៈ អ្នកលះបង់មារយាទល្អ ​បរិភោគ​​លិទ្ធ​ដៃ។បេ។ ប្រព្រឹត្តកាន់វត្ត បរិភោគ​ភត្តផ្លាស់ប្តូរ​ រំលងកន្លះខែ មាន​សភាពយ៉ាងនេះ ដូច្នេះ។ ម្នាលកស្សប កាលណា​បើ វៀរចាកអចេលកវត្តបន្តិចនេះ និង​វៀរចាកការផ្តើម​តបៈប៉ុណ្ណេះចេញហើយ សមណៈ ឬព្រាហ្មណ៍ដែលថា គេដឹងបានដោយក្រ ក៏រឹតតែ​ដឹងបាន​ដោយក្រក្រៃពេក ព្រោះ​ហេតុ​នោះ ក៏គួរនឹងពោលថា សមណៈ គេដឹង​បាន​ដោយ​ក្រដូច្នេះដែរ។ ម្នាលកស្សប កាល​ណា​បើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមាន​ព្យាបាទ ដឹងច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និងបញ្ញាវិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាល​កស្សប ភិក្ខុនេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។ ម្នាលកស្សប បើអចេលកៈ មានបន្លែស្រស់​ជា​អាហារ មានអង្ករ​ស្រងែ​ជា​អាហារ។បេ។ មាន​មើម​ឈើ ផ្លែឈើព្រៃ​ជាអាហារ បរិភោគ​ផ្លែឈើ ដែល​ជ្រុះ​ស្រាប់​​ចំអែត​អាត្មា។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍ ឈ្មោះថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះអចេលកវត្ត និងការផ្តើមនូវ​តបៈ មានប្រមាណប៉ុណ្ណេះ តែ​ពាក្យ​ដែល​ពោល​ថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ ក៏គេដឹងបានដោយក្រ នុ៎ះមិនគួរឡើយ ទោះបីគហបតី ឬបុត្រនៃគហបតី ដោយហោចទៅ សូម្បីតែកុម្ភទាសី ក៏អាចដឹងនូវ​បុគ្គលនេះបាន ថាបុគ្គលនេះ មានបន្លែ​ស្រស់​ជាអាហារ ឬអង្ករ​ស្រងែ​ជា​អាហារ។បេ។ មាន​មើម​ឈើ ផ្លែឈើព្រៃ​ជាអាហារ បរិភោគ​តែផ្លែឈើ ដែល​ជ្រុះ​ស្រាប់​​ចំអែត​អាត្មា។ ម្នាលកស្សប កាលណាបើ វៀរចាក​អចេលកវត្ត​បន្តិចនេះ និង​វៀរចាក​ការផ្តើម​តបៈ​ប៉ុណ្ណេះ​ចេញហើយ សមណៈ ឬ​ព្រាហ្មណ៍​ដែលថា គេដឹងបានដោយក្រ ក៏រឹតតែ​ដឹងបានដោយក្រក្រៃពេក ព្រោះ​ហេតុ​នោះ ពាក្យដែល​ពោល​ថា សមណៈ គេដឹង​បាន​ដោយ​ក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រ នុ៎ះក៏គួរដែរ។ ម្នាលកស្សប កាលណាបើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមានពៀរ មិនមាន​ព្យាបាទ ដឹងច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយបានដល់នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈទាំងឡាយ។ ម្នាល​កស្សប ភិក្ខុនេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។ ម្នាលកស្សប បើ​បុគ្គល ទ្រទ្រង់​សំពត់​សម្បក​ធ្មៃខ្លះ ទ្រទ្រង់សំពត់​ដែលគេត្បាញលាយគ្នាខ្លះ។បេ។ ប្រព្រឹត្ត​កាន់វត្ត ចុះ​ត្រាំ​ទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប សមណៈ ឬព្រាហ្មណ៍​ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបានដោយក្រក្រៃពេក ព្រោះតែ​អចេលកៈវត្តបន្តិចនេះ និងការផ្តើម​តបៈ​ប៉ុណ្ណេះ ពាក្យដែល​ពោល​ថា សមណៈ គេដឹង​បាន​ដោយក្រ ព្រាហ្មណ៍ គេដឹងបាន​ដោយ​ក្រនុ៎ះ មិនគួរទេ ទោះបីគហបតី ឬបុត្រ​នៃ​គហបតី ដោយហោចទៅ សូម្បី​តែ​កុម្ភទាសី ក៏អាចដឹងបុគ្គលនេះបានថា បុគ្គលនេះ ទ្រទ្រង់​សំពត់សម្បកធ្មៃខ្លះ ទ្រទ្រង់​សំពត់​ដែល​គេ​ត្បាញ​​លាយគ្នាខ្លះ។បេ។ ប្រព្រឹត្ត​កាន់វត្ត​ ចុះត្រាំទឹក១ថ្ងៃ៣ដង គឺព្រឹក ថ្ងៃត្រង់ ល្ងាចខ្លះ។ ម្នាលកស្សប កាលណាបើ វៀរចាក​អចេលកវត្ត​បន្តិចនេះ និង​ការផ្តើមតបៈប៉ុណ្ណេះចេញ​ហើយ សមណៈ ឬព្រាហ្មណ៍​ដែលថា គេដឹងបានដោយក្រ ក៏រឹតតែដឹងបាន​ដោយក្រ​ក្រៃ​ពេក ព្រោះ​ហេតុនោះ ពាក្យដែល​និយាយ​​ថា សមណៈ គេដឹងបានដោយក្រ ព្រាហ្មណ៍ គេដឹងបានដោយក្រ នុ៎ះ​ក៏គួរដែរ។ ម្នាល​កស្សប កាលណាបើភិក្ខុ​ចំរើន​មេត្តាចិត្ត មិនមាន​ពៀរ មិនមាន​ព្យាបាទ ដឹងច្បាស់ ធ្វើឲ្យ​ជាក់​ច្បាស់ ដោយខ្លួន​ឯង ក្នុងអត្តភាពនេះ ហើយ​បាន​ដល់នូវ​ចេតោវិមុត្តិ និង​បញ្ញា​វិមុត្តិ មិនមាន​អាសវៈ ព្រោះ​អស់​ទៅនៃអាសវៈ​ទាំង​ឡាយ។ ម្នាលកស្សប ភិក្ខុនេះ តថាគត​ហៅ​ថា សមណៈក៏បាន ថាព្រាហ្មណ៍​ក៏បាន។

[៧២] កាលបើព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ អចេលកស្សប បាន​ក្រាបបង្គំទូលសួរព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន សីលសម្បទា តើ​ដូចម្តេច ចិត្តសម្បទា តើ​ដូចម្តេច បញ្ញាសម្បទា តើ​ដូចម្តេច។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាល​កស្សប ព្រះតថាគតកើតឡើងក្នុងលោកនេះ ជាអរហំ សម្មាសម្ពុទ្ធ។បេ។ បណ្ឌិតគប្បី​សំដែង​ឲ្យពិស្តារ​ផងចុះ។ ម្នាលកស្សប ដូចម្តេចដែលហៅថា ភិក្ខុជាអ្នកបរិបូណ៌​ដោយ​សីល ម្នាលកស្សប ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរចាកបាណាតិបាត មានអាជ្ញាដាក់ចុះហើយ មានសាស្ត្រាដាក់ចុះហើយ មានសេចក្តីអៀនខ្មាស ដល់ហើយ​នូវ​សេចក្តី​អាណិត មានសេចក្តី​អនុគ្រោះដោយប្រយោជន៍ ដល់សត្វទាំងពួង នេះជាសីល​សម្បទា នៃភិក្ខុនោះឯង។បេ។ ភិក្ខុនោះ ប្រកបដោយ​សីលក្ខន្ធដ៏ប្រសើរនេះ រមែង​ទទួល​នូវ​សេចក្តីសុខ មិនមានទោសតាំងនៅខាងក្នុង ម្នាលកស្សប យ៉ាងនេះហៅថា ភិក្ខុ​បរិបូណ៌​ដោយសីល ម្នាលកស្សប នេះឯងឈ្មោះថា សីលសម្បទា។បេ។ បានដល់នូវ​បឋមជ្ឈាន នេះជាចិត្តសម្បទានៃភិក្ខុនោះឯង ម្នាលកស្សប នេះឯងឈ្មោះថា ចិត្តសម្បទា។បេ។ ភិក្ខុផ្ចង់តម្រង់បង្អោនចិត្ត ដើម្បីញាណទស្សនៈ នេះឯងជាបញ្ញាសម្បទារបស់​ភិក្ខុ​នោះ។បេ។ ដឹងច្បាស់ថា កិច្ចដទៃ​ក្រៅអំពីនេះ មិនមានឡើយ នេះឯងជាបញ្ញាសម្បទា​របស់​ភិក្ខុនោះ ម្នាលកស្សប នេះឯង ឈ្មោះថា បញ្ញាសម្បទា។ ម្នាលកស្សប សីលសម្បទា ចិត្តសម្បទា និងបញ្ញាសម្បទាឯទៀត ដ៏លើសលុបថ្លៃថ្លា ជាងសីលសម្បទា ចិត្តសម្បទា បញ្ញាសម្បទានេះគ្មានទេ។

[៧៣] ម្នាលកស្សប មានសមណព្រាហ្មណ៍ពួកមួយ ជាសីលវាទៈ (អ្នកពោល​អាង​សីល) សមណព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណរបស់សីលដោយអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) អរិយសីលដ៏ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គល​ណា ត្រឹមស្មើតថាគតក្នុងអរិយសីលនោះទេ ក្រៃលែងជាងមកពីណាបាន តថាគត​ឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិសីលនោះដោយពិត។ ម្នាលកស្សប មាន​សមណ​ព្រាហ្មណ៍​ពួកមួយជា តបោជិគុច្ឆវាទ (អ្នកពោលអាងការខ្ពើមកិលេស​ដោយតបៈ) សមណ​ព្រាហ្មណ៍ទាំងនោះ តែងសរសើរគុណ​នៃការខ្ពើម​កិលេស ដោយតបៈ ជាអនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) ការខ្ពើមកិលេស ដោយតបៈ ដ៏ប្រសើរ​ក្រៃលែង​ប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គល​ណា ត្រឹមស្មើនឹងការខ្ពើម​កិលេស របស់​តថាគត ក្នុងតបៈនោះទេ ក្រៃលែងមកពីណាបាន តថាគត​ឯង ជាអ្នកក្រៃលែងក្នុងគុណ គឺការ​ខ្ពើម​កិលេស ដោយពិត។ ម្នាលកស្សប មាន​សមណព្រាហ្មណ៍ពួកមួយជា បញ្ញាវាទៈ (អ្នកពោលអាងបញ្ញា) សមណ​ព្រាហ្មណ៍​ទាំងនោះ តែងសរសើរគុណនៃបញ្ញា ដោយ​អនេកបរិយាយ។ ម្នាលកស្សប (បើទុកជា) បញ្ញាដ៏ប្រសើរក្រៃលែងប៉ុន្មាន ក៏​តថាគត មិនឃើញមានបុគ្គល​ណា ត្រឹមស្មើនឹងបញ្ញា របស់​តថាគតក្នុងបញ្ញានោះទេ ក្រៃលែង​មកពីណាបាន តថាគត​ឯង ជាអ្នក​ក្រៃលែង​ក្នុង​គុណ គឺអធិបញ្ញានោះ​ដោយ​ពិត។ ម្នាលកស្សប មាន​សមណព្រាហ្មណ៍ពួកមួយជា វិមុត្តិវាទៈ (អ្នកពោលអាងវិមុត្តិ) សមណ​ព្រាហ្មណ៍ទាំងនោះ តែងសរសើរ​គុណ​របស់​វិមុត្តិ ដោយអនេកបរិយាយ។ ម្នាល​កស្សប (បើទុកជា) វិមុត្តិដ៏ប្រសើរ ក្រៃលែងប៉ុន្មាន ក៏តថាគត មិនឃើញមានបុគ្គល​ណា ត្រឹមស្មើនឹងវិមុត្តិ របស់តថាគត ក្នុងវិមុត្តិនោះទេ ក្រៃលែងមកពីណាបាន តថាគត​ឯង ជាអ្នកក្រៃលែងក្នុងគុណ គឺអធិវិមុត្តិនោះ​ដោយ​ពិត។

[៧៤] ម្នាលកស្សប សេចក្តីនេះជាឋានៈមានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជក​និយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ ប៉ុន្តែបន្លឺសីហនាទនោះ បាន​តែក្នុងផ្ទះស្ងាត់ មិនបន្លឺក្នុងពួកបរិសទ្យទេ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំ​ពោលយ៉ាងនេះឡើយ ម្នាលកស្សប អ្នកត្រូវប្រាប់គេថា ព្រះសមណគោតម តែង​តែ​បន្លឺ​សីហនាទ បន្លឺតែក្នុងពួកបរិសទ្យ មិនបន្លឺក្នុងផ្ទះស្ងាត់ទេ។ ម្នាលកស្សប សេចក្តីនេះ ជា​ឋានៈ​មានប្រាកដ ដែលពួកអន្យតិរ្ថីយ៍បរិព្វាជក​និយាយ យ៉ាងនេះថា ព្រះសមណគោតម តែងតែបន្លឺសីហនាទ បន្លឺក្នុងពួកបរិសទ្យដែរហើយ តែមិនជាអ្នកក្លៀវក្លាបន្លឺទេ។ អ្នកត្រូវ​ប្រាប់ពួកបរិព្វាជកទាំងនោះថា អ្នកទាំងឡាយ កុំ​ពោលយ៉ាងនេះឡើយ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម ​បន្លឺ​សីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជា​អ្នក​ក្លៀវក្លាបន្លឺ។ ម្នាលកស្សប សេចក្តីនេះ ជា​ឋានៈ​មានប្រាកដ ដែល​ពួកតិរ្ថិយបរិព្វាជក​និយាយ យ៉ាងនេះថា ព្រះសមណគោតម បន្លឺសីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នក​ក្លៀវក្លាបន្លឺ តែទេវតា និងមនុស្សទាំងឡាយ មិនដែលសួរប្រស្នានឹងលោកឡើយ ទោះបី​សួរប្រស្នានឹងលោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្ស​ទាំងនោះសួរ មិនបាន​ទេ ទោះបីលោកដោះប្រស្នា ដែលពួកទេវតា និងមនុស្ស​ទាំងនោះសួរបាន លោកក៏មិនញុំាងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នា បើទុកជាញុំាងចិត្តឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ជនទាំងឡាយ ក៏មិនសំគាល់ថា គួរស្តាប់ទេ ទោះសំគាល់​ថា គួរស្តាប់ ក៏គ្រាន់តែស្តាប់ហើយ មិនជ្រះថ្លាទេ ទុកជាស្តាប់ហើយជ្រះថ្លា ក៏គ្រាន់តែជ្រះថ្លា​ប៉ុណ្ណោះ តែមិនធ្វើអាការជ្រះថ្លា (មែនទែន)ទេ ទុកជាជ្រះថ្លា ហើយធ្វើអាការជ្រះថ្លា ក៏​មិនប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះទេ បើទុកជាប្រតិបត្តិតាម​សេចក្តី​ជ្រះថ្លានោះបាន ក៏​មិនប្រតិបត្តិ ឲ្យពេញព្រះទ័យនៃលោកបានទេ។ អ្នកត្រូវប្រាប់ពួកគេថា អ្នកទាំងឡាយ កុំ​ពោលយ៉ាងនេះឡើយ។ ម្នាលកស្សប អ្នកត្រូវប្រាប់ពួកគេថា ព្រះសមណគោតម បន្លឺ​សីហនាទ តែងបន្លឺក្នុងពួកបរិសទ្យ ជាអ្នកក្លៀវក្លាបន្លឺ ពួកទេវតា និងមនុស្ស សួរ​ប្រស្នា​នឹង​លោក លោកក៏ដោះប្រស្នា ដែលពួកទេវតា និងមនុស្ស​ទាំងនោះសួរបាន លោកញុំាងចិត្ត ឲ្យត្រេកអរ ដោយការដោះប្រស្នាបាន ទាំងពួកជន ក៏សំគាល់ថា ពាក្យរបស់លោក ជាពាក្យគួរស្តាប់ លុះស្តាប់ហើយ ក៏ជ្រះថ្លានឹងលោក លុះជ្រះថ្លាហើយ ក៏ធ្វើអាការជ្រះថ្លា ប្រតិបត្តិតាមសេចក្តីជ្រះថ្លានោះ ប្រតិបត្តិឲ្យពេញព្រះទ័យលោកបាន។ ម្នាលកស្សប សម័យមួយ តថាគត នៅលើភ្នំគិជ្ឈកូដ ជិតនគររាជគ្រឹះ។ មានបរិព្វាជកម្នាក់ ឈ្មោះ​និគ្រោធ ជាសព្រហ្មចារីនៃអ្នកក្នុងនគររាជគ្រឹះទាំងនោះ មកសួរប្រស្នានឹងតថាគត ក្នុង​ការ​ខ្ពើមកិលេសយ៉ាងក្រៃលែង តថាគត ក៏បានដោះប្រស្នា​ដែលនិគ្រោធ​បរិព្វាជក​នោះ​សួរ ក្នុងការខ្ពើមកិលេស យ៉ាងក្រៃលែង លុះតថាគតដោះប្រស្នារួចហើយ បរិព្វាជក​នោះ ក៏មានចិត្ត​ត្រេកអរ​ពន់ប្រមាណ។

[៧៥] បពិត្រព្រះអង្គដ៏ចំរើន នរណាហ្ន៎ ដែលបានស្តាប់ធម៌​របស់​ព្រះមាន​ព្រះភាគ​ហើយ មិនមានចិត្តត្រេកអរពន់ប្រមាណ បពិត្រព្រះអង្គដ៏ចំរើន ឯខ្ញុំ​ព្រះអង្គ ស្តាប់ធម៌​របស់​ព្រះមានព្រះភាគហើយ មានចិត្តត្រេកអរពន់ប្រមាណណាស់ បពិត្រព្រះអង្គ​ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែល​ព្រះអង្គសំដែងហើយ ដោយ​អនេក​បរិយាយយ៉ាងនេះ ដូចជាគេផ្ងាររបស់ដែល​គេ​ផ្កាប់ ឬបើកបង្ហាញរបស់ដែល​កំបាំង ឬក៏​ប្រាប់​ផ្លូវ ដល់​អ្នក​វង្វេងផ្លូវ ពុំនោះសោត ដូច​ជា​ទ្រោល​ប្រទីបបំភ្លឺ ​ក្នុង​ទី​ងងឹត​ ដោយគិតថា ពួកមនុស្ស​មាន​ភ្នែកភ្លឺ នឹងឃើញនូវរូប​ទាំងឡាយ​បាន បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌​ផង ព្រះសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំ​ព្រះអង្គ គួរបាននូវបព្វជ្ជា គួរបាន​នូវឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។

[៧៦] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកស្សប បុគ្គលណាធ្លាប់ជាអន្យតិរ្ថិយ​មក​ហើយ តែចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា អន្យតិរ្ថិយ​នោះ ត្រូវ​នៅបរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យ​បព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈ​ជាភិក្ខុ ឯតថាគត ដឹងនូវសេចក្តីផ្សេងគ្នា នៃបុគ្គល​ក្នុង​កិច្ច​ដែលនៅបរិវាសនេះ។11) អចេលកស្សប ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បើបុគ្គល​ធ្លាប់​ជាអន្យតិរ្ថិយ​មក​ហើយ ចង់ចូលមកក្នុងធម្មវិន័យនេះ ចង់បព្វជ្ជា និងឧបសម្បទា ត្រូវ​នៅ​បរិវាសអស់៤ខែ លុះកន្លង៤ខែហើយ ទើបភិក្ខុទាំងឡាយ មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈ​ជាភិក្ខុ ដូច្នេះ ខ្ញុំព្រះអង្គ នឹងនៅរហូត៤ឆ្នាំបាន លុះកន្លង​៤ឆ្នាំ​ហើយ ភិក្ខុទាំងឡាយគង់មានចិត្តត្រេកអរ ឲ្យបព្វជ្ជា ឲ្យឧបសម្បទា ដើម្បីភាវៈ​ជាភិក្ខុ។ អចេលកស្សប ក៏បានបព្វជ្ជា បានឧបសម្បទា​ក្នុងសំណាក់​នៃ​ព្រះមានព្រះភាគ លុះ​ព្រះកស្សបមានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ជាបុគ្គលម្នាក់ឯង ដោះខ្លួន​ចេញ​ចាកពួក ឥតមានសេចក្តីប្រមាទ ខំព្យាយាមដុតនូវកិលេស ប្រថុយលះបង់នូវ​អត្តភាព ពួក​កុលបុត្ត ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍​ដល់​អនុត្តរធម៌ណា ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុត​នៃព្រហ្មចរិយៈ ដោយបញ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងអត្តភាពនេះ សម្រាន្តនៅ ដោយឥរិយាបថ​ទាំង​៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិ (កំណើត) របស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញក៏បានអប់រំចប់ហើយ កិច្ចដែលត្រូវធ្វើ អាត្មាអញ ក៏បាន​ធ្វើ​ហើយ កិច្ចដទៃ ក្រៅអំពី​នេះតទៅទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះកស្សបមានអាយុ ក៏ជាព្រះអរហន្ត​អង្គមួយដែរ។

ចប់ មហាសីហនាទសូត្រ ទី៨។

បោដ្ឋបាទសូត្រ ទី៩

(៩. បោដ្ឋបាទសុត្តំ)

[៧៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅ​ក្នុង​វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង មានបរិព្វាជក​ម្នាក់ ឈ្មោះបោដ្ឋបាទ នៅអាស្រ័យ​ក្នុងមល្លិការាម12) ដែលមាន​សាលាមួយ13) មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី (សម្រាប់ពួកជន​មានព្រាហ្មណ៍​ជាដើម) ប្រជុំគ្នា ជជែកអំពីលទ្ធិ (របស់ខ្លួន) ជាមួយនឹងបរិព្វាជក​បរិសទ្យ​ជាច្រើនចំនួន​៣០០០នាក់។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ ហើយទ្រង់ពុទ្ធដំណើរចូលទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ព្រះតម្រិះដូច្នេះថា ការត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី នៅព្រឹក​ណាស់ បើដូច្នោះ គួរតែតថាគត ចូលទៅរកបោដ្ឋបាទបរិព្វាជក នៅក្នុងមល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី​សម្រាប់​ប្រជុំគ្នា ជជែកអំពីលទ្ធិ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរ ចូលទៅ​ឯ​មល្លិការាម ដែលមានសាលាមួយ មានជួរនៃដើមទន្លាប់ព័ទ្ធជុំវិញ ជាទី​សម្រាប់​ប្រជុំគ្នា ជជែកអំពីលទ្ធិ។

[៧៨] សម័យនោះឯង បោដ្ឋបាទបរិព្វាជក អង្គុយជាមួយនឹងបរិព្វាជក​បរិសទ្យ​ច្រើន​នាក់ កំពុងតែនិយាយពាក្យតិរច្ឆានកថាច្រើនយ៉ាង ដោយសំឡេងហ៊ោ សំឡេង​ឮ​ខ្លាំង កងរំពង គឺនិយាយ​អំពីស្តេច និយាយអំពីចោរ និយាយអំពីមហាមាត្យ និយាយអំពីសេនា និយាយអំពីភ័យ និយាយអំពីចម្បាំង និយាយអំពីគ្រឿងស៊ី និយាយអំពីគ្រឿងផឹក និយាយអំពីសំពត់ និយាយអំពីទីដេក និយាយអំពីផ្កាកម្រង និយាយអំពីគ្រឿងក្រអូប និយាយអំពីញាតិ និយាយអំពីយាន និយាយអំពីស្រុក និយាយអំពីនិគម និយាយអំពីនគរ និយាយអំពីជនបទ និយាយអំពីស្រី និយាយអំពីប្រុស និយាយអំពីយោធាដែលក្លៀវក្លា និយាយអំពីច្រកផ្លូវ និយាយអំពីកំពង់ទឹក និយាយអំពីបុព្វប្រេត គឺញាតិដែលចែកឋានទៅហើយ និយាយអំពី​ពាក្យឥតប្រយោជន៍ មានប្រការផ្សេងៗ និយាយអំពីលោក (មានរឿងក្អែកស និងកុក​ក្រហមជាដើម) និយាយអំពីរឿងជីកសមុទ្រ និយាយអំពីសេចក្តីចំរើន និងសេចក្តី​សាបសូន្យដូច្នេះៗ។ បោដ្ឋបាទបរិព្វាជក បានឃើញព្រះមានព្រះភាគ កំពុងស្តេចមក​អំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏បញ្ឈប់បរិសទ្យរបស់ខ្លួនថា ម្នាលគ្នាយើង ចូរ​និយាយ​សំឡេងតិចៗ ម្នាលគ្នាយើង កុំនិយាយសំឡេងឮខ្លាំងឡើយ (ដ្បិត) ព្រះសមណគោតម អង្គនេះ ស្តេចមក ឯព្រះសមណគោតមមានអាយុនោះឯង លោក​ពេញ​ព្រះទ័យនឹងសំឡេងតិច តែងពោលសរសើរសំឡេងតិច ធ្វើដូចម្តេចឲ្យលោកជ្រាប​ថា បរិសទ្យនិយាយសំឡេងតិច ហើយសំគាល់​ថាគួរនឹង​ចូលមកបាន។ កាល​បោដ្ឋបាទបរិព្វាជក និយាយឃាត់យ៉ាងនេះហើយ បរិព្វាជកទាំងនោះ ក៏នាំគ្នាស្ងៀម។

[៧៩] លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចូលសំដៅទៅរកកន្លែង​ដែលបោដ្ឋបាទបរិព្វាជកនៅ។ បោដ្ឋបាទបរិព្វាជក ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ស្តេចមក បពិត្រព្រះអង្គ​ដ៏ចំរើន ដំណើរដែលព្រះមានព្រះភាគ​ស្តេចមកល្អហើយ បពិត្រព្រះអង្គដ៏ចំរើន យូរ​ណាស់​ហើយតើ ព្រះមានព្រះភាគ បានធ្វើបរិយាយនេះ ដើម្បី​មកក្នុងទីនេះ បពិត្រ​ព្រះអង្គ​ដ៏ចំរើន សូមព្រះមានព្រះភាគ និមន្តគង់អាសនៈ ដែល​រៀបចំ​ស្រាប់នេះ។ ព្រះមានព្រះភាគ ក៏ទ្រង់គង់លើអាសនៈ ដែលគេរៀបចំស្រាប់ហើយ។ ឯបោដ្ឋបាទ​បរិព្វាជក ក៏កាន់យកអាសនៈទាបមួយ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះ​បោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ព្រះមានព្រះភាគ ក៏ទ្រង់ត្រាស់សួរដូច្នេះ​ថា ម្នាលបោដ្ឋបាទ ក្នុងកាលអម្បាញ់មិញនេះ អ្នកទាំងឡាយ​ប្រជុំគ្នា និយាយពាក្យដូច​ម្តេច ចុះពាក្យជាចន្លោះដូចម្តេច14) ដែល​អ្នកទាំងឡាយ និយាយមិនទាន់ស្រេច។

[៨០] កាលបើព្រះមានព្រះភាគទ្រង់ត្រាស់សួរយ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក៏ក្រាបទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យដែលយើងខ្ញុំទាំង​ឡាយ ប្រជុំគ្នានិយាយអម្បាញ់មិញនេះ ទុកស្លេះសិនចុះ បពិត្រព្រះអង្គដ៏ចំរើន ពាក្យនុ៎ះ ព្រះមានព្រះភាគ មិនមែនបានដោយកម្រទេ នឹងបានទ្រង់ព្រះសណ្តាប់ក្នុងកាលខាង​ក្រោយមិនខាន បពិត្រព្រះអង្គដ៏ចំរើន កាលថ្ងៃពីមុនៗមក មានពួកសមណព្រាហ្មណ៍ ដែល​មានលទ្ធិផ្សេងៗ អង្គុយប្រជុំគ្នា ក្នុងកោតុហលសាលា15) ក៏បានផ្តួច​ផ្តើម​ និយាយគ្នា ក្នុងអភិសញ្ញានិរោធថា អ្នកដ៏ចំរើន អភិសញ្ញានិរោធ តើដូចម្តេច បណ្តា​សមណព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ខ្លះ ពោលយ៉ាងនេះថា សញ្ញារបស់​បុរសកើតក្តី រលត់ក្តី មិនមានហេតុ មិនមានបច្ច័យឡើយ សញ្ញាកើតឡើងក្នុងសម័យណា សត្វក៏មានសញ្ញាក្នុងសម័យនោះ សញ្ញារលត់ទៅក្នុងសម័យណា សត្វក៏មិនមាន​សញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយក្នុងលោកនេះ បានបញ្ញត្តអភិសញ្ញា​និរោធ ដោយប្រការយ៉ាងនេះ តែសមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោល​យ៉ាង​នេះ​ថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនជាយ៉ាងនេះទេ នែអ្នកទាំងឡាយ​ដ៏ចំរើន ព្រោះថា សញ្ញាជាខ្លួនរបស់​បុរស ឯខ្លួននោះ មាននៅខ្លះ ប្រាសទៅខ្លះ ខ្លួនមាននៅ​ក្នុង​សម័យ​ណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ខ្លួនប្រាសទៅក្នុងសម័យណា សត្វក៏​មិន​មាន​​សញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុងលោកនេះ បានបញ្ញត្ត​អភិសញ្ញា​និរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោល​យ៉ាង​​នេះ​ថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំងឡាយ​ដ៏ចំរើន ព្រោះថា សមណព្រាហ្មណ៍ មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន សមណព្រាហ្មណ៍​ទាំងនោះឯង ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់​បុរសនេះ ទាញសញ្ញាចូលក្នុង​សម័យ​ណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញ​ក្នុង​សម័យ​ណា សត្វក៏​មិន​មាន​​សញ្ញាក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុង​លោក​នេះ បញ្ញត្ត​អភិសញ្ញា​និរោធ ដោយប្រការយ៉ាងនេះ សមណព្រាហ្មណ៍ដទៃ ក្រៅអំពីនោះ ពោល​យ៉ាង​​នេះ​ថា អ្នកទាំងឡាយដ៏ចំរើន ដំណើរនុ៎ះ មិនមែនយ៉ាងនេះទេ អ្នកទាំង​ឡាយ​​ដ៏ចំរើន ព្រោះថា ពួកទេវតា មានឫទ្ធិច្រើន មានអានុភាពច្រើនក៏មាន ទេវតា​ទាំង​នោះ​ ទាញចូលខ្លះ ដកចេញខ្លះ នូវសញ្ញារបស់​បុរសនេះ ទាញសញ្ញាចូលក្នុង​សម័យ​ណា សត្វក៏មានសញ្ញាក្នុងសម័យនោះ ដកសញ្ញាចេញ​ក្នុង​សម័យ​ណា សត្វក៏​មិន​មាន​​សញ្ញា​ក្នុងសម័យនោះ សមណព្រាហ្មណ៍ពួកមួយ ក្នុង​លោក​នេះ បញ្ញត្ត​អភិសញ្ញា​និរោធ ដោយប្រការយ៉ាងនេះ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គបានចាប់ភ្លឹក នឹកប្រារព្ធចំពោះ​ព្រះមានព្រះភាគ តែមួយយ៉ាងថា ព្រះមានព្រះភាគណា ទ្រង់ឈ្លាសវៃ ក្នុងធម៌ទាំងនេះ ព្រះមានព្រះភាគអង្គនោះ គប្បីសំដែងបាន ដោយអស្ចារ្យក្រៃលែង ព្រះសុគតណា ទ្រង់ឈ្លាសវៃ ក្នុងធម៌ទាំងនេះ ព្រះសុគតអង្គនោះ គប្បីសំដែងបាន ដោយអស្ចារ្យក្រៃលែង បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ព្រះអង្គឈ្លាសវៃ ព្រះមានព្រះភាគ ទ្រង់ជ្រាប​ច្បាស់ នូវអភិសញ្ញានិរោធ បពិត្រព្រះអង្គដ៏ចំរើន អភិសញ្ញានិរោធនោះ តើដូចម្តេច។

[៨១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ បណ្តាពួកសមណ​ព្រាហ្មណ៍ទាំងនោះ ពួកសមណព្រាហ្មណ៍ណា ដែលពោលយ៉ាងនេះថា សញ្ញារបស់​បុរស​កើតក្តី រលត់ក្តី មិនមានហេតុ មិនមានបច្ច័យ ដូច្នេះ សេចក្តីយល់​ឃើញ​របស់​សមណ​ព្រាហ្មណ៍​ទាំងនោះ ចាត់ជាខុស តាំងអំពីដើមទាំងស្រុង។ ដំណើរនុ៎ះ ព្រោះ​ហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា សញ្ញារបស់បុរស ប្រកបដោយហេតុ ប្រកបដោយ​បច្ច័យ ទាំងកើត ទាំងរលត់ សញ្ញាខ្លះកើត ព្រោះការហាត់ក៏មាន សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ក៏មាន ក៏ការហាត់សញ្ញានោះ តើដូចម្តេច។ ព្រះមានព្រះភាគ ទ្រង់​ឆ្លើយ​ដោយព្រះអង្គឯងថា ម្នាលបោដ្ឋបាទ ព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ កើតឡើង​ក្នុង​លោកនេះ។បេ។ (បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។ ម្នាល​បោដ្ឋបាទ ភិក្ខុអ្នកបរិបូណ៌ដោយសីល យ៉ាងនេះឯង។បេ។ កាលភិក្ខុ​នោះពិចារណា​ឃើញ​ នូវនីវរណៈទាំង៥នេះ ក្នុងខ្លួនដែលលះបង់បានហើយ បាមោជ្ជៈ គឺ​សេចក្តី​រីករាយ ក៏កើតឡើង កាលបើភិក្ខុមានចិត្តរីករាយហើយ បីតិក៏កើតឡើង កាលបើភិក្ខុមានចិត្ត​ប្រកប​ដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ ភិក្ខុដែលមានកាយស្ងប់រម្ងាប់ហើយ ក៏ទទួល​នូវសុខ ចិត្តរបស់ភិក្ខុដែលមានសុខ ក៏តាំងនៅមាំ។ ភិក្ខុនោះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាកអកុសលធម៌ទាំងឡាយ ហើយក៏បានដល់នូវបឋមជ្ឈាន ដែលប្រកបដោយ​វិតក្កៈ វិចារៈ មានបីតិ និងសុខកើតអំពីសេចក្តីស្ងាត់នោះ កាមសញ្ញា (តម្រេក ប្រកប​ដោយ​កាមគុណទាំង៥) ខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញាដ៏ល្អិត ពោល​គឺ​បីតិ និងសុខដែលកើត​អំពី​សេចក្តីស្ងាត់ ក៏មានឡើងក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពី​វិវេកក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ (ដូចពណ៌នា​មក​នេះ) នេះឯងហៅថា ការហាត់សញ្ញា។

[៨២] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះរម្ងាប់វិតក្កៈ វិចារៈចេញ​បាន ភិក្ខុ​ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាតកើតមាន ក្នុងសន្តាននៃខ្លួន មានសេចក្តីជ្រះថ្លា គឺ​សទ្ធា មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខ ដែល​កើត​អំពី​សមាធិ គឺបឋមជ្ឈាន សច្ចសញ្ញាដ៏ល្អិត ពោលគឺ​ បីតិ និងសុខ ដែលកើតអំពី​សេចក្តី​ស្ងាត់ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញា​ដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែល​កើតអំពីសមាធិ ក៏មានក្នុងសម័យនោះឡើង ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញា ដ៏ល្អិត ពោលគឺ បីតិ និងសុខ ដែលកើតអំពីសមាធិ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញាខ្លះរលត់ទៅ ព្រោះការហាត់ ដូចពណ៌នា​មក​នេះ នេះឯងដែល​ហៅថា ការហាត់។

[៨៣] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះនឿយណាយ ចាកបីតិ ប្រកបដោយ​ឧបេក្ខា ភិក្ខុមានសតិ និងសម្បជញ្ញៈ រមែងទទួលនូវសេចក្តីសុខ ដោយ​នាម​កាយ ព្រះអរិយៈទាំងឡាយ តែងសរសើរ​បុគ្គល​ អ្នកបានតតិយជ្ឈាននោះ ថាជាអ្នក​ប្រកប​ដោយឧបេក្ខា មានស្មារតី មានប្រក្រតីនៅជាសុខ ក៏បានដល់នូវ​តតិយជ្ឈាន​នោះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ​ បីតិ និងសុខ ដែលកើតអំពីសមាធិជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញា​ដ៏ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក៏មានក្នុងសម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏​ល្អិត ពោលគឺ ឧបេក្ខា និងសុខ ក្នុងសម័យនោះឯង សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញា​ខ្លះ​រលត់ទៅ ព្រោះការហាត់ ដូចពណ៌នា​មក​នេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។

[៨៤] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះលះបង់នូវសុខ និងទុក្ខហើយ ព្រោះអស់ទៅនៃសោមនស្ស និងទោមនស្ស ក្នុងកាលមុន ភិក្ខុ​ក៏បានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺឧបេក្ខា មានសតិដ៏បរិសុទ្ធ ដោយ​ឧបេក្ខា សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ​ ឧបេក្ខា និងសុខ ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញា​ដ៏ល្អិត ដែលឥតទុក្ខ ឥតសុខ ក៏មាន​ក្នុង​សម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ឥតទុក្ខ ឥតសុខ ក្នុង​សម័យ​នោះ​ សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញា​ខ្លះ​រលត់ទៅ ព្រោះការហាត់ ដូចពណ៌នា​មក​នេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។

[៨៥] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវរូបសញ្ញា16) ព្រោះអស់ទៅ​នៃ​បដិឃសញ្ញា17) ព្រោះលែងធ្វើទុកក្នុងចិត្ត នូវនានត្តសញ្ញា18) ដោយប្រការ​ទាំង​ពួងហើយ ភិក្ខុក៏បានដល់នូវអាកាសានញ្ចាយតនជ្ឈាន ដោយធ្វើទុកក្នុងចិត្តថា អាកាស មិនមានទីបំផុត ដូច្នេះ សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ រូបសញ្ញា ជាខាងដើម របស់ភិក្ខុនោះ ក៏រលត់ទៅ សច្ចសញ្ញា​ដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ក៏មាន​ក្នុង​សម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតន​ជ្ឈាន ក្នុង​សម័យ​នោះឯង​ សញ្ញាខ្លះកើតឡើង ព្រោះការហាត់ សញ្ញា​ខ្លះ​រលត់ទៅ ព្រោះ​ការ​ហាត់ ដូចពណ៌នា​មក​នេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។

[៨៦] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវអាកាសានញ្ចា​យតនជ្ឈាន ដោយប្រការទាំងពួង ភិក្ខុបានដល់នូវវិញ្ញាណញ្ចាយតនជ្ឈាន ដោយ​ធ្វើ​ទុក​ក្នុង​ចិត្តថា វិញ្ញាណ មិនមានទីបំផុត ដូច្នេះ ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកាសានញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏​រលត់​ទៅ សច្ចសញ្ញា​ដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ក៏មាន​ក្នុង​សម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតន​ជ្ឈាន ក្នុង​សម័យ​នោះឯង​ សញ្ញាខ្លះកើត ព្រោះការហាត់ សញ្ញា​ខ្លះ​រលត់ទៅ ព្រោះ​ការ​ហាត់ ដូចពណ៌នា​មក​នេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។

[៨៧] ម្នាលបោដ្ឋបាទ សេចក្តីផ្សេងទៀតថា ព្រោះកន្លងនូវវិញ្ញាណញ្ចា​យតន​ជ្ឈាន ដោយប្រការទាំងពួង ភិក្ខុក៏បានដល់នូវអាកិញ្ចញ្ញាយតនជ្ឈាន ដោយ​ធ្វើ​ទុក​ក្នុង​ចិត្តថា វត្ថុតិចតួច មិនមាន ដូច្នេះ ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបទទាំង៤ សច្ច​សញ្ញា​ដ៏ល្អិត ពោលគឺ វិញ្ញាណញ្ចាយតនជ្ឈាន ជាខាងដើម របស់ភិក្ខុនោះ ក៏​រលត់​ទៅ សច្ចសញ្ញា​ដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតនជ្ឈាន ក៏មាន​ក្នុង​សម័យនោះ ភិក្ខុនោះ ឈ្មោះថា មានសច្ចសញ្ញាដ៏ល្អិត ពោលគឺ អាកិញ្ចញ្ញាយតន​ជ្ឈាន ក្នុង​សម័យ​នោះឯង​ សញ្ញាខ្លះ កើតព្រោះការហាត់ សញ្ញា​ខ្លះ ​រលត់ទៅ ព្រោះ​ការ​ហាត់ ដូចពណ៌នា​មក​នេះ នេះឯង ដែលហៅថា ការហាត់សញ្ញា។

[៨៨] ម្នាលបោដ្ឋបាទ ភិក្ខុណាក្នុងសាសនានេះ មានសេចក្តីសំគាល់​ (ក្នុង​បឋម​ជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាកបឋមជ្ឈាននោះហើយ ចូលទុតិយជ្ឈានឯណោះ ចេញ​ចាកទុតិយជ្ឈាននោះហើយ ចូលតតិយជ្ឈានឯណោះ (លុះចូលឈាន) តាមលំ​ដាប់​ហើយ ក៏បាននូវសញ្ញា​ជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅ​ក្នុង​សញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈានហើយ ក៏មានសេចក្តីត្រិះរិះយ៉ាងនេះថា កាលបើ​អាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើប​ប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹងចូលឈាន សញ្ញាក្នុងអាកិញ្ចញ្ញា​យតនជ្ឈាន ទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញាដ៏គ្រោតគ្រាតឯទៀត គឺ​ភវង្គ​សញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរ​នឹងចូលឈាន មិនគួរ​រវល់តែ​នឹង​ចូល​ឈានឡើយ។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់​នឹងចូលឈាន កាលបើភិក្ខុ​នោះ​ លែងចូលឈាន លែងរវល់នឹងចូលឈាន សញ្ញាទាំងនោះ ក៏រលត់ទៅ សញ្ញាដ៏គ្រោត​គ្រាតឯទៀត គឺភវង្គសញ្ញា ក៏មិនកើតឡើង ភិក្ខុនោះ បាននូវនិរោធ។ ម្នាលបោដ្ឋបាទ យ៉ាង​នេះហៅថា អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ។19) ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច អនុបុព្វាភិសញ្ញានិរោធសម្បជាន​សមាបត្តិ មានសភាពយ៉ាងនេះ អ្នកធ្លាប់បានឮមក ក្នុងកាលមុនអំពី​កាលនេះដែរឬ។ បោដ្ឋបាទបរិព្វាជក ក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន សេចក្តីនេះ ខ្ញុំព្រះអង្គមិនធ្លាប់​បានឮទេ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ ទើបតែនឹងដឹងនូវធម៌ ដែល​ព្រះមានព្រះភាគ ទ្រង់សំដែង ដោយអាការ​យ៉ាងនេះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលបោដ្ឋបាទ ភិក្ខុណា មានសេចក្តីសំគាល់ (ក្នុងបឋមជ្ឈាន) របស់ខ្លួន ភិក្ខុនោះ ចេញចាក​បឋមជ្ឈាន​នោះ​ហើយ ចូលទុតិយជ្ឈានឯណោះ ចេញ​ចាកទុតិយជ្ឈាននោះហើយ ចូល​តតិយជ្ឈាន​ឯណោះ (លុះចូលឈាន) តាមលំ​ដាប់​ ក៏បាននូវសញ្ញា​ជាកំពូល គឺអាកិញ្ចញ្ញា​យតន​ជ្ឈាន កាលបើភិក្ខុនោះ ឋិតនៅ​ក្នុង​សញ្ញាជាកំពូល គឺអាកិញ្ចញ្ញាយតនជ្ឈាន ក៏មាន​សេចក្តី​ត្រិះរិះយ៉ាងនេះថា កាលបើ​អាត្មាអញ ចូលឈាន មិនប្រសើរឡើយ បើអាត្មាអញ មិនចូលឈាន ទើប​ប្រសើរ ព្រោះថា ប្រសិនបើអាត្មាអញចូលឈាន រវល់តែនឹង​ចូល​ឈាន សញ្ញាក្នុងអាកិញ្ចញ្ញា​យតនជ្ឈានទាំងនេះ របស់អាត្មាអញ មុខជារលត់ទៅ សញ្ញា​ដ៏​គ្រោតគ្រាតដទៃ គឺ​ភវង្គ​សញ្ញា មុខជាកើតឡើង បើដូច្នោះ អាត្មាអញ មិនគួរ​នឹងចូល​ឈាន មិនគួរ​រវល់តែ​នឹង​ឈាន។ ភិក្ខុនោះឯង ក៏លែងចូលឈាន លែងរវល់​នឹង​ចូល​ឈាន កាលបើភិក្ខុ​នោះ​ លែងចូលឈាន លែងរវល់នឹងឈាន សញ្ញាទាំងនោះ ក៏​រលត់​ទៅ សញ្ញាដ៏គ្រោត​គ្រាតឯទៀត គឺភវង្គសញ្ញា ក៏មិនកើតឡើង ភិក្ខុនោះ បាននូវនិរោធ។ ម្នាលបោដ្ឋបាទ យ៉ាង​នេះហៅថា អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ។

[៨៩] ម្នាលបោដ្ឋបាទ អភិសញ្ញានិរោធ យ៉ាងនេះឯង។ បោដ្ឋបាទបរិព្វាជក ក្រាបទូល​សួរថា បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ​ ទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូល​តែមួយយ៉ាងប៉ុណ្ណេះទេ ឬទ្រង់​បញ្ញត្តនូវសញ្ញា ជាកំពូល​ច្រើនយ៉ាង។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់ថា ម្នាលបោដ្ឋបាទ តថាគត បញ្ញត្តនូវសញ្ញា ជាកំពូល​តែមួយប៉ុណ្ណេះក៏មាន បញ្ញត្តនូវសញ្ញាជាកំពូល​ច្រើនយ៉ាងក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ព្រះមានព្រះភាគ ទ្រង់បញ្ញត្តនូវសញ្ញា ជាកំពូល​តែមួយយ៉ាងក៏មាន ទ្រង់បញ្ញត្ត​នូវសញ្ញា​ជាកំពូលច្រើន​យ៉ាងក៏មាន តើដូចម្តេច។ ម្នាលបោដ្ឋបាទ ភិក្ខុបាននូវនិរោធយ៉ាងណាៗ តថាគត ក៏បញ្ញត្ត​នូវសញ្ញាជាកំពូលយ៉ាងនោះៗ។ ម្នាលបោដ្ឋបាទ តថាគត​បញ្ញត្ត​នូវ​សញ្ញា​ជា​កំពូល តែមួយយ៉ាងក៏មាន បញ្ញត្តនូវសញ្ញាជាកំពូលច្រើនយ៉ាងក៏​មាន យ៉ាងនេះឯង។

[៩០] បពិត្រព្រះអង្គដ៏ចំរើន សញ្ញា20) កើតមុន ញាណ​21) កើតក្រោយ ឬញាណកើតមុន សញ្ញាកើតក្រោយ ឬក៏ទាំង​សញ្ញា ទាំងញាណ កើតដំណាលគ្នាតែម្តង។ ម្នាលបោដ្ឋបាទ សញ្ញាកើតមុន ញាណកើតក្រោយ ដ្បិតថា ការកើតឡើងនៃញាណបាន ក៏ព្រោះតែសេចក្តីកើតឡើងនៃសញ្ញា ភិក្ខុនោះ ក៏​ដឹង​យ៉ាងនេះថា ញាណរបស់​អាត្មាអញកើតហើយ ព្រោះសញ្ញានេះជាបច្ច័យ។ ម្នាលបោដ្ឋបាទ រឿងនេះ អ្នកត្រូវដឹងតាមទំនងនេះចុះថា សញ្ញាកើតមុន ញាណ​កើត​ក្រោយ ដ្បិតញាណកើតឡើងបាន ក៏ព្រោះតែសញ្ញាកើតឡើង។

[៩១] បពិត្រព្រះអង្គដ៏ចំរើន សញ្ញាឈ្មោះថា ខ្លួនរបស់បុរស ឬក៏សញ្ញាដទៃ ខ្លួន​ដទៃទេ។ ម្នាលបោដ្ឋបាទ អ្នកជឿថា ខ្លួនដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនដ៏គ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណី។ ម្នាលបោដ្ឋបាទ មែនហើយ ខ្លួនរបស់អ្នកដ៏គ្រោតគ្រាត មានរូប ប្រកបដោយ​មហា​ភូតរូប​៤ មានកវលិង្ការាហារជាចំណី។ ម្នាលបោដ្ឋបាទ កាលបើហេតុយ៉ាងនេះមានហើយ សញ្ញា​របស់​អ្នកក៏ដទៃ ខ្លួនក៏ដទៃ។ ម្នាលបោដ្ឋបាទ អ្នកត្រូវដឹងសេចក្តីនុ៎ះ តាមទំនង​នេះ​ចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនដែល​គ្រោតគ្រាត មានរូប ប្រកបដោយមហាភូតរូប៤ មានកវលិង្ការាហារជាចំណីនេះ ចូរលើកទុកសិនចុះ កាលបើ​ដូច្នោះ សញ្ញាដទៃ របស់បុរសនេះកើតឡើង សញ្ញាឯទៀតរលត់ទៅ ម្នាលបោដ្ឋបាទ អ្នក​​ត្រូវដឹងសេចក្តីនុ៎ះ តាមទំនង​នេះ​ចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។

[៩២] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនសម្រេច​ដោយចិត្ត មានអវយវៈ​តូច​ធំសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកទាប។ ម្នាលបោដ្ឋបាទ ប្រសិនបើខ្លួនរបស់អ្នក​ សម្រេច​​ដោយចិត្ត មានអវយវៈ​តូច​ធំសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកទាប។ ម្នាល​បោដ្ឋបាទ កាលបើហេតុដូច្នេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃ។ ម្នាលបោដ្ឋបាទ អ្នក​​ត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយ​នេះ​ចុះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ​មែន។ ម្នាលបោដ្ឋបាទ ក៏ខ្លួនសម្រេចដោយចិត្ត មានអវយវៈ​តូច​ធំសព្វគ្រប់ មានឥន្ទ្រិយ​មិនថោកទាបនេះ ចូរលើកទុកសិនចុះ កាលបើដូច្នោះ សញ្ញាដទៃរបស់​បុរសនេះ​កើត​ឡើង សញ្ញាឯទៀត ក៏រលត់ទៅវិញដោយពិត។ ម្នាលបោដ្ឋបាទ អ្នក​​ត្រូវដឹងសេចក្តីនុ៎ះ តាមបរិយាយ​នេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ​មែន។

[៩៣] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គជឿថា ខ្លួនមិនមានរូប សម្រេច​ដោយសញ្ញា​ដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនរបស់អ្នកមិនមានរូប​ សម្រេច​​ដោយសញ្ញាមែនហើយ។ ម្នាល​បោដ្ឋបាទ កាលបើហេតុយ៉ាងនេះមានហើយ សញ្ញារបស់អ្នក ក៏ដទៃ ខ្លួនរបស់អ្នក ក៏ដទៃពិត។ ម្នាលបោដ្ឋបាទ អ្នកគប្បីដឹងសេចក្តីនុ៎ះ តាមបរិយាយ​នេះ​ថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ​ដោយពិត។ ម្នាលបោដ្ឋបាទ ខ្លួនមិនមានរូប សម្រេចដោយសញ្ញានេះ ចូរលើក​ទុក​សិនចុះ កាលបើយ៉ាងនេះ សញ្ញាដទៃរបស់​បុរសនេះ​ តែងកើត​ឡើង សញ្ញាដទៃ​ តែង​រលត់​ទៅ។ ម្នាលបោដ្ឋបាទ អ្នកគប្បីដឹងសេចក្តីនុ៎ះ តាមបរិយាយ​នេះថា សញ្ញាក៏ដទៃ ខ្លួនក៏ដទៃដោយពិត។

[៩៤] បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គអាចដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន​របស់​បុរស​ដូច្នេះខ្លះ សញ្ញាក៏ដទៃ​ ខ្លួនក៏ដទៃដូច្នេះខ្លះ។ ម្នាលបោដ្ឋបាទ អ្នកមានសេចក្តី​យល់​ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តីពេញចិត្តផ្សេង មានសេចក្តីព្យាយាម​​ក្នុងទីផ្សេង មានអាចារ្យ​ក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរស​ដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះបានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន បើខ្ញុំ​ព្រះអង្គជាអ្នកមានសេចក្តី​យល់​ឃើញផ្សេង មានសេចក្តីគាប់ចិត្តផ្សេង មានសេចក្តី​ពេញ​ចិត្ត​ផ្សេង មានការព្យាយាម​​ក្នុងទីផ្សេង មានអាចារ្យ​ក្នុងទីផ្សេង កម្រនឹងដឹងសេចក្តីនុ៎ះថា សញ្ញាជាខ្លួន របស់បុរស​ដូច្នេះខ្លះ សញ្ញាក៏ដទៃ ខ្លួនក៏ដទៃ ដូច្នេះខ្លះ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ចុះដែលគេថា លោកទៀងនេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យ​ឥត​អំពើ​ឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថាលោកទៀង នេះឯង​ជា​ពាក្យពិត ពាក្យដទៃ ជាពាក្យ​ឥតអំពើដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា លោក​មិនទៀង នេះឯងជាពាក្យពិត ពាក្យដទៃ ជាពាក្យ​ឥត​អំពើទេ​ឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែលព្យាករសេចក្តីនុ៎ះថា ពាក្យថា លោកមិនទៀងនេះឯង ​ជា​ពាក្យពិត ពាក្យដទៃ ជាពាក្យ​ឥតអំពើដូច្នេះទេ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា លោកមាន​ទីបំផុត។បេ។ លោកមិនមានទីបំផុត។ ជីវៈនោះ ក៏គឺសរីរៈនោះ។ ជីវៈផ្សេង សរីរៈ​ក៏​ផ្សេងទេ។ សត្វខាងមុខ​ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មាន។ សត្វខាងមុខ បន្ទាប់​អំពី​សេចក្តីស្លាប់ទៅ មិនមាន។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានខ្លះ មិនមានខ្លះ។ សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែន នេះឯង ជាពាក្យពិត ពាក្យដទៃ ជាពាក្យ​ឥត​អំពើ​ឬ។ ម្នាលបោដ្ឋបាទ តថាគត មិនដែល​ព្យាករ​សេចក្តី​នុ៎ះថា ពាក្យថា សត្វខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ​មានក៏មិនមែន មិនមាន ក៏​មិនមែន នេះឯង​ជា​ពាក្យពិត ពាក្យដទៃ ជាមោឃៈ (ពាក្យ​ឥតអំពើ)ដូច្នេះទេ។ បពិត្រ​ព្រះអង្គ​ដ៏ចំរើន ចុះព្រោះហេតុអ្វី បានជាព្រះមានព្រះភាគ មិនទ្រង់ព្យាករសេចក្តីនុ៎ះ។ ម្នាល​បោដ្ឋបាទ ព្រោះថា​ ពាក្យនុ៎ះមិនប្រកបដោយប្រយោជន៍ មិនប្រកបដោយ​នវលោកុត្តរធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា គឺមិនមែនអធិសីលសិក្ខាទេ មិនប្រព្រឹត្តទៅ​ដើម្បីនឿយណាយ ក្នុងសំសារវដ្ត មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាក​តម្រេក​ក្នុងវដ្តៈ មិនប្រព្រឹត្តទៅដើម្បីរំលត់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីរំងាប់វដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងចំពោះវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់នូវវដ្តៈ មិនប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត មិនព្យាករសេចក្តីនោះឡើយ។

[៩៥] បពិត្រព្រះអង្គដ៏ចំរើន ចុះព្រះអង្គ ទ្រង់ព្យាករពាក្យអ្វីទៅវិញ។ ម្នាល​បោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះជាហេតុនាំឲ្យកើតទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះ​ឯង​ថា នេះជាធម៌ដែល​រំលត់ទុក្ខ ម្នាលបោដ្ឋបាទ តថាគត ព្យាករដូច្នេះឯងថា នេះបដិបទា​ ជា​ដំណើរ​ទៅកាន់ធម៌រំលត់ទុក្ខ។ បពិត្រព្រះអង្គដ៏ចំរើន ព្រោះហេតុអ្វី បានជា​ព្រះមាន​ព្រះភាគ ទ្រង់ព្យាករពាក្យនេះ។ ម្នាលបោដ្ឋបាទ ព្រោះថា​ ពាក្យនេះ ប្រកបដោយ​ប្រយោជន៍ ពាក្យនេះ ប្រកបដោយធម៌ ពាក្យនេះ ជាអាទិព្រហ្មចរិយកាសិក្ខា គឺអធិសីលសិក្ខា ប្រព្រឹត្តទៅ ​ដើម្បីនឿយណាយ ក្នុងសង្សារវដ្ត ដើម្បីប្រាសចាក​តម្រេក​ក្នុងវដ្តៈ ដើម្បីរំលត់នូវវដ្តៈ ដើម្បីរម្ងាប់នូវវដ្តៈ ដើម្បីដឹងចំពោះវដ្តៈ ដើម្បីដឹងច្បាស់នូវវដ្តៈ ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ បានជាតថាគត ព្យាករពាក្យនេះ។ បពិត្រ​ព្រះមានព្រះភាគ ដំណើរនុ៎ះយ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរនុ៎ះ យ៉ាង​ហ្នឹង​ហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់សំគាល់នូវកាល​ដែល​នឹង​ធ្វើនូវពុទ្ធដំណើរចុះ។ លំដាប់នោះឯង ព្រះមានព្រះភាគ ទ្រង់​ក្រោកអំពីអាសនៈ ហើយ​ទ្រង់​ពុទ្ធដំណើរចេញទៅ។

[៩៦] លំដាប់នោះឯង កាលបើព្រះមានព្រះភាគ ទ្រង់ពុទ្ធដំណើរចៀសចេញទៅ មិន​ទាន់បានយូរប៉ុន្មាន ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោត នូវ​បោដ្ឋបាទបរិព្វាជក ដោយជន្លួញ គឺសំដីជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យ​ណាៗ បោដ្ឋបាទដ៏ចំរើននេះ ក៏អនុមោទនាពាក្យនោះៗ របស់​ព្រះសមណគោតមនោះថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរ​នុ៎ះ យ៉ាង​ហ្នឹងហើយ ឯពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែល​ព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោក​មិនទៀង។បេ។ ឬថា​សត្វ​ខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ។

[៩៧] កាលបើពួកបរិព្វាជកទាំងនោះ ពោលពាក្យយ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក៏និយាយទៅនឹងបរិព្វាជក​ទាំងនោះ យ៉ាងនេះថា នែ​អ្នក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំឯងក៏មិនដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែល​ព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀងឬ។បេ។ ឬថា​សត្វ​ខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះដែរទេ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្ត​បដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាព​តាំងនៅក្នុងធម៌ ដែលត្រឹមត្រូវ​តាមទំនងនៃធម៌ ក៏​កាលបើព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មាន​សភាព​តាំងនៅក្នុងធម៌ ដែលត្រឹមត្រូវតាមទំនង នៃធម៌ដូច្នោះហើយ មិនសមបើបុរស ជាវិញ្ញូ​ដូច​យ៉ាងខ្ញុំ មិនអនុមោទនាសុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ។

[៩៨] លុះកន្លងពីនោះទៅ បាន២.៣ថ្ងៃ ចិត្តហត្ថិសារីបុត្ត22) និង​បោដ្ឋបាទបរិព្វាជក ក៏នាំគ្នាចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ ទើប​ចិត្តហត្ថិសារីបុត្ត ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ ឯ​បោដ្ឋបាទបរិព្វាជក ក៏ពោលពាក្យរាក់ទាក់ សំណេះសំណាល ទៅរក​ព្រះមានព្រះភាគ លុះបញ្ចប់​ពាក្យដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះបោដ្ឋបាទបរិព្វាជក អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន កាលដែលព្រះអង្គ ទ្រង់ពុទ្ធដំណើរចេញមក មិនទាន់​បានយូរប៉ុន្មាន ក្នុងកាលនោះ ក៏ស្រាប់តែពួកបរិព្វាជកទាំងនោះ ពោលពាក្យចាក់ដោតខ្ញុំ​ព្រះអង្គ ដោយជន្លួញ គឺវាចាជុំវិញខ្លួនថា ព្រះសមណគោតម និយាយពាក្យ​ណាៗ បោដ្ឋបាទបរិព្វាជកដ៏ចំរើននេះ ក៏អនុមោទនាពាក្យនោះៗ របស់​ព្រះសមណ​គោតម​នោះ​ថា បពិត្រព្រះមានព្រះភាគ ដំណើរនុ៎ះ យ៉ាងហ្នឹងហើយ បពិត្រព្រះសុគត ដំណើរ​នុ៎ះ យ៉ាង​ហ្នឹងហើយ ពួកយើង មិនទាន់ដឹងច្បាស់នូវធម៌ណាមួយ ដោយដាច់ខាត ដែល​ព្រះសមណគោតម ទ្រង់សំដែងហើយថា លោកទៀង ឬថាលោក​មិនទៀង។បេ។ ឬថា​សត្វ​ខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើបរិព្វាជកទាំងនោះ និយាយយ៉ាងនេះហើយ ខ្ញុំព្រះអង្គ ក៏និយាយទៅនឹងបរិព្វាជក​ទាំងនោះ ដូច្នេះថា នែ​អ្នក​ទាំងឡាយ​ដ៏ចំរើន ខ្ញុំឯង​ក៏មិនដឹង​ច្បាស់​ នូវធម៌ណាមួយ ដោយដាច់ខាត ដែល​ព្រះសមណគោតម បានសំដែងថា លោក​ទៀង​ឬ។បេ។ ឬថា​សត្វ​ខាងមុខ បន្ទាប់អំពីសេចក្តីស្លាប់ទៅ មានក៏មិនមែន មិនមាន​ក៏មិន​មែន​ដូច្នេះដែរ ប៉ុន្តែព្រះសមណគោតម ទ្រង់បញ្ញត្ត​បដិបទា ដែលពិតប្រាកដទៀងទាត់ មានសភាព​តាំងនៅក្នុងធម៌ ដែលត្រឹមត្រូវ​តាមទំនងនៃធម៌ ក៏​កាលព្រះសមណគោតម ទ្រង់បញ្ញត្តបដិបទា ដែលពិតប្រាកដទៀងទាត់ មាន​សភាព​តាំងនៅក្នុងធម៌ ដែល​ត្រឹម​ត្រូវ​តាម​ទំនង នៃធម៌ដូច្នោះ មិនសមបើបុរស ជាវិញ្ញូ​ដូច​យ៉ាងខ្ញុំហើយ មិន​អនុមោទនា​សុភាសិត របស់ព្រះសមណគោតម ដោយសុភាសិតវិញសោះ។

[៩៩] ម្នាលបោដ្ឋបាទ ឯបរិព្វាជកទាំងអស់គ្នានោះឯង សុទ្ធតែជាបុគ្គលខ្វាក់ ឥតមាន​ចក្ខុ គឺបញ្ញាសោះឡើយ បណ្តាបរិព្វាជកទាំងនោះ មានតែអ្នកឯងមួយ ជាបុគ្គល​មានចក្ខុ គឺបញ្ញាដោយពិត។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ដែលប្រព្រឹត្តទៅដោយ​ចំណែក​១ តថាគតបានសំដែងហើយ បានបញ្ញត្តហើយក៏មាន។ ម្នាលបោដ្ឋបាទ ធម៌​ទាំងឡាយដែលមិនប្រព្រឹត្តទៅដោយចំណែក១ តថាគតបានសំដែងហើយ បានបញ្ញត្ត​ហើយ ក៏មាន។ ម្នាលបោដ្ឋបាទ ធម៌ទាំងឡាយ ដែល​មិនប្រព្រឹត្តទៅ ដោយចំណែក១ តថាគត បានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច។ ម្នាលបោដ្ឋបាទ ធម៌ដែល​មិន​ប្រព្រឹត្តទៅដោយចំណែកមួយថា លោកទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។បេ។ ម្នាលបោដ្ឋបាទ ធម៌ដែល​មិន​ប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមិនទៀងដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែល​​មិន​ប្រព្រឹត្តទៅ ដោយចំណែកមួយថា លោកមានទីបំផុតដូច្នេះឯង តថាគត​បាន​សំដែង​ហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែល​​មិន​ប្រព្រឹត្តទៅ ដោយ​ចំណែក​មួយថា លោកមិនមានទីបំផុតដូច្នេះឯង តថាគត បានសំដែងហើយ បាន​បញ្ញត្ត​ហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែល​មិន​ប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈនោះ គឺសរីរៈនោះ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ដែល​​មិន​ប្រព្រឹត្តទៅ ដោយចំណែកមួយថា ជីវៈផ្សេង សរីរៈផ្សេង ដូច្នេះឯង តថាគត បាន​សំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅមាន។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ មិនមាន។បេ។ ម្នាលបោដ្ឋបាទ សត្វខាងមុខ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ មានខ្លះ មិនមានខ្លះ។បេ។ ម្នាលបោដ្ឋបាទ ធម៌​​មិន​ប្រព្រឹត្តទៅ ដោយចំណែកមួយថា តថាគត បាន​សំដែងហើយ បានបញ្ញត្តហើយថា សត្វខាងមុខ បន្ទាប់អំពី​សេចក្តី​ស្លាប់ទៅ មានក៏មិនមែន មិនមានក៏មិនមែនដូច្នេះឯង។ ម្នាលបោដ្ឋបាទ ក៏ធម៌​​មិន​ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគត បាន​សំដែងហើយ បានបញ្ញត្តហើយ ព្រោះ​ហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌ទាំងនុ៎ះ មិនប្រកបដោយប្រយោជន៍ មិន​ប្រកប​ដោយ​ធម៌ មិនមែនជាអាទិព្រហ្មចរិយកាសិក្ខា មិនប្រព្រឹត្តទៅ​ ដើម្បីនឿយណាយ មិនប្រព្រឹត្តទៅ ដើម្បីប្រាសចាក​តម្រេក មិនប្រព្រឹត្តទៅដើម្បីសេចក្តីរំលត់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីរំងាប់ មិនប្រព្រឹត្តទៅ ដើម្បីសេចក្តីដឹងច្បាស់ មិនប្រព្រឹត្តទៅ ដើម្បី​សេចក្តី​ត្រាស់ដឹង មិនប្រព្រឹត្តទៅ ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ ធម៌ដែល​មិនប្រព្រឹត្ត​ទៅ ដោយចំណែក​មួយទាំងនុ៎ះ បានជាតថាគត បានសំដែងហើយ បានបញ្ញត្តហើយ។

[១០០] ម្នាលបោដ្ឋបាទ ចុះធម៌ទាំងឡាយប្រព្រឹត្តទៅដោយ​ចំណែក​១ ដែល​តថាគត​បានសំដែងហើយ បានបញ្ញត្តហើយ តើដូចម្តេច។ ម្នាលបោដ្ឋបាទ ធម៌​ប្រព្រឹត្ត​ទៅ​ដោយចំណែកមួយថា នេះជាទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្ត​ហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ ដូច្នេះឯង តថាគត បានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌ប្រព្រឹត្ត​ទៅ​ដោយ​ចំណែកមួយថា នេះជាសេចក្តីរំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បានបញ្ញត្តហើយ។ ម្នាលបោដ្ឋបាទ ធម៌​ប្រព្រឹត្តទៅ ដោយចំណែកមួយថា នេះជា​បដិបទា ដំណើរ​ទៅកាន់ធម៌រំលត់ទុក្ខ ដូច្នេះឯង តថាគតបានសំដែងហើយ បាន​បញ្ញត្ត​ហើយ។ ម្នាលបោដ្ឋបាទ ចុះធម៌​ប្រព្រឹត្តទៅ ដោយចំណែកមួយទាំងនុ៎ះ ដែលតថាគត​បាន​សំដែង​ហើយ បានបញ្ញត្តហើយ តើព្រោះហេតុអ្វី។ ម្នាលបោដ្ឋបាទ ព្រោះថា ធម៌​ទាំងនោះ ប្រកបដោយប្រយោជន៍ ធម៌ទាំងនុ៎ះ ​ប្រកប​ដោយ​ធម៌ ធម៌ទាំងនុ៎ះ ជាអាទិព្រហ្មចរិយកាសិក្ខា ធម៌ទាំងនុ៎ះ ប្រព្រឹត្តទៅ​ ដើម្បីនឿយណាយ ដើម្បីប្រាសចាក​តម្រេក ដើម្បីសេចក្តីរំលត់ ដើម្បីរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បី​ត្រាស់ដឹង ដើម្បី​ព្រះនិព្វាន ព្រោះហេតុនោះ ធម៌ប្រព្រឹត្ត​ទៅ ដោយចំណែក​មួយទាំងនុ៎ះ បានជាតថាគត បាន​សំដែង​ហើយ បានបញ្ញត្តហើយ។

[១០១] ម្នាលបោដ្ឋបាទ មានសមណព្រាហ្មណ៍ទាំងនុ៎ះ តែមានវាទៈយ៉ាងនេះ មាន​ទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តី​សុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តី​ស្លាប់ទៅ តថាគតចូលទៅរកសមណព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាល​អ្នក​ទាំងឡាយដ៏មានអាយុ ឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តី​សុខតែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តី​ស្លាប់ទៅដូច្នេះ ពិតមែន​ឬ។ សមណព្រាហ្មណ៍ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ក៏​ប្តេជ្ញា​ថា ករុណា (ពិតមែន) តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា សត្វលោកមាន​សេចក្តីសុខតែមួយយ៉ាងមែនឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនមែនទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយចាំបាននូវខ្លួន ថាមាន​សេចក្តី​សុខ​តែ​មួយយ៉ាង អស់យប់មួយ​ ថ្ងៃមួយ ឬអស់កន្លះយប់ កន្លះថ្ងៃ ដូច្នេះឬ។ សមណ​ព្រាហ្មណ៍​ទាំងនោះ លុះតថាគតសួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនមែនទេ តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍ទាំងនោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នក​ទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ នូវលោក ដែលមានសេចក្តីសុខតែមួយយ៉ាងឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះ​តថាគត​សួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនមែនទេ តថាគត សួរទៅសមណ​ព្រាហ្មណ៍​ទាំង​នោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បានឮសំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក មាន​សេចក្តីសុខ​តែ​មួយ​យ៉ាង​ និយាយប្រាប់​ថា ម្នាលគ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ​ប្រតិបត្តិ​ដោយល្អទៅ ម្នាល​គ្នាយើងទាំងឡាយ ចូរអ្នកទាំងឡាយ ប្រតិបត្តិ​ដោយត្រង់ទៅ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ នូវ​លោកដែលមានសេចក្តីសុខ​តែមួយយ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើ​ពួកយើង​ប្រតិបត្តិ​យ៉ាងនេះហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះ​ដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនមែន​ទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិត​របស់​សមណ​ព្រាហ្មណ៍​ទាំង​នោះ មិនមែនជាអស្ចារ្យដោយពិត។

[១០២] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរស និយាយយ៉ាងនេះថា ខ្ញុំត្រូវការចង់បាន​ នូវ​នាង​ជនបទកល្យាណី23) ក្នុងជនបទនេះ ពួកជនសួរ​ទៅបុរស​នោះ​ យ៉ាងនេះថា នែបុរសអើយ អ្នកត្រូវការចង់បាន​ នូវ​នាង​ជនបទកល្យាណីណា អ្នកស្គាល់​នូវនាង​ជនបទកល្យាណី​នោះថា ជាក្សត្រិយានី ព្រាហ្មណី វេស្សី ឬសុទ្ទីដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ប្រាប់ថា មិនស្គាល់ទេ ជនទាំងឡាយ​ សួរ​ទៅបុរស​នោះ​ យ៉ាងនេះទៀតថា នែបុរសអើយ អ្នកប្រាថ្នា ចង់បាននូវ​នាង​ជនបទ​កល្យាណី​ណា អ្នកស្គាល់​នូវនាង​ជនបទកល្យាណី​នោះថា មានឈ្មោះយ៉ាងនេះ ឬ​មាន​គោត្រ​យ៉ាងនេះ ខ្ពស់ ទាប ឬយ៉ាងកណ្តាល មានសម្បុរខ្មៅ សម្បុរខ្មៅស្រឯម ឬសម្បុរ​ខ្មៅ​ស្រស់ ក្នុងស្រុក ឬនិគម ឬក៏ក្នុងនគរឯណោះ ដូច្នេះដែរឬ។ បុរសនោះ លុះ​ពួកជន​សួរ​យ៉ាងនេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ ជនទាំងឡាយ សួរ​ទៅបុរស​នោះ​ យ៉ាងនេះ​ទៀតថា នែបុរសអើយ អ្នកឯងមិនស្គាល់ មិនឃើញនូវស្ត្រីណាហើយ ប្រាថ្នាចង់បាន​ នូវ​ស្ត្រីនោះដែរឬ។ បុរសនោះ លុះពួកជនសួរយ៉ាងនេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថាដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុ​យ៉ាង​នេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យដោយពិត។ ម្នាលបោដ្ឋបាទ ពួក​សមណព្រាហ្មណ៍ណា ដែលនិយាយយ៉ាងនេះ យល់ឃើញយ៉ាងនេះថា ពួក​សមណព្រាហ្មណ៍ណា ដែលមានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តី​សុខ​តែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តី​ស្លាប់ទៅ តថាគត ចូលទៅ​រក​សមណ​ព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាល​អ្នក​ទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តី​សុខ​តែ​ម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តី​ស្លាប់ទៅដូច្នេះ ពិតមែន​ឬ។ សមណ​ព្រាហ្មណ៍​ទាំងនោះ កាលបើតថាគតសួរយ៉ាងនេះហើយ ​ប្តេជ្ញា​ថា ករុណា ពិតមែន តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាល​អ្នកទាំង​ឡាយ​ដ៏​មាន​អាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមាន​សេចក្តី​សុខ​តែ​ម្យ៉ាងដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនដឹង មិនឃើញទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមាន​សេចក្តី​សុខ​តែ​ម្យ៉ាង អស់យប់មួយ​ ថ្ងៃមួយ ឬអស់ត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ។ សមណ​ព្រាហ្មណ៍​ទាំងនោះ លុះតថាគតសួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនមែនទេ តថាគត​សួរ​ទៅ​សមណព្រាហ្មណ៍ទាំងនោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នក​ទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ នូវ​លោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះ​តថាគត​សួរយ៉ាងនេះ​ហើយ ឆ្លើយថា មិនស្គាល់ទេ តថាគត សួរទៅសមណ​ព្រាហ្មណ៍​ទាំង​នោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បាន​ឮ​សំឡេង របស់ពួកទេវតា ដែលកើតក្នុងលោក ដែលមាន​សេចក្តីសុខ​តែ​មួយ​យ៉ាង​ និយាយ​ប្រាប់​ថា នែគ្នាយើងទាំងឡាយ ចូរអ្នក​ប្រតិបត្តិ​ដោយល្អទៅ នែ​គ្នាយើងទាំង​ឡាយ ចូរអ្នកប្រតិបត្តិ​ដោយត្រង់ទៅ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​លោកដែល​មាន​សេចក្តី​សុខ​​តែមួយយ៉ាង នែគ្នាយើងទាំងឡាយ ព្រោះថា បើ​ពួកយើង​ទាំងឡាយ ប្រតិបត្តិ​យ៉ាង​នេះ​ហើយ នឹងទៅកើតក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះ​ដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរយ៉ាងនេះ​ហើយ ក៏ឆ្លើយថា មិនបានឮ​ទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិត​របស់​សមណ​ព្រាហ្មណ៍​ទាំង​នោះ មិនជាអស្ចារ្យដោយពិតទេ។

[១០៣] ម្នាលបោដ្ឋបាទ ពុំនោះសោត ប្រៀបដូចបុរសធ្វើជណ្តើរ ក្នុងផ្លូវធំ​ទាំង៤ បម្រុងនឹងឡើងទៅកាន់ប្រាសាទ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរស​ដ៏​ចំរើន អ្នកធ្វើជណ្តើរបម្រុងនឹងឡើងទៅកាន់ប្រាសាទណា អ្នកស្គាល់ប្រាសាទនោះថា នៅក្នុងទិសខាងកើត ឬខាងត្បូង ខាងលិច ឬខាងជើង ជាប្រាសាទខ្ពស់ ទាប ឬយ៉ាង​កណ្តាល ដែរឬ។ បុរសនោះ ដែលគេសួរដូច្នេះហើយ ក៏ប្រាប់ថា មិនស្គាល់ទេ ពួកជន ក៏​សួរទៅបុរសនោះ យ៉ាងនេះទៀតថា នែបុរស​ដ៏ចំរើន អ្នកធ្វើ​ជណ្តើរ​បម្រុង​នឹងឡើង​ទៅ​កាន់​ប្រាសាទ​ ដែលខ្លួនមិនស្គាល់ មិនឃើញ បានដែរឬ។ បុរសនោះ លុះគេសួរដូច្នេះ​ហើយ ក៏ប្រាប់ថា​ បាទ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះថា ដូចម្តេច កាល​បើ​ហេតុ​​យ៉ាងនេះ មានហើយ សំដីរបស់បុរសនោះ មិនមែនជាអស្ចារ្យទេឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ សំដី​របស់បុរស​នោះ មិនជា​អស្ចារ្យ​ដោយ​ពិត​ទេ។ ម្នាលបោដ្ឋបាទ មានឧបមេយ្យ ដូចពួក​សមណព្រាហ្មណ៍ ដែលមានវាទៈ​យ៉ាងនេះ មានទិដ្ឋិយ៉ាងនេះថា ខ្លួនមានសេចក្តី​សុខ​តែម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តី​ស្លាប់ទៅ តថាគត ចូលទៅ​រក​ពួកសមណ​ព្រាហ្មណ៍ទាំងនោះ ហើយសួរយ៉ាងនេះថា ម្នាល​អ្នក​ទាំងឡាយដ៏មានអាយុ បានឮថា អ្នកទាំងឡាយមានវាទៈយ៉ាងនេះ មាន​ទិដ្ឋិ​យ៉ាង​នេះ​ថា ខ្លួនមានសេចក្តី​សុខ​តែ​ម្យ៉ាង មិនមានរោគ ខាងមុខបន្ទាប់អំពីសេចក្តី​ស្លាប់ទៅ ពិត​មែន​​ឬ។ សមណ​ព្រាហ្មណ៍​ទាំងនោះ កាលបើតថាគតសួរដូច្នេះហើយ ក៏​ប្តេជ្ញា​ថា ព្រះករុណា ព្រះអង្គ តថាគត ក៏សួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាងនេះទៀតថា ម្នាល​អ្នកទាំង​ឡាយ​ដ៏​មាន​អាយុ ចុះអ្នកទាំងឡាយបានដឹង បានឃើញថា លោកមាន​សេចក្តី​សុខ​តែ​ម្យ៉ាងដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះតថាគតសួរដូច្នេះ​ហើយ ក៏ឆ្លើយថា ទេ តថាគតសួរទៅសមណព្រាហ្មណ៍ទាំងនោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ ចាំបាននូវខ្លួន ដែលមាន​សេចក្តី​សុខ​តែ​មួយ​យ៉ាង អស់យប់មួយ​ ថ្ងៃមួយ ឬត្រឹមតែកន្លះយប់ កន្លះថ្ងៃ ដូច្នេះដែរឬ។ សមណ​ព្រាហ្មណ៍​ទាំងនោះ លុះតថាគតសួរដូច្នេះ​ហើយ ក៏ឆ្លើយថា ទេ តថាគត​ សួរ​ទៅ​សមណ​ព្រាហ្មណ៍​ទាំង​នោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នក​ទាំងឡាយស្គាល់ថា នេះជាមគ្គ នេះជាបដិបទា ប្រព្រឹត្តទៅ ដើម្បី​ធ្វើឲ្យជាក់​ច្បាស់ នូវ​លោក ដែលមាន​សេចក្តី​សុខ​តែមួយយ៉ាង ដែរឬ។ សមណព្រាហ្មណ៍ទាំងនោះ លុះ​តថាគត​សួរដូច្នេះ​ហើយ ក៏ឆ្លើយថា ទេ តថាគត សួរទៅសមណ​ព្រាហ្មណ៍​ទាំង​នោះ យ៉ាង​នេះទៀត​ថា ម្នាល​អ្នកទាំងឡាយដ៏មានអាយុ ចុះអ្នកទាំងឡាយ បាន​ឮ​សំឡេង របស់ពួកទេវតា ដែល​កើត​ក្នុង​លោក ដែលមាន​សេចក្តីសុខ​តែ​មួយ​យ៉ាង​ និយាយ​ប្រាប់​ថា ម្នាលគ្នាយើងទាំងឡាយ អ្នក​ទាំងឡាយ ចូរអ្នក​ប្រតិបត្តិ​ដោយល្អទៅ ម្នាលគ្នាយើងទាំង​ឡាយ ចូរអ្នកទាំង​ឡាយ ប្រតិបត្តិ​ដោយត្រង់ទៅ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​លោកដែល​មាន​សេចក្តី​សុខ​​តែមួយ​យ៉ាង ម្នាលគ្នាយើងទាំងឡាយ ព្រោះថា បើ​ពួកយើង ប្រតិបត្តិ​យ៉ាង​នេះ​ហើយ នឹងទៅ​កើត​ក្នុងលោក ដែលមានសេចក្តីសុខតែមួយយ៉ាង ដូច្នេះ​ដែរឬ។ សមណ​ព្រាហ្មណ៍​ទាំង​នោះ លុះតថាគត សួរដូច្នេះ​ហើយ ឆ្លើយថា ​ទេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់សេចក្តីនោះ​ថា ដូចម្តេច កាលបើហេតុយ៉ាងនេះ មានហើយ ភាសិតរបស់សមណព្រាហ្មណ៍ទាំងនោះ មិនជាអស្ចារ្យទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះ មានហើយ ភាសិត​របស់​សមណ​ព្រាហ្មណ៍​ទាំង​នោះ មិនជាអស្ចារ្យដោយពិតទេ។

[១០៤] ម្នាលបោដ្ឋបាទ ការបាននូវអត្តភាពនេះ មាន៣យ៉ាង គឺ បាននូវ​ឱឡារិក​អត្តភាព24) (អត្តភាពគ្រោតគ្រាត)១ បាននូវ​មនោមយអត្តភាព25) (អត្តភាពសម្រេច​អំពីចិត្ត)១ បាននូវ​អរូប​អត្តភាព26) (អត្តភាពគ្មានរូប)១។ ម្នាលបោដ្ឋបាទ ចុះការបាននូវ ឱឡារិកអត្តភាព តើដូចម្តេច។ កាយដែលមានរូប ប្រកបដោយ​មហាភូតរូប​៤ មានកវលីការាហារជាចំណី នេះឈ្មោះថា ការបាននូវ ឱឡារិកអត្តភាព។ ការបាននូវ មនោមយអត្តភាព តើដូចម្តេច។ កាយដែលមានរូបសម្រេច​ហើយដោយចិត្ត មាន​អវយវៈតូចធំគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប នេះឈ្មោះថា ការបាននូវ​មនោមយ​អត្តភាព។ ការបាននូវ អរូបអត្តភាព តើដូចម្តេច។ សត្វដែលមិនមានរូប សម្រេចហើយ​ដោយ​សញ្ញា នេះឈ្មោះថា ការបាននូវអរូបអត្តភាព។

[១០៥] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាន​ឱឡារិក​អត្តភាពចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌27) ទាំងឡាយ ពួកអ្នកនឹងលះបង់បាន វោទានិយធម៌28) ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នកទាំងឡាយ នឹង​ធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈ​ពេញលេញ និង​ភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្តឥរិយាបថនៅ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះ​យ៉ាងនេះថា សង្កិលេសិកធម៌​ទាំងឡាយ បុគ្គលនឹងលះបង់​បាន វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងបាន បុគ្គលនឹង​ធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈ​ពេញលេញ និង​ភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្តឥរិយាបថនៅ តែការសម្រេច​ឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក។ ម្នាលបោដ្ឋបាទ អ្នក​មិនគួរ​យល់ឃើញ​ដំណើរនុ៎ះ យ៉ាងនេះឡើយ។ សង្កិលេសិកធម៌​ទាំងឡាយ នឹងសាបសូន្យទៅ​ផង វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងផង បុគ្គលនឹងធ្វើឲ្យជាក់ច្បាស់ ដោយ​បញ្ញាដ៏ឧត្តម ដោយខ្លួនឯង នឹងបានដល់នូវភាវៈ​ពេញលេញ និង​ភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្តឥរិយាបថ ឯបាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេចឥរិយាបថនៅជាសុខ ក៏នឹង​កើតមានឡើង។

[១០៦] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បីឲ្យលះបង់នូវការបាននូវ​មនោមយអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយ ប្រតិបត្តិតាមហើយ សង្កិលេសិកធម៌​ទាំងឡាយនឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹង​ចំរើនដុះដាលឡើង អ្នក​ទាំង​ឡាយ នឹងបានធ្វើឲ្យជាក់ច្បាស់ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់​នូវ​ភាវៈ​ពេញ​​លេញនឹងភាវៈធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្ត​ឥរិយាបថ។ ម្នាលបោដ្ឋបាទ ប្រសិនបើអ្នកមានសេចក្តីត្រិះរិះយ៉ាងនេះថា សង្កិលេសិក​ធម៌ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង បុគ្គល​នឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈ​ពេញ​លេញ និងភាវៈ​ធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេច​សម្រាន្ត​ឥរិយាបថ តែការសម្រេច​ឥរិយាបថនៅ រមែងនាំមកនូវសេចក្តីលំបាក។ ម្នាល​បោដ្ឋបាទ អ្នក​មិនគួរយល់ឃើញដំណើរនុ៎ះ យ៉ាងនេះឡើយ។ សង្កិលេសិកធម៌ទាំងឡាយ នឹង​សាបសូន្យទៅផង វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើងផង (សេចក្តី​បំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ ការសម្រេច​ឥរិយាបថនៅជាសុខ ក៏កើត​មាន​ឡើង។

[១០៧] ម្នាលបោដ្ឋបាទ តថាគតសំដែងធម៌ ដើម្បី​ឲ្យលះបង់នូវការ​បាននូវ​អរូបអត្តភាពនោះចេញ កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌​ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នក​ទាំងឡាយនឹងធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង នឹងបានដល់នូវ​ភាវៈ​ពេញលេញ និងភាវៈ​ធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេច​ឥរិយា​បថនៅ។ (សេចក្តីបំប្រួញ) បាមោជ្ជៈ បីតិ បស្សទ្ធិ សតិ សម្បជញ្ញៈ និងការសម្រេច​ឥរិយាបថ នៅជាសុខ ក៏កើតមានឡើង។

[១០៨] ម្នាលបោដ្ឋបាទ ប្រសិនបើពួក​ជនដទៃ សួរយើងយ៉ាងនេះថា ម្នាលអាវុសោ អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នកទាំងឡាយប្រតិបត្តិតាមហើយ សង្កិលេសិកធម៌​ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នក​ទាំងឡាយ​នឹងធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួន​ឯង នឹងបានដល់នូវ​ភាវៈ​ពេញលេញ និងភាវៈ​ធំទូលាយ នៃមគ្គបញ្ញា និងផលបញ្ញាក្នុងបច្ចុប្បន្ន សម្រេច​ឥរិយា​បថនៅ ដូច្នេះ ដើម្បីលះបង់នូវ​ការបានឱឡារិកអត្តភាពណា ការ​បាននូវ​ឱឡារិកអត្តភាព​នោះ តើដូចម្តេច។ យើង កាលបើពួកជនទាំងនោះ សួរយ៉ាងនេះហើយ គប្បីព្យាករយ៉ាង​នេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងសំដែង​ធម៌ថា កាលបើអ្នក​ទាំងឡាយ​ ប្រតិបត្តិ​តាម​ហើយ សង្កិលេសិកធម៌​ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹងចំរើនដុះដាលឡើង អ្នក​ទាំងឡាយ​ នឹងធ្វើ​ឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយ​ខ្លួន​​ឯង នឹងបានដល់នូវ​ភាវៈ​ពេញលេញ និងភាវៈ​ធំទូលាយ នៃមគ្គបញ្ញា និង​ផល​បញ្ញា​ក្នុង​បច្ចុប្បន្ន សម្រេច​ឥរិយា​បថនៅ ដូច្នេះ ដើម្បីលះបង់នូវ​ការបានឱឡារិកអត្តភាពណា ការ​បាននូវ​ឱឡារិកអត្តភាព​នោះ គឺអត្តភាពប្រកបដោយមហាភូតរូប៤ នេះឯង។

[១០៩] ម្នាលបោដ្ឋបាទ ប្រសិនបើពួកជនដទៃសួរពួកយើងយ៉ាងនេះថា ម្នាល​អ្នក​ទាំងឡាយមានអាយុ ចុះការបាននូវមនោមយអត្តភាពនោះ តើដូចម្តេច។ (សេចក្តី​បំប្រួញ​ដូចគ្នានឹងន័យមុននោះដែរ) អ្នកទាំងឡាយសំដែងធម៌ថា កាលបើអ្នក​ទាំងឡាយ ប្រតិបត្តិ​តាម​ហើយ សង្កិលេសិកធម៌​ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌ទាំងឡាយ នឹង​ចំរើន​ដុះដាលឡើង។បេ។ នឹងសម្រេច​ឥរិយា​បថនៅ ដូច្នេះ ដើម្បីលះបង់នូវការបាន​នូវអរូបអត្តភាព​ណា ការ​បាននូវ​អរូបអត្តភាព​នោះ តើដូចម្តេច។ ម្នាលបោដ្ឋបាទ អ្នកសំគាល់​សេចក្តីនោះ​ថា ដូចម្តេច កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់តថាគត) ប្រកបដោយ​សេចក្តី​អស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិត (របស់​ព្រះអង្គ) ប្រកបដោយ​សេចក្តី​អស្ចារ្យដោយពិត។

[១១០] ម្នាលបោដ្ឋបាទ ប្រៀបដូចបុរស​ធ្វើជណ្តើរ បម្រុងនឹងឡើងកាន់​ប្រាសាទ ដាក់​ខាងក្រោមប្រាសាទនោះឯង ពួកជនសួរបុរសនោះ យ៉ាងនេះថា ម្នាលបុរសដ៏ចំរើន អ្នកធ្វើជណ្តើរបម្រុង​នឹងឡើងកាន់ប្រាសាទណា អ្នកស្គាល់​ប្រាសាទនោះថា នៅក្នុង​ទិស​ខាងកើត ឬទិសខាងត្បូង ទិសខាងលិច ឬទិសខាងជើង ជាប្រាសាទ​ខ្ពស់ទាប ឬយ៉ាង​កណ្តាល ដូច្នេះដែរឬ។ បើបុរសនោះប្រាប់ពួកជនយ៉ាងនេះថា ម្នាលអ្នកទាំងឡាយ​ដ៏​មានអាយុ ខ្ញុំធ្វើជណ្តើរបម្រុងនឹងឡើងកាន់ប្រាសាទណា ដាក់ខាងក្រោមប្រាសាទ​នោះឯង។ ម្នាលបោដ្ឋបាទ អ្នកសំគាល់ នូវសេចក្តីនោះ​ថា ដូចម្តេច កាល​បើ​ហេតុ​យ៉ាង​នេះ​មាន​ហើយ សំដីរបស់បុរសនោះ ប្រកបដោយសេចក្តីអស្ចារ្យដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលបើហេតុយ៉ាងនេះមានហើយ សំដីរបស់បុរសនោះ ប្រកប​ដោយ​​សេចក្តី​អស្ចារ្យដោយពិត។ ម្នាលបោដ្ឋបាទ បើពួកដទៃសួរពួកយើងយ៉ាង​នេះថា ម្នាលអ្នកទាំងឡាយមានអាយុ ចុះការបាននូវឱឡារិកអត្តភាពនោះ តើដូចម្តេច។បេ។ ម្នាល​អ្នកទាំងឡាយមានអាយុ ចុះការបាននូវ​មនោមយអត្តភាពនោះ​តើដូចម្តេច។ ម្នាលអ្នក​ទាំងឡាយមានអាយុ អ្នកទាំងឡាយសំដែង​ធម៌ថា កាលបើអ្នក​ទាំងឡាយ ប្រតិបត្តិ​តាម​ហើយ សង្កិលេសិកធម៌​ទាំងឡាយ នឹងសាបសូន្យទៅ វោទានិយធម៌​ទាំងឡាយ នឹង​ចំរើន​ដុះដាលឡើង អ្នកទាំងឡាយនឹងធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញា​ដ៏ឧត្តមដោយខ្លួនឯង នឹងបានដល់នូវភាវៈ​ពេញលេញ និងភាវៈធំទូលាយ នៃមគ្គ​បញ្ញា និងផលបញ្ញា ក្នុងបច្ចុប្បន្ន សម្រេច​ឥរិយាបថ នៅដូច្នេះ ដើម្បីលះបង់នូវការបាន​នូវ​អរូបអត្តភាពណា ការបាននូវអរូបអត្តភាពនោះ តើដូចម្តេច។ យើង កាលដែលជនទាំងនោះ សួរយ៉ាងនេះហើយ គប្បី​ព្យាករយ៉ាងនេះថា ម្នាល​អ្នកទាំង​ឡាយ​មានអាយុ ការបាននូវអរូបអត្តភាពនោះ គឺសត្វដែលមិនមានរូប សម្រេចដោយសញ្ញានេះ​ឯង។បេ។ ម្នាលបោដ្ឋបាទ អ្នកសំគាល់​នូវសេចក្តីនេះថា ដូចម្តេច កាលបើ​ហេតុ​យ៉ាង​នេះ​មានហើយ ភាសិត (របស់តថាគត) ប្រកបដោយ​សេចក្តី​អស្ចារ្យដែរឬ។ បពិត្រ​ព្រះអង្គ​ដ៏​ចំរើន កាលបើហេតុយ៉ាងនេះមានហើយ ភាសិតរបស់​ព្រះអង្គ ប្រកបដោយ​សេចក្តី​អស្ចារ្យ​ដោយពិត។

[១១១] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ចិត្តហត្ថិសារីបុត្ត ក៏​ក្រាបទូលសួរចំពោះ​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ការបាន​នូវ​ឱឡារិកអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវមនោមយ​អត្តភាព ការបាននូវ​អរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ គឺខានបាន ក្នុង​សម័យ​នោះ បានត្រឹមតែ​ឱឡារិកអត្តភាព​ប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចំរើន ការបាន​នូវ​មនោមយអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិក​អត្តភាព ការបាននូវ​អរូបអត្តភាពរបស់សត្វនោះ ក៏ទទេសោះសូន្យ ក្នុង​សម័យ​នោះ បានត្រឹមតែ​មនោមយអត្តភាព​ប៉ុណ្ណោះឬ បពិត្រព្រះអង្គដ៏ចំរើន ការបាន​នូវ​អរូបអត្តភាពក្នុងសម័យណា (របស់សត្វណា) សម័យនោះ ការបាននូវឱឡារិកអត្តភាព ការបាននូវមនោមយអត្តភាពរបស់សត្វនោះ ទទេសោះសូន្យ ក្នុង​សម័យ​នោះ បានត្រឹម​តែ​​អរូបអត្តភាព​ប៉ុណ្ណោះឬ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលចិត្តៈ ការបាននូវ​ ​ឱឡារិកអត្តភាព ក្នុងសម័យណា សម័យនោះ រមែង​មិនដល់នូវការរាប់ថា បាននូវមនោមយ​អត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវ​អរូបអត្តភាព ក្នុង​សម័យ​នោះ ដល់នូវការរាប់ថា បានត្រឹមតែ​ឱឡារិកអត្តភាព​ប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ​ ​មនោមយអត្តភាព ក្នុងសម័យណា សម័យនោះ រមែង​មិនដល់នូវការរាប់ថា បាននូវ​ឱឡារិក​អត្តភាព ទាំងមិនដល់នូវការរាប់ថា បាននូវ​អរូបអត្តភាព ក្នុង​សម័យ​នោះ ដល់​នូវការរាប់ថា បានត្រឹមតែ​មនោមយអត្តភាព​ប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ​ ​អរូបអត្តភាព ក្នុងសម័យណា សម័យនោះ រមែង​មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព ទាំង​មិន​ដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុង​សម័យ​នោះ ដល់នូវការរាប់ថា បានត្រឹមតែអរូបអត្តភាព​ប៉ុណ្ណោះ។

[១១២] ម្នាលចិត្តៈ បើជនទាំងឡាយសួរអ្នកយ៉ាងនេះថា អ្នកធ្លាប់កើតក្នុងអតីត​កាល អ្នកមិនមែនជាមិនធ្លាប់កើតទេ អ្នកនឹងកើត​ក្នុងអនាគតកាល អ្នកមិនមែន​ជាមិន​កើតទេ អ្នកកើតក្នុងកាលឥឡូវនេះ អ្នកមិនមែន​ជាមិនកើតទេឬ។ ម្នាលចិត្តៈ កាលបើគេ​សួរ​យ៉ាងនេះហើយ អ្នកគប្បីដោះស្រាយ​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើជន​ទាំងឡាយ​ សួរខ្ញុំព្រះអង្គយ៉ាងនេះថា អ្នកធ្លាប់​កើតក្នុងអតីតកាល អ្នកមិនមែន​ជា​មិន​ធ្លាប់​កើត​ទេ អ្នកនឹងកើត​ក្នុងអនាគតកាល អ្នកមិនមែន​ជានឹងមិន​កើតទេ អ្នកកើតក្នុង​កាល​ឥឡូវ​នេះ អ្នកមិនមែន​ជាមិនកើតទេឬ បពិត្រព្រះអង្គដ៏ចំរើន កាលបើគេ​សួរ​យ៉ាងនេះ​ហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​យ៉ាងនេះថា ខ្ញុំធ្លាប់កើតក្នុងអតីតកាល ខ្ញុំ​មិនមែន​ជា​មិន​ធ្លាប់កើតទេ ខ្ញុំនឹងកើត​ក្នុងអនាគតកាល ខ្ញុំមិនមែន​ជានឹងមិន​កើតទេ ខ្ញុំកើតក្នុងកាលឥឡូវនេះ ខ្ញុំមិនមែន​ជាមិនកើតទេ បពិត្រព្រះអង្គដ៏ចំរើន កាលបើ​គេ​សួរ​យ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយយ៉ាងនេះឯង។

[១១៣] ម្នាលចិត្តៈ បើជនទាំងឡាយ សួរអ្នកយ៉ាងនេះថា ការបាននូវ​អតីត​អត្តភាព​ណា របស់អ្នក ការបាននូវអត្តភាពនោះ​ របស់អ្នក ជាសភាវៈពិត ចំណែក​អនាគត​ និងបច្ចុប្បន្ន ជាការសូន្យទទេ ការបាននូវអនាគត​អត្តភាព​ណា របស់អ្នក ការបាននូវអត្តភាពនោះ​ របស់អ្នក ជាសភាវៈពិត ចំណែកអតីត​ និងបច្ចុប្បន្ន ជាការ​សោះសូន្យទទេ ការបាននូវ​បច្ចុប្បន្ន​អត្តភាព​ណា របស់អ្នកក្នុងកាលឥឡូវនេះ ការ​បាន​នូវ​អត្តភាព​នោះ​ របស់អ្នក ជាសភាវៈពិត ឯអតីត និង​អនាគត​ ជាការសោះសូន្យទទេឬ ម្នាលចិត្តៈ កាលដែលគេ​សួរ​យ៉ាងនេះហើយ តើអ្នកគប្បីដោះស្រាយ​ដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បើជន​ទាំងឡាយ​ សួរខ្ញុំព្រះអង្គយ៉ាងនេះថា ការបាន​នូវ​អតីត​អត្តភាព​ណា របស់អ្នក ការបាននូវអត្តភាពនោះ​ របស់អ្នក ជាសភាវៈពិត ចំណែក​អនាគត​ និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគត​អត្តភាព​ណា របស់អ្នក ការបាននូវអត្តភាពនោះ​ របស់អ្នក ជាសភាវៈពិត ចំណែកអតីត​ និងបច្ចុប្បន្ន ជាការ​សោះ​សូន្យ​ទទេ ការបាននូវ​បច្ចុប្បន្ន​អត្តភាព​ណា របស់អ្នក ក្នុងកាលឥឡូវនេះ ការ​បាន​នូវ​អត្តភាព​នោះ​ របស់អ្នក ជាសភាវៈពិត ឯអតីត និង​អនាគត​ ជាការសោះសូន្យទទេឬ។ បពិត្រព្រះអង្គដ៏ចំរើន កាលដែលគេ​សួរ​យ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​យ៉ាងនេះថា ការបាន​នូវ​អតីត​អត្តភាព​ណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ​ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែក​អនាគត​ និងបច្ចុប្បន្ន ជាការសោះសូន្យទទេ ការបាននូវអនាគត​អត្តភាព​ណា របស់ខ្ញុំ ការបាននូវអត្តភាពនោះ​ របស់ខ្ញុំ ជាសភាវៈពិត ក្នុងសម័យនោះ ចំណែកអតីត​ និងបច្ចុប្បន្ន ជាការ​សោះសូន្យទទេ ការបាននូវ​បច្ចុប្បន្ន​អត្តភាព​ណា របស់ខ្ញុំ ក្នុងកាលឥឡូវនេះ ការ​បាន​នូវ​អត្តភាព​នោះ​ របស់ខ្ញុំ ជាសភាវៈពិត ឯអតីត និង​អនាគត​ ជាការសោះសូន្យទទេ បពិត្រព្រះអង្គដ៏ចំរើន កាលដែលគេ​សួរ​យ៉ាងនេះហើយ ខ្ញុំព្រះអង្គ គប្បីដោះស្រាយ​យ៉ាងនេះឯង។

[១១៤] ម្នាលចិត្តៈ យ៉ាងនោះឯងហើយ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យ​ណា សម័យនោះ មិនដល់​នូវការរាប់ថា បាននូវ​មនោមយអត្តភាព ទាំង​មិន​ដល់​នូវ​ការ​រាប់​ថា បាននូវ​អរូបអត្តភាព ក្នុង​សម័យ​នោះ ដល់នូវការរាប់ថា បានត្រឹមតែ​ឱឡារិក​អត្តភាព​​ប៉ុណ្ណោះ ម្នាលចិត្តៈ ការបាននូវ​ ​មនោមយអត្តភាព។បេ។ ម្នាលចិត្តៈ ការបាននូវ​ ​អរូបអត្តភាព ក្នុងសម័យណា សម័យនោះ ក៏​មិនដល់នូវការរាប់ថា បាននូវ​ឱឡារិក​អត្តភាព ទាំង​មិន​ដល់នូវការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុង​សម័យ​នោះ ដល់​នូវ​ការ​រាប់ថា បានត្រឹមតែអរូបអត្តភាព​ប៉ុណ្ណោះ។ ម្នាលចិត្តៈ ប្រៀបដូច​ទឹកដោះស្រស់ (កើត) អំពីមេគោ ទឹកដោះជូរ (កើត) អំពីទឹកដោះស្រស់ ទឹកដោះខាប់ (កើត) អំពីទឹក​ដោះជូរ ទឹកដោះរាវ (កើត) អំពីទឹកដោះខាប់ ទឹកដោះថ្លា (កើត) អំពីទឹក​ដោះរាវ ទឹក​ដោះ​ស្រស់ មានក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា ទឹកដោះជូរ មិនដល់នូវ​ការរាប់ថា ទឹកដោះខាប់ មិនដល់នូវ​ការរាប់ថា ទឹកដោះរាវ មិនដល់នូវ​ការរាប់ថា ទឹកដោះថ្លា ដល់នូវ​ការរាប់ថា ត្រឹមតែទឹកដោះ​ស្រស់ប៉ុណ្ណោះ។ សម័យណា ជា​ទឹក​ដោះជូរ។ ជាទឹកដោះខាប់។ ជាទឹកដោះ​រាវ។ ជាទឹកដោះថ្លា សម័យនោះ មិនដល់នូវ​ការរាប់ថា ទឹកដោះស្រស់ មិនដល់នូវ​ការរាប់ថា ទឹកដោះជូរ មិនដល់នូវ​ការរាប់ថា ទឹកដោះខាប់ មិនដល់នូវ​ការរាប់ថា ទឹកដោះរាវ ក្នុងសម័យនោះ ដល់នូវ​ការរាប់ ត្រឹមតែថាទឹកដោះថ្លាប៉ុណ្ណោះ។ ម្នាលចិត្តៈ ការបាននូវឱឡារិកអត្តភាព ក្នុងសម័យ​ណា សម័យនោះ មិនដល់​នូវការរាប់ថា បាននូវ​មនោមយអត្តភាព ​មិន​ដល់​នូវ​ការ​រាប់​ថា បាននូវ​អរូបអត្តភាពទេ ក្នុង​សម័យ​នោះ ដល់នូវការរាប់ថា បានត្រឹមតែ​ឱឡារិក​អត្តភាព​​ប៉ុណ្ណោះ។ ម្នាលចិត្តៈ ការបាននូវ​ ​មនោមយអត្តភាព។បេ។ ការបាននូវអរូបអត្តភាព ក្នុងសម័យណា សម័យនោះ មិនដល់នូវការរាប់ថា បាននូវឱឡារិកអត្តភាព មិនដល់នូវ​ការរាប់ថា បាននូវមនោមយអត្តភាពទេ ក្នុងសម័យនោះ ដល់​នូវ​ការ​រាប់ថា បានត្រឹមតែអរូបអត្តភាព​ប៉ុណ្ណោះ ក៏យ៉ាងនោះឯង។ ម្នាលចិត្តៈ សំដីទាំងនេះឯង ជា​ឈ្មោះ​សម្រាប់លោក ជាភាសា​សម្រាប់លោក ជាវោហារ​របស់លោក ជាបញ្ញត្តិក្នុង​លោក តថាគត រមែង​ពោលដែរ តែមិនប៉ះពាល់​ដោយសេចក្តីប្រកាន់ទេ។

[១១៥] កាលបើព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ បោដ្ឋបាទបរិព្វាជក ក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់។បេ។ សូមព្រះមានព្រះភាគ ទ្រង់ចាំទុកនូវខ្ញុំព្រះអង្គ​ថា ជាឧបាសក អ្នកដល់សរណៈ ស្មើដោយជីវិត ចាប់ដើមតាំងពី​ថ្ងៃនេះ​ទៅ។ ចំណែកខាង​ចិត្តហត្ថិសារីបុត្ត ក្រាបទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអង្គដ៏ចំរើន ប្រៀប​ដូច​គេបើកនូវ​របស់ដែល​កំបាំង។បេ។ ទ្រោលបំភ្លឺប្រទីប ដោយគិតថា មនុស្ស​មានភ្នែក​ភ្លឺ នឹងឃើញរូបទាំងឡាយបាន ធម៌ដែលព្រះមានព្រះភាគ ទ្រង់ប្រកាស​ ដោយអនេក​បរិយាយ ក៏យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ សូមដល់នូវ​ព្រះមានព្រះភាគ​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ គួរ​បាន​បព្វជ្ជា គួរបានឧបសម្បទា ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ។ ចិត្តហត្ថិសារីបុត្ត ក៏​បាន​នូវ​បព្វជ្ជា បាននូវឧបសម្បទា ក្នុងសំណាក់នៃ​ព្រះមានព្រះភាគ។ ចិត្តហត្ថិសារីបុត្តដ៏​មានអាយុ បានឧបសម្បទា មិនយូរប៉ុន្មាន ក៏ដោះខ្លួន ចេញចាកពួក ជាបុគ្គល​តែម្នាក់​ឯង ឥតមានសេចក្តីប្រមាទឡើយ ព្យាយាមដុតកិលេស បញ្ជូនចិត្ត​ឲ្យបែរ​ទៅកាន់​ (ព្រះនិព្វាន) ពួក​កុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួសដោយប្រពៃ ដើម្បី​អនុត្តរធម៌ណា ក៏​បានធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង នូវអនុត្តរធម៌នោះ ជាទីបំផុត នៃ​មគ្គព្រហ្មចរិយៈ ក្នុងបច្ចុប្បន្ន មិនយូរប៉ុន្មាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ​ទាំង​៤ បានដឹងច្បាស់ថា ជាតិរបស់អាត្មាអញ អស់ហើយ មគ្គព្រហ្មចរិយធម៌ អាត្មាអញ ក៏​បាន​អប់រំហើយ សោឡសកិច្ច អាត្មាអញ ក៏បានធ្វើ​រួចហើយ កិច្ចដទៃក្រៅពីនេះទៅទៀត គ្មាន​ឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះចិត្តហត្ថិសារីបុត្តមានអាយុ ជាព្រះអរហន្ត​មួយអង្គដែរ។

ចប់ បោដ្ឋបាទសូត្រ ទី៩។

សុភសូត្រ ទី១០

(១០. សុភសុត្តំ)

[១១៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ កាលព្រះមានព្រះភាគ ទ្រង់បរិនិព្វានទៅហើយ មិនទាន់យូរប៉ុន្មាន29) ព្រះអានន្ទមានអាយុ គង់នៅក្នុងជេតវនារាម របស់អនាថបិណ្ឌិក​គហបតី ជិតក្រុងសាវត្ថី។

[១១៧] សម័យនោះឯង សុភមាណព ជាកូននៃតោទេយ្យព្រាហ្មណ៍ នៅអាស្រ័យ​ក្នុងក្រុងសាវត្ថី ដោយកិច្ចឯណានីមួយ។ លំដាប់នោះ សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ហៅមាណពម្នាក់មកថា ម្នាលមាណព ឯងចូរ​មកនេះ ឯង​ចូរទៅរកព្រះសមណៈ ឈ្មោះអានន្ទ លុះចូលទៅដល់ហើយ ចូរសួរនូវ​អាការ​មានអាពាធ​តិច មានរោគតិច ក្រោកទៅមកបានរហ័សរហួន មានកម្លាំង នៅជាសុខសប្បាយ នឹង​ព្រះសមណៈ ឈ្មោះអានន្ទ តាមពាក្យរបស់អញថា សុភមាណព ជាកូន​តោទេយ្យ​ព្រាហ្មណ៍ ផ្តាំឲ្យសួរនូវអាការ​មានអាពាធ​តិច មានរោគតិច ក្រោកទៅមក បានរហ័ស​រហួន និងកម្លាំង និងអាការនៅជាសុខសប្បាយ ចំពោះព្រះអានន្ទដ៏ចំរើន រួចហើយ ឯង​ចូរ​និមន្តថា សូមព្រះអានន្ទជាម្ចាស់ អាស្រ័យ​នូវ​សេចក្តីអនុគ្រោះ និមន្តមកកាន់​ទីលំនៅ​របស់​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍​ឲ្យទាន។ មាណពនោះ ទទួលពាក្យ​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ថា បាទ​ អ្នកម្ចាស់ ហើយក៏ចូលទៅ​រក​ព្រះអានន្ទ​មានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យ​រាក់​ទាក់ សំណេះសំណាល ទៅនឹង​ព្រះអានន្ទ​មានអាយុ លុះបញ្ចប់ពាក្យដែលគួរ​រីករាយ និងពាក្យដែលគួររលឹកហើយ អង្គុយក្នុងទីដ៏សមគួរ។ លុះមាណពនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានទូលស្នើ​សេចក្តី​នេះ នឹងព្រះអានន្ទមានអាយុថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ សួរ​នូវ​អាការមិនមានអាពាធ មិនមានរោគ ក្រោ​កទៅមកបានរហ័សរហួន កម្លាំង និងអាការ​នៅ​ជា​សុខសប្បាយ ចំពោះ​ព្រះអានន្ទ​ជាម្ចាស់ រួចហើយឲ្យនិមន្តយ៉ាងនេះថា សូមព្រះអានន្ទ​ដ៏​ចំរើន អាស្រ័យ​នូវសេចក្តី​អនុគ្រោះ និមន្តទៅកាន់លំនៅរបស់សុភមាណព ជាកូន​តោទេយ្យ​ព្រាហ្មណ៍ឲ្យទាន។

[១១៨] កាលមាណព ពោលពាក្យយ៉ាងនេះហើយ ព្រះអានន្ទមានអាយុ ក៏មាន​ថេរវាចា​ដូច្នេះ ទៅនឹងមាណពនោះថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិត​ថ្ងៃ​នេះ យើងបានឆាន់ថ្នាំខ្លះទៅហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យ​សិន ហើយសឹមទៅក្នុងថ្ងៃស្អែក។ មាណពនោះ ទទួលពាក្យព្រះអានន្ទមានអាយុថា ករុណា​​លោកម្ចាស់ ហើយក្រោកចាកអាសនៈ ចូលទៅរក​សុភមាណព ជាកូនតោទេយ្យ​ព្រាហ្មណ៍ លុះចូលទៅដល់ហើយ បានពោលពាក្យនេះ នឹងសុភមាណព ជាកូន​តោទេយ្យ​ព្រាហ្មណ៍ថា ខ្ញុំបាននិយាយនឹងព្រះអានន្ទដ៏ចំរើននោះ តាមពាក្យ​របស់​អ្នករួច​ហើយ​ថា សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍សូរនូវអាការមិនមានអាពាធ មិនមាន​រោគ ក្រោកទៅមកបានរហ័សរហួន និងកំឡាំង និងអាការ​នៅជាសុខសប្បាយ ចំពោះ​ព្រះអានន្ទដ៏ចំរើន ហើយនិមន្តយ៉ាងនេះថា សូម​ព្រះអានន្ទដ៏ចំរើន អាស្រ័យ​នូវ​សេចក្តី​អនុគ្រោះ និមន្តទៅកាន់លំនៅ​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ឲ្យទាន បពិត្រ​អ្នក​ម្ចាស់ កាលដែលខ្ញុំ​ពោលយ៉ាងនេះហើយ ព្រះសមណៈអានន្ទ បានពោល​ពាក្យនេះ​ នឹង​ខ្ញុំ​ថា ម្នាលមាណព កាលនេះមិនគួរ (នឹងទៅទេ) ដ្បិត​ថ្ងៃ​នេះ យើង​បាន​ឆាន់​ថ្នាំខ្លះទៅ​ហើយ បើដូច្នោះ ចាំយើងពិចារណា នូវកាល និងសម័យ​សិន ហើយ​សឹម​ទៅ​ក្នុងថ្ងៃស្អែក បពិត្រអ្នកម្ចាស់ ព្រះអានន្ទដ៏ចំរើននោះ បានធ្វើឱកាស ដើម្បីនិមន្ត​មកឆាន់​ក្នុងថ្ងៃស្អែក ដោយកិច្ចណា កិច្ចនេះ ខ្ញុំបានធ្វើសម្រេចហើយ ដោយ​ហេតុមានប្រមាណ​ប៉ុណ្ណេះ។

[១១៩] លុះកន្លងរាត្រីនោះហើយ ព្រះអានន្ទមានអាយុ ទ្រង់ស្បង់ និងបាត្រ ចីវរ ក្នុង​បុព្វណ្ហសម័យ មានភិក្ខុ១រូប ឈ្មោះចេតកៈ ជាបច្ឆាសមណៈ ក៏ចូលសំដៅ​ទៅត្រង់​ទី​លំនៅ របស់​​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ លុះចូលទៅដល់ហើយ ក៏គង់លើ​អាសនៈ ដែលគេក្រាលបម្រុងទុក។ លំដាប់នោះ ​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យរាក់ទាក់ សំណេះ​សំណាល នឹងព្រះអានន្ទមានអាយុ លុះបញ្ចប់នូវពាក្យដែលគួររីករាយ និងពាក្យដែល​គួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះ​​សុភមាណព ជាកូនតោទេយ្យព្រាហ្មណ៍ អង្គុយ​ក្នុងទីដ៏សមគួរហើយ។ បានទូលស្នើរឿងនេះ នឹងព្រះអានន្ទមានអាយុថា ព្រះអានន្ទ​ដ៏ចំរើន ជាឧបដ្ឋាក ជាអ្នកនៅជិតដិត ជាអ្នកបម្រើជិត នៃព្រះគោតមដ៏​ចំរើន​នោះ អស់កាល​ជាអង្វែង ព្រះអានន្ទដ៏ចំរើន គួរនឹង​ដឹងរឿង​នុ៎ះ ព្រះគោតមដ៏ចំរើននោះ បានពោលសរសើរធម៌ទាំងឡាយណា ទាំងណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន​ក្នុងធម៌ទាំងឡាយណា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះគោតមដ៏ចំរើននោះ បានពោល​សរសើរធម៌ទាំងឡាយនោះ ដូចម្តេចខ្លះ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យ​ប្រតិស្ឋាន ក្នុងធម៌ដូចម្តេចខ្លះ។ ព្រះអានន្ទតបថា ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គបានពោលសរសើរ​ខន្ធ៣យ៉ាង ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យ​ប្រតិស្ឋាន ក្នុងខន្ធទាំង៣យ៉ាងនុ៎ះ ខន្ធទាំង៣យ៉ាងនោះ តើដូចម្តេចខ្លះ គឺអរិយ​សីលក្ខន្ធ​១ អរិយសមាធិក្ខន្ធ១ អរិយបញ្ញាខន្ធ១ ម្នាលមាណព ព្រះមានព្រះភាគនោះ ព្រះអង្គ​បាន​ពោល​សរសើខន្ធទាំង៣យ៉ាងនេះឯង ទាំងបាន​ណែនាំ​ប្រជុំជននេះ ឲ្យតាំងនៅ ឲ្យ​ប្រតិស្ឋាន ក្នុងខន្ធទាំង៣យ៉ាងនេះ។

[១២០] សុភមាណពទូលសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះអរិយសីលក្ខន្ធ ដែល​ព្រះគោតមដ៏ចំរើននោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យ​តាំង​នៅ ឲ្យប្រតិស្ឋាននោះ តើដូចម្តេច។ ព្រះអានន្ទតបថា ម្នាលមាណព ព្រះតថាគត​កើត​ឡើងក្នុងលោកនេះ បានជាអរហន្ត សម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ។បេ។ ព្រះអង្គញុំាងលោកនេះ ព្រមទាំងទេវលោក មារលោក។បេ។ ព្រះអង្គ ទ្រង់ប្រកាសព្រហ្ម​ចរិយធម៌ដ៏បរិសុទ្ធ។ គហបតីក្តី កូនរបស់គហបតីក្តី ឬបុគ្គល កើតក្នុងត្រកូលឯណានីមួយ ជាខាងក្រោយក្តី ស្តាប់នូវ​ធម៌នោះ លុះបុគ្គលនោះ ស្តាប់នូវធម៌​នោះហើយ រមែង​បាននូវ​សទ្ធា ក្នុងព្រះតថាគត លុះបុគ្គលនោះ ប្រកបដោយការបាននូវសទ្ធានេះហើយ រមែង​ពិចារណាឃើញច្បាស់ថា ឃរាវាសចង្អៀតចង្អល់ ជាផ្លូវ​ហូរមកនៃធូលី គឺកិលេស បព្វជ្ជា ទើប​មានឱកាសទំនេរ បុគ្គលដែលនៅ​ជាគ្រហស្ថ គ្រប់គ្រងផ្ទះ មិនងាយនឹងប្រព្រឹត្ត​ព្រហ្ម​ចរិយធម៌ ឲ្យបរិបូណ៌ ពេញលេញ ឲ្យបរិសុទ្ធពេញលេញ ដូចស័ង្ខដែលគេខាត់ហើយ​នោះ​ទេ បើដូច្នោះ មានតែអាត្មាអញ កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀក​ដណ្តប់​នូវសំពត់​ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូលទៅកាន់ផ្នួស។ លុះ​កាល​ជាខាងក្រោយមក បុគ្គលនោះ លះបង់គំនរភោគៈតិចក្តី លះបង់​គំនរ​ភោគៈ​ច្រើន​ក្តី លះបង់នូវ​ញាតិវង្សតិចក្តី លះបង់​នូវញាតិវង្ស​ច្រើនក្តី កោរសក់ និងពុកមាត់ ពុកចង្ការួចហើយ ស្លៀកដណ្តប់សំពត់ជ្រលក់អម្ចត់ ហើយចេញចាកផ្ទះ ចូល​ទៅកាន់​ផ្នួស។ កាលបើបុគ្គលនោះបួសយ៉ាងនេះហើយ ក៏សង្រួមក្នុងបាតិមោក្ខសំវរសីល ប្រកបដោយ​អាចារៈ និងគោចរៈ ឃើញភ័យក្នុងទោស សូម្បីបន្តិចបន្តួច សមាទាន​សិក្សា ក្នុងសិក្ខាបទទាំងឡាយ ប្រកបដោយ​កាយកម្ម និងវចីកម្មជាកុសល មានអាជីវៈ​ដ៏បរិសុទ្ធ បរិបូណ៌ដោយសីល រក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ ប្រកបដោយសតិសម្បជញ្ញៈ ជាអ្នក​សន្តោស។

[១២១] ម្នាលមាណព ចុះភិក្ខុជាអ្នកបរិបូណ៌ដោយសីល តើដូចម្តេច ម្នាល​មាណព ភិក្ខុក្នុងសាសនានេះ លះបង់បាណាតិបាត វៀរស្រឡះ​ចាកបាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់ចុះហើយ មាន​សេចក្តី​ខ្មាសបាប មានចិត្ត​អាណិតអាសូរ ជាអ្នកមានសេចក្តីអនុគ្រោះដោយប្រយោជន៍ ដល់សត្វ​មានជីវិតទាំងពួង។ ម្នាលមាណព ភិក្ខុលះបង់បាណាតិបាត វៀរស្រឡះ​ចាក​បាណាតិបាត ជាអ្នកមានគ្រឿងវាយសំពង ដាក់ចុះហើយ មានគ្រឿង​សស្ត្រាដាក់​ចុះ​ហើយ មាន​សេចក្តី​ខ្មាសបាប មានចិត្ត​អាណិតអាសូរ ជាអ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សត្វ​មានជីវិតទាំងពួង ដោយអំពើណា អំពើនេះឯង ជាសីល​របស់​ភិក្ខុ​នោះ (សីលទាំងពួងក្រៅអំពីនោះ បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារផងចុះ)។បេ។

[១២២] មួយយ៉ាងទៀត ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​​ភោជន ដែលគេឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងចិញ្ចឹម​ជីវិតដោយមិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូច​ម្តេច។ គឺវិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ វិធីធ្វើប្រយោគមន្ត ដែលបុគ្គលនៅក្នុងភូមិ ផ្ទះ​គួររៀនខ្លះ វិធីធ្វើមនុស្សខ្ទើយ ឲ្យដូចជាមនុស្សប្រុសខ្លះ វិធីធ្វើមនុស្សប្រុស ឲ្យដូចជា​មនុស្ស​ខ្ទើយខ្លះ វិធីសង់ផ្ទះ លើទីដីដែលមិនធ្លាប់បានធ្វើខ្លះ វិធីធ្វើពលីកម្ម ចំពោះ​សំណង់​ផ្ទះខ្លះ វិធីជំរះមុខឲ្យស្អាត ដោយទឹកខ្លះ វិធីស្រោចទឹកបង្កក់​ប្រសិទ្ធិ៍ឲ្យជនដទៃខ្លះ វិធីបូជា​ភ្លើងខ្លះ វិធីផ្សំថ្នាំក្អកខ្លះ វិធីផ្សំថ្នាំបញ្ចុះខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងលើ មាន​ប្រមាត់​ជាដើមខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសខាងក្រោម មានបំពង់បស្សាវៈ​ជាដើម​ខ្លះ វិធីផ្សំថ្នាំកំចាត់បង់នូវទោសក្នុងក្បាល នាំចេញនូវស្លេស្មជាដើមខ្លះ វិធីស្លប្រេងបន្តក់​ត្រចៀក​ខ្លះ វិធីស្លប្រេងសម្រាប់ស្អំភ្នែកខ្លះ វិធីផ្សំថ្នាំសម្រាប់ហិតខ្លះ វិធីផ្សំថ្នាំសម្រាប់បន្តក់​ភ្នែកខ្លះ វិធីផ្សំថ្នាំត្រជាក់សម្រាប់លាបភ្នែកខ្លះ វិធីធ្វើវេជ្ជកម្មរក្សាភ្នែកខ្លះ វិធីធ្វើកម្មរបស់​ពេទ្យវះខ្លះ វិធីធ្វើពេទ្យរក្សាកូនក្មេងខ្លះ វិធីឲ្យកំឡាំង​ថ្នាំក្រោយ ដល់ថ្នាំមុនខ្លះ វិធីលាងថ្នាំ​ដើម30) ចេញខ្លះ។ ភិក្ខុវៀរស្រឡះ ចាកការចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះឯង។ ម្នាលមាណព ដូចជាសមណព្រាហ្មណ៍ទាំងឡាយដ៏ចំរើនពួកមួយ បរិភោគ​​ភោជន ដែលគេឲ្យដោយ​សទ្ធាហើយ តែសមណព្រាហ្មណ៍​ទាំងនោះ តែងចិញ្ចឹម​ជីវិតដោយ​មិច្ឆាជីវៈ ព្រោះតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ។ តិរច្ឆានវិជ្ជានោះ តើដូច​ម្តេច។ វិធីបន់ស្រន់ខ្លះ វិធីលាបំណន់ខ្លះ។បេ។ វិធីលាងថ្នាំ​ដើមចេញខ្លះ។ ភិក្ខុវៀរស្រឡះ ចាក​ការ​ចិញ្ចឹមជីវិតខុស ព្រោះតែតិរច្ឆានវិជ្ជា មានសភាពយ៉ាងនេះ ដោយប្រការដូច្នេះ ដោយ​អំពើណា អំពើនេះឯង ជាសីលរបស់ភិក្ខុនោះដែរ។ ម្នាលមាណព ភិក្ខុនោះឯង បានបរិបូណ៌​ដោយសីលយ៉ាងនេះហើយ រមែងមិនឃើញនូវភ័យ អំពីទីណាមួយ ដែល​កើតអំពី​សេចក្តីសង្រួមក្នុងសីលឡើយ។ ម្នាលមាណព ប្រៀបដូចព្រះបរមក្សត្រិយ៍ ដែល​បានមុទ្ធាភិសេកជាស្តេចហើយ​ បានកំចាត់បង់នូវ​សត្រូវអស់ហើយ រមែង​មិន​ឃើញ​នូវភ័យ អំពីទីណាមួយ ដែលកើតអំពីសត្រូវឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ​ដែល​បាន​​បរិបូណ៌​ដោយ​សីល​យ៉ាង​នេះ​ហើយ រមែង​មិនឃើញ​នូវ​ភ័យ អំពីទីណា​មួយ​ឡើយ ដែលកើតអំពីសេចក្តីសង្រួម ក្នុងសីល ដូច្នោះឯង។ ភិក្ខុនោះ ប្រកបព្រមដោយ​អរិយសីលក្ខន្ធ​នេះហើយ រមែងទទួល​សេចក្តីសុខ ឥតមានទោស ក្នុងសន្តាននៃខ្លួន។ ម្នាលមាណព ភិក្ខុជាអ្នក​បរិបូណ៌​ដោយសីល យ៉ាងនេះឯង។ ម្នាលមាណព នេះឯងជា​អរិយសីលក្ខន្ធ ដែលព្រះមានព្រះភាគ ទ្រង់បានពោលសរសើរ​ហើយ ទាំងបានណែនាំ​ប្រជុំជន​នេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅ ក្នុង​សាសនានេះ នៅមាន​ទៀត។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះជាអស្ចារ្យ​ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះមិនធ្លាប់មាន បែរជាមាន​បាន បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ក៏អរិយសីលក្ខន្ធនោះ បរិបូណ៌ហើយ មិនមែនជាមិន​បរិបូណ៌ទេ បពិត្រ​ព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវអរិយសីលក្ខន្ធ ដែល​បរិបូណ៌​ហើយ​យ៉ាងនេះ ក្នុងពួកសមណៈដទៃ​ ខាងក្រៅព្រះពុទ្ធសាសនា​នេះទេ។ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅព្រះពុទ្ធសាសនានេះ គង់​បាន​ឃើញ​​អរិយសីលក្ខន្ធ ដែលបរិបូណ៌ហើយ យ៉ាងនេះក្នុងខ្លួនដែរ តែសមណ​ព្រាហ្មណ៍​ទាំង​នោះ ពេញចិត្តដោយគុណ ត្រឹមតែសីលក្ខន្ធប៉ុណ្ណោះថា ល្មមហើយ​ដោយគុណ មានប្រមាណ​ប៉ុណ្ណោះ សម្រេចហើយដោយគុណ មានប្រមាណ​ប៉ុណ្ណេះ ប្រយោជន៍​នៃ​សាមញ្ញគុណ យើងបានដល់ដោយលំដាប់ហើយ កិច្ចនីមួយ​ ដែល​យើង​ទាំងឡាយ គប្បីធ្វើតទៅ មិនមានឡើយ។ ចំណែក​ព្រះអានន្ទដ៏ចំរើន ពោលយ៉ាង​នេះថា កិច្ចដែលគួរ​ធ្វើ​តទៅ ក្នុងសាសនានេះ នៅមានទៀត។

[១២៣] បពិត្រព្រះអានន្ទដ៏ចំរើន ចុះអរិយសមាធិក្ខន្ធ ដែលព្រះគោតមដ៏ចំរើន ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន​នោះ តើដូចម្តេច។ ម្នាលមាណព ចុះភិក្ខុជាអ្នករក្សានូវទ្វារ ក្នុងឥន្ទ្រិយទាំងឡាយ តើ​ដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ បានឃើញ​នូវរូបារម្មណ៍ ដោយចក្ខុហើយ តែ​មិនបានកួចកាន់នូវនិមិត្ត មិនបានកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែងជាប់តាមនូវបុគ្គល ដែលមិនសង្រួមនូវ​ចក្ខុន្ទ្រិយនោះ ព្រោះ​ហេតុមិនសង្រួមនូវចក្ខុន្ទ្រិយណា ក៏ប្រតិបត្តិ​ ដើម្បីសង្រួម​នូវចក្ខុន្ទ្រិយនោះ រក្សា​នូវចក្ខុន្ទ្រិយ ដល់នូវការសង្រួម​ក្នុងចក្ខុន្ទ្រិយ។ បានឮសម្លេង​ដោយត្រចៀកហើយ។បេ។ បានធំក្លិន​ដោយច្រមុះហើយ។ បានទទួលរស​ដោយ​អណ្តាតហើយ។ បានពាល់ត្រូវ​នូវ​ផោដ្ឋព្វារម្មណ៍ ដោយកាយហើយ។ បានដឹងច្បាស់​នូវធម្មារម្មណ៍​ដោយចិត្តហើយ តែមិនកួចកាន់នូវនិមិត្ត មិនកួចកាន់​នូវ​អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជា​អកុសល​ធម៌ដ៏លាមក តែង​ជាប់តាម​នូវ​បុគ្គល ដែលមិនសង្រួមនូវមនិន្ទ្រិយនោះ ព្រោះ​ហេតុមិន​សង្រួម​នូវ​មនិន្ទ្រិយ​ណា ក៏ប្រតិបត្តិ ​ដើម្បីសង្រួម​នូវមនិន្ទ្រិយនោះ រក្សា​នូវមនិន្ទ្រិយ ដល់នូវសេចក្តីសង្រួម​ក្នុងមនិន្ទ្រិយ។ ភិក្ខុនោះ បានប្រកបព្រមដោយ​ឥន្ទ្រិយសំវរៈដ៏ប្រសើរនេះហើយ រមែង​ទទួលនូវអធិចិត្ត សុខដែល​មិន​បាន​ច្រឡូក​ច្រឡំ​ដោយ​កិលេស ក្នុងសន្តាននៃខ្លួន។ ម្នាលមាណព ភិក្ខុជាអ្នករក្សានូវ​ទ្វារ​ក្នុង​ឥន្ទ្រិយ​ទាំង​ឡាយ យ៉ាងនេះឯង។

[១២៤] ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ តើ​ដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ កាលដើរទៅមុខ ឬថយ​ក្រោយ ក៏មានសេចក្តីដឹងខ្លួន កាលក្រឡេកមើលទៅមុខ ឬក្រឡេកមើល​ទៅទិសផ្សេងៗ (ឆ្វេងស្តាំ) ក៏​មានសេចក្តី​ដឹង​ខ្លួន កាលបត់ដៃជើង ឬលាដៃជើង ក៏មានសេចក្តីដឹងខ្លួន កាលទ្រទ្រង់​នូវ​សង្ឃាដិ បាត្រ និងចីវរ ក៏មានសេចក្តីដឹងខ្លួន កាលបរិភោគភោជន ឬផឹកទឹក ទំពាស៊ីខាទនីយៈ លិទ្ធភ្លក់នូវភេសជ្ជៈ មានសប្បិជាដើម ក៏មានសេចក្តីដឹងខ្លួន កាលបន្ទោង់នូវឧច្ចារៈ និងបស្សាវៈ ក៏មានសេចក្តីដឹងខ្លួន កាលដើរ ឬឈរ អង្គុយ ជិតដេកលក់ ភ្ញាក់ឡើង និយាយ ស្ងៀម ក៏មានសេចក្តីដឹងខ្លួន ម្នាលមាណព ភិក្ខុជាអ្នកប្រកបដោយសតិ និងសម្បជញ្ញៈ យ៉ាងនេះឯង។

[១២៥] ម្នាលមាណព ចុះភិក្ខុជាអ្នកសន្តោស តើ​ដូចម្តេច។ ម្នាលមាណព ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោស​ដោយ​ចីវរ ជាគ្រឿងរក្សាកាយ ដោយ​បិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ ភិក្ខុ​នោះ កាលបើចៀស​ចេញទៅក្នុងទិសណាៗ តែងកាន់យក​ (នូវគ្រឿង​​បរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ​ចេញទៅ ម្នាលមាណព ប្រៀប​ដូច​ជា​សត្វ​សកុណជាតិ ដែលមានស្លាប កាលហើរទៅក្នុងទិសណាៗ រមែងមានតែទម្ងន់ស្លាប​របស់ខ្លួនប៉ុណ្ណោះ ហើរទៅ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុជាអ្នកសន្តោស​ដោយ​ចីវរ ជាគ្រឿងរក្សាកាយ ដោយបិណ្ឌបាត ជាគ្រឿង​រក្សាផ្ទៃ ភិក្ខុ​នោះ កាលបើ​ចេញទៅ​​ទិស​ណាៗ តែងកាន់យក​ (នូវគ្រឿង​បរិក្ខារតែ៨ប៉ុណ្ណោះ) ជាប់ជាមួយនឹងខ្លួន ចេញទៅ ក៏ដូច្នោះឯង។ ម្នាលមាណព ភិក្ខុជាអ្នកសន្តោស យ៉ាងនេះឯង។

[១២៦] ភិក្ខុនោះ ប្រកបដោយអរិយសីលក្ខន្ធនេះផង ប្រកបដោយ​ឥន្ទ្រិយសំវរៈដ៏​ប្រសើរ​នេះផង ប្រកបដោយ​សតិ និងសម្បជញ្ញៈដ៏ប្រសើរនេះផង ប្រកបដោយ​សេចក្តីសន្តោសដ៏ប្រសើរនេះផង តែងគប់រកនូវ​សេនាសនៈស្ងាត់ គឺព្រៃ គល់ឈើ ភ្នំ ជ្រោះភ្នំ រូងភ្នំ ព្រៃស្មសាន ព្រៃស្បាត ទីវាល ​គំនរ​ចំបើង ឬស្លឹកឈើ។ ភិក្ខុនោះ លុះ ត្រឡប់ពីបិណ្ឌបាត ក្នុងវេលាខាងក្រោយនៃភត្តហើយ ក៏អង្គុយ​ពត់ភ្នែន តម្រង់​កាយ​ឲ្យ​ត្រង់ តាំងស្មារតី ឲ្យមានមុខចំពោះ (ទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ ក៏​លះបង់​នូវ​អភិជ្ឈា​ក្នុង​លោក គឺបញ្ចុបាទានក្ខន្ធ មានចិត្តប្រាសចាកអភិជ្ឈា ជំរះចិត្ត​ឲ្យស្អាត ចាកអភិជ្ឈា ​លះ​បង់​​នូវព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្ត​មិនព្យាបាទ មានសេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់សត្វមានជីវិតទាំងពួង ជំរះចិត្តឲ្យស្អាត ចាកព្យាបាទ និងសេចក្តី​​ប្រទូស្ត ​លះបង់​នូវថីនមិទ្ធៈ គឺសេចក្តីងងុយ និងងោកងក់ ជាអ្នកប្រាសចាកថីនមិទ្ធៈ មាន​សេចក្តី​សំគាល់​នូវពន្លឺ ជាអ្នកបរិបូណ៌ ដោយសតិ និងសម្បជញ្ញៈ ជំរះចិត្តឲ្យស្អាត ចាក​ថីនមិទ្ធៈ លះបង់ នូវ​ឧទ្ធច្ចកុក្កុច្ចៈ គឺសេចក្តីរាយមាយ និងសេចក្តីរសាយ​ចិត្ត មានចិត្តមិនរាយមាយ ជាអ្នកមានចិត្តស្ងប់ស្ងាត់ក្នុងសន្តានរបស់ខ្លួន ជំរះចិត្តឲ្យស្អាតចាក​ឧទ្ធច្ចកុក្កុច្ចៈ លះបង់ នូវវិចិកិច្ឆា គឺសេចក្តីសង្ស័យ ជាអ្នកឆ្លង​ផុត​វិចិកិច្ឆាហើយ ​មិនមានសេចក្តីងឿងឆ្ងល់ ក្នុងកុសលធម៌ទាំងឡាយទេ ជំរះចិត្តឲ្យស្អាតចាកវិចិកិច្ឆា។

[១២៧] ម្នាលមាណព ដូចជាបុរស ដែលយកទ្រព្យជាបំណុលគេ ​ទៅប្រកប​ការងារទាំងឡាយ ឯការងារទាំងនោះ របស់​បុរសនោះក៏បានសម្រេច។ បុរសនោះ បាន​សង​ទ្រព្យជាដើមបំណុលចាស់រួច ឯទ្រព្យដែលចំណេញរបស់បុរសនោះ ក៏​មានសល់​នៅ​ច្រើន ល្មមចិញ្ចឹមប្រពន្ធ (កូន)បាន។ ទើបបុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា កាល​ពី​មុន អាត្មាអញ បានយកទ្រព្យជាបំណុល មក​ប្រកប​ការងារទាំងឡាយ ឯការងារ​ទាំង​នោះ របស់អាត្មាអញ បានសម្រេច អាត្មាអញសោត ក៏បានសងទ្រព្យជាដើម​បំណុល​ចាស់អស់ហើយ ទាំងទ្រព្យដែលចំណេញ​របស់​អាត្មាអញ ក៏​មានសល់​នៅច្រើន ល្មម​ចិញ្ចឹមប្រពន្ធ (កូន)បាន។ បុរសនោះ គប្បីបាន​នូវ​បាមោជ្ជៈ គឺសេចក្តីរីករាយ គប្បីបាន​នូវ​សេចក្តីសោមនស្ស មានទ្រព្យដែលចំណេញ​នោះជាហេតុ។ ម្នាលមាណព មួយទៀត ដូចជាបុរសដែលមានអាពាធ ដល់នូវសេចក្តីទុក្ខវេទនា មានជំងឺធ្ងន់ បរិភោគ​អាហារ​ក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏មិនមាន។ លុះសម័យជាខាងក្រោយមក បុរស​នោះឯង បានជាសះស្បើយ អំពី​អាពាធ​នោះ បរិភោគអាហារក៏បាន ទាំងកម្លាំងក្នុងខ្លួនក៏មាន។ ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះ​ថា កាលពីមុន អាត្មាអញ មានអាពាធ ដល់​នូវ​សេចក្តីទុក្ខ វេទនា មានជម្ងឺធ្ងន់ បរិភោគអាហារ ក៏មិនបាន ទាំងកម្លាំងក្នុងខ្លួន ក៏​មិន​មាន ឥឡូវនេះ អាត្មាអញ បាន​ជា​សះ​ស្បើយ អំពីអាពាធនោះហើយ បរិភោគអាហារ ក៏​បាន ទាំងកម្លាំង​ក្នុងខ្លួន​ ក៏មាន។ បុរស​នោះ គប្បីបាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តី​សោមនស្ស មានជាអំពី​អាពាធ​នេះ​ជា​ហេតុ។ ម្នាលមាណព មួយ​ទៀត ដូចជាបុរស​ដែលជាប់គុក លុះសម័យខាងក្រោយមក បុរស​នោះ​ បាន​រួចពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំងសេចក្តីបង់ខាតនៃ​ភោគៈ​ របស់បុរសនោះ សូម្បីបន្តិចបន្តួច ក៏មិនមាន។ ទើបបុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាង​នេះ​​ថា កាលពីមុន អាត្មាអញ ជាប់គុក ឥឡូវនេះ អាត្មាអញបាន​រួច​អំពីគុកនោះដោយសួស្តី ឥតមានភិតភ័យ ទាំង​សេចក្តី​បង់ខាតនៃ​ភោគៈ​ របស់អាត្មាអញ សូម្បីបន្តិចបន្តួច ក៏មិនមាន។ បុរស​នោះ គប្បី​បាននូវបាមោជ្ជៈ គប្បីបាននូវសេចក្តី​សោមនស្ស មានការរួចអំពីគុកនោះ ជាហេតុ។ ម្នាលមាណព មួយ​ទៀត ដូចជាបុរស ដែលជាទាសៈគេ តែងមិនបានធ្វើ​ការអ្វីមួយ ​តាម​អំពើ​ចិត្តរបស់ខ្លួន ប្រព្រឹត្ត​ទៅតាម​អំពើចិត្ត​របស់បុគ្គលដទៃ ទៅទីណា តាមសេចក្តី​ពេញចិត្ត​ខ្លួន ​មិនបានទេ។ លុះសម័យជាខាងក្រោយមក បុរស​នោះ បាន​រួច​អំពី​ភាវៈ​នៃខ្លួន ​ជាទាសៈគេនោះ ជាអ្នក​ធ្វើការងារអ្វីមួយ តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្ត​ទៅតាមអំពើចិត្តរបស់បុគ្គលដទៃ បានរួចជាអ្នកជា ទៅទីណា តាមសេចក្តីពេញចិត្ត​របស់​ខ្លួន​ក៏​បាន។ បុរស​នោះ មានសេចក្តី​ត្រិះរិះ​យ៉ាងនេះថា កាលពីមុន អាត្មាអញ ជាទាសៈគេ មិន​បានធ្វើ​ការអ្វីមួយ​តាមអំពើចិត្តរបស់ខ្លួន ប្រព្រឹត្ត​ទៅតាមអំពើចិត្ត​របស់​បុគ្គល​ដទៃ ទៅទីណា តាម​សេចក្តីពេញចិត្តខ្លួន​មិនបានឡើយ ឥឡូវនេះ អាត្មាអញ ​រួច​អំពី​​ភាវៈនៃខ្លួន​ជាទាសៈគេហើយ ជាអ្នក​ធ្វើការងារអ្វីមួយ ​តាមអំពើចិត្តរបស់ខ្លួនបាន មិនប្រព្រឹត្ត​ទៅ​តាម​អំពើចិត្តរបស់បុគ្គលដទៃ បានជាអ្នកជា ទៅទីណា តាមសេចក្តី​ពេញ​ចិត្ត​​ខ្លួនក៏បាន។ បុរស​នោះ គប្បីបាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស មានការរួច​អំពី​​ភាវៈនៃខ្លួន​ជាទាសៈគេនោះ ជាហេតុ។​ ម្នាលមាណព មួយ​ទៀត ដូចជា​បុរស​មាន​ទ្រព្យ មាន​ភោគៈ ដើរទៅកាន់ផ្លូវឆ្ងាយដាច់ស្រយាល ដែលជាផ្លូវរកអាហារបានដោយក្រ ជាផ្លូវប្រកប​ដោយ​ភ័យ​ចំពោះមុខ។ លុះសម័យខាងក្រោយមក បុរស​នោះ ​ក៏បានឆ្លងផុត អំពីផ្លូវ​ដាច់​ស្រយាល​នោះ បានដល់ទៅខាងក្នុងស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី។ បុរស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា កាលពីមុន អាត្មាអញសោត ជាអ្នកមានទ្រព្យ មានភោគៈ បានដើរ​ទៅកាន់ផ្លូវឆ្ងាយ​ដាច់ស្រយាល ដែលជា​ផ្លូវរក​អាហារ​បានដោយក្រ ជាផ្លូវប្រកបដោយភ័យ​ចំពោះ​មុខ ឥឡូវនេះ អាត្មាអញ បានឆ្លង​ផុត​អំពី​​ផ្លូវឆ្ងាយ​ដាច់​ស្រយាល​នោះហើយ បានចូលមកដល់ខាងក្នុង​​ស្រុក ដែលជាទីក្សេម ឥតមានភិតភ័យ ដោយសួស្តី។​ បុរស​នោះ ក៏បាននូវបាមោជ្ជៈ បាននូវសេចក្តី​សោមនស្ស មានការដល់មក​ខាងក្នុងស្រុក ជាទីក្សេមនោះ ជាហេតុ យ៉ាងណាមិញ។​ ម្នាលមាណព ភិក្ខុ​ពិចារណា​ឃើញ​នូវនីវរណៈទាំង៥ប្រការនេះ ក្នុងខ្លួន ដែលមិនទាន់​លះបង់បាន ដូច​ជាបំណុល ដូចជារោគ ដូចជាគុក ដូចជាអ្នករួច​ជាអ្នកជា ឬ​ដូចជា​ផ្លូវឆ្ងាយដាច់ស្រយាល ដូច្នោះ​ឯង។ ម្នាលមាណព ភិក្ខុដែលពិចារណាឃើញ នូវ​នីវរណៈធម៌ទាំង៥ប្រការនេះ​ក្នុងខ្លួន ដែលលះបង់បានហើយ ដូចជា​មិនជំពាក់បំណុល ដូចជា​មិនមានរោគ ដូចរួច​អំពី​គុក ដូចជាអ្នក​រួចជាអ្នកជា ដូចជា​ទីដ៏ក្សេម ដូច្នោះឯង កាលបើ​ភិក្ខុនោះ ពិចារណា​ឃើញ​នូវនីវរណៈទាំង៥ប្រការនេះ​ក្នុង​ខ្លួន ដែលលះបង់បានហើយ បាមោជ្ជៈ គឺសេចក្តីរីករាយ រមែងកើតឡើង កាលបើភិក្ខុនោះ មានចិត្តរីករាយ​ហើយ បីតិក៏កើតឡើង កាលបើ​ភិក្ខុ​មាន​​ចិត្តប្រកបដោយបីតិហើយ កាយ រមែងស្ងប់រម្ងាប់ កាលបើភិក្ខុ​មានកាយ​ស្ងប់រម្ងាប់​ហើយ រមែង​ទទួលនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តី​សុខ រមែងតាំង​ខ្ជាប់។ ភិក្ខុនោះ ក៏ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់​ចាក​ពូកអកុសលធម៌​ហើយ បានដល់នូវ​បឋមជ្ឈាន ដែលប្រកបដោយ​វិតក្កៈ ​វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តី​ស្ងាត់ ​សម្រាន្ត​ឥរិយាបថនៅ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់​ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច នៃកាយ​ទាំង​អស់ ​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសេចក្តីស្ងប់ស្ងាត់ មិនមានឡើយ។ ម្នាលមាណព ដូចជាអ្នកផ្ងូតទឹកក្តី​ កូនសិស្សរបស់អ្នកផ្ងូតទឹកក្តី ដែលជាអ្នកឈ្លាសវៃ រោយរាយ​នូវ​លំអិត​សម្រាប់ងូត ក្នុងភាជន៍សម្រិទ្ធិ ហើយស្រោច ប្រស់​ព្រំ​ដោយទឹក ឯដុំលំអិត សម្រាប់​ងូតនោះ ក៏រលាយទៅដោយទឹក ជ្រួតជ្រាបទៅក្នុងទឹក ច្រឡូកច្រឡំ​ទៅដោយទឹក ទាំង​ខាង​ក្នុង ខាងក្រៅ មិនបានខ្ចាត់ខ្ចាយពីគ្នាឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុបានសម្រេច​បឋមជ្ឈាន ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុស្ងាត់ចាក​កាម​ទាំងឡាយ​ហើយ ស្ងាត់ចាកអកុសលធម៌​ទាំងឡាយហើយ បានដល់នូវ​បឋមជ្ឈាន ដែល​ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ សម្រាន្តឥរិយាបថនៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែល​កើត​​​អំពីសេចក្តីស្ងាត់ មិនមានឡើយ ដោយអំពើណា។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុ​នោះ។

[១២៨] ម្នាលមាណព មួយវិញទៀត ភិក្ខុបានរម្ងាប់វិតក្កៈ វិចារៈហើយ ក៏បាន​ចូល​ដល់​ទុតិយជ្ឈាន ជាធម្មជាតជាក់ច្បាស់ក្នុងខ្លួន ប្រកបដោយ​សេចក្តីជ្រះថ្លា គឺសទ្ធា មាន​សភាពជាចិត្តខ្ពស់ឯង គ្មាន​វិតក្កៈ វិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺ​បឋមជ្ឈាន សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ តែង​ញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច​ នៃ​កាយ​​ទាំង​អស់ ​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពីសមាធិ មិនមានឡើយ។ ម្នាលមាណព ដូច​ជា​អន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ប្រឡាយ​ជាទីហូរនៃ​ទឹក ក្នុងទិសខាងកើត នៃ​អន្លង់​ទឹក​នោះ ក៏មិន​មានឡើយ ប្រឡាយ​ជាទីហូរនៃ​ទឹកក្នុងទិសខាងត្បូង ក៏មិន​មាន ប្រឡាយ​ជាទីហូរនៃ​ទឹកក្នុងទិសខាងលិច ក៏មិន​មាន ប្រឡាយ​ជាទីហូរនៃ​ទឹក ក្នុងទិសខាងជើង ក៏មិន​មាន បើមានភ្លៀង​បង្អុរចុះនូវធារទឹក​ដោយប្រពៃ សព្វៗកាល ធារទឹកត្រជាក់ ក៏ស្រាប់តែ​ជោរឡើងអំពីអន្លង់ទឹកនោះ ហើយញុំាង​អន្លង់ទឹកនោះ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់នោះឯង ប្រទេស​បន្តិច​បន្តួច​នៃ​អន្លង់ទឹកទាំងអស់នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយដោយទឹកត្រជាក់ មិនមាន​ឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានទុតិយជ្ឈាន ដ៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុបានរម្ងាប់វិតក្កៈ និងវិចារៈហើយ។បេ។ បានដល់នូវទុតិយជ្ឈាន សម្រាន្ត​ឥរិយាបថ​នៅ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើតអំពីសមាធិ ប្រទេសបន្តិចបន្តួច​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយបីតិ និងសុខៈ ដែលកើត​អំពី​សមាធិ មិនមានឡើយ ដោយអំពើណា។ អំពើនេះឯង ជាសមាធិរបស់ភិក្ខុនោះដែរ។

[១២៩] ម្នាលមាណព មួយវិញទៀត ភិក្ខុនឿយណាយ ចាកបីតិ ហើយ​ប្រកប​ដោយ​​ឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួល​នូវសុខ ដោយនាមកាយផង ព្រះអរិយៈ​ទាំងឡាយ តែងសរសើរនូវបុគ្គល ដែលបាន​តតិយជ្ឈានថា បុគ្គល​ដែលបាន​នូវ​តតិយជ្ឈាន មានចិត្តប្រកបដោយ​ឧបេក្ខា មានស្មារតី នៅជា​សុខ ដូច្នេះ ព្រោះ​តតិយជ្ឈាន​ណា ក៏បានដល់នូវតតិយជ្ឈាននោះ សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ តែងញុំាងករជកាយនេះ ឲ្យជ្រួតជ្រាប ឲ្យឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ។ ម្នាលមាណព ដូចជាជលជាតិពួកខ្លះ គឺផ្កាព្រលិតក្តី ផ្កាឈូកក្រហមក្តី ផ្កាឈូកសក្តី ក្នុងត្រពាំង ព្រលិតក្តី ក្នុងត្រពាំង​ឈូកក្រហមក្តី ក្នុងត្រពាំងឈូកសក្តី ដុះក្នុងទឹក ចំរើនក្នុងទឹក លូតលាស់តាមទឹក លិចនៅក្នុងទឹក ឯជលជាតិទាំងនោះ តែងជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ បរិបូណ៌ ផ្សព្វផ្សាយ ដោយទឹកត្រជាក់ រហូតដល់​ចុង រហូតដល់គល់ អវយវៈបន្តិចបន្តួច​ នៃ​ជលជាតិទាំង​អស់ គឺព្រលិតក្តី ឈូកក្រហមក្តី ឈូកសក្តី ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយទឹកត្រជាក់ មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ​ដែលបាន​តតិយជ្ឈាន ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុនឿយណាយ​ចាក​បីតិហើយ​។បេ។ ក៏បានដល់នូវតតិយជ្ឈាន សម្រាន្ត​ឥរិយាបថនៅ ភិក្ខុនោះ​ញុំាងករជ​កាយ​នេះ​ ឲ្យជ្រួតជ្រាប ឆ្អែតស្កប់ស្កល់ ឲ្យពេញលេញ ឲ្យផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាក​បីតិ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់​របស់ភិក្ខុនោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសុខៈ ដែលប្រាសចាកបីតិ មិនមានឡើយ ដោយអំពើណា។ អំពើនេះ ជាសមាធិរបស់ភិក្ខុនោះឯងដែរ។

[១៣០] ម្នាលមាណព មួយវិញទៀត ព្រោះលះបង់នូវសុខ ព្រោះលះបង់នូវទុក្ខ​ ព្រោះរំលត់នូវសោមនស្ស និងទោមនស្ស ក្នុងកាលមុនហើយ ភិក្ខុក៏បានដល់នូវ​ចតុត្ថជ្ឈាន មានអារម្មណ៍ ​មិនជាទុក្ខ មិនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធ ដែលកើតអំពី​ឧបេក្ខា ​សម្រាន្តឥរិយាបថនៅ។ ភិក្ខុនោះ​ តែងញុំាងករជកាយ​នេះ ឲ្យផ្សព្វ​ផ្សាយ ដោយចិត្តបរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច​ នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុ​នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ។ ម្នាលមាណព ដូច​បុរស​យកសំពត់សស្អាត ដណ្តប់កាយ ព្រមទាំងក្បាល អង្គុយនៅ ប្រទេសបន្តិចបន្តួច ​នៃ​កាយ​​ទាំង​អស់ ​របស់បុរសនោះឯង ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយសំពត់​សស្អាត មិនមានឡើយ ដូចម្តេចមិញ ម្នាលមាណព។បេ។ ម្នាលមាណព ភិក្ខុ ព្រោះលះបង់នូវសុខៈ។បេ។ ក៏បានដល់នូវចតុត្ថជ្ឈាន សម្រាន្តឥរិយាបថនៅ ភិក្ខុ​នោះ​ តែងញុំាងករជកាយ​នេះ ឲ្យផ្សព្វ​ផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ អង្គុយនៅ ឯប្រទេសបន្តិចបន្តួច​ នៃ​កាយ​​ទាំង​អស់​របស់​ភិក្ខុ​នោះ ឈ្មោះថា មិនបានផ្សព្វផ្សាយ ដោយចិត្តដ៏បរិសុទ្ធ ផូរផង់ មិនមានឡើយ ដូច្នោះឯង ដោយអំពើណា អំពើនេះឯង ជាសមាធិ របស់ភិក្ខុនោះ។ ម្នាលមាណព នេះឯង ជាអរិយសមាធិក្ខន្ធនោះ ដែល​សម្តេច​ព្រះមានព្រះភាគ ទ្រង់​បានពោលសរសើរហើយ ទាំង​ទ្រង់ណែនាំប្រជុំជននេះ ឲ្យ​ប្រតិបត្តិ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន ឯកិច្ច ដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមាន​ទៀត។ សុភមាណព ពោលសរសើរថា បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះអស្ចារ្យ​ណាស់ បពិត្រ​ព្រះអានន្ទដ៏ចំរើន ហេតុនេះ មិនធ្លាប់មាន បែរជាមានបាន បពិត្រព្រះអានន្ទ​ដ៏ចំរើន ក៏អរិយសមាធិក្ខន្ធនោះ​ បរិបូណ៌ហើយ មិនមែន​មិនបរិបូណ៌​ទេ បពិត្រ​ព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវ​អរិយសមាធិក្ខន្ធ ដែល​បរិបូណ៌​ហើយ​យ៉ាងនេះ ក្នុងពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះឡើយ បពិត្រ​ព្រះអានន្ទ​ដ៏ចំរើន ឯពួកសមណព្រាហ្មណ៍ដទៃ ខាងក្រៅពុទ្ធសាសនានេះ គង់​បាន​ឃើញ​អរិយសមាធិក្ខន្ធ ដែលបរិបូណ៌ហើយយ៉ាងនេះ ក្នុងខ្លួនដែរ តែសមណព្រាហ្មណ៍​ទាំង​នោះឯង ពេញចិត្តដោយគុណ ត្រឹមតែសមាធិក្ខន្ធប៉ុណ្ណោះថា ល្មមហើយដោយ​គុណ​ មានប្រមាណប៉ុណ្ណេះ សម្រេចហើយដោយគុណ មានប្រមាណ​ប៉ុណ្ណេះ ប្រយោជន៍​នៃ​សាមញ្ញគុណ យើងបានដល់ហើយដោយលំដាប់ កិច្ចនីមួយ ដែលយើង​ទាំងឡាយ​គប្បីធ្វើ​តទៅ មិនមានឡើយ។ ចំណែកព្រះអានន្ទដ៏ចំរើន ពោលយ៉ាង​នេះថា កិច្ចដែលគួរធ្វើតទៅ ក្នុងសាសនានេះ នៅមានទៀត។

[១៣១] មាណពសួរថា បពិត្រព្រះអានន្ទដ៏ចំរើន ចុះអរិយបញ្ញាខន្ធ ដែលព្រះ​គោតម​ដ៏ចំរើន ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន នោះ តើដូចម្តេច។ ព្រះអានន្ទតបថា កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ភិក្ខុនោះ រមែង​ផ្ចង់តម្រង់ បង្អោនចិត្តទៅ ដើម្បីញាណទស្សនៈ។31) ភិក្ខុនោះ ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះឯង មានរូប​ប្រកប​ដោយ​មហា​ភូតរូប​៤ កើតមកអំពីមាតា បិតា មានសេចក្តីចំរើន ដោយជាតិបាយ និងនំ មានការ​លាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជា​ធម្មតា ក៏វិញ្ញាណរបស់អាត្មាអញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ។ ម្នាលមាណព ដូចកែវពិទូរ្យដ៏ល្អ មានជាតិដ៏បរិសុទ្ធ មាន​ជ្រុង៨ ដែលជាង​បាន​ឆ្នៃ​ល្អ​ហើយ មានសម្បុរភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌​ដោយអាការទាំងពួង (មានដុស​លាង​ជាដើម) ប្រសិនបើគេដោតអំបោះទៅក្នុងកែវនោះ ជាអំបោះ​មានពណ៌​ខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី បុរសដែលមានភ្នែកភ្លឺ គប្បី​យកកែវ​នោះ មកដាក់លើដៃ ហើយពិចារណាមើលថា នេះជាកែវពិទូរ្យដ៏ល្អ មាន​ជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលជាងបានឆ្នៃល្អហើយ មានសម្បុរ​ភ្លឺថ្លា ជ្រះថ្លាដោយវិសេស បរិបូណ៌​ដោយអាការ​ទាំងពួង អំបោះដែលគេដោតក្នុងកែវនោះ ជាអំបោះ​មានពណ៌​ខៀវ​ក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សស្រទន់ក្តី យ៉ាងណាមិញ ម្នាលមាណព ភិក្ខុ​ដែល​បាន​ញាណទស្សនៈ ក៏យ៉ាងនោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាក​ឧបក្កិលេស មានសភាវពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់ញ័រ ទៅតាមអារម្មណ៍​យ៉ាងនេះហើយ តម្រង់​ផ្ចង់ បង្អោន​ចិត្តទៅ ដើម្បី​ញាណទស្សនៈ គឺវិបស្សនាញាណ ភិក្ខុ ក៏ដឹងច្បាស់​យ៉ាងនេះ​ថា កាយរបស់​អាត្មាអញនេះឯង មានរូប​ប្រកប​ដោយមហាភូតរូប៤ កើតអំពីមាតា បិតា មានសេចក្តីចំរើនដោយជាតិបាយ និងនំ មានការ​លាប ដុសខាត់ បំបាត់ក្លិនអាក្រក់ និងការគក់ច្របាច់ជានិច្ច និងការបែកធ្លាយ ខ្ចាត់ខ្ចាយទៅជា​ធម្មតា ក៏ឯវិញ្ញាណ​របស់​អាត្មា​អញនេះ អាស្រ័យនៅក្នុងកាយនេះ ជាប់​នៅ​ក្នុងកាយនេះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣២] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​និមិ្មត​នូវកាយ ដែលសម្រេចអំពីចិត្ត។ ភិក្ខុនោះ ក៏និម្មិតនូវកាយដទៃ ចេញអំពីកាយនេះ មានរូប​សម្រេច​អំពីចិត្ត មានអវយវៈតូចធំ សព្វគ្រប់ មានឥន្ទ្រិយ​មិនថោកថយ។ ម្នាលមាណព ដូចជាបុរសដកបណ្តូលចេញ អំពីស្មៅយាប្លង បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា នេះជាស្មៅយាប្លង នេះជាបណ្តូល ឯស្មៅយាប្លងដទៃ បណ្តូលដទៃ តែថាបណ្តូល​ដែលអាត្មាអញដកចេញ​មក គឺដកអំពី​ស្មៅ​យាប្លង​ហ្នឹងឯង។ ម្នាលមាណព មួយទៀត ដូចជាបុរសហូត​ដាវ​ចេញ​អំពីស្រោម បុរសនោះ​រមែង​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះថា នេះជាដាវ នេះជាស្រោម ឯដាវដទៃ ស្រោមដទៃ តែថាដាវដែលអាត្មាអញ​ហូតចេញ គឺហូតចេញមកអំពីស្រោមហ្នឹងឯង។ ម្នាលមាណព ពុំនោះសោត ដូចបុរស ទាញយកពស់​ចេញ​អំពី​ស្រោម បុរសនោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា នេះជាពស់ នេះជាស្រោម ឯពស់ដទៃ ស្រោមដទៃ តែថាពស់​ដែល​អាត្មាអញ ទាញចេញពីស្រោម​ហ្នឹងឯង ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែល​បាន​ញាណទស្សនៈ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បី​និមិ្មត​នូវ​កាយ ដែលសម្រេចមកអំពីចិត្ត ដោយអំពើណា។បេ។ អំពើនេះឯង ជាបញ្ញារបស់​ភិក្ខុនោះ។

[១៣៣] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់ បង្អោនចិត្តទៅ ដើម្បី​តាក់​តែង​ឫទ្ធិ។ ភិក្ខុនោះ រមែងបាននូវការ​តាក់តែងឫទ្ធិជាច្រើនប្រការ គឺថាមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាមនុស្សច្រើននាក់ក៏បាន មនុស្ស​ច្រើននាក់ ធ្វើឲ្យទៅជាមនុស្សម្នាក់ក៏បាន ដើរទៅ​មិនជាប់ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាង​ក្រៅ​ភ្នំ ដូចជាដើរទៅក្នុងអាកាសក៏បាន។ ភិក្ខុនោះ ធ្វើនូវការងើបឡើង ឬមុជចុះក្នុង​ផែន​ដី ដូចជាងើបឡើង ឬមុជចុះ​ក្នុងទឹកក៏បាន ដើរលើទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជា​ដើរលើផែនដី​ក៏បាន ទៅឯអាកាសទាំងភ្នែន ដូចជាសត្វសកុណជាតិ ដែល​មានស្លាប​ក៏បាន យកដៃទៅស្ទាបអង្អែល​ ចាប់ពាល់ព្រះចន្ទ និង​ព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិ​ច្រើន​យ៉ាង​នោះ មានអានុភាពច្រើនយ៉ាងនេះក៏បាន ធ្វើអំណាច​ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាប​ដល់​ព្រហ្មលោកក៏បាន។ ម្នាលមាណព មួយទៀត ដូចជាស្មូនឆ្នាំងក្តី កូនសិស្ស​របស់​ស្មូនឆ្នាំងក្តី ដែលឈ្លាសវៃ កាលបើ​ដីស្អិតដែលគេធ្វើបរិកម្មល្អហើយ បើ​ប្រាថ្នានឹងធ្វើភាជន៍ដ៏ប្លែកណាៗ ក៏គប្បីធ្វើឲ្យសម្រេច​នូវភាជន៍នោះៗបាន ម្នាលមាណព ពុំនោះសោត ដូចជាងភ្លុកក្តី កូនសិស្ស​របស់​ជាងភ្លុកក្តី ដែលឈ្លាសវៃ កាលបើ​ភ្លុក​ដែល​គេ​ធ្វើបរិកម្មល្អហើយ បើចង់ធ្វើនូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​ភ្លុក​ដ៏​ប្លែក​ណាៗ គប្បីធ្វើ​ឲ្យសម្រេចនូវគ្រឿង​ប្រើប្រាស់ ជាវិការៈ​នៃ​ភ្លុក​ដ៏ប្លែកនោះៗបាន ម្នាលមាណព ពុំនោះ​សោត ដូចជាជាងមាសក្តី កូនសិស្សរបស់ជាងមាសក្តី ដែល​ឈ្លាស​វៃ កាលបើមាស​ដែល​គេ​ធ្វើបរិកម្ម​ល្អហើយ បើចង់ធ្វើគ្រឿង​ប្រើប្រាស់ ជាវិការៈ​នៃមាស​ដ៏​ប្លែក​ណាៗ ក៏គប្បីធ្វើ​ឲ្យ​សម្រេច​នូវ​គ្រឿង​ប្រើប្រាស់ ជាវិការៈនៃ​មាសដ៏ប្លែកនោះៗបាន ដូចម្តេចមិញ ម្នាល​មាណព ភិក្ខុ កាល​បើ​ចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាសចាក​ឧបក្កិលេស មាន​សភាព​ជា​ចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាង​នេះ​ហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​តាក់​តែង​​ឫទ្ធិបាន ភិក្ខុ​នោះ រមែងបាននូវ​ការតាក់តែង​ឫទ្ធិ ជាច្រើនប្រការ គឺមនុស្ស​ម្នាក់ ធ្វើ​ឲ្យ​ទៅជាមនុស្ស​ច្រើន​នាក់ក៏បាន។បេ។ ញុំាងអំណាច​ឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាប​ដល់ព្រហ្មលោក​ក៏បាន។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៤] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ទិព្វសោតធាតុ (ត្រចៀកទិព្វ)។ ភិក្ខុនោះ រមែងឮនូវសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់​មនុស្សធម្មតា១ ដែល​នៅក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធ កន្លងបង់នូវ​សោតធាតុ​ ជារបស់មនុស្សធម្មតា។ ម្នាលមាណព ដូច​បុរស អ្នកដើរ​ទៅកាន់​ផ្លូវឆ្ងាយ បុរសនោះ ឮសម្លេងស្គរធំក្តី សម្លេងសំភោរក្តី សម្លេងស័ង្ខក្តី សម្លេងស្គរជ័យក្តី សម្លេងស្គរតូចក្តី បុរសនោះ ក៏មាន​សេចក្តីត្រិះរិះយ៉ាងនេះថា សម្លេងស្គរធំដូច្នេះក្តី សម្លេងសំភោរដូច្នេះ​ក្តី សម្លេងស័ង្ខដូច្នេះក្តី សម្លេងស្គរជ័យដូច្នេះក្តី សម្លេងស្គរតូចដូច្នេះក្តី ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ ដែលបានទិព្វសោតធាតុ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ រមែងឮសម្លេងពីរយ៉ាងបាន គឺសម្លេងជាទិព្វ១ សម្លេងជារបស់​មនុស្សធម្មតា១ ដែលនៅ​ក្នុង​ទី​ឆ្ងាយ​ក្តី ក្នុងទីជិតក្តី ដោយទិព្វសោតធាតុ ដ៏បរិសុទ្ធស្អាត កន្លងបង់​នូវសោតធាតុ ជា​របស់​មនុស្សធម្មតា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៥] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធផូរផង់ មិនមានទីទួល គឺកិលេស ប្រាស​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ចេតោបរិយញ្ញាណ គឺការកំណត់ដឹង​នូវចិត្តនៃសត្វដទៃ។ ភិក្ខុនោះ ក៏កំណត់ដឹង​នូវ​ចិត្ត​របស់ពួកសត្វដទៃ បុគ្គលដទៃ ដោយចិត្ត​របស់ខ្លួន​បាន គឺចិត្តដែលប្រកបដោយរាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ ចិត្តដែល​ប្រាស​ចាក​រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រាសចាករាគៈ ចិត្តដែលប្រកបដោយទោសៈ​ក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រកប​ដោយ​ទោសៈ ចិត្តដែល​ប្រាស​ចាកទោសៈក្តី ក៏ដឹង​ច្បាស់​ថា ចិត្តប្រាសចាកទោសៈ ចិត្ត​ដែល​ប្រកប​ដោយមោហៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយមោហៈ ចិត្តដែល​ប្រាស​ចាក​មោហៈក្តី ក៏ដឹងច្បាស់ថា ចិត្ត​ប្រាសចាក​មោហៈ ចិត្តដែលរួញថយក្តី ក៏ដឹងច្បាស់ថា ចិត្តរួញថយ ចិត្តដែលរាយមាយក្តី ក៏ដឹងច្បាស់ថា ចិត្តរាយមាយ ចិត្តដែលជាមហគ្គតៈ គឺចិត្តដល់នូវ​ភាវៈ​ជាធំ បានខាងរូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាមហគ្គតៈ ចិត្តដែលមិនមែន​ជា​មហគ្គតៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តមិនមែនជាមហគ្គតៈ ចិត្តដែលជាសឧត្តរៈ គឺកាមាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាសឧត្តរៈ ចិត្តដែលជាអនុត្តរៈ គឺ រូបាវចរ និងអរូបាវចរក្តី ក៏ដឹងច្បាស់ថា ចិត្តជាអនុត្តរៈ ចិត្តដែល​តាំងខ្ជាប់ខ្ជួនក្តី ក៏ដឹងច្បាស់ថា ចិត្តតាំងខ្ជាប់ខ្ជួន ចិត្តដែល​មិនទាន់បានតាំងខ្ជាប់ខ្ជួនក្តី32) ក៏ដឹងច្បាស់ថា ចិត្ត​មិនទាន់បានតាំងខ្ជាប់​ខ្ជួន​ ចិត្តដែលរួចស្រឡះ (ចាកកិលេស) ហើយក្តី ក៏ដឹងច្បាស់ថា ចិត្តរួចស្រឡះហើយ ចិត្តដែលមិនទាន់រួចស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់​រួចស្រឡះ។ ម្នាលមាណព ដូច​ស្ត្រីក្តី បុរសក្តី ដែល​នៅក្មេង ជាក្រមុំ កម្លោះ នៅកំពុងចូលចិត្ត នឹង​គ្រឿងប្រដាប់​តាក់​តែង​រាង​កាយ កាល​ឆ្លុះ​មើល​ស្រមោល​មុខ របស់ខ្លួន​នៅក្នុងកញ្ចក់ ដ៏ស្អាត ផូរផង់ក្តី ក្នុងភាជន៍​ដ៏ពេញ​ដោយទឹក​ថ្លាក្តី បើស្រមោលមុខរបស់ខ្លួន ប្រកបដោយទោស មានមុន (ជាដើម)ក្តី ក៏ដឹងថា ​ប្រកប​ដោយទោស បើស្រមោលមុខរបស់ខ្លួន មិនប្រកបដោយទោសក្តី ក៏ដឹងថា មិន​ប្រកប​ដោយទោស ដូចម្តេចមិញ ម្នាលមាណព ភិក្ខុ​ដែលបាន​ចេតោបរិយញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រ​ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់​បង្អោន​​ចិត្ត​ទៅ ដើម្បី​ចេតោបរិយញ្ញាណ។ ភិក្ខុនោះ ក៏កំណត់ដឹងនូវ​ចិត្តរបស់ពួក​សត្វ​ដទៃ បុគ្គលដទៃ ដោយចិត្ត​របស់ខ្លួន គឺចិត្ត​ដែល​ប្រកប​ដោយ​រាគៈក្តី ក៏ដឹងច្បាស់ថា ចិត្តប្រកបដោយរាគៈ។បេ។ ចិត្តមិនទាន់បាន​រួច​ស្រឡះ​ក្តី ក៏ដឹងច្បាស់ថា ចិត្តមិនទាន់បាន​រួចស្រឡះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៦] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ។ ភិក្ខុនោះ ក៏រលឹកនូវខន្ធ ដែលសត្វអាស្រ័យ​នៅ ក្នុងកាលមុនជាច្រើនប្រការ រលឹកខន្ធដូចម្តេច គឺរលឹក​បាន​១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកនូវសំវដ្តកប្បជាច្រើនក៏បាន វិវដ្តកប្បជាច្រើនក៏បាន ​សំវដ្តវិវដ្តកប្បជាច្រើនក៏បានថា អាត្មាអញ បានកើត​ក្នុង​ភព​ឯណោះ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរ​យ៉ាងនេះ មានអាហារ​យ៉ាង​នេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះអាត្មា​អញ​ច្យុត​ចាកអត្តភាពនោះហើយ ក៏បានទៅកើត​ក្នុងភព​ឯណោះ ដែល​ទៅកើតក្នុងភពនោះ ក៏មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មាន​សម្បុរ​​យ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខ និងទុក្ខ​យ៉ាងនេះ មានកំណត់​អាយុត្រឹមប៉ុណ្ណេះ លុះច្យុត​ចាកអត្តភាពនោះហើយ ក៏បានមកកើត​ក្នុងភពនេះ។ ភិក្ខុនោះ រលឹក​បាននូវខន្ធ ដែលខ្លួន​អាស្រ័យ​នៅ ក្នុងកាលមុនជាច្រើនប្រការ ព្រមទាំងអាការ គឺសម្បុរ និងអាហារ​ជាដើម ព្រមទាំងឧទ្ទេស គឺឈ្មោះ និងគោត្រយ៉ាងនេះ។ម្នាលមាណព ដូច​បុរស ចេញអំពីស្រុក​របស់ខ្លួន ហើយទៅកាន់ស្រុកដទៃ ​ចេញ​អំពីស្រុកនោះ ហើយទៅកាន់​ស្រុកដទៃទៀត បុរសនោះឯង ក៏ត្រឡប់​មកពីស្រុកនោះ ហើយមកកាន់ស្រុករបស់ខ្លួនវិញ ហើយបុរសនោះ ក៏នឹងរលឹកឃើញយ៉ាងនេះថា អាត្មាអញ បានចេញអំពីស្រុក​របស់ខ្លួន ហើយទៅកាន់ស្រុកឯណោះ ដែលទៅដល់ស្រុកនោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ លុះអាត្មាអញ ​ចេញ​អំពីស្រុកនោះហើយ ទៅកាន់​ស្រុកឯណោះ ដែលទៅដល់ស្រុក​នោះ អាត្មាអញ បានឈរយ៉ាងនេះ បានអង្គុយយ៉ាងនេះ បាននិយាយយ៉ាងនេះ នៅស្ងៀម​យ៉ាងនេះ ឥឡូវ​នេះ អាត្មាអញ ត្រឡប់មកពីស្រុកនោះ មកកាន់​ស្រុក​របស់​ខ្លួនវិញហើយ ដូចម្តេចមិញ ម្នាលមាណព ភិក្ខុដែលបានបុព្វេនិវាសានុស្សតិញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព​ ភិក្ខុ កាល​បើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោន​ចិត្តទៅ ដើម្បី​បុព្វេនិវាសានុស្សតិញ្ញាណ ភិក្ខុនោះ ក៏រលឹកនូវ​បុព្វេនិវាសជាច្រើនប្រការ រលឹក​បានដូចម្តេច គឺរលឹកបាន​១ជាតិ ២ជាតិ​។បេ។ ភិក្ខុនោះ រលឹកបាននូវបុព្វេនិវាសជាច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស យ៉ាងនេះ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់បុរសនោះ។

[១៣៧] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ គឺសេចក្តី​ដឹងនូវចុតិ និងបដិសន្ធិនៃសត្វទាំងឡាយ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លង​បង់​នូវចក្ខុ​ជារបស់នៃមនុស្សធម្មតា រមែងឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែល​កើត​ ជាសត្វថោកទាប ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវ​សត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកប​ដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត ប្រកបដោយ​មនោទុច្ចរិត ជាអ្នក​ដៀល​ព្រះអរិយៈ​បុគ្គលទាំង​ឡាយ ជាមិច្ឆាទិដ្ឋិ ប្រកាន់​អំពើជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះ​រំលាង​កាយទៅបន្ទាប់អំពីមរណៈ ក៏ទៅកើត​ក្នុងអបាយ33) ទុគ្គតិ34) វិនិបាត35) នរក36) មួយ​សោត អើហ្ន៎ សត្វទាំងអម្បាលនេះ ប្រកបដោយ​កាយសុចរិត ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត មិនតិះដៀល​នូវ​ព្រះអរិយបុគ្គលទាំង​ឡាយ ជាសម្មាទិដ្ឋិ ប្រកាន់នូវ​អំពើជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះដល់រំលាងកាយទៅ បន្ទាប់​អំពី​មរណៈ ក៏ទៅកើតក្នុងលោក គឺមនុស្ស សុគតិ និងសួគ៌ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏​បរិសុទ្ធ កន្លងបង់នូវចក្ខុ​ជារបស់​មនុស្ស​ធម្មតា រមែងឃើញ​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មាន​គតិ​អាក្រក់ ដឹងច្បាស់​នូវ​សត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយ​ប្រការ​ដូច្នេះឯង។ ម្នាលមាណព ​ដូចជា​ប្រាសាទ ដែលតាំងនៅក្បែរផ្លូវត្រឡែងកែង ជាកណ្តាល​ក្រុង បុរសដែលមានភ្នែក (ភ្លឺ) ឈរនៅ​លើប្រាសាទនោះ គប្បី​ឃើញ​នូវមនុស្សទាំងឡាយ ដែលចូលទៅកាន់ផ្ទះក្តី ចេញអំពីផ្ទះក្តី ត្រាច់សញ្ចរអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ក្តី ដែល​អង្គុយ​ក្បែរផ្លូវត្រឡែងកែង នាកណ្តាលក្រុងក្តី បុរសនោះ គប្បីដឹងច្បាស់​ យ៉ាងនេះថា មនុស្សទាំងនុ៎ះ ដើរចូលមកកាន់ផ្ទះ មនុស្សទាំងនុ៎ះ​ ចេញមក​អំពី​ផ្ទះ មនុស្សទាំងនុ៎ះ សញ្ចរអំពី​ច្រកផ្លូវ ទៅកាន់ថ្នល់ មនុស្សទាំងនុ៎ះ អង្គុយ​នៅ​ក្បែរ​ផ្លូវ​ត្រឡែងកែង នាកណ្តាល​ក្រុង ដូចម្តេចមិញ​ ម្នាលមាណព ភិក្ខុ ដែលបានសត្តានំចុតូបបាតញ្ញាណ ក៏ដូច្នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្តតាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រ​ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏​តម្រង់ ផ្ចង់បង្អោនចិត្តទៅ ដើម្បីសត្តានំចុតូបបាតញ្ញាណ។ ភិក្ខុនោះ មានចក្ខុដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងបង់នូវចក្ខុ​ជារបស់មនុស្សធម្មតា រមែង​ឃើញ​​នូវ​សត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោក ឧត្តម មាន​សម្បុរ​ល្អ មាន​សម្បុរ​អាក្រក់ មានគតិល្អ មានគតិអាក្រក់ ដឹងច្បាស់​នូវ​សត្វ ដែល​ប្រព្រឹត្តទៅ តាម​កម្ម​របស់​ខ្លួន ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៨] ភិក្ខុនោះ កាលបើចិត្តតាំងខ្ជាប់ខ្ជួន បរិសុទ្ធ ផូរផង់ មិនមានទីទួល គឺ​កិលេស ប្រាស​​​ចាកឧបក្កិលេស មានសភាពជាចិត្តទន់ គួរដល់​ភាវនាកម្ម ជាចិត្តនឹងធឹង ​មិនញាប់​ញ័រទៅតាមអារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ អាសវក្ខយញ្ញាណ គឺសេចក្តីដឹងនូវធម៌ ជាគ្រឿងអស់​ទៅនៃ​អាសវៈ។ ភិក្ខុនោះ ក៏​ដឹង​តាមពិតថា នេះជាទុក្ខ ដឹងតាមពិតថា នេះជាហេតុនាំឲ្យកើតទុក្ខ ដឹងតាមពិតថា នេះ​ជាសេចក្តីរលត់ទុក្ខ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យបានដល់នូវ​សេចក្តី​រលត់ទុក្ខ ដឹងតាមពិតថា នេះជាអាសវៈ ដឹងតាមពិតថា ធម៌នេះ ជាហេតុនាំឲ្យកើតអាសវៈ ដឹងតាមពិតថា នេះជាសេចក្តី​រលត់​អាសវៈ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យ​បានដល់​នូវសេចក្តី​រលត់អាសវៈ។ កាលបើភិក្ខុនោះដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្ត​ក៏​ផុត​ស្រឡះ​ ចាក​កាមាសវៈផង ចិត្តក៏ផុត​ស្រឡះ​ ចាក​ភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាក​អវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើងថា ចិត្ត​ផុត​ស្រឡះ​ហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាន​ប្រព្រឹត្ត​​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ បានធ្វើ​ស្រេចហើយ ករណីយកិច្ចដទៃ ប្រព្រឹត្តទៅ ​ដើម្បី​សោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលមាណព ដូច​ជាអន្លង់ទឹក លើកំពូល​ភ្នំ ដែលថ្លាឈ្វេង ឥតមានកករល្អក់ បុរសដែល​មានភ្នែកភ្លឺ ឈរទៀប​មាត់​នៃអន្លង់​ទឹក​នោះ គប្បីឃើញនូវខ្យង និងគ្រំក្តី ដុំក្រួស និងបំណែកក្តី ហ្វូង​ត្រីដែល​ហែល​ទៅមក ឬឋិតនៅក្តី បុរសនោះ ក៏មានសេចក្តី​ត្រិះរិះយ៉ាងនេះថា អន្លង់ទឹក​នេះឯង ថ្លាឈ្វេង ឥតមានកករល្អក់ ខ្យង និងគ្រំទាំងឡាយនេះក្តី ដុំក្រួស និងបំណែក​ទាំងឡាយនេះក្តី ហ្វូងត្រីទាំង​ឡាយនេះ ដែលកំពុងហែលទៅមក ឬកំពុង​ឋិតនៅក្តី ក្នុងអន្លង់ទឹកនោះ យ៉ាងណាមិញ ម្នាលមាណព ភិក្ខុ ដែលបានអាសវក្ខយញ្ញាណ ក៏​យ៉ាង​នោះឯង។បេ។ ម្នាលមាណព ភិក្ខុ កាលបើចិត្ត​តាំងខ្ជាប់ខ្ជួន។បេ។ មិនញាប់​ញ័រ​ទៅ​តាម​អារម្មណ៍ យ៉ាងនេះហើយ ក៏តម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បីអាសវក្ខយញ្ញាណ។ ភិក្ខុនោះ ក៏​ដឹង​តាម​ពិត​ថា នេះជាទុក្ខ។បេ។ ដឹងតាមពិតថា នេះជាបដិបទា នាំឲ្យ​បានដល់​នូវ​សេចក្តីរលត់អាសវៈ។ ភិក្ខុនោះ កាលបើដឹងយ៉ាងនេះ ឃើញយ៉ាងនេះហើយ ចិត្តក៏ផុតស្រឡះ​ចាក​កាមាសវៈផង ចិត្តក៏ផុត​ស្រឡះ​ចាក​ភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ សេចក្តី​ដឹងក៏កើតឡើងថា ចិត្តផុតស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា កំណើតនៃ​អាត្មាអញ​អស់​ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្ត​គ្រប់គ្រាន់ហើយ សោឡសកិច្ច អាត្មាអញ ក៏បាន​ធ្វើ​​ស្រេចហើយ ករណីយកិច្ចដទៃ នៃអាត្មាអញ ដែលប្រព្រឹត្តទៅ​ ដើម្បីសោឡសកិច្ច​នេះ​ទៀត មិន​មាន​ឡើយ ដោយអំពើណា។ អំពើនេះឯង ជាបញ្ញារបស់ភិក្ខុនោះ។

[១៣៩] ម្នាលមាណព នេះឯងជាអរិយបញ្ញាខន្ធ ដែលព្រះមានព្រះភាគអង្គ​នោះ ទ្រង់បានពោលសរសើរហើយ ទាំងបានណែនាំប្រជុំជននេះ ឲ្យតាំងនៅ ឲ្យប្រតិស្ឋាន កិច្ចដែលគួរធ្វើតទៅទៀត ក្នុងសាសនានេះ មិនមានឡើយ។ សុភមាណព ពោល​សរសើរ​ថា បពិត្រព្រះអានន្ទដ៏ចំរើន អស្ចារ្យ​ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ហេតុនេះ មិនធ្លាប់​មាន បែរជាមានបាន បពិត្រព្រះអានន្ទដ៏ចំរើន អរិយបញ្ញាខន្ធនោះ​ បរិបូណ៌ហើយ មិនមែន​​មិនបរិបូណ៌​ទេ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណា មិនដែលឃើញនូវ​អរិយបញ្ញាខន្ធ ដែល​បរិបូណ៌​​យ៉ាងនេះ ក្នុងសមណព្រាហ្មណ៍ទាំងឡាយដទៃ ខាង​ក្រៅ​ពុទ្ធ​សាសនានេះឡើយ កិច្ចនីមួយ ដែលយើងទាំងឡាយ គប្បីធ្វើ​តទៅទៀត មិនមានឡើយ។ បពិត្រព្រះអានន្ទដ៏ចំរើន ពីរោះណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ពីរោះ​ណាស់ បពិត្រព្រះអានន្ទដ៏ចំរើន ធម៌ដែលលោកម្ចាស់ សំដែងហើយ ដោយ​អនេក​បរិយាយ យ៉ាងនេះ (ភ្លឺច្បាស់ណាស់) ដូចជាគេ​ផ្ងារនូវភាជន៍ ដែលផ្កាប់ ឬ​ដូចជា​គេ​បើក​បង្ហាញ​របស់ដែល​កំបាំង ពុំនោះ ដូចជាគេ​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងផ្លូវ ពុំនោះសោត ដូចជា​គេ​បំភ្លឺ​ប្រទីប ​ក្នុង​ទី​ងងឹត​ ដោយគិតថា មនុស្សដែល​មានចក្ខុ​ (ភ្លឺ) នឹងមើលឃើញរូប​ទាំងឡាយ បពិត្រព្រះអានន្ទដ៏ចំរើន ខ្ញុំព្រះករុណានេះ សូមដល់នូវ​ព្រះគោតម​ដ៏​ចំរើន​ផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពី​ថ្ងៃនេះទៅ សូមព្រះអានន្ទដ៏ចំរើន ជ្រាបនូវខ្ញុំព្រះករុណាថា ជាឧបាសក ដល់នូវ​សរណគមន៍ ស្មើដោយជីវិត។

ចប់ សុភសូត្រ ទី១០។

កេវដ្តសូត្រ ទី១១

(១១. កេវដ្ដសុត្តំ)

[១៤០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគជាម្ចាស់ ទ្រង់គង់​នៅក្នុងបាវារិកម្ពវ័ន ជិតស្រុក​នាលន្ទា។ គ្រានោះ គហបតិបុត្រ ឈ្មោះកេវដ្តៈ ចូលទៅ​គាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំ​ព្រះមានព្រះភាគ ហើយអង្គុយ​ក្នុងទីដ៏សមគួរ។ លុះកេវដ្តៈគហបតិបុត្រ អង្គុយក្នុងទីដ៏សមគួរហើយ ទើប​ក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ស្រុកនាលន្ទា​នេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយ​ទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្ស​កុះករ មានមនុស្សជ្រះថ្លា​ក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ គឺកុសលកម្ម១០ សូម​ព្រះមានព្រះភាគ បង្គាប់​ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ក៏​នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ។ កាលកេវដ្តគហបតិបុត្រ ក្រាបបង្គំ​ទូល​យ៉ាងនេះហើយ ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងកេវដ្តគហបតិបុត្រថា ម្នាល​កេវដ្តៈ តថាគត មិនសំដែងធម៌ដល់ភិក្ខុ​ទាំងឡាយយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ ចូរមកធ្វើបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌ ដល់ពួកគ្រហស្ថ អ្នក​ស្លៀក​ពាក់សដូច្នេះឡើយ។ កេវដ្តគហបតិបុត្រ បានក្រាបបង្គំទូលសេចក្តីនេះ នឹងព្រះមានព្រះភាគ ជាគំរប់២ដងទៀតថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មិនបានតាំង​ព្រះមានព្រះភាគ (ឲ្យសំដែង)ទេ ខ្ញុំព្រះអង្គ គ្រាន់តែក្រាបបង្គំទូល​យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ស្រុកនាលន្ទា​នេះ ជាស្រុកស្តុកស្តម្ភ បរិបូណ៌ (ដោយ​ទ្រព្យរបស់ផ្សេងៗ) មានជនច្រើន មានមនុស្ស​កុះករ មានមនុស្សជ្រះថ្លា​ក្រាស់ក្រែល ចំពោះព្រះមានព្រះភាគ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ​ណា អាចនឹងធ្វើឥទ្ធិបាដិហារ្យ ឲ្យក្រៃលែងជាងមនុស្សធម៌បាន សូម​ព្រះមានព្រះភាគ បង្គាប់​ភិក្ខុនោះ១រូប (ឲ្យធ្វើ) កាលបើយ៉ាងនេះ អ្នកស្រុកនាលន្ទានេះ ​នឹងរឹងរឹតតែជ្រះថ្លាឡើង ក្នុងព្រះមានព្រះភាគ។ (កេវដ្តគហបតិបុត្រ ក្រាបបង្គំ​ទូលនូវសេចក្តីនេះទៀត) ជាគំរប់៣ដងផង។បេ។

[១៤១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ បាដិហារ្យ៣យ៉ាងនេះ ដែល​តថាគត ធ្វើឲ្យជាក់ច្បាស់ហើយ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯងហើយ អាចនឹងសំដែង​បាន បាដិហារ្យ៣យ៉ាង តើដូចម្តេច គឺឥទ្ធិបាដិហារ្យ១ អាទេសនាបាដិហារ្យ១ អនុសាសនី​បាដិហារ្យ១។ ម្នាលកេវដ្តៈ ចុះ ឥទ្ធិបាដិហារ្យ តើដូចម្តេច ម្នាលកេវដ្តៈ ភិក្ខុក្នុងសាសនា​នេះ បាននូវឥទ្ធិវិធី គឺការតាក់តែងឫទ្ធិបានជាច្រើនប្រការ មនុស្សម្នាក់ ឲ្យទៅជាច្រើន​នាក់​ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរទៅមិនជាប់​ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងទីខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុង​អាកាស​ក៏បាន ងើបឡើង​ទាំងមុជចុះក្នុងផែនដី ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ដូចជា​ដើរលើផែនដីក៏បាន ទៅក្នុង​អាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មានអានុភាពច្រើនយ៉ាងនេះក៏​បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ កុលបុត្រឯ​ណានីមួយ ជាអ្នកមានសទ្ធាជ្រះថ្លា ឃើញភិក្ខុនោះ ដែលបាននូវឥទ្ធិវិធីជាច្រើនប្រការ គឺ​មនុស្សម្នាក់ ឲ្យទៅជាច្រើន​នាក់​ក៏បាន មនុស្សច្រើននាក់ ឲ្យទៅជាម្នាក់ក៏បាន ដើរ​ទៅ​មិន​ជាប់​​ជំពាក់នឹងទីវាល ទីខាងក្រៅ ទីខាងក្រៅជញ្ជាំង ទីខាងក្រៅកំពែង និងខាងក្រៅភ្នំ ដូចជាដើរទៅ ក្នុង​អាកាស​ក៏បាន ងើបឡើង​ ទាំងមុជចុះក្នុងផែនដី ហាក់ដូចជាងើបមុជ ក្នុងទឹកក៏បាន ដើរទៅក្នុងទឹក ក៏មិនបែកធ្លាយទឹក ហាក់ដូចជា​ដើរលើផែនដីក៏បាន ទៅ​ក្នុង​​អាកាសទាំងភ្នែន ដូចជាសកុណជាតិ ដែលមានស្លាបក៏បាន យកដៃទៅស្ទាបអង្អែល ចាប់ពាល់នូវព្រះចន្ទ្រ និងព្រះអាទិត្យទាំងនេះ ដែលមានឫទ្ធិច្រើនយ៉ាងនេះ មាន​អានុភាព​ច្រើនយ៉ាងនេះក៏​បាន ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាប​ដល់​ព្រហ្ម​លោក​ក៏បាន។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរ​ភិក្ខុនោះ ដល់​អ្នកដទៃ ដែលមិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជា​អស្ចារ្យ​ពេកណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរជាមានបាន ភាវៈនៃសមណៈ ជាអ្នក​មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបានឃើញភិក្ខុឯណោះ ដែលបាននូវឥទ្ធិវិធី​ជាច្រើនប្រការគឺ ធ្វើមនុស្សម្នាក់ ឲ្យទៅជាច្រើន​នាក់​ក៏បាន មនុស្សច្រើននាក់ ឲ្យទៅ​ជា​ម្នាក់វិញ​ក៏បាន។បេ។ ធ្វើអំណាចឲ្យប្រព្រឹត្តទៅ ដោយកាយ ដរាបដល់ព្រហ្មលោក​ក៏បាន។ ជនដែល​មិនទាន់មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លា គប្បីនិយាយប្រាប់​ដំណើរ​ភិក្ខុ​នោះ ទៅនឹងកុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន មាន​វិជ្ជាមួយយ៉ាង ឈ្មោះគន្ធារិ គឺវិជ្ជាដែលឫសី​ ឈ្មោះគន្ធារៈ តាក់តែងទុកមក ភិក្ខុនោះ បាននូវឥទ្ធិវិធី​ជាច្រើនប្រការ ដោយវិជ្ជានោះ។បេ។ ធ្វើអំណាច ឲ្យប្រព្រឹត្តទៅដោយកាយ ដរាបដល់ព្រហ្មលោកក៏បាន។ ម្នាលកេវដ្តៈ អ្នកសំគាល់​សេចក្តីនោះដូចម្តេច ជនដែល​មិន​ទាន់​មានសទ្ធា មិនទាន់មានសេចក្តីជ្រះថ្លានោះ នឹងគប្បី​និយាយពាក្យយ៉ាងនេះ ទៅនឹង​កុលបុត្រ ដែលមានសទ្ធាជ្រះថ្លានោះដែរឬ។ កេវដ្តគហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រព្រះអង្គដ៏ចំរើន ជននោះ​គប្បីនិយាយដែរ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលកេវដ្តៈ តថាគត ពិចារណាឃើញច្បាស់ នូវទោសក្នុងឥទ្ធិបាដិហារ្យនេះហើយ ទើប​នឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកឥទ្ធិបាដិហារ្យ។

[១៤២] ម្នាលកេវដ្តៈ ចុះ អាទេសនាបាដិហារ្យ តើដូចម្តេច។ ម្នាលកេវដ្តៈ ភិក្ខុ​ក្នុង​សាសនានេះ ទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ37) ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ កុលបុត្រឯណានីមួយ ដែលមានសទ្ធាជ្រះថ្លា ឃើញ​ភិក្ខុ​នោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវ​ការ​ពិចារ​ណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោ​របស់​អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ កុលបុត្រដែលមានសទ្ធាជ្រះថ្លានោះ ក៏ប្រាប់នូវដំណើរ​ភិក្ខុនោះ ដល់​ជនដទៃ ដែលជាអ្នកមិនទាន់មានសទ្ធា មិនទាន់​មាន​សេចក្តី​ជ្រះថ្លាថា ឱហ្ន៎ ហេតុនេះជា​អស្ចារ្យ​ណាស់ ឱហ្ន៎ ហេតុនេះមិនធ្លាប់មាន បែរ​ជា​មាន​បាន ភាវៈនៃសមណៈ ជាអ្នក​មាន​ឫទ្ធិច្រើន មានអានុភាពច្រើន ព្រោះខ្ញុំបាន​ឃើញ​ភិក្ខុ​ឯណោះ ដែលទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវ​ការ​ពិចារណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោ​របស់​អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ជនដែល​មិនទាន់មានសទ្ធា មិនទាន់​ជ្រះថ្លានោះ គប្បីនិយាយប្រាប់​ដំណើរ​ភិក្ខុ​នោះ ទៅនឹងកុលបុត្រ ដែល​មាន​សទ្ធា​ជ្រះថ្លានោះ យ៉ាងនេះថា ម្នាលអ្នកដ៏ចំរើន មាន​វិជ្ជាមួយយ៉ាង ឈ្មោះមណិកា38) ជាវិជ្ជាសម្រាប់ដឹងចិត្តបុគ្គលដទៃ ភិក្ខុនោះ​ទាយនូវចិត្តខ្លះ ទាយនូវចេតសិកខ្លះ ទាយនូវការត្រិះរិះខ្លះ ទាយនូវការពិចារណាខ្លះ របស់​ពួកសត្វដទៃ បុគ្គលដទៃ ដោយវិជ្ជានោះថា មនោរបស់អ្នកយ៉ាងនេះខ្លះ មនោរបស់អ្នក មានប្រការ​ដូច្នេះខ្លះ ចិត្តរបស់អ្នកដូច្នេះខ្លះ។ ម្នាលកេវដ្តៈ អ្នកសំគាល់​នូវហេតុនោះដូចម្តេច ជន​ដែល​​មិន​ទាន់​មានសទ្ធា មិនទាន់ជ្រះថ្លា នឹងគប្បី​និយាយពាក្យយ៉ាងនេះ ទៅនឹង​កុលបុត្រ ដែលមានសទ្ធា មានសេចក្តីជ្រះថ្លានោះដែរឬ។ គហបតិបុត្រ ក្រាបបង្គំទូលតបថា បពិត្រ​ព្រះអង្គ​ដ៏ចំរើន ជននោះ​គប្បីនិយាយដែរ។ ម្នាលកេវដ្តៈ តថាគត កាលពិចារណា​ឃើញ​ច្បាស់ នូវទោសក្នុងអាទេសនាបាដិហារ្យនេះឯង ទើប​នឿយណាយធុញទ្រាន់ ខ្ពើមរអើម ចាកអាទេសនាបាដិហារ្យ។

[១៤៣] ម្នាលកេវដ្តៈ ចុះ អនុសាសនីបាដិហារ្យ តើដូចម្តេច។ ម្នាលកេវដ្តៈ ភិក្ខុ​ក្នុង​សាសនានេះ តែងប្រៀនប្រដៅយ៉ាងនេះថា អ្នកទាំងឡាយ ចូរត្រិះរិះយ៉ាងនេះចុះ កុំ​ត្រិះរិះយ៉ាងនេះឡើយ អ្នកទាំងឡាយ ចូរធ្វើទុកក្នុងចិត្តយ៉ាងនេះចុះ កុំធ្វើទុក​ក្នុងចិត្ត​យ៉ាង​នេះឡើយ អ្នកទំាងឡាយ ចូរលះបង់នូវ​តម្រេក​ ក្នុងបញ្ចកាមគុណនេះ អ្នក​ទាំងឡាយ ចូរដល់នូវលោកុត្តរធម៌នេះ ហើយសម្រេចឥរិយាបថនៅ។ ម្នាលកេវដ្តៈ នេះ​តថាគតហៅថា អនុសាសនីបាដិហារ្យ។

[១៤៤] ម្នាលកេវដ្តៈ មួយវិញទៀត ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាអរហន្តសម្មាសម្ពុទ្ធ។បេ។ (អ្នកប្រាជ្ញគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រ​ផងចុះ)។បេ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ភិក្ខុបានដល់​នូវ​ទុតិយជ្ឈាន។ តតិយជ្ឈាន។ ចតុត្ថជ្ឈាន ហើយសម្រាន្តឥរិយាបថនៅ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។បេ។ ភិក្ខុតម្រង់ផ្ចង់បង្អោនចិត្តទៅ ដើម្បី​ញាណទស្សនៈ។ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។បេ។ ភិក្ខុ​ដឹងច្បាស់ថា កិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ម្នាលកេវដ្តៈ នេះតថាគតហៅថា អនុសាសនីបាដិហារ្យ។ ម្នាលកេវដ្តៈ បាដិហារ្យ​ទាំង៣​យ៉ាងនេះឯង ដែលតថាគតធ្វើឲ្យជាក់ច្បាស់ ដោយបញ្ញាដ៏ឧត្តម ដោយខ្លួនឯង ហើយ​អាច​សំដែងបាន។

[១៤៥] ម្នាលកេវដ្តៈ រឿងធ្លាប់មានមកថា ភិក្ខុមួយរូប ក្នុងភិក្ខុសង្ឃនេះឯង កើតមាន​សេចក្តីត្រិះរិះ​ក្នុងចិត្តយ៉ាងនេះថា មហាភូតរូបទាំង៤នេះគឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុចូលកាន់សមាធិ តាមបែបផែននៃចិត្តរបស់យោគី ដែល​តាំង​ខ្ជាប់ដោយសមាធិ ផ្លូវជាទីទៅកាន់ទេវលោក ក៏កើតប្រាកដឡើង។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុនោះ ចូលទៅរកពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា លុះ​ចូល​ទៅដល់ហើយ បានសួរសេចក្តីនេះ នឹងពួកទេវតាដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា​ថា ម្នាលអាវុសោទាំងឡាយ មហាភូតរូបទាំង៤នេះ គឺ បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលឋិតនៅក្នុងឋានចាតុម្មហារាជិកា បាន​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយនេះឯង មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាទេ បពិត្រភិក្ខុ តែមានមហារាជ៤ព្រះអង្គ ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ មហារាជទាំង៤នោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា ដូច្នេះ (មិនខាន)។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុក៏ចូលទៅរកមហារាជ​ទាំង​៤​ព្រះអង្គ លុះចូលទៅដល់ហើយ ក៏សួរសេចក្តីនេះ នឹងមហារាជ​ទាំង៤ថា ម្នាល​អាវុសោ​ទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះ​សួរ​យ៉ាង​នេះ​ហើយ មហារាជទាំង៤ព្រះអង្គ ​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ សូម្បី​យើង​ទាំងឡាយ ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតា​ទាំងឡាយ ដែលឋិត​នៅក្នុងឋាន​តាវត្តិង្ស ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ ពួកទេវតាទាំងនោះឯង គប្បីដឹងសេចក្តីនេះ។បេ។ ម្នាលកេវដ្តៈ គ្រានោះ ភិក្ខុក៏ចូលទៅរកពួកទេវតា ដែល​ឋិតនៅក្នុងឋាន​តាវត្តិង្ស លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងពួកទេវតា ដែល​ឋិតនៅក្នុងឋានតាវត្តិង្សថា ម្នាល​អាវុសោ​ទាំងឡាយ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែល​ឋិត​នៅ​ក្នុង​ឋានតាវត្តិង្ស ​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹង​សេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវរាជ ឈ្មោះសក្កៈ ជាធំ​ជាងទេវតា​ទាំងឡាយ ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ សក្កទេវរាជនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះ។បេ។ ម្នាលកេវដ្តៈ ភិក្ខុនោះ ក៏ចូលទៅរកសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ លុះចូល​ទៅ​ដល់​ហើយ ក៏សួរនូវសេចក្តីនេះ នឹងសក្កទេវរាជ ជាធំជាងទេវតាទាំងឡាយថា ម្នាល​អាវុសោ​ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលបើភិក្ខុនោះ​សួរយ៉ាង​នេះ​ហើយ សក្កទេវរាជ ជាធំជាងទេវតាទាំងឡាយ បាន​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានទេវតា ឈ្មោះយាមៈ (ទេវតាឋិតនៅក្នុងឋានយាមៈ)។បេ។ ទេវបុត្រឈ្មោះសុយាមៈ។បេ។ ទេវបុត្រ​ឈ្មោះតុសិតៈ (ទេវតាឋិតនៅក្នុងឋានតុសិត)។បេ។ ទេវបុត្រឈ្មោះ​សន្តុសិតៈ។បេ។ ទេវតាឈ្មោះ និម្មានរតី (ទេវតា ដែលឋិតនៅក្នុងឋាននិម្មានរតី)។បេ។ ទេវបុត្រឈ្មោះសុនិម្មិតៈ។បេ។ ទេវតាឈ្មោះ បរនិម្មិតវសវតី្ត (ទេវតា ឋិតនៅក្នុងឋាន​បរនិម្មិតវសវត្តី)។បេ។ ទេវបុត្រឈ្មោះបរនិម្មិតវសវត្តី ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ ទេវបុត្រឈ្មោះ បរនិម្មិតវសវត្តីនោះ គប្បីដឹងយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា (មិនខាន)។

[១៤៦] ម្នាលកេវដ្តៈ លំដាប់នោះឯង ភិក្ខុនោះ ចូលទៅរកទេវបុត្រ ឈ្មោះ​វសវត្តី លុះចូលទៅដល់ហើយ ក៏បានសួរសេចក្តីនេះ នឹងទេវបុត្រឈ្មោះ វសវត្តីថា ម្នាល​អាវុសោ​ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ទេវបុត្រឈ្មោះ វសវត្តី ក៏បាន​ឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំព្រះករុណា ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ។ បពិត្រភិក្ខុ តែមានពួកទេវតា ឈ្មោះ ព្រហ្មកាយិកៈ (ទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម) ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ ពួកទេវតានោះ គប្បីដឹងសេចក្តីយ៉ាងនេះ (មិនខាន)។បេ។ ម្នាលកេវដ្តៈ លំដាប់នោះ ភិក្ខុនោះ ក៏ចូលកាន់សមាធិ តាមបែបផែន​នៃចិត្ត​របស់​យោគី ដែលតាំងខ្ជាប់ ដោយសមាធិ ផ្លូវជាទីទៅកាន់​ព្រហ្មលោក ក៏កើតប្រាកដឡើង។

[១៤៧] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏ចូលទៅរកពួកទេវតា ដែលរាប់បញ្ចូល​ក្នុងពួកព្រហ្ម លុះចូលទៅដល់ហើយ ក៏បានសួរ​សេចក្តី​នេះ នឹង​ទេវតា ដែល​រាប់បញ្ចូល​ក្នុងពួកព្រហ្មថា ម្នាលអាវុសោទាំងឡាយ មហាភូតរូប៤នេះ។បេ។ វាយោធាតុ១ រលត់ ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ ពួកទេវតា ដែលរាប់បញ្ចូលក្នុងពួកព្រហ្ម បានឆ្លើយតបសេចក្តី​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ យើងក៏មិនដឹងសេចក្តីនេះដែរ។បេ។ បពិត្រភិក្ខុ តែមានព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នកឃើញ​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែង39) សត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញ​មកហើយ និងសត្វនៅក្នុងផ្ទៃ ឧត្តម ថ្លៃថ្លា​ជាង​យើងទាំងឡាយ មហាព្រហ្មនោះឯង គប្បីដឹងសេចក្តីយ៉ាងនេះថា មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណា (មិនខាន)។ ភិក្ខុនោះសួរថា ម្នាល​អាវុសោ ចុះឥឡូវនេះ មហាព្រហ្មនោះ នៅក្នុងទីណា។ ពួកទេវតានោះ ឆ្លើយតបថា បពិត្រភិក្ខុ យើងទាំងឡាយ ក៏មិនដឹងថា ព្រហ្មនៅ​ក្នុងទី​ណា ឬនៅក្នុងទីចំណែកនៃទិសណាដែរ បពិត្រភិក្ខុ ប៉ុន្តែនិមិត្តទាំងឡាយតែងប្រាកដ ពន្លឺ​តែង​កើតច្បាស់ រស្មីតែងកើតប្រាកដក្នុងទីណា ព្រហ្មនឹង​មានប្រាកដក្នុងទីនោះ នេះជាបុព្វនិមិត្ត ដើម្បីមានប្រាកដនៃព្រហ្ម គឺពន្លឺក៏កើតច្បាស់ រស្មីមានប្រាកដ។ ម្នាលកេវដ្តៈ លំដាប់នោះ មិនយូរប៉ុន្មានឡើយ មហាព្រហ្មនោះ ក៏មានរូបប្រាកដឡើង។

[១៤៨] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ចូលទៅរកមហាព្រហ្ម លុះចូល​ទៅ​ដល់​ហើយ បានសួរសេចក្តីនេះ នឹងមហាព្រហ្មនោះថា ម្នាល​អាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់​ក្នុង​ទី​ណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ មហាព្រហ្មនោះ ក៏ឆ្លើយ​តប​សេចក្តី​​នេះ នឹងភិក្ខុនោះថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្មឈ្មោះ មហាព្រហ្ម គ្របសង្កត់​លើ​សត្វ​ឯ​ទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នកឃើញ​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជន​ទាំង​ពួង ឲ្យលុះក្នុង​អំណាចរបស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែង​លោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតា​របស់​សត្វ ដែលប្រសូត​មកហើយ និងសត្វនៅក្នុងផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរ​នូវ​សេចក្តី​នេះ នឹងមហាព្រហ្មនោះ ជាគំរប់​២ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរ​អ្នក​យ៉ាង​នេះថា អ្នកជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាច​គ្រប​សង្កត់​លើបាន ជាអ្នកឃើញ​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាច​របស់ខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាង​សត្វ​​ ជាអ្នកបែងសត្វលោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញ​មកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាល​អាវុសោ មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎ ដូច្នេះទេតើ។ ម្នាលកេវដ្តៈ មហាព្រហ្មនោះ បានឆ្លើយតបសេចក្តី​នេះនឹងភិក្ខុនោះ ជាគំរប់២ដងទៀតថា បពិត្រភិក្ខុ ខ្ញុំជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នក​ឃើញ​​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាចរបស់ខ្លួន ជាឥស្សរៈ​ក្នុង​លោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែង​សត្វ​លោក ជាអ្នកស្ទាត់ជំនាញ ជាបិតារបស់សត្វ ដែលប្រសូតចេញ​មកហើយ និងសត្វ​នៅ​ក្នុង​ផ្ទៃ។ ម្នាលកេវដ្តៈ ភិក្ខុនោះ បានសួរនូវសេចក្តី​នេះ នឹងមហាព្រហ្ម ជាគំរប់​៣ដងទៀតថា ម្នាលអាវុសោ អាត្មាមិនមែនសួរអ្នក​យ៉ាងនេះថា អ្នកជាព្រហ្ម ឈ្មោះ​មហាព្រហ្ម គ្របសង្កត់លើសត្វឯទៀត សត្វឯទៀត មិនអាចគ្របសង្កត់​លើបាន ជាអ្នក​ឃើញ​​ហេតុ​គ្រប់យ៉ាង ជាអ្នកធ្វើ​ជនទាំងពួង ឲ្យលុះក្នុង​អំណាចខ្លួន ជាឥស្សរៈក្នុងលោក ជាអ្នកសាងលោក តាក់តែងលោក ជាចម្បងជាងសត្វ​លោក ជាអ្នកបែងសត្វលោក ជា​អ្នក​ស្ទាត់ជំនាញ ជាបិតានៃសត្វ ដែលប្រសូតចេញ​មកហើយ និងសត្វនៅក្នុងផ្ទៃ ដូច្នេះ​ទេ ម្នាលអាវុសោ ឯអាត្មាសួរអ្នកយ៉ាងនេះថា ម្នាលអាវុសោ មហាភូតរូបទាំង៤នេះ គឺ​បឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេសសល់​ក្នុង​ទី​ណាហ្ន៎ ដូច្នេះទេតើ។

[១៤៩] ម្នាលកេវដ្តៈ គ្រានោះ មហាព្រហ្មនោះ ចាប់ដើមដៃភិក្ខុនោះ ហើយនាំចៀសចេញទៅ ក្នុងទីដ៏សមគួរ ហើយនិយាយ​សេចក្តីនេះ នឹងភិក្ខុ​នោះថា បពិត្រ​ភិក្ខុ ទេវតា ដែលរាប់បញ្ចូល​ក្នុងពួកព្រហ្មទាំងនេះឯង តែងស្គាល់នូវខ្ញុំ​យ៉ាងនេះថា ហេតុអ្វីនីមួយ ឈ្មោះថា ព្រហ្មមិនដឹង មិនឃើញ មិនស្គាល់ មិនធ្វើឲ្យច្បាស់​នោះ មិនមាន​ឡើយ ព្រោះហេតុនោះ ទើបខ្ញុំមិនព្យាករ ក្នុងទីចំពោះ​មុខនៃទេវតាទាំងនុ៎ះ បពិត្រ​ភិក្ខុ ខ្ញុំ​សោត ក៏មិនដឹងថា មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាដែរ បពិត្រភិក្ខុ លោកម្ចាស់​ លះបង់​ចោលព្រះមានព្រះភាគហើយ ដល់នូវការស្វែងរក (បុគ្គល) ខាងក្រៅវិញ ដើម្បី​ព្យាករណ៍នូវ​ប្រស្នានេះ ដោយអំពើណា អំពើនោះ លោកម្ចាស់ធ្វើមិនល្អទេ អំពើនោះ លោកម្ចាស់ធ្វើខុសហើយ បពិត្រភិក្ខុ ព្រោះហេតុនោះ លោកម្ចាស់ចូលទៅគាល់​ព្រះមានព្រះភាគអង្គនោះ ហើយសួរនូវប្រស្នានេះចុះ បើព្រះមានព្រះភាគ ទ្រង់ព្យាករ ដល់លោកម្ចាស់យ៉ាងណា លោកម្ចាស់គប្បីចាំទុកនូវ​សេចក្តីនោះ យ៉ាងនោះចុះ។

[១៥០] ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ក៏បាត់អំពីព្រហ្មលោក មកប្រាកដក្នុង​ទីចំពោះមុខតថាគត (រហ័ស) ប្រៀបដូចជាបុរសមានកំឡាំង លាដៃដែលបត់ចូល ឬ​បត់​ចូលនូវដៃដែលលាចេញ។ ម្នាលកេវដ្តៈ គ្រានោះឯង ភិក្ខុនោះ ថ្វាយបង្គំ​តថាគតរួច​ហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ ម្នាលកេវដ្តៈ លុះភិក្ខុនោះ​អង្គុយក្នុងទីដ៏សមគួរហើយ ក៏​បាន​សួរ​នូវសេចក្តីនេះ នឹងតថាគតថា បពិត្រព្រះអង្គដ៏ចំរើន មហាភូតរូបទាំង៤នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមានសេសសល់ក្នុងទីណាហ្ន៎។ ម្នាលកេវដ្តៈ កាលភិក្ខុនោះសួរយ៉ាងនេះហើយ តថាគត ក៏បានសំដែង​សេចក្តីនេះ នឹងភិក្ខុ​នោះថា ម្នាលភិក្ខុ រឿងធ្លាប់​មានមកហើយថា មានពួកឈ្មួញសមុទ្រ បាននាំយកសត្វ​ស្លាប ដែលជាសត្វ​មើលឃើញ​ត្រើយសមុទ្រ ហើយចុះទៅកាន់សមុទ្រដោយសំពៅ ពួកឈ្មួញទាំងនោះ កាលបើសំពៅដែលបើកទៅ មើលមិនឃើញត្រើយសមុទ្រ ក៏លែងសត្វបក្សីដែលមើលឃើញត្រើយសមុទ្រ សត្វបក្សីនោះ ក៏ហើរទៅកាន់ទិស​ខាង​កើត ទៅកាន់ទិសខាងត្បូង ទៅកាន់ទិសខាងលិច ទៅកាន់ទិសខាងជើង ទៅកាន់ទិស​ខាង​លើ ទៅកាន់ទិសតូច បើសត្វបក្សីនោះ មើលឃើញត្រើយសមុទ្រជុំវិញ ក៏ហើរ​បាត់​ទៅតែម្តង ប្រសិនបើ សត្វបក្សីនោះ មើលមិនឃើញត្រើយសមុទ្រជុំវិញទេ​ ក៏ហើរ​ត្រឡប់​មករកសំពៅនោះវិញ ម្នាលភិក្ខុ ខ្លួនអ្នក បានដើរស្វែងរក (បុគ្គល) ដើម្បីព្យាករណ៍​នូវ​ប្រស្នានេះ រហូតដល់ព្រហ្មលោក ក៏ត្រឡប់មកកាន់សំណាក់នៃតថាគត​វិញដូច្នោះឯង ម្នាលភិក្ខុ ប្រស្នានេះ អ្នកមិនត្រូវ​សួរយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន មហាភូតរូប​ទាំង​៤​នេះ គឺបឋវីធាតុ១ អាបោធាតុ១ តេជោធាតុ១ វាយោធាតុ១ តែងរលត់ ឥតមាន​សេស​សល់​ក្នុងទីណាហ្ន៎ ដូច្នេះឡើយ។ ម្នាលភិក្ខុ ប្រស្នានោះ អ្នកត្រូវសួរយ៉ាងនេះថា។

[១៥១] អាបោធាតុក្តី បឋវីធាតុក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅ​ក្នុងទី​ណា (ឧបាទាយរូប) ដែលមានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អក្តី អាក្រក់ក្តី រលត់​ក្នុងទីណា នាម និងរូបរលត់ ឥតមានសេសសល់ក្នុងទីណា។

សេចក្តីដោះស្រាយ ក្នុងប្រស្នាដូច្នេះ។

[១៥២] វិញ្ញាណ គឺព្រះនិព្វាន មិនមែនជាទីសម្រាប់ឃើញ (ដោយ​ចក្ខុបាន)ទេ ជាធម្មជាតគ្មានទីបំផុត មានពន្លឺ (កម្មដ្ឋាន) ដោយជុំវិញ អាបោធាតុក្តី បឋវីធាតុ​ក្តី តេជោធាតុក្តី វាយោធាតុក្តី មិនតាំងនៅក្នុងព្រះនិព្វាននុ៎ះឡើយ (ឧបាទាយរូប) ដែល​មានសណ្ឋានវែងក្តី ខ្លីក្តី តូចក្តី ធំក្តី ល្អ អាក្រក់ក្តី តែងរលត់ ក្នុងព្រះនិព្វាននុ៎ះ នាម​និងរូប តែងរលត់ ឥតមានសេសសល់ក្នុងព្រះនិព្វាននុ៎ះ នាម និងរូបនោះ តែងរលត់​ក្នុងព្រះ​និព្វាននុ៎ះ ព្រោះរលត់​ទៅនៃវិញ្ញាណ។

ព្រះមានព្រះភាគ បានសំដែងព្រះសូត្រនេះចប់ហើយ។ កេវដ្តគហបតិបុត្រ ក៏​មានចិត្តរីករាយ ត្រេកអរនឹងភាសិត របស់ព្រះមានព្រះភាគ។

ចប់ កេវដ្តសូត្រ ទី១១។

លោហិច្ចសូត្រ ទី១២

(១២. លោហិច្ចសុត្តំ)

[១៥៣] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ព្រះ​ដំណើរ ទៅកាន់ចារិក ក្នុងដែនកោសល ព្រមដោយពួកភិក្ខុច្រើន ប្រមាណ៥០០រូប ក៏​បានទៅដល់ស្រុកឈ្មោះ សាលវតិកា40) ក៏សម័យនោះឯង ព្រាហ្មណ៍ឈ្មោះលោហិច្ច នៅអាស្រ័យ​ក្នុងស្រុក​សាលវតិកា ដែលជាស្រុកកុះករដោយ​សត្វ គឺមនុស្ស និងតិរច្ឆាន មានដំរី សេះ ជាដើម បរិបូណ៌ដោយ​ស្មៅ ឧស និងទឹក បរិបូណ៌ដោយស្រូវអង្ករ ជាព្រះរាជទ្រព្យ ដែលព្រះបាទបសេនទិកោសល ទ្រង់​ព្រះរាជទាន ជាព្រះអំណោយ ជារង្វាន់​ដ៏ប្រសើរ។

[១៥៤] ជួនសម័យនោះឯង ទិដ្ឋិអាក្រក់ មានសភាពដូច្នោះ ក៏កើតឡើង ដល់​លោហិច្ចព្រាហ្មណ៍ថា សមណៈ ឬព្រាហ្មណ៍ ក្នុងលោកនេះ គប្បីបាននូវកុសលធម៌ លុះ​បាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថា អ្នកដទៃ នឹងធ្វើអ្វី​ឲ្យ​អ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចងចំណងថ្មីដទៃវិញ យ៉ាងណាមិញ សេចក្តីនេះ ក៏យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នកដទៃ​នឹង​ធ្វើ​អ្វី​ឲ្យអ្នកដទៃបាន។ តមកលោហិច្ចព្រាហ្មណ៍ បានឮដំណឹងថា ព្រះសមណគោតម ជាសក្យបុត្ត ចេញចាកសក្សត្រកូល ទៅបួស ហើយទ្រង់ព្រះដំណើរ​ទៅកាន់ចារិក ក្នុង​ដែនកោសល ព្រមដោយភិក្ខុសង្ឃជាច្រើន ប្រមាណ៥០០រូប បានដល់មកស្រុក​សាលវតិកាហើយ កិត្តិសព្ទសរសើរ​ព្រះ​គោតម​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុស​សាយ​យ៉ាងនេះថា ព្រះមានព្រះភាគ​អង្គ​នោះ។បេ។ ព្រះអង្គបានត្រាស់ដឹងនូវ​អរិយសច្ចធម៌ ទ្រង់លែង​វិល​​មក​កាន់​ភព​ថ្មីទៀត ទ្រង់បាន​ត្រាស់​ដឹង​ បាន​ធ្វើ​ឲ្យ​ជាក់ច្បាស់នូវព្រះនិព្វាន ចំពោះព្រះអង្គ ហើយ​ញុំាង​លោកនេះ ព្រមទាំង​ទេវលោក មារ​លោក ព្រហ្មលោក ញុំាង​ពពួក​សត្វ ព្រមទាំង​​សមណៈ និងព្រាហ្មណ៍ ទាំង​មនុស្ស​ជាសម្មតិ​ទេព និង​មនុស្ស​ដ៏​សេស ឲ្យបាន​ត្រាស់​ដឹង​ផង ទ្រង់សំដែង​ធម៌ ពីរោះបទដើម បទ​កណ្តាល និងបទចុង ព្រះអង្គ ប្រកាសនូវ​ព្រហ្មចរិយធម៌ ព្រមទាំង​អត្ថ និងព្យញ្ជនៈ ដ៏​ពេញ​បរិបូណ៌ បរិសុទ្ធ​ទាំង​អស់ កិរិយាដែល​បានឃើញ បានជួបនឹងព្រះអរហន្តទាំងឡាយ មាន​សភាពដូច្នេះ ជាការប្រពៃណាស់។

[១៥៥] លំដាប់នោះឯង លោហិច្ចព្រាហ្មណ៍ បាននិយាយ​នឹងអ្នកផ្ងូតទឹក ឈ្មោះ​រោសិកៈថា ម្នាលរោសិកៈ ជាសំឡាញ់ អ្នកចូរមកអាយ អ្នកចូរទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះ​ព្រះសមណគោតម តាមពាក្យរបស់យើងថា បពិត្រព្រះគោតមដ៏ចំរើន លោហិច្ចព្រាហ្មណ៍ (ផ្តាំឲ្យ) ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះ​ព្រះគោតមដ៏​ចំរើន រួចហើយ ចូរទូលយ៉ាងនេះថា សូមព្រះគោតមដ៏ចំរើន ព្រមដោយភិក្ខុសង្ឃ ទទួល​ភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ។ អ្នកផ្ងូតទឹក ឈ្មោះ​រោសិកៈ ទទួល​ពាក្យរបស់លោហិច្ចព្រាហ្មណ៍ថា បាទ អ្នកម្ចាស់ ហើយក៏ដើរចូលទៅរក​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះអ្នកផ្ងូតទឹកឈ្មោះរោសិកៈ អង្គុយក្នុងទីដ៏សមគួរ​ស៊ប់​ហើយ ក៏បានយកសេចក្តីនេះ ក្រាបបង្គំទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន លោហិច្ចព្រាហ្មណ៍ (ផ្តាំឲ្យ) ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះ​ព្រះមានព្រះភាគ ហើយឲ្យទូលនិមន្តព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូម​ព្រះមានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ទទួលភត្តរបស់លោហិច្ចព្រាហ្មណ៍ ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែកនេះ។ ព្រះមានព្រះភាគ ក៏ទ្រង់ទទួលនិមន្ត ដោយតុណ្ហីភាព។

[១៥៦] លំដាប់នោះ​ អ្នកផ្ងូតទឹកឈ្មោះ រោសិកៈ ដឹងច្បាស់ថា ព្រះមានព្រះភាគ ទទួល​និមន្តហើយ ក៏ក្រោកចាកអាសនៈ ក្រាបថ្វាយបង្គំលាព្រះមានព្រះភាគ ធ្វើ​ប្រទក្សិណ រួចហើយដើរចូលទៅរកលោហិច្ចព្រាហ្មណ៍ លុះចូលទៅដល់ហើយ បាន​និយាយ​ប្រាប់សេចក្តីនុ៎ះ ចំពោះលោហិច្ចព្រាហ្មណ៍ថា ខ្ញុំបានទូលព្រះមានព្រះភាគនោះ តាមពាក្យរបស់អ្នកម្ចាស់ហើយថា បពិត្រព្រះអង្គដ៏ចំរើន លោហិច្ចព្រាហ្មណ៍ ឲ្យ​ទូលសួរនូវសេចក្តីមិនមានអាពាធ មិនមានរោគ ការក្រោក​ឡើង​ដោយរហ័សរហួន កំលាំងកាយ និងធម៌ជាគ្រឿងនៅជាសុខ ចំពោះ​ព្រះមានព្រះភាគ ហើយឲ្យ​និមន្ត​ព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ ព្រមដោយភិក្ខុសង្ឃ ទទួល​ភត្ត​របស់លោហិច្ចព្រាហ្មណ៍ ដើម្បីឆាន់ក្នុងថ្ងៃស្អែកនេះ ឯឥឡូវ ព្រះមានព្រះភាគនោះ ក៏ទ្រង់​បានទទួលនិមន្តស្រេចហើយ។ លុះកន្លងរាត្រីនោះហើយ លោហិច្ចព្រាហ្មណ៍ ឲ្យ​តាក់តែងខាទនីយាហារ ដ៏ឆ្ងាញ់ពីសារ ក្នុងផ្ទះរបស់ខ្លួន រួចហើយ ហៅអ្នកផ្ងូតទឹក​ឈ្មោះ​រោសិកៈមកនិយាយថា ម្នាលរោសិកៈ​ជាសំឡាញ់ អ្នកចូរមកអាយ អ្នកចូរទៅរក​ព្រះសមណគោតម លុះចូលទៅដល់ហើយ ចូរក្រាបទូលភត្តកាល ចំពោះ​ព្រះសមណគោតមថា បពិត្រព្រះគោតមដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏​សម្រេចហើយ។ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ទទួលពាក្យរបស់​លោហិច្ចព្រាហ្មណ៍ថា បាទ អ្នកដ៏ចំរើន ហើយក៏ដើរចូលទៅរកព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយ​បង្គំព្រះមានព្រះភាគ រួចហើយឈរក្នុងទីដ៏សមគួរ។ លុះអ្នកផ្ងូតទឹកឈ្មោះ​រោសិកៈ ឈរក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលនូវ​ភត្តកាល ចំពោះព្រះមានព្រះភាគ​ថា បពិត្រព្រះអង្គដ៏ចំរើន កាលនេះ ជាកាលគួរហើយ ភត្តក៏សម្រេចហើយ។

[១៥៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ប្រដាប់បាត្រ និងចីវរ​ក្នុង​បុព្វណ្ហសម័យ ហើយស្តេចចូលទៅក្នុងស្រុកឈ្មោះ សាលវតិកានោះ ព្រមដោយ​ភិក្ខុសង្ឃ។ សម័យនោះឯង អ្នកផ្ងូតទឹកឈ្មោះរោសិកៈ ក៏ដើរតាមក្រោយៗ នៃ​ព្រះមានព្រះភាគ។ វេលានោះ អ្នកផ្ងូតទឹកឈ្មោះរោសិកៈ បានយកសេចក្តីនេះ ក្រាប​បង្គំទូល​ព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ទិដ្ឋិអាក្រក់ មានសភាព​យ៉ាងនេះ កើតឡើងដល់លោហិច្ចព្រាហ្មណ៍ថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាន​នូវ​កុសលធម៌ លុះបាននូវកុសលធម៌ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះថា អ្នក​ដទៃ​នឹងធ្វើអ្វី​ឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ហើយចង​ចំណងថ្មីដទៃវិញ យ៉ាង​ណាមិញ សេចក្តីនេះ យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នក​ដទៃ​នឹងធ្វើអ្វីឲ្យអ្នកដទៃបាន សូមទ្រង់ព្រះមេត្តាប្រោស សូមព្រះមានព្រះភាគ ជួយ​ដោះ​លោហិច្ចព្រាហ្មណ៍ ឲ្យរួចចាកទិដ្ឋិអាក្រក់នុ៎ះចេញ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាល​រោសិកៈ កិច្ចប៉ុណ្ណេះ មិនមែនជាភារៈ នៃតថាគតទេ ម្នាលរោសិកៈ កិច្ចប៉ុណ្ណេះ មិនសម​គួរដល់​តថាគតទេ។ រួចព្រះមានព្រះភាគ ទ្រង់ព្រះដំណើរទៅកាន់លំនៅ​លោហិច្ចព្រាហ្មណ៍នោះ លុះចូលទៅដល់ហើយ ទ្រង់គង់លើអាសនៈ ដែលគេក្រាល​ថ្វាយ។ គ្រានោះឯង លោហិច្ចព្រាហ្មណ៍ បានអង្គាសថ្វាយខាទនីយភោជនីយាហារ ដ៏​ឆ្ងាញ់​ពីសាដោយដៃខ្លួនឯង ចំពោះ​ព្រះភិក្ខុសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យឆ្អែតស្កប់​ស្កល់ ត្រាតែហាមឃាត់។

[១៥៨] លុះព្រះមានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុង​បាត្រហើយ លោហិច្ចព្រាហ្មណ៍ ក៏កាន់យកអាសនៈមួយ ដ៏ទាបហើយ អង្គុយក្នុងទីដ៏សមគួរ។ ព្រះមានព្រះភាគ ទ្រង់សួរសេចក្តីនុ៎ះ ចំពោះលោហិច្ចព្រាហ្មណ៍ ដែល​អង្គុយក្នុងទីដ៏សមគួរថា ម្នាលលោហិច្ច បានឮថា ទិដ្ឋិអាក្រក់យ៉ាងនេះ កើតឡើង​ដល់​អ្នកថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបាន​នូវ​កុសលធម៌ លុះបាន​នូវ​កុសលធម៌​ហើយ មិនគប្បីប្រាប់ដល់អ្នកដទៃទេ ព្រោះអ្នក​ដទៃ​នឹងធ្វើអ្វី​ឲ្យអ្នកដទៃបាន ដូចជាបុគ្គលកាត់ចំណងចាស់ ចោលចេញហើយ ចងនូវ​ចំណងថ្មីដទៃវិញ យ៉ាង​ណា​មិញ សេចក្តីនេះ ក៏យ៉ាងនោះដែរ អាត្មាអញ (យល់) ថា លោភធម៌ដ៏លាមក អ្នក​ដទៃ​នឹងធ្វើអ្វីឲ្យអ្នកដទៃបានដូច្នេះ ពិតមែនឬ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ៉ាងនោះមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច អ្នកសំគាល់សេចក្តីនោះដូចម្តេច អ្នកអាស្រ័យនៅក្នុងស្រុកសាលវតិកា មិនមែនឬ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន យ៉ាងនោះមែន។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច ជនណានិយាយយ៉ាងនេះថា លោហិច្ចព្រាហ្មណ៍ គ្រប់គ្រង​ស្រុកសាលវតិកា សួយណាដែលកើតឡើងក្នុងស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវ​បរិភោគសួយនោះតែម្នាក់ឯង មិនត្រូវឲ្យអ្នកដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ តើ​ឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅ ព្រោះ​អាស្រ័យនឹងអ្នក ឬក៏មិនមែនទេ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយមែន។ ព្រះមានព្រះភាគ ទ្រង់​ត្រាស់សួរថា (បើ) ជននោះឈ្មោះថា អ្នកធ្វើសេចក្តីអន្តរាយ តើជននោះ នឹងហៅថា អ្នក​អនុគ្រោះដោយប្រយោជន៍ ដល់ពួកញាតិមិត្តទាំងនោះ ឬមិនអនុគ្រោះ ដោយប្រយោជន៍​ទេ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ហៅថា អ្នក​មិនអនុគ្រោះ​ដោយប្រយោជន៍ទេ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា (បើ) ជននោះ​មិន​អនុគ្រោះ ដោយប្រយោជន៍ហើយ នឹងហៅថា អ្នកតាំងចិត្តមេត្តាទៅរកញាតិមិត្តទាំង​នោះ ឬហៅថា ជាសឹកសត្រូវ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ហៅថា សឹកសត្រូវ។ ព្រះអង្គ ទ្រង់ត្រាស់ថា កាលបើចិត្តជាសឹកសត្រូវ​ តាំងឡើងហើយ នឹង​ហៅថា ជននោះជាមិច្ឆាទិដ្ឋិ ឬជាសម្មាទិដ្ឋិ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ហៅថាជាមិច្ឆាទិដ្ឋិ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលលោហិច្ច តថាគតតែងពោលនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិ​ណាមួយ ចំពោះ​ជនជាមិច្ឆាទិដ្ឋិ។

[១៥៩] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលលោហិច្ច អ្នក​សំគាល់​សេចក្តី​នោះ​ដូចម្តេច ក្រែងព្រះបាទបសេនទិកោសល គ្រប់គ្រងដែនកាសី និងកោសលឬ។ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ពិតមែន។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច ជនណានិយាយយ៉ាងនេះថា ព្រះបាទ​បសេនទិកោសល គ្រប់គ្រងដែនកាសី និងដែនកោសល សួយណាកើតឡើង ក្នុងដែន​កាសី និងកោសល ព្រះបាទបសេនទិកោសល ត្រូវ​បរិភោគសួយនោះ តែមួយព្រះអង្គឯង មិនត្រូវប្រទានដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ តើ​នឹងចាត់ជាអ្នក​ធ្វើ​សេចក្តីអន្តរាយ ដល់អ្នកទាំងឡាយ និងពួកជនដទៃ ដែលរស់នៅដោយសារ​ព្រះបាទ​បសេនទិកោសលនោះ ឬមិនមែនទេ។ បពិត្រព្រះគោតមដ៏ចំរើន ចាត់ជាអ្នកធ្វើ​សេចក្តី​អន្តរាយ។ (បើ) ចាត់ជាអ្នកធ្វើសេចក្តីអន្តរាយហើយ តើនឹងចាត់ជាអ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍ ដល់ពួកជនទាំងនោះ ឬមិនចាត់ជាអ្នកអនុគ្រោះ ដោយប្រយោជន៍​ទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនចាត់ជាអ្នកអនុគ្រោះ​ដោយប្រយោជន៍ទេ។ (បើ) មិនចាត់ជននោះ ថាជាអ្នក​អនុគ្រោះ ដោយប្រយោជន៍ទេ តើនឹងចាត់ថាជា​អ្នក​តាំង​មេត្តាចិត្ត ទៅរកញាតិមិត្តទាំង​នោះ ឬចាត់ថាជាសឹកសត្រូវ។ បពិត្រព្រះគោតមដ៏ចំរើន ចាត់ថាជាសឹកសត្រូវ។ កាលបើចិត្តជាសឹកសត្រូវ​ កើតឡើងហើយ តើនឹងចាត់​ជននោះ​ជា​មិច្ឆាទិដ្ឋិ ឬជាសម្មាទិដ្ឋិ។ បពិត្រព្រះគោតមដ៏ចំរើន ចាត់ថាជាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច តថាគត តែងសំដែងនូវគតិ២យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិ​ណាមួយ ចំពោះ​ជនជាមិច្ឆាទិដ្ឋិ។

១៦០>[១៦០]</span> ម្នាលលោហិច្ច បានឮមកថា ជនណាមួយនិយាយយ៉ាងនេះថា លោហិច្ចព្រាហ្មណ៍ នៅគ្រប់គ្រងស្រុកសាលវតិកា សួយណាដែលកើតឡើង​ ក្នុង​ស្រុកសាលវតិកា លោហិច្ចព្រាហ្មណ៍ ត្រូវ​បរិភោគសួយនោះតែម្នាក់ឯង មិនត្រូវ​ឲ្យ​ដល់ពួកជនដទៃទេ (បើ) ជននោះ និយាយយ៉ាងនេះ ឈ្មោះថា ជាអ្នកធ្វើសេចក្តីអន្តរាយ ដល់ពួកញាតិមិត្ត និងកម្មករដែលរស់នៅដោយសារអ្នក កាលបើជាអ្នកធ្វើ​សេចក្តី​អន្តរាយហើយ ឈ្មោះថា ជាអ្នកមិន​អនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះ​ដោយប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវ កើតប្រាកដឡើងហើយ បុគ្គលនោះ ឈ្មោះថា ជាមិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច យ៉ាង​ហ្នឹង​ហើយ (បើ) ជនណាមួយនិយាយ​យ៉ាងនេះថា សមណព្រាហ្មណ៍ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះ​បានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់​ដល់​បុគ្គលដទៃទេ ព្រោះថា បុគ្គលដទៃ នឹងធ្វើអ្វី​ឲ្យ​បុគ្គលដទៃបាន។ ដូចបុគ្គល​កាត់​ចំណង​ចាស់ចោលចេញ។បេ។ នឹងធ្វើ។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើ​សេចក្តីអន្តរាយ ដល់ពួកកុលបុត្ត អ្នកអាស្រ័យនូវធម្មវិន័យ ដែលតថាគត បាន​ប្រកាស​ស្រេចហើយ បានសម្រេចគុណវិសេស ដ៏លើសលុប មានសភាពយ៉ាងនោះ ទាំងធ្វើ​ឲ្យ​ជាក់ច្បាស់នូវ​សោតាបត្តិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវ​សកទាគាមិផលខ្លះ ធ្វើឲ្យជាក់​ច្បាស់​នូវអនាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវ​អរហត្តផលខ្លះ ទាំងដល់ពួកកុលបុត្រ (ដែល​ស្តាប់ធម្មទេសនារបស់​ព្រះតថាគតហើយ តែមិនទាន់​បានលុះអរិយភូមិនៅឡើយ) គ្រាន់​តែបង្អោនចិត្តទៅកាន់ទេវលោក ដើម្បីកើតក្នុងទេវលោក កាលបើជាអ្នកធ្វើសេចក្តី​អន្តរាយ​ហើយ ឈ្មោះថា ជាអ្នកមិនអនុគ្រោះដោយប្រយោជន៍ កាលបើមិនអនុគ្រោះ​ដោយ​ប្រយោជន៍ហើយ ចិត្តជាសត្រូវ ក៏កើតប្រាកដឡើង កាលបើចិត្តជាសត្រូវកើត​ប្រាកដហើយ ជននោះឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច តថាគត តែងពោល​នូវគតិ២​យ៉ាង គឺនរក១ កំណើតសត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ។

[១៦១] ម្នាលលោហិច្ច បានឮមកថា ជនណាមួយ និយាយយ៉ាងនេះថា ព្រះបាទបសេនទិកោសល នៅគ្រប់គ្រងដែនកាសី និងកោសល សួយណាដែលកើត​ឡើង ក្នុងដែន​កាសី និងកោសល ព្រះបាទបសេនទិកោសល ត្រូវសោយសួយនោះ តែមួយ​ព្រះអង្គឯង មិនត្រូវប្រទានដល់ពួកជនដទៃទេ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នក​ធ្វើ​សេចក្តីអន្តរាយ ដល់រាជបរិពារ គឺពួកអ្នករាល់គ្នា និងពួកជនឯទៀត ដែលរស់នៅដោយសារ​ព្រះបាទ​បសេនទិកោសល កាលបើជាអ្នកធ្វើ​សេចក្តី​អន្តរាយ​ហើយ ឈ្មោះថាជាអ្នកមិន​អនុគ្រោះ​ ដោយ​ប្រយោជន៍ កាលបើមិនអនុគ្រោះ ដោយ​ប្រយោជន៍ហើយ ចិត្តជាសឹកសត្រូវ ឈ្មោះថា កើតប្រាកដឡើង កាលបើ​ចិត្ត​ជា​សឹក​សត្រូវ​ កើតប្រាកដហើយ ជននោះ ឈ្មោះថាជា​មិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច យ៉ាងហ្នឹង​ហើយ (បើ) ជនណាមួយ និយាយ​យ៉ាងនេះថា សមណៈ ឬព្រាហ្មណ៍ ក្នុងលោកនេះ គប្បីបានសម្រេចកុសលធម៌ លុះ​បានសម្រេចកុសលធម៌ហើយ មិនគប្បីប្រាប់​បុគ្គល​ឯទៀតទេ ព្រោះថា បុគ្គលឯទៀត នឹងធ្វើអ្វី​ឲ្យ​បុគ្គលឯទៀតបាន។ ដូចជាបុគ្គល​កាត់​ចំណង​ចាស់ចោលចេញហើយ ចងចំណងថ្មីដទៃទៀតឡើងវិញ ដូច្នេះឯង ខ្ញុំយល់​ថា លោភធម៌ ជាអំពើដ៏លាមក ព្រោះហេតុថា បុគ្គលឯទៀត នឹងធ្វើអ្វីឲ្យបុគ្គល​ឯទៀត​កើត។ ជនដែលនិយាយយ៉ាងនេះ នោះ ឈ្មោះថា ជាអ្នកធ្វើ​សេចក្តីអន្តរាយ ដល់ពួកកុលបុត្រ ដែលអាស្រ័យនូវធម្មវិន័យ ដែលតថាគត សំដែងហើយ បានសម្រេចគុណវិសេស ដ៏​លើសលុប មានសភាពយ៉ាងនេះ ហើយធ្វើ​ឲ្យ​ជាក់ច្បាស់នូវ​សោតាបត្តិផលខ្លះ ធ្វើឲ្យ​ជាក់​ច្បាស់​នូវ​សកទាគាមិផលខ្លះ ធ្វើឲ្យជាក់​ច្បាស់​នូវអនាគាមិផលខ្លះ ធ្វើឲ្យជាក់ច្បាស់នូវ​អរហត្តផលខ្លះ ទាំងដល់ពួកកុលបុត្រ (ដែល​បានស្តាប់ធម្មទេសនារបស់​តថាគតហើយ តែមិនទាន់​បានលុះអរិយភូមិនៅឡើយ) គ្រាន់​តែបង្អោនចិត្តទៅកាន់ទេវលោក ដើម្បី​កើត​ក្នុង​ទេវលោក កាលបើជាអ្នកធ្វើសេចក្តី​អន្តរាយ​ហើយ ឈ្មោះថា ជាអ្នកមិន​អនុគ្រោះ ដោយ​ប្រយោជន៍ កាលបើមិនអនុគ្រោះ​ ដោយ​ប្រយោជន៍ ចិត្តជាសឹកសត្រូវ ឈ្មោះថា កើតប្រាកដឡើង កាលបើចិត្តជាសឹកសត្រូវកើត​ឡើងហើយ ជននោះ ឈ្មោះថា មិច្ឆាទិដ្ឋិ។ ម្នាលលោហិច្ច តថាគត តែងពោល​នូវគតិ២​យ៉ាង គឺនរក១ កំណើត​សត្វតិរច្ឆាន១ គតិណាមួយ ចំពោះជនជាមិច្ឆាទិដ្ឋិ។

[១៦២] ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះ ដែលគួរដល់ការចោទប្រកាន់បាន​ក្នុងលោក មួយទៀត ជនណា ចោទប្រកាន់ពួកគ្រូ ដែលមានសភាព​យ៉ាងនេះ ការ​ចោទ​ប្រកាន់នោះ​ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ គ្រូទាំង៣ពួកនោះ តើ​ដូចម្តេចខ្លះ ម្នាលលោហិច្ច គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាកផ្ទះ ហើយចូលទៅ​កាន់​ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃសាមញ្ញគុណនោះ គ្រូនោះ មិនបានសម្រេចឡើយ។ គ្រូនោះមិនបានសម្រេចប្រយោជន៍​នៃសាមញ្ញគុណនោះ ហើយ​សំដែង​ធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់អ្នកទាំងឡាយ។ ពួកសាវ័ករបស់គ្រូនោះ រមែង​មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ឡើយ មានតែ​នាំគ្នាប្រព្រឹត្តគេចចេញ ចាកពាក្យប្រដៅរបស់គ្រូ។ គ្រូនោះ អ្នកផងគួរចោទប្រកាន់ យ៉ាង​នេះថា លោកមានអាយុ ចេញចាកផ្ទះ ហើយចូលទៅ​កាន់​ផ្នួស ដើម្បីប្រយោជន៍ ដល់​សាមញ្ញគុណ​ណា (បើ) ប្រយោជន៍នៃសាមញ្ញគុណនោះ លោកមិនទាន់​បាន​សម្រេច​ទេ លោកមិនទាន់បានសម្រេចប្រយោជន៍​នៃសាមញ្ញគុណនោះ ហើយ​សំដែង​ធម៌ដល់​ពួក​សាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីសុខ ដល់អ្នកទាំងឡាយ។ សាវ័កទាំងនោះ របស់លោក រមែង​មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ មានតែ​នាំគ្នា​ប្រព្រឹត្ត​គេច​ចេញ ចាកពាក្យប្រដៅរបស់គ្រូ បុរសចូលទៅរកស្ត្រី ដែលមិនស្ម័គ្រ គឺស្ត្រីដែល​មិន​ប្រាថ្នារួមសំវាសជាមួយ ឬចូលទៅឱបស្ត្រីពីខាងក្រោយ សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែល​និយាយថា ខ្ញុំ (យល់)ថា លោភធម៌ ជាធម៌លាមក បុគ្គលដទៃដូចម្តេច នឹងធ្វើ​អ្វីឲ្យបុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះឯងជាគ្រូទី១ ដែលគួរ​ដល់ការចោទប្រកាន់បានក្នុងលោក បើអ្នកណាចោទប្រកាន់​គ្រូ មានសភាព​ដូច្នោះ ការចោទប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតមានទោសទេ។

[១៦៣] ម្នាលលោហិច្ច សេចក្តីតទៅទៀតថា គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាក​ផ្ទះ ចូលទៅ​កាន់​ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃ​សាមញ្ញគុណ​នោះ គ្រូនោះ មិនទាន់បានសម្រេចនៅឡើយ។ គ្រូនោះ មិនទាន់បាន​សម្រេច​ប្រយោជន៍​​នៃសាមញ្ញគុណនោះ ហើយ​សំដែង​ធម៌ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្ត​ទៅ​ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់​អ្នក​ទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏ស្តាប់ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តប្រុងស្តាប់ ដើម្បីដឹងច្បាស់ មិន​នាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យ​ប្រដៅ​របស់​គ្រូទេ។ គ្រូនោះ អ្នកផងគួរចោទប្រកាន់ យ៉ាង​នេះថា លោកមានអាយុ ចេញចាកផ្ទះ ចូលទៅ​កាន់​ផ្នួស ដើម្បីប្រយោជន៍ ដល់​សាមញ្ញគុណ​ណា ប្រយោជន៍នៃ​សាមញ្ញគុណ​នោះ លោកមិនទាន់​បាន​សម្រេច លោកមិនទាន់បានសម្រេចប្រយោជន៍​នៃសាមញ្ញគុណ​នោះទេ ហើយ​សំដែង​ធម៌ ដល់​ពួក​សាវ័កថា អំពើនេះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដល់​អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏ស្តាប់ ផ្អៀងត្រចៀកស្តាប់ តាំងចិត្តប្រុងស្តាប់ ដើម្បីដឹង​ច្បាស់ មិន​នាំគ្នា​ប្រព្រឹត្ត​គេចវេះ​ចេញ ចាកពាក្យប្រដៅរបស់គ្រូទេ បុគ្គល លះបង់ស្រែ​របស់ខ្លួនចេញហើយ ទៅសំគាល់ស្រែរបស់បុគ្គល​ដទៃថាគួរជំរះ (ស្មៅ) សេចក្តីនេះ ឧបមាយ៉ាងណា បុគ្គលដែល​និយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គល​ដទៃ​នឹង​ធ្វើ​អ្វីឲ្យបុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះជាគ្រូទី២ ដែលគួរ​ដល់​ការ​ចោទប្រកាន់ក្នុងលោក បើបុគ្គលណា ចោទប្រកាន់​គ្រូ មានសភាព​យ៉ាងនេះ ការចោទ​ប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតមានទោសទេ។

[១៦៤] ម្នាលលោហិច្ច សេចក្តីតទៅទៀតថា គ្រូពួកខ្លះ ក្នុងលោកនេះ ចេញចាក​ផ្ទះ ទៅ​កាន់​ផ្នួស ដើម្បីប្រយោជន៍ ដល់សាមញ្ញគុណណា ប្រយោជន៍នៃ​សាមញ្ញគុណ​នោះ គ្រូនោះ មិនទាន់បានសម្រេចនៅឡើយ។ គ្រូនោះ មិនទាន់បាន​សម្រេច​សាមញ្ញគុណនោះ ហើយ​សំដែង​ធម៌ ដល់ពួកសាវ័កថា អំពើនេះ ប្រព្រឹត្ត​ទៅ​ដើម្បីប្រយោជន៍ ដល់អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីសុខ ដល់​អ្នក​ទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹងច្បាស់ទេ មានតែ​នាំគ្នាប្រព្រឹត្តគេចវេះចេញ ចាកពាក្យ​ប្រដៅ​របស់​គ្រូ គ្រូនោះ គួរឲ្យអ្នកផងចោទប្រកាន់ យ៉ាង​នេះថា លោកមានអាយុ ចេញ​ចាក​ផ្ទះ ចូលទៅ​កាន់​ផ្នួស ដើម្បីប្រយោជន៍ ដល់​សាមញ្ញគុណ​ណា ប្រយោជន៍នៃ​សាមញ្ញគុណ​នោះ លោកមិន​បាន​សម្រេចនៅឡើយ លោកមិនទាន់​សម្រេច​សាមញ្ញគុណ​​នោះ ហើយ​សំដែង​ធម៌ ដល់​ពួក​សាវ័កថា អំពើនេះ ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍ ដល់​អ្នកទាំងឡាយ អំពើនេះ ប្រព្រឹត្ត​ទៅ​ដើម្បី​សេចក្តីសុខ ដល់អ្នកទាំងឡាយ ដូច្នេះ។ សាវ័កទាំងនោះ របស់គ្រូនោះ ក៏មិនស្តាប់ មិនផ្អៀងត្រចៀកស្តាប់ មិនតាំងចិត្តប្រុងស្តាប់ ដើម្បីឲ្យដឹង​ច្បាស់ទេ មានតែ​ប្រព្រឹត្ត​គេចវេះ​ចេញ ចាកពាក្យ​ប្រដៅរបស់គ្រូ បុគ្គលកាត់ចំណងចាស់ចេញហើយ ចងចំណងថ្មីដទៃឡើងវិញ សេចក្តី​នេះ ឧបមាយ៉ាងណា បុគ្គលដែល​និយាយថា ខ្ញុំយល់ថា លោភធម៌ ជាធម៌លាមក បុគ្គល​ដទៃ​ នឹងជួយ​ធ្វើ​អ្វី ដល់បុគ្គលដទៃបាន ក៏យ៉ាងនោះដែរ។ ម្នាលលោហិច្ច នេះជាគ្រូទី៣ ដែលគួរ​ដល់​ការ​ចោទប្រកាន់ក្នុងលោកបាន បើអ្នកណា ចោទប្រកាន់​គ្រូ មានសភាព​យ៉ាងនេះ ការចោទ​ប្រកាន់នោះ ជាការពិតប្រាកដ ប្រកបដោយធម៌ ឥតទោសទេ។ ម្នាលលោហិច្ច គ្រូទាំង៣ពួកនេះឯង ដែលគួរ​ដល់​ការ​ចោទប្រកាន់ក្នុងលោកបាន បើ​អ្នក​ណា ចោទប្រកាន់​គ្រូទាំងឡាយ មានសភាព​យ៉ាងនេះ ការចោទ​ប្រកាន់នោះ ជាការ​ពិត​ប្រាកដ ប្រកបដោយធម៌ ឥតទោសទេ។

[១៦៥] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក៏ក្រាប​បង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន គ្រូណាមួយ ដែល​មិន​គួរដល់​ការចោទប្រកាន់ ក្នុងលោក តើមានឬទេ។ ព្រះមានព្រះភាគ ត្រាស់ថា ម្នាលលោហិច្ច គ្រូដែលមិនគួរដល់ការចោទប្រកាន់ក្នុងលោកមានដែរ។ បពិត្រព្រះគោតមដ៏ចំរើន ចុះគ្រូដូចម្តេច ដែលមិន​គួរដល់​ការចោទប្រកាន់ ក្នុងលោក។ ម្នាលលោហិច្ច ព្រះតថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្ត សម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បីសំដែងឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលលោហិច្ច ភិក្ខុ​ជាអ្នកបរិបូណ៌ ដោយសីល យ៉ាងនេះឯង។បេ។ បានដល់នូវបឋមជ្ឈាន។ ម្នាលលោហិច្ច សាវ័ក រមែងសម្រេចនូវគុណវិសេសដ៏លើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់​នៃ​សាស្តាណា។ ម្នាលលោហិច្ច សាស្តានេះឯង មិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើអ្នកណាចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការ​មិនពិត​ប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយ​ទោសវិញ។បេ។ ភិក្ខុ បានដល់នូវទុតិយជ្ឈាន។ នូវតតិយជ្ឈាន។ នូវចតុត្ថជ្ឈាន។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេច នូវគុណវិសេសលើសលុប មានសភាពយ៉ាងនេះ ក្នុងសំណាក់​នៃ​សាស្តា​ណា។ ម្នាលលោហិច្ច សាស្តានេះឯង មិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការ​មិនពិត​ប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយ​ទោសវិញ។បេ។ ភិក្ខុតម្រង់ផ្ចង់​បង្អោន​ចិត្តទៅ ដើម្បីញាណទស្សនៈ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេចនូវគុណវិសេសដ៏​លើស​លុបយ៉ាងនេះ ក្នុងសំណាក់​នៃ​សាស្តាណា។បេ។ ដឹងច្បាស់ថា កិច្ចដទៃក្រៅពីនេះ​ទៅទៀត មិនមានឡើយ។ ម្នាលលោហិច្ច សាវ័ក ដែលសម្រេច​នូវគុណ​វិសេស​ដ៏លើសលុបយ៉ាងនេះ ក្នុងសំណាក់​នៃ​សាស្តាណា។ ម្នាលលោហិច្ច សាស្តានេះឯង ដែលមិនគួរដល់ការចោទប្រកាន់ ក្នុងលោកឡើយ បើបុគ្គលណា ចោទប្រកាន់សាស្តា មានសភាពយ៉ាងនេះ ការចោទប្រកាន់នោះ ជាការ​មិនពិត​ប្រាកដ មិនប្រកបដោយធម៌ ប្រកបដោយ​ទោសវិញ។

[១៦៦] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ លោហិច្ចព្រាហ្មណ៍ ក្រាបបង្គំ​ទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន បុរសចាប់សក់បុរសផងគ្នា ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ ទាញឡើងលើគោកបានយ៉ាងណា ព្រះគោតមដ៏ចំរើន ក៏ស្រង់​ខ្ញុំព្រះអង្គ ដែលធ្លាក់ទៅក្នុងជ្រោះជ្រៅ គឺអបាយភូមិ យកមកដាក់លើគោក គឺ​ឋានសួគ៌ បានយ៉ាងនោះដែរ បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់ បពិត្រ​ព្រះគោតម​ដ៏ចំរើន ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចជាគេផ្ងារវត្ថុ​ដែល​ផ្កាប់ ឬដូចជា​បើក​នូវវត្ថុដែល​កំបាំង ពុំនោះសោត ដូចជាគេ​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងផ្លូវ ដូច្នោះឯង។បេ។ សូម​ព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គថា ជាឧបាសក អ្នកដល់នូវព្រះ​រតនត្រ័យ ជា​សរណៈ ស្មើដោយជីវិត តាំងអំពី​ថ្ងៃនេះ​ជាដើមទៅ។បេ។

ចប់ លោហិច្ចសូត្រ ទី១២

តេវិជ្ជសូត្រ ទី១៣

(១៣. តេវិជ្ជសុត្តំ)

[១៦៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់ពុទ្ធ​ដំណើរ​ទៅកាន់ចារិក ក្នុងកោសលជនបទ ព្រមដោយភិក្ខុសង្ឃច្រើន ប្រមាណ៥០០រូប បានដល់​ទៅស្រុកព្រាហ្មណ៍ ឈ្មោះមនសាកត របស់កោសលជនបទ។ ឮថា ព្រះមានព្រះភាគ ទ្រង់​ប្រថាប់នៅក្នុងអម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ក្នុងទិសខាងជើង នៃមនសាកតគ្រាម ជិត​ស្រុកមនសាកតនោះ។

[១៦៨] សម័យនោះ ពួកព្រាហ្មណមហាសាល ដែលមានឈ្មោះល្បីល្បាញច្រើន​នាក់ មកសំណាក់នៅក្នុងស្រុកមនសាកត ព្រាហ្មណ៍ទាំងនោះ ឈ្មោះអ្វីខ្លះ គឺឈ្មោះវង្គី​ព្រាហ្មណ៍41) តារុក្ខព្រាហ្មណ៍​42) បោក្ខរសាតិព្រាហ្មណ៍43) ជាណុសោនិព្រាហ្មណ៍44) តោទេយ្យព្រាហ្មណ៍45) និងពួក​ព្រាហ្មណមហាសាលឯទៀត ដែលមានឈ្មោះល្បីល្បាញ។ គ្រានោះ ពួកមាណព ជា​វាសេដ្ឋគោត្រ និងភារទ្វាជគោត្រ កំពុងនាំគ្នាដើរត្រសងចុះឡើង ឲ្យស្រួលជើង (ដើម្បី​បន្ទោបង់សេចក្តីរួយស្រពន់) ក៏កើតពាក្យជជែកគ្នា អំពីផ្លូវ និងមិនមែនផ្លូវឡើង។ វាសេដ្ឋ​មាណព បាននិយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្មបាន ផ្លូវ​នេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់។ ចំណែកខាងភារទ្វាជមាណព បាន​និយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់​សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់។ វាសេដ្ឋមាណព មិនអាច​ដើម្បីញុំាង​ភារទ្វាជមាណពឲ្យចូលចិត្តបាន ចំណែកភារទ្វាជមាណព ក៏មិនអាចដើម្បីញុំាង​វាសេដ្ឋ​មាណព ឲ្យចូលចិត្តបានដែរ។

[១៦៩] គ្រានោះ វាសេដ្ឋមាណពបានប្រឹក្សា​នឹងភារទ្វាជៈថា ម្នាលភារទ្វាជៈ ព្រះសមណគោតមនេះឯង ជាសក្យបុត្រ ចេញចាក​សក្យត្រកូល មកទ្រង់ព្រះផ្នួស ឥឡូវនេះ គង់នៅក្នុង​អម្ពវ័ន ជិតឆ្នេរស្ទឹងអចិរវតី ទិសខាងជើង នៃ​មនសាកតគ្រាម ក្បែរ​ស្រុកមនសាកត កិត្តិសព្ទ សរសើរព្រះ​គោតម​ដ៏ចំរើននោះ ពីរោះ ឮខ្ចរខ្ចាយ សុសសាយ​​យ៉ាង​នេះថា ព្រះមានព្រះភាគ​​នោះ ព្រះអង្គឆ្ងាយចាក​សេចក្តីសៅហ្មងគ្រប់យ៉ាង ត្រាស់ដឹងនូវញេយ្យធម៌​ទាំងពួងដោយប្រពៃ ចំពោះព្រះអង្គ។បេ។ ទ្រង់លែង​វិលត្រឡប់​មកកាន់ភព​ថ្មីទៀត ម្នាលភារទ្វាជៈ មក យើងទៅរកព្រះសមណគោតម លុះចូលទៅដល់ហើយ យើងនឹងសួរសេចក្តីនុ៎ះ ចំពោះព្រះសមណគោតម (បើ) ព្រះសមណគោតម ទ្រង់ដោះស្រាយ​ដល់ពួកយើងយ៉ាងណា យើងនឹងចាំនូវសេចក្តី​នោះ យ៉ាងនោះ។ ភារទ្វាជមាណព បានទទួលស្តាប់ពាក្យ​របស់វាសេដ្ឋមាណពថា ម្នាលអ្នក​ដ៏ចំរើន យ៉ាងហ្នឹងហើយ។

[១៧០] គ្រានោះ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏ចូលទៅគាល់​ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ពោលពាក្យសំណេះសំណាល ទៅរកព្រះមានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួរ​រលឹកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះវាសេដ្ឋមាណព អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានក្រាបបង្គំទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន កាលដែលយើង​ខ្ញុំ​កំពុងនាំគ្នាដើរត្រសងចុះឡើង ឲ្យស្រួលជើង ក៏កើតសំដីជជែកគ្នា អំពី​ផ្លូវ និងមិនមែនផ្លូវ ក្នុងទីហ្នឹង ខ្ញុំព្រះអង្គពោលយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯង​ជា​ផ្លូវ​ទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជា​មួយ​នឹង​ពួក​ព្រហ្មបាន ផ្លូវ​នេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ចំណែក​ខាង​ភារទ្វាជមាណព បាន​និយាយយ៉ាងនេះថា នេះឯងជាផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់​សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ បពិត្រព្រះគោតមដ៏ចំរើន ការប្រកាន់​ខុសគ្នា ក៏មាន ការជជែកគ្នាក៏មាន ការពោលផ្សេងគ្នាក៏មាន អំពីផ្លូវ និងមិនមែន​ផ្លូវនេះ។ ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋ បានឮថា អ្នកនិយាយយ៉ាងនេះថា នេះឯង​ជា​ផ្លូវត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នក​ប្រតិបត្តិតាម​ផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលបោក្ខរសាតិព្រាហ្មណ៍ បានសំដែងប្រាប់ ឯភារទ្វាជមាណព ពោលយ៉ាងនេះថា នេះជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់​សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួក​ព្រហ្ម ផ្លូវ​នេះឯង ដែលតារុក្ខព្រាហ្មណ៍ បានសំដែងប្រាប់ ម្នាលវាសេដ្ឋ កាលបើដូច្នោះ អ្នកទាំងឡាយ ប្រកាន់ខុសគ្នា ព្រោះហេតុដូចម្តេច ជជែកគ្នា ព្រោះហេតុដូចម្តេច ពោលពាក្យផ្សេងគ្នា ព្រោះហេតុដូចម្តេច។ វាសេដ្ឋមាណព ក្រាប​បង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន (យើងខ្ញុំព្រះអង្គ ជជែកគ្នា) ព្រោះផ្លូវ និងមិនមែន​ផ្លូវ បពិត្រព្រះគោតមដ៏ចំរើន ព្រាហ្មណ៍ទាំងឡាយ គឺពួក​អទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយ​ព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួក​ពវ្ហរិធព្រាហ្មណ៍ បញ្ញត្តផ្លូវទាំងឡាយផ្សេងៗគ្នា ក៏​ពិតមែនហើយ តែថា ផ្លូវទាំងអស់នោះ សុទ្ធតែស្រោចស្រង់សត្វ នាំអ្នកប្រតិបត្តិតាមផ្លូវ​នោះ ឲ្យទៅកើតជាមួយនឹង​ពួកព្រហ្មបាន បពិត្រព្រះគោតមដ៏ចំរើន ដូចផ្លូវដ៏ច្រើន ជិត​ស្រុក ឬនិគម ទោះបីជាផ្លូវ​ផ្សេងៗគ្នាមែន ប៉ុន្តែផ្លូវនោះ សុទ្ធតែមូលមករកស្រុកទាំងអស់ ដូចម្តេចមិញ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍ទាំងឡាយ គឺពួក​អទ្ធរិយព្រាហ្មណ៍ ពួកតិត្តិរិយ​ព្រាហ្មណ៍ ពួកឆន្ទោកព្រាហ្មណ៍ ពួក​ពវ្ហរិធព្រាហ្មណ៍ បញ្ញត្ត​ផ្លូវ​ទាំង​ឡាយ​ផ្សេងៗគ្នា ក៏​ពិតមែនហើយ តែផ្លូវទាំងអស់នោះ សុទ្ធតែជាទីស្រោចស្រង់សត្វ រមែង​នាំអ្នកប្រតិបត្តិតាមផ្លូវ​នោះ ឲ្យទៅកើតជាមួយនឹង​ពួកព្រហ្ម ដូច្នោះឯង។ ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍​ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ និយាយ​ថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន។ ម្នាលវាសេដ្ឋៈ អ្នកអ្នកនិយាយថា ផ្លូវរបស់ពួកព្រាហ្មណ៍​ទាំងនោះ រមែងស្រោចស្រង់សត្វបានឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ និយាយ​ថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន។ ម្នាលវាសេដ្ឋៈ អ្នកនិយាយថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបានឬ។ បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ និយាយ​ថា ផ្លូវទាំងនោះ រមែងស្រោចស្រង់សត្វបាន។

[១៧១] ព្រះមានព្រះភាគ ទ្រង់ត្រាស់ថាសួរថា ម្នាលវាសេដ្ឋ ចុះបណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ ទោះបីព្រាហ្មណ៍ម្នាក់ក្តី ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ វាសេដ្ឋមាណពក្រាបទូលថា បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនោះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះបណ្តា​ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវ​ព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែល​ឃើញព្រហ្ម​ផ្ទាល់នឹង​ភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្ម​នេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណនៃអាចារ្យ​ ជាគំរប់៧មក ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋៈ ចុះពួក​ឫសី​ជាន់មុនៗ ជាអ្នកតែងមន្ត អ្នករាយមន្ត ដល់ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាល​ឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្ត​បែប​បុរាណនេះ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលទុកមកហើយ តែង​សូត្រតាមបទមន្តនោះ តែង​ពោលតាមបទ​មន្ត ដែលឫសីទាំងឡាយ ពោលមកហើយ តែង​បង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀនមកហើយ ឫសីទាំងនោះឈ្មោះ​អ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោល​ពាក្យនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅត្រង់​កន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការស្គាល់ និងការឃើញនុ៎ះ មិនមានទេ។

[១៧២] ព្រះមានព្រះភាគ ត្រាស់សួរថា ម្នាលវាសេដ្ឋ បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើបានឮថា មាននរណាមួយ សូម្បីតែព្រាហ្មណ៍ម្នាក់ ដែល​ឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះបណ្តា​ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យម្នាក់ ដែល​ឃើញព្រហ្មនេះផ្ទាល់នឹងភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវ​ព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ សូម្បីតែអាចារ្យជាប្រធានលើអាចារ្យ ដែល​ឃើញនូវព្រហ្ម​ផ្ទាល់នឹង​ភ្នែករបស់ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្ម​នេះ មិនមានទេ។ ម្នាលវាសេដ្ឋ ចុះ​បណ្តាពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា តើមាននរណាមួយ តាំងអំពីតំណអាចារ្យ​ ជាជីតារបស់អាចារ្យ ជាគំរប់៧ ដែល​ឃើញព្រហ្មផ្ទាល់​នឹង​ភ្នែក​របស់​ខ្លួន ដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ការឃើញនូវព្រហ្មនេះ មិនមានទេ។ ម្នាលវាសេដ្ឋៈ ចុះពួក​ឫសី​ជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ពួក​ព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជា ក្នុងកាល​ឥឡូវនេះ តែងស្វាធ្យាយ តាមបទមន្ត​​បុរាណនេះមកហើយ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់ប្រមូលមក តែង​សូត្រតាមបទមន្តនោះ តែង​ពោលតាមបទ​មន្ត ដែល​ឫសី​ទាំងឡាយ ពោលមកហើយ តែង​បង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយ បង្រៀន​មក​ហើយ ឫសីទាំងនោះឈ្មោះ​អ្វីខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ តើមាន (ឫសីណាមួយ) ពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្ម​មាន​សណ្ឋាន​យ៉ាងណា ព្រហ្មនៅក្នុង​កន្លែងណា យើងទាំងឡាយស្គាល់ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ ពួកព្រាហ្មណ៍ ដែលបានសម្រេចត្រៃវិជ្ជានោះឯង តែង​និយាយយ៉ាងនេះថា យើងមិនស្គាល់ យើងមិនឃើញទេ តែយើងទាំងឡាយ សំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះបានថា នេះឯងជាផ្លូវត្រង់ នេះជាផ្លូវទៀងទាត់ ជាទី​ស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិ​តាមផ្លូវនោះ ឲ្យទៅកើតជាមួយនឹងពួកព្រហ្ម​បាន។

[១៧៣] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋ អ្នកសំគាល់​សេចក្តី​នោះ​ដូចម្តេច កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ជាភាសិត​មិនបានសេចក្តី​អស្ចារ្យទេឬ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន កាលបើដូច្នេះ តាមដោយនូវពិត ភាសិតរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាភាសិត​មិនមានសេចក្តី​អស្ចារ្យទេ។ ម្នាលវាសេដ្ឋ ត្រូវហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនស្គាល់ព្រហ្មណា មិន​ឃើញព្រហ្មណាទេ តែសំដែងនូវផ្លូវដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯងជា​ផ្លូវ​ត្រង់ នេះជាផ្លូវទៀងទាត់ ជាទីស្រោច​ស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មបាន ហេតុនុ៎ះ នឹងយកជាការមិនបានទេ។ ម្នាលវាសេដ្ឋ ដូចមនុស្ស​មានភ្នែកខ្វាក់ ដើរជាជួរតោងគ្នានឹងគ្នា អ្នកដើរមុន ក៏មើល​មិនឃើញ អ្នកដើរកណ្តាល ក៏​មើលមិនឃើញ អ្នកដើរក្រោយ ក៏​មើលមិនឃើញ ដូចម្តេចមិញ ម្នាលវាសេដ្ឋៈ ភាសិត​របស់​ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ក៏មានទំនងឧបមេយ្យ ដូចជាមនុស្ស​ខ្វាក់ ដើរ​ជាជួរ​ អ្នកដើរមុន ក៏មើល​មិនឃើញ អ្នកដើរកណ្តាល ក៏​មើលមិនឃើញ អ្នកដើរក្រោយ ក៏​មើលមិនឃើញ ដូច្នោះឯង ភាសិតនេះ របស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាពាក្យ​គួរឲ្យអ្នកផងសើចចំអកបាន ជាភាសិតឱនថយ (លាមក) ជាភាសិតទទេ ជាភាសិត​សោះសូន្យ មែនពិត។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា រមែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញ​ដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង។ បពិត្រព្រះគោតមដ៏ចំរើន ដូច្នោះ​មែនហើយ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បី​ពួកជន​ឯទៀត​ច្រើននាក់ ក៏ឃើញ​ដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង។

[១៧៤] ម្នាលវាសេដ្ឋៈ អ្នកសំគាល់​ហេតុ​នោះ​ដូចម្តេច ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីតែពួកជនឯទៀតច្រើននាក់ ក៏ឃើញព្រះចន្ទ្រ និងព្រះអាទិត្យ​ដែរ ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ល្មមសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯងជាផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យ ដូច្នេះ មានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានទេ។ ម្នាលវាសេដ្ឋ បានឮថា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា តែងឃើញព្រះចន្ទ្រ និងព្រះអាទិត្យ សូម្បីពួកជនឯទៀតច្រើននាក់ ក៏ឃើញ​ដែរ លុះដល់ព្រះចន្ទ្រ និងព្រះអាទិត្យរះឡើងអំពីទីណា អស្តង្គតទៅក្នុងទីណា ក៏នាំគ្នា​អង្វរករសរសើរ ប្រណម្យអញ្ជលី នមស្ការដើរក្រឡឹង ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មិនល្មម​សំដែង​ ផ្លូវ ដើម្បីកើតជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យទាំងនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រះចន្ទ្រ ព្រះអាទិត្យបានឡើយ ឮថា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា មិនដែល​បានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា អាចារ្យរបស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​បានឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ បានឮថា ពួកអាចារ្យ​ ជាប្រធាន​លើអាចារ្យ​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់​នឹងភ្នែក​របស់​ខ្លួនទេ បានឮថា ពួកបុព្វាចារ្យរបស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា តាំង​អំពីតំណនៃអាចារ្យ ជាជីតារបស់អាចារ្យជាគំរប់៧ ក៏មិនដែល​បានឃើញ​ព្រហ្មផ្ទាល់​នឹង​ភ្នែក​របស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ​តាមបទ​មន្តនេះ ជារបស់ចាស់ ដែលពួកឫសីធ្លាប់ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់​ប្រមូលទុក​មកហើយ តែងសូត្រតាមបទមន្តនោះ តែងពោលតាមបទមន្ត ដែលឫសីទាំងឡាយ ពោល​មកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសីទាំងឡាយបង្រៀនមកហើយ ឫសី​ណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ ឫសីទាំងនោះ បានពោលយ៉ាងនេះ នឹងអ្នកថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុង​កន្លែងណា យើងស្គាល់​ទីនុ៎ះ យើងឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោល​យ៉ាងនេះថា យើងមិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មបាន។

[១៧៥] ម្នាលវាសេដ្ឋ អ្នកសំគាល់​សេចក្តីនោះដូចម្តេច កាលបើដូច្នោះ ភាសិត​របស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការទេ មិនមែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើដូច្នោះ ភាសិតរបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានោះ ជាភាសិតមិនបានការណ៍ទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជាទាំងនោះ មិនដែលស្គាល់ព្រហ្មណា មិនដែលឃើញព្រហ្ម​ណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្មនោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នកប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មនោះបាន ហេតុនេះ នឹងយកជាការណ៍ពុំបានឡើយ។

[១៧៦] ម្នាលវាសេដ្ឋៈ ដូចជាបុរសពោលយ៉ាងនេះថា ខ្ញុំប្រាថ្នាចង់បាននូវស្ត្រី ដែល​មានរូបល្អ ក្នុងជនបទនេះ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរស​ដ៏​ចំរើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថាជានាងខត្តិយានី ឬនាងព្រាហ្មណី ជានាងវេស្សី ឬជានាង​សុទ្ទីដែរ​ឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ជនទាំងឡាយ សួរបុរស​នោះ យ៉ាងនេះថា នែបុរស​ដ៏​ចំរើន ស្ត្រីមានរូបល្អ ក្នុងជនបទ ដែលអ្នកប្រាថ្នាចង់បាន តើអ្នកស្គាល់ស្ត្រីមានរូបល្អ ក្នុងជនបទនោះ ថា មានឈ្មោះយ៉ាងនេះ ឬមានគោត្រ​យ៉ាងនេះ ខ្ពស់ ឬទាប ឬយ៉ាងកណ្តាល ខ្មៅ ឬស្រអែម ឬសម្បុរខ្មៅស្រស់ស្អាតថា នៅ​ក្នុងស្រុកឯណោះ និគមឯណោះ ឬនគរឯណោះដែរឬ។ បុរសនោះ កាលគេសួរ​ដូច្នេះ​ហើយ ក៏ប្រាប់ថា ខ្ញុំមិនស្គាល់ទេ។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា នែបុរស​ដ៏​ចំរើន អ្នកមិនស្គាល់ មិនឃើញស្ត្រីណា អ្នកប្រាថ្នាចង់បានស្ត្រីនោះឬ។ បុរសនោះ ដែលគេ​សួរដូច្នេះហើយ ក៏ប្រាប់ថា បាទ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូច​ម្តេច កាលបើដូច្នោះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍ មិនមែនទេឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ ភាសិតរបស់បុរសនោះ ជាភាសិតមិនបានការណ៍។ ម្នាលវាសេដ្ឋៈ ត្រូវហើយ បានឮថា ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា មិនដែលឃើញព្រហ្មផ្ទាល់នឹងភ្នែករបស់ខ្លួនទេ។បេ។

[១៧៧] ម្នាលវាសេដ្ឋៈ ដូចជាបុរសធ្វើជណ្តើរ បម្រុងឡើងប្រាសាទ ត្រង់ផ្លូវ​ធំបែកជា៤។ ជនទាំងឡាយ សួរបុរសនោះយ៉ាងនេះថា ម្នាលបុរស​ដ៏​ចំរើន អ្នកធ្វើ​ជណ្តើរ​បម្រុងឡើងប្រាសាទណា ចុះអ្នកស្គាល់ប្រាសាទនោះថា (នៅ) ក្នុងទិសខាងកើត ឬទិសខាងត្បូង ឬទិសខាងលិច ឬទិសខាងជើង ប្រាសាទនោះខ្ពស់ ឬទាប ឬយ៉ាង​កណ្តាលដែរឬ។ បុរសនោះ កាលគេសួរដូច្នេះហើយ ក៏ប្រាប់ថា ខ្ញុំមិនដឹងទេ។ ជនទាំងឡាយ ​សួរបុរសនោះ យ៉ាងនេះថា ម្នាលបុរស​ដ៏ចំរើន អ្នកមិនដឹង មិនឃើញប្រាសាទណាទេ តែធ្វើជណ្តើរបម្រុងឡើងប្រាសាទនោះឬ។ បុរសនោះ កាលគេសួរដូច្នេះ​ហើយ ក៏ឆ្លើយថា​ បាទ។ ម្នាលវាសេដ្ឋ អ្នកសំគាល់ហេតុនោះដូចម្តេច កាល​បើដូច្នោះ សំដីនៃបុរសនោះ មិនបានការណ៍ មិនមែនឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់បុរសនោះ មិនបានការណ៍ទេ។ ម្នាលវាសេដ្ឋៈ មែនហើយ បានឮថា ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា មិនដែលឃើញ​ព្រហ្ម​ផ្ទាល់​នឹងភ្នែក​របស់ខ្លួន បានឮថា ពួកអាចារ្យរបស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​ឃើញ​ព្រហ្ម​ផ្ទាល់នឹងភ្នែករបស់ខ្លួនដែរ បានឮថា ពួកអាចារ្យ​ ជាប្រធាន​លើអាចារ្យ​របស់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ក៏មិនដែល​បានឃើញ​ព្រហ្ម​ផ្ទាល់​នឹងភ្នែក​របស់​ខ្លួនដែរ បានឮថា ពួកបុព្វាចារ្យរបស់​ពួកព្រាហ្មណ៍​ តាំងពីតំណនៃអាចារ្យ ជាជីតា​របស់​អាចារ្យ​ជា​គំរប់៧ ក៏មិនដែលឃើញ​ព្រហ្មផ្ទាល់​នឹង​ភ្នែក​របស់ខ្លួនដែរ បានឮថា ពួកឫសីជាន់មុនៗ ដែលជាអ្នកតែងមន្ត ជាអ្នករាយមន្ត ដល់​ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជា ពួកព្រាហ្មណ៍​អ្នក​ត្រៃវិជ្ជា ក្នុងកាលឥឡូវនេះ តែងស្វាធ្យាយ​តាមបទ​មន្តបុរាណនេះ ដែលពួកឫសី​ធ្លាប់​ស្វាធ្យាយ ធ្លាប់បង្រៀន ធ្លាប់​ប្រមូលទុក​មកហើយ តែងសូត្រតាមបទមន្តនោះ តែងពោល​តាម​បទមន្ត ដែលឫសីទាំងឡាយ ពោល​មកហើយ តែងបង្រៀនតាមបទមន្ត ដែលឫសី​ទាំងឡាយបង្រៀនមកហើយ ឫសី​ណាខ្លះ គឺឫសីឈ្មោះ អដ្ឋកៈ១ វាមកៈ១ វាមទេវៈ១ វេស្សាមិត្តៈ១ យមតគ្គី១ អង្គីរសៈ១ ភារទ្វាជៈ១ វាសេដ្ឋៈ១ កស្សបៈ១ ភគុ១ សូម្បី​ឫសី​ទាំងនោះ ក៏មិនពោលយ៉ាងនេះថា ព្រហ្មនៅក្នុងទីណា ព្រហ្មមានសណ្ឋានយ៉ាងណា ព្រហ្មនៅក្នុង​កន្លែងណា យើងទាំងឡាយ ស្គាល់​ទីនុ៎ះ យើងទាំងឡាយ ឃើញព្រហ្មនុ៎ះ ដូច្នេះដែរឬទេ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ ក៏ពោល​យ៉ាងនេះថា យើងមិនស្គាល់​ព្រហ្មណា យើងមិនឃើញព្រហ្មណាទេ ប៉ុន្តែ យើងសំដែងផ្លូវ ដើម្បីទៅកើត​ជាមួយ​នឹង​ព្រហ្ម​នោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នក​ប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយនឹងព្រហ្មបាន។ ម្នាលវាសេដ្ឋៈ អ្នក​សំគាល់សេចក្តីនោះដូចម្តេច កាល​បើដូច្នោះ សំដីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសំដី​មិន​បានការណ៍ឬ។ បពិត្រព្រះគោតមដ៏ចំរើន មែនពិតហើយ កាលបើយ៉ាងនេះ សំដីរបស់ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ជាសំដីមិនបានការណ៍។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋ ព្រាហ្មណ៍អ្នក​ត្រៃវិជ្ជាទាំងនោះ មិនស្គាល់​ព្រហ្មណា មិនឃើញព្រហ្មណាទេ ប៉ុន្តែហ៊ានសំដែងផ្លូវ ដើម្បីកើត​ជាមួយ​នឹង​ព្រហ្ម​នោះថា នេះឯង​ជាផ្លូវ​ត្រង់ នេះឯង​ជា​ផ្លូវ​ទៀងទាត់ ជាទីស្រោចស្រង់សត្វ រមែងនាំអ្នក​ប្រតិបត្តិតាមផ្លូវនោះ ឲ្យទៅកើត​ជាមួយ​នឹង​ព្រហ្ម​ ហេតុនេះ យកជាការណ៍​ពុំបានទេ។

[១៧៨] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹកល្មមក្អែកទំមាត់​ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាង​នាយ អ្នកនឹងទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បុរសនោះ បានមក​ដល់ ក៏ឈរនៅត្រើយខាងអាយ ហើយស្រែកហៅត្រើយខាងនាយថា ម្នាលត្រើយ​ខាងនាយ អ្នកចូរមករកត្រើយខាងអាយ ម្នាលត្រើយខាងនាយ អ្នកចូរមករកត្រើយ​ខាងអាយ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច ត្រើយខាងនាយ នៃស្ទឹង​អចិរវតី (នោះ) មុខជានឹងមករកត្រើយខាងអាច ព្រោះហេតុនៃបុរសនោះស្រែកហៅ ឬព្រោះហេតុនៃបុរសនោះអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុ​សេចក្តី​ត្រេកអរ​បានដែរឬ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន មិនដូច្នោះទេ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា ក៏ដូច្នោះដែរ គេប្រព្រឹត្តលះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនមែនធ្វើបុគ្គល​ទៅជា​ព្រាហ្មណ៍វិញ ហើយពោលយ៉ាងនេះថា យើងហៅព្រះឥន្ទ្រ ហៅព្រះចន្ទ ហៅព្រះវរុណ ហៅព្រះឦសាន ហៅព្រះបជាបតិ ហៅព្រះព្រហ្ម ហៅព្រះមហិន្ទ្រ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍​អ្នកត្រៃវិជ្ជាទាំងនោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជា​ព្រាហ្មណ៍​ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គលឲ្យ​ទៅជា​ព្រាហ្មណ៍វិញ លុះបែក​ធ្លាយកាយ បន្ទាប់អំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ព្រោះហេតុស្រែក​ហៅ ឬព្រោះហេតុសេចក្តីអង្វរ ព្រោះហេតុសេចក្តីប្រាថ្នា ឬព្រោះហេតុ​សេចក្តីត្រេកអរ ហេតុដូច្នេះនេះ មិនដែលមានឡើយ។

[១៧៩] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់​ច្រាំង ឱនផឹកបាន គ្រានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរកត្រើយខាង​នាយ អ្នកទៅត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមក​ដល់ (ស្ទឹងនោះ) ក៏យកខ្សែដ៏មាំ មកចងដើមដៃទៅខាងក្រោយ (ចងស្លាបសេក) យ៉ាងខ្ជាប់ ទុកនៅត្រើយខាងអាយ ម្នាលវាសេដ្ឋ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ នឹងចេញ​ពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅត្រើយខាងនាយ តើបានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនបានទេ។ ម្នាលវាសេដ្ឋៈ ដូច្នោះមែនហើយ ក្នុងវិន័យ​របស់​ព្រះអរិយៈ លោកហៅកាមគុណទាំង៥នេះថា ខ្នោះក៏មាន ថាចំណងក៏មាន កាមគុណ​ទាំង៥ តើដូចម្តេចខ្លះ គឺរូប ដែលគួរដឹងបានដោយចក្ខុ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ​ សំឡេង ដែល​គួរដឹងបានដោយត្រចៀក។បេ។ ក្លិន ដែល​គួរដឹងបានដោយច្រមុះ។ រស ដែល​គួរដឹងបានដោយអណ្តាត។ ផោដ្ឋព្វៈ ដែល​គួរដឹងបានដោយកាយ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្ត មានសភាពគួរស្រឡាញ់ ប្រកបដោយកាម គួរត្រេកអរ។ ម្នាលវាសេដ្ឋៈ​ ក្នុងវិន័យ​របស់ព្រះអរិយៈ លោកហៅកាមគុណ៥នេះឯង ថាខ្នោះក៏មាន ថាចំណងក៏​មាន ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា ជាប់ជក់នៅ ជ្រប់នៅ លិចលង់នៅ ឃើញ​ថា​មិនមានទោស មិនមានប្រាជ្ញា ជាគ្រឿង​រលាស់ខ្លួន តែងបរិភោគកាមគុណ​ទាំង​៥​នេះឯង។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្តលះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជាព្រាហ្មណ៍ចេញហើយ ប្រព្រឹត្តសមាទានធម៌ ដែលមិនធ្វើបុគ្គល​ឲ្យទៅជា​ព្រាហ្មណ៍​វិញ ជាប់ជក់នៅ លិចលង់នៅ ឃើញ​ថា​មិនមានទោស មិនមានប្រាជ្ញា ជា​គ្រឿង​​រលាស់ខ្លួន តែងបរិភោគកាមគុណ​ទាំង​៥​ ជាអ្នកមានកាមឆន្ទៈ ជាចំណង លុះបែក​ធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនគួរមានឡើយ។

[១៨០] ម្នាលវាសេដ្ឋៈ ដូចស្ទឹងអចិរវតីនេះ ពេញប្រៀបដោយទឹក ល្មមក្អែកទំមាត់​ច្រាំង ឱនផឹកបាន វេលានោះ មានបុរសអ្នកត្រូវការត្រើយខាងនាយ អ្នកស្វែងរក​ត្រើយ​ខាង​​នាយ អ្នកទៅកាន់ត្រើយខាងនាយ អ្នកចង់ឆ្លងទៅត្រើយខាងនាយ បានមក​ដល់ បុរសនោះ ក៏ទទូរអស់ទាំងក្បាល ហើយដេកទៀបត្រើយខាងអាយ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច បុរសនោះ គួរចេញ​អំពីត្រើយខាងអាយ នៃស្ទឹងអចិរវតី ទៅឯត្រើយខាងនាយ បានឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនេះ ពុំគួរទៅបានទេ។ ម្នាលវាសេដ្ឋៈ ក៏ដូច្នោះដែរ ក្នុងវិន័យ​របស់​ព្រះអរិយៈ លោកហៅ​នីវរណធម៌៥ប្រការនេះថា អាវរណៈ (គ្រឿងទប់) ក៏បាន ហៅថា នីវរណៈ (គ្រឿងរារាំង) ក៏បាន ហៅថា ឱនាហនៈ (គ្រឿងទាញយិត)ក៏បាន ហៅថា បរិយោហនៈ (គ្រឿង​រួបរឹត) ក៏​បាន នីវរណៈទាំង៥ប្រការ តើដូចម្តេចខ្លះ គឺកាមច្ឆន្ទនីវរណៈ១ ព្យាបាទនីវរណៈ១ ថីនមិទ្ធនីវរណៈ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ១ វិចិកិច្ឆានីវរណៈ១ ម្នាលវាសេដ្ឋៈ​ ក្នុងវិន័យ​របស់ព្រះអរិយៈ លោកហៅ នីវរណៈទាំង៥ប្រការនេះឯង ថា អាវរណៈក៏បាន ហៅថា នីវរណៈក៏បាន ហៅថា ឱនាហនៈក៏បាន ហៅថា បរិយោហនៈក៏បាន។

[១៨១] ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍អ្នក​ត្រៃវិជ្ជា ត្រូវនីវរណៈទាំង៥នេះដោត​ក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ។ ម្នាលវាសេដ្ឋ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ ប្រព្រឹត្ត​​លះបង់ធម៌ ដែលធ្វើ​បុគ្គល​ឲ្យទៅជាព្រាហ្មណ៍ចេញ ហើយប្រព្រឹត្តសមាទានធម៌ ដែល​មិន​ធ្វើបុគ្គល​ឲ្យទៅជា​ព្រាហ្មណ៍​វិញ ព្រាហ្មណ៍ទាំងនោះ ត្រូវនីវរណៈទាំង៥ ដោតក្រង ចងរឹត ចងក្រៀក ចាក់ស្រែះហើយ លុះបែក​ធ្លាយកាយទៅ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងពួកព្រហ្ម ហេតុនេះ មិនមានសោះឡើយ។

[១៨២] ព្រះមានព្រះភាគ ទ្រង់ត្រាស់សួរថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះ ដូចម្តេច អ្នកធ្លាប់បានឮពួកព្រាហ្មណ៍​ព្រឹទ្ធាចារ្យ មានអាយុច្រើន ជាអាចារ្យ ប្រធានលើ​អាចារ្យទាំងឡាយ និយាយថា ព្រហ្ម មានស្ត្រីជាគ្រឿង​ជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿង​ជាប់ចំពាក់ទេ។ វាសេដ្ឋមាណព ក្រាបបង្គំទូលថា បពិត្រព្រះគោតមដ៏ចំរើន ព្រហ្ម​មិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ ព្រហ្មមានចិត្តចងពៀរ ឬមិនបានចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តចងពៀរទេ។ ព្រហ្មមានចិត្តប្រកបដោយ​ព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តប្រកបដោយព្យាបាទទេ។ ព្រហ្មមានចិត្តសៅហ្មង ឬមិនមានចិត្ត​សៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មមិនមានចិត្តសៅហ្មងទេ46) ព្រហ្មប្រព្រឹត្ត​ទៅតាមអំណាច​ចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាច​ចិត្តមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ព្រហ្មប្រព្រឹត្តទៅតាមអំណាចចិត្តបាន។47) ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូច​ម្តេច ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានស្ត្រីជាគ្រឿង​ជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿង​ជាប់ចំពាក់ទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា​មានស្ត្រីជាគ្រឿង​ជាប់ចំពាក់ (គ្រប់គ្រងស្រីដែរ)។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ ឬមិន​មានចិត្តចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តចងពៀរ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយ​ព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តប្រកបដោយព្យាបាទ។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ឬមានចិត្តមិន​សៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង។ ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្ត​ទៅតាមអំណាច​ចិត្តបាន ឬប្រព្រឹត្តទៅតាមអំណាច​ចិត្តមិនបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបាន ទេ។

[១៨៣] ម្នាលវាសេដ្ឋៈ អើ បើថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជាទាំងនោះ មានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ដូច្នេះ ឯព្រហ្ម ជាអ្នកមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់ទេ ចុះបណ្តាពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ តើប្រៀបផ្ទឹមនឹងព្រហ្ម ដែល​មិនមានស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬទេ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀបធៀបមិនសមគ្នាទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែលមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ លុះបែកធ្លាយ​កាយ ខាងមុខអំពីសេចក្តីស្លាប់ ក៏ទៅកើតជាមួយនឹងព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់ ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជានោះ មានចិត្តចងពៀរ ចំណែកខាងព្រហ្ម មិនមានចិត្តចងពៀរទេ ប្រៀបធៀបពួកព្រាហ្មណ៍អ្នកត្រៃវិជ្ជា ដែល​មានចិត្តចងពៀរ ជាមួយនឹងព្រហ្ម ដែល​មិនមានចិត្តចងពៀរ តើសមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀបធៀបមិនបានទេ។ ម្នាលវាសេដ្ឋៈ បានឮថា ពួកព្រាហ្មណ៍​អ្នកត្រៃវិជ្ជានោះ មានចិត្តប្រកបដោយព្យាបាទ ព្រហ្ម មិនមានចិត្តប្រកបដោយ​ព្យាបាទទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា មានចិត្តសៅហ្មង ព្រហ្មមិនមានចិត្តសៅហ្មងទេ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ប្រព្រឹត្តទៅតាមអំណាចចិត្តមិនបានទេ ព្រហ្ម ប្រព្រឹត្តទៅតាមអំណាច​ចិត្ត​បាន ចុះបើប្រៀបធៀបពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្ត​មិនបាន ជាមួយនឹង​ព្រហ្ម ដែលប្រព្រឹត្តទៅតាម​អំណាច​ចិត្តបាន តើសមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ដំណើរនុ៎ះ ប្រៀបធៀបមិនបានទេ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជា ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្ត​មិនបានទាំង​នោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់ នឹងទៅកើតជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្តបាន ហេតុដូច្នេះនេះ មិនដែលមានទេ។ ម្នាលវាសេដ្ឋៈ ព្រាហ្មណ៍ អ្នកត្រៃវិជ្ជាទាំងនោះ ចូលទៅ (កាន់ទីមិនមែនផ្លូវ ដោយសំគាល់ថាផ្លូវ) ក្នុងផ្លូវ​ជាទីទៅកាន់ព្រហ្មលោក (ដូចជា) ចុះទៅ (កាន់ទីមានភក់ ដោយសំគាល់ថា ទីរាបស្មើ) លុះ​ចុះទៅហើយ ក៏ដល់នូវសេចក្តីបាក់បែក (នៃអវយវៈតូចធំ) សំគាល់នូវការឆ្លងថា​ស្រួលហើយ ក៏ឆ្លងទៅ ព្រោះហេតុនោះ ត្រៃវិជ្ជារបស់ពួកព្រាហ្មណ៍ អ្នកត្រៃវិជ្ជានេះ អ្នកប្រាជ្ញ តែងហៅថា ព្រៃធំ គឺត្រៃវិជ្ជាខ្លះ ហៅថា ព្រៃដែលគ្មានទឹក គឺត្រៃវិជ្ជាខ្លះ ហៅថា សេចក្តីវិនាស គឺត្រៃវិជ្ជាខ្លះ។

[១៨៤] កាលព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក៏ក្រាបបង្គំ​ទូល​ព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮដូច្នេះថា ព្រះសមណគោតមស្គាល់ផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្ម មែនឬ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ អ្នកសំគាល់សេចក្តីនោះដូចម្តេច មនសាកតគ្រាម នៅក្នុង​ទីជិត​នឹងទីនេះ មនសាកតគ្រាម មិនមែននៅក្នុងទីឆ្ងាយអំពីទីនេះទេឬ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន យ៉ាងនោះហើយ មនសាកតគ្រាម នៅក្នុងទីជិតនឹងទីនេះ មនសាកត​គ្រាម មិននៅក្នុងទីឆ្ងាយអំពីទីនេះទេ។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់​សេចក្តី​នោះ​ដូចម្តេច បុរស​ដែលកើតហើយ ចំរើនហើយ ក្នុងមនសាកតគ្រាមនេះ មានអ្នកផង សួររក​ផ្លូវនៃ​មនសាកតគ្រាម ចំពោះបុរសនោះ ដែលចេញទៅអំពី​មនសាកតគ្រាម ក្នុងខណៈ​នោះ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចំរើនហើយ ក្នុងមនសាកតគ្រាមនេះ កាលបើ​គេ​សួររក​ផ្លូវនៃមនសាកតគ្រាម សំដីយឺតយូរ និងអឹមអៀម តើមានខ្លះ​ដែរឬ។ បពិត្រ​ព្រះគោតមដ៏ចំរើន សំដីនេះ មិនយឺតយូរ មិនអឹមអៀមទេ។ សេចក្តីនោះព្រោះ​ហេតុអ្វី។ បពិត្រព្រះគោតមដ៏ចំរើន ព្រោះបុរសឯណោះ កើតហើយ ចំរើនហើយ ក្នុង​មនសាកតគ្រាម បានជាបុរសនោះ ស្គាល់ផ្លូវទាំងអស់ ដែលទៅកាន់មនសាកតគ្រាម ដោយច្បាស់លាស់។ ម្នាលវាសេដ្ឋៈ បុរសដែលកើតហើយ ចំរើនហើយ ក្នុងមនសាកតគ្រាមនោះ កាលបើមានអ្នកផង សួររក​ផ្លូវនៃមនសាកតគ្រាម គង់មាន​សំដី​យឺតយូរ និងអឹមអៀមខ្លះ ឯតថាគត កាលបើអ្នកផង សួររកផ្លូវទៅកាន់ព្រហ្មលោក ឬ​បដិបទា ជាទីទៅកាន់ព្រហ្មលោក មិនមានការប្រព្រឹត្តិយឺតយូរ និងការអឹមអៀមឡើយ ម្នាលវាសេដ្ឋៈ តថាគត ស្គាល់ទាំងព្រហ្ម ស្គាល់ទាំងព្រហ្មលោក ស្គាល់ទាំងបដិបទា ជាទី​ទៅកាន់ព្រហ្មលោក មិនតែប៉ុណ្ណោះសោត ព្រហ្មប្រតិបត្តិយ៉ាងណា ទើបបាន​ទៅកើត​ក្នុងព្រហ្មលោក តថាគត ក៏ស្គាល់ច្បាស់ នូវសេចក្តី​ប្រតិបត្តិនោះ។

[១៨៥] កាលព្រះមានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព ក្រាបបង្គំទូលព្រះមានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គបានឮ​ដូច្នេះថា ព្រះសមណគោតម សំដែងផ្លូវ ដើម្បីទៅកើតជាមួយនឹងព្រហ្មបាន ខ្ញុំព្រះអង្គ សូម​ឱកាស សូមព្រះគោតមដ៏ចំរើន សំដែងផ្លូវ ដើម្បីទៅកើត ជាមួយនឹងព្រហ្ម សូម​ព្រះគោតមដ៏ចំរើន ស្រោចស្រង់ព្រាហ្មណ៍ និងពពួកសត្វផងចុះ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលវាសេដ្ឋៈ បើដូច្នោះ ចូរអ្នកប្រុងស្តាប់ ចូរធ្វើទុកក្នុងចិត្តដោយល្អចុះ តថាគត នឹងសំដែងប្រាប់។ វាសេដ្ឋមាណព បានទទួលស្តាប់ព្រះពុទ្ធដីកា របស់​ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលវាសេដ្ឋៈ ព្រះ​តថាគត កើតឡើងក្នុងលោកនេះ ជាព្រះអរហន្តសម្មាសម្ពុទ្ធ។បេ។ (បណ្ឌិតគប្បីសំដែង​ឲ្យពិស្តារ ដូចក្នុងសាមញ្ញផលសូត្រផងចុះ)។បេ។ ម្នាលវាសេដ្ឋៈ ភិក្ខុជាអ្នកបរិបូណ៌ ដោយ​សីលយ៉ាងនេះឯង។បេ។ កាលភិក្ខុនោះ បានពិចារណាឃើញច្បាស់នូវនីវរណៈ​៥​នេះក្នុងខ្លួន ដែលខ្លួនលះបង់ហើយ បាមោជ្ជៈ គឺសេចក្តីត្រេកអរយ៉ាងល្មម ក៏កើតឡើង កាលបើបាមោជ្ជៈ កើតឡើងហើយ បីតិក៏កើតឡើង កាលចិត្តប្រកបដោយបីតិ កើតឡើង​ហើយ កាយក៏រមែងស្ងប់រម្ងាប់ កាលបើមានកាយ​ស្ងប់រម្ងាប់ហើយ ក៏រមែងទទួលនូវ​សេចក្តីសុខ ចិត្តរបស់ភិក្ខុដែលបាន​សេចក្តីសុខហើយ ក៏រមែង​តាំងនៅមាំ។ ភិក្ខុនោះ មានចិត្តប្រកបដោយមេត្តា រមែងផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ទិសទី៤ ទាំង​ទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយមេត្តា ដ៏ទូលាយ ធំ រកប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់​លោក​ទាំងពួង គ្រប់ទិស គ្រប់តំបន់។ ម្នាលវាសេដ្ឋៈ មនុស្សមានកំឡាំង ផ្លុំស័ង្ខ អាចញុំាង​បុគ្គល​ឲ្យដឹងបានគ្រប់ទិសទាំង៤ ដោយមិនលំបាក​ យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរ​ណា ក្នុងមេត្តាចេតោវិមុត្តិ ដែលបុគ្គលបានចំរើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបាន​កៀចក្រាញនៅក្នុង​រូបាវចរ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅ​ក្នុង​រូបាវចរ និងអរូបាវចរនោះឡើយ ក៏យ៉ាងនោះឯង។ ម្នាលវាសេដ្ឋៈ នេះឯងហៅថា ផ្លូវ​ដើម្បី​ទៅកើតជាមួយនឹងព្រហ្ម។

[១៨៦] ម្នាលវាសេដ្ឋៈ សេចក្តីតទៅទៀតថា ភិក្ខុមានចិត្តប្រកបដោយករុណា។បេ។ មានចិត្តប្រកបដោយមុទិតា។បេ។ មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១ ទិស​ទី២ ទិសទី៣ទិសទី៤ ទាំង​ទិសខាងលើ ទិសខាងក្រោម និងទិសទទឹងបានដូចគ្នា មានចិត្តប្រកបដោយឧបេក្ខា ដ៏ទូលាយធំ រកប្រមាណមិនបាន មិនមានពៀរ មិនមាន​ព្យាបាទ ផ្សាយទៅកាន់​លោក​ទាំងអស់ គ្រប់ទិស គ្រប់តំបន់។ ម្នាលវាសេដ្ឋៈ មនុស្ស ដែលមាន​កំឡាំង ផ្លុំស័ង្ខ អាចញុំាង​បុគ្គល​ឲ្យដឹងបានគ្រប់ទិសទាំង៤បាន ដោយ​មិនលំបាក​ យ៉ាងណា ម្នាលវាសេដ្ឋៈ កម្មជាកាមាវចរ​ណា ក្នុងឧបេក្ខាចេតោវិមុត្តិ ដែល​បុគ្គល​បានចំរើនយ៉ាងនេះ កម្មជាកាមាវចរនោះ មិនបាន​កៀចក្រាញនៅ ក្នុង​រូបាវចរ​ និងអរូបាវចរនោះ គឺកម្មជាកាមាវចរនោះ មិនបានឋិតនៅ​ក្នុង​រូបាវចរ និងអរូបាវចរ​នោះ​ឡើយ ក៏យ៉ាងនោះឯង។ ម្នាលវាសេដ្ឋៈ នេះឯងជាផ្លូវ ដើម្បីកើតជាមួយនឹងព្រហ្ម។ ម្នាលវាសេដ្ឋៈ អ្នកសំគាល់​សេចក្តីនោះដូចម្តេច ភិក្ខុមានមេត្តាព្រហ្មវិហារយ៉ាងនេះ ជាអ្នក​មាន​ស្ត្រី ជាគ្រឿង​ជាប់ចំពាក់ ឬមិនមានស្ត្រីជាគ្រឿង​ជាប់ចំពាក់ទេ។ បពិត្រព្រះគោតមដ៏ចំរើន ​មិនមានស្ត្រីជាគ្រឿងជាប់ចំពាក់ទេ។ ភិក្ខុនោះ មានចិត្តចងពៀរ ឬមិនមានចិត្តចងពៀរទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានចិត្តចងពៀរទេ។ ភិក្ខុនោះ មានចិត្តប្រកបដោយ​ព្យាបាទ ឬមិនមានចិត្តប្រកបដោយព្យាបាទទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានចិត្តប្រកបដោយព្យាបាទទេ។ ភិក្ខុនោះ មានចិត្ត​សៅហ្មង ឬមិនមានចិត្ត​សៅហ្មងទេ។ បពិត្រព្រះគោតមដ៏ចំរើន មិនមានចិត្តសៅហ្មងទេ។ ភិក្ខុនោះ ប្រព្រឹត្ត​ទៅតាមអំណាច​ចិត្តបាន ឬមិនប្រព្រឹត្តទៅតាមអំណាច​ចិត្តបានទេ។ បពិត្រព្រះគោតមដ៏ចំរើន ប្រព្រឹត្តទៅតាមអំណាចចិត្តបាន។ ម្នាលវាសេដ្ឋៈ អើ បើថា ភិក្ខុ ជាអ្នកមិនមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ ព្រហ្ម ក៏ជាអ្នកមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់​ហើយ តើប្រៀបធៀប ភិក្ខុដែលមិនមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ នឹងព្រហ្ម ដែល​មិនមាន​ស្ត្រី ជាគ្រឿងជាប់ចំពាក់ សមគ្នាដែរឬ។ បពិត្រព្រះគោតមដ៏ចំរើន ប្រៀបធៀបសមគ្នា​ហើយ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុ ដែលមិនមានស្ត្រី​ជាគ្រឿង​ជាប់ចំពាក់ លុះបែកធ្លាយ​កាយ ខាងមុខអំពីសេចក្តីស្លាប់ទៅ នឹងទៅកើតជាមួយនឹង​ព្រហ្ម ដែលមិនមានស្ត្រី ជាគ្រឿង​ជាប់ចំពាក់ ហេតុដូច្នេះនេះ តែងមានជាប្រាកដ។ ម្នាលវាសេដ្ឋៈ បានឮដូច្នេះថា ភិក្ខុ មិនមានចិត្តចងពៀរ ព្រហ្ម ក៏មិនមានចិត្តចងពៀរដែរ។បេ។ ភិក្ខុ មិនមានចិត្តប្រកបដោយព្យាបាទ ព្រហ្ម ក៏មិនមានចិត្តប្រកបដោយ​ព្យាបាទដែរ។ ភិក្ខុ មានចិត្តមិនសៅហ្មង ព្រហ្មក៏មានចិត្តមិនសៅហ្មងដែរ។ ភិក្ខុ ប្រព្រឹត្តទៅតាមអំណាចចិត្តបាន ព្រហ្ម ក៏ប្រព្រឹត្តទៅតាមអំណាច​ចិត្ត​បានដែរ ប្រៀបធៀបភិក្ខុ ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្ត​បាន នឹង​ព្រហ្ម ដែលប្រព្រឹត្តទៅតាម​អំណាច​ចិត្តបាន តើសមដែរឬទេ។ បពិត្រ​ព្រះគោតម​ដ៏ចំរើន ប្រៀបធៀប សមគ្នាហើយ។ ម្នាលវាសេដ្ឋៈ ត្រូវហើយ ម្នាលវាសេដ្ឋៈ ភិក្ខុប្រព្រឹត្ត​ទៅ​តាមអំណាច​ចិត្ត​បាន​នោះ លុះបែកធ្លាយកាយ ខាងមុខអំពីសេចក្តីស្លាប់​ទៅ នឹងទៅ​កើត​ជាមួយនឹងព្រហ្ម ដែលប្រព្រឹត្តទៅតាមអំណាច​ចិត្តបាន ហេតុដូច្នេះនេះ តែងមាន​ជាប្រាកដ។

[១៨៧] លុះព្រះមានព្រះភាគ ត្រាស់យ៉ាងនេះហើយ វាសេដ្ឋមាណព និងភារទ្វាជមាណព ក៏បាន​ក្រាប​បង្គំទូល​ព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ បពិត្រព្រះគោតមដ៏ចំរើន ភាសិតរបស់ព្រះអង្គ ពីរោះណាស់ ធម៌ដែល​ព្រះអង្គ ទ្រង់សំដែងហើយ ដោយ​អនេក​បរិយាយយ៉ាងនេះ (ភ្លឺច្បាស់ណាស់) បពិត្រព្រះគោតមដ៏ចំរើន គួរនាដូចជាមនុស្សចាប់របស់​ដែល​ផ្កាប់ចុះ ឲ្យផ្ងារឡើងបាន ពុំនោះដូចជាមនុស្សបើក​បង្ហាញរបស់ដែល​គេលាក់បិទបាំង ពុំនោះសោត ដូចជាមនុស្ស​ប្រាប់​ផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬក៏ដូចជាមនុស្សកាន់​ប្រទីប ទ្រោលបំភ្លឺ​ក្នុង​ទី​ងងឹត​ ដោយ​គិតថា ពួកមនុស្ស​មានចក្ខុ មើលឃើញនូវរូបទាំងឡាយបាន យើងទាំងឡាយនោះ សូម​ដល់​នូវ​ព្រះគោតម​ដ៏​ចំរើន​ផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ជាទីរលឹក ចាប់​ដើមតាំង​ពីថ្ងៃនេះទៅ សូម​ព្រះគោតមដ៏ចំរើន ទ្រង់ជ្រាបនូវយើងខ្ញុំទាំងឡាយ ថាជាឧបាសក ដល់សរណគមន៍ ស្មើដោយជីវិត។

ចប់ តេវិជ្ជសូត្រ ទី១៣។

បញ្ជីនៃសីលក្ខន្ធវគ្គ នោះ មានសូត្រ១៣គឺ

ព្រហ្មជាលសូត្រ១ សាមញ្ញផលសូត្រ១ អម្ពដ្ឋសូត្រ១ សោណទណ្ឌសូត្រ១ កូដទន្តសូត្រ១ មហាលិសូត្រ១ ជាលិយសូត្រ១ មហាសីហនាទសូត្រ១ បោដ្ឋបាទសូត្រ១ សុភសូត្រ១ កេវដ្តសូត្រ១ លោហិច្ចសូត្រ១ តេវិជ្ជសូត្រ១។

ចប់ សីលក្ខន្ធវគ្គ។

ចប់ ភាគ ១៥។

មាតិកា

ទ. ?

លេខ ទំព័រ លេខ​សម្គាល់
សុត្តន្តបិដក sut
ទីឃនិកាយ sut.dn
សីលក្ខន្ធវគ្គ ទុតិយភាគ sut.dn.v1
កូដទន្តសូត្រ ទី ៥ ? sut.dn.05
រឿងកូដទន្តព្រាហ្មណ៍ ?
ពោលអំពីគុណ នៃកូដទន្តព្រាហ្មណ៍ ?
ពុទ្ធគុណកថា ?
យញ្ញសម្បទា ៣ ប្រការ មានបរិក្ខារ ១៦ ?
ការពោលអំពីព្រះបាទមហាវិជិតរាជ ?
ការពោលអំពីមហាយ័ញ្ញ របស់ព្រះបាទមហាវិជិតរាជ ?
សេចក្តីត្រិះរិះ របស់កូដទន្តព្រាហ្មណ៍ ?
ពុទ្ធយញ្ញកថា និក្ខភត្តទាន ?
សរណគមន៍ ?
ការកើតឡើងនៃព្រះតថាគត ?
ការសម្តែងខ្លួនជាឧបាសក នៃកូដទន្តព្រាហ្មណ៍ ?
ការយាងចូលទៅកាន់រោងយញ្ញពិធី របស់កូដទន្តព្រាហ្មណ៍ ?
មហាលិសូត្រ ទី ៦ ? sut.dn.06
សុត្តនិទាន ?
សមាធិដែលភិក្ខុចម្រើនដោយចំណែកមួយ ការឃើញនូវរូបទិព្វ ?
សមាធិដែលភិក្ខុចម្រើនដោយចំណែកមួយ ការស្តាប់ឮសម្លេងទិព្វ ?
សមាធិដែលភិក្ខុចម្រើនទាំងពីរចំណែក ការឃើញរូបទិព្វ ជាដើម ?
ការប្រព្រឹត្តិដែលជាហេតុធ្វើឲ្យជាក់ច្បាស់នូវសមាធិភាវនា ?
ការធ្វើឲ្យជាក់ច្បាស់នូវចេតោវិមុត្ត និងបញ្ញាវិមុត្តិជាដើម ?
ពុទ្ធគុណកថា សីលសម្បទា ឈាន ?
ការត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ?
ជាលិយសូត្រ ទី ៧ ? sut.dn.07
សីលសម្បទា ឈាន ?
ការត្រេកអរចំពោះភាសិតរបស់ព្រះមានព្រះភាគ ?
មហាសីហនាទសូត្រ ទី ៨ ? sut.dn.08
ការតិះដៀលតបៈទាំងពួង ជាដើម ?
ពោលអំពីការលះអកុសលធម៌ ?
ពោលអំពីការសមាទានកុសលធម៌ ?
ពោលអំពីផ្តើមនូវតបៈរបស់អចេលកស្សប ?
សម្បទា ៣ ប្រការ ?
ពោលអំពីសាមញ្ញគុណ និងព្រហ្មញ្ញគុណ ?
ពោលអំពីការចម្រើនមេត្តាចិត្ត ?
សម្បទា ៣ យ៉ាង ?
សីហនាទក្នុងបរិសទ្យទាំងឡាយ ?
តិត្ថិយបរិវាស និងបព្វជ្ជាឧបសម្បទា នៃអចេលកស្សប ?
បោដ្ឋបាទសូត្រ ទី ៩ ? sut.dn.09
ព្រះមានព្រះភាគទ្រង់ពុទ្ធដំណើរចូលទៅរកបោដ្ឋបាទបរិព្វាជក ?
ការពោលអំពីអភិសញ្ញានិរោធ ?
តតិយជ្ឈាន និងចតុត្ថជ្ឈាន ?
អរូបជ្ឈាន មានវិញ្ញាណញ្ចាយតនជ្ឈាន ជាដើម ?
អនុបុព្វាភិសញ្ញានិរោធសម្បជានសមាបត្តិ ?
ការពោលអំពីសញ្ញា និងញាណ ?
ការពោលអំពីសញ្ញា និងខ្លួន ?
ប្រស្នាដែលតថាគតមិនបានព្យាករ ?
ប្រស្នាដែលព្រះមានព្រះភាគទ្រង់ព្យាករ និងប្រស្នាដែលមិនទ្រង់ព្យាករ ?
ចិត្តហត្ថិសារីបុត្ត និងបោដ្ឋបាទបរិព្វាជក ?
ធម៌ប្រព្រឹត្តទៅដោយចំណែកមួយ ក៏មាន មិនមែនដោយចំណែកមួយ ក៏មាន ?
ធម៌ដែលប្រព្រឹត្តទៅដោយចំណែកមួយ ?
ការពោលអំពីទិដ្ឋិរបស់សមណព្រាហ្មណ៍ ?
ការបាននូវឱឡារិកអត្តភាព ?
ការបាននូវអរូបអត្តភាព ?
ការបាននូវអត្តភាព មានឱឡារិកអត្តភាព ជាដើម ?
សេចក្តីដោះស្រាយរបស់ចិត្តហត្ថិសារីបុត្រ ?
ការបាននូវអត្តភាព មានឱឡារិកអត្តភាព ជាដើម ?
ព្រះចិត្តហត្ថិសារីបុត្តមានអាយុបានសម្រេចព្រះអរហត្ត ?
សុភសូត្រ ទី ១០ ? sut.dn.10
មាណពចូលទៅកាន់សំណាក់នៃព្រះអានន្ទត្ថេរ ?
ព្រះអានន្ទត្ថេរចូលទៅកាន់លំនៅរបស់សុភមាណព ?
ការបាននូវសទ្ធាក្នុងព្រះតថាគត ?
ការចិញ្ចឹមជីវិតខុស ព្រោះតិរច្ឆានវិជ្ជា ?
សីលសម្បទា ?
សតិសម្បទា ?
ការជម្រះចិត្តឲ្យស្អាតចាកនីវរណធម៌ទាំង ៥ ?
សេចក្តីឧបមានៃនីវរណធម៌ទាំង ៥ ?
ការពោលអំពីឈាន សេចក្តីឧបមានៃឈាន ?
ការពោលសរសើរព្រះអានន្ទត្ថេរ នៃសុភមាណព ?
ការពោលអំពីបញ្ញា សេចក្តីឧបមានៃបញ្ញា ?
ការពោលអំពីបញ្ញា សោតធាតុជាទិព្វ ?
ការពោលអំពីបញ្ញា ចេតោបរិយញ្ញាណ ?
បុព្វេនិវាសានុស្សតិញ្ញាណ ?
ចុតូបបាតញ្ញាណ ?
អាសវក្ខយញ្ញាណ ?
សុភមាណពសរសើរព្រះអានន្ទត្ថេរ ការសំដែងខ្លួនជាឧបាសក ?
កេវដ្ដសូត្រ ទី ១១ ? sut.dn.11
បាដិហារ្យ ៣ យ៉ាង ការពោលអំពីឥទ្ធិវិធី ?
ការពោលអំពីអាទេសនាបាដិហារ្យ ?
ការពោលអំពីអនុសាសនីបាដិហារ្យ ?
រឿងភិក្ខុអ្នកស្វែងរកមហាភូតរូប ?
សេចក្តីព្យាករណ៍ប្រស្នាអំពីមហាភូតរូប ?
លោហិច្ចសូត្រ ទី ១២ ? sut.dn.12
សុត្តនិទាន ការទូលសួរអំពីមិនមានអាពាធ ជាដើម (ចំពោះ ព្រះមានព្រះភាគ) ?
ការក្រាបបង្គំទូលភត្តកាល ចំពោះព្រះមានព្រះភាគ ?
ពោលអំពីព្រះមានព្រះភាគ ទ្រង់សាកសួរលោហិច្ចព្រាហ្មណ៍ ?
ពោលអំពីការទ្រង់ដោះទិដ្ឋិខុស របស់លោហិច្ចព្រាហ្មណ៍ ?
គ្រូដែលគួរដល់ការចោទប្រកាន់ មាន ៣ ពួក ?
គ្រូ ទី២ ដែលគួរដល់ការចោទប្រកាន់ ?
គ្រូ ទី៣ ដែលគួរដល់ការចោទប្រកាន់ ?
សាស្តាមិនគួរដល់ការចោទប្រកាន់ ការសំដែងខ្លួនជាឧបាសក នៃលោហិច្ចព្រាហ្មណ៍ ?
តេវិជ្ជសូត្រ ទី ១៣ ? sut.dn.13
ការប្រឹក្សាគ្នានៃវាសេដ្ឋមាណព និងភារទ្វាជមាណព ពុទ្ធគុណកថា ?
ពោលអំពីវាសេដ្ឋមាណព និងភារទ្វាជមាណព មានសេចក្តីប្រកាន់ខុសគ្នា ?
ពោលអំពីព្រះមានព្រះភាគទ្រង់សាកសួរវាសេដ្ឋមាណព ?
មគ្គាមគ្គកថា ពួកឫសីជាបុព្វបុរស ?
សេចក្តីឧបមាដោយជណ្តើរ ?
ពួកឫសីជាបុព្វបុរស ?
សេចក្តីឧបមា ដោយស្ទឹងអចិរវតី ?
កាមគុណទាំង ៥ ?
នីវរណធម៌ ៥ ប្រការ ?
ការទ្រង់សាកសួរវាសេដ្ឋមាណព ?
បដិបទាជាគ្រឿងញុំាងសត្វឲ្យទៅកាន់ព្រហ្មលោក ?
ការពោលអំពីចេតោវិមុត្តិ មានកំណត់ប្រមាណមិនបាន ?
ការសំដែងខ្លួនជាឧបាសក និងបញ្ជីរឿងនៃសីលក្ខន្ធវគ្គនោះ ?

1)
អដ្ឋកថា ថា បានជាមាននាមដូច្នេះ ព្រោះជាអ្នក​តាំង​នៅក្នុង​ដំណែង​ដ៏ស្តុកស្តម្ភ។
2)
អដ្ឋកថា ថា គង់ក្រោមម្លប់ឈើ​ដ៏ស្រួល ហើយពោលសរសើគុណព្រះរតនត្រ័យ ជាមួយនឹងលិច្ឆវិបរិសទ្យ។
3)
ហៅតាម​គោត្តនាមរបស់ព្រះនាគិតត្ថេរ
4)
អដ្ឋកថា ថា ឧបជ្ឈាយ៍របស់ជាលិយៈនោះ តែង​ត្រាច់ទៅបិណ្ឌបាត​ដោយ​បាត្រឈើ បានជាហៅថា ទារុបត្តិកៈ។
5)
អារាមដែលឃោសិតសេដ្ឋីកសាង។
6)
អដ្ឋកថា ថា សំដៅយក​បញ្ចពិធសីល
7)
សំដៅយក​បញ្ចវេរា
8)
សង្រួមក្នុងទ្វារទាំង៥
9)
អដ្ឋកថា ថា មិនសង្រួមក្នុងទ្វារទាំង៥
10)
ក្នុងសៀវភៅភាគ២៥ ទំព័រ៩៤ ត្រង់លេខយោង ឲ្យកែថា ”ទុកសក់”។
11)
អដ្ឋកថា ថា ទ្រង់ជ្រាបថា បុគ្គលនេះ គួរនៅបរិវាស បុគ្គលនេះ មិនគួរនៅបរិវាស។
12)
អដ្ឋកថា ថា សួនដែលបរិបូណ៌​ដោយផ្កា និង​ផ្លែឈើរបស់នាងមល្លិកា ជាព្រះរាជទេពីរបស់ព្រះបាទបសេនទិកោសល។
13)
អារាមនោះ ដម្បូងឡើយ មានសាលាតែមួយមែន តែដល់​កាលជាខាងក្រោយ​មក មានគេកសាងសាលាច្រើនឡើង ព្រោះអាស្រ័យបរិព្វាជក​ម្នាក់មាន​បុណ្យច្រើន។
14)
អដ្ឋកថា ថា ពាក្យក្នុងរវាងនៃកាលពួកបរិព្វាជក ប្រជុំ​និយាយគញនា តាំងអំពីដំបូង មកទល់នឹងកាលដែលព្រះមានព្រះភាគ​ស្តេចមកដល់។
15)
សាលាដែល​សមណ​ព្រាហ្មណ៍​មានលទ្ធិខុសគ្នា ប្រជុំនិយាយពាក្យផ្សេងៗទ្រហឹងអឺងកង។
16)
សេចក្តីសំគាល់ក្នុងរូបាវចរជ្ឈាន និងអារម្មណ៍របស់ឈាននោះ។
17)
សេចក្តីសំគាល់ ដែលកើតឡើងដោយវត្ថុ​ មានចក្ខុជាដើម ប៉ះពាល់​គ្នានឹង​អារម្មណ៍ មានរូបជាដើម។
18)
សញ្ញា ដែល​ប្រព្រឹត្តទៅក្នុងអារម្មណ៍ផ្សេងគ្នា ឬសញ្ញាដែលផ្សេងគ្នា (វិសុទ្ធិមគ្គ)។
19)
សមាបត្តិរបស់ភិក្ខុ ដែល​មាន​សេចក្តី​ដឹងខ្លួនដោយល្អ ប្រកបដោយ​សេចក្តីរលត់នៃសញ្ញាដោយលំដាប់។
20)
សញ្ញាក្នុងទីនេះ សំដៅយក​ឈានសញ្ញា​ក៏មាន វិបស្សនាក៏មាន ន័យខ្លះទៀតថា មគ្គសញ្ញា។
21)
ញាណក្នុង​ទីនេះ សំដៅយក វិបស្សនាញាណក៏មាន មគ្គញាណក៏មាន ផលញ្ញាណក៏មាន អដ្ឋកថា ប្រាប់​ជា​៣ន័យ យ៉ាងនេះ។
22)
អដ្ឋកថា ថា ចិត្តហត្ថិសារីបុត្តនោះ ជាកូននៃហ្មដំរី ក្នុងក្រុងសាវត្ថី បានបួសក្នុងសំណាក់​ព្រះមានព្រះភាគ បានរៀនព្រះត្រៃបិដក ជាអ្នកឈ្លាសក្នុងអត្ថដ៏សុខុម តែសឹក​ចេញ​ជា​គ្រហស្ថអស់វារៈ៧លើក លុះលើកក្រោយបំផុត ទើបតែនឹងសឹកបាន ២.៣ថ្ងៃ ក៏បាន​ទៅកាន់សំណាក់​បោដ្ឋបាទបរិព្វាជក ៗ ក៏នាំទៅថ្វាយបង្គំព្រះមានព្រះភាគ។
23)
ស្ត្រីដែលល្អឆ្នើម ក្នុងជនបទ
24)
អដ្ឋកថា ថា ឱឡារិកអត្តភាព នោះ បានដល់កាមាវចរសត្វ រាប់តាំង​អំពី​អវិចី រៀងរហូតដល់បរនិម្មិតវសវត្តី។
25)
មនោមយអត្តភាព នោះ បានដល់រូបព្រហ្ម។
26)
អរូបអត្តភាព នោះ បានដល់អរូបព្រហ្ម។
27)
អដ្ឋកថា ថា បានដល់អកុសលចិត្តុប្បាទ១២។
28)
បានដល់សមថៈ និងវិបស្សនា។
29)
ក្នុងអដ្ឋកថា ថា ព្រះមានព្រះភាគ បរិនិព្វាន​ទៅបាន​ជាង១ខែ។
30)
អដ្ឋកថា ថា កាលបើមានរោគដំបៅ ដាក់ថ្នាំ មានថ្នាំផ្សាជាដើម ក្នុងដំបៅនោះ កាលបើដំបៅស្រួលសមគួរហើយ ក៏នាំយកថ្នាំនោះចេញ។
31)
ក្នុងអដ្ឋកថា ថា មគ្គញ្ញាណក្តី​ ផលញ្ញាណ​ក្តី សព្វញ្ញុតញ្ញាណក្តី បច្ចវេក្ខណញ្ញាណក្តី វិបស្សនាញាណក្តី លោកហៅថា ញាណទស្សនៈ តែក្នុងទីនេះ ព្រះថេរៈ សំដែង​សំដៅវិបស្សនាញាណតែម្យ៉ាង។
32)
ចិត្តជាអប្បនាសមាធិ ឬឧបចារសមាធិ
33)
កំណើត​សត្វតិរច្ឆាន
34)
បេតវិស័យ
35)
អសុរកាយ ដែលមានមហិទ្ធិឫទ្ធិ ដូចរាហូអសុរិន្ទជាដើម។
36)
នរក គឺលោក​ដែលគ្មានសេចក្តីចំរើន មានច្រើនប្រការ មានអវិចិនរកជាដើម។
37)
អដ្ឋកថា លោកសំដៅយកសោមនស្ស​ចេតសិក និងទោមនស្សចេតសិក។
38)
អដ្ឋកថា ប្រាប់ វិជ្ជាឈ្មោះចិន្តាមណី។
39)
ជាអ្នកចែក​សត្វលោក​ឲ្យទៅជាក្សត្រ ជាព្រាហ្មណ៍ ជាដើម (ពាក្យនេះជាសេចក្តីយល់​របស់​ពួក​ព្រហ្មខ្លះៗ)។
40)
ក្នុងអដ្ឋកថា ថា ស្រុកនោះ គេដាំដើមឈើព័ទ្ធ​ជុំវិញ ហាក់ដូចជារបង ហេតុនោះ បានជាឈ្មោះថា សាលវតិកា។
41)
អដ្ឋកថា ថា នៅក្នុងក្រុងឈ្មោះឱបសាទ
42)
នៅក្នុងក្រុង ឈ្មោះ​ឥច្ឆានង្គលៈ
43)
នៅក្នុងក្រុង ឈ្មោះឧក្កដ្ឋ។
44)
នៅក្នុងក្រុង ឈ្មោះសាវត្ថី។
45)
នៅក្នុងក្រុងតុទិគ្រាម។
46)
អដ្ឋកថា ពន្យល់ថា ព្រហ្មមិនមានចិត្តសៅហ្មង ព្រោះមិនមានឧទ្ធច្ចកុក្កុច្ចៈ។
47)
ព្រហ្មប្រព្រឹត្តទៅតាម​អំណាចចិត្តបាន ព្រោះមិនមានវិចិកិច្ឆា។
km/tipitaka/book_015.txt · ពេលកែចុងក្រោយ: 2023/03/16 11:05 និពន្ឋដោយ Johann