km:tipitaka:sut:kn:jat:sut.kn.jat.503

សត្តិគុម្ពជាតក ទី៧

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat 503 បាលី cs-km: sut.kn.jat.503 អដ្ឋកថា: sut.kn.jat.503_att PTS: ?

សត្តិគុម្ពជាតក ទី៧

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥០៣. សត្តិគុម្ពជាតកំ (៧))

[២៧១] (ព្រះមានព្រះភាគត្រាស់ថា) មហារាជ​ដូចជា​ព្រានម្រឹគ ជាបុគ្គល​ប្រសើរ​លើរថ​របស់អ្នក​ដែនបញ្ចាល បានយាង​ទៅជាមួយ​នឹងសេនា សាបសូន្យ​ចាកពួក​សេ្តច​ចូលមក​កាន់ព្រៃ។ បានឃើញ​ស្រុក​របស់ពួក​ចោរ​នៅក្នុង​ព្រៃនោះ សត្វសេក​ហើរចេញ​អំពី​ស្រុកនោះ​ហើយ និយាយ​នូវ​សំដី​ដ៏អាក្រក់ថា ព្រះរាជា​ជាបុរស​កំឡោះ បរិបូណ៌​ដោយ​​ពាហនៈ មាន​កុណ្ឌល​ដ៏រលីង មាន​ព្រះឧណ្ហីសៈ (ក្បាំង) ដ៏ក្រហម​ច្រាល ល្អ​រុងរឿង​ដូច​ជាព្រះអាទិត្យ​ក្នុង​វេលាថ្ងៃ។ ឥឡូវនេះ ព្រះរាជា​ព្រមទាំង​នាយសារថី​ដេក​លក់​ក្នុង​វេលា​ថ្ងៃត្រង់ បើ​ដូច្នោះ យើងនឹង​យកគ្រឿង​ប្រដាប់​ទាំងពួង​របស់​ព្រះរាជា​នោះ​ដោយ​​រហ័ស។ ឥឡូវនេះ ស្តេច ព្រម​ទាំង​នាយសារថី ដេកលក់​ក្នុងទីស្ងាត់ ដូចនៅ​កណ្តាល​អធ្រាត្រ យើងនឹង​យកសំពត់​កែវមណី និងកុណ្ឌល ហើយ​សម្លាប់ រួចគ្រប​ដោយ​មែកឈើ។

[២៧២] (បតិកោលុម្ពចោរពោលថា) ម្នាលសត្តិគុម្ពៈ ឯង​និយាយ​ដូចជាឆ្កួត​ទេឬ ព្រោះថា ព្រះរាជា​ទាំងឡាយ យាងមក​អំពីចម្ងាយ ទ្រង់រុងរឿង​ដូចជា​ភ្លើង​កំពុងឆេះ។

[២៧៣] (សត្តិគុម្ពៈពោលថា) ម្នាលបតិកោលុម្ពៈ អ្នកឯង​ដូចជាបុគ្គល​ស្រវឹង ទើប​កំញើញ​យើង​យ៉ាងខ្លាំង អ្នក​ស្អប់ខ្ពើម (ចោរកម្ម) ព្រោះមាតា​របស់ខ្ញុំ​អាក្រាត​ឬអ្វី។

[២៧៤] (ព្រះរាជាត្រាស់ថា) នែនាយសារថីសំឡាញ់ ចូរអ្នក​រលះរលាំង​ក្រោក​ឡើង ចូរទឹម​រថទៅ យើងមិន​ពេញចិត្ត​នឹងបក្សីទេ យើងនឹង​ទៅកាន់​អាស្រម​ដទៃវិញ។

[២៧៥] (នាយសារថីទូលថា) បពិត្រមហារាជ ទូលព្រះបង្គំបាន​ទឹមរថ ​ទឹម​ពាហនៈ​ដ៏មាន​កំឡាំង​ហើយ បពិត្រ​មហារាជ សូមព្រះអង្គ​ឡើងគង់​ចុះ យើងនឹង​ទៅកាន់​អាស្រម​ដទៃ។

[២៧៦] (សត្តិគុម្ព…) ពួកចោរក្នុងអាស្រម ទៅក្នុង​ទីណាអស់​ទៅ​អេះ ស្តេច​ក្នុងដែន​បញ្ចាលនុ៎ះ​ទៅផុត​អំពី​ការមិនឃើញ​របស់ពួក​ចោរទាំង​នោះហើយ។ អ្នកទាំង​ឡាយចូរ​ចាប់ធ្នូ ដាវ និងលំពែង ស្តេចក្នុង​ដែន​បញ្ចាលនុ៎ះ​កំពុងតែ​ទៅ អ្នកទាំងឡាយ​កុំលែង​ជីវិត​ឡើយ។

[២៧៧] (អភិសម្ពុទ្ធគាថា) ក្នុងកាលនោះ សត្វសេក​ដទៃទៀត មាន​ចំពុះដ៏​ក្រហម បាន​ទទួល​រាក់ទាក់​ថា បពិត្រ​មហារាជ ព្រះអង្គ​ស្តេចមក​ស្រួល​ហើយ មួយទៀត ដំណើរ​មករបស់​ព្រះអង្គ​មិនទាស់​ទេ ព្រះអង្គ​ជាធំយាង​មកដល់​ហើយ សូម​ទ្រង់មាន​ព្រះបន្ទូល​ប្រាប់នូវ​ព្រះរាជ​បំណង ដែលមាន​ក្នុងដំណើរ​យាងមក​នេះចុះ។ បពិត្រ​ព្រះរាជា សូម​ព្រះអង្គ​សោយ​នូវផ្លែ​ទន្លាប់ ជាទីគាប់​ចិត្ត​ព្រះហឫទ័យ ផ្លែស្រគំ ​និងផ្លែដង្កៀប​ក្តាមតូចៗ ដ៏​ប្រសើរ​ប្រសើរ​ចុះ។ បពិត្រ​មហារាជ ទឹកនេះ​សោតក៏ត្រជាក់ ដែលពួក​ឥសី​នាំមក​អំពី​ជ្រោះភ្នំ សូម​ព្រះអង្គ​សោយ (នូវទឹក) អំពី​ជ្រោះនោះចុះ បើ​ព្រះអង្គ​ប្រាថ្នា។ ពួកឥសី​អ្នកនៅ​ក្នុងអាស្រម​នេះ ទៅកាន់​ព្រៃដើម្បី​ស្វែង​រក (អាហារ) ហើយ សូម​ព្រះអង្គ​ក្រោកឡើង យកដោយ​ព្រះអង្គ​ឯងចុះ ខ្ញុំ​ព្រះអង្គ​មិនមាន​ដៃថ្វាយទេ។

[២៧៨] (ព្រះរាជា…) សត្វបក្សីទ្វិជាតិនេះល្អ ប្រកប​ដោយធម៌​ណាស់តើ ចំឡែក​តែបក្សី​សេកក្រៅ​ពីនេះនុ៎ះ និយាយ​ពាក្យ​អាក្រក់ថា អ្នក​ទាំងឡាយ ចូរសម្លាប់ ចូរចង​នូវស្តេច​នេះ អ្នកទាំងឡាយ​កុំលែង​ជីវិត​ឡើយ កាល​សេកនោះ​កំពុង​និយាយ​យ៉ាងនេះ យើង​ក៏បាន​ចេញមក​ដល់ទី​អាស្រមនេះ​ដោយ​សួស្តី។

[២៧៩] (សេកបុប្ផកៈ…) បពិត្រមហារាជ យើងខ្ញុំទាំងពីរ​ជាបងប្អូន​រួមផ្ទៃ ​មាន​មាតា​ជាមួយគ្នា ធំឡើង​នៅលើដើម​ឈើតែមួយ តែឃ្លាត​ទៅក្នុង​ខេត្ត​ផ្សេងគ្នា។ សត្តិគុម្ពៈ​ទៅក្នុង​សំណាក់​នៃពួកចោរ ឯខ្ញុំព្រះអង្គ​មកនៅ​ក្នុងសំណាក់​នៃពួក​ឥសី​ក្នុងទីនេះ សត្តិគុម្ពៈ (ចូលទៅ​កាន់​សំណាក់) នៃ​ពួក​អសប្បុរស ខ្ញុំព្រះអង្គ (ចូលមក​កាន់​សំណាក់) នៃ​ពួក​សប្បុរស (ហេតុ​នោះ) សត្តិគុម្ពៈ​និងខ្ញុំ មិនវៀរចាកធម៌1) នោះទេ។

[២៨០] ការសម្លាប់ក្តី ចងក្តី ការបន្លំក្តី បញ្ឆោតក្តី ការប្លន់ក្តី ការ​កំហែងក្តី មាននៅ​ក្នុង​សំណាក់​ចោរណា សត្តិគុម្ពៈ រមែង​សិក្សា​អំពើ​ទាំងនោះ​ក្នុង​សំណាក់​ចោរនោះ។ សេចក្តី​​ពិតក្តី សុចរិតក្តី ការមិន​បៀតបៀន​ក្តី ការ​សង្រួម​សីលក្តី ការទូន្មាន​ឥន្រ្ទិយក្តី មាន​នៅ​ក្នុងទី​នេះ បពិត្រ​ព្រះភារតៈ ខ្ញុំ​ព្រះអង្គ​ធំឡើង​នៅលើ​ចង្កេះ​នៃពួក​ឥសីអ្នក​ឲ្យអាសនៈ​និងទឹក។

[២៨១] បពិត្រព្រះរាជា ពិតណាស់ បុគ្គលគប់រក​នូវបុគ្គល​ណា ទោះជា​សប្បុរស ឬ​អសប្បុរស មានសីល ឬឥតសីល រមែងលុះ​អំណាច​បុគ្គល​នោះឯង។ បុគ្គល​ធ្វើនូវ​បុគ្គល​បែបណា ឲ្យជាមិត្រ ចូលទៅ​គប់រកនូវ​បុគ្គល​បែបណា បុគ្គលនោះ ក៏មាន​អាការ​បែបនោះ ឯការ​នៅរួម​ក៏ប្រាកដ​ដូច្នោះ។ កូនសិស្ស​គប់រក​នូវអាចារ្យ​ផ្តេសផ្តាស អាចារ្យ​នោះដែល​កូន​សិស្សគប់​រកហើយ រមែង​ប្រឡាក់​កូនសិស្ស​ដែល​មិនប្រឡាក់ (ដោយ​បាបធម៌) ដូចសរ ដែលជ្រលក់​ដោយថ្នាំពិស​តែងប្រឡាក់​បំពង់សរ។ ព្រោះ​ភ័យ​អំពី​ការប្រឡាក់ អ្នកប្រាជ្ញ​ទើបមិន​យកបុគ្គល​លាមក​ជា​សំឡាញ់ ជនណា​ខ្ចប់នូវ​ត្រីស្អុយ​ដោយចុង​ស្បូវភ្លាំង សូម្បី​ស្បូវភ្លាំង​ក៏មាន​ក្លិនស្អុយ ផ្សាយចេញ ការគប់​រកនូវ​បុគ្គលពាល (របស់​ជននោះ) ក៏យ៉ាង​នោះដែរ។ ជនណាខ្ចប់ខ្លឹមក្រស្នា​ដោយស្លឹកឈើ សូម្បី​ស្លឹកឈើ ក៏មាន​ក្លិនក្រអូប​ផ្សាយចេញ ការគប់​រកអ្នកប្រាជ្ញ (របស់​ជននោះ) ក៏យ៉ាងនោះ​ដែរ ព្រោះ​ហេតុនោះ បុគ្គល​ជាអ្នកប្រាជ្ញ ដឹងច្បាស់​នូវបញ្ញា​ចាស់ទុំ​របស់ខ្លួន ដូចជា​កញ្ចប់​ស្លឹកឈើ មិនគួរ​គប់រក​ពួក​អសប្បុរស គួរគប់​រកតែ​ពួកសប្បុរស (ដ្បិត) ពួក​អសប្បុរស តែង​នាំទៅ​នរក ពួកសប្បុរស​តែងផ្តល់​នូវសុគតិ។

ចប់ សត្តិគុម្ពជាតក ទី៧។

 

លេខយោង

1)
ចោរធម៌ និងឥសិធម៌។
km/tipitaka/sut/kn/jat/sut.kn.jat.503.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann