តិបិដក (មូល) » សុត្តបិដក » ខុទ្ទកនិកាយ » ថេរីគាថា » ទ្វាទសកនិបាត »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sut kn thi 11 01 បាលី cs-km: sut.kn.thi.11.01 អដ្ឋកថា: sut.kn.thi.11.01_att PTS: ?
ឧប្បលវណ្ណាថេរីគាថា
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. ឧប្បលវណ្ណាថេរីគាថា)
[៣២៩] យើងទាំងពីរនាក់ គឺមាតា និងធីតា មានប្ដីជាមួយគ្នា (ភរិយារួមប្ដី) សេចក្ដីតក់ស្លុត សេចក្ដីព្រឺរោម អស្ចារ្យចំឡែក កើតមានដល់ខ្ញុំនោះ។ ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើនយ៉ាង ដែលនាំយើងទាំងពីរនាក់ គឺមាតា និងធីតា ឲ្យជាភរិយាជាមួយគ្នា។ លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយហើយ ឃើញនេក្ខម្មៈ ថាជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស។ ខ្ញុំដឹងនូវបុព្វេនិវាស ឯទិព្វចក្ខុ និងចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយដែរ។ ទាំងឫទ្ធិ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបានដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។ ខ្ញុំនិមិ្មតនូវរថទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយបង្គំព្រះបាទទាំងគូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក។
នាងជាស្រីម្នាក់ឯង ចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុះស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយជាគំរប់ពីររបស់នាងក៏មិនមាន នែស្រ្តីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ។ទ. ១៨៨ បើទុកជាអ្នកលេងទាំងឡាយមួយរយ ឬមួយពាន់ ជាបុគ្គលមានសភាពយ៉ាងនេះ មកជួបជុំគ្នា ក៏រោម (របស់យើង) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នកម្នាក់ឯង នឹងធ្វើនូវអ្វីដល់យើងកើត។
យើងនេះនឹងបាត់ទៅ ឬនឹងចូលទៅកាន់ផ្ទៃរបស់អ្នកក៏បាន ឬបើទុកជាឈរនៅក្បែរចន្លោះចិញ្ចើមរបស់អ្នក ក៏អ្នកមើលមិនឃើញយើងឈរដែរ។ យើងជាស្រ្តីស្ទាត់ក្នុងអធិចិត្ត ឥទ្ធិបាទទាំងឡាយ យើងបានចំរើនហើយដោយប្រពៃ អភិញ្ញា ៦ យើងបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនា យើងបានធ្វើហើយ។ កាមទាំងឡាយ ប្រៀបដោយលំពែង និងឈើស្រួច សម្រាប់ចិញ្ច្រាំនូវខន្ធទាំងឡាយ អ្នកពោលនូវតម្រេកក្នុងកាមណា ឥឡូវនេះ តម្រេកក្នុងកាមនោះ មិនមែនជាតម្រេករបស់យើងឡើយ។ សេចក្ដីរីករាយក្នុងកាមទាំងអស់ យើងបានកំចាត់ចេញហើយ គំនរនៃងងឹត
(អវិជ្ជា) យើងបានទំលាយចោលហើយ នែមារមានចិត្តបាប អ្នកចូរដឹងយ៉ាងនេះចុះ នែមារថោកទាប អ្នក យើងកំចាត់ចេញហើយ។
ឧប្បលវណ្ណាថេរី។
ចប់ ទ្វាទសកនិបាត។