User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.17

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១៧. បណាមិតកថា

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​អនុញ្ញាត​​ឲ្យ​​បណ្តេញ​​សិស្ស​​អាក្រក់ និងការ​​​ផ្សះផ្សា និអការ​ផ្សះផ្សា និងច្បាប់​​ដែល​​មិន​​មាន​​ត្រកូល​​អាក្រក់​​កើត​​ឡើង។

mv 01.17 បាលី cs-km: vin.mv.01.17 អដ្ឋកថា: vin.mv.01.17_att PTS: ?

បណាមិតកថា (ទី១៧)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៧.)

[៨៣] សម័យនោះឯង ពួកសទ្ធិវិហារិក មិនបានប្រព្រឹត្ត​ល្អ (គឺ​មិនបានយកចិត្ត​ទុកដាក់) នឹងឧបជ្ឈាយ៍​ទាំងឡាយឡើយ។ ភិក្ខុទាំងឡាយណាមានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ពោលទោស តិះដៀល បន្តុះបង្អាប់​ថា ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍​សោះ។ គ្រានោះ ភិក្ខុទាំងនោះ បានក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មាន​ព្រះភាគ ទ្រង់ត្រាស់​សួរថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកសទ្ធិវិហារិក​មិនបានប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍ ពិតមែនឬ។ ភិក្ខុទាំងឡាយ​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានជោគ​ ទ្រង់បន្ទោស​ថា ម្នាលភិក្ខុទាំងឡាយ ពួកសទ្ធិវិហារិក មិនសមបើនឹងមិនប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍​ទេ។ ព្រះដ៏មានបុណ្យ ទ្រង់បន្ទោសហើយ ទ្រង់ធ្វើ​ធម្មីកថា រួចត្រាស់ហៅ​ភិក្ខុទាំងឡាយ​មក ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក មិនគួរនឹងមិនប្រព្រឹត្ត​ល្អនឹងឧបជ្ឈាយ៍ទេ ភិក្ខុណា​ដែលមិនប្រព្រឹត្ត​ល្អនឹង​ឧបជ្ឈាយ៍ ត្រូវអាបត្តិទុក្កដ។ ពួកសទ្ធិវិហារិកទាំងនោះ​ ក៏នៅតែ​មិនប្រព្រឹត្តល្អ​ក្នុងឧបជ្ឈាយ៍ដដែល ភិក្ខុទាំងឡាយបានក្រាបទូល​សេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ទើបព្រះអង្គទ្រង់អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យឧបជ្ឈាយ៍ បណ្តេញ​សទ្ធិវិហារិក ដែលមិនបានប្រព្រឹត្ត​ល្អចេញ។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​ត្រូវបណ្តេញ​សទ្ធិវិហារិក​យ៉ាងនេះ គឺឧបជ្ឈាយ៍បញ្ជាក់ឲ្យដឹងដោយកាយ បញ្ជាក់​ឲ្យដឹងដោយវាចា ឬទាំងកាយ​ទាំងវាចាថា អញ​បណ្តេញ​អ្នកឯង​ឥឡូវនេះក្តី ថាអ្នកឯង​កុំចូលមក​ក្នុងទីនេះក្តី ថាអ្នកឯង​ចូរនាំ​យកបាត្រ​និងចីវរ​របស់អ្នក​ទៅក្តី ខ្លួនអញ​ អ្នកឯងមិនត្រូវមក​បម្រើ​ទេក្តី (យ៉ាងនេះ​ហៅថា) ឧបជ្ឈាយ៍​បណ្តេញ​​សទ្ធិវិហារិក (បើ) ឧបជ្ឈាយ៍​មិនបានបញ្ជាក់​ឲ្យដឹង​ដោយកាយ ឬ​ដោយវាចា ឬទាំងកាយ​ ទាំងវាចា (យ៉ាងនេះហៅថា) ឧបជ្ឈាយ៍​មិនបានបណ្តេញ​សទ្ធិវិហារិកទេ។ សម័យនោះ ពួកសទ្ធិវិហារិក​ដែល​ឧបជ្ឈាយ៍​បានបណ្តេញហើយ ក៏មិនបានឲ្យឧបជ្ឈាយ៍អត់ទោសឲ្យវិញ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ពួក​សទ្ធិវិហារិកសូមឲ្យ​​ឧបជ្ឈាយ៍អត់ទោសឲ្យបាន។ ពួកសទ្ធិវិហារិក នៅតែមិនបានសូមឲ្យឧបជ្ឈាយ៍​អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ​សទ្ធិវិហារិកដែល​​ឧបជ្ឈាយ៍បណ្តេញចេញ​ទៅហើយ មិនគួរ​នឹងមិនសូម​ឲ្យឧបជ្ឈាយ៍​អត់ទោស​ឲ្យទេ សទ្ធិវិហារិក​ណាមួយ​មិនបានសូមឲ្យឧបជ្ឈាយ៍​អត់ទោសឲ្យ ត្រូវអាបត្តិទុក្កដ។ គ្រានោះឯង ពួកឧបជ្ឈាយ៍ កាលបើសទ្ធិវិហារិក​ទៅសូម​ខមាទោសវិញ ក៏មិនព្រម​អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ឧបជ្ឈាយ៍អត់ទោសដល់សទ្ធិវិហារិក។ ឧបជ្ឈាយ៍ទាំងនោះ ក៏មិនព្រមអត់​ទោស​ឲ្យឡើយ។ ឯពួកសទ្ធិវិហារិក​រត់ចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូល​ពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ​កាលបើ​សទ្ធិវិហារិក មកសូមខមាទោស ​​ឧបជ្ឈាយ៍ត្រូវតែអត់ទោសឲ្យ (បើ) ឧបជ្ឈាយ៍ណាមួយ​មិន​អត់ទោស​ឲ្យទេ ត្រូវអាបត្តិទុក្កដ។

[៨៤] សម័យនោះឯង ពួកឧបជ្ឈាយ៍បណ្តេញ​សទ្ធិវិហារិក​ដែលប្រព្រឹត្តល្អចេញ មិនបាន​បណ្តេញ​សទ្ធិវិហារិក​ដែលប្រព្រឹត្ត​អាក្រក់ចេញឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិកដែលប្រព្រឹត្តល្អហើយ ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (បើ) ​ឧបជ្ឈាយ៍ណាមួយ​បណ្តេញចេញ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ ចំណែក​ខាងសទ្ធិវិហារិក​ដែលប្រព្រឹត្ត​អាក្រក់ ឧបជ្ឈាយ៍ត្រូវតែបណ្តេញ​ចេញបាន (បើ) ឧបជ្ឈាយ៍ណាមួយ​មិនបណ្តេញ​ចេញទេ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥ ​​ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញបាន (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​មិនបានស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មិនមានសេចក្តីជ្រះថ្លាដោយពិត១ មិនមានសេចក្តីអៀនខ្មាស​ដោយពិត១ មិនមានសេចក្តី​គោរពដោយពិត១ មិនមានការចំរើន​ភាវនាដោយពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គ៥​នេះឯងហើយ ​​ឧបជ្ឈាយ៍ត្រូវតែបណ្តេញចេញ​។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥(នោះ) ​​ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​មានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ មានសេចក្តីអៀនខ្មាស​ដោយពិត១ មានសេចក្តី​គោរពដោយពិត១ មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គ៥​នេះឯងហើយ ​​ឧបជ្ឈាយ៍មិនត្រូវបណ្តេញចេញទេ​។ ម្នាលភិក្ខុទាំងឡាយ សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥ ​គួរឲ្យ​ឧបជ្ឈាយ៍បណ្តេញចេញ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​គ្មានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តីជ្រះថ្លាដោយពិត១ គ្មានសេចក្តីអៀនខ្មាស​ដោយពិត១ គ្មានសេចក្តី​គោរពដោយពិត១ គ្មានការចំរើន​ភាវនាដោយពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គទាំង៥​នេះឯង គួរឲ្យ​​ឧបជ្ឈាយ៍បណ្តេញចេញ​។ ម្នាលភិក្ខុ​ទាំងឡាយ សទ្ធិវិហារិក​ប្រកបដោយអង្គ៥ ​​ឧបជ្ឈាយ៍​មិនគួរ​បណ្តេញ​ចេញឡើយ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិក​មានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ មានសេចក្តីអៀនខ្មាស​ដោយពិត១ មានសេចក្តី​គោរពដោយពិត១ មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​សទ្ធិវិហារិកប្រកបដោយអង្គទាំង៥​នេះ ​​ឧបជ្ឈាយ៍​មិនគួរបណ្តេញចេញទេ​។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍ កាលមិនបណ្តេញ​សទ្ធិវិហារិក​ដែលប្រកប​ដោយអង្ក​៥ (ចំណែក​ខាងខុស) ចេញទេ នឹងមានទោស (គឺត្រូវអាបត្តិ​មិនខាន) បើឧបជ្ឈាយ៍​បណ្តេញ​សទ្ធិវិហារិក​ដែលប្រកបដោយអង្គ៥​នេះចេញ មិនមានទោសទេ (ឯអង្គ៥នោះ) គឺសទ្ធិវិហារិកគ្មាន​​សេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ គ្មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ គ្មានសេចក្តីអៀនខ្មាស​ដោយ​ពិត១ គ្មានសេចក្តី​គោរពដោយពិត១ គ្មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​​ឧបជ្ឈាយ៍​មិន​បណ្តេញសទ្ធិវិហារិក​ដែលប្រកបដោយ​អង្គ៥នេះឯង នឹងមានទោស (បើ) ឧបជ្ឈាយ៍​បានបណ្តេញ​សទ្ធិវិហារិកដែលប្រកបដោយ​អង្គ៥​នេះឯង ក៏មិនមានទោសទេ​។ ម្នាលភិក្ខុទាំងឡាយ ឧបជ្ឈាយ៍​បណ្តេញសទ្ធិវិហារិក ដែលប្រកបដោយ​អង្គទាំង៥ (ចំណែកខាងត្រូវ) នឹងមានទោស​មិនខាន (បើ) ឧបជ្ឈាយ៍​មិនបាន​បណ្តេញ​សទ្ធិវិហារិក​ដែលប្រកបដោយ​អង្គ៥​នេះចេញទេ មិនមានទោស​ទេ (អង្គ៥​នោះ) គឺសទ្ធិវិហារិកមានសេចក្តីស្រឡាញ់​ឧបជ្ឈាយ៍ដោយពិត១ មានសេចក្តី​ជ្រះថ្លា​ដោយ​ពិត១ មានសេចក្តីអៀនខ្មាស​ដោយពិត១ មានសេចក្តី​គោរពដោយពិត១ មានការចំរើន​ភាវនា​ដោយ​ពិត១ ម្នាលភិក្ខុ​ទាំងឡាយ ​​ឧបជ្ឈាយ៍បណ្តេញសទ្ធិវិហារិកដែលប្រកបដោយ​អង្គ​ទាំង៥នេះឯង នឹងមាន​ទោស​មិនខានទេ (បើ) ឧបជ្ឈាយ៍​មិនបាន​បណ្តេញសទ្ធិវិហារិក ដែលប្រកបដោយ​អង្គ​ទាំង៥នេះទេ មិនមាន​ទោសទេ។

[៨៥] សម័យនោះឯង មានព្រាហ្មណ៍ម្នាក់​បានចូលទៅរក​ពួកភិក្ខុ ហើយសូមផ្នួស។ ពួកភិក្ខុ​មិនប្រាថ្នានឹង​បំបួស​ព្រាហ្មណ៍​នោះឡើយ។ ព្រាហ្មណ៍នោះ កាលបើមិនបាន​ផ្នួស​ក្នុងសំណាក់​ពួកភិក្ខុ​ហើយ ក៏ទៅជា​ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន។ ព្រះដ៏មានព្រះភាគ ទ្រង់បានទតឃើញ​ព្រាហ្មណ៍​នោះ​ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន (ដូច្នេះ) លុះទ្រង់ទតឃើញហើយ ក៏ទ្រង់​ត្រាស់ហៅ​ពួកភិក្ខុ​មក​សួរថា ម្នាលភិក្ខុទាំងឡាយ ឯព្រាហ្មណ៍នោះ បានជាស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន តើដោយហេតុអ្វី។ ភិក្ខុទាំងនោះ​ក្រាបទូលថា សូមទ្រង់​ព្រះមេត្តា​ប្រោស ព្រាហ្មណ៍​នុ៎ះ បានចូលមករកពួក​ភិក្ខុ ហើយអង្វរ​សូមផ្នួស ពួកភិក្ខុមិនប្រាថ្នា​នឹងបំបួស​ព្រាហ្មណ៍​នោះឡើយ ព្រាហ្មណ៍​នោះ កាលបើ​មិនបាន​ផ្នួស​ក្នុងសំណាក់ពួក​ភិក្ខុហើយ ក៏ទៅជា ស្គាំងស្គម មានសម្បុរអាក្រក់ កើតរោគលឿង ស្លេកស្លាំង លេចសរសៃរវាម​នៅខ្លួន។ វេលានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅ​ពួកភិក្ខុមក ត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុណាហ្ន៎ អាច​រលឹក​ឃើញ​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះបាន។ កាលបើព្រះអង្គ ទ្រង់​សួរយ៉ាងនេះហើយ ព្រះសារីបុត្ត​ដ៏មានអាយុ ក៏បាន​ពោលពាក្យនេះនឹង​ព្រះដ៏មានព្រះភាគថា សូមទ្រង់ព្រះមេត្តា​ប្រោស ខ្ញុំព្រះអង្គ (អាច) រលឹកនូវ​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះបាន។ ទ្រង់ត្រាស់សួរទៀតថា ម្នាលសារីបុត្ត អ្នកឯងរលឹក​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះបានយ៉ាងដូចម្តេច។ ព្រះសារីបុត្ត​ទូលថា សូមទ្រង់ព្រះមេត្តាប្រោស កាលខ្ញុំព្រះអង្គទៅបិណ្ឌបាត ក្នុងក្រុងរាជគ្រឹះនេះ ព្រាហ្មណ៍​នោះបាន​ប្រើគេឲ្យ​ប្រគេនចង្ហាន់​មួយវែក សូមទ្រង់​ព្រះមេត្តាប្រោស ខ្ញុំ​ព្រះអង្គ​រលឹកបាននូវ​អធិការៈ (គុណ) របស់ព្រាហ្មណ៍​នោះប៉ុណ្ណេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា នែសារីបុត្ត ពាក្យដែល​អ្នកពោល​មកនេះប្រពៃណាស់ នែសារីបុត្ត ធម្មតា​ពួកសប្បុរ​សរមែងជាអ្នកកតញ្ញូកតវេទី​ ​1) ពិត ម្នាលសារីបុត្ត បើដូច្នោះ ចូរអ្នកឲ្យបព្វជ្ជា និងឧបសម្បទា​ដល់​ព្រាហ្មណ៍​នោះ។ ព្រះសារីបុត្ត​ក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះអង្គ​នឹងត្រូវ​ឲ្យបព្វជ្ជា និង​ឧបសម្បទា​ដល់ព្រាហ្មណ៍​នោះដូចម្តេចទៅ។ ព្រោះនិទាននេះ ដំណើរនេះ ព្រះដ៏មានព្រះភាគ​ទ្រង់​ធ្វើ​នូវធម្មីកថា​ក្នុងវេលានោះ រួចទ្រង់​ត្រាស់ហៅ​ភិក្ខុ​ទាំងឡាយ​មកត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ឧបសម្បទា​ណា ដែលតថាគត​បានអនុញ្ញាត​ដោយ​ត្រៃសរណគមន៍​រួចហើយ ចាប់ដើមពី​ថ្ងៃនេះតទៅ តថាគត​ឃាត់នូវ​ឧបសម្បទានោះវិញ ម្នាលភិក្ខុទាំងឡាយ ឥឡូវ​តថាគត​អនុញ្ញាត​នូវ​ឧបសម្បទា​ដោយញត្តិចតុត្ថកម្ម គឺកម្ម​មានញត្តិ​ជាគំរប់៤វិញ ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវឲ្យឧបសម្បទា​បែប​យ៉ាងនេះ ភិក្ខុអ្នកឆ្លាស​ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ដ្បិត​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ2) របស់លោកដ៏មានអាយុ​ឈ្មោះនេះ។ បើកម្មមាន​កាលដ៏សមគួរ​ដល់សង្ឃហើយ សង្ឃគប្បី​ញុំាង​ឧបសម្បទាបេក្ខៈ​ឈ្មោះ​នេះ ឲ្យបានឧបសម្បទា3) ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ចុះ។ ពាក្យនេះ ជាពាក្យផ្តៀងសង្ឃ​(ឲ្យជ្រាប)។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត)​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះនេះ។ ឥឡូវ​សង្ឃញុំាងឈ្មោះនេះ​ឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឯការញុំាង​ឈ្មោះនេះឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បីស្ងៀមនៅ (បើ) មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ខ្ញុំពោលសេចក្តីនេះ​ជាគំរប់​ពីរដងផង។ បពិត្រ​ព្រះគម្តែង​សង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត)​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះ​នេះ។ ឥឡូវ​សង្ឃញុំាងឈ្មោះនេះ​ឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជា​ឧបជ្ឈាយ៍។ ឯការញុំាង​ឈ្មោះនេះឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បីស្ងៀមនៅ (បើ) មិនគួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ខ្ញុំពោលសេចក្តីនេះ​ជាគំរប់​បីដង​ផង។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏ចំរើន សូម​ព្រះសង្ឃ​​ស្តាប់ខ្ញុំ (ដ្បិត)​ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះនេះ។ ឥឡូវ​សង្ឃញុំាងឈ្មោះនេះ​ឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឯការញុំាង​ឈ្មោះនេះឲ្យបាន​ឧបសម្បទា ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ស្ងៀម​នៅ (បើ) មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ឈ្មោះនេះ ដែលសង្ឃ​បានឲ្យឧបសម្បទា​ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ហើយ។ (ការដែល​ឲ្យឧបសម្បទា​នេះ) គួរដល់​ព្រះសង្ឃហើយ ព្រោះហេតុនោះបានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំ​ទុកសេចក្តី​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះឯង។

[៨៦] សម័យនោះឯង មានភិក្ខុ១រូបប្រព្រឹត្តអនាចារ គឺប្រព្រឹត្ត​ល្មើស តាំងអំពី​បាន​ឧបសម្បទា។ ពួកភិក្ខុក៏បាន​ពោលដាស់តឿន​យ៉ាងនេះថា ម្នាល​អាវុសោ អ្នកកុំធ្វើ​អំពើយ៉ាងនេះ​ឡើយ អំពើនេះ មិនគួរទេ។ ភិក្ខុនោះក៏ពោល​យ៉ាងនេះវិញថា ខ្ញុំមិនបានពឹង​លោកដ៏មានអាយុ​ទាំងឡាយដោយ​ពាក្យថា សូមឲ្យអស់លោក​ឲ្យឧបសម្បទា​ដល់ខ្ញុំទេ លោកទាំងឡាយ ខ្ញុំមិនបាន​អង្វរសោះ ហេតុអ្វី​ក៏ហ៊ាន​ឲ្យឧបសម្បទា​ដល់ខ្ញុំ។ ភិក្ខុទាំងឡាយបាន​ក្រាបទូលសេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះដ៏មានព្រះភាគ​ជាម្ចាស់ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​គេមិនបាន​សូម មិនត្រូវ​ឲ្យ​ឧបសម្បទា (គេ)ទេ (បើ) ភិក្ខុណាឲ្យ​ឧបសម្បទាគេ ត្រូវអាបត្តិ​ទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុដែល​មានគេ​សូម ទើប​ត្រូវឲ្យ​ឧបសម្បទា​គេបាន។ ម្នាលភិក្ខុទាំងឡាយ ឧបសម្បទាបេក្ខៈ ត្រូវសូមនឹងសង្ឃយ៉ាងនេះ គឺឧបសម្បទាបេក្ខៈ​នោះ ត្រូវចូល​ទៅកាន់ជំនុំសង្ឃ ហើយគ្រងចីពរ​ឆៀងស្មាម្ខាង រួចថ្វាយបង្គំទៀប​បាទានៃ​ភិក្ខុទាំងឡាយ ហើយអង្គុយច្រហោង ផ្គងអញ្ជលី​​ ពោល​យ៉ាងនេះនឹងសង្ឃ​ថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏​ចំរើន សូមព្រះសង្ឃ​ស្រោចស្រង់4) នូវខ្ញុំដោយសេចក្តីអនុគ្រោះ។ ឧបសម្បទាបេក្ខៈ ត្រូវសូមជាគំរប់ពីរដងផង ត្រូវសូមជាគំរប់​បីដងផង។ ភិក្ខុអ្នកឆ្លាស​ប្រតិពល ត្រូវផ្តៀងសង្ឃថា បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកម្ចាស់ដ៏មានអាយុ​ឈ្មោះនេះ។ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ បើកម្ម​​មានកាល​ដ៏សមគួរហើយដល់​សង្ឃហើយ សូមសង្ឃ​ឲ្យឧបសម្បទា​បុគ្គល​ឈ្មោះនេះ ដោយមាន​ព្រះថេរៈ​ឈ្មោះនេះ​ជាឧបជ្ឈាយ៍។ វាចានេះ ជាវាចាផ្តៀងសង្ឃ។ បពិត្រ​ព្រះសង្ឃ​ដ៏ចំរើន សូម​សង្ឃ​​ស្តាប់ខ្ញុំ ឧបសម្បទាបេក្ខៈនេះ ឈ្មោះនេះ របស់លោកដ៏មានអាយុ​ឈ្មោះនេះ ឥឡូវឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ សង្ឃឲ្យឧបសម្បទា​បុគ្គល​ ​ឈ្មោះនេះ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់​ឈ្មោះនេះ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍ (បើ) គួរ​ដល់លោក​ដ៏មាន​អាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​ត្រូវស្ងៀម (បើ) មិនគួរ​ដល់លោកដ៏មានអាយុ​អង្គណា លោកដ៏មានអាយុ​អង្គនោះ​គប្បី​ពោលឡើង។ ខ្ញុំពោលសេចក្តីនេះ​ជាគំរប់​ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះ​ជាគំរប់​បីដង​ផង។បេ។ ​ឈ្មោះនេះសង្ឃ​បានឲ្យឧបសម្បទាហើយ ដោយមាន​ព្រះថេរៈ​ឈ្មោះ​នេះ ជាឧបជ្ឈាយ៍។ (ការដែលឲ្យ​ឧបសម្បទានេះ) គួរ​ដល់​ព្រះសង្ឃហើយ ព្រោះហេតុនោះបានជា​សង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំ​ទុកសេចក្តី​នេះ ដោយអាការ​ស្ងៀមនៅ​យ៉ាងនេះ។

[៨៧] សម័យនោះឯង មហាជន​ក្នុងក្រុងរាជគ្រឹះ នាំគ្នាផ្តើម​ឡើង​ចាត់ចែង​ភត្តាហារ​ដ៏ឧត្តម​ថ្លៃថ្លា (ជាវេន​ៗរាល់ថ្ងៃ)។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ មានសេចក្តីរិះគិត​យ៉ាងនេះថា ពួកសមណៈ ជាសក្យបុត្តទាំងនេះឯង មានសេចក្តីសុខ​ជាប្រក្រតី មានមារយាទ​ស្រួលបួល បរិភោគ​ភោជន​ដ៏ល្អ សិង​លើសំណឹង​ឥតមានខ្យល់ចូលបាន ណ្ហើយចុះ អាត្មាអញ​គួរនឹងបួស​ក្នុងពួកសមណៈ​ជាសក្យបុត្ត​ចុះ។ វេលានោះឯង ព្រាហ្មណ៍នោះបានចូលទៅរកពួក​ភិក្ខុ ហើយសូមផ្នួសបួស។ ភិក្ខុទាំងឡាយក៏បាន​ឲ្យ​បព្វជ្ជា​ឧបសម្បទា​ដល់ព្រាហ្មណ៍នោះ។ កាលបើព្រាហ្មណ៍នោះបានបួសរួចហើយ ភត្តាហារដែល​ជាវេន (នោះ) មហាជនក៏​ឈប់ធ្វើទៅ។ ភិក្ខុទាំងឡាយបានពោលយ៉ាងនេះថា ម្នាលអាវុសោ លោកចូរ​មក យើងនឹងត្រាច់ទៅបិណ្ឌបាតឥឡូវ។ ភិក្ខុនោះ ក៏បានពោលពាក្យយ៉ាងនេះ​វិញថា ម្នាលអាវុសោ ខ្ញុំ​មិនមែនបួស​ដោយគិតថា អញនឹងត្រាច់​ទៅបិណ្ឌបាតទេ បើ​អស់លោកអាណិត​ឲ្យបាយខ្ញុំ ៗក៏នឹងឆាន់ បើ​អស់លោក​មិនឲ្យខ្ញុំទេ ខ្ញុំមុខ​ជានឹងសឹកមិនខានឡើយ។ ភិក្ខុទាំងឡាយពោលថា ម្នាលអាវុសោ លោកបួស​មកព្រោះហេតុតែ​ពោះ​ប៉ុណ្ណោះ​ទេឬ។ ភិក្ខុនោះតបថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។ ភិក្ខុទាំងឡាយណា មានសេចក្តី​ប្រាថ្នាតិច។បេ។ ភិក្ខុទាំងឡាយនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់​ថា មិនសមបើ​នឹងមានភិក្ខុមកបួស​ព្រោះហេតុតែ​ពោះ ក្នុងធម៌វិន័យ​ដែល​ព្រះពុទ្ធ​ទ្រង់សំដែង​ល្អហើយយ៉ាងនេះទេ។ ភិក្ខុទាំងឡាយបាន​ក្រាបទូលសេចក្តី​នុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់សួរថា ម្នាលភិក្ខុ ឮថាអ្នកឯងមកបួស​ព្រោះហេតុតែ​ពោះប៉ុណ្ណោះ ពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពិតមែន។ ព្រះពុទ្ធដ៏មានព្រះភាគ ទ្រង់បន្ទោសថា នែមោឃបុរស ធម៌វិន័យ​ដែលតថាគត បានសំដែង​ល្អហើយយ៉ាងនេះ អ្នកមិនសមបើ​បួស​មក គ្រាន់តែ​ចំអែត​ផ្ទៃទេ នែមោឃបុរស អំពើនេះនឹងបាន​ដឹកនាំពួកជន​ដែលមិនទាន់​ជ្រះថ្លាឲ្យជ្រះថ្លាឡើង ឬនាំ​ពួកជន​ដែល​ជ្រះថ្លាហើយ ឲ្យរឹងរឹតតែ​ជ្រះថ្លា​ឡើងទេ។បេ។ ព្រះអង្គបន្ទោស​រួចហើយ ទ្រង់ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយ​មកថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុកាលឲ្យ​ឧបសម្បទា (ដល់​កុលបុត្រ) ត្រូវ​ប្រាប់និស្ស័យ​ទាំង៤យ៉ាងផង គឺប្រាប់ថា បព្វជ្ជា​ត្រូវអាស្រ័យ​នូវភោជន​ជាដុំពំនូតដែល​អ្នកបួស​ស្វែងរក​បានមក​ដោយកំលាំង​ស្មង អ្នកឯងត្រូវធ្វើសេចក្តី​ឧស្សាហ៍​ក្នុងភោជន​នោះដរាប​ដល់​អស់​ជីវិត (តែបើមាន) អតិរេកលាភ គឺសង្ឃ​ភត្ត5) ឧទ្ទេសភត្ត​6) និមន្តនភត្ត7) សលាកភត្ត​8) បក្ខិកភត្ត​9) ឧបោសថិកភត្ត​10) និងបាដិបទិកភត្ត​11) (កើតឡើង អ្នកបួសត្រូវទទួលចុះ)១។ បព្វជ្ជា ត្រូវអាស្រ័យ​នូវសំពត់ចីវរបង្សុកូល អ្នកឯង​ត្រូវធ្វើសេចក្តី​ឧស្សាហ៍​ក្នុងសំពត់​ចីវរបង្សុកូល​នោះដរាប​ដល់អស់ជីវិត (តែបើមាន) អតិរេកលាភ គឺសំពត់​ដែលគេធ្វើ​ដោយសម្បកឈើ សំពត់​ដែលគេធ្វើ​ដោយកប្បាស សំពត់ដែលគេធ្វើដោយ​សូត្រ សំពត់ដែលគេធ្វើដោយរោមសត្វ សំពត់ដែលគេធ្វើដោយធ្មៃ និងសំពត់ដែលគេធ្វើលាយដោយវត្ថុ​៥យ៉ាង​ខាងដើមនេះ (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យ​នូវសេនាសនៈ​ទៀប​គល់ឈើ ឬក្រោមម្លប់ឈើ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍​ក្នុងសេនាសនៈ​នោះដរាប​ដល់អស់ជីវិត (តែ​បើមាន) អតិរេកលាភ គឺវិហារ ប្រាសាទវែង ឬផ្ទះពាក់កណ្តាល (បង្ហារ) ប្រាសាទ៤ជ្រុង ប្រាសាទ​មានដម្បូល​រលីង និងគុហារ​ (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។ បព្វជ្ជាត្រូវអាស្រ័យ​នូវថ្នាំ​ដែលត្រាំ​ដោយទឹកមូត្រ អ្នកឯងត្រូវធ្វើសេចក្តីឧស្សាហ៍​ក្នុងថ្នាំ​នោះដរាប​ដល់អស់ជីវិត (តែ​បើមាន) អតិរេកលាភ គឺទឹកដោះរាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ និងស្ករអំពៅ (កើតឡើង អ្នកបួស​ត្រូវទទួលចុះ)១។

ចប់ ឧបជ្ឈាយវត្តភាណវារៈ។

 

1)
កតញ្ញូ​ជាអ្នកដឹងគុណដែល​អ្នកដទៃ​បានធ្វើដល់ខ្លួន កតវេទី ជាអ្នកប្រកាស​នូវ​ឧបការគុណ​ដែលអ្នក​ដទៃ​ធ្វើ​ហើយប្រាកដ គឺតបគុណគេ។
2)
សាមណេរដែល​ត្រូវបួសជាភិក្ខុ​ភាវៈ។
3)
ឲ្យដល់​នូវគុណ​ឰដ៏ខាងលើ គឺបានសម្រេច​ជាភិក្ខុភាវៈ។
4)
ក្នុងដីកាថា សូមឲ្យ​សង្ឃ​រើខ្ញុំចេញចាក​ភេទ​សាមណេរ ហើយឲ្យឧបសម្បទា​ជាភិក្ខុភាវៈ។
5)
សង្ឃភត្ត គឺភត្តដែលទាយកវេរ​ប្រគេនដល់​សង្ឃទាំង​អស់។
6)
ឧទ្ទេសភត្ត គឺភត្តដែល​ទាយកវេ​រ​ប្រគេនដល់​ភិក្ខុដែលខ្លួន​ឧទ្ទិស​អំពីសង្ឃ។
7)
និមន្តនភត្ត គឺភត្តដែលទាយក​និមន្តភិក្ខុ ហើយប្រគេន។
8)
សលាកភត្ត គឺភត្តដែល​ទាយក​ប្រគេន​ដល់ភិក្ខុ ដោយចាប់ស្លាក។
9)
បក្ខិកភត្ត គឺភត្តដែលទាយក​ប្រគេន​ភិក្ខុក្នុង​មួយបក្ខៗ តែមួយថ្ងៃៗ (គឺកន្លះខែម្តង)។
10)
ឧបោសថិកភត្ត គឺភត្តដែល​ទាយក​ប្រគេន​ភិក្ខុក្នុងថ្ងៃឧបោសថ។
11)
បាដិបទិកភត្ត គឺភត្តដែល​ទាយកប្រគេន​ភិក្ខុក្នុងថ្ងៃ​១រោច ឬ១កើត។
km/tipitaka/vin/mv/vin.mv.01.17.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann