User Tools

Site Tools


Translations of this page?:
km:tipitaka:sut:kn:iti:sut.kn.iti.026

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » ឯកកនិបាត » តតិយវគ្គ

ទានសូត្រ (៦.)

sut.kn.iti.026 | book_053

(៦. ទានសុត្តំ)

[២៦] ខ្ញុំ​បាន​ស្ដាប់​មក​ថា ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ បើ​ពួក​សត្វ​ដឹង​ផល​នៃ​ការ​ចែក​ទាន ដូច​ជា​តថាគត​ដឹង​ដូច្នោះ បើ​មិន​ទាន់​ឲ្យ​ទាន​ទេ ក៏​មិន​ហ៊ាន​បរិភោគ​ឡើយ មួយ​ទៀត មន្ទិល គឺ​សេចក្ដី​កំណាញ់​របស់​សត្វ​ទាំង​នោះ ក៏​មិន​គ្រប​សង្កត់​ចិត្ត​បាន​ឡើយ។ ទោះ​បី​ពំនូក​បាយ​ជា​ដម្បូង ដុំ​បាយ​ជា​ដម្បូង​ឯណា របស់​សត្វ​ទាំង​ឡាយ​នោះ សត្វ​ទាំង​ឡាយ មិន​បាន​រំលែក​អំពី​ពំនូត​បាយ​នោះ ក៏​មិន​បរិភោគ​ឡើយ បើ​សត្វ​ទាំង​នោះ មាន​បដិគ្គាហក​បុគ្គល។ ទ. ២៦ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​ដឹង​ផល​នៃ​ការ​ឲ្យ និង​ការ​ចែក​រលែក​យ៉ាង​ណា សត្វ​ទាំង​ឡាយ មិន​ដឹង​យ៉ាង​នោះ​ទេ ព្រោះ​ហេតុ​ណា ហេតុ​នោះ សត្វ​ទាំង​ឡាយ មិន​បាន​ឲ្យ​ទាន​ហើយ ទើប​ហ៊ាន​បរិភោគ មួយ​ទៀត មន្ទិល គឺ​សេចក្ដី​កំណាញ់ ក៏​តែង​គ្រប​សង្កត់​ចិត្ត​សត្វ​ទាំង​ឡាយ​នោះ​។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

បើ​សត្វ​ទាំង​ឡាយ គប្បី​ដឹង​ផល នៃ​ការ​ចែក​រលែក ថា​មាន​ផល​ច្រើន ដូច​ព្រះ​ពុទ្ធ​ទ្រង់​ស្វែង​រក​គុណ​ដ៏​ធំ ត្រាស់​ទុក​ហើយ​យ៉ាង​នេះ សត្វ​ទាំង​ឡាយ មាន​ចិត្ត​ជ្រះ​ថ្លា គប្បី​បន្ទោបង់​មន្ទិល គឺ​សេចក្ដី​កំណាញ់​ចេញ ទាន​ដែល​គេ​ឲ្យ​ហើយ ដល់​ព្រះ​អរិយៈ​ទាំង​ឡាយ​ណា រមែង​មាន​ផល​ច្រើន បុគ្គល​ទាំង​ឡាយ គួរ​ឲ្យ​ទាន​ដល់​ព្រះ​អរិយៈ​ទាំង​នោះ ក្នុង​កាល​ដ៏​គួរ មួយ​ទៀត ជន​ច្រើន​នាក់ ឲ្យ​បាយ​ជា​ទក្ខិណា​ទាន ដល់​ទក្ខិណេយ្យ​បុគ្គល​ទាំង​ឡាយ ទាយក​ទាំង​ឡាយ លុះ​ច្យុត​អំពី​អត្តភាព​ជា​មនុស្ស​នេះ​ហើយ រមែង​ទៅ​កាន់​ឋានសួគ៌ ទាយក​ទាំង​នោះ លុះ​ទៅ​កាន់​ឋានសួគ៌ ជា​អ្នក​មាន​ចំណង់​ក្នុង​កាម រមែង​រីករាយ ក្នុង​ស្ថាន​សួគ៌​នោះ សត្វ​ទាំង​ឡាយ មិន​កំណាញ់ រមែង​សោយ​ផល នៃ​ការ​ចែក​រលែក។

ទ. ២៧ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ បាន​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៦។

 

km/tipitaka/sut/kn/iti/sut.kn.iti.026.txt · ពេលកែចុងក្រោយ: 2019/01/30 09:56 និពន្ឋដោយ Johann