km:tipitaka:sut:kn:iti:sut.kn.iti.072

ព្រះត្រៃបិដក » សុត្តន្តបិដក » ខុទ្ទកនិកាយគ » ឥតិវុត្តកៈ » តិកនិបាត » តតិយវគ្គ

និស្សរណិយសូត្រ (៣.)

សង្ខេប

ធាតុ​បី​ដើម្បី​រលាស់​ចេញ ដែល​អ្នក​ប្រាជ្ញបាន​ប្រព្រឹត្ត​រួច​ហើយ។

sut kn iti 072 បាលី cs-km: sut.kn.iti.072 អដ្ឋកថា: sut.kn.iti.072_att PTS: ?

និស្សរណិយសូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា


ទ. ៨២

(៣. និស្សរណិយសុត្តំ)

[៧២] ខ្ញុំ​បាន​ស្ដាប់​មក​ថា ពាក្យ​នុ៎ះ ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ហើយ ព្រះ​អរហន្ត​សំដែង​ហើយ។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធាតុ​ជា​គ្រឿង​រលាស់​ចេញ​នេះ មាន ៣។ ធាតុ ជា​គ្រឿង​រលាស់​ចេញ ៣ តើ​អ្វី​ខ្លះ​។ ការ​រលាស់​ចេញ​ចាក​កាម​ទាំង​ឡាយ​នេះ បាន​ដល់​នេក្ខម្មៈ គឺ​បឋមជ្ឈាន ១ ការ​រលាស់​ចេញ​ចាក​រូប​ធម៌​ទាំង​ឡាយ​នេះ បាន​ដល់​អរូបជ្ឈាន ១ ធម្មជាត​ណាមួយ ដែល​កើត​ហើយ ដែល​បច្ច័យ​តាក់​តែង​ហើយ ដែល​កើត​ឡើង​ព្រោះ​អាស្រ័យ​ហេតុ ការ​រលត់ គឺ​ព្រះ​និព្វាន ជា​គ្រឿង​រលាស់​ចេញ​ចាក​ធម្មជាត​នោះ ១។ ម្នាល​ភិក្ខុ​ទាំង​ឡាយ ធាតុ​ជា​គ្រឿង​រលាស់​ចេញ មាន ៣ នេះ​ឯង។

លុះ​ព្រះ​មាន​ព្រះ​ភាគ ទ្រង់​សំដែង​សេចក្ដី​នុ៎ះ​ហើយ។ ទ្រង់​ត្រាស់​គាថា​ព័ន្ធ​នេះ ក្នុង​សូត្រ​នោះ​ថា

(ភិក្ខុ​ណា) ដឹង​នូវ​ការ​រលាស់​ចេញ​ចាក​កាម​ផង ដឹង​នូវ​ឧបាយ​ជា​គ្រឿង​កន្លង​រូបធម៌​ទាំង​ឡាយ​ផង កាល​ពាល់​ត្រូវ​ព្រះ​និព្វាន ជា​ទី​រម្ងាប់​នូវ​សង្ខារ​ទាំង​ពួង ជា​អ្នក​មាន​ព្យាយាម ជា​គ្រឿង​ដុត​កំដៅ​កិលេស​សព្វ ៗ កាល ភិក្ខុ​នោះ ឈ្មោះ​ថា ជា​អ្នក​ឃើញ​ដោយ​ប្រពៃ ជា​អ្នក​សង្រួម រមែង​ចុះ​ចិត្ត​ស៊ប់ ក្នុង​ព្រះ​និព្វាន ជា​ទី​រម្ងាប់​នូវ​សង្ខារ​ទាំង​ពួង​នោះ ភិក្ខុ​នោះ ជា​អ្នក​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួច​ហើយ ជា​អ្នក​ស្ងប់​រម្ងាប់ ព្រោះ​ដឹង​ច្បាស់ ឈ្មោះ​ថា អ្នក​ប្រាជ្ញ អ្នក​ប្រព្រឹត្ត​កន្លង​នូវ​យោគៈ។

ទ. ៨៣ ខ្ញុំ​បាន​ស្ដាប់​មក​ហើយ​ថា សេចក្ដី​នេះ​ឯង ព្រះ​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ទុក​ហើយ។

សូត្រ ទី ៣។

 

km/tipitaka/sut/kn/iti/sut.kn.iti.072.txt · ពេលកែចុងក្រោយ: 2023/03/17 10:15 និពន្ឋដោយ Johann