User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.10

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១០. ទុតិយមារកថា

សង្ខេប

មារព្យាយាមរំខានដល់ព្រះពុទ្ធ ពេលសរសើរតម្កើងព្រះអរហន្ត។

ទុតិយមារកថា (ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា

ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០.)

[៣៥] គ្រានោះ ព្រះដ៏មានព្រះភាគ​នៅចាំវស្សារួចហើយ ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អរហត្តផលវិមុត្តិដ៏​ប្រសើរ​ តថាគត​បានសម្រេចហើយ អរហត្តផលវិមុត្តិ​ដ៏​ប្រសើរ តថាគត​បានធ្វើឲ្យជាក់​ច្បាស់ហើយ ដោយបានធ្វើទុកក្នុងចិត្ត​ជាឧបាយ ដោយមានសេចក្តី​ព្យាយាម​ដ៏ល្អ​ជាឧបាយ ម្នាលភិក្ខុទាំងឡាយ ចំណែក​អ្នកទាំងឡាយក៏បាន​សម្រេច​នូវ​អរហត្តផលវិមុត្តិ​ដ៏ប្រសើរ ក៏បានធ្វើឲ្យជាក់ច្បាស់​នូវអរហត្តផលវិមុត្តិ​ដ៏ប្រសើរ ដោយបានធ្វើ​ទុកក្នុងចិត្ត​ជាឧបាយ ដោយមាន​សេចក្តី​ព្យាយាម​ដ៏ល្អជា​ឧបាយ។

គ្រានោះ ក្រុងមារ ជាអ្នកមានចិត្តអាក្រក់ ចូលទៅគាល់​ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់​ហើយ ទើបពោលពាក្យ​ជាគាថា​នឹងព្រះដ៏មានព្រះភាគថា

បពិត្រព្រះសមណៈ ​អន្ទាក់ទាំងឡាយណាៗ ទោះបី​ជារបស់​ទេវតា​ក្តី ​ជារបស់​មនុស្សក្តី ព្រះ​អង្គជាប់ហើយ​ដោយអន្ទាក់​ទាំងនោះ ដែលជា​អន្ទាក់​របស់មារ ព្រះអង្គជាប់​ចំពាក់​ហើយ​​ដោយចំណងរបស់មារ ព្រះអង្គ​មិន​រួច(​អំពីវិស័យ)ខ្ញុំឡើយ។

ព្រះសម្ពុទ្ធ​ទ្រង់​ត្រាស់​ថា ម្នាលមារ ជាសត្វ​ដ៏លាមក អន្ទាក់​ទាំងឡាយណាៗ ទោះបី​ជារបស់​ទេវតាក្តី ​ជា​របស់​មនុស្ស​ក្តី តថាគត​រួចស្រឡះ​ហើយចាកអន្ទាក់​ទាំងនោះ ដែលជា​អន្ទាក់​របស់មារ តថាគត​រួចហើយ​ចាកចំណង​របស់មារ អ្នកឯងសោត ក៏តថាគត​នាំចេញ​ចាក​ពុត​កំណាច (គឺ​តថាគតផ្ចាញ់ផ្ចាលហើយ)។

គ្រានោះ ក្រុងមារ​ជាអ្នកមានចិត្តបាប កើតទុក្ខ តូចចិត្តថា ព្រះដ៏មានព្រះភាគទ្រង់ស្គាល់​អញ ព្រះសុគត​ទ្រង់ស្គាល់អញ ហើយក៏​អន្តរធានបាត់ទៅ​អំពី​កន្លែងនោះឯង។

(ចប់ ទុតិយ មារកថាក់។)

 

km/tipitaka/vin/mv/vin.mv.01.10.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann