User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.19

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

១៩. អន្តេវាសិកវត្តកថា

សង្ខេប

ភារកិច្ចរបស់គ្រូអាចរិយចំពោះសិស្ស (អន្តេវាសិក) របស់គាត់។

mv 01.19 បាលី cs-km: vin.mv.01.19 អដ្ឋកថា: vin.mv.01.19_att PTS: ?

អន្តេវាសិកវត្តកថា (ទី១៩)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(អន្តេវាសិកវត្តកថា (១៩.))

[៩៤] ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវតែប្រព្រឹត្ត​ឲ្យ​ល្អនឹងអន្តេវាសិក​។ ឯការដែល​ប្រព្រឹត្ត​ឲ្យ​ល្អ​នឹង​អន្តេវាសិក​​នោះ (ដូចសេចក្តី​តទៅនេះ)។ ម្នាលភិក្ខុទាំងឡាយ អាចារ្យត្រូវ​សង្គ្រោះ​ ​ទំនុកបម្រុង ត្រូវអនុគ្រោះ អាណិតអាសូរ ​អន្តេវាសិកដោយការ​បង្រៀន​បាលី ដោយការ (ពន្យល់នូវ​សេចក្តី​នៃបាលី) អដ្ឋកថា ដោយឲ្យដម្បូន្មាន ដោយ​ប្រៀនប្រដៅ។ បើអាចារ្យមានបាត្រ ​អន្តេវាសិកគ្មានបាត្រ អាចារ្យត្រូវ​ឲ្យបាត្រ​ដល់​អន្តេវាសិក (ប្រើប្រាស់ខ្លះផង) ឬ ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើម្តេចហ្ន៎ ​បាត្រគប្បីកើត​ឡើង​ដល់​​អន្តេវាសិក​ បើអាចារ្យមានចីវរ ​អន្តេវាសិកគ្មាន​ចីវរ អាចារ្យត្រូវ​ឲ្យចីវរដល់​អន្តេវាសិក ឬត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​គប្បីកើតឡើងដល់​អន្តេវាសិក ដោយឧបាយដូចម្តេចហ្ន៎ បើ​អាចារ្យ​មាន​គ្រឿង​បរិក្ខារ ​អន្តេវាសិកគ្មានគ្រឿង​បរិក្ខារ អាចារ្យត្រូវ​ឲ្យគ្រឿងបរិក្ខារដល់​អន្តេវាសិក ឬធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា គ្រឿង​បរិក្ខារ​គប្បី​កើតឡើងដល់​អន្តេវាសិក ​ដោយឧបាយដូចម្តេចហ្ន៎។ បើអន្តេវាសិកមានជម្ងឺ អាចារ្យ​ត្រូវក្រោកពីព្រលឹម ហើយឲ្យឈើស្ទន់ ឲ្យទឹកលុបមុខ ក្រាលនូវអាសនៈ​ បើមានបបរ ត្រូវ​លាង​ភាជន៍ ​ដាក់បបរ ហើយយកទៅ​ឲ្យ កាលបើ​អន្តេវាសិកឆាន់បបរហើយ អាចារ្យត្រូវឲ្យ​ទឹក ហើយទទួល​ភាជន៍​​ធ្វើឲ្យទាបស្រួល ហើយត្រូវលាង​ទុកដាក់ដោយល្អ កុំឲ្យទង្គិច​ទង្គុកនឹងអ្វី​ឡើយ កាលបើ​អន្តេវាសិកក្រោកឡើង អាចារ្យត្រូវរើអាសនៈចេញ បើប្រទេស​នោះមានសម្រាម អាចារ្យ​ត្រូវបោសច្រាស​ប្រទេសនោះចេញ។ បើ​អន្តេវាសិកចង់ចូល​ទៅកាន់ស្រុក អាចារ្យត្រូវ​ឲ្យស្បង់​សម្រាប់ស្លៀក​ ត្រូវទទួលទុកនូវស្បង់សម្រាប់ផ្លាស់ប្តូរ ត្រូវឲ្យវត្ថពន្ធចង្កេះ ត្រូវ​ដម្រួត​សង្ឃាដិ​ និងចីពរ​ជាមួយគ្នា ហើយឲ្យទៅ បាត្រដែលទទឹក ត្រូវលាងជូត​ហើយ​ឲ្យ​ ត្រូវកំណត់ទុកក្នុងចិត្តថា ​​អន្តេវាសិក នឹងត្រូវ​ត្រឡប់​​មកត្រឹមពេលស្មើនេះ ហើយត្រូវតែងតាំងអាសនៈ​ទុកចាំ ត្រូវ​បម្រុង​ទឹកលាងជើង តាំងសម្រាប់​កល់ជើង តាំង​សម្រាប់ជូតជើង ត្រូវក្រោក​ទៅទទួលយកបាត្រ និងចីវរ ត្រូវ​ឲ្យស្បង់​សម្រាប់ផ្លាស់ ត្រូវទទួល​យកស្បង់សម្រាប់ស្លៀក។ បើចីវរ​សើម ត្រូវសំដិល​ក្នុង​ទីដែលមានកំដៅ១ស្របក់ ប៉ុន្តែ​មិនត្រូវ​​ទុក​​ចីវរ​ក្នុងទីដែលមាន​កំដៅ​យូរទេ ត្រូវ​បត់ចីវរ​ទុក កាលនឹងបត់ចីវរ​ ត្រូវ​បំផ្លើសជាយម្ខាងឲ្យ​ហួសគ្នា​ប្រមាណ​៤ធ្នាប់ ហើយ​សឹម​បត់ចីវរចុះ ដោយគិតថា កុំឲ្យ(ចីវរ) ​បាក់ផ្នត់ត្រង់​ពាក់​កណ្តាល​ឡើយ ហើយត្រូវដាក់នូវវត្ថពន្ធចង្កេះ​ក្នុងផ្នត់​ចីវរចុះ។ បើមានអាហារបិណ្ឌបាត​ ​អន្តេវាសិក​ត្រូវការ​ឆាន់ អាចារ្យត្រូវឲ្យទឹក ហើយនាំអាហារ​បិណ្ឌបាតចូលទៅជិត ត្រូវសួរ​​អន្តេវាសិក​អំពីទឹក​ឆាន់ ​បើ​អន្តេវាសិក​ឆាន់រួចហើយ ​ត្រូវឲ្យ​ទឹក រួច​ទទួលយកបាត្រ​ចេញ ធ្វើឲ្យទាបស្រួល កុំឲ្យទង្គិចទង្គុក ត្រូវលាងឲ្យស្អាត រួចហើយត្រូវជូតឲ្យ​ស្ងួតទឹក ហើយសំដិល​ក្នុងទីដែលមាន​កំដៅ​មួយស្របក់ តែមិនត្រូវ​ទុកបាត្រ​ក្នុងទីដែល​មាន​កំដៅយូរ​ពេកទេ ត្រូវ​ទុកបាត្រ​និងចីវរ កាលនឹង​ទុកបាត្រ ត្រូវកាន់បាត្រដោយ​ដៃម្ខាង​ ​ស្ទាប​​មើលទីខាង​ក្រោម​គ្រែ ឬ​តាំងដោយដៃម្ខាង រួចសឹមទុក​បាត្រ តែមិនត្រូវ​ទុក​បាត្រក្នុងទីមិនសមគួរ​ឡើយ កាលនឹង​ទុក​ចីវរ ត្រូវចាប់ចីវរដោយដៃម្ខាង ជូតស្បៀងចីវរ ឬខ្សែ​ចីវរដោយ​ដៃម្ខាង ហើយត្រូវ​បត់​ជាយចីវរ​ខាងណោះឲ្យជាផ្នត់​មកខាងណេះ រួចហើយសឹមទុកចីវរចុះ កាលបើអន្តេវាសិក​ក្រោកឡើង អាចារ្យត្រូវរើអាសនៈ ត្រូវទុកដាក់ទឹកលាងជើង តាំងសម្រាប់​កល់ជើង ទ្រនាប់​សម្រាប់​ជូត​ជើង បើប្រទេស​នោះមានសម្រាម អាចារ្យ​ត្រូវបោសប្រទេសនោះចេញ។ បើអន្តេវាសិកចង់ងូតទឹក អាចារ្យត្រូវចាត់ចែង​ទឹកសម្រាប់ងូតឲ្យ បើត្រូវការ​ដោយទឹកត្រជាក់ អាចារ្យត្រូវចាត់ចែងទឹក​ត្រជាក់​ឲ្យ បើត្រូវការដោយទឹកក្តៅ អាចារ្យត្រូវចាត់ចែង​ទឹកក្តៅ​ឲ្យ។ បើអន្តេវាសិកចង់​ចូលទៅកាន់​រោងភ្លើង អាចារ្យត្រូវសូន្យ​ដុំ​លំអិតទុក ត្រូវផ្សើមដីស្អិតទុក រួចត្រូវ​នាំយក​តាំងសម្រាប់​រោងភ្លើងទៅ ហើយប្រគល់​តាំងសម្រាប់​រោងភ្លើង​ទៅអន្តេវាសិក​ស្រេចហើយ ទទួលយក​ចីវរមកទុក​ដោយឡែក រួចត្រូវ​ឲ្យគ្រឿង​លំអិត ត្រូវឲ្យដីស្អិត​ទៅអន្តេវាសិក បើអាចារ្យអាចនឹងចូលទៅកាន់រោងភ្លើងបាន ក៏គប្បីចូល​ទៅកាន់​រោងភ្លើងចុះ កាលនឹងចូល​ទៅកាន់រោងភ្លើង ត្រូវយកដីស្អិត​លាបមុខ រួចបិទបាំង​ទាំងខាងមុខ ខាងក្រោយ ហើយសឹមចូល​ទៅកាន់រោងភ្លើង ត្រូវកុំអង្គុយ​ច្រៀតបៀតភិក្ខុចាស់ៗឡើយ ត្រូវកុំហាម​អាសនៈ​ភិក្ខុខ្ចីៗ អាចារ្យត្រូវ​ធ្វើបរិកម្ម​ មានហុច​ដុំលំអិត​ជាដើម ដល់អន្តេវាសិក​ក្នុងរោងភ្លើង កាលនឹង​ចេញពីរោងភ្លើង ត្រូវនាំយក​តាំងសម្រាប់​រោងភ្លើងចេញ ហើយបិទបាំងទាំង​ខាងមុខ ខាងក្រោយ រួចសឹម​យកចេញ​អំពីរោងភ្លើង សូម្បីក្នុងទឹក អាចារ្យក៏ត្រូវតែធ្វើបរិកម្ម មានហុច​ដុំលំអិត​ជាដើម​ដល់​អន្តេវាសិកដែរ លុះដល់អាចារ្យងូតរួចហើយ ត្រូវឡើង​មកមុន (អន្តេវាសិក) ហើយត្រូវជូត​ខ្លួនឲ្យស្ងួត​ទឹក ហើយសឹម​ស្លៀក​ស្បង់ រួចត្រូវជូតទឹក​អំពីកាយ​របស់អន្តេវាសិក រួចហុច​ស្បង់​សម្រាប់ស្លៀក ហុច​សង្ឃាដិទៅឲ្យ​អន្តេវាសិក រួចហើយ​ត្រូវនាំយក​តាំងសម្រាប់​រោងភ្លើងចេញមកមុន ហើយត្រូវក្រាល​អាសនៈ ត្រូវបម្រុង​ទឹកលាងជើង តាំងសម្រាប់​កល់ជើង ទ្រនាប់​សម្រាប់ជូតជើង រួចត្រូវ​សួរអន្តេវាសិក​អំពី​ទឹកឆាន់។ ក្នុងវិហារណាដែលអន្តេវាសិកនៅ បើវិហារនោះ​ស្មោកគ្រោក បើអាចារ្យ​អាច​នឹង​បោសច្រាស់បាន ក៏គប្បីបោសច្រាស់ចុះ កាលនឹងបោសច្រាស់​វិហារ ត្រូវនាំ​យក​បាត្រ​និងចីវរ​ចេញ​ទៅជាមុន ហើយត្រូវ​ទុកដាក់ក្នុងទីគួរមួយ ត្រូវនាំយក​គ្រឿងកម្រាលសម្រាប់អង្គុយ​ទៅ​ទុកក្នុងទី​សមគួរ ត្រូវនាំយក​ពូកនិងខ្នើយ​ ទៅ​ទុកក្នុងទីសមគួរ កាលដែលនាំយកគ្រែទៅ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យ​ត្រដុស​​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ យកទៅទុកឲ្យល្អក្នុងទីសមគួរ កាលនឹងនាំយកតាំង​ទៅ ត្រូវធ្វើឲ្យ​ទាបស្រួល កុំឲ្យ​ត្រដុស​​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និងក្របទ្វារ​ ហើយយកទៅ​ទុកឲ្យល្អក្នុងទីសមគួរ ត្រូវ​យកទ្រនាប់​គ្រែ​ទៅ​ទុកក្នុងទីសមគួរ ត្រូវនាំយកកន្ថោរ​ទៅ​ទុកក្នុងទីសម​គួរ ត្រូវនាំយកផែនក្តារ​សម្រាប់​ផ្អែក​​ទៅ​ទុកក្នុងទីសមគួរ ​កម្រាលផែនដី អាចារ្យត្រូវចំណាំកន្លែង ដែលគេក្រាល​យ៉ាងណា ហើយ​នាំ​យកទៅ​ទុកក្នុងទីសមគួរ។ បើវិហារ​មានគ្រឿងស្មុកស្មាញ (មានសម្បុក​ពីង​ពាង​ជាដើម) ត្រូវបោសទម្លាក់​អំពី​ពិតានជាមុន រួចសឹមបោសកន្លៀត​ជ្រុងនៃសន្ទះបង្អួច បើជញ្ជាំង​ដែលគេលាបជ័ររង់មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់ រួចពូតចេញ ហើយសឹម​ជូត បើផ្ទៃ​ដែលគេលាប​ដោយពណ៌ខ្មៅ មានពណ៌សៅហ្មង ត្រូវជ្រលក់កំណាត់សំពត់​ រួចពូតចេញ ហើយសឹមជូត បើផ្ទៃ​គេមិន​បានលាបអ្វីទេ ត្រូវយកទឹកទៅប្រស់ ហើយសឹមបោស ​ត្រូវ​កំណត់ទុក​ក្នុងចិត្ត​ថា វិហារកុំឲ្យស្មោកគ្រោក​ដោយធូលី​ឡើយ ហើយប្រមូលសម្រាមយក​ទៅចាក់ចោល​ដោយឡែក លុះហាលគ្រឿង​​កម្រាល​ផែនដីហើយ ត្រូវគោះរួចសាយកទៅ​ក្រាលទុកកន្លែង​ដដែល​វិញ លុះហាល​ទ្រនាប់​​គ្រែរួចហើយ ត្រូវជូត រួចនាំយកទៅ​ទុក​ដាក់នៅ​ទី​ដដែលវិញ លុះហាលគ្រែហើយ ត្រូវគោះ​រួចធ្វើឲ្យទាប​ស្រួល កុំឲ្យត្រដុសនឹងផែនដី កុំឲ្យប៉ះនឹង​សន្ទះទ្វារ និងក្របទ្វារ រួចនាំយកទៅ​រៀបចំ​ទុក​ដូច​ដែលវិញ លុះហាលតាំង​រួច​ហើយ ត្រូវដុសលាង គោះឲ្យស្អាតហើយ ធ្វើឲ្យទាបស្រួល កុំឲ្យត្រដុស​នឹង​ផែនដី កុំឲ្យប៉ះ​សន្ទះទ្វារ និង​ក្របទ្វារ រួចសាយកទៅរៀបចំទុកដូចដើមវិញ លុះហាល​ពូកនិងខ្នើយ​ហើយ ត្រូវដុសលាងគោះចេញ ហើយសាយកទៅរៀបចំទុកដូចដើមវិញ លុះហាលគ្រឿង​កម្រាល​សម្រាប់​អង្គុយហើយ ត្រូវដុស​លាងគោះឲ្យស្អាតហើយ សាយកទៅ​រៀបទុកដូចដើមវិញ លុះ​ហាល​កន្ថោរ​ហើយ ត្រូវជូត​ឲ្យស្អាត រួចយកទៅទុកនៅទី​ដដែល​វិញ លុះហាលក្តារ​សម្រាប់​ផ្អែកហើយ ត្រូវជូត​ឲ្យស្អាត​ រួចនាំយកទៅ​ទុកនៅទីដដែលវិញ ត្រូវរៀបទុកបាត្រនិងចីវរ កាលនឹងទុក​បាត្រ ដៃម្ខាង​ត្រូវ​ចាប់​បាត្រ ដៃម្ខាងត្រូវស្ទាបមើលក្រោម​គ្រែ ឬក្រោម​តាំងហើយសឹមទុកបាត្រ តែកុំគប្បីទុកបាត្រ​លើទី​ដែល​មិន​សមគួរឡើយ កាលនឹងទុក​ចីវរ ដៃម្ខាងត្រូវចាប់ចីវរ ដៃម្ខាងត្រូវជូតស្បៀង​ចីវរ ឬខ្សែសម្រាប់​ហាល​ចីវរ ត្រូវបត់ជាយខាងណោះឲ្យ​ជាផ្នត់​មកខាងណេះ រួចសឹម​ទុក​ចីវរ​ចុះ។ បើខ្យល់បក់ទាំងធូលី​មក​ពីទិស​​ខាងកើត អាចារ្យត្រូវបិទបង្អួច​ខាងកើត បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងលិច ត្រូវបិទ​បង្អួច​ទិស​ខាងលិច បើ​ខ្យល់បក់​ទាំង​ធូលី​មកពីទិស​ខាងជើង ត្រូវបិទបង្អួចទិស​ខាងជើង បើខ្យល់បក់ទាំងធូលី​មកពីទិស​ខាងត្បូង ត្រូវបិទបង្អួច​ទិស​ខាងត្បូង បើ​រដូវ​ត្រជាក់ អាចារ្យត្រូវបើកបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបិទ​បង្អួច​ក្នុងវេលាយប់ បើ​រដូវក្តៅ អាចារ្យត្រូវបិទបង្អួច​ក្នុងវេលាថ្ងៃ ត្រូវបើកបង្អួច​ក្នុងវេលាយប់។ បើ​បរិវេណ​ស្មោកគ្រោកមិនស្អាត អាចារ្យត្រូវបោសទី​បរិវេណចេញ បើបន្ទប់​ស្មោកគ្រោក​មិនស្អាត អាចារ្យត្រូវបោស​បន្ទប់ចេញ បើរោងឆាន់មិនស្អាត អាចារ្យត្រូវបោសរោងឆាន់ចេញ បើរោងភ្លើង​ស្មោកគ្រោក អាចារ្យ​ត្រូវបោសរោងភ្លើងចេញ បើបង្គន់ស្មោកគ្រោក អាចារ្យត្រូវបោសបង្គន់ចេញ បើគ្មានទឹកសម្រាប់​ឆាន់ អាចារ្យត្រូវដំកល់​ទឹកសម្រាប់ឆាន់ បើគ្មានទឹកសម្រាប់ប្រើប្រាស់ អាចារ្យ​ត្រូវ​ដំកល់​ទឹកសម្រាប់​ប្រើប្រាស់ បើទឹក​ក្នុងក្អម​សម្រាប់លាងអាចមន៍គ្មានទេ អាចារ្យត្រូចាក់ទឹកទៅក្នុងក្អម​សម្រាប់លាង​អាចមន៍។ បើសេចក្តីអផ្សុក​កើតឡើងដល់អន្តេវាសិក អាចារ្យត្រូវបំបាត់​អផ្សុក​ដោយ​ខ្លួន​ឯង ឬត្រូវឲ្យគេជួយធ្វើឲ្យបាត់​អផ្សុកក៏បាន ឬត្រូវសម្តែងធម្មីកថា​ដល់អន្តេវាសិក បើសេចក្តី​សង្ស័យ​កើតឡើងដល់អន្តេវាសិក អាចារ្យ​ត្រូវជួយបន្ទោបង់ដោយ​ខ្លួនឯង ឬត្រូវប្រើគេឲ្យជួយ​បន្ទោបង់​ក៏បាន ឬត្រូវសម្តែងធម្មីកថា​ដល់អន្តេវាសិក បើអន្តេវាសិកមានទិដ្ឋិខុសកើតឡើង អាចារ្យត្រូវដោះស្រាយ​ដោយ​ខ្លួនឯង ឬត្រូវបង្គាប់គេ​ឲ្យជួយ​ដោះស្រាយ​ក៏បាន ឬត្រូវសម្តែងធម្មីកថា​ដល់អន្តេវាសិក។ បើអន្តេវាសិក​ត្រូវ​គរុកាបត្តិ គួរនឹងចូល​បរិវាស អាចារ្យ​ត្រូវធ្វើសេចក្តី​ខ្វល់ខ្វាយ​ថា សង្ឃគួរឲ្យ​បរិវាស​ដល់អន្តេវាសិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិកគួរ​ទាញអន្តរាបត្តិ ចូលមកក្នុង​មូលាបត្តិ អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយ​ថា សង្ឃគប្បីទាញអន្តរាបត្តិ​ចូលមក​ក្នុងមូលាបត្តិ​ចំពោះអន្តេវាសិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិក​គួរដល់​មានត្ត អាចារ្យត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា សង្ឃគប្បី​ឲ្យមានត្ត​​ដល់អន្តេវាសិក ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិកគួរដល់​អព្ភានកម្ម អាចារ្យត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយថា សង្ឃគប្បីធ្វើអព្ភានកម្ម ចំពោះអន្តេវាសិក ដោយឧបាយ​ដូចម្តេចហ្ន៎។ បើសង្ឃ​ចង់ធ្វើ​កម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តីដល់​ អន្តេវាសិក អាចារ្យ​ត្រូវធ្វើ​សេចក្តីខ្វល់ខ្វាយ​ថា សង្ឃមិនគប្បីធ្វើកម្ម ឬ​គប្បីបង្អោន​ទៅដើម្បី​កម្មស្រាល ដល់អន្តេវាសិក​ដោយឧបាយដូចម្តេចហ្ន៎ បើកម្ម គឺតជ្ជនីយកម្មក្តី និយស្សកម្មក្តី បព្វាជនីយកម្មក្តី បដិសារណីយកម្មក្តី ឧក្ខេបនីយកម្មក្តី សង្ឃ​បានធ្វើដល់អន្តេវាសិកនោះ​រួចហើយ អាចារ្យ​ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ធ្វើដូចម្តេចហ្ន៎ ឲ្យ​អន្តេវាសិកគប្បីប្រព្រឹត្តដោយប្រពៃ គប្បី​សម្របរោម (គឺលែងប្រកែ​ប្រកាន់) គប្បី​ប្រព្រឹត្តនូវការរើខ្លួនចេញ​ចាកអាបត្តិ សង្ឃគប្បី​រម្ងាប់នូវ​កម្មនោះ។ បើអន្តេវាសិកត្រូវការ​លាងចីវរ អាចារ្យ​ត្រូវប្រាប់ថា អ្នកគប្បីលាងយ៉ាងនេះ ពុំនោះសោត ត្រូវធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា ចីវរ​របស់​អន្តេវាសិក​គួរលាង​ដោយ​ឧបាយ​ដូចម្តេច​ហ្ន៎ បើអន្តេវាសិកត្រូវការ​ធ្វើចីវរ អាចារ្យត្រូវប្រាប់ថា អ្នកគប្បីធ្វើយ៉ាងនេះ ឬក៏ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា ចីវររបស់អន្តេវាសិកគួរធ្វើ​ដោយឧបាយ​ដូចម្តេចហ្ន៎ បើអន្តេវាសិកត្រូវការនឹង​ដាំទឹកជ្រលក់ អាចារ្យត្រូវប្រាប់ថា អ្នកត្រូវដាំ​ទឹកជ្រលក់​យ៉ាងនេះ ពុំនោះ​សោត ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយ​ថា អន្តេវាសិកគួរដាំទឹក​ជ្រលក់ ដោយឧបាយ​ដូចម្តេច​ហ្ន៎ បើ​អន្តេវាសិក​ត្រូវការ​នឹងជ្រលក់ចីវរ អាចារ្យ​ត្រូវប្រាប់ថា អ្នកគប្បីជ្រលក់ចីវរបែបនេះ ឬក៏ត្រូវ​ធ្វើ​សេចក្តី​ខ្វល់ខ្វាយថា អន្តេវាសិកគប្បី​ជ្រលក់ចីវរ ​ដោយឧបាយដូចម្តេចហ្ន៎ កាលនឹងជ្រលក់​ចីវរ ត្រូវជ្រលក់ប្រែឲ្យសព្វ​ស្មើល្អ បើដំណក់ទឹកស្រក់​មិនទាន់អស់ ​​កុំអាលដើរ​ចេញ។ បើអន្តេវាសិកមានជម្ងឺ អាចារ្យ​ត្រូវថែទាំដរាប​​អស់​ជីវិត ត្រូវរង់ចាំលុះតែជាជម្ងឺ។

ចប់ អន្តេវាសិកវត្តកថា។

 

km/tipitaka/vin/mv/vin.mv.01.19.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann