User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.20

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

២០. បណាមនា ខមាបនា

សង្ខេប

ព្រះពុទ្ធ​​ទ្រង់​​កំណត់​​នូវ​​គុណ​​៥​​យ៉ាង​​ដែល​​អនុញ្ញាត​​ឱ្យ​បណ្តេញ​​សិស្ស។

mv 01.20 បាលី cs-km: vin.mv.01.20 អដ្ឋកថា: vin.mv.01.20_att PTS: ?

បណាមនា ខមាបនា (ទី២០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(២០.)

[៩៥] សម័យនោះឯង ពួកអន្តេវាសិក​មិនបានប្រព្រឹត្តល្អ​នឹងពួកអាចារ្យឡើយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក ត្រូវប្រព្រឹត្ត​ឲ្យល្អនឹង​អាចារ្យ អន្តេវាសិក​ណាមិនប្រព្រឹត្ត​ឲ្យល្អ នឹងត្រូវ​អាបត្តិទុក្កដ។ អន្តេវាសិក​ទាំង​នោះ​ ក៏នៅតែ​ប្រព្រឹត្ត​មិនល្អដដែល។ ភិក្ខុ​ទាំងឡាយ​ក៏ក្រាប​ទូលសេចក្តី​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ដើម្បីឲ្យ​អាចារ្យ​បណ្តេញ​ចេញ​នូវ​អន្តេវាសិក​ណាដែល​ប្រព្រឹត្ត​មិនល្អនឹង​អាចារ្យបាន។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ​ត្រូវបណ្តេញ​អន្តេវាសិក​​ដូចសេចក្តីតទៅនេះ។ គឺអាចារ្យបញ្ជាក់អន្តេវាសិកដោយកាយ ឬដោយវាចា ឬបញ្ជាក់​ទាំងកាយ​​ទាំងវាចាថា ខ្ញុំ​បណ្តេញ​អ្នកឯង​ដូច្នេះក្តី ថាអ្នកឯង​កុំនៅ​ក្នុងទីនេះដូច្នេះក្តី ថាអ្នកឯង​ចូរនាំ​យកបាត្រ​និងចីវរ​របស់អ្នកឯងចេញ​ទៅដូច្នេះក្តី ថាអ្នកឯងមិនត្រូវ​បម្រើខ្ញុំដូច្នេះក្តី (យ៉ាងនេះ) បានឈ្មោះថា អាចារ្យ​បណ្តេញ​​អន្តេវាសិក (បើ) អាចារ្យ​មិនបានបញ្ជាក់អន្តេវាសិក​ដោយកាយ ឬ​ដោយវាចា មិនបានបញ្ជាក់​ទាំងកាយ​ ទាំងវាចាទេ មិនហៅថាអាចារ្យបណ្តេញអន្តេវាសិកឡើយ។ សម័យ​នោះឯង ពួកអន្តេវាសិក​ដែលអាចារ្យ​បានបណ្តេញចេញហើយ មិនបាន​សូមអាចារ្យ​ឲ្យ​អត់ទោស​វិញ។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតដើម្បីឲ្យ​ពួកអន្តេវាសិកសូមអាចារ្យ​ឲ្យ​អត់ទោស​ឲ្យវិញបាន។ ពួកអន្តេវាសិក ក៏នៅតែមិនសូមអាចារ្យឲ្យ​អត់ទោសឲ្យដដែល។ ភិក្ខុទាំងឡាយ​បាន​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ​ឯអន្តេវាសិក ដែលអាចារ្យបានបណ្តេញចេញ​ហើយ មិនគួរជាមិនសូមអាចារ្យ​ឲ្យអត់ទោស​ឲ្យវិញទេ អន្តេវាសិក​ណា ដែល​មិនបានសូមអាចារ្យឲ្យ​អត់ទោសឲ្យ នឹងត្រូវអាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យ ដែលអន្តេវាសិកបានសូម​ឲ្យអត់ទោសឲ្យវិញ ក៏មិនព្រម​អត់ទោសឲ្យឡើយ។ ភិក្ខុទាំងឡាយ​បាន​ក្រាបបង្គំទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​អាចារ្យអត់ទោសឲ្យ។ ពួកអាចារ្យទាំងនោះ ក៏នៅតែមិនព្រមអត់​ទោស​ឲ្យដដែល។ ពួកអន្តេវាសិកក៏ចៀសចេញទៅខ្លះ សឹកចេញទៅខ្លះ រត់ចូល​ពួកតិរ្ថិយខ្លះ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ​អាចារ្យណា​ដែល​អន្តេវាសិកសូមឲ្យអត់ទោសឲ្យ ត្រូវតែអត់ទោសឲ្យវិញ (បើ) អាចារ្យណា​មិន​អត់ទោស​ឲ្យទេ នឹង​ត្រូវ​អាបត្តិទុក្កដ។ សម័យនោះឯង ពួកអាចារ្យ​បណ្តេញអន្តេវាសិក​ដែលមានវត្តប្រព្រឹត្ត​ត្រឹមត្រូវចេញ មិនបាន​បណ្តេញអន្តេវាសិក​ដែលប្រព្រឹត្ត​មិនត្រឹមត្រូវឡើយ។ ភិក្ខុទាំងឡាយ ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គ ទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ អន្តេវាសិកដែលមាន​វត្តប្រព្រឹត្ត​ត្រឹមត្រូវហើយ អាចារ្យមិនត្រូវបណ្តេញចេញទេ ​អាចារ្យណា​បណ្តេញ​ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តែបើអន្តេវាសិក​ដែលមិនប្រព្រឹត្តត្រឹមត្រូវល្អ អាចារ្យ​គប្បីបណ្តេញ​ចេញ (បើ) ​មិនបណ្តេញ​ចេញ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក​ប្រកបដោយអង្គ៥ ​​អាចារ្យ​ត្រូវ​បណ្តេញ​ចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិកគ្មានសេចក្តីស្រឡាញ់ពេញចិត្តមាំនឹងអាចារ្យ​១ គ្មានសេចក្តី​ជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មានសេចក្តី​គោរពកោតក្រែងមាំ១ គ្មានភាវនាមាំ១ ម្នាលភិក្ខុ​ទាំង​ឡាយ អន្តេវាសិកប្រកបដោយអង្គ៥​នេះឯង អាចារ្យត្រូវបណ្តេញចេញបាន​។ ម្នាលភិក្ខុ​ទាំងឡាយ អន្តេវាសិក​ប្រកបដោយអង្គ៥ អាចារ្យមិនត្រូវបណ្តេញចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិក​មានសេចក្តី​ស្រឡាញ់​ពេញចិត្តមាំ​នឹងអាចារ្យ១ មានសេចក្តី​ជ្រះថ្លាមាំ១ មានសេចក្តីអៀនខ្មាស​មាំ១ មានសេចក្តី​គោរពក្រោតក្រែងមាំ១ មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​អន្តេវាសិក​ដែល​ប្រកប​ដោយ​អង្គ៥​នេះឯង អាចារ្យមិនត្រូវបណ្តេញចេញទេ​។ ម្នាលភិក្ខុទាំងឡាយ អន្តេវាសិក​ដែល​ប្រកប​ដោយ​អង្គ៥​ហើយ អាចារ្យគួរ​បណ្តេញចេញ (ឯអង្គ៥នោះ) គឺអន្តេវាសិក​គ្មានសេចក្តីស្រឡាញ់​ពេញចិត្ត​មាំនឹង​អាចារ្យ១ គ្មានសេចក្តីជ្រះថ្លាមាំ១ គ្មានសេចក្តីអៀនខ្មាស​មាំ១ គ្មានសេចក្តី​គោរព​ក្រោតក្រែង​មាំ១ គ្មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​អន្តេវាសិកដែលប្រកបដោយអង្គ៥​នេះឯង​ហើយ អាចារ្យ​គួរ​បណ្តេញ​ចេញ​។ ម្នាលភិក្ខុ​ទាំងឡាយ អន្តេវាសិកដែល​​ប្រកបដោយអង្គ៥ (ចំណែកខាងល្អ) ហើយ អាចារ្យ​​មិនត្រូវ​បណ្តេញ​ចេញទេ (ឯអង្គ៥នោះ) គឺអន្តេវាសិក​មានសេចក្តី​ស្រឡាញ់​ពេញចិត្ត​មាំនឹង​អាចារ្យ១ មានសេចក្តី​ជ្រះថ្លា​មាំ១ មានសេចក្តីអៀនខ្មាស​មាំ១ មានសេចក្តី​គោរពក្រោតក្រែងមាំ១ មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​អន្តេវាសិកដែលប្រកបដោយអង្គ៥​នេះ​ឯងហើយ អាចារ្យ​មិនគួរ​បណ្តេញចេញទេ​។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ មិនបានបណ្តេញ​អន្តេវាសិក​ដែលប្រកប​ដោយអង្ក​៥ (ចំណែក​ខាងអាក្រក់ហើយ) នឹងមានទោស (គឺត្រូវអាបត្តិ​មិនខានឡើយ) (បើ) អាចារ្យបណ្តេញ​ចេញ​ហើយ ទើបគ្មានទោស (គឺមិនត្រូវអាបត្តិឡើយ) (ឯអង្គ៥ចំណែកខាង​អាក្រក់​នោះ) គឺអន្តេវាសិកគ្មាន​​សេចក្តីស្រឡាញ់​ពេញចិត្តមាំនឹងអាចារ្យ១ គ្មានសេចក្តី​ជ្រះថ្លា​មាំ១ គ្មានសេចក្តីអៀនខ្មាសមាំ១ គ្មាន​សេចក្តី​​គោរពកោតក្រែងមាំ១ គ្មាន​ភាវនាមាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ ​​អាចារ្យ កាល​មិន​បណ្តេញ​អន្តេវាសិក​​ដែលប្រកបដោយ​អង្គ៥នេះឯងហើយ នឹងមានទោស (បើ) អាចារ្យ​បណ្តេញចេញ នឹង​ឥត​ទោស​។ ម្នាលភិក្ខុទាំងឡាយ អាចារ្យ កាល​បណ្តេញអន្តេវាសិក ដែល​ប្រកបដោយ​អង្គ៥ (ចំណែក​ខាងល្អ) ហើយ នឹងមានទោស (បើ) ​មិនបាន​បណ្តេញ​ចេញទេ នឹងឥតទោស (អង្គ៥​នោះ) គឺអន្តេវាសិក​មានសេចក្តីស្រឡាញ់​ពេញចិត្តមាំនឹង​អាចារ្យ១ មានសេចក្តី​ជ្រះថ្លា​ដ៏មាំ១ មានសេចក្តីអៀនខ្មាស​មាំ១ មានសេចក្តី​គោរពកោតក្រែងមាំ១ មាន​ភាវនាដ៏មាំមួន១ ម្នាលភិក្ខុ​ទាំងឡាយ អាចារ្យ កាល​បណ្តេញ​នូវ​អន្តេវាសិកដែលប្រកបដោយ​អង្គ៥នេះឯងហើយ នឹងមាន​ទោស​មិនខានឡើយ បើ​មិនបាន​បណ្តេញ​ចេញ​ទេ ក៏ឥតមាន​ទោសឡើយ។

 

km/tipitaka/vin/mv/vin.mv.01.20.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann