User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.53

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៥៣. ភិក្ខុនីទូសកវត្ថុ

សង្ខេប

?

mv 01.53 បាលី cs-km: vin.mv.01.53 អដ្ឋកថា: vin.mv.01.53_att PTS: ?

ភិក្ខុនីទូសកវត្ថុ (ទី៥៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥៣.)

[១៣១] សម័យនោះឯង មានពួកភិក្ខុនីច្រើនរូប​ចេញពីក្រុង​សាកេត ដើរទៅតាមផ្លូវ​ឆ្ងាយ​ទៅកាន់​ក្រុងសាវត្ថី។ ដល់ពាក់កណ្តាលផ្លូវ ចោរទាំងឡាយក៏ចេញមក ពួកខ្លះឆក់ដណ្តើម​ភិក្ខុនី​ទាំងឡាយ ពួកខ្លះប្រទូស្ត (សេពមេថុនធម្ម) នឹងភិក្ខុនី​ទាំងឡាយ។ រាជអាមាត្យ​ទាំងឡាយ​ចេញពីក្រុង​សាវត្ថី​ទៅ ចាប់បានពួកចោរខ្លះ។ ពួកចោរខ្លះរត់រួចទៅ។ ពួកចោរណាដែលរត់​រួចទៅ ក៏ទៅបួស​ក្នុង​សំណាក់​​ភិក្ខុទាំងឡាយ។ ពួកចោរ​ណាដែល​រាជអាមាត្យ​ចាប់បាន​ហើយនោះ គេក៏នាំចូល​ទៅ​ដើម្បី​សម្លាប់។ ពួកចោរទាំងនោះ​ដែល​បួសហើយ ក៏បាន​ឃើញពួកចោរ​ដែលគេនាំចូល​ទៅដើម្បី​សម្លាប់​នោះ លុះឃើញហើយ ក៏និយាយពាក្យយ៉ាងនេះថា យើងទាំងឡាយបានរត់រួច​មក ក៏ជាការស្រួលហើយ បើសិនណាជាយើងទាំងឡាយ​ត្រូវគេចាប់​ក្នុងថ្ងៃនោះ យើង​ត្រូវគេសម្លាប់ដោយទំនង​​នេះឯង មិន​លែង​ឡើយ។ ភិក្ខុទាំងឡាយ សួរយ៉ាងនេះ​ថា ម្នាលអាវុសោ ចុះហេតុដូចម្តេច បានជាអ្នកទាំងឡាយ​ធ្វើ​ដូច្នោះ។ ពួកចោរ​ដែលបួស​ហើយនោះ ក៏​ប្រាប់រឿងនុ៎ះ​ដល់ភិក្ខុទាំងឡាយ។ ភិក្ខុទាំងឡាយ​ក្រាបទូល​សេចក្តីនុ៎ះ​ចំពោះ​ព្រះដ៏មានបុណ្យ។ ព្រះអង្គ​ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មនុស្សដែល​ទ្រូស្ត​ភិក្ខុនី ជាឧបសម្បន្នមិនបានទេ សង្ឃ​មិនគប្បី​ឲ្យឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។ ម្នាលភិក្ខុទាំងឡាយ មនុស្សដែលបំបែកសង្ឃ​ជាឧបសម្បន្ន​មិនបានទេ សង្ឃមិនគប្បី​ឲ្យ​ឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្នហើយ គប្បី​ឲ្យវិនាស​ចេញ។ ម្នាលភិក្ខុទាំងឡាយ មនុស្ស​ដែលធ្វើ​លោហិតុប្បាទ (ធ្វើ​ព្រះលោហិត​ព្រះពុទ្ធ​ឲ្យ​ពូរពងឡើង) ជាឧបសម្បន្ន​មិនបានទេ សង្ឃ​មិនគប្បី​ឲ្យ​ឧបសម្បទា​ឡើយ (បើ) ជាឧបសម្បន្ន​ហើយ គប្បី​ឲ្យវិនាសហើយ។

 

km/tipitaka/vin/mv/vin.mv.01.53.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann