ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ
ប្រសិនបើមិនមាន អ្នកចេះសូត្របាតិមោក្ខ តើភិក្ខុសង្ឃគួរធ្វើដូម្ដេច?
mv 02.16 បាលី cs-km: vin.mv.02.16 អដ្ឋកថា: vin.mv.02.16_att PTS: ?
បាតិមោក្ខុទ្ទេសកអជ្ឈេសនាទិ (ទី៨៣)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៨៣.)
[១៧៥] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងរាជគ្រឹះ តាមសមគួរដល់ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅទៅកាន់ចោទនាវត្ថុនគរ ទ្រង់ត្រាច់ទៅដោយលំដាប់ ទើបបានទៅដល់ចោទនាវត្ថុនគរនោះ។ សម័យនោះឯង ភិក្ខុច្រើនអង្គនៅក្នុងអាវាសមួយ។ ភិក្ខុជាថេរៈក្នុងអាវាសនោះល្ងង់ មិនឆ្លាស។ ភិក្ខុជាថេរៈនោះមិនដឹងឧបោសថ ឬឧបោសថកម្មបាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ទើបភិក្ខុទាំងនោះមានសេចក្តីត្រិះរិះដូច្នេះថា ព្រះដ៏មានព្រះភាគទ្រង់បញ្ញត្តថា បាតិមោក្ខមានព្រះថេរៈជាធំ ក៏ព្រះថេរៈរបស់យើងនេះល្ងង់ មិនឆ្លាស មិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស ត្រូវយើងប្រតិបត្តិដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនោះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតនូវបាតិមោក្ខសម្រេចលើភិក្ខុដែលឆ្លាស ប្រតិពល ក្នុងអាវាសនោះ។
[១៧៦] ក៏សម័យនោះឯង ឧបោសថថ្ងៃនោះ មានភិក្ខុច្រើនរូបនៅក្នុងអាវាសមួយ សុទ្ធតែល្ងង់ មិនឆ្លាស។ ភិក្ខុទាំងនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំងនោះអារាធនាព្រះថេរៈថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងបាតិមោក្ខមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី២ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី៣ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី៣នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់ភិក្ខុថ្មីក្នុងសង្ឃ ដោយឧបាយនេះឯងថា ចូរលោកដ៏មានអាយុសំដែងនូវបាតិមោក្ខ។ ភិក្ខុនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក៏ក្នុងសាសនានេះ ឧបោសថថ្ងៃនោះមានភិក្ខុច្រើនរូប ជាភិក្ខុល្ងង់ មិនឆ្លាស នៅក្នុងអាវាសមួយ។ ភិក្ខុទាំងឡាយនោះមិនដឹងឧបោសថ ឬឧបោសថកម្ម បាតិមោក្ខ ឬបាតិមោក្ខុទ្ទេស។ ភិក្ខុទាំងនោះអារាធនាព្រះថេរៈថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈនោះនិយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី២ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី២នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសំដែងមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាព្រះថេរៈទី៣ថា បពិត្រព្រះថេរៈដ៏ចំរើន សូមព្រះថេរៈសំដែងនូវបាតិមោក្ខ។ ព្រះថេរៈទី៣នោះ ក៏និយាយយ៉ាងនេះថា នែអាវុសោ ខ្ញុំសូត្រមិនកើតទេ។ ភិក្ខុទាំងនោះ អារាធនាដរាបដល់ភិក្ខុថ្មីក្នុងសង្ឃ ដោយឧបាយនេះឯងថា លោកដ៏មានអាយុ ចូរសំដែងនូវបាតិមោក្ខ។ ភិក្ខុនោះ ក៏និយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ខ្ញុំសូត្រមិនកើតទេ។ ម្នាលភិក្ខុទាំងឡាយ ត្រូវភិក្ខុទាំងឡាយនោះបញ្ជូនភិក្ខុ១រូប ទៅកាន់អាវាសដែលមាននៅជិតខាងក្នុងថ្ងៃនោះឯងថា នែអាវុសោ ចូរអ្នកទៅរៀនបាតិមោក្ខដោយសង្ខេប ឬដោយពិស្តារមក។ លំដាប់នោះឯង ភិក្ខុទាំងឡាយមានសេចក្តីគិតដូច្នេះថា យើងត្រូវបញ្ជូនលោកណាទៅហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈបង្គាប់ភិក្ខុថ្មីបាន។ ភិក្ខុថ្មីទាំងឡាយដែលព្រះថេរៈបង្គាប់ហើយ មិនទៅ។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុគ្មានជម្ងឺ បើព្រះថេរៈបង្គាប់ហើយ ត្រូវតែទៅ ភិក្ខុណាមិនទៅ ត្រូវអាបត្តិទុក្កដ។