User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.26

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១៤៥. បវារណាសង្គហោ

សង្ខេប

កិច្ចបវារណាសង្គហៈ។ រឿង​​បវារណា​សង្គហៈ​១ រឿង​​ភិក្ខុ​មិន​ជា​ធំ​ក្នុងការ​បវារណា​១ រឿង​​សង្ឃ​​គួរ​​សាក​សួរ​ភិក្ខុ​ទាំង​ពីរ​រូប ហើយ​ឲ្យ​​ភិក្ខុ​ទាំង​ពីរ​រូប​​ធ្វើ​តាម​ធម៌ ហើយ​សឹម​​បវារណា​១។

mv 04.26 បាលី cs-km: vin.mv.04.26 អដ្ឋកថា: vin.mv.04.26_att PTS: ?

បវារណាសង្គហោ (ទី១៤៥)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១៤៥)

[៤៧] ក៏សម័យនោះឯង ពួកភិក្ខុ​ច្រើនរូប​ ជាមិត្រ​ធ្លាប់ឃើញគ្នា ជាមិត្រស្និទ្ធស្នាល​មាំមួន ចូលទៅចាំវស្សាក្នុង​អាវាសមួយ ក្នុងកោសល​ជនបទ។ កាលភិក្ខុទាំងនោះព្រមព្រៀង ស្មោះសរ​រកគ្នា មិនវិវាទគ្នា ហើយក៏បានដល់នូវធម៌ម្យ៉ាង​ ដែលជាគ្រឿង​នៅសប្បាយ។1) គ្រានោះឯង ភិក្ខុទាំងនោះ​ មានសេចក្តីត្រិះរិះ​ដូច្នេះថា កាលយើងទាំងឡាយព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា ក៏បាន​ដល់នូវ​ធម៌ម្យ៉ាង ដែលជាគ្រឿង​នៅសប្បាយហើយ ក្នុងពេលនេះ បើយើងទាំងឡាយ​នឹង​បវារណា គង់នឹង​មានពួក​ភិក្ខុដែលបវារណារួច​ហើយ ចៀសចេញទៅកាន់ចារិក យើងទាំងឡាយ​មុខជានឹងឃ្លាត​ចាកធម៌ ជាគ្រឿង​នៅសប្បាយនេះ​ដោយអាការ​ដូច្នេះមិនខាន យើងទាំងឡាយ​ត្រូវប្រតិបត្តិ​ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ​ក្រាបទូល​ដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គ​ទ្រង់មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ក្នុងសាសនានេះ បើមានពួកភិក្ខុជាច្រើន ជាមិត្រ​​ឃើញគ្នា​ ជាមិត្រស្និទ្ធស្នាលមាំមួន ចូល​ទៅចាំវស្សាក្នុងអាវាសមួយ។ ​ភិក្ខុទាំងឡាយនោះ ជាអ្នកព្រមព្រៀង ស្មោះសរ​រកគ្នា មិនទាស់ទែងគ្នា ហើយបានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ។ ម្នាល​ភិក្ខុ​ទាំងឡាយ បើពួកភិក្ខុនៅក្នុងអាវាស​នោះ មានសេចក្តីត្រិះរិះ​យ៉ាងនេះថា យើងទាំងឡាយ ជាអ្នកព្រមព្រៀង ​រីករាយរកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយ ហើយក្នុងពេលនេះ បើប្រសិនជាយើងនឹង​បវារណា គង់មានពួក​ភិក្ខុដែលបវារណា​រួចហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះមិនខាន។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុទាំងឡាយនោះ ធ្វើ​បវារណាសង្គហៈ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯបវារណាសង្គហៈនោះ ត្រូវភិក្ខុធ្វើ​យ៉ាងនេះ។ ត្រូវភិក្ខុ​ទាំងអស់​ប្រជុំ​ក្នុងទីជាមួយគ្នា។ លុះប្រជុំគ្នាហើយ ត្រូវភិក្ខុ​ដែលឆ្លាស ប្រតិពល ឲ្យសង្ឃ​ដឹងថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំងឡាយ ជាអ្នកព្រមព្រៀងគ្នា ស្មោះសររកគ្នា មិនវិវាទគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើប្រសិន​ជា​យើង​ទាំងឡាយនឹង​បវារណា គង់មានពួក​ភិក្ខុដែលបានបវារណា​រួចហើយ ចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ បើកម្មមាន​កាលគួរ​ដល់សង្ឃហើយ គួរសង្ឃធ្វើបវារណាសង្គហៈ គួរធ្វើឧបោសថ គួរសំដែង​បាតិមោក្ខ គួរបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង(ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ នេះជាញត្តិ។ បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ យើងទាំង​ឡាយ ជាអ្នកព្រមព្រៀងគ្នា រីករាយរកគ្នា មិនទាស់ទែងគ្នា បានដល់​នូវធម៌ម្យ៉ាង ដែលជា​គ្រឿង​នៅសប្បាយហើយ។ ក្នុងពេលនេះ បើ​យើង​ទាំងឡាយនឹង​បវារណាទៅ គង់មានពួក​ភិក្ខុ​ដែល​បាន​បវារណាហើយ ចៀសចេញ​ទៅកាន់ចារិក យើងទាំងឡាយមុខជា​នឹងឃ្លាត​ចាកធម៌​ ជាគ្រឿង​នៅសប្បាយនេះ ដោយអាការ​ដូច្នេះ​មិន​ខាន។ ឥឡូវសង្ឃ​ធ្វើបវារណាសង្គហៈ ធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ។ ការធ្វើបវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខ និងបវារណា ក្នុងថ្ងៃជាគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ គាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គ​នោះស្ងៀម មិនគាប់ចិត្ត​ដល់លោកម្ចាស់​អង្គណា គួរលោកម្ចាស់​អង្គនោះ​និយាយឡើង។ បវារណាសង្គហៈ គឺថាសង្ឃនឹងធ្វើឧបោសថ សំដែង​បាតិមោក្ខនេះ និងបវារណា ក្នុងថ្ងៃ​ជាគំរប់​៤​ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ក្នុង (ជុណ្ហបក្ខ) ដែល​មក​ដល់ក្នុងកាលឥឡូវ​នេះ សង្ឃបាន​ធ្វើរួចហើយ។ បវារណាសង្គហៈ​នោះ គាប់ចិត្ត​ដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃ​ស្ងៀម។ ខ្ញុំសូមចាំទុក​នូវរឿង​នេះ ដោយអាការ​ស្ងៀមនៅយ៉ាងនេះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ ធ្វើបវារណាសង្គហៈហើយ មានភិក្ខុណាមួយនិយាយ​យ៉ាងនេះថា នែ​អាវុសោ ខ្ញុំប្រាថ្នានឹង​ចេញទៅ​កាន់​ចារិក​ក្នុងជនបទ ព្រោះខ្ញុំ​មានកិច្ចត្រូវ​ធ្វើក្នុង​ជនបទ។ ត្រូវភិក្ខុ​ដទៃ​​និយាយ​នឹងភិក្ខុ​នោះយ៉ាងនេះថា នែអាវុសោ ខ្ញុំសូមអង្វរលោកសិន ចូរលោក​បវារណា​ហើយសឹមទៅចុះ។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះកំពុង​តែបវារណា ឃាត់បវារណា​ភិក្ខុ​រូបណាមួយ គួរភិក្ខុ​ដែលត្រូវគេឃាត់​នោះនិយាយ​យ៉ាងនេះនឹងភិក្ខុ​អ្នកឃាត់​នោះថា នែអាវុសោ លោកមិនមែន​ជាធំ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​នឹងមិនទាន់​បវារណា។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុនោះ​ កំពុង​តែបវារណា បើមានភិក្ខុណាមួយ ឃាត់បវារណាភិក្ខុនោះ ត្រូវសង្ឃ​ដេញដោល​សួរភិក្ខុទាំងពីររូប លុះសាកសួរហើយ សឹមឲ្យ​ភិក្ខុទាំងពីរ​ធ្វើតាមធម៌ (គឺ​សំដែង​អាបត្តិ)។ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុនោះ បានសម្រេចកិច្ច​នោះក្នុងជនបទហើយ ត្រឡប់​មកកាន់​អាវាស​នោះវិញ ខាងក្នុង​ថ្ងៃគំរប់៤ខែ នៃវស្សានរដូវ ជាទីរីកនៃផ្កាកុមុទ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុទាំងឡាយនោះ កំពុង​តែបវារណា ហើយមានភិក្ខុ​ណាមួយឃាត់​បវារណា​ដល់ភិក្ខុនោះ គួរ​ភិក្ខុដែលត្រូវគេឃាត់នោះ និយាយ​នឹងភិក្ខុអ្នក​ឃាត់នោះយ៉ាងនេះថា នែអាវុសោ លោកមិនមែន​ជាឥស្សរៈ ក្នុងការបវារណា​របស់ខ្ញុំទេ ខ្ញុំ​បានបវារណាហើយ ម្នាលភិក្ខុទាំងឡាយ បើភិក្ខុ​ទាំងឡាយនោះ កំពុងតែបវារណា ក៏ភិក្ខុ​នោះឃាត់​បវារណា​របស់ភិក្ខុណាមួយ។ ត្រូវ​សង្ឃ​ដេញ​ដោល សាកសួរភិក្ខុទាំងពីររូប លុះដេញដោល សាកសួរហើយ ឲ្យភិក្ខុទាំងពីររូប​ធ្វើតាម​ធម៌ ហើយ​សឹមបវារណា ដោយសង្ឃបវារណាចុះ។

ចប់ បវារណក្ខន្ធកៈ ទី៤។

រឿងក្នុង​ខន្ធកៈនេះ​មាន​៤៦រឿង។

ឧទ្ទាននៃ​បវារណក្ខន្ធកៈនោះគឺ

 

1)
អដ្ឋកថា សំដៅ​យកសមថៈ ឬវិបស្សនា ដែលទើប​នឹងបាន នៅទន់ ឬខ្ចីនៅឡើយ។
km/tipitaka/vin/mv/vin.mv.04.26.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann