User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.06.21

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ភេសជ្ជក្ខន្ធកៈ

១៨០. មេណ្ឌកគហបតិវត្ថុ

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

mv 06.21 បាលី cs-km: vin.mv.06.21 អដ្ឋកថា: vin.mv.06.21_att PTS: ?

មេណ្ឌកគហបតិវត្ថុ (ទី១៨០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១៨០)

[១៣១] សម័យនោះឯង មេណ្ឌកគហបតិនៅអាស្រ័យក្នុងក្រុងភទ្ទិយៈ។ សេដ្ឋីនោះ មានឥទ្ធានុភាពខាងឯកក់ជំរះនូវសីស (ក្បាល) រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ។ ធារស្រូវ​ក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញទាំងជង្រុក។ ឯភរិយា (របស់​សេដ្ឋីនោះ) មានឥទ្ធានុភាពខាងឯចូលទៅអង្គុយជិតថាសមួយ មានចំណុះមួយអាឡ្ហក1) និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវ​បុរស​ ជាទាសកម្មករដោយភត្ត។ បើសេដ្ឋីភរិយាមិនទាន់ក្រោកឡើង ភត្តនោះក៏មិនចេះអស់ទៅ។ កូនប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់ (កហាបណៈ) ហើយឲ្យរង្វាន់ដល់បុរស ជាទាសកម្មករអស់ប្រាំមួយខែ។ បើថង់នៅតែក្នុងដៃ​របស់​សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាបនោះ។ កូនប្រសាស្រី (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការចូលទៅអង្គុយជិតកញ្ជើមួយ មានចំណុះ​៤ទោណ2) ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់​ប្រាំមួយខែ។ បើកូនប្រសាស្រីរបស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ។ ខ្ញុំប្រុស (របស់សេដ្ឋីនោះ) មានឥទ្ធានុភាព ខាងឯមុខការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាច់បំណះប្រាំពីរបែកចេញទៅ។ ព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ បាន​ឮដំណឹងថា មេណ្ឌកគហបតិនៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) ថាមាន ឥទ្ធានុភាព​ ខាងឯកក់ជំរះនូវសីសៈ រួចប្រើគេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ ធារស្រូវ​ក៏ធ្លាក់ចុះមកពីអាកាស ពេញទាំងជង្រុកបាន ភរិយារបស់​សេដ្ឋីនោះ មាន​ឥទ្ធានុភាព ខាង​ឯចូល​ទៅ​អង្គុយ​ជិតថាសមួយ មានចំណុះមួយអាឡ្ហក និងថាសមួយ សម្រាប់ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវ​បុរស​ ជាទាសកម្មករដោយភត្ត បើសេដ្ឋីភរិយានោះ មិនទាន់ក្រោកឡើង ដរាបណា ភត្តនោះក៏មិនចេះអស់ទៅ ដរាបនោះ កូនប្រុសរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯកាន់យកថង់មានចំណុះមួយពាន់កហាបណៈ ហើយឲ្យរង្វាន់ដល់បុរស ជា​ទាសកម្មករ​អស់​ប្រាំមួយ​ខែ បើថង់នៅតែក្នុងដៃ​របស់​សេដ្ឋីបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះ​អស់ទៅ​ដរាប​នោះ កូនប្រសាស្រីរបស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯចូលទៅអង្គុយជិតកញ្ជើមួយ មាន​ចំណុះ​​៤ទោណ ហើយឲ្យភត្តដល់បុរស ជាទាសកម្មករ អស់​ប្រាំមួយខែ បើកូនប្រសាស្រី​សេដ្ឋី​នោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅ ដរាបនោះ ខ្ញុំប្រុស របស់សេដ្ឋីនោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មាន​អាច់បំណះ​ប្រាំពីរ​បែក​ចេញទៅ។ ទើបព្រះបាទមាគធសេនិយពិម្ពិសារ ទ្រង់ហៅនូវសព្វត្ថកមហាមាត្យ3) ម្នាក់មក ហើយ​ទ្រង់មាន​ព្រះឱង្ការថា នែនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយអង្គុយ​ខាងក្រៅទ្វារ ធារស្រូវស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញ​ទាំងជង្រុក។បេ។ ខ្ញុំប្រុស​របស់សេដ្ឋី​នោះ មានឥទ្ធានុភាព ខាងឯការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍បំណះប្រាំពីរបែកចេញទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូច​ជាយើងឃើញ ខ្លួនឯងដែរ។ មហាមាត្យនោះទទួល​ព្រះរាជឱង្ការ​នៃព្រះបាទ​មាគធ​សេនិយ​ពិម្ពិសារ ដោយពាក្យដូច្នេះថា យ៉ាងហ្នឹងហើយ ព្រះសម្មតិទេព ហើយត្រាច់​សំដៅទៅកាន់ក្រុង​ភទ្ទិយៈ តាមលំដាប់ ជាមួយនឹងសេនាមានអង្គ៤ ចូលទៅរក​មេណ្ឌកគហបតិ លុះចូលទៅ​ដល់​ហើយ ទើបនិយាយ​នឹងមេណ្ឌកគហបតិថា នែគហបតិ យើងនេះឯង ព្រះរាជាទ្រង់​ត្រាស់​បង្គាប់​មកថា ម្នាលនាយ ឮថាមេណ្ឌកគហបតិ នៅក្នុងក្រុងភទ្ទិយៈ ក្នុងដែនរបស់យើង (នេះ) មានឥទ្ធានុភាព ខាងឯកក់ជំរះនូវសីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយអង្គុយ​ខាងក្រៅទ្វារ ធារស្រូវក៏ស្រាប់តែធ្លាក់ចុះមកអំពីអាកាស ពេញ​ទាំងជង្រុក។បេ។ ខ្ញុំប្រុស​របស់សេដ្ឋី​នោះ មានឥទ្ធានុភាព ខាងឯកិច្ចការភ្ជួរស្រែ ដោយនង្គ័លតែមួយ មានអាចម៍​បំណះ​ប្រាំពីរ​បែកចេញ​ទៅ នែនាយ អ្នកចូរទៅឲ្យដឹងការ (បើ) អ្នកឃើញហើយ ដូច​ជាយើងឃើញ ខ្លួនឯងដែរ ម្នាលគហបតិ ឥឡូវនេះ យើងចង់ឃើញឥទ្ធានុភាពរបស់អ្នក។ គ្រានោះ មេណ្ឌកគហបតិ កក់​ជំរះ​នូវ​សីសៈ រួចប្រើ​គេឲ្យបោសជង្រុកស្រូវ ហើយទើបអង្គុយ​ខាងក្រៅទ្វារ ធារស្រូវ​ក៏ស្រាប់​តែធ្លាក់​ចុះ​មក​អំពីអាកាស ពេញ​ទាំងជង្រុក។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាព​របស់​អ្នក យើងក៏បាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាព​ភរិយា​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅភរិយាថា នែនាង បើដូច្នោះ ចូរនាងអង្គាសនូវ​សេនាមានអង្គ៤ ដោយភត្តចុះ។ លំដាប់​នោះ ភរិយារបស់​មេណ្ឌកគហបតិ ចូលទៅអង្គុយជិតថាស មានចំណុះមួយអាឡ្ហក និងថាស​មួយ​សម្រាប់​ដាក់សម្ល និងម្ហូបក្រៀម ហើយអង្គាសនូវសេនា​មានអង្គ៤ ដោយភត្ត។ សេដ្ឋិភរិយានោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅដរាបនោះ។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពភរិយា​របស់​អ្នក យើងបាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាព​កូនប្រុស​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅកូនប្រុសថា នែកូន បើដូច្នោះ អ្នកចូរឲ្យរង្វាន់ ដល់​សេនាមានអង្គ៤ អស់ប្រាំមួយខែចុះ។ លំដាប់​នោះ កូនរបស់​មេណ្ឌកគហបតិ កាន់យកថង់ មានចំណុះមួយពាន់​កហាបណៈ ហើយឲ្យរង្វាន់ ដល់សេនា​មានអង្គ៤ អស់ប្រាំមួយខែ។ ថង់នៅក្នុងដៃ​របស់សេដ្ឋិបុត្តនោះដរាបណា រង្វាន់នោះ ក៏មិនចេះអស់ទៅដរាប​នោះ។ មហាមាត្យនិយាយថា ម្នាលគហបតិ ឥទ្ធានុភាពកូនប្រុស​របស់​អ្នក យើងបាន​ឃើញហើយ តែយើង​ចង់ឃើញ​ឥទ្ធានុភាពកូនប្រសាស្រី​របស់អ្នកទៀត។ ទើប​មេណ្ឌកគហបតិ បង្គាប់ទៅកូនប្រសាស្រីថា នែនាង បើដូច្នោះ នាងចូរឲ្យនូវភត្ត ដល់​សេនាមានអង្គ៤ អស់ប្រាំមួយខែចុះ។ លំដាប់​នោះ កូនប្រសាស្រីរបស់​មេណ្ឌកគហបតិ ចូលទៅអង្គុយជិតកញ្ជើ​មួយ​ មានចំណុះ៤ទោណ ហើយឲ្យនូវភត្ត ដល់សេនា​មានអង្គ៤ អស់ប្រាំមួយខែ។ កូនប្រសាស្រី​របស់សេដ្ឋីនោះ មិនទាន់ក្រោកឡើងដរាបណា ភត្តនោះ ក៏មិនចេះអស់ទៅដរាបនោះ។ មហាមាត្យ​និយាយថា ម្នាលគហបតិ ឥទ្ធានុភាព​កូនប្រសាស្រីរបស់​អ្នក យើងបាន​ឃើញហើយ យើង​ចង់ឃើញ​ឥទ្ធានុភាពខ្ញុំប្រុស​របស់អ្នកទៀត។ ​មេណ្ឌកគហបតិនិយាយតបថា បពិត្រ​អ្នក​ជាម្ចាស់ ឯឥទ្ធានុភាព​ខ្ញុំប្រុសរបស់ខ្ញុំ អ្នកត្រូវ​ឃើញក្នុងស្រែ (ឯណោះ)។ មហាមាត្យ​ក៏និយាយ​ថា ម្នាលគហបតិ ណ្ហើយចុះ ឯឥទ្ធានុភាព​ខ្ញុំប្រុសរបស់អ្នក (ទុកដូចជា) យើងបានឃើញ​ហើយដែរ។ លំដាប់​នោះ មហាមាត្យនោះ ត្រឡប់មកកាន់​ក្រុងរាជគ្រឹះវិញ ព្រមដោយសេនាមានអង្គ៤ ចូលទៅ​គាល់ព្រះបាទមាគធសេនិយពិម្ពិសារ លុះចូល​ទៅដល់ហើយ ទើបក្រាបទូលដំណើរនុ៎ះ ដល់​ព្រះបាទមាគធសេនិយពិម្ពិសារ (ដោយសព្វគ្រប់)។

 

1)
បួននាឡិ ជាមួយអាឡ្ហក។
2)
បួនអាឡ្ហក ជាមួយទោណ គឺ១៦នាឡិ
3)
អមាត្យ អ្នក​សម្រេចរាជការទាំងអស់។
km/tipitaka/vin/mv/vin.mv.06.21.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann