km:tipitaka:sut:kn:jat:sut.kn.jat.v12

ទ្វាទសនិបាតជាតក

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sut kn jat v12 បាលី cs-km: sut.kn.jat.v12 អដ្ឋកថា: sut.kn.jat.v12_att PTS: ?

ទ្វាទសនិបាតជាតក

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១២. ទ្វាទសកនិបាតោ)

ចុល្លកុណាលជាតក ទី១

(៤៦៤. ចូឡកុណាលជាតកំ (១))

[៨៩៩] (សត្វតាវ៉ៅ បានពោលថា) បុរសដែល​មិនជាប់​ចំពាក់​ដោយទេវតា (ខ្មោច​មិនចូល) មិនគួរជឿ (នូវសីល និងវត្ត) របស់​ពួកស្ត្រី​ជាអ្នក​ឈ្លានពាន មានចិត្ត​រហ័ស មិនដឹង​នូវ​​ឧបការគុណ​ដែលគេធ្វើ​ហើយ ជាអ្នក​ប្រទូស្តមិត្រ​ទេ។

[៩០០] ស្ត្រីទាំងនោះ មិនដឹងនូវឧបការគុណ​ដែលគេធ្វើ​ហើយ​ដល់ខ្លួន មិន​ដឹង​ច្បាស់​នូវកិច្ច (ដែលខ្លួន​ត្រូវធ្វើ) មិនដឹងច្បាស់​នូវ​មាតាបិតា ឬបងប្អូន មិន​អៀនខ្មាស តែង​ប្រព្រឹត្ត​កន្លង​ច្បាប់​ជាធម្មតា លុះក្នុង​អំណាចនៃ​ចិត្តរបស់​ខ្លួន។

[៩០១] ស្ត្រីទាំងនោះ តែងលះបង់នូវបុរសនោះ ដែលជាទី​ស្រឡាញ់ ជាទី​គាប់ចិត្ត សូម្បីនៅ​ជាមួយ​គ្នាអស់​កាលយូរ ជាអ្នក​អនុគ្រោះ​សូម្បីស្មើ​ដោយជីវិត ក្នុង​គ្រោះ​ថា្នក់​ទាំង​ឡាយ​ផង ក្នុងកិច្ចការ​ទាំងឡាយ​ផង ព្រោះ​ហេតុនោះ ខ្ញុំមិន​ស្និទ្ធស្នាល​នឹង​ស្ត្រីទាំងឡាយ​ឡើយ។

[៩០២] ព្រោះថា ចិត្តរបស់ពួកស្ត្រីប្រែប្រួល​ដូចជា​សត្វស្វា ឬដូចជា​ម្លប់ឈើ ចិត្តរបស់​ពួកស្ត្រី ច្រាស់ច្រាល់ វិលវង់ ដូចជា​ខ្នងកង់​កាលវិល​ទៅដូច្នោះ។

[៩០៣] ក្នុងកាលដែលស្ត្រីទាំងនោះ សំឡឹងឃើញ​ទ្រព្យ​របស់​បុរស មានសភាព​គួរយក​បាន​ ក៏នាំ​បុរស​នុ៎ះទៅ (កាន់អំណាច​ខ្លួន) ដោយសំដី​ដ៏ផ្អែមល្ហែម​ទាំងឡាយ ដូចជា​ពួកជន​អ្នកនៅ​ក្នុងដែន​កម្ពោជៈ កាលនាំ​សេះទៅ​កាន់អំណាច​ខ្លួន​ដោយស្លែ​ដូច្នោះ។

[៩០៤] ក្នុងកាលដែលស្ត្រីទាំងនោះ សំឡឹងមើល​មិនឃើញ​ទ្រព្យ​របស់បុរស មាន​សភាព​គួរយក​បាន​ទេ ក៏គេច​ចៀស​បុរសនុ៎ះ​ដោយជុំវិញ ដូចជា​បុគ្គល​អ្នកឆ្លង​ទៅដល់​ត្រើយស្ទឹង​ហើយ ក៏វៀរ​បង់នូវ​ក្បូនដូច្នោះ។

[៩០៥] ស្ត្រីទាំងឡាយនោះ មានសេចក្តីប្រៀបធៀប​ដោយជ័រ ដូចជា​ភ្លើង​ដែលស៊ី​នូវវត្ថុ​គ្រប់យ៉ាង មានមាយា​ដ៏ក្លៀវក្លា ដូចជា​ស្ទឹងមាន​ខ្សែទឹក​ដ៏រហ័ស ព្រោះថា ស្ត្រីទាំង​នុ៎ះ តែងសេព​នូវបុរស​ជាទី​ស្រឡាញ់ និងមិន​ជាទី​ស្រឡាញ់ ដូចជាទូក​ដែល​អែបនូវ​ច្រាំងទាំង​ខាងអាយ ទាំងច្រាំង​ខាងនាយ​ដូច្នោះ។

[៩០៦] ស្ត្រីទាំងនោះ មិនមែនរបស់បុរសម្នាក់ មិនមែន​របស់​បុរស​ពីរនាក់ទេ ដូច​ជា​រានផ្សារ ដែល​គេរៀប​ហើយ បុរសណា សំគាល់​នូវស្ត្រី​ទាំងនោះ ថាជា​របស់អញ បុរសនោះ គប្បីចង​ខ្យល់ដោយ​សំណាញ់​បាន។

[៩០៧] ស្ទឹង ផ្លូវ តៀមស្រា រោងសម្រាប់ប្រជុំ និងអណ្តូង យ៉ាងណា ធម្មតាស្ត្រី​ទាំងឡាយ​ក្នុងលោក ក៏យ៉ាងនោះដែរ ឯវេលា​របស់ស្ត្រី​ទាំងនោះ មិនមាន​ឡើយ។

[៩០៨] ស្ត្រីទាំងនោះ ស្មើដោយភ្លើងឆេះ​ឆ្នាំងខ្លាញ់ ឧបមា​ដោយក្បាល​ពស់វែក ឬដូច​ជាពួក​គោស៊ីច្បិច​តែចុង​ស្មៅដ៏ប្រសើរ ៗ ខាងក្រៅ។

[៩០៩] នរជនគប្បីសង្រួមជានិច្ច ​ហើយគប់រកនូវ​ជន​ទាំងនេះ គឺភ្លើង ១ ដំរី ១ ពស់វែក ១ សេ្តច​ដែល​បាន​មុទ្ធាភិសេក​ហើយ ១ ពួកស្ត្រី​ទាំងអស់ ១ ភាវៈ​ទៀងទាត់​របស់​ជនទាំងនោះ គេស្គាល់​បាន​ដោយក្រ។

[៩១០] ស្ត្រីមានសម្បុរល្អឆើត បុរសមិនគួរ​សេពទេ ស្ត្រីជាទី​ស្រឡាញ់​នៃបុរស​ច្រើនគ្នា បុរស​មិនគួរ​សេពទេ ស្ត្រីប្រសប់​រាំច្រៀង បុរស​មិនគួរ​សេពទេ ស្ត្រីជា​ប្រពន្ធ​របស់​បុគ្គលដទៃ បុរស​មិនគួរ​សេពទេ ស្រ្តី (គប់រក​បុរស) ព្រោះហេតុ​តែទ្រព្យ បុរស​មិនគួរ​សេពទេ ស្ត្រីទាំង ៥ ពួកនេះ បុរស​មិនគួរ​សេពឡើយ។

ចប់ ចុល្លកុណាលជាតក ទី១។

ភទ្ទសាលជាតក ទី២

(៤៦៥. ភទ្ទសាលជាតកំ (២))

[៩១១] (ព្រះរាជា ទ្រង់ត្រាស់ថា) អ្នកជាអ្វី ដែលមានសំពត់​ទាំងឡាយ​ដ៏ស្អាត បាន​ឋិតនៅ​លើ​អាកាសវេហាស៍ ទឹកភ្នែក​ទាំងឡាយ​របស់អ្នក​ហូរចេញ តើដោយ​ហេតុអ្វី ភ័យមក​ចំពោះអ្នក ព្រោះអ្វី។

[៩១២] (ទេវរាជ ត្រាស់ថា) បពិត្រព្រះសម្មតិទេព ជនទាំងឡាយ​ក្នុងដែន​របស់ព្រះអង្គ​ ស្គាល់ច្បាស់​នូវខ្ញុំថា ជា​ភទ្ទសាលព្រឹក កាលខ្ញុំ​ឋិតនៅ (ក្នុងឧទ្យាននេះ) អស់ ៦ ម៉ឺនឆ្នាំ ជន​ទាំងឡាយ បាន​បូជា​ហើយ។

[៩១៣] បពិត្រព្រះអង្គជាម្ចាស់ទិស (ព្រះរាជា​ទាំងឡាយ ពីដើមក្នុង​នគរនេះ) កាលឲ្យ​គេសាង​ទីក្រុង​ទាំងឡាយ​ផង ដំណាក់​ទាំងឡាយផង ប្រាសាទផ្សេង ៗ ផង មិនដែល​បៀត​បៀន​ខ្ញុំឡើយ ព្រះរាជា​ទាំងនោះ បូជាខ្ញុំ​យ៉ាងណា សូមព្រះអង្គ​បូជាខ្ញុំ យ៉ាងនោះដែរ។

[៩១៤] (ព្រះរាជា…) ខ្ញុំមិនធ្លាប់ឃើញអ្នក​ជាដើមឈើធំ ដោយ​កាយរបស់​អ្នកទេ អ្នកជា​ឈើមាន​ទ្រង់ទ្រាយ​ដ៏ល្អ​ដោយកំពស់ និងទំហំ និងកំណើត។

[៩១៥] ម្នាលយក្ខ ខ្ញុំនឹងឲ្យគេធ្វើប្រាសាទ​មានសសរតែមួយ ជាទី​រីករាយ​នៃចិត្ត ខ្ញុំ​នឹងនាំ​យកអ្នក​ចូលទៅក្នុង​ប្រាសាទនោះ ជីវិត​របស់អ្នក (នឹងមាន) អស់​កាលយូរ។

[៩១៦] (ទេវរាជ…) (បើ) ព្រះទ័យ (របស់ទ្រង់) កើតឡើង​យ៉ាងនេះ​ សេចក្តី​ព្រាត់ប្រាស (ចាក​ភទ្ទសាលព្រឹក្ស) ជាសរីរៈ (របស់ខ្ញុំ​នឹងមាន​ប្រាកដ) (កាលបើ​យ៉ាងនេះ) សូមព្រះអង្គ​ កាត់ខ្ញុំ​ជាច្រើន​កំណាត់ កាត់ជា​កំណាត់​តូចធំចុះ។

[៩១៧] តែសូមព្រះអង្គកាត់ត្រង់ចុង និងកណ្តាល (មុន) រួចកាត់​ត្រង់គល់​ ក្នុង​កាលជា​ខាងក្រោយ កាលបើ​ខ្ញុំត្រូវព្រះអង្គ​កាត់យ៉ាងនេះ សេចក្តី​ស្លាប់ មិនគប្បី​ជាទុក្ខទេ។

[៩១៨] (ព្រះរាជា…) ដូចយ៉ាងបុគ្គលកាត់ដៃ និងជើងផង ត្រចៀក និងច្រមុះ​ផង ឲ្យ​ស្លាប់​បាត់ជីវិត តពីនោះ គេកាត់​នូវក្បាល​ក្នុងកាល​ខាងក្រោយ សេចក្តី​ស្លាប់នោះ ក៏ជា​ទុក្ខ​ដែរ។

[៩១៩] ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់នៃព្រៃ ការកាត់​ជាកំណាត់​ស្រួល​ឬ ព្រោះហេតុអ្វី ប្រារព្ធ​ហេតុអ្វី បាន​ជាអ្នកចង់​ឲ្យគេកាត់​ជាកំណាត់។

[៩២០] (ទេវរាជ…) បពិត្រមហារាជ ខ្ញុំចង់ឲ្យគេកាត់ជា​កំណាត់ ព្រោះ​អាស្រ័យ​ហេតុ​ដែល​ប្រកប​ដោយ​ហេតុណា សូមព្រះអង្គ​ទ្រង់ស្តាប់​នូវហេតុនោះ​របស់ខ្ញុំចុះ។

[៩២១] ពួកឈើជាញាតិរបស់ខ្ញុំ ចំរើនដុះដាល​ដោយ​សេចក្តីសុខ កើតក្នុង​ទីមិនមាន​ខ្យល់ នៅជិត​ខាងខ្ញុំ (កាលបើ​ទ្រង់កាប់​រំលំខ្ញុំ) ខ្ញុំមុខ​ជានឹងរលំ​សង្កត់ពួកឈើ​ជា​ញាតិនោះ សេចក្តី​ទុក្ខនឹង​កើតមាន​ដល់ពួក​ឈើជា​ញាតិដទៃ​ទៀត។

[៩២២] (ព្រះរាជា….) ម្នាលភទ្ទសាលព្រឹក្ស ជាម្ចាស់​នៃព្រៃ អ្នកគិត​នូវហេតុ​ដែលមាន​សភាព​គួរគិត អ្នកជា​ឈើប្រាថ្នា​នូវប្រយោជន៍​ដល់ពួក​ឈើជាញាតិ ម្នាល​សំឡាញ់ ខ្ញុំឲ្យ​អភ័យ​ដល់អ្នក។

ចប់ ភទ្ទសាលជាតក ទី២។

សមុទ្ទវាណិជជាតក ទី៣

(៤៦៦. សមុទ្ទវាណិជជាតកំ (៣))

[៩២៣] (ព្រះសាសា្ត ទ្រង់សំដែងនូវឧទានរបស់បុរសម្នាក់ថា) ពួកមនុស្ស​ជន (ក្នុង​ជម្ពូទ្វីប) ទាំងនោះ អាស្រ័យ​ចិញ្ចឹមជីវិត​ដោយ​ផលនៃ​ការងារ រមែង​សាបព្រោះ ក៏មិនបាន​មួយ​ចំណែក​នៃកោះ​នេះឡើយ ឯកោះ​របស់យើង​នេះ ប្រសើរ​ជាង​ជម្ពូទ្វីប។

[៩២៤] (ធម្មិកទេវបុត្រ បានពោលថា) កាលបើព្រះចន្ទ ដើរដល់រាត្រី ១៥ កើត សន្ទុះ​នៃ​សាគរដ៏ធំ នឹងជោរ​លិចកោះដ៏​ថ្កុំថ្កើងនេះ សន្ទុះ​នៃសាគរ​នោះ កុំសម្លាប់​អ្នក​ទាំងឡាយ​ឡើយ អ្នក​ទាំងឡាយ ចូរទៅ​រកទី​ជ្រកកោន​ដទៃចុះ។

[៩២៥] (អធម្មិកទេវបុត្រ បានពោលថា) សន្ទុះនៃទឹក​ក្នុងសាគរនេះ មិនមែន​ជោរ​លិច​កោះ​ដ៏ថ្កុំថ្កើង​នេះទេ ដំណើរនោះ យើងឃើញ​ដោយ​និមិត្តដ៏​ច្រើន អ្នក​ទាំងឡាយ​កុំខ្លាច​សោយសោក ព្រោះហេតុ​អ្វី ចូររីករាយ​ចុះ។

[៩២៦] អ្នកទាំងឡាយ បានដល់លំនៅដ៏ថ្កុំថ្កើង​នេះ ជាកន្លែង​មានចំណី​ដ៏ច្រើន មានបាយ និងទឹក​ដ៏ច្រើន យើងមិន​ឃើញភ័យ​បន្តិចបន្តួច​នៃអ្នកទាំង​ឡាយឡើយ អ្នក​ទាំងឡាយ ចូររីករាយ​ជាមួយ​នឹងកូន និងចៅ​ទាំងឡាយ​ចុះ។

[៩២៧] ជាងឈើជាមនុស្សពាល បានពោលថា ទេវតាណា​ឋិតក្នុង​ទិសខាងត្បូង និយាយ​ប្រាប់​សេចក្តី​ក្សេម ពាក្យរបស់​ទេវតា​នោះពិត ទេវតាដែល​ឋិតក្នុង​ទិសខាង​ជើង មិនដឹង​នូវហេតុ​ដែលគួរខ្លាច និងមិន​គួរខ្លាចទេ អ្នកទាំងឡាយ កុំខ្លាច​ឡើយ សោយសោក​ធ្វើអ្វី ចូរនាំគ្នា​រីករាយចុះ។

[៩២៨] (ជាងឈើជាបណ្ឌិត បានពោលថា) យក្ខទាំងនេះ ពោល​ខុសគ្នា យក្ខ​ម្នាក់​ប្រាប់នូវ​ភ័យ យក្ខម្នាក់​ប្រាប់នូវ​សេចក្តីក្សេម ណ្ហើយចុះ អ្នកទាំងឡាយ​ចូរស្តាប់​នូវពាក្យ​របស់​យើងចុះ យើងទាំង​អស់គ្នា កុំវិនាស​ឆាប់រួសរាន់​ឡើយ។

[៩២៩] យើងទាំងអស់គ្នា ចូរប្រជុំគ្នា​ធ្វើទូក គឺទូក​កំរោលមាំ ប្រកប​ដោយយន្ត​គ្រប់យ៉ាង បើទេវតា​ដែលឋិត​ក្នុងទិស​ខាងត្បូងនេះ​និយាយពិត ទេវតា​ដែលឋិត​ក្នុងទិស​ខាងជើង​និយាយ​ប្រាប់នេះ មិនពិត​ឡើយ។

[៩៣០] ទូករបស់យើងនោះ នឹងមាន​ប្រយោជន៍​ដល់​សេចក្តី​អន្តរាយ (ដែលកើត​ខាងក្រោយ) ពួកយើង​មិនលះបង់​នូវកោះ​នេះទេ បើទេវតា​ដែលឋិត​ក្នុងទិស​ខាងជើង និយាយ​ពិត ទេវតា​ដែលឋិត​ក្នុងទិស​ខាងត្បូងនេះ និយាយ​មិនពិតទេ។

[៩៣១] យើងទាំងអស់គ្នា ឡើងជិះទូក​នោះឯង ហើយគប្បី​ឆ្លងទៅ​រកត្រើយ​ខាងនាយ ដោយ​សួស្តីយ៉ាងនេះ បុគ្គល​មិនគប្បី​ជឿដោយ​ងាយថា ពាក្យ​ដែលបុគ្គលទី ១ ពោល​ហើយ ជាពាក្យ​ប្រសើរ​ដូច្នេះទេ នរជនណា ក្នុង​លោកនេះ កាន់យក​នូវពាក្យ​នៃបុគ្គល​ទី ២ ដែល​ដល់នូវ​គន្លងនៃ​ត្រចៀក ហើយ​ពិចារណា (នូវពាក្យ​ខាងដើម​ និងពាក្យ​ខាង​ចុង) ​ហើយជឿ​នូវពាក្យ​ជាកណ្តាល នរជននោះ រមែង​ដល់នូវទី​ដ៏ប្រសើរ។

[៩៣២] (អភិសម្ពុទ្ធគាថា) ពាណិជទាំងនោះ បាន​ទៅដោយ​សួស្តី ក្នុងកណ្តាល​នៃទឹក​សមុទ្រ ដោយកម្ម​របស់ខ្លួន យ៉ាងណាមិញ កុលបុត្រ​មានបា្រជ្ញា​ដូចផែនដី បាន​ដឹងច្បាស់​នូវ​ប្រយោជន៍ ជាអនាគត ​ហើយមិន​ប្រព្រឹត្ត​កន្លងនូវ​ប្រយោជន៍ (របស់​ខ្លួន) សូម្បី​តិច ក៏យ៉ាង​នោះដែរ។

[៩៣៣] ពួកជនពាលដែលជាប់ក្នុងរស​ដោយមោហៈ មិនបាន​ដឹងច្បាស់នូវ​ប្រយោជន៍​ជា​អនាគត ក៏លិច​ចុះក្នុង​ប្រយោជន៍​ជាបច្ចុប្បន្ន ដូចជា​មនុស្ស​ទាំងនោះ (ដល់​នូវសេចក្តី​វិនាស) ក្នុង​កណ្តាល​សមុទ្រ។

[៩៣៤] បុគ្គលគប្បីគ្រោងទុកនូវកិច្ចជាអនាគត (ដោយ​បំណងថា) កិច្ច​កុំបៀតបៀន​អញ ក្នុងកាល​ដែលមាន​កិច្ចឡើយ ឯកិច្ចនោះ មិនបាន​បៀតបៀន​នូវបុគ្គល​នោះ ជាអ្នក​ធ្វើកិច្ច​ដែលខ្លួន​បាន​គ្រោងទុក​ហើយ បា្រកដ​ដូច្នោះ ក្នុងកាល​ជាទី​ធ្វើកិច្ច។

ចប់ សមុទ្ទវាណិជជាតក ទី៣។

កាមជាតក ទី៤

(៤៦៧. កាមជាតកំ (៤))

[៩៣៥] (ព្រះមហាសត្វ បានពោលថា) កាលបុគ្គល​បា្រថ្នានូវកាម បើកាម​នោះ​សម្រេច​ដល់​បុគ្គល​នោះ សត្វប្រាថ្នា​កាមណា បាន​ហើយ រមែង​ជាអ្នក​មានចិត្ត​រីករាយ​ក្នុងវត្ថុនោះ ដោយ​ពិត។

[៩៣៦] កាលបុគ្គលប្រាថ្នាកាម បើកាមនោះ​សម្រេចដល់​បុគ្គលនោះ បុគ្គលនោះ រមែង​បាន​នូវចំណង់​ដទៃជាង​នោះទៅ​ទៀត ដូចជា (បុគ្គល​ហត់នឿយ) បាន​នូវចំណង់ (ស្រេក) ក្នុង​រដូវក្តៅ។

[៩៣៧] កាលគោជាសត្វមានស្នែង កំពុងចំរើន ស្នែងរមែង​ចំរើនដែរ យ៉ាងណា កាល​សត្វអ្នក​មាន​បញ្ញាទន់ ល្ងង់ខ្លៅ មិនដឹងអ្វី កំពុងចំរើន តណ្ហា ​និងសេចក្តី​ស្រេក​ឃ្លាន រមែង​រឹងរឹត​ចំរើនឡើង​យ៉ាងនោះដែរ។

[៩៣៨] ប្រសិនបើ (មាណពនោះ) ឲ្យស្រែស្រូវខ្សាយ ឲ្យស្រែស្រូវ​ដំណើប ឲ្យគោ សេះ និង​បុរស​ជាខ្ញុំប្រុស លើផែនដី (ដល់បុគ្គល​ណាមួយ វត្ថុទាំង​ប៉ុណ្ណេះនេះ) ក៏មិន​ល្មមដល់​បុគ្គល​ម្នាក់ឡើយ បុរស​ដឹងយ៉ាងនេះ​ហើយ គប្បីប្រព្រឹត្ត​ឲ្យស្មើ។

[៩៣៩] សេ្តចកំហែងច្បាំងឈ្នះនូវផែនដី ​ហើយគ្រប់គ្រង​ផែនដី មានសាគរ​ជាទីបំផុត មាន​សភាព​ជាអ្នក​មិនឆ្អែត​នឹងត្រើយ​សមុទ្រ​ខាងអាយ ក៏ចង់បាន​នូវត្រើយ​សមុទ្រ​ខាង​នាយទៀត។

[៩៤០] បុរសកាលនឹកស្រណោះនូវកាម​ទាំងឡាយ ដោយចិត្ត (ដរាបណា) ក៏មិន​ដល់នូវ​សេចក្តីឆ្អែត​ដរាបនោះ ពួកសត្វ​ណាត្រឡប់​ចិត្តចេញ គេចខ្លួន​ថយ​អំពីកាមនោះ ​ហើយ​ឃើញ (ទោសកាម ដោយញាណ) ជាអ្នកឆ្អែត​ដោយបា្រជ្ញា ពួក​សត្វនោះ ទើប​ឈ្មោះថា ឆ្អែត​ពិតមែន។

[៩៤១] បុរសនោះ មិនក្តៅក្រហាយ​ដោយកាម​ទាំងឡាយ (នេះ) ជាអំពើ​ដ៏ប្រសើរ របស់​ពួកជន​អ្នកឆ្អែត​ដោយប្រាជ្ញា តណ្ហា​មិនធ្វើបុរស​ដែលឆ្អែត​ដោយប្រាជ្ញា ឲ្យ​លុះក្នុង​អំណាច​បាន​ទើ្បយ។

[៩៤២] សូមព្រះអង្គកំចាត់បង់នូវកាមទាំង​ឡាយ​ចេញ បុរសអ្នក​មានប្រាជ្ញា​ប៉ុនសមុទ្រ អ្នក​មានសេចក្តី​ប្រាថ្នាតិច អ្នកមិន​លោភលន់ បុរសនោះ រមែង​មិន​ក្តៅ​ក្រហាយ​ដោយ​កាម​ទាំងឡាយ។

[៩៤៣] បុគ្គលលះបង់នូវចំណែកនៃកាមទាំងឡាយ​ណា ៗ សេចក្តី​សុខក៏​សម្រេច (ដល់​បុគ្គលនោះ) ព្រោះចំណៃក​នៃកាម​ទាំងឡាយ​នោះ ៗ ដូចជាង​ស្បែក កាលកាត់​ស្បែកជើង (តែងចៀរ​នូវចំនៀរ) នៃស្បែក​ចោល (ក៏បាន​នូវថ្លៃ​ស្បែកជើង ឈ្មោះ​ថា ជាអ្នក​បាន​សេចក្តីសុខ) បើបុគ្គល​ប្រាថ្នានូវ​សេចក្តីសុខ​គ្រប់យ៉ាង ត្រូវលះកាម​ទាំងអស់​ចេញ។

[៩៤៤] (ព្រះរាជា ទ្រង់ត្រាស់ថា) គាថាទាំងអស់ ៨ ដែលអ្នក​ពោល​ហើយ គួរដល់​ថ្លៃ ១.០០០ កហាបណៈ ម្នាល​មហាព្រហ្ម អ្នកចូរ​ទទួលយក (នូវ​កហាបណៈ​ទាំងនេះ) ចុះ ភាសិត​របស់អ្នក​នេះ ប្រពៃណាស់។

[៩៤៥] (ព្រះមហាសត្វ…) ខ្ញុំព្រះអង្គមិនត្រូវការ​ដោយកហាបណៈ​ទាំងរយ ទាំងពាន់ ទាំង​ហ្មឺនទេ កាលដែល​ខ្ញុំព្រះអង្គ​កំពុង​ពោលគាថា​ខាងចុង ចិត្តរបស់​ខ្ញុំព្រះអង្គ​ មិន​ត្រេកអរ​ក្នុងកាម​ឡើយ។

[៩៤៦] (ព្រះរាជា….) អ្នកប្រាជ្ញណា កំណត់ដឹង​នូវតណ្ហា​ដែលញុំាង​សេចក្តី​ទុក្ខឲ្យ​កើតឡើង អ្នកប្រាជ្ញនោះ គឺមាណព​ដ៏ចំរើន ដែលជាអ្នក​ដឹងនូវលោក​ទាំងមូលនេះ​ទេតើ។

ចប់ កាមជាតក ទី៤។

ជនសន្ធជាតក ទី៥

(៤៦៨. ជនសន្ធជាតកំ (៥))

[៩៤៧] (ព្រះសាស្តា ទ្រង់ត្រាស់ថា) ព្រះបាទ​ជនសន្ធៈ ទ្រង់មាន​ព្រះឱង្ការ​ថា បុគ្គល​ណា មិនបាន​ធ្វើហេតុ​ទាំង ១០ នេះ ទុកជា​មុនទេ បុគ្គលនោះ តែងក្តៅ​ក្រហាយ ក្នុងកាល​ជាខាង​ក្រោយ។

[៩៤៨] បុគ្គលមិនបានទ្រព្យ ដែលខ្លួនមិនបាន​ឲ្យកើត​ឡើង​ក្នុងកាល​មុន រមែង​ក្តៅ​ក្រហាយ តែងក្តៅ​ក្រហាយ​រឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អាត្មាអញ​មិនបាន​ស្វែង​រកទ្រព្យ​ទុកក្នុងកាល​មុន។

[៩៤៩] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា សិល្បៈ ជាគុណ​មាន​សភាព​អង់អាច អាត្មាអញ​មិនបាន​រៀនទុក​ក្នុងកាលមុន ការចិញ្ចឹម​ជីវិត​នៃបុគ្គល​អ្នកមិន​មានសិល្បៈ លំបាក។

[៩៥០] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា កាលពីដើម អាត្មាអញ​ជាអ្នក​ប៉ិនប្រសប់​ក្នុងអំពើ​កោងផង ជាអ្នក​ញុះញង់​ផង ស៊ីសាច់​ខ្នងគេ គឺស៊ី​សំណូក​ផង ជាអ្នក​កាចផង អាក្រក់ផង។

[៩៥១] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា កាលពីដើម អាត្មាអញ​ជាអ្នក​សំឡាប់​សត្វផង កាច​អាក្រក់ផង ជាអ្នក​មិនប្រសើរ​ផង មិន​កោត​ក្រែង​ចំពោះពួក​សត្វផង។

[៩៥២] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អើហ្ន៎ កាល​ដែលពួក​ស្ត្រីមានច្រើន​គរគោក ជាស្ត្រី​មិនមាន​អន្តរាយ (មិនមាន​គេកាន់​កាប់សោះ) អាត្មាអញ​សេព​នឹង​ប្រពន្ធគេ។

[៩៥៣] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា អើហ្ន៎ កាលពី​ដើម អាត្មាអញ​មានបាយ និងទឹក​ច្រើន​គរគោក តែមិន​បាន​ឲ្យទានសោះ។

[៩៥៤] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាង​ក្រោយថា កាល​អាត្មាអញ មាន​ទ្រព្យ​ច្រើន មិនបាន​ចិញ្ចឹម​មាតា និងបិតា​ដែលចាស់ មានវ័យកន្លង​ហើយ។

[៩៥៥] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាង​ក្រោយថា អាត្មាអញ បាន​មើល​ងាយ​បិតា ដែលជា​អាចារ្យ អ្នកប្រៀន​ប្រដៅ ជាអ្នក​នាំមក​នូវរសគ្រប់​យ៉ាង។

[៩៥៦] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាល​ជាខាង​ក្រោយថា ក្នុងកាលមុន អាត្មាអញ​មិនបាន​ចូលទៅ​ជិតពួក​សមណៈ និងព្រាហ្មណ៍ អ្នកមាន​សីល ជា​ពហុស្សូត​ឡើយ។

[៩៥៧] បុគ្គលតែងក្តៅក្រហាយរឿយ ៗ ក្នុងកាលជា​ខាងក្រោយ​ថា តបៈ គឺ​សុចរិតធម៌ ដែល​គេសន្សំ​ហើយ​ផង បុគ្គល​អ្នកស្ងប់​ដែលគេ​ចូលទៅ​អង្គុយជិត​ផង ជាការ​ប្រពៃ តបៈ (មាន​សភាព​យ៉ាងនេះ) អាត្មាអញ មិនបាន​សន្សំ​ហើយ ក្នុង​កាលពីដើម។

[៩៥៨] ចំណែកខាងបុគ្គលណា កាលធ្វើកិច្ចរបស់បុរស​ទាំងឡាយ ​ហើយ​ប្រតិបត្តិ​នូវហេតុ​ទាំងនេះ​ដោយ​យោបល់ បុគ្គលនោះ រមែង​មិនក្តៅ​ក្រហាយ​រឿយ ៗ ក្នុង​កាលជា​ខាងក្រោយ​ឡើយ។

ចប់ ជនសន្ធជាតក ទី៥។

មហាកណ្ហជាតក ទី៦

(៤៦៩. មហាកណ្ហជាតកំ (៦))

[៩៥៩] (ព្រះរាជា ត្រាស់សួរថា) ម្នាលអ្នកមានព្យាយាម ឆ្កែរបស់អ្នក​ខ្មៅណាស់ គួរ​ស្បើម មានចង្កូម​សស្ងាច អ្នកចង​ដោយខ្សែ ៥ តើវា​មាន​ប្រយោជន៍​អ្វីដល់អ្នក។

[៩៦០] (សក្កទេវរាជ ពោលថា) បពិត្រព្រះបាទ​ឧសិន្នរៈ ឆ្កែនេះ មិនមក​ដើម្បី​ប្រយោជន៍​ដល់ពួក​ម្រឹគទេ ឆ្កែខ្មៅ​បំផ្លិចបំផ្លាញ​នូវពួក​មនុស្ស​ក្នុងកាលណា នឹង​របូតទៅ (អំពី​ដៃខ្ញុំ) ក្នុងកាល​នោះ។

[៩៦១] ពួកសមណៈត្រងោល មានបាត្រក្នុងដៃ ឃ្លុំសង្ឃាដិ និងភ្ជួររាស់​ដោយនង្គ័ល​ទាំង​ឡាយ (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវសមណៈ​ទាំងនោះ) ក្នុង​កាល​នោះ។

[៩៦២] ពួកភិក្ខុនី មានតបៈ ជាអ្នកបួស​ត្រងោល ឃ្លុំសង្ឃាដិ នឹងទៅ (បរិភោគកាម) ក្នុង​លោក​ក្នុងកាល​ណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវនាង​ភិក្ខុនី​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៣] ពួកជដិល មានបបូរមាត់ខាង​លើវែង មានធ្មេញ​ប្រកប​ដោយមន្ទិល មាន​ធូលី​លើក្បាល នឹងទៅ​ទារបំណុល (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ីនូវ​ជដិល​ទាំងនោះ) ក្នុងកាល​នោះ។

[៩៦៤] ពួកព្រាហ្មណ៍ បានរៀនវេទទាំងឡាយ​ផង សាវិត្តិសាស្រ្ត​ផង យញ្ញសូត្រ ក្នុង​សាវិត្តិសាស្រ្ត​នោះផង នឹងបូជា​ដើម្បី​ថ្លៃឈ្នួល (ក្នុងកាល​ណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវ​ព្រាហ្មណ៍​ទាំងនោះ) ក្នុង​កាលនោះ។

[៩៦៥] ពួកជនអ្នកមានទ្រព្យច្រើន នឹងមិនចិញ្ចឹម​មាតាបិតា​ដែលជរា មាន​វ័យ​កន្លង​ហើយ (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​អ្នក​មានទ្រព្យ​ទាំងនោះ) ក្នុង​កាលនេះ។

[៩៦៦] ពួកជននឹងនិយាយទៅកាន់មាតាបិតា​ដែលជរា មានវ័យកន្លង​ហើយថា អ្នក​ទាំងឡាយ ជាមនុស្ស​ពាលដូច្នេះ (ក្នុង​កាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅស៊ី​នូវជន​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៧] ពួកជនប្រព្រឹត្ត (សេវនកិច្ច) នឹងភរិយា​របស់អាចារ្យ ភរិយា​របស់​សំឡាញ់ មា្តយធំ ម្តាយមីង​ខាងម្តាយ ​ម្តាយធំ ម្តាយមីង​ខាងឪពុក ក្នុងលោក ក្នុងកាលណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៨] ពួកព្រាហ្មណ៍កាន់ដាវ និងខែល ងាព្រះខាន់ ធ្វើនូវ​ការសំឡាប់​នូវអ្នក​ដើរផ្លូវ ក្នុង​កាលណា ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវពួក​ព្រាហ្មណ៍​ទាំងនោះ) ក្នុងកាលនោះ។

[៩៦៩] ពួកបុរសមានស្បែកសម្បុរថ្ងៃសស្អាត មានដើម​ដៃថ្លោស មានអាជីវៈ​មិន​ប្រាកដ មាន​ពំនៀរ​នឹងស្ត្រី​មេម៉ាយ នឹងធ្វើ​នូវការ​បំបែកមិត្រ1) (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវ​បុរសនោះ) ក្នុង​កាលនោះ។

[៩៧០] ពួកជនអ្នកមានមាយា ជាអ្នកបោកប្រាស់ មានគំនិត​ជាអសប្បុរស នឹងមាន​ក្នុងលោក (ក្នុងកាលណា) ឆ្កែខ្មៅ​នឹងរបូត (ស្ទុះទៅ​ស៊ីនូវជន​មានមាយា​ទាំងនោះ) ក្នុង​កាល​នោះ។

ចប់ មហាកណ្ហជាតក ទី៦។

កោសិយជាតក ទី៧

(៤៧០. កោសិយជាតកំ (៧))

[៩៧១] (កោសិយសេដ្ឋី ពោលថា) ខ្ញុំមិនទិញ មិនលក់ទេ ម្យ៉ាងទៀត ការសន្សំ (នូវទ្រព្យ) របស់ខ្ញុំ ក៏មិនមាន​ក្នុងទីនេះដែរ បាយនេះ​តិច មានសភាព​ក្រក្រៃពេក បាយអង្ករ ១ កំបង់​នេះ មិនល្មម​ដល់ជន​ពីរនាក់ទេ។

[៩៧២] (សក្កទេវរាជ ពោលថា) បុគ្គលគប្បីឲ្យវត្ថុ​តិច អំពីវត្ថុតិច គប្បីឲ្យ​វត្ថុ​ពាក់​កណ្តាល អំពីវត្ថុ​ពាក់កណ្តាល គប្បីឲ្យ​វត្ថុច្រើន អំពី​វត្ថុច្រើន ការមិនឲ្យ មិន​កើតទេ។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៣] (ចន្ទទេវបុត្រ ពោលថា) បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ បរិភោគ​ភោជន​តែ​ម្នាក់ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា ឥតអំពើផង ការ​ព្យាយាម​ញុំាង​ទ្រព្យឲ្យ​កើតរបស់​បុគ្គល​នោះ ឈ្មោះថា ឥត​អំពើផង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរឲ្យ​ទានទាំង​ឡាយផង ចូរបរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៤] (សុរិយទេវបុត្រ ពោលថា) បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ មិន​បរិភោគ​ភោជន​តែម្នាក់ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា សច្ចៈផង ការ​ព្យាយាម​ញុំាងទ្រព្យ​ឲ្យកើត របស់បុគ្គល​នោះ ឈ្មោះថា សច្ចៈផង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គ​ផង បុគ្គល​ស៊ីម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៥] (មាតលិទេវបុត្រ ពោលថា) បុរស (ចូលទៅរក) ស្រះ ហើយបូជា​ក្នុងទនេ្លផង ក្នុង​ស្រះបោក្ខរណីផង ក្នុងកំពង់​ឈ្មោះ​ទោណៈផង ក្នុងកំពង់​ឈ្មោះ​តិម្ពរុ​ផង ក្នុងស្ទឹង​ធំមានខ្សែទឹក​ដ៏រហ័ស​ផង។ បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ មិន​បរិភោគ​ភោជន​តែម្នាក់​ឯង ការបូជា​របស់​បុគ្គលនោះ ឈ្មោះថា ​មានក្នុង​ទីនោះផង ការ​ព្យាយាម​ញុំាង​ទ្រព្យឲ្យកើត របស់​បុគ្គល​នោះ ឈ្មោះថា មានក្នុង​ទីនោះផង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូម​និយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរបរិភោគ​ផង ចូរឡើង​កាន់​អរិយមគ្គផង បុគ្គល​ស៊ីមា្នក់ឯង មិន​បាន​សេចក្តី​សុខទេ។

[៩៧៦] (បព្ចាសិខទេវបុត្រ ពោលថា) បុគ្គលណា កាលដែល​ភ្ញៀវអង្គុយ​ហើយ បរិភោគ​ភោជន​តែម្នាក់ឯង បុគ្គលនោះ ឈ្មោះថា លេប​នូវ​សន្ទូច​មានខ្សែវែង ព្រម​ទាំង​រនង។ ម្នាល​កោសិយសេដ្ឋី ហេតុនោះ ខ្ញុំសូមនិយាយ​នឹងអ្នក អ្នកចូរ​ឲ្យទាន​ទាំងឡាយ​ផង ចូរ​បរិភោគ​ផង ចូរឡើងកាន់​អរិយមគ្គផង បុគ្គលស៊ី​ម្នាក់ឯង មិនបាន​សេចក្តី​សុខទេ។

[៩៧៧] (កោសិយសេដ្ឋី…) ឱហ្ន៎ ព្រាហ្មណ៍ទាំងនេះ មានវណ្ណៈ​ដ៏លើសលុប ទាំង​ឆ្កែរបស់​ពួកគាត់នេះ ក៏បញ្ចេញ​នូវពន្លឺ​នៃវណ្ណៈ​ផ្សេង ៗ តើព្រោះ​ហេតុអ្វី ម្នាល​ព្រាហ្មណ៍​ទាំង​ឡាយ អ្នក​ទាំងឡាយ ចូរប្រាប់​ដល់យើងចុះ តើពួក​អ្នកជាអ្វី។

[៩៧៨] (សក្កទេវរាជ…) ទេវបុត្រទាំងពីរអង្គ គឺ​ចន្ទទេវបុត្រ ១ សុរិយទេវបុត្រ ១ មកក្នុង​ទីនេះ ឯទេវបុត្រ​នេះ ឈ្មោះ​មាតលិ ជាសារថី​របស់ទេវតា យើង​ឈ្មោះសក្កៈ ជាធំជាង​ពួកទេវតា​ជាន់​ត្រៃត្រិង្ស ឯទេវបុត្រ​នេះ គេហៅថា បព្ចាសិខៈ។

[៩៧៩] សំឡេងទះដៃទាំងឡាយផង សម្ភោរតូចទាំងឡាយ​ផង សម្ភោរធំ និងស្គរធំ​ទាំង​ឡាយផង រមែង​ញុំាង​បព្ចាសិខ​ទេវបុត្រ​នេះ ដែលដេក​លក់ ឲ្យភ្ញាក់ឡើង ឯ​បព្ចាសិខ​ទេវបុត្រ​នេះ លុះភ្ញាក់​ហើយក៏​ត្រេកអរ។

[៩៨០] ពួកជនណានីមួយ ជាអ្នកកំណាញ់​ស្វិតស្វាញ ប្រទេច​ផ្តាសា​នូវសមណៈ និង​ព្រាហ្មណ៍​ទាំងឡាយ លុះទំលាក់​ចោលនូវ​រាងកាយ គឺសរីរៈ ក្នុងលោក​នេះ បែកធ្លាយ​រាងកាយ​ហើយ ក៏ទៅ​កាន់នរក។

[៩៨១] ពួកជនណានីមួយ កាលប្រាថ្នានូវសុគតិ ឋិតនៅ​ក្នុងធម៌ ក្នុងសេចក្តី​សង្រួម ក្នុងការ​ចែករំលែក លុះទំលាក់​ចោលរាងកាយ គឺសរីរៈ ក្នុងលោក​នេះ បែកធ្លាយ​រាងកាយ​ហើយ ក៏ទៅកាន់​សុគតិ។

[៩៨២] អ្នកជាញាតិរបស់ពួកយើងក្នុងជាតិមុន អ្នកនោះ ឈ្មោះ​កោសិយៈ ជាអ្នក​មានសេចក្តី​កំណាញ់ មានធម៌​ដ៏លាមក ពួកយើង​មកក្នុង​ទីនេះ ដើម្បី​ប្រយោជន៍​ដល់អ្នក (ដោយ​គិតថា) កុំឲ្យអ្នក​មានធម៌​ដ៏លាមក ទៅកាន់​នរកឡើយ។

[៩៨៣] (កោសិយសេដ្ឋី…) ពួកលោកឈ្មោះថា ប្រាថ្នានូវ​ប្រយោជន៍​ដល់ខ្ញុំ​ដោយពិត ព្រោះពួក​លោកបាន​ប្រៀនប្រដៅ​ខ្ញុំ ខ្ញុំនោះនឹង​ធ្វើតាម​ពាក្យទាំងអស់​ដែល​ពួក​លោកជា​អ្នកប្រាថ្នា​នូវប្រយោជន៍ បាន​ពោល (រំលឹក) ហើយ ដោយ​បការៈដូច្នោះ។ ខ្ញុំនេះ​នឹងវៀរលែង (ចាក​សេចក្តី​កំណាញ់) នេះឯង ខ្ញុំនឹង​ឈប់ធ្វើ​បាបតិចតួច​ហើយ ទាំងវត្ថុ​តិចតួច​ដែលខ្ញុំ​មិនគប្បីឲ្យ មិនមាន ខ្ញុំបើ​មិនបាន​ឲ្យទានទឹក នឹងមិន​ផឹកឡើយ។ បពិត្រ​វាសវៈ កាលបើ​ខ្ញុំឲ្យទាន អស់កាល​ទាំងពួង​យ៉ាងនេះ ភោគៈ​ទាំងឡាយ​ ក្នុងទី​នេះនឹង​អស់ទៅ បពិត្រ​សក្កៈ តពី​នោះទៅ ខ្ញុំនឹង​លះបង់​កាម​ទាំងឡាយ តាម​សមគួរ​ដល់ចំណែក ​ហើយ​នឹងបួស។

ចប់ កោសិយជាតក ទី៧។

មេណ្ឌកប្បញ្ហាជាតក ទី៨

(៤៧១. មេណ្ឌកបញ្ហជាតកំ (៨))

[៩៨៤] (ព្រះបាទវិទេហរាស្រ្ត ទ្រង់ត្រាស់សួរពួក​អ្នកប្រាជ្ញ​ថា) តាំងពី​កាលណា​មកក្នុង​លោកនេះ មិនធ្លាប់​មានពួក​សត្វណា​មានជើង ៧2) យកគ្នា​ជាសំឡាញ់​ឡើយ សត្វទាំង​ពីរនោះ ជាសត្រូវ​នឹងគ្នាទេ (តែឥឡូវ) ត្រឡប់​ជាយក​គា្ន​ធ្វើជា​សំឡាញ់ ប្រព្រឹត្ត​រាប់អានគ្នា តើ​ព្រោះហេតុ​ដូចម្តេច។

[៩៨៥] ប្រសិនបើអ្នកទាំងឡាយ មិនអាចដោះប្រស្នា​យើងនុ៎ះ ក្នុងពេល​បាយព្រឹក ក្នុង​ថ្ងៃនេះ​បាន​ទេ យើងនឹង​បំបរបង់​អ្នកទាំង​អស់គ្នា​អំពីដែន ព្រោះយើង​មិនត្រូវការ​នឹង​ពួកមនុស្ស​ឥតប្រាជ្ញា​ឡើយ។

[៩៨៦] (អាចារ្យសេនកៈ បែរមើលទៅពោធិសត្វ ហើយក្រាប​ទូលព្រះបាទ​វិទេហរាស្រ្ត​ថា) កាលបើ​មានការ​ប្រជុំនៃ​មហាជន គគ្រឹក​គគ្រេង កាលបើ​មានការ​ជួបជុំ​រជើបរជួល​នៃជន កើតឡើង​ហើយ (យ៉ាងនេះ) យើងខ្ញុំ​មានចិត្ត​រវើរវាយ មាន​ចិត្តមិន​នឹងនៅ​ក្នុង​អារម្មណ៍​តែមួយ មិនអាច​ឆ្លើយប្រស្នា​នុ៎ះ​បាន​ទេ។

[៩៨៧] បពិត្រព្រះបាទជនិន្រ្ទាធិរាជ អ្នកប្រាជ្ញទាំងឡាយ ម្នាក់ ៗ មានចិត្ត​តាំងនៅ​ក្នុង​អារម្មណ៍​តែមួយ ទៅក្នុងទីស្ងាត់​ហើយ គិតនូវ​សេចក្តី​ទាំងឡាយ ពិចារណា​នូវ​កាយវិវេក និង​ចិត្តវិវេក ទើបក្រាប​ទូលសេចក្តី​នុ៎ះ ក្នុងកាល​ជាខាង​ក្រោយបាន។

[៩៨៨] (អាចារ្យសេនកៈ ក្រាបទូលថា) សាច់ពពែ ជាទីពេញចិត្ត ជាទីគាប់ចិត្ត​របស់​កូន​អាមាត្យ និងព្រះរាជបុត្រ​ទាំងឡាយ ពួកកូន​អាមាត្យ និង​ព្រះរាជបុត្រ​ទាំង​នោះ មិន​បរិភោគ​សាច់ឆ្កែទេ បាន​ជាពពែ និងឆ្កែ យកគ្នា​ជាសំឡាញ់។

[៩៨៩] (អាចារ្យបុក្កុសៈ ទូលថា) ពួកជនតែងពន្លះស្បែកពពែ សម្រាប់​ក្រាលលើ​ខ្នង​សេះ ព្រោះហេតុ​ចង់ឲ្យស្រួល តែពួក​ជនទាំង​នោះ មិនក្រាល​ស្បែកឆ្កែទេ បាន​ជាពពែ និងឆ្កែ យកគ្នា​ជាសំឡាញ់។

[៩៩០] (អាចារ្យកាមិន្ទ ទូលថា) ពពែមានស្នែង​ជារង្វង់ ឯឆ្កែគ្មាន​ស្នែងទេ ពពែ​ស៊ីស្មៅ ឆ្កែ​ស៊ីសាច់ បាន​ជាពពែ និងឆ្កែ​យកគ្នាជា​សំឡាញ់។

[៩៩១] (អាចារ្យទេវិន្ទ ទូលថា) ពពែស៊ីស្មៅ ស៊ីស្លឹកឈើ ឯឆ្កែមិន​ស៊ីស្មៅ មិន​ស៊ី​ស្លឹកឈើទេ ឆ្កែខាំ​តែទន្សាយ និង​សំពោច បាន​ជាពពែ និងឆ្កែ យកគ្នា​ជាសំឡាញ់។

[៩៩២] (ព្រះមហោសធ ទូលថា) សត្វជើង ៧ កន្លះ គឺឆ្កែមាន​ជើងបីកន្លះ ពពែ​មាន​ជើង ៤ មាន​ក្រចក ៨ បន្លំលួច​សាច់ ឯឆ្កែនេះ លួច (ស្មៅ) ឲ្យពពែ​នេះ ពពែនេះ លួចសាច់​ឲ្យឆ្កែ​ឯនោះ។

[៩៩៣] ឮថា ព្រះបាទវិទេហរាស្រ្ត ជាស្តេចដ៏ប្រសើរ ជាធំ​ជាងជន សេ្តច​គង់នៅលើ​ប្រាសាទ​ដ៏ប្រសើរ ទ្រង់ទត​ឃើញ​ជាក់ច្បាស់​នូវការ​ផ្លាស់ប្តូរភោជន​ដល់គ្នា​នឹងគ្នានុ៎ះ របស់ឆ្កែ និងពពែ ដែលដើរ​ទៅលួច​អាហារ​ពេញមាត់ មកឲ្យគ្នា​បរិភោគ។

[៩៩៤] (ព្រះបាទវិទេហរាស្ត្រ ទ្រង់មានព្រះរាជឱង្ការថា) យើងហៅ​ពេញជា​មាន​លាភ មាន​សភាព​មិនតិចទេ ព្រោះអ្នក​ប្រាជ្ញទាំង​ឡាយ​បែបនេះ មាននៅ​ក្នុងត្រកូល​របស់យើង អ្នក​ប្រាជ្ញ​ទាំងនេះ យល់អាថ៌​ប្រស្នាដ៏​ជ្រាលជ្រៅ​ល្អិត ដោយ​សុភាសិត​បាន។

[៩៩៥] យើងមានចិត្តត្រេកអរដ៏ក្រៃលែង យើងឲ្យសេះ​អស្សតរ និង​រថមួយ ៗ ម្នាក់ ឲ្យស្រុក​សួយដែល​បរិបូណ៌​មួយ ៗ ម្នាក់ ដល់អ្នក​ទាំងអស់គ្នា ជាអ្នក​ប្រាជ្ញ ព្រោះ​សុភាសិត។

ចប់ មេណ្ឌកប្បញ្ហាជាតក ទី៨។

មហាបទុមជាតក ទី៩

(៤៧២. មហាបទុមជាតកំ (៩))

[៩៩៦] (ពួកជន ក្រាបទូលថា) ព្រះរាជាជាឥស្សរៈ បើមិនទាន់​ឃើញទោស​តូចធំ ដោយ​សព្វគ្រប់ អំពីសំណាក់​បុគ្គលដទៃ ទាំង​មិនទាន់​ពិចារណា​ឲ្យឃើញ​ច្បាស់ដោយ​ខ្លួន​ឯងទេ មិនគប្បី​ដាក់អាជ្ញា​ឡើយ។

[៩៩៧] បើក្សត្រិយ៍ណា មិនទាន់ពិចារណា ​ហើយ​ធ្វើអាជ្ញា ក្សត្រិយ៍នោះ ឈ្មោះថា លេប​ភោជន​ប្រកប​ដោយបន្លា ប្រកប​ដោយ​រុយ ដូចជា​មនុស្សខ្វាក់។

[៩៩៨] ព្រះរាជាណា ដាក់អាជ្ញាដល់បុគ្គល​ដែលមិន​គួរដាក់​អាជ្ញា មិនដាក់​អាជ្ញា​ដល់​បុគ្គល​ដែលគួរ​ដាក់អាជ្ញា ព្រះរាជា​នោះ ឈ្មោះថា មិនដឹង​ការស្មើ និង​មិនស្មើ ដូចជា​មនុស្ស​ខ្វាក់ ដើរតាម​ផ្លូវមិន​រាបស្មើ។

[៩៩៩] ព្រះរាជាណា ឃើញនូវហេតុទាំងឡាយ​តូច និងធំនុ៎ះ ដោយសព្វ​គ្រប់ ជាហេតុ​ដែល​ឃើញ​ត្រឹមត្រូវ​ហើយ សឹមប្រៀន​ប្រដៅ​ ព្រះរាជា​នោះ ទើបគួរ​ហៅថា ព្រះរាជា​បាន។

[១០០០] ព្រះរាជា ដែលមានព្រះទ័យទន់ពេក មានព្រះទ័យ​រឹងពេក ក៏មិន​អាចតាំង​ខ្លួន ក្នុង​ភាពជា​ធំបាន​ទេ ហេតុនោះ ព្រះរាជា​គួរប្រព្រឹត្ត​នូវហេតុ​ទាំងពីរ។

[១០០១] (ព្រោះ) ព្រះរាជា ដែលមានព្រះទ័យទន់ ត្រូវពួក​រាស្រ្ត​មើលងាយ ឯ​ព្រះរាជា​មាន​ព្រះទ័យ​រឹងពេក រមែង​មាន​ពំនៀរ ព្រះរាជា​ជ្រាបហេតុ​ទាំងពីរនោះ​ហើយ ត្រូវ​ប្រព្រឹត្ត​ជា​កណ្តាល។

[១០០២] បុគ្គលត្រេកអរហើយ និយាយច្រើនក៏មាន បុគ្គល​ខឹង​ហើយ និយាយ​ច្រើ​ក៏មាន បពិត្រ​មហារាជ ព្រះអង្គ​មិនគួរ​សម្លាប់​ព្រះរាជបុត្រ ព្រោះហេតុ​តែស្ត្រីទេ។

[១០០៣] (ព្រះរាជា…) មនុស្សលោកទាំងអស់ (ជាបក្ខពួក​ខាងកុមារ) ឯស្ត្រីនេះ​តែម្នាក់​ឯងទេ ព្រោះ​ហេតុនោះ យើងនឹង​ប្រតិបត្តិ (តាមពាក្យ​នាងនេះ​វិញ) អ្នកឯងចូរ​ទៅទម្លាក់​វា (ក្នុង​ជ្រោះភ្នំទៅ)។

[១០០៤] យើងជាបិតា បានឲ្យគេយកកូន​ឯង ទៅបោះ​ក្នុងជ្រោះ​ភ្នំដ៏ជ្រៅ ច្រើន​ជួរត្នោត មិនងាយ​ឡើងមក​រួចទេ ហេតុអ្វីបាន​ជាកូនឯង​មិនស្លាប់​ក្នុង​ជ្រោះនោះ។

[១០០៥] (មហាបទុមតាបសថា…) ក្នុងវេលានោះ នាគរាជ​មានកំឡាំង​ដ៏ខ្លាំងពូកែ អាស្រ័យ​នៅនឹងភ្នំ បាន​ទទួល​ទ្រអាត្មាភាព ដោយភ្នេន​ទាំងឡាយ ហេតុនោះ​ បាន​ជាអាត្មា​ភាព មិនស្លាប់​ក្នុងជ្រោះ​នោះ។

[១០០៦] (ព្រះរាជា…) ម្នាលរាជបុត្រ សូមលោក​និមន្តមក យើងនឹង​នាំលោក​ទៅកាន់​ផ្ទះរបស់​ខ្លួនវិញ ម្នាលលោក​ដ៏ចំរើន សូមលោក​គ្រប់គ្រង​រាជសម្បត្តិ​ចុះ លោកនៅ​ធ្វើអ្វី​ក្នុងព្រៃ។

[១០០៧] (មហាបទុមតាបស…) បុគ្គលលេបផ្លែសន្ទូច ​ហើយទាញ​ចេញមក លុះ​ទាញ​ចេញមក ព្រមទាំង​ឈាម គប្បីជាសុខ​យ៉ាងណា អាត្មាភាព​ឃើញច្បាស់​ដោយខ្លួនឯង ក៏យ៉ាង​នោះដែរ។

[១០០៨] (ព្រះរាជា…) លោកពោលថា អ្វីជាផ្លែសន្ទូច លោកពោលថា អ្វីជាឈាម លោក​ពោលថា អ្វីទាញ​ចេញមក កាលបើ​យើងសួរ​ហើយ លោកចូរ​ប្រាប់រឿង​នោះ។

[១០០៩] (មហាបទុមតាបស…) អាត្មាភាព ពោលនូវកាមថា​ជាផ្លែសន្ទូច ពោលនូវ​ដំរី និង​សេះថា​ជាឈាម ពោលនូវ​ការលះ​ចោល ថា​ជាគ្រឿង​ទាញ​ចេញមក បពិត្រ​ក្សត្រិយ៍ សូម​ព្រះអង្គ​ជា្របយ៉ាង​នេះចុះ។

[១០១០] (ប្រជុំជាតក) មាតាចុងនៃតថាគត គឺនាង​ចិញ្ចមាណវិកា បិតា​តថាគត គឺ​ទេវទត្ត នាគរាជ គឺ​អានន្ទ​ជាអ្នកប្រាជ្ញ ទេវតា គឺសារីបុត្រ រាជបុត្រ ក្នុងកាល​នោះ គឺតថាគត អ្នក​ទាំងឡាយ ចូរចាំទុក​នូវជាតក​ដោយប្រការ​យ៉ាងនេះចុះ។

ចប់ មហាបទុមជាតក ទី៩។

មិត្តាមិត្តជាតក ទី១០

(៤៧៣. មិត្តាមិត្តជាតកំ (១០))

[១០១១] (ព្រះបាទព្រហ្មទត្ត សួរមហាសត្វថា) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮ​ពួក​ជន កំពុងធ្វើនូវអំពើ​អ្វី ៗ គប្បី​ដឹងថា ជាអមិត្រ​បាន តើវិញ្ញុជន គប្បី​ព្យាយាម​ដូចម្តេច។

[១០១២] (ព្រះមហាសត្វ សំដែងនូវលក្ខណៈនៃបុគ្គលជា​សត្រូវ​នោះថា) បុគ្គល​ជាសត្រូវ ឃើញ​បុគ្គលនោះ​ហើយ មិន​ញញឹម ១ មិនទទួល​ត្រេកអរ​នឹងសំដី​បុគ្គលនោះ ១ មិនឲ្យ​ភ្នែកដល់​បុគ្គលនោះ ១ ប្រព្រឹត្ត​ទទឹងទាស់ ១។

[១០១៣] បុគ្គលអែបអបនឹងពួកសត្រូវ របស់បុគ្គល​នោះ ១ មិនសេពគប់​នឹងពួកមិត្រ​របស់​បុគ្គលនោះ ១ រារាំង​ពួកជន​អ្នកនិយាយ​សរសើរ ១ សរសើរ​ពួកជន​អ្នកជេរ ១។

[១០១៤] មិនប្រាប់សេចក្តីកំបាំង ដល់បុគ្គលនោះ ១ មិនលាក់​សេចក្តី​កំបាំង​របស់​បុគ្គល​នោះ ១ មិនសរសើរ​ការងារ​របស់បុគ្គល​នោះ ១ មិនសរសើរ​ប្រាជ្ញា​របស់​បុគ្គលនោះ ១។

[១០១៥] ត្រេកអរនឹងសេចក្តីវិនាស​របស់បុគ្គលនោះ ១ មិនត្រេកអរ​នឹងសេចក្តី​ចំរើន​របស់​បុគ្គលនោះ ១ បាន​ភោជន​ចំឡែក មិននឹកនា​ដល់បុគ្គល​នោះ ១ មិន​អនុគ្រោះ​បុគ្គល​នោះ អំពី​របស់នោះ​ថា ឱមិត្រនោះ គប្បីបាន​របស់នេះ​ខ្លះ ១។

[១០១៦] បណ្ឌិតឃើញ ឬឮ ហើយស្គាល់ថា ជាអមិត្របាន​ ដោយអាការ​ទាំង ១៦ នេះ ដែល​ដំកល់នៅ​ក្នុង​អមិត្រ​ដោយ​ប្រការៈ​ដូច្នេះ។

[១០១៧] (ព្រះបាទព្រហ្មទត្ត…) បណ្ឌិតអ្នកមានប្រាជ្ញា ឃើញ ឬឮ​ពួកជន កំពុង​ធ្វើការងារ​អ្វី ៗ គប្បី​ដឹងថា ជាមិត្របាន​ តើវិញ្ញុជន គប្បី​ព្យាយាម​ដូចម្តេច។

[១០១៨] (មហាសត្វ…) បុគ្គលជាមិត្រ តែងនឹករលឹក​ដល់មិត្រ​ដែលនៅ​បែកគ្នា ១ ត្រេកអរ​នឹងមិត្រ​ដែល​មកដល់ ១ ជាអ្នក​រាប់អាន​ចំពោះ​មិត្រនោះ ១ ទទួល​រីករាយ​ដោយវាចា ១។

[១០១៩] គប់រកនឹងពួកមិត្រ​របស់មិត្រនោះ ១ មិនសេពគប់​នឹងពួក​អមិត្រ​របស់​មិត្រ​នោះ ១ ហាមឃាត់​នូវពួក​អ្នកជេរ ១ សរសើរ​ពួកជន​ដែលនិយាយ​សរសើរ ១។

[១០២០] ប្រាប់សេចក្តីកំបាំង​ដល់មិត្រនោះ ១ បិទបាំង​សេចក្តី​កំបាំង​របស់មិត្រ​នោះ ១ សរសើរ​ការងារ​របស់មិត្រនោះ ១ សរសើរ​ប្រាជ្ញា​របស់​មិត្រនោះ ១។

[១០២១] ត្រេកអរនឹងសេចក្តីចំរើន​របស់មិត្រនោះ ១ មិនត្រេកអរ​នឹងសេចក្តី​វិនាស​របស់​មិត្រនោះ ១ បាន​ភោជន​ចំឡែក តែងនឹកនា​ដល់មិត្រនោះ ១ អនុគ្រោះ​មិត្រនោះ​អំពី​របស់​នោះថា ឱមិត្រនោះ គប្បីបាន​របស់នេះ​ខ្លះ ១។

[១០២២] បណ្ឌិតឃើញ ឬឮ​ហើយ ស្គាល់ថា​ជាមិត្រ ដោយ​អាការទាំង ១៦ នេះ ដែល​ដំកល់​នៅក្នុង​មិត្រ​ដោយ​បការៈ​ដូច្នេះ។

ចប់ មិត្តាមិត្តជាតក ទី១០។

ឧទ្ទាននៃទ្វាទសនិបាតនោះគឺ

និយាយអំពីស្ត្រីចិត្តស្រាល ១ រុក្ខទេវតាឈ្មោះ​ភទ្ទសាល ១ ពួកជនភ្ជួររាស់ ១ កាម ១ ហេតុ ១០ យ៉ាង ១ ឆ្កែខ្មៅ ១ កោសិយសេដ្ឋី ១ ពពែដ៏ប្រសើរ ១ មហាបទុមកុមារ ១ មិត្រ​ដ៏ប្រសើរ ១ រួមត្រូវ​ជា ១០។

ចប់ ទ្វាទសនិបាត។

 

លេខយោង

1)
ពួកអ្នកលេង​តែងខ្លួន​មិនរកស៊ី​អ្វី យកស្ត្រី​មេម៉ាយ​អ្នកមានទ្រព្យ ចាយទ្រព្យ​អស់ហើយ រករឿង​បំបែក​លែងស្ត្រី​នោះចោល ទៅរក​ស្ត្រីមេម៉ាយ​ស្តុកដទៃទៀត។ តាមន័យ​ក្នុង​អដ្ឋកថា។
2)
ពពែ និងឆ្កែ សត្វទាំងពីរ​នេះ មានជើងបួន ៗ តែឆ្កែ​ខូចជើង​មួយ។
km/tipitaka/sut/kn/jat/sut.kn.jat.v12.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann