User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.40

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤០. និស្សយមុច្ចនកកថា

សង្ខេប

?

mv 01.40 បាលី cs-km: vin.mv.01.40 អដ្ឋកថា: vin.mv.01.40_att PTS: ?

និស្សយមុច្ចនកកថា (ទី៤០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤០.)

[១១៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺជាភិក្ខុ​មិនប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​មិនប្រកបដោយ​កងសមាធិ ជារបស់​អសេក្ខ​បុគ្គល១ ជាភិក្ខុ​មិនប្រកបដោយ​កងបញ្ញា (វិបស្សនា) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​មិនប្រកប​ដោយ​​កងវិមុត្តិ (អរហត្តផល) ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​មិនប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជារបស់អសេក្ខបុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង មិនគប្បីនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គប្បីនៅ​ដោយ​មិនបាច់មាននិស្ស័យបាន គឺជាភិក្ខុ​ប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកប​ដោយ​​កងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកបដោយ​កងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកប​ដោយ​កងវិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ ជារបស់​អសេក្ខ​បុគ្គល១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង ទើបគួរ​នៅបានដោយ​មិន​បាច់​មាន​និស្ស័យ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ដទៃទៀត មិនគប្បីនៅដោយ​ឥត​មាន​និស្ស័យ គឺជាភិក្ខុ​មិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុ​មិនខ្លាចបាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុ​វង្វេង​ស្មារតី១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង មិនគួរនៅ​ដោយឥត​និស្ស័យ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ គួរនៅបានដោយមិនបាច់មាននិស្ស័យ គឺជាភិក្ខុ​មានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុប្រារព្ធព្យាយាម១ ជាភិក្ខុ​ដម្កល់​ស្មារតី​ខ្ជាប់​ខ្ជួន១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង ទើបគួរនៅបានដោយមិនបាច់​មាន​និស្ស័យ​​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៥ក្រៅពីនេះទៀត មិនគប្បី​នៅ​ដោយ​​ឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុ​វិបត្តិ​ទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុចេះចាំតិច១ ជាភិក្ខុអាប់ឥតប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយ​អង្គទាំង៥នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយ​អង្គទាំងឡាយ៥ គប្បីនៅដោយ​មិនមាននិស្ស័យបាន គឺជាភិក្ខុមិនវិបត្តិសីល​ក្នុងសីល​ដ៏ក្រៃលែង​១ ជាភិក្ខុមិនវិបត្តិអាចារក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុមិន​វិបត្តិ​ចាកទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុ​ចេះចាំ​ច្រើន១ ជាភិក្ខុមានប្រាជ្ញា១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង៥នេះឯង ទើបគួរ​នៅ​ដោយ​មិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំងឡាយ៥​ក្រៅពី​នេះ​ទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់​អនាបត្តិ១ មិន​ស្គាល់​អាបត្តិ​ស្រាល​១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ1) ភិក្ខុ​នោះ​ក៏មិនបានចេះដោយពិស្តារ ភិក្ខុនោះមិនបាន​ចែក​ដោយប្រពៃ មិនបាន​ឲ្យប្រព្រឹត្ត​ដោយប្រពៃ (មិន​ចាំស្ទាត់​រត់មាត់) មិនកាត់សេចក្តីដោយល្អ តាមសុត្ត (សង្គ្រោះ​យក​ខន្ធកវិន័យ និងបរិវារៈ) តាមរបៀប​នៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង៥​នេះ​ឯង មិនគប្បី​នៅដោយ​មិនមាន​និស្ស័យ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ​៥ គប្បីនៅដោយ​ឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់​អាបត្តិ​ធ្ងន់១ ទាំង​បាតិមោក្ខទាំងឡាយពីរ ភិក្ខុ​នោះ​ក៏ចេះដោយត្រឹមត្រូវល្អ យ៉ាងពិស្តារ បាន​ចែក​ដោយល្អ បានឲ្យប្រព្រឹត្តដោយប្រពៃ បានវិនិច្ឆ័យ​ដោយត្រឹមត្រូវតាមសុត្ត តាមរបៀប​នៃព្យញ្ជនៈ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គ​ទាំង​៥នេះឯង ទើបគួរ​នៅដោយ​ឥត​និស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ​៥​ក្រៅពីនេះទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់​អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ មានវស្សា​ថយពីប្រាំ​ចុះមក១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំងឡាយ៥នេះឯង មិនគួរ​នៅដោយឥត​និស្ស័យ​ឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ​៥ គប្បី​នៅ​ដោយ​​ឥតនិស្ស័យបាន គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ មានវស្សាប្រាំ ឬមានវស្សាច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំងឡាយ​៥​នេះ​ឯង ទើបគួរ​នៅដោយឥត​និស្ស័យ​បាន។

[១១៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គទាំងឡាយ៦ មិនគប្បីនៅដោយ​ឥតនិស្ស័យទេ គឺជាភិក្ខុដែល​មិនប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កងសមាធិ ជា​របស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កងបញ្ញា ជារបស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កង​វិមុត្តិ ជារបស់អសេក្ខបុគ្គល១ ដែល​មិនប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខ​បុគ្គល​១ ជាភិក្ខុ​មានវស្សាមិនទាន់គ្រប់​ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង៦នេះឯង មិន​គួរ​នៅដោយឥតនិស្ស័យទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំងឡាយ​៦ គប្បីនៅដោយ​ឥត​និស្ស័យ​បាន គឺជាភិក្ខុ​ប្រកបដោយ​កងសីល ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កងសមាធិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុ​ប្រកបដោយ​កងបញ្ញា ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កង​វិមុត្តិ ជារបស់អសេក្ខបុគ្គល១ ជាភិក្ខុប្រកបដោយ​កងវិមុត្តិញ្ញាណទស្សនៈ ជារបស់អសេក្ខបុគ្គល១ ជា​ភិក្ខុ​​មានវស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង​៦​នេះ​ឯង ទើបគួរ​នៅដោយឥតនិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំង​ឡាយ៦​ក្រៅពី​នេះ​ទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺជាភិក្ខុ​មិនមានសទ្ធា១ ជាភិក្ខុមិនខ្មាសបាប១ ជាភិក្ខុ​មិនខ្លាច​បាប១ ជាភិក្ខុខ្ជិល១ ជាភិក្ខុវង្វេងស្មារតី១ ជាភិក្ខុមានវស្សាមិនទាន់គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ដែលប្រកបដោយ​អង្គទាំង៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ប្រកប​ដោយអង្គទាំងឡាយ៦ គប្បីនៅដោយឥតនិស្ស័យបាន គឺជាភិក្ខុ​មានសទ្ធា១ ជាភិក្ខុខ្មាសបាប១ ជាភិក្ខុខ្លាចបាប១ ជាភិក្ខុមានសេចក្តីប្រារព្ធព្យាយាមហើយ១ ជាភិក្ខុដម្កល់ស្មារតីខ្ជាប់ខ្ជួន១ ជាភិក្ខុ​មាន​វស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គទាំង៦នេះឯង ទើបគួរនៅ​ដោយ​ឥត​និស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយអង្គ​ទាំងឡាយ៦ក្រៅពី​នេះ​ទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺជាភិក្ខុវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុវិបត្តិអាចារ (មារយាទ) ក្នុងអាចារដ៏ក្រៃលែង១ ជាភិក្ខុ​វិបត្តិ​ទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)តិច១ ជាភិក្ខុមិនមានប្រាជ្ញា១ ជាភិក្ខុ​មានវស្សា​មិនទាន់​គ្រប់ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គ​ទាំង​៦នេះឯង មិនគួរនៅដោយឥតនិស្ស័យឡើយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គ​ទាំងឡាយ​៦ គប្បីនៅដោយ​មិនបាច់និស្ស័យ គឺជាភិក្ខុមិនវិបត្តិសីលក្នុងសីលដ៏ក្រៃលែង១ ជាភិក្ខុមិនវិបត្តិ​អាចារ​ក្នុង​អាចារដ៏ក្រៃលែង១ ជាភិក្ខុមិន​វិបត្តិ​ទិដ្ឋិក្នុងទិដ្ឋិ​ដ៏ក្រៃលែង១ ជាភិក្ខុចេះចាំ(ពុទ្ធវចនៈ)ច្រើន១ ជាភិក្ខុ​មាន​ប្រាជ្ញា១ ជាភិក្ខុ​មានវស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកប​ដោយ​​អង្គទាំង៦នេះឯង ទើបគួរនៅ​មិនបាច់មាននិស្ស័យបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយ​អង្គទាំងឡាយ៦ក្រៅពីនេះទៀត មិនគប្បីនៅដោយ​ឥតនិស្ស័យ គឺភិក្ខុមិនស្គាល់អាបត្តិ១ មិនស្គាល់​អនាបត្តិ១ មិនស្គាល់អាបត្តិស្រាល១ មិនស្គាល់អាបត្តិធ្ងន់១ ទាំងបាតិមោក្ខទាំងឡាយពីរ ភិក្ខុ​នោះ​មិនបានចេះចាំដោយពិស្តារ មិនបាន​ចែក​ដោយល្អ មិន​ឲ្យប្រព្រឹត្ត​ដោយប្រពៃ មិនវិនិច្ឆ័យដោយ​ត្រឹម​ត្រូវ តាមសុត្ត តាមលំដាប់ព្យញ្ជនៈ១ ជាភិក្ខុមានវស្សា​មិនគ្រប់​ប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​ប្រកប​ដោយ​អង្គទាំង៦នេះឯង មិនគួរ​នៅដោយ​មិនមាន​និស្ស័យទេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកប​ដោយអង្គទាំងឡាយ៦នេះឯង គប្បីនៅដោយ​មិនបាច់និស្ស័យ គឺភិក្ខុស្គាល់អាបត្តិ១ ស្គាល់​អនាបត្តិ១ ស្គាល់អាបត្តិស្រាល១ ស្គាល់អាបត្តិធ្ងន់១ ទាំង​បាតិមោក្ខទាំងឡាយពីរ ភិក្ខុ​នោះ​ក៏ចេះចាំយ៉ាងពិស្តារ បាន​ចែក​ដោយល្អ ឲ្យប្រព្រឹត្តទៅ​ដោយប្រពៃ កាត់សេចក្តី​ដោយត្រឹមត្រូវតាមសុត្ត តាម​លំដាប់​ព្យញ្ជនៈ១ ជាភិក្ខុ​មានវស្សាប្រាំ ឬមានវស្សា​ច្រើនជាងប្រាំ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយ​អង្គ​ទាំង៦នេះឯង ទើបគួរ​នៅដោយមិនមាន​​និស្ស័យបាន។

ចប់ អភយូវរភាណវារៈ។

 

1)
ឱវាទបាតិមោក្ខ និងអាណាបាតិមោក្ខ។ អាណាបាតិមោក្ខចែក​ជាពីរ គឺ​ភិក្ខុបាតិមោក្ខ១ ភិក្ខុនីបាតិមោក្ខ១ ក្នុងទីនេះ ទ្រង់សំដៅយក​ភិក្ខុ​បាតិមោក្ខ និងភិក្ខុនីបាតិមោក្ខ។
km/tipitaka/vin/mv/vin.mv.01.40.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann