User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.41

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៤១. រាហុលវត្ថុ

សង្ខេប

?

mv 01.41 បាលី cs-km: vin.mv.01.41 អដ្ឋកថា: vin.mv.01.41_att PTS: ?

រាហុលវត្ថុ (ទី៤១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤១.)

[១១៨] គ្រានោះឯង ព្រះដ៏មានព្រះភាគ​ទ្រង់គង់​ក្នុងក្រុង​រាជគ្រឹះ តាមសមគួរ​ដល់​ពុទ្ធ​អធ្យាស្រ័យហើយ ទ្រង់យាងសំដៅ​ទៅកាន់ចារិក ឯក្រុងកបិលវត្ថុ ត្រាច់ទៅតាមលំដាប់ៗហើយ ទ្រង់​បានយាង​ទៅដល់​ក្រុងកបិលវត្ថុនោះឯង។ តាមដំណាលក្នុងនិទាននោះថា ព្រះដ៏មានបុណ្យ​ ទ្រង់​គង់​ក្នុងនិគ្រោធារាម ក្បែរក្រុងកបិលវត្ថុ ក្នុងដែនសក្កៈ។ លំដាប់នោះ ព្រះដ៏មានបុណ្យ ព្រះអង្គទ្រង់​ស្បង់ ទ្រង់បាត្រចីវរ ហើយយាងចូលទៅកាន់ដំណាក់​ព្រះបាទ​សុទ្ធោទនសក្យរាជ ក្នុងវេលាព្រឹក លុះ​ចូល​ទៅ​ដល់ហើយ ទ្រង់គង់លើអាសនៈដែលគេរៀបចំថ្វាយ។ គ្រានោះ ព្រះនាងទេវី​ជាមាតា​រាហុល បានពោល​ពាក្យ​នេះ​នឹងរាហុល​កុមារថា ម្នាលរាហុល ព្រះសមណៈនេះ ជាបិតារបស់បាហើយ បាឯង​ចូរទៅសូម​ទ្រព្យ​​មត៌ក​របស់បិតាបាចុះ។ លំដាប់នោះ រាហុលកុមារក៏ចូល​ទៅរកព្រះដ៏មានព្រះភាគ លុះ​ចូល​ទៅ​ដល់​ហើយ ក៏ឈរ​ចំពោះ​ព្រះភក្ត្រ​ព្រះដ៏មានព្រះភាគ ហើយក្រាបទូលថា បពិត្រ​ព្រះសមណៈ ម្លប់ (បុណ្យ) របស់ព្រះអង្គ​សុខស្រួលណាស់។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់​ក្រោកចាកពុទ្ធាសនៈ ហើយយាងចេញទៅ។ គ្រានោះ រាហុលកុមារ ក៏តាមព្រះដ៏មានព្រះភាគប្រកិត​អំពីខាងក្រោយៗ ហើយ​ក្រាបទូលថា បពិត្រ​ព្រះសមណៈ សូមព្រះអង្គ​ទ្រង់ប្រទាន​ទ្រព្យ​មត៌កដល់ខ្ញុំ សូមព្រះអង្គ ទ្រង់​ប្រទាន​ទ្រព្យមត៌ក​ដល់ខ្ញុំ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ​ទ្រង់​ហៅព្រះសារីបុត្រ​ដ៏មានអាយុ​មកហើយ​ត្រាស់​ថា ម្នាលសារីបុត្រ បើដូច្នោះ អ្នកចូរបំបួស​រាហុលកុមារចុះ។ ព្រះសារីបុត្រទូលសួរថា បពិត្រ​ព្រះអង្គ​ដ៏​ចំរើន ខ្ញុំព្រះករុណានឹងបំបួស​រាហុលកុមារ​ដោយវិធីដូចម្តេច។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះ​ដ៏​មាន​បុញ្ញសិរី ទ្រង់​ធ្វើធម្មីកថា ត្រាស់ហៅ​ភិក្ខុទាំងឡាយមក ទ្រង់​អនុញ្ញាត​ថា ម្នាលភិក្ខុ​ទាំងឡាយ តថាគត​​អនុញ្ញាតសាមណេរបព្វជ្ជា​ដោយត្រៃសរណគមន៍ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​គប្បី​បំបួស​កុលបុត្រ​យ៉ាងនេះគឺ មុនដំបូងភិក្ខុត្រូវកោរសក់ និងពុកមាត់​ឲ្យហើយ ឲ្យ​ស្លៀកសំពត់​កាសាយៈ​ទាំងឡាយ រួច​ពាក់​​សំពត់ឧត្តរាសង្គ​ឆៀងស្មាម្ខាង ឲ្យសំពះ​​បាទានៃភិក្ខុទាំងឡាយ ឲ្យអង្គុយ​ច្រហោង ផ្គង​អញ្ជលី​ឡើង ហើយត្រូវ​ប្រាប់កុលបុត្រនោះថា អ្នកចូរពោល​​យ៉ាងនេះ គឺត្រូវពោលថា ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ខ្ញុំ​ព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ជាគំរប់ពីរដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះពុទ្ធ​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា​ សូមដល់នូវ​ព្រះធម៌​ជាទីរលឹក ជាគំរប់បីដងផង ខ្ញុំព្រះករុណា សូមដល់នូវ​ព្រះសង្ឃ​ជាទីរលឹក ជាគំរប់បីដងផង ម្នាលភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាតសាមណេរ​បព្វជ្ជា ដោយត្រៃសរណគមន៍​នេះ។ ព្រះសារីបុត្រដ៏មានអាយុ ក៏បំបួស​រាហុលកុមារ​ក្នុងខណៈ​នោះឯង​។1) លំដាប់នោះឯង ព្រះបាទសុទ្ធោទនសក្យរាជ ទ្រង់យាង​ចូលទៅ​គាល់ព្រះដ៏មានព្រះភាគ លុះចូល​ទៅដល់ហើយ ក្រាបថ្វាយបង្គំ​ព្រះដ៏មានព្រះភាគ​ហើយ គង់​ក្នុងទី​ដ៏សមគួរ លុះគង់ក្នុងទីដ៏សមគួរ​ហើយ ព្រះបាទសុទ្ធោទនសក្យរាជ ក៏ទ្រង់​មានព្រះរាជ​ឱង្ការ​យ៉ាងនេះ​នឹងព្រះដ៏មានព្រះភាគ​ថា បពិត្រ​ព្រះអង្គដ៏ចំរើន ខ្ញុំព្រះករុណាសូមពរ​ម្យ៉ាងអំពី​ព្រះដ៏មានព្រះភាគ។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា បពិត្រ​ព្រះគោតម2) ព្រះតថាគតទាំងឡាយមានពរ​កន្លងហើយ។ ព្រះបាទសុទ្ធោទន​សក្យរាជ ក្រាបទូលថា បពិត្រ​ព្រះអង្គដ៏ចំរើន ពរណាដែលគួរ ពរណាដែល​មិនមានទោស (ខ្ញុំ​សូមពរ​នោះ)។ ព្រះសម្ពុទ្ធ​ទ្រង់ត្រាស់ថា បពិត្រ​ព្រះគោតម សូមព្រះអង្គមាន​ព្រះបន្ទូល​ចំពោះ​ពរនោះ​ចុះ។ ព្រះបាទសុទ្ធោទន​សក្យរាជ​ក្រាប​ទូល​ថា បពិត្រ​ព្រះអង្គដ៏ចំរើន កាលដែលព្រះអង្គ​មក ទ្រង់​ព្រះផ្នួស​ហើយ ខ្ញុំព្រះករុណាកើត​ទុក្ខ​មិន​មែន​​តិចទេ កាលដែលនន្ទ​និងរាហុល​មកបួស ក៏ខ្ញុំ​ព្រះករុណា​កើតទុក្ខ​ខ្លាំងណាស់ដូច្នោះដែរ បពិត្រ​ព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់រាហុលកុមារ​ ដូចជាកូន លើសពន់​ប្រមាណ (ហាក់ដូចជា) កាត់នូវ​សម្បុរ​ស្បែកក្រៅ លុះកាត់សម្បុរស្បែកក្រៅហើយ ក៏កាត់​នូវស្បែក​ក្នុង លុះ​កាត់ស្បែក​ក្នុងហើយ ក៏កាត់​នូវសាច់ លុះកាត់សាច់ហើយ ក៏កាត់នូវសរសៃ លុះកាត់​សរសៃហើយ ក៏កាត់នូវឆ្អឹង លុះកាត់ឆ្អឹងហើយ ក៏ចុច​រហូត​ដល់ខួរក្នុងឆ្អឹង បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំសូម​អង្វរថា លោកម្ចាស់ទាំងឡាយ​កុំបំបួសកូន​ដែល​មាតាបិតា​មិនបានអនុញ្ញាត​ឡើយ។ លំដាប់នោះ ព្រះដ៏មានព្រះភាគ ទ្រង់ពន្យល់ព្រះបាទសុទ្ធោទន​សក្យរាជ​ឲ្យឃើញច្បាស់ ឲ្យសមាទាននូវ​កុសល​ធម៌​ដោយប្រពៃ ឲ្យក្លៀវក្លា​ឡើងដោយល្អ និងឲ្យមាន​ព្រះហឫទ័យ​​រីករាយ​ដោយធម្មីកថា។ ឯព្រះបាទសុទ្ធោទន​សក្យរាជ លុះព្រះដ៏មានព្រះភាគ ទ្រង់​ពន្យល់​ឲ្យឃើញច្បាស់ ឲ្យសមាទាននូវ​កុសល​ធម៌​ដោយប្រពៃ ឲ្យក្លៀវក្លា​ឡើងដោយល្អ និងឲ្យ​រីករាយ​ដោយធម្មីកថាហើយ ក៏ក្រោកចាក​អាសនៈ​ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ (យាងវិល​ខាង​ស្តាំ)​ ហើយស្តេចចៀសចេញទៅ។ ព្រោះនិទាននេះ ដំណើរនេះ ទើបព្រះដ៏មានព្រះភាគ ទ្រង់ធ្វើ​ធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយ​មក ទ្រង់​បញ្ញត្តថា ម្នាលភិក្ខុទាំងឡាយ បុត្រដែល​មាតានិងបិតាមិន​បានអនុញ្ញាត ភិក្ខុមិនគប្បី​បំបួស​ឡើយ បើភិក្ខុណាបំបួស ត្រូវអាបត្តិ​ទុក្កដ។ លំដាប់ពីនោះមក ព្រះដ៏​មានបុណ្យ ទ្រង់គង់​ក្នុងក្រុងកបិលវត្ថុ តាម​សមគួរដល់​ពុទ្ធអធ្យាស្រ័យហើយ ទ្រង់យាងសំដៅ​ទៅកាន់ចារិក​ឯក្រុងសាវត្ថី ទ្រង់ត្រាស់ទៅកាន់​ចារិក​ដោយលំដាប់ៗហើយ ទ្រង់បានដល់​ទៅក្រុង​សាវត្ថីនោះ។ តាមដំណាល​ក្នុងនិទាននោះថា ព្រះដ៏មាន​បុណ្យ ទ្រង់គង់​ក្នុងជេតវនារាម របស់​អនាថបិណ្ឌិកសេដ្ឋី ក្បែរក្រុងសាវត្ថី។

[១១៩] សម័យនោះឯង ត្រកូលឧបដ្ឋាក​របស់ព្រះសារីបុត្រ​ដ៏មានអាយុ បញ្ជូន​ទារក​ទៅក្នុង​សំណាក់​​ព្រះសារីបុត្រ​ដ៏មានអាយុ ហើយនិយាយថា សូមព្រះថេរៈ​បំបួស​ទារកនេះ​ឲ្យទាន។ គ្រានោះ ​ព្រះសារីបុត្រ​ដ៏មានអាយុត្រិះរិះយ៉ាងនេះថា ព្រះដ៏មានព្រះភាគ ទ្រង់បញ្ញត្តថា ភិក្ខុមួយរូប​មិនត្រូវ​ឲ្យសាមណេរ​ពីររូប​បម្រើខ្លួន ឥឡូវរាហុល​សាមណេរ​នេះ ជាសាមណេរ​របស់អញ តើអញ​នឹង​ត្រូវ​ប្រតិបត្តិ​​ដូចម្តេចហ្ន៎។ ​ព្រះសារីបុត្រក៏ក្រាបទូលសេចក្តីនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់​អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុមួយរូប​ដែល​ឆ្លាស​ប្រតិពល ឲ្យសាមណេរពីរ​រូប​បម្រើបាន ម្យ៉ាងវិញទៀត បើភិក្ខុនោះអាច​ទូន្មាន​ប្រៀនប្រដៅ​សាមណេរ​ប៉ុន្មាន​រូបបាន ឲ្យសាមណេរ​មានទាំងប៉ុណ្ណោះ​បម្រើក៏បានដែរ។

 

1)
ក្នុងអដ្ឋកថា ថា ព្រះមហាមោគ្គល្លានត្ថេរ​កោរសក់ និងឲ្យ​សំពត់​​កាសាយៈ​ដល់រាហុលកុមារ ព្រះសារីបុត្ត​ជាបព្វជ្ជាចារ្យ។ ព្រះមហាកស្សបត្ថេរជាឱវាទាចារ្យ។
2)
ទ្រង់ហៅព្រះពុទ្ធបិតាតាមនាមគោត្រ គឺនាម​ត្រកូល​របស់​ព្រះអង្គ​ដែលហៅថា គោតម​គោត្រ។
km/tipitaka/vin/mv/vin.mv.01.41.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann