User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.01.63

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » មហាខន្ធកៈ

៦៣. ឧបសម្បទាវិធិ

សង្ខេប

?

mv 01.63 បាលី cs-km: vin.mv.01.63 អដ្ឋកថា: vin.mv.01.63_att PTS: ?

ឧបសម្បទាវិធិ (ទី៦៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៦៣.)

[១៤២] ក៏សម័យនោះឯង ពួកភិក្ខុដែលបានឧបសម្បទា មានរោគឃ្លង់ខ្លះ រោគពកខ្លះ រោគស្រែងខ្លះ រោគរីងរៃខ្លះ រោគឆ្កួតជ្រូកខ្លះ ក៏កើតប្រាកដឡើង។ ភិក្ខុទាំងឡាយ ក្រាបទូល​ដំណើរ​នុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គអនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ​ភិក្ខុ​កាល​ឲ្យ​ឧបសម្បទា សួរអន្តរាយិកធម៌១៣យ៉ាងសិន។ ម្នាលភិក្ខុទាំងឡាយ ក៏ឧបសម្បទាបេក្ខៈ​នោះ ភិក្ខុត្រូវ​សួរ​យ៉ាងនេះថា អ្នកមានអាពាធ​ទាំងឡាយ​មានសភាពយ៉ាង​នេះឬទេ គឺរោគឃ្លង់ រោគពក រោគស្រែង រោគរីងរៃ រោគឆ្កួតជ្រូក អ្នកឯង​ជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុល​គេឬ មិនមែន​ជារាជអាមាត្យ (អ្នកធ្វើរាជការ)ទេឬ អ្នកឯង មាតាបិតាបាន​អនុញ្ញាត​ហើយឬ អ្នកឯង​មានឆ្នាំ​ពេញ២០ហើយឬ អ្នកឯងមានបាត្រចីវរ​គ្រប់គ្រាន់​ហើយឬ អ្នកឯង​ឈ្មោះអ្វី ឧបជ្ឈាយ៍​អ្នកឯងឈ្មោះអ្វី។ សម័យនោះ ភិក្ខុទាំងឡាយសួរអន្តរាយិកធម៌ទាំងឡាយ នឹងពួកឧបសម្បទាបេក្ខៈ ដែលខ្លួន​មិនទាន់​បាន​ប្រៀនប្រដៅ។ ឧបសម្បទាបេក្ខៈទាំងឡាយ​ក៏រឹងខ្លួន អៀនអន់​មិនអាច​ឆ្លើយបាន។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យភិក្ខុប្រៀនប្រដៅ (បង្ហាត់) ជាមុនហើយ សឹមសួរ​អន្តរាយិកធម៌ទាំងឡាយ​ជាខាងក្រោយ។ ភិក្ខុទាំងឡាយប្រៀនប្រដៅ​ក្នុងកណ្តាល​សង្ឃ​នោះឯង។ ឧបសម្បទា​បេក្ខៈទាំងឡាយ​ក៏នៅរឹង​ខ្លួន​អៀនអន់​យ៉ាង​នោះដដែល មិនអាច​នឹងឆ្លើយបាន។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់អនុញ្ញាតថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យភិក្ខុប្រៀន​ប្រដៅ​ក្នុងទីដ៏សមគួរហើយ សឹមសួរ​អន្តរាយិកធម៌​ទាំងឡាយ​ក្នុងកណ្តាល​សង្ឃ។ ម្នាលភិក្ខុទាំងឡាយ ក៏ឯឧបសម្បទាបេក្ខៈនោះ ភិក្ខុត្រូវប្រៀនប្រដៅយ៉ាងនេះ។ ភិក្ខុត្រូវឲ្យឧបសម្បទាបេក្ខៈនោះ​កាន់យក​ឧបជ្ឈាយ៍​ជាមុន។ លុះភិក្ខុឲ្យឧបសម្បទា​បេក្ខៈ កាន់យកឧបជ្ឈាយ៍​ហើយ ត្រូវប្រាប់បាត្រ​និងចីវរ​ថា នេះបាត្ររបស់អ្នក នេះសង្ឃាដិ នេះឧត្តរាសង្គៈ នេះអន្តរវាសកៈ អ្នកចូរ​ទៅឈរ​នៅក្នុងឱកាស​ឯណោះ​ចុះ។ ភិក្ខុទាំងឡាយល្ងង់ មិនឆ្លាស ហើយប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈ​ទាំងឡាយ ដែលភិក្ខុទាំងឡាយ​ប្រៀនប្រដៅមិនល្អ នៅតែរឹងខ្លួនអៀនអន់ មិនអាច​នឹងឆ្លើយបាន។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ទ្រង់មានព្រះបន្ទូលថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុល្ងង់ មិនឆ្លាស មិនត្រូវ​ប្រៀនប្រដៅឧបសម្បទាបេក្ខៈទេ ភិក្ខុណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាតឲ្យតែ​ភិក្ខុដែលឆ្លាស​ប្រតិពល ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈបាន។ ភិក្ខុទាំងឡាយដែល​សង្ឃ​មិនបាន​សន្មត ហើយប្រៀនប្រដៅឧបសម្បទាបេក្ខៈ។ ភិក្ខុទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែល​សង្ឃ​មិនបានសន្មត មិនត្រូវ​ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈឡើយ ភិក្ខុណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យតែ​ភិក្ខុដែល​មានការសន្មតិប្រៀនប្រដៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ត្រូវសន្មតយ៉ាង​នេះ។ ត្រូវខ្លួនឯងសន្មតខ្លួនក៏បាន ភិក្ខុដទៃសន្មតភិក្ខុដទៃក៏បាន។ ក៏ឯខ្លួនឯងត្រូវសន្មតខ្លួនដូចម្តេច។ គឺភិក្ខុដែលឆ្លាសប្រតិពល ត្រូវឲ្យសង្ឃយល់ថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បុគ្គល​មានឈ្មោះនេះ1) ជាឧបសម្បទាបេក្ខៈ​របស់​លោកដ៏មានអាយុ​ឈ្មោះនេះ។2) បើកម្មមាន​កាលគួរ​ដល់សង្ឃហើយ ខ្ញុំ​គួរប្រៀនប្រដៅឧបសម្បទាបេក្ខៈឈ្មោះនេះ។ ត្រូវខ្លួនឯងសន្មត​ខ្លួន​យ៉ាង​នេះ។ ភិក្ខុដទៃត្រូវសន្មត​ភិក្ខុដទៃដូចម្តេច។ គឺភិក្ខុឆ្លាសប្រតិពល​ត្រូវឲ្យ​សង្ឃជ្រាបថា បពិត្រ​ព្រះគម្តែង​សង្ឃ​ដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះ​នេះ បើកម្មមានកាលគួរ​ដល់សង្ឃហើយ គួរភិក្ខុមានឈ្មោះនេះ ប្រៀនប្រដៅ​ឧបសម្បទាបេក្ខៈ​ឈ្មោះ​នេះ។ ភិក្ខុដទៃសន្មតភិក្ខុដទៃយ៉ាងនេះ។ ត្រូវភិក្ខុដែល​មានការសន្មតិ​នោះចូលទៅរក​ឧបសម្បទាបេក្ខៈ​ហើយ និយាយ​យ៉ាងនេះថា នែអ្នកមានឈ្មោះនេះ អ្នចាំស្តាប់ កាលនេះជាកាល​ពិត កាលមែន​របស់​អ្នក​ហើយ ហេតុឯណាមានកាលបើ​ភិក្ខុសួរហេតុនោះ​ក្នុងកណ្តាលសង្ឃ (បើ) ហេតុមាន ត្រូវអ្នកនិយាយ​ថា​មាន ហេតុគ្មាន ត្រូវអ្នកនិយាយថាគ្មាន អ្នកកុំរឹងខ្លួនឡើយ កុំអៀនខ្មាសឡើយ ភិក្ខុទាំងឡាយ​នឹងសួរ​អ្នក​យ៉ាងនេះថា អាពាធទាំងឡាយ​មានសភាពយ៉ាងនេះ គឺឃ្លង់ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯង​មាន​ឬទេ អ្នកឯងជាមនុស្ស​ឬ ជាប្រុសឬ ជាអ្នកជាឬ ជាអ្នកមិនចំពាក់បំណុលគេឬ មិនមែន​ជារាជអាមាត្យ​ទេឬ អ្នកឯង​មាតាបិតា​បានអនុញ្ញាត​ហើយឬ អ្នកឯងមានឆ្នាំពេញ២០ហើយឬ អ្នកឯងមាន​បាត្រចីវរ​បរិបូណ៌​ហើយឬ អ្នកឯង​ឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឯងឈ្មោះអ្វី។ មានពាក្យសួរថា ឧបសម្បទាបេក្ខៈ និងអាចារ្យមកជាមួយគ្នា3) ឬអ្វី។ វិសជ្ជនាថា មិន​ត្រូវ​មក​ជាមួយគ្នាទេ។ ត្រូវអាចារ្យ​អ្នកប្រៀនប្រដៅ​មកមុនហើយ ឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែង​សង្ឃ​ដ៏ចំរើន សូមសង្ឃ​ស្តាប់ខ្ញុំ បុគ្គល​មានឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុ​ឈ្មោះ​នេះ។ ឧបសម្បទា​បេក្ខៈនោះ ខ្ញុំប្រៀន​ប្រដៅរួចហើយ។ បើកម្មមានកាលគួរដល់​សង្ឃហើយ ឧបសម្បទាបេក្ខៈ​ឈ្មោះនេះ​គួរមក។ ត្រូវអាចារ្យអ្នកប្រៀនប្រដៅហៅឧបសម្បទាបេក្ខៈនោះថា អ្នកចូរ​មកដូច្នេះ។ ត្រូវអាចារ្យ​អ្នកប្រៀន​ប្រដៅ​ឲ្យឧបសម្បទាបេក្ខៈនោះ ធ្វើឧត្តរាសង្គឆៀងស្មាម្ខាងហើយ ឲ្យ​ថ្វាយ​បង្គំ​បាទាភិក្ខុ​ទាំងឡាយ​ហើយ ឲ្យអង្គុយច្រហោង​ផ្គងអញ្ជលី​ឡើង ហើយឲ្យសូម​ឧបសម្បទាថា បពិត្រព្រះគម្តែងសង្ឃ​ដ៏ចំរើន ខ្ញុំសូមឧបសម្បទានឹងសង្ឃ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​អាស្រ័យ​សេចក្តីអនុគ្រោះហើយស្រោចស្រង់ខ្ញុំផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទា​នឹងសង្ឃ​អស់វារៈ​ជាគំរប់​ពីរដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ ស្រោចស្រង់ខ្ញុំផង។ បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន ខ្ញុំសូមឧបសម្បទា​នឹងសង្ឃ​អស់វារៈ​ជាគំរប់​បីដងផង បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃ​អាស្រ័យ​សេចក្តី​អនុគ្រោះ​ហើយ ស្រោចស្រង់ខ្ញុំផង។ ភិក្ខុដែលឆ្លាស​ប្រតិពលត្រូវឲ្យសង្ឃជ្រាបថា បពិត្រព្រះគម្តែងសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គល​នេះ ឈ្មោះនេះជាឧបសម្បទាបេក្ខៈ​របស់លោក​ដ៏មានអាយុ​ឈ្មោះនេះ។ បើកម្ម​មានកាលគួរ​ដល់​សង្ឃ​ហើយ ខ្ញុំគួរសួរ​អន្តរាយិកធម៌​ទាំងឡាយ នឹងឧបសម្បទា​បេក្ខៈឈ្មោះនេះ។ នែអ្នកមាន​ឈ្មោះនេះ អ្នក​ចាំ​ស្តាប់ កាលនេះជាកាលពិត កាលមែនរបស់អ្នកហើយ ហេតុឯណា​កើតហើយ ខ្ញុំសូម​សួរ​ហេតុ​នោះ ហេតុមាន អ្នកត្រូវនិយាយថាមាន ហេតុមិនមាន អ្នកត្រូវ​និយាយថាមិនមាន អាពាធទាំងឡាយ​មាន​សភាព​យ៉ាងនេះ គឺឃ្លង់ ពក ស្រែង រីងរៃ ឆ្កួតជ្រូក អ្នកឯងមានឬទេ អ្នកឯង​ជាមនុស្សឬ ជាប្រុសឬ ជាអ្នកជាឬ មិនចំពាក់បំណុល​គេទេឬ មិនមែន​ជារាជអាមាត្យទេឬ អ្នកឯងមាតាបិតា​បានអនុញ្ញាត​ហើយ​ឬ អ្នកឯងមានឆ្នាំ២០បរិបូណ៌ហើយឬ អ្នកឯងមានបាត្រចីវរបរិបូណ៌ហើយឬ អ្នកឈ្មោះអ្វី ឧបជ្ឈាយ៍របស់អ្នកឈ្មោះអ្វី។ ភិក្ខុដែលឆ្លាសប្រតិពល​ត្រូវឲ្យសង្ឃ​ជ្រាបថា បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះ​នេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈនោះ មានបាត្រនិតចីវរបរិបូណ៌ហើយ។ ឥឡូវ​ឧបសម្បទាបេក្ខៈឈ្មោះ​នេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះជា​ឧបជ្ឈាយ៍។ បើកម្មមានកាលគួរដល់សង្ឃហើយ សូមសង្ឃឲ្យឧបសម្បទាដល់ឧបសម្បទាបេក្ខៈ​ឈ្មោះ​នេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ នេះជាញត្តិ។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូម​សង្ឃ​ស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះ​នេះ បរិសុទ្ធ​ចាក​អន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈ​មានបាត្រចីវរបរិបូណ៌​ហើយ។ ឥឡូវ​ឧបសម្បទា​បេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃ​ឲ្យ​ឧបសម្បទាដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះជា​ឧបជ្ឈាយ៍ គាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្ត​ដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុ​អង្គនោះត្រូវនិយាយ​ឡើង។ ខ្ញុំសូត្រ​សេចក្តីនេះ​អស់​វារៈ​ជាគំរប់​ពីរដងផង។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គលនេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោកដ៏មានអាយុឈ្មោះ​នេះ បរិសុទ្ធចាកអន្តរាយិកធម៌ទាំងឡាយហើយ។ ឧបសម្បទាបេក្ខៈ​នោះ មានបាត្រនិងចីវរបរិបូណ៌​ហើយ។ ឥឡូវ​ឧបសម្បទាបេក្ខៈឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយ​មាន​ព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យ​ឧបសម្បទា​ដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយ​មានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់​ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយ​មាន​ព្រះថេរៈ​ឈ្មោះនេះ ជា​ឧបជ្ឈាយ៍ គាប់ចិត្ត​ដល់លោក​ដ៏មាន​អាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុ​អង្គនោះត្រូវនិយាយ​ឡើង។ ខ្ញុំសូមសូត្រ​សេចក្តីនេះ​អស់​វារៈ​ជាគំរប់​បីដងផង។ បពិត្រ​ព្រះគម្តែងសង្ឃ​ដ៏​ចំរើន សូមសង្ឃស្តាប់ខ្ញុំ បុគ្គល​នេះ ឈ្មោះនេះ ជាឧបសម្បទាបេក្ខៈ របស់លោក​ដ៏មាន​អាយុ​ឈ្មោះ​នេះ បរិសុទ្ធចាក​អន្តរាយិកធម៌​ហើយ។ ឧបសម្បទាបេក្ខៈនោះ​មានបាត្រនិងចីវរបរិបូណ៌​ហើយ។ ឥឡូវ​ឧបសម្បទាបេក្ខៈ ឈ្មោះនេះ សូមឧបសម្បទានឹងសង្ឃ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឥឡូវសង្ឃឲ្យ​ឧបសម្បទា​ដល់ឧបសម្បទាបេក្ខៈ ឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជាឧបជ្ឈាយ៍។ ឧបសម្បទា​របស់ឧបសម្បទាបេក្ខៈឈ្មោះនេះ ដោយមានព្រះថេរៈ​ឈ្មោះនេះ ជា​ឧបជ្ឈាយ៍ គាប់ចិត្ត​ដល់លោកដ៏មានអាយុអង្គណា លោកដ៏មានអាយុអង្គនោះ ត្រូវស្ងៀម មិនគាប់​ចិត្ត​​ដល់លោក​ដ៏មាន​អាយុ​អង្គណា ត្រូវលោកដ៏មានអាយុ​អង្គនោះនិយាយ​ឡើង។ សង្ឃបានឲ្យ​ឧបសម្បទា​ដល់​ឧបសម្បទា​បេក្ខៈ​ឈ្មោះនេះ ដោយមានព្រះថេរៈឈ្មោះនេះ ជាឧបជ្ឈាយ៍​ហើយ។ ការ​ឲ្យឧបសម្បទា​នេះគាប់ចិត្ត​ដល់សង្ឃ ហេតុនោះ បានជាសង្ឃស្ងៀមនៅ។ ខ្ញុំសូម​ចាំទុកនូវរឿងនេះ ដោយអាការស្ងៀមយ៉ាងនេះ។

ចប់ ឧបសម្បទាកម្ម។

 

1)
១.២.សម្រាប់ឲ្យបញ្ចូល​ឈ្មោះមែនទែនត្រង់នោះ បើឈ្មោះនាគក្តី តិស្សក្តី ពុទ្ធរក្ខិតក្តី ក៏ឲ្យច្រកត្រង់កន្លែងនោះ។
2)
3)
ពាក្យនេះ ប្រហែល​ជាទើបនឹង​ច្រកថែមមកទេដឹង
km/tipitaka/vin/mv/vin.mv.01.63.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann