User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.02.09

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » ឧបោសថក្ខន្ធកៈ

៧៦. គាមសីមាទិ

សង្ខេប

ព្រះ​ពុទ្ធអនុញ្ញាត​ការកំណត់នូវ​ប្រភេទ​នៃ​សីមា ហើយ​ហាម​នូវ​ការ​ទម្លាយ​សីមា និងការ​គ្រប​សង្កត់។

mv 02.09 បាលី cs-km: vin.mv.02.09 អដ្ឋកថា: vin.mv.02.09_att PTS: ?

គាមសីមាទិ (ទី៧៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៧៦.)

[១៦៤] ម្នាលភិក្ខុទាំងឡាយ ភិក្ខុចូលទៅអាស្រ័យ​ស្រុកណាក្តី និគមណាក្តី ហើយនៅក្នុងសីមា​ដែលសង្ឃ​មិនបានសន្មត មិនបានតាំង​ទុកហើយ សីមាណា​ដែលជាគាមសីមា របស់​ស្រុកនោះក្តី សីមា​ណាដែលជានិគម​សីមារបស់​និគមនោះក្តី សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ក្នុងស្រុក ឬក្នុងនិគមនោះ។ ម្នាលភិក្ខុទាំងឡាយ បើក្នុងព្រៃ មិនមែនស្រុក សីមាដែលកំណត់​៧អព្ភន្តរៈ​1) ដោយជុំវិញ សីមានេះហៅថា មានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ក្នុងព្រៃនោះ។ ម្នាលភិក្ខុទាំងឡាយ ស្ទឹង​2) ទាំងអស់មិនមែនជាសីមា សមុទ្ទទាំងអស់​មិនមែនជាសីមា ជាតស្រះ​3) ទាំងអស់​មិនមែនជាសីមា។ ម្នាល​ភិក្ខុ​ទាំងឡាយ ទីណាដែលបុគ្គល​កំណត់ ដោយសាចទឹក​របស់មជ្ឈិមបុរស ដោយជុំវិញ​ក្នុងស្ទឹងក្តី ក្នុងសមុទ្ទក្តី ក្នុងជាតស្រះក្តី ទីនេះហៅថា មានសំវាសស្មើគ្នា មានឧបោសថ​ជាមួយគ្នា ក្នុងទីមាន​ស្ទឹង​ជាដើមនោះ។

[១៦៥] ក៏សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុទំលាយ​4) សីមាដោយសីមា។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មាន​បន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុទាំងឡាយណាសន្មត​មុនហើយ កម្មនោះរបស់ភិក្ខុទាំង​ឡាយ​នោះ ប្រកបដោយ​ធម៌មិនកម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុ​ទាំងឡាយ​ណាសន្មត​ជាខាងក្រោយ កម្មនោះ​របស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរ​តាំងនៅបាន ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវ​ទំលាយសីមា​5) ដោយសីមាទេ ភិក្ខុណាទំលាយ ត្រូវ​អាបត្តិទុក្កដ។ ក៏សម័យនោះឯង ឆព្វគ្គិយភិក្ខុទាំងឡាយគ្របសង្កត់សីមាដោយសីមា។ ភិក្ខុ​ទាំងឡាយ​ក្រាបទូលដំណើរនុ៎ះ​ចំពោះព្រះដ៏មានព្រះភាគ។ ព្រះអង្គទ្រង់មាន​បន្ទូលថា ម្នាលភិក្ខុទាំងឡាយ សីមា​ដែល​ភិក្ខុទាំងឡាយណាសន្មត​មុនហើយ កម្មនោះរបស់ភិក្ខុទាំង​ឡាយ​នោះ ប្រកបដោយ​ធម៌ ជាកម្ម​មិន​កម្រើក គួរតាំងនៅបាន ម្នាលភិក្ខុទាំងឡាយ សីមាដែលភិក្ខុ​ទាំងឡាយ​ណាសន្មត​ជាខាងក្រោយ កម្ម​នោះ​របស់ភិក្ខុទាំងឡាយនោះ មិនប្រកបដោយធម៌ ជាកម្មកម្រើក មិនគួរ​តាំងនៅបាន ម្នាលភិក្ខុ​ទាំង​ឡាយ ភិក្ខុមិនត្រូវ​គ្របសង្កត់សីមា6) ដោយសីមាទេ ភិក្ខុណាគ្របសង្កត់ ត្រូវអាបត្តិទុក្កដ។ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត​ឲ្យ​ភិក្ខុ​សន្មតសីមា ឲ្យដម្កល់ទុកនូវសីមន្តរិក​7) ហើយសឹមសន្មតសីមា។

 

1)
(អដ្ឋកថា) ១អព្ភន្តរៈ​មានប្រមាណ​២៨ហត្ថ។
2)
ស្រះដែលកើតឯង មិនមានអ្នកណា​ជីក ជាទីខូងស្រាប់ ទឹកហូរមកពេញឯង។
3)
ត្រង់បាឡីថា នទី ប្រែថា ស្ទឹងក៏បាន ទន្លេក៏បាន។
4)
១.២ អដ្ឋកថា ថា ភិក្ខុទំលាយពទ្ធសីមាភិក្ខុ​ដទៃ​ដោយសីមារបស់ខ្លួន គឺប្រៀបដូចជាកន្លែង១មានដើមឈើ២ដើម មានមែកគងពាក់លើគ្នា ដើមស្វាយ​នៅទិសខាងកើត ដើមព្រីងនៅទិសខាងលិច។ ភិក្ខុ១ពួក ចងសីមា យកដើមព្រីងជានិមិត្ត​សីមា​របស់ខ្លួន នៅទិសខាងលិច។ ភិក្ខុ១ពួកទៀត ចងសីមា​យកដើមស្វាយ​ជានិមិត្ត​របស់ខ្លួន​នៅទិស​ខាងកើត។ ការចងសីមាយ៉ាងនេះ ហៅថា ទំលាយ ឬរំលាយ​ពទ្ធសីមាភិក្ខុដទៃ​ដោយសីមារបស់ខ្លួន។
5)
6)
អដ្ឋកថា ថា ភិក្ខុគ្របសង្កត់ពទ្ធសីមាភិក្ខុដទៃ ដោយសីមារបស់ខ្លួន គឺចងសីមារបស់ខ្លួន​យកពទ្ធសីមារបស់​ភិក្ខុដទៃ​ទាំងអស់ក្តី តែមួយកន្លែងក្តី មកទុកខាងក្នុងសីមា​របស់​ខ្លួន។
7)
អដ្ឋកថា ថា ទីឧបចារៈរបស់​សីមា គឺត្រូវ​សង្ឃទុក​ទីទំនេរ​ពីសីមាទៅចំនួន​១ហត្ថក្តី ១ចំអាមក្តី ៤ធ្នាប់ក្តី។
km/tipitaka/vin/mv/vin.mv.02.09.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann