User Tools

Site Tools


Translations of this page?:
km:tipitaka:vin:mv:vin.mv.04.02

ព្រះត្រៃបិដក » វិន័យបិដក » មហាវគ្គ » បវារណក្ខន្ធកៈ

១២១. បវារណាភេទា

សង្ខេប

រឿង​​បវារណា​មាន​ពីរ​យ៉ាង និង​រឿង​បវារណា​​កម្ម​បួន​យ៉ាង។

mv 04.02 បាលី cs-km: vin.mv.04.02 អដ្ឋកថា: vin.mv.04.02_att PTS: ?

បវារណាភេទា (ទី១២១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១២១)

[២៤] លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណា​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​ត្រាស់​ថា ម្នាលភិក្ខុទាំងឡាយ បវារណា​មានពីរយ៉ាង គឺចាតុទ្ទសិកាបវារណា1) ១ បណ្ណរសិកាបវារណា​2) ​១ ម្នាលភិក្ខុទាំងឡាយ បវារណា​មានតែពីរ​យ៉ាង​ប៉ុណ្ណេះឯង។ លំដាប់នោះ ភិក្ខុទាំងឡាយ​មានសេចក្តីត្រិះរិះ​ដូច្នេះថា បវារណាកម្ម​មានប៉ុន្មាន​យ៉ាងហ្ន៎។ ភិក្ខុទាំងឡាយក្រាបទូលដំណើរនុ៎ះ​ចំពោះ​ព្រះមានព្រះភាគ។ ព្រះអង្គ​ទ្រង់​មានបន្ទូលថា ម្នាលភិក្ខុទាំងឡាយ បវារណា​កម្មទាំងនេះមាន៤ គឺបវារណាកម្មជាពួក មិនត្រូវតាមធម៌១ បវារណា​កម្ម​ព្រមព្រៀង​គ្នា តែមិនត្រូវតាមធម៌១ បវារណា​កម្មជាពួក តែត្រូវតាមធម៌១ បវារណាកម្ម​ព្រមព្រៀងគ្នា​ត្រូវតាមធម៌១។ ម្នាល​ភិក្ខុទាំងឡាយ បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណាជាពួក​ តែមិនត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវធ្វើ​បវារណា​កម្មបែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តា​បវារណាកម្ម​ទាំង៤នោះ បវារណាកម្មណា​ព្រមព្រៀងគ្នា​ តែមិនត្រូវ​តាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើ​បវារណា​កម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគត​មិនអនុញ្ញាត​បវារណា​កម្ម​បែបនេះទេ។ ម្នាលភិក្ខុទាំងឡាយ បណ្តាបវារណា​កម្មទាំង៤នោះ បវារណាកម្មណាជាពួក​តែត្រូវតាមធម៌ ម្នាល​ភិក្ខុទាំងឡាយ អ្នកទាំងឡាយ​មិនត្រូវ​ធ្វើបវារណាកម្ម​បែបនេះទេ ម្យ៉ាងទៀត តថាគតមិនអនុញ្ញាត​បវារណាកម្ម​បែបនេះទេ។ ម្នាល​ភិក្ខុទាំងឡាយ បណ្តាបវារណាកម្មទាំង៤នោះ បវារណាកម្មណា ព្រមព្រៀងគ្នា ត្រូវតាមធម៌ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវធ្វើ​បវារណាកម្មបែបនេះចុះ តថាគត​អនុញ្ញាត​បវារណាកម្មបែបនេះ។ ម្នាលភិក្ខុទាំងឡាយ ព្រោះ​ហេតុនោះ ភិក្ខុ​ក្នុងសាសនានេះ ត្រូវសិក្សា​ដូច្នេះថា បវារណា​កម្មណា​ព្រមព្រៀង​គ្នាត្រូវតាមធម៌ យើងទាំងឡាយ​នឹងធ្វើបវារណា​កម្ម​បែបនេះ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ​ត្រូវតែសិក្សាយ៉ាងនេះឯង។

 

1)
បវារណាក្នុង​ថ្ងៃទី១៤
2)
បវារណា​ក្នុងថ្ងៃ​ទី១៥
km/tipitaka/vin/mv/vin.mv.04.02.txt · ពេលកែចុងក្រោយ: 2023/03/15 11:15 និពន្ឋដោយ Johann